ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន
សមត្ថកិច្ចបង្ក្រាបករណីរក្សាទុក និងជួញដូរសម្ភារៈ​ឆបោក​អនឡាញទ្រង់ទ្រាយធំ
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

នគរបាលប៉ះទង្គិចជាមួយបាតុករក្នុងការតវ៉ាគាំទ្រប៉ាឡេស្ទីន នៅសាកលវិទ្យាល័យហូឡង់

2024/05/09 08:25:28 pm        79
នគរបាលប្រឆាំងកុបកម្មរបស់ប្រទេសហូឡង់ បានប៉ះទង្គិចជាមួយក្រុមបាតុករនៅសាកលវិទ្យាល័យ អាំស្ទែដាំ (Amsterdam) កាលពីថ្ងៃពុធ (០៨ ឧសភា) ស្របពេលដែលបាតុករជាច្រើននាក់នៅមហាវិទ្យាល័យរបស់សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនក្នុងពេលមួយយប់ ខណៈការតវ៉ាដែលដឹកនាំដោយនិស្សិតប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្កាហ្សា បានធ្វើឱ្យកក្រើកសាកលវិទ្យាល័យកាន់តែច្រើននៅសងខាងនៃមហាសមុទ្រអាត្លង់ទិក។នៅក្នុងទីក្រុងអាំស្ទែដាំ ក្រុមបាតុករ ដែលឈរនៅលើរនាំងដែលបង្កើតពីតុ ឥដ្ឋ និងបន្ទះឈើ បានប្រើបំពង់ពន្លត់អគ្គិភ័យដើម្បីរុញច្រាននគរបាលនៅក្នុងការប៉ះទង្គិចគ្នានោះ។ វីដេអូរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញ មន្ត្រីនគរបាល បានប្រើឧបករណ៍កុបកម្ម ហើយវាយទៅលើក្រុមបាតុករដោយដំបង និងវាយកម្ទេចរនាំង ដោយអូសនិស្សិតវ័យក្មេងៗជាច្រើននាក់ចេញ ខណៈដែលមនុស្សរាប់រយនាក់ផ្សេងទៀតបានស្រែកពាក្យតវ៉ា។ការប្រឈមមុខដាក់គ្នានេះ បានគូសបញ្ជាក់ពីភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងបរិវេណសាលាអឺរ៉ុប បន្ទាប់ពីភាពចលាចលជាច្រើនសប្តាហ៍នៅសាកលវិទ្យាល័យជាច្រើនរបស់សហរដ្ឋអាមេរិក ខណៈដែលនិស្សិតអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា។និស្សិតទាំងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បាននិងកំពុងធ្វើបាតុកម្មភាគច្រើនដោយសន្តិវិធី ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងឱ្យសាលារៀនរបស់ពួកគេកាត់ផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយក្រុមហ៊ុន ដែលពួកគេនិយាយថាទទួលបានផលចំណេញពីការគៀបសង្កត់លើពលរដ្ឋប៉ាឡេស្ទីន៕

មេដឹកនាំស៊ូដង់៖ គ្មានការចរចា និងបទឈប់បាញ់ទេ រហូតដល់កងកម្លាំងយោធាប៉ារ៉ា បរាជ័យ

2024/05/09 08:14:20 pm        122
ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ លោក Abdel Fattah Al-Burhan កាលពីថ្ងៃពុធ បាននិយាយថា នឹងពុំមានការចរចា ឬបទឈប់បាញ់ទេ រហូតដល់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ត្រូវបរាជ័យ។ ក្រុមប្រឹក្សាអធិបតេយ្យភាព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Al-Burhan ដែលជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បាននិយាយដូច្នេះ ទៅកាន់កងកម្លាំងយោធានៅក្នុងរដ្ឋ ទន្លេនីល(River Nile) ភាគខាងជើងប្រទេសស៊ូដង់។ លោក Al-Burhan និយាយថា នឹងគ្មានការចរចា គ្មានសន្តិភាព និងគ្មានបទឈប់បាញ់ឡើយ លុះត្រាតែបន្ទាប់ពីក្រុមបះបោរនេះត្រូវបរាជ័យ ដូច្នេះប្រទេសនេះអាចរស់នៅក្នុងសន្តិភាព។ការនិយាយលើកឡើងរបស់លោក Al-Burhan បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការប្រយុទ្ធគ្នាដោយហិង្សា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) នៅក្នុងរដ្ឋ North Kordofan ។ កាលពីថ្ងៃអង្គារកងកម្លាំងគាំទ្ររហ័ស(SAF) បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា កងពលធំថ្មើរជើងទី៥ របស់កងទ័ព បានទទួលជ័យជម្នះនៅក្នុងទីក្រុង El Obeid រដ្ឋធានីនៃរដ្ឋ North Kordofan ។ ទោះជាយ៉ាងណា កងកម្លាំងប្រដាប់អាវុធស៊ូដង់(RSF) កាលពីថ្ងៃពុធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយរុញច្រានការវាយលុករបស់កងកម្លាំងគាំទ្ររហ័ស (SAF) នៅក្នុងរដ្ឋ North Kordofan ។ គំនិតផ្តួចផ្តើមសន្តិភាពមួយចំនួន ត្រូវបានជំរុញឆ្ពោះទៅមុខដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសស៊ូដង់ រួមទាំងធ្វើឡើងដោយសហភាពអាហ្រ្វិក អាជ្ញាធរអន្តររដ្ឋាភិបាលលើការអភិវឌ្ឍន៍ ប្លុកអាហ្វ្រិកខាងកើត ប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ប៉ុន្តែរហូតមកដល់ពេលនេះបានបរាជ័យទាំងអស់។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ប្រហែល២៥លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ ដោយមនុស្សជិត១៨លាននាក់ប្រឈមមុខទៅនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ ដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ បានឲ្យដឹងថា ចាប់តាំងពីជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) បានផ្ទុះឡើងនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ អ្នកស្លាប់និងរងរបួសប្រហែល១៥.០០០នាក់ ត្រូវបានកត់ត្រា ខណៈចំនួនប្រជាជនភៀសខ្លួននៅខាងក្នុង និងខាងក្រៅប្រទេសស៊ូដង់ បានកើនឡើងដល់ ៨,២ លាននាក់ ។

ព្យុះដ៏ខ្លាំងក្លាឆក់យកជីវិតមនុស្ស៣នាក់ ខណៈព្យុះកួចបោកបក់ពាសពេញភាគកណ្ដាល និងខាងត្បូងអាមេរិក

2024/05/09 07:58:59 pm        126
ព្យុះដ៏ខ្លាំងក្លា បានវាយប្រហារជាថ្មី ពាសពេញតំបន់ជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បង្កឲ្យមានព្យុះកួចដ៏បំផ្លិចបំផ្លាញ និងបង្កើតឲ្យមានជាដុំទឹកកកធ្លាក់លាយឡំជាមួយទឹកភ្លៀង ដែលបានឆក់យកជីវិតមនុស្ស២នាក់ នៅក្នុងរដ្ឋធិនណេសស៊ី និងម្នាក់នៅក្នុងរដ្ឋ ខារ៉ូឡាយណាខាងជើង (North Carolina) ។ព្យុះដែលបានបោកបោក់ទូទាំងភាគខាងជើងរដ្ឋធិនណេសស៊ី បាននាំខ្យល់ដ៏ខ្លាំងក្លា ដែលបានផ្ដួលរំលំបង្គោលភ្លើង និងដើមឈើ។ កាលពីរសៀលថ្ងៃពុធ សេវាអាកាសធាតុ បានចេញការព្រមានឲ្យប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត សម្រាប់តំបន់មួយនៅភាគខាងត្បូង ទីក្រុងណាស្វ៊ីល (Nashville ) រួមទាំងទីប្រជុំជន Spring Hill, Chapel Hill និង Eagleville។ ក្រុមមន្ត្រីនិយាយថា នៅក្នុងរដ្ឋ North Carolina ការដាក់រដ្ឋក្នុងគ្រាអាសន្នត្រូវបានប្រកាសឡើងសម្រាប់សង្កាត់ ហ្កាស្តុន(Gaston County) កាលពីល្ងាចថ្ងៃពុធ ក្រោយមានព្យុះដ៏ធំ ។ ដំបូល និងជញ្ជាំងហាងលក់ទំនិញមួយចំនួន រងការបំផ្លិចបំផ្លាញក្រោយព្យុះដ៏ខ្លាំងក្លានៅក្នុងរដ្ឋ មីជីហ្គិន (Michigan)។ យោងតាមគេហទំព័រតាមដានថាមពល PowerOutage.us. អតិថិជនជាង១៣៥.០០០នាក់គ្មានអគ្គិសនី ប្រើប្រាស់ នៅក្នុងរដ្ឋ North Carolina កាលពីល្ងាចថ្ងៃពុធ ៕

