សួនរុក្ខជាតិអង្គរ ពិព័រណ៍ “មិត្តសត្វព្រៃ និងពិភពសត្វល្អិត” សម្រាប់អ្នកទេសចរទស្សនា ក្រៅ​ពី​អង្គរវត្ដ
តាមបណ្តាសាកលវិទ្យាល័យ រៀបចំលេងល្បែងប្រជាប្រិយមុនថ្ងៃចូលឆ្នាំថ្មី និងលើក​តម្កើង​អត្ត​សញ្ញាណ​វប្បធម៌ខ្មែរ
ការតុបតែងលម្អអបអរបុណ្យចូលឆ្នាំថ្មីធ្វើឱ្យទេសចរអន្តរជាតិយល់ដឹងកាន់តែច្រើនពីវប្បធម៌ខ្មែរដ៏សម្បូរបែប
ភ្ញៀវទេសចរចាប់ផ្ដើមនាំគ្នាដើរទស្សនាទីតាំងរៀបចំព្រឹត្តិការណ៍«នគរសង្ក្រាន្ត» ដែល​មាន​ការ​តុប​តែង​យ៉ាង​ល្អ

វប្បធម៌ និងទេសចរណ៍

ការវាយតម្លៃបឋមការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង​ហើយ​មាន​សភាព​ធ្ងន់ធ្ងរ

2026/03/23 11:56:14 am        271
ផ្អែកតាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយ​មាន​សភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការ​ខូច​ខាត​ចំពោះ​តម្លៃ​លេច​ធ្លោ​ជា​សកល។ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែង​ឱ្យ​ដឹង​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី២៣ ខែមីនា ឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ គណៈក​ម្មាធិការ​សម្រប​សម្រួលអន្តរជាតិដើម្បីការពារ និងលើកតម្លៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ) បាន​រៀប​ចំ​កិច្ច​ប្រជុំពេញអង្គលើកទី១១ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជា​ប្រធាន​គណៈ​ប្រតិ​ភូ​រាជ​រដ្ឋាភិបាល​កម្ពុជា​ ដោយមានតំណាងមកពីចិន និងឥណ្ឌា ជាសហប្រធាន។ឯកឧត្តម​បាន​ឱ្យដឹងថា កិច្ចប្រជុំនេះក៏មានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន៖​បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក រួមទាំងប្រធានលេខាធិការដ្ឋាន អ្នក​ជំនាញ​ការ​អាដហុក ស្ថាប័នជាតិនិងអន្តរជាតិ និងអ្នកស្រាវជ្រាវខ្មែរ និងបរទេស ចូលរួម​ដោយ​ផ្ទាល់ ​និងតាមប្រព័ន្ធអនឡាញសរុបប្រមាណ១៥៨រូប។ កិច្ចប្រជុំ​នេះ​គឺ​ដើម្បី​តាម​ដាន​និង​ត្រួត​ពិនិត្យ​ការងារ​អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែល​អនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។ឯកឧត្តម​អ្នក​នាំពាក្យឱ្យដឹងថាអង្គប្រជុំបានស្ដាប់របាយការណ៍ខូចខាតប្រាសាទព្រះវិហារ និង​ផល​ប៉ះ​ពាល់​លើ​សហគមន៍ ប្រជាជន និងវិស័យទេសចរណ៍ បណ្តាលមក​ពី​ព្រឹត្តិការណ៍​ទាំង​ពី​រ​លើក​កាល​ពី​ឆ្នាំ២០២៥កន្លងទៅ។ ជាមួយគ្នានេះ អាជ្ញាធរជាតិព្រះវិហារ​ក៏​បាន​បង្ហាញ​អំពី​លទ្ធផល​នៃ​ការ​សិក្សា​ហានិភ័យបឋមនិងការលើកផែនការអភិរក្សបន្ទាន់ ដើម្បីទប់ស្កាត់ការ​ខូច​ខាត​បន្ត​ទៀត​ដល់​វត្ថុ​សិល្បៈដែលនៅជ្រុះរាយប៉ាយ និងហេដ្ឋារចនាសម្ព័ន្ធប្រាសាទដែលរងការខូចខាតធ្ងន់ធ្ងរ។ ផ្អែក​តាមការវាយតម្លៃបឋម ការខូចខាតប្រាសាទព្រះវិហារមានចំនួនសរុប ៥៦២កន្លែង ហើយ​មាន​សភាពធ្ងន់ធ្ងរដល់រចនាសម្ព័ន្ធប្រាសាទ ក្បាច់ចម្លាក់ និងបង្កការ​ខូច​ខាត​ចំពោះត​ម្លៃ​លេច​ធ្លោ​ជា​សកល។បើតាម​អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅមុនកិច្ចប្រជុំនេះ អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការ ICC-ព្រះវិហារ ក៏បានបំពេញទស្សនកិច្ច និងពិភាក្សាការងារ​អភិរ​ក្ស​និង​ជួស​ជុល​ប្រាសាទ​នៅ​ក្នុង​រមណីយ​ដ្ឋាន​ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែ​មីនា ឆ្នាំ២០២៦ ជាពិសេសការចុះពិនិត្យមើលការខូចខាតប្រាសាទព្រះវិហារ និង​ផល​ប៉ះ​ពាល់​លើ​វិស័យ​ទេសចរណ៍និងសហគមន៍ ដើម្បីរៀបចំរបាយការណ៍ និងអនុសាសន៍ សម្រាប់កិច្ចប្រជុំ ICC-ព្រះវិហារ។ជាមួយគ្នានេះដែរ អង្គប្រជុំក៏បាន​ជូន​ដំណឹង​អំពី​បេសក​កម្ម​ប្រឹក្សា​យោបល់​បច្ចេកទេស​របស់​អង្គការ​យូណេស្កូ និង ICOMOS ចុះមកពិនិត្យប្រាសាទព្រះវិហារនៅសប្តាហ៍ទី១ ក្នុងខែមីនា តាម​ការ​អញ្ជើញ​របស់​កម្ពុជា​ស្របតា​ម​គោលការណ៍​ប្រតិបត្តិ​សម្រាប់​ការ​អនុវត្ត​អនុ​សញ្ញា​បេតិក​ភណ្ឌ​ពិភព​លោក។ គោល​បំណង​នៃ​បេសក​កម្ម​នេះ​គឺ​ដើម្បី​វាយ​តម្លៃ​ស្ថាន​ភាព​អភិរក្ស​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក និងផ្តល់យោបល់បច្ចេកទេសដើម្បីគាំទ្រដល់ការងារអភិរក្សរយៈពេលវែង ស្រប​តាមគោលបំណងរបស់អនុសញ្ញាបេតិកភណ្ឌពិភពលោក និងគោលការណ៍ប្រតិបត្តិ។ របាយ​ការណ៍នៃ​បេសកកម្មនេះនឹងផ្ញើជូនភាគីកម្ពុជា ស្របតាមបេសក​កម្ម​ផ្តល់​យោបល់​បច្ចេក​ទេស​ដែល​ធ្លាប់​បានអនុវត្តកន្លងមក។អ្នកនាំពាក្យបញ្ជាក់ថា៖«សហប្រធានចិននិងឥណ្ឌា ព្រមទាំងបណ្តាប្រទេសជាសមាជិក រួម​ជា​មួយ​អ្នក​​ជំនាញការអន្តរជាតិ បានប្តេជ្ញាបន្ត​ចូល​រួម​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​ការពារ​ និង​ថែ​រក្សា​បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារសម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជា​ពិសេស​សហប្រធាន​ទាំង​ពីរ​បាន​បង្ហាញ​អំពី​ជំហរ​បន្ត​កិច្ច​ការ​អភិរក្ស​ប្រាសាទ​ព្រះវិហារ​តាម​រយៈ​វេទិកា​ពិគ្រោះយោ​បល់នេះ នៅពេលដែលស្ថានភាពវិលមកប្រក្រតីភាពវិញ»។បើតាមអ្នកនាំពាក្យ អង្គប្រជុំក៏បានពិភាក្សា​គ្នាអំពីវិធាន​ការ​បន្ទាន់​នានា​ដើម្បី​អភិរក្ស​សង្គ្រោះ​ប្រាសាទ​ព្រះវិហារ​មានដូចជា៖ អនុវត្តការងារបន្ទាន់មួយ​ចំនួន​ដូច​ជា​ការ​បោស​សម្អាត​អាវុធ​យុទ្ធភណ្ឌមិ​ន​ទាន់ផ្ទុះដើម្បីធានាដល់ការងារអភិរក្ស និងគ្រប់គ្រងប្រាសាទព្រះវិហារ, ការ​រៀប​ចំ​ឯក​សារ​វិភាគហានិភ័យប្រាសាទព្រះវិហារនិងបរិវេណភ្នំទាំងមូល និងការរៀបចំ​ឯកសារ​អំពី​វត្ថុ​សិល្បៈ​ និងរចនាសម្ព័ន្ធប្រាសាទដែលទទួលរងគ្រោះថ្នាក់ និងចាត់វិធានការសង្គ្រោះបន្ទាន់។សូម​រម្លឹកជូនថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏បាន​ចេញ​សេច​ក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តីពី​ស្ថានភាព​ខូចខាត​រមណីយដ្ឋាន​ប្រាសាទ​ព្រះវិហារ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​ការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងរបស់យោធាថៃ ក្នុងនោះមាន​ទាំង​ការ​ខូច​ខាត​ប្រាង្គ​ប្រាសាទ និងតំបន់ជុំវិញ រួមទាំងវត្តកែវសិក្ខាគីរីស្វារៈផងដែរ។ ក្រសួងវប្បធម៌និង​វិចិត្រ​សិល្បៈ​បាន​អំពាវនាវដល់អង្គការ និងសហគមន៍​អន្តរជាតិ​ផ្តល់​ការ​គាំទ្រ​ចំពោះ​វិធាន​ការ​បន្ទាន់​នានា​សំដៅ​ការពារប្រាសាទពីការវាយប្រហារបន្ថែម និងគាំទ្រដល់ការអភិរក្សបន្ត និងជួស​ជុល​ស្តារ​ប្រាសាទឡើងវិញ។ ទន្ទឹមនឹងនោះ ក្រសួងក៏បានអំពាវនាវឱ្យមានការគោរពច្បាប់អន្តរជាតិ អនុសញ្ញា និងពិធីសារក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិ ដែលត្រូវបាន​បង្កើត​ឡើង​សម្រាប់​ចង​ភ្ជាប់​រដ្ឋភាគីទាំងអស់ឱ្យគោរពនិងការពារបេតិកភណ្ឌវប្បធម៌ដែលមានតម្លៃលេចធ្លោជាសាកល៕

គណៈកម្មាធិការអាយស៊ីស៊ី ព្រះវិហារ បើកកិច្ចប្រជុំពេញអង្គលើកទី១១ ដើម្បីពិភាក្សា​អំពី​វិធានការ​សង្រ្គោះបន្ទាន់នៅប្រាសាទព្រះវិហារ និងការអភិរក្ស អភិវឌ្ឍន៍​រមណីយ​ដ្ឋាន​ប្រាសាទកោះកេរ

2026/03/21 02:10:42 pm        222
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សប្រាសាទព្រះវិហារ (ICC-Preah Vihear) កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការសម្របសម្រួលពីសហប្រធានចិន-ឥណ្ឌា ដើម្បីពិនិត្យ និងពិភាក្សាអំពីវិធានការបន្ទាន់ សង្រ្គោះប្រាសាទព្រះវិហារដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជម្លោះប្រដាប់អាវុធទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ និងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរ។មុននឹងឈានដល់កិច្ចប្រជុំនេះ អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ កាលពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក៏បានចុះពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរ និងពិនិត្យផលប៉ះពាល់នៅប្រាសាទព្រះវិហារ។ ក្នុងបេសកកម្មនោះ អ្នកជំនាញការអាដហុក បានផ្តល់អនុសាសន៍ណែនាំសម្រាប់រមណីយដ្ឋានប្រាសាទកោះកេររួមមាន៖ ការរៀបចំចំណតនៅប្រាសាទប្រាំ ការរៀបចំចងក្រងឯកសារស្ថាបត្យកម្ម និងរៀបចំសុវត្ថិភាពថ្មប្រាសាទខ្នារ ដើម្បីការងារអភិរក្ស ជួសជុលនៅពេលខាងមុខ។ ការអភិរក្ស ជួសជុល និងចងក្រងទិន្នន័យ នៅប្រាសាទគោកគ្រង ប្រាសាទបល្ល័ង្កត្បូង ជួសជុលគោបុរៈខាងលិចប្រាសាទក្រចាប់ ជួសជុលច្រកចូលខាងជើងនិងត្បូងនៃប្រាសាទក្រហម។ ចំណែកប្រាសាទព្រះវិហារ អ្នកជំនាញការបានផ្តល់អនុសាសន៍សម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ទៅលើទីតាំងដែលរងគ្រោះដោយគ្រោប់ផ្លោង និងមានហានិភ័យខ្ពស់ចាប់ពីចំណុចពើយតាឌី ដល់ស្ពាននាគគោបុរៈទី៥ និងពិនិត្យការខូចខាតបញ្ជរលក់សំបុត្រនៅជើងភ្នំប្រាសាទព្រះវិហារផងដែរ។សូមបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំពេញមួយថ្ងៃ អង្គប្រជុំ សហប្រធានចិន-ឥណ្ឌា ព្រមទាំងបណ្តារដ្ឋសមាជិក(ICC-Preah Vihear) និងអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារនិងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ សម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជាពិសេសសហប្រធានទាំងពីរបានបង្ហាញជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិការពិគ្រោះយោបល់នេះនៅពេលដែលស្ថានភាពវិលមករកប្រក្រតីភាពវិញ៕ 

រដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជើញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដែល​រង​គ្រោះ​ដោយ​ជម្លោះ​ប្រដាប់​អាវុធកាលពីឆ្នាំ២០២៥

2026/03/21 01:54:54 pm        294
កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រ្តីក្រសួងវប្បធម៌​និង​វិចិត្រ​សិល្បៈ ​បានអញ្ជើញពិនិត្យ និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដោយសារ​ជម្លោះ​ប្រដាប់​អាវុធ​កាលពីខែកក្កដា​ និងខែធ្នូឆ្នាំ២០២៥កន្លងទៅ​ ដោយមានការចូលរួមពីឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងមន្ត្រីជំនាញ។ ក្នុងបេសកកម្មខាងលើនេះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី និង​ប្រតិភូ​ទាំង​អស់​បាន​សម្តែង​នូវ​មនោសញ្ចេតនារន្ធត់ ក្តុកក្តួល និងតក់ស្លុតយ៉ាង​ខ្លាំង​ចំពោះ​ការ​បំផ្លិច​បំផ្លាញ​ដ៏​ធំធេង​បំផុត​ចំពោះ​បេតិក​ភណ្ឌពិភពលោកប្រាសាទព្រះវិហារដែលជាសម្បត្តិរបស់មនុស្សជាតិ។ "ការខូចខាត​ បាក់បែក​ ដែលបាន​ពិនិត្យ​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នេះ​មាន​ទំហំ​រាប់​រយ​ដង​លើស​ពី​របាយ​ការណ៍​ខូច​ខាត​រៀប​ចំដោយអាជ្ញាធរជាតិព្រះវិហារកន្លងទៅដែលបានកត់ត្រាការខូចខាតសរុបចំនួន​ ៥៦២​កន្លែង"​ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោកជំទាវរដ្ឋមន្ត្រី។ គ្រប់​ប្រទេស​ទាំង​អស់​មាន​ភារ​កិច្ច​ក្នុង​ការការពារសម្បត្តិវប្បធម៌​ ហើយ​សម្បត្តិ​បេតិក​ភណ្ឌ​មិន​ត្រូវ​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​វាយ​ប្រហារ​​ ទោះក្នុងកាលៈទេសៈណាក៏ដោយ​ ផ្អែកតាមអនុសញ្ញាឆ្នាំ១៩៧២​ ស្តីពីបេតិក​ភណ្ឌ​ពិភព​លោក​​ និងអនុសញ្ញាឆ្នាំ១៩៥៤​ ស្តីពីកិច្ចការពារសម្បត្តិ​បេតិក​ភណ្ឌ​វប្បធម៌​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​។ គួរបញ្ជាក់ថា​ ប្រាសាទព្រះវិហាររងការខូចខាតចំនួន​ ១៤២កន្លែង​ នៅក្នុង​ការ​វាយ​ប្រហារ​ដោយ​ប្រដាប់​អាវុធ​កាលពីខែកក្កដា​ និងខូចខាតបន្ថែមចំនួន​ ៤២០កន្លែងទៀតក្រោយខែធ្នូឆ្នាំ២០២៥​ ដោយ​រាប់ចាប់ពីចំណុចពើយតាឌី គោបុរៈទី១ រហូតដល់គោបុរៈទី៥ ការខូច​ខាត​ការ​ដ្ឋាន​គម្រោង​សហ​ប្រតិបត្តិការរបស់ប្រទេសឥណ្ឌានៅគោបុរៈទី៥ និងការដ្ឋានជួសជុលជណ្តើរខាងជើង ដែល​ជា​ជំនួយ​របស់​ស្ថានទូតអាមេរិក និងការខូចខាតវត្តកែវសិក្ខាគិរីស្វរៈ៕ 

ព្រឹត្ដិការណ៍ថ្ងៃរះចំកំពូលប្រាសាទអង្គរ ថ្ងៃដំបូង ទាក់ទាញ​ភ្ញៀវទេសចរ​ជាង ​២ម៉ឺន​៤ពាន់​នាក់​ឱ្យ​មក​ទស្សនា

2026/03/21 01:20:14 pm        351
អ្នកជំនាញទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និង​អន្ដរជាតិ​ប្រមាណ​ជាង​២​ម៉ឺន៤ពាន់នាក់ បានទៅទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នៅ​ថ្ងៃ​ទី២១ ខែមីនា នេះ ដែលព្រឹកថ្ងៃនេះ មានអាកាសធាតុល្អ ធ្វើឱ្យមើល​ឃើញ​ព្រះអាទិត្យ​រះ​យ៉ាង​ស្អាត​គួរ​គយគន់។ភ្ញៀវទេសចរជាតិ អន្តរជាតិ បានលើកឡើងថា ទោះបីជាធ្លាប់បានមក​ទស្សនា​ប្រាសាទ​អង្គរវត្ត​ជា​ច្រើន​លើក​ក៏ដោយ តែនេះជាលើកទីមួយហើយ បានចូលមកទស្សនា​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរ​វត្ត​ ដែលពួកគេត្រូវរង់ចាំតាំងពីម៉ោង៥ព្រឹក ដើម្បីបានឃើញភាពស្រស់ស្អាតនៃថ្ងៃរះនេះ ឆ្លុះ​ជាមួយ​ស្រះ​ទឹកបញ្ចេញពន្លឺពណ៌មាស ស្របជាមួយទេសភាពសម្រស់ខៀខ្ចី នៃ​រុក្ខជាតិ​ស្មៅ​ក្នុង​បរិវេណ​អង្គរ​។អ្នកទេសចរខ្លះដែលធ្លាប់បានទៅទស្សនាជាច្រើនលើក ក៏នៅតែចំណាយ​ពេលដើម្បី​រង់ចាំ​ទស្សនា​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្តទៀត។ ពួកគេមានមោទនភាព ដែលឃើញភ្ញៀវ​ទេសចរ​ជា​ច្រើន​ជាតិ​សាសន៍ ​ទៅទស្សនាព្រឹត្ដិការណ៍សមរាត្រី ដោយអ្នកទេសចរខ្លះក្រោកតាំងពីម៉ោង៣ទាបភ្លឺ ដើម្បី​អង្គុយ​រង់ចាំ ដើម្បីទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។ដោយ​ឡែក អ្នកទេសចរអន្ដរជាតិ មកពីប្រទេសអ៊ីតាលី មកទស្សនាជាលើកដំបូង បានបង្ហាញ​អារម្មណ៍​ភ្ញាក់​ផ្អើលនិងសប្បាយចិត្ដយ៉ាងខ្លាំង ពេលមកដល់ប្រាសាទអង្គរ ដោយបានលើក​ឡើង​ថា ​ព្រះអាទិត្យរះចំកណ្ដាលកំពូលប្រាសាទ ពិតជាអស្ចារ្យ និងមានភាពស្រស់ស្អាត ដែល​ប្រទេស​ដទៃ​ទៀត​មិន​អាចប្រៀបផ្ទឹមបាន។លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិ​អប្សរា​​បានឱ្យដឹងថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលកំពូលប្រាសាទអង្គរ ឬហៅថាសមរាត្រី នា​ថ្ងៃ​ទី២១​​ ខែមីនា នេះ មានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ជាង២ម៉ឺន៤ពាន់នាក់ ដោយពួក​គេ​បាន​ទៅ​ទស្សនា​ចាប់ពីម៉ោង៥:០០នាទី រហូតដល់ម៉ោង៧:៣០នាទី។ ក្នុងចំណោម​ភ្ញៀវ​ទេសចរ​ជាង​២ម៉ឺន​៤ពា​ន់នាក់នោះ មានភ្ញៀវទេសចរអន្ដរជាតិ ២៦១០នាក់ និងភ្ញៀវទេសចរជាតិ ២១ ៥៣៥​នាក់​៕​ អត្ថបទ៖ សាវី 

កោះទទឹងត្រូវបានរៀបចំជាតំបន់ទេសចរណ៍ថ្មី ក្នុងខេត្តកោះកុង ដើម្បីជំរុញកំណើនទេសចរណ៍

2026/03/20 09:21:49 am        572
កោះកុង៖ កោះទទឹង ស្ថិតក្នុងស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានរៀបចំ​ឲ្យ​ក្លាយ​ជា​តំបន់​ទេសចរណ៍​ថ្មី​មួយទៀ​ត ដើម្បីជំរុញកំណើនទេសចរណ៍ ហើយចាប់ផ្ដើមឲ្យភ្ញៀវ​ទេសចរ​ទៅ​សម្រាក​លម្ហែ​កាយបានចាប់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦។សម្រាប់កោះដ៏ស្ងប់ស្ងាត់មួយនេះ មានរុក្ខជាតិច្រើនប្រភេទ យ៉ាងត្រឈឹងត្រឈៃ អម​ដោយ​ឆ្នេរ​ខ្សាច់​ស​ក្បុសដ៏​ស្រស់ស្អាត លាតសន្ធឹងប្រវែងប្រមាណ ២ពាន់ម៉ែត្រ (២គីឡូម៉ែត្រ) ប្រប​នឹង​ជើង​មេឃ​ពណ៌​ខៀវ​ស្រងាត់​ដ៏ធំល្វឹងល្វើយ។ភាពប្រណិតនៃរមណីយដ្ឋាន គឺកាន់តែទាក់ទាញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិចង់ទៅស្នាក់ និង​លំហែរ​កាន់តែខ្លាំង ព្រមទាំងទទួលបានបទពិសោធន៍តាមរយៈការទស្សនាឆ្នេរខ្សាច់ ទឹក​សមុទ្រ​ដ៏​ខៀវ​ស្រងាត់ ​ព្រៃឈើធម្មជាតិ និងផ្កាថ្មចម្រុះពណ៌ នៃសមុទ្រកម្ពុជា។ ហើយ​បរិយាកាស​ដ៏​ស្ងប់​ស្ងាត់​នេះ គឺសាកសមជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរ មក​ពី​បណ្ដាប្រ​ទេស​នៅ​លើពិភពលោក ដែលចូលចិត្តសមុទ្រ ឆ្នេរខ្សាច់ ព្រៃឈើ និងជីវចម្រុះ ដែល​រស់​នៅក្នុ​ង​សមុទ្រជាដើម។ដោយមានសក្ដានុពល នៃវិស័យទេសចរណ៍នេះហើយ ទើបបច្ចុប្បន្នកោះទទឹង ទទួល​បាន​ការ​វិនិយោគ​ឲ្យ​មាន​ជា​រីស្សត (កោះទទឹងរីស្សត) ជាមួយនឹងមានវីឡាស្នាក់នៅ ភោជនីយដ្ឋាន ហើយ​នៅ​ទីតាំងឆ្នេរឯណោះវិញភ្ញៀវទេសចរអាចបរិភោគអាហារភេសជ្ជៈ គយ​គន់​ពន្លឺ​ព្រះ​អាទិត្យ​រះ​ឡើ​ង​ពីទិសបូព៌ា ខណៈតំបន់ទេសចរណ៍ថ្មី នៅលើទឹកដីនៃខេត្តកោះកុងមួយនេះ ក៏​ត្រៀម​រង់​ចាំ​ទទួល​ភ្ញៀ​វទេសចរ​ទៅសម្រាកលម្ហែរកាយ នៅរដូវចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

បារាយណ៍នាគព័ន្ធ ឋានសួគ៌នៃការគយគន់ថ្ងៃលិចដ៏ត្រកាល និងដើរតួនាទីយ៉ាងសំខាន់​ក្នុង​ការ​រក្សា​ស្រទាប់ទឹកក្រោមដី

2026/03/12 12:07:07 pm        146
បច្ចុប្បន្ន បារាយណ៍នាគព័ន្ធ កំពុងក្លាយជាគោលដៅដ៏ពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរ ក្នុងការមកទស្សនាសម្រស់ថ្ងៃរះ និងថ្ងៃលិច។ នៅពេលសូរិយារៀបអស្តង្គត ពន្លឺពណ៌មាសក្រហមឆ្អៅបានជះចាំងប៉ប្រះផ្ទៃទឹកបារាយណ៍ បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត ដក់ជាប់ក្នុងអារម្មណ៍អ្នកទស្សនាឥតជិនណាយ។បារាយណ៍ជយតដាក (បារាយណ៍ខាងជើង) ត្រូវបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ ទោះបីជាមានអាយុកាលជិតមួយសតវត្សរ៍ទៅហើយក្តី ប៉ុន្តែបារាយណ៍ដែលមានបណ្តោយ ៣,៦០០ ម៉ែត្រ និងទទឹង ៩៣០ ម៉ែត្រនេះ នៅតែរក្សាបាននូវភាពអស្ចារ្យរបស់ខ្លួន។បច្ចុប្បន្ន បារាយណ៍ប្រវត្តិសាស្ត្រនេះមិនត្រឹមតែជាតំបន់ទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្រទាប់ទឹកក្រោមដី ក៏ដូចជាជួយទ្រទ្រង់ដល់ប្រព័ន្ធទឹកក្នុងតំបន់អង្គរធំ ប្រាសាទនាគព័ន្ធ និងប្រាសាទព្រះខ័នផងដែរ៕ រូបអាជ្ញាធរអប្សរា 

សមាគមភោជនីយដ្ឋានកម្ពុជា ប្តេជ្ញាចូលរួមជាមួយរដ្ឋាភិបាលលើកកម្ពស់សេវាកម្មភោជនីយដ្ឋាន សេវាកម្មម្ហូបអាហារ និងភេសជ្ជៈឱ្យមានគុណភាព

2026/03/06 12:45:38 pm        77
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាគមភោជនីយដ្ឋានកម្ពុជា (CRA) ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងក្រសួងទេសចរណ៍ និងសមាគមភោជនីយដ្ឋានកម្ពុជា និងស្វែងរកវិធានការគន្លឹះរួមគ្នា ដើម្បីបន្តរក្សាភាពធន់នៃវិស័យទេសចរណ៍ និងជំរុញសន្ទុះវិស័យទេសចរណ៍កម្ពុជា ដើម្បីអាចរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់។ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីឧកញ៉ាលូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ», កញ្ញា ហេង ភួនហួង ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា, ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ប្រធាននាយកដ្ឋាន និងលោក លោកស្រី អនុប្រធាន សមាជិក សមាជិកនៃសមាគមភោជនីយដ្ឋានកម្ពុជា សរុបចំនួន ៨០នាក់។មុនចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះសមាគមទេសចរណ៍កម្ពុជា ដែលបានចូលរួមឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ តាមរយៈមូលនិធិមហាគ្រួសារវិស័យទេសចរណ៍ ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពជួរមុខដ៏អង់អាចក្លាហាន។ឆ្លៀតក្នុងឱកាសនៃពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន (PRC) ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ នៅដំណាក់កាលអនុវត្តសាកល្បងនៅឆ្នាំ២០២៦ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)។ជាកិច្ចបន្ទាប់ ក្រោយពីឯកឧត្តមរដ្ឋមន្រ្តី បានស្តាប់សេចក្តីរាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពសកម្មភាពរបស់សមាគមទេសចរណ៍កម្ពុជា និងសំណូមពរ ព្រមទាំងបញ្ហាប្រឈមរបស់សមាជិក សមាជិកានៃសមាគមរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យសមាគមត្រូវពង្រឹងសមត្ថភាពឱ្យកាន់តែមានទម្ងន់ខ្លាំងក្នុងកម្រិតតំបន់ និងពិភពលោក តាមរយៈការពង្រឹងរចនាសម្ព័ន្ធឱ្យបានរឹងមាំ និងត្រូវពង្រីកសមាជិករបស់ខ្លួនបន្ថែម។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានណែនាំឱ្យសមាគមរៀបចំជាផែនការសកម្មភាពប្រចាំឆ្នាំ២០២៦ ឱ្យបានឆាប់ ក្រោមទម្រង់ជា Practical Cooperation Action Plan និងត្រូវបន្ស៊ីជាមួយផែនការសកម្មភាពក្នុងរដូវកាលបៃតងក្នុងឆ្នាំ២០២៦ នេះ។ ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីការពង្រឹសមត្ថភាព និងពង្រីកសាខារបស់សមាគមភោជនីយដ្ឋានកម្ពុជាបន្ថែមទៅក្រៅប្រទេស ដើម្បីផ្សព្វផ្សាយទេសចរណ៍ម្អូបអាហារកម្ពុជាទៅកាន់ទៅផ្សារអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ ពោលគឺការងារផ្សព្វផ្សាយទេសចរណ៍ ដោយសមាគមត្រូវយកចិត្តទុកដាក់ និងចូលរួមលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៅតាមទីផ្សារគោលដៅ, ពង្រីកការផ្សព្វផ្សាយអំពីកិត្តិនាមកម្ពុជា និងព័ត៌មានវិជ្ជមានឱ្យកាន់តែខ្លាំងបន្ថែមទៀត៕

នាវាទេសចរណ៍ NORWEGIAN SUN ដឹកភ្ញៀវទេសចរជាតិ២ពាន់នាក់ មកទស្សនាប្រទេសកម្ពុជា

2026/03/05 03:13:20 pm        186
នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦នេះ​ នាវាទេសចរណ៍មួយ​ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS ដែលមានប្រវែងបណ្តោយ ២៥៨,៦០ ម៉ែត្រ ប្រវែងទទឹង ៣២,០០ ម៉ែត្រ ជម្រៅ ៨,២០ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ(ក.ស.ស.) ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល ១ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសប្រ៊ុយណេ។នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨៩១នាក់ (ស្រី ២០១នាក់) មាន ៤៦សញ្ជាតិ និងមាន​ភ្ញៀវទេសចរសរុបចំនួន ១,៨៣១ នាក់ (ស្រី ១,០០៤នាក់) មាន ៤៦សញ្ជាតិ។ ចំនួនសញ្ជាតិ​ដែល​មានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១,០៧៥ នាក់) និងកាណាដា (២២៣ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសថៃ នៅវេលាម៉ោង ១៩:០០ នាទី នៅថ្ងៃ​ដដែល៕

គ្រូ និងសិស្ស បាននឹងកំពុងខិតខំថែរក្សា អភិរក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យរីកចម្រើន

2026/03/03 02:45:54 pm        238
គ្រូ និងសិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ បានលើកឡើងអំពីការប្តេជ្ញាថែរក្សា អភិរក្ស និងលើក ស្ទួយ​សិល្បៈវប្បធម៌ខ្មែរឱ្យមានភាពរីកចម្រើន។ ការប្តេជ្ញានេះ ចំថ្ងៃទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ​២០២៦​។គ្រូបង្ហាត់សិល្បៈ នៅសាលាមធ្យមវិចិត្រសិល្បៈ នាថ្ងៃទី០៣ ខែមីនានេះ បានប្រាប់BTVឲ្យដឹងថា ក្នុង​នាមជាគ្រូបង្ហាត់ និងជាតួសំដែងក្នុងទំរង់សិល្បៈខ្មែរ កន្លងទៅធ្លាប់បានសំដែងនៅក្នុងប្រទេស និង​ក្រៅប្រទេស ដោយទទួលបានការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ។ លើសពីនេះ ពួក​គេ​បាន​ប្តេជ្ញា​​ថែរក្សា អភិ រក្ស និងលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឲ្យមានភាពរីកចម្រើន ព្រម​ទាំង​យក​ចិត្ត​ទុក​ដាក់​បណ្តុះ​បណ្តាលយុវជនជំនាន់ក្រោយផងដែរ។សិស្សរៀននៅសាលាមធ្យមវិចិត្រសិល្បៈ បានប្តេជ្ញាថា ខិតខំប្រឹងប្រែងរៀនជំនាញដែលលោកគ្រូ អ្នក​គ្រូ​បានបង្ហាត់ ដើម្បីរក្សាចំណេះជំនាញនេះ ទៅបង្ហាត់ប្អូនៗជំនាន់ក្រោយទៀត។ លើសពីនេះ សិស្សទាំងនោះ ក៏បានអំពាវ​នាវ​ដល់​សាធារណៈ​ចូលរួម​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ខ្មែរ​ឲ្យ​បាន​ផុល​ផុស​។គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀង​រាល់​ឆ្នាំ​សម្រាប់​រៀប​ចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» នៃព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ២០២៦នេះ គឺជាលើកទី២៨ នៃ​ការប្រារព្ធទិវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ទិវា​វប្បធម៌ជាតិ គឺជាទិវាដ៏មានសារសំខាន់សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃ នៃ សិល្បៈ​វប្បធម៌ដ៏សម្បូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃ​ដ៏​វិសេស​វិសាល​របស់​បុព្វ​បុរស​របស់​ខ្មែរ ​បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ទិវានេះ​បាន​រួម​ចំណែក​បំផុស​ស្មារតី​ដល់​យុវជន​កម្ពុជា​ជំនាន់​ក្រោយ ​ក៏ដូចជាប្រជាជាតិទាំងមូល ត្រូវមានមនសិកាស្រឡាញ់ ថែរក្សា ការពារ កេរ​ដំណែល​វប្បធម៌ដូនតា និងត្រូវ ចូលរួមលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ និងទំនៀម​ទំលាប់​ប្រពៃណី​ជាតិ ដូចពាក្យស្លោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិ​ថ្កើង​ថ្កាន​៕ ​អត្ថបទ៖ ទូច សោភ័ណ 

ប្រពៃណី វប្បធម៌ខ្មែរ បាន​បញ្ឆេះដួង​ចិត្តភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត

2026/03/03 02:17:01 pm        196
ប្រពៃណី វប្បធម៌ខ្មែរ បានបញ្ឆេះដួងចិត្តភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាម្ដងហើយម្ដង ទៀត​ ព្រោះចង់ដឹងរឿងរ៉ាវវប្បធម៌ខ្មែរនាសម័យបុរាណ និងសម័យបច្ចុប្បន្ន។នៅថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៦ គឺជាទិវាវប្បធម៌ជាតិ ខួបលើកទី២៨ របស់ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ហើ​តាមរយៈថ្ងៃនេះដែរ បណ្តាភ្ញៀវទេសចរអន្តរជាតិ បាននាំគ្នាសម្តែងការអបអរសាទរ ខណៈ​ការធ្វើដំ ណើរមកទស្សនាកម្ពុជា គឺភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ទាំង​អ​ស់​​គ្នា​ចង់​ទទួល​យក​បទ​ពិសោធន៍​ ចង់ទស្សនា ចង់ដឹងរឿងរ៉ាវ វប្បធម៌ខ្មែរនាសម័យបុរាណ និងសម័យបច្ចុប្បន្ន ទាំង​នៅ​គោល​ដៅ​ទេសចរណ៍វប្បធម៌ នៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប។ភ្ញៀវទេសចរ​អន្តរជាតិនានា បានថ្លែងប្រាប់BTV ថា កម្ពុជា ជាទឹកដីអច្ឆរិយៈ ជាប្រទេស​សម្បូរ​ទៅ​ដោយ​សម្បតិ្ត​បេតិភ័ណ្ឌវប្បធម៌ រូបីយ៍ និងអរូបីយ៍ជាច្រើន មានភាពទាក់ទាញ​ខ្លាំង​នូវ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី​បណ្តាប្រទេសមកទស្សនា ជាពិសេស គោលដៅវប្បធម៌នៅខេត្តសៀមរាប អង្គរ ហើយ​ក្រៅ​ពី​នេះភ្ញៀវទាំងអស់គ្នា ក៏ចង់ទទួលយកបទពិសោធន៍ ការស្នាក់នៅ ហូបម្ហូបអាហារបែបខ្មែរ ចង់​ទស្សនា សិក្សាស្វែងយល់ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីការរស់នៅ ជាមួយ​នឹង​មាន​ទឹក​មុខ​ស្នាម​ញញឹម​រាក់ទាក់ ភាពរស់រវើករបស់ប្រជាជនខ្មែរ ក្រោមម្លប់សុខសន្តិភាព ផ្តល់ភាពកក់ក្តៅ មិន​អាច​បំភ្លេចបាន វាពិតរួមចំណែកខ្លាំងក្នុងការបញ្ឆេះដួងចិត្តភ្ញៀវទេសចរអន្តរជាតិ មក​ទស្សនា​កម្ពុជា​ម្តង​ហើយចង់មកទស្សនាម្តងទៀត និងដូចជាផ្ទះទី២របស់គេ។តាមសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បីសម្រេចនូវសមិទ្ធិផលថ្មីៗជាច្រើនទៀត ពិសេសការផ្សព្វផ្សាយ និង​លើក​ស្ទួយ​កិត្តិនាមរបស់កម្ពុជា ឲ្យកាន់តែលេចធ្លោត្រដែតលើឆាកអន្តរជាតិស្របទិសស្លោក កម្ពុជា៖ ព្រះរាជាណាចក្រ នៃវប្បធម៌ សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស។ តាម​រយៈទិវាវប្បធម៌ជាតិ សម្តេចក៏បានបំផុសឲ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេស​យុវជន​ចូល​រួម​ជា​កម្លាំ​ង​ចលករ ក្នុងកិច្ចការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌​ចម្រុះ​របស់​សហគមន៍​ជន​ជាតិដើមភាគតិចឲ្យបានគង់វង្សស្ថិតស្ថេរ និងរីកចម្រើន ព្រមទាំងបង្កើន​ការ​យល់​ដឹង​អំពី​តម្លៃដ៏មហាសាលនៃសម្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗ ប្រកប​ដោយការច្នៃរប្រឌិត ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍៕ អត្ថបទ ស៊ុម សុខជា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Kuwait SC ជួប Muras United វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Challenge League ហើយអ្នកឈ្នះនឹងជួបព្រះខ័នរាជស្វាយរៀងនៅវគ្គផ្ដាច់ព្រ័ត្រ
04/20/2026 10:04 AM
BREAKING NEWS | សម្ដេចតេជោ៖ ការវះកាត់​របស់គ្រូ​ពេទ្យ​ចិនថ្វាយ​ចំពោះ​ព្រះមហាក្សត្រ​ជាទី​គោរព​សក្ការៈបានទទួលជោគជ័យហើយ
04/20/2026 10:04 AM
សុខ លីមហេង ក្លាយជាស្ដេចអុកនគរសង្គ្រាន្ដ ឆ្នាំ២០២៦ ក្រោយយកឈ្នះ ជា ស៊ីដេត ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ
04/20/2026 10:04 AM
សម្ដេចធិបតី អនុញ្ញាតជូនឯកអគ្គរដ្ឋទូតប្រទេសកាណាដាប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
04/20/2026 10:04 AM
មេដឹកនាំកូរ៉េខាងជើង បានពិនិត្យការសាកល្បងមីស៊ីលបំពាក់ក្បាលគ្រាប់បែកង្កោម
04/20/2026 10:04 AM
អ៊ុយក្រែនជំរុញឱ្យអឺរ៉ុប ដំឡើងប្រព័ន្ធការពារប្រឆាំងអាវុធបាលីស្ទីក
04/20/2026 10:04 AM
អុកចត្រង្គ និងយុទ្ធគុនខ្មែរបុរាណ ទទួលបានការគាំទ្រយ៉ាងផុសផុលក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ដ
04/20/2026 09:04 AM
តម្លៃប្រេងកើនឡើង និងភាគហ៊ុនសកលមិនទៀងទាត់ ខណៈបទឈប់បាញ់នៅមជ្ឈិមបូព៌ាមានភាពមិនច្បាស់លាស់
04/20/2026 09:04 AM
កម្ពុជាប្រកាសតវ៉ាជាផ្លូវការជាថ្មីប្រឆាំងនឹងសកម្មភាពរបស់ថៃ ពង្រឹងកាន់កាប់ដោយខុសច្បាប់បន្ថែមទៀត រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា
04/20/2026 09:04 AM
នគរបាល៖ កុមារ៨នាក់ស្លាប់ក្នុងការបាញ់ប្រហារដោយអំពើហិង្សាក្នុងគ្រួសារនៅសហរដ្ឋអាមេរិក
04/20/2026 09:04 AM