ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

អាមេរិកបញ្ចេញរូបភាព និងវីដេអូ ពីឥរិយាបថដ៏គ្រោះថ្នាក់របស់យន្តហោះយោធាចិន

2023/10/18 07:22:56 pm        192
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បានលើកឡើងពីក្តីបារម្ភដ៍ខ្លាំង អំពីឥរិយាបថនៃប្រតិបត្តិការដ៏គ្រោះថ្នាក់របស់យន្តហោះយោធាចិននៅក្នុងដែនអាកាសអន្តរជាតិ រួមទាំងការហោះហើរទៅជិតយន្តហោះយោធាសហរដ្ឋអាមេរិកយ៉ាងគ្រោះថ្នាក់។ ក្រសួងការពារជាតិ បានបញ្ចេញរូបភាព និងវីដេអូកាលពីថ្ងៃអង្គារបង្ហាញ១៥ករណីនៃឥរិយាបថប្រតិបត្តិការដ៏គ្រោះថ្នាក់ និងមានឥទ្ធិពលដោយយន្តហោះចម្បាំងរបស់ចិន នៅតំបន់សមុទ្រចិនខាងកើត និងខាងត្បូង។ រូបភាព និងវីដេអូជាច្រើន ត្រូវបានថតនៅចន្លោះខែមករា ឆ្នាំ២០២២ និងខែកញ្ញាឆ្នាំ២០២៣។ វីដេអូចាប់តាំងពីខែឧសភា ឆ្នាំ២០២២បានបង្ហាញពីយន្តហោះចម្បាំងចិន ឆ្លងកាត់ក្រោមយន្តហោះយោធាសហរដ្ឋអាមេរិក នៅសមុទ្រចិនខាងកើត។ ក្រសួងការពារជាតិនិយាយថាអាកាយានិកអាមេរិក បានបើកចេញឆ្ងាយរវាងយន្តហោះទាំងពីរ ប៉ុន្តែអាកាសយានិកចិនបានខិតមកជិតជាថ្មី ក្នុងចម្ងាយប្រមាណ៣ម៉ែត្រ ក្រោមយន្តហោះរបស់អាមេរិក។វីដេអូមួយផ្សេងទៀត កាលពីខែកក្កដាឆ្នាំនេះ បានថតយន្តហោះចម្បាំងចិន កំពុងដាក់ពង្រាយភ្លើងសញ្ញានៅសមុទ្រចិនខាងកើត។ មេបញ្ជាការនៃទីបញ្ជាការតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក ឧត្តមនាវីឯក John Aquilino បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោក មានការព្រួយបារម្ភខ្លាំង អំពីសក្តានុពលសម្រាប់ឧបទ្ទវហេតុ ហើយឧបទ្ទវហេតុទាំងនោះ អាចឈានទៅរកការសន្និដ្ឋានខុស។

មានការផ្ទុះប្រតិកម្មជាច្រើនជុំវិញការវាយប្រហារលើមន្ទីរពេទ្យតំបន់ហ្គាហ្សា ដែលបានសម្លាប់មនុស្សរាប់រយនាក់

2023/10/18 07:13:13 pm        126
ការបំផ្ទុះនៅមន្ទីរពេទ្យមួយ ក្នុងតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រហែល ៥០០នាក់ កាលពីថ្ងៃអង្គារ (១៧ តុលា) នៅក្នុងឧប្បត្តិហេតុតែមួយគត់ ដែលមានមនុស្សស្លាប់ច្រើនបំផុត ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកមិនឈប់ឈរ ក្នុងការសងសឹកចំពោះការវាយប្រហារឆ្លងព្រំដែនរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មក។ ភាគីទាំងពីរបានបដិសេធការទទួលខុសត្រូវចំពោះការទម្លាក់គ្រាប់បែកនេះ ដែលជំរុញឱ្យមានការផ្ទុះប្រតិកម្មចម្រុះជាច្រើនពីអន្តរជាតិ។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា ខ្លួនមានការខឹងសម្បារ និងសោកស្តាយយ៉ាងខ្លាំង ចំពោះហេតុការណ៍ផ្ទុះនៅមន្ទីរពេទ្យ អាល់ អាលី អារ៉ាប់ (Al Ahli Arab) ក្នុងតំបន់ហ្គាហ្សា ហើយលោកបានណែនាំក្រុមសន្តិសុខជាតិរបស់ខ្លួន ឱ្យបន្តប្រមូលព័ត៌មានលម្អិតអំពីរឿងរ៉ាវដែលបានកើតឡើងពិតប្រាកដ។អង្គការសុខភាពពិភពលោក ក៏បានថ្កោលទោសយ៉ាងខ្លាំងផងដែរ ចំពោះការវាយប្រហារលើមន្ទីរពេទ្យ នៅភាគខាងជើងនៃតំបន់ ហ្គាហ្សា ស្រ្ទីប មួយនេះ ដោយនិយាយថា មន្ទីរពេទ្យនេះដំណើរការដោយមានអ្នកជំងឺ អ្នកផ្តល់សេវាថែទាំសុខភាព និងអ្នកជម្លៀសខ្លួនខាងក្នុងដែលជ្រកកោននៅទីនោះ ហើយវាមិនមែនជាសមរភូមិប្រយុទ្ធគ្នានោះទេ។មេដឹកនាំក្រុមហាម៉ាស និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានចោទដាក់គ្នាជុំវិញការបំផ្ទុះនោះ ហើយភាគីទាំងពីរបានបដិសេធថាមិនបានធ្វើការវាយប្រហារនោះទេ។ លើសពីនេះទៅទៀត ប្រទេសស៊ីរី និងទួរគី ក៏បានចូលរួមជាមួយបណ្ដាប្រទេសជាច្រើនទៀត ក្នុងការថ្កោលទោសការវាយប្រហារនេះផងដែរ ខណៈស៊ីរីបានទម្លាក់ទំនួលខុសត្រូវនេះលើបណ្ដាប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក ចំពោះការសម្លាប់រង្គាលមួយនេះ និងបញ្ហានៅប្រទេសដទៃទៀត ហើយទួរគី បានអំពាវនាវឱ្យមនុស្សជាតិទាំងអស់ចាត់វិធានការដើម្បីបញ្ឈប់អំពើឃោរឃៅ ដែលមិនធ្លាប់មានពីមុនមកនៅក្នុងតំបន់ហ្គាហ្សា នេះផងដែរ៕

សហភាពអឺរ៉ុបធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង ក្នុងគោលបំណងពង្រឹងតួនាទីសន្តិសុខពិភពលោក

2023/10/18 07:09:00 pm        123
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃអង្គារ (១៧ តុលា) ថា សហភាពអឺរ៉ុប បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាលើកដំបូងរបស់ពួកគេ ដើម្បីពង្រឹង «តួនាទីជាអ្នកការពារ និងអ្នកផ្តល់សេវាសន្តិសុខសម្រាប់ពិភពលោក»។ក្រុមទាហានបុរស និងស្ត្រី ជាង២.៨០០នាក់ មកពីប្រទេសអូទ្រីស អេស្ប៉ាញ បារាំង ហុងគ្រី អៀរឡង់ អ៊ីតាលី ម៉ាល់តា ព័រទុយហ្គាល់ និងមកពីប្រទេសរ៉ូម៉ានី កំពុងចូលរួមក្នុងសមយុទ្ធឈ្មោះ ម៉ៃឡេច-២៣ (MILEX-23) នៅឆ្នេរសមុទ្ររ៉ូតា ប្រទេសអេស្ប៉ាញ ដើម្បីបណ្តុះបណ្តាលសមត្ថភាពដាក់ពង្រាយយ៉ាងឆាប់រហ័សរបស់ពួកគេនៅខាងក្រៅសហភាពអឺរ៉ុប។សហភាពអឺរ៉ុប មានគោលបំណងពង្រឹងសមត្ថភាពក្នុងការដាក់ពង្រាយទាហានរហូតដល់ ៥.០០០នាក់យ៉ាងឆាប់រហ័សនៅឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដែលជិតមកដល់ ព្រមទាំងស្ថានភាពវិបត្តិផ្សេងៗ។ ក្នុងអំឡុងពេលធ្វើសមយុទ្ធនោះ ក្រុមទាហានចូលរួមក្នុងប្រតិបត្តិការវាយប្រហារនិមិត្តតាមអាកាស ដើម្បីធានាសុវត្ថិភាពកំពង់ផែដ៏សំខាន់មួយ៕

តុលាការកំពូលឥណ្ឌា ប្រឆាំងការរៀបការភេទដូចគ្នា ខណៈធ្វើឲ្យសហគមន៍ LGBT អាក់អន់ចិត្តជាខ្លាំង

2023/10/18 06:41:39 pm        83
តុលាការកំពូលរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ (១៧ តុលា) បានបដិសេធមិនផ្ដល់ភាពស្របច្បាប់ដល់អាពាហ៍ពិពាហ៍ភេទដូចគ្នានោះទេ ហើយទុកឱ្យសភាធ្វើការសម្រេច ដោយយល់ស្របជាមួយរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ថា សភា គឺជាវេទិកាត្រឹមត្រូវក្នុងការគ្រប់គ្រងលើបញ្ហាចម្រូងចម្រាសបែបនេះ។ដីកាជាឯកច្ឆ័ន្ទរបស់ចៅក្រមចំនួនប្រាំរូបនេះ បានធ្វើឡើង ខណៈបង្កជាការខកចិត្តយ៉ាងខ្លាំងចំពោះសហគមន៍អ្នកស្រលាញ់ភេទដូចគ្នា (LGBTQ) ដ៏ធំ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ រយៈពេលប្រាំឆ្នាំបន្ទាប់ពីតុលាការបានលុបចោលការហាមប្រាមក្នុងសម័យអាណានិគម លើការរួមភេទសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។រដ្ឋបាលគណបក្សជាតិនិយម BJP របស់លោក Modi បានជំទាស់នឹងញត្តិទៅតុលាការលើបញ្ហានេះ ដោយនិយាយថា ការរៀបអាពាហ៍ពិពាហ៍ភេទដូចគ្នា គឺមិនអាចប្រៀបធៀបជាមួយនឹងគោលគំនិតគ្រួសារឥណ្ឌា ដែលរួមមានប្តី ប្រពន្ធ និងកូន នោះទេ។ការសម្រេចរបស់តុលាការនេះ បានធ្វើឡើងដើម្បីឆ្លើយតបនឹងញត្តិជាង១២ច្បាប់ ដែលបានដាក់តាំងពីឆ្នាំមុន។ តុលាការកំពូល ដែលដឹកនាំដោយលោកប្រធានចៅក្រម D.Y. Chandrachud បានបើកសវនាកាស្តាប់ទឡ្ហីករណ៍កាលពីខែមេសា និងខែឧសភា ហើយបានប្រកាសសាលក្រមប្រឆាំង កាលពីថ្ងៃអង្គារម្សិលមិញនេះ៕

ឃាតករសម្លាប់គ្រូបង្រៀននៅបារាំង ត្រូវបានចោទប្រកាន់ពីបទវាយប្រហារភេរវកម្មឲ្យក្រុមរដ្ឋអ៊ីស្លាម