ប្រភពសន្តិសុខលីបង់៖ មនុស្ស៥នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅភាគខាងត្បូង

2024/05/09 07:49:48 pm        106
ប្រភពសន្តិសុខលីបង់ បាននិយាយថា មនុស្ស ៥នាក់ រួមទាំងយុទ្ធជនហេសបូឡាពីរនាក់ ត្រូវបានសម្លាប់កាលពីថ្ងៃពុធ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើភាគខាងត្បូងប្រទេសលីបង់ ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន រាយការណ៍ថា ក្នុងចំណោមក្រុមរបស់ខ្លួន មានមនុស្សបីនាក់ បានស្លាប់។អ៊ីស្រាអែល និងក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស បានបង្កើនការវាយប្រហារឆ្លងព្រំដែនទៅវិញទៅមក ដែលបាននិងកំពុងបន្ត បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមប៉ាឡេស្ទីន ទៅលើអ៊ីស្រាអែលភាគខាងត្បូង បានបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។យោងតាមប្រភពសន្តិសុខលីបង់ យុទ្ធជនហេសបូឡាពីរនាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើទីក្រុងព្រំដែន Adaisseh។ក្រោយមក ក្រុមហេសបូឡា បាននិយាយថា យុទ្ធជនពីរនាក់របស់ខ្លួន ត្រូវបាន«ធ្វើឲ្យរងរបួស និងឈឺចាប់ នៅតាមផ្លូវទៅកាន់ទីក្រុងហ្ស៊េរុយសាឡឹម» ជាឃ្លាដែលក្រុមនេះ ប្រើដើម្បីសំដៅលើសមាជិកដែលត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល។ប្រភពលីបង់ បានអះអាងថា ការវាយប្រហារដាច់ដោយឡែកមួយទៅលើភូមិ Khiam កាលពីថ្ងៃពុធ បានសម្លាប់មនុស្សបីនាក់ ដែលទំនងជា «យុទ្ធជនប៉ាឡេស្ទីន»។

មន្ទីរពេទ្យនៅក្រុង Rafah ឈប់ដំណើរការក្នុងពេលមានការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល

2024/05/09 07:07:35 pm        119
មន្ទីរពេទ្យ Abu Youssef al-Najjar នៅទីក្រុង Rafah មានទីតាំងស្ថិតនៅក្នុងតំបន់នៃទីក្រុងហ្កាហ្សាភាគខាងត្បូង ដែលត្រូវបានកងទ័ពអ៊ីស្រាអែលកំណត់ថាជាតំបន់ប្រយុទ្ធ ជាផ្នែកមួយនៃប្រតិបត្តិការយោធានៅទីនោះ។ មន្ត្រីក្រសួងសុខាភិបាល បាននិយាយថា អ្នកជំងឺប្រហែល២០០នាក់ នៅក្នុងមន្ទីរពេទ្យនេះ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញ ទៅភាគខាងលិចទីក្រុង បន្ទាប់ពីបានទទួលការហៅទូរស័ព្ទព្រមានឲ្យពួកគេចាកចេញ។ មន្ទីរពេទ្យត្រូវបញ្ឈប់ការផ្តល់សេវាកម្ម។ក្រុមហាម៉ាសបាននិយាយថា ខ្លួនបានប្រយុទ្ធជាមួយកងកម្លាំងអ៊ីស្រាអែល នៅភាគខាងកើតទីក្រុង Rafah កាលពីថ្ងៃពុធ។ លោក មូហាម៉េដ ហ្សាហ្គូត(Muhammad Zaqout) គឺជាវេជ្ជបណ្ឌិតប៉ាឡេស្ទីន និយាយថា ស្ថានភាពពេលនេះ អ្នកជំងឺភាគច្រើនដែលធ្ងន់ធ្ងរនឹងស្លាប់នៅក្នុងមន្ទីរពេទ្យចល័ត។ អ៊ីស្រាអែល បានគំរាមកំហែងការវាយលុកទ្រង់ទ្រាយធំទៅលើទីក្រុង Rafah ដើម្បីកម្ទេចក្រុមអ្នកប្រយុទ្ធហាម៉ាសរាប់ពាន់នាក់ ដែលខ្លួននិយាយថាកំពុងលាក់ខ្លួននៅទីនោះ។ប្រទេសលោកខាងលិច និងអង្គការសហប្រជាជាតិ បានព្រមានថា ការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងនេះ នឹងក្លាយជាមហន្តរាយមនុស្សធម៌ ចាប់តាំងពីមនុស្សជាងមួយលាននាក់កំពុងជ្រកកោននៅទីក្រុងនេះ។ អ៊ីស្រាអែល បានប្រាប់ជនស៊ីវិលនៅទីក្រុង Rafah ឱ្យទៅកាន់តំបន់មនុស្សធម៌ដែលត្រូវបានពង្រីក នៅក្រុង al-Mawasi មានចម្ងាយប្រហែល១២ ម៉ាយ។មន្ត្រីអាមេរិក បាននិយាយថារដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានផ្អាកការដឹកជញ្ជូនសព្វាវុធទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីសប្តាហ៍មុន ក្នុងការឆ្លើយតបជាក់ស្តែងចំពោះការវាយលុកទៅលើទីក្រុង Rafah។

