លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នយោបាយ​ និង ការអភិវឌ្ឍន៍

សារព័ត៌មាន Bloomberg៖ គណបក្សប្រជាធិបតេយ្យអាមេរិក ត្រៀមខ្លួនជាស្រេច ដើម្បីពន្លឿនការតែងតាំងលោក Biden

2024/07/02 06:50:24 pm        254
គណៈកម្មាធិការជាតិប្រជាធិបតេយ្យអាចតែងតាំងលោក Joe Biden ជាផ្លូវការជាបេក្ខជនប្រធានាធិបតីរបស់ពួកគេនៅថ្ងៃទី២១ ខែកក្កដានេះ ក្នុងបំណងដើម្បីបញ្ចប់ការរំពឹងទុកនៃការជំនួសដែលអាចធ្វើទៅបានបន្ទាប់ពីលោកធ្វើមិនបានល្អ ទល់នឹងអ្នកកាន់តំណែងមុនរបស់លោកមកពីគណបក្សសាធារណរដ្ឋគឺលោក Donald Trump ។សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃចន្ទដោយសំអាងប្រភពពីមនុស្សដែលដឹងពីបញ្ហានេះថា គណបក្សប្រជាធិបតេយ្យបានគ្រោងនឹងតែងតាំងលោក Biden នៅមុនសន្និបាតខែសីហារបស់ពួកគេ ប៉ុន្តែពេលវេលាដែលត្រូវបានស្នើឡើងនឹងអនុញ្ញាតឱ្យគណបក្សបញ្ឈប់ការជជែក ក្នុងបក្សនៃការជំនួសរូបលោក និងដើម្បីសម្របសម្រួលបន្ថែមទៀតជុំវិញអ្នកត្រូវតែងតាំងរបស់ ទោះបីជាអ្នកខាងក្នុងបក្សមួយចំនួនអំពាវនាវឱ្យលោកចាកចេញទុកឱកាសឲ្យបេក្ខជនថ្មី បន្ទាប់ពីការធ្វើមិនបានល្អក្នុងការជជែកដេញដោលកាលពីថ្ងៃទី ២៧ ខែមិថុនា។ គណៈកម្មាធិការជាតិប្រជាធិបតេយ្យគ្រោងនឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការជាច្រើននៅចន្លោះថ្ងៃទី ១៦ដល់២១ ខែកក្កដា ដើម្បីបញ្ចប់ច្បាប់ និងនីតិវិធីសម្រាប់ការបោះឆ្នោតតាមOnline។ ថ្លែងទៅកាន់សារព័ត៌មាន Fox News ប្រភពពីគណបក្សប្រជាធិបតេយ្យក៏បានបញ្ជាក់ផងដែរថា នៅថ្ងៃទី២១ខែ កក្កដា គឺជាកាលបរិច្ឆេទដ៏សំខាន់ ដែលនឹងមានរយៈពេលត្រឹមបីថ្ងៃប៉ុណ្ណោះ បន្ទាប់ពី លោក Trump ត្រូវបានគេរំពឹងថានឹងទទួលបានការតែងតាំងពីគណបក្សរបស់លោក។ ការប្រឈមមុខគ្នាលើកដំបូងនៃការបោះឆ្នោតឆ្នាំនេះរវាងលោក Trump និង លោក Biden បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅទីក្រុង Atlanta រដ្ឋ ចចា (Georgia) ។ ក្រុមអ្នកសង្កេតការណ៍នយោបាយបានយល់ស្របយ៉ាងទូលំទូលាយថា ប្រធានាធិបតីអាមេរិកវ័យ៨១ឆ្នាំ រូបនេះ បានបរាជ័យក្នុងការប្រឆាំងនឹងការយល់ឃើញដែលថាលោកមិនមានថាមពល និងស្មារតី ដើម្បីដឹកនាំប្រទេសរយៈពេល ៤ ឆ្នាំទៀតទេ៕

ប្រធានាធិបតីថ្មីប្រទេសប៉ាណាម៉ា ប្តេជ្ញាបង្រ្កាបការធ្វើអន្តោប្រវេសន៍ ដោយមានជំនួយពីទីក្រុងវ៉ាស៊ីនតោន

2024/07/02 06:43:37 pm        101
ប្រធានាធិបតីថ្មី របស់ប្រទេសប៉ាណាម៉ា លោក ចូសេ រ៉ូល មូលីណូ(Jose Raul Mulino) បានចូលកាន់តំណែងកាលពីថ្ងៃចន្ទ ទី១ ខែកក្កដា ដោយបានសន្យាថានឹងទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ដោយរដ្ឋាភិបាលរបស់លោកបានចុះហត្ថលេខាភ្លាមៗលើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីបង្ក្រាបការធ្វើអន្តោប្រវេសន៍ តាមរយៈច្រកឆ្លងកាត់ព្រៃ Darien Gap ដ៏គ្រោះថ្នាក់។នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកជាប្រធានាធិបតី លោក Mulino អាយុ៦៥ឆ្នាំ បានសន្យាថានឹងស្វែងរកជំនួយអន្តរជាតិ ដើម្បីរិះរកដំណោះស្រាយ ជាអ្វីដែលលោកបាននិយាយថាជា «វិបត្តិមនុស្សធម៌ និងបរិស្ថាន»។កាលពីឆ្នាំមុន ជនអន្តោប្រវេសន៍ចំនួន ៥២៩.០០០នាក់ជាកំណត់ត្រាមួយខ្ពស់ បានប្រឈមជីវិតដ៏គ្រោះថ្នាក់ជាញឹកញាប់ នៅក្នុងដៃរបស់អ្នករត់ពន្ធមនុស្ស ដើម្បីឆ្លងកាត់ព្រៃ Darien Gap ជាព្រៃក្រាស់នៅព្រំដែនប្រទេសប៉ាណាម៉ា ជាមួយប្រទេសកូឡុំប៊ី។រដ្ឋាភិបាលរបស់ប្រទេសប៉ាណាម៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្ត្រីការបរទេសថ្មីរបស់ លោក Mulino បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បី អនុញ្ញាតឱ្យមានការបិទមិនឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ឆ្លងកាត់តាមរយៈព្រៃ Darien។ នៅក្នុងកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីសន្តិសុខមហាផ្ទៃសហរដ្ឋអាមេរិក លោក អាឡិចចានដ្រូ ម៉ាយ៉កាស(Alejandro Mayorkas) ជាអ្នកបានមកចូលរួមក្នុងពិធីឡើងកាន់តំណែងរបស់ លោកMulino និយាយថា សហរដ្ឋអាមេរិកបានព្រមព្រៀង ផ្តល់ការចំណាយលើការធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ ដែលចូលមកប្រទេសប៉ាណាម៉ា ដោយខុសច្បាប់។

UN សន្យាបន្តការចូលរួម ជាមួយប្រទេសអាហ្វហ្គានីស្ថាន ដោះស្រាយការរឹតត្បិតលើស្ត្រី និងក្មេងស្រី

2024/07/02 06:40:40 pm        102
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ និយាយថា អង្គការសហប្រជាជាតិ បានប្តេជ្ញាបន្តការចូលរួមរបស់ខ្លួន ជាមួយប្រទេសអាហ្វហ្គានីស្ថាន គ្រប់គ្រងដោយក្រុមតាលីបង់ ដើម្បីដោះស្រាយការរឹតត្បិតលើស្ត្រី និងក្មេងស្រី រួមជាមួយបញ្ហាផ្សេងៗទៀតដែលជាក្តីបារម្ភរបស់អន្តរជាតិ។ អគ្គលេខាធិការរងអង្គគារសហប្រជាជាតិ លោកស្រី Rosemary DiCarlo បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ បន្ទាប់ពីសន្និសីទរយៈពេលពីរថ្ងៃស្តីពីប្រទេសអាហ្វហ្គានីស្ថាន ដែលបានធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា។ក្រុមតាលីបង់ បានបញ្ជូនគណៈប្រតិភូទៅចូលរួមសន្និសីទដឹកនាំដោយអង្គការសហប្រជាជាតិ ជាលើកដំបូង។ បេសកជន មកពីសហរដ្ឋអាមេរិក អឺរ៉ុប ចិន និងប្រទេសជប៉ុន ក៏បានមកចូលរួមផងដែរ។លោកស្រី DiCarlo បានស្វាគមន៍ ការចាប់ផ្តើមកិច្ចពិភាក្សាលម្អិតរវាងក្រុមតាលីបង់ និងសហគមន៍អន្តរជាតិ ហើយបានចាត់ទុកការពិភាក្សាថា ស្មោះត្រង់ និងមានប្រយោជន៍។ក្រុមតាលីបង់ បានរឹតត្បិតយ៉ាងតឹងរ៉ឹងលើសិទ្ធិស្ត្រី ចាប់តាំងពីក្រុមនេះ បានត្រលប់មកកាន់អំណាចវិញនៅឆ្នាំ២០២១។ ក្មេងស្រី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ត្រូវបានរារាំង មិនឱ្យចូលរៀនដល់ថ្នាក់អនុវិទ្យាល័យនោះទេ។ លោកស្រី DiCarlo បាននិយាយថា ដោយដំណើរការឆ្លងកាត់កិច្ចពិភាក្សាទាំងអស់ វាជាការព្រួយបារម្ភយ៉ាងខ្លាំងពីអន្តរជាតិ ពីបេសកជនពិសេស និងពីលោកស្រីផ្ទាល់ ចំពោះការរឹតត្បិតដែលនៅតែបន្ត និងធ្ងន់ធ្ងរ លើស្ត្រី និងក្មេងស្រី។លោកស្រី និយាយថា អង្គការសហប្រជាជាតិ បានប្តេជ្ញាបន្តការចូលរួមរបស់ខ្លួនជាមួយប្រទេសអាហ្វហ្គានីស្ថាន ដើម្បីដោះស្រាយបញ្ហាទាំងនេះ និងបញ្ហាផ្សេងៗទៀត។ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ូឡា មូចាហ៊ីត(Zabihullah Mujahid) ដែលបានចូលរួមក្នុងសន្និសីទ បានបង្ហាញពីជំហរវិជ្ជមាន ក្នុងការចូលរួមកិច្ចចរចានៅជុំបន្ទាប់ទៀត។ប៉ុន្តែលោក បាននិយាយបន្ថែមថា ក្រុមតាលីបង់ នឹងពិនិត្យមើលកិច្ចប្រជុំនីមួយៗដាច់ដោយឡែក ដោ យផ្អែកលើរបៀបវារៈ និងគោលដៅរបស់កិច្ចប្រជុំ។ ការផ្តោតសំខាន់ គឺទៅលើរបៀបដែលសហគមន៍អន្តរជាតិ អាចជំរុញដល់ក្រុមតាលីបង់ ឱ្យបន្តចូលរួមក្នុងកិច្ចសន្ទនា។

លោក Blinken ការពារលោក Biden ដោយនិយាយថា លោកបានស្ដារទំនុកចិត្តជាសកលក្នុងការដឹកនាំរបស់អាមេរិក

2024/07/02 06:37:32 pm        251
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃចន្ទ បានឆ្លើយតបទៅនឹងការរិះគន់លើការអនុវត្តរបស់ប្រធានាធិបតី លោក Joe Biden ក្នុងកម្មវិធីជជែកដេញដោល កាលពីសប្តាហ៍មុន ដោយនិយាយថា គោលនយោបាយរបស់លោក ក្នុងរយៈពេល៣ឆ្នាំកន្លះមកនេះ បានបង្កើនទំនុកចិត្តលើការដឹកនាំរបស់សហរដ្ឋអាមេរិក នៅលើពិភពលោក។ ដោយមានប្រព័ន្ធផ្សព្វផ្សាយនៅទូទាំងពិភពលោក បង្ហាញព័ត៌មានចំពោះការអនុវត្តន៍ជជែកដេញដោលរបស់លោក Biden ជាមួយលោកDonald Trump លោកBlinken ត្រូវបានគេសួរនៅក្នុងព្រឹត្តិការណ៍មួយរបស់វិទ្យាស្ថាន Brookings នូវអ្វីដែល «មិត្ត និងសត្រូវ» នៅជុំវិញពិភពលោកគួរតែដឹងអំពីការដឹកនាំរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់ លោក Biden ។លោក Blinken និយាយថា មនុស្សនៅជុំវិញពិភពលោក កំពុងសម្លឹងមើលនូវអ្វីដែលលោក Biden បានធ្វើ ចាប់តាំងពីលោកចូលកាន់តំណែង ពុំមែនត្រឹមតែមួយយប់នោះទេ ហើយពួកគេពេញចិត្តចំពោះគោលនយោបាយរបស់លោក។ លោក Blinken និយាយថា ពួកគេបានឃើញលោកប្រធានាធិបតី បានវិនិយោគអាមេរិកឡើងវិញ វិនិយោគអាមេរិកឡើងវិញនៅក្នុងពិភពលោក វិនិយោគឡើងវិញនៅក្នុងសម្ព័ន្ធមិត្ត នៅក្នុងភាពជាដៃគូតាមរបៀបដែលពួកគេស្វែងរក និងចង់បាន។ប្រជាជនអាមេរិកជាច្រើន បានបង្ហាញការខកចិត្តចំពោះបេក្ខជនទាំងពីរ បន្ទាប់ពីការជជែកដេញដោលរយៈពេល៩០នាទី កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន នៅលើកញ្ចក់ទូរទស្សន៍ CNN ។ លោក Biden ជាអ្នកកំពុងកាន់តំណែងគណបក្សប្រជាធិបតេយ្យ អាយុ ៨១ ឆ្នាំ សំឡេងរបស់លោកស្អកៗពីជំងឺផ្តាសាយ បាននិយាយជាន់ឃ្លាមួយចំនួន និងបាននិយាយដាច់ៗយឺតៗនៅពេលខ្លះ។ វាជាលើកដំបូង ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលលោក Blinken អ្នកការទូតជាន់ខ្ពស់របស់សហរដ្ឋអាមេរិក និងជាជំនួយការយូរឆ្នាំរបស់ លោក Biden ត្រូវបានគេសួរអំពីការជជែកដេញដោលនោះ។ លោកបាន បញ្ជាក់លើការអនុវត្តរបស់លោក Biden នៅក្នុងការកាន់តំណែងរបស់លោក។ អ្នកគាំទ្ររបស់លោក Biden សង្ឃឹមថា ការជជែកដេញដោលនេះ នឹងបំបាត់ក្តីបារម្ភដែលថាលោកចាស់ពេកសម្រាប់ការកាន់តំណែងមួយអាណត្តិទៀត ប៉ុន្តែផ្ទុយទៅវិញវាពិតជាបានធ្វើឲ្យមានការព្រួយបារម្ភ។ សមាជិកគណបក្សប្រជាធិបតេយ្យមួចំនួន បានអំពាវនាវឲ្យលោក Biden បោះបង់ការប្រជែង ក្នុងការបោះឆ្នោត។

អ្នកវិភាគ៖ សេចក្តីសម្រេចអភ័យឯកសិទ្ធិ អាចប៉ះពាល់នយោបាយអាមេរិក នឹងជាជ័យជម្នះសម្រាប់លោក Trump

2024/07/02 06:21:17 pm        156
សេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក ដែលថា លោក ដូណាល់ ត្រាំ (Donald Trump) មានអភ័យឯកសិទ្ធិសម្រាប់សកម្មភាពផ្លូវការ អាចមានផលប៉ះពាល់យ៉ាងទូលំទូលាយសម្រាប់ប្រព័ន្ធនយោបាយអាមេរិក ការពង្រីកអំណាច និងនិទណ្ឌភាពរបស់ប្រធានាធិបតីនាពេលអនាគត ព្រមទាំងជាការប្រគល់ជ័យជម្នះឱ្យលោក ដូណាល់ ត្រាំ (Donald Trump) នេះបើតាមអ្នកជំនាញផ្នែកច្បាប់បានប្រាប់សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃចន្ទ (០១ កក្កដា)។តុលាការកំពូល បានរកឃើញកាលពីថ្ងៃចន្ទថា លោក ត្រាំ មិនអាចត្រូវបានកាត់ទោសចំពោះសកម្មភាពណាមួយដែលស្ថិតនៅក្នុងអំណាចរដ្ឋធម្មនុញ្ញរបស់លោកក្នុងនាមជាប្រធានាធិបតីនោះទេ ប៉ុន្តែអាចកាត់ទោសបានសម្រាប់សកម្មភាពឯកជនផ្ទាល់ខ្លួន នៅក្នុងសេចក្តីសម្រេចដ៏សំខាន់មួយដែលទទួលស្គាល់ជាលើកដំបូងនូវទម្រង់អភ័យឯកសិទ្ធិរារាំងប្រធានាធិបតីពីការកាត់ទោស។លោកស្រីសាស្ត្រាចារ្យ ឃ្លែរ វូហ្វហ្វដ (Claire Wofford) នៃមហាវិទ្យាល័យ ឆាលស្តុន (Charleston) បាននិយាយថា សេចក្តីសម្រេចនេះនឹងធ្វើឱ្យមានការប្រឈមជាច្រើនសម្រាប់រដ្ឋអាជ្ញាពិសេស លោក ជេក ស្មីត (Jack Smith) ដើម្បីបន្តសំណុំរឿងប្រឆាំងនឹងលោក ត្រាំ។ លោកស្រី វូហ្វហ្វដ បន្ថែមថា សេចក្តីសម្រេចអភ័យឯកសិទ្ធិមានសក្ដានុពល «មិនត្រឹមតែកំណត់ឡើងវិញនូវតំណែងប្រធានាធិបតីប៉ុណ្ណោះទេ» ប៉ុន្តែ «អាចផ្លាស់ប្តូរមុខងារទាំងមូលនៃប្រព័ន្ធអាមេរិក» និងអនុញ្ញាតឱ្យប្រទេសនេះឆ្ពោះទៅរកលទ្ធិផ្តាច់ការ។សាស្ត្រាចារ្យសាលាច្បាប់ ហូហ្វស្រ្តា (Hofstra) លោក ជេមស៍ សេមផល (James Sample) បានប្រាប់សារព័ត៌មានរ៉យទ័រថា តាមរយៈការបង្កើនឧបសគ្គសម្រាប់ការកាត់ទោសដោយជោគជ័យលើលោក ត្រាំ តុលាការបានប្រគល់ «ជ័យជម្នះដល់លោក ត្រាំ ខណៈជិតដល់ទីបញ្ចប់នៃយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤»៕

អ៊ីរ៉ង់ ថ្កោលទោសលោកខាងលិច ដែលអនុញ្ញាតឱ្យមានការយាយីលើអ្នកបោះឆ្នោតអ៊ីរ៉ង់ នៅក្រៅប្រទេស

2024/07/02 06:18:18 pm        71
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក ណាសសឺ ខាណានី (Nasser Kanaani) កាលពីថ្ងៃចន្ទ (០១ កក្កដា) បានថ្កោលទោសយ៉ាងខ្លាំងដល់បណ្ដារដ្ឋាភិបាលលោកខាងលិចមួយចំនួន ចំពោះការអនុញ្ញាតឱ្យ «អ្នករំខាន» មួយចំនួនបំភិតបំភ័យ យាយី និងប្រមាថអ្នកបោះឆ្នោតអ៊ីរ៉ង់នៅក្រៅប្រទេស ក្នុងអំឡុងពេលបោះឆ្នោតប្រធានាធិបតីទី១៤ របស់ប្រទេស។លោកបានធ្វើការលើកឡើងបែបនេះនៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីបុគ្គលប្រឆាំងអ៊ីរ៉ង់ជាច្រើននាក់បានយាយីអ្នកបោះឆ្នោតអ៊ីរ៉ង់នៅការិយាល័យបោះឆ្នោតក្នុងរដ្ឋមួយចំនួនដូចជានៅចក្រភពអង់គ្លេស និងអូស្ត្រាលី ដើម្បីរារាំងពួកគេមិនឱ្យបោះឆ្នោតកាលពីថ្ងៃសុក្រ (ម៉ោងនៅទីក្រុងតេអេរ៉ង់) កាលពីសប្ដាហ៍មុន។លោក ខាណានី បានថ្កោលទោសរដ្ឋាភិបាលលោកខាងលិចមួយចំនួនដែលអះអាងថាខ្លួនជា «ជើងឯកលទ្ធិប្រជាធិបតេយ្យ» ប៉ុន្តែមិនបានចាត់វិធានការផ្លូវច្បាប់ និងការការពារប្រឆាំងនឹងអ្នកដែល «រំលោភបំពានលើសិទ្ធិស្របច្បាប់របស់ពលរដ្ឋអ៊ីរ៉ង់»។ លោកបានជំរុញអាជ្ញាធរលោកខាងលិចទាំងនោះឱ្យផ្តល់ការពន្យល់ និងចាត់វិធានការសមស្របដើម្បីឆ្លើយតបទៅនឹងអាកប្បកិរិយា «ព្រៃផ្សៃ គ្មានភាពស៊ីវិល និងខុសច្បាប់» បែបនេះ។ការបោះឆ្នោតប្រធានាធិបតីទី១៤ របស់អ៊ីរ៉ង់ ដែលដំបូងឡើយត្រូវធ្វើនៅឆ្នាំ២០២៥ ត្រូវបានកំណត់ពេលឡើងវិញបន្ទាប់ពីការស្លាប់ដែលមិននឹកស្មានដល់របស់លោកអតីតប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១៩ ខែឧសភា។ បន្ទាប់ពីការបោះឆ្នោតជុំទី១ ដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសុក្រ និងបានបញ្ចប់នៅពាក់កណ្តាលអធ្រាត្រ ពុំមានបេក្ខជនណាទទួលបានការគាំទ្រលើសពី ៥០ ភាគរយនៃសន្លឹកឆ្នោតសរុបដែលត្រូវការដើម្បីឈ្នះនោះទេ។ ដូច្នេះ ប្រទេសនេះត្រូវបោះឆ្នោតជុំទី២ ដែលគ្រោងធ្វើនៅថ្ងៃទី០៥ ខែកក្កដា រវាងគូប្រជែងនាំមុខប្រកៀកប្រកិតគ្នាពីររូប៕

មេដឹកនាំដែនដីដាគីស្ថាន របស់រុស្ស៊ី បន្ទោសភេរវជនអន្តរជាតិ ថានៅពីក្រោយការវាយប្រហារ

2024/07/02 06:14:23 pm        283
មេដឹកនាំនៃសារធារណរដ្ឋ ដាគីស្ថាន (Dagestan) ដែលមានជនជាតិមូស្លីមរស់នៅភាគច្រើនរបស់រុស្ស៊ី ជាទីដែលខ្មាន់កាំភ្លើងកាលពីខែមុន បានធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមនៅក្នុងទីក្រុងចំនួនពីរ បាននិយាយកាលពីថ្ងៃចន្ទ (០១ កក្កដា) ថា ការគំរាមកំហែងផ្នែកសន្តិសុខនោះគឺមកពី «អង្គការភេរវករអន្តរជាតិ»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីលោក សើហ្កេ មេលីខូវ (Sergei Melikov) ដែលនិយាយថាការវាយប្រហារដែលបណ្ដាលឱ្យមនុស្ស ២២នាក់បានស្លាប់កាលពីថ្ងៃទី២៣ ខែមិថុនា បានដាក់គោលដៅលើព្រះវិហារ និងសាលាប្រជុំសាសនាជ្វីហ្វ។បណ្ដាអ្នកជំនាញផ្នែកសន្តិសុខលោកខាងលិចបាននិយាយថា ការវាយប្រហារនេះគឺជាភស្តុតាងបន្ថែមទៀតដែលថារុស្ស៊ី ដែលជាប់រវល់ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន កំពុងប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំងឡើងជាមួយនឹងអំពើហិង្សារបស់ពួកសកម្មប្រយុទ្ធអ៊ីស្លាមនៅក្នុងស្រុក។ ប៉ុន្តែលោក មេលីខូវ បានទទូចថាការគំរាមកំហែងនេះគឺជារឿងខាងក្រៅប៉ុណ្ណោះ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីលោកថា «កត្តាគម្រាមកំហែងសំខាន់ដែលជះឥទ្ធិពលដល់ស្ថានភាពនៅក្នុងសាធារណរដ្ឋ នៅតែជាសកម្មភាពកើនឡើងនៃអង្គការភេរវករអន្តរជាតិ»។ លោកបន្ថែមថា មានភ័ស្តុតាងដោយផ្ទាល់ និងដោយប្រយោលដែលចង្អុលទៅតួនាទីនៃ «សត្រូវផ្ទាល់របស់រុស្ស៊ី» នៅក្នុងការវាយប្រហារនេះ ប៉ុន្តែមិនបានបញ្ជាក់ថាពួកគេជានរណា ឬជាភស្តុតាងអ្វីនោះទេ។ការវាយប្រហារនៅដែនដី ដាគីស្ថាន នេះបានកើតឡើងរយៈពេលបីខែ បន្ទាប់ពីខ្មាន់កាំភ្លើងបានវាយលុកសាលប្រគុំតន្ត្រីមួយនៅជិតទីក្រុងមូស្គូ ដោយសម្លាប់មនុស្ស ១៤៥ នាក់ នៅក្នុងការសម្លាប់រង្គាលមួយដែលត្រូវបានអះអាងដោយក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕

រុស្ស៊ី តបទៅលោក Trump ថាសង្គ្រាមអ៊ុយក្រែន មិនអាចបញ្ចប់ក្នុងពេលមួយថ្ងៃបានឡើយ

2024/07/02 06:11:29 pm        213
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក វ៉ាស៊ីលី ណេបិនហ៊្សា (Vassily Nebenzia) បាននិយាយកាលពីថ្ងៃចន្ទ (០១ កក្កដា) ថា «វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយបានក្នុងពេលត្រឹមតែមួយថ្ងៃទេ» នៅពេលដែលត្រូវសាកសួរអំពីបេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលបានលើកឡើងជាញឹកញាប់ថាលោកអាចបញ្ចប់សង្រ្គាមក្នុងរយៈពេល ២៤ ម៉ោងប្រសិនបើជាប់ឆ្នោតម្ដងទៀត។បេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតណាមួយឡើយ ហើយបាននិយាយថា ប្រសិនបើមាន «ប្រធានាធិបតីពិតប្រាកដ» នៅសហរដ្ឋអាមេរិក ដែលត្រូវបានគោរពដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នោះទីក្រុងមូស្គូ ប្រហែលជាមិនវាយលុកអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ឡើយ។លោក ណេបិនហ៊្សា បានប្រាប់សន្និសីទសារព័ត៌មានក្នុងការចាប់ផ្តើមអាណត្តិជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរបស់រុស្ស៊ី សម្រាប់ខែកក្កដាថា៖ «វិបត្តិអ៊ុយក្រែន មិនអាចដោះស្រាយបានក្នុងមួយថ្ងៃទេ»។ ជាការឆ្លើយតប អ្នកនាំពាក្យយុទ្ធនាការលោក ត្រាំ គឺលោក ស្ទេវិន ជឹង (Steven Cheung) បានប្រាប់សារព័ត៌មានរ៉យទ័រថា «លោក ត្រាំ គឺជារដ្ឋបុរស និងអ្នកចរចាដ៏មានប្រសិទ្ធភាពបំផុតក្នុងប្រវត្តិសាស្ត្រ ហើយលោកនឹងដោះស្រាយជម្លោះនេះបាននៅពេលលោកជាប់ឆ្នោត»។ពលរដ្ឋអាមេរិកនឹងទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ដើម្បីជ្រើសរើសប្រធានាធិបតីបន្ទាប់សម្រាប់អាណត្តិ ៤ ឆ្នាំ។ លទ្ធផលនៃការបោះឆ្នោតគឺជាបញ្ហាចំពោះរុស្ស៊ី ទោះបីជាខ្លួនព្យាយាមធ្វើដូចមិនខ្វល់ក៏ដោយ ព្រោះវានឹងកំណត់ពីទំហំនៃការប្តេជ្ញាចិត្តរបស់ក្រុងវ៉ាស៊ីនតោន ក្នុងការបន្តគាំទ្រអ៊ុយក្រែន ប្រឆាំងនឹងក្រុងម៉ូស្គូ និងផ្គត់ផ្គង់អាវុធទំនើបៗរបស់អាមេរិក៕

អ៊ីរ៉ង់ ព្រមានខ្លាំងៗលើអ៊ីស្រាអែល ស្របពេលមានភាពតានតឹងកើនឡើងជាមួយលីបង់

2024/07/02 05:33:04 pm        169
រដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់លោក អាលី បាហ្គើរី កានី (Ali Bagheri Kani) បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះអ៊ីស្រាអែល ដោយបញ្ជាក់ថា កងកម្លាំងតស៊ូនៅក្នុងប្រទេសលីបង់បានត្រៀមខ្លួនយ៉ាងពេញលេញដើម្បីទប់ទល់នឹងការគំរាមកំហែងណាមួយរបស់អ៊ីស្រាអែល ខណៈលោកបានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីទួរគីលោក ហាកានហ្ស៊ីដាន (Hakan Fidan)។ លោក កានី បាននិយាយថា ការគំរាមកំហែងរបស់របបអ្នកជ្វីហ្វនិយមអ៊ីស្រាអែល ឆ្លុះបញ្ចាំងពីធម្មជាតិដ៏ព្រៃផ្សៃរបស់របបនេះ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការតស៊ូនៅក្នុងប្រទេសលីបង់ ត្រូវបានត្រៀមខ្លួនយ៉ាងពេញលេញ ដើម្បីទប់ទល់ការគំរាមកំហែងទាំងនេះ។ លោកបានសង្កត់ធ្ងន់ថារាល់ការឈ្លានពានលីបង់នឹងត្រូវខាតបងយ៉ាង់ធ្ងន់ធ្ងរសម្រាប់អ៊ីស្រាអែល។រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ក៏បានកត់សម្គាល់ផងដែរអំពីបញ្ហាប្រឈមនាពេលថ្មីៗនេះរបស់អ៊ីស្រាអែល។លោកថា ខណៈសង្គ្រាមឈានចូលដល់ខែទី៩ ពួកជ្វីហ្វនិយម បានបរាជ័យក្នុងការកែប្រែអ្វីៗគ្រប់យ៉ាងឱ្យដូចមុនថ្ងៃទី ៧ ខែតុលា ហើយឥឡូវនេះពួកគេត្រូវតែដឹងថាកំហុសណាមួយនៅក្នុងប្រទេសលីបង់នឹងបង្កើតលក្ខខណ្ឌថ្មីចំពោះការបំផ្លិចបំផ្លាញរបស់ពួកគេ។ស្ថានការណ៍វិវឌ្ឍន៍នេះ បានកើតឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានយល់ព្រមលើផែនការប្រតិបត្តិការមួយសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ក្នុងគោលបំណងដាក់គោលដៅលើចលនា ហេសបូឡានិកាយស៊ីអ៊ីត ដែលដូចជាក្រុមហាម៉ាស តែងវាយលុកទឹកដីអ៊ីស្រាអែលពីភាគខាងជើងជាទៀងទាត់៕

បណ្ដាគណបក្សគូប្រជែងនៅបារាំង ស្វះស្វែងរកការរួបរួមប្រឆាំងនឹងក្រុមស្តាំនិយមជ្រុល

2024/07/02 04:33:33 pm        175
បណ្ដាបក្សប្រឆាំងនៃក្រុមស្តាំនិយមជ្រុលរបស់ប្រទេសបារាំង បានស្វះស្វែងរកការកសាងរណសិរ្សរួបរួមមួយដើម្បីបិទផ្លូវទៅការកាន់កាប់រដ្ឋាភិបាលរបស់គណបក្ស រួបរួមកម្លាំងជាតិ (RN) របស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) កាលពីថ្ងៃចន្ទ (០១ កក្កដា) បន្ទាប់ពីគណបក្សនេះទទួលបានការគាំទ្រខ្ពស់ជាប្រវត្តិសាស្ត្រដើម្បីឈ្នះការបោះឆ្នោតសភាជុំទីមួយ។បក្ស RN និងសម្ព័ន្ធមិត្តរបស់ខ្លួនបានឈ្នះជុំទីមួយកាលពីថ្ងៃអាទិត្យ ជាមួយនឹងសំឡេងឆ្នោត ៣៣ ភាគរយ ត្រូវបានតាមពីក្រោយដោយក្រុមឆ្វេងនិយម ដែលមានសំឡេងគាំទ្រ ២៨ ភាគរយ និងនាំមុខដាច់លើសម្ព័ន្ធភាពរបស់លោកប្រធានាធិបតី អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ដែលទទួលបានសំឡេងគាំទ្រត្រឹមតែ ២២ ភាគរយប៉ុណ្ណោះ នេះបើយោងតាមលទ្ធផលផ្លូវការបានបង្ហាញ។ខណៈពេលដែលការគាំទ្រពីទីផ្សារហិរញ្ញវត្ថុលើបក្ស RN មិនច្រើនខ្លាំង តែវានៅតែជាជំហានថយក្រោយដ៏ធំសម្រាប់លោក ម៉ាក្រុង ដែលបានអំពាវនាវឱ្យមានការបោះឆ្នោតមុនកំណត់ បន្ទាប់ពីបក្សលោកចាញ់ប្រៀបបក្ស RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបកាលពីខែមុន។ ពលរដ្ឋបារាំងជាច្រើននិយាយថាពួកគេត្រូវការការផ្លាស់ប្តូរ ប៉ុន្តែអ្នកផ្សេងទៀតបារម្ភថាកំណើនគាំទ្រនៃបក្សស្ដាំនិយមជ្រុលមួយនេះ និងវេទិកាជាតិនិយមរបស់ខ្លួន នឹងបង្កឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងសង្គមបារាំង។ថាតើបក្សប្រឆាំងជនអន្តោប្រវេសន៍ និងអ្នករិះគន់សហភាពអឺរ៉ុប RN មួយនេះអាចបង្កើតរដ្ឋាភិបាលបាន ឬយ៉ាងណា គឺវានឹងអាស្រ័យលើថាតើគណបក្សផ្សេងទៀតអាចទទួលជោគជ័យ ឬទេ ក្នុងការរារាំងលោកស្រី ឡែប៉ែន ដោយការប្រមូលផ្តុំបេក្ខជនគូប្រជែងនាំមុខល្អបំផុតនៅក្នុងមណ្ឌលបោះឆ្នោតរាប់រយពាន់កន្លែងនៅទូទាំងប្រទេសបារាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM
ការ​ផ្តល់ជំនួយ និងការ​ជម្លៀស ក្នុង​ទី​ក្រុង Oleshky ចាប់ផ្តើម ខណៈបទឈប់បាញ់ក្នុងតំបន់រុស្ស៊ី-អ៊ុយក្រែន បន្តមាន​ប្រសិទ្ធភាព​
10/31/2026 03:10 PM
រដ្ឋមន្ត្រី​ការបរទេស​៖ ការលើក​ឡើង​របស់មេដឹកនាំ​អ៊ុយក្រែន​ មិនជួយអ្វីទេ​ ហើយជំហររបស់រុស្ស៊ីនៅដដែល​​
10/31/2026 02:10 PM
លោក Flavio Bolsonaro បញ្ជាក់​ថា លោកចាកចេញពីប្រេស៊ីល ដោយសារ​ជាជនរងគ្រោះនៃការធ្វើ​ទុក្ខបុកម្នេញ
10/31/2026 02:10 PM
សហ​រដ្ឋ​អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ប្តេជ្ញាធ្វើឱ្យកូរ៉េខាងជើង «លុប​បំបាត់​​អាវុធនុយក្លេអ៊ែរទាំងស្រុង»
10/31/2026 02:10 PM
អ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
10/31/2026 02:10 PM
អ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
10/31/2026 02:10 PM
យុវជនដែលជាប់កាតព្វកិច្ចយោធា ប្ដេជ្ញាខិតខំហ្វឹកហាត់ ដើម្បីក្លាយជាធនធានដ៏រឹងមាំសម្រាប់ការពារជាតិ
10/31/2026 02:10 PM
កម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
10/31/2026 01:10 PM