ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ

សន្តិសុខ និង សង្គម

ជនភៀសខ្លួនស៊ូដង់អះអាងថា មនុស្សចាស់ និងមនុស្សក្មេងស្លាប់ដូចគ្នានៅផ្ទះរបស់ពួកគេ

2023/07/24 10:17:48 pm        293
ស្រ្តីដែលបានរត់ភៀសខ្លួនចេញពីអំពើហិង្សានៅក្នុងទីក្រុងដាហ្វួរ ប្រទេសស៊ូដង់ជួបជុំគ្នាក្នុងសំពត់តង់របស់ពួកគេនៅជំរុំជនភៀសខ្លួន ស្ថិតនៅទីក្រុងព្រំដែន Adre ប្រទេសឆាដនោះ បានរត់គេចេញពីជម្លោះដែលបានញាំញីប្រទេសរបស់ពួកគេអស់រយៈពេល ១០០ថ្ងៃមកហើយ ។ ស្រ្តី និងកូនៗរបស់ពួកគេនិយាយថា ពួកគេបានរត់គេចចេញដោយថ្មើរជើងពីអំពើហិង្សា ដោយទុកចោលផ្ទះសម្បែងរងការដុតបំផ្លាញរបស់ពួកគេ និងទីក្រុងបែកបាក់របស់ពួកគេ ហើយពួកគេនិយាយថា មនុស្សប្រុស ត្រូវបានសម្លាប់ ។ អ្នកស្រី Amna Omar គឺជាជនភៀសខ្លួនស៊ូដង់មួយរូប និយាយថា ពួកយើងបានលាក់ក្មេងៗ ។ មនុស្សចាស់ បានស្លាប់ដូចគ្នានឹងក្មេងៗដែរ ពួកគេបានស្លាប់ទាំងអស់ ។ សង្រ្គាមដែលបានផ្ទុះឡើងកាលពីពាក់កណ្តាលខែមេសា រវាងកងទ័ពស៊ូដង់ និងកងកម្លាំងឆ្លើយតបរហ័ស(RSF)បានបំផ្លិចបំផ្លាញរដ្ឋធានី Khartoum បណ្តាលឲ្យមានកំណើនយ៉ាងឆាបរហ័សអំពើហិង្សាបង្កឡើងដោយជនជាតិដើមភាគតិចនៅទីក្រុងដាហ្វួរ ហើយនិងការជម្លៀសខ្លួនមនុស្សជាង ៣លាននាក់ ។ ក្រុមសង្កេតការណ៍ជម្លោះស៊ូដង់ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រាយការណ៍ថា កងកម្លាំង RSF និងកងទ័ពស៊ូដង់ ត្រូវបានគេសង្ស័យថា មានគោលដៅបំផ្លិចបំផ្លាញសហគមន៍យ៉ាងហោច ២៦កន្លែងនៅក្នុងទីក្រុងដាហ្វួរ ។ កាលពីរយៈពេល ១ថ្ងៃមុន តុលាការព្រហ្មទណ្ឌអន្តរជាតិ( ICC) បាននិយាយថា ពួកគេកំពុងស៊ើបអង្កេតលើអំពើហិង្សានៅទីក្រុងដាហ្វួរ ។ ក្រុមសង្កេតការណ៍ជម្លោះស៊ូដង់មួយនេះ និយាយថា លំនាំនៃការវាយប្រហារមានគោលដៅមកលើសហគមន៍មិនមែនអារ៉ាប់ គឺដូចគ្នាសុទ្ធសាធនឹងលំនាំដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាលស៊ូដង់ និងក្រុមជីវពលសម្ព័ន្ធមិត្ត Janjaweedកាលពីឆ្នាំ ២០០៣-២០០៤ ពេលដែលអំពើឃោឃៅទ្រង់ទ្រាយធំ ត្រូវបានធ្វើឡើង ពេលដែលពួកគេធ្វើសង្រ្គាមកម្ទេចក្រុមបះបោរ ៕

មនុស្សជាង១៩លាននាក់នៅស៊ូដង់ ប្រឈមមុខនឹងអសន្តិសុខស្បៀង ដោយសារជម្លោះប្រដាប់អាវុធក្នុងប្រទេសនេះ

2023/07/24 10:01:04 pm        262
មន្ត្រីម្នាក់មកពីកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បាននិយាយ កាលពីថ្ងៃអាទិត្យថា មនុស្សជាង ១៩លាននាក់នៅក្នុងប្រទេសស៊ូដង់ កំពុងប្រឈមនឹងអសន្តិសុខស្បៀង ខណៈដែលជម្លោះប្រដាប់អាវុធដែលកំពុងបន្ត ធ្វើឱ្យវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង។ជម្លោះប្រដាប់អាវុធរវាងក្រុមយោធាជាគូប្រជែងចំនួនពីរក្រុម ដែលបានអូសបន្លាយជាងបីខែមកនេះ បាននាំឱ្យមានការរំខានដល់ការផ្គត់ផ្គង់ទឹក អគ្គិសនី ឧស្ម័ន និងកង្វះខាតស្បៀងអាហារ ព្រមទាំងថ្នាំពេទ្យយ៉ាងធ្ងន់ធ្ងរនៅក្នុងតំបន់ជាច្រើន។ យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រហែលពាក់កណ្តាលនៃចំនួនប្រជាជន ២៤,៧លាននាក់របស់ប្រទេសស៊ូដង់ រួមទាំងកុមារ ១៣លាននាក់ ត្រូវការជំនួយមនុស្សធម៌។ចាប់តាំងពីការប្រយុទ្ធគ្នារវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) បានផ្ទុះឡើងកាលពីថ្ងៃទី ១៥ ខែមេសាមក មនុស្សជិត ២,៨លាននាក់បានភៀសខ្លួនចេញពីប្រទេសស៊ូដង់ រួមទាំងមនុស្សប្រមាណ ២៣០.០០០នាក់ បានទៅកាន់ប្រទេសឆាដ។ទីភ្នាក់ងារ WFP បាននាំយកជំនួយស្បៀងអាហារដល់ប្រជាជនជាង ១,៤លាននាក់នៅក្នុងប្រទេសស៊ូដង់ ហើយមានបំណងផ្តល់ជំនួយសម្រាប់ប្រជាជន ៥,៩លាននាក់ដែលរងផលប៉ះពាល់ដោយជម្លោះនៅទូទាំងប្រទេសនៅឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ត្រូវបានរារាំង ខណៈដែលភាគីសង្រ្គាមបានបរាជ័យក្នុងការធានានូវសុវត្ថិភាពពេញលេញរបស់បុគ្គលិកមនុស្សធម៌ ហើយឃ្លាំងស្តុកស្បៀងអារហាររបស់ទីភ្នាក់ងារ WFP មួយចំនួនត្រូវបានលួចផងដែរ៕

មនុស្សរាប់សិបនាក់បានស្លាប់ ដោយសារទឹកជំនន់ភ្លាមៗ វាយប្រហារអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន

2023/07/24 09:56:18 pm        264
យ៉ាងហោចណាស់មនុស្ស ៣១នាក់ បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់ដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពីភ្លៀងធ្លាក់តាមរដូវកាល ក្នុងប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលមនុស្ស ១៣នាក់ បានបាត់បង់ជីវិត ដោយសារភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី នៅប្រទេសជិតខាងប៉ាគីស្ថាន។លោក Shafiullah Rahimi អ្នកនាំពាក្យដែលត្រូវបានតែងតាំងដោយក្រុមតាលីបង់ ដើម្បីគ្រប់គ្រងក្រសួងគ្រោះមហន្តរាយរបស់ប្រទេសអាហ្វហ្គានីស្ថាន បាននិយាយ កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) ថា មនុស្សយ៉ាងហោចណាស់ ៣១នាក់ បានស្លាប់ ៧៤នាក់ រងរបួស និង៤១នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ។ លោកបានបញ្ជាក់បន្ថែមថា ភាគច្រើននៃអ្នកស្លាប់ និងរបួស គឺនៅភាគខាងលិចក្រុងកាប៊ុល និងខេត្ត Maidan Wardak។នៅប្រទេសប៉ាគីស្ថាន ភ្លៀងធ្លាក់ខ្លាំង និងបំណាក់ដី បានឆក់យកជីវិតមនុស្ស ១៣នាក់ និងបានបណ្ដាលឲ្យ ៧នាក់រងរបួស នៅក្នុងខេត្ត Khyber Pakhtunkhwa ( ឃីបើ ប៉ាក់ទុនខា) និងក្នុងក្រុង Skardu របស់តំបន់ Gilgit Baltistan ខណៈដែលរដូវមូសុង នៅបន្តប៉ះពាល់ដល់ផ្នែកជាច្រើនទៀតរបស់ប្រទេស នៅថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា)។យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសប៉ាគីស្ថាន បានឲ្យដឹងថា គិតតាំងពីមានភ្លៀងរដូវមូសុង ដែលចាប់ផ្តើមនៅថ្ងៃទី២៥ ខែមិថុនា មនុស្សយ៉ាងហោចណាស់ ១០១នាក់ ក្នុងនោះមានស្ត្រី ១៦នាក់ និងកុមារ ៤២នាក់ បានស្លាប់។សម្រាប់ប្រទេសអាហ្វហ្គានីស្ថានវិញ គ្រោះមហន្តរាយធម្មជាតិ ប៉ះពាល់ដល់មនុស្ស ២០០.០០០នាក់ជាមធ្យមក្នុងមួយឆ្នាំ។ នៅឆ្នាំ២០២២ ទឹកជំនន់ឡើងខ្លាំង នៅរដូវមូសុង បានជន់លិចជាបណ្តោះអាសន្នលើផ្ទៃដី ១ភាគ៣របស់ប្រទេស ដោយបានសម្លាប់មនុស្សប្រហែល ១.៧០០នាក់៕