តុលាការក្រុងហុងកុង ហាមប្រាមចម្រៀងតវ៉ា ដោយនិយាយថា វាអាចប្រើជាអាវុធ

2024/05/09 07:03:03 pm        95
សាលាឧទ្ធរណ៍ទីក្រុងហុងកុង កាលពីថ្ងៃពុធ (០៨ ឧសភា) បានអនុម័តលើការស្នើសុំដោយរដ្ឋាភិបាលដើម្បីហាមឃាត់បទភ្លេង ឬចម្រៀងនៃការតវ៉ា ដែលហៅថា «សិរីល្អដល់ហុងកុង» (Glory to Hong Kong) ដោយលុបចោលសាលក្រមរបស់តុលាការជាន់ទាប ដែលបានច្រានចោលការហាមឃាត់បែបនេះ ដោយសារតែ «ឥទ្ធិពលមិនល្អ» លើសិទ្ធិបញ្ចេញមតិដោយសេរី។សេចក្តីសម្រេចនេះ កើតឡើងស្របពេលដែលក្រុមអ្នករិះគន់និយាយថា ជាការធ្លាក់ចុះនៃនីតិរដ្ឋរបស់ហុងកុង និងសិទ្ធិបុគ្គល ក្នុងពេលមានការបង្ក្រាបផ្នែកសន្តិសុខដោយទីក្រុងប៉េកាំង ដែលបានមើលឃើញអ្នកប្រជាធិបតេយ្យប្រឆាំងជាច្រើននាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ និងបិទប្រព័ន្ធផ្សព្វផ្សាយសេរី។ករណីនេះមានផលប៉ះពាល់ដល់សេរីភាពអ៊ីនធឺណិត និងប្រតិបត្តិការរបស់ក្រុមហ៊ុន រួមទាំងប្រតិបត្តិករវេទិកាអ៊ីនធឺណិត (IPO) និងក្រុមហ៊ុនបច្ចេកវិទ្យាដូចជា ហ្គូលហ្គល (Google) ជាដើម។ បណ្ដាចៅក្រមសាលាឧទ្ធរណ៍ដូចជា លោក ចេរ៉េមី ភូន (Jeremy Poon) លោកស្រី ខាលី ឆូ (Carlye Chu) និងលោកស្រី អាន់ធា ផាង (Anthea Pang) បានសម្រេចថា អ្នកនិពន្ធបទចម្រៀងតវ៉ានេះ មានគោលបំណងប្រើវាជាអាវុធ ដើម្បីដាស់មនោសញ្ចេតនាប្រឆាំងនឹងការបង្កើតឡើងនៃក្រុងហុងកុង។ទីក្រុងវ៉ាស៊ីនតោន បានសម្តែងការព្រួយបារម្ភជុំវិញការលុបបំបាត់សិទ្ធិមនុស្សនៅហុងកុង។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយកាលពីថ្ងៃដដែលនោះថា បម្រាមនេះគឺជា «ការវាយប្រហារចុងក្រោយបំផុតចំពោះកេរ្តិ៍ឈ្មោះអន្តរជាតិនៃទីក្រុងដែលពីមុនមានមោទនភាពចំពោះការបង្កើតតុលាការឯករាជ្យរបស់ខ្លួន»៕

បណ្តាញអគ្គិសនីរបស់អ៊ុយក្រែន រងការវាយប្រហារតាមអាកាសដ៏ធំបំផុតពីរុស្ស៊ី

2024/05/09 06:45:14 pm        159
ក្រុមមន្ត្រីអ៊ុយក្រែន បាននិយាយថា មីស៊ីល និងយានដ្រូនរបស់រុស្ស៊ី បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ជាង ១០ ទីតាំងកាលពីថ្ងៃពុធ (០៨ ឧសភា) ដោយបានបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរនៅរោងចក្រថាមពលកម្ដៅសម័យសូវៀត ចំនួនបីកន្លែង និងមានការដាច់ចរន្តអគ្គិសនីនៅក្នុងតំបន់ជាច្រើន។កងទ័ពអាកាសរបស់អ៊ុយក្រែន និយាយថា ខ្លួនបានបាញ់ទម្លាក់មីស៊ីលចំនួន ៣៩ គ្រាប់ក្នុងចំណោម ៥៥ គ្រាប់ និងយានដ្រូនចំនួន ២០ គ្រឿងក្នុងចំណោម ២១ គ្រឿងដែលប្រើសម្រាប់ការវាយប្រហារ ដែលដាក់សម្ពាធកាន់តែខ្លាំងលើប្រព័ន្ធថាមពលអ៊ុយក្រែន រយៈពេលជាង ២ ឆ្នាំ បន្ទាប់ពីរុស្ស៊ី បានបើកការវាយលុកទ្រង់ទ្រាយធំរបស់ខ្លួន។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ុយក្រែន លោក អ៊ីហ័រ គ្លីមិនខូ (Ihor Klymenko) បាននិយាយថា មនុស្សពីរនាក់ បានរងរបួសនៅក្នុងតំបន់នៃរដ្ឋធានីគីវ និងម្នាក់ទៀតរងរបួសនៅក្នុងតំបន់ គីរ៉ូវ៉ូរ៉ាដ (Kirovohrad) ហើយក្រុមជួយសង្គ្រោះប្រហែល ៣៥០ នាក់បានខិតខំកាត់បន្ថយទំហំនៃការខូចខាតដល់បរិក្ខារថាមពល លំនៅឋាន រថយន្តដឹកជញ្ជូនសាធារណៈ រថយន្ត និងស្ថានីយ៍ពន្លត់អគ្គិភ័យជាដើម។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ខ្លួនបានវាយប្រហារលើអគារឧស្សាហកម្មយោធា និងឧស្សាហកម្មថាមពលរបស់អ៊ុយក្រែន ជាការសងសឹកចំពោះការវាយប្រហាររបស់ទីក្រុងគីវ ទៅលើរោងចក្រថាមពលរុស្ស៊ី៕

ភ្លៀងធ្លាក់ខ្លាំងរំខានដល់ការជួយសង្គ្រោះក្នុងទឹកជំនន់ប្រេស៊ីល ខណៈអ្នកស្លាប់ឡើងដល់ ១០០ នាក់

2024/05/09 03:18:17 pm        108
អាជ្ញាធរបានបង្អាក់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនៅភាគខាងត្បូងប្រទេសប្រេស៊ីល ដែលរងគ្រោះដោយទឹកជំនន់កាលពីថ្ងៃពុធ (០៨ ឧសភា) ស្របពេលមានភ្លៀងធ្លាក់កាន់តែច្រើន និងហានិភ័យនៃរន្ទះ និងខ្យល់បក់ខ្លាំងដែលគំរាមកំហែងដល់គ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១០០ នាក់រួចមកហើយ និងធ្វើឱ្យមនុស្សជាង ១៦៣.០០០ នាក់មិនមានផ្ទះសម្បែង ហើយកំពុងស្វែងរកទីជម្រក។ទឹកជំនន់ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងមិនធម្មតា បានបំផ្លាញផ្លូវហាយវេ និងស្ពាននៅក្នុងរដ្ឋ រីអូ ក្រានដេ ដូស៊ុល (Rio Grande do Sul) ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយរូហ្គាយ និងអាហ្សង់ទីន។ អាជ្ញាធរការពារស៊ីវិលរបស់រដ្ឋបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២៨ នាក់នៅតែបាត់ខ្លួន ដោយបានជំរុញឱ្យប្រជាជនដែលរស់នៅជិតបឹង ប៉ាទូស (Patos) ភាគខាងត្បូងនៃទីក្រុង ព័រតូ អាលេហ្ក្រេ (Porto Alegre) ចាកចេញពីលំនៅឋានរបស់ពួកគេជាបន្ទាន់។ទាហានបានប្រើរថពាសដែកដើម្បីជួយសង្គ្រោះប្រជាជនពីការជន់លិចក្នុងតំបន់ កាណូអាស (Canoas) ភាគខាងជើងនៃទីក្រុង ជាទីដែលទឹកបានឈានដល់ជម្រៅប្រហែល ៣ ម៉ែត្រ ហើយផ្លូវថ្នល់អាចធ្វើដំណើរបានដោយប្រើទូកប៉ុណ្ណោះ។មជ្ឈមណ្ឌលជាតិសម្រាប់គ្រោះមហន្តរាយធម្មជាតិរបស់ប្រទេសប្រេស៊ីល បានព្រមានថាតំបន់ភាគខាងត្បូងនៃរដ្ឋ រីអូ ក្រានដេ ដូស៊ុល ស្ថិតនៅក្រោម «ហានិភ័យខ្ពស់» នៃទឹកជំនន់បន្ថែមទៀត ដោយភ្លៀងធ្លាក់ខ្លាំងរំពឹងថានឹងចាប់ផ្តើមឡើងវិញបន្ទាប់ពីការផ្អាកមួយរយៈ៕

តំបន់ Midwest ជាប់គាំង ដោយសារព្យុះ ខណៈព្យុះគួច វាយបោកបក់លើរដ្ឋ Michigan

2024/05/08 09:08:05 pm        99
ព្យុះកម្លាំងខ្លាំង បានវាយបោកបក់ឆ្លងកាត់រដ្ឋនានា នៅតំបន់ Midwest កាលពីថ្ងៃអង្គារ បង្កឲ្យមានភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងសន្ទុះខ្យល់ខ្លាំង ព្រមទាំងព្យុះកួច វាយបោកបក់លើតំបន់នេះ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថាព្យុះកួចជាច្រើន បានវាយបោកបក់នៅភាគខាងត្បូងរដ្ឋ Michigan សហរដ្ឋអាមេរិកពេញមួយថ្ងៃ បណ្តាលឱ្យខូចខាតដល់អគារជាច្រើនខ្នង ប៉ុន្តែពុំមានអ្នកស្លាប់ ឬរងរបួស ត្រូវបានរាយការណ៍នោះទេ។រលកនៃអាកាសធាតុមិនអំណោយផលខ្លាំងនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីព្យុះកួច បានវាយបោកបក់ទៅលើរដ្ឋអូក្លាហូម៉ា កាលពីថ្ងៃមុន ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ម្នាក់បបានស្លាប់ និងប្រាំនាក់ផ្សេងទៀតរងរបួស។របាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានពិពណ៌នាអំពីការខូចខាតយ៉ាងខ្លាំងដល់លំនៅឋាន និងព្យុះរំលើងដើមឈើ នៅផ្នែកភាគឦសានរបស់រដ្ឋនេះ។

ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅកេនយ៉ា ឡើងដល់ ២៣៨នាក់ ខណៈភ្លៀងធ្លាក់ខ្លាំងនៅបន្ត

2024/05/08 07:55:33 pm        107
រដ្ឋាភិបាល បាននិយាយកាលពីថ្ងៃអង្គារថា ចំនួនមនុស្សដែលបានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់ និងបំណាក់ដី ដ៏មហន្តរាយ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសកេនយ៉ា ចាប់តាំងពីខែមីនាមក បានកើនឡើងដល់២៣៨នាក់ ហើយ៧៥នាក់ផ្សេងទៀតនៅបាត់ខ្លួននៅឡើយ។អ្នកនាំពាក្យរដ្ឋាភិបាល លោក អ៊ីសាក វ៉ាវរ៉ា(Isaac Mwaura) បាននិយាយថា មនុស្សប្រាំបីនាក់ បានបាត់បង់ជីវិតនៅក្នុងទឹកជំនន់ ក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ។លោក Mwaura បាននិយាយថា គ្រួសារចំនួន ៤៧.០០០គ្រួសារ ត្រូវបានជម្លៀសខ្លួនចេញពីលំនៅឋាន ខណៈមនុស្សសរុបចំនួន ២៨៦.០១១នាក់ បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់នៅទូទាំងប្រទេស។ លោក និយាយថា រដ្ឋាភិបាលបានប្ដេជ្ញាការពារអាយុជីវិត អ្នកទាំងឡាយណាដែលរងផលប៉ះពាល់ ហើយកំពុងស្ថិតក្នុងដំណើរការរៀបចំទីកន្លែងស្នាក់នៅដើម្បីទទួលប្រជាជនភៀសខ្លួន។ទន្ទឹមនឹងនេះ ផ្នែកខ្លះរបស់ប្រទេសកេនយ៉ា នៅតែត្រូវបានកាត់ផ្តាច់ និងមិនអាចចូលទៅដល់បាន បន្ទាប់ពីផ្លូវ និងស្ពាន ត្រូវបានទឹកជំនន់បំផ្លាញ បណ្តាលឱ្យប្រជាជនរាប់ពាន់នាក់ ទទួលរងផលប៉ះពាល់ដល់អាជីវកម្មនៅទូទាំងប្រទេស និងកំពុងបង្ខំឱ្យមានការពន្យារពេលមិនកំណត់នៃការបើកសាលារៀនឡើងវិញ។លោក Mwaura បានណែនាំដល់ពលរដ្ឋទាំងអស់ដែលរស់នៅតាមច្រករបៀងមាត់ទន្លេ និងក្នុងរង្វង់ ៣០ ម៉ែត្រនៃទន្លេនៅទូទាំងប្រទេស ឱ្យចាកចេញជាបន្ទាន់ បើមិនដូច្នេះនឹងត្រូវឲ្យជម្លៀសដោយបង្ខំ។មន្ត្រីរូបនេះ បាននិយាយឡើងវិញថា ក្រុមទីភ្នាក់ងារចម្រុះ ត្រូវបានដាក់ពង្រាយ និងកំពុងជួយសង្គ្រោះ និងចែកចាយស្បៀងអាហារ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជប៉ុនចេញការ​ព្រមាន​ អំពីរលកយក្សស៊ូណាមិ បន្ទាប់ពីមានរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ
07/28/2026 04:07 PM
ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ
07/28/2026 04:07 PM
ក្រសួងការងារអំពាវនាវឱ្យពលករ និងកម្មសិក្សាការីខ្មែរនៅជប៉ុន បង្កើនការប្រុងប្រយ័ត្ន ក្រោយកើតមានគ្រោះរញ្ជួយដី ៧,១ រ៉ិចទ័រ និងការប្រកាសអាសន្នរលកយក្សស៊ូណាមិ
07/28/2026 04:07 PM
អ្នកនយោបាយរូម៉ានី៖ មេដឹកនាំEUដើរលើផ្លូវខុស ខណៈគោលនយោបាយរបស់ពួកគេ កំពុងបំផ្លាញអឺរ៉ុប
07/28/2026 04:07 PM
ចិន ជំរុញបទឈប់បាញ់ និងការចរចា ខណៈក្រុមប្រឹក្សាសន្តិសុខUN ជួបប្រជុំគ្នាស្តីពីបញ្ហាអ៊ុយក្រែន
07/28/2026 04:07 PM
សារព័ត៌មាន Xinhua៖ ចិនសង្ឃឹមថា ស្លូវ៉ាគីនឹងដើរតួនាទីស្ថាបនា ក្នុងទំនាក់ទំនងជាមួយ EU
07/28/2026 04:07 PM
ឯកឧត្តមបណ្ឌិត លី ធុជ ៖ ចម្ការមីនមួយដែលយើងបោសសម្អាតរួច នឹងចូលរួមដល់សន្តិសុខស្បៀង អភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ និងកាត់បន្ថយភាពក្រីក្រ
07/28/2026 04:07 PM
សហភាពអឺរ៉ុប ជួយប្រទេសបារាំង និងអេស្ប៉ាញ ដោះស្រាយបញ្ហាចំហេះព្រៃ
07/28/2026 04:07 PM
កិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋសភាកម្ពុជា-វៀតណាម មានគុណតម្លៃនិងផ្តល់ផលប្រយោជន៍ជាច្រើនដល់ពលរដ្ឋទាំងសងខាង
07/28/2026 04:07 PM
ប្រធានាធិបតីអ៊ុយក្រែន៖ លោកPutin មានផែនការកេណ្ឌកងទ័ពថ្មីរហូតដល់កន្លះលាននាក់
07/28/2026 04:07 PM