2023/10/18 06:38:41 pm        134
រដ្ឋអាជ្ញានិយាយថា បុរសដែលបានសម្លាប់គ្រូបង្រៀនម្នាក់ នៅប្រទេសបារាំងភាគខាងជើង កាលពីសប្តាហ៍មុន ត្រូវបានចោទប្រកាន់ពីបទវាយប្រហារភេរវកម្ម កាលពីថ្ងៃអង្គារទី១៧ ខែ តុលា បន្ទាប់ពីបានបង្ហាញថាជននេះបានស្បថភក្តីភាពចំពោះក្រុមនិយមជ្រុលរដ្ឋអ៊ីស្លាម នៅក្នុងការថតសំឡេង មុនពេលការវាយប្រហាររបស់ខ្លួន។ឃាតកម្មកាលពីថ្ងៃសុក្រ កើតឡើងនៅពេលតែមួយ ខណៈសង្គ្រាម រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានអង្រួនឲ្យមានភាពច្របូកច្របល់នៅក្នុងប្រទេសបារាំង និងបានដាក់ប្រទេសនេះលើការប្រុងប្រយ័ត្នខ្ពស់សម្រាប់អំពើហិង្សាបន្ថែមទៀត។ អ្នកវាយប្រហារមានឈ្មោះ Mohammed Moguchkov អាយុ២០ឆ្នាំ មកពីតំបន់មានពលរដ្ឋមូស្លីមរស់នៅភាគច្រើន របស់រុស្ស៊ី ត្រូវបានចោទប្រកាន់ដោយចៅក្រមប្រឆាំងភេរវកម្ម ដោយឃាតកម្មនេះពាក់ព័ន្ធទៅនឹងការឃុបឃិតភេវកម្ម ព្រមទាំងកំពុងមានទំនាក់ទំនងជាមួយឧក្រិដ្ឋជនភេរវកម្ម។ ប្រភពដែលដឹងច្បាស់ពីករណីនេះ បាននិយាយថាជននេះ បានបង្កើតសំណេរ និយាយយោងទៅរកតំបន់ហ្គាហ្សានៅក្នុងវីដេអូមួយ បន្ទាប់ពីការវាយប្រហារលើប្រទេសអ៊ីស្រាអែល ធ្វើឡើងដោយក្រុមហាម៉ាស់។

កំហឹងរាលដាលនៅទូទំាងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យតំបន់ហ្គាហ្សា

2023/10/18 06:01:27 pm        229
ក្រុមអ្នកតវ៉ារាប់ពាន់នាក់បានចេញធ្វើបាតុកម្ម នៅទូទាំងតំបន់មជ្ឈឹមបូព៌ានិងនៅអាហ្វ្រិកខាងជើងកាលពីថ្ងៃអង្គារដើម្បីបង្ហាញ ពីកំហឹងរបស់ពួកគេក្នុងការបំផ្លាញដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលដ៏ឃោឃៅលើមន្ទីពេទ្យ Al-Ahli al-Arabi ក្នុងតំបន់ហ្គាហ្សា។ ការតវ៉ាព្រមៗគ្នា បានផ្ទុះឡើងនៅក្នុងប្រទេសហ្សកដានី ទួរគី លីបង់ អ៊ីរ៉ង់ និងប្រទេសអ៊ីរ៉ាក់ ព្រមទាំងនៅទីក្រុងជាច្រើនក្នុងតំបន់ West Bank ដូចជាទីក្រុង Ramallah ជាដើម។ការធ្វើបាតុកម្មទាំងនេះ ធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការបំផ្ទុះនៅមន្ទីរពេទ្យ ដែលតាមការសន្និដ្ឋានជាការវាយប្រហារដ៏ឃោឃៅបំផុតមួយ ចាប់តាំងពីសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស់ ចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា។ ក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា និយាយថាមនុស្សយ៉ាងហោចណាស់៥០០នាក់ បានស្លាប់ ខណៈគ្រាប់បែកបានធ្លាក់ លើមន្ទីរពេទ្យតំបន់ហ្គាហ្សាភាគកណ្តាល ជាកន្លែងដែលពលរដ្ឋប៉ាឡេស្ទីនជម្លៀសខ្លួន កំពុងស្នាក់នៅក្នុងទីជម្រក។អង្គការសុខភាពពិភពលោកបានថ្កោលទោសការវាយប្រហារទៅលើមន្ទីរពេទ្យកាលពីថ្ងៃអង្គារ និងបានទាមទារឲ្យមានការការពារជនស៊ីវិលនិងបុគ្គលិកសុខាភិបាលជាបន្ទាន់នៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។ អ្នកឆ្លើយឆ្លងព័ត៌មាន Al Jazeera បានរាយការណ៍ថា យ៉ាងហោចណាស់ទីក្រុងជិត១០ទីក្រុង នៅក្នុងប្រទេសអ៊ីរ៉ង់ បានមើលឃើញការតវ៉ា ផ្ទុះឡើង ភ្លាមៗបន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យ។មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ បាននិយាយកាលពីព្រឹកថ្ងៃអង្គារថាកាលណាបណ្តាប្រទេសមូស្លីម ពលរដ្ឋមូស្លីមមានកំហឹង វាពិបាកក្នុងការទប់ស្កាត់ពីការបញ្ចេញកំហឹងរបស់ពួកគេ។ នោះជារឿងពិតប្រាកដ នូវអ្វីដែលយើងកំពុងមើលឃើញនៅតាមដងផ្លូវ នៅប្រទេសទាំងនេះ និងយ៉ាងពិតប្រាកដនៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរ។

ពលរដ្ឋប៉ាឡេស្ទីន ប៉ះទង្គិចជាមួយកងកម្លាំងរបស់លោក Abbas ក្នុងការតវ៉ានៅតំបន់ West Bank

2023/10/18 05:45:53 pm        146
កងកម្លាំងសន្តិសុខប៉ាឡេស្ទីន នៅទីក្រុង Ramallah បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែក និងគ្រាប់បែកផ្សែង ដើម្បីបំបែកក្រុមបាតុករដោយគប់ដុំថ្ម និងស្រែកប្រឆាំងប្រធានាធិបតីលោក Mahmoud Abbas កាលពីថ្ងៃអង្គារ ខណៈកំហឹងដ៏ខ្លាំងបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហារលើមន្ទីរពេទ្យតំបន់ Gaza ដ៏ឃៅឃៅដែលប៉ាឡេស្ទីនបានដាក់កំហុសលើអ៊ីស្រាអែល។ការវាយប្រហារទៅលើមន្ទីរពេទ្យ Al-Ahli al-Arabi តំបន់ហ្គាហ្សា ដែលក្រុមមន្ត្រីបាននិយាយថា បណ្តាលឲ្យមនុស្សប្រហែល ៥០០នាក់ស្លាប់ គឺជាឧបទ្ទវហេតុមួយមានមនុស្សស្លាប់ច្រើនបំផុតនៅតំបន់ហ្គាហ្សា ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមយុទ្ធនាការក្នុងការសងសឹកចំពោះការវាយប្រហារដោយអាវុធរបស់ក្រុមហាម៉ាស ឆ្លងកាត់សហគមន៍អ៊ីស្រាអែល។នៅទីក្រុង Hebron ក្រុមបាតុករបានចេញធ្វើបាតុកម្មមានកាន់ទង់ជាតិរបស់ក្រុមហាម៉ាស់ និងប្រកាសទីក្រុងនេះសម្រាប់ក្រុមហាម៉ាស់។ យោធាប្រទេសអ៊ីស្រាអែល បានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដោយដាក់កំហុសលើការបាញ់រ៉ុក្កែតរបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលបរាជ័យ។ ការវាយប្រហារនេះ ធ្វើឲ្យមានការថ្កោលទោសពីប្រទេសលោកខាងលិច និងពិភពអារ៉ាប់ ហើយការតវ៉ាជាច្រើនត្រូវបានធ្វើឡើងនៅស្ថានទូតរបស់ប្រទេសអ៊ីស្រាអែលក្នុងប្រទេសទួរគី និងហ្ស៊កដានី និងនៅជិតស្ថានទូតអាមេរិកក្នុងប្រទេសលីបង់។ យោងតាមសាក្សីបានឱ្យដឹងថា ការប៉ះទង្គិចគ្នាជាមួយកងកម្លាំងសន្តិសុខប៉ាឡេស្ទីន ក៏បានផ្ទុះឡើងនៅក្នុងទីក្រុង Nablus, Tubas និងទីក្រុង Jenin តំបន់ West bank ជាទីក្រុងនៅភាគខាងជើងដែលជាគោលដៅផ្តោតសំខាន់នៃប្រតិបត្តិការយោធារបស់អ៊ីស្រាអែលកាលពីដើមឆ្នាំនេះ។ ការផ្ទុះឡើងបាតុកម្មនៅតំបន់ West Bank បង្ហាញពីកំហឹងរបស់ប៉ាឡេស្ទីនដែលកំពុងឆេះជាយូរមកហើយប្រឆាំងលោក Abbas ដែលកងកម្លាំងបានប្រឈមមុខការរិះគន់ចំពោះការសម្របសម្រួលជាមួយអ៊ីស្រាអែល លើបញ្ហាសន្តិសុខនៅលើដែនដីនេះ។

