សម្ដេចធិបតី ដឹកនាំគណៈប្រតិភូចូលក្រាបបង្គំគាល់ព្រះករុណា ព្រះមហាក្សត្រ ទូលថ្វាយលទ្ធផលចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
សភាតំណាងប្រជាជនចិនចាត់ទុកសម្តេចតេជោ ជាតួអង្គសំខាន់បន្ត​ពីព្រះបរម​រតនកោដ្ឋ​ក្នុង​ការ​ពូន​ជ្រំ​ទំនាក់ទំនងរវាងកម្ពុជា និងចិន
សម្តេចតេជោអនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិនជួបសម្តែងការគួរសម
ក្រុមការងារបច្ចេកទេសអន្តរក្រសួងបន្តចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តកំពត

នយោបាយ​ និង ការអភិវឌ្ឍន៍

ខេត្តកំពង់ស្ពឺ​ នឹងមាន​រោងចក្រ​ចំនួន​២០​ បន្ថែមទៀត ​បង្កើត​ការងារ​ថ្មី​ជាង​៥​ម៉ឺន ​កន្លែង

2021/04/27 02:59:58 am        483
កំពង់ស្ពឺ​ ៖ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែងថា​ ខេត្តកំពង់ស្ពឺ​ កំពុង​មាន​មោទនភាព ក្នុងការ​ទាក់ទាញ​អ្នក​វិនិយោគ នឹង​ត្រូវការ​កម្លាំង​ពលកម្ម​រាប់ពាន់​អ្នក​បន្ថែម​ទៀត ​ស្ថិត​នៅក្នុង​ដំណាល​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នេះ ។ឯកឧត្តម វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ថ្លែងប្រាប់​ភ្នាក់ងារ​អ្នកយកព័ត៌មាន BTV ស្តីពី​ការ វិនិយោគ ស្ថិត​ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ​នៅលើ​ទឹកដី​ខេត្តកំពង់ស្ពឺ ​នៅ​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២១ នេះ​ថា​ ខេត្តកំពង់ស្ពឺ ​គឺជា​ខេត្ត​មាន​សក្ដានុពល​មួយ​ ក្នុង​ការ​ជំរុញ​ទាក់ទាញ​វិនិយោគ​ឲ្យ​មក​បណ្តាក់​ទុន​នៅ​ខេត្ត​នេះ ​ជាក់ស្តែង​ចាប់ពី​ពេល​មាន វិបត្តិ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ ខេត្តកំពង់ស្ពឺ ​នូវ​តែ​ទទួល​បាន​អ្នក​វិនិយោគ ​និង​ត្រូវការ​កម្លាំង​ពលកម្ម​ជា​បន្តបន្ទាប់​។ឯកឧត្តម បន្តថា ជុំវិញ​និង​ការ​វិនិយោគ​ស្ថិត​ក្នុង​វិបត្តិ​នេះ​វិញ​, ខេត្តកំពង់ស្ពឺ​ នៅ​តែមាន​មោទនភាព ក្នុង​ការ​ទាក់ទាញ វិនិយោគិន​ឲ្យ​មក​បណ្តាក់​ទុន​ថ្មីៗ​ ជាច្រើន​បន្តបន្ទាប់ ​ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ ​ដែលកត្តា​ទាំង​នោះ បាន​កើតចេញ​នយោបាយ ដ៏​ត្រឹមត្រូវ ជាពិសេស​ការជឿជាក់​លើ​ការដឹកនាំ​នៃ​ប្រមុខ​រាជរដ្ឋាភិបាល​។ ​ជាក់ស្តែង​នៅពេល​ថ្មីៗ​នេះ អ្នកវិនិយោគ​មកពី ​ប្រ​ទស​ចិន ​បាន​អះអាងថា ពួកគាត់​នឹង​នាំ​ក្រុមហ៊ុន​ថ្មីៗ មក​បណ្តាក់​ទុន​នៅក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​ ចំនួន ២០ ក្រុមហ៊ុន នឹង​ត្រូវការ​កំលាំង​ពលកម្ម​ប្រមាណ​ចំនួន ៥​ម៉ឺន​នាក់​បន្ថែមទៀត ​ដើម្បី​ចូល​ចំណែក​ដល់​ការអភិវឌ្ឍន៍​នៅ​កម្ពុជា​។ រោងចក្រ​ទាំង​២០ ​ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ និង​ស្បែកជើង​។ឯកឧត្តម វ៉ី សំណាង បាន​ថ្លែង​ឲ្យ​ដឹងថា ចាប់​តាំង​ក្នុង​វិបត្តិ​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ មក រោងចក្រ​ខេត្ត​កំពង់​ ស្ពឺ​មាន​ការ​បិទ​រោងចក្រ​ខ្លះៗ​។ បច្ចុប្បន្ន​ខេត្ត​កំពង់ស្ពឺ​មាន​គម្រោង​រោងចក្រ​ជាង​២០០ ក្នុងនោះ ​១៥៣​រោងចក្រ​កំពុង​ដំណើរការ ​និង​មួយ​ចំនួនទៀត ​កំពុ​ងស្ថិត​ក្នុងការ​សាងសង់​៕​អត្ថបទ​៖ សុន រ៉ា​ឌី

កម្មករ​ប្រមូល​សំរាម​ជាច្រើន​រយ​នាក់​បន្ថែមទៀត​ ទទួលបាន​ការចាក់​វ៉ាក់សាំង​លើក​ទី​១

2021/04/27 02:59:58 am        22
ភ្នំពេញ ​៖ ក្រោយពី​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ មួយ​ករណី​ចំពោះ​កម្មករ​ប្រមូល​សំរាម ​និង​ស្របពេល​ដែល​មាន​ការ​ផ្អាក​ការចាក់​វ៉ាក់សាំង ​Sinopharm ​លើក​ទី​១ ​ជូន​ក្រុម​គោលដៅ ​នាពេលនេះ​កម្មករ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ ​ដែលជា​ក្រុម​ប្រឈម ​មានការ​ជួយ​អន្តរាគមន៍​ភ្លាមៗ​ ពី​សាលា​រាជធានី​ភ្នំពេញ ​ដើម្បី​ទទួល​ការ​ចាក់​វ៉ាក់សាំង​ AstraZeneca ជំនួស​វិញ​។ មក​ទល់ពេលនេះ ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​លើក​ទី​១​ បាន​កើនឡើង​ពី​ជាង​ ១០០​នាក់​ ដល់​ជាង​៥០០​នាក់​។គិត​មក​ត្រឹម​ពេលនេះ កម្មករ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ជាង​ ៥០០​នាក់ គិត​ជា​ភាគរយ​គឺ​ប្រមាណ ៣០% នៃ​ចំនួន​កម្មករ​សរុប​ជាង ២០០០​នាក់ ​ទទួល​បាន​ការចាក់​វ៉ាក់សាំង​លើក​ទី​១​រួចរាល់ ។ នេះ​ជាការ​លើកឡើង​របស់លោក នៅ ឧ​ត្ត​ម ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​នៅ​ក្រុមហ៊ុន CINTRI​។ លោក​ បញ្ជាក់ថា ​ចំនួន​កម្មករ​ប្រមូល​សំរាម​ដំបូង​ឡើយ ​មាន​ត្រឹមតែ​ជាង ១០០​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​ Sinopharm រួច​ក៏​មាន​ការផ្អាក​ចាក់​វ៉ាក់សាំង​នេះ​ សម្រាប់​លើក​ទី​១​។ ដោយ​មើល​ឃើញ​ពី​ភាព​ប្រឈម​របស់​កម្មករ​ប្រមូល​សំរាម ​សាលា​រាជធានី​ភ្នំពេញ​ក៏បាន​អន្តរាគមន៍​ភ្លាមៗ ដើម្បី​អនុញ្ញាត​ឱ្យ​កម្មករ​ប្រមូល​សំរាម​បន្ត​ចាក់​វ៉ាក់សាំង​ AstraZeneca ជំនួស​វិញ​។លោក នៅ ឧ​ត្ត​ម បញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ​ ក្រុមហ៊ុន​បាន​អប់រំ​ណែនាំ​ដល់​កម្មករ​ប្រមូល​សំរាម​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ពេល​បំពេញការងារ​ប្រចាំថ្ងៃ​។ ជាពិសេស​គឺ​ក្រុម​ដែល​ត្រូវ​ទៅ​ប្រមូល​សំរាម​នៅ​តំបន់​ប្រឈម​ខ្ពស់​ដូចជា តំបន់​ច​ត្តា​ឡី​ស័ក​ ជាដើម ដោយ​ត្រូវតែ​ពាក់​នូវ​ឧបករណ៍​ការពារ​។ ចំពោះ​សំរាម​ដែល​ប្រមូល​ពី​តំបន់​នេះ គឺ​យក​ទៅ​បំផ្លាញ​ចោល​ក្នុង​ឡ​វេជ្ជសាស្ត្រ ​ដោយ​មិន​យក​ទៅ​ចាក់​លាយឡំ​ជាមួយ ​សំរាម​ទូទៅ​នោះទេ​។​ ក្នុងនាម​លោក​ជា​តំណាង​ឱ្យ​កម្មករ​ប្រមូល​សំរាម ក៏​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បន្ត​ផ្ដល់​ការ​ចាក់​វ៉ាក់សាំង​ជូន​ក្រុម​កម្មករ​ប្រមូល​សំរាម​។ជុំវិញ​ភាព​ប្រឈម​របស់​កម្មករ​ប្រមូល​សំរាម ​គិត​មក​ត្រឹម​ពេលនេះ មាន​បុគ្គលិក​ប្រមូល​សំរាម​ម្នាក់​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​។ ការរកឃើញ​របស់​អ្នកជំងឺ​មួយរូប​នេះ ​គឺ​មាន​ការ​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល​ជាមួយ​ក្រុមការងារ​ប្រមូល​សំរាម​ដទៃទៀត​ចំនួន ៣២ នាក់ ​ដែល​ខណៈ​ពេលនេះ ពួកគាត់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក ​នៅតាម​ផ្ទះ និង​តាមដាន​សុខភាព​ខ្លួនឯង​៕ ​​អត្ថបទ ​៖​ គឹម​ហុក  

ពលរដ្ឋ​ខេត្តកណ្តាល​បង្កើន​ការប្រុងប្រយ័ត្ន​ ​ក្រោយ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​នៅ​តំបន់​ជ្រៃ​ធំ​

2021/04/27 02:59:58 am        148
កណ្ដាល ៖ ​អ្នកភូមិ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១ ចាប់ពី​តំបន់​ជ្រៃ​ធំ ស្រុក​កោះធំ រហូតដល់​ស្រុក​ស្អាង និង​ក្រុង​តាខ្មៅ បាន​បង្កើន​ការប្រុងប្រយ័ត្ន​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩ ​ដោយ​អាជ្ញាធរ​ភូមិ​បាន​ចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ខ្នង​ផ្ទះ ​បន្ទាប់ពី​រក​ឃើញ​ករ​ណី​វិជ្ជមាន​កូ​វីដ​-១៩ ​ជា​បន្តបន្ទាប់​នៅ​តំបន់​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​។ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២១ បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​១៩ ខែមីនា​នេះ ថា ក្រោយ​រក​ឃើញ​ករណី​ឆ្លង​កូ​វីដ​-១៩​ នៅក្នុង​តំបន់​ជ្រៃ​ធំ​មក ​បានធ្វើ​ឲ្យ​ធ្វើដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​២១ ស្ងប់ស្ងាត់​ជាង​មុន​ ការលក់ដូរ​របស់​ពលរដ្ឋ​ក៏​ថមថយ ​ទីតាំង​លក់ដូរ​ទំនិញ​ខ្លះ​មាន​ចងខ្សែ​បាំង​រ​ក្សា​គន្លាត កាត់បន្ថយ​ការ​ធ្វើដំណើរ​ឡើងមក​ភ្នំពេញ ប្រសិនបើ​មិន​មាន​ការចាំបាច់ ​ចំណែក​អាជ្ញាធរ​មូលដ្ឋាន ​បាន​ចែក​ទឹក​ថ្នាំ​សម្លាប់​មេរោគ​ឲ្យ​មេភូមិ និង​ប្រជា​ការពារ​ភូមិ​ចុះ​បាញ់​តាម​នៅ​តាម​ដងផ្លូវ និង​តាម​ខ្នង​ផ្ទះ​ប្រជាពលរដ្ឋ​។តាម​ការបញ្ជាក់​ពី​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បាន​ថ្លែងថា ​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​កូ​វីដ​-១៩ ​ក្នុង​មូលដ្ឋាន ​នៅពេលនេះ ​អាជ្ញាធរ បានសម្រេច​បិទ​កាស៊ីណូ​ចំនួន​៦​ទីតាំង បណ្តោះ​អាសន្ន​ ​ដោយ​យក​អាគារ​កាស៊ីណូ​ទាំងអស់នោះ ​ធ្វើជា​ទីតាំង​ច​ត្តា​ឡី​ស័ក ​ទៅលើ​បុគ្គលិក និង​អ្នក​ពាក់ព័ន្ធ​ចូលក្នុង​កាស៊ីណូ​នោះ ។ ដោយឡែក​សម្រាប់​អាជីវកម្ម​តូចធំ​គ្រប់​ប្រភេទ​នៅក្នុង​តំបន់​ជ្រៃ​ធំ​នោះ ​ត្រូវបាន​អាជ្ញាធរ​ស្នើ​ឲ្យ​បិទ​បណ្តោះអាសន្ន ​សម្រាប់​ការ​ធ្វើដំណើរ​របស់​ពល​រដ្ឋ​ខ្មែរ​នៅក្នុង​តំបន់​នោះ​ គឺ​អនុញ្ញាត​ឲ្យ​ធ្វើដំណើរ​ធម្មតា ​តែ​ហាម​ជនបរទេស​ធ្វើដំណើរ​បណ្តោះអាសន្ន​សិន​។ ទោះយ៉ាងណា ក្នុងអំឡុង​ពេលនេះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បាន​ក្រើនរំលឹក​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ​បើ​មិន​មាន​ការចាំបាច់​សូម​កុំ​ចេញ​ក្រៅ​ផ្ទះ ​ហើយ​បើ​ចេញ​ក្រៅ​ផ្ទះ​សូម​អនុវត្ត​វិធានការ បី​ការពារ បី​កុំ​ ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ៕​អត្ថបទ ស៊ុម សុខ​ជា

សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ៖ ​កងទ័ព​ចំនួន​៥​នាក់​ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩ ​បើទោះបី​បាន​ចាក់​វ៉ាក់សាំង​រួច​ក្តី

2021/04/27 02:59:58 am        5045
ភ្នំពេញ ៖ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ កម្ពុជា​ បាន​ថ្លែង​ថា ​រហូតមកដល់​ថ្ងៃនេះ​ យោធិន​ចំនួន​៥នាក់​ហើយ​ បាន​ឆ្លង​មេរោគ​កូ​វីដ​១៩​បើទោះបី​ ពួកគេ​បាន​ចាក់​ថ្នាំ​វ៉ាក់សាំង​រួចរាល់​ទាំងពីរ​លើក​ហើយ​ក្តី ​ប៉ុន្តែ​ការ​អាការៈ ​ជំងឺ​របស់​ពួកគេ​ពុំមាន​លក្ខណៈ​ធ្ងន់ធ្ងរ ​នោះទេ​។ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​អម​ដំណើរ​សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ​មួយ​ កន្លែង​មាន​ឈ្មោះថា មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ស​ខាងកើត​ សង្កាត់​ព្រៃ​ស ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា ​ខណៈពេល​នេះ​ កងទ័ព​នៃ​ក្រសួងការពារជាតិ​ បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ ចំពោះ​វិធានការ​សុខាភិបាល ​ជាពិសេស​«៣​ការពារ និង​៣​កុំ​» ​ក្រោយ​មានការ​ឆ្លង​ជា​បន្តបន្ទាប់​ចំពោះ​យោធា​តាម​អង្គភាព​តាម​អង្គភាព​មួយ​ចំនួន​នៃ​អគ្គបញ្ជាការដ្ឋាន​នោះ​។ដើម្បី​បង្ការ ការពារ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ ក្នុង​ជូរ​កងទ័ព អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​នោះ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ក៏បាន​ណែនាំ​ដល់​មេបញ្ជាការ​ កង​ទ័ព​ជំនាញ ​និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការ​ទាំងអស់​ត្រូវ ​បន្ត​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​សុខាភិបាល​ ជាពិសេស​វិធានការ​៣​ការពារ ​៣​កុំ​ របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ នឹង​ជំងឺ​កូ​វីដ​១៩​នេះ​ បន្ថែមទៀត​ បើទោះបីបាន​ចាក់​​វ៉ាក់សាំង​ការពារ​កូ​វីដ​នេះ ​រួចរាល់​ហើយ​នោះ​។ជាមួយគ្នា​នោះដែរ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ប្រកាស​ផងដែរ​ថា ពេទ្យ​កងទ័ព​នៃ​ក្រសួង​ការពារជាតិ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ផងដែរ ​ក្នុងការ​ចូលរួម​អន្តរាគមន៍​ជួយ​ដល់​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ជួប​បញ្ហា​កូ​វីដ​​១៩​នេះ ខណៈ​កម្លាំង​ពេទ្យ​កងទ័ព​ទាំងនោះ ​ក៏បាន​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​វេជ្ជសាស្ត្រ​រួចរាល់​ផងដែរ​នោះ​៕​អត្ថបទ ៖ ​បាន ចក់​

វារី​វប្បកម្ម​ អំពាវនាវ​ប្រជាពលរដ្ឋ​ជួយ​ទិញ​ត្រី ​ចិញ្ចឹម​ក្នុងស្រុក​

2021/04/27 02:59:58 am        175
ភ្នំពេញ ៖ ​ ម្ចាស់​អាជីវកម្ម​ក្នុង​វិស័យ​វារីវប្បកម្ម​ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជួយ​គាំទ្រ​ត្រី​ចិញ្ចឹម​ក្នុងស្រុក​ច្រើន ​ព្រោះថា ​នឹង​ជួយ​លើកទឹកចិត្ត​ដល់​អ្នក​ចិញ្ចឹម​ក្នុងស្រុក ​ជាពិសេស​ផ្តល់​ប្រាក់​ចំណូល​ដល់​សេដ្ឋកិច្ច​ជាតិ​ផងដែរ​។លោក សុខ រ៉ា​ដែន ប្រធាន​សមាគម​វា​រី​វប្បករ​កម្ពុជា ​​​បាន​លើកឡើង​ថា​ ការនាំ​ចូល​ផល​វារីវប្បកម្ម មិន​ត្រឹមតែ​ធ្វើ​ឱ្យ​អ្នក​ចិញ្ចឹម​ក្នុងស្រុក​ជួប​បញ្ហា​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផលិតផល​មួយ​ចំនួន ក៏​មិនមាន​អនាម័យ គុណភាព និង​ប្រភព​នាំចូល​ដែល​អាច​ធ្វើ​ឱ្យមាន​បញ្ហា​ដល់​សុខភាព​អ្នក​បរិភោគ​ដែរ​ គ្រា​ដែល​ផលិតផល​ក្នុងស្រុក សុទ្ធ សឹង​មានគុណ​ភាពល្អ ព្រោះថា ចំណី​ដែល​ផ្តល់​ឱ្យ​ត្រី​សុទ្ធ​តែមាន​គុណភាព ​និង​ការផលិត​យ៉ាង​ត្រឹមត្រូវ និង​ស្របតាម​ស្តង់ដារ​ណែនាំ​ពី​អ្នក​ជំនាញ​។ប្រកប​របរ​លក់​ត្រី​ប្រមាណ​២០ ​ឆ្នាំ​មកហើយ ​អាជីវករ​លក់​ត្រី​ផ្សារ​ច្បារអំពៅ អ្នកនាង ផា ស៊ីនួន បាន​អះអាងថា​ ត្រី​ដែល​ដាក់​លក់​សព្វថ្ងៃ​គឺ​ទិញ​បន្ត​ពី​ឈ្មួញ​នៅ​ក្បែរ​ផ្សារ ​ដែល​ភាគច្រើន​ជា​ត្រី​ចិញ្ចឹម​ក្នុងស្រុក​។ អាជីវក​រូបនេះ​ បាន​បន្តថា ​ត្រី​ក្នុងស្រុក​ពិតជា​ល្អ​ជាង​ការ​នាំចូល ​ទាំង​គុណភាព ​និង​រសជាតិ​ទោះបីជា​តម្លៃ​ខុសគ្នា​យ៉ាងណាក៏ដោយ តែ​តម្លៃ​អាច​ទទួល​យកបាន​។នៅ​ក្នុង​លិខិតផ្លូវការ​មួយ​របស់​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ​ ចុះហត្ថលេខា​ដោយ​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០២១​កន្លងទៅ បានឱ្យដឹងថា ​ដើម្បី​ជួយ​ដោះ​ស្រាយ​នូវ​បញ្ហា​ដែល​បាន​និងកំពុង​កើតមាន​ចំពោះ​វា​រី​វប្បករ​ក្នុងស្រុក ​ក្រសួងកសិកម្ម​ សូម​គោរព​ស្នើសុំ​សម្តេច​នាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន ដាក់​លក្ខខណ្ឌ​ដល់​អាជីវករ​ដែល​មាន​បំណង​នាំចូល​ផល ​ផលិតផល​ជលផល​ ត្រូវ​ចូលរួម​ប្រមូល​ទិញ​ផល​វារីវប្បកម្ម​ដែល​កំពុង​ផលិត​បាន​ និង​ជន់ជោរ​នៅ​លើ​ទីផ្សារ​ក្នុងស្រុក​ពី​វា​រី​វប្បករ​ចំនួន ​៥០​ភាគរយ​ និង​អនុញ្ញាត​នាំចូល​ចំនួន​ ៥០​ភាគរយ ​ដើម្បី​បាន​អនុវត្ត​តាម​ទស្សនា​ នៃ​គោលនយោបាយ ឈ្នះ ឈ្នះ រវាង​វា​រី​វប្បករ ​និង​អាជីវករ​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

សម្តេច​តេ​ជោ​ អញ្ជើញ​ពិនិត្យមើល​ស្តូប​ព្រះ​បរម​រតន​កោដ្ឋ​ ដែល​កំពុង​ជួសជុល​ បាន​ប្រមាណ​៩៥%

2021/04/27 02:59:58 am        276
ភ្នំពេញ ​៖ ព្រឹក​ថ្ងៃទី​១៩​ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី ជំនាញ និង អាជ្ញាធរ ដែនដី ពាក់ព័ន្ធ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ដំណើរការ​ជួសជុល​កែលម្អ ​ស្តូប​ព្រះ​បរម​រតនៈ​កោដ្ឋ ដែល ស្ថិត​នៅលើ​សួនច្បារ​ខាងកើត​វិមាន​ឯករាជ្យ ស្ថិតក្នុង​ខណ្ឌចំការមន ​រាជធានី​ភ្នំពេញ ​ដែល​កំពុងតែ​ដំណើរ​ការជួសជុល ​កែលម្អ​។ក្នុងឱកាស ចុះ ពិនិត្យ នោះ សម្តេច​ បាន កត់សម្គាល់​ចំពោះ​ស្នាដៃ​ដ៏​ល្អ​និង​លើកទឹកចិត្ត​អោយ​ក្រុម​ជំនាញ​យកចិត្តទុកដាក់​ខ្ពស់​បន្ថែមទៀត​ ដើម្បី​អោយ​សំណង់​ដ៏​ថ្លៃថ្លា​នេះ​ សម្រេច​បាន​គួរ​ជាទី​មោទនៈ ​និង​គោរព​ប្រតិបត្តិ​សម្រាប់​ប្រជាជាតិ​និង​ភ្ញៀវ​អន្តរជាតិ​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ ​ព្រះ​បរម​រតន​កោដ្ឋ​។ នេះ​ជា​ទីឋាន​ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ជួសជុល​ថែទាំ​ជាប់​ជាប្រចាំ​និង​ជាទី​កន្លែង​ដែល​តែង​ប្រារព្ធ​ពិធី​ថ្វាយ​កុសល​ឧទ្ទិស​ដល់​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ​ព្រះករុណា​ព្រះបាទ ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតនៈ​កោដ្ឋ​ ជា​រៀងរាល់ឆ្នាំ ។បើតាម ឯកឧត្តម​អភិបាល រាជធានី​ភ្នំពេញ បានឲ្យ​ដឹងថា​ ការជួសជុល ​កែលម្អ​ស្តូប​ព្រះ​បរម​រតន​កោដ្ឋ​នេះ​ ជា​ដំណាក់កាល ​គឺមាន ជួសជុល ​ដំបូល ពិ​ដាន​, លាប​ក្បាច់​ពណ៌​ទឹកមាស ​ផ្នែក​ខាងលើ​បរម​រូប , ជួសជុល ជើង ទម្រ ថ្ម ម៉ាប​ និង ថ្មភ្នំ រួមទាំង ​ការថែទាំ សួនច្បារ , រៀបចំ ប្រព័ន្ធ បាញ់ ទឹក ជាថ្មី ឡើងវិញ​ រួមទាំង​ ការកាប់ ដើម ក្ងោក​ចាស់ៗ​ដែល​ពុកផុយ​ រួច​ដាំ​ជាថ្មី​ឡើងវិញ ​ហើយ​សាលា​រាជធានី​ភ្នំពេញ ​ក៏បាន​រៀបចំ​បែងចែក​អោយ​មាន​គណៈកម្មការ​ទទួល​ខុសត្រូវ​លើ​ជួសជុល​ថែទាំ​ជាប់​ជាប្រចាំ​ទាំង​ចំពោះ​ស្តូប​ព្រះ​បរម​រូប​ ក៏ដូចជា​សួន​ផងដែរ​។ការជួសជុល​កែលម្អ​ឡើងវិញ​ស្តូប​ព្រះ​បរម​រូប បើ​គិត​រហូត​មក​ដល់ពេលនេះ​ គឺ​សម្រេច​បាន​ប្រមាណ ៩៥% ហើយៗ ​គ្រោង​នឹងធ្វើ​ឱ្យ រួចរាល់​នៅ​ចុងខែ​មីនា​នេះ ។ ទីតាំង ស្តូប ព្រះ​បរម​រតនៈ​កោដ្ឋ រួមទាំង​ សួនច្បារ ជុំវិញ​ផង បាន​ក្លាយ​ជាទី​រមណីយដ្ឋាន​ដ៏​ស្រស់បំព្រង ​ប្រកបដោយ ​ខ្យល់អាកាស បរិសុទ្ធ និង ពេញនិយម ​សំរាប់ ភ្ញៀវទេសចរ ទៅ លំហែ កម្សាន្ត និង ជាទី ​ពេញនិយម សំរាប់ ប្រជាពលរដ្ឋ ទូទៅ ហាត់ប្រាណ ដើម្បី សុខភាព ផងដែរ ។គួរ​បញ្ជាក់ថា ព្រះករុណា សម្តេច ព្រះ នរោត្តម សីហនុ ព្រះ មហា វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ​បាន​ស្តេច យាង សោយ ព្រះ ទិវង្គត នៅ ថ្ងៃ ទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅ ឯ មន្ទីរពេទ្យ ធំ ក្នុង​ ទីក្រុង ប៉េកាំង នៃ សាធារណរដ្ឋ ប្រជាមានិត ចិន ក្នុង ព្រះជន្ម ៩០ ព្រះវស្សា ដោយ ព្រះ រោគាពាធ ដែល ជាការ បាត់បង់ ដ៏ ធំធេង របស់ កម្ពុជា​ហើយ​ស្តូប​ព្រះ​បរម​រូប​ព្រះ​បរម​រតន​កោដ្ឋ​នេះ​គឺ​បាន​បញ្ចុះ​បឋមសិលា​សាង​សង់​កាលពី​ថ្ងៃទី​២២​ខែកុម្ភៈ​ឆ្នាំ ២០១៣ មាន រចនា តាម​ទម្រង់​បុស្បុក មាន​កម្ពស់​សរុប ២៧ ម៉ែត្រ​ គិតពី​បាត​ក្រោម ដល់ កំពូល​។ រីឯ តួ​ព្រះ​បរម​រូប ធ្វើ អំពី​ស្ពាន់​មាន​កម្ពស់​៤,៥ ម៉ែត្រ ទ្រង់​ឈរ លើ​ព្រះ​ទែន​មាន​កម្ពស់ ២,៧ ម៉ែត្រ គឺ សង់​នៅ​លើ​ខឿន​រាង​ចតុកោណ​ កែង មាន​បណ្តោយ​៥៤ ម៉ែត្រ ទទឹង​២៧ ម៉ែត្រ កម្ពស់ ០,៩ ម៉ែត្រ​។ ការ​រចនាសម្ព័ន្ធ​បុស្បុក និង​ព្រះ​បរម​រូប គឺ ត្រូវ បាន​កំណត់​យក​ខ្នាត​ទូទៅ​មួយ​សុទ្ធ ​តែ​មាន​លេខ អាច​បូក​ផ្គុំ​បញ្ចូល​គ្នា​បានជា​លេខ​៩​ទាំងអស់ ហើយ​ស្តូប​ព្រះ​បរម​រូប ព្រះ​បរម​រតន​កោដ្ឋ​ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​បរទេស​ចូល​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​ថ្ងៃទី​១១​ខែ ​ តុលា ឆ្នាំ​២០១៣ ក្រោម​ព្រះរាជា​ធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុត សម្តេចព្រះ​បរមនាថ ​នរោត្តម សីហមុនី ​ព្រះមហាក្សត្រ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តី​ថ្លៃថ្នូរ ​និង​សុភមង្គល នរោត្តម មុនីនាថ ​សីហនុ ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​ក្នុង​ស្ថាប័ន​ព្រឹទ្ធសភា​ រដ្ឋសភា រាជរដ្ឋាភិបាល ​មន្ត្រីរាជការ និង​សិស្សានុសិស្ស​មួយចំនួន​ផងដែរ​៕​អត្ថបទ​៖ មុត សុទ្ធ​

សម្តេច​តេ​ជោ អញ្ជើញ​ពិនិត្យមើល​មន្ទីរពេទ្យ​នគរ​ទេព​ ដែល​ត្រូវ​បាន​រៀបចំ​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩

2021/04/27 02:59:58 am        125
ភ្នំពេញ ​៖ ព្រឹក​ថ្ងៃទី​១៩​ខែមីនា ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា រួមជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី ជំនាញ និង អាជ្ញាធរ ដែនដី ពាក់ព័ន្ធ​ បាន​អញ្ជើញ​ទៅពិនិត្យ​មើល​ដំណើរការ​រៀបចំ​មន្ទីរ​ពេទ្យ​មួយ ​កន្លែង​មាន​ឈ្មោះថា ​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ស​ខាងកើត សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ​។មន្ទីរពេទ្យ​នេះ ជា​មន្ទីរពេទ្យ​ថ្មី​មួយ​ទើប​ត្រូវ​បាន​បង្កើតឡើង​ក្រោម​ការ​គាំទ្រ​ពី​លោកជំទាវ​រដ្ឋ​មន្ត្រីក្រសួង​កិច្ចការនារី ​ដើម្បី​ផ្តល់​សេវា ព្យាបាល​ផ្នែក​រោគ​ស្ត្រី និង​ជំងឺ​មហារីក​របស់​ស្ត្រី ជាពិសេស​សម្រាប់​ផ្តល់​សេវា​ជូន​ដល់​ស្ត្រី​ ដែលមាន​ជីវភាព​ខ្វះខាត ​ ប៉ុន្តែ​ដោយសារ​មាន​តម្រូវការ​ជាបន្ទាន់​ចំពោះ​មុខ​នៃ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ គួរ​ឱ្យ​ព្រួយបារម្ភ​មន្ទីរពេទ្យ​មួយ​នេះ​ត្រូវបាន​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ​ណែនាំ​ឱ្យ​ប្រែ​ក្លាយទៅជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ព្រម​គ្នា​ជាមួយ​នឹង​ការយក​អតីត​សណ្ឋាគារ​អាំងទែកុងទីណង់តាល់ ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ដាក់​ពិនិត្យ​និង​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩ ​ដូចគ្នា​ដែរនោះ​។សម្តេច​ បាន​អញ្ជើញ​ពិនិត្យមើល​ដោយ​យកចិត្តទុកដាក់​នៅ​គ្រប់​ទីកន្លែង នៃ​ទីតាំង​បន្ទប់​នីមួយៗ ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​ការរៀបចំ​មន្ទីរពេទ្យ​មួយកន្លែង​នេះ ប្រព្រឹត្តិ​ទៅបាន​ត្រឹមត្រូវ​តាម​ស្តង់ដារ បច្ចេកទេស​ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ការពិនិត្យ​ និង​ព្យាបាល​អ្នក​ជំងឺ​កូ​វីដ​-១៩​ជោគជ័យ​។ការរៀបចំ​មន្ទីរពេទ្យ​នគរ​ទេព​ឱ្យទៅជា​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នេះ ជា​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​ទូលាយ នៅ​លើ​ផ្ទៃដី​១​ហ​.​ត កន្លះ , ដោយ​មន្ទីរពេទ្យ​នេះ​មាន​ទំហំ​អគារ ២៥.០០០​ម៉ែត្រក្រឡា​, កម្ពស់​៥​ជាន់ ,​មាន​ប្រព័ន្ធ​ទឹក ភ្លើង​ល្អ បំពាក់​ប្រព័ន្ធ​សឡា ​និង​មាន​ម៉ាស៊ីនភ្លើង​បម្រុង​៣៥០KWA បំពាក់​ដោយ​ម៉ាស៊ីន​ផ្លាស់ប្តូរ​ដោយ​ស្វ័យប្រវត្តិ​។​មន្ទីរពេទ្យ​នេះ​ មាន​ចំណុះ​៥០០​គ្រែ​ដោយ​អាច​រៀបចំ​ជា​ផ្នែក​សង្គ្រោះ​បន្ទាន់​៨០​គ្រែ ​និង​ផ្នែក​ជំងឺ​ធម្មតា​៤២០​គ្រែ​។​ មន្ទីរពេទ្យ​មាន​បំពាក់​ឧបករណ៍​វេជ្ជសាស្ត្រ​ទំនើបៗ​ ស្របតាម​ស្តង់ដារ ​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​ដែល​ផ្តល់​ជូន​ដោយ​ក្រសួងសុខាភិបាល​។សូមបញ្ជាក់ថា នេះ​ជា​មន្ទីរពេទ្យ​ទី​៥​ហើយ សម្រាប់​ដាក់​ការ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ​នៅ​រាជធានី​ភ្នំពេញ បន្ទាប់ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​,​មណ្ឌល​សុខភាព​ចាក់អង្រែ​, មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ហង់​សិន ,​សណ្ឋាគារ​ឌឹ​ក្រេ​ក​ឌូ​ក (​អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​)​។ ​ទាក់ទង​នឹង​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ បើតាម​ក្រសួងសុខាភិបាល​បាន​ជូនដំណឹង​នៅ​ថ្ងៃនេះ​ថា បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩​ថ្មី សម្រាប់​ថ្ងៃទី​១៨​ ខែមីនា​មាន ចំនួន​៣៧​នាក់ ​ក្នុងនោះ​គឺជា​ករណី​ឆ្លង​ដោយ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​ទាំងអស់ ខណៈ​ថ្ងៃនេះ ​មាន​អ្នកជា​សះស្បើយ​១៩​នាក់​និង​អនុញ្ញាត​ឱ្យ​ចេញពី​មន្ទីរពេទ្យ​។ ​ចំពោះ​ករណី​រក​ឃើញ​ថ្មី​៣៧​នាក់​នេះ​គឺ ​មាន​រក​ឃើញ​នៅ​រាជធានី​ភ្នំពេញ​៣៣​នាក់​ , ខេត្ត​ព្រះសីហនុ​៣​នាក់​,​និង​ខេត្តកណ្តាល​ ១​នាក់​។ របាយការណ៍​ បានបង្ហាញ​ដែរ​ថា​ គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃនេះ កម្ពុជា​ បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន​១.៥៨៧​នាក់​ ក្នុងនោះ​ព្យាបាល​ជាសះស្បើយ​៩១៧​នាក់​ ,​និង​អ្នក​កំពុង​សំរាក​ព្យាបាល​ចំនួន​៦៥៨​នាក់ និង​មាន​អ្នក​ស្លាប់​១​នាក់​ ដោយសារ​ជំងឺ​កូ​វីដ​-១៩៕​អត្ថបទ ​៖ មុត សុទ្ធ

អាជ្ញាធរ​ខេត្តកោះកុង ​ តម្រូវឱ្យ​ឈ្នួ​ញ​ជីក​កាយ​អាចម៍​ដី​ ដែល​លុប​ព្រៃកោងកាង​នៅ​ភូមិ​ទួល​គគីរ​ចេញ​

2021/04/27 02:59:58 am        340
កោះកុង ​៖ អាជ្ញាធរ​ខេត្តកោះកុង ប្រើ​វិធានការ​រដ្ឋបាល​ដោយ​តម្រូវឱ្យ​ឈ្នួ​ញ​ដី​ដ៏​ល្បីឈ្មោះ​ម្នាក់​ ជីក​កាយ​អាចម៍ដី​ ចេញពី​ចំណី​ព្រែក និង​ព្រៃកោងកាង​ធម្មជាតិ​ជាបន្ទាន់ ក្រោយពី​មានការ​រំលោភបំពាន​គ្មាន​ញញើត​ នឹង​ច្បាប់ ​ក្រោមរូបភាព​ឃុបឃិត ​គ្នា​ជា​ប្រព័ន្ធ​នៅ​ឃុំ​ទួល​គគីរ ស្រុក​មណ្ឌលសីមា​។​លោក សុខ សុ​ទ្ធី អភិបាលរង​ខេត្តកោះកុង  បានឱ្យដឹង​ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែមីនា ២០២១​ថា ឈ្នួ​ញ​ដែល​ហ៊ាន​លួច​ចាក់​អាចម៍ដី ​ចូល​ដៃ​ព្រែក ​និង​ព្រៃកោងកាង​ ក្នុង​តំបន់​ប្រើប្រាស់ ​ ​ទំហំ​ផ្ទៃដី​សរុប​ជាង​៣.៣០២​ម៉ែត្រការ៉េ នៅ​ភូមិ​ទួល​គគីរ​ក្រោម នោះ​គឺ​ឈ្មោះ លាង ហ៊ីម ហៅ​ម៉ា​ Gold ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ ជា​ឈ្នួ​ញ​ទិញ​លក់​ដី​ដ៏​ល្បី​ម្នាក់​នៅក្នុង​ខេត្ត​។​ក្រោយ​ទទួលបាន​កំណត់ហេតុ​ពិនិត្យ​វាស់វែង​វាយតម្លៃ​ពី​ផលប៉ះពាល់​ទីតាំង​ដី​ខាងលើ​ពី​រដ្ឋបាល​ស្រុក និង​ការិយាល័យ​ជំនាញ លោក​អភិបាលរង​ខេត្ត​រូបនេះ ក៏បាន​តម្រូវឱ្យ​ឈ្នួ​ញ​ទិញ​លក់​ដី​ដែល​ល្មើសច្បាប់​ ការពារ​ធម្មជាតិ ជីក​កាយ​អាចម៍ដី ​ដែល​ខ្លួន​រំលោភបំពាន​ចេញ​ជាបន្ទាន់ និង​ស្តារ​ព្រៃកោងកាង​ឡើងវិញ​។​​លោក សុខ សុ​ទ្ធី អះអាងថា លោកស្រី លាង ហ៊ីម ទិញ​ដី​ចំនួន​១២​ហិច​តា​ពី​ពលរដ្ឋ​ក្នុង​តំបន់​សហគមន៍​ ដោយ​មិន​ស្គាល់ឈ្មោះ​ពិតប្រាកដ​ និង​គ្មាន​លិខិតស្នាម​សម្គាល់​ណាមួយ​អាជ្ញាធរ​មូលដ្ឋាន​នោះទេ ហើយ​បន្ត​ចាក់ដី​ហៀ​ចូល​មាត់​ព្រែក​រួមទាំង​លុប​ព្រៃកោងកាង​ ទម្រង់​លក្ខណៈ​ហ៊ុំព័ទ្ធ​ធ្វើជា​ដី​ឡូ​តិ៍ ​ក្នុង​បំណង​ចង់​ធ្វើ ​រី​សត​។ ក្រៅពី​ប្រើ​វិធានការ​រដ្ឋបាល ចំពោះ​នីតិវិធី​ច្បាប់​ អាជ្ញាធរខេត្ត​ប្រគល់​ភារកិច្ច​ទៅ​តុលាការ ក្នុង​គោលបំណង​ដាក់ទោស​ទណ្ឌ​លើ​បុគ្គល​ប្រព្រឹត្ត​បទល្មើស​លើ​តំបន់ការពារធម្មជាតិ​។ ​បើតាម​អាជ្ញាធរខេត្ត មួយ​ខាង​ផ្នែក​នៃ​ដី​តំបន់​នោះ ធ្លាប់បាន​ស្នើសុំ​ទៅ​រាជរដ្ឋាភិបាល ដើម្បី​កាត់​ឆ្វៀល​ចេញពី​អនុក្រឹត្យ​លេខ​១៧៩​រួចហើយ តែ​ទោះយ៉ាងណា អាជ្ញាធរ​ពុំបាន​បង្ហាញ​អនុក្រឹត្យ​ជា​សាធារណៈ​ឡើយ​។​​ទាក់ទិន​បញ្ហា​នេះដែរ លោក អៀង ច័ន្ទ​ភា​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត ថ្លែងថា ក្នុងនាម​ដើមបណ្តឹង​ដោយ​រដ្ឋ លោក​កំពុង​ចាត់ការ​ស៊ើបអង្កេត​លម្អិត និង​ប្រមូល​ព័ត៌មាន​បាន​មួយចំនួនធំ​រួចរាល់​ហើយ​លើ​ករណីនេះ មុននឹង​បន្ត​នីតិវិធី​ចំពោះ​បុគ្គល និង​ក្រុម​អ្នក​ដែល​ពាក់ព័ន្ធ​ល្មើស​នឹង​ច្បាប់​ការពារ​ធម្មជាតិ​។ ​ស្រុក​មណ្ឌលសីមា តែង​លេចឮ​នូវ​ព័ត៌មាន​បទល្មើស​ធនធាន​ធម្មជាតិ​ជា​ហូរហែ​ ព្រោះតែ​ហាងឆេង​ដី​ត្រូវប៉ាន់​ទិញ​លក់បាន​ថ្លៃ ដែលជា​ហេតុ​ធ្វើឱ្យ​ឈ្នួ​ញ​ខិលខូច​អាងទឹក​លុយ​ហ៊ាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​រំលោភបំពាន​យ៉ាង​អនាធិបតេយ្យ​។​​ក្រុម​ប្រជា​នេសាទ​នៅក្នុង​សហគមន៍​ភូមិ​ទួល​គគីរ​ក្រោម ដែល​សុំ​លាក់​អត្តសញ្ញាណ បានឱ្យដឹងថា សកម្មភាព​ចាក់ដី​លុប​ព្រៃកោងកាង និង​ចូល​មាត់​ព្រែក​នេះ ពលរដ្ឋ​តូចតាច​មិនអាច​ធ្វើទៅ​បានទេ​ពោលគឺ​មានតែ​អ្នកមានអំណាច​ដែល​ឃុបឃិត​ ជាមួយ​អាជ្ញាធរ​ប៉ុណ្ណោះ ទើប​ធ្វើទៅបាន​ដោយ​រលូន​យ៉ាង​ដូច្នេះ​មិន​គិតពី​ប្រយោជន៍​រួម​។​ ពលរដ្ឋ សង្កត់ធ្ងន់​ ទៀតថា តើ​ឱ្យ​ពួកគាត់​ទៅរក​ក្តាម ខ្យង និង​ត្រី​ឯណា បើ​ធន​ធម្មជាតិ​ជីវចម្រុះ​រង​ការបំផ្លិចបំផ្លាញ​ស្ទើរ​គ្មាន​សល់ ខណៈ​កូ​វី​ដ ​រីក​រាលដាល ​រឹតតែ​មិន​រកប្រាក់​ចំណូល​មក​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ​ពលរដ្ឋ​ ស្នើឱ្យ​វិធានការ​ប្រញាប់​រកមុខ​អ្នក​ដែល​បំពាន​មក​ផ្តន្ទាទោស​តាមច្បាប់​ ជៀសវាង​ប​ណ្តែ​ល​បណ្តោយឱ្យ​ក្រុម​ឈ្នួ​ញ​អាង​អំណាច​ទឹក​លុយ​ចេះតែរំ​លោភ​បំពាន​តាមតែ​អំពើ​ចិត្ត​ខ្លួន​ចង់បាន​៕​ ​អត្ថបទ ៖ ឈឹម មករា​ 

ក្រោយ​ការ​ប៉ះទង្គិច​គ្នា​ទ្រង់ទ្រាយ​ធំ ​មួយប្រ៉ាវ​អភិបាលខេត្ត​កំពត​​​​កោះហៅ ​ឧកញ៉ា សួ ងួន និង​គ្រួសារ​កងទ័ព​មក​ដោះស្រាយ​ដោយ​សន្តិវិធី

2021/04/27 02:59:58 am        1929
កំ​ពត ៖ កាលពី​ថ្ងៃទី​១៤ និង​១៥ ខែមីនា ​កន្លង​ទៅ​ថ្មីៗ​នេះ មានការ​ប៉ះទង្គិច​គ្នា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ មួយ​ប្រ៉ា​វ រវៀង​ក្រុម​ឆ្មាំ​ការពារ​ដី​ឲ្យ​ក្រុមហ៊ុន​លោក ឧកញ៉ា សូ ងួន រាប់រយ​នាក់ ជាមួយ​នឹង​ក្រុម​គ្រួសារ​កង​ទ័ព​សមាហរណកម្ម​ការពា​រកោះ​ឆ្នេរ​រាប់រយ​នាក់​ដែរ ។ ​ទីតាំង​ដី​ទំនាស់​ស្ថិត​ក្នុង​ភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។ ​ក្រោយ​កិច្ចប្រជុំ​ទល់មុខ​គ្នា រវៀង​ភាគី​ទាំងសងខាង ដោយមាន​ការចូលរួម​ពី​មន្ត្រី​មន្ទីរជំនាញ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​ពិភាក្សា រក​ដំណោះស្រាយ លើ​ករណី​ទំនាស់​ដីធ្លី ក្រុមហ៊ុន វើ​ល​ទ្រី​ស្តារ ​របស់លោក​ឧកញ៉ា ​សូ ងួន ជាមួយ​គ្រួសារ​កងទ័ព​សមាហរណកម្ម​ការពារ​កោះ​ឆ្នេរ ​មាន​ទីតាំង​ដី ស្ថិតក្នុង​ភូមិ​ដុំ​ផ្ដៅ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​សំណូមពរ​ឲ្យ​អនុវត្តតាម​វិធានការ​បី​ចំណុច ​៖ ទី​១- សូម​ក្រុមហ៊ុន​អនុវត្ត​សកម្មភាព ​នៅក្នុង​ដី​របស់​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​រួច ​ហើយ​មិន​មាន​ទំនាស់ ចំណែក​ដី​នៅក្រៅ​ការចុះបញ្ជី សូម​ក្រុមហ៊ុន​រក្សាទុក នឹង​ផ្អាក​សកម្មភាព​ដើម្បី​រក​ដំណោះស្រាយ​បន្ត​នៅ​លើ​ទីតាំង​ដី​ជាក់ស្ដែង​បន្ថែមទៀត​។ ​ទី ២- សូម​ឲ្យ​ក្រុមការងារ​បន្ត​ការចុះ​សិក្សា​ទីតាំង​ដី​ឲ្យ​ច្បាស់លាស់ ​តាម ស​.​ជ​.​ណ របស់​រាជ​រដ្ឋាភិបាល ដែល​បានសម្រេច​ជូន​គ្រួសារ​កងទ័ព ដែល​បាន​ដាក់​ពាក្យស្នើសុំ​កន្លងមក ​យកទៅ​ជូន​រាជ​រដ្ឋាភិបាល​។ ហើយ​ក្រុមការងារ​ក៏ត្រូវ​រៀបចំ​ឯកសារ ​តាម​ការ​លើកឡើង​រប​ស់​តំណាង​ក្រសួងកសិកម្ម ​ដាក់​ស្នើ​ជូន​ទៅ​ក្រសួងកសិកម្ម ដើម្បី​សម្រេច​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ចប់​ជូន​គ្រួសារ​កងទ័ព​។ ​និង​ទី​៣- អភិបាលខេត្ត​សូម​ឲ្យ​ក្រុមហ៊ុន​ឧកញ៉ា សូ ងួន និង​គ្រួសារ​កងទ័ព រួមគ្នា​ដោះស្រាយ ដោយ​សន្តិវិធី​តាម​លក្ខណៈ ផ្លូវច្បាប់ ពិសេស​មិនត្រូវ​បង្ក​ទំនាស់​រហូត​ផ្ទុះ​អំពើ​ហិង្សា​ជាដាច់ខាត ដែល​នាំឱ្យ​ប្រឈម​នឹង​ការទទួលខុសត្រូវ ចំពោះមុខ​ច្បាប់​។ តាម​ការអះអាង​ពី​តំណាង​គ្រួសារ​យោធិន​ថា​ដីធ្លី​ដែល​រាជរដ្ឋាភិបាល​ធ្វើ​ប្រទានកម្ម​ជូន​គ្រួសារ​កម្លាំង​ទ័ព​សមាហរណកម្ម ការពារ​កោះ​ឆ្នេរ​ស្ថិតក្នុង​ឃុំ​ត្រពាំង​ភ្លាំង សរុប​ប្រមាណ​ជាង​១០០០​ហិច​តា ។ ប៉ុន្តែ​សុំ​កាន់កាប់​ជាក់ស្ដែង ​តែ​ប្រមាណ​៧៤០​ហិកតា​ទេ ​ក្នុងនោះ ​បាន​ចេញ​ប័ណ្ណកម្មសិទ្ធិ​មួយ​ចំនួន ខណៈដែល​ដី​ប្រមាណ​៤៧៨​ហិច​តា ​នៅមាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​សូ ងួន រហូតមកដល់​សព្វថ្ងៃ​៕​

ពលរដ្ឋ​នៅ​តាកែវ​ម្នាក់ ត្រូវ​បាន​រក​ឃើញ​មាន​ផ្ទុក​មេរោគ​កូ​វីដ​-១៩

2021/04/27 02:59:58 am        837
តាកែវ ​៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ លោក​វេជ្ជៈ​បណ្ឌិត នុត ស៊ី​ណាត ​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៧ ខែមីនា​ថា ​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​បុរស​ម្នាក់ ​ដែល​ទើប​ត្រលប់​ពី​ភ្នំពេញ ​បាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​។លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត បាន​បន្តថា បុរស​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​១៩ ​ជា​បុគ្គលិក​ធ្វើការ​នៅ​ក្រុមហ៊ុន​ស៊ីន​ទ្រី ​ដែល​មក​ស្នាក់នៅ​ភូមិ​ពន្លឺ ឃុំ​ជំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ ​កាលពី​យប់​ថ្ងៃទី​១៣ ​ខែមីនា ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច និង​មន្ត្រី​ពេទ្យ​ចុះ​ពិនិត្យ​សុខភាព​ឃើញ​មាន​កំដៅ​ឡើង​ខ្ពស់​ ព្រឹក​ឡើង​នៅ​ថ្ងៃទី​១៤​ បុរស​រូបនេះ​, គ្រួសារ ប្រពន្ធ និង​កូន​ចំនួន ២ នាក់ ត្រូវ​បាន​ដឹក​យក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ខេត្តតាកែវ​ ។ លោក ​បន្តថា ​មកដល់​រាត្រី​ថ្ងៃទី​១៦ មីនា លទ្ធផល​សំណាក​បុរស​ម្នាក់នេះ ​មាន​រោគសញ្ញា​វិជ្ជមាន​កូ​វិដ​-១៩ ​ហើយ​ត្រូវ​បាន​យក​មក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ​ដោយឡែក​ក្រុម​គ្រួសារ​ត្រូវ​បន្ត​ដាក់​អោយ​ធ្វើ​ច​ត្តា​ឡី​ស័​ក នៅ​សណ្ឋាគារ​សេ​វែ​ន​ដេ​អ៊ី​ន​ក្នុង​ក្រុង​ដូន​កែវ​។នេះ​ជា​ករណី​លើកដំបូង ​ដែល​ខេត្តតាកែវ​ មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ បានកើត​ឡើង ​ចាប់តាំងពី​មានការ​ផ្ទុះ​រីករាលដាល​ជំងឺ​កូ​វីដ​១៩​ នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​ កន្លងមកនេះ​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

CDC ដាក់ឱ្យប្រើប្រាស់ e-Signature និង e-Stamp លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM
07/19/2025 01:07 PM
ការខូចខាតនៅកូរ៉េខាងត្បូង កើនឡើង ខណៈភ្លៀងធ្លាក់ខ្លាំង ចូលដល់ថ្ងៃទី៤
07/19/2025 01:07 PM
កម្លាំងចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត
07/19/2025 01:07 PM
គណៈកម្មាធិការគណបក្សឃុំគូលែនត្បូង ប្រារព្ធមីទ្ទីងអបអរសាទរខួបលើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា
07/19/2025 12:07 PM
កសិផលខ្មែរមួយចំនួនថែមទៀតអាចនឹងទទួលដំណឹងល្អពីភាគីចិន ខណៈផ្លែទុរេនស្រស់ជាង ១៧តោន ត្រូវបាននាំចេញ
07/19/2025 12:07 PM
សមាគមគ្រូពេទ្យ TYDA រៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំ ដោយផ្ដោតលើការអនុវត្តទន្តសាស្រ្តឈានមុខ
07/19/2025 12:07 PM
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងហ្វីលីពីន អញ្ជើញចូលរួមបិទវគ្គហ្វឹកហ្វឺនរួមគ្នា នៅភ្នំម្រះព្រៅ ខេត្តកំពង់ស្ពឺ
07/19/2025 12:07 PM
អែលសាល់វ៉ាឌ័រ បញ្ជូនពលរដ្ឋវេណេស៊ុយអេឡាដែលត្រូវបានឃុំខ្លួន ត្រឡប់ទៅប្រទេសវិញជាថ្នូរនឹងពលរដ្ឋអាមេរិក
07/19/2025 11:07 AM
ការផ្ទុះនៅមូលដ្ឋានតម្រួតទីក្រុង Los Angeles បានសម្លាប់នាយរងបីនាក់
07/19/2025 11:07 AM
លោក Trump៖ «កិច្ចព្រមព្រៀងពាណិជ្ជកម្មធំៗ» មួយចំនួននឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ
07/19/2025 11:07 AM