ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ

សន្តិសុខ និង សង្គម

មន្ទីរពេទ្យប្រទេសហៃទី ថែទាំកុមារក្នុងពេលមានអំពើហិង្សាក្រុមជនអន្ធពាល ភាពអត់ឃ្លាន និងខ្វះជំនួយ

2023/08/03 05:27:38 pm        270
ហៃទី៖ កូនស្រីអាយុ៩ខែរបស់នាងម៉ារី មីឈែល ចូសេហ្វ(Marie Michelle Joseph) មានសភាពទន់ខ្សោយនិងគ្រុនរហូត។ បន្ទាប់ពីត្រូវបានយកចេញពីមន្ទីពេទ្យធំរបស់ប្រទេសហៃទី កូនស្រីរបស់នាងឈ្មោះ Myleisha ត្រូវបានទទួលចុងក្រោយនៅមន្ទីពេទ្យ Fontaine (ហ្វុងតែន) ជាមន្ទីរពេទ្យឧបត្ថមដោយអង្គការ UNICEF នៅក្នុងរដ្ឋធានីព័រអូប្រាំង នៅក្នុងតំបន់មួយដែលក្រុមគ្រួសាររបស់នាងគិតថា គ្មានសុវត្ថិភាពដើម្បីទៅសួរសុខទុក្ខ។ផ្នែកធំៗរបស់ប្រទេសហៃទី ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមជនអន្ធពាលប្រដាប់អាវុធធុនធ្ងន់ ជាក្រុមតែងតែបង្កសង្គ្រាមបណ្តាលឲ្យជីវិតរស់នៅរបស់ប្រជាជន និងបុគ្គលិកផ្តល់ជំនួយស្ថិតក្នុងហានីភ័យ។ ក្រុមហ៊ុនផលិតស្បៀងអាហារពុំអាចដឹកជញ្ជូនផលិតផលរបស់ពួកគេទៅកាន់ទីកន្លែងនានា ដែលត្រូវការជំនួយខ្លាំងបំផុតនោះទេ។ យោងតាមអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា វិបត្តិបានធ្វើឲ្យកុមារ ជាង១សែននាក់ នៅក្នុងប្រទេសហៃទីជួបបញ្ហាប្រឈមនឹងការអត់អាហាររហូតដល់ស្លាប់។ កម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិយាយថា ជិតពាក់កណ្តាលនៃប្រជាជនហៃទី ប្រជាជនប្រមាណ៤,៩លាននាក់ កំពុងជួបភាពអត់ឃ្លាន។ ប៉ុន្តែកម្មវិធីស្បៀងអាហារពិភពលោក បាននិយាយកាលពីខែមុនថាអង្គការនេះ ត្រូវបានបង្ខំឲ្យកាត់បន្ថយការផ្តល់ជំនួយស្បៀងអាហារបន្ទាន់កាលពីខែកក្កដាមកកាន់ប្រទេសនេះចំនួន២៥ភាគរយ បើប្រៀបធៀបទៅនឹងខែមុនដោយសារតែមូលនិធិថយចុះជាបន្តបន្ទាប់ ខណៈនៅក្នុងខែមិថុនា អង្គការ UNICEF បាននិយាយថា ខ្លួនបានទទួលត្រឹមតែ១៥ភាគរយនៃមូលនិធិដែលខ្លួនត្រូវការសម្រាប់ប្រតិបត្តិការនៅប្រទេសហៃទីនៅឆ្នាំនេះ៕

ក្រុមអ្នកប្រឆាំងនៅក្នុងប្រទេសជប៉ុន កូរ៉េខាងត្បូង ជំរុញឱ្យផ្អាកផែនការបង្ហូរទឹកសំណល់វិទ្យុសកម្ម ហ្វ៊ូគូស៊ីម៉ា

2023/08/03 05:17:02 pm        319
ជប៉ុន៖ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យបានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូងលោក Lee Jae-myung បានផ្ញើលិខិតមួយទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដោយជំរុញឱ្យលោកផ្អាកគម្រោងការបង្ហូរទឹកសំណល់ដែលមានជាតិនុយក្លេអ៊ែរ។ជាមួយគ្នានេះ អ្នកបរិស្ថានម្នាក់នៅក្នុងខេត្ត ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុនបានសម្តែងការប្រឆាំងរបស់ខ្លួនចំពោះផែនការរបស់ប្រទេសជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈិ ដែលលែងដំណើរការ ចូលទៅក្នុងសមុទ្រ។លើសពីនេះទៅទៀត ក្រុមអ្នកនេសាទជប៉ុនក៏បានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបញ្ចេញទឹកសំណល់ ដែលមានសារធាតុនុយក្លេអ៊ែរចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈិ ដែលបានខូចខាតនោះ ចូលទៅក្នុងសមុទ្រផងដែរ។ទោះបីជាមានការរិះគន់យ៉ាងទូលំទូលាយពីក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ក៏រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញឱ្យមានការបង្ហូរទឹកសំណល់វិទ្យុសកម្មនៅរដូវក្តៅនេះ ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលរងគ្រោះដោយការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិដែលបានកើតឡើងនៅខែមីនាឆ្នាំ២០១១ផងដែរ៕

ពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់បន្តតវ៉ាប្រឆាំងកំណែទម្រង់ប្រព័ន្ធតុលាការនៅក្នុងទីក្រុងតេល អាវីវ

2023/08/03 05:11:25 pm        350
អ៊ីស្រាអែល៖ ក្រុមអ្នកតវ៉ារាប់ពាន់នាក់ បានចេញតវ៉ាតាមដងផ្លូវសំខាន់មួយក្នុងទីក្រុងតេល អាវីវ (Tel Aviv)ដោយកាន់ទង់ជាតិអ៊ីស្រាអែល និងអំពាវនាវឲ្យបញ្ចប់ការកែប្រែប្រព័ន្ធតុលាការកាលពីថ្ងៃពុធទី២សីហា។ ដោយត្រូវបានជំរុញដោយក្រុមចម្រុះអ្នកជាតិនិយមសាសនារបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតានយ៉ាហ៊ូ ( Benjamin Netanyahu) ក្នុងការធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ និងរឹតត្បិតអំណាចមួយចំនួនរបស់តុលាការកំពូល បានបណ្ដាលឲ្យមានការបែកបាក់យ៉ាងខ្លាំងនៅក្នុងសង្គមអ៊ីស្រាអែល ខណៈដុតបញ្ឆេះឲ្យមានការតវ៉ាទ្រង់ទ្រាយធំនៅតាមដងផ្លូវរយៈពេលជាច្រើនខែមកនេះ។  ក្រុមបាតុករបានអំពាវនាវឲ្យប្រជាពលរដ្ឋរួបរួមគ្នា កាលពីថ្ងៃពុធ និងបង្ហាញការគាំទ្រចំពោះតុលាការកំពូលដែលគ្រោងនឹងបើកសវនាការបណ្ដឹងឧទ្ទរណ៍នៅថ្ងៃព្រហស្បតិ៍ទី៣សីហានេះ ប្រឆាំងនឹងច្បាប់កាលពីខែមីនា ដែលកម្រិតលក្ខខណ្ឌសម្រាប់លោកនាយករដ្ឋមន្ត្រី បេន ចាមីន។ ការច្រានចោលរបស់លោកណេតានយ៉ាហ៊ូ ក្រោមហេតុផល "អសមត្ថភាព" ដែលជាញត្តិដំបូងក្នុងចំណោមញត្តិជាច្រើន ទំនងជាធ្វើឲ្យវិបត្តិរដ្ឋធម្មនុញ្ញកាន់តែធ្ងន់ធ្ងរឡើង ដែលបានអង្រួនអ៊ីស្រាអែលអស់ជាច្រើនខែ។  លោក ណេតានយ៉ាហ៊ូ ដែលកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះក្ដីលើបទចោទប្រកាន់អំពើពុករលួយដែលលោកបដិសេធ បានចាត់ទុកការផ្លាស់ប្តូរប្រព័ន្ធតុលាការជាការកែលម្អតុល្យភាពក្នុងចំណោមអង្គអំណាចរបស់រដ្ឋាភិបាល។ ក្រមអ្នករិះគន់និយាយថា កំណែទម្រង់ទាំងនោះបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យ និងបើកដៃឲ្យប្រពឹត្តអំពើពុករលួយ៕

មនុស្សយ៉ាងហោចណាស់៤៥នាក់ បានស្លាប់ ក្នុងប្រតិបត្តិការនគរបាលនៅរដ្ឋចំនួន៣ របស់ប្រទេសប្រេស៊ីល

2023/08/03 04:48:18 pm        327
ប្រេស៊ីល៖ យ៉ាងហោចណាស់មនុស្ស៤៥នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការនគរបាលជាបន្តបន្ទាប់នៅទូទាំងរដ្ឋចំនួន៣ របស់ប្រទេសប្រេស៊ីល នៅក្នុងសប្តាហ៍ដ៏បង្ហូរឈាម ដោយប្រទេសនេះ មានកេរ្តិ៍ឈ្មោះដោយសារអំពើហិង្សារបស់នគរបាល។មនុស្ស១០នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការរបស់នគរបាលស៊ីវិល និងយោធា ប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀនចូលទៅក្នុងតំបន់ប្រជុំជន Penha favela ក្នុងទីក្រុង Rio de Janeiro កាលពីព្រឹកថ្ងៃពុធ។ នៅរដ្ឋ Bahia ភាគឦសាន មនុស្ស១៩នាក់ក៏ត្រូវបានគេរាយការណ៍ថាបានស្លាប់ផងដែរ នៅចន្លោះថ្ងៃសុក្រដល់ថ្ងៃច័ន្ទ ក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាលយោធានៅក្នុងរដ្ឋធានីរដ្ឋ Salvador និងទីក្រុងមួយចំនួនទៀតនៅក្បែរនោះ។ជាមួយគ្នានេះ ក្រុមអាជ្ញាធររដ្ឋក្នុងទីក្រុងសាវ ប៉ូឡូ បានបញ្ជាក់កាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ពីប្រតិបត្តិការនគរបាលដែលកំពុងបន្តនៅក្នុងតំបន់ Baixada Santista បានកើនឡើងដល់ ១៦នាក់ហើយ ដែលធ្វើឲ្យនោះជាប្រតិបត្តិការដ៏សាហាវបំផុតមួយដែលមិនធ្លាប់ធ្វើឡើងដោយនគរបាលសៅប៉ូឡូ។នគរបាលនិយាយថា រហូតមកដល់ពេលនេះ ពួកគេបានចាប់ខ្លួនមនុស្សចំនួន៥៨នាក់ និងរឹបអូសបានថ្នាំញៀន ៤០០គីឡូក្រាម ព្រមទាំងអាវុធចំនួន១៨ដើម។ អង្គការសិទ្ធិមនុស្សបានរិះគន់សកម្មភាពរបស់នគរបាលនៅក្នុងតំបន់ Baixada Santista ថាជាការសម្លាប់រង្គាល ដែលជំរុញដោយការសងសឹក ខណៈដែលអ្នកស្រុកបានរាយការណ៍ពីការគំរាមកំហែង និងករណីនៃការធ្វើទារុណកម្មនៅទីនោះផងដែរ៕

លោក Donald Trump រិះគន់ការចោទប្រកាន់ពាក់ព័ន្ធការបោះឆ្នោតមុនថ្ងៃឡើងសវនាការនៅថ្ងៃនេះ

2023/08/03 04:32:34 pm        389
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់ការចោទប្រកាន់មកលើរូបលោកពីបទសមគនិតដើម្បីបង្វែរលទ្ធផលឆ្នោតដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០ នៅមុនពេលលោកបង្ហាញមុខនៅតុលាការ។ លោកបានសរសេរលើបណ្ដាញសង្គម ថា ការចោទប្រកាន់មិនធ្លាប់មានបែបនេះ បង្ហាញ ភាពពុករលួយ រឿងអាស្រូវ និងការបរាជ័យរបស់អាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Joe Biden។  សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី សម្រាប់សវនាការនៅថ្ងៃព្រហស្បតិ៍នេះ។ លោក Trump បានប្រឈមរួចទៅហើយចំពោះករណីចោទប្រកាន់ព្រហ្មទណ្ឌចំនួនករណីផ្សេងទៀត ខណៈលោកធ្វើយុទ្ធនាការសម្រាប់ការដណ្ដើមតំណែងសេតវិមាននៅឆ្នាំក្រោយ។ ប៉ុន្តែករណីជាប់ពាក់ព័ន្ធនឹងការបោះឆ្នោត  ដែលលោកត្រូវបានចោទប្រកាន់កាលពីថ្ងៃអង្គារ ត្រូវបានមើលឃើញយ៉ាងច្បាស់ថាជាករណីធ្ងន់ធ្ងរបំផុតមួយក្នុងចំណោមបទចោទប្រកាន់ទាំងអស់ប្រមាណ៧៧ករណី។  នៅក្នុងលិខិតសរសេរជាអក្សរធំទាំងអស់ដែលបានបង្ហាញនៅលើបណ្ដាញសង្គម Truth របស់លោក កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក Trump ដែលបានស្ថិតនៅទីក្រុង Bedminster រដ្ឋ New Jersey ដែលជាទីតាំងក្លឹបវាយកូនហ្គោលរបស់លោក បានថ្ងែងអំណរគុណដល់ក្រុមអ្នកគាំទ្ររបស់លោកដោយនិយាយថា ខ្ញុំពុំដែលទទួលបានការគាំទ្រច្រើនបែបនេះទេពីមុខមកទេ។  នៅក្នុងការបង្ហោះសារផ្សេងទៀតរបស់លោក លោកបានវាយប្រហារចំៗលើបេក្ខភាពប្រធានាធិបតី គូប្រជែង របស់លោក មកពីគណបក្សសាធារណរដ្ឋ ដូចជា អតីតអនុប្រធានាធិបតីរបស់លោក គឺ Mike Pence និងអភិបាលរដ្ឋ Florida លោក Ron DeSantis៕

ព្យុះទីហ្វុង Khanun បានវាយប្រហារកោះ Okinawa បន្ទាប់ពីមានព្យុះទីហ្វុងដ៏គ្រោះថ្នាក់២ នៅអាស៊ីបូព៌ា

2023/08/02 10:13:04 pm        107
ជប៉ុន៖ ព្យុះទីហ្វុងមួយ បានបោកបក់ នៅភាគខាងត្បូងប្រទេសជប៉ុន ដោយបង្ខំឲ្យមានការជម្លៀស និងធ្វើឲ្យ គេហដ្ឋានមួយភាគបីនៅលើកោះអូគីណាវ៉ាដាច់ចរន្តអគ្គិសនី។Khanun ដែលជាព្យុះទីហ្វុងទី៣ ដែលបានបោកបក់ នៅអាស៊ីខាងកើត ក្នុងរយៈពេលជាច្រើនសប្តាហ៍នេះ បានគំរាមកំហែងឲ្យមានភ្លៀងធ្លាក់ខ្លាំងបំផុត នៅទីក្រុងប៉េកាំង ក្នុងរយៈពេលជាងមួយសតវត្សរ៍ ហើយព្យុះនេះ បានបង្កជាទឹកជំនន់ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៤នាក់ ក្នុងប្រទេសចិនមកទល់ពេលនេះ។ពាក់ព័ន្ធនឹងបាតុភូតធម្មជាតិនេះ អ្នកជំនាញនិយាយថា ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរបែបនេះ នឹងកើតមានជាញឹកញាប់ ដោយសារតែការឡើងកម្ដៅផែនដី។ព្យុះ Khanun កើតមានបន្ទាប់ពីព្យុះទីហ្វុងចំនួន ២ទៀត គឺ Talim និង Doksuri ដែលជាព្យុះដ៏ខ្លាំងមួយ ដែលបានបោកបក់លើប្រទេសហ្វីលីពីន និងតៃវ៉ាន់ផងដែរ ដោយបានសម្លាប់មនុស្សជាង ៣០នាក់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ ព្យុះនេះ ត្រូវបានគេរំពឹងថា នឹងធ្លាក់មកលើឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសចិន នៅថ្ងៃពុធ (ទី២ ខែសីហា) នេះ ប៉ុន្តែការព្យាករណ៍ឥឡូវនេះបាននិយាយថា វាទំនងជានឹងងាកឆ្ពោះទៅកាន់ដីគោករបស់ជប៉ុន ដោយមិនកាត់ប្រទេសចិនឡើយ។កោះអូគីណាវ៉ាត្រូពិចរបស់ប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងប្រឈមជាមួយព្យុះ Khanun ដែលកម្លាំងខ្យល់បក់ខ្លាំងក្នុងល្បឿន ២៥២គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅថ្ងៃពុធនេះ។ មនុស្សប្រហែល ២០.០០០នាក់ត្រូវបានណែនាំឲ្យជម្លៀសចេញ ហើយជើងហោះហើរជិត ៩០០ជើង ត្រូវបានលុបចោល នៅអាកាសយានដ្ឋានក្នុងក្រុង Naha របស់កោះអូគីណាវ៉ា។ ព្យុះឥទ្ធិពលខ្លាំងបែបនេះ កម្រកើតមានណាស់ ក្នុងរយៈពេលនេះនៃឆ្នាំ នៅប្រទេសជប៉ុន។ ប៉ុន្តែអ្នកវិទ្យាសាស្ត្រអាកាសធាតុ បានព្រមានជាយូរមកហើយថា ការឡើងកម្ដៅផែនដី នឹងធ្វើឲ្យព្យុះរឹតតែមានកម្លាំងខ្លាំង និងកើតមានញឹកញាប់ ព្រមទាំងបង្កើតនូវរលកកម្ដៅ ដែលបាតុភូតទាំង២ នេះ បានវាយប្រហារផ្នែកខ្លះនៃអាស៊ីកាលពីខែមុន៕

ទារិកាម្នាក់ បានស្លាប់ បន្ទាប់ពីជីដូនទុក ក្នុងរថយន្តក្ដៅខ្លាំងអស់រយៈពេល ៨ម៉ោង នៅក្រុងញូវយ៉ក

2023/08/02 10:09:11 pm        203
អាមេរិក៖ នគរបាលបាននិយាយថា ទារិកាអាយុ ១៤ខែម្នាក់ បានស្លាប់ បន្ទាប់ពីជីដូនរបស់ក្មេងស្រីនោះ ទុកចៅរបស់ខ្លួនចោល ដោយមិនបានមើលថែ នៅក្នុងរថយន្តដ៏ក្តៅមួយអស់រយៈពេល ៨ម៉ោង ដែលហេតុការណ៍នេះ កើតឡើងនៅទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក។នគរបាលតំបន់ Suffolk បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោកយាយវ័យ ៥៤ឆ្នាំមួយរូប បានភ្លេចយកកូនតូចនោះចេញ ដើម្បីដាក់ទៅក្នុងមណ្ឌលថែទាំកុមារ នៅទីក្រុង Smithtown លើកោះ Long Island កាលពីថ្ងៃចន្ទ (ទី៣១ ខែកក្កដា) ហើយបានទៅធ្វើការ ដោយទុកចៅរបស់គាត់ចោលនៅលើកៅអីខាងក្នុងរថយន្តម៉ាក Jeep Cherokee។៨ម៉ោងក្រោយមក ជីដូនរូបនោះ បានចេញទៅទទួលចៅស្រីរបស់គាត់ នៅមណ្ឌលថែទាំពេលថ្ងៃ ទើបដឹងដឹងថា គាត់បានទុកទារិកានោះចោលនៅក្នុងឡាន។ ក្មេងស្រីនោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយក្រោយមកត្រូវបានប្រកាសថា បានស្លាប់។ ការស្លាប់នេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត តែមិនទាន់មានការចោទប្រកាន់ពីបទឧក្រិដ្ឋនោះទេ។សូមបញ្ជាក់ថា យោងតាមនាយកដ្ឋានដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា កុមារប្រហែល ៤០ នាក់ បានស្លាប់ដោយសារសុរិយរោគ ឬសន្លប់ដោយសារក្ដៅខ្លាំង នៅសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ បន្ទាប់ពីត្រូវទុកចោល ឬជាប់នៅក្នុងរថយន្ត។ ករណីភាគច្រើនកើតឡើង ដោយសារឪពុកម្តាយ ឬអ្នកថែទាំភ្លេចថា ក្មេងៗទាំងនោះ នៅក្នុងឡាន៕

មនុស្សយ៉ាងហោច៦នាក់ស្លាប់ និងជាង១០០នាក់ត្រូវបានចាប់ខ្លួនខណៈរដ្ឋHaryana របស់ឥណ្ឌានៅតែរង្គោះរង្គើ

2023/08/02 10:05:50 pm        166
ឥណ្ឌា៖ មន្ត្រីបាននិយាយថា យ៉ាងហោចណាស់មនុស្ស៦នាក់ រួមទាំងនគរបាល២នាក់ បានស្លាប់ និងជាង១១០នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងក្រុមពលរដ្ឋកាន់សាសនាហិណ្ឌូ និងពលរដ្ឋមូស្លីម ដែលបានផ្ទុះឡើងកាលពីថ្ងៃចន្ទមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រ ភាគខាងត្បូងរដ្ឋធានីញូវឌេលី ប្រទេសឥណ្ឌា។មន្ត្រីនិយាយថា អំពើហិង្សាបានផ្ទុះឡើងបន្ទាប់ពីការដង្ហែររបស់សាសនាហិណ្ឌូ ឆ្លងកាត់តំបន់ Nuh ដែលមានពលរដ្ឋមូស្លីមច្រើនលើសលប់ ក្នុងរដ្ឋ Haryan។ នៅពេលល្ងាច អំពើហិង្សាបានរាលដាលចូលក្នុងតំបន់ Gurugram ដែលនៅជិតខាង ជាកន្លែងដែលវិហារអ៊ីស្លាមមួយកន្លែងត្រូវបានដុតបំផ្លាញ បណ្តាលឲ្យបុព្វជិតម្នាក់ស្លាប់ និងម្នាក់ផ្សេងទៀតរងរបួស។អភិបាលរដ្ឋ Haryana លោក Manohar Lal Khattar បាននិយាយថា មនុស្ស៦នាក់បានស្លាប់ រួមទាំងឆ្មាំល្បាតតំបន់២នាក់និងជនស៊ីវិល៤នាក់ ហើយរហូតមកដល់ពេលនេះយើងបានចាប់ខ្លួនមនុស្ស១១៦នាក់។ កាលពីពេលមុន តំបន់ Gurugram ត្រូវបានគេស្គាល់ថា Gurgaon មានព្រំដែនជាមួយទីក្រុងញូវឌេលី ហើយបានលេចចេញជាមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់ប្រទេស និងផ្តល់ទីទាំងដល់ក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន។ ទោះជាយ៉ាងណា តំបន់ Gurugram បានបន្តនៅតែមានភាពតានតឹងពេញមួយថ្ងៃ ខណៈហ្វូងមនុស្សឥតសណ្តាប់ធ្នាប់ដើរនៅតាមដងផ្លូវ ដុតបំផ្លាញហាងដែលបោះបង់ចោល និងបំផ្លាញអាហារដ្ឋានតូចៗ ដែលភាគច្រើនជាកម្មសិទ្ធរបស់ពលរដ្ឋមូស្លីម។ នៅពេលល្ងាច សេវាអ៊ីនធឺណិតចល័ត ត្រូវបានផ្អាកភាគច្រើននៅក្នុងតំបន់នេះ។ មន្ត្រីមកពីរដ្ឋបាលតំបន់ ក្នុងតំបន់ Nuh បាននិយាយថាពួកគេកំពុងស៊ើបអង្កេតមូលហេតុនៃការប្រឈមមុខដាក់គ្នាដែលបានបង្កហិង្សា៕

រុស្ស៊ី ជំទាស់ទៅនឹងការព្រីកខ្លួនរបស់ណាតូ នៅកិច្ចប្រជុំត្រៀមសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ

2023/08/02 10:02:29 pm        133
រុស្ស៊ី៖ គណៈប្រតិភូជាច្រើន នឹងចូលរួមនៅក្នុងកិច្ចប្រជុំត្រៀម នៅក្នុងប្រទេសអូទ្រីស សម្រាប់សន្និសីទពិនិត្យឡើងវិញឆ្នាំ២០២៦ នៃភាគីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ បានស្តាប់ការធ្វើអត្ថាធិប្បាយពីអ្នកតំណាងរុស្ស៊ីកាលពីថ្ងៃអង្គារ។ លោក Mikhail Kondratenkov បាននិយាយថា សម្ព័ន្ធយោធាណាតូ បានក្លាយជាប្លុកនុយក្លេអ៊ែរយោធា ដែលត្រូវបានរួមបញ្ចូលសមត្ថភាពយុទ្ធសាស្ត្រលើសពីរុស្ស៊ី។ លោក Kondratenkov និយាយថា ថវិកាយោធារបស់បណ្តាប្រទេសណាតូ និងសម្ព័ន្ធមិត្តរបស់ពួកគេ មានចំនួនប្រហែល២ភាគ៣ នៃការចំណាយសកល។ លោកនិយាយថាលោកបានទទួលដំណឹងពីរបាយការណ៍ជាច្រើនដែលថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេ មានផែនការដាក់ស្ថានីយ៍អាវុធនុយក្លេអ៊ែរ នៅអឺរ៉ុបភាគខាងកើត។ អ្នកតំណាងប៉ូឡូញ លោក Adam Bugajski បានរិះគន់រុស្ស៊ីសម្រាប់ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសបេឡារុស។ លោកនិយាយថា ចំណាត់ការនេះបំពានលើការប្តេជ្ញាចិត្តរបស់ពួកគេក្រោមសន្ធិសញ្ញាមិនរីកសាយអវុធនុយក្លេអ៊ែរ។ លោក Bugajski បានចង្អុលទៅរកកងទ័ពរុស្ស៊ី ដែលកំពុងកាន់កាប់ដោយខុសច្បាប់បរិវេណរោងចក្រនុយក្លេអ៊ែរ Zaporizhzhia និងបាននិយាយថា សកម្មភាពរបស់ពួកគេ គឺជាការប្រឆាំងយ៉ាងច្បាស់ចំពោះទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ។ លោក Kondratenkov បានចាត់ទុកការចោទប្រកាន់នេះថាជាគំនិតទុទិដ្ឋិនិយមពិតប្រាកដ ។ លោកនិយាយថា ប្រទេសប៉ូឡូញ គឺជាប្រទេសមួយក្នុងចំណោមប្រទេសទាំងអស់ដែលព្យាយាមទទួលធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់ណាតូ ហើយអ្នកទាំងឡាយណាដែលដាក់កំហុសលើរុស្ស៊ីសម្រាប់ការបំពានច្បាប់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ គួតែបង្ហាញទាំងភស្តុតាងការចោទប្រកាន់ឬរក្សាឲ្យទុកវាសម្រាប់ខ្លួនឯង។

ចិនច្រានចោលរបាយការណ៍ថាខ្លួនរារាំងកិច្ចពិភាក្សាបញ្ហាអាកាសធាតុរបស់ប្រទេស G20

2023/08/02 09:56:41 pm        140
ចិន៖ របាយការណ៍នានាដែលថា ប្រទេសចិន រារាំងកិច្ចពិភាក្សាលើការដោះស្រាយបម្រែបម្រួលអាកាសធាតុនៅក្នុងកិច្ចប្រជុំក្រុមប្រទេស G20 កាលពីសប្តាហ៍មុននៅក្នុងប្រទេសឥណ្ឌាគឺពុំមែនជាការពិតទាំងស្រុង។ បន្ទាប់ពីរយៈពេល៣ថ្ងៃ នៃកិច្ចពិភាក្សា លើបញ្ហាជាច្រើន ដូចជាការកាត់បន្ថយការបំភាយឧស្ម័ន និងការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ព្រមទាំងហិរញ្ញវត្ថុអាកាសធាតុដើម្បីជួយដល់បណ្តាប្រទេសក្រីក្រ ក្រុមនៃប្រទេសធំៗទាំងនេះ ពុំបានឈានដល់ការចេញសេចក្តីថ្លែងការរួមឬផ្តល់ការសន្យាថ្មីណាមួយនោះទេ។ ក្រុមប្រទេសទាំងនេះ បានទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការមួយបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេថា វិធានការនានាដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ គឺមិនគ្រប់គ្រាន់នោះទេ។ សមាជិកនៃគណៈប្រតិភូសហភាពអឺរ៉ុប បាននិយាយថា ប្រទេសចិន និងប្រទេសអារ៉ាប៊ីសាអូឌីតជាប្រទេសសំបូរប្រេង បានដកខ្លួនចេញពីការធ្វើការប្តេជ្ញាចិត្តនៅក្នុងកិច្ចប្រជុំ ប៉ុន្តែប្រទេសចិន បានច្រានចោលបញ្ហានេះ។ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការថា ខ្លួនមានការសោកស្តាយនូវការដែលពុំបានឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងប្រជុំ ដែលបណ្តាលមកពីបញ្ហានយោបាយភូមិសាស្ត្រនយោបាយ នាំមកដោយប្រទេសដ៏ទៃទៀតសម្រាប់ភាពគ្មានហេតុផល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា ចូលរួមសន្និសីទពិភពលោក ស្តីពីឱសថបុរាណឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន
10/27/2026 04:10 PM
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម
10/27/2026 04:10 PM
សភាអេហ្ស៊ីប ផ្តល់សិទ្ធិអំណាចដល់លោក Sisi ក្នុងចំណាត់ការគាំទ្រប្រទេសអារ៉ាប៊ីសាអ៊ូឌីត
10/27/2026 04:10 PM
អាមេរិក និងកាណាដាកំពុងធ្វើការលើកិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយការដំឡើងពន្ធដែកថែប និងរថយន្ត
10/27/2026 04:10 PM
ប្រទេសហ្វាំងឡង់ ជំរុញឱ្យអឺរ៉ុប និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួបរួមគ្នាប្រឆាំងរុស្ស៊ី
10/27/2026 04:10 PM
អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ «សន្តិភាព និងស្ថិរភាពសង្គមជាសមិទ្ធផលមិនអាចកាត់ថ្លៃបាន​ដែល​យើង​ត្រូវ​រួមគ្នាថែរក្សានិងការពារ»
10/27/2026 03:10 PM
រដ្ឋសភាកម្ពុជាចេញញត្តិថ្កោលទោសដាច់អហង្ការ ចំពោះទង្វើខុសច្បាប់របស់ក្រុមឧទ្ទាមក្រៅប្រទេស
10/27/2026 03:10 PM
កម្ពុជាបើកការសន្ទនា​ ដើម្បីលើកកម្ពស់បរិយាបន្នហិរញវត្ថុ សម្រាប់ស្រ្តី
10/27/2026 02:10 PM
ក្រសួងបរិស្ថានអនុម័តជាផ្លូវការនូវក្របខណ្ឌវិនិយោគសម្រាប់ការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព និងគ្មានផ្សែងអ័ព្ទនៅកម្ពុជា
10/27/2026 02:10 PM
ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរាជការ នៅស្រុកមេមត់ និងស្រុកពញ្ញាក្រែក
10/27/2026 02:10 PM