សម្ដេចតេជោផ្ដល់អនុសាសន៍បីចំណុចដល់ទូតថ្មីអារ៉ាប៊ីសាអូឌីត ដើម្បីជំរុញទំនាក់ទំនង និងវិនិយោគប្រទេសទាំងពីរ
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត ប្រចាំកម្ពុជា (ថ្មី) ចូលជួបសម្តែងការគួរសម
រដ្ឋមន្រ្តី៖ ផ្លូវ៣ខ្សែជិត ១០០គីឡូម៉ែត្រនៅខេត្តក្រចេះ បើកច្រកថ្មីសម្រាប់ការតភ្ជាប់ និង​ជំរុញ​សេដ្ឋកិច្ច​-សង្គម
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Andrey RUDENKO អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ចូលជួបសម្តែងការគួរសម

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្ពានខ្ពស់ជាងគេនៅកម្ពុជាកាត់ស្ទឹងឫស្សីជ្រុំក្នុងស្រុកវាលវែង សម្រេចការសាងសង់បាន ៤១,៥០%ហើយ

2024/06/05 07:41:55 pm        585
ការសាងសង់ស្ពានដែលមានកម្ពស់ ខ្ពស់ជាងគេនៅកម្ពុជា បច្ចុប្បន្ននេះសម្រេចបាន៤១,៥០% ហើយ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ នេះបើ​តាម​ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៤ ។ ស្ពាននេះឆ្លងកាត់ស្ទឹងឬស្សីជ្រុំ ស្ថិតនៅភូមិឆាយលូក ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ១០ ត្រង់គីឡូម៉ែត្រលេខ ១២៨+៩១៥ មាន​កម្ពស់​៩០ម៉ែត្រ ប្រវែង៥៣០ម៉ែត្រ ទទឹង១០ម៉ែត្រ បន្ទុកនៃស្ពាន​រចនាតាម​ស្តង់ដា​ចិន​ហាយ​វេ​កម្រិត​៣ ដែលមានបន្ទុកចំនួន៥៥តោន ហើយគ្រោងចំណាយថវិកាអស់ ២២,៩២​លានដុ​ល្លារ​អា​មេរិក ។អ្នកនាំពាក្យក្រសួងសាធារណការ បានបន្តឱ្យដឹងថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៤ គម្រោង​ស្ថាបនាផ្លូវជាតិលេខ១០ទាំងមូល សម្រេចការសាងសង់បាន៨៣,៣៦% ក្នុងនោះ​រួមមាន៖ ការងារផ្លូវថ្នល់សម្រេចបាន ៨៧.៣១%, ការងារស្ពានសម្រេចបាន ៩១,១៨%, ការងារ​លូកាត់​ទទឹងថ្នល់សម្រេចបាន ៩៩.៨២% និងការងារលូបណ្តោយថ្នល់ និងជញ្ជាំង​ការពារ​ជើង​ទេរ​អនុវត្តបាន ៨៩,៨៤%។ ហើយនៅរដូវវស្សានេះផ្លូវជាតិលេខ១០ ប្រជាពលរដ្ឋអា​ច​ធ្វើដំណើរ​បាន​ដោយ​រលូន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។ គួរឱ្យដឹងដែរថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៥១៨គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត-វាលវែង-អូរសោម ដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេស កម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវ សរុបចំនួន ៩ម៉ែត្រ ជាប្រភេទ​ផ្លូវកៅស៊ូ ពីរស្រទាប់ (DBST) សាងសង់ស្ពាន ចំនួន ២៣កន្លែង ប្រវែង ១៧២១,៤៦ម៉ែត្រ ព្រម​ទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល​សុវត្ថិភាព​ផង​ដែរ ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ខាងមុខ ។ គម្រោងផ្លូវនេះមាន​ការជ្រើសរើស​គន្លងផ្លូវថ្មី ប្រវែងសរុប ៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញ ជាពីរនាំឲ្យ​ប៉ះពាល់​ដល់បរិស្ថាន និងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឲ្យឃើញពី​ការយក​ចិត្តទុកដាក់​ខ្ពស់របស់រាជរដ្ឋាភិបាល លើការថែរក្សាបរិស្ថាន៕

ពលរដ្ឋជាច្រើននាក់បន្តស្នើសុំប័ណ្ណ ប.ស.ស. ដោយស័្មគ្រចិត្តដើម្បីទទួលសេវាថែទាំសុខភាពឥតគិតថ្លៃ

2024/06/05 07:05:18 pm        774
គិតត្រឹមថ្ងៃបំណាច់ខែឧសភា ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចូលឈ្មោះសមាជិកថ្មី នៃរបបសន្តិសុខផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ចំនួនសរុបជាង ១៦ ម៉ឺននាក់ក្នុងនោះបុគ្គលស្វ័យនិយោជន៍ ដែលជាអ្នកប្រកបរបររកចំណូលផ្ទាល់ខ្លួន មានចំនួនជាង ១១ម៉ឺននាក់។ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៥ មិថុនា ឆ្នាំ២០២៤នេះ មានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា បើគិតត្រឹមរយៈពេល ១ថ្ងៃម្សិលមិញនេះ មានបុគ្គលស្វ័យនិយោជន៍ចំនួនជិត ១,៥០០នាក់ មកស្នើសុំចុះបញ្ជិកាតាមរយៈការបង់ភាគទានដោយស្ម័គ្រចិត្ត។ ឯកឧត្តមបន្តថា ចាប់តាំងពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្ត កាលពីខែវិច្ឆិកា ២០២៣កន្លងទៅ មន្រ្តីក្រុមការងាររបស់ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មផងដែរ។ក្រុមប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗគ្នា ដែលកំពុងរងចាំទទួលបណ្ណ ប.ស.ស. តាមរយៈរបបភាគទានដោយស្ម័គ្រចិត្តនេះ បានឲ្យដឹងថា ពួកគាត់ពិតជាមានអារម្មណ៍ថាកក់ក្តៅ និងសប្បាយចិត្តជាខ្លាំង ព្រោះធ្លាប់តែឃើញមន្រ្តីរាជការ និងបុគ្គលិកក្រុមហ៊ុនប៉ុណ្ណោះដែលអាចមានសិទ្ធិទទួលបណ្ណនេះ។ ប៉ុន្តែបច្ចុប្បន្ន ត្រឹមជាពលរដ្ឋធម្មតានិងមានមុខរបរតិចតួច ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំបណ្ណ័សមាជិក ប.ស.ស. បានដូចគ្នាដែរ។ ពួកគាត់បានឲ្យដឹងស្រដៀងគ្នាទៀតថា ប័ណ្ណ ប.ស.ស. នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ពួកគាត់ ព្រោះអាចជួយសម្រាលលើបន្ទុកចំណាយបានច្រើនណាស់ នៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។គិតចាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ២០២៣ រហូតមកដល់បច្ចុប្បន្ន របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមានសមាជិកសរុបចំនួនាជិត ២៧ម៉ឺនននាក់។ សូមជម្រាបជូនបន្ថែមទៀតថា បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាល ក៏ទទួលកុមារចូលជាសមាជិកផងដែរ ក្នុងនោះសម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ក៏ទទួលបានអត្ថប្រយោជន៍ជាច្រើន ពេលក្លាយជាសមាជិក ប.ស.ស. មានន័យថា កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) ទទួលបានអត្ថប្រយោជន៍ ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីពេទ្យសាធារណ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារនឹងផ្តល់ប្រាក់វិភាជន៍បូជាសព៕អត្ថបទ ឈិត បូរ៉ាវី

ក្រសួងការងារ៖ ក្រុមហ៊ុនធំៗ៥ ផ្តល់ឱកាសការងារជាង៣០០កន្លែង នៅថ្ងៃស្អែកនេះ

2024/06/05 06:54:25 pm        280
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុមហ៊ុនហ៊ុនធំៗក្នុងស្រុកចំនួន៥នឹងផ្តល់ឱកាសការងាររហូតជាង ៣០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្អែកនេះនៅទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA)ដែលមានទីតាំងក្នុងបរិវេណទីស្តីការក្រសួង។ ក្រុមហ៊ុនធំៗទាំង៥នោះរួមមាន ធនាគារឯកទេសអ៉ីអន, ធនាគារជីបម៉ុង, ក្រុមហ៊ុនធានារ៉ាប់រង Manulife, ណាហ្គាវើល៍ និងក្រុមហ៊ុន សូគីមិច ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប(CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង៥ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ នេះបើតាមការជូនដំណឹងរបស់ក្រសួង។ បន្ថែមពីនេះ យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ អាចទាក់ទងមជ្ឈម ណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)សម្រាប់ព័ត៌មានបន្ថែម៕

ប្រមុខកងទ័ពអះអាងថា អ៊ីស្រាអែលជិតឈានដល់សម្រេចចិត្តលើការវាយលុក នៅព្រំដែនលីបង់

2024/06/05 06:45:40 pm        287
អ៊ីស្រាអែល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយលុកនៅតាមបណ្តោយព្រំដែនភាគខាងជើងជាមួយប្រទេសលីបង់ ហើយជិតឈានដល់ការសម្រេចចិត្តមួយ ខណៈដែលចលនាហេសបូឡា បាននិយាយថា ខ្លួនមិនស្វែងរកការពង្រីកជម្លោះនោះទេ ប៉ុន្តែបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីប្រយុទ្ធនឹងសង្គ្រាមណាមួយដែលកើតឡើងចំពោះខ្លួន។ជម្លោះរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ដែលបានប្រយុទ្ធគ្នាស្របទៅនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា កាន់តែតានតឹង ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបន្ថែមក្តីបារម្ភថា ការប្រឈមមុខដាក់គ្នាកាន់តែទូលំទូលាយអាចផ្ទុះឡើងរវាងសត្រូវប្រដាប់អាវុធយ៉ាងខ្លាំងក្លា។អគ្គសេនាធិការយោធាអ៊ីស្រាអែល លោក Herzi Halevi បាននិយាយថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈានទៅការវាយលុក នៅភាគខាងជើង។លោកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដែលបានកត់ត្រាថា៖«យើងត្រូវបានរៀបចំ បន្ទាប់ពីដំណើរការដ៏ល្អនៃការបណ្តុះបណ្តាលរហូតដល់កម្រិតនៃការងារអគ្គសេនាធិការ ដើម្បីឈានទៅការវាយលុក នៅភាគខាងជើង»។«យើងកំពុងឈានដល់ចំណុចសម្រេចចិត្តមួយ»។អរិភាពរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា គឺជារឿងដ៏អាក្រក់បំផុតរបស់ពួកគេ ចាប់តាំងពីពួកគេ បានធ្វើសង្រ្គាម ក្នុងឆ្នាំ ២០០៦ ហើយប្រជាជនរាប់ម៉ឺននាក់ នៅសងខាងព្រំដែន ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ។

នាយករដ្ឋមន្រ្តីឥណ្ឌា លោក Modi និងសម្ព័ន្ធមិត្ត នឹងជួបប្រជុំគ្នាលើការបង្កើតរដ្ឋាភិបាល បន្ទាប់ពីឈ្នះឆ្នោត

2024/06/05 06:41:39 pm        253
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) គ្រោងនឹងជួបសម្ព័ន្ធមិត្តនៅថ្ងៃពុធ (០៥ មិថុនា) នេះដើម្បីពិភាក្សាអំពីការបង្កើតរដ្ឋាភិបាល រយៈពេលមួយថ្ងៃបន្ទាប់ពីគណបក្សជាតិនិយមហិណ្ឌូរបស់លោក បានឈ្នះដោយសំឡេងភាគច្រើនស្ដួចស្ដើងនៅក្នុងសភា នៅក្នុងលទ្ធផលបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលមួយ។គណបក្ស បារ៉ាទីយ៉ា ចាណាតា (BJP) របស់លោក ម៉ូឌី ទទួលបានអាសនៈចំនួន ២៤០ នៅក្នុងការបោះឆ្នោតសកល ដោយខ្វះចំនួន ៣២ អាសនៈដែលត្រូវការនៅក្នុងសភាជាន់ទាបសមាជិកចំនួន ៥៤៣ អាសនៈ ដែលធ្វើសេចក្តីសម្រេច នេះបើយោងតាមលទ្ធផលផ្លូវការដែលបានប្រកាសកាលពីល្ងាចថ្ងៃអង្គារ។លទ្ធផលនេះធ្វើឱ្យអ្នកវិនិយោគមិនសប្បាយចិត្ត ដោយភាគហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃអង្គារ ពីព្រោះលោក ម៉ូឌី នឹងត្រូវពឹងផ្អែកលើគណបក្សក្នុងតំបន់ផ្សេងៗទៀត ដែលភាពស្មោះត្រង់ខាងនយោបាយបានធ្លាក់ចុះអស់ជាច្រើនឆ្នាំ។ សម្ព័ន្ធប្រជាធិបតេយ្យជាតិ (NDA) ដឹកនាំដោយគណបក្ស BJP របស់លោក ម៉ូឌី ទទួលបាន ២៩៣ អាសនៈ ច្រើនជាងចំនួន ២៧២ អាសនៈដែលត្រូវការ ដើម្បីបង្កើតរដ្ឋាភិបាល។សម្ព័ន្ធបក្សប្រឆាំងរបស់ឥណ្ឌា ក៏ត្រូវបានគេរំពឹងថានឹងជួបប្រជុំគ្នានៅថ្ងៃពុធ នេះនៅទីក្រុងញូវដេលី និងពិភាក្សាអំពីដំណើរនៃសកម្មភាពបន្ទាប់ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងណាមួយនៅក្នុងការបង្កើតរដ្ឋាភិបាលដោយក្រុមប្រឆាំង ទំនងជាត្រូវបានរារាំងដោយសម្ព័ន្ធមិត្តសំខាន់ពីររបស់បក្ស BJP ដែលគាំទ្រលោក ម៉ូឌី៕

ឯកឧត្តម ចាយ បូរិន បើកយុទ្ធនាការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ក្នុងក្របខណ្ឌក្រសួងធម្មការនិងសាសនា

2024/06/05 06:22:52 pm        271
ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបើកយុទ្ធនាការធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រ ដោយមានការសហការពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំធ្វើតេស្ត រកសារធាតុញៀន ក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនា នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះ។ឯកឧត្តម ចាយ បូរិន បានថ្លែងថា ការធ្វើតេស្តរកសារធាតុញៀននេះ ធ្វើឡើងស្របទៅនឹងការអនុវត្តបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ដើម្បីជាគំរូដល់មន្ត្រីរាជការដទៃទៀត ឯកឧត្តម រដ្ឋមន្រ្តី បានធ្វើតេស្តស្វែងរកសារធាតុញៀន និងបន្តដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការមកពីអគ្គនាយកដ្ឋានជំនាញ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ទទួលបានលទ្ធផលល្អទាំងអស់គ្នា។តាមរយៈរបាយការណ៍លើកឡើងដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអោយដឹងថា គិតមកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤កន្លងទៅនេះ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិមួយ ចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័ស រកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រី ជាប់កិច្ចសន្យា សរុបបានចំនួន ៥៦ ៤៤៥ រូប ក្នុងនោះមាន លទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹកមូត្រ ចំនួន ៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ដោយឡែកសម្រាប់ ការធ្វើតេស្តរហ័សរកសារធាតុញៀន ក្នុងក្របខណ្ឌក្រសួងធម្មការ និងសាសនានេះ មានការអញ្ជើញចូលរួមធ្វើតេស្តរកសារធាតុញៀនដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ សរុបចំនួន ៤៦០នាក់ ក្នុងនោះស្រ្តី៩៤នាក់ ជាលទ្ធផលពុំមានថ្នាក់ដឹកនាំ ឬមន្ត្រីណាម្នាក់មានពាក់ព័ន្ធសារធាតុញៀនខុសច្បាប់ឡើយ។ យុទ្ធនាការដើម្បីសម្រេចឱ្យបាននូវការប្តេជ្ញាចិត្ត «កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗ ជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ជាមួយគ្នានេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីបន្តអនុវត្តបទបញ្ជា ០១ បប ប្រកបដោយប្រសិទ្ធិភាព ដោយធ្វើការកៀគរជំនួយ ដើម្បីទទួលបានឧបករណ៍ធ្វើតេស្តបន្ថែមសហការជាមួយក្រសួងសុខាភិបាល បង្កើតក្រុមការងារចំពោះកិច្ចមួយឡើង សម្រាប់ធ្វើតេស្តបញ្ជាក់ឡើងវិញ ក្នុងករណីមានការតវ៉ាពីមន្ត្រីអំពីលទ្ធផលតេស្ត, បើកវគ្គបណ្តុះបណ្តាលដល់គ្រូបង្គោលតាមស្ថាប័ន អង្គភាព,ណែនាំដល់សាម៉ីក្រសួង-ស្ថាប័ន ដែលបានបណ្តេញមន្ត្រីវិជ្ជមានសារធាតុញៀនចេញ ឱ្យបញ្ជូនពួកគាត់ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា៕អត្ថបទ រដ្ឋា

លោក Biden បញ្ជាឱ្យទប់ស្កាត់ជនអន្តោប្រវេសន៍ដើម្បី ទទួលបានការគ្រប់គ្រងព្រំដែនម៉ិកស៊ិក

2024/06/05 05:55:51 pm        251
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា លោក បានបញ្ជាឱ្យពិនិត្យមើលការទប់ស្កាត់ជនអន្តោប្រវសេន៍ ដើម្បីទទួលបានការគ្រប់គ្រងព្រំដែន អាមេរិក-ម៉ិកស៊ិក ក្នុងគោលបំណងដើម្បីទប់ទល់ចំណុចខ្សោយផ្នែកនយោបាយរបស់លោក នៅក្នុងការបោះឆ្នោតថ្មីដែលត្រូវប្រឈមជាមួយលោក Donald Trump ។បទបញ្ជាប្រតិបត្តិ ដែលរង់ចាំជាយូរមក របស់គណបក្សប្រជាធិបតេយ្យ បានហាមប្រាមជនអន្តោប្រវេសន៍ដែលចូលមកក្នុងប្រទេសដោយខុសច្បាប់ មិនឲ្យទទួលបានសិទ្ធិជ្រកកោន ខណៈចំនួនបានកើនឡើងលើសពី ២.៥០០នាក់ ក្នុងមួយថ្ងៃ ព្រមទាំងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការនិរទេសពួកគេត្រឡប់ទៅប្រទេសម៉ិកស៊ិកវិញ។លោក Biden បាននិយាយនៅក្នុងសុន្ទរកថាខ្លីមួយនៅសេតវិមានថា លោកបានមកទីនេះ ដើម្បីធ្វើអ្វីដែលគណបក្សសាធារណរដ្ឋនៅក្នុងសភា បដិសេធមិនធ្វើ ដោយចាត់វិធានការចាំបាច់ដើម្បីធានាបាននៅព្រំដែនរបស់យើង។ ក្រុមមន្ត្រី បាននិយាយថា ការទប់ស្កាត់ថ្មីដ៏តឹងរ៉ឹង គួរតែចាប់ផ្តើមភ្លាមៗ នៅពេលបទបញ្ជាចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃពុធ ដោយសារចំនួនមនុស្សឆ្លងកាត់ គ្មានឯកសារត្រឹមត្រូវ គឺលើសពីកម្រិតកំណត់រួចទៅហើយ។អ្នកស្វែងរកសិទ្ធិជ្រកកោន នឹងត្រូវបានអនុញ្ញាតឱ្យចូលម្តងទៀត នៅពេលដែលចំនួនប្រចាំថ្ងៃធ្លាក់ចុះដល់ ១.៥០០នាក់ ។ លោក Biden បានរិះគន់លោក Trump ខ្លាំងៗ និងគណបក្សសាធារណរដ្ឋ ចំពោះអ្វីដែលលោកហៅថា «ចំណាត់ការនយោបាយ ដ៏ឃោរឃៅបំផុត» ដែលពុំមានការសហការជាមួយលោក និងរារាំងការផ្តល់មូលនិធិរាប់ពាន់លានដុល្លារសម្រាប់ព្រំដែន។

ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

2024/06/05 05:47:05 pm        251
ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោកជំទាវ មីឡេណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ទទួលភ្ញៀវរបស់ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤។

អ្នកបំបែកខ្លួនកាន់សាសនាស៊ីក(Sikh)ដែលជាប់ពន្ធនាគារ ឈ្នះអាសនៈក្នុងការបោះឆ្នោតឥណ្ឌា

2024/06/05 05:37:31 pm        268
មេដឹកនាំបំបែកខ្លួនកាន់សាសនាស៊ីក (Sikh) កំពុងជាប់ក្នុងពន្ធនាគារ លោក អាំរីតផាល់ស៊ីញ (Amritpal Singh) ដែលបានប្រកួតប្រជែងការបោះឆ្នោតសកលរបស់ប្រទេសឥណ្ឌាពីពន្ធនាគារ និងទទួលបានការគាំទ្រគួរសមដែរនោះ បានឈ្នះអាសនៈ១ពីរដ្ឋ ពុនចាប (Punjab)ភាគខាងជើង ដោយទទួលបានសំឡេងគាំទ្រ ១.៩៧.១២០ សំឡេង ជាអ្វីដែលអាចក្លាយជាការព្រួយបារម្ភសម្រាប់ទីក្រុង New Delhi ដែលបានព្យាយាមលុបបំបាត់ការរស់ឡើងវិញនៃពួកសកម្មប្រយុទ្ធ កាន់សាសនាស៊ីក (Sikh) ។ លោក ស៊ីញ វ័យ៣១ ឆ្នាំ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារដែលមានការយាមកាមសន្តិសុខយ៉ាងតឹងរ៉ឹងក្នុងរដ្ឋ អាសាំ (Assam)ចម្ងាយជិត៣.០០០គីឡូម៉ែត្រ ពីមណ្ឌលបោះឆ្នោត កាដ័រ សាហ៊ីប (Khadoor Sahib) ក្នុងរដ្ឋ ពុនចាប (Punjab)ជាទីដែលភូមិ និងទីប្រជុំជននានា ត្រូវបានចងព្រោងព្រៀតដោយផ្ទាំងរូបភាពរបស់លោក ។លោកត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន និងដាក់ពន្ធនាគារក្រោមច្បាប់សន្តិសុខដ៏តឹងរ៉ឹង បន្ទាប់ពីរូបលោក និងអ្នកគាំទ្ររាប់រយនាក់បានសម្រុកចូលប៉ុស្តិ៍នគរបាលប្រដាប់ដោយដាវ និងអាវុធ ទាមទារឱ្យដោះលែងជំនួយការម្នាក់របស់លោក។ ជាមួយគ្នានោះ ឪពុករបស់លោកស៊ីញ គឺ លោក តាសេម ស៊ីញ (Tarsem Singh) អាយុ៦១ ឆ្នាំបានថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រកូនប្រុសរបស់លោកកាលពីថ្ងៃអង្គារ ទី ៤ ខែមិថុនា ។ ក្រុមអ្នកកាន់សាសនាស៊ីក គឺជាសហគមន៍អ្នកកាន់សាសនាស៊ីកភាគច្រើននៅក្នុងរដ្ឋ ពុនចាប ប៉ុន្តែពួកគេមានត្រឹមតែ ២% នៃប្រជាជនឥណ្ឌា ១,៤ ពាន់លាននាក់។ ក្រុមសកម្មប្រយុទ្ធ កាន់សាសនា ស៊ីកបានចាប់ផ្តើមក្រោកប្រឆាំងដើម្បីមាតុភូមិឯករាជ្យមួយក្នុងទសវត្សរ៍ឆ្នាំ១៩៧០ ប៉ុន្តែការបះបោរត្រូវបានបង្ក្រាបយ៉ាងព្រៃផ្សៃ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ។ទោះបីជាយ៉ាងណាក៏ដោយ ការបំបែកខ្លួនរបស់ក្រុមអ្នកកាន់សាសនាស៊ីក បានធ្វើឱ្យក្លាយជាបញ្ហាជាសកលកាលពីឆ្នាំមុន ខណៈប្រទេសកាណាដា និងសហរដ្ឋអាមេរិក បានចោទប្រកាន់ឥណ្ឌាថាបានជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតមេដឹកនាំកាន់សាសនាស៊ីក នៅក្នុងប្រទេសទាំងនោះ ជាការចោទប្រកាន់ដែលទីក្រុងញូវដែលីបានបដិសេធ៕

អ៊ុយក្រែន៖ ការបន្តប្រើអាវុធលោកខាងលិចដើម្បីវាយប្រហារ នឹងធ្វើឱ្យរុស្ស៊ី ចុះខ្សោយនៅជិតព្រំដែន

2024/06/05 05:34:20 pm        289
លោក អាន់ឌ្រី យើម៉ាក (Andriy Yermak) ប្រធានបុគ្គលិករបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអង្គារ (០៤ មិថុនា) ថា ការប្រើប្រាស់អាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី គឺជាការសម្រេចចិត្តដ៏សំខាន់ដែលនឹងប៉ះពាល់ដល់អាកាសចរណ៍យុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូ និងសមត្ថភាពរបស់ខ្លួនក្នុងប្រតិបត្តិការនៅតំបន់ព្រំដែន។បន្ទាប់ពីមានសម្ពាធពីអ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួន សហរដ្ឋអាមេរិក បានយល់ព្រមកាលពីសប្តាហ៍មុនដើម្បីផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន និងអនុញ្ញាតឱ្យទីក្រុងគីវ វាយប្រហារខាងក្នុងប្រទេសរុស្ស៊ីដោយប្រើអាវុធរបស់លោកខាងលិច ដែលជាផ្នែកនៃយុទ្ធនាការរបស់ខ្លួនដើម្បីប្រឆាំងនឹងការវាយលុកពេញលេញរបស់រុស្ស៊ី។ទីក្រុងគីវ បាននិយាយថា ជំហាននេះនឹងជួយរុញច្រានការវាយរុលរបស់រុស្ស៊ី ឱ្យថយក្រោយ និងការពារទឹកដីបានកាន់តែល្អប្រសើរនៅក្នុងតំបន់ខាគីវ (Kharkiv) ភាគឦសាន។ អ៊ុយក្រែន បានកំណត់គោលដៅជាញឹកញាប់លើតំបន់កាន់កាប់ គ្រីម៉េ ( Crimea) ដែលរុស្ស៊ី បានដាក់បញ្ចូលក្នុងឆ្នាំ២០១៤ ដោយអាវុធផលិតដោយលោកខាងលិច។ប៉ុន្តែដោយសារសព្វាវុធ និងទាហាននៅសមរភូមិមានចំនួនតិចខ្លាំងពេកនោះ រដ្ឋធានីគីវ បានអង្វរករទីក្រុងវ៉ាស៊ីនតោន ឱ្យអនុញ្ញាតឱ្យុខ្លួនវាយលុកលើទឹកដីរុស្ស៊ី ដោយអាវុធផលិតដោយអាមេរិក ខណៈក្រុងមូស្គូ បានបើកសមរភូមិមុខថ្មីនៅតំបន់ខាគីវ ភាគឦសាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន៖ ពិភពលោកហាក់កំពុងតែភ្លេចនូវមេរៀនដ៏ល្វីងជូរចត់នៃសង្គ្រាមលោកទាំងពីរលើក
08/27/2026 01:08 PM
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
08/27/2026 12:08 PM
ប្រជាជនអ៊ីរ៉ង់ គិតថាមានសម្ពាធខណៈទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកកំពុងកើនឡើង
08/27/2026 12:08 PM
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំUN៖ កងទ័ពត្រូវបានកំណត់ពេលទៅដល់តំបន់ហ្កាហ្សាដើម្បីរក្សាសន្តិភាព
08/27/2026 12:08 PM
ព្រះមហាក្សត្រ៖ ការជ្រើសរើសព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំង​សម្រាប់​រៀបចំ​សន្និសីទ ISC មានអត្ថន័យពិសេសខ្លាំងណាស់
08/27/2026 12:08 PM
ព្រះមហាក្សត្រ៖ ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាអន្តរសភា លើកទី២ គឺជា​មោទនភាព​ដ៏ធំធេង​សម្រាប់​​ប្រជាជាតិកម្ពុជា និងរួមចំណែកដ៏មានអត្ថន័យក្នុង​ការពង្រឹង​កិច្ច​សហប្រតិបត្តិការ​អន្តរសភា
08/27/2026 11:08 AM
កម្លាំងសមត្ថកិច្ចជិត ៧ពាន់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២
08/27/2026 11:08 AM
អ្នកតំណាងក្រុមប្រឹក្សាសន្តិភាពរិះគន់គោលនយោបាយហ្កាហ្សារបស់អ៊ីស្រាអែល ខណៈផែនការរំសាយអាវុធជាប់គាំង
08/27/2026 11:08 AM
ព្យុះទីហ្វុងណារ៉ា(Narra)ឆក់យកជីវិតមនុស្ស២នាក់ និង៣នាក់រងរបួសក្នុងប្រទេសវៀតណាមភាគខាងជើង
08/27/2026 11:08 AM
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​បើក​សន្និសីទ​ប្រធាន​សភា​នៃ​អន្តរ​សភា​លើក​ទី២​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ
08/27/2026 11:08 AM