លោកសាស្ត្រាចារ្យ Yang Jiemian៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់តួអង្គ ជាកត្តាគន្លឹះនៃទំនាក់ទំនងទ្វេភាគី ចិន-កម្ពុជា
មេបញ្ជាការរងកងទ័ពជើងគោកនៃសហព័ន្ធរុស្ស៊ី ប្ដេជ្ញាបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជម្រាបជូនគណៈកម្មការរដ្ឋសភាពីផែនការការងារ និងវឌ្ឍនភាពនៃការដឹកជញ្ជូនតាមផ្លូវអាកាស សម្រាប់នីតិកាលទី៧នៃរដ្ឋសភា

2024/06/22 05:22:17 pm        343
នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) ដឹកនាំដោយលោកជំទាវ និន សាផុន ប្រធានគណៈកម្មការ ព្រមទាំងតំណាងមកពីគណៈកម្មការជំនាញផ្សេងៗទៀតនៃរដ្ឋសភា បានជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ ជាកិច្ចចាប់ផ្តើមលោកជំទាវ និន សាផុន បានជម្រាបជូនថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលថា កិច្ចប្រជុំនាពេលនេះ គឺក្នុងគោលបំណងដើម្បីឈ្វេងយល់ពីវឌ្ឍនភាពការងារបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ហាប្រឈម ផែនការការងារ និងប្រសិទ្ធភាពនៃការប្រតិបត្តិច្បាប់ និងលិខិតបទដ្ឋាន​គតិយុត្តនានា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល។ លោកជំទាវ និន សាផុន បានបន្តថា កិច្ចប្រជុំនេះមិនមែនជាកិច្ចប្រជុំសួរដេញដោល ត្រួតពិនិត្យ និងអធិការកិច្ចលើស្ថាប័នរាជរដ្ឋាភិបាលនោះទេ គោលបំណងសំខាន់គឺ ឈ្វេងយល់នូវវិស័យ​ការងារ​ដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៩ ​នៃរដ្ឋសភា ដើម្បីរួមសហការគ្នារវាង​ស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបណ្ឌិត ម៉ៅហាវណ្ណាល់ បានជម្រាបជូនកិច្ចប្រជុំថា ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយ​គតិបណ្ឌិត​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យមានកំណើនអ្នកធ្វើដំណើរ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស។រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបន្តអនុវត្តគោលនយោបាយបើកចំហជើងមេឃ ពង្រឹងសុវត្ថិភាព និងសន្តិសុខអាកាសចរណ៍ ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធអាកាស​យានដ្ឋាន​ជាតិ និងអន្តរជាតិ ពង្រឹងផ្នែកសេវាកម្មនាំផ្លូវអាកាស ការធ្វើទំនើបកម្មប្រព័ន្ធនាំផ្លូវហោះហើរ ការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំងទ្វេភាគី និងពហុភាគី ព្រមទាំងបន្តការជំរុញ​ឱ្យមានកិច្ចប្រឹងប្រែងបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា ទាំងក្នុងតំបន់ តំបន់មជ្ឈឹមបូព៌ា និងជាពិសេសអឺរ៉ុប ការពង្រឹងក្របខ័ណ្ឌច្បាប់ បទប្បញ្ញត្តិ កិច្ចព្រមព្រៀង កិច្ចសន្យាសម្បទាន ដើម្បីជំរុញឱ្យមានកំណើនចំនួនអ្នកធ្វើដំណើរនិងទំនិញតាមផ្លូវអាកាស និងស្របតាមបទដ្ឋាន​របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO)។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់បានបន្តថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានកំណត់គោលដៅច្បាស់លាស់លើការពង្រឹងនិងពង្រីកកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយបណ្តាប្រទេសសំខាន់ៗជាលក្ខណៈទ្វេភាគី និងជាមួយបណ្តាប្រទេស​ជាសមាជិក​អាស៊ាន ព្រមទាំងដៃគូសន្ទនាអាស៊ានជាលក្ខណៈពហុភាគី។ ក្រោយពីឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនគណៈកម្មការទាំង១០របស់រដ្ឋសភារួចហើយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩នៃរដ្ឋសភា បានថ្លែងការកោតសរសើរចំពោះរបាយ​ការណ៍​ដ៏ល្អិតល្អន់ ក្បោះក្បាយ និងការបំភ្លឺនូវសំណួរឈ្វេងយល់របស់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ជូនអង្គប្រជុំ ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់គណៈកម្មការជំនាញនៃរដ្ឋសភា មានមូលដ្ឋាន​ក្នុងការបំពេញតួនាទីស្នូលសំខាន់ៗគឺតួនាទីនីតិកម្ម តួនាទីត្រួតពិនិត្យ តួនាទីជាអ្នកតំណាង និងជាពិសេសការបំពេញតួនាទីជាសេនាធិការរបស់រដ្ឋសភា។ លោកជំទាវ និន សាផុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់បំពេញការងារ និងតួនាទី​ប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការបន្ត​មរតក​សមិទ្ធផលនៃបិតាសន្តិភាពរបស់កម្ពុជា គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលសម្តេចតេជោបានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះជាតិ និងអភិវឌ្ឍន៍​ប្រទេសរហូតដល់ទទួលបានឯកភាពជាតិ និងសុខសន្តិភាពពេញលេញ។ ជាពិសេស ការអនុវត្តន៍នូវ «គោលនយោបាយ បើកចំហរជើងមេឃ» របស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០០២​ ជាសមិទ្ធផលមិនអាចបដិសេធបានរបស់សម្តេច គឺជាជោគជ័យ​មិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា។ ហើយបានបន្តដំណើរមកដល់សហសម័យកម្ពុជា ដែលជាយុគសម័យទំនើបនៃការបន្តដំណើរ​រីកចម្រើនទៅមុខ ព្រមទាំងការដាក់ចេញនូវផែនការសកម្មភាពការងារ និងទិសដៅការងារបន្ត ដើម្បីឈានទៅសម្រេចបានសន្ទុះនៃកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេច​បានចក្ខុវិស័យកម្ពុជា២០៥០ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា៕

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ជំរុញឲ្យមន្រ្តីស្រុកមេមត់ នាំគ្នាដាំកូនឈើ និងរក្សាបរិស្ថានអនាម័យល្អ

2024/06/22 05:12:58 pm        206
ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមេមត់ បានចុះពិនិត្យមើលស្ថានភាពការលក់ ដូរ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅក្នុងផ្សារមេមត់ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រមទាំងជម្រុញជំរុញគោលនយោបាយ "បរិស្ថានល្អ" ដោយចាប់ផ្ដើមយុទ្ធនាការឲ្យមន្រ្តីសាលាស្រុកមេមត់ នាំគ្នាដាំកូនឈើ និងថែរក្សាបរិស្ថានអនាម័យល្អ។ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានគូសរំលេចថា ក្រោយពីមានសេចក្ដីសម្រេច ចាត់តាំងក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ និងការណែនាំដ៏ខ្ពង់ខ្ពស់​ពីសំណាក់ ឯកឧត្តមបណ្ឌិត អៀង សុផលែ្លត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ​ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ បានដឹកនាំជំរុញគោលនយោបាយ "បរិស្ថានល្អ" ដោយចាប់ផ្ដើមយុទ្ធនាការដាំកូនឈើ​ដោយច្រើន​ដែលអាចធ្វើទៅបាននៅក្នុងមូលដ្ឋានស្រុកមេមត់ និងមិនឲ្យមានសំរាមតាមភូមិឃុំ។ ជាក់ស្ដែង រដ្ឋបាលស្រុកមេមត់បានចាប់ផ្ដើមអនុវត្តមិនឲ្យមានសំរាមនៅមុខសាលាស្រុកមេមត់ តាមដងផ្លូវជាតិលេខ៧ ចម្ងាយជាងពីរគីឡូម៉ែត្ររួចស្រេចទៅហើយ។ គោលនយោបាយយុទ្ធនាការ "បរិស្ថានល្អ" មិនត្រឹមតែជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ លើកកំពស់សុខភាព​ប្រព័ន្ធអេកូឡូស៊ី និងកែលម្អគុណភាពបរិស្ថានទាំងមូលនោះទ "បរិស្ថានល្អ" គឺមាន សារៈសំខាន់​សម្រាប់ប្រជាពលរដ្ឋរ ដែលជាមូលដ្ឋានគ្រឹះនាំមកនូវ វិបុលភាពសេដ្ឋកិច្ច សុខភាពសាធារណៈ និងភាពសុខដុមរមនាក្នុងសង្គម។ឯកឧត្តមបណ្ឌិត ​បានបន្តថ្លែងថា បេសកកម្មចម្បងរបស់ក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន​ស្រុកមេមត់ ​គឺការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ផ្សព្វផ្សាយនិងអនុវត្តនូវគោល​នយោបាយ​សំខាន់ៗ​នៃកម្មវិធីនយោបាយ "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" ដែលជាកម្មវិធី​នយោបាយ​របស់ រាជរដ្ឋាភិបាលអាណត្តិទី៧​ សម្រាប់ការកសាង និងការពារជាតិមាតុភូមិកម្ពុជា។ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ ត្រូវសហការគ្រប់គ្រងសភាពការណ៍​នៅមូលដ្ឋាន ដើម្បីពង្រឹង ​និងលើកកម្ពស់ការទទួលខុសត្រូវរបស់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច​នៅក្នុងមូលដ្ឋាន ​សំដៅបំពេញការងារបម្រើប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព​ព្រមទាំងខិតខំចូលរួមសហការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានា ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធ "ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន"៕

ប្រមុខអង្គការសហប្រជាជាតិ ព្រមានប្រទេសលីបង់ថា មិនអាចក្លាយជាតំបន់ហ្កាហ្សាមួយផ្សេងទៀតទេ

2024/06/22 04:13:51 pm        91
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយកាលពីថ្ងៃសុក្រទី ២១ ខែមិថុនាថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងភាពតានតឹងរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា នៅប្រទេសលីបង់ ហើយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កំពុងធ្វើការដើម្បីធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់។លោកបានប្រាប់អ្នកសារព័ត៌មានថា សកម្មភាពកើតមានឡើងជាញឹកញាប់ ការគិតខុស អាចបង្កឱ្យមានមហន្តរាយដែលហួសពីព្រំដែន ហើយនិយាយដោយត្រង់ទៅហួសពីការនឹកស្មាន។ សូមបញ្ជាក់ឱ្យច្បាស់ថា ប្រជាជនក្នុងតំបន់ និងប្រជាជននៅលើពិភពលោក ពុំអាចទ្រាំទ្របានឱ្យប្រទេសលីបង់ក្លាយជាតំបន់ហ្កាហ្សាមួយផ្សេងទៀតនោះទេ។ក្រុមហេសបូឡា ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ បាននឹងកំពុងបាញ់រ៉ុក្កែតទៅលើប្រទេសអ៊ីស្រាអែលក្នុងសាមគ្គីភាពជាមួយក្រុមហាម៉ាស ជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន ចាប់តាំងពីសង្គ្រាមនៅតំបន់ហ្កាហ្សា បានផ្ទុះឡើងកាលពីខែតុលា ដោយបង្ខំឱ្យមនុស្សរាប់ម៉ឺននាក់ភៀសខ្លួនចេញពីលំនៅឋាន នៅក្នុងប្រទេសអ៊ីស្រាអែល ជាកន្លែងដែលសម្ពាធនយោបាយកំពុងបង្កើតឱ្យមានសកម្មភាពកាន់តែតានតឹង។ប្រជាជនលីបង់រាប់ម៉ឺននាក់ ក៏បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់។ បេសកជនរបស់អ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសុក្រថា ក្រុមហេសបូឡា មានសមត្ថភាពក្នុងការការពារខ្លួននិងប្រទេសលីបង់ ប្រឆាំងអ៊ីស្រាអែល។បេសកជនរបស់អង្គការសហប្រជាជាតិរបស់អ៊ីរ៉ង់ បានបង្ហោះនៅលើបណ្តាញ X ថា ការសម្រេចចិត្តដោយមិនប្រុងប្រយ័ត្នណាមួយធ្វើឡើងដោយរបបអ៊ីស្រាអែល ដើម្បីសង្គ្រោះខ្លួនឯង អាចធ្លាក់ចូលទៅក្នុងសង្រ្គាមថ្មីមួយ។

អ៊ីរ៉ង់ ថ្កោលទោសកាណាដា ជុំវិញការដាក់កងឆ្មាំបដិវត្តន៍ឥស្លាមក្នុងបញ្ជីខ្មៅ ជាអង្គភាពភេរវកម្ម

2024/06/21 09:12:32 pm        100
រដ្ឋមន្ត្រីការបរទេសចាំផ្ទះអ៊ីរ៉ង់ លោក Ali Bagheri Kani កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសការសម្រេចចិត្ត «បង្កហេតុ និងគ្មានការទទួលខុសត្រូវ» របស់រដ្ឋាភិបាលកាណាដា ក្នុងការដាក់កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC)របស់អ៊ីរ៉ង់ក្នុងបញ្ជីខ្មៅជា «អង្គភាពភេរវកម្ម» ។លោកបានធ្វើការអធិប្បាយនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ខណៈពេលដែលប្រតិកម្មទៅនឹងការប្រកាសកាលពីថ្ងៃពុធ ដោយរដ្ឋមន្ត្រីសុវត្ថិភាពសាធារណៈកាណាដា លោក Dominic LeBlanc ថា ប្រទេសរបស់ខ្លួន បានសម្រេចចិត្តដាក់ IRGC ក្នុងបញ្ជីជា «ក្រុមភេរវកម្ម»។លោក Bagheri Kani បាននិយាយថា ទង្វើរបស់ប្រទេសកាណាដា ក្នុងការដាក់ IRGC ក្នុងបញ្ជីខ្មៅដែលជាផ្នែកសំខាន់មួយនៃកងកម្លាំងប្រដាប់អាវុធផ្លូវការរបស់អ៊ីរ៉ង់ គឺជា «ការបង្កបញ្ហា»ចំពោះគោលការណ៍ និងច្បាប់អន្តរជាតិ និងគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់។ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani កាលពីថ្ងៃព្រហស្បតិ៍ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះចំណាត់ការរបស់រដ្ឋាភិបាលកាណាដាថា «មិនធម្មតា និងខ្វះការពិចារណា» ដោយនិយាយថា ការសម្រេចចិត្តនេះ គឺជា«សកម្មភាពអរិភាពផ្ទុយនឹងច្បាប់អន្តរជាតិ ដែលពាក់ព័ន្ធនឹងសមភាពអធិបតេយ្យ និងការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ។ លោក Kanaani បានហៅការសម្រេចចិត្តនេះថា ជាការឈ្លានពានប្រឆាំងនឹងអធិបតេយ្យភាពជាតិរបស់ អ៊ីរ៉ង់»។

អាមេរិក នឹងផ្តោតលើការពង្រឹងទំនាក់ទំនងជាមួយវៀតណាម បន្ទាប់ពីទស្សនកិច្ចលោក ពូទីន

2024/06/21 09:09:07 pm        207
សហរដ្ឋអាមេរិក បានឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ទៅកាន់វៀតណាម កាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តផ្តោតលើការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងហាណូយ ដែលខ្លួនបានស្វះស្វែងរកទំនាក់ទំនងរឹងមាំដើម្បីប្រឆាំងនឹងការប្រជែងជាមួយចិន។មួយថ្ងៃបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយកូរ៉េខាងជើង លោកពូទីន ត្រូវបានទទួលការស្វាគមន៍ក្នុងពិធីដ៏អធិកអធមមួយក្នុងប្រទេសវៀតណាម ហើយបាននិយាយនៅទីក្រុងហាណូយ ថាលោកចង់កសាង «ស្ថាបត្យកម្មសន្តិសុខដែលអាចទុកចិត្តបាន» នៅក្នុងតំបន់។ប៉ុន្មានម៉ោងក្រោយមក ទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ប្រមុខអ្នកការទូតរបស់ខ្លួនសម្រាប់អាស៊ីបូព៌ាគឺលោក ដានីញ៉ែល គ្រីថិនប្រ៊ីង (Daniel Kritenbrink) នឹងធ្វើទស្សនកិច្ចនៅវៀតណាមនៅថ្ងៃសុក្រ (២១ មិថុនា) និងថ្ងៃសៅរ៍ (២២ មិថុនា) សប្ដាហ៍នេះ ដើម្បីសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើការជាមួយទីក្រុងហាណូយ ដើម្បីធានាឱ្យមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក «សេរី និងបើកចំហ»។ដំណើរទស្សនៈកិច្ចរបស់លោក ពូទីន ទៅកាន់អាស៊ី ត្រូវបានគេមើលឃើញថាជាការផ្គើនទៅនឹងលោកខាងលិច ហើយការធ្វើជាម្ចាស់ផ្ទះរបស់វៀតណាម ត្រូវបានរិះគន់យ៉ាងខ្លាំងដោយទីក្រុងវ៉ាស៊ីនតោន ដែលបាននិយាយថា មេដឹកនាំរុស្ស៊ី មិនគួរត្រូវបានផ្តល់វេទិកាឱ្យការពារសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែននោះទេ៕

វៀតណាម ថាខ្លួននឹងពិភាក្សាជាមួយហ្វីលីពីន លើបណ្ដឹងទាមទារដែនសមុទ្រនៅ UN របស់ក្រុងម៉ានីល

2024/06/21 08:52:49 pm        101
វៀតណាម បាននិយាយនៅថ្ងៃសុក្រ (២១ មិថុនា) នេះថា ខ្លួនមានឆន្ទៈក្នុងការពិភាក្សាជាមួយប្រទេសហ្វីលីពីន ដើម្បីស្វែងរកវិធានការដែលសមស្របនឹងផលប្រយោជន៍នៃប្រទេសទាំងពីរ បន្ទាប់ពីទីក្រុងម៉ានីល កាលពីសប្តាហ៍មុន បានដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិ ទាមទារសិទ្ធិលើតំបន់ខ្ពង់រាបសមុទ្រទឹកជ្រៅនៅសមុទ្រចិនខាងត្បូង។អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ហ្វាំ ធូហាំង (Pham Thu Hang) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើគេហទំព័ររដ្ឋាភិបាលថា «វៀតណាមអះអាងជាថ្មីម្តងទៀតនូវអធិបតេយ្យភាពរបស់ខ្លួនចំពោះប្រជុំកោះ ហ័ងសា (Hoang Sa) និង ទ្រឿងសា (Truong Sa) ស្របតាមច្បាប់អន្តរជាតិ» ដោយសំដៅទៅលើប្រជុំកោះ ប៉ារ៉ាសែល (Paracel) និង ស្ព្រាតលី (Spratly)។ វៀតណាម និងហ្វីលីពីន ស្ថិតក្នុងចំណោមអ្នកទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកសមុទ្រពិភពលោកដ៏មមាញឹក ដែលស្ទើរតែទាំងអស់ត្រូវបានទាមទារដោយចិន។ ហ្វីលីពីន កាលពីសប្តាហ៍មុនបានដាក់បណ្ដឹងទៅអង្គការសហប្រជាជាតិទាមទារតំបន់ខ្ពង់រាបសមុទ្រទឹកជ្រៅមួយនៅសមុទ្រចិនខាងត្បូង ដែលគេជឿថាសម្បូរទៅដោយប្រេង និងឧស្ម័នធម្មជាតិ ព្រមទាំងជង្រុកត្រី។លោកស្រី ហាំង បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ថា «បណ្ដារដ្ឋឆ្នេរសមុទ្រ ដែលបញ្ចូលព្រំដែនខ្ពង់រាបសមុទ្រទឹកជ្រៅខាងក្រៅរបស់ពួកគេ ចាំបាច់ត្រូវតែគោរពសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃរដ្ឋឆ្នេរសមុទ្រពាក់ព័ន្ធផ្សេងទៀត ដែលមានឆ្នេរសមុទ្រទល់មុខ ឬនៅជាប់គ្នា»៕

អ្នកបោះឆ្នោតអាមេរិក ទន្ទឹងរងចាំការជជែកដេញដោលរវាងលោក Biden និងលោកTrump

2024/06/21 08:48:12 pm        68
ជនជាតិអាមេរិក ដែលមិនប្រាកដប្រជាអំពីបេក្ខភាពប្រធានាធិបតីដែលពួកគេពេញចិត្តនៅក្នុងការបោះឆ្នោតសហរដ្ឋអាមេរិកនាពេលខាងមុខ ដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ប្រកួតទល់នឹងលោក ដូណាល់ ត្រាំ (Donald Trump) ឥឡូវនេះកំពុងទន្ទឹងរងចាំការជជែកដេញដោលនៅសប្តាហ៍ក្រោយនេះ ដើម្បីជួយពួកគេសម្រេចចិត្តថាតើត្រូវគាំទ្រអ្នកណានៅឆ្នាំនេះ។ មនុស្សជាច្រើន ដែលធ្លាប់បានបោះឆ្នោតឱ្យលោក ត្រាំ ក្នុងឆ្នាំ២០១៦ មុនពេលងាកទៅគាំទ្របេក្ខភាពលោក បៃដិន ក្នុងឆ្នាំ២០២០ ដោយសារតែពួកគេមានអារម្មណ៍ថាការដឹកនាំរបស់លោក ត្រាំ មានភាពច្របូកច្របល់ខ្លាំងពេក បាននិយាយថា ឥឡូវនេះពួកគេកំពុងងាកទៅគាំទ្រលោក ត្រាំ ម្តងទៀត ដោយសារមិនសប្បាយចិត្តចំពោះការធ្វើអន្តោប្រវេសន៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិកស៊ិក និងអតិផរណាដ៏ខ្ពស់នៅក្រោមការគ្រប់គ្រងលោក បៃដិន។ពួកគេបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ លោក បៃដិន អាចយកចិត្តពួកគេបាន ប្រសិនបើលោកបង្ហាញសំណើដ៏រឹងមាំមួយដើម្បីធានាសន្តិសុខព្រំដែន និងសុខភាពរឹងមាំរបស់ខ្លួន ទោះបីជាលោកមានអាយុច្រើនក៏ដោយ។ ប្រហែល ២០ ភាគរយនៃអ្នកបោះឆ្នោតនិយាយថា ពួកគេមិនទាន់បានជ្រើសរើសបេក្ខជនប្រធានាធិបតីឆ្នាំនេះនៅឡើយទេ ហើយកំពុងពឹងផ្អែកលើជម្រើសរបស់ភាគីទីបី ឬប្រហែលជាមិនបោះឆ្នោតទាល់តែសោះនៅក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ អ៊ីបសូស (Ipsos) ថ្មីៗនេះ។សុខភាពរឹងមាំខាងផ្លូវចិត្ត ជាពិសេសសម្រាប់លោក បៃដិន គឺជាបញ្ហាសំខាន់សម្រាប់អ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តទាំងនេះ ដែលនឹងរងចាំមើលការជជែកដេញដោលលើកដំបូង ដើម្បីមើលថាតើបេក្ខភាពវ័យចំណាស់ជាងគេទាំងពីរនាក់ ដែលឈរឈ្មោះជាប្រធានាធិបតីអាមេរិកនេះ អាចគិតបានល្អកម្រិតណា។ ការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក បៃដិន និងជាពិសេសការគ្រប់គ្រងអតិផរណារបស់លោកក៏ជាប្រធានបទក្តៅគគុកផងដែរសម្រាប់ការបោះឆ្នោតអាមេរិក៕

បេក្ខជនប្រធានាធិបតីវេណេស៊ុយអេឡា ព្រមព្រៀងគោរពលទ្ធផលបោះឆ្នោត ខណៈបក្សប្រឆាំងធំ អនុបវាទ

2024/06/21 06:53:08 pm        119
ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro និងបេក្ខជន ៧រូបផ្សេងទៀត សម្រាប់ការបោះឆ្នោតនៅខែកក្កដា កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីគោរពលទ្ធផលបោះឆ្នោត ទោះបីជាគណបក្សប្រឆាំងធំរបស់ប្រទេសនេះ បានអនុបវាទ ដោយនិយាយថា រដ្ឋាភិបាល បានរំលោភលើកិច្ចព្រមព្រៀងដែលមានស្រាប់។ កិច្ចព្រមព្រៀងចំនួនប្រាំបួនចំណុច ត្រូវបានបង្ហាញដោយ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) ជាអាជ្ញាធររៀបចំការបោះឆ្នោតកម្រិតខ្ពស់បំផុតរបស់ប្រទេសវេណេស៊ុយអេឡា ដែលអ្នករិះគន់និយាយថា ជាការបន្ថែមពេលរបស់គណបក្សកាន់អំណាច។បេក្ខជនគណបក្សប្រឆាំងធំ លោក អ៊ីដមុនដូ ហ្កុនហ្សាឡេស(Edmundo Gonzalez) បានបដិសេធមិនចុះហត្ថលេខា។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ លោក Gonzalez បាននិយាយថា គណបក្សប្រឆាំងបានគោរពតាមលក្ខខណ្ឌមុនសម្រាប់ការបោះឆ្នោត ដែលត្រូវបានបង្កើតឡើងនៅក្នុងកិច្ចព្រមព្រៀង ចុះហត្ថលេខារវាងរដ្ឋាភិបាល និងគណបក្សប្រឆាំងនៅក្នុងទីក្រុង Barbados កាលពីឆ្នាំមុន។ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) លោក Elvis Amoroso បាននិយាយថា លោក Gonzalez ពុំបានឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រទេសនោះទេ បន្ទាប់ពីអញ្ជើញលោកឲ្យមកចុះហត្ថលេខា ខណៈស្ថានីយ៍ទូរទស្សន៍ផ្លូវការ បានផ្សាយបង្ហាញពីកៅអីនៅទទេ។ លោក Gonzalez អតីតអ្នកការទូតអាយុ ៧៤ឆ្នាំ បាននិយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា លោកពុំបានទទួលការកោះហៅណាមួយពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) ឡើយ។

លោក Biden ហាមឃាត់ការលក់កម្មវិធី Kaspersky នៅសហរដ្ឋអាមេរិក ជុំវិញទំនាក់ទំនងរុស្ស៊ី

2024/06/21 06:50:34 pm        112
រដ្ឋបាលសហរដ្ឋអាមេរិក របស់លោក Joe Biden កាលពីថ្ងៃព្រហស្បតិ៍ បានប្រកាសពីផែនការដើម្បីរារាំងការលក់កម្មវិធីកំចាត់មេរោគដែលផលិតដោយមន្ទីពិសោធ កាសភឺស្គី ឡេប(Kaspersky Lab) របស់រុស្ស៊ី នៅសហរដ្ឋអាមេរិក ដោយនិយាយយោងទៅរកអតិថិជនធំៗនៅសហរដ្ឋអាមេរិករបស់ក្រុមហ៊ុននេះ រួមទាំងក្រុមហ៊ុនផ្តល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រដ្ឋាភិបាលរដ្ឋ និងរដ្ឋាភិបាលតំបន់។លោក Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បាននិយាយក្នុងការសន្ទនាតាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ឥទ្ធិពលរបស់ទីក្រុងមូស្គូលើក្រុមហ៊ុន ត្រូវបានគេរកឃើញថាបង្កឱ្យមានហានិភ័យគួរឱ្យកត់សម្គាល់។ ប្រភពព័ត៌មានមួយបាននិយាយថា ដំណើរការដែលមានឯកសិទ្ធិរបស់កម្មវិធី ទៅកាន់ប្រព័ន្ធកុំព្យូទ័រ អាចអនុញ្ញាតឱ្យក្រុមហ៊ុនលួចយកព័ត៌មានរសើបពីកុំព្យូទ័ររបស់អាមេរិក ឬដំឡើងកម្មវិធីមេរោគ និងរក្សាការធ្វើបច្ចុប្បន្នភាពសំខាន់ៗ ដែលនឹងបង្កើនការគំរាមកំហែង។មន្ទីរពិសោធន៍ Kaspersky Lab និងស្ថានទូតរុស្ស៊ី ពុំបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះទេ។ កន្លងមកក្រុមហ៊ុន កាសភឺស្គី(Kaspersky) ធ្លាប់បាននិយាយថា ក្រុមហ៊ុននេះ ជាក្រុមហ៊ុនគ្រប់គ្រងដោយឯកជនសុទ្ធសាធ ពុំមានទំនាក់ទំនងជាមួយរដ្ឋាភិបាលរុស្ស៊ីទេ។ចំណាត់ការនានាបង្ហាញថា រដ្ឋបាលរបស់លោក Biden កំពុងព្យាយាមបំបាត់ហានិភ័យនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់រុស្ស៊ី ដែលកើតចេញពីកម្មវិធីកំចាត់មេរោគ Kaspersky និងរក្សាការប្រជ្រៀតចូលរបស់ទីក្រុងមូស្គូ ខណៈកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ទទួលបានសន្ទុះឡើងវិញ។

ប្រទេសចិន ថ្កោលទោសការលក់អាវុធរបស់សហរដ្ឋអាមេរិក ឲ្យទៅកោះតៃវ៉ាន់

2024/06/21 06:35:30 pm        76
ទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងដាច់អហង្ការ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំពោះការលក់អាវុធលើកទីពីររបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងខែនេះទៅឱ្យតំបន់តៃវ៉ាន់ ដោយនិយាយថា អ្វីដែលសហរដ្ឋអាមេរិកបានធ្វើគឺដើម្បីជួយដល់ការប៉ុនប៉ងរបស់អាជ្ញាធរគណបក្សប្រជាធិបតេយ្យជឿនលឿនក្នុងការស្វែងរកឯករាជ្យតាមរយៈការកសាងកម្លាំងយោធា ដែលនឹងទទួលបានការវាយប្រហារត្រលប់ទៅវិញតែប៉ុណ្ណោះ។ ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើង ស្របពេលក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តកាលពីថ្ងៃអង្គារលើការលក់យានដ្រូន និងមីស៊ីលទៅឱ្យតៃវ៉ាន់ក្នុងតម្លៃប្រមាណ ៣៦០ លានដុល្លារអាមេរិក។កាប្រកាសនេះបានកើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីរដ្ឋបាលអាមេរិកបានសម្រេចចិត្តលក់គ្រឿងបន្លាស់ និងជួសជុលយន្តហោះចម្បាំង F-16 ក្នុងតម្លៃ ៨០លានដុល្លារទៅឱ្យកោះនេះ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ចៀន (Lin Jian) បាននិយាយថា ការលក់អាវុធរបស់អាមេរិកទៅកាន់តំបន់តៃវ៉ាន់ ដោយមិនគិតពីការប្រឆាំងរបស់ចិន គឺបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមទាំងបីរបស់ចិន និងសហរដ្ឋអាមេរិក ជាពិសេសសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ១៩៨២។ លោកបាននិយាយថា ការលក់បែបនេះធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិនយ៉ាងខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងចិន-អាមេរិក សន្តិភាព ព្រមទាំងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ហើយផ្ញើសារខុសដ៏ធ្ងន់ធ្ងរទៅកាន់កងកម្លាំងបំបែកខ្លួនទាមទារឯករាជ្យតៃវ៉ាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM