TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី
TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្យុះ​NOUL បង្ក​ជាប់​គាំង​ការ​ធ្វើដំណើរ​កម្សាន្ត​ នៃ​ភ្ញៀវទេសចរ​ នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

2021/04/27 02:59:58 am        13
ភ្នំពេញ៖ ឥទ្ធិពល​ព្យុះ​ទី​១១​មាន​ឈ្មោះថា ​NOUL(​នូ​ល​) ដែល​បាន​នាំ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​ខ្លាំង មក​លើ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ គឺ​បាន​បង្ក​អោយ​ប៉ះពាល់​ការ​ធ្វើដំណើរ​កម្សាន្ត នៃ​ភ្ញៀវទេសចរ នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន ជាពិសេស​គោលដៅ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាត់ដំបង និង​ខេត្ត​សៀមរាប​ជាដើម​។​​បើ​តាម​ឯកឧត្ដម តុ​ប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​នេះ​ថា នៅ​ក្នុង​អំឡុងពេល​កម្ពុ​ជា បាន​ជួប​រង​នូវ​ឥទ្ធិពល​ព្យុះ NOUL បាន​ធ្វើ​អោយ​ការ​ធ្វើដំណើរ​កម្សាន្ត​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សំរាក​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​៣​ថ្ងៃ​ និង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​ចំនួន​២​ថ្ងៃនេះ បាន​ជាប់​គាំង ជាពិសេស​បណ្តា​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​កោះ​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ និង​គោលដៅ​ទេសចរណ៍​មួយចំនួនទៀត នៅ​ខេត្តបាត់ដំបង​ជាដើម​។​​ឯកឧត្ដម តុ​ប សុភ័ក បន្តថា ទោះ​យ៉ាង​ណា​ក៏ដោយ​នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ នៅ​ទូទាំងប្រទេស​មាន​ភ្ញៀវទេសចរ​ក្នុង​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា មាន​ប្រមាណ​ជាង​១​លាន​១​សែន​នាក់ ហើយ​រហូតមកដល់​ថ្ងៃ​ឈប់សម្រាក​ចុង​សប្ដាហ៍​ពីរ​ថ្ងៃនេះ​ទៀត គឺ​មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​បាន​កើនឡើង ប្រមាណ​១​លាន​៥​សែន​នាក់​។​​ឯកឧត្ដម បន្តថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​គោលដៅ​ទេសចរណ៍​រួមមាន រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ និង​តំបន់​ដែលមាន​សក្តានុពល​ទេសចរណ៍ គឺមាន​ប្រមាណ​៥៥៧​គោលដៅ​ទេសចរណ៍​ដែល​អាចអោយ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​បាន​។​​ដោយឡែក​បញ្ហា​តម្លៃ​សេវា​នៅតាម​គោលដៅ​ទេសចរណ៍ ជារួម​ឯកឧត្តម បាន​វាយ​តំលៃ​ថា គឺមាន​គ្រប់គ្រង​បាន​ល្អ​ជាង​មុន​ច្រើន ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ពោលគឺ​តំលៃ​លក់​ម្ហូបអាហារ សេវា​ធ្វើដំណើរ​កម្សាន្ត និង​ការ​ស្នាក់នៅ​ជាដើម គឺ​ភាគច្រើន​មិនមាន​តំឡើងថ្លៃ​ខ្ពស់ នៅក្នុង​អំឡុងពេល​ឈប់​សម្រាក​កន្លង​មកនេះ​ទេ​៕ អត្ថបទ៖ ស៊ុម សុខ​ជា

ក្រសួងបរិស្ថាន​ និងUSAID ​រួមគ្នា​បើក​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ ​តាមរយៈ​ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយា​បទ​សង្គម

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ​ក្រសួងបរិស្ថាន និង USAID នៅ​​ព្រឹក​ថ្ងៃទី ២២ កញ្ញា​ឆ្នាំ ២០២០​នេះ បាន​បើក​យុទ្ធនាការ​ការពារ​ព្រៃ​ឡង់ ​តាមរយៈ ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយា​បទ​សង្គម​។ ​តាមរយៈ​យុទ្ធនាការ​នេះ គឺធ្វើ​ឡើង​ដោយមាន​ការ​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​ ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​ពី​សារៈសំខាន់ ក៏ដូចជា​ការចូលរួម​ក្នុង​ការ​ថែរក្សា​សម្បត្តិ​ធម្មជាតិ​។សម្រាប់​ការបើក​យុទ្ធនាការ​ នា​ព្រឹក​នេះ លោកស្រី វី​ណា រេ​ដ​ឌី នាយិកា​បេសកកម្ម USAID លើកឡើងថា ​យុទ្ធនាការ​នេះ​គឺ​បង្ហាញ​ពី​ភាពជា​ដៃគូ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក​ USAID នៅក្នុង​វិស័យ​បរិស្ថាន​នៅ​កម្ពុជា ក៏ដូចជា​ការ​បន្ត​ប្ដេជ្ញា​ចិត្ត ក្នុងការ​អភិរក្ស​ជីវៈចម្រុះ​ដ៏​មាន​សារសំខាន់​នៅ​កម្ពុជា​។ លោកស្រី​ សង្ឃឹមថា យុទ្ធនាការ​នេះ​នឹង​មាន​ការចូលរួម​ជាច្រើន​ពី​ប្រជាពលរដ្ឋ​គ្រប់រូប ជាពិសេស​យុវជន ​ដើម្បី​លើកកម្ពស់​ការយល់ដឹង ​និង​ជួយ​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​កាន់​តែច្រើន ចូលរួម​ការពារ​សម្បត្តិ​ធម្មជាតិ​។យុទ្ធនាការ​ការការពា​រ​ព្រៃ​ឡង់ តាមរយៈ​ការ​ទំនាក់ទំនង​ផ្លាស់ប្ដូរ​ឥរិយាបទ​សង្គម ​នេះ​គឺ​នឹងធ្វើ​ឡើង​ដោយ​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ក្នុង​ការ​ផ្សព្វផ្សាយ​ ។ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានបញ្ជាក់ថា​ យុទ្ធនាការ​នេះ ​គឺ​ស្រប​ទៅនឹង​ផែនការ​សកម្មភាព ន​យុទ្ធសាស្ត្រ​គាំពារ​បរិស្ថាន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ហើយ​យុទ្ធនាការ​នេះ ​នឹង​ផ្សព្វផ្សាយ​ពី​សម្រស់ ​ក៏ដូចជា​មុខងារ និង​តម្លៃ​របស់​ប្រព័ន្ធ​អេកូ​ឡេ​ស៊ី ​និង​បង្ហាញ​ពី​ការរស់នៅ​របស់​ប្រជាជន​ក្នុង​សហគមន៍​ផងដែរ​។ឯកឧត្តម ​រដ្ឋលេខាធិកា​រ​ បាន​លើក​ឡើង​ដែរ​ថា ​ ក្រៅពី​យុទ្ធនាការ​ដើម្បី​ជំរុញ​ការ​ផ្សព្វផ្សាយ​នេះ ក្រសួង​ក៏​មាន​មន្ត្រី​ឧទ្យានុរក្ស​ប្រចាំការ ​ការពារ​តំបន់​ទាំងនោះ​ផងដែរ​។តាម​ទិន្នន័យ​របស់ USAID បង្ហាញថា ​តំបន់​ទេសភាព​ព្រៃ​ឡង់ និង​តំបន់​ជុំវិញ​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៣,៣ ​លាន​ហិកតា ​គ្របដណ្ដប់​លើ​ខេត្ត​ចំនួន ​៤ រួមមាន​ ខេត្ត ព្រះវិហារ​ ខេត្តកំពង់ធំ ក្រចេះ ​និង​ខេត្តស្ទឹងត្រែង​។ តំបន់​ព្រៃ​ឡង់​នេះ ​មាន​ព្រៃស្រោង ​ការប្រើប្រាស់​ដី​ចម្រុះ តំបន់​ការពារ ដី​ឯកជន ​និង​រដ្ឋ ​ សហគមន៍​តំបន់​ការពារធម្មជាតិ តំបន់​ទាំងនេះ ​កំពុង​ប្រឈម​ការ​គំរាមកំហែង​ពី​ការ​កាប់បំផ្លាញ​ព្រៃឈើ ការ​កាប់​ឈើ​ខុសច្បាប់ ​ក៏ដូចជា​ការ​បរបាញ់​និង​ការ​ជួញដូរ​សត្វព្រៃ និង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​៕

អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​ឯកជន​គាំទ្រ​គោលនយោបាយ​ជួយ​ទ្រទ្រង់​វិស័យ​ឯកជន​អំឡុង​ពេល​វិបត្តិ​COVID-19

2021/04/27 02:59:58 am        13
ភ្នំពេញ ​៖ ការដាក់ចេញ​នូវ​គោលនយោបាយ​គាំទ្រ​វិស័យ​ឯកជន​នៅក្នុង​អំឡុងពេល​ពិភពលោក​ជួប​វិបត្តិ ​COVID-19 របស់​រាជរដ្ឋាភិបាល​កន្លងមក​ ដែល​មាន​ដូចជា​ ការផ្តល់​ការ​អនុគ្រោះ​ពន្ធ​អាជីវកម្ម ពន្ធ​អាជ្ញា​ប័ណ្ណ និង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មករ​និយោជិត​ដែល​ព្យួរ​ការងារ​ ជាដើម គឺ​បាន​ធ្វើអោយ​មូលដ្ឋាន​អាជីវកម្ម​មួយ​ចំនួនធំ ​មានដំណើរ​ការល្អ ​ដែល​ជួយ​ទ្រទ្រង់​វិស័យ​សេដ្ឋកិច្ច​ក្នុងស្រុក​ អ្នក​ជំនាញ​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​ឯកជន​បាន​សំដែង​ការ​គាំទ្រ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ​ដែល​បាន​ជួយ​ទ្រទ្រង់​វិស័យ​ឯកជន​អំឡុង​ពេល​វិបត្តិ​COVID-19​។លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នកជំនាញ​និង​ជា​អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងប្រាប់ BTV នៅ​ថ្ងៃទី​២២ ​ខែកញ្ញា​នេះ ថា រាជរដ្ឋាភិបាល​ក្រោម​ដឹកនាំ​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​រាជ​រដ្ឋាភិ​បាល​គឺមាន​ចក្ខុវិស័យ ច្បាស់លាស់ ជាពិសេស​នៅ​ក្នុង​អំឡុង​ពេល​ដែល​ពិភពលោក​ជួប​វិបត្តិ​ COVID-19 វិស័យ​ទេសចរណ៍​ធ្លាក់ចុះ ​គឺ​សម្តេច តេ​ជោ ​បានដាក់​ចេញ​នូវ​គោលនយោបាយ​អនុគ្រោះ​ពន្ធ​ទ្រទ្រង់​វិស័យ​ឯកជន​អោយ​មាន​លំនឹង​។ដោយឡែក​បើ​តាម​លោកស្រី ឆាយ សៀវ​លីន ប្រធាន​សហគមន៍​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​CATA ក្នុង​អំឡុង​បរិបទ​កូ​វីដ​១៩​នេះ ​បញ្ហា​ប្រឈម​នានា​បាន​កើត​ឡើង​ប៉ះពាល់​ដល់​បណ្តា​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍ ​ប៉ុន្តែ​ដោយ​ភាព​ឈ្លាសវៃ​របស់​រាជរ​ដ្ឋា​ភិ​បាល ​បាន​ជួយ​ស្រោចស្រង់​ដល់​ក្រុមហ៊ុន​ក្នុង​វិស័យ​ទេសចរណ៍ ​អនុគ្រោះ​ផ្តល់​កញ្ចប់​ការ​មិន​យកពន្ធ ​និង​មកដល់ពេលនេះ​ ជា​ជុំ​ទី​៥​ហើយ​។បើតាម​លោក សេរី មុន្នី តំណាង​ក្រុមហ៊ុន​ភ្នាក់ងារ​ទេសចរណ៍ ណែ​លីន ស្តារ ​បាន​ថ្លែងថា​ បច្ចុប្បន្ន​វិស័យ​ទេសចរណ៍​បាន​កំពុង​ធ្លាក់ចុះ​ ពុំ​សូវ​សំបូរ​ភ្ញៀវ​ដើរ​កំសាន្ត ​ប៉ុន្តែ​ទោះយ៉ាងណា ​ក្រុមហ៊ុន​របស់​លោក​នៅ​តែ​បន្ត​បើក​ដំណើរការ​ជាធម្មតា​ ដោយ​រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត ​និង​ផ្តល់​កញ្ចប់​អនុគ្រោះ​ពន្ធ​ជាច្រើន​ទៀត​៕

