TOP STORY | សម្ដេចធិបតី បានចាត់វិធានការចាំបាច់​ជាបន្ត​បន្ទា​ប់ចំ​ពោះកា​រ​វិល​ត្រឡប់​ទ្រង់ទ្រាយ​ធំរ​បស់​ពលករ​ខ្មែរ និងជនភៀសសឹក
TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាធម្មនុញ្ញថា សំណើរវិសោធនកម្មកំណត់ឲ្យមេដឹកនាំកំពូល​មាន​សញ្ជាតិ​មួយ​ស្របរដ្ឋ​ធម្មនុញ្ញ

2021/10/11 05:25:01 pm        300
ភ្នំពេញ ៖ នៅថ្ងៃនេះ ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចយល់ព្រមចំពោះការស្នើ​ធ្វើ​វិសោធនកម្ម​ចំពោះ​សេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញ ដើម្បី​កំណត់សញ្ជាតិ​ខ្មែរតែមួយ សម្រាប់មេដឹកនាំស្ថាប័នកំពូលចំនួន ៤របស់ជាតិ គឺធ្វើឡើងស្របតាម​ស្មារតី​រដ្ឋធម្មនុញ្ញ។ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីទូលថ្វាយ​មតិថ្វាយ​ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចំពោះការស្នើ​ធ្វើ​វិសោធនកម្មមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយ សម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូលចំនួន៤ រួមមាន ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុម​ប្រឹក្សា​ធម្មនុញ្ញ ។ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បាន​ឲ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញបានពិនិត្យឃើញថា ការស្នើធ្វើវិសោធនកម្មមិន​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញនោទេ និងពុំប៉ះពាល់ដល់របបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក៏ដូចជា របប​រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើយ ។ពាក់ព័ន្ធនឹងការស្នើធ្វើវិសោធនកម្មជុំវិញការកំណត់សញ្ជាតិខ្មែរតែមួយរបស់ថ្នាក់ដឹកនាំកំពូលចំនួន៤នេះ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា បានបញ្ជាក់ថា ការកំណត់សញ្ជាតិតែមួយបែបនេះ​គឺជា​ការ​បន្ថែមនូវស្មារតី និងមនសិកាស្នេហាជាតិដែលយោងតាមស្ថានភាពគតិយុត្តនៃការដឹកនាំ និងការសម្រេចចិត្តសម្រាប់ប្រជាពលរដ្ឋខ្មែរទាំងអស់ផងដែរ។គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ បានផ្តោតជាសំខាន់ទៅលើប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាមេដឹកនាំមានការទទួលខុសត្រូវ​ក្នុងការ​សម្រេច​លើកិច្ចការសំខាន់ៗ ដែលជាអាយុជីវិតរបស់ប្រទេសជាតិ សំដៅធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា, ឧត្តមប្រយោជន៍ជាតិ និងប្រជាជន​កម្ពុជា និងការប្រឆាំងដាច់ខាតនឹងការជ្រៀតជ្រែកពីបរទេសចូលក្នុងកិច្ចការផ្ទៃក្នុង របស់ជាតិ ឬ ការបង្គាប់បញ្ហាចំពោះគោលនយោបាយជាតិ និងអន្តរជាតិរបស់កម្ពុជា៕អត្ថបទ សេក ឧត្តម

ជប៉ុនផ្តល់ជំនួយឥតសំណងប្រមាណ ៧២លានដុល្លាដល់កម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម

2021/10/11 05:17:25 pm        341
ភ្នំពេញ ៖ នៅថ្ងៃនេះ តាមរយៈពិធីចុះហត្ថលេខានាទីស្តីការក្រសួងការបរទេស ជប៉ុនបានសម្រេចផ្តល់ជំនួយដល់កម្ពុជាឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណង ប្រមាណ៧២លានដុល្លា ជុំវិញគម្រោងអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។នៅថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ​ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់​សរុប​ទាំងអស់ ៧.៩៣៦ លានយ៉េន (ប្រមាណ៧២ លានដុល្លារអាមេរិក) ដើម្បីរួម ចំណែកដល់​ការលើក​កម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមសម្រាប់គម្រោងចំនួន៦។នាឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ពិធីចុះហត្ថលេខា​នៅ​ក្នុងថ្ងៃនេះ គឺជាសក្ខីភាពនៃការបន្តជួយគាំទ្ររបស់ជប៉ុនដល់កម្ពុជា បើទោះបីជាមានការរីករាល​ដាល​នៃជំងឺកូវីដ-១៩ ក្តី ហើយដែលជាការជួយគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍនៅ កម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ប្រទេសជប៉ុនបាននឹងកំពុងជួយគាំទ្រ ដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទាន​ឥតសំណង និងវ៉ាក់សាំង ហើយដែលជំនួយសប្បុរសធម៌ទាំងនេះ ឆ្លុះបញ្ចាំងនូវទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងជប៉ុន ព្រមទាំងបានរួមចំណែកដល់យុទ្ធនាការ​ចាក់វ៉ាក់សាំង​នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ជំនួយរបស់ជប៉ុនបាននឹងកំពុងរួមចំណែកយ៉ាង​សំខាន់​ដល់ការអភិវឌ្ឍសង្គម និងធនធានមនុស្ស នៅកម្ពុជា ហើយជំនួសមុខឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជន​ជប៉ុន​ដែលតែងតែបន្តជួយដល់កម្ពុជា។គួរបញ្ជាក់ថា ចំពោះការអនុវត្តគម្រោងចំនួន៦ រួមមាន គម្រោង ពង្រីកសមត្ថភាពផ្គត់ផ្គង់​ទឹកស្អាត​ខេត្តសៀមរាប (ដំណាក់ កាលទី២), គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួត​ពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត, គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍​ជាតិសំណង់, សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ, គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និង គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យ​ឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៕  អត្ថបទ​៖ សេក ឧត្តម

សារព័ត៌មាន The Guardian សម្ដែងការសោកស្ដាយ ពាក់ព័ន្ធការចុះផ្សាយរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់សម្ដេចតេជោ

2021/10/11 01:57:51 pm        363
ភ្នំពេញ៖ សារព័ត៌មាន The Guardian បានសម្ដែងនូវការសោកស្ដាយពាក់ព័ន្ធការចុះផ្សាយរបស់ខ្លួនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទិញសញ្ជាតិស៊ីព្រ (Cyprus) ហើយបានសន្យាធានាផ្ដល់នូវដំណោះស្រាយជូនសម្ដេចតេជោ និងពលរដ្ឋកម្ពុជាគួរជាទីគាប់ចិត្ត ។យោងតាមលិខិតរបស់សារព័ត៌មាន The Guardian ផ្ញើជូនឯកឧត្តម កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែល BTV ទទួលបាននៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ជូនចំពោះឯកឧត្តមរដ្ឋលេខាធិការ ខ្ញុំ​សរសេរសារអេឡិចត្រូនិក (email) នេះ ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ ឯកឧត្តម ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ (បានទទួលនៅវេលាម៉ោង ១៣.១៩ GMT នៅថ្ងៃនេះ) ដែលបានអានរួច​ហើយ​ដោយ​លោកស្រី និពន្ធនាយក ខេតធឺរីន វីននឺរ (Katherine Viner) និងបាន​បញ្ជូនមកខ្ញុំ ដែលមាន​តួនាទី​ជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួតពិនិត្យផ្ទៃក្នុង-internal Ombudsman)។ខ្ញុំអាចធានាចំពោះ ឯកឧត្តម បានថា កំហុសឆ្គងត្រូវបានរកឃើញ និងជម្រាបមកខ្ញុំ ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian)កាលពីម្សិលម៉ិញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។ ឯកឧត្តម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដូចមានក្នុងតំណភ្ជាប់នៅទីនេះ។អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបកស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។ស្មេរអត្ថបទមានការសោកស្តាយដោយបង្កឱ្យមានការបារម្ភដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែមានសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញចិត្ត ៕

យុវជន ប្រជាពលរដ្ឋ លើកឡើងពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងដូសទី៣ គឺការពារជំងឺកូវីដ១៩ និងបំប្លែងថ្មី

2021/10/11 06:37:29 am        323
ភ្នំពេញ ៖ យុវជន និងប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ទាំង៨ នៃខណ្ឌ៧មករា រាជធានីភ្នំពេញ បានមកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានលើកឡើងពីសារៈសំខាន់ នៃការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ គឺបានចូលរួមជួយការពារជំងឺកូវីដ-១៩ និងកូវីដ-១៩បំប្លែងថ្មី ដែលកំពុងរីករាលដាល។ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ (Sinovac) ដូសទី៣ ឬដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ៧មករា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ យុវជន និងប្រជាពលរដ្ឋ មកទទួលការចាក់វ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នៅក្នុងសាលាបឋមសិក្សាបាក់ទូក បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងនេះ ធ្វើឲ្យសុខភាពរបស់ពួកគាត់ល្អ និងរឹងមាំ។ដូច្នេះពួកគាត់សូមគោរពអរគុណដល់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត បានខិតខំស្វះស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស។បើតាមលោក ណុប វណ្ណា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍ខណ្ឌ៧មករា បានឲ្យដឹងថា សម្រាប់យុទ្ធការដំបូងនៃដំណើរការចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋខណ្ឌ៧មករា នៅព្រឹកនេះ យើងចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋចំនួន៣សង្កាត់ គឺសង្កាត់អូរឬស្សី១ សង្កាត់អូរឬស្សី៣ និងសង្កាត់បឹងព្រលិត ចំនួន៨៥០នាក់ និងរសៀលចាក់វ៉ាក់សាំង ជូនបងប្អូនប្រជាពលរដ្ឋចំនួន២សង្កាត់ទៀត គឺសង្កាត់អូរឬស្សី២ និងសង្កាត់អូរឬស្សី៤ ចំនួន៥០០នាក់។តាមផែនការថ្នាក់ជាតិ គឺការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣នេះ មានរយៈពេល១៤ថ្ងៃ ហើយ​ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ៧មករា ដែលត្រូវមកទទួលការចាក់វ៉ាក់​សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ មានចំនួនសរុប៣៣៦៧៥នាក់៕អត្ថបទ រដ្ឋា

កម្មករនិយោជិតក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងធ្វើតេស្តរហ័សរកមេរោគកូវីដ

2021/10/11 12:33:35 pm        743
កោះកុង ៖ បណ្តាកម្មករ និងនិយោជិតរោងចក្រនីមួយៗ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង កំពុងត្រូវបានធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ តបការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីឈប់សម្រាកថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌកន្លងទៅ។យ៉ាងហោចណាស់ ក៏មានរោងចក្រចំនួន៤តម្រូវឱ្យកម្មករ និយោជិតរបស់ខ្លួនធ្វើតេស្តរហ័ស​ស្វែង​រកមេរោគកូវីដ១៩ មុនអនុញ្ញាតឱ្យចូលបម្រើការងារដូចធម្មតា ដើម្បីសុវត្ថិភាពកន្លែងការងារធានា​បានការមិនឆ្លងជំងឺដ៏កាចសាហាវនេះ ។លោក យក់ សង្វាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានឱ្យដឹងនៅ​ព្រឹក​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ថា រោងចក្រដែលបានធ្វើតេស្តសុខភាពកម្មករ និយោជិត និងថៅកែ​រួចរាល់​​កាលពីម្សិលមិញ គឺរោងចក្រយ៉ាស្សាគិ ដោយមានមនុស្ស​ជាង ៣.១០០នាក់​ចូលរួម​អនុវត្តវិធាន​ការសុខាភិបាល។ ជាលទ្ធផលនៃតេស្តពុំមានកម្មករ និយោជិតណាម្នាក់ផ្ទុក​មេរោគកូវីដ១៩ ឡើយ។លោក លើកឡើងទៀតថា ជាក់ស្តែង នៅព្រឹកថ្ងៃទី១១ តុលានេះ មានមនុស្សជាង៤០០នាក់ នៅ​រោងចក្រមីកាស្សា រោចក្រហាណា និងរោងចក្រ៩៩ បាននឹងកំពុងធ្វើតេស្តសុខភាពផងដែរ ​ចំពោះ​លទ្ធផលតេស្តផ្តល់ព័ត៌មានតាមក្រោយ។ ដោយឡែករោងចក្រ​ KKNពុំទាន់​អនុវត្ត​ធ្វើ​តេស្ត​នោះទេ។ដំណើរការធ្វើតេស្តរហ័សស្វែងរកមេរោគកូវីដ១៩ ដល់ក្រុមកម្មករ និយោជិតនៅតាមបណ្តារោងចក្រ សហគ្រាសនៅពេលនេះ ឆ្លើយតបនឹងអ្វីដែលជាសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំង​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ។បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងថា លោកនៅមិនទាន់​ទទួល​បានព័ត៌មានលម្អិតនៅឡើយជុំវិញលទ្ធផលធ្វើតេស្តកម្មករ និយោជិតក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង។ ប៉ុន្តែជាគោលការណ៍ថ្មី ទោះបីជាមានការរកឃើញវីរុសកូវីដផ្ទុកលើកម្មករ និយោជិកណាម្នាក់ ក៏នឹងត្រូវ​បញ្ចូន​សំណាកនោះ​ទៅពិនិត្យលម្អិតបន្តនៅវិទ្យាស្ថានប៉ាស្ទ័រ។ក្រុមកម្មករ និយោជិតដែលសង្ស័យផ្ទុកមេរោគកូវីដ ត្រូវបញ្ចូនទៅអគារមណ្ឌលចត្តាឡីស័ករង់ចាំ​លទ្ធផល​តេស្តមកពីរាជធានីភ្នំពេញ មុននឹងបញ្ចូនទៅអគារព្យាបាលអ្នកជំងឺ៕អត្ថបទ ឈឹម មករា 

ក្រសួងការពារជាតិ ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ដល់ពលរដ្ឋ បន្ទាប់ពីដូសទី១និងទី២ ទទួលបានជោគជ័យ

2021/10/11 12:05:49 pm        497
ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅខណ្ឌ មួយចំនួននៃរាជធានីភ្នំពេញ បន្ទាប់ពីយុទ្ធនាការផ្ការីកចាក់ដូសទី១ និងទី២ ទទួលបានជោគជ័យ និងសម្រេច បានស្ទើតែមួយរយភាគរយ ហើយការចាក់នូវដូសទី៣នេះ នឹងប្រើប្រាស់កងកម្លាំងពេទ្យយោធារាប់ពាន់នាក់ផងដែរ។ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយពីអញ្ជើញចូលរួមបើកជាផ្លូវការនៃយុទ្ធនាការ​ចាក់​វ៉ាក់សាំងដូស ទី៣ឬដូសជំរុញជូនប្រជាពលរដ្ឋ និងក្រុមគ្រួសារកងទ័ព នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅបញ្ជាការដ្ឋានកងពលលេខ៧០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋ​មន្រ្តី និងជារដ្ឋមន្រ្តីក្រសួង ការពារជាតិកម្ពុជា បានលើកឡើងថា យុទ្ធនាការ​ចាក់​វ៉ាស់ដូស​ទី៣នេះ គឺជាគន្លឹះដ៏សំខាន់បំផុតសម្រាប់ជួយការពារបងប្អូនប្រជាពលរដ្ឋខ្មែរមិនឲ្យឆ្លងនូវមេរោគកូវីដ១៩ ក៏ដូចជាបន្សាំទៅ នឹងសង្គមផងដែរ។សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់បន្ថែមថា យុទ្ធនាការចាស់វ៉ាក់សាំងដូសទី៣នេះ នឹង​ប្រព្រឹត្តិទៅយ៉ាងរលូនដូចដូសមុនៗ យ៉ាងដូច្នេះដែរ ហើយដើម្បីបង្ការ​អាយុជីវិតរបស់​ប្រជាជនខ្លួន រាជ​រដ្ឋាភិបាលមិនរាថយ និងមិនបានខ្វល់ចំពោះបុគ្គល​អគតិ​មួយក្តាប់តូច​ធ្វើការ​បន្ទោស​បង្អាប់​យ៉ាងណាក៏ដោយនោះ។ទាក់ទងនឹងយុទ្ធការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញនេះដែរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋ​លេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង​កូវីដ១៩ (គ.វ.ក១៩) បានថ្លែងថា យុទ្ធនាការផ្ការីកចាក់វ៉ាក់សាំងដូសទី៣នេះ គឺកើតចេញពីទឹកចិត្ត​ដ៏​សប្បុរសធម៌​បំផុត របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយ​សង្រ្គោះអាយុជីវិតរបស់​មនុស្សរាប់លាននាក់ ដែលកំពុងរស់នៅប្រទេសកម្ពុជា ដោយមិនបាន​រើសអើង​ជាតិសាស្រ្ត និងនិន្នាការអ្វីនោះឡើយ។ការចាក់វ៉ាក់សាំងនូវដូសទី៣ ឬដូសជំរុញនេះ នឹងធ្វើឡើងដូចនាពេលកន្លងទៅដែរ ដោយការចាក់ នេះនឹងមិនគិតថ្លៃ មិនថាជនជាតិខ្មែរ ឬជនជាតិបរទេសណានោះឡើយ គឺរាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យចាក់ទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យមានការបន្សាំនូវមេរោគកូវីដ១៩ ចូលក្នុងសហគមន៍ និង​ក៏ដើម្បីបើកដំណើរ ការសាលារៀន និងសេដ្ឋកិច្ចនៅកម្ពុជាឡើងវិញ​នាពេលឆាប់ៗខាងមុខនេះផងដែរ។យ៉ាងណាក៏ដោយនៅក្នុងសន្និសីទសារព័ត៌មានដដែលនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បាន​ក្រើនរំលឹក និងអំពាវនាវយ៉ាងទទួចដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ បើទោះបី​ជា​បានចាក់វ៉ាក់សាំងរួចរាល់ហើយក្តី ក៏ត្រូវតែបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់បំផុតនូវិធានការ​របស់ក្រសួងសុខាភិបាល ​អង្គការសុខភាពពិភពលោក ជាពិសេសអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន «៣កុំ ៣ការពារ» ជាដើមនោះ៕អត្ថបទ ៖ បាន ចក់

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យច្រាំងទន្លេ ដែលរងគ្រោះស្រុតច្រាំងទន្លេប្រវែងជាង១០០ម៉ែត្រ

2021/10/11 10:14:05 am        219
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១១ ខែតុលានេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត ចុះពិនិត្យច្រាំងទន្លេ ស្ថិតក្នុងភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស ដែលរងគ្រោះស្រុតច្រាំងទន្លេប្រវែងជាង១០០ម៉ែត្រ។ ក្នុងនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត បានផ្តល់ប្រេង៣០០លីត្រជូនដល់ គណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយស្រុកកងមាស ដើម្បីការបូមទឹករំដោះចេញពីក្នុងភូមិ ។ សូមជម្រាបជូនថា ច្រាំងទន្លេក្នុងភូមិល្វាលើ ឃុំស្តៅ ស្រុកកងមាស បានស្រុតចូលទន្លេរយៈពេល បីថ្ងៃមកហើយ ប៉ុន្តែមិនប៉ះពាល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋឡើង។

ICC-Angkor និងអង្គការយូណេស្កូប្រចាំកម្ពុជា ចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋានមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

2021/10/08 09:51:15 am        564
សៀមរាប ៖ កាលពីព្រឹកថ្ងៃទី៧ ខែតុលា ម្សិលមិញនេះ លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា រួមដំណើរដោយថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យតាមការដ្ឋានប្រាសាទបុរាណមួយចំនួន ក្នុងរមណីយដ្ឋានអង្គរ។លោក ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង អាជ្ញាធរជាតិអប្សរា បានលើកឡើងថា ការងារ​នេះធ្វើឡើង ដើម្បីពិភាក្សាស្វែងយល់អំពីដំណើរការជួសជុលបន្ទាន់ដល់រចនាសម្ព័ន្ធ ដែល​កំពុងប្រឈមនឹងគ្រោះថ្នាក់ដែលត្រូវជួសជុលបន្ទាន់ ដើម្បីធានាបាននូវ​ស្ថេរភាព​និងភាពរឹងមាំ​របស់ប្រាសាទយើង។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានបន្តមើលការរៀបចំសោភណ្ឌភាព​តំបន់ជុំវិញរចនា​សម្ព័ន្ធប្រាសាទ​ឱ្យ​មានលក្ខណៈល្អប្រសើឡើងវិញ ដោយគោរព និងរក្សាឱ្យបាននូវតម្លៃ នៃសភាពដើម និង​បូរណភាព​របស់អង្គរ។សូមជម្រាបថា លេខាធិការដ្ឋាន អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងអង្គការយូណេស្កូប្រចាំកម្ពុជា ចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋានមួយចំនួនក្នុងរមណីដ្ឋានអង្គរ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ដោយត្រូវចុះទៅពិនិត្យមើល​ការងារ​មួយចំនួននៅប្រាសាទបន្ទាយស្រី ប្រាសាទនាគព័ន្ធ ប្រាសាទបាយ័ន្ត ប្រាសាទព្រះខ័ន ខ្លោងទ្វារតាកាវ ព្រះលានជល់ដំរី និងប្រាសាទមេបុណ្យខាងលិច និងប្រាសាទមួយចំនួនទៀត៕

ភ្ញៀវ​ទេសចរ​ជាង ៣​ម៉ឺន​នាក់​ចូល​ទៅទស្សនា​ខេត្តសៀមរាប​អំឡុង​ពេល​បុណ្យភ្ជុំបិណ្ឌបីថ្ងៃ

2021/10/08 09:52:20 am        477
សៀមរាប ៖ ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី ៧ខែតុលាឆ្នាំ២០២១នេះ នៅខេត្ដសៀមរាប មានអ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនានៅរមណីយដ្ឋាននានា ក្នុងខេត្ដនោះ មានចំនួនជាង៣ម៉ឺន៣ពាន់នាក់ ហើយការទៅកំសាន្ដនោះ មានការប្រុងប្រយ័ត្នខ្ពស់ ខណៈដែលជំងឺកូវីដ១៩ មិនទាន់ផុតរលត់នៅឡើយ។លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប មានប្រសាសន៍នៅល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះថា រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ដែលប្រជាពលរដ្ឋទៅ​ទស្សនានោះ ​រួមមាន - រមណីយដ្ឋានអង្គរ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន សហគមន៍​ទេសចរណ៍-អេកូទេសចរណ៍ ព្រមទាំងតំបន់ទេសចរណ៍ជាច្រើនទៀត នៅខេត្ដសៀមរាប។លោកបានបញ្ជាក់ថា ចំនួនប្រជាពលរដ្ឋដើរកម្សាន្ដសម្រាប់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ មានចំនួនប្រមាណ ១៤.០៤០ នាក់ ហើយសម្រាប់នៅថ្ងៃទី០៥ និងនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ កន្លងមក នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាក្នុងខេត្តសៀមរាប ប្រមាណ១៩,១៨២ នាក់ ​ដែលសរុបក្នុងរយពេល៣ថ្ងៃនេះ មានជាង៣ម៉ឺន៣ពាន់នាក់ ។របាយការណ៍ បានបន្ថែមថា ក្រោយពេលដែលប្រមុខរាជរដ្ឋាភិបាល បើក​ឲ្យ​អ្នកទេសចរណ៍​ដើរទៅកំសាន្ដតាមតំបន់រមណីយដ្ឋានទូទាំងប្រទេស នៅរមណីយដ្ឋាននានាក្នុងខេត្តនេះ មាន​ភ្ញៀវទេសចរ ​បានទៅទស្សនាជា​ហូរហែ ហើយការដើរកំសាន្ដរបស់ពួកគាត់ ជាលក្ខណៈគ្រួសារ និងមានការពារជំងឺកូវីដ១៩ យ៉ាង​ខ្ជាប់ខ្ជួនផងដែរ ​ខណៈដែលពួកគាត់នៅនៅបារម្ភខ្លាចជំងឺកូវីដ-១៩ផងដែរ។យោងតាមរបាយការណ៍ដដែល បានបង្ហាញ ការរៀបចំឱ្យចូលទស្សនាប្រាសាទអង្គរ និង​រមណីយដ្ឋាននានា ត្រូវបានអាជ្ញាធរ និងក្រុមការងាររៀបចំតាមវិធានការណែនាំពីរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលផងដែរ។ ជាក់ស្ដែងក្រុមការងារបានរៀបចំឱ្យភ្ញៀវទេសចរទាំងអស់ មានវាស់កំដៅ ស្គែនឃ្យូអរកូដ និងត្រូវលាងដៃនឹងទឹកអាលកុល និងតម្រូវឱ្យពាក់ម៉ាស់​បាន​​គ្រប់គ្នាផងដែរ៕

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា ការ​កំណត់​សញ្ជាតិ​តែមួយ​សម្រាប់​មេដឹកនាំ​​ស្ថាប័ន​កំពូលទាំង​បួន គឺ​​ដើម្បី​ការពារ​កម្ពុជា​ពី​ការ​ជ្រៀត​ជ្រែក​ពី​បរទេស

2021/10/08 09:58:08 am        477
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ថា សំណើ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា គឺ​ដើម្បី​បញ្ចៀស​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ចូល​មក​ក្នុង​កិច្ច​ការ​ប្រទេស​កម្ពុជា ដែល​សម្ដេច​មើល​ឃើញ​ថា នេះ​គឺ​ជា​ផល​ប្រយោជន៍​រយៈ​ពេល​វែង​សម្រាប់​កម្ពុជា។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បញ្ជាក់​ដូច្នេះ​នៅ​ក្នុង​អង្គ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដែល​សំណើ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ ក៏​ត្រូវ​បាន​ដាក់​ចូល​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​នេះ​ផង​ដែរ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «តែ​វា​មាន​ផល​ប្រយោជន៍​រយៈ​ពេល​វែង​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​បញ្ចៀស​នូវ​​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ និង​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ជាតិ​មាតុភូមិ។ ហេតុអ្វី​មិន​ហ៊ាន​យក​សញ្ជាតិ​តែ​មួយ ហើយ​មក​ចង់​ដណ្ដើម​យក​កៅ​អី​នាយករដ្ឋ​មន្ត្រី ហើយ​កន្លែង​នេះ វា​មាន​ទំនាស់​ផល​ប្រយោជន៍»។ប្រមុខ​រាជ​រដ្ឋាភិបា​លកម្ពុជា បាន​ស្នើ​ឱ្យ​មាន​ការ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា ដោយសារ​សំដៅ​​ឱ្យ​មេដឹកនាំ​នៃ​ស្ថាប័ន​កំពូល​ៗ​ទាំង​បួន​របស់​កម្ពុជា ត្រូវ​តែ​មាន​សញ្ជាតិ​តែ​មួយ។ ស្ថាប័ន​កំពូល​ទាំង​បួន ដែល​តម្រូវ​ឱ្យ​មេដឹកនាំ​ត្រូវ​មាន​សញ្ជាតិ​កម្ពុជា​តែ​មួយ​នោះ មាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ ព្រឹទ្ធ​សភា រដ្ឋ​សភា និង​នាយករដ្ឋ​មន្ត្រី។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា​៖ «ការ​ជ្រៀត​ជ្រែក​​ពី​បរទេស​ទៅ​លើ​តំណែង​ដ៏​សំខាន់​នេះ គឺ​វា​អាច​កើត​មាន​ច្បាស់ ព្រោះ​អ្នក​មានសញ្ជាតិ​ពីរ​ត្រូវ​បង់​ពន្ធ​ឱ្យ​ក្រៅ​ប្រទេស។ អ៊ីចឹងទេ គេ​អាច​កំឡា​ថា បើសិន​មិន​ធ្វើ​តាម​គេ ទ្រព្យ​សម្បត្តិ​របស់​អ្នក​ឯង​នៅ​ក្រៅ​ប្រទេស គេ​នឹង​រឹប​អូស​ ឬ​ធ្វើ​ស្អីៗ​អ៊ីចឹង​ទៅ។ ដូច្នេះ វា​នៅ​ក្រោម​ឥទ្ធិពល​គេ។»។សម្ដេច​តេជោ ហ៊ុន សែន ក៏​មាន​ប្រសាសន៍​ផង​ដែរ​ថា សំណើ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ​នេះ នឹង​បញ្ជាក់​ឱ្យ​បាន​ច្បាស់​លាស់​​សម្រាប់​សម្ដេច​ផង​ដែរ បន្ទាប់​ពី​មាន​ការ​ចុះ​ផ្សាយ​ចោទ​ប្រកាន់​នា​ពេល​ថ្មីៗ​នេះ​ថា សម្ដេច​បាន​ទិញ​សញ្ជាតិ​ស៊ីប​[Cyprus]។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍ថា​៖ «ទីពីរ​ដើម្បី​បញ្ជាក់​​ឋានៈ​របស់ ហ៊ុន សែន ឱ្យ​បាន​ស្រូត​បំផុត​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ នៅ​ពេល​ធម្មនុញ្ញ​ចូល​ជា​ធរមាន​ហើយ គឺ​ឋានៈ​នាទី​របស់ ហ៊ុន សែន ត្រូវ​បាន​បញ្ចប់​ ព្រោះ​ដោយសារ​តែ​គេ​បាន​ចោទ​ប្រកាន់​ថា ហ៊ុន សែន មាន​សញ្ជាតិ​ពីរ ប៉ុន្តែ បើសិន​ ហ៊ុន សែន អត់​មាន​សញ្ជាតិ​ពីរ​ទេ ហ៊ុន សែន នៅ​តែ​បន្ត​​[ដឹកនាំ​ប្រទេស]»។សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​បន្ថែម​ថា នៅ​ពេល​សំណើ​កែ​ប្រែ​មាត្រា​មួយ​ចំនួន​នៃ​រដ្ឋ​ធម្មនុញ្ញ​នេះ​ចូល​ជា​ធរមាន​ហើយ អ្នក​នយោបាយ​មាន​សញ្ជាតិ​ពីរ ដែល​ប៉ុន​ប៉ង​ប្រកួត​ប្រជែង​សម្រាប់​តំណែង​ដឹកនាំ​ស្ថាប័ន​កំពូល​ទាំង​បួន​នេះ នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំហ្វីលីពីនសម្លឹងដល់ពាណិជ្ជកម្ម និងវិស័យការពារជាតិ អំឡុងទស្សនកិច្ចផ្លូវរដ្ឋ នៅឥណ្ឌា
08/02/2025 02:08 PM
មេដឹកនាំអង់គ្លេស និងអ៊ុយក្រែន ស្វាគមន៍ឱសានវាទថ្មីរបស់លោក Trump សម្រាប់រុស្ស៊ី ជុំវិញបទឈប់បាញ់
08/02/2025 01:08 PM
ប្រធានាធិបតីអាមេរិក Trump បន្តរក្សាអត្រាពន្ធធ្ងន់ធ្ងរបំផុត សម្រាប់ឡាវ មីយ៉ាន់ម៉ា និងស៊ីរី
08/02/2025 01:08 PM
ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
08/02/2025 01:08 PM
ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
08/02/2025 01:08 PM
ស្វីសស្រឡាំងកាំងនឹងអាត្រាពន្ធខ្ពស់ខ្លាំងរបស់អាមេរិក ខណៈស្វែងរកដំណោះស្រាយអាចទទួលយកបាន
08/02/2025 01:08 PM
ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
08/02/2025 12:08 PM
ប៉ូឡូញ ចុះកិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធរបស់កូរ៉េខាងត្បូងបន្ថែមទៀត
08/02/2025 11:08 AM
អាមេរិក៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិន អាចឈានដល់ក្រោយការចរចាក្នុងទីក្រុង
08/02/2025 11:08 AM
លោក Trump និយាយថា លោកបានទទួលដំណឹងថា ឥណ្ឌានឹងឈប់ទិញប្រេងពីរុស្ស៊ី
08/02/2025 11:08 AM