TOP STORY | សម្ដេចតេជោ៖ ពេលនេះ ខ្ញុំកំពុងតែរួមចំណែកបញ្ជាទ័ព តាមប្រព័ន្ធវីដេអូ និងប្រព័ន្ធផ្សេងទៀតជាមួយនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ព និងបញ្ជាការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់
TOP STORY |សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់លិខិតស្នើសុំ​​កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បី​សុំ​ការ​អន្ត​រាគមន៍​បញ្ចប់​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​ថៃមក​លើដែនអធិបតេយ្យភាពរបស់កម្ពុជា
TOP STORY | សម្ដេចធិបតី៖ កងទ័ពថៃបានបើកការ​វាយប្រហារ​មក​លើ​ទីតាំង​ឈរ​ជើង​របស់​កង​ទ័ព​កម្ពុជា​ នៅប្រាសាទតាមាន់ធំ តាក្របី និងបានពង្រីកភូមិសាស្ត្រវាយប្រហារទៅដល់តំបន់មុំបី
TOP STORY | ខណៈព្រំដែនកំពុងមានការផ្ទុះអាវុធ, សម្តេចតេជោ ហ៊ុន សែន ប្រាប់ពលរដ្ឋឲ្យជឿទុកចិត្ត​លើ​រាជរដ្ឋាភិបាល និងកងទ័ព

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេច​តេ​ជោ ថ្លែងអំណរគុណ បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច​គឺ “ អរគុណ សន្តិភាព “

2021/04/27 02:59:58 am        19
​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្តេច​គឺ​អរគុណ​សន្តិភាព ហើយ​សម្ដេច​ថា មានតែ​ភេរ​វករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។ សម្ដេច​តេ​ជោ បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ តាមរយៈ​សារលិខិត​របស់​សម្ដេច​ក្នុងឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃទី​២១​កញ្ញា​ឆ្នាំ​២០២០​នេះ​។​​តាមរយៈ​សារលិខិត​នេះ​សម្ដេច​បាន​គូសបញ្ជាក់​ដោយ​ថ្លែងអំណរគុណ​ដល់​បងប្អូន​ជនរួមជាតិ​ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់​សម្ដេច​គឺ​អរគុណ​សន្តិភាព​ដែល​សម្ដេច​យល់ថា​មានតម្លៃ​មិន​សាបសូន្យ​មិន​ថា​កន្លងមក ថ្ងៃនេះ​និង​ថ្ងៃក្រោយ​។​សម្ដេច ​បាន​បន្តថា​ មនុស្ស​ទាំងអស់គ្នា​ត្រូវការ​សន្តិភាព​លើកលែងតែ​ពួក​ភេរវ​ករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព​។​​សម្ដេច​បាន​បន្តថា​“​អរគុណ​សន្តិភាព​” បានក្លាយ​ទៅជា​ពាក្យស្លោក​របស់ ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព​។​ សារលិខិត​របស់​សម្ដេច ​ក៏បាន​បញ្ជាក់ថា ក្នុងនាម ជា​ប្រទេសមួយ​ដែល​បាន​ឆ្លងកាត់​សង្គ្រាម​បំផ្លិចបំផ្លាញ​ដ៏​រ៉ាំរ៉ៃ​ ក្រោយពី​ទទួល​បាន​នូវ​ការបង្រួបបង្រួម​ជាតិ​ពិតប្រាកដ​ សុខសន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស​ និង​ការរីកចម្រើន​នៅលើ​គ្រប់​វិស័យ​គួរ​ជាទី​មោទនៈ​កម្ពុជា​មិន​ភ្លេច​នូវ​មនោសញ្ចេតនា​របស់ខ្លួន​ដែល​មាន​ចំពោះ​ប្រជាជាតិ​ផ្សេងទៀត​នៅក្នុង​ពិភពលោក​តាមរយៈ​ការ​សម្ដែង​ចេញ​នូវ​ការខិតខំ​ចែករំលែក​បទពិសោធន៍​ក្នុង​ការកសាង​ថែរក្សា​ការពារ​សន្តិភាព​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។​នេះ​គឺជា​ឆន្ទៈ​ដ៏​មោះមុត​របស់​កម្ពុជា​ក្នុង​ការ​សម្ដែង​សាមគ្គី​ភាពជា​អន្តរជាតិ​និង​រួម​វិភាគទាន​ដោយ​កិច្ចប្រឹងប្រែង​របស់​សហគមន៍​អន្តរជាតិ​ដើម្បី​បុព្វហេតុ​សន្តិភាព សន្តិសុខ​និង​មនុស្សធម៌​ទៅលើ​ពិភពលោក​។សម្តេច​ បាន​បន្ត​ដែរ​ថា កម្ពុ​ជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង ក្នុងការ​ចូលរួម​រប​ស់​ខ្លួន ក្នុង​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិភាព​ពិភពលោក ក្រោមឆត្រ​របស់​អង្គការសហប្រជាជាតិ ​បើទោះជា​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​យ៉ាងណាក៏ដោយ​។​ឆ្នាំនេះ​គឺជា​ឆ្នាំ​ទី​១៤​ដែល​កម្ពុជា ​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន ៦ ៨២២​នាក់ (​ស្រី​៣៦៩​នាក់ )​ទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព អ​.​ស​.​ប នៅ​តំបន់​បេសកកម្ម​ចំនួន ១០​ ក្នុងប្រទេស​៩ រួមមាន ឆាដ៍ ស៊ូដង់ ស៊ូដង់​ខាងត្បូង អាហ្វ្រិក​កណ្ដាល លី​បង់ ស៊ី​ប ស៊ី​រី ម៉ាលី​និង យេ​មែន​។​ គិត​ត្រឹម​ដំណាច់ខែ​កក្កដា​នេះ កងកំលាំង​កម្ពុជា​កំពុង​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​មាន​ចំនួន ៧៨៧​នាក់​(​ស្រី​៧៦​នាក់​)​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង លី​បង់ ម៉ាលី អាហ្វ្រិក​កណ្ដាល​និង យេ​មែន​៕

សម្ដេចតេជោ ៖ ទោះបីជាជំងឺរាតត្បាតកូវីដ១៩​តែកម្ពុជា​កំពុងរៀបចំកែ​លម្អច្បាប់​វិនិយោគ​ដើម្បីទាក់ទាញវិនិយោគិនបន្ថែម

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអះអាងបញ្ជាក់​ជូន​សមាជិកក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន អំពីកំណែទម្រង់ជាពិសេសការរៀបចំកែលម្អច្បាប់​វិនិយោគ​ និងប្រព័ន្ធលើកទឹកចិត្តថ្មីដែលមានលក្ខណៈ​គ្រប់ជ្រុងជ្រោយដើម្បីទាក់ទាញវិនិយោគិន​ បន្ថែមទៀត​ជាពិសេសនៅពេលជំងឺកូវីដ១៩មានភាពធូរស្រាល ។ក្នុងឱកាសអញ្ជើញចូលរួមប្រជុំក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ានដឹកនាំដោយលោក អាឡិចសង់ឌ័រ​ហ្វែលម៉េន នាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក សម្ដេចតេជោ ហ៊ុនសែន បាន​ជម្រាប​ជូនសមាជិកគណៈប្រតិភូទាំងអស់ថា ​ទោះបីជាជម្ងឺរាតត្បាតកូវីដ១៩ បាន​និង​កំពុង​បង្កការលំបាក​ជាច្រើនដល់កិច្ចដំណើរការនៃជីវិតសង្គម ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនបន្ថយ​ល្បឿន​នៃការងារកំណែទម្រង់នៅក្នុងគ្រប់វិស័យរបស់ខ្លួននោះទេ។សន្ទរកថា របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានថ្លែងចេញពីវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី ២១កញ្ញា ទៅកាន់វេទិកាដ៏មាន​សារសំខាន់នេះ សម្ដេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក alexander Feldman ដែលបានចូលរួមកិច្ចប្រជុំប្រពន្ធវីដេអូនេះ។ សម្ដេចបានគូស​បញ្ជាក់ថា ទោះជាមិនអាចរៀបចំជំនួបដោយផ្ទាល់ នៅប្រទេសកម្ពុជាក្តី តែសម្ដេចជឿជាក់ថាយើង​នឹងអាចទាញយកលទ្ធផលជាក់ស្ដែងចេញពីកិច្ចប្រជុំដ៏សំខាន់នេះ នៅពេលដែលយើងកំពុងព្យាយាមដោះស្រាយបញ្ហាប្រឈមនានា ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ ដើម្បីពង្រីកកាលានុវត្តភាព សហប្រតិបត្តិការ ជំរុញកំណើន នឹងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងមានភាពរឹងមាំវិញ បន្ទាប់ពីជំងឺកូវីដ១៩ មានការថមថយ។សម្ដេចបានមានប្រសាសន៍ថា អស់រយៈពេលជាង ៩ ខែមកហើយ ពិភពលោកបាននិងកំពុង​ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ ដែលបាន​បង្កជាវិបត្ដិធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក លើ សង្គម​និងសេដ្ឋកិច្ច។ សម្រាប់កម្ពុជារាជរដ្ឋាភិបាលបានគ្រប់គ្រងសភាពការណ៍កូវីដ១៩ ប្រកបដោយប្រសិទ្ធភាព ដោយមកដល់ពេលនេះ កម្ពុជាមិនមានការឆ្លងជាសហគមន៍ ហើយក៏មិនបានឈានដល់ការបិទជាតំបន់ឬបិទប្រទេសទាំងមូលនោះទេ។ ជាការពិត ជំងឺកូវីដ១៩ បាននាំមកនូវបញ្ហាប្រឈមដ៏ស្រួចស្រាល់មួយចំនួនជាអាទិ៍ នៅក្នុងវិស័យវាយនភណ្ឌ វិស័យទេសចរណ៍ វិស័យអាកាសចរណ៍និងវិស័យសេវាខ្លះទៀត។ស្ថិតក្នុងសភាពការណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការចំនួន៥ជុំរួចមកហើយ​ទាំងវិធាន​ការ​ជួយដល់វិស័យសេដ្ឋកិច្ចនិងវិស័យសង្គមកិច្ច សំដៅជួយរក្សាលំនឹងផលិតកម្ម​និង​អាជីវកម្មក៏ដូចជាធានាលំនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។សម្ដេចជឿជាក់ថា ធុរកិច្ចអាមេរិកមួយចំនួនដែលមានវត្តមាននៅកម្ពុជា​ក៏បានទទួលនូវផល​ប្រយោជន៍​ពីវិធានការទាំងនេះ។ ទោះជាមានបញ្ហាជំងឺកូវីដក៏ដោយ សម្ដេចពិតជាមានមោទនភាពចំពោះកំណើន​ទំហំ​ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរដែលនៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២០ នេះ បានកើន​ឡើង​ប្រមាណជិត ១៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងទៅ។សម្តេចតេជោ បានបន្តថា ដើម្បីទាក់ទាញវិនិយោគិនបន្ថែម ជាពិសេសនៅពេលជំងឺកូវីដ១៩ មានភាពធូរស្រាល កម្ពុជាកំពុងរៀបចំកែលម្អច្បាប់វិនិយោគនិង​ប្រព័ន្ធលើកទឹក​​ចិត្តថ្មី​​ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងមានភាពទាក់ទាញសម្រាប់ឧស្សាហកម្មប្រភេទអេឡិចត្រូនិច បង្គំ កសិ-ឧស្សាហកម្ម គ្រឿងបន្លាស់ ឧស្សាហកម្មគាំទ្រ និងឧស្សាហកម្មផ្សេងទៀត៕

ខេត្តកំពត​ នឹង​ក្លាយជា​តំបន់​លំនៅឋាន​និង​ទេសចរណ៍​ដ៏​ពេញនិយម​

2021/04/27 02:59:58 am        14
កំពត ៖ ​អភិបាល​ខេត្តកំពត បាន​លើកឡើងថា ការ​អភិវឌ្ឍ​របស់​ខេត្តកំពត ​មិនអាច​នៅជាប់​ទ្រឹង​នោះទេ ​ដោយ ខេត្ត​នេះ នឹង​ក្លាយ​ជា​តំបន់​លំនៅឋាន និង​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ពេញនិយម​បំផុត​មួយ​នៅ​កម្ពុជា​។នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត នៅ​ថ្ងៃទី​២១ ខែកញ្ញា នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​លើកឡើងថា​ បើ​ទោះ​ស្ថិតនៅក្នុង​អន្តរកាល នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក្តី ប៉ុន្តែ ខេត្តកំពត ​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ មា​ន​សក្ដានុពល​សម្បូរបែប ​អនុគ្រោះ និង​អំណោយផល​ដល់​វិស័យ កសិកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច និង​ទេសចរណ៍​។ឯកឧត្ដម បានឱ្យដឹងថា អ្នកវិនិយោគ​ជាច្រើន បាន​នឹង​កំពុង​បោះទុន​ទិញ​ដី ធ្វើការ​វិនិយោគ​លើ វិស័យ​អចលនទ្រព្យ និង​វិស័យ​ផ្សេងទៀត ពិសេស​វិស័យ​ទេសចរណ៍ ​បាន​នឹង​កំពុង​ពង្រីក​វិសាលភាព​កាន់ តែ​ធំ ​ធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវ ពីមួយ​ខែ​ទៅ​មួយខែ​។ ​ល្បឿន ​នៃ​ការអភិវឌ្ឍ​ខេត្ត មិនអាច​ថយចុះ ​ឬ​​​ នៅជាប់​ ទ្រឹង​នោះទេ ​ទោះជា​ស្ថិតនៅក្នុង​អន្តរកាល​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ព្រោះ​បច្ចុប្បន្ន ​មាន​ក្រុមហ៊ុន​ជាច្រើន​ បានដាក់​ពាក្យសុំ​ធ្វើការ​វិនិយោគ ខណៈ​ក្រុមហ៊ុន​ខ្លះ ​បា​នរក​ទិញ​ដី​រាប់​រយ​ហិកតា ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​លើ វិស័យ​អចលនទ្រព្យ ​ដូចជា ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧស្សាហកម្ម ក្រុង​វៃឆ្លាត (Smart City) និង គម្រោង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាច្រើន​កន្លែង បង្ក​ឱកាស​ឱ្យ​ខេត្ត អាច​នឹង​រក​ចំណូលបាន​រាប់លាន ដុល្លារ ក្នុង​មួយឆ្នាំៗ ​ដើម្បី​យកមក​អភិវឌ្ឍ​បន្ត​។​​ឯកឧត្តម បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា ​ទៅ​ថ្ងៃ​អនាគត ខេត្តកំពត ​នឹង​ក្លាយទៅជា​តំបន់​លំនៅ ឋាន និង​ទេសចរណ៍​ដ៏​ពេញ​និយម ​ស្រប​ពេលដែល​រោងចក្រ ​តំបន់ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ធំៗ បាន នឹង​កំពុង​ស្ថាបនា​យ៉ាង​មមាញឹក​។ ​ជាងនេះទៅទៀត ​ខេត្ត​នេះ ​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ជ្រើសរើស ធ្វើជា​ទីតាំង​ដើម្បី​នឹង​សាងសង់​ពហុកីឡដ្ឋាន​ស្តង់ដារ​អន្តរជាតិ​ថែមទៀត​ផង​៕

ក្រសួង​អប់រំ​មាន​គោលដៅ​ឱ្យ​សាលា​តាម​ទីប្រជុំជន​បង្កើត​បន្ទប់​ឌីជីថល​សម្រាប់​ជួយ​សម្រួល​ការ​រៀន​តាម​បែប​ចម្រុះ

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​ ក្នុង​បរិបទ​ជំងឺ​កូ​វីដ​១៩​នេះ ក្រសួង​អប់រំ​ តាម​ការ​លើកឡើង​របស់ ​ឯកឧត្តម​រដ្ឋមន្ត្រី​ដោយផ្ទាល់ ​បាន​លើកឡើងថា ​ក្រសួង​អប់រំ​ មាន​គោលដៅ​ចង់​ឱ្យ​សាលារៀន​នៅ​តាម​ទីប្រជុំជន បង្កើត​បន្ទប់​ឌីជីថល ​ដើម្បី​ជួយ​សម្រួល ដល់​ការសិក្សា​ ស្រប​ពេលដែល​កម្ពុជា ​នឹង​នៅតែ​បន្ត​ការ​សិក្សា​បែប​ចម្រុះ ទាំង​ការសិក្សា​ក្នុង​ថ្នាក់រៀន និង​ការសិក្សា​តាម​ប្រព័ន្ធ​អន​ ឡាញ រឺ​ការសិក្សា​ពី​ចម្ងាយ​។​ នេះ​ជាការ​លើកឡើង​នៅ​ថ្ងៃទី ២១​ កញ្ញា ​ឆ្នាំ ២០២០ ក្នុងឱកាស​រដ្ឋមន្ត្រីក្រសួង​អប់រំ ហង់​ជួន ណា​រ៉ុ​ន និង ឯកឧត្តម ហ៊ុន ម៉ា​នី ​ប្រធាន​គណៈកម្មការ​អប់រំ យុវជន​និង​កីឡា​ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ​នៃ​រដ្ឋសភា​ចុះ​ពិនិត្យ​ការសិក្សា​នៅ​វិទ្យាល័យ​បាក់​ទូក​។ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​ដំណើរការ​សិក្សា​ឡើងវិញ​ដំណាក់កាល​ទី​២ ក្នុង​បរិបទ​កូ​វីដ​១៩ នៅ​វិទ្យាល័យ​បាក់​ទូក នា​ព្រឹក​នេះ​ ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ ​បាន​លើកឡើងថា ជា​ការ​ត្រៀម​ក្នុង​រយៈពេល​មធ្យម​ចាប់ពី​ពេលបច្ចុប្បន្ន​ទៅ​ឆ្នាំ ២០២៣ ​ក្រសួង​អប់រំ​មាន​គោលដៅ​ឱ្យ​សាលា​នៅ​ទីប្រជុំជន​បង្កើត​បន្ទប់​ឌីជីថល ​បំពាក់​ដោយ​កុំព្យូ​ទ័​រ ​និង​ឯកសារ​ផ្សេងៗ ​ដើម្បី​ជួយ​គាំទ្រ​ដល់​ការសិក្សា​តាមបែប​ចម្រុះ ​និង​ផ្ដល់​ភាព​ងាយស្រួល​កាន់​ច្រើន​ដល់​សិស្ស​។ ​ឯកឧត្តម​ លើកឡើងថា បន្ទប់​នេះ​គឺមាន​សារៈសំខាន់​ច្រើន ជាពិសេស​សម្រាប់​សិស្ស​ដែល​ពុំមាន​លទ្ធភាព​រៀន​តាម​ទូរស័ព្ទដៃ ដោយ​ពួកគេ​អាច​ចូល​មក​រៀន​ក្នុង​បន្ទប់​នេះ ហើយ​បន្ទប់​នេះ​ក៏​អាចជួយ​កាត់បន្ថយ​ការ​ចំណាយ​លើ​ប្រព័ន្ធ​អ៊ី​ន​ធើណិ​ត​របស់​សិស្ស​ផងដែរ​។​ គោលដៅ​បែបនេះ ​ស្រប​ពេល​ដែល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យមាន​ការ​បើក​សាលា​ជាថ្មី​បាន​ពីរ​ដំណាក់កាល​រួចមកហើយ ​ហើយ​ក្រសួង​ក៏​នៅតែ​បន្ត​ការសិក្សា​តាម​បែប​ចម្រុះ​ទាំង​ការសិក្សា​ក្នុង​ថ្នាក់រៀន និង​ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ រឺ​ការសិក្សា​ពី​ចម្ងាយ​។នាឱកាស​ដដែល​នេះ ឯកឧត្តម ហ៊ុន ម៉ា​នី ជា​ប្រធាន​គណៈកម្មការ​អប់រំ យុវជន ​កីឡា កិច្ចការ​សាសនា វប្បធម៌ ​និង​ទេសចរណ៍ នៃ​រដ្ឋសភា លើកឡើង​ជា​ការ​កោត​សរសើរ​ចំពោះ​ការផ្លាស់ប្ដូរ​ភ្លាមៗ ដែល​ក្រសួង​អប់រំ​អាច​បន្ត​ការ​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ​និង​ការសិក្សា​ពី​ចម្ងាយ ដល់​សិស្ស​ក្នុង​បរិបទ​ជំងឺ​កូ​វីដ ១៩ ស្រប​ពេល​ដែល​កម្ពុជា​ពុំ​មាន​បទពិសោធន៍​ រឺ​ មូលដ្ឋាន​បែបនេះ​ពី​មុនមក​។ ឯកឧត្តម ​ក៏​លើកឡើង​ជា​ការ​គាំទ្រ​ដែរ​ថា វា​ជា​រឿង​ចាំបាច់​សម្រាប់​កម្ពុជា​ទាំង​ពេល​បច្ចុប្បន្ន ​និង​ពេលអនាគត ​បើទោះជា​លែង​មាន​ហានិភ័យ​ពី​ជំងឺ​កូ​វីដ​១៩​ យ៉ាងណាក្ដី ក៏​កម្ពុជា​ត្រូវ​វិនិយោគ​លើ​វិស័យ​អប់រំ ​តាមបែប​ឌីជីថល​ផងដែរ​។សូមបញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​សាលារៀន​បើក​ដំណើរការបាន​២​ដំណាក់កាល​រួចមកហើយ​។ ដំណាក់កាល​ទី ១ គឺ​សម្រាប់​សាលារៀន​ឯកជន មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​ចំនួន ២០ រីឯ​ដំណាក់កាល​ទី​២ ​គឺ​ការ​ចូលរៀន​ជាថ្មី​សម្រាប់​សិស្ស​ថ្នាក់​ទី ៩ ​និង​សិស្ស​ថ្នាក់​ទី​១២​ទូទាំង​ប្រទេស និង​សាលា​ឯកជន​មួយ​ចំនួន ក្នុង​ខែកញ្ញា​នេះ​។ ចំណែកឯ​ការបើក​សាលារៀន​ដំណាក់កាល​ទី ៣​ពុំទាន់​មានការ​បញ្ជាក់​កាលបរិច្ឆេទ​នោះទេ​។ ​ខណៈពេល​នេះ ​ទោះបីជា​សាលារៀន​ជាច្រើន​បាន​បើក​ដំណើរការ​វិញ​យ៉ាងណាក្ដី ​ក៏ត្រូវ​អនុវត្ត​ការសិក្សា​បែប​ចម្រុះ​ដែល​ ដោយ​រៀន​ក្នុង​ថ្នាក់រៀន​ខ្លះ និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ខ្លះ​ ។ ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ សព្វថ្ងៃ​ក្រសួង​អប់រំ​បាន​បង្កើត​វីដេអូ​បង្រៀន​ជាច្រើន​ ដោយមាន​ការ​ចាក់ផ្សាយ​ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង ការចាក់​ផ្សាយ​ក្នុង​ប្រព័ន្ធ យូ​ធូប ​របស់​ក្រសួង និង​មានការ​ចាក់​ផ្សាយ​នៅ​ទូរទស្សន៍ ​ទ​ទក ២ ផងដែរ​៕

កម្មករ​និយោជិត ​បាន​វិលត្រឡប់​ចូល​ធ្វើការ​វិញ​ដោយ​រីករាយ

2021/04/27 02:59:58 am        14
ភ្នំពេញ ៖ ​តាម​ការកំណត់ នៅ​ថ្ងៃទី​២១ កញ្ញា ឆ្នាំ​២០២០​នេះ កម្មករ និយោជិត​នៅ​តាម​បណ្តា​រោងចក្រ​នានា​ទូទាំង​ប្រទេស​បាន​ត្រឡប់​ចូល​បំពេញការងារ​វិញ ​ក្រោយ​ឈប់សម្រាក​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​។ ក្នុង​នោះ​កត់សម្គាល់​ឃើញថា​ ក្រុម​កម្មករ​ទាំងនោះ​មាន​ទឹកមុខ​សប្បាយរីករាយ ​និង​នៅតែ​ប្រកាន់ខ្ជាប់​នូវ​ការ​ពាក់​ម៉ាស់​ផងដែរ​ ខណៈ​ជំងឺ​កូ​វីដ​១៩​ មិនទាន់​អវត្តមាន​។កំពុង​ធ្វើដំណើរ​ទៅកាន់​ទីកន្លែង​ការងារ​រៀងៗ​ខ្លួន ក្រុម​កម្មការិនី​ ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង​ រាជធានី​ភ្នំពេញ​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី ថា បន្ទាប់ពី​ឈប់សម្រាក​អស់​រយះពេល​ជាច្រើន​កន្លង​មកនេះ បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍​ជាច្រើន​ពី​ការជួបជុំ​ រវាង​ក្រុមគ្រួសារ ​​សាច់ញាតិ ​និង​មិត្តភ័ក្ដិ​។ ក្រុម​កម្ម​ការិនី​ទាំងនេះ ​បានលើកឡើង​ស្រដៀង​គ្នា​ទៀតថា ​សម្រាប់​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ ​ធៀប​នឹង​ឆ្នាំ​កន្លងៗ​ទៅ ​សកម្មភាព​ជួបជុំគ្នា​នៅតាម​ផ្ទះ ​ក៏ដូចជា ​តាម​ទីវ​ត្ត​អារាម​ នៅតែ​ដូចដើម ​ពោលគឺ​មាន​ភាព​ភាព​អ៊ូអរ​និង​សប្បាយរីករាយ ទោះបីជា​ស្ថិត​ក្នុង​វិបត្តិ​កូ​វីដ​១៩​ក្តី​។ជាមួយគ្នានេះ ក្រុម​កម្ម​ការិនី​ទាំងនោះ បាន​អំពាវនាវ​ដល់ក​ម្មករ​និយោជិត ​និង​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ទប់ស្កាត់ ​និង​គោរព​តាម​ការណែនាំ​របស់​រដ្ឋាភិ​បាល ​ជៀសវាង​កើតមាន​ជំងឺឆ្លង​កូ​វីដ​១៩៕

ឥទ្ធិពល​ព្យុះ ​NOUL ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ​បង្ក​ផល​ប៉ះពាល់​ដល់​ខេត្ត​មួយ​ចំនួន​​នៃ​កម្ពុជា ​​តែ​មិនសូវ​​ធ្ងន់ធ្ងរ​

2021/04/27 02:59:58 am        14
ភ្នំពេញ ​៖ ឥទ្ធិពល​ព្យុះ​ទី​១១​ មាន​ឈ្មោះថា NOUL(​នូ​ល​) ​ដែល​បាន​នាំ​ទឹកភ្លៀង​ខ្លាំង​ និង​ខ្យល់​បក់​បោក​ខ្លាំង ​ មកលើ​ ប្រទេស កម្ពុជា ​ចាប់ពី​ថ្ងៃទី​១៨ ​ដល់​ថ្ងៃទី​២០ ​ខែកញ្ញា ​ឆ្នាំ​២០២០​ កន្លងមកនេះ មិន​បង្ក​ផល​ប៉ះពាល់​និង​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ផលដំណាំ​ពលរដ្ឋ​នោះទេ ​ ប៉ុន្តែ​ក៏​មាន​ការ​ប៉ះពាល់​ខ្លះ​ដល់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ។ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​នៅ​ព្រឹក​នេះ ​។បើតាម​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ លោក ឃុន សុខា បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃទី​២១ ខែកញ្ញា​នេះ បានឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បង្ក​ដោយសារ​ព្យុះ​NOUL ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​គឺ​បាន​បង្កអោយមាន​ជំនន់​ទឹកភ្លៀង នៅ​ក្នុង​ខេត្តក្រចេះ ​ប៉ៃលិន ខេត្ត​ឧ​ត្ត​រ​មានជ័យ ​ហើយ​ខេត្ត​ក្រៅពីនេះ​ មាន​ជំនន់​ទឹកភ្លៀង​លិច​ធម្មតា ​មិនមាន​រយៈពេល​យូរ ដោយសារ​អំឡុង​ពេលនេះ ​មេឃ​មិន​សូវមាន​ភ្លៀង​ហើយ​ជំនន់​ទឹកភ្លៀង​នេះ ក៏​មាន​ការ​ស្រក​អស់​លឿន​ផងដែរ​។លោក ឃុន សុខា បន្តថា នៅក្នុង​អំឡុង​ពេលនេះ ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ ក៏បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ជាក់​ស្តែង​ពី​ផល​ប៉ះពាល​នេះ​រួចរាល់​អស់ហើយ ​ហើយ​ព្យុះ​នោះ មិន​បង្ក​ប៉ះពាល់​ខ្លាំង​ណាស់ណា​នោះទេ​។បើតាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង់​គ្រោះ​មហន្តរាយ ​ក៏បាន​ចេញផ្សាយ​នៅ​ព្រឹក​ទី​២១ ខែកញ្ញា​នេះ ​បានឲ្យ​ដឹងថា សម្រាប់​ជំនន់​ទឹកភ្លៀង នៅ​ខេត្ត​ប៉ៃលិន ព្រឹក​នេះ ​ដោយសារ​ទឹក​កំពុងតែ​ហូរ​ស្រក​ចុះទៅ​ខាងក្រោម​នៃ​តំបន់​ផ្ទៃ​រងទឹក​របស់​អូរ​ដូនតា ​កត្តា​នេះ​បាន​បង្ក​អោយ​ទឹក​កំពុង​ជន់​លិច ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣៧​ខ្នង ​និង​ខ្នង​ប្រឡាយ​ជាង​២០០​ម៉ែត្រ ​ ផ្លូវលំ​ប្រវែង​៥០០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ព្រៃ​សន្ទះ និង​ភូមិ​ផ្ទះស្បូវ ​ឃុំ​ស្ទឹងត្រង់ ​ស្រុក​សាលា​ក្រៅ ​ក៏ត្រូវ​បាន​ទឹក​ជន់​លិច ។ដោយឡែក​សម្រាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​វិញ ​ស្ថានភាព​ទឹក​នៅ​អាងទឹក​តា​ម៉ុក​ នៅ​ព្រឹក​នេះ ធៀប​នឹង​ថ្ងៃលា្ងច​ម្សិលមិញ ​កម្ពស់​ទឹក​មាន​ជិត ៤​ម៉ែត្រ ​ហើយ​បាន​ស្រុក​ចុះ​០.១៤​ម៉ែត្រ​ ហើយ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន ​ហើយ​ផល​ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​ពុំ​មាន​ទេ តែ​ខណៈ​នេះ​មន្ទីរ​ធន​ធានទឹក​ខេត្ត អាជ្ញាធរ​ដែនដី ​និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ បាន​ត្រៀម​លក្ខណៈ​អន្តរាគមន៍​រួចជាស្រេច​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ពេល​ជួប​បញ្ហា​។​ តែ​ទោះយ៉ាងណា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ​ក៏បាន​អំពាវនាវ​អោយ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ផ្នែក​ខាងលើ​ និង​ខាងក្រោម​អាងទឹក​តា​ម៉ុក ​ស្ថិតនៅ​ឃុំ​អន្លង់ ស្រុក​អន្លង់វែង​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​ សូម​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ​ជៀសវាង​ការ​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ ៕

ក្រសួង​កិច្ចការនារី ​បណ្ដុះបណ្ដាល​ផ្នែក​ចំណេះដឹង​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​ក្នុង​ខេត្តព្រះវិហារ

2021/04/27 02:59:58 am        14
ព្រះវិហារ ៖ ​ក្រសួង​កិច្ចការ​នារី បាន​បណ្ដុះបណ្ដាល​ផ្នែក​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ការ​អភិវឌ្ឍ​សហគ្រិនភាព​ស្ដ្រី ​ប្រមាណ​៥០​នាក់ ​ដែល​ភាគច្រើន​ជា​ស្ដ្រី ​មកពី​តាម​មន្ទីរ​នានា​ ក្នុង​ខេត្ដ​ព្រះវិហារ ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​បន្តទៀត​។ពិធី​នេះ ធ្វើឡើង​រយៈពេល​២​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២១ ​ដល់​ថ្ងៃទី​២២ ​ខែកញ្ញា ​ឆ្នាំ​២០២០​នេះ ​នៅ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ​ព្រះវិហារ​ ដោយ​រួម​សហការ​ជាមួយ​ធនាគារជាតិ​កម្ពុជា​ និង​ក្រុមហ៊ុន​វី​សា​ផងដែរ​។នៅក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​ លោកជំទាវ ច័ន្ទ សូរីយ៍ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី មានប្រសាសន៍ថា ​ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល​នេះ​ឡើង ​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ចំណេះដឹង​ដល់​មន្ត្រី​បុគ្គលិក​នៃ​មន្ទីរ​ និង​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស្ត្រី​អំពី​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ ​និង​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​សម្រាប់​សេវាកម្ម​ហិរញ្ញវត្ថុ ​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​បន្ត សម្រាប់​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​អាជីវកម្ម ​និង​ធុរកិច្ច​របស់​ស្ត្រី​នៅ​តាម​មូលដ្ឋាន​នៃ​ប្រទេស​កម្ពុជា​។លោកជំទាវ ​បាន​បន្តទៀតថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ មានការ​រួមបញ្ចូល ​នៅ​ប្រធានបទ​សំខាន់ៗ​ចំនួន​៦ ​ដែល​ទាក់ទង​ទៅ​ និង​បញ្ហា​ជុំវិញ​ចំណេះដឹង ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ស្ត្រី​មាន​ជាអាទិ៍​ បរិបន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ​និង​បញ្ហា​ប្រឈម​របស់​ស្ត្រី ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រភេទ​ ផលិតផល សេវា និង​គ្រឹះស្ថាន ​នៃ​ធនាគារ ​និង​ហិរញ្ញវត្ថុ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ ​ការប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ សេវា​ទូទាត់ សេវា​ធានារ៉ាប់រង ​និង​កិច្ចការពារ​អតិថិជន​។​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ក្រុមហ៊ុន​វី​សា​ ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​ពិភពលោក ​ក្នុងការ​ទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ។លោកជំទាវ ចឹក ហេង អភិបាលរង​ខេត្ដ​ព្រះវិហារ​ បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​កិច្ច​ការនារី ធនាគារ​ជាតិ​នៃ​កម្ពុជា​ និង​ក្រុមហ៊ុន វី​សា ដែល​បាន​ចុះ​មក​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍន៍​សហគ្រិនភាព​ស្ត្រី​នៅ​ក្នុង​ខេត្តព្រះវិហារ ។ ​លោកជំទាវ​ក៏បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ ត្រូវ​យកចិត្តទុកដាក់​ត្រងត្រាប់​ស្ដាប់​ និង​ចាប់​យក​ចំណេះដឹង​ពី​វគ្គ​បណ្ដុះ​បណ្ដាល​នា​ថ្ងៃនេះ ​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើងជា​បន្តទៀត​៕ដោយ ៖ សាវី​

ទេសរដ្ឋមន្ត្រី លី ធុជ​៖​ អង្គការ NPA បាន​ចូលរួម​យ៉ាងសកម្ម ​ក្នុង​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​

2021/04/27 02:59:58 am        14
​ភ្នំពេញ៖ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​លី ធុជ​ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​នេះ បាន​អនុញ្ញាត​ឲ្យ លោកស្រី Portia Clare Stratton ប្រធាន​គម្រោង​សកម្មភាព​មីន នៃ​អង្គការ​NPA ចូលជួប​ពិភាក្សា​ការងារ ស្តីពី​កិច្ច​សហប្រតិបត្តិការ និង​ភាពជា​ដៃគូ លើ​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា​។​នៅក្នុង​ឱកាស​នោះ ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​បញ្ជក់​ថា អង្គការ​NPA បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​សកម្មភាព​ដោះមីន​នៅ​កម្ពុជា​។​​មានប្រសាសន៍ប្រាប់ BTV ក្រោយ​ជំ​នួ​ប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Portia Clare Stratton ប្រធាន​គម្រោង​សកម្មភាព​មីន នៃ​អង្គការ NPA ឯកឧត្តម​ទេសរដ្ឋមន្ត្រី​លី ធុជ ​អនុប្រធាន​ទី​១​អាជ្ញាធរ​មីន បាន​លើក​ឡើងថា រាជរដ្ឋាភិបាល​កម្ពុជា ដោយមាន​ការចូលរួម​គាំទ្រ​ពី​បណ្តា​ប្រទេស​ជា​មិត្ត ម្ចាស់​ជំនួយ និង​ដៃគូ ក្នុងនោះ ​ក៏មាន​ប្រទេស​ន័​រវេ​ស្ស​ផងដែរ​នោះ បានសម្រេច​នូវ​សមិទ្ធផល​យ៉ាង​ច្រើន​គួរ​ជាទីមោទនៈ លើ​វិស័យ​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា​។​​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បន្តថា អង្គការ NPA បាន​ចូលរួម​ការងារ​សកម្ម​ភាព​មីន​នៅ​កម្ពុជា អស់​រយៈពេល​ជាង​ជាច្រើន​ឆ្នាំ ក្នុងនោះ ​រួមមាន​ការ​បោសសម្អាត​មីន​និង​គ្រាប់បែក​ចង្កោម ការ​លើកកម្ពស់​សមត្ថ​ភាព​ថ្នាក់ជាតិ និង​ការ​បង្ហាត់​សុនខ​ហិត​មីន​នៅ​កម្ពុជា និង​សកម្មភាព​ផ្សេងៗ​មួយចំនួនទៀត​។​​ជាមួយគ្នានេះ លោកស្រី Portia Stratton បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ឆន្ទៈ និង​គោលដៅ​ច្បាស់លាស់ ដើម្បី​ដោះស្រាយ​នូវ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សម្រាប់​ប្រទេសជាតិ និង​ប្រជាជន​កម្ពុជា​។ លោកស្រី បាន​បង្ហាញ​អំពី​ការតាំង​ចិត្ត​របស់ រាជរដ្ឋាភិបាល និង​ប្រជាជន​ន័​រវេ​ស្ស តាមរយៈ​អង្គការ NPA នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​អាជ្ញាធរ​មីន ក្នុង​ការងារ​បោសសម្អាត​មីន​មនុស្សធម៌ ស្របតាម​គោលដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គ្មាន​មីន​នៅ​ឆ្នាំ​២០២៥​។​​ជាការ​កត់សំគាល់ ចាប់តាំងពី​ឆ្នាំ​១៩៩២ ដល់​បំណាច់​ខែ​មិថុនា ឆ្នាំ​២០២០​នេះ ផ្ទៃដី​ប្រមាណ​ជាង​២​ពាន់ គីឡូម៉ែត្រ​ក្រឡា ត្រូវ​បាន​បោសសម្អាត​ដោយ​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ ដោយ​ក្នុងនោះ ​រក​ឃើញ​ និង​កម្ទេច​ចោល​មីន​ប្រឆាំង​មនុស្ស​មាន​ជាង​១​លាន​គ្រាប់ មីន​ប្រឆាំង​រថក្រោះ​ជាង​២​ម៉ឺន​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ជាង​២​លាន​គ្រាប់​៕ ​អត្ថបទ​៖​ទូច សោភ័ណ

អគ្គស្នងការ​នគរបាល​ជាតិ ក្រើនរំលឹក​ដល់​មន្ត្រី​នគរបាល​ទាំងអស់ ​ត្រូវ​អនុវត្ត​តួនាទី ភារកិច្ច និង​គោរព​វិន័យ​ជាដាច់ខាត

2021/04/27 02:59:58 am        15
កំពង់ធំ​៖ អគ្គស្នងការ​នគរបាល​ជាតិ​ក្រើនរំលឹក​ដល់​មន្ត្រីនគរបាល​ទាំងអស់ ​ត្រូវ​អនុវត្ត​តួនាទី ភារកិច្ច និង​គោរព​វិន័យ​របស់​កងកម្លាំង​ជាដាច់ខាត ព្រោះ​នគរបាល​គ្រប់រូប​ជា​កម្លាំង​ស្នូល​មួយ ក្នុង​ការ​ជួយ ថែ​រក្សាសុខ​សុវត្ថិភាព​ក្នុង​សង្គម ព្រមទាំង​ជួយ​កាត់បន្ថយ​សេចក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ទូទៅ​។​​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​លោក ម៉ែន លី ជា​ស្នងការ​នគរបាល​ខេត្តកំពង់ធំ នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០​ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិបណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ក្រើនរំលឹក​ដល់​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវតែ​អនុវត្ត​តួនាទី​ភារកិច្ច​របស់ ខ្លួន​ជាដាច់ខាត ដើម្បី​ថែរក្សា​សុខ​សុវត្ថិភាព និង​នាំមក​នូវ​ភាព​ជោគជ័យ​សម្រាប់​អង្គ​ទាំងមូល​។ ឯកឧត្ដម​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្ដិ​បណ្ឌិត បន្តថា ការអនុវត្ត​បានល្អ​ប្រសើ​រ​នូវ​តួនាទី​ភារកិច្ច​ទាំងអស់ នេះ នឹង​ធ្វើ​ឲ្យ​មន្ត្រី​ទាំងអស់​នៅក្នុង​អង្គភាព​អគ្គស្នងការ​នគរបាល​ជាតិ​គ្រប់​លំដាប់ថ្នាក់ លុបបំបាត់ ចោល​វប្បធម៌ “​ក្ដិចត្រួយ​” ក្នុង​ការ​ប្រកួត​ប្រ​ជែក​លើ​មុខដំណែង និង​ឋានន្តរស័ក្តិ ខុសពី​សីលធម៌​វិជ្ជាជីវៈ ព្រមទាំង​វិន័យ​របស់​អង្គភាព​ផង​។ ឋានន្តរស័ក្តិ តួនាទី និង​មុខតំណែង​ដែល​ត្រូវបាន​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ប្រគល់ជូន​គឺជា​តម្លៃ​មិនអាច​កាត់ថ្លៃ​បាន ដែល​ស្តែងចេញ​តាមរយៈ​ការប្រឹងប្រែង​បំពេញការងារ ប្រកបដោយ​ទំនួល​ខុសត្រូវ​! ឈរលើ​ផលប្រយោជន៍​រួម​របស់​ប្រទេសជាតិ ប្រជាពលរដ្ឋ រួមជាមួយ​អង្គភាព​សាមី​ផងដែរ​។​​ឯកឧត្តម​បន្ថែមថា កង្វល់​បច្ចុប្បន្ន ដែល​ត្រូវ​ឲ្យ​មន្ត្រីនគរបាល​គ្រប់​រាជធានី​ខេត្ត​ត្រូវអនុវត្ត​បន្ទាន់ ដូច​ភ្លៀង រលឹម​នោះ គឺ ១.​ការបង្ក្រាប​គ្រឿងញៀន​ឲ្យ​ដល់​ឫសគល់ (​មេក្លោង​ជួញដូរ​), ២.​ការអនុវត្តន៍​ឲ្យ​បាន ម៉ឺង​មាត់​ដោយ​មិន​មាន​ការលើកលែង បក្សពួក និង​ឋានៈ​ក្នុង​សង្គម និង​៣. អំពើ​ហិង្សា​ដែល​តែងតែ​កើត​ឡើងលើ​បងប្អូន​ប្រជាពលរដ្ឋ​។ហើយ​កង្វល់​ទាំងបី​នេះ​ត្រូវ​ចាត់ទុកថា ជា​កង្វល់​យើង​ទាំងអស់គ្នា មិនត្រូវ​ដាក់បន្ទុក​តែ​លើ​កងកម្លាំង មន្ត្រីរាជការ ឬ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ឡើយ​! ប៉ុន្តែ​ត្រូវ​រួមគ្នា​ដោះស្រាយ រួមគ្នា​ធ្វើ​ទាំងអស់គ្នា​ដើម្បី​កម្ពុជា​ទាំងមូល​មាន​ភាពសុខសាន្ត និង​រីកចម្រើន​។ ឯកឧត្ដម​សង្កាត់​ធ្ងន់​ថា បញ្ហា​ចំពោះមុខ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ត្រូវមាន​វិធានការ​ជា​គោល​ទប់ស្កាត់​របស់​ឧបាយកល​ពួក​អមិត្ត ដែល​មានបំណង​បំផ្លាញ​សន្តិសុខ​ជាតិ បំផ្លាញ​សេចក្តី​សុខសាន្ត​របស់​ប្រជាពលរដ្ឋ​ផងដែរ​៕

ពលរដ្ឋ​មាន​ជំងឺ​ឈឺក្បាល​រ៉ាំរ៉ៃ សូម​មក​ពិគ្រោះ​ព្យាបាល​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស

2021/04/27 02:59:58 am        13
ភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត ម៉ប់ សីហា ឯកទេស​វះកាត់​ប្រព័ន្ធ​ប្រសាទ នៃ​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មាន​ជំងឺ​ឈឺក្បាល​រ៉ាំរ៉ៃ សូម​មក​ពិគ្រោះ​ព្យាបាល​ជំងឺ​ជាមួយ​គ្រូពេទ្យ​ឯកទេស​ជៀសវាង​ការប្រើប្រាស់​ថ្នាំ ដោយ​គ្មាន​វេជ្ជបញ្ជា ដើម្បី​វាយ​តម្លៃថា គាត់​មាន​ដុំ​សាច់​ក្នុង​ខួរក្បាល ឬ​អត់​។​​លោក​វេជ្ជបណ្ឌិត បន្តថា ដុំ​សាច់​ក្នុង​ខួរក្បាល គឺជា​ប្រភេទ​ដុំ​សាច់​មួយ ដែល​កើត​ចេញពី​ការលូតលាស់ ភាព​មិន​ប្រ​ក្រ​ដី នៃ​កោសិកា​ប្រព័ន្ធ​ប្រសាទ ឬក៏​កោសិកា​នៅ​ជុំវិញ​ប្រព័ន្ធ​ប្រសាទ ដែល​វា​លុកលុយ​ដល់​ដុំ​សាច់​ខួរក្បាល​។ ជាទូទៅ​ប្រជាពលរដ្ឋ​ស្គាល់​ដុំ​សាច់​នៅ​ក្នុង​ខួរក្បាល​បាន គឺ​ដុំ​សាច់​នោះ មាន​០២​ប្រភេទ ដុំ​សាច់​ស្លូត (​គ្រូពេទ្យ​វះកាត់​ព្យាបាល​ឲ្យ​ជាសះស្បើយ​បាន​១០០% ប៉ុន្តែ​លុះត្រាតែ​អ្នកជំងឺ​នោះ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ទាន់​ពេលវេលា​) និង​ដុំ​សាច់​កាច (​គឺជា​ទូទៅ​ដែល​យើង​ទាំងអស់គ្នា​ស្គាល់​ថា មហារីក​ខួរក្បាល ទោះបី​ធ្វើការ​វះកាត់​ព្យាបាល​រួចរាល់ ក៏​អ្នកជំងឺ​មិនអាច​មានជីវិត​រស់នៅ​បាន​យូរ​ដែរ​)​។​ដុំ​សាច់​ក្នុង​ខួរក្បាល កើត​ឡើងលើ​មនុស្ស​គ្រប់​វ័យ​ទាំងអស់ តាំងពី​កើតមក រហូតដល់​គាត់​ស្លាប់​។ ប៉ុន្តែ​ យើង​ចែក​ចេញ​ក្រុម​អាយុ ជា​២ គឺ​ជំងឺ​ដុំ​សាច់​ចំពោះ​កុមារ និង​ជំងឺ​ដុំ​សាច់​ចំពោះ​មនុស្ស​ធំ​។​សម្រាប់​អ្នកជំងឺ​ដុំ​សាច់​ក្នុង​ខួរក្បាល គួរ​ជៀសវាង​ការ​បរិភោគ​អាហារ​ខ្លោចៗ និង​បន្លែ​ណា​ដែលមាន​សារធាតុ​គីមី​ច្រើន ហើយក៏​ត្រូវការ​លើកទឹកចិត្ត​ពី​ក្រុម​គ្រួសារ​របស់គាត់ ដើម្បី​ឲ្យ​គាត់​អាច​រស់នៅ​ក្នុង​សង្គម​បានយូរ​ផងដែរ​។​​ជាមួយគ្នា​នោះដែរ ប្រជាពលរដ្ឋ​០២​រូប មាន​ប័ណ្ណ​សមធម៌ ឬ​ហៅថា​ប័ណ្ណ​ក្រីក្រ គឺ​លោក ឌឹ​ម សារ៉ាន់ រស់នៅ​ខេត្តកំពង់ចាម មាន​អាការៈ​ឈឺ​ក្បាល​ស្ទើរ​រាល់ថ្ងៃ ដូច្នេះ ​ទើប​លោក​សម្រេចចិត្ត​មក​ធ្វើការ​ព្យាបាល នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ក្រោយ​ការ​វៈ​កាត់ បាន​ធ្វើ​ឲ្យ​ជំងឺ​របស់លោក​ធូរស្បើយ​ច្រើន​។ ដោយឡែក​អ្នកស្រី ផាន់ សុខុន រស់នៅ​ខេត្តកោះកុង មាន​ជំងឺ​កៀប​សរសៃ​ឆ្អឹងខ្នង អស់​រយៈពេល​៤ ទៅ​៥​ឆ្នាំ​មកហើយ ទោះ​ទៅ​ព្យាបាល​ជំងឺ​នៅ​ម​នី្ទ​រណា​ក៏​អត់​ជាសះស្បើយ​ដែរ លុះដល់​មក​ព្យាបាល​ជំងឺ​នៅ​ក្នុង​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ធ្វើ​ឲ្យ​ជំងឺ​របស់​គាត់​មាន​អាការៈ​ធូរស្បើយ​ច្រើន​។​​ជា​ចុងក្រោយ​លោក​វេជ្ជបណ្ឌិត ម៉ប់ សីហា បាន​ថ្លែងអំណរគុណ​ដល់​លោក​សាស្ត្រាចារ្យ លូ លី​ឃាង នាយ​កម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង ដែល​បាន​ពង្រីក​សេវាកម្ម​បន្ថែម ដើម្បី​ផ្តល់​សេវា​ថែទាំ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់ ម្យ៉ាងទៀត​ម​នី្ទ​រ​ពេទ្យ​ព្រះ​អង្គឌួង បាន​បំពាក់​នូវ​ឧបករណ៍​ទំនើបៗ ដើម្បី​ធ្វើការ​វះកាត់ សម្រាប់​ផ្តល់​សុវត្ថិភាព​ខ្ពស់​ជូន​ប្រជាពលរដ្ឋ​៕​​អត្ថបទ៖ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អគ្គនាយកស៊ីម៉ាក់៖ទាហានឈ្លានពានសៀមប្រើគ្រាប់បែកចង្កោមគឺរំលោភអនុសញ្ញាអន្តរជាតិយ៉ាងធ្ងន់ធ្ងរ
07/25/2025 07:07 PM
ឯកអគ្គរដ្ឋទូត៖ ហ្វីលីពីនសង្ឃឹមទទួលបានការបញ្ចុះអត្រាពន្ធបន្ថែម នៅត្រឹមប្រហែល ១៥%
07/25/2025 07:07 PM
ថៃបដិសេធមិនទទួលយកការសម្របសម្រួលអន្តរជាតិ ដើម្បីបញ្ចប់ជម្លោះជាមួយកម្ពុជា
07/25/2025 07:07 PM
មនុស្ស ៣នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះក្នុងប្លុកអគារផ្ទះល្វែងនៅទីក្រុង Saratov ប្រទេសរុស្ស៊ី
07/25/2025 07:07 PM
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមប្រធានអាស៊ាន ជំរុញឲ្យមានការចរចាសន្តិភាព ដើម្បីបន្ថយភាពតានតឹងរវាងថៃ និងកម្ពុជា
07/25/2025 07:07 PM
វិមានក្រឹមឡាំង៖ លោក Putin និង Zelenskiy អាចជួបគ្នាបាន លុះត្រាតែជាជំហានផ្តាច់ព្រ័ត្រនៃកិច្ចព្រមព្រៀងសន្តិភាព
07/25/2025 07:07 PM
TOP STORY | Prime Minister Hun Manet: "Genuine willingness of the Thai side to accept ceasefire is the first step to solving conflict"
07/25/2025 07:07 PM
ក្រុមហាម៉ាសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចចរចាសន្តិភាព បន្ទាប់ពីរងការរិះគន់ពីបេសកជនអាមេរិក
07/25/2025 07:07 PM
កងទ័ពជើងទឹករុស្ស៊ីធ្វើសមយុត្ធទ្រង់ទ្រាយធំបាញ់គ្រាប់ពិតចេញពីមហាសមុទ្រប៉ាស៊ីហ្វិកទៅកាន់សមុទ្របាល់ទិក
07/25/2025 07:07 PM
រុស្សីបានបន្តប្រើប្រាស់យន្តហោះ An-24 អាយុកាលជិត ៥០ឆ្នាំ ខណៈវាធ្លាក់ស្លាប់មនុស្សទាំងអស់
07/25/2025 07:07 PM