កិច្ចប្រជុំ ស្តីពី​សំណើ​របស់​សហព័ន្ធ​បាល់ទាត់ ​និង​គណៈកម្មការ​រៀប​ចំ​បាល់ទាត់​ជាតិ ​បានស្នើ​ឲ្យ​អ្នក​ចូល​ទស្សនា​បាល់ទាត់​ឡើងវិញ

2021/04/27 02:59:58 am        13
ភ្នំពេញ ៖ ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ បើក​កិច្ចប្រជុំ ​ស្តីពី​សំណើរ​របស់​សហព័ន្ធ​បាល់ទាត់​ និង​គណៈកម្មការ​រៀប​ចំ​បាល់ទាត់​ជាតិ​ បានស្នើ​ឲ្យ​អ្នក​ចូល​ទស្សនា​បាល់ទាត់​ឡើងវិញ , នា​ទីស្តីការក្រសួង នៅ​​ព្រឹក​ថ្ងៃទី​២២ កញ្ញា ២០២០​នេះ​។ក្នុង​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​វត្តមាន​ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ​ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​អញ្ជើញ​ចូលរួម​របស់​ឯកឧត្តម​ ឌី វិជ្ជា ប្រធាន​គណៈកម្មការ​នា​យក​ នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​កម្ពុជា ​និង​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន និង​កីឡា ក្នុង​គោលបំណង​ពិភាក្សាគ្នា​លើ​សំណើ​ដែល​ចង់​ឲ្យ​អ្នក​ចូល​ទស្សនា​ការប្រកួត​កីឡា​ក្នុង​ពហុកីឡដ្ឋាន ​សម្រាប់​ពានរង្វាន់​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោ ​ហ៊ុន សែន ​និង​ពានរង្វាន់​មិត្ត​ហ្វូ​ន ខេ​ម​បូ​ឌា លី​ក ឆ្នាំ​២០២០ ​ដែល​ត្រូវ​បើក​ការប្រកួត​នា​ពេល​ខាងមុខនេះ​។អ្វីដែល​ជា​ការ​សម្រេច គណៈកម្មការ​អន្តរក្រសួង​ នឹង​លើក​ជា​ជម្រើស​ចំនួន​០២ ​ត្រូវដាក់​ស្នើសុំ​ការសម្រេច​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​។ ក្រោយ​ការសម្រេច​ក្រសួងសុខាភិបាល នឹង​ជម្រាប​ជូន​ថា​តើ​យើង​នឹង​អនុវត្តន៍​វិធានការ​បែប​ណា​បន្ថែមទៀត​៕

អាជ្ញាធរខេត្ត​ប៉ៃលិន​កំពុង​ស្វះ​ស្វែងរក​ស្ត្រី​ម្នាក់​ដែល​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ហូរ​កួច​ទៅ​បាត់​ពីរ​បី​ថ្ងៃ​ហើយ

2021/04/27 02:59:58 am        15
ប៉ៃលិន​ ៖ ​អាជ្ញាធរខេត្ត​ប៉ៃលិន កំពុង​ស្វះ​ស្វែងរក​ស្ត្រី​ម្នាក់ ដែល​ត្រូវបាន​ជំនន់​ទឹកភ្លៀង​ហូរ​កួច​យកទៅ​បាត់​ ពីរ​បី ថ្ងៃ​ហើយ ខណៈពេល​កំពុង​ឆ្លង​អូរ​ព្រំដែន​ត្រលប់​មកពី​ប្រទេស​ថៃ​ជា​មួយ​នឹង​ពលករ​ខ្មែរ​មួយ​ចំនួនទៀត​។កាលពី​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា នេះ ត្រង់ចំណុច​ភូមិ​អូរ​ឈើ​ក្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ឈម​នឹង​ស្រុក​ពោ​ណាំ​រ៉​ន ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ ពលករ​ឆ្លងដែន មាន​គ្នា​៣​នាក់ ​ត្រូវជា​ម្តាយ ឪពុក កូន​នឹង​គ្នា ​បាន​ព្យាយាម​ឆ្លង​អូរ​ឆ្លង​ព្រំដែន​ពី​ប្រទេស​ថៃ​មក​កម្ពុជា​វិញ តែ​បាន​ជួប​នឹង​ហេតុការណ៍ អាក្រក់ ដោយ​ត្រូវ​ជំនន់​ទឹកភ្លៀង​ហូរ​កួច​យកទៅ​បាត់ ​មិនទាន់​រក​ឃើញ​នៅឡើយ​ទេ ដោយសារ​ស្ថានភាព អូរ​នៅ​ព្រំដែន ​មានព្រៃ​ច្រើន និង​សម្បូរ​ទៅ​ដោយ​គ្រាប់មីន​។ស្ត្រី​រងគ្រោះ ឈ្មោះ សេង ស្រី​ម៉ៅ អាយុ ៤១​ឆ្នាំ រស់នៅ​ភូមិ​ស្វាយមាស ឃុំ​កណ្តុរ​ជ្រុំ ​ស្រុក​ពញា ក្រែក ខេត្ត​ត្បូងឃ្មុំ​។ កាលពី​ម្សិលមិញ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន ​បាន​ចុះ​ដឹកនាំ​កម្លាំងចម្រុះ​ទាំង អស់ ​សហការ​ជាមួយ​ភាគី​ថៃ ធ្វើការ​រុករក​ស្ត្រី​រងគ្រោះ ​នៅតាម​បណ្តោយ​អូរ​ព្រំដែន​នេះ​។ឯកឧត្តម បាន​លើកឡើងថា ដោយសារ​ប៉ុន្មាន​ថ្ងៃនេះ មាន​ភ្លៀង​ធ្លាក់​ច្រើន ​នៅតាម​តំបន់ភ្នំ​ផ្នែក ខាងលើ បណ្តាលឱ្យ​ទឹកស្ទឹង​ប៉ៃលិន ​និង​តាម​អូរ​នានា​ក្នុង​ខេត្ត ​មាន​សភាព​ឡើង​ខុស​ប្រក្រតី បង្ក​ទៅជា ជំនន់​ទឹកភ្លៀង ​ដូច្នេះ​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ដងស្ទឹង​ប៉ៃលិន និង​អូរ​នានា​ ត្រូវមាន​ការ​ប្រុងប្រយ័ត្ន ខ្ពស់ ហើយ​អាជ្ញាធរ​មូលដ្ឋាន ​ត្រូវ​សហការ​ជាមួយ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ ​ជាពិសេស​មន្ទីរ​ធនធាន​ទឹក និង ឧតុនិយម​ខេត្ត ត្រូវ​សិក្សា​រក​ទីតាំង​រំដោះ​ទឹក​ចេញ ​បើសិនជា​ជំនន់​ទឹកភ្លៀង​មាន​ស្ថានភាព​មិនល្អ ព្រមទាំង ​ធ្វើការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ទាន់ពេលវេលា​៕

អង្គការ​ស្បៀងអាហារ​ពិភពលោក​ បង្ហាញ​គោលជំហរ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​ លើ​ការងារ​ជំនួយ​សង្គម​

2021/04/27 02:59:58 am        17
​ភ្នំពេញ៖ អង្គការ​ស្បៀងអាហារ​ពិភពលោក តាមរយៈ​លោកស្រី Claire Conan ជា​នាយិកា​អង្គការ ក្នុងឱកាស ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​ក្រសួង​សង្គមកិច្ច បានបង្ហាញ​គោលជំហរ​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច លើ​ការងារ​ជំនួយ​សង្គម​ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​។ នេះ​ជាការ​បញ្ជាក់​របស់​លោក​ស្រី នៅ​ថ្ងៃទី​២៨ ខែតុលា​ឆ្នាំ២០២០​នេះ​។​​សម្រាប់​ឱកាស​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង អង្គការ​ស្បៀងអាហារ​ពិភពលោក និង​ក្រសួង​សង្គមកិច្ច​នា​ព្រឹក​នេះ លោកស្រី Claire Conan ជា​នាយិកា​អង្គការ បាន​បញ្ជាក់​នូវ​គោលជំហរ​របស់​ខ្លួន សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច​លើ​ការងារ​ជំនួយ​សង្គម​ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​។​​លោកស្រី​បញ្ជាក់​ថា អង្គការ​ស្បៀងអាហារ​ពិភពលោក គឺ​រីករាយ​នឹង​សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច លើ​ការងារ​បច្ចេកទេស​នានា លើ​ការងារ​ជំនួយ​សង្គម ព្រោះ​កិច្ចការងារ​ជំនួយ​សង្គម​នេះ ជា​ការ​ងារ​ចម្បង​របស់​អង្គការ​ស្បៀងអាហារ​ពិភពលោក ហើយ​អង្គការ​ក៏​មាន​បទពិសោធន៍​ច្រើន​ធ្វើ​លើ​ការងារ​នេះដែរ​។​ជុំវិញ​ការ​បង្ហាញ​នូវ​គោលជំហរ​បែបនេះ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ក៏បាន​បង្ហាញ​ការ​អរគុណ​ចំពោះ​អ្វីដែល​លោកស្រី នាយិការ​បានលើកឡើង​ផងដែរ​។ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា ចំពោះមុខ​និង​ទៅ​ថ្ងៃ​អនាគត​ក្រសួង​សង្គមកិច្ច​មាន​កិច្ចការ​ជាច្រើន​ត្រូវ​បំពេញ ដែល​អាច​ទទួល​បាន​កា​រ​គាំទ្រ និង​កិច្ចសហការ​ជាមួយ​អង្គការ​ស្បៀងអាហារ​ពិភពលោក ក៏ដូចជា​អង្គការ​ជា​ដៃគូ​ផ្សេងទៀត​។ ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់ដែរ​ថា ក្រសួង​ក៏​មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល​ដែល​ប្រមូលផ្ដុំ​ជន​ងាយ​រងគ្រោះ​រាប់ពាន់នាក់ ដែល​សង្ឃឹមថា អង្គការ​ស្បៀងអាហារ​ពិភពលោក​អាចជួយ​សហការ​លើ​ការងារ​នេះ​ផងដែរ​។​​ក្នុង​ជំនួប​នា​ព្រឹក​នេះ ឯកឧត្តម​រដ្ឋមន្ត្រី ​ក៏បាន​លើកឡើង​នូវ​កិច្ចការ​ជាច្រើន​ដែល​ក្រសួង​សង្គមកិច្ច​កំពុង​បំពេញ​លើ​ការងារ​ជំនួយ​សង្គម​នេះ​ផងដែរ​។ជាក់ស្ដែង​គឺ​ការអនុវត្ត​ការឧបត្ថម្ភ​សាច់ប្រាក់​ជូន ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ និង​កិច្ច​ការសំខាន់​មួយទៀត​គឺ ការ​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​កំឡុងពេល​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ១៩​។សម្រាប់​កម្មវិធី​ឧ​ត្ថ​ម្ភ​សាច់​ជូន​គ្រួសារ​ក្រីក្រ​នេះ បាន​ជួយ​សម្រួល​ដល់​ការរស់នៅ​ដល់​គ្រួសារ​ក្រីក្រ​ជាច្រើន​ម៉ឺន​គ្រួសារ ហើយ​រាជរដ្ឋាភិបាល ​ក៏បាន​សម្រេច​បន្ត​អនុវត្ត​កម្មវិធី​នេះ រហូតដល់​ដំណាច់ឆ្នាំ២០២០​ផងដែរ​។ នេះ​ជា​ការ​បញ្ជាក់​បន្ថែម ​រប​ស់​ឯកឧត្ដម រដ្ឋមន្ត្រី ជូន​នាយិកា​អង្គការ​ស្បង​ពិភពលោក​ប្រចាំ​កម្ពុជា​៕អត្ថបទ​៖ គឹម​ហុក

UN សម្ដែង​ការ​កោតសរសើរ​ ចំពោះ​កម្ពុជា​ដែល​បាន​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត

2021/04/27 02:59:58 am        14
​​ភ្នំពេញ៖ លោក ដេវីដ ប៉ូ​យ​ដ៍ David.Boyd អ្នករាយការណ៍​ពិសេស​ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន បាន​សម្តែង​ការ​កោតសរសើរ​កម្ពុជា ដែល​បាន​លើកកម្ពស់​សិទ្ធិ​ទទួល​បាន​បរិស្ថាន​ស្អាត មាន​សុវត្ថិភាព និង​អនាម័យ និង​ប្រកបដោយ​ចរី​ភាព ដែល​នេះ​ជា​គំរូ​ជំរុញ​ឲ្យ​ប្រទេស​ដ៏​ទៃ​ដោះស្រាយ​វិបត្តិ​បរិស្ថាន​ពិភពលោក​។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​។​​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ របស់​ស្ថាន​បេសកម្ម​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ​ចុះ​ថ្ងៃទី​២៧ ខែតុលា​ម្សិលមិញ​នេះ ក្នុង​កិច្ច​សន្ទនា​អន្តរ​កម្ម​របស់​គណៈកម្មាធិការ​ទី​៣​ នៃ​សម័យប្រជុំ​លើក​ទី​៧៥​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ដេវីដ ប៉ូ​យ​ដ៍ បាន​លើក​សរសើរ​រដ្ឋ សមាជិក​អង្គ​សហប្រជាជាតិ រួម​ទាំង​កម្ពុជា​ផង ចំពោះ​ការ​ចាត់វិធានការ​លើក​កម្ពស់​សិទ្ធិ​ទទួលបាន​បរិស្ថាន​ស្អាត មាន​សុវត្ថិភាព មាន​អនាម័យ និង​ប្រកបដោយ​ចីរភាព ក្នុងនោះ លោក ដេវីដ ប៉ូ​យ​ដ៍ បាន​បន្តថា ​​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ផ្តល់​ជា​គំរូ ដែល​ជា​ការជំរុញ​ឲ្យ​ប្រទេស​ដ៏ទៃ​ទៀត​ដោះស្រាយ​វិបត្តិ​បរិស្ថាន​ពិភពលោក​។​​​​អ្នករាយការណ៍​ពិសេស ទទួលបន្ទុក​សិទ្ធិមនុស្ស និង​បរិស្ថាន រូបនេះ​បាន​បញ្ជាក់ថា អង្គការសហប្រជាជាតិ​ បានដាក់​ប​ញ្ជូ​ល​គំរូ​របស់​កម្ពុជា​ទៅក្នុង​ឧបសម្ពន្ធ ​នៃ​របាយការណ៍​ពិសេស​ស្តីពី​បញ្ហា​នៃ​កាតព្វកិច្ច​សិទ្ធិមនុស្ស ពាក់ព័ន្ធ​ដល់​ការរីករាយ​ក្នុងការ​ទទួលបាន​បរិ​ស្ថាន​ស្អាត មាន​សុវត្ថិភាព មាន​អនាម័យ និង​ប្រកបដោយ​ចិរភាព​។​ជាមួយគ្នា​នេះ អ្នករាយការណ៍​ពិសេស រូប​នេះ​បាន​បញ្ជាក់​ទៀតថា កម្ពុជា​បាន​អនុលោម​តាម​កំណែទម្រង់​អភិបាលកិច្ច​បរិស្ថាន​ស​ម្រា​ប់​កម្មវិធី​ការអភិវឌ្ឍ​ប្រកបដោយ​ចិរភាព រួមមាន តំបន់​ព្រៃឈើ​មួយ​ចំនួនធំ​ត្រូវបាន​ដាក់​ជា​តំបន់​ការពារ ហើយ​តំបន់​សម្រាប់​អភិរក្ស​ជីវចម្រុះ​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន ខណៈ​ប្រព័ន្ធ​តំបន់​ការពារ​របស់​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​គ្របដណ្តប់​លើ​ផ្ទៃដី​៣៩​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​។​​​នៅ​ក្នុង​បទ​អន្តរាគមន៍​ នៃ​កិច្ច​សន្ទនា​ខាង​លើនេះ ឯកឧត្តម កែ សុវណ្ណ ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​គូសបញ្ជាក់​ថា កម្ពុជា​ជា​អ្នកគាំទ្រ​ពេញទំហឹង​ចំពោះ​កិច្ចសហប្រតិបត្តិការ​ព​ហុ​ភាគី និង​បាន​ប្ដេជ្ញា​យ៉ាង​មុតមាំ ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​បរិស្ថាន​អន្តរជាតិ​នានា រួមទាំង​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្តីពី​បរិស្ថាន ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ការការបារ​ប្រព័ន្ធ​អេកូឡូស៊ី និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ព្រមទាំង​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​ជីវភាព​រស់នៅ​រប​ស់​ប្រជាជន​កម្ពុជា​។​​​​ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​អង្គការសហប្រជាជាតិ បាន​បន្ថែមថា ការគ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​ចិរភាព ​គឺជា​សមាសភាព​ចម្បង​មួយ​នៃ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដោយ​កម្ពុជា​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ទីភ្នាក់ងារ​ពាក់ព័ន្ធ​អង្គការសហប្រជាជាតិ និង​ដៃគូ​អភិវឌ្ឍន៍​នានា ដើម្បី​អនុវត្ត​បណ្តា​វិធានការ​ដោះស្រាយ ដែល​រក្សា​ធនធានធម្មជាតិ​របស់​ខ្លួន ក្នុង​គោលដៅ​ផ្តល់​អត្ថប្រយោជន៍​សេដ្ឋកិច្ច និង​សង្គម​ប្រជាជន​កម្ពុជា​ទាំងអស់ ជាពិសេស​ដល់​ប្រជាជន​ទទួលរង​គ្រោះ​៕ ​អត្ថបទ​៖ សេក ឧ​ត្ត​ម​​

សមាគម​ចិន ​ផ្តល់​អំណោយ​ជា​ថវិកា និង​សម្ភារ​ផ្សេងៗ​ជូន​បញ្ជា​ការដ្ឋាន​អង្គរក្ស​ជួយ​ពលរដ្ឋ​រងគ្រោះ​ទឹកជំនន់​

2021/04/27 02:59:58 am        15
​ភ្នំពេញ៖ ឯកឧត្តម​ ហង្ស សាមឿន អនុប្រធាន​គណៈកម្មាធិការ​​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​តំណាង ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ គន់ គីម​ អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​២៨ ​ខែតុលា​នេះ ​បាន​ដឹកនាំ​គណៈប្រតិភូ​សមាគម​ចិន ផ្តល់​ជូន​ថវិកា និង​សម្ភារៈ​មួយ​ចំនួនទៀត​ ជូន​បញ្ជាការដ្ឋាន​អង្គរក្ស ក្នុង​បំណង​ជួយ​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់​។​​ខណៈ​កម្ពុជា កំពុង​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង ឯកឧត្តម ​ហង្ស សាមឿន​ អនុប្រធាន​គណៈកម្មាធិការ​​​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ជា​តំណាង​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​គន់ គីម​អនុប្រធាន​ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅ​ថ្ងៃទី​២៨ ​ខែតុលា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​សមាគម​ចិន ផ្តល់​ជា​អំ​ណាយ​ថវិការ និង​សំភារៈ​ផ្សេងៗ​មួយចំនួនទៀត ជូន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត​ ហ៊ីង ប៊ុន​ហៀ​ង​ អគ្គ​មេបញ្ជាការរង​ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​អង្គរក្ស​សម្ដេច​តេ​ជោ​ហ៊ុន សែន ដើម្បី​ទុក​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​កម្ពុជា​។ ​ពិធី​ប្រគល់ និង​ទទួល​អំណោយ​សប្បុរសធម៌​នេះ បាន​ធ្វើ​ឡើង​ក្រោម​វត្តមាន​ឯ​ឧ​ត្ត​ម​ ហង្ស សាមឿន ​និង​សមាសភាព​សមាគម​ពាណិជ្ជកម្ម​បេ​តុ​កម្ពុជា​-​ចិន ស្ថិតនៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស ទីក្រុង​តាខ្មៅ​ខេត្តកណ្តាល​។​​នៅ​ក្នុង​ឱកាស​នោះ តំណាង​សមាគម​ពាណិជ្ជកម្ម​បេ​តុ​កម្ពុជា​-​ចិន បាន​លើក​ឡើងថា ដោយ​មើល​ឃើញ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ បាន​នឹង​កំពុង​រងគ្រោះ​មហន្តរាយ​ដោយ​ទឹកជំនន់​ទឹកភ្លៀង ដែល​បាន​ប៉ះពាល់​ដល់​រាជធានី​-​ខេត្ត មួយចំនួន ដូច្នេះ​ក្នុងនាម​ជា​សមាគម​ពាណិជ្ជកម្ម​ចិន នៅក្នុង​ប្រទេស​កម្ពុជា ប្រឹងប្រែង​កៀងគរ​អំណោយ និង​ថវិកា ដើម្បី​ចូលរួម​រំលែក​នូវ​ការ​លំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល ដែលមាន​សម្តេច​តេ​ជោ​ ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី ដែល​បាន​ប្រឹងប្រែង​រឹតចំណង​មិត្តភាព​កម្ពុ​ជា​-​ចិន ឱ្យ​កាន់តែ​រីកចម្រើន​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ​។​​ជាការ​ឆ្លើយតប​ឧ​ត្ត​ម​សេនីយ៍​ឯក​ណុប រ័ត្ន​និមល តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​បណ្ឌិត​ហ៊ីង ប៊ុន​ហៀ​ង អគ្គមេបញ្ជាការ​ង នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​ជា​មេ​បញ្ជាការដ្ឋាន​អង្គរក្ស​សម្ដេច​តេ​ជោ​ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ទាំងអស់​ដែល​ជួយផ្តល់​ជា​ថវិកា សម្ភារៈ និង​ស្បៀងអាហារ​ជាដើម​។​ឧ​ត្ត​ម​សេនីយ៍​ឯក​ បាន​សន្យា​ថា នឹង​យក​អង្ករ ព្រមទាំង​ថវិកា ដែល​ទទួលបាន​ពី​សប្បុរសជន​នានា ទៅ​ប្រគល់​ដល់​កង​យុទ្ធ​ពល​ខេមរភូមិន្ទ និង​កងកម្លាំងប្រដាប់អាវុធ និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​បន្ដ​យកចិត្តទុកដាក់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​។​​បើ​យោ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ចេញផ្សាយ​នៅ​ពេល​ថ្មីៗ​នេះ បាន​លើក​ឡើង​ថា ចាប់ពី​ថ្ងៃ​ទី​០១​ ខែ​កញ្ញា រហូតដល់​ថ្ងៃ​ទី​២៧ ​ខែតុលា ឆ្នាំ​២០២០​នេះ រាជធានី​-​ខេត្ត​ចំនួន​២០ បាន​រង​ផល​ប៉ះពាល់​ដោយសារ​ទឹកជំនន់ បណ្តាល​អោយ​ពលរដ្ឋ​ជាង ​១៤​ម៉ឺន​គ្រួសារ​រងគ្រោះ និង​មនុស្ស​ស្លាប់​៤៤​នាក់ ព្រមទាំង​បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ និង​ដំណាំ​ផ្សេងៗ​មួយ​ចំនួន​ទៀត​៕ ​អត្ថបទ​៖​ទូច សោភ័ណ

ក្រសួងសុខាភិបាល ប្រកាស​ដាក់​ឲ្យ​ដំណើរការ​អាគារ​ថ្មី ផ្នែក​ជំងឺ​កូ​វីដ​-១៩ VIP នៃ​ម​នី្ទ​រ​ពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត

2021/04/27 02:59:58 am        14
​​ភ្នំពេញ៖ ឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ព្រឹក​ថ្ងៃទី​២៨ តុលា ២០២០ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​ផ្នែក​ជំងឺ​កូ​វីដ​១៩ VIP​។​​ឯកឧត្តម សាស្ត្រ​ចា​រ្យ ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា អគារ​ថ្មី​នេះ មាន​សមត្ថភាព និង​សម្ភារៈ បរិក្ខារ​ពេទ្យ​ទំនើប អាច​ទទួល​អ្នកមាន​ជំងឺ​កូ​វីដ​១៩ ទាំង​ជនជាតិខ្មែរ និង​ជនបរទេស ឲ្យ​ចូលមក​សម្រាក​ព្យាបាល​ជំងឺ បាន​ចំនួន​ប្រមាណ​ជាង​៦០​នាក់​។ អគារ​ផ្នែក​ជំងឺ​កូ​វីដ​១៩ ផ្តល់​សេវា​ពិនិត្យ ព្យាបាល​ជំងឺ​កូ​វីដ​១៩ ទាំង​អគារ​ដែលមាន​ស្រាប់ និង​អគារ​ថ្មី​ផងដែរ​។​​​ឯកឧត្ដម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បាន​បញ្ជាក់​ទៀត​ថា ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា មាន​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស មាន​ចំនួន​២៨៣​នាក់ នៅ​ក្នុង​ចំនួន​ខាង​លើនេះ មាន​ស្រី ​៥៧​នាក់ និង​បុរស​២២៦​នាក់ អ្នកមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន​សរុប​ ២៩០​នាក់ នឹង​អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ​ភាព​ខ្មែរ សូ​វៀត រាជធានី​ភ្នំពេញ មាន​ចំនួន​០៧​នាក់ ក្នុងនោះ ​មាន​បុរស​ជនជាតិខ្មែរ​ ០៣​នាក់ ស្រី្ត​ជនជាតិខ្មែរ​០១​នាក់ បុរស​ជនជាតិ​ប៉ូឡូញ​០១​នាក់ បុរស​ជនជាតិ​បារាំង​ ០១​នាក់ និង​ស្រី្ត​ជនជាតិ​បារាំង​០១​នាក់​។ដោយឡែក​សម្រាប់​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត ចាប់តាំងពី​មាន​ជំងឺ​កូ​វីដ​១៩​កើតឡើង ម​នី្ទ​រ​ពេទ្យ​បានធ្វើ​តេ​ស្ក​យក​សំណាក​ទៅ​ម​នី្ទ​រ​ពិសោធន៍​រក​មេរោគ​កូ​វីដ​១៩ បាន​ចំនួន​ជាង​១​ម៉ឺន​នាក់ ក្នុង​នោះបាន​ព្យាបាល​ឲ្យ​ជាសះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ បាន​ចំនួន​ជាង ​៥០​នាក់​ផងដែរ​៕​ អត្ថបទ៖ រដ្ឋា​

អាជីវករ​ផ្សារ​សំរោង​យ៉ោង ជាង​២០០នាក់ ​បាន​ទទួល​អំណោយ​ពី​សាខា​កាកបាទក្រហម​ខេត្តតាកែវ​

2021/04/27 02:59:58 am        15
តាកែវ ៖ ក្រុមអាជីវករ​ផ្សារ​សំរោង​យ៉ោ​ង ក្នុងស្រុក​បាទី ខេត្តតាកែវ ​ចំនួន​ជាង​២០០​នាក់ ​ដែល​តូប​លក់ដូរ​ពួកគាត​​ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ ​កាលពី​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ បាន​ទទួល​អំណោយ​ពី​សាខាកាក​បាទ​ក្រហម​កម្ពុជា ​ខេត្តតាកែវ ​កាលពី​ថ្ងៃទី​២១ ខែកញ្ញា ​ម្សិលមិញ​។ឯកឧត្តម អ៊ូច ភា ប្រធាន​សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្តតាកែវ​ បាន​មានប្រសាសន៍​ពាំនាំ​នូវ បណ្ដាំ​ផ្ញើ​សួរសុខទុក្ខ ​និង​ចូលរួម​សំដែង​ការ​សោកស្ដាយ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា​ ដល់​អាជីវ​រក​ទាំងអស់ ​ដែល​រងគ្រោះ​ដោយសារតែ​អគ្គិភ័យ​ឆេះ​តូប ​លក់ដូរ ហើយ​គ្រាន់តែ​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ភ្លាម​ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ណែនាំ​ដល់ ​សាខា​កាកបាទក្រហម​ខេត្តតាកែវ ​ឲ្យ​ចុះសួរសុខទុក្ខ ​និង​រៀបចំ​អំណោយ​យក​មក​ចែកជូន​ជនរងគ្រោះ​ឲ្យ ​បាន​ទាន់ពេលវេលា​។ឯកឧត្តម បាន​មានប្រសាសន៍​បន្តថា​ អំណោយ​ទាំងអស់នេះ ​វា​ជា​មិន​ស្មើនឹង​ទំហំ​នៃ​ការបាត់បង់ ទ្រព្យសម្បត្តិ​នោះទេ ​ប៉ុន្តែ​វា​ជា​ការ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​បាន​មួយគ្រា​ ព្រោះ​ទីណា​មាន​មាន​ទុក្ខ​លំបាក ទី នោះ​តែងតែមាន​មន្ត្រី​កាកបាទក្រហម​ចុះទៅ​ជួយ​ជាប់​ជានិច្ច ​មិន​ទុក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ឯកោ ​ឬ​អស់ ​សង្ឃឹម​ដោយសារ​តែ​មាន​បញ្ហា​កើតឡើង​នោះទេ​។ឯកឧត្តម អ៊ូច ភា បានលើកឡើង​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ ជាពិសេស ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្តតាកែវ​ ក្នុងការ​ប្រឹងប្រែង​គ្រប់បែបយ៉ាង ​ដោយ​ជួយ​រៀបចំ​ជួសជុល​ និង​សាងសង់​ដំបូល​ផ្សារ ​ដើម្បី​ធ្វើយ៉ាង​ណា​ឲ្យ​អាជីវករ ​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ឆាប់រហ័ស​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងភាពការពារជនស៊ីវិល នៅតំបន់ហ្កាហ្សា និយាយថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់មនុស្ស ២៨នាក់
07/26/2025 03:07 PM
ឯកឧត្តម ឌិត ទីណា៖ ការភៀសខ្លួនពលរដ្ឋគឺជាការលះបង់ចាំបាច់ លើការជួយសម្រួលឱ្យកងទ័ពការពារទឹកដីដោយទឹកចិត្ត អង់អាចក្លាហាន
07/26/2025 02:07 PM
នាយករដ្ឋមន្ត្រីអង់គ្លេស ថ្កោលទោសអ៊ីស្រាអែល ក្នុងពាក្យសម្តីខ្លាំងៗ ខណៈដែលសម្ពាធកើនឡើងខ្លាំងទាមទារឲ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន
07/26/2025 02:07 PM
គ្រោះថ្នាក់រថយន្តក្រុងក្រឡាប់ នៅប្រទេសប៉េរូ បានបណ្តាលឲ្យ ១៨នាក់ស្លាប់ និង ២៤នាក់ រងរបួស
07/26/2025 02:07 PM
ការឈ្លានពានរបស់ទាហានសៀមមិនត្រឹមតែប៉ះពាល់ដល់សន្តិសុខតាមព្រំដែនប៉ុណ្ណោះទេថែមទាំងប៉ះពាល់ដល់សន្តិសុខក្នុងតំបន់ផងដែរ
07/26/2025 01:07 PM
ក្រោយចោរឈ្លានពានសៀមវាយចូលកម្ពុជាបណ្តាលឲ្យទាហានកម្ពុជាពលីជីវិត៥នាក់របួស២១នាក់ជនស៊ីវិលស្លាប់៨នាក់និងរបួស៥០នាក់
07/26/2025 01:07 PM
រុស្ស៊ីអះអាងថា បានគ្រប់គ្រងកន្លែងតាំងទីលំនៅ ចំណែកអ៊ុយក្រែនរាយការណ៍ថា បានវាយបករុស្ស៊ីវិញ
07/26/2025 01:07 PM
កម្ពុជាទាត់ចោលទាំងស្រុងចំពោះការផ្សព្វផ្សាយថាកម្ពុជាជាអ្នកបំពាន ឬឈ្លានពានភាគីសៀមមុន
07/26/2025 11:07 AM
អាល្លឺម៉ង់ ទាមទារឱ្យបញ្ចប់ភាពមិនប្រាកដប្រជាក្នុងជម្លោះដំឡើងពន្ធរបស់អាមេរិក
07/26/2025 11:07 AM
វិទ្យុកងទ័ពអ៊ីស្រាអែលនិយាយថា អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យបរទេសទម្លាក់ជំនួយចូលតំបន់ហ្កាហ្សា
07/26/2025 11:07 AM