ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ

សន្តិសុខ និង សង្គម

ប្រទេសសិង្ហបុរីប្រហារជីវិតស្ត្រីម្នាក់ជាលើកដំបូងក្នុងរយៈពេល២០ឆ្នាំ

2023/07/28 09:44:56 pm        408
សិង្ហបុរី៖ នៅថ្ងៃសុក្រនេះ ប្រទេសសិង្ហបុរីបានប្រហារជីវិតស្ត្រីម្នាក់ជាលើកដំបូងក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ។ អ្នកស្រី Saridewi Djamani ជនជាតិសិង្ហបុរីវ័យ ៤៥ឆ្នាំត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទជួញដូរគ្រឿងញៀនហេរ៉ូអ៊ីនចំនួន ៣០ក្រាម កាលពីឆ្នាំ២០១៨។អ្នកស្រីគឺជាអ្នកទោសគ្រឿងញៀនទី២ ដែលត្រូវបានកាត់ទោសប្រហារជីវិតនៅសប្តាហ៍នេះ បន្ទាប់ពីមិត្តរួមជាតិសិង្ហបុរីឈ្មោះ Mohd Aziz bin Hussain និងជាជនទី១៥ ដែលត្រូវបានកាត់ទោសប្រហារជីវិតចាប់តាំងពីខែមីនា ឆ្នាំ២០២២មក។ សិង្ហបុរីមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងតែងបំផុតមួយចំនួនក្នុងពិភពលោក ដែលប្រទេសនេះនិយាយថាចាំបាច់ដើម្បីការពារសង្គម។ច្បាប់របស់ប្រទេសសិង្ហបុរីបានកំណត់ថា ទោសប្រហារជីវិតនឹងត្រូវដាក់លើអ្នកណាមួយដែលត្រូវបានចាប់ខ្លួនពីបទជួញដូរកញ្ឆាលើសពី ៥០០ក្រាម ឬហេរ៉ូអ៊ីនលើសពី ១៥ក្រាម។ តុលាការកំពូលរបស់ទីក្រុងបានច្រានចោលបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសរបស់អ្នកស្រី Saridewi Djamani កាលពីថ្ងៃទី៦ ខែតុលាឆ្នាំមុន។ ក្រុមអាជ្ញាធរបាននិយាយថា ញត្តិសុំលើកលែងទោសរបស់លោកប្រធានាធិបតីក៏មិនបានជោគជ័យផងដែរ៕

មនុស្សជិត ២០០លាននាក់នៅសហរដ្ឋអាមេរិកកំពុងស្ថិតនៅក្រោមការណែនាំអំពីកម្ដៅ និងទឹកជំនន់

2023/07/28 09:42:06 pm        326
អាមេរិក៖ប្រជាជនជិត ២០០លាននាក់នៅក្នុងសហរដ្ឋអាមេរិក ឬស្មើនឹង ៦០% នៃចំនួនប្រជាជនអាមេរិកទាំងអស់ កំពុងស្ថិតនៅក្រោមការណែនាំអំពីរលកកម្ដៅ ការព្រមានអំពីទឹកជំនន់ ឬការឃ្លាំមើល នៅពេលដែលសីតុណ្ហភាពខ្ពស់បានរីករាលដាលពាលពេញប្រទេស ហើយតំបន់ជាច្រើនត្រូវបានព្រមានពីព្យុះដ៏ខ្លាំងដែលអាចនឹងកើតមានផងដែរ។សេវាអាកាសធាតុជាតិបាននិយាយថា រលកកម្ដៅដ៏គ្រោះថ្នាក់ បានចាប់ផ្តើមវាយប្រហារនៅភាគឦសាន និងតំបន់កណ្តាលអាត្លង់ទិកកាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងបន្តដល់ចុងសប្តាហ៍។ ព្យុះផ្គររន្ទះ និងទឹកជំនន់ដ៏គំហុក អាចកើតមានសម្រាប់ផ្នែកខ្លះនៃភាគឦសាន និងខាងត្បូង រដ្ឋញូវអ៊ីងឡិន និងរដ្ឋហ្វ្លរីដាខាងត្បូងផងដែរ។ ទន្ទឹមនឹងនេះ សីតុណ្ហភាពកម្រិតបំបែកកំណត់ត្រានឹងបន្តកើតមានសម្រាប់ភាគនិរតី និងកណ្តាលខាងលិច។ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា បម្រែបម្រួលអាកាសធាតុ ដែលជំរុញដោយការដុតឥន្ធនៈហ្វូស៊ីល នឹងនាំឱ្យអាកាសធាតុកាន់តែធ្ងន់ធ្ងរ និងអូសបន្លាយពេលយូរ។ការព្យាករណ៍សម្រាប់កំណើនកម្ដៅខ្លាំង កើតឡើងមួយថ្ងៃបន្ទាប់ពីអង្គការឧតុនិយមពិភពលោក និងសេវាកម្មផ្លាស់ប្តូរអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុបបានប្រកាសថា ខែកក្កដាឆ្នាំ២០២៣នេះ ជាខែក្តៅបំផុតក្នុងកំណត់ត្រាពិភពលោក៕

ចក្រភពអង់គ្លេសប្រកាសផ្តល់ថវិកាចំនួន៣០លានផោនដល់ជនភៀសខ្លួននៅប្រទេសហ៊្សកដានី

2023/07/28 09:39:05 pm        294
ហ៊្សកដានី៖ កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក James Cleverly បានប្រកាសផ្តល់ជំនួយចំនួន ៣០លានផោន (ប្រហែល ៣៨លានដុល្លារ) ដើម្បីជួយប្រទេសហ្ស៊កដានីក្នុងការទប់ទល់នឹងចំនួនជនភៀសខ្លួនស៊ីរីនៅក្នុងប្រទេសនេះ។ ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិក្នុងខែនេះបាននិយាយថា ខ្លួននឹងកាត់បន្ថយជំនួយជាសាច់ប្រាក់សម្រាប់ជនភៀសខ្លួនស៊ីរីចំនួន ១២០.០០០នាក់ដែលរស់នៅក្នុងជំរំ Zaatari និងជំរំ Azraq ក្នុងប្រទេសហ្ស៊កដានី ដោយសារតែបញ្ហាកង្វះថវិកា។បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Al Safadi នៅទីក្រុង Amman (អាម៉ង់) ខណៈដែលដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោកបានបញ្ចប់ទៅ លោក Cleverly បាននិយាយថា ស្ថានភាពនេះបានបង្កបញ្ហាប្រឈមដល់ "ហេដ្ឋារចនាសម្ព័ន្ធនយោបាយ និងសង្គមរបស់ប្រទេសហ្ស៊កដានី"។ប្រទេសហ្ស៊កដានីគឺជាជម្រកសម្រាប់ជនភៀសខ្លួនស៊ីរីដែលបានចុះឈ្មោះចំនួន ៦៧០.០០០នាក់ ហើយចក្រភពអង់គ្លេស រួមជាមួយនឹងប្រទេសអាល្លឺម៉ង់ និងបារាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជាថវិកា ក៏ដូចជាការបង់ប្រាក់សម្រាប់គម្រោង ដែលផ្តល់អត្ថប្រយោជន៍ដល់បណ្ដាតំបន់ក្នុងប្រទេសហ្ស៊កដានីដែលធ្វើជាម្ចាស់ផ្ទះដល់ជនភៀសខ្លួនទាំងនោះផងដែរ៕

ប្រមុខ UNព្រមានថា យុគសម័យឡើងកម្តៅផែនដីបានបញ្ចប់ ហើយយុគសម័យផែនដីឡើងក្តៅដូចភ្លើងបានមកដល់

2023/07/28 09:33:00 pm        302
 អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterresបានព្រមានថា យុគសម័យឡើងកម្តៅផែនដីបានបញ្ចប់ ហើយយុគសម័យផែនដីឡើងក្តៅដូចភ្លើង បានមកដល់ហើយក្រោយពេលដែលក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា ខែកក្កដា គឺជាខែដែលក្តៅបំផុតនៅក្នុងកំណត់ត្រា ។   ប្រមុខ UNរូបនេះ និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា បម្រែបម្រួលអាកាសធាតុ កើតមាននៅទីនេះ ។ វាគួរឲ្យខ្លាចខ្លាំងណាស់ ហើយវាទើបតែចាប់ផ្តើមទេ ។ គេនៅមានលទ្ធភាពកំណត់សីតុណ្ហភាពកើនឡើងត្រឹម ១,៥អង្សាសេ ហើយនិងដើម្បីជៀសវាងបម្រែបម្រួលអាកាសធាតុដ៏អាក្រក់បំផុត ប៉ុន្តែត្រូវតែមានវិធានការអាកាសធាតុជាបន្ទាន់ និងខ្លាំក្លាបំផុត ។  លោក Guterresនិយាយថា ការកែតម្រូវប្រព័ន្ធហិរញ្ញវត្ថុសកល ត្រូវការដើម្បីគាំទ្រការពន្លឿនវិធានការអាកាសធាតុ ហើយលោកបានអំពាវនាវផងដែរ សម្រេចឲ្យបានគោលដៅកាត់បន្ថយការបំភាយឧស្ម័នជាតិថ្មីដ៏មហិច្ឆិតាពីសមាជិកក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G20 ។  លោក Chris Hewittគឺជាប្រធានសេវាកម្មអាកាសធាតុសម្រាប់អង្គការឧតុនិយមពិភពលោក បាននិយាយថា ពួកយើងរំពឹងទុកថានឹងមើលឃើញឆ្នាំក្តៅបំផុតនៅលើកំណត់ត្រាក្នុងរយៈពេល ៥ឆ្នាំក្រោយ  ដោយឡែក របាយការណ៍អាកាសធាតុរដ្ឋ របស់អង្គការឧតុនិយមពិភពលោក សម្រាប់ឆ្នាំ ២០២២ កត់សំគាល់ឃើញថា ចាប់ពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០២២ គឺជារយៈពេល ៨ឆ្នាំដែលក្តៅបំផុតនៅក្នុងកំណត់ត្រាអាកាសធាតុ រយៈពេល ១៧៣ឆ្នាំ ៕

ទូរកុងតឺន័រប្រែទៅជាទីជម្រកសម្រាប់អ្នកគ្មានផ្ទះសម្បែងនៅទីក្រុង Phoenix សហរដ្ឋអាមេរិក ស្របពេលដែលរលកកម្តៅនៅតែបន្ត

2023/07/28 09:29:33 pm        356
អាមេរិក៖  កាលពីថ្ងៃព្រសហ្បតិ៍ម្សិលមិញ ក្រុមមន្រ្តីទីក្រុង Phoenix រដ្ឋ Arizona សហរដ្ឋអាមេរិក បានបង្ហាញផ្ទះថ្មី ដើរដោយថាមពលពន្លឺព្រះអាទិត្យ មានបំពាក់ម៉ាស៊ីនត្រជាក់ ដែលធ្វើពីទូរកុងតឺន័រ ដោយពួកគេសង្ឃឹមថានឹងអាចផ្តល់ដំណោះស្រាយយូរដល់អ្នកដែលគ្មានផ្ទះសម្បែងរស់នៅ ។  ទីក្រុងមួយនេះ បានចាប់ដៃគូជាមួយក្រុមមិនរកប្រាក់ចំណេញ St. Vincent de Paul និងក្រុម Steel + Sparkដើម្បីបង្កើតផ្ទះ The X-Wing ដែលមានទូកុងតឺន័រប្រវែង ១២ម៉ែត្រចំនូន ៤ តំរៀបជាអក្សរ X បង្កើតបានជាបន្ទប់ទំហំ ១,៥ម៉ែត្រ X ២,៥ម៉ែត្រជាច្រើនបន្ទប់ ។  អ្នកស្រុក ២០នាក់ដែលបច្ចុប្បន្នស្នាក់នៅមជ្ឈមណ្ឌលជួយសង្រ្គោះក្រុងវ៉ាស៊ីងតោនរបស់ក្រុម St. Vincent de Paulនឹងផ្លាស់ទៅជ្រកកោនបណ្តោះអាសន្ននៅក្នុងផ្ទះថ្មីនេះ ស្របពេលដែលពួកគេនៅត្រូវការធនធានទាំងអស់ដែលធ្លាប់មាននៅមជ្ឈមណ្ឌល ដូចជាបន្ទប់ទឹក អាហារ និងសេវាកម្មផ្សេងៗទៀត ។  គួរឲ្យដឹងថា សីតុណ្ហភាពនៅទីក្រុង Phoenixបានកើនឡើងដល់ជាង ៤៣,៣អង្សាសេរយៈពេល ២៨ថ្ងៃជាប់ៗគ្នា ដែលជាកំណត់ត្រាថ្មី ។  អ្នកស្រី Jessica Berg គឺជាប្រធានកម្មវិធីនៅក្រុម St. Vincent de Paul បានមើលឃើញពីផលប៉ះពាល់ដំបូងដោយសារកម្តៅលើអ្នកគ្មានផ្ទះសម្បែង ពេលដែលពួកគេធ្វើដំណើរមកដល់ទីជម្រក ដើម្បីស្វែងរកជំនួយ ។  អ្នកស្រីនិយាយថា ជួនកាលចិញ្ចើមផ្លូវមានសីតុណ្ហភាពកើនឡើងដល់ជាង ៨២អង្សាសេ ។ មនុស្សមកជាមួយការរលាកកម្រិតទី ៣ ។ ការនៅខាងក្រៅធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តខ្លាំងណាស់ ។ សូម្បីតែឱសថក៏មិនអាចព្យាបាលបាននោះដែរ ហើយបញ្ហាសុខភាពផ្លូវចិត្ត នឹងកើនឡើង ។ វាពិតជាពិបាកទ្រាំខ្លាំងណាស់ ៕

លោក Biden ទាមទារឲ្យមានការជូនដំណឹងអំពីគ្រោះថ្នាក់នៃកម្ដៅ និងផ្តល់ថវិកាចំនួន១ពាន់លានដុល្លារសម្រាប់ដាំដើមឈើ

2023/07/28 09:23:48 pm        309
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា) ថា លោកបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារស្តីទីលោកស្រី Julie Su ចេញការជូនដំណឹងអំពីគ្រោះថ្នាក់កម្ដៅ ដោយបញ្ជាក់ច្បាស់ថា កម្មករត្រូវមានការការពារទាក់ទងនឹងកម្ដៅនៅពេលដែលសីតុណ្ហភាពកើនឡើងទូទាំងប្រទេស។លោក Biden ក៏បាននិយាយនៅឯសេតវិមានផងដែរថា សេវាកម្មព្រៃឈើរបស់សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយចំនួន ១ពាន់លានដុល្លារដើម្បីជួយបណ្ដាទីប្រជុំជននិងទីក្រុងនានាដាំដើមឈើ ដើម្បីទប់ទល់នឹងកម្ដៅផងដែរ។រលកកម្ដៅកាន់តែខ្លាំងបានវាយប្រហារភាគខាងកើតសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដោយជំរុញឱ្យមានការព្រមានអំពីគ្រោះថ្នាក់ដែលបង្កដោយកម្ដៅ និងសំណើម ដែលហក់ឡើងនៅថ្ងៃចុងក្រោយនៃខែកក្កដា ដែលជាខែក្ដៅបំផុតកម្រិតបំបែកកំណត់ត្រាពិភពលោកនេះ។សេវាកម្មអាកាសធាតុជាតិ បាននិយាយថា ប្រជាជនអាមេរិកំពុងស្ថិតនៅក្រោមការឃ្លាំមើល និងការព្រមានដោយសីតុណ្ហភាព និងកម្រិតសន្ទស្សន៍កំដៅលើសពី ១០០អង្សាហ្វារិនហៃ (៣៧,៨អង្សាសេ) នៅក្នុងការព្យាករណ៍រហូតដល់យ៉ាងហោចណាស់ថ្ងៃសៅរ៍។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ខែកក្កដា ឆ្នាំ២០២៣នេះ ត្រូវបានកំណត់ជាខែដែលមានសីតុណ្ហភាពក្ដៅបំផុតក្នុងពិភពលោក៕

កោះមួយនៅប្រទេសក្រូអាតបាត់បង់ព្រៃឈើទំហំ៤០០ហិចតា ដោយសារចំហេះព្រៃ

2023/07/28 09:20:41 pm        290
ក្រូអាត៖ មេបញ្ជាការក្រុមពន្លត់អគ្គិភ័យរបស់ប្រទេសក្រូអាតលោក Slavko Tucakovic បាននិយាយថា ផ្ទៃដីព្រៃឈើទំហំ៤០០ហិចតាត្រូវបានបំផ្លាញនៅក្នុងចំហេះព្រៃដែលបានឆាបឆេះនៅលើកោះ Ciovo ប្រទេសក្រូអាតកាលពីថ្ងៃព្រហស្បតិ៍ (២៧ កក្កដា)។លោក Tucakovic បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ភ្លើងបានឆេះរាលដាលយ៉ាងឆាប់រហ័ស ដោយសារតែខ្យល់បក់ខ្លាំង ប៉ុន្តែចំហេះនោះអាចគ្រប់គ្រងបាន ហើយវាមិនមានការខូចខាតដល់អគារលំនៅឋាននោះទេ។ លោកបន្ថែមទៀតថា អ្នកពន្លត់អគ្គិភ័យជាង ១០០នាក់ត្រូវបានដាក់ពង្រាយដើម្បីទប់ស្កាត់អគ្គិភ័យនៅលើកោះតូចមួយនៅជិតទីក្រុង Split នេះ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមនៅលើឆ្នេរសមុទ្រ Adriatic។កាលពីថ្ងៃអង្គារ (២៥ កក្កដា) ចំហេះបានកើតមានឡើងក្នុងចម្ងាយ ១២គីឡូម៉ែត្រពីទីក្រុង Dubrovnik ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់របស់ប្រទេសក្រូអាត ខណៈដែលខ្យល់បក់ខ្លាំងបានរារាំងការបញ្ចូនយន្តហោះសង្រ្គោះ។ ចំហេះនោះបានស្ថិតនៅក្រោមការគ្រប់គ្រង គិតត្រឹមថ្ងៃពុធ (២៦ កក្កដា)៕

កាសែត Politico៖អាមេរិកនឹងចាប់ផ្តើមបញ្ជូនរថក្រោះ Abrams ទៅអ៊ុយក្រែនក្នុងខែកញ្ញា

2023/07/28 09:01:12 pm        331
អាមេរិក៖ កាសែត Politico បានរាយការណ៍ថា រដ្ឋបាលអាមេរិក នឹងចាប់ផ្តើមបញ្ជូនរថក្រោះ Abrams ផលិតដោយសហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងខែកញ្ញាខាងមុខ។យោងតាមប្រភពរបស់កាសែតនេះ រថក្រោះជាច្រើនគ្រឿង នឹងត្រូវបញ្ជូនទៅប្រទេសអាល្លឺម៉ង់ ដើម្បីធ្វើទំនើបកម្ម ក្នុងខែសីហា។សារព័ត៌មាន Politico បានដកស្រង់ប្រភពអនាមិកថា៖«ផែនការ គឺត្រូវបញ្ជូនរថក្រោះ Abrams មួយចំនួនទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងខែសីហា ជទីដែលរថក្រោះទាំងនោះ នឹងត្រូវរៀបចំនិងតុបតែចុងក្រោយ។ នៅពេលដែលដំណើរការនេះ ត្រូវបានបញ្ចប់ រថក្រោះ Abrams ដំបូង នឹងត្រូវបញ្ជូនទៅអ៊ុយក្រែន នៅខែកញ្ញា។ .សារព័ត៌មាននេះ បាននិយាយថា សហរដ្ឋអាមេរិក កំពុងបញ្ជូនរថក្រោះម៉ូដែល M1A1 ចាស់ៗជំនួសឲ្យរថក្រោះម៉ូដែល A2 ទំនើបជាង ដែលនឹងចំណាយពេលមួយឆ្នាំ ដើម្បីទៅដល់អ៊ុយក្រែន។មន្ត្រីឧស្សាហកម្មម្នាក់ដែលមិនបញ្ចេញឈ្មោះ ត្រូវបានដកស្រង់សម្តីថា៖«ក្រុមដំបូង នឹងមានរថក្រោះពី ៦ ទៅ ៨គ្រឿង»។

ព្យុះទីហ្វុង Doksuri បំផ្លិចបំផ្លាញបង្គោលភ្លើង និងបិទរោងចក្រ ពេលវាបោកបក់ដល់ប្រទេសចិន

2023/07/28 08:51:24 pm        330
ចិន៖ នៅថ្ងៃសុក្រនេះ ព្យុះទីហ្វុង Doksuriបានបោកបក់ដល់ខេត្តភាគអាគ្នេយ៍ Fujian (ហ្វ៊ូជាន់)របស់ចិន ដោយនាំមកជាមួយភ្លៀងធ្លាក់ និងសន្ទុះខ្យល់បក់ខ្លាំង ធ្វើឲ្យបាក់បង្គោលភ្លើងកើតជាអគ្គិភ័យ បក់រំលើងដើមឈើ និងបង្ខំឲ្យរោងចក្រ និងផ្សារទំនើបបិទទ្វារ ។  សារព័ត៌មានរដ្ឋ រាយការណ៍ថា ព្យុះទីហ្វុងខ្លាំងបំផុតលំដាប់ទី ២បោកបក់ដល់ដីគោកនៅខេត្តហ្វ៊ូជាន់ បន្ទាប់ពីព្យុះទីហ្វុងដ៏សាហាវ Merantiកាលពីឆ្នាំ ២០១៦នោះ បានបង្ខំឲ្យបិទសាលារៀន វិស័យធុរកិច្ច និងការជម្លៀសកម្មករចេញពីតំបន់ផលិតប្រេង និងឧស្ម័នក្នុងឈូងសមុទ្រ ។  យោងតាមសេចក្តីរាយការណ៍ពីរដ្ឋបាលឧតុនិយមចិន(CMA)បានឲ្យដឹងថា ទីក្រុង Xiamen(សៀម៉ិន), Quanzhou(ឈ័នចូវ) និងទីក្រុង Putian(ភូធាន) រកឃើញទឹកភ្លៀងធ្លាក់កម្ពស់ ៥០មីលីម៉ែត្រជារៀងរាល់ម៉ោង ។  លោក Zhuang (ជ័ង)គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Xiamenនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មនុស្សពេញមួយទីក្រុង Xiamenពុំបានទៅធ្វើការនោះទេនៅព្រឹកថ្ងៃសុក្រនេះ ។  លោកបន្តថា គ្មានរថយន្តធ្វើចរាចរណ៍នៅលើដងផ្លូវ ហើយរោងចក្រ និងផ្សារទំនើប បានបិទទ្វារ ។ មនុស្សខ្លាចរអារខ្លាំង ក្រោយព្យុះទីហ្វុងលើកមុន Meranti ។ វីដេអូនៅលើបណ្តាញព័ត៌មានសង្គម ឃើញខ្សែចរន្តអគ្គិសនី ចេញផ្កាភ្លើង ហើយនិងផ្ទុះជាអណ្តាតភ្លើង ពេលខ្យល់បោកបក់លើទីក្រុង Jinjiang(ជីនជាំង)ដែលមានពលរដ្ឋរស់នៅ ២លាននាក់ ស្របពែលដែលដើមឈើទ្រង់ទ្រាយធំនៅទីក្រុង Quanzhou ត្រូវបានរំលើងគល់ ។  ក្រុមអ្នកស្រុក និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មាននូវការកាត់ផ្តាច់ចរន្តអគ្គិសនី និងទឹកផងដែរនៅតាមតំបន់មួយចំនួនក្នុងទីក្រុង Jinjiang និងទីក្រុង Quanzhou ស្ថិតក្នុងខេត្តហ្វ៊ូជាន់ ។  ក្រុមព្យាករណ៍ឧតុនិយម បានព្យាករណ៍ថា ព្យុះ Doksuri ដែលជាព្យុះទីហ្វុងទី ២បោកបក់ដីគោកនៅប្រទេសចិន ក្នុងរយៈពេលតិចជាង ២សប្តាហ៍ នឹងធ្វើដំណើរឆ្ពោះទៅភាគខាងជើង ជាកន្លែងដែលខេត្តចំនួន ១០នឹងមានភ្លៀងធ្លាក់ខ្លាំង ៕

លោកហ្សេឡិនស្គី៖ អ៊ុយក្រែនដណ្តើមបានភូមិ Staromaiorske នៅភាគអាគ្នេយ៍មកកាន់កាប់វិញ

2023/07/28 08:48:09 pm        321
អ៊ុយក្រែន៖ ​ទាហានអ៊ុយក្រែន បានដណ្តើមយកភូមិ Staromaiorske( ស្តារ៉ូម៉ាអ៊ីវអ៊ូស្កេ) ភាគអាគ្នេយ៍ពីកងកម្លាំងរុស្ស៊ីក្នុងតំបន់ដូណិតស្ក៍ (Donetsk)មកកាន់កាប់វិញ តាមរយៈវីដេអូដែលបានចុះផ្សាយដោយលោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍។កងពលតូចទី៣៥ និងអង្គភាពការពារទឹកដី «Ariy» បានបំពេញភារកិច្ចរបស់ពួកគេ ហើយបានរំដោះភូមិ Staromaiorske។ ទាហានម្នាក់នៅក្នុងវីដេអូដែលសារព័ត៌មានReuters មិនអាចកំណត់ទីតាំងភូមិសាស្ត្រ បានភ្លាមៗនោះ បាននិយាយថា នេះគឺជាជ័យជម្នះចំពោះអ៊ុយក្រែន!ភូមិនេះស្ថិតនៅភាគខាងត្បូងនៃបណ្តុំទីតាំងទីលំនៅតូចៗ ដែលអ៊ុយក្រែនដណ្តើម បានមកវិញក្នុងអំឡុងពេលការវាយលុក ដែលខ្លួនបានចាប់ផ្តើម នៅដើមខែមិថុនាប្រឆាំងនឹងកងកម្លាំងរុស្ស៊ី ដែលកាន់កាប់ផ្នែកខ្លះនៃភាគខាងត្បូងនិងភាគខាងកើតអ៊ុយក្រែន។អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែន លោក ហានណា ម៉ាលៀ (Hanna Maliar)ដែលបានប្រកាសថា ភូមិStaromaiorske ត្រូវបានរំដោះហើយនោះ បានថ្លែងថា អ្នកការពាររបស់យើងឥឡូវនេះ កំពុងបន្តបោសសម្អាតកន្លែងតាំងទីលំនៅនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM