ជាង៧ខែ ជនបរទេសជាង៥ម៉ឺននាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្នុងនោះមាន ១ម៉ឺន៧ពាន់នាក់ពាក់ព័ន្ធ Online Scams
ឆមាសទី១ឆ្នាំនេះ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទជាង ១១០ករណី និងសង្គ្រោះបាន ៥៨១នាក់
មនុស្ស៦នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅវាលវែង
ក្រសួងព័ត៌មានអប់រំណែនាំក្រុមអ្នកផលិតមាតិកា ២ក្រុម គឺ «ក្រុមនាយក្រឹប» និង «ក្រុមគ្រូតឿ» ដែលបានផលិតផ្សព្វផ្សាយមាតិកាមិនសមរម្យ និងបំពានលើក្រមសីលធម៌

សន្តិសុខ និង សង្គម

តំណាងគ្រួសារក្មេងស្រីស្លាប់ និងប្រពន្ធរបួសធ្ងន់នៅខេត្តកោះកុង ដង្ហើយរកយុត្តិធម៌

2022/07/26 08:49:24 pm        744
កោះកុង៖ តំណាងក្រុមគ្រួសាររបស់ក្មេងស្រីម្នាក់បានស្លាប់ និងប្រពន្ធរងរបួសធ្ងន់ធ្ងរកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានដង្ហើយរកយុត្តិធម៌ដើម្បីផ្តន្ទាទោសជនបង្កតាមច្បាប់ ខណៈបាត់បង់មនុស្សជាទីស្រឡាញ់ធ្វើឱ្យរងវិបត្តិផ្លូវចិត្ត។លោក ព្រឿង សារ៉ាត់ ជាប្តីរបស់ស្រ្តីរងគ្រោះឈ្មោះ ឆាំង ឆានិត អាយុ៣៨ឆ្នាំ (របួសធ្ងន់) និងកុមារីឈ្មោះ ភឿន ដារ៉ា អាយុ១២ឆ្នាំ (ស្លាប់) រស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ បានដង្ហើយរកអ្នកច្បាប់ និងសមត្ថកិច្ចជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ មេត្តាជួយធ្វើយ៉ាងណា​រកយុត្តិធម៌ និងសងសំណងជាថវិកាប៉ះប៉ូវផ្លូវចិត្តដែលខូចខាតមកលើគ្រួសារបស់ខ្លួន។ការទាមទាររកយុត្តិធម៌នេះ ធ្វើឡើងក្រោយជនបង្កឈ្មោះ កែវ បញ្ញា បើករថយន្តក្នុងល្បឿន​បុកពេញ​ទំហឹងពីក្រោយពេលកំពុងធ្វើដំណើរពីកើតទៅលិចអូស​ជាច្រើនម៉ែត្រ​លើដងផ្លូវទល់​មុខ​អនុវិទ្យាល័យ ជា ស៊ីម សាមគ្គី។តំណាងគ្រួសារជនរងគ្រោះ បានបន្ថែមនៅថ្ងៃទី២៦ ខែកក្កដា ថា ជនបង្កឈ្មោះ កែវ បញ្ញា ជា​មន្រ្តីនគរបាលកងកម្លាំងអន្តរាគមន៍បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដោយ​កាលពីព្រលប់ម៉ោងជិត ៧យប់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ថ្មីៗនេះ បានបើករថយន្តម៉ាកFord ស្លាកលេខ 2BQ-1255 ក្នុងល្បឿនលឿនចេញពីមុខហាង អៀ អយ ឆ្ពោះមកកាន់រង្វង់លោកយាយ​រែកផ្លែឈើ​ ហើយលុះមកដល់ចំណុចកើតហេតុខាងលើ បណ្តាលឱ្យគ្រោះថ្នាក់ចរាចរណ៍តែម្តង។លោក ព្រឿង សារ៉ាត់ ​រៀបរាប់ទាំងក្តីរន្ធត់ចិត្តយ៉ាងខ្លាំងថា ភ្លាមៗនោះមហាជនសង្កេតឃើញថា​ជនបង្កព្យាយាមរត់គេច ប៉ុន្តែត្រូវបានរកឃើញជនបង្កកំណត់​អត្តសញ្ញាណបាន។ រូបលោក និងក្រុមគ្រួសារ ​ពិតជាវិប្បសារីជាអនេកចំពោះបាត់បង់ជីវិតក្មេងស្រីដ៏គួរឱ្យស្រឡាញ់់ ទើបតែមក​ពីខេត្តព្រែវែង ​និងរស់នៅជាមួយខ្លួនជួយមើលថែរក្សាជីដូនដែលមានជំងឺប្រចាំកាយធ្ងន់ ទើបតែបាន​១សប្តាហ៍ប៉ុណ្ណោះ។ អំឡុងមកមើលថែជីដូន ល្ងាចថ្ងៃកើតហេតុក៏សុំប្រពន្ធរបស់លោក ឌុបនាងដើរលេងលំហែ ប៉ុន្តែមិនគួរណាជួបគ្រោះអកុសលនេះ។គួរកត់សម្គាល់ថា ២ថ្ងៃហើយ ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍បង្កឱ្យមនុស្សស្លាប់ និងរងរបួសធ្ងន់នេះ ត្រូវបានបិទជិតឈឹងគ្មានដំណឹងអ្វីទេ ​តែទើបបែកធ្លាយដល់ដៃអ្នកសារព័ត៌មានថ្ងៃនេះ។ លោក យស់ ចាន់វិចិត្រ អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ​ថ្លែងឱ្យដឹងថា លោកកំពុង​ធ្វើការ​លើករណីនេះហើយ ​ដោយជនបង្កក៏ក្តោបបានដែរហើយ។ លោកអធិការនគរបាលក្រុងខេមរភូមិន្ទ លើកឡើងថា ឥឡូវ​សម្របសម្រួលរក​ដំណោះស្រាយ​ទៅកាន់​ក្រុមគ្រួសារជនរងគ្រោះសងជាសំណងទូទាត់ ​ដើម្បីមានលទ្ធភាពស្តារសេដ្ឋកិច្ចជីវភាព និងធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកចំពោះសំណួរសួរថា ​ក្រៅពីការសងសំណងថវិការួចរាល់ ជនបង្កអាចនឹងរួចខ្លួនពីការផ្តន្ទាទោសតាមច្បាប់ឬ? លោកអធិការមិនតបឆ្លើយតាមប្រព័ន្ធ​តេឡេក្រាមនោះឡើយ។យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី មាត្រា៨៥ ចែងថា ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញាត្តិស្តីពីចរាចរណ៍​ផ្លូវគោក​តម្រូវបណ្តាល​ឱ្យស្លាប់អ្នកដ៏ទៃ​ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យ​ជាប្រាក់ពី៤លាន​រៀលទៅ១៥លានរៀល ​និងអាចត្រូវផ្តន្ទាទោសដោយទោសបន្ថែមមួយ ​ឬច្រើន ដូចមាន​ចែងក្នុងមាត្រា៥៣ (ប្រភេទនៃទោសបន្ថែម)នៃក្រមព្រហ្មទណ្ឌ៕អត្ថបទ៖ ឈឹម មករា

កិច្ចប្រជុំ​ក្រុមប្រឹក្សាបច្ចេកទេស​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​លើក​ទី​៧ ឆ្នាំ​២០២២ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺអេដស៍​

2022/07/25 06:25:12 pm        536
ភ្នំពេញ៖ ដោយ​ទទួលបាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​ឯកឧត្តម ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឯកឧត្តម បណ្ឌិត ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ជា​ប្រធាន​ក្រុមប្រឹក្សាបច្ចេកទេស បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​បច្ចេកទេស​លើក​ទី​៧ ឆ្នាំ​២០២២ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​លុបបំបាត់​ជំងឺ​អេដស៍​។​ ​ក្នុង​កិច្ចប្រជុំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ធ្វើឡើង​តាម​ប្រព័ន្ធ ZOOM និង​ដោយ​ផ្ទាល់​នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​, កិច្ចប្រជុំ​នេះ​ដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ លោក លោកស្រី​ជា​សមាជិក សមាជិកា អញ្ជើញ​មកពី​ក្រសួង ស្ថាប័ន រាជធានី ខេត្ត និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ដែល​ធ្វើ​ការងារ​អេដស៍​ទាំងអស់ និង​មាន​គោលបំណង​លើក​ចំណុច​គន្លឹះ អំពី​តួនាទី​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​តួនាទី​របស់​ក្រុមប្រឹក្សាបច្ចេកទេស និង​តួនាទី​ក្រុម​យុទ្ធសាស្ត្រ។ ​ឯកឧត្តម បណ្ឌិត ឈឹម ឃិន​ដា​រ៉េត បាន​សង្កត់ធ្ងន់ថា ជា​យុទ្ធសាស្ត្រ​ដែល​យើង​បាន​ធ្វើ​នា​ពេល​នេះ​គឺ​ការផ្សព្វផ្សាយ​បង្ការ ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​ការឆ្លង​មេរោគ​អេដស៍​ថ្មី ជាពិសេស​ក្នុងចំណោម​ប្រជាជន​គន្លឹះ ដែល​យើង​កំពុង​ព្រួយបារម្ភ​នោះ​គឺ​ក្រុម​បុរស​រួមភេទ​ជាមួយ​បុរស ដែល​មាន​គ្នា​រហូតដល់​ទៅ​ជិត ​៩​ម៉ឺន​នាក់ និង​មាន​អត្រា​ប្រេ​វ៉ាឡង់​ខ្ពស់​ដែល​មាន​ចំនួន ​៤% បើ​ប្រៀបធៀប​ជាមួយ​ចំនួន​ប្រជាជន​ទូទៅ​ ០.៥% និង​តាម​ការសិក្សា​ស្រាវជ្រាវ​គឺ​ការប្រើប្រាស់​ស្រោមអនាម័យ​របស់​ពួកគាត់​នៅ​កម្រិត​ទាប នេះ​ជា​ចំនុច​ដែល​យើង​កំពុង​គិតពិចារណា និង​អ្វីដែល​សំខាន់​គឺ​ការ​បង្ការ​។ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន អង្គការ​ដៃគូរ​សង្គម​ស៊ីវិល​ទាំងអស់ធ្វើការ​អប់រំ ផ្សព្វផ្សាយ និង​បងប្អូន​អ្នក​ផ្ទុក​មេរោគ​អេដស៍ ទន្ទឹមនឹងនោះ​បងប្អូន​ដែល​សង្ស័យ​ថា ​ផ្ទុក​មេរោគ​អេដស៍​សូម​ឲ្យ​ចូល​មក​រក​សេវា​ធ្វើតេស្ត​រក​មេរោគ​អេដស៍​។ ជាពិសេស​សម្រាប់​ប្រទេស​កម្ពុជាការ​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ និង​ព្យាបាល​មេរោគ​អេដស៍​នេះ​គឺ​មិន​គិត​ប្រាក់​នោះ​ទេ ដូចនេះ​សូម​ចូលរួម​ទាំង​អស់​គ្នាដើម្បី​ឲ្យ​ទទួល​សេវា​ព្យាបាល​បាន​ទាន់ពេលវេលា និង​មាន​សុខភាព​ល្អដូច​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ​៕ អត្ថបទ៖ រដ្ឋា

រយៈពេល​ ០១​ខែ​ចុង​ក្រោយនេះ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​ផ្តល់​ថ្នាំ​អា​បេ​ត​ជាង​ ១១​តោន​ដល់​ការិយាល័យ​ស្រុក​ប្រតិបត្តិ​ទាំង​៦ ​នៅ​ជាយក្រុង​ភ្នំពេញ

2022/07/23 05:21:21 pm        838
ភ្នំពេញ៖ ឯកឧត្តមវេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ​ប្រាប់ ​BTV ព័ត៌មាន តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegram) នា​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២២​នេះ​ថា ចាប់ពី​ថ្ងៃទី​១៥ ខែមិថុនារហូតមកដល់​ថ្ងៃនេះ ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានផ្តល់​ថ្នាំ​អា​បេ​ត​ចំនួន ១១.៥០០​គីឡូក្រាម​ដល់​ការិយាល័យ​ស្រុក​ប្រតិ​ប​តិ្ត​ទាំង​៦ ​នៅ​ជាយក្រុង​ភ្នំពេញ​។​​ឯកឧត្ដមវេជ្ជបណ្ឌិត ងី មាន​ហេង បាន​បន្ថែមទៀតថា ការិយាល័យ​ស្រុក​ប្រតិ​ប​តិ្ត​ទាំង​៦ (​ហៅ​កាត់​ថា OD) នៅ​ជាយក្រុង​ភ្នំពេញ ដែល​បានទទួល​ថ្នាំ​អា​បេ​ត​ពី​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញ ដើម្បី​យក​ទៅ​ដាក់​តាម​ពាង​ទឹក ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​រួមមាន​៖ OD បាសាក់​ទទួល​បាន​ចំនួន ​២០០០​គីឡូក្រាម​, OD ដង្កោ​ទទួល​បាន​ចំនួន ​១៥០០​គីឡូក្រាម​, OD ពោធិ៍​សែន​ជ័យ​ទទួលបាន​ចំនួន ​២៥០០​គីឡូក្រាម​, OD ព្រែក​ព្នៅ​ទទួលបាន​ចំនួន ​២០០០​គីឡូក្រាម​, OD សែន​សុខ​ទទួលបាន​ចំនួន ​២០០០​គីឡូក្រាម និង OD មេគង្គ​ទទួលបាន​ចំនួន ​១៥០០​គីឡូក្រាម សរុប​ចំនួន ​១១.៥០០​គីឡូក្រាម​។​ ​ប្រធាន​ម​នី្ទ​រ​សុខាភិបាល​រាជធានី​ភ្នំពេញរូបនោះ បាន​អំពាវនាវ​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា​។ ទឹក​ដក់​ថ្លាជា​ជម្រក​មូស​ខ្លា (​ទឹក​ដក់​នៅក្នុង​សំបក​កង់ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ដប វត្ថុ​ដក់​ទឹកភ្លៀងជា​ជម្រក​មូស​ខ្លា​) យើង​រួមគ្នា​លុបបំបាត់​ជម្រក​មូស​ខ្លានៅក្នុង​សហគម​ន៌​របស់​យើង ដើម្បី​រួមចំណែក​ទប់ស្កាត់​ការចម្លង​ជំងឺគ្រុនឈាម​។មូស​ខ្លាជា​ភ្នាក់ងារ​ចំលងជំងឺ​គ្រុនឈាម រីឯ​មូស​អង្កាមមិនមែនជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​នោះទេ​។ ការ​ទុកដាក់​សំបក​កង់ឡាន ម៉ូតូ​ហាលភ្លៀង​នៅក្នុង​សហគមន៍គឺជា​ការបង្កើត​ជម្រក​មូស​ខ្លា​ក្រោយពេល​ភ្លៀង​ធ្លាក់​។ មូស​ខ្លាមិន​ពង​ដាក់​ក្នុង​ទឹកស្អុយ លូ និង​ទឹកល្អក់​ទេ​។ មូស​ខ្លាពង​ដាក់​ក្នុង​ទឹក​ដក់​ថ្លា គ្មាន​ក្លិនស្អុយ ទឹក​ក្នុង​ថូផ្កា ទឹក​ក្នុង​ទម្រ​ជើង​ទូ​ចាន ទឹក​ដក់​នៅក្នុង​ចាន​ស្នោ និង​កែវ​ជ័រដែល​ចោល​ហាលភ្លៀង ទឹក​ដក់​លើ​ថង់​ប្លា​ស្ទិ​ក​ចោល​ហាលភ្លៀង​។ ការដាក់​អា​បេត​ក្នុង​ពាង និង​អាងទឹក​ដើម្បី​សម្លាប់​ដង្កូវទឹក​ ជាការ​រួមចំណែក​ទប់ស្កាត់​ការកកើត​មូស​ខ្លា​ដែលជា​ភ្នាក់ងារ​ចម្លងជំងឺ​គ្រុនឈាម​។ ឯកឧត្តមវេជ្ជបណ្ឌិត ងី មាន​ហេង បានបញ្ជាក់​ទៀតថា ក្នុង​រយៈ​៦​ខែ (​ខែមករា​-​ខែមិថុនា​) ដើមឆ្នាំ​២០២២​នេះ ក្នុង​រាជធានី​ភ្នំពេញករណី​ជំងឺគ្រុនឈាមមាន​ចំនួន ​៣៧៥​ករណី និង​ករណី​ស្លាប់គ្មាន​៕ ​អត្ថបទ៖ រដ្ឋា

អ្នករស់នៅ និងប្រកបអាជីវកម្មក្នុងអគារអូឡាំព្យាស៊ីធី ហ្វឹកហាត់ និងប្រតិបត្តិការសង្គ្រោះ ពេលមានគ្រោះអគ្គិភ័យ ឬហេតុការណ៍បន្ទាន់កើតឡើង

2022/07/22 05:41:44 pm        498
ភ្នំពេញ៖ ក្រុមហ៊ុនអចលទ្រព្យ អូឡាំព្យា ស៊ីធី បានដឹកនាំអ្នករស់នៅ និងប្រកបអាជីវកម្ម ក្នុងអគារ អូឡាំព្យាស៊ីធី ហ្វឹកហាត់ និងប្រតិបត្តិការសង្គ្រោះ ពេលមានគ្រោះអគ្គិភ័យ ឬហេតុការណ៍បន្ទាន់កើតឡើងជាយថាហេតុ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។លោក ហួត សុខសុវណ្ណមនី ប្រធានផ្នែកទីផ្សារ ការិយាល័យគ្រប់គ្រងអចលទ្រព្យ អូឡាំព្យាស៊ីធី បានឲ្យដឹងថា ការហ្វឹកហាត់នេះធ្វើឡើង ជាលើកដំបូងរបស់ក្រុមហ៊ុន ដោយមានការចូលរួម ជាមួយអ្នករស់នៅក្នុងអគារ អូឡាំព្យាស៊ីធី និងបុគ្គលិកធ្វើការក្នុងអគារដឹ ហ្វ័រធូនថោវវើ ជាង៥០០នាក់។ការហ្វឹកហាត់ និងប្រតិបត្តិការនេះ គឺជាផ្នែកមួយរួមចំណែកជាមួយអាជ្ញាធរ និងការគិតគូរខ្ពស់ ពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋរស់នៅក្នុងអគារអូឡាំព្យា ស៊ីធី ទាំងមូល។

ជនសង្ស័យបទល្មើសនេសាទ២៥នាក់ ត្រូវបានចាប់ខ្លួន ខណៈសម្ភារៈនេសាទខុសច្បាប់ជាច្រើនបានរឹបអូស

2022/07/19 09:30:37 pm        733
ភ្នំពេញ៖ ជនសង្ស័យបទល្មើសនេសាទចំនួន២៥នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូន​សំណុំរឿង​ទៅតុលាការ​ចំនួន ៥០ករណី ខណៈសម្ភារៈនេសាទឆក់ក្តៅ និងត្រជាក់រាប់ពាន់​ករណី​ត្រូវបាន​រឹបអូស​ចាប់ពីខែមីនា ឆ្នាំ២០២២ មកបន្ទាប់ពីមានបទបញ្ជាក្តៅរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល និងជាប្រធានរដ្ឋបាលជលផល។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដែលបានរៀបចំឡើង ដោយទីស្តីការគណៈរដ្ឋមន្រ្តី នា​ព្រឹក​ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ ​ឯកឧត្តម ពុំ សុថា ​បានលើកឡើងថា ក្រុមការងារបង្រ្កាបបទ​ល្មើសនេសាទ ​នៅបឹងទន្លេសាបជាទ្រង់ទ្រាយធំ ​ចាប់ពីមានបទបញ្ជាយ៉ាងក្តៅគគុក ពី​ប្រមុខរាជរដ្ឋាភិបាលមក ធ្វើការឃាត់ខ្លួនមនុស្សបានមួយចំនួនរួមទាំង​សម្ភារៈនេសាទ ខណៈជនសង្ស័យមួយចំនួនទៀត​បានកំពុងស្រាវជ្រាវចាប់ខ្លួន។សូមបញ្ជាក់ថា កាលពីខែមីនា ​ឆ្នាំ២០២២កន្លងទៅនេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា ​បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ធ្វើការសហការគ្នាជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ អាជ្ញាធរខេត្តត្រូវចាត់វិធានការក្តៅបំផុតចំពោះបទល្មើសនេសាទ នៅតាម​បឹងទន្លេសាប ដែលបានធ្វើឲ្យបាត់បង់​ផលនេសាទ​ច្រើននាពេលកន្លងមក។ក្រោយមានបទបញ្ជា​របស់​សម្តេចតេជោ​ នាយករដ្ឋមន្រ្តី​ ក្រុមមន្រ្តីប្រឆាំងបទល្មើសនេសាទ ធ្វើការ​ចាប់ជនសង្ស័យបានជាបន្តបន្ទាប់​ ដោយ​ប្រើប្រាស់​មធ្យោបាយ​អាកាស​ និងទឹក៕ អត្ថបទ៖ បាន ចក់

បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ករណីបៀតបៀន​កេរ្ដិ៍ខ្មាស​

2022/07/19 09:13:54 pm        1063
ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ​អនីតិជន បានធ្វើការ​ឃាត់ខ្លួន​បុរសម្នាក់ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី ប្រទូស្ត​កេរ្ដិ៍ខ្មាស​មានស្ថានទម្ងន់​ទោស​ដោយសារ​មធ្យោបាយ​ប្រើប្រាស់​ ឬទាក់ទងនឹងចារី និងប្រើប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន។ដោយមានការ​ចង្អុលបង្ហាញពី ឯកឧត្តម ឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ​នគរបាល​រាជធានីភ្នំពេញ ​និងលោកឧត្តមសេនីយ៍ទោ​ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារ​ការិយាល័យប្រឆាំងការជួញដូរមនុស្ស ​និងការពារអនីតិជន។ជាក់ស្ដែងនៅវេលាម៉ោង ១១ ថ្ងៃត្រង់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យ​ប្រឆាំង​ការ​ជួញដូរមនុស្ស និងការពារ​អនីតិជន​ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ហាក់ លី នាយរង​ការិយាល័យ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ​៥៧២ «ន»ដ.ច.ន ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ​របស់លោក ទិតសុទ្ធី បូរ៉ាឆាត ចៅ​ក្រមស៊ើប​សួរ​សាលា​ដំបូងរាជធានីភ្នំពេញ ដោយ​បានឃាត់ខ្លួន​ជនសង្ស័យម្នាក់ នៅចំណុច ឃ្លាំងលក់រថយន្ត ផ្លូវលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។នគរបាល បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ភ័ក្រ្ត មេត្តា ភេទប្រុស អាយុ ៤២ឆ្នាំ មុខ​របររត់កង់បី ទីលំបច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៣A ផ្លូវលេខ១៧៨ ភូមិ២ ​សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។គួរបញ្ចាក់ផងដែរ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បុរសជា​ជនសង្ស័យ​បាន​ប្រព្រឹត្តបទល្មើស​នៅចំណុចផ្ទះជួលលេខ៣A ផ្លូវលេខ១៧៨ ភូមិ២ ​សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលជំនាញនៃការិយាល័យនាំខ្លួនមក​ សាកសួរ​កសាង​សំណុំរឿង បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ​ដើម្បីចាត់ការតាមផ្លូវច្បាប់៕អត្ថបទ៖ កុម្ភៈ

ក្រុមការងារ​សង្គ្រោះ​ជួយ​ស្វែង​រក​ឃើញ​សព​អ្នកនេសាទ​ដែល​បាន​ធ្លាក់​ចូល​ក្នុង​សមុទ្រ​នោះ​ហើយ

2022/07/19 06:59:10 pm        1002
​ព្រះសីហនុ​៖ ក្រុម​សង្គ្រោះ​របស់លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគម​ភ្នាក់ងារ​ដឹក​ជញ្ជួន​ទេសចរណ៍​ជលយាន​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​សព​អ្នក​នេសាទ​ដែល​ធ្លាក់​ពីលើ​ទូក​នេសាទ​ចូល​ក្នុង​សមុទ្រ​បាត់​ខ្លួន​នោះ​ហើយ នៅ​ចំណុច​ខាងជើង​កោះរ៉ុង ក្រុង​កោះរ៉ុង ខេត្ត​ព្រះសីហនុ ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០២២​។ ​លោក​ឧកញ៉ា​បាន​ឱ្យ​ដឹង​ថា សូម​ចូលរួម​សោកស្តាយ​ចំពោះ​ការបាត់​បង់ជីវិត​អ្នកនេសាទ​រូប​នេះ សព​ជនរងគ្រោះ លី ថេ​ង ត្រូវ​បាន​ក្រុម​សង្គ្រោះ​នាំ​យក​មក​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រយៈពេល​ប៉ុន្មាន​ពីរ​សប្តាហ៍​នេះ ខេត្ត​ព្រះសីហនុ បាន​នឹង​កំពុង​ទទួល​រង​នូវ​សម្ពាធ​ទាប​ដែល​ធ្វើ​ឲ្យ​អាកាសធាតុ​អាប់អួរ លោក​ក៏បាន​បន្ត​អំពាវនាវ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ចំពោះ​ការ​ធ្វើ​ដំណើរ​លើ​ផ្ទៃ​សមុទ្រ ជាពិសេស​ប្រជា​នេសាទ​សូម​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ទូក​ឱ្យ​បាន​ត្រឹមត្រូវ​និង​ពាក់អាវ​ពោង​សុវត្ថិភាព ព្រមទាំង​ត្រៀម​ឧបករណ៍​សម្រាប់​រក​ជំនួយ​ពេល​ជួប​គ្រោះអាសន្ន​។​សូម​បញ្ជាក់​ថា កាល​រសៀល​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២២ តាម​ការ​ស្នើ​សុំ​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ លោក​ឧកញ៉ា ទៀ វិចិត្រ ប្រធាន​សមាគម​ភ្នាក់ងារ​ដឹក​ជញ្ជួន​ទេសចរណ៍​ជលយានខេត្ត​ព្រះសីហនុ បាន​បញ្ជូន​ក្រុមការងារ​សង្គ្រោះ និង​អូប័រ​ល្បឿន​លឿន​របស់​ក្រុមហ៊ុន G.T.V.C សហការ​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក ចេញទៅ​ជួយ​ស្វែងរក​បុរស​អ្នកនេសាទ​ម្នាក់ ដែល​បាន​ធ្លាក់​ពីលើ​ទូក​នេសាទ​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ​បាត់​ខ្លួន នៅ​ចំនុច​ចន្លោះ​ពយ​ក្បាល​ខ្មោច (​អៅ​តា​ផេង​) និង​កោះ​តា​ទឹម កាលពី​យប់​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២២ ដែលមាន ឈ្មោះ លី ថេ​ង ភេទ​ប្រុសអាយុ ៣៦​ឆ្នាំ មាន​មុខ​របរ​ជា​កូនដៃ​ទូក មាន​ស្រុកកំណើត​នៅ​ភូមិ​សាវង្ស ឃុំ​តា​ចេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់នៅ​ផែ​ជលផល​ទំនប់រលក​នៅ​ភូមិ​៣ សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ រហូត​មក​យប់​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២២​នេះ នៅ​មិនទាន់​ប្រទះឃើញ​ជនរងគ្រោះ​នៅឡើយ ដូច្នេះ​ការ​ស្វះ​ស្វែងរក​ជនរងគ្រោះ​កំពុង​ធ្វើជា​បន្ត​ទៀត ដោយ​ក្រុម​សង្គ្រោះ​ក្រុមហ៊ុន​លោក​ឧកញ៉ា G.T.V.C បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវទឹក នៅតែ​បន្ត​ស្វែងរក​រហូតដល់​ថ្ងៃនេះ​ទើប​ឃើញ៕ អត្ថបទ៖ ប៊ុនថា

ចាប់​តាំង​ពី​មានការ​ឆ្លង​ឡើងវិញ​នៃ​ជំងឺ​កូ​វីដ​-១៩ ការ​ចាក់​វ៉ាក់សាំង​មាន​សន្ទុះ​ឡើង​ដែរ

2022/07/19 06:02:54 pm        553
​ភ្នំពេញ​៖ ចាប់តាំងពី​កម្ពុជាបាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ឡើងវិញ​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២២ ធ្វើ​ឲ្យ​សន្ទុះ​របស់​ប្រជាពលរដ្ឋ​ទៅ​ចាក់​វ៉ាក់សាំង​មានការ​កើនឡើង​វិញ​ផងដែរ ទន្ទឹម​នឹង​ការ​បន្ត​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ។​ លោក ង៉ែត សូ​វណ្ណ​ដេ​ត ប្រធាន​ក្រុម​ការ​ចាក់​វ៉ាក់សាំង​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ (TYDA) នៅ​ទីតាំង​វិទ្យាល័យ ហ៊ុន សែន បូរី​១០០​ខ្នង ស្ថិត​ក្នុង​ខណ្ឌ​សែន​សុខ​បាន​លើកឡើងថា កាលពី​ខែ​មុនៗ ក្រោយពេល​កម្ពុជា​មាន​ភា​ព​ធូរស្បើយ នៃ​ការរកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ការ​មក​ទទួល​វ៉ាក់សាំង​របស់​ពលរដ្ឋ​មាន​សភាព​តិចតួច​ក្នុង​មួយថ្ងៃៗ ឬ​មាន​ភាព​យឺតយ៉ាវ។​ លោក​បាន​បន្តថា ដោយ​នា​រយៈពេល​កម្ពុជា​បាន​រក​ឃើញ​ករណី​អ្នក​វិជ្ជមាន​ជាថ្មី​ឡើងវិញ ធ្វើ​ឲ្យ​កំណើន​អ្នក​មក​ទទួល​វ៉ាក់សាំង​មានការ​កើន​ឡើង​ក្នុង​មួយថ្ងៃៗ ខណៈ​ក្រុមគ្រូពេទ្យ TYDA បាន​នឹង​កំពុង​ពង្រាយ​ការ​ជួយ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដល់​ប្រជា​ពលរដ្ឋ​នៅក្នុង​ខណ្ឌ​សែន​សុខ ជិត ​១០​ក្រុម។​​សម្រាប់​សិស្សានុសិស្ស​បាន​ចាក់​វ៉ាក់សាំង​លើក​ឡើងថា ពួកគេ​បានដឹងថា ​បច្ចុប្បន្ន​កម្ពុ​ជា​កំពុង​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឡើងវិញ​ជា​រៀងរាល់ថ្ងៃ ទើប​ពួកគេ​រួសរាន់​ចាក់​វ៉ាក់សាំង​ឲ្យ​គ្រប់​ចំនួន​ដូ​ស ហើយក៏​សូម​អរគុណ​ដល់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​បាន​បង្ខិត​ទីតាំង​ចាក់​វ៉ាក់សាំង មក​ដល់​សាលារៀន​របស់​ពួកគេ និង​ដោយ​ឥតគិតថ្លៃ។​ គួរ​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២២ កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ចាប់ពី​អាយុ​ ៣​ឆ្នាំ​ឡើង​ទៅ​បាន​ចំនួន ៩៤,៤៣​ភាគរយ ធៀប​នឹង​ចំនួន​ពលរដ្ឋ​សរុប ១៦​លាន​នាក់៕ អត្ថបទ៖ បាន សុខ​រិទ្ធិ

នារីម្នាក់ត្រូវនគរបាលឃាត់ខ្លួន ដោយសង្ស័យចាក់សម្លាប់បងខ្លួនឯង

2022/07/19 03:13:53 am        9951
ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានឃាត់ខ្លួនស្ត្រីម្នាក់យកទៅសួរនាំ ក្រោយសង្ស័យចាក់សម្លាប់បងប្រុសរបស់ខ្លួន។​ការឃាត់ខ្លួននេះត្រូវបានធ្វើឡើងនៅអំឡុងម៉ោង ១២ និង៤០នាទី នៃថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់នោះមានឈ្មោះ ឡោះ សុគ្រី អាយុ ៤១ឆ្នាំ មានមុខរបរលាងម៉ូតូ។ ចំណែកជនសង្ស័យជាប្អូនស្ត្រីរបស់ជនរងគ្រោះ មានឈ្មោះ ម៉ាសត៍ មានអាយុប្រមាណ ៤០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុជាមួយជនរងគ្រោះ។ប្រភពដដែលបន្តថា អំឡុងធ្វើបុណ្យ និងបញ្ចុះសព ក៏មានលេចឮនូវភាពមិនប្រក្រតីអំពីករណីស្លាប់នោះ ហេតុនេះទើបសមត្ថកិច្ចមូលដ្ឋាន បានចុះទៅសាកសួរក្រុមគ្រួសារ និងទទួលបាននូវចម្លើយមិនប្រក្រតី ថែមទាំងមានការលាក់បាំងព័ត៌មានមួយចំនួនគួរឱ្យសង្ស័យថែមទៀត។ ដោយសារតែមានករណីសង្ស័យជាច្រើនចំណុច ទើបសមត្ថកិច្ចជំនាញបានសុំគោលការណ៍គាស់យកសាកសពមកធ្វើកោសល្យវិច័យ។ ក្រោយការធ្វើកោសល្យវិច័យសមត្ថកិច្ចជំនាញពិនិត្យឃើញសាកសពមានស្នាមរបួសចំនួ ន ៧កន្លែងនៅក្រោយខ្នង។ប្រភពពីកន្លែងដែលជនសង្ស័យ និងជនរងគ្រោះរស់នៅបានឱ្យដឹងថា កាលពីអំឡុងម៉ោងប្រហែល ៩យប់នៃថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទះដែលជនសង្ស័យ និងជនរងគ្រោះរស់នៅនោះ មានករណីបងប្អូនឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើហិង្សា ដោយបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ប៉ុន្តែដោយសារជនរងគ្រោះ មានរបួសធ្ងន់ ទើបបណ្ដាលឱ្យស្លាប់ក្នុងអំឡុងពេលជួយសង្គ្រោះនៅមន្ទីរពេទ្យនោះទៅ៕ អត្ថបទ៖ កុម្ភៈ 

ឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះ៣ខ្នង និងខូចខាតទ្រព្យសម្បិត្តអស់ទឹកប្រាក់រាប់ម៉ឺនដុល្លារ

2022/07/16 05:08:22 pm        16491
ប៉ៃលិន៖ ផ្ទះប្រជាពលរដ្ឋចំនួន ០៣ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋធ្វើដំណើរ កាលពីវេលាម៉ោង១៨ និង​២០នាទី​ព្រលប់​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៥៧ ស្ថិត​ក្នុង​ភូមិ​ផ្សារ​ព្រំត្បូង ​ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា​ ដំបូង​គេ​ឃើញ​អណ្តាត​ភ្លើង​ឆេះ​ចេញ​ពី​ផ្ទះអ្នក​លក់​ចាប់​ហ៊ួយ​មួយ​កន្លែង​ឈ្មោះ ឈីម ស្រីធំ ភេទស្រី អាយុ២១ឆ្នាំ ព្រម​ទាំង​មាន​សំឡេង​ផ្ទុះ ​សង្ស័យ​ជា​ការ​ផ្ទុះធុ​ង​ហ្គាស ​រួច​ក៏​ប​ន្ត​ឆេះ​រាលដាល ជាអណ្តាតភ្លើងខ្លាំងឡើងៗតែម្តង។បើតាមលោក ស៊ឹម សុផល នាយប៉ុស្ត៍រដ្ឋបាលឃុំស្ទឹងកាច់ បានឲ្យដឹងថា មូលហេតុ​នៃ​ការ​ឆាប​ឆេះ​បណ្ដា​ល​មក​ពី​ឆ្លង​ចរន្ត​អគ្គិសនី រួចក៏ឆេះឆ្លងផ្ទុះហ្គាសបណ្ដាលឲ្យរាលឆេះដល់ផ្ទះចំនួនពីរថែម ទៀត។សមត្ថកិច្ចជំនាញគ្រប់គ្រងស្ថានភាពបានពន្លត់ជាស្ថាពរ ដោយ​ប្រើ​ទឹក​រថយន្ត​ពន្លត់​អគ្គីភ័យ​នៃ​ស្នង​ការដ្ឋាន អស់ទឹកចំនួន ៣គ្រឿងផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទឹកឡើងក្នុងបឹង Tanganyika បានជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋនៅភាគខាងកើតកុងហ្គោ
08/12/2026 09:08 PM
ពលរដ្ឋព័រតូរីកូស្វែងរកទឹក ស្របពេលគ្រោះរាំងស្ងួត បង្កការរឹតត្បិតការបែងចែកទឹកប្រើប្រាស់ប្រចាំថ្ងៃ
08/12/2026 09:08 PM
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon ត្រូវបានចោទប្រកាន់ផ្លូវការ ជុំវិញ​យុទ្ធនាការការពារច្បាប់​អាជ្ញាសឹក
08/12/2026 08:08 PM
ដាណឺម៉ាកនឹងចាត់វិធានការតាម​ព្រំដែន បើលំហូរ​អន្តោប្រវេសន៍នៅតែបន្តមាន​ពីដែន​ដី​ Ceuta របស់​អេស្ប៉ាញ
08/12/2026 08:08 PM
ផេះពីបន្ទុះភ្នំភ្លើង Etna នាំឲ្យបិទអាកាសយានដ្ឋានអ៊ីតាលី និងបង្អាក់រដូវកាលដើរកម្សាន្ត
08/12/2026 08:08 PM
មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ បំពេញទស្សនកិច្ចទៅកាន់អ៊ីរ៉ាក់ ដើម្បីពិភាក្សាលើផែនការរំសាយអាវុធក្រុមប្រដាប់អាវុធ
08/12/2026 08:08 PM
IEA កាត់បន្ថយការព្យាករតម្រូវការប្រេងឆ្នាំ ២០២៦ម្តងទៀត ស្របពេលច្រកសមុទ្រ Hormuz នៅតែបិទ
08/12/2026 08:08 PM
យន្តហោះ C919 របស់ចិន ធ្វើការហោះហើរពាណិជ្ជកម្មអន្តរជាតិជាលើកដំបូង
08/12/2026 08:08 PM
មន្ត្រីជាន់ខ្ពស់៖ អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនបាន​ពិភាក្សាអំពីការបន្តបទឈប់បាញ់ទេ​ ​
08/12/2026 08:08 PM
ការវាយប្រហារយានដ្រូនអ៊ុយក្រែន បង្កការខូចខាត ស្លាប់មនុស្សនៅទីក្រុង Novorossiysk របស់រុស្ស៊ី
08/12/2026 08:08 PM