លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខ UN៖ រុស្ស៊ីត្រូវតែអនុវត្តតាមការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង

2024/06/22 11:17:52 pm        219
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres កាលពីថ្ងៃសុក្រ (ទី២១ ខែមិថុនា) បាននិយាយថា ប្រទេសរុស្ស៊ីត្រូវតែគោរពតាមការដាក់ទណ្ឌកម្មរបស់ UN លើកូរ៉េខាងជើង បន្ទាប់ពីប្រទេសទាំង២ ក្នុងសប្តាហ៍នេះ បានធ្វើឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ និងបានយល់ព្រមផ្តល់ជំនួយយោធាភ្លាមៗ ប្រសិនបើប្រទេសទាំង២ ប្រឈមនឹងការឈ្លានពានដោយប្រដាប់អាវុធ។គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃទី១៩ ខែមិថុនា កើតមានឡើងបន្ទាប់ពីមានការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ទីក្រុងព្យុងយ៉ាងបានផ្ទេរអាវុធទៅឲ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ដែលប្រទេសនេះបានលុកលុយកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទាំងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់នោះ។បណ្ដាអ្នកការទូតបានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ UN នឹងជួបប្រជុំគ្នានៅថ្ងៃទី២៨ ខែមិថុនា ស្តីអំពីកូរ៉េខាងជើង តាមសំណើរបស់សហរដ្ឋអាមេរិក បារាំង អង់គ្លេស កូរ៉េខាងត្បូង និងជប៉ុន ដែលចង់ពិភាក្សាអំពីការផ្ទេរអាវុធរបស់ទីក្រុងព្យុងយ៉ាង ព្រោះបានរំលោភលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សា។ដោយត្រូវបានគេស្គាល់ជាផ្លូវការថា ជាសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (DPRK) កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់ UN ចាប់តាំងពីឆ្នាំ២០០៦ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួន ហើយវិធានការទាំងនោះត្រូវបានពង្រឹងក្នុងរយៈពេលជាច្រើនឆ្នាំ ដោយមានការជួយជ្រោមជ្រែងពីរុស្ស៊ី។កាលពីថ្ងៃទី២១ ខែមិថុនា លោក Guterres បានប្រាប់អ្នកសារព័ត៌មានថា៖ «មានទណ្ឌកម្មដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខទាក់ទងនឹងកូរ៉េខាងជើង។ ដូច្នវ រាល់ទំនាក់ទំនងដែលប្រទេសណាមួយមានជាមួយកូរ៉េខាងជើង ក្នុងនោះរួមទាំងសហព័ន្ធរុស្ស៊ីផងដែរ ត្រូវតែគោរពទាំងស្រុងនូវទណ្ឌកម្មទាំងនោះ»។ បេសកកម្មរបស់រុស្ស៊ីប្រចាំ UN បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការលើកឡើងរបស់លោក Guterres នេះទេ៕

តៃវ៉ាន់ប្រទះឃើញយន្តហោះយោធាចិនចំនួន ៤១គ្រឿង នៅជុំវិញកោះ

2024/06/22 10:31:25 pm        242
អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់ នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ បានប្រាប់ឲ្យដឹងថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៤១គ្រឿង នៅជុំវិញកោះនេះ នៅរយៈ ២៤ម៉ោង ពោលគឺ ១ថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំង បាននិយាយថា ក្រុមគាំទ្រឯករាជ្យរបស់កោះតៃវ៉ាន់ អាចប្រឈមនឹងទោសប្រហារជីវិត។ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ដែលគ្រប់គ្រងខ្លួនឯងតាមបែបប្រជាធិបតេយ្យ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបាននិយាយថា ខ្លួននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះនេះឲ្យមកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងនោះឡើយ។ប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២ របស់ពិភពលោកមួយនេះ បានបង្កើនសម្ពាធលើទីក្រុងតៃប៉ិ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយបានធ្វើសមយុទ្ធ នៅជុំវិញកោះនេះ បន្ទាប់ពីពិធីឡើងកាន់តំណែងរបស់មេដឹកនាំតៃវ៉ាន់ថ្មី លោក Lai Ching-te។នៅថ្ងៃទី២២ ខែមិថុនានេះ អាជ្ញាធរការពារជាតិរបស់ទីក្រុងតៃប៉ិ បាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៤១គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧គ្រឿង ដែលកំពុងប្រតិបត្តិការ នៅជុំវិញកោះតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោង ដោយមានវត្តមានរហូតដល់ម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក)។ដោយនិយាយសំដៅទៅលើខ្សែបន្ទាត់ដែលខណ្ឌចែកផ្លូវទឹកប្រវែង ១៨០គីឡូម៉ែត្រដែលកាត់ផ្ដាច់កោះតៃវ៉ាន់ពីប្រទេសចិន អាជ្ញាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យន្តហោះចំនួន ៣២គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់»។ ក្រសួងបានបន្ថែមថា ខ្លួនបាន «តាមដានស្ថានការណ៍នេះ ហើយឆ្លើយតបទៅតាមនោះ»៕

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់៖ ការដំឡើងពន្ធរបស់ EU លើប្រទេសចិន មិនមែនជា «ទណ្ឌកម្ម» ទេ

2024/06/22 09:30:23 pm        216
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក Robert Habeck នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ បានប្រាប់មន្ត្រីចិនក្នុងទីក្រុងប៉េកាំងថា ការដំឡើងពន្ធរបស់សហភាពអឺរ៉ុប (EU) លើទំនិញរបស់ប្រទេសចិន មិនមែនជាការដាក់ទណ្ឌកម្មនោះឡើយ។គួរញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Habeck ទៅកាន់ប្រទេសចិននេះ គឺជាលើកដំបូងរបស់មន្ត្រីជាន់ខ្ពស់អឺរ៉ុប ចាប់តាំងពីទីក្រុងប្រ៊ុចសែល បានស្នើឡើងនូវកាតព្វកិច្ចបង់ពន្ធខ្ពស់លើការនាំចូលរថយន្តអគ្គិសនី (EV) ដែលផលិតដោយប្រទេសចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងអ្វីដែល EU ចាត់ទុកការឧបត្ថម្ភធនហួសកម្រិត។ហើយនៅមុនការធ្វើដំណើរទៅដល់របស់លោក ប្រទេសចិន កាលពីថ្ងៃសុក្រ (ទី២១ ខែមិថុនា) បានព្រមានថា ការកើនឡើងនូវជម្លោះជាមួយ EU ជុំវិញរថយន្ត EV អាចបង្កឲ្យមានសង្គ្រាមពាណិជ្ជកម្ម។នៅក្នុងសម័យប្រជុំពេញអង្គដំបូងនៃកិច្ចសន្ទនាស្តីពីអាកាសធាតុ និងការផ្លាស់ប្តូរ លោក Habeck បាននិយាយថា៖ «វាមានសារៈសំខាន់ណាស់ ក្នុងការយល់ថា ទាំងនេះមិនមែនជាពន្ធដាក់ទណ្ឌកម្មនោះឡើយ»។ រដ្ឋមន្ត្រីសេដ្ឋកិច្ចរូបនេះបានកត់សម្គាល់ថា ប្រទេសជាច្រើន ដូចជាសហរដ្ឋអាមេរិក ប្រេស៊ីល និងទួរគី បានប្រើប្រាស់ការដំឡើងពន្ធដាក់ទណ្ឌកម្ម ប៉ុន្តែមិនមែន EU នោះទេ។ លោកបានសង្កត់ធ្ងន់ថា៖ «អឺរ៉ុបធ្វើខុសគ្នាពីនោះ»។លោកបានបន្តថា វិធានការប្រឆាំងនឹងកាតព្វកិច្ចណាមួយ ដែលកើតចេញពីការពិនិត្យយ៉ាងល្អិតល្អន់របស់ EU «មិនមែនជាការដាក់ទណ្ឌកម្មនោះទេ» ដោយលោកបានបន្ថែមថា វិធានការបែបនេះ គឺមានគោលបំណងប៉ះប៉ូវអត្ថប្រយោជន៍ដែលទីក្រុងប៉េកាំងបានផ្ដល់ដល់បណ្ដាក្រុមហ៊ុនទាំងនោះ៕

នាវាផ្ទុកយន្តហោះអាមេរិក ទៅដល់កូរ៉េខាងត្បូង ដើម្បីត្រៀមសម្រាប់សមយុទ្ធយោធា

2024/06/22 09:28:00 pm        167
កងទ័ពជើងទឹកកូរ៉េខាងត្បូង បានប្រាប់ឲ្យដឹងថា នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក Theodore Roosevelt បានទៅដល់ទីក្រុងកំពង់ផែ Busan របស់ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ ដើម្បីត្រៀមសម្រាប់សមយុទ្ធយោធារួមគ្នា ក្នុងខែមិថុនានេះ ជាមួយប្រទេសម្ចាស់ផ្ទះ និងប្រទេសជប៉ុន។គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំកំពូល នៅឯកន្លែងសម្រាកកាយ Camp David របស់ប្រធានាធិបតីអាមេរិក កាលពីខែសីហា ឆ្នាំ២០២៣ មេដឹកនាំនៃប្រទេសទាំង៣ បានព្រមព្រៀងគ្នាធ្វើសមយុទ្ធហ្វឹកហ្វឺនយោធាប្រចាំឆ្នាំ ហើយបានថ្កោលទោសចំពោះ «សកម្មភាពគ្រោះថ្នាក់ និងបង្កហេតុ» របស់ចិន នៅផ្លូវទឹកដែលមានជម្លោះ ក្នុងសមុទ្រចិនខាងត្បូង។ការទៅដល់របស់នាវានេះកើតមានឡើងក្នុងពេលដែលប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ទើបបានបញ្ចប់ដំណើរទស្សនកិច្ចនៅកូរ៉េខាងជើង កាលថ្ងៃទី១៩ ខែមិថុនា ដែលជាលើកដំបូងក្នុងរយៈពេល ២៤ឆ្នាំ ដោយនៅទីនោះលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយមេដឹកនាំ លោក គីម ជុងអ៊ុន ដែលរួមមានការសន្យាការពារគ្នាទៅវិញទៅមក។ នេះគឺជាការផ្លាស់ប្ដូរដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំ។ជាមួយគ្នានេះ ការទៅដល់នេះកើតមានឡើងរយៈពេល ៧ខែបន្ទាប់ពីដំណើរទៅដល់កូរ៉េខាងត្បូងរបស់នាវាផ្ទុកយន្តហោះអាមេរិកមួយផ្សេងទៀត គឺ Carl Vinson ដោយនេះគឺការបង្ហាញពីការពង្រីកការរារាំងប្រឆាំងនឹងកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង៕

រុស្ស៊ីប្រាប់អាមេរិកថា យើងចាំបាច់ត្រូវពិភាក្សា ប៉ុន្តែអ៊ុយក្រែន ត្រូវតែស្ថិតក្នុងរបៀបវារៈ

2024/06/22 06:53:49 pm        235
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី មើលឃើញពីសម្ពាធតម្រូវការចាំបាច់សម្រាប់កិច្ចពិភាក្សាសន្តិសុខជាមួយសហរដ្ឋអាមេរិក ប៉ុន្តែវាត្រូវតែទូលំទូលាយ និងរួមបញ្ចូលប្រធានបទអ៊ុយក្រែនផងដែរ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា យើងបើកចំហសម្រាប់ការសន្ទនា ប៉ុន្តែចំពោះកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយដ៏ទូលំទូលាយ គ្របដណ្តប់គ្រប់ទិដ្ឋភាពទាំងអស់ រួមទាំងបញ្ហាបច្ចុប្បន្នទាក់ទងទៅនឹងជម្លោះនៅអ៊ុយក្រែនដែលចូលរួមដោយផ្ទាល់របស់សហរដ្ឋអាមេរិកនៅក្នុងជម្លោះនេះ។ សហរដ្ឋអាមេរិក បានច្រានចោលការអះអាងរបស់រុស្ស៊ីដែលថា ដោយបានផ្តល់អាវុធទៅឲ្យអ៊ុយក្រែន ខ្លួនបានក្លាយជាតួអង្គផ្ទាល់នៅក្នុងសង្រ្គាមនេះ។ សហរដ្ឋអាមេរិក និយាយថា ការចរចាណាមួយ ជុំវិញសង្គ្រាម គឺជាបញ្ហាសម្រាប់អ៊ុយក្រែន។ជំហររបស់រុស្ស៊ី ដូចដែលបានលើកឡើងដោយ លោក Peskov ពុំមែនជារឿងថ្មីទេ។ ប៉ុន្តែលោកបានប្រាប់អ្នកសារព័ត៌មានថា បញ្ជីប្រធានបទដែលរុស្ស៊ី និងសហរដ្ឋអាមេរិក ត្រូវការពិភាក្សាកំពុងកើនឡើង ហើយសរុបមក ការសន្ទនានេះគឺត្រូវការយ៉ាងខ្លាំង។ វាត្រូវការ ព្រោះតែបញ្ហាកំពុងកើនឡើង ហើយមានបញ្ហាជាច្រើនជាប់ទាក់ទងទៅនឹងស្ថាបត្យកម្មសន្តិសុខពិភពលោក។តាមទស្សនៈរបស់ទីក្រុងវ៉ាស៊ីនតោន គឺលោកពូទីន ដែលក្នុងឆ្នាំទី៣នៃសង្រ្គាមនៅអ៊ុយក្រែន កំពុងបន្ថែមចូលទៅក្នុងបញ្ជីនៃការព្រួយបារម្ភផ្នែកសន្តិសុខ។ ក្នុងសប្តាហ៍នេះ លោក ពូទីន បានទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមកជាមួយមេដឹកនាំ លោក Kim Jong Un និងបាននិយាយថា លោកអាចនឹងផ្គត់ផ្គង់អាវុធរបស់រុស្ស៊ីដល់ប្រទេសកូរ៉េខាងជើង ដើម្បីឆ្លើយតបទៅនឹងការផ្តល់អាវុធរបស់លោកខាងលិច ទៅឲ្យអ៊ុយក្រែន។លោក ពូទីន បានបញ្ជាក់ជាថ្មីថា លោកកំពុងពិចារណាការពិនិត្យឡើងវិញនូវគោលលទ្ធិរបស់រុស្ស៊ី ស្តីពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ សន្ធិសញ្ញាគ្រប់គ្រងអាវុធដែលនៅសេសសល់ចុងក្រោយ កំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដែលរុស្ស៊ី និងអាមេរិក អាចដាក់ពង្រាយ នឹងត្រូវផុតកំណត់នៅឆ្នាំ ២០២៦។

អភិបាលខេត្តប៉ៃលិនជំរុញអាជ្ញធរដាំដើមក្ងោកតាមដងផ្លូវ ដើម្បីបង្កើនសោភ័ណភាពក្រុង

2024/06/22 06:37:16 pm        279
ប៉ៃលិន៖ នៅក្នុងឱកាសចុះពិនិត្យមើលការរៀបចំសណ្តាបធ្នាប់ និងសោភ័ណភាពរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ លោកជំទាវបណ្ទិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំដល់មន្ត្រីក្រោម ឱវាទទាំងអស់ ត្រូវបង្កើនការដាំដើមក្ងោក ដើម្បីលើកកម្ពស់សោភ័ណភាពដងផ្លូវ ដែលជាចំណែករួមផ្សំ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។លោកជំទាវ បានបញ្ជាក់ដែរថា ដោយមើលឃើញពីសក្តានុពល នៃវិស័យទេសចរណ៍ធម្មជាតិ និង ដើម្បីលើកកម្ពស់សោភ័ណភាពរមណីដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ លោកជំទាវ បាន​ណែនាំឱ្យយុវ ជន ស.ស.យ.ក ខេត្ត សហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាធ្វើការ​រៀបចំ​សណ្តាប់ធ្នាប់ អនាម័យ និងកែលម្អហេដ្ឋារចនាសម័ន្ធថ្មី ​សម្រាប់ទទួលភ្ញៀវទេសចរ ចូលកម្សាន្តនៅលើទឹកដីខេត្តត្បូង ពេជ្រដ៏តូចច្រឡឹងមួយនេះ។លោកជំទាវ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ ដែលចូលកម្សាន្តតាមរម ណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ត្រូវរួមគ្នាសម្អាតអនាម័យបរិស្ថាន ដោយត្រូវវេចខ្ចប់កាកសំណល់​សំរាម និងទុកដាក់ឱ្យបានត្រឹមត្រូវ ​ចៀសវាងបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់សោភ័ណភាព និងអនាម័យសាធារណៈ។ ចំណែក អាជីវករលក់ដូរម្ហូបអាហារនៅ​តាមរមណីយដ្ឋាននានា ត្រូវ មានអនាម័យ ​និងតម្លៃសមរម្យ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើនផងដែរ៕

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនៅខេត្តបន្ទាយមានជ័យ នឹងផ្តល់ផលដល់ពលរដ្ឋប្រមាណ ៤២ ២១៣គ្រួសារ នៅ​ថ្ងៃអនាគត

2024/06/22 06:31:37 pm        187
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៤នេះ បានបង្ហាញពីគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗនៅក្នុងតំបន់ និងជំនន់ឆ្លងដែនប្រទេសថៃ និងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២ ២១៣ គ្រួសារ។គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹង នៅតាមបណ្តោយព្រំដែនកម្ពុជា- ថៃ ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៦ខ្សែ មានប្រវែងសរុប ៩២,៦៥គីឡូម៉ែត្រ សំណង់ សិល្បការសរុបចំនួន ២០៨កន្លែង និងស្តារអាងទឹកចំនួន ៣ កន្លែង ( អាងពង្រ អាងវាំងហែង និង អាងកន្សែង) ព្រមទាំងជួសជុលទំនប់តភ្ជាប់អាងទឹកអូរខៃដន ។ គម្រោងនេះ មានលទ្ធភាពស្រោចស្រព ផ្ទៃដីបង្កបង្កើនផលវស្សាសរុបប្រមាណជិត ២០ ០០០ហិកតា និងរដូវប្រាំង ៣៥០០ ហិកតាហើយប្រជាកសិករ ដែលអាចទទួលផលមានចំនួន ៤២ ២១៣ គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និង ក្រុងសិរីសោភ័ណ។គោលបំណងនៃគម្រោងនេះ គឺដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះ​មហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ក្នុងការធានាដល់ការ​ផ្គត់ផ្គង់​ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និង សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែល​នឹងក្លាយ​ជាផ្នែកមួយដ៏សំខាន់ជួយលើកកម្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

កម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជាជាច្រើននាក់ មិនទាន់ទទួលបានរបបសន្តិសុខសង្គម

2024/06/22 06:08:41 pm        233
អង្គការអុកស្វាម កាលពីរសៀលថ្ងៃទី២១ មិថុនា ឆ្នាំ២០២៤ បានរៀបចំវេទិកាថ្នាក់ជាតិស្តីពី កិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា» ដែលប្រព្រឹត្តិទៅ ក្រោមវត្តមានរបស់ ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។លោកស្រី ភាណ សោភ័ណ នាយិកានៃអង្គការអុកស្វាម បានមានប្រសាសន៍ថា បន្ទាប់ពីបើកការ​ស្រាវជ្រាវកន្លងមក បានឲ្យឃើញពីចំណុចមួយចំនួនដែលខ្វះខាត ទើបអង្គការត្រូវបន្តសហការ​ជាមួយរាជរដ្ឋាភិបាល ក្រុមហ៊ុនបញ្ជាទិញ អ្នកប្រើប្រាស់ និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថា កម្មករនិយោជិតនៅតាមរោងចក្រម៉ៅការដេរបន្តទទួលបានការងារសមរម្យ និងអត្ថប្រយោជន៍របប​សន្តិសុខ​សង្គម​ដូចគ្នាទៅនឹងកម្មករនិយោជិតធ្វើការនៅតាមរោងចក្រសហគ្រាស​ដែលបាន​ចុះបញ្ជីរការដែរ។ ខណៈរោងចក្រកាត់ដេរបន្ត ដើរតួនាទីមួយផ្នែកក្នុងឧស្សាហកម្ម​កាត់ដេរ​នៅកម្ពុជា ដែលផ្តល់ឱកាសការងារដល់កម្មករនិយោជិត (ស្រ្តី) ជាច្រើននាក់នៅទូទាំងប្រទេស។ លោកស្រី បន្តថា រោងចក្រទាំងនេះ ភាគច្រើនជាខ្នាតតូច ដែលមានជំនាញជាក់លាក់ទៅ​លើផ្នែកនានា​នៃចង្វាក់ផលិតកម្មកាត់ដេរ ចាប់ពីការដេររហូតដល់ការតុបតែងដើម្បីបំពេញ​តម្រូវការផ្សេងៗ របស់អតិថិជនជាសកល។នៅក្នុងវេទិកា ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមាន​ប្រសាសន៍ឲ្យដឹងថា រដ្ឋាភិបាល នឹងពិនិត្យមើលលើរបាយការណ៍គោលនយោបាយ និងផ្សព្វផ្សាយ​របាយការណ៍ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោម​កម្មការិនី​រោងចក្រម៉ៅការដេរបន្តនៅកម្ពុជា» ដើម្បីជាធាតុចូលសម្រាប់ការសម្រេចចិត្តលើ​គោលនយោបាយពាក់ព័ន្ធ។ ឯកឧត្តម បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ននេះ មានកម្មករនិយោជិតចំនួនប្រមាណ ៩៥ម៉ឺននាក់ នៅតាមរោង​ចក្រទូទាំងប្រទេស។ ក្នុងអំឡុង ៥ខែ ឆ្នាំ២០២៤នេះ ការនាំចេញពីវិស័យកាត់ដេរ​ស្បែកជើង និងសម្ភារៈធ្វើដំណើរមានទំហំទឹកប្រាក់ប្រមាណ ៥,៥ពាន់លានដុល្លារ ដែលកើនឡើងក្នុងអត្រា ២៤% ប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣កន្លងទៅ។សូមជម្រាបជូនថា បន្ទាប់ពីបញ្ចប់វេទិកាកិច្ចសន្ទនាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍​ស្រាវជ្រាវ «ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រ​ម៉ៅការ​ដេរបន្តនៅកម្ពុជា» អង្គការ អុកស្វាម នឹងផលិតរបាយការណ៍ រួចដាក់ជូនរាជរដ្ឋាភិបាល​កម្ពុជាតាមរយៈក្រសួងជំនាញ និងភាគីពាក់ព័ន្ធ ដើម្បីពិចារណាស្វែងរកកិច្ចអន្តរាគមន៍ផ្នែកគោល​នយោបាយ និងការកែលម្អលទ្ធភាពនានា ​ដើម្បីធានាការទទួលបានការងារសមរម្យ និងរបបសន្តិសុខ​សង្គមក្នុងចំណោមកម្មករនិយោជិត (ស្ត្រី) នៅក្នុងរោងចក្រម៉ៅការដេរ​បន្តនៅកម្ពុជា៕អត្ថបទ ឈិត បូរ៉ាវី 

ឯកឧត្តម សាយ សំអាល់ អំពាវនាវឲ្យគ្រឹះស្ថានហិរញ្ញវត្ថុ ធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាល ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា

2024/06/22 06:02:01 pm        266
ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណាង់ បានអំពាវនាវទៅដល់គ្រប់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ធ្វើជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើន ។ក្នុងកិច្ចប្រជុំជាមួយសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិស័យដីធ្លី រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងដែនដីជាសេនាធិការ កំពុងពន្លឿនការវាស់វែងចុះបញ្ជី ដីធ្លីជាប្រព័ន្ធនៅទូទាំងប្រទេស និងធ្វើយ៉ាងណាខិតខំប្រឹងប្រែងឲ្យចប់ នៅត្រឹមអាណត្តិទី៧ នេះ ។ឯកឧត្តម បានបន្តថា បន្ទាប់ពីនោះមក នឹងមានការរៀបចំប្លង់គោល ដើម្បីអភិវឌ្ឍន៍​ទីក្រុង ឲ្យកាន់តែរីកចម្រើន ​មានភាពទាក់ទាញ ស្មាតស៊ីធី (Smart City) និងមានភាពបៃតងជាដើម ជាមួយនេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបន្តអភិវឌ្ឍន៍​កម្ពុជា ឲ្យក្លាយជារដ្ឋទំនើប ប្រកបដោយភាពរឹងមាំ ឆ្លាតវៃ រស់រវើក និងច្នៃប្រឌិត ដោយមានយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ គោលនយោបាយទាំង៦ និងវិធានគន្លឹះទាំង៥ ជាផែនទីឯកភាពនៃចក្ខុវិស័យដ៏វែងឆ្ងាយ ​ដើម្បីកម្ពុជាមានភាពម្ចាស់ការ រក្សាបានឯករាជ្យក្នុងនាមរដ្ឋអធិបតេយ្យ និងដឹកនាំនាវាកម្ពុជា ឈានឆ្ពោះទៅកាន់វឌ្ឍនភាព និងវិបុលភាព ។ទន្ទឹមនឹងចក្ខុវិស័យទាំងនេះ ឯកឧត្តម សាយ សំអាល់ បានចាត់ទុកធនាគារ មីក្រូហិរញ្ញវត្ថុ និង​ភ្នាក់ងារហិរញ្ញវត្ថុទាំងអស់ ជាដៃគូរយុទ្ធសាស្រ្តដ៏សំខាន់មួយ ក្នុងការទ្រទ្រង់ឧស្សាហកម្មហិរញ្ញវត្ថុ និងកៀងគរចំណូល និងសារពើពន្ធមិនមែនធនាគារ ឧស្សាហកម្មអចលនទ្រព្យ និងឧស្សាហកម្ម​គ្រឿង​ផ្គុំសំណង់ ព្រមទាំងបង្កើតនូវវប្បធម៌ នៃការផ្តល់កម្ចីដោយមានវត្ថុធានា ដែលបានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការកសាង និងទ្រទ្រង់ខឿនសេដ្ឋកិច្ចកម្ពុជា និងចូលរួម អភិវឌ្ឍភូមិឋាននៅកម្ពុជា ឲ្យមានភាពក្សេមក្សាន្ត ។ ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជំរុញសមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ អាចលើកសំណូមពរនានា ដែលពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ដើម្បីឲ្យមន្ត្រីជំនាញរបស់ក្រសួងជួយដោះស្រាយ ៕អត្ថបទ បាន សុខរិទ្ធិ

ធនាគារពិភពលោកផ្តល់ឥនទានដល់កម្ពុជា ចំនួន១៤៥លានដុល្លារ សម្រាប់កែលម្អហេដ្ឋារចនាសម្ព័ន្ធទឹក

2024/06/22 05:56:32 pm        254
ធនាគារពិភពលោកនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ បានសម្រេចអនុម័តការវិនិយោគថ្មីមួយទៀត ដោយមានទឹកប្រាក់ចំនួន១៤៥លានដុល្លារអាមេរិកដល់កម្ពុជា សម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹក ដែលគម្រោងនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង១១៣ ០០០នាក់។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក (World Bank) ដែលទូរទស្សន៍BTVទទួលបាននាថ្ងៃទី២២ ខែមិថុនានេះ បានឲ្យដឹងថា ក្រោមជំនួយឥណទាន(កម្ចីការប្រាក់ទាប) ចំនួន១៤៥លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារ ពិភពលោកនេះ គឺជា«គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា (Cambodia Water Security ImprovementProject) នឹងធ្វើឱ្យសន្តិសុខទឹកកាន់តែមានភាពប្រសើរឡើង, ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹងហានិភ័យអាកាសធាតុ។ថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះលោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជាបានលើកឡើងថា «គម្រោង នេះនឹងជួយប្រទេសកម្ពុជាឱ្យមានសន្តិសុខទឹកប្រកបដោយចីរភាព និងសម្រេចបានផលិតភាពកសិកម្មកាន់តែច្រើន។ ការវិនិយោគនៅពេលនេះទៅលើ​ភាពធន់ទៅ​នឹងអាកាសធាតុ, ការធ្វើផែនការ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធឱ្យកាន់តែប្រសើរឡើង មិនត្រឹមតែអាចឆ្លើយតបបានភ្លាមៗទៅនឹងតម្រូវការទឹករបស់កសិករ ​និងគ្រួសារកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើជាមូលដ្ឋានគ្រឹះសម្រាប់ការផ្តល់​សេវាទឹករយៈពេលវែងផងដែរ»។ទោះបីជាប្រទេសកម្ពុជាមានប្រភពទឹកច្រើនក៏ដោយ ភាពខុសគ្នានៃការធ្លាក់ភ្លៀងតាមរដូវ និងតាមតំបន់នៅក្នុងប្រទេស បានបង្កបញ្ហាប្រឈមជាច្រើនដល់ការផ្គត់ផ្គង់ទឹកនៅក្នុងទីក្រុង និងនៅតាមទីជនបទ។ តាមរយៈការព្យាករណ៍អាកាសធាតុបានឱ្យដឹងថា ទឹកជំនន់ និងភាពគ្រោះរាំងស្ងួត នឹងមានកាន់តែ​ញឹកញាប់ និងសភាពកាន់តែធ្ងន់ធ្ងរ ដែលដាក់សម្ពាធកាន់តែខ្លាំងទៅលើសមត្ថភាពរបស់ប្រទេស ក្នុងការគ្រប់គ្រងធនធានទឹកសាបរបស់ខ្លួន។ បញ្ហានេះនឹងជះឥទ្ធិពលទៅលើផលិតកម្មស្បៀង និងកំណើនសេដ្ឋកិច្ច។តាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក បានបញ្ជាក់ឲ្យដឹងទៀតថា គម្រោងនេះនឹងត្រូវអនុវត្តក្នុងរយៈពេលប្រាំឆ្នាំ ដោយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គម្រោងនឹងពង្រឹងការគ្រប់គ្រងធនធានទឹក តាមរយៈការពង្រីកស្ថានីយជលសាស្ត្រ, ការធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងបទប្បញ្ញត្តិ, ការរៀបចំផែនការគ្រប់គ្រងអាងទន្លេដែលមានព័ត៌មានអំពីអាកាសធាតុ និងការពង្រឹងការបំពេញ​មុខងាររបស់អាជ្ញាធរទឹកថ្នាក់ជាតិ និងថ្នាក់ខេត្ត។ប្រព័ន្ធផ្គត់ផ្គង់ទឹកសម្រាប់គ្រួសារ និងប្រព័ន្ធធារាសាស្រ្ត នឹងត្រូវបានស្តារឡើងវិញ និងកែលម្អ​ឱ្យប្រសើរឡើង ហើយសហគមន៍កសិករអ្នកប្រើប្រាស់​ទឹកនឹងទទួល​បានការបណ្តុះបណ្តាល និងជំនួយ​បច្ចេកទេស​តាមរយៈគម្រោង សម្រាប់ធ្វើប្រតិបត្តិការ និងការថែទាំហេដ្ឋារចនា​សម្ព័ន្ធដែលត្រូវ​បានកែលម្អឡើងវិញ។ តាមរយៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្នាក់ជាតិ និងថ្នាក់ខេត្ត វិធានការនានានឹងត្រូវធ្វើឡើងដើម្បីជួយកសិករឱ្យចេះចាប់​យកបច្ចេកវិទ្យាឆ្លាត​វៃអាកាសធាតុ សម្រាប់បង្កើនផលិតភាព និងកាត់បន្ថយការបំភាយឧស្ម័ន​នៅក្នុងវិស័យកសិកម្ម​ជាដើម៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM