ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ
សមត្ថកិច្ចឃាត់ខ្លួនជនបរទេស៣នាក់ ក្រោយរកឃើញសារធាតុញៀនប្រភេទកញ្ឆាជាង ១០០ដុំ ពេលត្រៀមចាកចេញពីកម្ពុជាតាមយន្តហោះ
ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ

សន្តិសុខ និង សង្គម

ក្រុមមេដឹកនាំឥស្លាមរិះគន់លោកខាងលិចនៅUNជុំវិញការដុតគម្ពីរកូរ៉ាន

2023/09/20 07:07:52 pm        86
ក្រុមមេដឹកនាំមូស្លីមដែលថ្លែងទៅកាន់អង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ បានរិះគន់លោកខាងលិចជុំវិញការដុតគម្ពីរកូរ៉ាន ដោយបានថ្កោលទោសទង្វើដែលត្រូវបានការពារនោះថាជាការនិយាយដោយសេរីដែលជាការរើសអើង។ប្រទេសស៊ុយអែត បានឃើញការដុតសៀវភៅដ៏ពិសិដ្ឋរបស់ឥស្លាមជាបន្តបន្ទាប់ ដោយរដ្ឋាភិបាល បានធ្វើការថ្កោលទោស ប៉ុន្តែបាននិយាយថា ខ្លួនមិនអាចបញ្ឈប់សកម្មភាព ដែលត្រូវបានការពារ នៅក្រោមច្បាប់ស្តីពីការបញ្ចេញមតិដោយសេរីនោះទេ។ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អេរដូហ្គែន (Recep Tayyip Erdogan) ដែលបានដាក់សម្ពាធអស់ជាច្រើនខែលើប្រទេសស៊ុយអែតជុំវិញការស្វាគមន៍របស់ខ្លួនចំពោះសកម្មជនឃើដ ដែលទួរគីចាត់ទុកថាជាភេរវករ បាននិយាយថា ប្រទេសលោកខាងលិច កំពុងមើលឃើញ «គ្រោះកាច»នៃការរើសអើងជាតិសាសន៍ រួមទាំងការរើសអើងសាសនាឥស្លាម។លោកបានប្រាប់មហាសន្និបាតUN ថា៖«រឿងនេះ បានឈានដល់កម្រិតដែលមិនអាចអត់ឱនឲ្យបាន» ។លោកបានបន្តថា៖ «គួរឲ្យសោកស្តាយ ក្រុមអ្នកនយោបាយប្រជានិយមក្នុងប្រទេសជាច្រើន បន្តលេងល្បែងគ្រោះថ្នាក់ ដោយការជំរុញឲ្យមាននិន្នាការដ៏គ្រោះថ្នាក់បែបនេះ»។

ការរីកដុះដាលយ៉ាងខ្លាំងរបស់ប្លង់តុង គំរាមកំហែងដល់ជីវិតសត្វសមុទ្រ និងជលផលនៅក្នុងប្រទេសថៃ

2023/09/20 06:57:40 pm        335
នៅក្នុងខេត្តឈុនបុរី ភាគខាងកើតប្រទេសថៃ ទឹកសមុទ្រនៃឈូងសមុទ្រខាងលើ មានពណ៌បៃតងដ៏គួរឱ្យទាក់ទាញ។ ទោះជាយ៉ាងណាក៏ដោយ នៅលើការត្រួតពិនិត្យកាន់តែដិតដល់ ទឹកនេះមានសភាពក្រាស់ មានក្លិនស្អុយ និងមានក្លិនស្មៅ ព្រមទាំងក្លិនត្រីងាប់ ដែលជាសញ្ញាប្រាប់ថា ប្លង់តុង ឬហៅថា ធារាសុខមប្រាណ កំពុងដុះរីកលូតលាស់។ខណៈសត្វសមុទ្រដូចជាត្រី និងត្រីបាឡែន ស៊ីប្លង់តុង ដែលដូចជាប្រភេទស្លែនេះជាអាហារ វាក៏អាចបង្ហាញពីជាតិពុលក្នុងបរិមាណដ៏ច្រើនផងដែរ។ នៅពេលដែលការរីកដុះដាលកើតឡើង ប្លង់តុងទាំងនោះនឹងស្រូបយកអុកស៊ីហ្សែនពីទឹកសមុទ្រ សម្លាប់ត្រី ខ្យង និងសត្វដទៃទៀត ដែលបង្កើតភាពវឹកវរក្នុងខ្សែសង្វាក់អាហារធម្មជាតិ ក៏ដូចជាការនេសាទផងដែរ។ដីស្រែចំការជាង២៦០កន្លែងស្ថិតតាមឆ្នេរសមុទ្រ ដែលក្នុងនោះជាង៨០% ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារការរីកដុះដាលនៃប្លង់តុងសមុទ្រ នេះបើយោងតាមក្រុមអាជ្ញាធរមកពីសមាគមនេសាទខេត្តឈុនបុរី។ខណៈពេលដែលមូលហេតុពិតប្រាកដនៅពីក្រោយទឹកសមុទ្រពណ៌បៃតងនេះមិនទាន់ត្រូវបានកំណត់នៅឡើយ ក្រុមអ្នកវិទ្យាសាស្ត្រកំពុងស្វែងរកទំនាក់ទំនងដែលអាចទៅរួចក្នុងព្រឹត្តិការណ៍នេះ ទៅនឹងបម្រែបម្រួលអាកាសធាតុ និងគំរូអាកាសធាតុធម្មជាតិដូចជា អ៊ែល នីញ៉ូ ជាដើម ដើម្បីជួយដល់ប្រជាជនដែលមានជីវភាពរស់នៅពឹងផ្អែកលើភោគផលសមុទ្រ៕

កងទ័ពជើងទឹកប្រេស៊ីល រឹបអូសបានគ្រឿងញៀនកូកាអ៊ីនចំនួន៣,៦តោន

2023/09/20 06:45:03 pm        139
កងទ័ពជើងទឹកប្រេស៊ីល បាននិយាយកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ថា ខ្លួនបានរឹបអូសបានគ្រឿងញៀនកូកាអ៊ីនចំនួន៣,៦តោន ពីទូកមួយគ្រឿងនៅឆ្នេរសមុទ្រនៃរដ្ឋ Pernambuco ភាគឦសាន នៅក្នុងការចាប់បានគ្រឿងញៀនដ៏ធំបំផុតនៅឆ្នេរសមុទ្រមួយ ដោយប្រទេសប្រេស៊ីល។នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពជើងទឹកបាននិយាយថា ខ្លួនបានរឹបអូសយកម៉ូតូទឹកខ្នាតតូចមួយគ្រឿងមួយ ដែលប្រើសម្រាប់ដឹកជញ្ជូនមនុស្ស និងទំនិញតាមឆ្នេរសមុទ្រ ជាមួយនឹងសមាជិកនាវិកចំនួន៥នាក់ ដែលធ្វើដំណើរទៅកាន់ទ្វីបអាហ្វ្រិក។ ទូកនេះត្រូវបានអូសដោយនាវាល្បាតទៅកាន់កំពង់ផែ Recife របស់ប្រេស៊ីល។ការរឹបអូសនេះបានធ្វើឡើងបន្ទាប់ពីប្រតិបត្តិការជាបន្តបន្ទាប់ ដែលធ្វើឡើងដោយកងទ័ពជើងទឹក ដើម្បីប្រយុទ្ធប្រឆាំងនឹងការដឹកជញ្ជូនគ្រឿងញៀននៅលើឆ្នេរសមុទ្ររបស់ប្រទេសប្រេស៊ីល។ យោងតាមកងទ័ពជើងទឹកបានឲ្យដឹងថា គ្រឿងញៀនកូកាអ៊ីនជាង ១៧តោន កញ្ឆាក្រៀមចំនួន ៤,៣តោន បារីចំនួន ៦៩៥តោន ត្រីចំនួន ១១៣,៣៤តោន ស្លឹកកញ្ឆាចំនួន ១៤តោន និងឈើចំនួន ៣.១៤៦ម៉ែត្រគូប ត្រូវបានរឹបអូសតាំងចាប់ពីឆ្នាំ២០២០មក៕

UN៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅលីប៊ី រួមមានជនអន្តោប្រវេសន៍ចំនួន៤០០នាក់

2023/09/20 05:36:09 pm        92
UN៖របាយការណ៍ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ដោយសំអាងដល់របាយការណ៍ពីមន្ទីរពេទ្យថា ជនអន្តោប្រវេសន៍ប្រហែល៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកជំនន់ ដែលបានវាយប្រហារភាគខាងកើតប្រទេសលីប៊ីកាលពីសប្តាហ៍មុន។ របាយការណ៍នេះបានដកស្រង់ពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក ដែលបាននិយាយថា រហូតមកដល់ពេលនេះ តួលេខអ្នកស្លាប់ចំនួន៤,០០០នាក់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសលីប៊ីដោយមន្ទីរពេទ្យ រួមទាំងជនអន្តោប្រវេសន៍ចំនួន៤០០នាក់ផងដែរ។ជនអន្តោប្រវេសន៍អាហ្វ្រិក និងមជ្ឈិមបូព៌ារាប់ពាន់នាក់ មានមូលដ្ឋានបណ្តោះអាសន្នក្នុងប្រទេសលីប៊ី ហើយមនុស្សជាច្រើនបានធ្វើដំណើរឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេ ដ៏គ្រោះថ្នាក់ជារៀងរាល់ឆ្នាំ ដើម្បីគេចចេញពីភាពក្រីក្រ និងជម្លោះ។ អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ ធ្លាប់បាននិយាយថា ជនអន្តោប្រវេសន៍ជាង១០០.០០០ នាក់ បានរស់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ រួមទាំងជាង៨.០០០នាក់រស់នៅក្នុងទីក្រុង Derna របស់លីប៊ី ហើយពួកគេភាគច្រើនមកពីប្រទេសឆាដ អេហ្ស៊ីប និងស៊ូដង់ ផងដែរ៕

មនុស្ស២៧នាក់ស្លាប់ និង២០០នាក់របួស ក្នុងការវាយប្រហាររបស់អាស៊ែបៃហ្សង់ លើតំបន់ណាហ្គ័រណូ-ការ៉ាបាក់

2023/09/20 05:34:06 pm        106
អាមេនី៖ យោងតាមព័ត៌មាន ដែលទទួលបានពីកន្លែងបញ្ចុះសព Stepanakert ប្រទេសអាមេនី ដោយការិយាល័យអ្នកការពារសិទ្ធិមនុស្ស គិតត្រឹមម៉ោង២២:៣០នាទី (ម៉ោងក្នុងស្រុក) មានជនរងគ្រោះចំនួន២៧នាក់បានស្លាប់ ដែលជាលទ្ធផលនៃការវាយប្រហារភេរវកម្មយ៉ាងពេញទំហឹងដោយប្រទេសអាស៊ែបៃហ្សង់ ដែលក្នុងនោះជនរងគ្រោះ២នាក់ជាជនស៊ីវិល ហើយចំនួនអ្នករងរបួសមានលើសពី២០០នាក់ហើយនៅពេលនេះ។តួលេខនេះមិនរាប់បញ្ចូលជនរងគ្រោះនៅស្ថាប័នវេជ្ជសាស្ត្ររបស់តំបន់ Askeran និងតំបន់ Martuni ទេ ដោយសារនៅមិនទាន់ទំនាក់ទំនងពីទីនោះ។ អាស៊ែបៃហ្សង់ បានបញ្ជូនកងទ័ពចូលទៅក្នុងតំបន់ការ៉ាបាក់ គ្រប់គ្រងដោយអាមេនី ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃទឹកដីរបស់អាស៊ែបៃហ្សង់ កាលពីព្រឹកថ្ងៃអង្គារ (១៩ កញ្ញា) ក្នុងការប៉ុនប៉ងនាំយកតំបន់នេះឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើងវិញដោយប្រើកម្លាំង ដែលបង្កើនការគំរាមកំហែងនៃសង្រ្គាមថ្មីមួយជាមួយប្រទេសជិតខាងអាមេនី ផងដែរ៕

រុស្ស៊ី៖ លោក ពូទីន និងលោក ស៊ី នឹងជួបប្រជុំគ្នានៅទីក្រុងប៉េកាំងក្នុងខែតុលាខាងមុខនេះ

2023/09/20 05:29:48 pm        100
រុស្ស៊ី៖រុស្ស៊ីប្រកាសថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង សម្រាប់កិច្ចពិភាក្សានៅទីក្រុងប៉េកាំង ក្នុងខែតុលា ខាងមុខនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកពូទីននៅក្រៅប្រទេស ចាប់តាំងពីដីកាចាប់ខ្លួនត្រូវបានដាក់ចេញប្រឆាំងនឹងលោក ជុំវិញការនិរទេសកុមារពីអ៊ុយក្រែន។លោក Nikolai Patrushev ដែលជាមនុស្សជំនិតរបស់លោក ពូទីន និងជាលេខានៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា រុស្ស៊ី និងចិន គួរតែពង្រឹងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ នៅពេលប្រឈមមុខនឹងការប៉ុនប៉ងរបស់លោកខាងលិចដើម្បីទប់ស្កាត់ពួកគេទាំងពីរ។ លោក ពូទីន នឹងចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ បន្ទាប់ពីការអញ្ជើញរបស់លោក ស៊ី ក្នុងអំឡុងពេលទស្សនកិច្ចដ៏ខ្ពង់ខ្ពស់នៅទីក្រុងមូស្គូកាលពីខែមីនា។ប៉ុន្មានថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោក ស៊ី នោះ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទសង្ស័យថា បាននិរទេសកុមាររាប់រយនាក់ដោយខុសច្បាប់ ឬច្រើនជាងនេះពីអ៊ុយក្រែន។ លោក ពូទីន បានធ្វើទស្សនកិច្ចចុងក្រោយនៅប៉េកាំងក្នុងខែកុម្ភៈ ឆ្នាំ២០២២ រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការលុកលុយអ៊ុយក្រែន ជាទីដែលលោក និងលោក ស៊ី បានប្រកាសពីភាពជាដៃគូ «គ្មានដែនកំណត់» ដោយទីក្រុងមូស្គូនិយាយថា នេះមិនមែនមានន័យថាជាសម្ព័ន្ធមិត្តយោធានោះទេ៕

ប្រទេសឡាតវី នឹងបិទច្រកព្រំដែនមួយក្នុងចំណោមច្រកព្រំដែនបេឡារុសចំនួនពីរ ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ខុសច្បាប់

2023/09/20 05:23:32 pm        109
ឡាតវី៖ រដ្ឋាភិបាលនៃប្រទេសឡាតវីកាលពីថ្ងៃអង្គារ បានសម្រេចចិត្តបិទច្រកព្រំដែនមួយក្នុងចំណោមច្រកព្រំដែនពីររបស់ខ្លួនជាមួយប្រទេសបេឡារុស ខណៈដែលនាយករដ្ឋមន្ត្រី បានចោទប្រកាន់ទីក្រុងមីនស្កិ៍( Minsk) ម្តងទៀតថា បានប្រើប្រាស់ជនអន្តោប្រវេសន៍ខុសច្បាប់ជា «ការគំរាមកំហែងចម្រុះ» ដើម្បីធ្វើឲ្យប៉ះពាល់ដល់សន្តិសុខរដ្ឋបាល់ទិក។នៅឆ្នាំ២០២១ ប្រទេសឡាតវី ប៉ូឡូញ និងលីទុយអានី បានប្រឈមមុខនឹងវិបត្តិអន្តោប្រវេសន៍ នៅពេលដែលមនុស្សរាប់ពាន់នាក់ ដែលភាគច្រើនមកពីមជ្ឈិមបូព៌ា និងអាហ្វ្រិក បានចាប់ផ្តើមឆ្លងមកពីបេឡារុស។ ប្រទេសទាំងបី ដែលជាសមាជិកទាំងអស់របស់អង្គការណាតូ និងសហភាពអឺរ៉ុប នៅទីបំផុត បានងាកទៅរកការជំរុញជនអន្តោប្រវេសន៍ត្រឡប់មកវិញ ដែលជាគោលនយោបាយមួយ នៅមានដដែល។មន្ត្រីចំនួន៥០នាក់ដែលកំពុងធ្វើការនៅប៉ុស្តិ៍ព្រំដែនSilene នឹងត្រូវដាក់ពង្រាយឡើងវិញ ដើម្បីការពារព្រំដែនពិតប្រាកដ នៅក្នុងអ្វីដែលប្រធានឆ្មាំល្បាតព្រំដែនរបស់ប្រទេសឡាតវី បានពណ៌នាថាជា «ស្ថានភាពដ៏តានតឹងបំផុត ចាប់តាំងពីឆ្នាំ២០២១» ដោយសារលំហូរចូលនៃជនអន្តោប្រវេសន៍មកពីប្រទេសបេឡារុស។

ចិន ជំរុញឲ្យមានទំនាក់ទំនងពាណិជ្ជកម្មកាន់តែស៊ីជម្រៅថែមទៀតជាមួយរុស្ស៊ី ទោះមានការរិះគន់ពីលោកខាងលិចក៏ដោយ

2023/09/20 05:18:30 pm        104
ចិន៖ ប្រទេសចិន កាលពីថ្ងៃអង្គារ បានបង្កើនទំនាក់ឆ្លងព្រំដែន ជាមួយរុស្ស៊ី និង ពាណិជ្ជកម្មទៅវិញទៅមកកាន់តែស៊ីជម្រៅបន្ថែមទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការវិនិយោគ ខណៈសម្ព័ន្ធមិត្តទាំង២ បានប្ដេជ្ញាបង្កើនទំនាក់ទំនងសេដ្ឋកិច្ចឲ្យកាន់តែប្រសើរជាងមុន ទោះបីជាមានការមិនពេញចិត្តពីលោកខាងលិច បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានវាយលុកអ៊ុយក្រែនកាលពីឆ្នាំមុន ក៏ដោយ ស្របពេលដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក Wang Yi ទៅកាន់ទីកក្រុង មូស្គូ សម្រាប់ការពិភាក្សាជាយុទ្ធសាស្ត្រដែលឈានទៅរកការបញ្ជាក់ពីដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ទៅកាន់ទីក្រុងប៉េកាំងនៅខែក្រោយ។  យោងតាមសេចក្ដីថ្លែងការណ៍ពីក្រសួងពាណិជ្ជកម្មរបស់លោក រដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក  វ៉ាង   វ៉ិនតាវ (Wang Wentao) បាននិយាយក្នុងកិច្ចពិភាក្សានៅទីក្រុងប៉េកាំង ថា សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាង ចិន រុស្ស៊ី បានបន្តយ៉ាងស៊ីជម្រៅ និងកាន់តែរឹងមាំ ក្រោមការណែនាំជាយុទ្ធសាស្ត្រនៃប្រមុខរដ្ឋទាំង២។   ខណៈសង្រ្គាមអ៊ុយក្រែនឈានចូលដល់ឆ្នាំទី២ ហើយរុស្ស៊ី រងទណ្ឌកម្មពីលោកខាងលិច ទីក្រុងមូស្គូ បានពឹងផ្អែកលើសម្ព័ន្ធមិត្តក្រុងប៉េកាំង សម្រាប់ការគាំទ្រសេដ្ឋកិច្ច ការផ្គត់ផ្គង់លើតម្រូវការរបស់ចិនផ្នែក ប្រេង និងឧស្ម័ន ព្រមទាំងគ្រាប់ធញ្ញជាតិផងដែរ។ ទិន្នន័យពន្ធគយចុងក្រោយបង្អស់របស់ចិន បង្ហាញថា កាលពីខែសីហា ការនាំចូលទំនិញរបស់ចិនពីរុស្ស៊ី បានឡើងដល់៣% កាលពីដើមឆ្នាំមុន រហូតដល់១១,៥ពាន់លានដុល្លារអាមេរិក ផ្ទុយពីខែកក្កដា ដែលធ្លាក់ចុះ៨% ៕

អារ៉ាប៊ីសាអ៊ូឌីត ស្វាគមន៍លទ្ធផលវិជ្ជមាននៃកិច្ចចរចា ដើម្បីគាំទ្រដំណើរការសន្តិភាពនៅយ៉េម៉ែន

2023/09/20 05:05:51 pm        117
អារ៉ាប៊ីសាអ៊ូឌីត៖ អារ៉ាប៊ីសាអ៊ូឌីត បានស្វាគមន៍លទ្ធផលវិជ្ជមានពីការពិភាក្សា ដើម្បីឈានដល់ផែនទីបង្ហាញផ្លូវ ដែលគាំទ្រដល់ដំណើរការសន្តិភាពក្នុងប្រទេសយ៉េម៉ែន បន្ទាប់ពីកិច្ចពិភាក្សារបស់ក្រុមអ្នកចរចាហ៊ូធីជាមួយអារ៉ាប៊ីសាអ៊ូឌីត នៅទីក្រុងរីយ៉ាដ។ ប្រភពដែលដឹងច្បាស់ពីកិច្ចប្រជុំនេះ និងប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមឧទ្ទាមហ៊ូធី បាននិយាយថា ក្រុម បេសកជនពិសេសហ៊ូធី បានចាកចេញពីទីក្រុងរីយ៉ាដ កាលពីថ្ងៃអង្គារ បន្ទាប់ពីកិច្ចចរចារយៈពេល៥ជាមួយមន្ត្រីអារ៉ាប៊ីសាអ៊ូឌីតស្តីពីការបញ្ចប់ជម្លោះរយៈពេល៨ឆ្នាំ នៅប្រទេសយ៉េម៉ែន។រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បានថ្លែងកាលពីថ្ងៃពុធថា ព្រះរាជាណាចក្រនេះ បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការសន្ទនាក្នុងចំណោមភាគីជម្លោះទាំងអស់ក្នុងប្រទេសយេម៉ែន។ រដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអ៊ូឌីត បាននិយាយកាលពីថ្ងៃពុធ បន្ទាប់ពីបានជួបជាមួយគណៈប្រតិភូហ៊ូធី។ព្រះអង្គម្ចាស់ Khalid bin Salman បានថ្លែងនៅក្នុងសារបង្ហោះនៅលើកម្មវិធីផ្ញើសារXថា៖«ខ្ញុំបានសង្កត់ធ្ងន់លើការគាំទ្ររបស់ព្រះរាជាណាចក្រសម្រាប់ប្រទេសយ៉េម៉ែន និងបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់ការសន្ទនាក្នុងចំណោមភាគីទាំងអស់ ដើម្បីឈានទៅដល់ដំណោះស្រាយនយោបាយដ៏ទូលំទូលាយមួយ ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ»៕

អ៊ីរ៉ង់ទាមទារឲ្យសហរដ្ឋអាមេរិកបង្ហាញសុច្ឆន្ទៈ ក្រោយពីការចាកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

2023/09/20 04:29:36 pm        108
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក គួរតែបង្ហាញ «សុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត»របស់ខ្លួនក្នុងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥របស់ទីក្រុងតេអេរ៉ង់ ខណៈដែលការចរចាដោយប្រយោលជាច្រើនខែរវាងគូសត្រូវ ដែលមានរយៈពេលយូរ មិនបានឈានទៅដល់ចំណុចណាមួយឡើយ។លោករ៉េស៊ី បាននិយាយនៅក្នុងសុន្ទរកថានៅឯមហាសន្និបាតUN ដោយសំដៅទៅលើផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) រវាងទីក្រុងតេអេរ៉ង់ និង មហាអំណាចទាំង៦ថា៖«តាមរយៈការចាកចេញពីJCPOA សហរដ្ឋអាមេរិក បានរំលោភលើកិច្ចព្រមព្រៀង និងគោលការណ៍នៃសេចក្តីស្មោះត្រង់។ សហរដ្ឋអាមេរិក គួរតែបង្ហាញពីសុច្ឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួន»។ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបោះបង់ចោលកិច្ចព្រមព្រៀងនោះ ក្នុងឆ្នាំ២០១៨ ដោយបានលើកហេតុផលថា វាមានចិត្តល្អពេកចំពោះទីក្រុងតេអេរ៉ង ហើយបានស្តារឡើងវិញនូវទណ្ឌកម្មដ៏តឹងរ៉ឹងរបស់សហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ ដែលជំរុញឲ្យទីក្រុងតេអេរ៉ង់បំពានបន្តិចម្តងៗនូវដែនកំណត់នុយក្លេអ៊ែររបស់កិច្ចព្រមព្រៀងនេះ។បន្ទាប់ពីចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១ ប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បានព្យាយាមចរចារអំពីការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលប្រទេសអ៊ីរ៉ង់ បានរឹតបន្តឹងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Rubio៖ អាមេរិកនឹងពិភាក្សាលើការចម្រាញ់ប្រេងរបស់វេណេស៊ុយអេឡាជាមួយក្រុមហ៊ុនឥណ្ឌា Reliance
10/20/2026 07:10 PM
នគរបាល​រុះរើជំរំតវ៉ា ពាក់ព័ន្ធបញ្ហាផ្ទះសម្បែង នៅព័រទុយហ្គាល់ ដោយចាប់ខ្លួន​មនុស្ស​ជាង ៥០នាក់ ​
10/20/2026 07:10 PM
ភ្លើងឆេះព្រៃឥណ្ឌូនេស៊ី បង្កឲ្យមានបាតុកម្មដែលក្រុមសកម្មជនទាមទារឲ្យមានវិធានការដោះស្រាយផ្សែងអ័ព្ទ
10/20/2026 07:10 PM
មនុស្សជាង​ ១០នាក់ស្លាប់ក្នុងគ្រោះ​ថ្នាក់ចរាចរណ៍​​រថយន្តក្រុងបុកជាមួយរថយន្តដឹកទំនិញ នៅអេហ្ស៊ីប
10/20/2026 07:10 PM
វិមានក្រឹមឡាំងសង្ឃឹមថា ជំនួបលោក Putin-Witkoff អាចនឹងរៀបចំឡើង ដើម្បីពិភាក្សាពីសង្រ្គាមអ៊ុយក្រែន
10/20/2026 06:10 PM
ក្រុមកុបករចូលលួចក្នុងហាងលក់គ្រឿងអលង្ការនៅទីក្រុង Lyon អំឡុងបាតុកម្មនៅបារាំង
10/20/2026 06:10 PM
វៀតណាមពិចារណាពី​ការធ្វើការពីចម្ងាយ និងការរៀនតាមអនឡាញ ខណៈគុណភាពខ្យល់កាន់តែអាក្រក់​ទៅៗ
10/20/2026 06:10 PM
ផ្សែងអ័ព្ទនៅឥណ្ឌូនេស៊ី បង្អាក់ដល់ជើងហោះហើរ ២.៦០០វ៉ុល និងបង្ខំឲ្យលុបចោលជើងហោះតាមផ្លូវទៅកាន់សិង្ហបុរី
10/20/2026 06:10 PM
បារាំងមាន​សភាព​ស្ងប់ស្ងាត់ ក្រោមវិធានការបម្រាមគោចរពេលយប់ ខណៈរដ្ឋាភិបាលត្រៀម​ សម្រាប់​ការតវ៉ាថ្មី
10/20/2026 06:10 PM
ចិនបញ្ជូនកងកម្លាំងជើងទឹកទៅតាមឃ្លាំ​មើល​នាវាចម្បាំងអាមេរិក នៅជិតតំបន់ថ្មប៉ប្រះទឹកមានជម្លោះ
10/20/2026 06:10 PM