សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ពលរដ្ឋ​វ័យ​ចាស់​​នៅ​ខណ្ឌ​ជ្រោយចង្វារ ​បន្ត​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ក្នុង​យុទ្ធនាការ​១៥​ថ្ងៃ​

2021/04/27 02:59:58 am        132
ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​ជ្រោយចង្វារ ​ដែលមាន​វ័យ​ចាប់ពី​៦០​ឡើង ​នា​ថ្ងៃទី​២៤​ ខែមីនា​នេះ បាន​បន្ត​មក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 ​ស្ថិតនៅ​មណ្ឌល​សុខភាព​ជ្រោយ​ចង្វារ​។​​មាន​ប្រសាសន៍ប្រាប់​BTV ក្នុង​យុទ្ធនាការ​១៥​ថ្ងៃ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​ ជូន​ពលរដ្ឋ​ក្នុង​រាជធានី ​ភ្នំពេញ ​ដែល​មាន​វ័យ​ចាប់ពី​៦០​ ឡើងទៅ​ នា​ថ្ងៃទី​២៤ ​ខែមីនា​នេះ​ លោក ​កេ​ត រតនា​នាយករង​រដ្ឋ​បាល​ខណ្ឌ​ជ្រោយចង្វារ​ ​បាន​លើកឡើងថា ​ពលរដ្ឋ​រស់នៅ​ខណ្ឌ​ជ្រោយ​ចង្វារ​ដែល​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ គឺ​មាន​ជាង​៦​ពាន់​នាក់ ​ក្នុងនោះ​ ជាង​១​ពាន់​នាក់​ បាន​ចាក់​រួចរាល់​ និង​បន្ត​ចាក់​ជូន​ពលរដ្ឋ​ជាង​៤​ពាន់​បន្ថែមទៀត​។លោក​ ​បាន​ថា មុន​ពលរដ្ឋ​មកចាក់​វ៉ាក់សាំង អាជ្ញាធរ​មូលដ្ឋាន​ទាំង​៥​សង្កាត់ ​បាន​ស្រង់​ឈ្មោះ​ប្រជាពលរដ្ឋ​វ័យចាស់ ​បញ្ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ រួច​បញ្ជូន​មក​ក្រុមគ្រូពេទ្យ ​ដើម្បី​មានឈ្មោះ​អាច​ទៅ​ចាក់​វ៉ាក់សាំង​បាន​។​លើសពីនេះ​ លោក​សូម​អគុណ​បាន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​មាន​សម្តេច​តេ​ជោ​ ហ៊ុន សែន ​នាយ​រដ្ឋមន្ត្រី​កម្ពុជា ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជា​ពល​ពលរដ្ឋ​គ្រប់​កាលៈទេសៈ។ជាការ​កត់សំគាល់ យុទ្ធនាការ ​១៥​ថ្ងៃ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​-19 ​ជូន​ពលរដ្ឋ​វ័យ​៦០​ឡើង​ ក្នុង​រាជធានី​ភ្នំពេញ​ ចាប់​ផ្តើម​ឡើង​ពីថ្ងៃ​២៣ ​ខែមីនា​ រហូត​ ថ្ងៃទី​៦​ ខែមេសា​ ឆ្នាំ​២០២១​។​យុទ្ធនាការ ​នេះ ចាប់​ផ្តើម​ឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ​ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ​បានស្នើ​ដល់​លោកជំទាវ​ឱ វណ្ណឌី​ន​ ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ការ​ចាក់​វ៉ាក់សាំង និង​ ឯកឧត្តម ​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​ពិភាក្សាគ្នា​អំពី​ការ​បើក​យុទ្ធនាការ​១៥​ថ្ងៃ ​ដើម្បី​ចាក់​វ៉ាក់សាំង​ Covishield របស់​ក្រុមហ៊ុន ​Astra Zeneca ដល់​មនុស្ស​ចាស់​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង ​នៅក្នុង​បណ្តា​ខណ្ឌ​ទាំង​១៤ នៅ​រាជធានី​ភ្នំពេញ​។ក្រៅពីនេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បញ្ជា​ឱ្យ​មន្ទីរពេទ្យ​ទាំងអស់​ផ្អាក​ការ​ចាក់​វ៉ាក់សាំង​នេះ​ដល់​អ្នក​ដែល​មាន​អាយុ​ក្រោម​៦០​ឆ្នាំ​ជា​បណ្ដោះអាសន្ន​សិន ​ដើម្បី​ទុក​លទ្ធភាព​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដល់​មនុស្ស​ចាស់ ​ចាប់ពី​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​។ ​ប៉ុន្តែ​ទោះ​ជា​យ៉ាងនេះ​ក្តី ​ប្រសិនបើ​អ្នក​ទាំងនោះ​ទទួល​វ៉ាក់សាំង​ដូ​ស​ទី​១​ហើយ ត្រូវ​បន្ត​អនុញ្ញាត​ឱ្យ​គាត់​ទទួល​បាន​ដូ​ស​ទី​២ ​បន្តទៀត ​ដោយសារ​វ៉ាក់សាំង​មិន​អាច​ចាក់​តែ​១​លើក​ទេ​៕អត្ថបទ ​៖ ​ទូច សោភ័ណ ​

ពលរដ្ឋ​អាយុ​៦០​ឆ្នាំ​ឡើងទៅ​​ជាច្រើន​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ និង​ចាត់ទុកថា ​វា​ជា​កាតព្វកិច្ច

2021/04/27 02:59:58 am        172
ភ្នំពេញ ៖ ​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ ​ក្នុង​ខណ្ឌ​ច្បារអំពៅ ​ជាច្រើន​បាន​បន្ត​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង Astra Zeneca ​ស្រប​ពេល​ដែល​ជំងឺ​នេះ​ បន្ត​រីក​រាលដាល​គួរ​ឱ្យ​ព្រួយបារម្ភ ​និង​មាន​ការ​ស្លាប់ ៥​ករណី​មកនេះ​។ ​សម្រាប់ការមក​ ​ទទួល​ការចាក់​វ៉ាក់សាំង​នេះ ពួកគាត់​ចាត់ទុកថា​វា​ជា​កាតព្វកិច្ច​ដែល​ត្រូវ​បំពេញ​ដើម្បី​ការពារ​ខ្លួនឯង ​ការពារ​គ្រួសារ ​និង​រួមចំណែក​ការពារ​សង្គមជាតិ​។សម្រាប់​ពេល​បច្ចុប្បន្នភាព​នេះ ​រាជធានី​ភ្នំពេញ​គឺ​កំពុង​បន្ត​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង AstraZeneca ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើងទៅ​។ ការងារ​នេះ​ ធ្វើឡើង​ទន្ទឹមនឹង ​ការចាក់​វ៉ាក់សាំង Sinopharm ​ជូន​ក្រុម​គោលដៅ​សម្រាប់​លើក​ទី​២ កំពុង​បន្ត​ផងដែរ​។ ​សម្រាប់​ការចាក់​វ៉ាក់សាំង​នេះ ​មាននៅ​តាម​ខណ្ឌ​នីមួយៗ ​ដោយ​ខណ្ឌ​ច្បារអំពៅ ​មាន​ការ​ចាក់​វ៉ាក់សាំង​នៅ​ទីតាំង​ចំនួន​ពីរ គឺ​មន្ទីរពេទ្យបង្អែក​ច្បារអំពៅ ​និង​មណ្ឌល​សុខភាព​ព្រែក​ឯង​។​ ជា​ទិដ្ឋភាព​រួម​នៅ​នៅ​ទីតាំង​ទាំងពីរ​នេះ គឺ​មាន​វត្តមាន​ក្រុម​គោលដៅ​ និង​ប្រជាពលរដ្ឋ​អាយុ​ចាប់ពី​៦០​ឆ្នាំ​ ឡើងទៅ​ជាច្រើន​នាក់​មក​ទទួល​ការចាក់​វ៉ាក់សាំង​។ការ​មក​ទទួល​ចាក់​វ៉ាក់សាំង​នាពេលនេះ ​ពួកគាត់​ជា​មនុស្ស​ចាស់​ លើកឡើងថា ​ការចាក់​វ៉ាក់សាំង​កូ​វីដ​នេះ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត ​និង​ចាត់ទុកថា​ វា​ជា​កាតព្វកិច្ច​សម្រាប់​ពួកគាត់​ត្រូវ​បំពេញ សម្រាប់​ការពារ​ខ្លួនឯង ​ការពារ​គ្រួសារ អ្នកដទៃ ​និង​សង្គមជាតិ​ទាំងមូល​។ ​ពួកគាត់​ថា ​ក្នុង​កាលៈទេសៈ​នេះ​ គឺត្រូវធ្វើ​តាម​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​យកឈ្នះ​ជំងឺ​នេះ​ ទាំងអស់គ្នា​។សម្រាប់​ខណ្ឌ​ច្បារអំពៅ ​តាម​ទិន្នន័យ​ពី​ខាង​រដ្ឋបាល​ខណ្ឌ​ បង្ហាញថា ​មាន​ប្រជាពលរដ្ឋ​វ័យ​ចំណាស់​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង ​សរុប​ទាំង៨ សង្កាត់ គឺ ១០៩៧១ ​នាក់ និង​មាន​ការចាក់​រួចរាល់​ចំនួន ៩១៩ ​នាក់​៕ អត្ថបទ​ ៖ ​គឹម​ហុក

ក្រសួង​ការងារ និង GMAC ​ចាប់ផ្តើម​រៀបចំ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ជូន​កម្មករ​រោងចក្រ​កាត់ដេរ

2021/04/27 02:59:58 am        232
ភ្នំពេញ ៖ ​ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ចាប់ផ្តើម​រៀបចំ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​កូ​វីដ​១៩ ​ដល់​កម្មករ​រោងចក្រ​កាត់ដេរ នៅ​កម្ពុជា​។នៅក្នុង​សេចក្តី​ជូនដំណឹង ​កាលពី​ថ្ងៃទី ​២៣ ខែមីនា ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ស្នើ ​GMAC ​ជួយ​សម្របសម្រួល​ជាមួយ​ម្ចាស់​ ឬ​ នាយក​គ្រប់គ្រង ​រៀបចំ​បញ្ជី​ឈ្មោះ​គ្រូពេទ្យ​ប្រចាំ​រោងចក្រ​ចំនួន​១​រូប ​ក្នុង​១​រោងចក្រ ​ដើម្បី​ចូលរួម​យុទ្ធនា​ ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩​។ក្រសួង​ការងារ ​បញ្ជាក់ថា ដើម្បី​ការពារ​សុខភាព​ជូន​បងប្អូន​កម្មករ​និយោជិត​ ក៏ដូចជា​ផលប្រយោជន៍​រោងចក្រ​ពី​ការ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ រាជរដ្ឋាភិបាល​នឹង​រៀបចំ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ ដោយ​ឥតគិតថ្លៃ​ជូន​ដល់​បងប្អូន​កម្មករ​និយោជិត​រោងចក្រ ​សហគ្រាស​ នាពេល​ឆាប់ៗ​ដ៏​ខ្លី​ខាងមុខ​។ថ្លែង​នៅ​ព្រឹក​ថ្ងៃទី​២៤ មីនា ឆ្នាំ​២០២១​នេះ លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ​បានឱ្យដឹងថា​ បន្ទាប់ពី​សេចក្តីជូនដំណឹង​ស្នើឱ្យ​ម្ចាស់​ ឬ​នាយក​រោងចក្រ​ដែល​ជា​សមាជិក​រៀបចំ​បញ្ជី​ឈ្មោះ​គ្រូពេទ្យ ​ដើម្បី​ចូលរួម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​កម្មករ កម្ម​ការិនី ​និយោជិត ​មកដល់ពេលនេះ​ឃើញថា​ មានការ​បញ្ជូន​ឈ្មោះ​មក​ជា​បណ្តើរៗ​ហើយ​។ លោក ​បាន​បញ្ជាក់ថា​ សម្រាប់​ការងារ​នេះ​ គេ​បង្កើតជា​ក្រុមការងារ​ចាស់​ មិនមែន​រោងចក្រ​មួយ​យក​គ្រូពេទ្យ​ម្នាក់​មក​ចាក់​ទេ ​គេ​បង្កើត​ជា​ក្រុម ​មួយ​ក្រុម​មាន​ប្រមាណ ​១០០​នាក់ ចុះ​ទៅតាម​រោងចក្រ ​ឬ​ តំបន់​សេដ្ឋកិច្ច​ពិសេស ឬ​សួន​ឧស្សាហកម្ម​ណាមួយ ​គេ​នឹង​ពិភាក្សា​គិតគូរ​អំពី​ទីតាំង​ទៀត នៅពេលនេះ​ យើង​អត់​ទាន់​ដឹង​ច្បាស់​។សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លើកឡើងថា ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល ​សហការ​ជាមួយ​ក្រសួងសុខាភិបាល ​នឹង​បើក​វគ្គ​បណ្តុះ​បណ្តាល​បច្ចេកទេស​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ​ជូន​ដល់​គ្រូពេទ្យ (​គិលានុបដ្ឋាយិកា​) តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ​នៅ​ថ្ងៃ​អង្គា​រ៍ ទី​៣០​ ខែមីនា​ខាងមុខ​។ទាក់ទិន ​និង​វ៉ាក់សាំង​កូ​វីដ​១៩​នេះ​ ឯកឧត្តម ជួន មុំ​ថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា បាន​សម្តែង​ការ​អរគុណ​ដល់​ប្រមុខ​រដ្ឋាភិបាល ​ដែល​តែងតែ​គិតគូរ ​និង​យកចិត្តទុកដាក់​ខ្ពស់​ជានិច្ច​ទៅដល់​កម្មករ​និយោជិត ​ពិសេស​ការ​ផ្តល់​វ៉ាក់សាំង​នេះ​ ដែល​អាច​បញ្ចៀស​បាន​នូវ​ហានិភ័យ​របស់​បងប្អូន​កម្មករ។លោក កាំ​ង ម៉ូ​នី​កា ​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ របស់​ក្រសួង​ការងារ ​គឺ​សម្រាប់​កម្មករ​និយោជិត មិន​ត្រឹមតែ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​សម្រាប់​កម្មករ​និយោជិត​ ក្នុង​រោង​ចក្រ​ដេរ​ស្បែកជើង​ ផលិតផល​ធ្វើដំណើរ ​រោងចក្រ​ផលិត​កង់ ​រោងចក្រ​ផលិត​គ្រឿង​ដង្គុំ ​អេឡិចត្រូនិក ជាដើម​។ គិត​មកដល់​បច្ចុប្បន្ន​នេះ សមាជិក នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ រួមមាន ​៖ ​វិស័យ​រោងចក្រ​កាត់ដេរ​, រោងចក្រ​ផលិត ​ផលិតផល​ធ្វើដំណើរ និង​រោងចក្រ​ផលិត​ស្បែកជើង ​សរុប​ចំនួន​ប្រមាណ​ជាង ៦៦០​សមាជិក​ ដែល​ស្មើនឹង​កម្មករ​និយោជិត​សរុប​ចំនួន​ប្រមាណ​ជាង​ ៧៥​ម៉ឺន​នាក់​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ទទួល​ម៉ាស់​ចំនួន​៣០​ម៉ឺន​ពី​ក្រុមហ៊ុន និង​សប្បុរសជន​នានា

2021/04/27 02:59:58 am        209
ភ្នំពេញ ៖ ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​បាន​ទទួល​ម៉ាស់​ចំនួន​៣០​ម៉ឺន​ម៉ាស់​ ពី​ក្រុមហ៊ុន និង​សប្បុរសជន​នានា ​ដើម្បី​បំពេញ​តម្រូវការ​ចាំបាច់​ជូន​ដល់​កងកម្លាំង ​ក្នុង​ឱកាស​ប្រតិបត្តិការ​បំពេញ​បេសកកម្ម​ទប់ស្កាត់​មេរោគ​កូ​វីដ​១៩ ​។នៅក្នុង​កម្មវិធី​ផ្តល់ និង​ទទួល​ម៉ាស់​ពី​ក្រុមហ៊ុន និង​សប្បុរសជន​ នៅ​​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២១​នោះ ឧ​ត្ត​ម សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ ​បាន ថ្លែងអំណរគុណ​(​ប្រធាន ក្រុមហ៊ុន លី ហួរ លី​ស៊ី​ង​និង​ក្រុមហ៊ុន រូ​ស៊ី ហ្គា​មែន​)​ ដែល​បាន​យក​ចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​សុវត្ថិភាព​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ដែល​កំពុង​ចូលរួម​យ៉ាង​មមាញឹក​លើ​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ ​ឆ្លង​កូ​វីដ​១៩​ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​។ នេះ​ជា​កាយវិការ​ដ៏​ប្រពៃ​ក្នុង​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​។​ជាពិសេស​បាន​លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​ ដែល​បាន​បំពេញភារកិច្ច​ការពារ​សន្តិសុខ រក្សា​សណ្ដាប់ធ្នាប់​សុវត្ថិភាព​សង្គម​។ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ​បានលើកឡើង​ទៀតថា ​ជុំវិញ​ការងារ​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​នេះ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​និង​វិធាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​ក្រោម​ការ​អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​របស់​ឯកឧត្តម​ នា​យ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​នៅក្នុង​អង្គភាព​តែងតែ​បាន​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា​យ៉ាង​ខ្ជាប់ខ្ជួន ជាពិសេស​បាន​ប្រើប្រាស់​កម្លាំង​ចូលរួម​ការពារ​សន្តិសុខ ​រក្សា​សណ្តាប់​ធ្នាប់​នៅ​គ្រប់​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក ​និង​គោលដៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ទប់ស្កាត់​អ្នកជំងឺ​រឺ​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ ដែលមាន​បំណង​រត់គេច​វេស​មិន​អនុវត្តតាម​វិធាន​របស់​ក្រសួងសុខាភិបាល​។ជាងនេះទៅទៀត​ ឯកឧត្តម ស ថេត ​ក៏បាន​លើកឡើង​ផងដែរ​ថា​ ស្នងការ​រាជធានី​ភ្នំពេញ​បាន​ប្រើ​ប្រាស់​កម្លាំង​ចេញ​ល្បាត​តាម​រថយន្ត​ចុះ​ត្រួតពិនិត្យ​គោលដៅ ​ធ្វើ​ច​ត្តា​ឡី​ស័ក​ និង​គោលដៅ​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​និង​បាន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បង្ការ​ទប់ស្កាត់​ និង​បង្ក្រាប​ទីតាំង​ក្លឹប​កម្សាន្ត ខារ៉ាអូខេ ​ហាង​ផឹកស៊ី ​មិន​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល​,​ចូលរួម​ចែក​ម៉ាស់​និង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​សាធារណៈ​ នៅ​តាម​សហគមន៍​ពី​ផល​ប៉ះពាល់​ជំងឺឆ្លង​កូ​វីដ​១៩ ហើយ​ឱ្យ​នាំគ្នា​ចូលរួម​បង្ការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ​១៩​នេះ ​កុំ​ឱ្យ​ឆ្លង​រាលដាល​ទៅ​ចូល​សហគមន៍​ផ្សេងទៀត​៕​អត្ថបទ ៖ ​បាន ចក់ 

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ទទួល​បាន​ការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពី​ស​ម្ដេច​តេ​ជោ​បើក​ឱ្យ​ដំណើរ​ការ​ជា​បណ្តោះអាសន្ន

2021/04/27 02:59:58 am        838
ស្ទឹងត្រង់​-​ក្រូចឆ្មារ​៖ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​ប្រវែង ១១៣១​ម៉ែត្រ ដែល​ត​ភ្ជាប់​ទឹក​ដី​នៃ​ស្រុក​ស្ទឹងត្រង់​ និង​ស្រុក​​ក្រូចឆ្មារ​ ​ទទួល​បាន​ការ​ឯកភាព​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​បើក​ឱ្យ​ដំណើរ​ការ​ជា​បណ្តោះអាសន្ន ​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន ​និង​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋចាប់ពី​ថ្ងៃទី​២៣ ខែមីនា ​ឆ្នាំ​២០២១ តទៅ។ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​បាន​ដឹកនាំ​គណៈប្រតិភូ និង​អ្នក​ជំនាញ​បច្ចេកទេស​ក្រសួង នា​ព្រឹក​ថ្ងៃ​អង្គារ ១០​កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៣ ​ខែមីនា ឆ្នាំ​២០២១ ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​លទ្ធភាព​សម្រាប់​ដាក់​ឱ្យ​ដំណើរការ​ជា​បណ្តោះ​អាសន្ន​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ តំណាង​ក្រុមហ៊ុន​សាងសង់ ​តំណាង​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស អាជ្ញាធរ​ដែនដី និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។ស្ពាន​នេះ ​ឆ្លងកាត់​ទន្លេមេគង្គ​ត​ភ្ជាប់​រវាង​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​ និង​ស្រុក​ស្ទឹងត្រង់​ខេត្ត កំពង់ចាម​ សាងសង់​ឡើង​ ដោយ​ក្រុមហ៊ុន​សាងសង់​សំណង់​សៀង​ហៃ​គ្រុប ខូ​អិ​ល​ធី​ឌី ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ក្វាង​ចូ​វ​វ៉ាន​អាន មាន​ប្រវែង​សរុប​ចំនួន ១១៣១​ម៉ែត្រ​ ទទឹង ១៣,៥ ម៉ែត្រ (​ក្នុងនោះ​មាន​គន្លង​ផ្លូវ​រថយន្ត ៣,៥​ម​x២ គន្លង​ទោចក្រយានយន្ត ១,៩​ម​x២ ​គន្លង​ផ្លូវ​ថ្មើរជើង​១,១​ម​x២+០,២៥​ម​x២ (​បង្កាន់ដៃ​) ជា​ប្រភេទ​ស្ពានបេតុង​សរសៃដែក ​ឬ​ បេតុង​អា​មេ មាន​បំពាក់​ផ្លាក សញ្ញា ​ចរាចរណ៍ គំនូស​ចរាចរណ៍ និង​បង្គោល​ភ្លើង​បំភ្លឺ​ស្ពាន​ មាន​សាងសង់​រង្វង់​មូល​មួយកន្លែង​នៅ​ត្រើយ​ខាងលិច​ផងដែរ​។គម្រោង​សាងសង់​ស្ពាន​ស្ទឹងត្រង់​-​ក្រូចឆ្មារ​ដែលជា​គម្រោង​ស្ពាន​មិត្តភាព​កម្ពុជា​ចិន​ទី​៨ ត្រូវ​បាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៧ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​៥៨,៤២​លាន​ដុល្លារ​អាមេរិក រយៈពេល​សាងសង់​ចំនួន​៤២​ខែ ជា​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋាភិបាល​ចិន​ និង​ថវិកា​បដិភាគ​ពី​រាជរដ្ឋាភិបាល​កម្ពុជា គិត​រហូត​មក​ទល់ពេលនេះ​ការសាងសង់​សម្រេច​បាន​១០០%​ហើយ​។​គួរកត់​សម្គាល់​ផងដែរ​ថា ស្ពាន​នេះ ​នឹង​ជួយ​ទាញ​ភូមិសាស្ត្រ​រវាង​ខេត្តកំពង់ចាម ​និង​ខេត្ត​ត្បូងឃ្មុំ​ឱ្យ​កាន់តែ​កៀក​ចូល​ជិតគ្នា ​ជួយ​សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ​បម្រើ​ដល់​ការ​ដឹកជញ្ជូន​ទំនិញ​កសិផល​ទៅកាន់​ទីផ្សារ ទាក់ទាញ​ការវិនិយោគ ​លើកកម្ពស់​ជីវភាពរស់​នៅ​របស់​ប្រជាជន ជាពិសេស​ចូល​រួមចំណែក​ដល់​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​បាន​មួយ​កម្រិត​ថែមទៀត​។នាឱកាស​ចុះ​ពិនិត្យ​ស្ពាន​នេះ ​ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ថា ​តាម​គម្រោង​ស្ពាន​នេះ​នឹង​ត្រូវ​បើក​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅ​ថ្ងៃទី​២៤ ខែមីនា ​ឆ្នាំ​២០២១ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​នៅ​ថ្ងៃស្អែក​នេះ ប៉ុន្តែ​ដោយសារ​ព្រឹត្តិការណ៍​២០ ​កុម្ភៈ ទើប​មាន​ការ​លើក​ពេលវេលា​នៃ​ការសម្ពោធ​បើក​ប្រើប្រាស់​ជា​ផ្លូវការ​។ឯកឧត្តម​ ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា ​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​គោរព​ស្នើ​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី សុំ​បើក​ស្ពាន​នេះ​ ឱ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្ដោះអាសន្ន​ដើម្បី​សម្រួល​ដល់​ការ​ដឹកជញ្ជូន ​និង​ការ​ធ្វើដំណើរ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋនៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាងមុខ​។ ជាការ​ឆ្លើយតប ​សម្តេច នាយក​រដ្ឋមន្ត្រី​ បាន​ឯកភាព​បើក​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្ពាន​នេះ ​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃនេះ​ទៅ ​រង់ចាំ​ពេលវេលា​សមស្រប​ណាមួយ ​ដើម្បី​បើក​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ ៕​អត្ថបទ ៖ តារា​វុទ្ធី​​

ពលរដ្ឋ​ក្នុង​​ខណ្ឌ​ចំការមន​​​ជាង ៤​​ពាន់​​នាក់​វ័យ​​ពី​ ៦០​ឆ្នាំ​ឡើង​​​​ ​នឹង​ទទួល​បាន​វ៉ាក់សាំង​បង្ការ​កូ​វីដ​-១៩

2021/04/27 02:59:58 am        162
ភ្នំពេញ ៖ យុទ្ធនាការ​១៥​ថ្ងៃ​ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ ជូន​ពលរដ្ឋ​ដែល​មាន​វ័យ​ចាប់ពី​៦០​ឡើង​ ក្នុង​រាជធានី​ភ្នំពេញ​ បាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣ ​ខែមីនា ​នេះ​តទៅ​។ សម្រាប់​យុទ្ធនាការ​នេះ មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ ​បាន​ទទួល​វ៉ាក់សាំង​ពី​មន្ទីរសុខាភិបាល​ចំនួន​៣​ពាន់​ដូ​ល ​ចាក់​ជូន​ពលរដ្ឋ​ដែល​វ័យ​ចាប់ពី​៦០​​ឆ្នាំ​ឡើងទៅ ស្ថិតក្នុង​ខណ្ឌចំការមន ​មាន​ជាង​ ៤​ពាន់ បែងចែក​វេន​គ្នា​មកចាក់​។ស្ថិតក្នុង​បរិបទ​ជំងឺ​កូ​វីដ​-19 ​ពលរដ្ឋ​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19 Covishield ​ផលិត​នៅ​ប្រទេស​ឥណ្ឌា ​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន AstraZeneca ​បាន​ប្រាប់ BTV ​នៅ​ថ្ងៃទី​២៣​ខែមីនា​នេះ​ថា​ ក្រោយ​ចាក់​វ៉ាក់សាំង​នេះ​រួច នៅ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ សុខភាព​ជាធម្មតា មិន​ប្រតិកម្ម​នឹង​ថ្នាំ​នោះទេ​។​ពួកគាត់​ថា មុន​ចាក់​វ៉ាក់សាំង​បង្ការ ​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​សុខភាព​ និង​សួរនាំ​ព័ត៌មាន​មួយ​ចំនួនទៀត​មុន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​។ ​ម្យ៉ាងទៀត​ការ​ចាក់​វ៉ាក់សាំង​នៅពេលនេះ ​គឺជា​ស្ម័គ្រ​ចិត្ត​។ជាមួយគ្នានេះ លោក​វេជ្ជ​បណ្ឌិត​ ហ៊ីង រដ្ឋា ប្រធាន​បច្ចេកទេស​មណ្ឌល​សុខភាព​ផ្សារ​ដើម​ថ្កូវ បាន​លើកឡើង​ដែរ​ថា​ យុទ្ធនាការ​១៥​ថ្ងៃ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-19​ ជូន​ពលរដ្ឋ​ដែល​មាន​វ័យ​ចាប់ពី​៦០​ឡើង​ ក្នុង​រាជធានី​ភ្នំពេញ ​បាន​ចាប់ផ្តើម​ពីថ្ងៃ​នេះ​តទៅ។​សម្រាប់​យុទ្ធនាការ​​នេះ ​មណ្ឌល​សុខភាព​ផ្សារ​ដើមថ្កូវ ​បាន​ទទួល​វ៉ាក់សាំង​ពី​មន្ទីរ​សុខាភិបាល​ចំនួន​៣​ពាន់​ដូ​ស​ ចាក់​ជូន​ចាក់​ជូន​ពលរដ្ឋ​ដែល​វ័យ​ចាប់ពី​៦០​ឡើងទៅ​ ស្ថិតក្នុង​ខណ្ឌចំការមន ដោយ​បែង​ចែកវេន​គ្នា​មក​ចាក់​។បើ​តាម​របាយ​ការណ៍រ​បស់​រដ្ឋបាល​ខណ្ឌចំការមន ​បាន​លើកឡើងថា ​ពលរដ្ឋ​ដែល​មាន​វ័យ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ ​មាន​ចំនួន​៤,៣៤៥​នាក់ ក្នុងនោះ​ អ្នក​ដែល​ចាក់​វ៉ាក់សាំង​រួច ​ដោយ​គិត​ត្រឹម​ថ្ងៃទី​២២​ខែមីនា ​ម្សិលមិញ មាន​២៩០​នាក់​។កន្លងទៅ​ថ្មីៗ​នះ​ ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​មាន​អ្នក​ប្រតិកម្ម​នឹង​វ៉ាក់សាំង​របស់​ក្រុមហ៊ុន AstraZeneca ​មាន​ឈាមកក ក្នុង​សរសៃ​ឈាម​បណ្តាល​ឱ្យ​បាត់បង់​អាយុជីវិត​។យ៉ាងណា​ក៏​ដោយ បើតាម​លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល ធ្លាប់​ផ្តល់​បទ​សម្ភាសន៍​ឱ្យ BTV ថា ​ការផលិត​វ៉ាក់សាំង ​Covishield ​នៅ​ប្រទេស​ឥណ្ឌា ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ AstraZeneca ​ក្រោម​កិច្ច​សម្របសម្រួល​ពី​អង្គការ​សុខភាព​លោក ​ដែល​កម្ពុជា​​ទទួល​បាន​នេះ ​គឺ​មិន​ស្ថិត​ក្នុង​ក្រុម​វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ AstraZeneca នៅ​អឺរ៉ុប​នោះទេ​ ហើយ​កម្ពុជា​​នៅតែ​បន្ត​ចាក់​វ៉ាក់សាំង ​Covishield​ ជូន​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-19៕​អត្ថបទ ​៖​ ទូច សោភ័ណ 

អភិបាល​រាជធានី​ភ្នំពេញ ស្នើ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​រួចហើយ ត្រូវអនុវត្ត​វិធានការ​សុខាភិបាល

2021/04/27 02:59:58 am        117
ភ្នំពេញ ៖ ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វី​សែ​ល ​(Covishield) នៅ​ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៣ មីនា ២០២១​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ​បាន​ស្នើ​ប្រជា​ពលរដ្ឋ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩​ រួចហើយ ​ត្រូវ​បន្ត​អនុវត្ត​វិធានការ​សុខាភិបាល​។ឯកឧត្តម ឃួ​ង ស្រេង​ បានលើកឡើង​ទៀតថា ​សកម្មភាព​នាពេលនេះ គឺជា​ការ​យក​ចិត្តទុកដាក់​របស់​សម្តេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្រី្ត ហើយ​សម្តេច​តេ​ជោ​ នៅ​តាម​ថែទាំ​បងប្អូន​ប្រជាពលរដ្ឋ ​ដែល​បាន​យក​វ៉ាក់សាំង​កូ​វីដ​១៩​ មក​ចាក់​ជូន​អ្នកមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ ឡើងទៅ ហើយ​អ្នក​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​នេះ ​សុទ្ធតែ​ជា​អ្នក​ដែល​សម្តេច​តេ​ជោ រំដោះ​ឲ្យ​រួច​ផុតពី​ការ​កាប់​សម្លាប់​ក្នុង​សម័យ​ប៉ុលពត​។ ដូច្នេះ​សូម​ពុក ម៉ែ បងប្អូន ប្រជាពលរដ្ឋ ជឿជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន និង​សូម​ជូនពរ​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​ជៀស ផុត​នូវ​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ​។បើតាម​លោក​វេជ្ជបណ្ឌិត នេ​ត សុ​វីរៈ ប្រធាន​ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹងថា ​ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ​ចាប់​ផ្តើម​បើក​យុទ្ធនាការ​១៥​ថ្ងៃ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ​កូ​វី​សែ​ល សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើងទៅ​។ ​មាន​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ ​មាន​ចំនួន​៦​ក្រុម ​ដោយ​ក្នុង​មួយក្រុម ​មាន​លោកគ្រូ​ពេទ្យ អ្នកគ្រូ​ពេទ្យ ចំនួន​០៩​នាក់​។ទន្ទឹមគ្នា​នោះដែរ ប្រជាពលរដ្ឋ ដែល​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ កូ​វី​សែ​ល ​បាន​និយាយ​ស្រដៀង​គ្នា​ថា ​នៅ​ព្រឹក​នេះ ​គាត់​បាន​មក​ចាក់​វ៉ាក់សាំង កូ​វី​សែ​ល ​ពិតជា​សប្បាយរីករាយ​ណាស់ ​និង​សូម​អរគុណ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែល​បាន​ស្វះ​ស្វែងរក​វ៉ាក់សាំង​កូ​វីដ​១៩​ ចាក់​ជូន​ប្រជាជន​។ជា​ចុងក្រោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ កុំ​ភ្លេច​វិធាន​ការដែល​សម្តេច​តេ​ជោ បានដាក់ចុះ ៣​កុំ ៣​ការពារ និង​វិធាន​ការ​ការពារ​ជំងឺ​កូ​វីដ​១៩​ របស់​ក្រសួងសុខាភិបាល ​លាងដៃ​នឹង​អាល់កុល ពាក់​ម៉ាស់​ជាប់​ជាប្រចាំ ​និង​មិន​ចាំបាច់​កុំ​ចេញពីផ្ទះ ទៅខាង​ក្រៅ​៕អត្ថបទ រដ្ឋា​

សម្តេច​តេ​ជោ ​ផ្តល់​ថវិកា​ដល់​ខេត្ត​ចំនួន​១១ ​សម្រាប់​ឧបត្ថម្ភ​ពលរដ្ឋ​វិល​មក​ស្រុកកំណើត​វិញ

2021/04/27 02:59:58 am        147
ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែមីនា ឆ្នាំ​២០២១​នេះ ​បាន​ផ្តល់​ថវិកា​បន្ថែម​សរុប​ចំនួន ១៦០០​លាន​រៀល​ទៀត ដល់​បណ្តា​ខេត្ត​ចំនួន​១១​ សម្រាប់​ឧបត្ថម្ភ​ដល់​ពលករ​ខ្មែរ ​ដែល​ត្រឡប់​មកពី​ប្រទេស​ថៃ មកកាន់​ស្រុកកំណើត​វិញ​។បើតាម​លោកជំទាវ​វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ប្រាប់​BTV ​ព័ត៌មាន​ព្រឹក​នេះ​ថា ​ដោយមាន​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​ស​ម្តេច​​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្រី្ត​ ​បាន​ឲ្យ​រៀបចំ​ចាត់ចែង​ ថវិកា​បន្ថែម ​ជូនទៅ​កាន់​បណ្តា​ខេត្ត​នានា ​សរុប​ចំនួន​១១​ខេត្ត​ សម្រាប់​ត្រៀម​ពីថ្ងៃ​ទី​២៣ រហូតដល់​ថ្ងៃទី​៣១ ​ខែមីនា ឆ្នាំ​២០២១​។លោកជំទាវ វេជ្ជបណ្ឌិត យក់ ស​ម្ប​តិ្ត​ បានបញ្ជាក់​ទៀតថា ​ខេត្ត​ទាំង​១១ ដែល​ទទួល​បាន​ថវិកា​បន្ថែម​របស់​សម្តេច​តេ​ជោ រួមមាន​ ៖ ខេត្តបាត់ដំបង ទទួល​បាន​ថវិកា​៣០០​លាន​រៀល​, ខេត្តបន្ទាយមានជ័យ​ ទទួល​បាន​ជំនួយ​៣០០​លាន​រៀល​, ខេត្តពោធិ៍សាត់ ​ទទួល​បាន​ថវិកា​២០០​លាន​រៀល​, ខេត្តព្រះវិហារ ​ទទួល​បាន​ថវិកា​២០​លាន​រៀល​, ខេត្តកណ្តាល ​ទទួល​បាន​ថវិកា ១៥០​លាន​រៀល​, ខេត្តស្វាយរៀង ​ទទួល​បាន​ថវិកា​២០​លាន​រៀល​, ខេត្តព្រៃវែង​ ទទួល​បាន​ថវិកា​៣០០​លាន​រៀល​, ខេត្តក្រចេះ​ ទទួល​បាន​ថវិកា​៤០​លាន​រៀល​, ខេត្តតាកែវ ​ទទួល​បាន​ថវិកា​៤០​លាន​រៀល​, ខេត្តកំពង់ឆ្នាំង​ ទទួល​បាន​ថវិកា​៣០​លាន​រៀល​ និង​ខេត្តសៀមរាប ​ទទួល​បាន​ថវិកា​២០០​លាន​រៀល​។ ហើយ​ខេត្ត​ទាំង​១១​នេះ ​មាន​ប្រជាពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ សរុប​ចំនួន​១១០១០​នាក់​៕អត្ថបទ រដ្ឋា

អនុប្រធាន​ចល័ត​ឃុំ​ព្រែក​ថ្មី ជំរុញ​អាជ្ញាធរ​បន្ត​ចុះ​ណែនាំ​ពលរដ្ឋ ​ក្នុង​ការពារ​មេរោគ​កូ​វីដ

2021/04/27 02:59:58 am        24
កណ្តាល​ ៖ អនុប្រធាន​ចល័ត​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល​ ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ភូមិ​-​ឃុំ ត្រូវ​បន្ត​ចុះ​អប់រំ ​និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ញឹកញាប់​ បន្ថែមទៀត ​ទាក់ទង​នឹង​វិធានការ​ការពារ​មេរោគ​កូ​វីដ​១៩ ​ជាពិសេស​វិធាន​របស់​សម្តេច​តេ​ជោ «៣​ការពារ និង​៣​កុំ​»​នេះ ខណៈ​វិធាន​នឹងមាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ក្នុងការ​គេច​ផុតពី​ការឆ្លង​រីក​រាលដាល​មេរោគ​គូ​វីដ​១៩​ ចូលក្នុង​សហគមន៍​នោះ​។​​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​តួនាទី​មេភូមិ​ថ្មី និង​សំណេះសំណាល​ជាមួយ​ប្រជា​ការពារ​ភូមិ និង​យុវជន ស​.​ស​.​យ​.​ក ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ ​នា​ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ ​ លោក ស៊ុន វុទ្ធី អនុប្រធាន​ចល័ត​ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ​ខេត្តកណ្តាល​ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ភូមិ​ចាម​ក្រោម ​បាន​លើកឡើងថា មេភូមិ​ដែល​ទើប​ប្រកាស​ថ្មី ត្រូវខិតខំ​ប្រឹងប្រែង​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ឱ្យ​អស់​ពី​កម្លាំងកាយ​ចិត្ត ​ជាពិសេស​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ឲ្យ​បាន​ញឹកញាប់​បំផុត​ទាក់​នូវ​វិធានការ​របស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​ទាក់ទង​នឹង​មេរោគ​កូ​វីដ​១៩​ ខណៈ​មេរោគ​នេះ ​បាន​កំពុង​រីក​រាលដាល​ខ្លាំង​នៅ​ភ្នំពេញ ​និង​តាម​បណ្តា​ខេត្ត​នានា ​ដូចជា​ ខេត្តកណ្តាល​យើង​នេះ​ដែរ​។ជាមួយគ្នា​នោះ ​លោក​អនុប្រធាន​ក្រុមការងារ ក៏បាន​សំណេះសំណាល​ជាមួយ​យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ឃុំ​ព្រែក​ថ្មី ​ដោយ​ប្អូនៗ​ ជា​យុវជន​ស្ម័គ្រចិត្ត​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​មូលដ្ឋាន ក្នុង​ការ​ជួយ​បម្រើ​ផលប្រយោជន៍​ប្រជា​ពលរដ្ឋ​ និង​ធ្វើយ៉ាងណា​ជួយ​ផ្នែក​ប្រាជ្ញា ស្មារតី បណ្តុះ​ គំនិត​យុវជន​ផ្សេងទៀត ដើម្បី​ជា​ការ​ចូល​រួម​ចំណែក​ជួយ​ដល់​សង្គម​គ្រួសារ ​និង​សង្គមជាតិ ឱ្យ​កាន់តែ​មានការ​រីកចម្រើន​បន្តទៀត ។ ​ពិសេស​ក្នុង​ដំណាក់កាល​ដែល​ប្រទេស​កម្ពុជា កំពុង​តែមាន​ការ​រីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​-១៩ ទាំង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ ប្អូនៗ​ ជា​យុវជន​ទាំងអស់ ​ចូលរួម​ផ្សព្វផ្សាយ​ ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ថែរក្សា​អនាម័យ​ខ្លួនប្រាណ ​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ​គឺ​៣​កុំ​និង​៣​ការពារ​ ដើម្បី​ជៀស​ឆ្ងាយ​ និង​ចូលរួម​ឱ្យ​ជំងឺ​កាច​សាហាវ​មួយ​នេះ ​ឆាប់​រលាយ​បាត់​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ ។ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះសំណាល​នា​ពេលនេះ​ អនុប្រធាន​ចល័ត​ឃុំ​ព្រែក​ថ្មី ​បាន​ឧបត្ថម្ភ​ប្រជា​ការពារ ​១៧​នាក់ ក្នុង​ម្នាក់​ទទួល​បាន​អង្ករ​២៥​គីឡូ ត្រីខ​២​យួរ ថវិកា​៥​ម៉ឺន​រៀល​ យុវជន ​ស.ស​.យ.ក ឃុំ​ព្រែក​ថ្មី​២៤​នាក់ ​ក្នុង​ម្នាក់ៗ ​ទទួល​បាន​ថវិកា​៥​ម៉ឺន​រៀល ​មេភូមិ​ថ្មី​-​ចាស់ ​អនុ​ភូមិ និង​អ្នកចូលរួម​ទទួល​បាន​៥​ម៉ឺន​រៀល​ផងដែរ ៕​អត្ថបទ​ ៖ បាន ចក់

អាជីវករ​ផ្សារ​តាខ្មៅ​ចាស់​ជាង​៨០% ​បាន​បិទតូប​លក់ដូរ ​ខណៈ​​៤​តូប បាន​ពាក់ព័ន្ធ​អ្នកជំងឺ​កូ​វីដ-១៩​

2021/04/27 02:59:58 am        1784
ភ្នំពេញ ​៖ មកដល់​ព្រឹក​ថ្ងៃទី​២៣ ​ខែមីនា បណ្តា​អាជីវករ​នៅ​ក្នុង​ផ្សារ​តាខ្មៅ​ចាស់ ​បាន​បន្ត​បិទតូប​លក់ដូរ​ទំនិញ​ដោយ​ខ្លួនឯង​ បាន​កើន​ដល់​ប្រមាណ​ជាង​៨០% ​ បន្ទាប់ពី​អាជ្ញាធរ​មូលដ្ឋាន​ក្រុង​តាខ្មៅ បាន​តម្រូវ​អោយ​ម្ចាស់​តូប​ចំនួន​៤​តូប ​មានការ​ពាក់ព័ន្ធ​ផ្ទាល់​អ្នក​ផ្ទុក​មេរោគ​កូ​វីដ-​១៩​ ផ្អាក​ការលក់ដូរ​ជា​បណ្តោះអាសន្ន ​ដើម្បី​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​។ដោយមាន​ការ​ព្រួយបារម្ភ​ខ្លាំង​អំពី​ការ​រាតត្បាត​កូ​វីដ​១៩​ នៅក្នុង​សហគមន៍ ​នៅ​ព្រឹក​មិញ​នេះ​ នៅក្នុង​ផ្សារ​តាខ្មៅ​ចាស់​ជាន់​ទី​១ ​គឺមាន​តូប​លក់ទំនិញ​ប្រមាណ​៩០%​ មិនមាន​ការ​បើក​លក់​ដូរ​ទំនិញ​នោះ​ទេ ហើយ​នៅ​ជាន់​ផ្ទាល់​ដី​ វិញ​មាន​តូច​លក់ទំនិញ​ប្រមាណ​តែ​៣០%​ បាន​ដំណើរ​ការ​ធម្មតា ហើយ​ក្រៅពីនេះ ​គឺ​បាន​បន្ត​បិទ​ជា​បណ្តោះ​អាសន្ន​។បើ​តាម​បណ្តា​អាជីវករ​ក្នុង​ផ្សារ​តាខ្មៅ​ចាស់​ បាន​ថ្លែងថា ​ចាប់​តាំងពី​អាជ្ញាធរ​បាន​រក​ឃើញ​អ្នក​ផ្ទុក​មេរោគ​កូ​វីដ​-១៩ ​បាន​ដើរចូល​ផ្សារ​ និង​មាន​ពាក់ព័ន្ធ​ផ្ទាល់​ជាមួយ​អ្នកលក់​ទំនិញ​នៅ​ក្នុង​ផ្សារ​មក បាន​ធ្វើ​ចំនួន​ពលរដ្ឋ​ដើរ​ផ្សារ ​និង​អ្នក​លក់ទំនិញ​នៅក្នុង​ផ្សារ ​បាន​ធ្លាក់​ចុះ​បន្តបន្ទាប់ ​ជាពិសេស​ក្នុង​រយៈពេល​២​ថ្ងៃ​ ចុង​ក្រោយនេះ​។បើតាម​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ​បាន​ថ្លែងប្រាប់​BTV​ នៅថ្ងៃនេះ​ដែរ​ថា នៅពេលនេះ ​រដ្ឋបាលខេត្ត​មិន​មាន​ផែន​ការបិទ​មូលដ្ឋាន​អាជីវកម្ម និង​បិទមុខ​របរការ​រកស៊ី​ប្រចាំថ្ងៃ​របស់​បងប្អូន​នោះទេ​ ប៉ុន្តែ​សម្រាប់​មូលដ្ឋាន​អាជីវកម្ម ហាង និង​តូប​លក់ទំនិញ ​និង​សេវា​កម្មណា​ដែល​ពាក់ព័ន្ធ​ផ្ទាល់​អ្នក​ផ្ទុក​កូ​វីដ​-១៩​ ចូលទៅ​ទទួល​សេវា ​គឺ​អាជ្ញាធរ​បាន​តម្រូវ​អោយ​ពួកគាត់​បិទ ដោយ​យើង​តម្រូវ​អោយ​គាត់​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ១៤​ថ្ងៃ ។ ​ឯកឧត្ដម បន្តថា ​ដោយឡែក​សម្រាប់​អាជីវកម្ម ហាង​លក់ទំនិញ​ផ្សេងៗ​ អាជ្ញាធរ​មិន​តម្រូវ​អោយ​បិទ​ទេ​ តែ​ពួកគាត់​បាន​បិទ​ដោយ​ខ្លួនឯង ​ហើយ​រង់ចាំ​កូ​វីដ​ ធូរស្រាល​វិញ​ទើប​បើក​វិញ​។ទន្ទឹម​នឹង​ព្រួយបារម្ភ ​និង​ការ​រួមគ្នា​ទប់ស្កាត់​ការ​រាតត្បាត​កូ​វីដ​-១៩​នេះដែរ​ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ​ក៏បាន​បញ្ជាក់ថា​ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩​ ជូន​មន្ត្រីរាជការ ​និង​នគរបាល​ធ្វើ​ការងារ​ជួរមុខ ​បាន​អស់​គ្នា​រួចហើយ​ យើង​ក៏បាន​បើកឱកាស​ជូន​ពលរដ្ឋ​វ័យ​៦០​ឆ្នាំ​ឡើង​ និង ​ពលរដ្ឋ​អាទិភាព​នានា​ទៀត ​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង​ផងដែរ ​ខណៈ​មកដល់​បច្ចុប្បន្ន ក្នុងចំណោម​វ៉ាក់សាំង​ ដែល​ខេត្តកណ្តាល​ ទទួល​បាន​ជាង​២៥០០០​ដូ​ស ​នៅ​ជុំ​ទី​១ ​គឺ​យើង​បាន​ចាក់​អស់​ប្រមាណ​៩៥% ក្នុង​នោះ ​វ៉ាក់សាំង​កូ​វី​សែ​ល ​កំពុង​ចាក់​ជូន​មនុស្ស​វ័យ​លើស​៦០​ឆ្នាំ​ ជាង​នៅ​ជុំ​ទី​១​នេះ ​បាន​ជាង​២០០០០​នាក់​។ ​ ដោយឡែក​សម្រាប់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​វិញ ​នៅក្នុង​ជុំ​ទី​២​ ដំណើរការ​ចាក់​បាន​ចំនួន​ជិត​៤៣០០​នាក់​៕​អត្ថបទ ៖ ស៊ុម សុខ​ជា​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចរាជធានីភ្នំពេញបង្ក្រាបទីតាំងបទល្មើសឆបោកតាមអនឡាញ២កន្លែងទៀតឃាត់ខ្លួនមនុស្សបាន១៣៣នាក់
07/18/2025 09:07 PM
នាយករដ្ឋមន្ត្រីបារាំង ប្រឹងប្រែងបន្ទន់ជំហរប្រឆាំង ចំពោះច្បាប់ថវិការបស់លោក ដើម្បីបញ្ចៀសវិបត្តិថ្មី
07/18/2025 08:07 PM
អ៊ីរ៉ង់៖ ប្រទេសអឺរ៉ុបគ្មានមូលដ្ឋានសីលធម៌ និងផ្លូវច្បាប់ ដើម្បីអនុវត្តទណ្ឌកម្មមានឡើងវិញភ្លាមៗ
07/18/2025 08:07 PM
វិមានក្រឹមឡាំង ប្រាប់ថា រុស្ស៊ីបានបង្កើតអភ័យឯកសិទ្ធិជាក់លាក់ បន្ទាប់ពី EU ចេញទណ្ឌកម្មថ្មី
07/18/2025 07:07 PM
បទបញ្ជាបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នឹងជួយទាក់ទាញអ្នកវិនិយោគកាន់តែច្រើនថែមទៀតមកកាន់កម្ពុជា
07/18/2025 07:07 PM
កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស
07/18/2025 07:07 PM
មន្ត្រីរាជការក្រសួងប្រៃសណីយ៍ ចូលរួមដាំដើមកោងកាងចំនួន៥៥០ ដើម ក្រោមប្រធានបទ “ឌីជីថល ផ្សារភ្ជាប់បរិស្ថាន”
07/18/2025 07:07 PM
លោក Zelenskyy៖ លោកបានពិភាក្សាអំពីការផ្គត់ផ្គង់មីស៊ីល និងការបណ្តុះបណ្តាលអ្នកបើកយន្តហោះជាមួយលោក Macron
07/18/2025 07:07 PM
ប្រធានការិយាល័យសិទ្ធិមនុស្ស UN ជំរុញឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ នៅទីក្រុង Sweida របស់ស៊ីរី
07/18/2025 07:07 PM
រុស្ស៊ីចាប់ខ្លួនស្ត្រីសញ្ជាតិអាមេរិក-រុស្ស៊ី នៅអាកាសយានដ្ឋាន ពីបទរត់ពន្ធកាំភ្លើង
07/18/2025 07:07 PM