ខេត្ត Nova Scotia របស់កាណាដា ស្វែងរកជំនួយគ្រោះមហន្តរាយ ក្រោយរងការជន់លិចធ្ងន់ធ្ងរ

2023/07/24 07:53:40 pm        323
ក្រុមមន្រ្តី និយាយកាលពីថ្ងៃអាទិត្យថា ភ្លៀងធ្លាក់ខ្លាំងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ និងការជន់លិចជាបន្តបន្ទាប់នៅខេត្ត Nova Scotiaបានហូរកាត់ផ្តាច់ផ្លូវ អគារ ហើយនិងធ្វើឲ្យខូចខាតស្ពាន និងផ្លូវដែករបស់ក្រុមហ៊ុនផ្លូវដែកជាតិកាណាដា ដែលត្រូវបានប្រើប្រាស់ដើម្បីតភ្ជាប់ទៅកាន់កំពង់ផែធំបំផុតទី៤របស់ប្រទេសកាណាដា ។ ព្យុះដែលបាចាប់ផ្តើមបោកបក់កាលពីថ្ងៃសុក្រ នៅតាមតំបន់មួយចំនួន បង្កឲ្យមានទឹកភ្លៀងកម្ពស់ ២៥សង់ទីម៉ែត្រ ក្នុងរយៈពេលត្រឹម ២៤ម៉ោងប៉ុណ្ណោះ ពោលគឺធ្លាក់ច្រើនជាងទឹកភ្លៀងរយៈពេល ៣ខែទៅទៀត ។ លោក Tim Houston គឺជាអភិបាលខេត្ត Nova Scotia បានចាត់ទុកការខូចខាតថា ជារឿងមិននឹក​ស្មានដល់ ហើយលោកនិយាយថា វានឹងធ្វើឲ្យមានការខូចខាតគិតជាទឹកប្រាក់ រាប់រយលានដុល្លារ ។លោក Houston និយាយថា ពួកយើងដឹងពីទំហំនៃការខូចខាត និងផ្នែកខ្លះនៃផ្លូវដែក ។ វាគឺជាក្តីកង្វល់ធំសម្រាប់ពួកយើង ។ ពួកយើងដឹងច្បាស់ពីសារសំខាន់របស់ប្រព័ន្ធរថភ្លើង និងផ្លូវដែក ដូច្នេះហើយពួកយើងកំពុងព្យាយាមស្វែងរកជំនួយគ្រោះមហន្តរាយសហព័ន្ធ ។ ខេត្ត Nova Scotia បានប្រកាសដាក់ខេត្តក្នុងគ្រាអាសន្នកាលពីយប់ថ្ងៃសៅរ៍ ដែលមានរយៈពេលរហូតដល់ថ្ងៃទី ៥ ខែសីហា ខាងមុខ ។ ក្មេង ២នាក់ បានបាត់ខ្លួននៅជិតរដ្ឋធានី Halifaxនៃខេត្ត Nova Scotia ក្រោយពេលដែលរថយន្តរបស់ពួកគេរងការជន់លិច ។ នៅក្នុងឧបទ្ទវហេតុមួយផ្សេងទៀត បុរសម្នាក់ និងយុវជនម្នាក់ បានបាត់ខ្លួន ក្រោយរថយន្តរបស់ពួកគេ បើកឆ្លងកាត់ទឹកជ្រៅ ៕

នាវាមុជទឹកទី២ របស់អាមេរិក ទៅដល់កូរ៉េខាងត្បូង ចំពេលមានភាពតានតឹងជាមួយកូរ៉េខាងជើង

2023/07/24 07:46:56 pm        290
នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក បានទៅដល់ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃចន្ទ (ទី២៤ ខែកក្កដា)នេះ ពោលគឺត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីនាវាមុជទឹកបំពាក់អាវុធនុយក្លេអ៊ែរដំបូងរបស់ប្រទេសមហាអំណាចមួយនេះ បានចូលចត​នៅកំពង់ផែក្នុងប្រទេសតំបន់អាស៊ីនេះជាលើកដំបូងក្នុងរយៈពេល ៤ទសវត្សរ៍ ខណៈដែលសម្ព័ន្ធមិត្តទាំង២ ស្វះស្វែងរកការបង្កើន​យុទ្ធោបករណ៍​យុទ្ធសាស្ត្ររបស់អាមេរិក ដើម្បីរារាំងប្រទេសកូរ៉េខាងជើង។កងទ័ពជើងទឹកកូរ៉េខាងត្បូង បាននិយាយថា នាវា USS Annapolis បានចូលដល់មូលដ្ឋានទ័ពជើងទឹកនៅភាគខាងត្បូងកោះ Jeju របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីផ្ទុកការផ្គត់ផ្គង់យោធា ខណៈដែលកំពុងបំពេញបេសកកម្មប្រតិបត្តិការដែលមិនបានបញ្ជាក់ឲ្យដឹង។ក្នុងសេចក្ដីថ្លែងការរបស់ខ្លួន កងទ័ពជើងទឹកកូរ៉ខាងត្បូង បានឲ្យដឹងដឹងថា៖ «កងទ័ពជើងទឹកនៃប្រទេសទាំង២ គ្រោងពង្រឹងជំហរការពាររួមគ្នាជាមួយនឹងការមកដល់របស់នាវា USS Annapolis និងអនុវត្តការផ្លាស់ប្តូរសកម្មភាពនានា ដើម្បីប្រារព្ធរំលឹកខួបលើកទី៧០ឆ្នាំនៃការចងសម្ព័ន្ធភាពរបស់ប្រទេសទាំង២»។នាវាមុជទឹក USS Kentucky ដែលជានាវាមុជទឹកមីស៊ីលផ្លោងរបស់សហរដ្ឋអាមេរិក បានចូលចតនៅកំពង់ផែក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍មុន។ នេះគឺជាទស្សនកិច្ចលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ របស់នាវាមុជទឹកបំពាក់មីស៊ីលបាលីស្ទិកក្បាលគ្រាប់នុយក្លេអ៊ែរ (SSBN) របស់សហរដ្ឋអាមេរិក ហើយវាក៏កើតឡើងស្របពេលជាមួយនឹងការចាប់ផ្តើមកិច្ចចរចា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដើម្បីសម្របសម្រួលការឆ្លើយតប ក្នុងករណីមានសង្គ្រាមនុយក្លេអ៊ែរជាមួយកូរ៉េខាងជើង។សូមបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកចំនួន ២គ្រាប់ កាលពីថ្ងៃពុធសប្ដាហ៍កន្លងមក ដែលការបាញ់នោះ ត្រូវបានធ្វើឡើងប៉ុន្មានម៉ោង បន្ទាប់ពីមានទស្សនកិច្ចរបស់នាវា USS Kentucky នៅប្រទេសកូរ៉ខាងត្បូងនេះ ហើយបានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ម្ដងទៀត កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា)៕

មនុស្សយ៉ាងហោច១៥នាក់ស្លាប់ និង១៩នាក់បាត់ខ្លួន ដោយការលិចសាឡាងនៅឥណ្ឌូនេស៊ី

2023/07/24 07:33:26 pm        282
ទីភ្នាក់ងារជួយសង្គ្រោះនិងស្វែងរក បាននិយាយថា អាជ្ញាធរប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកអ្នកដំណើរដែលកំពុងបាត់ខ្លួន នៅថ្ងៃចន្ទនេះ បន្ទាប់ពីសាឡាងមួយគ្រឿង បានលិច នៅជិតកោះ Sulawesi បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥ នាក់ស្លាប់។ទីភ្នាក់ងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងចំណោមអ្នកដំណើរ៤០នាក់ ១៩នាក់កំពុងបាត់ខ្លួន ខណៈ៦នាក់ត្រូវបានជួយសង្គ្រោះ។ មូលហេតុនេះការលិចសាឡាង ដែលបានកើតឡើងនៅពាក់កណ្តាល​អាធ្រាត្រ​ នៅតែមិនទាន់ច្បាស់នៅឡើយ។ លោក Muhamad Arafah មកពីសាខាទីភ្នាក់ងារជួយសង្គ្រោះនិងស្វែងរកបាននិយាយថា ជនរងគ្រោះទាំងអស់ ត្រូវបានកំណត់អត្តសញ្ញាណ និងបានប្រគល់ទៅឲ្យក្រុមគ្រួសារ ខណៈអ្នកនៅរស់រានមានជីវិត ពេលនេះកំពុងត្រូវបានព្យាបាល នៅមន្ទីរពេទ្យក្នុងតំបន់។ រូបថតជាច្រើន ​ត្រូវបានចែករំលែកដោយទីភ្នាក់ងារសង្គ្រោះបន្ទាន់ ​ដែលបានបង្ហាញសាកសព​ជនរងគ្រោះគ្របក្រណាត់នៅលើកម្រាលឥដ្ឋមន្ទីពេទ្យក្នុងតំបន់។ សាឡាងជួបឧបទ្ទវហេតុនេះ កំពុងចម្លងមនុស្សជាច្រើន ឆ្លងកាត់ឈូងសមុទ្រនៅកោះMuna មានចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ​ភាគខាងត្បូងក្រុង Kendari ជាទីរួមខេត្ត Sulawesi ភាគឦសាន។ សាឡាងគឺជាមធ្យោបាយដឹកជញ្ជូនជាធម្មតានៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាប្រជុំកោះមានកោះជាង​១៧.០០០ កោះ ហើយឧបទ្ទវហេតុជាច្រើនតែងកើតមាន ​ខណៈស្តង់ដាសុវត្ថិភាពធូរលុង ដែលជា​ញឹកញាប់​អនុញ្ញាតឲ្យនាវាផ្ទុកលើសទម្ងន់​ដោយគ្មានសម្ភារៈសង្គ្រោះជីវិតគ្រប់គ្រាន់។

ខណៈកោះតៃវ៉ាន់ ត្រៀមធ្វើសមយុទ្ធប្រឆាំងការចូលលុកលុយ ចិនបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿងទៅកាន់កោះនេះ

2023/07/24 07:28:30 pm        280
ក្រសួងការពារជាតិកោះនេះ បានឲ្យដឹងថា ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿង រួមទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ទៅកាន់កោះតៃវ៉ាន់ ដោយជាការបង្ហាញកម្លាំងដ៏ខ្លាំងក្លារយៈពេលប៉ុន្មានថ្ងៃ មុនពេលកោះលទ្ធិប្រជាធិបតេយ្យនេះ គ្រោងធ្វើសមយុទ្ធយោធា ក្នុងគោលបំណងការពារខ្លួនប្រឆាំងនឹងលទ្ធភាពការចូលលុកលុយ។កោះតៃវ៉ាន់ គ្រោងនឹងធ្វើសមយុទ្ធ Han Kuang ប្រចាំឆ្នាំរបស់ខ្លួននៅសប្តាហ៍ក្រោយ ក្នុងអំឡុងពេល​ដែលយោធារបស់ខ្លួន នឹងធ្វើសមយុទ្ធត្រៀមប្រយុទ្ធ ដើម្បីការពារការឈ្លានពាន។ កោះនេះ ក៏នឹងធ្វើសមយុទ្ធ Wan'an ( វ៉ាន អាន) ប្រចាំឆ្នាំក្នុងគោលបំណងរៀបចំជនស៊ីវិលសម្រាប់​គ្រោះ​មហន្តរាយ​ធម្មជាតិ និងការអនុវត្តការជម្លៀស ក្នុងករណីមានការវាយឆ្មក់តាមផ្លូវអាកាស។ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពរំដោះប្រជាជនចិន បានបញ្ជូន​យន្តហោះ ៣៧គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧គ្រឿងនៅជុំវិញកោះតៃវ៉ាន់ចន្លោះម៉ោង​៦ព្រឹកថ្ងៃសុក្រដល់ម៉ោង៦ព្រឹកថ្ងៃសៅរ៍។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ក្នុងចំណោមនោះ មានយន្តហោះចម្បាំង J-10 និង J-16 និង​យន្តហោះទម្លាក់គ្រាប់បែក H-6 ហើយយន្តហោះចម្បាំងចំនួន ២២ គ្រឿង ដែលបានឃើញឆ្លង​កាត់ខ្សែ​បន្ទាត់កណ្តាលផ្លូវនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាព្រំប្រទល់ក្រៅផ្លូវការដែលត្រូវបានចាត់​ទុកថា ជាតំបន់ទ្រនាប់មួយរវាងកោះ និងដីគោក ឬចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការ​ពារដែន​អាកាសរបស់តៃវ៉ាន់នៅជិតផ្នែកខាងត្បូងរបស់វា។តៃវ៉ាន់ និងចិន បានបែកបាក់គ្នានៅឆ្នាំ ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិល ដែលបានបញ្ចប់​ដោយបក្សកុម្មុយនីស្ត ដែលកំពុងគ្រប់គ្រងលើដីគោក។ កោះនេះ មិនដែលក្លាយជាផ្នែក​នៃសាធារណរដ្ឋប្រជាមានិតចិនទេ ប៉ុន្តែទីក្រុងប៉េកាំង និយាយថា កោះនេះត្រូវតែជុំជាតិ​ជាមួយនឹងចិនដីគោក។

អ្នកជម្លៀសខ្លួនពីចំហេះព្រៃនៅកោះ Rhodes រងចាំជើងហោះហើរ បានដេកនៅអាកាសយានដ្ឋាន

2023/07/24 07:13:44 pm        268
ក្រុមអ្នកទេសចរដែលត្រូវបានជម្លៀសខ្លួនចេញពីកោះ Rhodes ប្រទេសក្រិក ត្រូវបានបង្ខំឲ្យដេកនៅលើកម្រាលឥដ្ឋនៅអាកាសយានដ្ឋាន កាលពីយប់ថ្ងៃអាទិត្យ ខណៈមនុស្សជាច្រើន បានរង់ចាំជើងហោះហើរចាកចេញពីកោះនេះ។ក្រុមអ្នកស្ម័គ្រចិត្ត បានផ្តល់អាហារ និងទឹក ដល់អ្នកទេសចរដែលជាប់គាំងដំណើរ ខណៈអាកាសយានដ្ឋានពេញដោយមនុស្ស សង្ឃឹមថាបានទៅដល់ប្រទេសកំណើតរបស់ពួកគេ។ ក្រុមហ៊ុនទេសចរណ៍ TUI បាននិយាយថា ក្រុមការងាររបស់ក្រុមហ៊ុន កំពុងធ្វើអ្វីគ្រប់យ៉ាង ដែលពួកគេអាចធ្វើបានដើម្បីជួយដល់អតិថិជន និងបានបញ្ជូនបុគ្គលិកបន្ថែមទៀតជាអ្វីដែលក្រុមហ៊ុនចាត់ទុកថាជាស្ថានភាពលំបាក និងកំពុងផ្លាស់ប្តូរ។អ្នកទេសចរមួយចំនួន និយាយថា ពួកគេបានដើរជាច្រើនម៉ាយស៍ ក្នុងកម្តៅក្តៅខ្លាំងដើម្បីបានទៅដល់ទីសុវត្ថិភាព ដោយក្រុមគ្រួសារមួយចំនួនបានបែកគ្នាបណ្តោះអាសន្ន។ អ្នកទេសចរអង់គ្លេសម្នាក់និយាយថា វាពិតជាមានការតស៊ូព្យាយាមនៅលើឆ្នេរខ្សាច់ដោយមានផ្សែងហុយ។ កោះRhodes ប្រទេសក្រិក គឺជាគោលដៅដ៏ពេញនិយមជាពិសេសមានអ្នកទេសចមកពីចក្រភពអង់គ្លេស និងបណ្តាប្រទេសដ៏ទៃទៀតនៅអឺរ៉ុបខាងជើង។

មនុស្ស៣នាក់រងរបួសក្នុងការវាយប្រហារដោយកាំបិតនៅលើរថភ្លើងប្រទេសជប៉ុន

2023/07/24 07:09:24 pm        277
មនុស្ស៣នាក់បានរងរបួស ក្នុងការវាយប្រហារដោយកាំបិតនៅលើរថ្លើងនៅប្រទេសជប៉ុនភាគខាងលិចកាលពីថ្ងៃអាទិត្យ ដោយនគរបាលនិយាយថា ពួកគេបានបានចាប់ខ្លួនបុរសម្នាក់តាមការចោទប្រកាន់ពីបទវាយប្រហារដោយកាំបិត។លោក Tetsuya Sakagami មកពីនាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា ជនរងគ្រោះដែលរួមមាន អ្នកបម្រើការលើរថភ្លើងក្នុងវ័យ២០ឆ្នាំ និងអ្នកដំណើរជាបុរស២នាក់ក្នុងវ័យ២០ឆ្នាំ និងក្នុងវ័យ៧០ឆ្នាំ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយការរងរបួសពុំគំរាមកំហែងដល់អាយុជីវិតនោះទេ។ នគរបាលក្នុងតំបន់បានប្រាប់សារព័ត៌មាន AFP ថា ជនសង្ស័យជាបុរសមានអាយុ៣៧ឆ្នាំ មានកាំបិតចំនួន៣នៅពេលដែលត្រូវបានគេចាប់ខ្លួននៅស្ថានីយ៍រថភ្លើងទីក្រុង Rinku ក្នុងខេត្ត Osaka។ នគរបាលនិយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួនពីបទឃាតកម្មដែលបានប៉ុនប៉ងទុកជាមុន ហើយបានសារភាពចំពោះការវាយប្រហារនេះកាលពីព្រឹកថ្ងៃអាទិត្យ ហើយពួកគេកំពុងស៊ើបអង្កេតពីការជំរុញឲ្យមានការវាយប្រហារនេះ។ ឧក្រិដ្ឋកម្មហិង្សាគឺកម្រកើតមាននៅក្នុងប្រទេសជប៉ុន ដែលមានអត្រាឃាតកម្មទាប ហើយមានច្បាប់ប្រើប្រាស់អាវុធតឹងរ៉ឹងបំផុតនៅលើពិភពលោក។ ប៉ុន្តែនៅតែមានការចាក់សម្លាប់ និងការបាញ់ប្រហារម្តងម្កាល រួមទាំងករណីឃាតកម្មលើអតីតនាយករដ្ឋមន្ត្រី លោក Shinzo Abe កាលពីឆ្នាំមុន។ កាលពីឆ្នាំ២០២១ បុរសវ័យ២៤ឆ្នាំម្នាក់ តាមការចោទប្រកាន់ បានចាក់អ្នកដំណើរម្នាក់និងបានបង្កអគ្គិភ័យនៅលើរថភ្លើងក្នុងទីក្រុងតូក្យូ នៅថ្ងៃបុណ្យ Halloween ។

រុស្ស៊ី និងចិន បញ្ចប់សមយុទ្ធយោធានៅក្នុងសមុទ្រជប៉ុន

2023/07/24 06:55:16 pm        110
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ី និងចិន បានបញ្ចប់សមយុទ្ធកងទ័ពជើងទឹករួមគ្នា នៅក្នុងសមុទ្រជប៉ុន ខណៈសម្ព័ន្ធមិត្តទាំងពីរស្វែងរកដើម្បីធ្វើឲ្យកាន់តែស៊ីជម្រៅទំនាក់ទំនងផ្នែកយោធារបស់ពួកគេ។ ប្រទេសធំៗទាំងពីរ ដែលមានបំណងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនូវអ្វីដែលពួកគេមើលឃើញថាជាអនុត្តរភាពអាមេរិក ដែលបានកើនឡើងកាន់តែជិតនៅក្នុងវីស័យយោធា ចាប់តាំងពីរុស្ស៊ី បានចាប់ផ្តើមការវាយលុកលើអ៊ុយក្រែនកាលពីឆ្នាំមុន ជាចំណាត់ការមួយដែលប្រទេសចិន មិនបានថ្កោលទោសនោះទេ។ កាលពីពេលមុន ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា គោលបំណងសំខាន់នៃការធ្វើសមយុទ្ធចុងក្រោយនេះដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក រវាងប្រទេសទាំងពីរ និងស្ថិរភាពនិងសន្តិភាពដែនសមុទ្រ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ យោធារុស្ស៊ីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអាទិត្យថា សមយុទ្ធកងទ័ពជើងទឹកចិន-រុស្ស៊ីរួមគ្នា បានបញ្ចប់នៅក្នុងសមុទ្រជប៉ុន។កងទ័ពនិយាយថា សមយុទ្ធប្រយុទ្ធចំនួនប្រមាណ២០ត្រូវបានអនុវត្ត រួមមានការបាញ់កាំភ្លើងធំរួមគ្នាលើគោលដៅអាកាស ឆ្នេរ និងនៅលើសមុទ្រ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងទ័ពជើងទឹករុស្ស៊ី ត្រូវបានតំណាងដោយ នាវាប្រឆាំងនាវាមុជទឹក២គ្រឿង នាវាចម្បាំងធនតូច២គ្រឿង ព្រមទាំងនាវាប្រភេទទំនើបមួយគ្រឿង។ កាលពីចុងសប្តហ៍កន្លងទៅនេះ ទីក្រុងប៉េកាំង និយាយថា ខ្លួនបានបញ្ជូននាវាចម្បាំង៥គ្រឿង រួមមានទាំងនាវាពិឃាតបំពាក់មីស៊ីលស៊ីបគោលដៅមួយគ្រឿងផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ ដែលជាសំណើរបស់រាជរដ្ឋាភិបាល មកពិនិត្យ សិក្សា
10/28/2026 12:10 PM
លោកTrump៖ លោកនឹងគោរពលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់អាមេរិកប្រសិនបើមានភាពត្រឹមត្រូវ
10/28/2026 12:10 PM
លោក Netanyahu៖ ក្រុមចម្រុះរបស់លោកទទួលបានសំឡេងភាគច្រើនដាច់ខាត ហើយអំពាវនាវឱ្យ បង្កើតរដ្ឋាភិបាលជាតិស្តាំនិយម
10/28/2026 12:10 PM
អ្នកបោះឆ្នោតបក្សប្រឆាំង នឹងមិនអត់ទោសឱ្យលោក Eisenkot ឡើយប្រសិនបើលោកចូលរួមជាមួយបក្ស Likud
10/28/2026 12:10 PM
លោកTrump មានចំណាត់ការលុបចោលនិយ័តកម្មឧស្ម័នមេតានសម្រាប់ក្រុមហ៊ុនផលិតប្រេង និងឧស្ម័នអាមេរិក
10/28/2026 12:10 PM
ព្រះខ័នរាជ ត្រូវការពិន្ទុពី Tampines Rovers ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដពានកម្រិតទី២ ទ្វីបអាស៊ី
10/28/2026 12:10 PM
យុវជនស្ម័គ្រចិត្តបំពេញកាតព្វកិច្ចយោធា ៥២០នាក់ នៅខេត្តកំពង់ឆ្នាំង ត្រៀម​ខ្លួន​ចូល​ហ្វឹកហ្វឺន​នៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ
10/28/2026 11:10 AM
ក្រសួងទេសចរណ៍ ចុះអប់រំផ្សព្វផ្សាយការប្រយុទ្ធ​ប្រឆាំងផលិតផល​ក្លែងក្លាយ​ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព និងផលប៉ះពាល់​លើ​វិស័យ​ទេសចរណ៍​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ក្នុង​ក្រុង​បាត់ដំបង
10/28/2026 11:10 AM
កម្ពុជាបើកកិច្ចពិភាក្សាដើម្បីធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍលើវិស័យឧស្សាហកម្ម និងវិស័យការងារ
10/28/2026 10:10 AM
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
10/28/2026 10:10 AM