អ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់អាមេរិក ក្នុងការវាយប្រហារលើទឹកដីដែលកាន់កាប់ដោយរុស្ស៊ី

2023/10/18 04:57:34 pm        137
កងកម្លាំងអ៊ុយក្រែន បានប្រើប្រាស់មីស៊ីលតាកទិចរយៈចម្ងាយឆ្ងាយ ប្រភេទ ATACMS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ជាលើកដំបូង ដោយបានធ្វើឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរលើអាកាសយានដ្ឋានចំនួនពីរ នៅក្នុងតំបន់ដែលកាន់កាប់ដោយរុស្ស៊ី ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអង្គារថា អាវុធនោះបាន «បង្ហាញពីភាពខ្លាំងក្លារបស់អ៊ុយក្រែន»។យោធាអ៊ុយក្រែន បានចេញរបាយការណ៍ពេញមួយថ្ងៃ អំពីការវាយប្រហារប្រកបដោយជោគជ័យ និងច្បាស់លាស់ លើអាកាសយានដ្ឋាននៅជិតទីក្រុងលូហាន់ស៍ (Luhansk) នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន និងនៅតំបន់បឺឌៀនស៍ (Berdiansk) ភាគខាងត្បូងនៅលើសមុទ្រអាហ្សូវ (Azov) ហើយតំបន់ទាំងពីរនោះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។អ៊ុយក្រែនបានស្នើម្តងហើយម្តងទៀត ដល់រដ្ឋបាលសហរដ្ឋអាមេរិក សម្រាប់មីស៊ីល ATACMS (ប្រព័ន្ធមីស៊ីលតាកទិចកងទ័ព)។ ទីក្រុងគីវ បានសន្យាថានឹងមិនប្រើអាវុធទាំងនោះនៅក្នុងទឹកដីរុស្ស៊ីទេ ប៉ុន្តែបាននិយាយថា សព្វាវុធដ៏មានឥទ្ធិពលនេះ នឹងផ្លាស់ប្តូរដំណើរនៃសង្រ្គាមដែលមានរយៈពេល ២០ខែនេះ។មិនមានការអត្ថាធិប្បាយជាផ្លូវការណាមួយពីរុស្ស៊ី ជុំវិញបញ្ហានេះទេ ប៉ុន្តែមន្ត្រីដែលតែងតាំងដោយទីក្រុងមូស្គូនៅក្នុងតំបន់ ហ្សាប៉ូរីហ្សា (Zaporizhzhia) ដែលគ្រប់គ្រងដោយទីក្រុងមូស្គូ និងជាទីតាំងដែលគ្រប់គ្រងទីក្រុងបឺឌៀនស៍ នោះបាននិយាយថា គ្រាប់បែកចង្កោមពីមីស៊ីល ATACMS ត្រូវបានរកឃើញនៅទីនោះកាលពីថ្ងៃអង្គារផងដែរ៕

រុស្ស៊ីនិយាយថា ខ្លួនលែងគោរពតាមការដាក់រឹតត្បិតរបស់UNលើបច្ចេកវិទ្យាមីស៊ីលសម្រាប់អ៊ីរ៉ង់ទៀតហើយ

2023/10/18 04:49:38 pm        238
រុស្ស៊ី បាននិយាយថា ខ្លួនលែងគោរពតាមការដាក់រឹតត្បិតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើការផ្តល់បច្ចេកវិទ្យាមីស៊ីលដល់អ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន នៅពេលដែលពួកគេផុតកំណត់នៅថ្ងៃពុធនេះ ដោយពុំបាននិយាយថា តើឥឡូវនេះខ្លួនមានគម្រោងគាំទ្រដល់ការអភិវឌ្ឍមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ ឬយ៉ាងណាទេ។ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា៖«ការផ្គត់ផ្គង់ទៅនិងមកពីប្រទេសអ៊ីរ៉ង់នៃផលិតផលដែលស្ថិតនៅក្រោមរបបគ្រប់គ្រងបច្ចេកវិទ្យាមីស៊ីល លែងត្រូវការការយល់ព្រមជាមុនពីក្រុមប្រឹក្សាសន្តិសុខUNទៀតហើយ។ការរឹតបន្តឹងទាំងនោះ ត្រូវបានកំណត់នៅក្នុងសេចក្តីសម្រេចលេខ២២៣១នៃឆ្នាំ២០១៥ ដែលគាំទ្រកិច្ចព្រមព្រៀង ដែលចក្រភពអង់គ្លេស ចិន សហភាពអឺរ៉ុប បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក បានដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ជាថ្នូរនឹងទីក្រុងតេអេរ៉ង់ ដែលកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។នៅឆ្នាំ ២០១៨ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀង ដែលត្រូវបានគេស្គាល់ថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ដោយបន្សល់ទុកទណ្ឌកម្មឯកតោភាគីរបស់សហរដ្ឋអាមេរិក នៅជាធរមាន ហើយអ៊ីរ៉ង់បានពន្លឿនកម្មវិធីនុយក្លេអ៊ែរជាបន្តបន្ទាប់ ដែលខ្លួននិយាយថា សន្តិភាពសុទ្ធសាធ។

ក្រុមគ្រូពេទ្យប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នកនៅរស់ ខណៈការវាយប្រហារនៅតែបន្ត

2023/10/18 04:19:06 pm        181
ប៉ាឡេស្ទីន៖ អស់រយៈពេលជាច្រើនម៉ោង ក្រុមជួយសង្គ្រោះបានបន្តជីករកនៅតាមគំនរបាក់បែកនៃលំនៅឋាន ដែលត្រូវបានកម្ទេច ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដោយមានការហត់នឿយក្នុងការស្វែងរកមិនចេះចប់ និងក្ដីអស់សង្ឃឹមដោយសារកង្វះខាតការផ្គត់ផ្គង់សំខាន់ៗ ព្រមទាំងវិសាលភាពនៃការបំផ្លិចបំផ្លាញដ៏ធំធេងនៅទូទាំងតំបន់ហ្គាហ្សា ស្រ្ទីប។ក្រុមសង្គ្រោះមានការលំបាកក្នុងការគាស់សាកសពជនរងគ្រោះចេញពីជញ្ជាំងបេតុង និងកំទេចកំទី ដែលបែកបាក់ពីលំនៅឋាន ខណៈចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង។ ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សា បានរាយការណ៍ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមហាម៉ាស បានបើកការវាយប្រហារយ៉ាងបង្ហូរឈាម ដែលមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា នោះ បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ជាង៣.០០០នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ។ជនរងគ្រោះជាច្រើននាក់ ដែលកប់នៅក្រោមអគារបែកបាក់ បានបង្ហាញពីភាពលំបាករបស់ក្រុមជួយសង្គ្រោះនៅតំបន់ហ្គហ្សា ដែលកំពុងព្យាយាមជួយសង្គ្រោះជីវិត ខណៈត្រូវបានកាត់ផ្តាច់ពីអ៊ីនធឺណិត និងបណ្តាញទូរស័ព្ទ ការអស់ស្តុកប្រេងឥន្ធនៈ ព្រមទាំងប្រឈមនឹងការវាយប្រហារតាមអាកាសមិនឈប់ឈរផងនោះ។អ៊ីស្រាអែលបានបើកការឡោមព័ទ្ធលើតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ដោយបានកាត់ផ្តាច់ការប្រើប្រាស់ទឹក ថាមពល និងឥន្ធនៈ។ ក្រុមអាជ្ញាធរសុខាភិបាលបានព្រមានថា បើគ្មានជំនួយមនុស្សធម៌ទេ មន្ទីរពេទ្យ និងសេវាសង្គ្រោះបន្ទាន់ នឹងមិនអាចដំណើរការបានទៀតទេក្នុងពេលឆាប់ៗនេះ។ មន្ទីរពេទ្យជាច្រើន ដែលដំណើរការដោយម៉ាស៊ីនភ្លើងបម្រុង បាននិយាយថា ពួកគេមានប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់គ្រង និងការពារព្រំដែន
10/16/2026 07:10 PM
មន្ត្រី៖ មេបញ្ជាការក្រុមហ៊ូទីត្រូវបានសម្លាប់ អំឡុង​ការប៉ះទង្គិចជាមួយកង​កម្លាំងរដ្ឋាភិបាលយេម៉ែន នៅទី​ក្រុង​ Taiz
10/16/2026 07:10 PM
ប្រមុខ​គោល​នយបាយការ​​បរទេស EU ជំរុញឱ្យអាមេរិកបង្កើនសម្ពាធលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាម នៅអ៊ុយក្រែន
10/16/2026 07:10 PM
ចិនផ្ដោត​លើ​វិធានការ​ជាក់ស្តែង ពីវេទិកាអភិបាលកិច្ចសកល នៅសប្តាហ៍ក្រោយ
10/16/2026 07:10 PM
ឯកអគ្គរដ្ឋ​ទូត៖ ចិនអាច «ឈ្នះយ៉ាងងាយស្រួល​» នៅ​ក្នុង​ការ​ប្រឈមមុខ​ដាក់​គ្នា​ជាមួយហ្វីលីពីន
10/16/2026 07:10 PM
សម្ដេចធិបតី បង្ហាញភាពអំណោយផល របស់កម្ពុជា ៦ចំណុច ក្នុងការទាក់ទាញវិនិយោគិនតួកគីយ៉េ
10/16/2026 07:10 PM
កម្ពុជា តួកគីយ៉េ មាន គោលដៅរួមសម្រេចទំហំពាណិជ្ជកម្ម ១ពាន់លានដុល្លារ
10/16/2026 07:10 PM
លោក MUSK បង្អួតរថយន្តអគ្គិសនី Tesla ជំនាន់ថ្មី ដែលអាចហោះ និងបត់បែនកណ្តាល​អាកាស ​
10/16/2026 06:10 PM
ចិនជំរុញឱ្យរដ្ឋាភិបាលជប៉ុនប្រឈមមុខនឹងប្រវត្តិសាស្ត្រ និងផ្តាច់ខ្លួនចេញពីលទ្ធិយោធានិយម
10/16/2026 06:10 PM
ប្រធានាធិបតីលីបង់ជំរុញអាមេរិកឲ្យដាក់សម្ពាធអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារនៅភាគខាងត្បូងលីបង់
10/16/2026 06:10 PM