លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ ការវិនិយោគរបស់បារាំងបានរួមចំណែកដល់ការបង្កើតការងារ និងផ្ទេរជំនាញដល់កម្ពុជា

2024/07/08 04:34:39 pm        211
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការវិនិយោគរបស់បារាំងនៅប្រទេសកម្ពុជា គឺបានរួមចំណែកបង្កើតការងារ និងផ្ទេរនូវជំនាញជាច្រើនដល់ប្រជាជនកម្ពុជា ហើយតាមរយៈការបើកនូវវេទិការធុរកិច្ចរវាងកម្ពុជា និងបារាំងនាពេលនេះ ក៏រំពឹងថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាន់តែរីកធំធាត់បន្ថែមទៀត។ក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ នៅរាជធានីភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា នៅក្នុងចំណោមប្រទេសនៅតំបន់សហគមន៍អឺរ៉ុប-បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយកម្ពុជា ជាក់ស្តែង កាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើង ដល់ជាងប្រាំរយលានដុល្លារអាមេរិក។នៅក្នុងពិធីនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំពឹងផងដែរថា ធុរជនបារាំងនឹងមើល​ឃើញ​នូវកាលានុវត្តភាពកម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា ក្រោយភាគីទាំងពីរ​បានបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នេះ។ ក្នុងអង្គវេទិការ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអញ្ជើញអ្នកវិនិយោគរបស់បារាំង មកឈ្វេងយល់ និងសិក្សាមើលឱកាសវិនិយោគនៅកម្ពុជា ឲ្យកាន់តែច្រើនបន្ថែមទៀតផងដែរ។សូមបញ្ជាក់ថា ទំហំ​ផ្លាស់ប្ដូរ​ពាណិជ្ជកម្មរវាងកម្ពុជា និងបារំាងមានចំនួន ១៣៦៣លានអឺរ៉ូ កាល ពីឆ្នាំ២០២៣កន្លងទៅ ក្នុងនោះ ការនាំចេញរបស់បារាំងមកកម្ពុជា កាលពីឆ្នាំ២០២៣ បានកើនឡើង​យ៉ាងខ្លាំងពោលគឺរហូតដល់៣១ភាគរយបើធៀប នឹងឆ្នាំ២០២២។ ចំណែកការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសបារាំងវិញ មានទំហំទឹកប្រាក់ ១១៩២លានអឺរ៉ូ កាលពីឆ្នាំ២០២៣។ បច្ចុប្បន្នបារាំងមានក្រុមហ៊ុន ដែលកំពុងដំណើរការនៅកម្ពុជា មានចំនួន៤០០ក្រុមហ៊ុន នៅក្នុងទំហំទឹកប្រាក់ប្រមាណ ៦៥០ លានអឺរ៉ូ៕ អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញ បើកវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ ឆ្នាំ២០២៤

2024/07/08 04:08:59 pm        241
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២ ឆ្នាំ២០២៤ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ឆ្នាំ២០២៣ កម្ពុជាទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានចំនួន ២៦៨ គម្រោង និងគិតជាទឹកប្រាក់មានចំនួនជិតប្រាំពាន់លានដុល្លារ។ គម្រោងវិនិយោគនេះបានបង្ហាញឱ្យឃើញថា កម្ពុជាគឺជាប្រទេសដែលមានការបោះទុនវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេ ក្នុងចំណោមប្រទេសអភិវឌ្ឍតិចតួច។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំពឹងថា ធុរជនបារាំងនឹងមើលឃើញនូវ​កាលានុវត្តភាព​កម្ពុជាកាន់តែច្រើនបន្ថែមទៀត ក្នុងការវិនិយោគនៅកម្ពុជា ក្រោយភាគីទាំងពីរបានបើកវេទិកាធុរ កិច្ចកម្ពុជា-បារាំងលើកទី២នេះ។-សម្តេចធិបតី បានប្រកាសថា នៅក្នុងចំណោមប្រទេសនៅតំបន់សហគមអឺរ៉ុប-បារាំង គឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយជាមួយកម្ពុជា ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់ជាងប្រាំរយលានដុល្លារអាមេរិក។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បើទោះបីជាស្ថានភាពរបស់ពិភពលោក មិនប្រក្រតីតែកម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួនយ៉ាងប្រសើរ ដោយទទួលបាននូវ លំហូរវិនិយោគពីបរទេសជាបន្តបន្ទាប់ រហូតដល់សព្វថ្ងៃនេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញវិនិយោគិនបារាំងទាំងអស់ មកទស្សនកិច្ច និងសិក្សាស្វែងយល់ឱកាសវិនិយោគនៅកម្ពុជា ខណៈសម្ដេចសង្ឃឹមថា តាមរយៈវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២នៅថ្ងៃនេះ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញវិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាបន្ថែមទៀត។ សម្ដេចធិបតីបន្ថែមថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការរង់ចាំស្វាគមន៍វិនិយោគិនទាំងអស់ រួមទាំងការសម្របសម្រួលនីតិវិធីនានាដល់វិនិយោគិនទាំង អស់ ដែលមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជាបានក្លាយជាបេក្ខភាពទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី(បណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង)។ កិច្ចប្រជុំកំពូលនេះ នឹងរៀបចំធ្វើនៅទឹកដីអង្គរ ខេត្តសៀមរាប។

