មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌
សមត្ថកិច្ចកំពុងស្រាវជ្រាវករណីក្រុមឧក្រិដ្ឋជនអូសទាញពលករខ្មែរដែលវិលត្រឡប់មកពីថៃឲ្យធ្វើសកម្មភាព Online Scams
៦ខែ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្ស ១១២ករណី និងឃាត់ខ្លួន ១៦៩នាក់ និងសង្គ្រោះជនរងគ្រោះជិត ៦០០នាក់

សន្តិសុខ និង សង្គម

អាល់ហ្សេរីអះអាងថា ប្រទេសនីហ្សេទទួលយកការសម្រុះសម្រួលរបស់ខ្លួន ក្នុងការដោះស្រាយវិបត្តិនយោបាយ

2023/10/03 04:43:52 pm        129
នីហ្សេ៖ ក្រសួងការបរទេសរបស់ប្រទេសអាល់ហ្សេរី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនីហ្សេ បានទទួលយកការផ្តល់ជូនរបស់អាល់ហ្សេរីក្នុងការសម្រុះសម្រួលក្នុងវិបត្តិនយោបាយរបស់ខ្លួន រយៈពេល៥សប្តាហ៍បន្ទាប់ពីប្រទេសអាហ្វ្រិកខាងជើងនេះ បានស្នើសុំដំណើរការស្តារស្ថានភាពឡើងវិញរយៈពេល៦ខែ ដែលដឹកនាំដោយជនស៊ីវិលម្នាក់។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអាល់ហ្សេរីបានទទួលការជូនដំណឹងជាផ្លូវការរបស់នីហ្សេអំពីការទទួលយករបស់ខ្លួននូវគំនិតផ្តួចផ្តើមសម្របសម្រួលរបស់លោកប្រធានាធិបតី អាប់ឌែលម៉ាដជីដ តេបបោន (Abdelmadjid Tebboune) ។ពុំមានការអត្ថាធិប្បាយភ្លាមៗពីរបបយោធា ដែលកំពុងកាន់អំណាចរបស់នីហ្សេទេ។ ប្រទេសអាល់ហ្សេរីបានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការឆ្លើយតបខាងយោធាចំពោះវិបត្តិ នៅក្នុងប្រទេសនីហ្សេជិតខាង ដែលឆ្មាំប្រធានាធិបតី បានដណ្តើមអំណាច និងបង្កើតរបបយោធា កាលពីខែកក្កដា ដោយនិយាយថា ខ្លួនចង់បានដំណើរការស្តារស្ថានភាពឡើងវិញ រយៈពេលបីឆ្នាំ។កាលពីចុងខែសីហា រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក អាម៉េដ អាតតាហ្វ (Ahmed Attaf) បានថ្លែង អាល់ហ្សេរី បាននិយាយជាច្រើនដងទៅកាន់មេដឹកនាំយោធារបស់នីហ្សេ ហើយបានស្នើឲ្យមានការផ្តួច  ផ្តើមគំនិត ដើម្បីធ្វើឲ្យប្រទេសនេះវិលត្រឡប់ទៅការរៀបចំឲ្យមានសណ្តាប់ធ្នាប់តាមធម្មនុញ្ញធម្មតាវិញ៕

ក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួន បន្ទាប់ពីការបាក់រលំអណ្តូងរ៉ែនៅហ្ស៊ីមបាបវ៉េ បានសម្លាប់មនុស្ស១៣នាក់

2023/10/03 04:39:26 pm        126
ហ្ស៊ីមបាបវ៉េ៖ កាលពីថ្ងៃចន្ទ (២ តុលា) ក្រុមអាជ្ញាធរហ្ស៊ីមបាបវ៉េ នៅតែបន្តស្វែងរកអ្នកនៅរស់រានមានជីវិត ដែលបានជាប់ខ្លួននៅក្រោមដី នៅពេលអណ្តូងរ៉ែមាសដែលបានបោះបង់ចោលបានបាក់កាលពីសប្តាហ៍មុន ខណៈសាច់ញាតិជនរងគ្រោះមួយចំនួន ចាប់ផ្តើមបាត់បង់ក្តីសង្ឃឹមដែលថាមនុស្សជាទីស្រលាញ់របស់ពួកគេអាចនៅមានជីវិត។គ្រោះថ្នាក់នៅក្នុងអណ្តូងរ៉ែដែលប្រើប្រាស់រួច គឺជារឿងធម្មតាទៅហើយនៅក្នុងប្រទេសហ្ស៊ីមបាបវ៉េ ជាទីដែលសិប្បករ ឬក្រុមអ្នករុករករ៉ែតូចតាច ប្រឆាំងនឹងក្រុមអាជ្ញាធរដោយការជីកយករ៉ែនៅក្នុងកំណាត់ថ្មចាស់ៗ ដែលងាយនឹងដួលរលំ។ ឧប្បត្តិហេតុចុងក្រោយនេះ បានកើតឡើងនៅភូមិ Chegutu ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានី ហារ៉ារ៉េ កាលពីថ្ងៃសុក្រ (២៩ កញ្ញា)។អនុប្រធានាធិបតីហ្ស៊ីមបាបវ៉េ លោក Constantino Chiwenga បានប្រាប់សារព័ត៌មាន SM ថា មនុស្ស១៣នាក់បានស្លាប់ ក្នុងការបាក់រលំនោះ នៅក្នុងទីតាំងអណ្ដូងរ៉ែដែលមិនបានបិទឱ្យបានត្រឹមត្រូវ។ អនុរដ្ឋមន្ត្រីក្រសួងរ៉ែ លោក Polite Kambamura មិនអាចប្រាប់បានទេថា តើមានមនុស្សប៉ុន្មាននាក់ទៀត ដែលជាប់នៅក្រោមដី បន្ទាប់ពីអណ្តូងរ៉ែដែលមានជម្រៅ៧០០ម៉ែត្រ បានដួលរលំ។ សមាជិកគ្រួសារជនរងគ្រោះរាប់សិបនាក់ បានទន្ទឹងរង់ចាំដោយសង្ឃឹមថា នឹងមានដំណឹងពីសាច់ញាតិខ្លួន ខណៈអ្នកខ្លះព្រួយបារម្ភថា អ្នកបាត់ខ្លួនទាំងនោះអាចនឹងបាត់បង់ជីវិតបាត់ទៅហើយ៕

ប្រធានាធិបតីម៉ិកស៊ិក រិះគន់ការគាំទ្រយោធារបស់អាមេរិកសម្រាប់អ៊ុយក្រែន

2023/10/03 04:34:29 pm        129
អ៊ុយក្រែន៖ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador កាលពីថ្ងៃចន្ទ (២ តុលា) បានរិះគន់ជំនួយយោធារបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែន ដោយលើកឡើងថា វាជារឿង «មិនសមហេតុផល» ហើយបានបង្កើនការរិះគន់លើកិច្ចខិតខំប្រឹងប្រែងសង្រ្គាម ខណៈដែលលោកបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោន លះបង់ធនធានបន្ថែមទៀត ដើម្បីជួយដល់បណ្ដាប្រទេសនៅអាមេរិកឡាទីន។ លោក Lopez Obrador បានអំពាវនាវជាយូរមកហើយឱ្យសហរដ្ឋអាមេរិក លះបង់មូលនិធិបន្ថែមទៀតដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅអាមេរិកកណ្តាល និងតំបន់មហាសមុទ្រការ៉ាអ៊ីប ដើម្បីបន្ធូរបន្ថយសម្ពាធពីការធ្វើអន្តោប្រវេសន៍។ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួន លោក Lopez Obrador បានរិះគន់សភាសហរដ្ឋអាមេរិក ចំពោះការមិនបញ្ចេញថវិកាសម្រាប់តំបន់ មុនពេលធ្វើការយោងទៅលើជម្លោះកាលពីសប្តាហ៍មុនលើសេចក្ដីស្នើច្បាប់ផ្តល់មូលនិធិបញ្ឈប់ ដែលដកជំនួយបន្ថែមសម្រាប់អ៊ុយក្រែន។ ប្រធានាធិបតីឆ្វេងនិយម លោក Lopez Obrador បានព្យាយាមរក្សាប្រទេសម៉ិកស៊ិកឱ្យដ្ថិតក្នុងភាពអព្យាក្រឹតក្នុងសង្រ្គាមអ៊ុយក្រែន ហើយបានរិះគន់ជំនួយយោធាលោកខាងលិចសម្រាប់ទីក្រុងគីវ។ លោកក៏បានអំពាវនាវឲ្យមានការចរចាសន្តិភាពដើម្បីបញ្ចប់ជម្លោះរុស្ស៊ី និងអ៊ុយក្រែនផងដែរ។កាលពីពីរសប្តាហ៍មុន លោក Lopez Obrador បានការពារវត្តមានរបស់អង្គភាពយោធារុស្ស៊ីនៅក្នុងក្បួនដង្ហែរចុងសប្តាហ៍ ដែលប្រារព្ធទិវាឯករាជ្យរបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងថាប្រទេសរបស់លោក បានផ្តល់វេទិកាមួយដល់កងកម្លាំងដែលបានឈ្លានពានអ៊ុយក្រែន។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់លោក Lopez Obrador ក៏បានគាំទ្រសេចក្ដីសម្រេចសំខាន់ៗមួយចំនួនរបស់អង្គការសហប្រជាជាតិ ដែលរិះគន់តួនាទីរបស់រុស្ស៊ីនៅក្នុងជម្លោះជាមួយអ៊ុយក្រែនផងដែរ៕

រដ្ឋអាជ្ញារដ្ឋ New Yorkនិយាយថា លោក Trump ប្រមូលប្រាក់បានជាង ១០០លានដុល្លារតាមរយៈការក្លែងបន្លំ ខណៈការជំនុំជម្រះក្ដីចាប់ផ្ដើម

2023/10/03 04:30:40 pm        136
អាមេរិក៖ ជនជាប់ចោទលោក Donald Trump បានវាយប្រហាររដ្ឋអាជ្ញា និង ចៅក្រមរបស់រដ្ឋ New Yorkដែលកំពុងពិនិត្យការកាត់ក្តីពីបទក្លែងបន្លំរដ្ឋប្បវេណីរបស់លោក ស្របពេលចាប់ផ្តើមជំនុំជម្រះក្ដីកាលពីថ្ងៃចន្ទ ដោយមានមេធាវីប្រចាំរដ្ឋមួយរូប បានចោទប្រកាន់អតីតប្រធានាធិបតីរូបនេះ ថាបានរកប្រាក់ជាង ១០០លានដុល្លារ ដោយការកុហកពីអាណាចក្រអចលនទ្រព្យរបស់លោក។  រដ្ឋអាជ្ញា លោកស្រី ឡេទីស្ហា ជេមស៍ (Letitia James) កំពុងស្វែងរកការផាកពិន័យយ៉ាងតិច ២៥០ លានដុល្លារ ដែលជាការហាមប្រាមជាអចិន្ត្រៃយ៍ប្រឆាំងនឹងលោកTrump និងកូនប្រុសរបស់លោកគឺលោក ដូណាល់ជូនៀរ (Donald Jr) និងលោក ដូណាល់ អ៊ីរីក(Donald Eric) មិនឲ្យបើកអាជីវកម្មនៅទីក្រុង New York និងការហាមប្រាមលោកTrumpនិងអង្គការ Trump Organization មិនឲ្យធ្វើអាជីវកម្មផ្នែកអចលនទ្រព្យពាណិជ្ជកម្មរយៈពេល៥ឆ្នាំ។ ការផ្តល់សក្ខីកម្មនៅក្នុងបន្ទប់សវនាការក្នុងសង្កាត់ម៉ាន់ហាថាន់(Manhattan)បានចាប់ផ្តើមបន្ទាប់ពីការបើកសេចក្តីថ្លែងការណ៍ដោយមានលោក Donald Bender ដែលជាដៃគូអង្គការ Mazars USA និងជាគណនេយ្យករយូរអង្វែងសម្រាប់អាជីវកម្មរបស់លោក Trump ជាសាក្សីដំបូងរបស់រដ្ឋនេះ។ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានមុនពេលការកាត់ក្តីចាប់ផ្តើមថា ករណីនេះគឺជា ការបោកប្រាស់  ទង្វើគ្មានការអៀនខ្មាស់ និងការសងសឹកផ្នែកនយោបាយដោយរដ្ឋអាជ្ញាលោកស្រី ជេមន៍ ហើយក្នុងអំឡុងពេលសម្រាកអាហារថ្ងៃត្រង់ លោកបានហៅក្រុមអ្នកប្រជាធិបតេយ្យថា ជាមនុស្សពុករលួយ និងជាមនុស្សដ៏គួរឱ្យខ្លាច។  លោក Trump បានប្រាប់ក្រុមអ្នកយកព័ត៌មានថា នេះគឺជាចៅក្រមដែលគួរត្រូវបានដកចេញ។ នេះជាចៅក្រមដែលគួរតែចុះចេញពីតំណែង៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាសជិត២ម៉ឺននាក់ នៅខណ្ឌមានជ័យ និងខណ្ឌដង្កោ

2023/10/03 02:37:15 pm        278
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨ ០៩៩នាក់ មកពីរោងចក្រ សហគ្រាសចំនួន២២ ដែលមានមូលដ្ឋាននៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។រោងចក្រ សហគ្រាសទាំង២២នេះ ជាប្រភេទរោង​ចក្រកាត់ដេរសម្លៀកបំពាក់ចំនួន១៨ រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២រោងចក្រដេរស្បែកជើងចំនួន១ និងរោងចក្រផលិតឆត្រចំនួន១។នេះ គឺជាលើកទី៥ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ​ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

វិបត្តិនៅម៉ាលី៖ ការប្រយុទ្ធគ្នាខ្លាំងផ្ទុះឡើង បន្ទាប់ពីក្រុមឧទ្ទាម Tuareg សម្លាប់ទាហានជាង៨០នាក់

2023/10/02 07:40:38 pm        102
ការប្រយុទ្ធគ្នាខ្លាំង បានផ្ទុះឡើងនៅប្រទេសម៉ាលី ភាគខាងជើងដោយក្រុមឧទ្ទាម Tuareg និយាយថា ពួកគេ បានចូលគ្រប់គ្រងទីក្រុង Bamba ពីក្រុមទាហាន។ ការចូលគ្រប់គ្រប់ទីក្រុង បានកើតឡើងបន្ទាប់ពីក្រុមអ្នកប្រយុទ្ធផ្តាច់ខ្លួន បាននិយាយថា ពួកគេបានសម្លាប់ទាហានជាង៨០នាក់នៅភាគកណ្តាលប្រទេស។ រដ្ឋាភិបាល បានបញ្ចាក់ថា មូលដ្ឋានកងទ័ពមួយកន្លែង ក្នុងតំបន់ Mopti ត្រូវបានដាក់គោលដៅកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ។ ការកើនឡើងអំពើហិង្សា បានកើតឡើងខណៈកងរក្សាសន្តិភាពអង្គការសហប្រជាជាតិដែលត្រូវបានដាក់ពង្រាយ ទៅកាន់ប្រទេសម៉ាលី ក្នុងឆ្នាំ២០១៣ បានដកមកវិញតាមបទបញ្ជារបស់កងទ័ព។ការវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍លើទីក្រុង Dioura នៅចុងភាគខាងត្បូង គឺជាការវាយឆ្មក់មួយ ចាប់តាំងពីក្រុមឧទ្ទាម Tuareg បន្តការប្រយុទ្ធក្នុងខែសីហា បន្ទាប់ពីការដួលរលំកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៥។រឿងនេះ បានកើតឡើងស្របគ្នាជាមួយការកើនឡើងអំពើហិង្សាពីក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម ទោះបីជាមានការដាក់ពង្រាយទាហានស៊ីឈ្នួលក្រុមហ៊ុន Wagner របស់រុស្ស៊ី កាលពីខែធ្នូ ឆ្នាំ២០២១ក៏ដោយ។

ការប៉ះទង្គិចគ្នានៅទីក្រុងបាដាដ ខណៈក្រុមអ្នកតវ៉ាប្រារព្ធខួបលើកទី៤ នៃការប្រមូលផ្តុំទ្រង់ទ្រាយធំ

2023/10/02 07:33:57 pm        122
កាលពីថ្ងៃអាទិត្យ កងកម្លាំងអ៊ីរ៉ាក់ បានប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ាចេញដើរតាមដងផ្លូវដើម្បីប្រារព្ធខួបលើកទី៤ នៃការតវ៉ាកាលពីខែតុលា ដែលបានផ្ទុះឡើងលើកដំបូងក្នុងឆ្នាំ២០១៩។ ក្រុមអ្នកតវ៉ា បានកាន់ទង់ជាតិអ៊ីរ៉ាក់ និងដុតសំរាមនៅលើដងផ្លូវ ខណៈអំពាវនាវការបះបោរឲ្យបន្តរហូតដល់តម្រូវការរបស់ពួកគេត្រូវបានបំពេញ។កវីអ៊ីរ៉ាក់ម្នាក់ លោក Mouayad al-Khalidi បាននិយាយថា ដើម្បីប្រារព្ធខួបលើកទី៤ នៃការតវ៉ា និងការចាប់ផ្តើមការតវ៉ាលើកដំបូង ក្នុងឆ្នាំ២០១៩ ទី១ ត្រូវប្រារព្ធខួបនេះ និងមានមោទនភាព ព្រមទាំងចលនាដ៏ភ្លឺស្វាងនៅក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ាក់។ ទី២ យើងនឹងរក្សាដើម្បីទទួលបានការទាមទារបស់យើងសម្រាប់ការផ្លាស់ប្តូរ ដែលយើងប៉ងប្រាថ្នា និងបណ្តេញចេញក្រុមពុករលួយនេះនៅក្នុងអំណាច ដែលបានធ្វើឲ្យប្រទេសអ៊ីរ៉ាក់ជួបការលំបាកចាប់តាំងពីឆ្នាំ២០០៣មក។នៅក្នុងឆ្នាំ២០១៩ ការតវ៉ាជាច្រើន បានផ្ទុះឡើងប្រឆាំងរដ្ឋាភិបាលរបស់លោក Adel Abdul Mahdi ដែលក្រុមបាតុករបានទាមទារការផ្លាស់ប្តូរប្រព័ន្ធនយោបាយ ខណៈពួកគេមើលឃើញថាជាអំពើពុករលួយចាក់ឬសជ្រៅ និងធ្វើឲ្យប្រជាជនអ៊ីរ៉ាក់ភាគច្រើនស្ថិតភាពភាពក្រីក្រ។ មនុស្សជាង៥៦០នាក់ ភាគច្រើនជាបាតុករគ្មានអាវុធ ប៉ុន្តែក៏មានសមាជិកកងកម្លាំងសន្តិសុខផងដែរ បានស្លាប់ក្នុងពេលកងកម្លាំងសន្តិសុខ និងខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បានបង្ក្រាប។

ប្រធានកិច្ចការបរទេសEU៖ ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន មិនអាស្រ័យលើការវិវឌ្ឍនៅខ្សែត្រៀមជួរមុខទេ

2023/10/02 07:31:00 pm        96
លោក ចូសិប បូរ៉ែល ( Josep Borrell) អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានថ្លែងថា ការគាំទ្ររបស់អឺរ៉ុបសម្រាប់អ៊ុយក្រែន គឺថេរ និងមានរចនាសម្ព័ន្ធត្រឹមត្រូវ ហើយមិនអាស្រ័យលើដំណើរការវិវឌ្ឍនៃសង្រ្គាមនោះទេ។លោកបូរ៉ែល បាននិយាយថា៖«ការគាំទ្ររបស់យើងចំពោះអ៊ុយក្រែន មិនអាស្រ័យលើរបៀបដែលសង្រ្គាមនឹងកើតឡើង នៅថ្ងៃបន្ទាប់ ឬសប្តាហ៍បន្ទាប់នោះទេ។ ទាហានអ៊ុយក្រែន កំពុងប្រយុទ្ធដោយភាពក្លាហានបំផុត នៅមុខបន្ទាយការពារដ៏រឹងមាំរបស់រុស្ស៊ី។ រូបភាពផ្កាយរណបបង្ហាញថា ក្នុងករណីខ្លះ បន្ទាយទាំងនេះមានជម្រៅដល់ទៅ ២៥គីឡូម៉ែត្រ»។អ្នកការទូតអ៊ឺរ៉ុបរូបនេះ បានបញ្ជាក់ថា ប្រតិបត្តិការវាយលុក ត្រូវបានរារាំងដោយគ្រាប់មីនដ៏ក្រាស់។លោកបានសង្កត់ធ្ងន់ថា EUប្រឈមមុខនឹងការគំរាមកំហែងរួចស្រេចទៅហើយ ដូច្នេះការគាំទ្រសម្រាប់អ៊ុយក្រែន«មិនអាស្រ័យលើការរុលទៅមុខក្នុងរយៈពេលមួយថ្ងៃនោះទេ»។អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបនេះ បានសន្និដ្ឋានថា៖«ប្រជាជនអ៊ុយក្រែន កំពុងប្រយុទ្ធដោយភាពអង់អាចនិងសមត្ថភាពរបស់ពួកគេ ហើយប្រសិនបើយើងចង់ឲ្យពួកគេទទួលបានជោគជ័យបន្ថែមទៀត យើងត្រូវផ្តល់ឲ្យពួកគេនូវអាវុធកាន់តែល្អនិងលឿនជាងមុន»។

បេសកកម្ម UN មកដល់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ ខណៈការភៀសខ្លួនរបស់ជនជាតិភាគតិចអាមេនីជិតបញ្ចប់

2023/10/02 07:24:05 pm        90
ប្រព័ន្ធផ្សព្វផ្សាយប្រទេសអាស៊ែរបៃហ្សង់ បានរាយការណ៍ថា បេសកកម្មអង្គការសហប្រជាជាតិ បានមកដល់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ កាលពីថ្ងៃអាទិត្យ ខណៈការភៀសខ្លួនចេញទ្រង់ទ្រាយធំរបស់ជនជាតិភាគតិចអាមេនីពីតំបន់នឹងជិតដល់ទីបញ្ចប់នៃការភៀសខ្លួន បន្ទាប់ពីការវាយលុករបស់យោធាអាស៊ែរបៃហ្សង់ កាលពីខែមុន។ បេសកកម្មនេះត្រូវបានដឹកនាំដោយមន្ត្រីផ្តល់ជំនួយជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ជាដំណើរការចូលលើកដំបូងរបស់ស្ថាប័នពិភពលោកទៅក្នុងតំបន់មួយនេះក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកហើយ។ប្រទេសអាមេនី បានស្នើសុំតុលាការពិភពលោក ដើម្បីបង្គាប់ឲ្យអាស៊ែរបៃហ្សង់ ដកកងទ័ពរបស់ខ្លួនទាំងអស់ចេញពីទីតាំងជនស៊ីវិលក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ និងផ្តល់ដំណើរការចូលរបស់អង្គការសហប្រជាជាតិ។ តុលាការពិភពលោក ត្រូវបានគេស្គាល់ជាផ្លូវការថាជា តុលាការយុត្តិធម៌អន្តរជាតិ កាលពីខែកុម្ភះ បានបង្គាប់ឲ្យប្រទេសអាស៊ែរបៃហ្សង់ ធានាពីការធ្វើដំណើរដោយសេរី ឆ្លងកាត់តំបន់មួយដែលគេស្គាល់ថាច្រករបៀង Lachin ទៅនិងមកពីតំបន់នោះ។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានដកស្រង់សម្តីរដ្ឋាភិបាលអាមេនី ដែលបាននិយាយកាលពីល្ងាចថ្ងៃអាទិត្យថា ដំណើរការនៃការធ្វើដំណើរសម្រាប់អ្នកដែលមានបំណងភៀសខ្លួនពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ទៅកាន់ប្រទេសអាមេនី ដែលនៅជិតខាង ជិតដល់ទីបញ្ចប់ហើយ។ កាលពីព្រឹកថ្ងៃអាទិត្យ អង្គការសុខភាពពិភពលោក បាននិយាយថា ជនជាតិភាគតិចអាមេនីជាង១សែននាក់មកពីតំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានធ្វើដំណើរមកដល់ មិនដល់មួយសប្តាហ៍ផង និងបាននិយាយថាអ្នកជំនាញជាបន្តបន្ទាប់ នឹងត្រូវបានបញ្ជូនទៅទីនោះ។ ការធ្វើដំណើររបស់ក្រុមគ្រួសារជនជាតិអាមេនី បានអស់កម្លាំងនិងស្រេកឃ្លាននៅសប្តាហ៍នេះ ដែលទទួលរងការបំផ្លាញដោយការផ្ទុះនៅឃ្លាំងប្រេងឥន្ធនៈ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៧០នាក់ស្លាប់។

ឆេះក្លឹបកម្សាន្តនៅទីក្រុង Murcia ប្រទេសអេស្ប៉ាញ អ្នកស្លាប់ឡើងដល់យ៉ាងហោចណាស់១៣នាក់

2023/10/02 07:20:41 pm        94
អភិបាលក្រុង លោក Joes Ballesta បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យថា អ្នកស្លាប់ដោយសារអគ្គិភ័យឆេះនៅក្លឹបកម្សាន្តក្នុងទីក្រុង Murcia ប្រទេសអេស្ប៉ាញភាគអាគ្នេយ៍ កើនឡើងដល់យ៉ាងហោចណាស់១៣នាក់។យោងតាមអង្គភាពសង្គ្រោះបន្ទាន់ បានឲ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ នៅតែស្វែងរកអ្នកបាត់ខ្លួនបន្ទាប់ពីការឆាបឆេះ។នៅពេលដំបូងលោក Diego Seral នគរបាលជាតិរបស់ប្រទេសអេស្ប៉ាញ បានប្រាប់អ្នករាយការណ៍ព័ត៌មានថា អ្នកស្លាប់ត្រូវបានរកឃើញនៅក្នុងក្លឹបកម្សាន្ត Fonda Milagros ជាក្លឹបកម្សាន្តមួយក្នុងចំណោមក្លឹបចំនួន៣នៅជាប់ៗគ្នា ដែលទទួលរងការបំផ្លាញភាគច្រើនដោយអគ្គិភ័យ រួមទាំងការបាក់រលំដំបូល។ អ្នកស៊ើបអង្កេតរបស់នគរបាល ពុំអាចចូលទៅដល់ទីតាំងនោះបានទេ ដោយសារតែសីតុណ្ហភាពក្តៅខ្លាំង និងគ្រោះថ្នាក់នៃការបាក់រលំអគារ។ អភិបាលក្រុងលោក Ballesta បានប្រកាសការកាន់ទុក្ខរយៈពេល៣ថ្ងៃសម្រាប់អ្នកដែលបានស្លាប់ ហើយ ទង់ជាតិត្រូវបានបង្ហូតត្រឹមពាក់កណ្តាលដង នៅខាងក្រៅសាលាក្រុង Murcia។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
08/05/2026 09:08 PM
ពលរដ្ឋកូរ៉េខាងត្បូងស្វែងរកកន្លែងត្រជាក់នៅក្នុងរូងភ្នំក្រោមដី ខណៈរលកកកម្តៅវាយប្រហារប្រទេសមួយនេះ
08/05/2026 08:08 PM
បំណែកដំណាក់កាលទី ២នៃយានចម្លងរបស់ក្រុមហ៊ុន SpaceXនឹងធ្លាក់លើឋានព្រះចន្ទនៅថ្ងៃពុធនេះ
08/05/2026 08:08 PM
ពលរដ្ឋរស់នៅរដ្ឋ Assam ប្រទេសឥណ្ឌា បាត់បង់អ្វីៗគ្រប់បែបយ៉ាងដោយសារទឹកជំនន់
08/05/2026 08:08 PM
ការវាយប្រហារមីស៊ីលបាលីស្ទិករុស្ស៊ី បង្កជាអគ្គិភ័យជាច្រើនកន្លែងនៅទីក្រុងគីវ របស់អ៊ុយក្រែន
08/05/2026 08:08 PM
ជនអន្តោប្រវេសនាំគ្នាសម្រាកនៅលើឆ្នេរសមុទ្រស្ថិតក្នុងដែនដី Ceuta របស់អេស្ប៉ាញ ក្រោយការជាន់គ្នាស្លាប់មនុស្ស
08/05/2026 08:08 PM
សារព័ត៌មានរដ្ឋអ៊ីរ៉ង់បង្ហាញស្ពានរងការខូចខាត ក្រោយការវាយប្រហាររបស់សហរដ្ឋអាមេរិក
08/05/2026 08:08 PM
ពលរដ្ឋហ្គាតេម៉ាឡាជម្លៀសខ្លួនទៅកាន់ទីជម្រក ពេលភ្នំភ្លើងព្រួសកម្អែកាន់តែខ្លាំង
08/05/2026 08:08 PM
អគ្គិភ័យក្នុងរោងចក្រគីមី បង្ខំឲ្យជម្លៀសអ្នកស្រុក ១៥០នាក់នៅតំបន់ជាយក្រុង Sao Paulo ប្រទេសប្រេស៊ីល
08/05/2026 08:08 PM
លោក Macron បញ្ជាក់​ថា EU នឹងបង្កើនសម្ពាធលើរុស្ស៊ី និងពង្រឹងការគាំទ្រផ្នែកយោធាដល់​អ៊ុយក្រែន
08/05/2026 08:08 PM