BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងវប្បធម៌ កំពុងការពារស្ថានីយបន្ទាយលង្វែក ក្នុងបរិបទទំហំជាង៨០០ហិកតា ដើម្បី​រក្សានូវប្រវតិ្ត​សាស្រ្ត​ក្រោយសម័យអង្គរ

2021/07/16 07:00:00 am        383
ភ្នំពេញ ៖ លោក វឿន វុទី្ធ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រសួងវប្បធម៌ កំពុងដំណើរការរៀបចំបោះបង្គោលការពារនៅក្នុងស្ថានីយបន្ទាយលង្វែក ក្នុងបរិបទ​ទំហំជាង​៨០០ហិកតា ដើម្បីរក្សានូវប្រវតិ្តសាស្រ្តក្រោយសម័យអង្គរឲ្យបានគង់វង្ស។លោក វឿន វុទី្ធ បានបន្តទៀតថា មូលហេតុដែលនាំឲ្យថែរក្សាសម្បតិ្តបេតិកភណ្ឌក្រោយសម័យអង្គរ ដែលជាតឹកតាងប្រវតិ្តសាស្រ្តក្នុងសម័យលង្វែកឲ្យបានគង់វង្សនេះ ​ដោយសារតែមនុស្សចេះតែកើត ដីវាអត់កើតទេ។ដូច្នេះមានភូមិករ​ជាច្រើនដែលធ្លាប់រស់នៅតាំងពីសម័យសតវត្សរ៍ទី១៧ រហូតមក​ដល់សព្វថ្ងៃ ដូចនេះ ការរីកដុះដាលនៃគ្រួសារនីមួយៗកាន់តែរីកធំទៅៗ គាត់ចេះ​តែ​បន្តការ​សាង​សង់​លំនៅឋាន។ ដូច្នេះហើយបានជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការដោះស្រាយ និងខ្វៀលមួយចំនួនទុកជាភស្តុតាង ដែលជាផ្នែកការពារបេតិកភណ្ឌរូបី ជាពិសេសរមណីយដ្ឋាន​បុរាណវិទ្យា ក៏ដូចជាបុរាណដ្ឋាន ហើយទីតាំងនេះ​ដែលមានប្រជាពលរដ្ឋកំពុងរស់នៅ​អាស្រ័យ​ផលខាងក្នុង។នាយកដ្ឋានបុរាណវិទ្យា ក៏បានធ្វើការស្រាវជ្រាវនូវតំបន់លង្វែក ដោយការ​ធ្វើ​កំណាយបង្ការ ដើម្បីទុកទីតាំងមួយចំនួនទុកឲ្យរាជរដ្ឋាភិបាលអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា ទុកឲ្យប្រជាជនធ្វើកសិកម្ម ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់បុរាណដ្ឋាន ​គឺនាយកដ្ឋានបុរាណវិទ្យា បានធ្វើកំណាយចំនួន០២ទីតាំង ​គឺទីតាំងនៅស្ថានីយ​ទួលអស់លោក និងស្ថានីយ​ជាប់​នឹង​បន្ទាយលង្វែក។បុរាណដ្ឋាន វាមានគ្រឹះប្រាសាទ មានទួលកប់ខ្មោច ទួលគោរពបូជា និង​មនុស្ស​សម័យ​មុនរស់នៅ។ ដូច្នេះហើយយើងថែរក្សាទាំងអស់ហ្នឹង ដើម្បីទុកជាភស្តុតាង​ទោះបីមាន​ជនណា ខិលខូចណាក៏ដោយ ឬក៏ប្រទេសជិតខាងណា ដែលកំពុងតែមានការស្រលាញ់​បេតិកភណ្ឌ​យើងខ្លាំង រហូតដល់លួចចម្លង ​ចង់ធ្វើដូចអី នឹងបើសិនជាយើងរក្សាការពារគ្រឹះ ឬបុរាណដ្ឋាន​។លោក វឿន វុទី្ធ បានបញ្ជាក់ទៀតថា ក្នុងឆមាសទី១ ចាប់ពីខែមករា រហូតដល់ខែកក្កដា ឆ្នាំ២០២១ នេះ ក្នុងបរិបទនៃជំងឺកូវីដ-១៩សកល ដែលរំខានពាសពេញពិភពលោក ក៏ដូចជានៅក្នុងប្រទេស​កម្ពុជាផងដែរ។ ចំណែកវិស័យវប្បធម៌ មន្រី្តរបស់យើង មិនដែរអាក់ខាននោះទេ គឺមាន​តែ​ជំរុញ​កាន់ខ្លាំង ដោយហេតុថា ក្រសួងវប្បធម៌ ជាពិសេសអគ្គនាយកបេតិកភណ្ឌ និងនាយកដ្ឋាន​បុរាណវិទ្យា តែងតែធ្វើការអភិរក្សបេតិកភណ្ឌ និងសកម្មភាពជាបន្តបន្ទាប់។ក្រៅពីកិច្ចការទាំងពីរខាងលើ គឺកិច្ចការ ការពារបុរាណដ្ឋាន ឬរមណីយដ្ឋានបុរាណ និង​កិច្ចការស្រាវជ្រាវធ្វើកំណាយគ្រប់មូលដ្ឋានគ្រឹះនៃប្រវតិ្តសាស្រ្ត។ ក្រសួងវប្បធម៌ ជាពិសេសនាយកដ្ឋានបុរាណវិទ្យាក៏បានបោះពុម្ពផ្សព្វផ្សាយអ្វីដែលជាសមិទ្ធផល ដែលបានស្រាវជ្រាវកន្លងមក ជូនមហាជន ដើម្បីយល់ដឹងពីអ្វី ដែលហៅថាការវិវត្តន៍ក្នុងសង្គមខ្មែរ៕អត្ថបទ រដ្ឋា

ក្រុមហ៊ុន LIXIN GROUP ឧបត្ថម្ភ​សម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគ​ជូនកាកបាទក្រហមកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

2021/07/16 01:03:44 pm        361
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការ​រងទី១ កាកបាទក្រហមកម្ពុជា បាន​ទទួលអំណោយជាសម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគ គិតជា​ថវិកាចំនួន១២,២៦៥ដុល្លារ ពីឯកឧត្តម តាំង កក់ អគ្គនាយកក្រុមហ៊ុន LIXIN GROUP និងកញ្ញា Carey Liu តំណាងក្រុមហ៊ុន LIXIN GROUP នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ក្នុងឱកាសនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានពាំនាំ​ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តាំផ្ញើ​សួរសុខទុក្ខ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌​របស់​ក្រុមហ៊ុន LIXIN GROUP ដែលបានឧបត្ថម្ភសម្ភារៈ និងទឹកថ្នាំសម្លាប់មេរោគជូនកាកបាទ​ក្រហម​កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់នឹងជំងឺកូវីដ-១៩។តំណាងក្រុមហ៊ុន LIXIN GROUP បានថ្លែងអំណរគុណចំពោះកាកបាទក្រហមកម្ពុជា ដែលបាន​អនុញ្ញាត​ឱ្យក្រុមហ៊ុនបានចូលរួមចំណែកការងារមនុស្សធម៌ ហើយជាពិសេសក្នុងការចូលរួម​ទប់ស្កាត់​ជំងឺកូវីដ-១៩ និងសូមជូនពរថ្នាក់ដឹកនាំ មន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់ មាន​សុខ​ភាពល្អ ជោគជ័យគ្រប់ភារកិច្ចមនុស្សធម៌ ដើម្បីបន្តជួយសម្រាលការលំបាកដល់​ប្រជាពលរដ្ឋ​ងាយរងគ្រោះបំផុត និងរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។ ជាមួយគ្នានេះ កញ្ញា Carey Liu បានគូសបញ្ជាក់ថា ក្រុមហ៊ុន LIXIN GROUP នឹងចាត់ឱ្យក្រុមការងារ​ដើម្បីបាញ់​ទឹកថ្នាំសម្លាប់មេរោគក្នុងបរិវេណ១០ម៉ឺនម៉ែត្រការ៉េ (ស្មើនឹងថវិកា៣០ម៉ឺនដុល្លារ) សម្រាប់​នៅបរិវេណទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា និងទៅតាមតម្រូវការចាំបាច់​របស់​កាកបាទក្រហមកម្ពុជា។សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូន រួមមាន ៖ ទឹកថ្នាំសម្លាប់មេរោគ Disinfectant Spray (ចំណុះ ៥០ml ចំនួន ២០០ដប, ចំណុះ ២០០ml ចំនួន ១០០ដប, ចំណុះ ៥លីត្រ ចំនួន ១០បារ៉ែល), សម្ភារ Air Filter ចំនួន ៥០ និងការបាញ់ទឹកថ្នាំសម្លាប់មេរោគលើផ្ទៃ ២ពាន់ម៉ែត្រការ៉េ៕

អាជ្ញាធរខេត្តឧត្ដរមានជ័យ កំណត់ទីតាំង២​កន្លែង​រៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល និងកម្រិតធ្ងន់​សម្រាប់ពលករខ្មែរ

2021/07/15 06:14:50 pm        423
ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៥ខែកក្កដានេះ បានចុះពិនិត្យទីតាំងចំនួន២កន្លែង ដើម្បីរៀបចំជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ កម្រិតស្រាល និងព្យាបាលកម្រិតធ្ងន់ ក្នុងភូមិសាស្ត្រក្រុងសំរោង សម្រាប់ពលករខ្មែរ​ ដែលវិលត្រឡប់ពីប្រទេសថៃ ។ក្នុងឱកាស​ចុះពិនិត្យ​ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នាយឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការរដ្ឋាននគបាលជាតិ និងឯកឧត្ដមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានកំណត់យក រួចហើយ ក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យ។ក្នុងនោះដែរឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បាន​ឲ្យដឹងថា មណ្ឌលព្យាបាល​នឹងធ្វើការរៀបចំបន្ថែម​សម្រាប់ព្យាបាល​ពលករខ្មែរ​ដែលវិលត្រឡប់​ពី​ប្រទេសថៃ។ទី១,មណ្ឌលនៅទីតាំងឃ្លាំងលានដំឡូង ​នៅក្បែរច្រកព្រំដែនអូរស្មាច់ ស្ថិតភូមិគោកប្រាសាទ សង្កាត់កូនក្រៀល (សម្រាប់ព្យាបាលពលករជំងឺឆ្លងកូវីដ១៩ កម្រិតស្រាល) ទី២,មណ្ឌលសាលាវិទ្យាល័យតេជោ ហ៊ុន សែន សំរោង ស្ថិតនៅសង្កាត់​សំរោង (សម្រាប់ព្យាបាល​ពលករជំងឺឆ្លងកូវីដ១៩ កម្រិតធ្ងន់)។ ឯកឧត្តមបញ្ជាក់ថា ខេត្តឧត្តរមានជ័យ ច្រកព្រំដែនអូរស្មាច់ ក្នុងអំឡុងដើមខែកក្កដា​មកដល់បច្ចុប្បន្ន មានប្រជាពលរដ្ឋចូលនៅចន្លោះពីចំនួន៣០០ទៅ៤០០នាក់ក្នុងមួយថ្ងៃ និងបច្ចុប្បន្នកំពុងសម្រាក ធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជំងឺឆ្លងកូវីដ-១៩ សរុបទាំងអស់មានចំនួន៣០០០នាក់ ៕អត្ថបទ ៖ ឃិនសារិទ្ធ

ពលរដ្ឋនៅតាមបណ្ដាស្រុកនៃខេត្ដសៀមរាប ចាប់ផ្ដើមទទួលបានវ៉ាក់សាំងបង្ការកូវីដ១៩

2021/07/15 02:16:58 pm        329
សៀមរាប ៖ នៅព្រឹកថ្ងៃទី១៥ខែកក្កដា ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើនកុះករ បានទៅទទួល​វ៉ាក់សាំង​បង្ការជំងឺកូវី១៩ ពីរាជរដ្ឋាភិបាល បន្ទាប់ពីអាជ្ញាធរខេត្ដសៀមរាប ផ្ដល់​វ៉ាក់សាំងជូនពលរដ្ឋ​ក្នុងក្រុងរយៈពេល១៤ថ្ងៃ។លោក សយ សីហា មេឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​ដែលបានផ្ដល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋរបស់ខ្លួន ខណៈដែលតំបន់របស់​លោក​គ្រប់គ្រង មានអ្នកឆ្លងជំងឺកូវីដ១៩ ជាច្រើន និងមានម្នាក់ស្លាប់ផងដែរ។លោកបានបន្ដថា ប្រជាពលរដ្ឋនៅឃុំត្រពាំងធំ ដែលមានអាយុឆ្នាំ១៨ឡើងទៅត្រូវបានទទួល​វ៉ាក់​សាំង​បង្ការជំងឺកូវីដ១៩ មានជិត៦ពាន់នាក់ ​ដែលមានស្មើ នឹង៩ភូមិ។លោក បានបន្ដថា ចាក់វ៉ាក់​សាំង​បង្ការជំងឺកូវីដ១៩នេះ ​ធ្វើឡើងចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១១ថ្ងៃ និងចាប់​ពីម៉ោង១រសៀល​ដល់ម៉ោង៤ល្ងាចចាប់ពីថ្ងៃទី១៥ ខែកក្កដានេះ ដែលមានក្រុមគ្រូពេទ្យជួយផ្ដល់វ៉ាក់ និងជួយ​សម្រប​សម្រួលជាង២០នាក់ មកពីតំបន់ប្រតិបត្ដិការសឹករងខេត្ដកំពង់ធំ របស់យោធភូមិភាគទី៤ ។លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ខេត្ដសៀមរាប មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានអាយុត្រូវបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទូទាំងស្រុកនេះ មាន​ចំនួន​ជាង៥ម៉ឺននាក់​ ហើយទីតាំងកន្លែងចាក់វ៉ាក់សាំងមានចំនួន៩ទីតាំង និងក្រុមគ្រូពេទ្យ​មានជាង១០០នាក់ មកយោភូមិភាគទី៤។លោក បានបន្ដថា ក្រុមការងារចម្រុះបានរៀបចំទីតាំងសម្រាប់ចាក់វ៉ាក់សាំង​ជូនប្រជាពលរដ្ឋ នៅ​ដែល​រស់នៅស្រុកប្រាសាទបាគង រួមមាន នៅទីរួមស្រុកប្រាសាទបាគង មានទីតាំង​ស្ថិតក្នុងបរិវេណ​អនុវិទ្យាល័យហ៊ុន សែន រលួស និង៨ទីតាំងទៀត នៅតាមសាលារៀនក្នុងឃុំដែលបានរៀបចំ​សម្រាប់​ឲ្យ​ពលរដ្ឋនៅមូលដ្ឋានដែលនៅជិតផ្ទះរបស់ពួកគាត់។លោក បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ រក្សា​គម្លាត​សណ្តាប់ធ្នាប់ នៅ​ទីតាំង​ចាក់វ៉ាក់សាំង តាមឃុំនីមួយៗ សូម​កុំប្រជៀត​ ដណ្ដើម និង​ព្យាយាម​រុញគ្នា ដើម្បី​បាន​ចាក់មុននោះទេ។សូម​ជម្រាបថា យុទ្ធនាការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ នៅតាមស្រុកនៃខេត្ដសៀមរាប នេះ ធ្វើឡើង​ចាប់ពីថ្ងៃទី១៥ ខែកក្កដានេះតទៅ ដោយការចាប់ផ្ដើមដំបូងនេះ ​មានស្រុកប្រាសាទបាគង ស្រុក​សូទ្រនិគម ដោយតាមផែនការ ការចាក់វ៉ាក់សាំងជូនពលរដ្ឋនៅតាមស្រុកទាំងអស់ នៃខេត្ដសៀមរាប​មានចំនួនប្រមាណ៣០ម៉ឺននាក់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ៕អត្ថបទ ៖ ឈិត សាវី 

ប្រមុខការពារជាតិកម្ពុជា បន្តអំពាវនាវឲ្យមានការរួមគ្នាដោយស្អិតរមួតបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ការនូវជំងឺកូវីដ១៩

2021/07/15 12:08:52 pm        342
ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបន្តអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យយោធា ត្រូវធ្វើការរួមគ្នា​ឲ្យកាន់​តែស្អិតរមួតបន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ការនូវជំងឺកូវីដ១៩ ខណៈជំងឺដ៏កាចសាហាវមួយនេះ បាន​កំពុងយាយីយ៉ាងខ្លាំងនៅប្រទេសកម្ពុជា រហូត​បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបាត់បង់ជីវិត រាប់រយនាក់ក្នុងរយៈពេលប៉ុន្មានខែមកនេះ។ថ្លែងតាមរយៈសាអេឡិចត្រូនិច(តេលេក្រាម) កាលពីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនាទៀ បាញ់ បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ទាំងពិភពលោកក៏ដូចជា​ប្រទេស​​កម្ពុជា​យើងទាំងមូលបានកំពុងផ្ទុះឡើងយ៉ាងខ្លាំងនូវជំងឺកូវីដ១៩នេះ ដូច្នេះក្នុងនាមយើង​ជាក្រុម​គ្រូពេទ្យ គប្បី​​ត្រូវបង្កើនសកម្មភាពរួមគ្នាបន្ថែមទៀតជួយដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដោយ​ត្រូវ​បន្តធ្វើការចាក់វ៉ាក់សាំងជូនពួកគាត់ឲ្យបានឆាប់រហ័ស​ស្របទៅតាមគោលដៅ​ដែល​រាជ​រដ្ឋា​ភិបាល​បាន​ដាក់ជាបន្តបន្ទាប់នោះ។សម្តេចពិជ័យសេនា ទៀ បាញ់បានបញ្ជាក់ថា​«យើងត្រូវតែរួមគ្នាធ្វើសង្រ្គាម​ជាមួយ​ជំងឺកូវីដ១៩នេះ​ទាំងនេះ សុទ្ធ​ជា​បញ្ហា​ដែលយើងបានឃើញទាំងអស់គ្នាហើយ ដូច្នេះយើងត្រូវតែបំពេញ​ដោយ​ភាព​ស្មោះស្ម័គ្រ ត្រូវយកចិត្តទុកដាក់ និងបង្កើនការទទួលខុសត្រូវខ្ពង់ខ្ពស់បំផុតពីគ្រប់​កន្លែងទាំងអស់​ឲ្យ​បានដិតដល់ព្រមៗគ្នា ដើម្បីឲ្យក្លាយទៅជាកម្លាំងមួយនាំវ៉ាក់សាំងរបស់យើងយកទៅ​បញ្ជ្រាប​ នូវរាំង​​​កាយ​​មនុស្ស​ឲ្យបាន​មួយ​ចំនួនណា ស្របទៅតាមគោលការណ៍​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញនោះ»។ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនាទៀ បាញ់ ក៏បានក្រើនរំលឹកដល់ក្រុមគ្រូពេទ្យទាំងអស់មិន​ត្រូវ​យកកម្រៃ​ពីបងប្អូនប្រជាពលរដ្ឋនោះឡើយ​ពេលដែលធ្វើការចាក់វ៉ាក់សាំង​ជូនបងប្អូន​ប្រជា​ពលរដ្ឋនោះ ខណៈពេលនេះ​គឺជាពេលដែលយើងត្រូវ​សាមគ្គីគ្នាជួយ​ស្រោចស្រង់​អាយុជីវិត​របស់​បងប្អូន​ពលរដ្ឋខ្មែរ ដែល​ពួកគាត់​កំពុងមានទុក្ខធុរៈយ៉ាងខ្លាំង​ដោយសារតែបញ្ហា​មេរោគ​កូវីដ១៩នេះ។សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ របស់​ក្រុមគ្រូពេទ្យ​ក្រសួងការពារជាតិ សម្រេចបានចំនួនសរុប ២,១៨៤,៩២៧នាក់ហើយ ខណៈយុទ្ធនាការនេះ បានកំពុងបន្តទៀតនៅតាមបណ្តាខេត្តនានា​ ស្របទៅតាមគោលដៅរបស់ប្រមុខរាជរដ្ឋាភិបាលនោះ៕អត្ថបទ ៖ បាន ចក់

ក្រសួងវប្បធម៌ បន្តស្រាវជ្រាវសម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណីខ្មែរ

2021/07/15 11:36:25 am        774
ភ្នំពេញ ៖ លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា ក្រុមការងារនាយកដ្ឋាន បានចុះសិក្សាស្រាវជ្រាវសម្ភារៈប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលបន្សល់ទុកពីសង្គមដើម រហូតមកដល់បច្ចុប្បន្ន បើទោះបី​ស្ថិត​ក្នុងស្ថានភាពដ៏លំបាក ដែលបង្ករឡើងដោយមេរោគកូវីដ-១៩ ក៏ដោយ​។លោក ឈឹម សុធី បានឲ្យដឹងទៀតថា គម្រោងសិក្សាស្រាវជ្រាវសម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណី​ខ្មែរធ្វើឡើងកាលពីឆ្នាំ២០២០ ក្នុងខេត្តចំនួន៧ខេត្ត និងបន្តរហូតមកដល់សព្វថ្ងៃនេះ។ ព្រោះថា​សម្ភារៈប្រើប្រាស់លក្ខណៈប្រពៃណីខ្មែរ នៅទូទាំងប្រទេសមានច្រើនណាស់ ប៉ុន្តែក្នុង​ដំណើរការ​សិក្សាស្រាវជ្រាវនេះសម្រេចបាន៧០-៨០%ហើយ ក្រៅពីនោះនៅតែតំបន់ឆ្ងាយប៉ុណ្ណោះ ដែល​ក្រុមការងារនាយកដ្ឋានទៅមិនដល់។លោក ឈឹម សុធី បានបន្ថែមថា សម្ភារៈផ្ទះខ្មែរ គឺនាយកដ្ឋានបានស្រាវជ្រាវបានច្រើនហើយ ច្រើនទំព័រមែនទែនគិតទៅប្រហែលជា៣០០ទំព័រ សរុបទាំងរូបថត និងអត្ថបទខ្លះពន្យល់​អំពី​សម្ភារៈ។ សម្ភារៈនេះ បែងចែកជាច្រើនមុខ មានស្ពាន់ មានប្រាក់ មានឈើ ផ្តៅ លពាក់ វ័រ ឬស្សី គ្រប់សព្វទាំងអស់ឲ្យតែខ្មែរយើងប្រើបា្រស់ និងមានគ្រឿងខ្លះសល់ពីអាណានិគមបារាំង មាន​ម៉ាំងសុង ឆ្នាំងអ៊ុតពីដើមៗ និងរបស់របរនេសាទ មានច្រើនដែរ មានគ្រឿងឆ្បូប គ្រឿងចង្រាប់ ឲ្យតែមានយើងដាក់ចូលទាំងអស់។ ហើយយើងត្រៀមបន្តទៅទៀត​ឲ្យតែឃើញរបស់ណាប្លែក​យើងនឹងថតដាក់បន្តទៀត ព្រោះការឌីហ្សាញមិនទាន់ចប់នោះទេ នឹងក៏មិនទាន់បាន​បោះពុម្ភ​ទេ យើងនឹងបន្តកែសម្រួល....។ជាចុងក្រោយលោក ឈឹម សុធី បានបញ្ជាក់ទៀតថា សម្ភារៈប្រើប្រាស់លក្ខណៈប្រពៃណីខ្មែរដែល នាយកដ្ឋានកំពុងស្រាវជ្រាវនេះ គឺជាប្រភេទសម្ភារៈសិល្បៈ និងសិល្បៈសិប្បកម្មមិនមែន​ជា​សម្ភារៈ​ប្រើបា្រស់​បែបវិទ្យាសាស្រ្តគីមី និងជ័រនោះទេ គឺជាប្រភេទសម្ភារៈប្រើប្រាស់ច្នៃប្រឌិត​ដោយដៃ ធ្វើឡើង​ដោយឈើ និងរុក្ខជាតិ។ ក្នុងនាមលោក ជាអ្នកតំណាងឲ្យក្រុមអ្នកស្រាវជ្រាវ ដ៏ដូចជា​អ្នកធ្វើការ​ក្នុងវិស័យវប្បធម៌ មានបំណងថា ខ្មែរយើងមានវប្បធម៌ចំណាស់ មានអត្តសញ្ញាណ​របស់ខ្លួន មានសម្ភារៈប្រើប្រាស់ទុកសម្គាល់ថា ជាតិសាសន៍មួយជាតិខ្មែរយើង។ ដូច្នេះសម្ភារៈប្រើបា្រស់ទាំងអស់នេះ គ្រាន់តែឃើញថាយើងប្រើប្រាស់ និងដាក់លក់នៅកន្លែងណា គេដឹងថានេះជារបស់ខ្មែរបុរាណ បន្តពីដូនតាមួយជំនាន់ ទៅមួយជំនាន់ ហើយយុវជនជំនាន់ក៏បានចូលរួមបន្តវេនធ្វើកិច្ចការទាំងអស់នេះ។ដូច្នេះសូមឲ្យចេះស្រលាញ់សម្ភារៈប្រើបា្រស់លក្ខណៈប្រពៃណីខ្មែរ សម្បតិ្តបេតិកភណ្ឌ រក្សា និងកុំយកទៅលក់នៅស្រុកក្រៅ រក្សាទុកនៅក្នុងប្រទេសកំណើតរបស់ខ្លួន ឲ្យបានច្រើននូវ​របស់​​របរ​ចាស់ៗ និងបន្តផលិតថែមទៀតនូវរបស់ថ្មី ដើម្បីនាំចេញនូវវត្ថុសិល្បៈថ្មី ប៉ុន្តែយើងថែរក្សាវត្ថុ​សិល្បៈចាស់ៗ ដែល​ជាកេរ្តិ៍តំណែលរបស់ដូនតាយើងបានបន្សល់ទុក៕អត្ថបទ រដ្ឋា 

សម្តេចក្រឡាហោម ស ខេង ៖ ការកេងប្រវ័ញ្ចផ្លូវភេទ លើកុមារតាមប្រព័ន្ធ​អនឡាញ​ជា​ទម្រង់ថ្មី​បង្កហានិភ័យ​ដល់កុមារ

2021/07/14 01:42:49 pm        566
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ​ បាន​​ឲ្យ​ដឹង​ថា ទោះបីមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មានក៏ដោយ​ក្រុម​ឧក្រិដ្ឋជននៅតែឆ្លៀតឱកាស​ទាញ​យកផលប្រយោជន៍ដោយខុសច្បាប់ ហើយបង្កើតការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ តាមប្រព័ន្ធអន​ឡាញ ដែលជាទម្រង់ថ្មីនេះ កំពុងបង្កហានិភ័យខ្ពស់ដល់កុមារលើពិភពលោក រួមទាំង​កម្ពុជា​ផងដែរ។ក្នុងពិធីប្រកាសដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ «ផែនការសកម្មភាពដើម្បីបង្ការ ទប់ស្កាត់ និងឆ្លើយតប ការកេងប្រវ័ញ្ចផ្លូវភេទ​លើកុមារ តាមប្រព័ន្ធអនឡាញឆ្នាំ២០២១-២០២៥ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូ សម្ដេច ស ខេង បានថ្លែងថា កម្ពុជាបានត្រៀមខ្លួនជាស្រេច ក្នុងការ​ចូលរួមក្នុង​បដិវត្ត​ឧស្សាហកម្ម​៤ចុច០ ដោយផ្តោតជាពិសេស លើវិស័យបច្ចេកវិទ្យា ដែលពិភព​លោក​កំពុងប្រើប្រាស់ ជាមធ្យោបាយសម្រាប់វិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច យ៉ាងមានប្រសិទ្ធភាព។សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា «ទោះបីជាយ៉ាងនេះក្តី ការរីកចម្រើន ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន ក៏មានជ្រុងអវិជ្ជមានមួយចំនួន ដែលពាក់ព័ន្ធនឹង ការប្រើប្រាស់ខុសគោលដៅ និងដោយ​មានការជ្រៀតចូល ពីក្រុម​ឧក្រិដ្ឋជន ឆ្លៀតឱកាសទាញយកផលប្រយោជន៍ ដោយខុសច្បាប់ និង​ប្រាសចាក​ពីគន្លងសីលធម៌ និងការអភិវឌ្ឍ​ ដោយបង្កើតឱ្យមានការកេងប្រវ័ញ្ច និង​ឧក្រិដ្ឋកម្ម​គ្រប់រូបភាព រួមទាំងការកេងប្រវ័ញ្ច ផ្លូវភេទ លើកុមារតាមប្រព័ន្ធអនឡាញ ដែលជាទម្រង់ថ្មី មួយ​កំពុងរាលដាល និងបង្កហានិភ័យខ្ពស់ដល់កុមារ នៅលើពិភពលោក រួមទាំងកម្ពុជាផងដែរ»។សម្ដេច បានបញ្ជាក់បន្ថែមទៀតថា ដោយមើលឃើញនូវ បញ្ហាប្រឈម និងផលប៉ះពាល់​ជា​អវិជ្ជមានធ្ងន់ធ្ងរបែបនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចូលជារដ្ឋភាគីហត្ថលេខី នៃសេចក្តីថ្លែងការណ៍ សកម្មភាពសកល (WePROTECT) ដែលបានចុះហត្ថលេខា នៅ​ឯកិច្ចប្រជុំកំពូល ជាសកលនៅទីក្រុងអាប៊ុយដាប៊ី កាលពីឆ្នាំ២០១៥ ដែលមានក្រសួងមហាផ្ទៃ ជា​តួអង្គសម្របសម្រួល។ ជាងនេះទៅទៀត សម្ដេច ស ខេង លើកឡើងទៀតថា ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យាព័ត៌មាន បានជំរុញដល់ការរីកលូតលាស់ ការងារ នយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច ដែលធ្វើឱ្យកម្ពុជា មានទំនាក់ទំនងជាមួយ បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកថែមទៀតផង។ ស្របពេលនឹងវិបត្តិកូវីដ-១៩ កំពុងរាតត្បាតទូទាំងពិភពលោក ការប្រើប្រាស់ ប្រព័ន្ធបច្ចេក​វិទ្យា​ព័ត៌មាន រឹតតែមានសារសំខាន់ ក្នុងការប្រាស្រ័យទាក់ទង និងដោះស្រាយគ្រប់បញ្ហា រួមទាំង ការសិក្សាអប់រំរបស់កុមារ និងយុវជន យុវនារី ទាំងនៅទីក្រុង ទាំងជនបទ ដែលធ្វើឲ្យវិស័យ បច្ចេកវិទ្យា​​ព័ត៌មាននេះ រឹតតែទទួលបាននូវការពេញនិយម​សម្រាប់ទំនាក់ទំនង និង​អភិវឌ្ឍន៍​លើ​គ្រប់វិស័យ។ជាមួយគ្នានោះដែរសម្ដេច បន្ថែមថា សកលភាវូបនីយកម្ម នៃបច្ចេកវិទ្យា និងព័ត៌មាន គឺ​​ជា​មធ្យោបាយ ដ៏​ស័ក្តិសិទ្ធ​មួយ ដែលធ្វើឲ្យប្រទេសជាតិទាំងឡាយ និងប្រជាជននៅលើពិភពលោក​បាន​ខិតជិតគ្នា និងអាចទំនាក់ទំនង ​សហការគ្នាយ៉ាងល្អប្រសើរ។សូមបញ្ជាក់ថា ក្នុងពិធីផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម វង សូត រដ្ឋមន្រ្តី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ, ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី ក្រសួងស្ថាប័នពាក់ព័ន្ធ, ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតប្រចាំនៅកម្ពុជា, អនុប្រធាន សមាជិក សមាជិកា ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារ, ឯកឧត្តម អគ្គស្នងការដ្ឋាន​នគរបាលជាតិ, អភិបាលនៃគណៈអភិបាលរាជធានីខេត្ត, តំណាងក្រសួងស្ថាប័ន​និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធជាច្រើនតៀតផងដែរ៕អត្ថបទ បាន ចក់

កម្ពុជា​សម្រេចផ្អាកបណ្តោះអាសន្ន ការធ្វើដំណើរចេញ-ចូលតាមច្រកព្រំដែនជាមួយវៀតណាម ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩

2021/07/14 11:14:08 am        472
ភ្នំពេញ ៖ ភ្លាមៗក្រោយពីមានចំណារឯកភាពពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ក្រសួងការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ បាន​សម្រេចផ្អាក​ជា​បណ្តោះអាសន្ន ក្នុងការធ្វើដំណើរចេញ​ចូលតាមច្រកព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩។យោងតាមលិខិតរបស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ ដែលបានផ្ញើទៅកាន់ស្ថាន​ទូតកម្ពុជា ប្រចាំនៅប្រទេសវៀតណាម បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ចម្លង​ចូលមកប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្តោះអាសន្ន​សម្រាប់ការ​ធ្វើដំណើរចេញ-ចូលឆ្លងកាត់ព្រំដែនកម្ពុជា និងវៀតណាម របស់កម្មករជំនាញ អ្នកបច្ចេកទេស បុគ្គលិក ក្រុមហ៊ុននានារបស់វៀតណាម រយៈពេលមួយខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ តទៅលើកលែងតែ អ្នកជំងឺដែលត្រូវទៅព្យាបាលនៅវៀតណាម អ្នកការទូត មន្រ្តីរាជការ ដែលមានបេសកកម្ម តាមការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំងពីរ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬ ករណីមានការអនុញ្ញាតពិសេសរបស់រាជរដ្ឋាភិបាល។លិខិតបានបញ្ជាក់បន្ថែមទៀតថា ចំពោះបុគ្គលិក និងកម្មករជំនាញរបស់ក្រុមហ៊ុនវៀតណាម​ដែល​បានចូលមកកម្ពុជារួចហើយ ទាំងអ្នកដែលធ្វើចត្តាឡីស័ករួច និងអ្នកដែលកំពុងធ្វើចត្តាឡីស័ក​មិនត្រូវ​បានអនុញ្ញាតឲ្យវិលត្រឡប់ទៅប្រទេសវៀតណាមវិញទេ​ ក្នុងអំឡុងពេលនៃការផ្អាកការចេញ និងចូលជាបណ្តោះអាសន្ននេះ។យោងតាមលិខិត បានស្នើឲ្យស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសវៀតណាម​ធ្វើការសហការជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បីស្នើឲ្យ អាជ្ញាធរនៃប្រទេសទាំងពីរជួយសម្របសម្រួល​កិច្ចដំណើរការ​នៃការ​ដឹកជញ្ជូននាំចេញ និងនាំចូលទំនិញនានា ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមវិធានការសុខាភិបាល​នៃប្រទេសទាំងពីរផងដែរ។វិធានការជាបណ្តោះអាសន្ន នៃការរឹតត្បិតការចូលមកកម្ពុជានេះ ដូចដែលមានចែងក្នុងកំណត់ទូត លេខ៧៣៤ ចុះថ្ងៃទី២៧ ខែមីនាឆ្នាំ២០២០របស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ និងវិធានការផ្សេងៗ ដែលមានស្រាប់របស់កម្ពុជា នៅជាធរមានផងដែរ៕អត្ថបទ ៖ បាន ចក់

ខេត្តឧត្តរមានជ័យ ត្រៀមពង្រីក២មណ្ឌលចត្តាឡីស័ក ខណះមាន​ពលករខ្មែរ សម្រុក​ចូល​​ច្រើន​នៅព្រំដែន

2021/07/14 10:37:43 am        490
ឧត្តរមានជ័យ ៖ អាជ្ញាធរខេត្តឧត្តរមានជ័យ ត្រៀមពង្រីកទីតាំងធ្វើចត្តាឡីស័ក ចំនួន២មណ្ឌល បន្ថែមលើជំរុំតង់ដែលមានស្រាប់ ក្នុងបរិវេណពហុកីឡដ្ឋានខេត្តបន្ថែមទៀត ខណះប្រជាពលករខ្មែរ បានសម្រុកវិលចូលមកស្រុកកំណើតច្រើន នៅច្រកអន្តរជាតិព្រំដែនអូរស្មាច់។នៅថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នាយ​ឧត្ដមសេនីយ៍ ខេង សុមេធ អគ្គស្នងការរង នៃអគ្គស្នងការ អគ្គស្នងការរដ្ឋាននគបាលជាតិ និង​ឯកឧត្ដម ហ៊ុន ម៉ានិត អគ្គនាយកស្រាវជ្រាវ​ចារកិច្ច​ក្រសួងការពារជាតិ និង​ជា​ប្រធាន​​អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស បានចុះត្រួតពិនិត្យទីតាំង​សម្រាប់​ត្រៀម​ធ្វើ​ចត្តាឡីស័ក​ របស់​បងប្អូនពលរដ្ឋខ្មែរ​ចេញចូលថៃ ។លោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កត្រៀមពង្រីក​បន្ថែមនេះ គឺអាចដាក់ពលរដ្ឋខ្មែរចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុក​កំណើត​តាមច្រក​ព្រំដែន​អូរស្មាច់ បានប្រមាណចំនួន៣០០០នាក់បន្ថែមទៀត។លោក បញ្ជាក់ថា ខេត្តឧត្តរមានជ័យ ច្រកអូរស្មាច់ព្រំដែន ក្នុងអំឡុងដើមខែកក្កដា មកដល់បច្ចុប្បន្ន មាន​ប្រជាពលរដ្ឋចូលនៅចន្លោះពីចំនួន៤០០នាក់ ទៅ៥០០នាក់ ក្នុងមួយថ្ងៃៗ។បច្ចុប្បន្នកំពុងសម្រាកធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាលជំងឺឆ្លងកូវីដ១៩ សរុបជាង​ចំនួន​៣០០០នាក់​ផងដែរ៕អត្ថបទ ៖ ឃិន សារិទ្ធ

ឯកឧត្តម ស សុខា ផ្ដល់នូវសម្ភារៈបរិក្ខារការពារឆ្លងជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តបាត់ដំបង

2021/07/13 04:05:32 pm        260
បាត់ដំបង៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ​យុវជន និងកីឡា និងលោកជំទាវ បានផ្ដល់នូវសម្ភារៈបរិក្ខារសុខាភិបាល ការពារឆ្លងជំងឺកូវីដ១៩ ដល់រដ្ឋបាលខេត្តបាត់ដំបង ខណៈដែលក្នុងខេត្តមួយនេះ នៅដើមខែកក្កដា ឆ្នាំ២០២១ នៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងតួលេខខ្ពស់ប្រចាំថ្ងៃ ។ក្នុងឱកាសនាំយកសម្ភារៈបរិក្ខារៈ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ស សុខា មាន​ប្រសាសន៍ថា សម្ភារៈប្រើប្រាស់សម្រាប់ការពារកូវីដ-១៩ ​គ្រឿងឧបភោគ សម្រាប់​ជួយ​ឧបត្ថម្ភ​នេះ ដើម្បី​ជួយសម្រាល​ដល់ការលំបាក​ខ្វះខាត ជាមួយរដ្ឋបាលខេត្តបាត់ដំបង ក្នុងការប្រយុទ្ធ​ប្រឆាំង​ការពារជំងឺកូវីដ១៩ ​ដែលកំពុងតែឆ្លងរាតត្បាតចូលក្នុងសហគមន៍កាន់តែកើនឡើង ពីមួយថ្ងៃ​ទៅ​មួយថ្ងៃ និងគួរឲ្យបារម្ភ ។ក្នុងពេលទទួលអំណោយ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណ​ចំពោះ​ឯកឧត្តម និងលោកជំទាវ ព្រមទាំងសហការី ដែលបាននាំយកអំណោយទាំងអស់នេះ ដើម្បីជួយ​គាំទ្រ​ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅក្នុងខេត្ត។ឯកឧត្តមអភិបាលខេត្តបាត់ដំបង ​សម្រាប់សម្ភារៈបរិក្ខារសុខាភិបាល និងអំណោយគ្រឿង​ឧបភោគ​បរិភោគ​ទាំងនេះ និងផ្តល់ទៅកន្លែងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩​ បានប្រើប្រាស់ និងចែក​ដល់​ប្រជាពលរដ្ឋ ដែលជួបការលំបាក ​និងខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសពលរដ្ឋដែល​រស់នៅ​តំបន់បិទខ្ទប់ និងមានការខ្វះខាតខ្លាំង ។គួរបញ្ជាក់ថា បន្ទាប់ពីផ្ដល់នូវបរិក្ខារសុខាភិបាល ដល់រដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តម ស សុខា និងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យទីតាំងកំពុងចាក់វ៉ាក់សាំងស៊ីណូហ្វាម ដល់ពលរដ្ឋ នៅក្នុងខេត្តបាត់ដំបងផងដែរ ៕អត្ថបទ ៖ បាន សុរិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ផ្ទះមួយខ្នង ដីមួយហិចតា ជូនឪពុកម្តាយទ័ពជួរមុខប្រចាំការនៅប្រាសាទតាក្របី
08/18/2025 06:08 PM
អេហ្ស៊ីប និងអ៊ីរ៉ង់ ប្រឆាំងអ៊ីស្រាអែលចំពោះផែនការផ្លាស់ប្តូរទីលំនៅជនជាតិប៉ាឡេស្ទីន
08/18/2025 05:08 PM
អូស្ត្រាលីលុបចោលទិដ្ឋាការរបស់អ្នកនយោបាយអ៊ីស្រាអែលស្តាំនិយមជ្រុល
08/18/2025 05:08 PM
កងកម្លាំងការពារអ៊ីស្រាអែល៖ កញ្ចប់ជំនួយជាង ១៦០កញ្ចប់ពីប្រទេសចំនួន ៦ ត្រូវបានទម្លាក់តាមអាកាស ចូលទៅហ្កាហ្សា
08/18/2025 05:08 PM
ប្រមុខសន្តិសុខជាតិបេឡារុស៖ លោកខាងលិច មិនចាប់អារម្មណ៍ក្នុងការបញ្ចប់អរិភាព នៅអ៊ុយក្រែនទេ
08/18/2025 05:08 PM
ចិនប្រាប់ថា បញ្ហាកោះតៃវ៉ាន់ជាបញ្ហាផ្ទៃក្នុងរបស់ទីក្រុងប៉េកាំង ជាការឆ្លើយតបទៅលោក Trump
08/18/2025 05:08 PM
អ៊ីរ៉ង់បញ្ជាក់ថា ខ្លួននឹងបន្តការចរចាជាមួយ IAEA បន្ទាប់ពីមិនឲ្យចូលត្រួតពិនិត្យទីតាំងនុយក្លេអ៊ែរ
08/18/2025 05:08 PM
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
08/18/2025 05:08 PM
ដំណើរការផ្តល់អាហារសម្រាប់កុមារនៅតាមសាលារៀនក្នុងខេត្តសៀមរាប បានអនុវត្តក្នុងវិសាលភាពកាន់តែធំទូលាយគ្របដណ្ដប់ស្ទើរទូទាំងខេត្ត
08/18/2025 05:08 PM
រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មគាំទ្រគម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផល ក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ
08/18/2025 05:08 PM