ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

អ្នកជំនាញបានព្រមានក្រុមហ៊ុន OceanGate អំពីកង្វល់សុវត្ថិភាពនាវាមុជទឹកទីតានកាលពីឆ្នាំ២០១៨

2023/06/22 09:01:45 pm        134
ក្រុមអ្នកជំនាញបានលើកឡើងពីកង្វល់សុវត្ថិភាពកាលពីឆ្នាំ ២០១៨ អំពីនាវាមុជទឹកដែលបានបាត់តាំងពីថ្ងៃអាទិត្យ (១៨ មិថុនា)នោះ នៅពេលដែលវាបានដឹកអ្នកទេសចរក្នុងការធ្វើដំណើរក្នុងសមុទ្រដ៏ជ្រៅមួយដើម្បីទៅមើលបំណែកកប៉ាល់ទីតានិក។មានអ្នកបើកនាវា និងអ្នកដំណើរ ៤ នាក់នៅលើនាវានោះ ហើយអុកស៊ីសែនដែលមាននៅក្នុងនាវានោះ ត្រូវបានគេព្យាករណ៍ថានឹងអស់នៅថ្ងៃព្រហស្បតិ៍ (២២ មិថុនា)នេះ។លោក Will Kohnen ប្រធានគណៈកម្មាធិការអង្គភាពបច្ចេកវិទ្យាដែនសមុទ្រ (MTS) បានចេញលិខិតមួយចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៨ ទៅកាន់ស្ថាបនិកក្រុមហ៊ុន OceanGate និងនាយកប្រត្តិបត្តិលោក Stockton Rush ជាអ្នកបើកនាវាដែលបានបាត់នោះ។ នៅក្នុងលិខិតនោះ លោក Kohnen បានសម្តែងនូវក្តីកង្វល់ខ្លាំងអំពីនាវាមុជទឹក ហើយ Kohnen បាននិយាយថា ក្រោយមកលោកបានពិភាក្សាអំពីលិខិតនេះជាមួយនឹងលោក Rush ។បញ្ហានោះមិនមែនជាគុណវិបត្តិនៃការរចនាតែម៉្យាងនោះទេ ប៉ុន្តែថាក្រុមហ៊ុន OceanGate ជ្រើសរើសមិនបន្តដំណើរការវិញ្ញាបនប័ត្រដែលត្រូវបានទទួលស្គាល់របស់ឧស្សាហកម្មនេះ។ លោក Kohnen បាននិយាយថា លិខិតនោះបានធ្វើឡើងបន្ទាប់ពីអ្នកជំនាញផ្នែកមុជទឹកជាច្រើនបានសម្តែងការព្រួយបារម្ភអំពី នាវាមុជទឹកទីតាន ក្នុងអំឡុងពេលសន្និសីទប្រចាំឆ្នាំរយៈពេលបីថ្ងៃ។ លោកបាននិយាយថាខ្លួនបានស្នើសុំឱ្យក្រុមប្រឹក្សាភិបាលអង្គភាពបច្ចេកវិទ្យា MTS ផ្ញើលិខិតនេះតំណាងឲ្យសង្គមទាំងមូលប៉ុន្តែក្រុមប្រឹក្សាភិបាលបានបដិសេធលិខិតនោះ៕

ហេតុការណ៍ផ្ទុះហ្គាសក្នុងហាងលក់សាច់អាំងនៅតំបន់ភាគពាយ័ព្យប្រទេសចិន បានសម្លាប់មនុស្ស ៣១នាក់

2023/06/22 08:52:26 pm        115
ចិន៖ យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីនហួ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះហ្គាសក្នុងហាងលក់សាច់អាំងកាលពីយប់ថ្ងៃពុធនៅតំបន់ភាគពាយ័ព្យ Ningxia (នីងសៀ) ប្រទេសចិន បានសម្លាប់មនុស្ស ៣១នាក់ ជាហេតុនាំឲ្យលោកប្រធានាធិបតី Xi Jinping ចេញបទបញ្ជាពិនិត្យសុវត្ថិភាពតឹងរឹងជាងមុន ។  សារព័ត៌មានស៊ីនសួ រាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ហេតុការណ៍ផ្ទុះហ្គាសក្នុងទីក្រុង Yinchuan រដ្ឋធានីតំបន់ Ningxia បណ្តាលមកពីធ្លាយធុងហ្គាសនៅក្នុងហាង ។  សារព័ត៌មានស៊ីនហួ រាយការណ៍ទៀតថា មនុស្ស ៧នាក់ កំពុងទទួលការព្យាយាលស្នាមរលាក និងរយះសាច់ដោយសារបែកកែវ ។   ដោយឡែក ទូរទស្សន៍រដ្ឋចិន CCTV រាយការណ៍ថា លោកប្រធានាធិបតី Xi បាននិយាយប្រាប់ក្រុមអាជ្ញាធរឲ្យចេញប្រតិបត្តិការភ្លាមៗ ដើម្បីព្យាបាលអ្នករងរបួស ហើយលោកនិយាយថា ការត្រួតពិនិត្យសុវត្ថិភាពនៅតាមឧស្សាហកម្មធំៗ និងតាមវិស័យធុរកិច្ច គួរតែត្រូវបានពង្រឹង ។  សូមបញ្ជាក់ថា ឧបទ្ទេវហេតុផ្ទុះហ្គាស និងសារធាតុគីមី មិនមែនជារឿងចម្លែកនោះទេនៅក្នុងប្រទេសចិន បើទោះបីជាមានការព្យាយាមធ្វើឲ្យល្អប្រសើរសុវត្ថិភាពក៏ដោយ ។  ជាក់ស្តែងកាលពីឆ្នាំ ២០១៥កន្លងទៅ ហេតុការណ៍ផ្ទុះជាច្រើនលើកនៅទីក្រុងកំពង់ផែភាគខាងជើង Tianjin បានសម្លាប់មនុស្ស ១៧៣នាក់ ៕

ឪពុកម្តាយនៅកោះតៃវ៉ាន់តវ៉ាបន្ទាប់ពីចោទសាលាមត្តេយ្យថាឲ្យកុមារលេបថ្នាំងងុយគេង

2023/06/22 08:36:55 pm        105
តៃវ៉ាន់៖ ឪពុកម្តាយរបស់ក្មេងៗ នៅមត្តេយ្យសិក្សា ដែលបានចោទប្រកាន់ពីការផ្តល់ថ្នាំងងុយដេកដោយបុគ្គលិកក្នុងសាលាមត្តេយ្យ នៅកោះតៃវ៉ាន់ បាន និងកំពុងធ្វើការតវ៉ា សម្រាប់ការឆ្លើយតបយឺតយ៉ាវរបស់រដ្ឋាភិបាលចំពោះហេតុការណ៍នេះ។កាលពីថ្ងៃអាទិត្យ មនុស្សរាប់រយនាក់ បានប្រមូលផ្តុំគ្នា នៅទីក្រុងតៃប៉ិថ្មី (New Taipei) ដើម្បីរិះគន់លើដំណើរការ ដែលត្រូវចំណាយពេលជាច្រើនសប្តាហ៍ សម្រាប់អាជ្ញាធរ ក្នុងតំបន់ ក្នុងការធ្វើតេស្តសុខភាពរបស់កុមារ បន្ទាប់ពីមានការលើកឡើងនូវការសង្ស័យជាច្រើន កាលពីពាក់កណ្តាលខែឧសភា។ទីភ្នាក់ងារសារព័ត៌មានកណ្តាល (CNA) របស់កោះតៃវ៉ាន់ បានរាយការណ៍ថា កាលពីថ្ងៃទី១៤ ខែឧសភា ឪពុកម្តាយ ៣រូប បានប្រាប់នគរបាលក្នុងតំបន់ថា កូនៗរបស់ពួកគេ មានអាការឆាប់ខឹង និងបង្ហាញអាកប្បកិរិយាធ្វើបាបខ្លួនឯង នៅចន្លោះខែកុម្ភៈ ដល់ខែមេសា ឆ្នាំនេះ។ ឪពុកម្ដាយទាំងនោះ បានបន្ថែមថា ក្មេងៗបានប្រាប់ថា គ្រូរបស់ពួកគេបានឲ្យពួកគេលេបថ្នាំ ហើយការធ្វើតេស្តវេជ្ជសាស្រ្តលើកុមារ បានរកឃើញដាននៃសារធាតុថ្នាំងងុយដេក និងថ្នាំរម្ងាប់ប្រព័ន្ធប្រសាទ។យោងតាមសេចក្ដីថ្លែងការណ៍មួយ បានឲ្យដឹងថា ការិយាល័យអយ្យការស្រុកនៅទីក្រុងតៃប៉ិថ្មី (New Taipei) ត្រូវបានជូនដំណឹងលើកដំបូងពីការពាក់ព័ន្ធនឹងករណីដែលអាចឲ្យអនីតិជនប្រើថ្នាំញៀន កាលពីថ្ងៃទី១៥ ខែឧសភា។ ៣ថ្ងៃក្រោយ ការិយាល័យបានដឹកនាំកម្លាំងនគរបាលចុះស្រាវជ្រាវសាលាមត្តេយ្យនោះ ហើយត្រឡប់មកវិញជាមួយនឹងឯកសារដែលយកពីកាម៉ារ៉ាសុវត្ថិភាព CCTV និងភ័ស្តុតាងផ្សេងទៀត។ គិតត្រឹមដើមខែមិថុនា ឪពុកម្តាយជាង ១០នាក់ បានរាយការណ៍ករណីនេះទៅនគរបាល។ការរាយការណ៍ពីទីភ្នាក់ងារសារព័ត៌មានកណ្តាល (CNA) បានឲ្យដឹងទៀតថា នាយកដ្ឋានអប់រំក្នុងតំបន់ បានបញ្ជាឲ្យបិទសាលាមត្តេយ្យនេះ និងផាកពិន័យទឹកប្រាក់ចំនួន ១៥០.០០០ដុល្លារតៃវ៉ាន់ថ្មី (ប្រហែល ៤.៨៥០ដុល្លារ)។ នាយកសាលា និងគ្រូបង្រៀន ៤នាក់មកពីសាលាមត្តេយ្យនេះ ត្រូវនគរបាលសាកសួរ។ អ្នកទាំងនោះត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ហើយមិនទាន់កំណត់កាលបរិច្ឆេទសម្រាប់សវនាការនៅតុលាការនោះទេ៕

មន្ទីរពេទ្យជាច្រើនរបស់ឥណ្ឌាផ្ទុកពេញដោយអ្នកជំងឺ ខណៈរលកកំដៅគ្របដណ្ដប់លើភាគខាងជើង

2023/06/22 05:12:51 pm        172
ឥណ្ឌា៖ រលកកំដៅដែលចេះតែកើនឡើងខ្ពស់នៅក្នុងរដ្ឋចំនួន២ដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសឥណ្ឌា បានធ្វើឲ្យមន្ទីរពេទ្យនានាផ្ទុកអ្នកជំងឺលើសចំណុះ  សាលតម្កល់សពផ្ទុកពេញដោយសាកសព និងការដាច់ចរន្តអគ្គិសនី ដោយបង្ខំឲ្យបុគ្គលិកប្រើសៀវភៅបក់ឲ្យអ្នកជំងឺ ស្របពេលការស៊ើបអង្កេតជាផ្លូវនៃចំនួនអ្នកស្លាប់ ដែលបានកើនឡើងជិត១៧០ នាក់។  យោងតាមសេចក្ដីរាយការណ៍ព័ត៌មានក្នុងស្រុក និងក្រុមមន្ត្រីសុខាភិបាល នៅក្នុងរដ្ឋ ឧត្តា ប្រទេស (Uttar Pradesh) ភាគខាងជើង  មនុស្ស១១៩នាក់ស្លាប់ ដោយសារជំងឺទាក់ទងនឹងរលកកំដៅ កាលពីប៉ុន្មានថ្ងៃមុន ខណៈដែលរដ្ឋជិតខាង គឺ រដ្ឋប៊ីហា (Bihar) ត្រូវបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន៤៧នាក់ ។ ប្រជាពលរដ្ឋនិយាយថា ពួកគេបារម្ភខ្លាំងក្នុងការចេញទៅខាងក្រៅ ពេលថ្ងៃត្រង់។ មន្ទីរពេទ្យធំបំផុតក្នុងស្រុក បាលីយ៉ា (Ballia) របស់រដ្ឋ ឧត្តាប្រទេស មិនអាចទទួលអ្នកជំងឺបន្ថែមទៀត ឲ្យស្នាក់នៅព្យាបាលបានទេ ។ ក្រុមមន្ត្រីនិយាយថា សាលតម្កល់សព ពេញដោយសាកសព បន្ទាប់ពីមនុស្ស៥៤នាក់ សុទ្ធតែជាស្ត្រីចំណាស់ធ្លាក់ខ្លួនឈឺដោយសារបញ្ហាសុខភាពផ្សេងៗគ្នា បានស្លាប់ អំឡុងរលកកំដៅ។ ក្រុមគ្រួសារមួយចំនួនត្រូវបានស្នើឲ្យយកសាកសពសាច់ញាតិត្រឡប់ទៅផ្ទះវិញ។ សីតុណ្ហភាព បានហក់ឡើងដល់ជិត៤៥អង្សាសេរ ក្នុងពេលប៉ុន្មានថ្ងៃនេះ នៅក្នុងស្រុក បាលីយ៉ា ស្របពេលវិបត្តិថាមពលបន្ថែមបន្ទុកដល់សា្ថនភាពនេះ៕

ក្ដីសង្ឃឹមសម្រាប់ការសង្រ្គោះអ្នកដំណើរក្នុងនាវាមុជទឹក Titan មានកាន់តែតិចទៅ ខណៈពេលវេលាកាន់តែខើច

2023/06/22 05:05:10 pm        219
ពេលវេលានៅសល់កាន់តែខើចទៅៗ ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកមនុស្ស៥នាក់ ក្នុងនាវាមុជទឹកមួយគ្រឿងដែលកំពុងបាត់ខ្លួន នៅក្នុងមហាសមុទ្រអាត្លង់ទិកខាងជើង។  នាវាពាណិជ្ជកម្មទីតាន(Titan ) ដែលត្រូវ បានធ្វើប្រតិបត្តិការដោយក្រុមហ៊ុនធ្វើដំណើរទេសចរណ៍ឯកជនឈ្មោះ OceanGate បានបាត់ការទាក់ទងជាមួយនាវាស្រាវជ្រាវរបស់ខ្លួន នៅម៉ោង៥និង៤៥នាទីព្រឹកម៉ោងក្នុងស្រុកក្នុងភាគខាងកើតកាលពីថ្ងៃអាទិត្យទី១៨មិថុនា ដោយបានចេញដំណើរដឹកអ្នកដំណើរទៅមើលបំណែកនាវាទីតានិក ដែលមានអាយុកាលមួយសតវត្សរ៍ នៅក្បែរឆ្នេរសមុទ្ររបស់ប្រទេសកាណាដា ។បេសកកម្មនេះ មានតម្លៃ២៥ម៉ឺនដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់។ ក្រុមអ្នកជំនាញ ជឿថា នៅពេលនេះ នាវានេះ ស្ថិតនៅជម្រៅប្រហែល៣.៥០០ ម៉ែត្រ ក្រោមកម្រិតទឹកសមុទ្រ  និងជិតដល់គោលដៅរបស់ខ្លួននៃបំណែកនាវាទីតានិក (Titanic)ដែល ស្ថិតនៅជម្រៅ៣.៨០០ម៉ែត្រក្រោមកម្រិតទឹកសមុទ្រ។ នាវាមុជទឹកនេះ អាចផ្ទុកសមត្ថភាពអ៊ុកស៊ីសែនសង្គ្រោះបន្ទាន់អតិបរមា៩៦ ម៉ោង ឬ ប្រហែល៤ថ្ងៃប៉ុណ្ណោះ។ អង្គភាពល្បាតឆ្នេរអាមេរិកនិយាយថា នាវាមុជទឹកទីតាន អាចនៅសល់អុកស៊ីសែនតិចជាង២០ម៉ោងទៀត។ ឆ្មាំល្បាតឆ្នេរអាមេរិក និយាយថា គេបានលឺសំឡេងថ្មីមួយទៀត ខណៈពង្រីកតំបន់កាន់តែធំក្នុងការស្វែងរកនាវាមុជទឹកនេះ។ យន្តហោះរបស់អង្គភាពឆ្មាល្បាតឆ្នេរអាមេរិក និងកាណាដា បានកំពុងស្វែងរកក្នុងតំបន់កើតហេតុចាប់តាំងពីថ្ងៃអាទិត្យមក និងបានគ្របដណ្ដប់លើផ្ទៃទឹកទំហំ១ម៉ឺនម៉ាយក្រឡា នៃផ្ទៃខាងលើមហាសមុទ្រតែពុំមានលទ្ធផល៕

ក្រុមក្មេងទំនើងអ្នកលេងកាំបិតផ្គាក់១៣នាក់ ត្រូវអាវុធហត្ថធ្វើការបង្ក្រាបបញ្ចូនទៅតុលាការ

2023/06/21 10:01:26 pm        459
ភ្នំពេញ៖ ក្រុមក្មេងទំនើងជាអ្នកលេងកាំបិតផ្គាក់១៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ​ខណ្ឌពោធិ៍សែនជ័យ ធ្វើការបង្ក្រាបក្រោយជនទាំង១៣ និងបក្សពួកសរុបជិត ២០នាក់ បានធ្វើ​សកម្មភាពចូលទៅកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះពលរដ្ឋមួយគ្រួសារ ដោយប្រើកាំបិតផ្គាក់​ជា​ច្រើនដើម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ​១៨និង០០នាទី ថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុច ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង ​សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។ នៅវេលាកើតហេតុខាងលើ ក្រុមក្មេងទំនើង បានជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយកាំបិតផ្គាក់ បានចូលទៅធ្វើសកម្មភាពកាប់ម៉ូតូជនរងគ្រោះ០១គ្រឿង​ដល់ក្នុងផ្ទះ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំងនៅតំបន់នោះ រហូតភ្ញាក់ផ្អើល​ដល់​កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដែល​កំពុងល្បាតឆ្លងកាត់ភូមិសាស្ត្រនោះ ​បានចូល​ទៅ​ជួយអន្តរាគមន៍ និង​ចាប់ឃាត់​បាន​ក្រុមក្មេងទំនើង១៣នាក់ ក្នុងចំណោមបក្សពួកជាច្រើនទៀតដែលបានរត់គេច ដោយដកហូត​បានម៉ូតូ០៣គ្រឿង ​និងកាំបិតផ្គាក់០៤ដើម ។តាមចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំង១៣នាក់ ​បានឲ្យដឹងដូចគ្នាថា ៖ ពួកខ្លួនពិតជាធ្វើ​សកម្មភាពប្រើអំពើហិង្សា​ ចូលកាប់​បំផ្លិចបំផ្លាញ​ម៉ូតូរបស់ជនរងគ្រោះ ​ពិតប្រាកដមែន ដោយសារ​កន្លងមកពួក​ខ្លួនធ្លាប់​មាន​ទំនាស់​ជាមួយ​ក្មេងស្ទាវ​មួយ​ក្រុមផ្សេងទៀត ​ហើយធ្លាប់​ឃើញ​ក្រុម​ក្មេងស្ទាវទាំងនោះ ​ឧស្សាហ៍​អង្គុយ​លេង​ក្នុង​ផ្ទះ​មួយ​នោះ​ និង​ឃើញម៉ូតូម្ចាស់ផ្ទះ​ ស្មានថា​ជា​ម៉ូតូរបស់ភាគីសត្រូវ​ដែលមានទំនាស់ជាមួយ​ពួកខ្លួន ​ក៏​ចូលកាប់​បំផ្លាញ​ម៉ូតូនោះតែម្តង ។ បច្ចុប្បន្នជន ក្រុមក្មេងទំនើងទាំង១៣នាក់ ​រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញ​ការិយាល័យប្រឆាំង​បទល្មើសព្រហ្មទណ្ឌ ​នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ​នឹងបន្តកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ លីហេង

សារព័ត៌មាន WSJ រាយការណ៍ថា ចិនកំពុងចរចាលើទីតាំងបណ្តុះបណ្តាលយោធារួមគ្នានៅគុយបា

2023/06/21 09:14:15 pm        167
អាមេរិក៖ សារព័ត៌មាន Wall Street Journal រាយការណ៍ថា ចិនកំពុងចរចាជាមួយប្រទេសគុយបា ដើម្បីសាងសង់ទីតាំងបណ្តុះបណ្តាលយោធារួមគ្នាក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។ ដោយដកស្រង់សម្តីមន្ត្រីសហរដ្ឋអាមេរិកបច្ចុប្បន្ន និងអតីត សារព័ត៌មានដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិកមួយនេះ បានរាយការណ៍កាលពីថ្ងៃអង្គារថា ការចរចាកំពុងធ្វើឡើងរវាងប្រទេសចិន និងគុយបា ដើម្បីបង្កើតទីតាំងនៅឆ្នេរសមុទ្រភាគខាងជើងនៃប្រទេសកោះនេះ។ការរាយការណ៍បាននិយាយថា រដ្ឋបាលសហរដ្ឋអាមេរិករបស់លោក Joe Biden មានការព្រួយបារម្ភថាការចំណាត់ការនេះអាចនាំទៅដល់ការដាក់ទីតាំងរបស់កងទ័ពចិន និងប្រតិបត្តិការសន្តិសុខ និងការស៊ើបការណ៍ផ្សេងទៀត ដែលមានចម្ងាយត្រឹមតែ ១០០ ម៉ាយពីឆ្នេរសមុទ្រ រដ្ឋ Florida។ អ្នកនាំពាក្យរង របស់មន្ទីរបញ្ចកោណលោកស្រី Sabrina Singh បានបញ្ចៀសការអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍នៅពេលលោកស្រីនិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ។ ប៉ុន្តែលោកស្រី បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដឹងថា ប្រទេសចិនកំពុងបន្តបង្ហាញចំណាប់អារម្មណ៍នៅអឌ្ឍគោលខាងលិច និងមានបំណងពង្រីកវត្តមានយោធារបស់ខ្លួន។ លោកស្រីបាននិយាយថា យើងនឹងបន្តតាមដានបញ្ហានេះ។ នៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡុងដ៍្រ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា លោកបានផ្តល់ដំណឹងថា ប្រទេសរបស់លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីសកម្មភាពស៊ើបការណ៍សម្ងាត់របស់ចិន ឬសកម្មភាពយោធានៅក្នុងប្រទេសគុយបា នៅពេលដែលលោកបានជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃចន្ទ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្រកាសកាលពីសប្តាហ៍មុនថា ប្រទេសចិនមានទីតាំងប្រមូលព័ត៌មានសម្ងាត់នៅក្នុងប្រទេសគុយបា និងបានបង្កើនចំនួនទីតាំងបែបនេះ នៅឆ្នាំ ២០១៩។ ទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភកាន់តែខ្លាំងអំពីបំណងរបស់ទីក្រុងប៉េកាំង ក្នុងការបង្កើនសកម្មភាពយោធារបស់ខ្លួននៅជិតដីគោករបស់សហរដ្ឋអាមេរិក៕

ប្រធាន UNHCRអំពាវនាវឲ្យស្វែងរកសន្តិភាពដើម្បីទប់ស្កាត់លំហូរជនភៀសខ្លួន

2023/06/21 08:53:07 pm        125
UNHCR៖  ប្រធានទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បាននិយាយកាលពីថ្ងៃអង្គារថា ពិភពលោកត្រូវការស្វែងរកសមត្ថភាពខ្លួនឯងឡើងវិញ ដើម្បីនាំសន្តិភាពដល់ប្រទេសជួបបញ្ហាជាច្រើន ក៏ដូចជាទប់ស្កាត់លំហូរកើនឡើងនៃជនភៀសខ្លួន ។  មាននូវជនភៀសខ្លួន ១១០លាននាក់នៅជុំវិញពិភពលោក ពោលគឺកើនឡើងពីចំនួន ១០៣លាននាក់កាលពីឆ្នាំទៅ និងពាក់កណ្តាលនៃចំនួននេះ កាលពីរយៈពេល ១ទសវត្សរ៍មុន ។   លោក Filippo Grandi គឺជាឧត្តមស្នងការជនភៀសខ្លួន UN បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅក្នុងរដ្ឋធានីប្រទេសកេនយ៉ាថា ក្រុមប្រឹក្សាសន្តិសុខ UN ដែលជាស្ថាប័នអន្តរជាតិកំពូលសម្រាប់ដោះស្រាយបញ្ហាសន្តិភាព និងសន្តិសុខ ធ្វើការលែងកើតហើយ ។ ពួកគេពុំអាចយល់ព្រមលើអ្វីៗទាំងអស់ ។  លោកបន្ត ដូច្នេះហើយ ពួកយើងត្រូវការស្តាសមត្ថភាពឡើងវិញ ដើម្បីដឹកនាំបង្កើតសន្តិភាព ពីព្រោះថា នោះគឺជាវិថីតែមួយគត់ដែលពួកយើងអាចដោះស្រាយលំហូរជនភៀសខ្លួនទាំងនេះ ។  លោក Grandi និយាយថា នៅថ្ងៃនេះដែលជាទិវាជនភៀសខ្លួនពិភពលោក ពួកយើងបានមើលឃើញជនភៀសខ្លួន ៥០ម៉ឺននាក់មកពីប្រទេសស៊ូដង់ ។ " គួរឲ្យដឹងថា កាលពីដើមឆ្នាំនេះ ក្រុមមន្រ្តីការទូត អតីតរដ្ឋបុរស និងក្រុមមន្រ្តី UN បានចាប់ផ្តើមស្វែងរកការគាំទ្រផ្នែកនយោបាយ សម្រាប់ផែនការបង្កើតសន្តិភាព បង្កើតស្តង់ដាថ្មីសម្រាប់សោះស្រាយជម្លោះ ៕

អតីតបុគ្គលិក២នាក់របស់ក្រុមហ៊ុន OceanGate ខ្វល់ពីសុវត្ថិភាពនាវាមុជទឹកច្រើនឆ្នាំមកហើយ

2023/06/21 07:56:14 pm        204
អតីតបុគ្គលិក ២រូបរបស់ក្រុមហ៊ុន OceanGate Expeditions បានលើកឡើងដាច់ដោយឡែកពីគ្នានូវការបារម្ភពីសុវត្ថិភាពស្រដៀងគ្នាអំពីកម្រាស់នៃតួរបស់នាវាមុជទឹក Titan ដែលបាត់នាពេលនេះ នៅពេលពួកគេត្រូវបានជួលឲ្យធ្វើការដោយក្រុមហ៊ុន កាលពីប៉ុន្មានឆ្នាំមុន។ពាក់ព័ន្ធនឹងសុវត្ថិភាពនេះ សេចក្តីថ្លែងការណ៍ពីមន្ទីរពិសោធន៍ស្រាវជ្រាវមួយ ហាក់ដូចជាបង្ហាញព័ត៌មានផ្ទុយគ្នាអំពីវិស្វកម្ម និងការធ្វើតេស្ត ក្នុងដំណើរការនានា ពេលផលិតនាវានេះ។យោងតាមឯកសាររបស់តុលាការ បានបង្ហាញថា អតីតបុគ្គលិកម្នាក់ គឺលោក David Lochridge បានធ្វើការជាអ្នកម៉ៅការឯករាជ្យសម្រាប់ក្រុមហ៊ុន OceanGate ក្នុងឆ្នាំ២០១៥ បន្ទាប់មកបានក្លាយជានិយោជិត នៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៨។ លោកបានបម្រើការជានាយកប្រតិបត្តិនៃនាវាពាណិជ្ជកម្ម ហើយក្រោយមកក្រុមហ៊ុនបានបញ្ឈប់ការងារលោក និងប្តឹងលោក ព្រមទាំងភរិយារបស់លោកនៅឆ្នាំ២០១៨ ដោយចោទថា ចែករំលែកព័ត៌មានសម្ងាត់ និងលួចលាក់ធ្វើពាណិជ្ជកម្មជាប្រយោជន៍ផ្ទាល់ខ្លួនជាដើម។ ពាក្យបណ្តឹងនោះ បានកត់សម្គាល់ថា លោក Lochridge មិនមែនជាវិស្វករទេ ដោយហៅលោកត្រឹមតែជាអ្នកបើកនាវាមុជទឹក និងអ្នកមុជទឹក។ នៅក្នុងឯកសារតបតមួយ លោក Lochridge បានអះអាងថា គាត់ត្រូវបានបញ្ចប់កិច្ចសន្យាការងារដោយមិនត្រឹមត្រូវ ដោយសារលោកបានបង្ហាញក្ដីបារម្ភកាន់តែខ្លាំងពីអំពីសុវត្ថិភាព និងការសាកល្បងរបស់នាវាមុជទឹ Titan។អតីតបុគ្គលិកម្នាក់ទៀត ដែលធ្វើការរយៈពេលខ្លីឲ្យក្រុមហ៊ុន OceanGate ក្នុងអំឡុងពេលដូចគ្នានឹងលោក Lochridge បាននិយាយទៅកាន់សារព័ត៌មាន CNN ដោយសុំមិនបញ្ចេញឈ្មោះថា លោកមានការបារម្ភនៅពេលនិយាយដល់សំបកកាបោនរបស់តួនាវានោះ ដោយមានយោបល់ស្របនឹងកង្វល់របស់លោក Lochridge អំពីកម្រាស់របស់នាវា៕

អាជ្ញាធរហុងឌូរ៉ាសស៊ើបអង្កេតករណីកុបកម្ម ក្នុងពន្ធនាគាររហូតមានអ្នកស្លាប់

2023/06/21 06:35:38 pm        125
ហុងឌូរ៉ាស៖ អាជ្ញាធរហុងឌូរ៉ាស កំពុងស៊ើបអង្កេតលើកុបកម្ម ដែលបានត្រូវរាយការណ៍ថា បានបណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ៤១នាក់នៅក្នុងពន្ធនាគាររបស់ស្ត្រី បានបាត់បង់ជីវិត កាលពីថ្ងៃអង្គារ (ទី២0 ខែមិថុនា)។អ្នកនាំពាក្យម្នាក់ បានប្រាប់សាព័ត៌មាន Reuters ថា ពេលនេះការងារស៊ើបអង្កេតជាដំបូង គឺផ្តោតលើការកំណត់អត្តសញ្ញាណសាកសពនៅមជ្ឈមណ្ឌល Centro Femenino de Adaptacion Social (CEFAS) ដែលជាពន្ធនាគារសម្រាប់អ្នកទោសឧក្រិដ្ឋស្ត្រី ៩០០នាក់ មានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីរដ្ឋធានី Tegucigalpa ដោយនិយាយបន្ថែមថា អ្នកខ្លះស្លាប់ដោយសារការរលាក ខណៈដែលអ្នកផ្សេងទៀតរងការបាញ់ប្រហារ។លោកស្រី Delma Ordonez ដែលជាប្រធានសមាគមមួយតំណាងឲ្យគ្រួសារអ្នកទោស បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការឈ្លោះប្រកែកគ្នា បានផ្ទុះឡើងក្នុងពន្ធនាគារ នៅព្រឹកព្រលឹមថ្ងៃអង្គារ រវាងសមាជិកគូប្រជែងក្រុម Barrio 18 និង Mara Salvatrucha (MS-13) ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មានកុបកម្ម។ ចំណែកឯខាងរដ្ឋាភិបាលវិញ មិនទាន់បានបញ្ជាក់លម្អិតអ្វីទេ។ សាច់ញាតិរបស់អ្នកទោស ត្រូវបានឲ្យនៅក្រៅពន្ធនាគារដែលកើតហេតុនោះ កាលពីល្ងាចថ្ងៃអង្គារ ពេលពួកគេទៅរកមើលមនុស្សជាទីស្រលាញ់របស់ខ្លួន។កាលពីមុន ក៏ធ្លាប់មានប្រវតិ្តកើតហេតុការណ៍ចលាចល ក្នុងពន្ធនាគារ រហូតដល់បណ្ដាលឲ្យមានអ្នកបាត់បង់ជីវិតដែរនៅក្នុងប្រទេសហុងឌុយរ៉ាស ដោយអ្នកទោសចំនួន ១៨នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នារបស់ក្រុមអន្ធពាលកាលពីឆ្នាំ២០១៩ ហើយជាង ៣៥០នាក់ ត្រូវភ្លើងឆេះស្លាប់ ក្នុងឆ្នាំ២០១២៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុម MSF ៖ការឆ្លើយតបកង្វះអាហារូបត្ថម្ភសូម៉ាលី រងផលប៉ះពាល់ដោយសារការកាត់ផ្តាច់ជំនួយមូលនិធិ
08/11/2026 09:08 PM
ភ្ញៀវទេសចរស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងនៅសំណង់បុរាណចាស់ក្នុងទីក្រុងរ៉ូមស្របពេលរលកកម្តៅ
08/11/2026 09:08 PM
ទីភ្នាក់ងារ UN៖អាកាសធាតុក្តៅ កើតឡើងញឹកញាប់ ខ្លាំងក្លា និងយូរជាងមុនទី
08/11/2026 09:08 PM
ពលរដ្ឋស៊ីរីស្វាគមន៍ទោសប្រហារជីវិតសម្រាប់លោក Bashar al-Assad និងក្រុមមន្រ្តីក្នុងរបបរបស់លោក
08/11/2026 08:08 PM
​UN៖ រញ្ជួយដី នៅកូឡុំប៊ី បំផ្លាញផ្ទះជិត ៥.០០០ខ្នង និងមណ្ឌលសុខភាព ២៤កន្លែងខណៈអ្នកស្លាប់​កើន​ឡើង​​
08/11/2026 08:08 PM
អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Duterte រង​ការ​ចោទប្រកាន់​​​បទល្មើស​ព្រហ្មទណ្ឌ​ ជុំវិញ​ការ​គំរាមលើ​លោក Marcos
08/11/2026 08:08 PM
អង្គការ NASA អញ្ជើញឥណ្ឌាឱ្យចូលរួមបេសកកម្មសាង​មូលដ្ឋានលើ​ឋានព្រះចន្ទរបស់ខ្លួន
08/11/2026 08:08 PM
ប្រតិបត្តិការស្វែងរកអ្នករស់នៅបន្ត ខណៈមនុស្ស២២៤នាក់ស្លាប់ ២.៧០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួនក្នុងការរញ្ជួយដីកូឡុំប៊ី
08/11/2026 08:08 PM
នីហ្សេរីយ៉ាកត់ត្រាជំងឺ​គ្រុនក្តៅឡាសា ១.០០០ករណី និងអ្នកស្លាប់ ២៣៧នាក់ ក្នុងឆ្នាំ២០២៦
08/11/2026 07:08 PM
ក្រុមហ៊ុនអវកាសវៀតណាម ប្រកាសកិច្ចព្រមព្រៀងជាមួយ SpaceX ដើម្បីបាញ់បង្ហោះផ្កាយរណបលើកដំបូងរបស់ខ្លួន
08/11/2026 07:08 PM