ការព្យាករ៖ គណបក្សឆ្វេងនិយម ឈ្នះការបោះឆ្នោតសភាជុំទីពីរនៅប្រទេសបារាំង

2024/07/08 03:43:30 pm        162
ប្រទេសបារាំង ប្រឈមមុខនឹងលទ្ធភាពនៃការជាប់គាំងនយោបាយ បន្ទាប់ពីការបោះឆ្នោតសភាជុំទី២ កាលពីថ្ងៃអាទិត្យ (០៧ កក្កដា) បានធ្វើឱ្យសភាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ដោយក្រុមសម្ព័ន្ធភាពគណបក្សឆ្វេងនិយម នាំមុខក្នុងការបោះឆ្នោតដោយនឹកស្មានមិនដល់ ហើយត្រូវបានគេរំពឹងថានឹងកាន់កាប់ចន្លោះពី ១៧៥ អាសនៈទៅ ២០៥ អាសនៈក្នុងរដ្ឋសភា នេះបើយោងតាមការព្យាករ ប៉ុន្តែមិនមានក្រុមណាឈ្នះសំឡេងភាគច្រើនឡើយ។ការព្យាករលទ្ធផលបោះឆ្នោតបានបង្ហាញថា អ្នកបោះឆ្នោតបានផ្តល់នូវជំហានថយក្រោយដ៏ធំមួយសម្រាប់គណបក្សស្ដាំនិយមជ្រុល រួបរួមកម្លាំងជាតិ (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ដែលឈរនៅលេខរៀងទី៣ ហើយនឹងទទួលបានត្រឹមតែ ១១៥ ទៅ ១៥០ អាសនៈប៉ុណ្ណោះ។លទ្ធផលនេះក៏ជាការវាយប្រហារមួយសម្រាប់ប្រធានាធិបតីកណ្តាលនិយម លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលក្រុមចម្រុះរបស់លោកឈរនៅលេខរៀងទីពីរ ជាមួយនឹងលទ្ធភាពទទួលបានពី ១៥០ ទៅ ១៧៥អាសនៈ។ លោក ម៉ាក្រុង នឹងស្ថិតនៅជាមួយសភាដែលបែកបាក់ខ្លាំងនៅក្នុងអ្វីដែលត្រូវបានកំណត់ថានឹងធ្វើឱ្យតួនាទីរបស់បារាំង ចុះខ្សោយនៅក្នុងសហភាពអឺរ៉ុប និងកន្លែងផ្សេងទៀតនៅបរទេស ហើយធ្វើឱ្យមានការលំបាកសម្រាប់មេដឹកនាំណាម្នាក់ក្នុងការជំរុញរបៀបវារៈក្នុងស្រុក។ មិនមានគណបក្សណាមួយនឹងទទួលបានការគាំទ្រភាគច្រើនដាច់នៃចំនួនកៅអី ២៨៩ អាសនៈក្នុងសភាជាតិបារាំង ដែលមានសមាជិកចំនួន ៥៧៧ រូបនោះទេ។ ការបោះឆ្នោតនេះនឹងធ្វើឱ្យសភាត្រូវបែងចែកជាបីក្រុមធំៗគឺ ឆ្វេងនិយម កណ្តាលនិយម និងស្តាំនិយមជ្រុល ជាមួយនឹងទស្សនៈនយោបាយខុសគ្នាយ៉ាងខ្លាំង និងពុំមានទម្លាប់ធ្វើការជាមួយគ្នា៕

ព្រះករុណាព្រះមហាក្សត្រ ផ្ញើព្រះរាជសារអបអរសាទរខួប៧ឆ្នាំ ការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកចូលអង្គការ UNESCO

2024/07/08 03:37:25 pm        310
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារ អបអរសាទរខូបជាប្រវត្តិសាស្ត្រ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកអង្គការUNESCO (០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២៤)។នៅក្នុងព្រះរាជសារព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា «នៅក្នុងឱកាសខួបជាប្រវត្តិសាស្ត្រ ៧ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជា សម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងទៅ ដោយអង្គការយូណេស្កូ (UNESCO) ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមាដ៏ជ្រាលជ្រៅ សូមចូលរួមអបអរសាទរជាមួយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គ និងជនរួមជាតិទាំងអស់ ជាទីនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត»។ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា«ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមកោតសរសើរដ៏ស្មោះចំពោះការចុះបញ្ជីតំបន់ប្រាសាទសំបូរ ព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលជាសម្បត្តិវប្បធម៌ជាតិ និងសកលលោក ឱ្យបានស្ថិតស្ថេរគង់វង្សនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ទូលព្រះបង្គំខ្ញុំ ព្រះករុណាខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះ ព្រះរាជតម្រិះ ព្រះករុណាព្រះមហាវីរត្រ ព្រះវររាជបិតាជាតិខ្មែរ «ព្រះបរម រតនកោដ្ឋ » ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយក​ព្រះទ័យទុក​ដាក់ជានិច្ចកាលក្នុងការថែរក្សាសម្បត្តិវប្បធម៌ជាតិក្នុងមួយព្រះជន្មព្រះអង្គ និងក្រោមការដឹកនាំ​ប្រកបដោយគតិបណ្ឌិត់ដ៏ឈ្លាសវ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន ជាប្រមុខ និងបន្តបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បើកនូវទំព័រ ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលពិភពលោកព្រមទទួលស្គាល់នូវសម្បត្តិវប្បធម៌ ប្រវត្តិសាស្ត្រជាកេរដំណែល ដ៏ឆ្នើមនៃបុព្វបុរសខ្មែរបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយដើម្បីថែរក្សាបន្ត ។តាមរយៈព្រះរាជសារនេះព្រះករុណាព្រះមហាក្សត្រព្រះអង្គ ក៏បានមានព្រះរាជបន្ទូលប្រកាស សូមថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ និងការគាំទ្រជាខ្លាំង ចំពោះអាជ្ញាធរជាតិសំបូរព្រៃគុក និងគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិ សាស្ត្រសំបូរព្រៃគុក « ICC/ANGKOR-SAMBOR PREI KUK» និងការថែទាំបន្ត ដែលដឹកនាំដោយសហប្រធាន ជាតំណាងនៃសាធារណរដ្ឋបារាំង និងប្រទេសជប៉ុន ព្រមទាំងដៃគូកិច្ចសហប្រតិបត្តិការ​ទាំងអស់​ផងដែរ។ជាមួយគ្នានោះដែរព្រះអង្គក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រសិទ្ធពរជ័យ បវរសួស្តី ថ្វាយ-ប្រគេន សម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងជនរួមជាតិទាំងអស់ សូមប្រកបតែនឹងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕អត្ថបទបាន ចក់

សារព័ត៌មាន KCNA ៖ ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង គឺលោកស្រី គីម យ៉ូចុង ហៅសមយុទ្ធកូរ៉េខាងត្បូងថាជាការបង្កហេតុ

2024/07/08 03:25:20 pm        206
យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA នៅថ្ងៃចន្ទ ទី ៨ ខែកក្កដា នេះ -លោកស្រី គីម យ៉ូ ចុង (Kim Yo Jong ) ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា សមយុទ្ធយោធានាពេលថ្មីៗនេះរបស់កូរ៉េខាងត្បូងនៅជិតព្រំដែនរវាងប្រទេសទាំងពីរគឺជាការបង្កហេតុដែលមិនអាចលើកលែងបាន និងច្បាស់លាស់ ។លោកស្រី គីម បាននិយាយថា ក្នុងករណីដែលកូរ៉េខាងជើងវិនិច្ឆ័យអធិបតេយ្យភាពរបស់ខ្លួនថាបានរំលោភបំពាន កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ នឹងបំពេញបេសកកម្ម និងកាតព្វកិច្ចភ្លាមៗ ស្របតាមរដ្ឋធម្មនុញ្ញរបស់ខ្លួន។យោធាកូរ៉េខាងត្បូងបានបន្តធ្វើសមយុទ្ធកាំភ្លើងធំបាញ់គ្រាប់ពិតនៅជិតព្រំដែនសមុទ្រភាគខាងលិចកាលពីចុងខែមិថុនា ជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៨ មក ។ កាលពីខែមុន កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងផ្អាកកិច្ចព្រមព្រៀងយោធាដែលបានចុះហត្ថលេខាជាមួយកូរ៉េខាងជើងក្នុងឆ្នាំ ២០១៨ បំណងបន្ធូរបន្ថយភាពតានតឹង ក្នុងការតវ៉ាប្រឆាំងនឹងការបាញ់បង្ហោះបាឡុងផ្ទុកសំរាមរបស់កូរ៉េខាងជើងចូលទៅកាន់កូរ៉េខាងត្បូង៕

សមាជិកសភាជាន់ខ្ពស់មួយចំនួននៃគណបក្សប្រជាធិបតេយ្យនិយាយថា លោក Biden គួរតែបោះបង់ចោលការប្រជែងតំណែងអាណត្តិថ្មី អំឡុងជំនួបថ្នាក់ដឹកនាំតាមទូរស័ព្ទ

2024/07/08 03:19:00 pm        159
យោងតាមប្រភពដឹងពីការសន្ទនាតាមទូរស័ព្ទ សមាជិកសភាគណបក្សប្រជាធិបតេយ្យកាន់តែច្រើន បានប្រាប់មេដឹកនាំសភាសំឡេងភាគតិចលោក ហេឃីម ជេហ្វ្រីស (Hakeem Jeffries) ក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតី Joe Biden ចាំបាច់ត្រូវដើរចេញពីយុទ្ធនាការឆ្នាំ ២០២៤នេះ ។ លោក ជេហ្វ្រីស បានអំពាវនាវឲ្យទទួលយកសម្ពាធពីសមាជិកថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួន បន្ទាប់ពី ការជជែកដេញដោលដ៏គួរឱ្យសោកស្ដាយរបស់លោក Biden កាលពីខែមុន។ ជំនួបតាមទូរស័ព្ទដែលបានធ្វើឡើងមុនពេលសមាជិកសភាត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញក្នុងសប្តាហ៍នេះ គឺពោរពេញទៅដោយការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប៉ះពាល់ដែលអាចកើតមានចំពោះសន្លឹកឆ្នោតរបស់គណបក្សប្រជាធិបតេយ្យ និងរបៀបដែលរារាំងឱកាសរបស់គណបក្សនេះ ក្នុងការឈ្នះសំឡេងភាគច្រើននៅក្នុងសភា។ ប្រភពពីអ្នកដែលមានវត្តមានក្នុងជំនួបតាមទូរស័ព្ទនោះបានប្រាប់ទូរទស្សន៍ CNN ថា លោក ជេហ្វ្រីស ពុំបានចែករំលែកព័ត៌មានជាមួយក្រុមសមាជិករបស់លោកនោះទេ ជាទីដែលរូបលោកឈរលើសំណួរថាតើ លោកBiden គួរតែបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញឬយ៉ាងណា ។ យោងតាមប្រភពមួយបានឱ្យដឹងថា ចំនួនសមាជិកសភាដែលបាននិយាយយ៉ាងច្បាស់ថាលោក Biden មិនគួរក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ គឺមានច្រើនជាងចំនួនដែលគាំទ្រឱ្យលោកបន្តនៅចូលប្រកួតប្រជែង ៕

សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានៅសហរដ្ឋអាមេរិក ជួបជុំគ្នាប្រារព្ធខួបបក្សលើកទី៧៣ឆ្នាំ

2024/07/08 02:50:42 pm        348
យុវជន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុករដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី ព្រមជាមួយសហការី នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក បានធ្វើការជួបជុំគ្មានាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រារព្ធពិធីខួបលើកទី៧៣ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា (១៩៥១-២០២៤)នៅទីក្រុងហ្វីឡាដ៉ាព្យា។ថ្លែងនៅក្នុងកម្មវិធីជួបជុំនោះ លោក នង គន្ធាវី ប្រធានក្រុមការងារទទួលបន្ទុករដ្ឋផេនស៊ីវេនញ៉ា និងរដ្ឋញូវជេស៊ី បានលើកឡើងថា ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។លោក នង កន្ធាវី បានលើកឡើងទៀតថាគណបក្សដែលបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាមួយនេះ គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។លោកក៏បានលើកឡើងផងដែរថា ក្នុងរយៈពេលជាង៤០ឆ្នាំក្នុងការដឹកនាំរាជរដ្ឋាភិបាល ក្រោយវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត មកនេះគណបក្សប្រជាជនកម្ពុជា​បានដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន។សូមបញ្ជាក់ថា នៅក្នុងកម្មវិធីជួបជុំនោះ យុវជន និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា បានប្រកាសប្តូរផ្តាច់ដង្ហែរ និងស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជាជារៀងរហូតផងដែ ហើយមួយ វិញទៀតបងប្អូនក៏បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវគម្រោងព្រែកជីកហ្វូណនតេជោផងដែរ៕អត្ថបទបាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខួបលើកទី១៦ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

2024/07/08 01:44:40 pm        176
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ ២០២៤ បានផ្ញើសារអបអរសាទរ ខួបលើកទី១៦ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៤)។តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក គឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា និងមានឈ្មោះដើមថា “ឦសានបុរៈ" ​សព្វថ្ងៃស្ថិតនៅក្នុងភូមិសាស្ត្រស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានកសាងឡើង​នៅ​ចុងសតវត្សរ៍​ទី​៦ ដល់សតវត្សរ៍ទី៨ ក្នុង​រជ្ជកាល​ស្តេចឥសាន​វរ្ម័ន ដោយបែង​ចែក​ជា​បី​ក្រុម​សំខាន់ៗ រួមមាន៖ ​ទី១. ក្រុម​ប្រាសាទសំបូរ(ខាងជើង) ទី២​. ក្រុម​ប្រាសាទកណ្តាល​(ប្រាសាទតោ) និងទី៣. ​ក្រុម​ប្រាសាទ​ខាងត្បូង (ប្រាសាទយាយព័ន្ធ ឬនាគព័ន្ធ) ។នាថ្ងៃ​ទី៨ ខែកក្កដា ឆ្នាំ២០១៧ តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវ​បាន​សម្រេច​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិក​ភណ្ឌ​ពិភព​លោក នៅ​ទីក្រុងក្រាកូវ ប្រទេស​ប៉ូឡូញ ។"កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប"

ដាំកូនឈើ១,០០០ដើម នៅរមណីយដ្ឋានអង្គរដើម្បី អបអរសាទរខួបរុក្ខទិវាជាតិ៩កក្កដា ២០២៤

2024/07/08 12:22:43 am        456
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ កាកបាទក្រហមកម្ពុជា សហការជាមួយអាជ្ញាធរជាតិអប្សរា បានប្រារព្ធយុទ្ធនាការដាំដើមឈើ ចំនួន១,០០០ដើម អបអរសាទរខួប រុក្ខទិវាជាតិ ៩កក្កដា ២០២៤ ក្រោមប្រធានបទ " ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព" នៅតាមបណ្ដោយវិថីព្រះនរោត្តមសីហមុនី ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។ អញ្ជើញជាអធិបតីនាឱកាសនោះមាន ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ឯកឧត្តម ឡុង កុសល អគ្គនាយករងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា មានព្រមទាំងវត្តមាន លោក លោកស្រី ប្រធានឬតំណាងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកអាជ្ញាធរជាតិអប្សរា និងសមាជិក សមាជិកានៃគណៈកម្មាធិការកាកបាទ​ក្រហមកម្ពុជា មកពីសាខា ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារផងដែរ។ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា អាជ្ញាធរជាតិអប្សរា មានសេចក្តីសោនមស្សរីករាយក្នុងការផ្តល់នូវកិច្ចសហការ និងការរៀបចំទីតាំង ព្រមទាំងកូនឈើ​ក្នុងព្រឹត្តិការណ៍នេះ។ ព្រៃឈើ ​និងធម្មជាតិនៅជុំវិញគឺជាផ្នែកមួយដែលពុំអាចកាត់ផ្តាច់​បានពី​ប្រាសាទ ដូចនេះ ការការពារ ការថែរក្សា និងការបង្កើនឡើងវិញ​នូវព្រៃឈើគឺជាអទិភាពមួយ​ក្នុងចំណោមអទិភាពជាច្រើន។ ជាក់ស្តែង តាំងពីឆ្នាំ២០០៤មក ដល់បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា បានដាំកូន​ឈើឡើងវិញបានចំនួនប្រមាណ២លានដើមរួចមកហើយ។ទន្ទឹមនេះ ​ក៏មានការចែកជូនកូនឈើ​ ដោយមិនគិតថ្លៃ ទៅដល់ស្ថាប័នរដ្ឋ វិស័យឯកជន និង​ប្រជាពលរដ្ឋទូទៅយកទៅដាំដុះបន្ត ក្នុងន័យ​ដើម្បីពង្រីកនូវគម្របព្រៃឈើបន្ថែមក្នុង​ទូទាំង​ប្រទេសកម្ពុជា។ ឯកឧត្តម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាលកាកបាទក្រហមកម្ពុជា មានប្រសាសន៍ថា យុទ្ធនាការដាំកូនឈើ១,០០០ដើម អបអរសាទរខួបលើកទី៧២ រុក្ខទិវា៩កក្កដា ២០២៤ ក្រោមប្រធានបទ " ព្រៃឈើ ដើម្បីប្រជាជន និងការអភិវឌ្ឍដោយចីរភាព" បានសបញ្ជាក់ពីសេចក្តីស្រឡាញ់ ឆន្ទៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមថែរក្សាបរិស្ថាន ព្រៃឈើឱ្យបានគង់វង្ស​ ដើម្បីសុខុមាលភាពរបស់មនុស្សជាតិ។ ឯកឧត្តមថា យុទ្ធនាការនេះ មិនមែនជាលើកទីមួយឡើយ កន្លងមកកាកបាទក្រហមកម្ពុជា បាន​ដាំដើមឈើជាបន្តបន្ទាប់ ក្នុងនោះ​ឧទ្យានសហសវត្សរ៍របស់កាកបាទក្រហមកម្ពុជា ​មានដើមឈើ​តូចធំជាច្រើន​ បានក្លាយជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថាន​ក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ។ជាមួយគ្នានេះឯកឧត្តម ក៏បានថ្លែងអំណរគុណ អាជ្ញាធរជាតិអប្សរា និងស្ថាប័នពាក់ព័ន្ធ​ចំពោះកិច្ចការ​សម្របសម្រួលផ្តល់ទីតាំង ​ក៏ដូចជាកូនឈើសម្រាប់ដាំ នៅក្នុងយុទ្ធនាការដាំកូន​ឡើងវិញ អបអរសាទរខួបលើកទី៧២​ រុក្ខទិវា៩ កក្កដា ២០២៤៕

អាជ្ញាធរអគ្គិសនីកម្ពុជា៖ បរិក្ខារប្រើប្រព័ន្ធពន្លឺព្រះអាទិត្យ ដែលមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនីមិនត្រូវចុះបញ្ជីនោះទេ

2024/07/08 12:14:26 am        286
ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា ចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការធ្វើស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល ដោយបញ្ជាក់ថា បរិក្ខារប្រើប្រព័ន្ធពន្លឺព្រះអាទិត្យមិនភ្ជាប់ជាមួយបណ្តាញអគ្គិសនីមិនត្រូវចុះបញ្ជីនោះទេ។ យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ដោយសង្កេតឃើញថា សាធារណជនមួយចំនួន​បាន​សម្ដែង​នូវការព្រួយបារម្ភ ​អំពីការ​គ្រប់គ្រងរបស់អាជ្ញាធរអគ្គិសនីកម្ពុជាលើប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលនេះ ជាពិសេស​ប្រជាពលរដ្ឋដែលកំពុងប្រើប្រាស់តាមលក្ខណៈគ្រួសារ ឬបរិក្ខារក្នុងគេហដ្ឋាននោះ អាជ្ញាធរអគ្គិសនីកម្ពុជា បញ្ជាក់ថា ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូលដែលត្រូវចុះបញ្ជី និងធ្វើការគ្រប់គ្រងខាងលើនេះ មិនសំដៅលើការដំឡើង បរិក្ខារប្រើថាមពលពន្លឺព្រះអាទិត្យដែលមិនភ្ជាប់នឹងខ្សែបណ្តាញផ្គត់ផ្គង់អគ្គិសនីសាធារណៈ ដូចជា អំពូល បំភ្លឺ ឬហ្វាប្រើពន្លឺព្រះអាទិត្យ ម៉ាស៊ីនបូមទឹកប្រើពន្លឺព្រះអាទិត្យ ឆ្នាំងចម្អិនប្រើពន្លឺព្រះអាទិត្យ និងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមផ្ទះដែលដំឡើងប្រើដោយឡែកមិនពាក់ព័ន្ធ​ជាមួយប្រព័ន្ធ​បណ្តាញជាតិឡើយ។ផ្ទុយទៅវិញស្វ័យប្រកាសអំពីការដំឡើង និងការប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យលើដំបូល ក្នុងនោះ​ប្រព័ន្ធពន្លឺ​ព្រះអាទិត្យ​លើដំបូលដែលភ្ជាប់ជាមួយប្រព័ន្ធបណ្តាញជាតិនេះ ​តម្រូវឱ្យមានការចុះបញ្ជី ការគ្រប់គ្រងបញ្ហាបច្ចេកទេស បញ្ហាគុណភាព ​និងបញ្ហាសុវត្ថិភាពឱ្យបានច្បាស់លាស់​ ពីព្រោះថា៖ ទី១.ប្រសិនបើគ្មានការចុះបញ្ជី ការគ្រប់គ្រង និងត្រួតពិនិត្យបច្ចេកទេសត្រឹមត្រូវ វាអាចនឹង​បណ្តាល​ឱ្យមានករណីជ្រាបចរន្តអគ្គិសនីត្រលប់មកខ្សែបណ្តាញផ្គត់ផ្គង់វិញ ពេលផ្តាច់ចរន្តអគ្គិសនី​លើបណ្តាញ ដើម្បីធ្វើការ​ជួសជុល​ខ្សែបណ្តាញនានា​ដែលនៅលើបង្គោលអគ្គិសនី រួមមាន ខ្សែបណ្តាញរបស់អគ្គិសនីកម្ពុជាផ្ទាល់ ទូរគមនាគមន៍ Internet ទូរទស្សន៍ អាចបង្កជាគ្រោះថ្នាក់​ដល់អាយុ ជីវិតរបស់អ្នកជួសជុលបណ្តាញ។ ទី២.ថាមពលពន្លឺព្រះអាទិត្យនេះជាថាមពលដែលគ្មានលំនឹងប្រែប្រួល ឡើងចុះទៅតាមពន្លឺថ្ងៃ បើ​គ្មានការចុះបញ្ជី និងគ្រប់គ្រងច្បាស់លាស់ទេ ​ប្រព័ន្ធបណ្តាញជាតិ​មិនអាចរៀបចំការ​វិនិយោគ​បន្សាប​លំញ័រ​ឱ្យបានសមស្របនោះទេ វានឹងទារឱ្យផ្គត់ផ្គង់មានលំញ័រឡើងចុះប្រើប្រាស់មិនកើត ដែល​ពេលខ្លះទាញប្រព័ន្ធការពាររបស់បណ្តាញផ្គត់ផ្គង់អគ្គិសនីលោតផ្តាច់ការផ្គត់ផ្គង់ ប៉ះពាល់​ដល់អ្នកប្រើប្រាស់អគ្គិសនីដទៃទៀតក៏មាន ​និងទី៣ ថាមពលពន្លឺព្រះអាទិត្យនេះជាថាមពល​ដែល​មានថាមពល​តែពេលមានពន្លឺព្រះអាទិត្យ បើគ្មានការចុះបញ្ជីនិងគ្រប់គ្រងឱ្យដឹងច្បាស់លាស់ទេ ប្រព័ន្ធបណ្តាញជាតិមិនអាចរៀបចំការផ្តុំប្រភពអគ្គិសនី និងការដំឡើងប្រព័ន្ធស្តុកថាមពល ទុក ដើម្បីបំពេញ​កង្វះខាត​ប្រភពថាមពលឱ្យអ្នកប្រើប្រាស់ពេលគ្មានពន្លឺព្រះអាទិត្យ ឬពេលយប់ឡើយ។តាមរយៈសេចក្តីបំភ្លឺរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ​ស្តីពីស្វ័យ​ប្រកាសអំពី“ការដំឡើងនិងការ​ប្រើប្រាស់​ប្រព័ន្ធថាមពល​ពន្លឺព្រះអាទិត្យលើដំបូល” ក្រសួងរ៉ែ និងថាមពល ​បានសហការជាមួយ UNDP រៀបចំ​គោលការណ៍គ្រប់គ្រងប្រព័ន្ធពន្លឺព្រះអាទិត្យ ​លើដំបូល ​ភ្ជាប់ជាមួយប្រព័ន្ធប្រើប្រាស់​អគ្គិសនី​ដែលកំពុងទទួលការ​ផ្គត់ផ្គង់​ពីប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីរបស់​ ប្រព័ន្ធបណ្តាញជាតិ ដោយ​បានធ្វើការពិគ្រោះយោបល់ជាមួយអង្គទូត ដៃគូរអភិវឌ្ឍ និងអង្គការក្រៅ រដ្ឋាភិបាលនានា (NGO)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាល្លឺម៉ង់ និងបារាំង ត្រៀមទប់ទល់ការតវ៉ានៅចុងសប្តាហ៍នេះក្នុងពេលពិធីបុណ្យ Halloween
10/31/2026 10:10 AM
លោកTrump សរសើរពីកិច្ចព្រមព្រៀងប្រេងជាមួយប្រទេសវ៉េណេស៊ុយអេឡា
10/31/2026 10:10 AM
ជនជាតិឥណ្ឌូនេស៊ី ៧២នាក់ ពាក់ព័ន្ធនឹងOnline Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
10/31/2026 10:10 AM
អ៊ីរ៉ង់៖ ខ្លួននឹងមិនបោះបង់ចោលការគ្រប់គ្រងនៅច្រកសមុទ្រ Hormuz ឡើយ
10/31/2026 10:10 AM
កងទ័ពប៉ាគីស្ថានមានសុទិដ្ឋិនិយមយ៉ាងប្រុងប្រយ័ត្នចំពោះកិច្ចខិតខំសម្របសម្រួលរវាងអាមេរិកនិងអ៊ីរ៉ង់
10/31/2026 09:10 AM
ប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាអំណោយសម្ដេចតេជោ បន្តដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃស្ថានភាពអគារសិក្សាចំនួន ៦ ទីតាំង ក្នុងក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប
10/30/2026 08:10 PM
វត្ថុសិល្បៈចំនួន ១៨ អាយុប្រមាណ ១ពាន់ឆ្នាំ នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ ពី ចក្រភពអង់គ្លេស
10/30/2026 08:10 PM
ក្រសួងអប់រំ បើកវេទិកាជាតិលើកទី៣ ស្តីពីការសិក្សាពេញមួយជីវិត ឆ្នាំ២០២៦
10/30/2026 07:10 PM
ភ្លៀងធ្លាក់ខ្លាំងបង្កជាទឺកជំនន់ដ៏គំហក់នៅតំបន់ភាគខាងជើង និងខាងកើតស៊ីរី សម្លាប់មនុស្ស ៥នាក់ និងមនុស្ស ៥នាក់ផ្សេងទៀតបាត់ខ្លួន
10/30/2026 07:10 PM
ប្រធានាធិបតី៖ ចិន និងអាល្លឺម៉ង់ គួររួមគ្នាលើក​បន្ត​កម្ពស់​សណ្តាប់ធ្នាប់អន្តរជាតិ
10/30/2026 07:10 PM