ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ក្រសួងសន្តិសុខសាធារណៈចិន ចុះពិនិត្យទីតាំងធ្លាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅតំបន់ OP ក្រុងបាវិត
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រកាសឲ្យអ្នកបើករថយន្ត Range Rover បង្កគ្រោះថ្នាក់ចរាចរណ៍ស្លាប់មនុស្សនៅខណ្ឌជ្រោយចង្វារ ចូលខ្លួនបន្ទាន់ មិនបាច់រកអន្តរាគមន៍ទេ
ករណីគ្រឿងញៀនខុសច្បាប់ជិត ១តោន ៖ ចោទប្រកាន់ជនសង្ស័យចំនួន ១២នាក់

សន្តិសុខ និង សង្គម

នាវាចិនចាកចេញពីដែនទឹកវៀតណាម បន្ទាប់ពីមានការចរចា រវាងអាមេរិក និងចិន

2023/06/06 08:32:57 pm        110
ចិន៖ អ្នកជំនាញតាមដានការចរាចររបស់នាវា បាននិយាយថា នាវាស្រាវជ្រាវរបស់ចិន និងនាវាអមដំណើររបស់ខ្លួន ដែលបានធ្វើប្រតិបត្តិការជិតមួយខែ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ(EEZ)របស់ប្រទេសវៀតណាម នៅសមុទ្រចិនខាងត្បូង បានចាកចេញពីដែនទឹកទាំងនោះហើយ កាលពីយប់ថ្ងៃចន្ទ (ទី៥ ខែមិថុនា) បន្ទាប់ពីមានការចរចាកម្រិតខ្ពស់សហរដ្ឋអាមេរិក-ចិន។យោងតាមទិន្នន័យតាមដានប្រតិបត្តិការនាវាចរណ៍ បានឲ្យដឹងថា នាវាចិន ឈ្មោះ Xiang Yang Hong 10 បានចាប់ផ្តើមធ្វើដំណើរក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាម កាលពីថ្ងៃទី៧ ខែឧសភា ដែលពេលខ្លះមានអមដោយនាវាជាច្រើនគ្រឿង និងបើកឆ្លងកាត់ជាទៀងទាត់តំបន់ឧស្ម័ន និងប្រេង ដែលប្រតិបត្តិការដោយក្រុមហ៊ុនរបស់ប្រទេសរុស្ស៊ី។តែកាលពីថ្ងៃចន្ទ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងចិន បានជួបពិភាក្សាគ្នា នៅទីក្រុងប៉េកាំង ដែលភាគីទាំងពីរហៅថាកិច្ចពិភាក្សាស្ថាបនា នាវារបស់ចិន និងនាវាអមដំណើរជាងពាក់កណ្ដាល បានចាប់ផ្តើមធ្វើដំណើរត្រឡប់ទៅកោះហៃណាន (Hainan) របស់ប្រទេសចិនវិញ ដោយចាកចេញពីតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់វៀតណាមប្រហែលពាក់កណ្តាលអធ្រាត្រ។នៅពេលត្រូវបានសួរអំពីការធ្វើចរាចររបស់នាវាទាំងនេះ ក្រសួងការបរទេសចិន មិនបានធ្វើអត្ថាធិប្បាយអ្វីនោះឡើយ ពាក់ព័ន្ធនឹងការវិលត្រឡប់ទៅកាន់កោះហៃណាន (Hainan) វិញ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នាវាស្រាវជ្រាវវិទ្យាសាស្ត្ររបស់ចិន ដែលធ្វើសកម្មភាពស្រាវជ្រាវធម្មតា នៅក្នុងដែនសមុទ្រក្រោមដែនសមត្ថកិច្ចរបស់ប្រទេសចិន គឺស្របច្បាប់ និងត្រឹមត្រូវ។ ករណីនៃការឆ្លងចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសមួយផ្សេងទៀតនោះ មិនមានឡើយ»។ដោយឡែកក្រសួងការបរទេសវៀតណាមវិញ មិនបានឆ្លើយតបទៅនឹងការស្នើសុំការអត្ថាធិប្បាយនោះទេ៕

មនុស្សយ៉ាងហោច ១៨នាក់ស្លាប់ដោយសារពុលស្រាផ្លែប៉ោមនៅប្រទេសរុស្ស៊ី

2023/06/06 08:26:20 pm        81
រុស្ស៊ី៖ ចំនួនមនុស្សស្លាប់ដោយសារពុលស្រាផ្លែប៉ោមនៅតំបន់ Ulyanovsk ប្រទេសរុស្ស៊ី បានកើនឡើងដល់១៨នាក់ និងមនុស្សជាច្រើននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ នេះបើយោងតាមការអះអាងរបស់អភិបាលតំបន់ Ulyanovsk លោក Alexei Russkikh បានឲ្យដឹងនៅលើបណ្តាញព័ត៌មានសង្គម Telegram កាលពីថ្ងៃចន្ទ ។  សារព័ត៌មានរុស្ស៊ី បានរាយការណ៍ថា ស្រាផ្លែប៉ោមមានបរិមាណមេតាណុលអាចបណ្តាលឲ្យស្លាប់បាន មានសារធាតុពុលច្រើនជាងអេតាណុលដែលរកឃើញនៅក្នុងភេសជ្ជៈមានជាតិអាល់កុលធម្មតា។  ក្រុមអាជ្ញាធរ បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីសង្ស័យថាបានធ្វេសប្រហែសជាហេតុបណ្តាលឲ្យមនុស្សស្លាប់យ៉ាងច្រើនបែបនេះ ហើយនិងបានបញ្ជាឲ្យបញ្ឈប់ការលក់ទំនិញប៉ះពាល់ទាំងនេះ ។  កាលពីរយៈពេល ១ថ្ងៃមុន មនុស្ស ១៦នាក់ ត្រូវបានគេនិយាយថា បានស្លាប់ ប៉ុន្តែសេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា មនុស្សយ៉ាងហោច ១៨នាក់ បានស្លាប់ដោយសារពុលស្រាផ្លែប៉ោម ក្នុងនោះមនុស្ស ១០នាក់ បានសន្លប់។  មនុស្ស ១៤នាក់ រស់នៅក្នុងតំបន់ Dimitrovgrad និងមនុស្ស ៣នាក់រស់នៅក្នុងតំបន់ Ulyanovsk បានស្លាប់ ។ ចំណែកឯក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ ដែលបានតស៊ូដើម្បីជីវិតរបស់នាង ត្រូវបានគេរាយការណ៍ថា បានស្លាប់ផងដែរ ៕

វ៉ាក់សាំងមហារីក បានត្រៀមបង្ហាញគំរូព្យាបាលថ្មី ជាមួយនឹងទិន្នន័យរបស់ក្រុមហ៊ុន Merck និងModerna

2023/06/06 08:23:17 pm        87
អាមេរិក៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងទាំងពីរបានរាយការណ៍កាលពីថ្ងៃចន្ទថា ការបន្ថែមវ៉ាក់សាំងផ្អែកលើការប្រើបច្ចេកវិទ្យាបញ្ចូនសារ mRNA ដែលធ្វើពិសោធន៍រួចពីក្រុមហ៊ុន Moderna Inc (MRNA.O) និងក្រុមហ៊ុន Merck & Co (MRK.N) បានកាត់បន្ថយហានិភ័យ ដែលជំងឺមហារីកស្បែកដ៏កាចសាហាវបំផុត នឹងរាលដាលដល់ទៅ ៦៥ភាគរយ លើការព្យាបាលដោយប្រើភាពស៊ាំតែមួយមុខ ក្នុងការសាកល្បងពាក់កណ្តាលដំណាក់កាល។ជាមួយនឹងទិន្នន័យនេះ និងទិន្នន័យដំបូង ក្រុមហ៊ុន Moderna កំពុងពិចារណាស្វែងរកឲ្យទទួលបានការអនុម័តលឿនជាងមុនពីនិយតករ សម្រាប់ការព្យាបាលនេះ ក្រុមហ៊ុនបានប្រាប់វិនិយោគិនបន្ទាប់ពីបានបង្ហាញលទ្ធផល នៅក្នុងកិច្ចប្រជុំសមាគមសាកល្បងវេជ្ជសាស្ត្រអាមេរិក ( American Society of Clinical Oncology) នៅទីក្រុង Chicago រដ្ឋ Illinois សហរដ្ឋអាមេរិក។ប្រធានក្រុមហ៊ុន Moderna លោក Stephen Hoge បាននិយាយថា៖ «ភាពមិនប្រាកដប្រជាមួយចំនួន ដែលនៅសេសសល់ហាក់បីដូចជា កំពុងបាត់ទៅដោយសារតែជម្រើសប្រកបដោយសក្តានុពលនេះ។ការចងក្រងទិន្នន័យនេះ មានឡើងបន្ទាប់ពីទិន្នន័យដែលទទួលបានផលល្អពីការសាកល្បងដែលបង្ហាញពីវ៉ាក់សាំងប្រើប្រាស់បច្ចេកវិទ្យាបញ្ជូនសារmRNA ដែលប្រើរួមបញ្ចូលគ្នាជាមួយប្រព័ន្ធភាពស៊ាំ Keytruda របស់ក្រុមហ៊ុន Merck បានកាត់បន្ថយហានិភ័យនៃការស្លាប់ ឬការរើឡើងវិញនៃជំងឺមហារីកស្បែកបាន ៤៤ភាគរយ បើប្រៀបធៀបជាមួយការប្រើប្រព័ន្ធភាពស៊ាំ Keytruda តែមួយមុខ។អ្នកវិទ្យាសាស្ត្របាន និងកំពុងប្រឹងប្រែងដេញតាមក្តីស្រមៃ ក្នុងការរឲ្យកឃើញវ៉ាក់សាំង ដើម្បីបង្ការជំងឺមហារីកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយទទួលបានជោគជ័យតិចតួចប៉ុណ្ណោះ។ អ្នកជំនាញនិយាយថា វ៉ាក់សាំង mRNA ដែលអាចផលិតបានដោយប្រើពេលវេលាតិចត្រឹមតែ ៨សប្តាហ៍ ផ្សំជាមួយនឹងថ្នាំដែលធ្វើឲ្យប្រព័ន្ធភាពសុំាមានប្រសិទ្ធភាពកាន់តែខ្ពស់ អាចនាំទៅរករបៀបព្យាបាលជំនាន់ថ្មីសម្រាប់ព្យាបាលជំងឺមហារីក៕

អាជ្ញាធរខណ្ឌ៧មករា បានបន្តចុះត្រួតពិនិត្យទីតាំងមួយកន្លែង ដែលសង្ស័យមានបង្កប់ល្បែងស៊ីសង

2023/06/06 07:39:40 pm        245
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួននៅតែបន្តបង្ហោះជាសាធារណៈថាទីតាំង យីហោ ក្រុមហ៊ុន ស៊ីងវៃ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុង ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករា បានចុះដល់ទីតាំង និងត្រួតពិនិត្យជាក់ស្ដែង ពុំឃើញមានដូចការចុះផ្សាយនោះឡើយ។សូមជម្រាប់ជូនថា នៅព្រឹកថ្ងៃទី០៦ ខែមិថុនាឆ្នាំ២០២៣ នេះ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានចាត់ឲ្យលោក ណុប ផា អភិបាលរងទទួលបន្ទុក ដឹកនាំ​កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំងយីហោ ក្រុមហ៊ុន ស៊ីងវៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លូវលេខ១១៥ សង្កាត់វាល់វង់ ខណ្ឌ៧មករា ​រាជធានីភ្នំពេញ​ តែពុំមានអ្វីពាក់ព័ន្ធបទល្មើស និងល្បែងស៊ីសងឡើយ។ការចុះត្រួតពិនិត្យនេះផងដែរ ​អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបាន​ធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែង​ស៊ីសង​គ្រប់ប្រភេទ​ និងបទល្មើសផ្សេងៗដែលខុសច្បាប់​ ការជួញដូរមនុស្ស ​និងសារធាតុញៀន​ជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរ និងអនុវត្តតាមតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ

រុស្ស៊ី និងអ៊ុយក្រែន ប្រឈមមុខគ្នា នៅឯតុលាការពិភពលោក ជុំវិញការបាញ់ទម្លាក់យន្តហោះ MH17

2023/06/06 06:54:57 pm        151
អ៊ុយក្រែន ៖ប្រទេសអ៊ុយក្រែន និងរុស្ស៊ី ប្រឈមមុខគ្នា នៅឯតុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ នៅថ្ងៃអង្គារនេះ ជុំវិញការចោទប្រកាន់ចំពោះការគាំទ្ររបស់ទីក្រុងម៉ូស្គូដល់ក្រុមបំបែកខ្លួនគាំទ្ររុស្ស៊ី ដែលត្រូវបានស្ដីបន្ទោសថា បានបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី MH17 ក្នុងឆ្នាំ២០១៤។ចៅក្រមនៅតុលាការយុត្តិធម៌អន្តរជាតិ ឬ ICJ នឹងស្តាប់ការអះអាងរបស់អ៊ុយក្រែនដែលថា ក្រុងម៉ូស្គូបានរំលោភលើសន្ធិសញ្ញាប្រឆាំងអំពើភេរវកម្មរបស់អង្គការសហប្រជាជាតិ ដោយបំពាក់អាវុធ និងផ្តល់មូលនិធិដល់កងកម្លាំងគាំទ្ររុស្ស៊ី ដែលអ្នកស៊ើបអង្កេតអន្តរជាតិ បានសន្និដ្ឋានថា បានបាញ់ទម្លាក់យន្តហោះដឹកអ្នកដំណើរនៅភាគខាងកើតអ៊ុយក្រែន ដោយបណ្ដាលឲ្យអ្នកដំណើរ និងបុគ្គលិកអាកាសយានិកទាំងអស់ ២៩៨នាក់ បាត់បង់ជីវិត។ជើងហោះហើរ MH17 បានចាកចេញពីទីក្រុង Amsterdam របស់ប្រទេសហូឡង់ ហើយតម្រង់ទៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដោយនៅពេលនោះ យន្ដហោះនេះ ត្រូវបានវាយប្រហារដោយកាំជ្រួចផលិតដោយរុស្ស៊ី កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ ខណៈដែលការប្រយុទ្ធគ្នា បានផ្ទុះឡើង រវាងក្រុមផ្តាច់ខ្លួនដែលគាំទ្ររុស្ស៊ី និងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន ដែលជាដើមហេតុឲ្យកើតមានសង្រ្គាម នាពេលបច្ចុប្បន្ននេះ។នេះនឹងជាលើកដំបូង ដែលមេធាវី ទាំងសម្រាប់អ៊ុយក្រែន និងរុស្ស៊ី ជួបគ្នានៅតុលាការ ICJ ដែលត្រូវបានគេស្គាល់ផងដែរថា ជាតុលាការពិភពលោក គិតចាប់តាំងពីទីក្រុងម៉ូស្គូ បានបើកការវាយលុកពេញទីលើអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។កាលពីខែវិច្ឆិកាកន្លងទៅ តុលាការរបស់ប្រទេសហូឡង់ បានកាត់ទោសកំបាំងមុខលើបុរសជនជាតិរុស្ស៊ី ២នាក់ និងជនជាតិអ៊ុយក្រែនម្នាក់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទមនុស្សឃាត សម្រាប់តួនាទីរបស់ពួកគេ ក្នុងការបាញ់ទម្លាក់យន្តហោះ MH17។ គេក៏បានរកឃើញផងដែរថា រុស្ស៊ីមាន «ការគ្រប់គ្រងជារួម» លើកងកម្លាំងនៅក្នុងការបំបែកសាធារណរដ្ឋប្រជាមានិត Donetsk នៅភាគខាងកើតអ៊ុយក្រែន ចាប់តាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០១៤។ការរកឃើញដោយតុលាការពិភពលោកថា រុស្ស៊ីបានបំពាក់អាវុធ និងផ្តល់មូលនិធិដល់ពួកឧទ្ទាមនៅភាគខាងកើតអ៊ុយក្រែន ដែលត្រូវទទួលខុសត្រូវចំពោះគ្រោះមហន្តរាយ MH17 នឹងក្លាយជាការបរាជ័យសម្រាប់ទីក្រុងម៉ូស្គូ ដែលបានបដិសេធម្តងហើយម្តងទៀតនូវការបញ្ជូនកងទ័ព ឬឧបករណ៍យោធាទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែនក្នុងឆ្នាំ២០១៤។សេចក្តីសម្រេចរបស់តុលាការ ICJ ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ សម្រាប់វិវាទ រវាងរដ្ឋ មានភ្ជាប់កាតព្វកិច្ច ប៉ុន្តែមិនមានយន្តការអនុវត្តទេ៕

ម្តាយរបស់កុមារអាយុ៦ឆ្នាំដែលបានបាញ់គ្រូបង្រៀននៅរដ្ឋ Virginia ត្រូវបានចោទប្រកាន់បទឧក្រិដ្ឋអាវុធសហព័ន្ធ

2023/06/06 06:49:08 pm        187
អាមេរិក៖ ម្តាយរបស់កុមារអាយុ៦ឆ្នាំម្នាក់ដែលបាននាំយកកាំភ្លើងទៅកាន់សាលារៀនរបស់ខ្លួននៅរដ្ឋVirginia និងបានបាញ់គ្រូបង្រៀននៅឆ្នាំនេះ ត្រូវបានចោទប្រកាន់កាលពីថ្ងៃចន្ទចំពោះបទឧក្រិដ្ឋកម្មកាំភ្លើងសហព័ន្ធ។ នាង Deja Taylor អាយុ២៥ឆ្នាំ ត្រូវបានចោទប្រកាន់ចំនួន២ករណី នៅក្នុងតុលាការសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ភាគខាងកើតនៃរដ្ឋ Virginia ដែលជាអ្នកប្រើប្រាស់ដោយខុសច្បាប់នូវវត្ថុដែលគ្រប់គ្រងក្នុងកម្មសិទ្ធប្រើប្រាស់អាវុធ ហើយពុំបានធ្វើការបញ្ជាក់អះអាងអំឡុងការទិញអាវុធ។  មេធាវីសហគមន៍ទីក្រុង Newport News លោក Howard Gwyn បាននិយាយថា ស្ត្រីរូបនេះ ធ្លាប់ត្រូវបានចោទប្រកាន់កាលពីខែមេសា ដោយគណៈវិនិច្ឆ័យនៅទីក្រុង Newport News លើបទចោទប្រកាន់ការធ្វេសប្រហែសលើកុមារឲ្យបង្កបទឧក្រិដ្ឋ និងករណីបទល្មើសមជ្ឈឹមពីបទទុកអាវុធដោយគ្មានការទទួលខុសត្រូវ ដែលបានបង្កគ្រោះថ្នាក់ដល់កុមារ។ មេធាវីរបស់នាង Taylor លោក James Ellenson បាននិយាយកាលពីថ្ងៃចន្ទថា នាង Taylor នឹងសារភាពទោសកំហុសចំពោះបទចោទប្រកាន់សហព័ន្ធ ក្នុងកិច្ចព្រមព្រៀងមួយជាមួយរដ្ឋអាជ្ញារ។ លោកនិយាយថា អាណត្តិនៃកិច្ចព្រមព្រៀងទំនងជាត្រូវបានបង្ហាញក្នុងរយៈពេល២សប្តាហ៍បន្ទាប់ នៅពេលនាង Taylor ចូលផ្តល់ចម្លើយ។ ឯកសារចោទប្រកាន់សហព័ន្ធ ចោទប្រកាន់ថា នាង Taylor បានកុហក់អំពីការពាក់ព័ន្ធនឹងប្រើប្រាស់កញ្ឆា នៅពេលនាងបានចុះហត្ថលេខាលើឯកសារសហព័ន្ធជាកាតព្វកិច្ចកាលពីឆ្នាំមុន នៅពេលដែលនាងបានទិញអាវុធ Taurus 9 មីលីម៉ែត្រ ។ ឯកសារនិយាយថា ក្រោយមកការពិតបានដឹងថា នាងជាអ្នកប្រើប្រាស់កញ្ឆាខុសច្បាប់៕

រដ្ឋធានីឈីលី ប្រឈមនឹងការបង្កកង្វក់ខ្យល់យ៉ាងធ្ងន់ធ្ងរ

2023/06/06 05:16:25 pm        142
រដ្ឋធានីឈីលី៖ សំណុំពពកកខ្វក់ដ៏ក្រាស់ បានអណ្ដែតពេញផ្ទៃមេឃនៃរដ្ឋធានី Santiago របស់ប្រទេសឈីលី កាលពីថ្ងៃចន្ទ (ទី៥ ខែមិថុនា)។ លោក Raul Cordero អ្នកជំនាញអាកាសធាតុនៃសាកលវិទ្យាល័យ Universidad de Santiago បាននិយាយថា អំឡុងរដូវរងា ការបង្កកង្វក់នេះ គឺបណ្តាលមកពីភាគល្អិត ជាភាគល្អិតរឹង និងរាវដែលពិបាកឲ្យភ្នែកមនុស្សមើលឃើញនៅក្នុងខ្យល់។ លោកបានបន្ថែមថា Santiago គឺជាទីក្រុងដែលមានការបង្កកង្វក់ខ្លាំងបំផុតរបស់ទ្វីបនេះ។ដើម្បីបញ្ចៀសការរីករាលដាលនៃជំងឺតាមរដូវកាល អាជ្ញាធរបានស្នើឲ្យប្រជាពលរដ្ឋប្រកាន់យកនូវវិធានការ ដូចជាការលាងដៃជាប្រចាំ និងការពាក់ម៉ាស់ជាដើម។រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកស្រី Ximena Aguilera បានរាយការណ៍ថា ចំនួនករណីនៃជំងឺផ្លូវដង្ហើមចំពោះកុមារ បានកើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ក្រសួងរបស់លោកស្រីបានប្រកាសថា ក្រសួងបាន និងកំពុងត្រៀមទប់ទលល់នឹងការឆ្លងនេះ ប៉ុន្តែពួកគេបានធានាថា វិធានការនឹងមិនមានសភាពធ្ងន់ធ្ងរដូចអ្វីដែលបានធ្វើឡើងកាលពីឆ្នាំមុន នៅពេលដែលថ្ងៃឈប់សម្រាករដូវរងាត្រូវបានណែនាំឲ្យកាត់បន្ថយ៕

សេវាកម្មរថភ្លើងបានបន្តនៅស្ថានីយ៍ក្នុងតំបន់បន្ទាប់ពីគ្រោះមហន្តរាយរថភ្លើងនៅឥណ្ឌា

2023/06/06 04:40:02 pm        149
ឥណ្ឌា៖ ដោយធ្វើដំណើរយឺតៗនៅលើផ្លូវដែកដែលបានជួសជុលរួច កាលពីថ្ងៃចន្ទរថភ្លើងជាច្រើនគ្រឿងបានចាប់ផ្តើមឆ្លងកាត់ទីតាំងឧបត្តិហេតុរថភ្លើងបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតនៅប្រទេសឥណ្ឌាក្នុងរយៈពេលជា២ទសវត្សរ៍កន្លងទៅនេះ និងកំពុងមកដល់ជិតស្ថានីយ៍ Bahanaga Bazar ។ បុគ្គលិកអយស្ម័យយាន នៅសា្ថនីយ៍តូចមួយនេះ ដែលភ្លាមៗនោះស្ថិតក្រោមចាប់អារម្មណ៍ជាលក្ខណៈសកល បន្ទាប់ពីឧបត្តិហេតុដ៍រន្ធត់នេះ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២៨៨នាក់ ស្លាប់ កំពុងធ្វើការជួសជុលផ្លូវរថភ្លើងខូច និងបន្តប្រតិបត្តិការផ្លូវរថភ្លើងជាធម្មតាវិញ។ គ្រោះមហន្តរាយរថភ្លើង បានកើតឡើងកាលពីថ្ងៃសុក្រទី២ ខែមិថុនា នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយរថភ្លើងដឹកទំនិញនៅមួយកន្លែង បានធ្លាក់ចេញពីផ្លូវនិងបានបុកជាមួយរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀតក្នុងទិសដៅផ្ទុយគ្នា នៅក្បែរស្រុក Balasore នៅរដ្ឋOdisha ភាគខាងកើត។ បន្ទាប់ពីកិច្ចប្រឹងប្រែងឥតឈប់ឈរដើម្បីជួយសង្គ្រោះអ្នកនៅរស់រានមានជីវិត និងបោសសម្អាត ព្រមទាំងជួសជុលផ្លូវដែក រថភ្លើងបានបន្តរត់លើកំណាត់ផ្លូវនេះចាប់តាំងពីយប់ថ្ងៃអាទិត្យ។ រថភ្លើងជាច្រើនគ្រឿងកំពុងឆ្លងកាត់យ៉ាងយឺតៗទូរថភ្លើងខូច និងធ្លាក់ចេញពីផ្លូវ ខណៈការងារជួសជុល បានបន្តនៅផ្នែកចំហៀងនៃផ្លូវរថភ្លើង។ការសើបអង្កេតបឋម បានបញ្ជាក់ថា រថភ្លើង Coromandel Express កំពុងធ្វើដំណើរទៅកាន់ភាគខាងត្បូង ទៅកាន់ទីក្រុង Chennai ពីទីក្រុងKolkata បានធ្លាក់ចេញពីផ្លូវរត់ ហើយចូលទៅផ្លូវកែងរង្វង់ ជាផ្លូវម្ខាងទៀត ត្រូវបានប្រើប្រាស់ដើម្បីចតរថភ្លើងក្នុងល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយបានបុកជាមួយរថភ្លើងដឹកទំនិញដែលឈប់នៅមួយកន្លែង៕

ក្រុមអ្នកពន្លត់អគ្គិភ័យបានចាប់ផ្តើមតាមផែនការដើម្បីទប់ស្កាត់ចំហេះព្រៃ នៅក្នុងខេត្ត British Columbia

2023/06/05 06:55:08 pm        116
កាណាដា៖ ក្រុមអ្នកពន្លត់អគ្គិភ័យ នៅក្នុងខេត្ត British Columbia ប្រទេសកាណាដា បានចាប់ផ្តើមតាមផែនការដើម្បីទប់ស្កាត់ចំហេះព្រៃ ដែលបានឆេះរាលដាលប្រមាណ២៤១,២១៤ ហិចតាក្នុងតំបន់ព្រៃឈូងសមុទ្រ Donnie ។ គិតត្រឹមថ្ងៃអាទិត្យទី៤ ខែមិថុនា មានអគ្គិភ័យសកម្ម៦៧កន្លែងនៅក្នុងខេត្ត British Columbia ដែល១១កន្លែងបានចាប់ផ្តើមកាលពី២៤ម៉ោងកន្លងទៅនេះ។ ខេត្ត Alberta និង British Columbia នៅប្រទេសកាណាដាភាគខាងលិច កំពុងដោះស្រាយនិទាឃរដូវដែលមានកម្តៅខុសប្រក្រតីនៅឆ្នាំនេះ ដែលបានបង្កឲ្យមានចំហេះព្រៃហួសពីការគ្រប់គ្រងជាច្រើនកន្លែង ដោយបានកាត់ផ្តាច់ការផលិតប្រេងនឹងឧស្ម័ន។កាលពីខែមុន នៅព្រំដែនខេត្ត Alberta បានប្រកាសរដ្ឋក្នុងគ្រាអាសន្ននៅក្នុងខេត្តនេះ បន្ទាប់ពីមនុស្សរាប់ម៉ឺននាក់តូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេ ខណៈចំហេះព្រៃមិនធ្លាប់មានបានឆេះរាលដាល៕

ការបាក់អណ្តូងរ៉ែបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១២នាក់ស្លាប់ នៅប្រទេសវ៉េណេហ្ស៊ុយអេឡាភាគខាងត្បូង

2023/06/05 06:51:24 pm        148
វ៉េណេហ្ស៊ុយអេឡា៖ អាជ្ញាធរតំបន់បាននិយាយ កាលពីថ្អៃអាទិត្យថា ទឹកជំនន់បានបណ្តាលឲ្យបាក់រលំអណ្តូងរ៉ែមាស នៅប្រទេសវ៉េណេហ្ស៊ុយអេឡាភាគខាងត្បូង បណ្តាលឲ្យកម្មករអណ្តូងរ៉ែយ៉ាងហោចណាស់១២នាក់ស្លាប់ ហើយសាកសពជនរងគ្រោះ ត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសាររបស់ពួកគេ។អណ្តូងរ៉ែ Talavera មានទីតាំងស្ថិតនៅទីក្រុង El Callao ក្នុងរដ្ឋ Bolivar ប្រទេសវ៉េណេហ្ស៊ុយអេឡាបានជនលិចកាលពីថ្ងៃពុធ ដោយសារតែភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែបុគ្គលិកសង្គ្រោះ ពុំអាចបញ្ចប់កិច្ចប្រឹងប្រែងការស្វែងរកនៅមុនថ្ងៃសៅរ៍នោះទេ។  អជ្ញាធរនិយាយថា មនុស្សប្រមាណ១១២នាក់ ត្រូវបានសង្គ្រោះចេញពីអណ្តូងរ៉េបាក់ស្រុតនេះ។ផ្លូវរូងក្រោមដី នៅអណ្តូងរ៉េ Talavera ត្រូវបានបើក ក្នុងការបង្កើតដំបូងដោយកម្មករអណ្តូងរ៉ែដែលពុំត្រូវបានអនុញ្ញាតជាផ្លូវការ ដែលស្វែងរកមាស។ក្រុមគាំទ្រនិងអង្គការនានា បានចេញការព្រមានអំពីតំបន់នេះ ដោយអង្គការសហប្រជាជាតិកាលពីឆ្នាំមុន បានរាយការណ៍ថា ការបំពានសិទ្ធិមនុស្សបានកើតមានឡើងនៅក្នុងតំបន់ស្វែងរករ៉ែរបស់ប្រទេសវ៉េណេហ្ស៊ុយអេឡា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM