ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ត្រីសុខាភិបាល អំពាវនាវដល់ពលរដ្ឋភ្នំពេញមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ សូម​រួសរាន់​ ទៅ​ចាក់​នៅ​ទីតាំង​ចំនួន៤២

2021/11/11 11:36:41 am        683
ភ្នំពេញ ៖ ​លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ តាមរយៈBTV នាព្រឹកថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ​ អំពាវនាវដល់​អ្នក​សេសសល់​ រស់នៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ ​សូមទៅ​ទទួលការចាក់វ៉ាក់សាំងនៅតាមបណ្តាទីតាំងចំនួន៤២ ក្នុងរាជធានីភ្នំពេញ។លោកវេជ្ជបណ្ឌិត ងី មានហេង បានបន្តទៀតថា បងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេស មានអាយុ​ចាប់​ពី​១៨​ឆ្នាំ​ឡើង ​ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ (ស្ត្រីដែល​ទើបនឹងសម្រាលកូនរួច ប្រជាពល​រដ្ឋ​ដែល​បាន​បញ្ចប់ការធ្វើចត្តាឡីស័ក ឬ អ្នកដែលបាន​វិលត្រឡប់​ពីក្រៅប្រទេស ​ដែល​បានបញ្ចប់ការធ្វើចត្តាឡីស័ក )​ ដែល​កំពុងរស់នៅក្នុងរាជធានីភ្នំពេញ។ សូមអំពាវនាវដល់ អ្នកសេសសល់ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩។ ​ហើយក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែល​ត្រូវចាក់ដូសទី២ ដូសទី៣ ឬដូសជំរុញ ​សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ព្រោះថា​ការចាក់វ៉ាក់សាំងដូសជំរុញនៅថ្ងៃនេះ ដើម្បី​បង្កើន​ភាព​ស៊ាំ​ទប់​ទល់​នឹងការឆ្លងរាតត្បាតមេរោគកូវីដ-១៩។សូមបញ្ជាក់ថា ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ក្រៅពីបើកចាក់វ៉ាក់សាំងដល់អ្នកសេសសល់ និង​ដូសជំរុញ ក៏ កំពុង​ដំណើរ​​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ​ជូនកុមារ ​ដែលមានអាយុ០៥ឆ្នាំ សម្រាប់ដូសទី១​ ដែលបាន​ចាប់ផ្តើម​កាល​ពី​ថ្ងៃ​ទី១ ខែវិចិ្ឆកា ​ដល់ថ្ងៃទី១៤ ខែវិចិ្ឆកា ​ឆ្នាំ២០២១ និង​សម្រាប់ដូសទី២ ចាប់ផ្តើមពីថ្ងៃទី២៨ ខែវិចិ្ឆកា រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ផងដែរ៕អត្ថបទ រដ្ឋា

ក្រសួងការងារ បើកការធ្វើតេស្តជំនាញនិងភាសាជប៉ុន សម្រាប់ពលករទៅធ្វើការនៅប្រទេសជប៉ុន

2021/11/11 11:10:42 am        280
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការធ្វើតេស្តជំនាញ និងតេស្តភាសាជប៉ុន ទៅដល់អ្នកមានបំណងចង់ទៅធ្វើការនៅប្រទេសជប៉ុន។ក្នុងសេចក្តីជូនដំណឹង ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ យោង​តាម​ការ​ជូនដំណឹង​ពីក្រសួងយុត្តិធម៌ ​នៃប្រទេសជប៉ុន ដែលចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​ជូនដំណឹង​ដល់ទីភ្នាក់ងារជ្រើសរើសឯកជនទាំងអស់​ និងសាធារណជន ដែលមានបំណង​ទៅធ្វើការ​នៅ​ប្រទេស​ជប៉ុន​ ក្នុងគម្រោងពលករជំនាញឱ្យបានជ្រាបថា អង្គភាព​ទទួល​បន្ទុកការធ្វើតេស្តជំនាញ និង​តេស្ត​ភាសាជប៉ុន ​នឹងរៀបចំការធ្វើតេស្តភាសា ​និងតេស្តជំនាញ ​តាមរយៈប្រព័ន្ធកុំព្យូទ័រ (CBET) ក្នុង​គម្រោងពលករជំនាញ​ ក្នុងនោះ​មាន​ខាងផ្នែក​កសិកម្ម​ និងផ្នែកការងារនៅភោជនីយដ្ឋាន។ក្រសួងការងារ បានបញ្ជាក់បន្ថែមថា ចំពោះលក្ខខណ្ឌចុះឈ្មោះធ្វើតេស្តជំនាញ ​និងតេស្តភាសា គឺ​ចាប់ពីអាយុ ១៧ឆ្នាំឡើងទៅ​ ដោយ​មិនគិតពីកម្រិតវប្បធម៌។ ដោយឡែក​ ឯកសារចាំបាច់ដែលត្រូវយកមកជាមួយ​ មានដូចជាអត្តសញ្ញាណប័ណ្ណ ឬ​លិខិត​ឆ្លងដែន ឬប័ណ្ណបើកបរ។​ ចំពោះតម្លៃសេវានៃការចុះឈ្មោះធ្វើតេស្ត ​មានតម្លៃ ៣៣ដុល្លារអាម៉េរិក៕អត្ថបទ៖ បូរ៉ាវី

ពលរដ្ឋក្នុងស្រុកចំនួនបីនៃខេត្តតាកែវ នឹងទទួលការចាក់វ៉ាក់សាំងដូសទី៣ នៅសប្ដាហ៍ក្រោយ

2021/11/10 04:31:07 pm        378
តាកែវ ៖ អាជ្ញាធរខេត្តតាកែវ បានប្រកាសថា ចាប់ពីសប្ដាហ៍ក្រោយទៅ ប្រជាពលរដ្ឋក្នុងស្រុកចំនួនបី នឹងទទួលបានការចាក់វ៉ាក់សាំងដូសទីបី ឬដូសជំរុញ ។អាជ្ញាធរខេត្តតាកែវ នៅថ្ងៃនេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅក្នុងស្រុកចំនួនបី គឺស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ស្ដីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកានេះតទៅ។បើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ ដំណើរការចាក់សាំងដូសទី៣ ជូន​ដល់​ប្រជាពលរដ្ឋនៅស្រុកទាំង៣ខាងលើ នឹងធ្វើឡើងនៅទីតាំងចំនួន ៣៥ កន្លែងដោយ​ក្នុងនោះ​ស្រុកបាទី​មាន​ចំនួន១០ទីតាំង​ ស្រុកសំរោង មានចំនួន១១ទីតាំង​ និងស្រុកត្រាំកក់ មានចំនួន១៤ទីតាំង។លោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ប្រជា​ពលរដ្ឋ ដែលត្រូវចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជម្រុញ ​នៅក្នុងស្រុកទាំង៣ខាងលើនេះ មាន​ចំនួនប្រមាណ៣០ម៉ឺននាក់ ដោយអាជ្ញាធ​បាន​ជ្រើសរើស​ទីតាំង​វត្តចំនួន២១​នៅក្នុងស្រុកសំរោង និងស្រុកបាទី ធ្វើជាកន្លែងទីតាំង​សម្រាប់​ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ ​ដោយ​ឡែកស្រុកត្រាំកក់ អាជ្ញាធរ ​បានជ្រើសរើសមណ្ឌលសុខភាពចំ​នួន១៤ ​ធ្វើជាទីតាំងសម្រាប់ចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋ។លោកប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ ចំពោះប្រជាពលរដ្ឋរស់នៅក្នុងក្រុងស្រុកចំនួន៧ទៀត​នៅ​ក្នុងខេត្តតាកែវ ​អាជ្ញាធរ នឹងរៀបចំចាក់វ៉ាក់សាំងជូនដូសទី៣​ ដែល​ជាដូសជំរុញនៅក្នុងខែធ្នូ៕អត្ថបទ៖ គុជ វិភាគ

ឯកឧត្តម លី ធុជ ស្នើ UNDP បន្តផ្ដល់ជំនួយដើម្បីអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើន

2021/11/10 04:20:40 pm        739
ភ្នំពេញ ៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ទទួលបន្ទុកបេសកកម្មពិសេស បានស្នើដល់អង្គការ UNDP បន្តជួយផ្ដល់ជំនួយមនុស្សធម៌នានា ដល់កម្ពុជា ដើម្បីយកមកអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន រួមទាំងបន្តជួយគាំទ្រដល់វិស័យបោសសំអាតមីន ។ក្នុងជំនួបជាមួយលោកស្រី Alissar CHAKER ប្រធានអង្គការUNDP នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា​ បាន​ថ្លែង​អំណរ​គុណ និង​វាយ​តម្លៃខ្ពស់ ​ចំពោះ UNDP ចូលរួមគាំទ្រដល់ការងារអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះ​បាន​ចូលរួមដល់​ការងារ​សកម្មភាពមីនមនុស្សធម៌ តាំងពីឆ្នាំ២០០៦ តាមរយៈគម្រោង​បោស​សម្អាតមីន ជា​លទ្ធផល​រហូត​មក​ដល់ពេលនេះ​ គឺជាការអនុវត្តគម្រោងដំណាក់កាលទី៤ ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ​ចាប់ពីឆ្នាំ២០០៦ ដល់ខែកញ្ញា ​ឆ្នាំ២០២១ គម្រោងនេះ​បាន ចូលរួម​បោស​សម្អាតផ្ទៃដីប្រមាណ​ ២៧៥គីឡូម៉ែត្រក្រឡា​ សម្រាប់​យកមកប្រើប្រាស់ ដើម្បី​បង្ក​បង្កើផល និង​សាងសង់​លំនៅឋាន ​ដោយ​សហគមន៍ដែលរងផលប៉ះពាល់ ​ព្រមទាំង​ បានរកឃើញ និង​កម្ទេច​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ចំនួន ៧១ ៨៤៩គ្រាប់ ​មីនប្រឆាំងរថក្រោះចំនួន ​១ ៥១៥គ្រាប់ សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ២១៤ ៥៤២ ​និងបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជនបទចំនួន ១ ០៧៨ ០២២នាក់ ដែល​ក្នុងនោះ ​៥០ភាគរយ ជា​អ្នកទទួលផលជាស្ត្រី ។ជាមួយគ្នា ឯកឧត្តម លី ធុជ បាន​សំណូមពរលោកស្រី​ Alissar CHAKER បន្ត​ជួយ​កៀរគរ​ធនធាន​បន្ថែម​ពី​សហគមន៍​ផ្តល់​ជំនួយ និងដៃគូអភិវឌ្ឍន៍ ​ដើម្បីចូលរួមជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅរបស់ពលរដ្ឋមូលដ្ឋាន​ ការជួយសង្រ្គោះជីវិតប្រជាជន និងផ្តល់ដីមាន​សុវត្ថិភាព​តាមរយៈការ​ចូល​រួម​បោស​សម្អាត​មីនមនុស្សធ​ម៌ នៅកម្ពុជា ។ក្នុងឱកាសនោះ លោកស្រី Alissar CHAKER បានបង្ហាញពីសេចក្តីសប្បាយរីករាយ​ ដែលបាន​ចូល​រួម​ធ្វើការ ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ព្រមទាំង​បាន​តាំង​ចិត្តបន្តជួយគាំទ្រដល់ ​រាជរដ្ឋាភិបាល ក្នុង​ការងារ​បោស​សម្អាតមីនមនុស្សធម៌​ ឈានឆ្ពោះទៅរកការបញ្ចប់ការ​គម្រាមកំហែង​ដោយសារមីន ឆ្នាំ២០២៥​ ខាងមុខនេះ ៕អត្ថបទ បាន សុខរិទ្ធិ 

ប្រមុខការពារជាតិកម្ពុជា ៖ សន្តិភាព និងស្ថិរភាពនយោបាយជាមូលដ្ឋានធំ​សម្រាប់ពង្រឹង​វិបុលភាព​អាស៊ីអាគ្នេយ៍

2021/11/10 02:22:47 pm        493
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយប្រទេសជាសមាជិកអាស៊ាន គប្បីត្រូវធ្វើការពិភាក្សាគ្នាឲ្យបានម៉ត់ចត់បន្ថែមទៀត ។ក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយនៅថ្ងៃទី១០ ខែវិច្ឆិកានេះ ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និង​កិច្ចប្រជុំ​ក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី ដែលប្រទេសប្រុយណេ ធ្វើជាម្ចាស់ផ្ទះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា​ បានបញ្ជាក់ថា «សន្តិភាព និងស្ថិរភាពនយោបាយ ​គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ​ក្នុងការពង្រឹងវិបុលភាព និងចីរភាព តំបន់ អាស៊ីអាគ្នេយ៍។ បើសិនណាមិនមានសន្តិភាព​ និងស្ថិរភាពនោះទេ ប្រទេសនៅ​ក្នុងតំបន់​ក៏ប្រហែលជាមិនបានទទួលនូវការអភិវឌ្ឍ​ និងវិបុលភាពនោះដែរ។សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ដថា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ដ្រយុទ្ធសាស្រ្ត នាពេលបច្ចុប្បន្ន អាចនឹងប៉ះពាល់ដល់សន្តិភាព​ និងស្ថិរភាពតំបន់ អាស៊ានត្រូវតែធ្វើការពង្រឹង​ប្រពៃណី នៃការធ្វើកិច្ចសហប្រតិបត្តិការពហុភាគី ជាមួយ​នឹងដៃគូ​ខាងក្រៅ ដោយផ្អែកលើការ​ឯកភាព​ខាងក្នុង និងតួនាទីជាស្នូលរបស់អាស៊ាននោះ»។ប្រមុខការពារជាតិកម្ពុជា បានបញ្ជាក់បន្ថែមទៀតថា​ កម្ពុជាសូមស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើម​ប្រកប​ដោយភាពបើកចំហ បរិយាបន្ន និងតម្លាភាព ​និងដែលមានគោលដៅច្បាស់លាស់ ក្នុងការ​លើក​កម្ពស់​កិច្ចសហប្រតិបត្តិការជាក់ស្តែង ​សន្តិភាពប្រកបដោយចីរភាព ​និងការអភិវឌ្ឍនៅក្នុងតំបន់។ ការវិវត្តនៃស្ថានភាពសន្តិសុខនាពេលថ្មីៗនេះ​ គឺទាមទារឱ្យមានការពិភាក្សាគ្នាយ៉ាងម៉ត់ចត់ និងចែករំលែក​ការយល់ដឹងក្នុងចំណោមរដ្ឋសមាជិកអាស៊ាន។ដោយសារតែការលេចឡើងនូវសម្ព័ន្ធការពារជាតិនាពេលថ្មីៗនេះ បានបង្កឱ្យមានការកង្វល់​ចំពោះ​ការកើនឡើង​នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងលទ្ធភាពនៃការប្រណាំងប្រជែង​សព្វាវុធ​នៅក្នុងតំបន់។ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនាទៀ បាញ់ ក៏បានអំពាវនាវដល់រដ្ឋជាសមាជិកអាស៊ាន​ទាំង​អស់ ​គប្បីធ្វើការពិចារណាក្នុងការ​ដាក់បញ្ចូល ​បញ្ហាប្រែប្រួល​អាកាសធាតុ ទៅក្នុងយន្តការ​សហប្រតិបត្តិការអាស៊ាន ដើម្បី​កសាង​ភាពធន​របស់​កងកម្លាំងប្រដាប់អាវុធ និងកាត់​បន្ថយ​ផល​ប៉ះពាល់នៃបញ្ហាប្រឈមអាកាសធាតុ ដោយបញ្ហាគ្រោះ​មហន្តរាយធម្មជាតិ និងការប្រែប្រួល​អាកាស​ធាតុនេះ គឺមានការពាក់ព័ន្ធគ្នា ខណៈកងកម្លាំងប្រដាប់អាវុធនៃគ្រប់បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ ក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្តល់​ជំនួយមនុស្សធម៌ ការជួយ​ជម្លៀស​ប្រជាជន​ទៅ​កាន់ទីសុវត្ថិភាព ​និងការពារ​សន្តិសុខជាដើម៕អត្ថបទ ៖ បាន ចក់

ក្រសួងវប្បធម៌ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំឆ្នាំ២០២១» តាមប្រព័ន្ធអនឡាញ

2021/11/10 01:38:34 pm        549
ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នាពេលខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំព្រឹត្តិការណ៍សិល្បៈដ៏ធំមួយឈ្មោះថា «រាត្រីចងចាំឆ្នាំ២០២១» តាមប្រព័ន្ធអនឡាញ ដើម្បីអបអរសាទរសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ពិសេសអបអរសាទរខួប៣ឆ្នាំ នៃការដាក់បញ្ជូលល្ខោនខោលកម្ពុជា ចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ។ឯកឧត្តម ហ៊ឺ វីរៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររៀបចំ​ព្រឹត្តិការណ៍នេះ មានប្រសាសន៍ថា ព្រឹត្តិការណ៍សិល្បៈនេះ ក្រៅពីមានការសម្តែងនូវ​ទស្សនីយភាព​សិល្បៈចម្រុះទាំងបុរាណ ​និងសម័យ ​គឺមានការសម្តែង ​ល្ខោនខោល ក្នុងគោលបំណងចង់ឱ្យ​សាធារណជនជាតិ និងអន្តរជាតិ បានឃើញកាន់តែច្បាស់អំពីកិត្យានុភាពនៃវប្បធម៌ជាតិខ្មែរ ខណៈដែល​ល្ខោនខោលសហគមន៍វត្តស្វាយ ​តំណាងឱ្យល្ខោនខោលកម្ពុជា ត្រូវបាន​ទទួល​ស្គាល់​ដោយអង្គការ ​យូណេស្កូ (UNESCO) អស់រយៈពេល៣ឆ្នាំកន្លងទៅ ក្នុងការចុះបញ្ជីជាសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ អរូបីនៃមនុស្សជាតិ។ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ​ នឹងមានការផ្សាយផ្ទាល់តាមរយៈផេកផ្លូវការរបស់ ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ និងតាមបណ្តាស្ថានីយទូរទស្សន៍-សារព័ត៌មាន-បណ្តាញទំនាក់ទំនងសង្គម មួយចំនួន ដែលនឹងរួមគ្នាផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ​ ដើម្បីឱ្យពិភពលោក នឹងបានឃើញ​ពី​តម្លៃល្ខោន​ ខោលកម្ពុជា​ ដែលជាតម្លៃនៃមនុស្សជាតិ ហើយនេះក៏ជាបំណងដែលយើងគ្រប់គ្នា​ចង់បាន។ ឯកឧត្តម ក៏បានអំពាវនាវឱ្យប្រជាជនខ្មែរ ជាពិសេសយុវជនបន្តសកម្មភាពគាំទ្រឱ្យបានកាន់តែ​ខ្លាំងខ្លា​បន្ថែមទៀត ​ដើម្បីថែរក្សា សម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបដែលដូនតាខ្មែរ​យើង​បន្សល់​ទុកឱ្យនៅបានយូរអង្វែងទៅមុខទៀត។ជាមួយគ្នានោះដែរឯកឧត្តម ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារ​អចិន្រ្តៃយ៍​ទទួល​បន្ទុករៀបចំព្រឹត្តិការណ៍​ និងជាប្រធានក្រុមការងារបច្ចេកទេស​រៀបចំព្រឹត្តិការណ៍ និង​សិល្បទស្សនីយភាព​ បានបញ្ជាក់ទៀតថា​ នេះជាលើកទី២ហើយ​ ដែលក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានរៀបចំនូវព្រឹត្តិ្កការណ៍នេះឡើង បន្ទាប់ពីបានរៀបចំនូវព្រឹត្តិការណ៍រាត្រី​ចងចាំ​លើកទី១ ​នៅលើទឹកដីអង្គរខេត្តសៀមរាប ដែលមានអ្នកចូលរួមទស្សនា​ដោយផ្ទាល់​ប្រមាណជាង​២ម៉ឺននាក់។ ប៉ុន្តែឆ្នាំ២០២១នេះ ​ដោយសារបញ្ហាជំងឺកូវីដ-១៩ ​ដែលជាបញ្ហាសាកល ទើប​ព្រឹត្តិការណ៍​​រាត្រីចងចាំឆ្នាំ២០២១ ពុំត្រូវបានរៀបចំសម្តែងដោយផ្ទាល់នៅទីកន្លែង​សារធារណៈ ឬក្នុងតំបន់ទេសចរណ៍ណាមួយនោះទេ មានន័យថា ទិដ្ឋភាព សោភណ្ឌភាព បច្ចេកទេសនៃការ សម្តែងគឺបានបង្ហាញពីរសជាតិថ្មី ​តាមបរិបទថ្មីនៃប្រព័ន្ធបច្ចេកវិទ្យា(អនឡាញ)។ឯកឧត្តម ទិត ថាវរិទ្ធ បានសង្កត់ធ្ងន់ថា ​ព្រឹត្តិការណ៍នេះ គឺមានសិល្បករ សិល្បការិនី ​នាដកា តន្រ្តីករ និងតារាសម្តែងល្បី សរុបប្រមាណជិត២០០នាក់ ​បានស្ម័គ្រចិត្តចូលរួមសម្តែង ដោយបង្ហាញពីការ​ពេញចិត្ត និងក្តីស្រលាញ់ពីបេះដូង ​ដែលនេះបង្ហាញពីឆន្ទៈ នៃយុវជនប្រតិបត្តិវិស័យ ដើម្បីរួមគ្នា​លើកស្ទួយមរតកវប្បធម៌ជាតិ។ ឯកឧត្តម ក៏បានបញ្ជក់ផងដែរថា ថ្វីត្បិតរាជរដ្ឋាភិបាលបានប្រកាសបើកប្រទេសឡើងវិញ​លើ​គ្រប់​វិស័យក៏ពិតមែន​ តែសិល្បករ​ សិល្បការិនី បានរៀនរស់នៅដោយចេះសម្របខ្លួន​តាម​គន្លង​ប្រក្រតីភាពថ្មី ​ស្របតាមវិធានការណ៍របស់ក្រសួងសុខាភិបាល៕អត្ថបទ រដ្ឋា

ពលរដ្ឋនៅរាជធានីភ្នំពេញបន្តទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ

2021/11/10 01:16:37 pm        472
ភ្នំពេញ ៖ ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បន្តទៅពិនិត្យឈ្មោះ និងចុះឈ្មោះបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ។ជាការយល់ឃើញរបស់ប្រជាជពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែវិច្ឆិកានេះ បាន ប្រាប់BTVឲ្យដឹងថា ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ​ពិតជាមានសារសំខាន់ណាស់ សម្រាប់ការ ជ្រើសរើសថ្នាក់ដឹកនាំ ​ដែលមានសមត្ថភាព និងគិតគូរពីសុខទុក្ខប្រជាជនពលរដ្ឋ។ ក្រៅពីនេះ ពួកគេ បានអំពាវនាវដល់ពលរដ្ឋ ដែលមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោតឲ្យបាន គ្រប់គ្នាៗ។យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប បានបង្ហាញថា ​គិតចាប់ពីថ្ងៃដំណើរការចុះឈ្មោះបោះឆ្នោតរហូតដល់ថ្ងៃទី៩​ ខែវិច្ឆិកានេះ ពលរដ្ឋជាង៣១ ម៉ឺននាក់ ​បានមកចុះឈ្មោះបោះឆ្នោតថ្មី។នៅឆ្នាំ២០២១នេះ គ.ជ.ប ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត​ ចាប់ពីថ្ងៃទី១២ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ ដំណើរនេះ នឹងធ្វើឡើងរៀងរាល់ថ្ងៃ រួមទាំង​ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដែលពេលព្រឹក ចាប់ពីម៉ោង៧៖០០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀល ចាប់ពី ម៉ោង២៖០០នាទី ដល់ម៉ោង៥៖៣០នាទី នៅតាមសាលាឃុំ-សង្កាត់ និងទីតាំងមួយចំនួនទៀតក្នុងឃុំ-សង្កាត់។ ដើម្បីចុះឈ្មោះបោះឆ្នោតបាន ប្រជាពលរដ្ឋមានសញ្ជាតិកម្ពុជាទាំងពីរភេទ ត្រូវមានអាយុយ៉ាង តិចពី១៨ឆ្នាំឡើងទៅ និងមានឯកសាព័ន្ធផ្សេងៗមួយចំនួនទៀត។តាមការប៉ាន់ស្មានរបស់គ.ជ.ប ពលរដ្ឋ ដែលមានអាយុពី១៨ឆ្នាំឡើងទៅ មិនទាន់​មានឈ្មោះក្នុង​បញ្ជី​បោះឆ្នោតថ្មី មានចំនួនជាង១លាន នាក់។ សម្រាប់ដំណើការការបោះឆ្នោតជ្រើសរើស​ក្រុម​ប្រឹក្សាឃុំ/សង្កាត់ អាណិត្តទី៥ នឹងប្រព្រឹត្តិទៅនៅថ្ងៃ ទី០៥ ខែមិថុនា ឆ្នាំ២០២២៕អត្ថបទ៖ ទូច សោភ័ណ 

ក្រសួងទេសចរណ៍ និង ស.ស.យ.ក អនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្មឌីជីថលទ្រទ្រង់​ការងើប​ឡើងវិញ នៃវិស័យទេសចរណ៍

2021/11/10 12:54:21 pm        348
ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសហភាពសហព័ន្ធយុវជនកម្ពុជា និងមជ្ឈមណ្ឌលកម្ពុជា ៤.០ បាន​ប្រកាស​ដាក់​ប្រើប្រាស់​អនុវត្តកម្មវិធីបណ្តុះបណ្តាលអក្ខរកម្ម ​ឌីជីថល ក្នុង​វិស័យទេសចរណ៍កម្ពុជា អម​ជាមួយ​ការ​ប្រគល់​វិញ្ញាបនបត្រ​ជូន​សិក្ខាកាមផងដែរ។ ក្នុង​ពិធីប្រកាស​ដាក់​ប្រើប្រាស់នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ ថ្លែងថា បច្ចុប្បន្ន ​អក្ខរកម្ម​ឌីជីថល កំពុងមានតម្រូវការចាំបាច់ដើម្បីទ្រទ្រង់ដល់ការងើបឡើងវិញ ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា តាមវគ្គ​បណ្តុះ​បណ្តាល​អក្ខរកម្មឌីជីថល ​ជូន​យុវជន​ទូទៅ​ បុគ្គលិកឯកជន​ ម្ចាស់អាជីវកម្មក្នុងវិស័យ​ទេសចរណ៍ ក៏ដូចជា​សម្រាប់មន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ​ និង​ថ្នាក់​ក្រោមជាតិ​ អោយ​មាន​ជំនាញនេះ នឹងជួយ​ទ្រទ្រង់​ដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍​កម្ពុជា​ពី​វិបត្តិ​ជំងឺ​កូវីដ-១៩ និងធានាបានឧត្តមភាពប្រកួត​ប្រជែង​នៃវិស័យទេសចរណ៍ជាតិ តាមរយៈការទាញយកសក្តានុពលពី​ការ​ប្រើប្រាស់​បច្ចេកវិទ្យា បំរើ​ដល់ការគ្រប់គ្រង និងការអភិវឌ្ឍ នៅក្នុងពេលបច្ចុប្បន្ន ​និងទៅអនាគត ស្របតាម​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម ៤.០។ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និងទេសចរណ៍​នៃ​រដ្ឋសភាព​ និងក្នុងនាមជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានថ្លែងថា ដើម្បីចូលរួម​ជម្រុញចលនាទេសចរណ៍ ​និង​ការផ្តល់​សេវាទេសចរណ៍នៅកម្ពុជា មានភាព​ល្អប្រសើរ​និងមានភាពទាក់ទាញថែមទៀត គឺយើង​ពឹងផ្អែកខ្លាំង​ នឹង​ការ​សម្របខ្លួន ដោយ​បំផុស​ចលនាឱ្យប្រជាពលរដ្ឋគ្រប់រូបដែលជាកោសិកាសង្គម-សេដ្ឋកិច្ច ​ត្រូវស្រូប​យក​ និង​សម្រប​ខ្លួន ទៅ​នឹងបច្ចេកវិទ្យាថ្មីៗ​ តាមរយៈចូលរួមវគ្គបណ្តុះបណ្តាលអក្ខរកម្ម ​និងអាចស្វែងរកធនធានបន្ថែម​ ដែល​មាន​នៅ​លើ​អ៊ីនធឺណិត។ឯកឧត្តម ហ៊ុន ម៉ានី បន្តថា ដើម្បីទទួលបានធនធាន​ជំនាញឌីជីថលក្នុងវិស័យទេសចរណ៍នេះ គឺ​យើង​ត្រូវ​បន្ត​ពង្រឹង​ការ​បណ្តុះ​បណ្តាលផ្នែកវិទ្យាសាស្ត្រ ​និងបច្ចេកវិទ្យា ចាប់ពីការសិក្សា​នៅ​កម្រិត​មូលដ្ឋាន មធ្យម​សិក្សាទុតិយភូមិ, និង​បន្ត​ពង្រឹង​កិច្ចសហការរវាងស្ថាប័នរដ្ឋ ​ជាមួយវិស័យឯកជន និងគ្រឹះស្ថានអប់រំ ​ទាំងសាលាចំណេះទូទៅ​ សាលាវិជ្ជាជីវៈ ​និង​សាកលវិទ្យាល័យ ដើម្បី​បញ្ចូល​ការអប់រំ​ផ្នែកបច្ចេកវិទ្យា​ និងវិទ្យាសាស្ត្រ ​នៅក្នុងការបណ្តុះបណ្តាល ​ការតម្រង់ទិស និង​ការ​ពង្រឹងសមត្ថភាព។បើតាមឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា៤.០ ថ្លែងថា មកដល់​បច្ចុប្បន្ននេះ ​បានបណ្តុះ​បណ្តាល​អក្ខរកម្ម​ឌីជីថល និងជំនាញឌីជីថលក្នុងវិស័យទេសចរណ៍ជូន​យុវជនបានចំនួនប្រមាណជា៤០០០នាក់ លើ​មុខ​វិជ្ជាជាង ៤៧ ហើយបច្ចុប្បន្នយើង​ក៏កំពុង​បន្តការ​បណ្តុះ​បណ្តាល​យុវជនផ្សេងៗជាច្រើនទៀត៕អត្ថបទ ស៊ុម សុខជា

កម្ពុជា​បន្ត​រក​ឃើញ​មនុស្ស​ ៦៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/11/10 12:05:43 pm        246
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៦៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៥៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៨៤៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​ នាពេល​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១៥ ៦៥៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៩ ២៩២ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ព្រះមហាក្សត្រ ស្តេចយាងទៅចូលរួមមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ នៅប្រទេសបារាំង

2021/11/10 05:34:35 am        496
សូមចុច Join Channel Telegram BTV News ដើម្បីទទួលព័ត៌មានថ្មីៗភ្នំពេញ ៖ តបតាមការយាងរបស់លោកជំទាវ អូដ្រេយ អាហ្សូឡេយ (Audrey Azoulay) អគ្គនាយិកានៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (យូណេស្កូ) ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងចាកចេញពីកម្ពុជាហើយ នៅព្រឹកថ្ងៃទី១០វិច្ឆិកានេះ ដើម្បីទៅចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើក ទី៧៥នៃអង្គការនេះ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១។នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ជាមួយនឹងវត្តមានរបស់ប្រមុខរដ្ឋ និងរដ្ឋាភិបាលជាច្រើនរូប ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងថ្លែងព្រះរាជសុន្ទរកថា នៅ​ក្នុង​ពិធីបើកសម័យប្រជុំជាផ្លូវការនៃមហាសន្និបាត​ ដោយផ្តោតលើសមិទ្ធផល សំខាន់ៗ​នៃអង្គការ​យូណេស្កូ ​នៅក្នុងប្រទេសកម្ពុជា។ចាប់តាំងពីត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ អង្គការ យូណេស្កូ បានរួមចំណែកយ៉ាងសំខាន់ ដល់​ការលើកតម្កើងវិស័យអប់រំ វិទ្យាសាស្ត្រ វប្បធម៌​ និងការប្រាស្រ័យទាក់ទងគ្នា ​នៅក្នុងពិភពលោក តាមរយៈកម្មវិធីកិច្ច​សហប្រតិបត្តិការពហុភាគី។វត្តមានអញ្ជើញដង្ហែអង្គព្រះមហាក្សត្រដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានវត្តមានថ្នាក់​ដឹកនាំ​ជាន់ខ្ពស់គឺសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា,សម្តេចពញាចក្រី ប្រធានរដ្ឋសភា សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមជាមួយវត្តមានសម្តេច​ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ​ជាឥស្សរជនសំខាន់ៗ មួយចំនួនទៀត។ បើតាមព្រះរាជសាររបស់ព្រះករុណាចុះថ្ងៃទី៤វិច្ឆិកា ព្រះអង្គបានសូមព្រះអនុញ្ញាត និងអនុញ្ញាត​ពី​សម្តេចព្រះមហាសង្ឃរាជ​ ទាំងពីរគណៈ និង​ព្រះថេរានុត្ថេរៈ​គ្រប់ព្រះអង្គ ​សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកសី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស​ ចាប់ពី ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចូលរួម​ក្នុង​ពិធី​បើក​សម័យប្រជុំមហាសន្និបាត ​លើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ នៅសាធារណរដ្ឋបារាំង ។នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គខាងលើនេះ ​សម្តេចវិបុលសេនា ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ​នឹងទទួលជួយព្រះអង្គ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ។ នៅរសៀលថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២១​ សម្តេចប្រមុខរដ្ឋ ស្តីទី នឹងអញ្ជើញជាព្រះរាជតំណាង​របស់​ព្រះអង្គ ក្នុងពិធីពន្លត់ទៀនជ័យ​ នៃទិវាបុណ្យឯករាជ្យជាតិ នៅវិមានឯករាជ្យ ៕អត្ថបទ មុត សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM