សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

ដំណើរការធ្វើប័ណ្ណចាក់វ៉ាក់សាំងជូនកងទ័ព និងប្រជាពលរដ្ឋបានជាងមួយលានហើយ ក្នុងគម្រោងជិតបីលានប័ណ្ណ

2021/08/17 11:49:45 am        623
ភ្នំពេញ ៖ ដំណើរការធ្វើប័ណ្ណសម្គាល់នៃការចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ជូនដល់កងទ័ព ក្រុមគ្រួសារកងទ័ព និងប្រជាពលរដ្ឋជា​បន្ទុក​របស់យោធាដែលរាជរដ្ឋាភិបាលផ្តល់ជូននោះ គឺមកដល់ពេលនេះ បានចំនួនជាងមួយលានប័ណ្ណហើយ ក្នុងគម្រោងជាង២លាន៨សែនប័ណ្ណ ។ថ្លែងប្រាប់អ្នកយកព័ត៌មាន ក្នុងឱកាស​ចុះត្រួតពិនិត្យ ដំណើរការធ្វើប័ណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ របស់ក្រុមការការផលិតប័ណ្ណ កងពកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការ​ចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ រាជរដ្ឋា​ភិបាល​បានផ្តល់​ទំនុកចិត្តដល់កងយោធពលខេមរភូមិន្ទ ដើម្បីចាក់វ៉ាក់សាំងជូន​ដល់បងប្អូនប្រជាពលរដ្ឋ​នៅតាមគោលដៅដែលបានកំណត់ និងដើម្បីបញ្ជាក់ឲ្យច្បាស់លាស់​ក្នុងការចាក់​ជូនពួកគាត់រួច​ ឬមិនរួចនោះ គឺកងទ័ពបានធ្វើប័ណ្ណសម្គាល់ជូនពួកគាត់ ដោយមិនមានការយកលុយអ្វីទាំងអស់ គឺធ្វើឡើងដើម្បីលើក​កម្ពស​សុខុមាលភាព​របស់ពួកគាត់តែប៉ុណ្ណោះ។ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ផងដែរថា ការធ្វើ​ប័ណ្ណសម្គាល់​ជូនដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋនេះ គឺមានអត្ថប្រយោជន៍ជាខ្លាំង ដោយ​សម្គាល់​ និង​បញ្ជាក់អំពីភាពចូលរួមសង្គមរបស់ពួកគាត់ជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ​ការ​រីករាលដាលនូវមេរោគកូវីដ១៩ ​និងក៏ដើម្បីការពារអាយុជីវិតរបស់ពួកគាត់ផងដែរ។ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននេះដែរ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានបញ្ជាក់ផងដែរថា រហូតដល់ពេលនេះ កងទ័ព ក្រុមគ្រួសារកងទ័ព ក្រុមកីឡាករ កម្ពុជា​បាន​ធ្វើការ​ចាក់វ៉ាក់សាំងដូសទី៣រួចជាស្ថាពរ បានចំនួនប្រមាណជិត២០ម៉ឺននាក់ហើយ ក្នុង​ចំណោម​ជាង៣០ម៉ឺននាក់ ដែលរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងការពារជាតិជាអ្នកចាត់ចែងនោះ៕អត្ថបទ បាន ចក់

WHO ៖ ស្ថានភាពកូវីដ១៩ នៅកម្ពុជាកំពុងល្អប្រសើរឡើងវិញ បន្ទាប់ពីតស៊ូទប់ទល់ជាច្រើនខែ

2021/08/16 12:39:39 pm        914
ភ្នំពេញ៖ អង្គការសុខភាពពិភពលោក (WHO) តាមរយៈតំណាងរបស់ខ្លួនប្រចាំនៅកម្ពុជា បានអះអាងថា ស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជាកំពុងមានភាពល្អប្រសើរឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាល និងមានការចូលរួមពីគ្រប់ភាគីទាំងអស់ ក្នុងការតស៊ូទប់ទល់ និងរួមគ្នាទប់ស្កាត់អស់រយៈពេលប៉ុន្មានខែកន្លងទៅនេះ ។នាឱកាសចូលរួមក្នុងយុទ្ធនាការថ្នាក់ជាតិ (រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវ Li Ailan តំណាងអង្គការសុខភាពពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បានថ្លែងថា កម្ពុជាគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលជោគជ័យបំផុត​ក្នុងការ​ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋ ដែលជាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច​របស់​អង្គការសុខាភិបាលពិភពលោក ។លោកជំទាវ បន្ថែមថា សម្រាប់យុទ្ធនាការថ្នាក់ជាតិ ដែលកម្ពុជាបានអនុវត្តនៅពេលនេះ គឺចំនិង​ត្រូវពេលវេលា ខណៈកំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីជាច្រើនប្រភេទ ពិសេស​វីរុស​បំប្លែងថ្មីដែលតា ហើយសកម្មភាពនៅថ្ងៃនេះ នឹងបានជួយទប់ស្កាត់ការចម្លងកូវីដ១៩ នៅថ្ងៃស្អែក តាមរយៈការរួមគ្នា វានឹងធ្វើឲ្យកាត់បន្ថយនូវការប៉ះពាល់ដល់សង្គមផងដែរ ។ជាមួយគ្នានេះ តំណាង WHO បានសង្កត់ធ្ងន់ថា តែយ៉ាងណាបញ្ហាជំងឺកូវីដ១៩ នៅឆ្ងាយពីទី​បញ្ចប់​នៅឡើយ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវឈប់អនុវត្តវិធានការសាធារណៈ និងវិធាន​ការ​សង្គមនោះទេ ការ​បន្ធូរបន្ថយ​នូវវិធានការទាំងអស់នេះ ឆាប់រហ័ស និងលឿនពេកវា​នឹង​បាត់បង់​ទៅវិញ នូវ​លទ្ធផល​ដែលយើងទទួលបានយ៉ាងលំបាក ។ក្រសួងសុខាភិបាល បានប្រកាសថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមាន​កូវីដ១៩ ចំនួន៥៩៣នាក់ ព្យាបាលជាសះស្បើយចំនួន ៨០៦នាក់ និងស្លាប់ចំនួន ២១នាក់ ។ ចាប់តាំងពីការផ្ទុះឆ្លងជំងឺកូវីដ១៩ សម្រាប់នៅក្នុងប្រទេសកម្ពុជា បានរកឃើញអ្នកវិជ្ជមានចំនួន ៨៦ ០៤១នាក់ ត្រូវបានព្យាបាលជាសះស្បើយចំនួន ៨១ ២០២នាក់ និងស្លាប់ចំនួន ១ ៧០៤នាក់ ៕អត្ថបទ ៖ សុខរិទ្ធ

៣ថ្ងៃមានពលករខ្មែរវិលមកពីថៃ តាមច្រកខេត្តបាត់ដំបងជិត៩០០នាក់ វិជ្ជមានកូវីដជាង៧០នាក់

2021/08/16 11:54:24 am        865
បាត់ដំបង ៖ ក្នុងរយៈពេល៣ថ្ងៃបន្ទាប់ពីបើកដំណើរការច្រកព្រំដែនឡើងវិញ មានពលករខ្មែរត្រឡប់មកពីប្រទេសថៃ ចូលតាមច្រកព្រំដែនខេត្តបាត់ដំបង ចំនួន៨៨១នាក់ ក្នុងនោះ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ចំនួន៧១នាក់។លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែ សីហា ពលករខ្មែរចេញពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) ស្រុកកំរៀង និង អូរព្រំដែនកោះតូច ស្រុកសំពៅលូន មានចំនួន៣៩៨នាក់ បានធ្វើតេសរហ័ស រកឃើញឆ្លងជំងឺកូវីដ១៩ចំនួន២៩នាក់។ចំណែកនៅថ្ងៃទី១៤ ខែ សីហា មានពលករចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ (អូរអន្លក់) សរុបចំនួន៣៨៥នាក់ ធ្វើតេស្តរហ័ស រកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន៣២នាក់។សម្រាប់ថ្ងៃទី១៥ ខែ សីហា មានពលករចូលមកតាមច្រកទ្វារតំបន់ព្រំដែនសួនស៊ុ(អូរអន្លក់) ចំនួន៩៨នាក់ បានធ្វើ​តេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១០នាក់។នៅព្រឹកថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បាន​អញ្ជើញចូលរួមយុទ្ធនាការអប់រំផ្សព្វផ្សាយក្រោមប្រធានបទ"រួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩"។យុទ្ធនាការអប់រំផ្សព្វផ្សាយនេះ ធ្វើឡើងនៅក្នុងក្រុងបាត់ដំបង​ដោយមានការចុះបិទផ្លាកណែនាំ​នៅ​តាមដើមឈើ និងចងបដាអប់រំតាមទីកន្លែងសាធារណៈផ្សេងៗ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋបាន​យល់ដឹង និងចូលរួមទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា។ សម្រាប់ខេត្តបាត់ដំបង រហូតមកពេលនេះមិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ប្រភេទDelta ចូល​ក្នុង​សហគមន៍ឡើយដោយសារតែអាជ្ញាធរខេត្តគ្រប់គ្រងបានយ៉ាងល្អនូវលំហូរពលករខ្មែរមកពីប្រទេសថៃ តាមរយៈការពង្រឹងកងកម្លាំងមានសមត្ថកិច្ចឈរជើងនៅតាមខ្សែ​បន្ទាត់ព្រំដែន​មិនឲ្យ​មាន​ពលករ ឬ ប្រជាពលរដ្ឋលួចចេញចូលឆ្លងដែនបានឡើយ។រដ្ឋបាលខេត្តបាត់ដំបងនៅថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៩៥នាក់ថ្មី ករណីជាសះស្បើយ១៦៦នាក់ និងស្លាប់ម្នាក់ ។រហូតមកដល់ពេលនេះ ខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤ ៦៨៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៣ ២៨៧នាក់ កំពុងសម្រាកព្យាបាល ១ ៣៤០នាក់ និងស្លាប់៦០នាក់៕ អត្ថបទ៖ នឿត សុភ័ក្ត្រ

លោកជំទាវ ឱ វណ្ណឌិន ៖ វីរុសបំប្លែងថ្មីដែលតា និងអាលហ្វា កំពុងចរាចរយ៉ាងសកម្មនៅកម្ពុជា គួរឲ្យព្រួយបារម្ភ

2021/08/16 04:15:30 am        497
ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌិន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថា បច្ចុប្បន្ន វីរុសកូវីដ១៩ ប្រភេទបំប្លែងថ្មី គឺប្រភេទដែលតា និងអាលហ្វា កំពុងមានការឆ្លងជាច្រើនករណី និងកំពុងចរាចរយ៉ាងសកម្ម នៅក្នុងប្រទេសកម្ពុជា ដែលវាបានបង្កជាហានិភ័យ និងគួរឲ្យព្រួយបារម្ភ ។ក្នុងយុទ្ធនាការថ្នាក់ជាតិក្រោមប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩” ក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកជំទាវរដ្ឋលេខាធិការ មានប្រសាសន៍ថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ-១៩ នៅលើសកលលោកនៅមិនទាន់មានការថមថយនៅឡើយទេ ពិសេសជាមួយនឹងវត្តមាន​នៃវីរុសបំប្លែងថ្មីជាបន្តបន្ទាប់ បង្កជាហានិភ័យនៃការឆ្លងរាតត្បាតមកក្នុងប្រទេសកម្ពុជា ។លោក ជំទាវបន្ថែមថា ទន្ទឹមនឹងការព្រួយបារម្ភការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីនេះ ប្រជាពលរដ្ឋគ្រប់រូប មិនត្រូវមានការធ្វេសប្រហែស និងគិតថាខ្លួនមិនមានហានិភ័យនៃការឆ្លង និងចម្លង ដោយអាងបានចាក់វ៉ាក់សាំងរួចរាល់ ហើយមានការធុនទ្រាន់ ក្នុងការចូលរួមទប់ស្កាត់​ការឆ្លងរាលដាននៃជំងឺកូវីដ១៩ ព្រោះវីរុសបំប្លែងថ្មីដែលតា និងអាលហ្វាកំពុងចរាចរ នៅក្នុងប្រទេសកម្ពុជាយើងហើយ ។លោកជំទាវ រំពឹងថា យុទ្ធនាការថ្នាក់ជាតិនេះ នឹងជួយពញ្ញាក់ស្មារតី​អំពីគ្រោះថ្នាក់នៃការរាតត្បាត​ការចម្លងវីរុសកូវីដ-១៩ ដែលអាចផ្ទុះឡើងទ្រង់ទ្រាយធំក្នុងសហគមន៍ បានគ្រប់ពេលវេលា និងទាមទារឲ្យមានការចូលរួមទទួលខុសត្រូវទាំងអស់គ្នាពីបុគ្គល គ្រួសារ សហគមន៍ ស្ថាប័ន​ពាក់ព័ន្ធ សេវាឯកជននានា ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ មុននឹងអ្វីៗយឺតពេល និង​សូមអំពាវនាវដល់រដ្ឋអនុវត្តនូវប្រធានបទ “រួមគ្នាទទួលខុសត្រូវទប់ស្កាត់ ការចម្លងវីរុសកូវីដ-១៩” ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានបង្ហាញថា ចាប់ពីថ្ងៃទី៣១ ខែមិនា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកមានវិជ្ជមានវីរុសកូវីដ១៩ ប្រភេទដែលតា លើពលករត្រឡប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកធ្វើដំណើរមកតាមជើងហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍សរុបទាំងអស់ចំនួន ៤៩៤នាក់ (ស្រី២៤៣នាក់) និងបានប៉ះពាល់រាជធានីខេត្ត ចំនួន២២ នៅទូទាំងប្រទេស ៕អត្ថបទ ៖ បាន សុខរិទ្ធ

កាកបាទក្រហមកម្ពុជា ប្រគល់ផ្ទះចំនួន២៥០ខ្នងជំហានទី២ ជូន​​អតីត​យុទ្ធជន​ក្រីក្រ​នៅ​ខេត្តពោធិ៍សាត់

2021/08/15 03:00:25 pm        427
ពោធិ៍សាត់ ៖ ផ្ទះថ្មីចំនួន២៥០ខ្នង ដែលបានសាងសង់រួចរាល់ក្នុងចំណោម៦២៨ខ្នងផ្ទះ ជា​អំណោយកាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ជា​ព្រះប្រធាន​កិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានបានប្រារព្ធពិធីប្រគល់-ទទួលជំហានទី២ ជូនអតីតយុទ្ធជនកម្ពុជាក្រីក្រចំនួន២៥០គ្រួសារ នៅភូមិប៊ុនរ៉ានីសែនជ័យ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១៥ ខែសីហា នេះ ។កម្មវិធីនេះ ក្រោមវត្ដមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងដ៏ខ្ពង់ខ្ពស់​សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួម​ពី​នាយឧត្តសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម​អតីតយុទ្ធ​ជន​កម្ពុជា និងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធាន​កិត្តិយស​សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត។គួរបញ្ជាក់ថា ពិធីប្រគល់-ទទួលផ្ទះចំនួន២៥០ខ្នងជូនអតីតយុទ្ធជនក្រីក្រនៅថ្ងៃនេះ គឺជាការផ្តល់ជូនជំហានទី២ ដែលកាលពីជំហានទី១ បានប្រគល់ជូនអតីតយុទ្ធជនក្រីក្រ និងពិការភាពចំនួន ៥០គ្រួសាររួចមកហើយកាលពីអំឡុងខែមិថុនា ឆ្នាំ២០២១កន្លងទៅ៕

កាកបាទក្រហមកម្ពុជា ផ្ដល់​ប្រាក់​កម្ចី​ខ្នាតតូចគ្មានការប្រាក់ ​ជូន​ពលរដ្ឋរង​គ្រោះដោយ​ទឹកជំនន់​ចំនួន ៤៤គ្រួសារ រស់នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ

2021/08/14 09:12:13 am        655
ពោធិ៍សាត់ ៖ កាកបាទក្រហមកម្ពុជា​ដែលមាន​ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានប្រគល់ប្រាក់​កម្ចី​ខ្នាតតូចគ្មានការប្រាក់ជូន​ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ៤៤គ្រួសារ រស់នៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ​ ខេត្តពោធិ៍សាត់។នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ​ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម ខូយ រីដា អនុប្រធានអចិន្ត្រៃយ៍​​គណៈកម្មាធិការសាខា​កាក​បាទ​ក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បានចុះ​ជួបសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ប្រាក់​កម្ចី​ខ្នាតតូច​គ្មានការប្រាក់ ដែលជាជំនួយថវិការបស់សប្បុរសជនកូរ៉េ តាមរយៈក្រុមហ៊ុន​សាជីវកម្ម​ធានារ៉ាប់​រងកូរ៉េ កាកបាទក្រហមកូរ៉េ និងធនាគារហិរញ្ញវត្ថុវូរី ជូនប្រជាពលរដ្ឋរង​គ្រោះដោយ​ទឹកជំនន់​ចំនួន ៤៤គ្រួសារ (គ្រួសារនីមួយៗទទួលបានថវិកា២៥០ដុល្លារអាមេរិក ) រស់នៅភូមិចំនួន៨ នៃឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​សាកសួរសុខទុក្ខ និង​ការលើក​ទឹកចិត្តដល់​ប្រជាពលរដ្ឋទាំងអស់ឱ្យបន្តខិតខំប្រឹងប្រែងខ្លួនឯងបន្ថែមទៀត​ពង្រីកមុខរបរ ដើម្បី​លើ​ស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើឡើង។ជាមួយគ្នានេះ​ សូមប្រជាពលរដ្ឋ​ទាំងអស់ចូលរួមទប់ស្កាត់ និងកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ តាមរយៈអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា​របស់រាជរដ្ឋាភិបាលអនុវត្ត ៣ការពារ ​៣កុំ ២ចូលរួម និង​ការធ្វើ​ចត្តាឡីស័កឱ្យបានត្រឹមត្រូវ។​ទន្ទឹមនឹងនេះ សូមបងប្អូនរស់នៅមានអនាម័យ បរិភោគទឹកឆ្អិន ជៀសផុតពីជំងឺឆ្លងនានា។គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលបានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ដើម្បីជាដើម​ទុនក្នុងការពង្រីកមុខរបរ។ ជាមួយគ្នានេះ ​គ្រួសារនីមួយៗបានទទួលអំណោយបន្ថែមរួមមាន ៖ ម៉ាស់ , អាល់កុល , សាប៊ូដុំ និងឃីត (មុង ភួយ សារុង ក្រមា អាវយឺត ) ១កញ្ចប់ផងដែរ។​សូមជម្រាបជូនថា សម្រាប់ខេត្តពោធិ៍សាត់ ចាប់តាំងពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ២.១១៥គ្រួសារ ដែលជាជំនួយរបស់កាកបាទក្រហមអូទ្រីស អាឡឺម៉ង់ ណ៍រវេស អូស្រ្តាលី និង ICRC ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ ដោយសារមីន និង​សំណល់ជាតិផ្ទុះពីសង្គ្រាម និង​ធ្វើ​ឱ្យជីវភាពរស់នៅកាន់តែល្អប្រសើឡើង តាមរយៈការ​ប្រកបរបរ​ដាំដំណាំ ចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។ ដោយឡែកទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចី ដល់គ្រួសារអតីត​យុទ្ធជន​នៅឆ្នាំ២០១៩ ចំនួន ២២គ្រួសារ និងប្រើប្រាស់ប្រាក់បង្វិល ផ្តល់ជាប្រាក់កម្ចីវិញនៅឆ្នាំ២០២១នេះ បានចំនួន២១គ្រួសារ៕អត្ថបទ ៖ ចក 

អាជ្ញាធរខេត្តចុះជួយបូមទឹកសង្រ្គោះស្រូវពលរដ្ឋចំនួន១២០០ហិកតាដែលរងផលប៉ះពាល់​

2021/08/14 03:24:56 pm        581
ឧត្តរមានជ័យ ៖ ស្រូវប្រជាពលរដ្ឋចំនួន១២០០ហិកតា ក្នុងនោះ​ចំនួ​ន​ ៨០០ហិកតា​ត្រូវរងផលប៉ះពាល់​ធ្ងន់ធ្ងរ​ត្រូវបាន​សង្រ្គោះបន្ទាន់​ស្ថិតក្នុងឃុំជើងទាន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៤សីហាឆ្នាំ២០២១នេះ ។លោក ញើន កួន ប្រធានមន្ទីរធនទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ស្រូវ​របស់​ប្រជាពលរដ្ឋ​ចំនួន៥ភូមិ គឺភូមិគោកពង្រ ភូមិជើងទាន ភូមិឆ្កែស្រែង ភូមិស្រែប្រាំង នឹងភូមិតានោក ក្នុងឃុំជើងទាន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នបានរងផលប៉ះពាល់ចំនួន ១២០០ហិកតា ក្នុងនោះស្រូវចំនួន៨០០ហិកតាត្រូវសង្រ្គោះបន្ទាន់ ដែលរងប៉ះពាល់ធ្ងន់ធ្ងរជាងគេ​ ដោយសារ​តែ​បញ្ហា​អាកាសធាតុភ្លៀងធ្លាក់មិនគ្រប់គ្រាន់។លោក បន្តថា ក្នុងការជួយសង្រ្គោះនោះដែរ អាជ្ញាធររួមទាំង​មន្រ្តីធនធានទឹកបានប្រើប្រាស់​ម៉ាស៊ីន​ធំចំនួន៤ម៉ាស៊ីន និងម៉ាស៊ីនតូចៗ​ របស់ពលរដ្ឋចំនួន៣៥ម៉ាស៊ីន ​ដើម្បីរួមគ្នាបូមទឹក​ជួយ​សង្រ្គោះ​ស្រូវ​របស់ពលរដ្ឋដែលរងផលប៉ះពាល់ឲ្យបានទាន់ពេលវេលា។ក្នុងការចុះពិនិត្យជួយបូមទឹកសង្រ្គោះស្រូវពលរដ្ឋនាពេលនោះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាល​ខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្នុងនាមអាជ្ញាធរខេត្តដៃម្ខាង​ទប់ស្កាត់​ការរាលដាល​ជំងឺកូវីដ-១៩ និងដៃម្ខាងទៀតជួយសង្រ្គោះស្រូវ​របស់​បងប្អូនប្រជាពលរដ្ឋ​ដែលរងផលប៉ះពាល់​ដោយសារ​បញ្ហា​អាកាសធាតុ​ខ្វះខាត​ទឹកធ្វើស្រែ ដូច្នេះហើយ​អាជ្ញាធរខេត្ត​បានខិតខំប្រឹងប្រែង​រិះរក​​គ្រប់​មធ្យោបាយ ធ្វើយ៉ាងណាឲ្យបងប្អូនពលរដ្ឋ​ទទួល​បាន​ភាពកក់ក្តៅ​គ្រប់ពេលវេលា​បើទោះបី​ជា​កាលៈទេសៈនេះ យើងកំពុងជួបប្រឈម​ និង​បញ្ហា​លំបាកនានា​ ដែល​កើត​មានឡើង​ចំពោះមុខក្តី​ក៏អាជ្ញាធរខិតខំដោះស្រាយរាល់បញ្ហាប្រឈមទាំងអស់ជូនបងប្អូនមិនឲ្យលំបាកនោះឡើយ៕អត្ថបទ ៖ ឃិនសារិទ្ធ

លោកជំទាវកិត្តិសង្គបណ្ឌិត ម៉ែន សំអន នាំយក​អំណោយ​សម្រាប់​ប្រើប្រាស់​ក្នុងយុទ្ធនាការ​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ-១៩ ប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀង

2021/08/13 02:38:40 pm        660
ស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តស្វាយរៀង បាននាំយកអំណោយ សម្រាប់ប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជូនរដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ នៅសាលាខេត្តស្វាយរៀង ។ក្នុងឱកាសនោះ លោកជំទាវ ក៏បានមានប្រសាសន៍ថា ជំនួយដែលបានផ្តល់ជូននាពេលនេះ គឺជា​ការចូលរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការ​លំបាក​នៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ជាពិសេស បានជួយសម្រាល​បន្ទុក​ដល់​ពលករចំណាកស្រុកដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះនៃខេត្តស្វាយរៀង ស្របតាមអានុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី ដែលផ្តោតសំខាន់លើការ​យក​ចិត្ត​ទុកដាក់ដល់ពលករ ដែលបានឆ្លងចូលមកស្រុកកំណើតតាមតំបន់ព្រំដែនកម្ពុជា ថៃ ។លោកជំទាវបានបន្តទៀតថា បច្ចុប្បន្នស្ថានភាពកូវីដ១៩ នៅកម្ពុជា បាននឹងកំពុងឈាន​ទៅរកភាព​កាន់តែប្រសើរហើយ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ឃើញថា ទាំងចំនួនអ្នកឆ្លង និងអ្នកស្លាប់បានថយចុះគួរឲ្យត់សម្គាល់ ក្រោមការគិតគូរ និងការយកចិត្តទុក្ខដាក់ខ្ពស់ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយបានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ និងការ​​គិតគូរ​ដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ ប៉ុន្តែ​ទោះជាយ៉ាងនេះកី្ត យើងក៏​នៅតែ​បារម្មណ៍​អំពីការឆ្លងនៃមេរោគបំប្លែង​ខ្លួនថ្មី ដែលតា (ដែលការចម្លងមានល្បឿនលឿន) ដែល​ទាមទារ​ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ត្រីសុខាភិបាល ត្រូវបង្កើនការយកចិត្តទុក្ខដាក់​ក្នុងការការពារបន្ថែមមួយកម្រិតទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការ​កាត់ផ្តាច់នៃការ​ចម្លងដែលកើតចេញពីព្រឹត្តិការណ៍ ២០កុម្ភៈ ។អំណោយដែលបានប្រគល់ជូនរដ្ឋបាលខេត្តស្វាយរៀងថ្ងៃនេះ រួមមាន ៖ សម្លៀកបំពាក់​ពេទ្យ PPE ១.០០០ឈុត អង្ករ ២តោន ទឹកសុទ្ធ ២០០កេស ម៉ាស់ ១០០.០០០ម៉ាស់ ថ្នាំបុរាណចិន ៤០០ប្រអប់ ស្បែកជើង ១០០គូរ មី ១០០កេស ត្រីខ ១០០កេស ភួយ ៥០០ភួយ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ ក្នុងនោះផងដែរ ក៏មានអំណោយរបស់សមាគមមិត្តភាពកម្ពុជា-ចិន រួមមាន ៖ ម៉ាស៊ីនជំនួយ អ៊ុកស៊ីហ្សែន ១ ម៉ាស់ និងអាវពេទ្យ៕

សម្ដេចតេជោ ហ៊ុន សែន ទិញ​ឧទ្ធម្ភាគចក្រ​ Mi-17​ ចំនួន៣គ្រឿង​បំពាក់​ជូន​ដល់​កង​យោធពល​ខេមរភូមិន្ទ

2021/08/13 12:58:50 pm        479
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទើបតែបានទិញ​ឧទ្ធម្ភាគចក្រ Mi-17 ចំនួន​៣គ្រឿងដើម្បីបំពាក់ជូនដល់កង​យោធពលខេមរភូមិន្ទ។នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បានចុះទៅត្រួតពិនិត្យ​ឧទ្ធម្ភាគចក្រ Mi-17 ចំនួន៣គ្រឿង ដែល​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទិញដើម្បីបំពាក់ជូន​ដល់កងយោធពល​ខេមរភូមិន្ទ។ ក្នុងឱកាសនោះដែរ នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានណែនាំដល់អស់លោកនាយទាហាន​នៅទ័ពអាកាសឱ្យយកចិត្តទុកដាក់ក្នុងការប្រើប្រាស់ និងថែទាំឱ្យបានល្អត្រឹមត្រូវតាមបច្ចេកទេស។ នាយឧត្ដមសេនីយ៍​អគ្គមេបញ្ជាការ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ នាយករដ្ឋមន្ត្រី​នៃកម្ពុជា ដែលបាន​បំពាក់​ឧទ្ធម្ភាគចក្រ​ជូន​ដល់​កងយោធពលខេមរភូមិន្ទ​ដើម្បី​បម្រើ​ក្នុងកិច្ច​ប្រតិបត្តិការ​បាន​លឿនទាន់ពេលវេលា៕

មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក គ្រោងរៀបចំបន្ថែមជិត៥០០០គ្រែ ត្រៀមទទួលអ្នកជំងឺកូវីដ-១៩ ចូលសម្រាកព្យាបាល

2021/08/13 05:31:13 am        1207
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នក​គ្រប់គ្រងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក បានបញ្ជាក់ថា មណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ពហុកីឡដ្ឋានជាតិអូឡាំពិក គ្រោងរៀបចំបន្ថែមជិត៥០០០គ្រែ ដែលគិតមកត្រឹមព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានរៀបចំរួចរាល់គ្រែជាង៣០០០គ្រែ ដើម្បីត្រៀមទទួលអ្នកជំងឺកូវីដ-១៩ ឲ្យចូលមកសម្រាកព្យាបាលជំងឺមនុស្សពេញវ័យ និងកុមារ។លោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានឲ្យដឹងទៀតថា បច្ចុប្បន្នមណ្ឌលថែទាំ​ព្យាបាល​ជំងឺកូវីដ-១៩មួយនេះ បានរៀបចំរួចជាស្រេចចំនួនគ្រែ និងគ្រោងរៀបចំបន្ថែមចំនួន១២០០គ្រែទៀត សរុបទាំងអស់ជិត៥០០០គ្រែ ឲ្យរួចរាល់ក្នុងខែសីហានេះ ហើយព្រមទាំងដាក់ដំណើរការ​មណ្ឌល​ថែទាំព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ជាមជ្ឈមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ធំជាងគេប្រចាំប្រទេសកម្ពុជា នៅចុងខែសីហា ឆ្នាំ២០២១នេះផងដែរ។ ប៉ុន្តែសភាពការណ៍ចំនួនករណី អ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងរាជធានីភ្នំពេញប៉ុន្មានថ្ងៃនេះ មានការធ្លាក់ចុះ។ ដូច្នេះចំនួនអ្នកជំងឺដែលចូលមកសម្រាកក្នុងមណ្ឌលថែទាំព្យាបាលជំងឺកូវីដ-១៩ ក៏មានការធ្លាក់ចុះផងដែរ។ចំនួនជាង៣០០០គ្រែនេះ យើងមានតែអ្នកជំងឺចំនួនជាង១៦០០នាក់ប៉ុណ្ណោះ ដែលស្ថិតនៅក្នុង​មណ្ឌល​ថែទាំព្យាបាល ក៏ប៉ុន្តែអ្នកជំងឺដែលស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ​នៅមានចំនួនច្រើននៅឡើយ មិនទាន់ធ្លាក់ចុះដូចករណីជំងឺស្រាលនោះទេ។ ដោយហេតុថាជំងឺស្រាលបានធ្លាក់ចុះនេះ ដោយ​សារ​តែរាជរដ្ឋាភិបាលកម្ពុជា មានផែនការ នឹងអនុញ្ញាតឲ្យករណីអ្នកឆ្លងជំងឺកូវីដ-១៩ អាចព្យាបាល​នៅសហគមន៍ តាមផ្ទះបាន។លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស បានសង្កត់ធ្ងន់ថា គិតត្រឹមព្រឹកថ្ងៃទី១៣ ខែសីហានេះ មានអ្នកជំងឺចំនួនជាង១៦០០នាក់ កំពុងសម្រាកព្យាបាល នៅក្នុងមណ្ឌលថែទាំ​ព្យាបាល​ជំងឺកូវីដ-១៩ពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានចំនួន១១អគារ ហើយសម្ភារៈបរិក្ខារ​វេជ្ជសាស្រ្ត ដែលក្រុមការងារគ្រូពេទ្យរៀបចំសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ជាសម្ភារៈដែលប្រើ​បា្រស់​នៅក្នុងផ្នែកជំងឺធ្ងន់ ដូចក្នុងមនី្ទរពេទ្យរដ្ឋថ្នាក់ជាតិដទៃៗទៀតដែរ ដូចជា៖ ម៉ាស៊ីន​សម្រាប់តាម​ដានសញ្ញាជីវិតរបស់អ្នកជំងឺ ម៉ាស៊ីនសប់ដង្ហើម ម៉ាស៊ីនបូមស្លេះ ម៉ាស៊ីនថត ម៉ាស៊ីនព្យួរសេរ៉ូម ព្រមទាំងបរិក្ខារមួយចំនួនទៀតដែលយើងកំពុងប្រើបា្រស់ក្នុងការងារខាងលើនេះ៕អត្ថបទ រដ្ឋា 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM