ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនលើកឡើងថា ការគំរាមដំឡើងពន្ធនាំចូលបង្ហាញថាអ្នកខ្លះនៅអាមេរិកកំពុងវង្វេង

2024/05/16 01:26:55 pm        236
ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃពុធ ទី១៥ឧសភា សប្ដាហ៍នេះក្នុងការអត្ថាធិប្បាយខុសពីធម្មតាថា ចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការដំឡើងពន្ធនាំចូលលើមុខទំនិញរបស់ប្រទេសចិន គឺជាសញ្ញានៃភាពទន់ខ្សោយ ហើយបង្ហាញថា មនុស្សមួយចំនួននៅក្នុងសហរដ្ឋអាមេរិក អាចនឹងកំពុងវង្វេង ។ លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារ សប្ដាហ៍នេះ បានបង្ហាញការដំឡើងពន្ធដ៏ច្រើនលើការនាំចូលទំនិញរបស់ចិន រួមទាំងអាគុយរថយន្តអគ្គិសនី (EV) បន្ទះអេឡិចត្រូនិកកុំព្យូទ័រ និងផលិតផលវេជ្ជសាស្រ្ត ដែលកំពុងប្រឈមដាក់គ្នាក្នុងឆ្នាំបោះឆ្នោតជាមួយទីក្រុងប៉េកាំង ខណៈលោកកំពុងព្យាយាមបញ្ចុះបញ្ចូលអ្នកបោះឆ្នោតអាមេរិក ដែលផ្តល់ពិន្ទុទាបដល់គោលនយោបាយសេដ្ឋកិច្ចរបស់លោក។ ទង្វើនេះ បានទាក់ទាញប្រតិកម្មពីប្រទេសចិន និងបានប្តេជ្ញាសងសឹកវិញភ្លាមៗ។ យោងតាមសេចក្តីថ្លែងការណ៍មួយផ្សព្វផ្សាយដោយទូរទស្សន៍រដ្ឋ CCTV រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា នេះគឺជាទម្រង់ធម្មតាបំផុតនៃការសម្លុតគំរាមនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ទង្វើនេះបង្ហាញថាមនុស្សមួយចំនួននៅក្នុងសហរដ្ឋអាមេរិកបានឈានដល់ចំណុចនៃការវង្វេងវង្វាន់ ដើម្បីតែរក្សាអនុភាពឯកតោភាគីរបស់ពួកគេ។ លោកបាននិយាយថា ការគាបសង្កត់របស់សហរដ្ឋអាមេរិកលើប្រទេសចិន មិនបង្ហាញថាសហរដ្ឋអាមេរិកខ្លាំងនោះទេ ប៉ុន្តែបង្ហាញឱ្យឃើញថា សហរដ្ឋអាមេរិក បានបាត់បង់ទំនុកចិត្តលើខ្លួនឯង និងគ្មានសណ្តាប់ធ្នាប់៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី "ព្រែកជីកហ្វូណនតេជោ"

2024/05/16 12:11:31 pm        351
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារពិសេសស្តីពី "ព្រែកជីកហ្វូណនតេជោ" នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកការប្ដូរប្រូហ្វាល់របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅលើបណ្ដាញសង្គមនានា ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ គឺជាចលនាជាតិដ៏ធំធេង ក្នុងស្មារតីស្នេហាជាតិ និងដើម្បីកំណើនសេដ្ឋកិច្ច និងសង្គមកម្ពុជា។ សម្ដេចតេជោ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន និងព្រះសង្ឃគ្រប់អង្គដែលបានចូលរួមគាំទ្រនូវគម្រោងព្រែកជីកនេះ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ជាថ្មីថា សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ គឺមិនមានក្ដីបារម្ភណាមួយចំពោះបញ្ហាបរិស្ថាន និងសង្គមនោះទេ ដូច្នេះកម្ពុជាត្រូវតែអនុវត្តគម្រោងព្រែកជីកនេះឱ្យខាងតែបាន។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ឡើងវិញថា គម្រោងព្រែកជីកហ្វូណនតេជោនេះ គឺជាគំនិត​ផ្ដួចផ្ដើម​តែមួយគត់ចេញពីកម្ពុជាសុទ្ធសាធ។ សម្ដេចតេជោ ជំទាស់យ៉ាងដាច់ណាត់ចំពោះក្រុមប្រឆាំងជ្រុលនិយមមួយចំនួនដែលបានឡើងឡើងថា គម្រោងព្រែកជីកនេះជាគំនិត​ផ្ដួចផ្ដើម​របស់ចិន និងធ្វើឡើងដើម្បីគាំទ្រដល់ដល់ចិន។-សម្ដេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយចំពោះក្រុមអ្នកវិភាគប្រឆាំងជ្រុលនិយមមួយក្ដាប់តូច ដែលនៅតែបន្តយករឿងព្រែកជីកហ្វូណននេះ មកភ្ជាប់នូវបញ្ហានយោបាយតំបន់ប្រឆាំងចិន។ សម្ដេចតេជោ សម្ដែងការសោកស្ដាយ ដែលក្នុងនាមជាបញ្ញវន្តមួយរូប ប៉ុន្ដែក្រុមអ្នកវិភាគប្រឆាំងមួយក្ដាប់តូចនោះ បែរជាបន្តយករឿងដែលជាសមិទ្ធផលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិមកធ្វើជាឈ្នាន់នយោបាយរបស់ពួកគេ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងចូលរួមផ្ដល់ផលចំណេញលើចម្ងាយផ្លូវប្រវែង ១៦៩ គីឡូម៉ែត្រ ក្នុងការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដែលផ្ដល់ភាពងាយស្រួលលើការដឹកញ្ជូន។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងផ្ដល់ប្រព័ន្ធស្រោចស្របដល់បណ្ដាខេត្ត ទិសនីរតីនៃប្រទេសកម្ពុជា។ ព្រែកជីកនេះ អាចទាញទឹកឱ្យប្រជាជនសម្រាប់បង្កបង្កើនផល និងប្រើប្រាស់ ដូច្នេះពលរដ្ឋនឹងបង្កើតបាននូវមុខរបរដូចជាការធ្វើកសិកម្មពីធ្វើមួយលើក ទៅធ្វើពីរលើក ឬលើសពីនេះ។-សម្ដេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា កម្ពុជាមិនល្ងង់រហូតដល់សុខទៅទាញទឹកប្រៃមកបំផ្លាញទឹកសាបខ្លួនឯងនោះទេ។ អ៊ីចឹង ផលប្រយោជន៍ គឺកម្ពុជាអាចបង្កើតបាននូវប្រព័ន្ធស្រោចស្របនៃទិសនីរតី ហើយភាពបៃតងនៃទិសនីរតីរបស់កម្ពុជា ហើយនឹងកើតឡើងនៃការដាំដុះ ការដាំដើមឈើ ដោយសារកម្ពុជាមានបណ្ដាញទឹកស្រោចស្របដ៏ល្អនេះ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ ក៏នឹងជួយទប់ស្កាត់បញ្ហាទឹកជំនន់នៅរដូវវស្សា ក្នុងប្រទេសកម្ពុជាផង និងបណ្ដាប្រទេសជិតខាងផងដែរ។-សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា ក្រោយមានព្រែកជីកហ្វូណនតេជោ វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា នៅទិសនីរតី ដូចការប្រសិទ្ធនាមថា តារារះនៅទិសនីរតីផងដែរ។-សម្ដេចតេជោ ហ៊ុន សែន ជំរុញដល់រាជរដ្ឋភិបាលកម្ពុជា ពន្លឿនដល់ការបើកការដ្ឋានក្នុងការស្ថាបនា ព្រែកជីកហ្វូណនតេជោនេះតែម្ដង។-សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើទៅប្រជាពលរដ្ឋ សូមចាប់អារម្ភ​លើឯករាជ្យភាពខាងនយោបាយ លើការដឹកជញ្ជូនរបស់កម្ពុជា។ កម្ពុជាមិនចាំបាច់យកវៀតណាមធ្វើជាសត្រូវ ហើយវៀតណាមក៏មិនចាំបាច់យកកម្ពុជាធ្វើជាសត្រូវដែរ។ ប៉ុន្ដែមានក្រុមប្រឆាំងជ្រុលនិយមដែលនៅតែបន្តលើកឡើងនូវរឿងព្រែកជីកហ្វូណនតេជោនេះ ទៅភ្ជាប់នឹងបញ្ហាភូមិសាស្រ្តនយោបាយក្នុងតំបន់។-សម្ដេចតេជោ ហ៊ុន សែន រម្លឹកថា ព្រះបាទអង្គឌួង បានគិតគូរពីការស្ថាបនា ព្រែកជីកនេះ តាំងពីឆ្នាំ ១៨៤០ មកម្ល៉េះ។ មានគេនិយាយថា បើធ្វើព្រែកជីកនេះ ចំណេញសួរថា កាលពីជាង ៤០ឆ្នាំមុន ហេតុអ្វីមិនធ្វើព្រែកជីកនេះ ។ សម្ដេច បញ្ជាក់ថា ពេលនោះ កម្ពុជាក្រណាស់ មិនមែនកម្ពុជាមិនចង់ធ្វើនាពេលនោះទេ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមិនត្រូវការឱ្យប្រជាជនកម្ពុជា និងវៀតណាមស្អប់គ្នា នឹងយកគ្នាធ្វើជាសត្រូវនោះទេ។ សម្ដេចតេជោ ចង្អុលបង្ហាញថា ការធ្វើព្រែកជីកនេះ គឺនឹងបន្សល់ទុកដល់កម្ពុជាលើសពីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នោះគឺការឯករាជ្យខាងនយោបាយលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទុកឱ្យពួកក្រុមប្រឆាំងជ្រុលនិយម ៤-៥ នាក់នោះនៅបន្តប្រឆាំងចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះទៀតទៅចុះ ដើម្បីឱ្យប្រវត្តិសាស្រ្ដចារពីទង្វើអាក្រក់របស់ពួកគេ។ សម្ដេចតេជោ បន្តជំរុញឱ្យមហាជន មើលពីគម្រោងព្រែកជីកហ្វូណនតជោនេះ លើសពីការផ្ដល់ផលសម្រាប់សេដ្ឋកិច្ច និងសង្គម ប៉ុន្ដែជាការឯករាជ្យលើវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។

សម្ដេចធិបតី និងប្រធានាធិបតីកូរ៉េ អញ្ជើញជាសហធិបតីក្នុងពិធី​ចុះអនុស្សរណៈយោគយល់​គ្នាលើឯកសារ​សំខាន់ៗ ចំនួន៦

2024/05/16 12:03:52 pm        148
នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រោយជំនួបទ្វេភាគី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង​ឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញ​ជា​សហធិបតី​ក្នុងពិធីចុះអនុស្សរណៈយោគយល់​គ្នាលើឯកសារ​ចំនួន ៦ រួមមាន៖ ១. ពិធីសារស្ដីពីវិសោធនកម្មក្របខ័ណ្ឌគម្រោង  រវាង រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ និង រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា លើហរិញ្ញប្បទាន ស្តីពីមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦ ។២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ។៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និង អង្គភាពកម្មសិទ្ធិបញ្ញានៃសាធារណរដ្ឋកូរ៉េ ស្តីពី ការពង្រឹងកិច្ចសហប្រតិបត្តិការកម្មសិទ្ធិបញ្ញា ។៤. លិខិតបង្ហាញឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ស្តីពី ការគ្រប់គ្រងគ្រឿងញៀន រវាង អគ្គនាយកដ្ឋានគយ និង រដ្ឋាករ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលគយនៃសាធារណរដ្ឋកូរ៉េ ។៥. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីអភិវឌ្ឍន៍ជំនាញ និងទេពកោសល្យវិជ្ជាជីវៈ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។៦. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៤ រវាង រាជរដ្ឋាភិបាលកម្ពុជា និងធនាគារនីហ័រណ- អាហ័រណកូរ៉េ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជនកូរ៉េពលីជីវិតលើសមរភូមិ

2024/05/16 10:46:33 am        179
នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធយុទ្ធជនកូរ៉េ ដែលបានពលីជីវិតលើសមរភូមិ។ ការគោរពវិញ្ញាណក្ខន្ធនេះធ្វើឡើងនៅ Memorial Tower ដែលជាកន្លែងរំលឹកដល់វីរភាពរបស់យុទ្ធជនកូរ៉េ ពលីជីវិតក្នុងបុព្វហេតុជាតិនាសម័យសង្គ្រាម។ក្នុងឱកាសនោះ បន្ទាប់ពីបានដាក់កម្រងផ្កាហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានស្មឹងស្មាធិ៍គោរពវិញ្ញាណក្ខន្ធយុទ្ធជនកូរ៉េ។ បន្ទាប់មកសម្តេចធិបតី ក៏បានសរសេរបង្ហាញចំណាប់អារម្មណ៍លើសៀវភៅក្រាំងមាសផងដែរ។សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កំពុងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចផ្លូវការនៅកូរ៉េខាងត្បូង។ ដំណើរទស្សនកិច្ចនេះ មានរយៈពេល៤ថ្ងៃ ហើយជាដំណើរទស្សនកិច្ចមួយបង្ហាញនូវជំហររបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ក្នុងការបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និងកូរ៉េខាងត្បូងឱ្យកាន់តែល្អប្រសើរ៕

លោក Blinken៖ អ៊ីស្រាអែល ត្រូវមានផែនការច្បាស់លាស់ និងជាក់ស្តែងសម្រាប់អនាគតហ្កាហ្សា

2024/05/16 10:43:26 am        173
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធ (១៥ ឧសភា) ថា អ៊ីស្រាអែល ត្រូវការផែនការច្បាស់លាស់ និងជាក់ស្តែងមួយសម្រាប់អនាគតរបស់តំបន់ហ្កាហ្សា ជាទីដែលប្រឈមមុខនឹងលទ្ធភាពកង្វះថាមពល ដែលអាចក្លាយជាភាពចលាចលទូទាំងតំបន់ហ៊ុមព័ទ្ធនេះ។ការលើកឡើងនេះបានទាក់ទាញការរិះគន់របស់អ៊ីស្រាអែល ដោយលោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ការរៀបចំផែនការក្រោយសង្គ្រាមគឺមិនអាចទៅរួចនោះទេ បើមិនទាន់កម្ទេចក្រុមហាម៉ាស ជាមុនសិន។ទីក្រុងវ៉ាស៊ីនតោន និងអ៊ីស្រាអែល យល់ស្របថា ក្រុមហាម៉ាស មិនអាចបន្តដំណើរការតំបន់ហ្កាហ្សាបានទេ បន្ទាប់ពីខ្មាន់កាំភ្លើងរបស់ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន មួយនេះបានបញ្ឆេះជម្លោះជាមួយនឹងការសម្លាប់ឆ្លងព្រំដែន និងការចាប់ជំរិតដ៏រំជើបរំជួលកាលពីខែតុលា ឆ្នាំមុន។ប៉ុន្តែសម្ព័ន្ធមិត្តទាំងពីរមានជម្លោះលើដំណើរស្វែងរករបស់អ៊ីស្រាអែល សម្រាប់ «ជ័យជម្នះទាំងស្រុង» លើក្រុមហាម៉ាស រួមទាំងនៅទីក្រុង រ៉ាហ្វា (Rafah) ភាគខាងត្បូង ដែលសហរដ្ឋអាមេរិក បានព្រមានប្រឆាំងនឹងប្រតិបត្តិការសំខាន់ៗណាមួយដែលអាចបង្កគ្រោះថ្នាក់ដល់ជនភៀសខ្លួនប៉ាឡេស្ទីនដែលប្រមូលផ្តុំនៅទីនោះ៕

ចិន ព្រមាននាវាហ្វីលីពីន ដែលចូលដែនទឹកដោយខុសច្បាប់ ក្នុងសមុទ្រចិនខាងត្បូង

2024/05/16 10:17:54 am        163
អង្គភាពឆ្មាំល្បាតឆ្នេរចិន (CCG) កាលពីថ្ងៃពុធទី១៥ឧសភា សប្ដាហ៍នេះ បានចេញការព្រមានដល់នាវាហ្វីលីពីន ដែលបានឆ្លងចូលដែនទឹករបស់ចិន ដោយខុសច្បាប់នៅក្នុងសមុទ្រចិនខាងត្បូង។អង្គភាពឆ្មាំល្បាតឆ្នេរចិន បាននិយាយថា សកម្មភាពរបស់ហ្វីលីពីន បានរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន និងបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ក៏ដូចជាបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ហើយបានជំរុញឱ្យប្រទេសនេះ បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់។ ការឈ្លានពានដោយខុសច្បាប់របស់ហ្វីលីពីនចូលទៅដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង កាន់តែញឹកញាប់ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ ក្នុងអំឡុងពេលមានការប្រឈមដាក់គ្នាកាលពីមុនកាលពីថ្ងៃទី ៣០ ខែមេសា កន្លងទៅ កងឆ្មាំល្បាតឆ្នេរប្រទេសចិន បានបណ្តេញនាវាឆ្មាំល្បាតឆ្នេរហ្វីលីពីន និងនាវាផ្លូវការមួយគ្រឿង ដែលបានចូលទៅក្នុងដែនទឹក នៅជាប់នឹងកោះ ហ័នយ៉ាន (Huangyan) ។ កាលពីថ្ងៃទី ២៣ ខែមីនា កងកម្លាំងឆ្មាំល្បាតឆ្នេរ របស់ប្រទេសចិន បានរារាំងនាវាផ្គត់ផ្គង់ហ្វីលីពីន កំពុងចតដោយខុសច្បាប់នៅតំបន់ដែនទឹកមានជម្លោះ យិនណៃជៀវ(Ren'ai Jiao) ដើម្បីជួសជុល និងពង្រឹងសន្តិសុខ។អង្គភាពឆ្មាំល្បាតឆ្នេរខាងលើបាននិយាយថា ខ្លួននឹងបន្តអនុវត្តសកម្មភាពអនុវត្តច្បាប់នៅក្នុងដែនទឹកនានាដែលស្ថិតនៅក្រោមការគ្រប់គ្រងស្របច្បាប់របស់ប្រទេសចិន ដូចដែលបានអះអាងដោយច្បាប់ និងការពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាពដែនដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ប្រទេសចិន៕

រកឃើញជ័យលាភី ការប្រកួតលើប្រធានបទ«ដង្ហើមទីក្រុង» វិញ្ញាសាការអភិវឌ្ឍរមណីយដ្ឋានវត្តភ្នំ

2024/05/16 09:48:39 am        193
ភ្នំពេញ៖ រកឃើញនូវជ័យលាភី ដែលបានចូលរួមការប្រកួតប្រជែងនៃស្នាដៃស្ថាបត្យករកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ដង្ហើមទីក្រុង Breath Of The City” លើវិញ្ញាសាការអភិវឌ្ឍនូវរមនីយដ្ឋានវត្តភ្នំ ដែល​ស្នាដៃ​របស់​ពួកគេប្រកបដោយភាពច្នៃប្រឌិត ទាក់ទាញភ្ញៀវទេសចរ​កាន់តែច្រើនទៅលេងកម្សាន្ត នៅ​ទីតាំង​ទេសចរណ៍​ដ៏សំខាន់ ក្នុងរាជធានីភ្នំពេញមួយនេះ។សម្រាប់ការរៀបចំនូវការប្រកួតប្រជែង គឺបានផ្ដោតសំខាន់លើការរចនា ដ៏មានប្រសិទ្ធភាព ដើម្បី​សោភ័ណ​ភាព​ទីក្រុង ហើយប្រធានបទដង្ហើមទីក្រុងនេះ ក៏អាចចូលរួមចំណែកក្នុងការជួយដោះស្រាយ ធ្វើ​យ៉ាង​ណា​ឲ្យ​សង្គម​បរិយាកាសក្នុងរាជធានីភ្នំពេញ កាន់តែមានភាពទាក់ទាញ និងជំរុញ​កំណើន​សេដ្ឋកិច្ច​ផង​ដែរ។ក្នុងឱកាសអញ្ជើញចែកពានរង្វាន់ស្នាដៃស្ថាបត្យករកម្ពុជា ក្រោមប្រធានបទ “ដង្ហើមទីក្រុង” នៅ​រសៀល​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបង្ហាញការកោតសរសើរ និងអបអរសាទរ នូវទេពកោសល្យ​ស្នាដៃ​របស់​ស្ថាបត្យ​ករ​កម្ពុជា ដែលទទួលបានពានរង្វាន់ និងថ្លែងអំណរគុណដល់គណៈស្ថាបត្យករកម្ពុជា ដែ​ល​ជា​រឿយៗ​តែង​តែបង្ហាញអំពីគំនិតច្នៃប្រឌិត ដ៏គួរឱ្យភ្ញាក់ផ្អើល ។ឯកឧត្តមបានបន្តថា សង្គមកម្ពុជាកំពុងត្រេកអរ និងទទួលយក​នូវ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​ៗ​ប្លែក​ៗ​ផ្នែក​ស្ថាបត្យ​កម្ម ដើម្បីចូលរួមកសាងកម្ពុជាឱ្យមានការវិវឌ្ឍឈានឡើងទៅមុខ ដោយចាប់ផ្ដើមដើរលើមាគ៌ារួម ទទួល​យក​ភាព​ច្នៃប្រឌិតដ៏អស្ចារ្យ របស់សហការីផ្នែកស្ថាបត្យកម្ម ហើយយើង​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ មិនត្រូវមានការរាថយឡើយ ខណៈទេពកោសល្យដែលបង្ហាញក្នុងកម្មវិធីប្រកួតប្រជែងនេះ គឺ​ជា​មោទនភាពរបស់យើង ហើយវានឹងមានការលូតលាស់រីកចម្រើនបន្ថែមទៀត នាពេលខាងមុខ ។ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំ និងជំរុញដល់ស្ថាបត្យករកម្ពុជា ត្រូវមានភាពជឿជាក់ ក្នុងការបង្ហាញនូវគំនិតច្នៃប្រឌិត និងទេពកោសល្យរបស់ខ្លួន ដើម្បីរួមគ្នាកសាងសង្គមកម្ពុជា ឱ្យកាន់​តែ​រីក​លូត​លាស់ ឈានឆ្ពោះទៅមុខ ។ជ័យលាភីទាំង៥ក្រុមដែលរួមមាន៖ លេខ១៖ ក្រុមទី៣៥ "វត្តភ្នំ - A Timeless Park" លេខ២៖ ក្រុមទី៦១ "ចំណងបៃតង" លេខ៣៖ ក្រុមទី២៧ "បេះដូងបៃតង នៃទីក្រុងភ្នំពេញ" លេខ៤៖ ក្រុមទី៣៤ "សេដ្ឋកិច្ចក្នុងអរិយធម៌បៃតង"និងលេខ៥៖ ក្រុមទី០៧ "Rebirth"។ សម្រាប់ក្រុមទទួលបានជ័យលាភី បានបង្ហាញការពេញចិត្ត ចំពោះប្រធានបទ និង​វិញ្ញាសា ដែលកម្មវិធីបានរៀបចំ ព្រោះវាជាផ្នែកមួយ ក្នុងការទទួលយកស្នាដៃពីយុវជន ដែល​មាន​គំនិត​ចង់​ចូល​រួមអភិវឌ្ឍន៍ទីក្រុង ហើយក៏ជាឱកាសឲ្យពួកគេ បានទទួលនូវបទពិសោធន៍ជាច្រើន ពីដៃគូប្រកួត ឬ​ដំបូន្មានពីគណៈកម្មការ លើការងារស្ថាបត្យកម្ម ។គួរបញ្ជាក់ថា ការប្រកួតប្រជែងនៃស្នាដៃស្ថាបត្យករកម្ពុជា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ដង្ហើមទីក្រុង Breath Of The City” ឆ្នាំ២០២៤ លើវិញ្ញាសារការអភិវឌ្ឍនូវរមនីយដ្ឋានវត្តភ្នំ មានបេក្ខភាពចូលរួមជាង ៨០​ក្រុម ដែលមានមកពីតាមសាកលវិទ្យាល័យ និងស្ថាប័នមួយចំនួន ដែលត្រូវ​ប្រកួត​ប្រជែង​រយៈ​ពេល​ជាង ៤ខែ ហើយក្រុមជាប់ជ័យលាភីលេខ១ ទទួលបានពានមួយ បណ្ណសរសើរ និងថវិកា ៣ ៥០០ដុល្លារ រួម​នឹងការលើកទឹកចិត្តមួយចំនួនទៀត៕ អត្ថបទ បាន សុខរិទ្ធិ

ជំនួបរបស់លោក Putin ជាមួយលោក Xi នៅចិន គូសបញ្ជាក់ពីសម្ព័ន្ធភាពដែលកំពុងកើនឡើង

2024/05/16 09:10:49 am        170
ដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅថ្ងៃព្រហស្បតិ៍ (១៦ ឧសភា) នេះ ទំនងជាគ្របដណ្ដប់លើកិច្ចព្រមព្រៀងដ៏រឹងមាំ ប៉ុន្តែនឹងបង្ហាញពីការចាប់ផ្តើមអាណត្តិប្រធានាធិបតីថ្មីរបស់លោក ជាមួយនឹងការគាំទ្រពីដៃគូនយោបាយដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន គឺសមភាគីចិន លោក ស៊ី ជីនពីង (Xi Jinping)។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ទីក្រុងប៉េកាំង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃរបស់លោកនៅប្រទេសចិន ដែលជាដំណើរទស្សនកិច្ចបរទេសលើកដំបូង បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតី។ បេសកកម្មរយៈពេលពីរថ្ងៃរបស់លោក ពូទីន ត្រូវបានគេរំពឹងថានឹងបង្ហាញពីភាពជាដៃគូ «គ្មានដែនកំណត់» របស់ភាគីទាំងពីរក្នុងការតស៊ូប្រឆាំងនឹងសម្ពាធពីសហរដ្ឋអាមេរិក ជុំវិញសង្រ្គាមរបស់រុស្ស៊ី នៅឆ្នាំ២០២២ លើអ៊ុយក្រែន។ក្រសួងការបរទេសចិន បានបញ្ជាក់ពីដំណើររបស់លោក ពូទីន កាលពីថ្ងៃអង្គារ ដោយនិយាយថាលោក ស៊ី និងលោក ពូទីន នឹងផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនង និង «បញ្ហាអន្តរជាតិ និងតំបន់ ដែលជាកង្វល់រួម»។ខណៈពេលដែលក្រុមអ្នកការទូត និងអ្នកវិភាគរំពឹងថាលោក ពូទីន នឹងជំរុញលោក ស៊ី ឱ្យគាំទ្របន្ថែមទៀតសម្រាប់សេដ្ឋកិច្ចសង្រ្គាមរបស់រុស្ស៊ី រាប់ចាប់ពីម៉ាស៊ីន រហូតដល់សារធាតុគីមីដើម្បីជួយឧស្សាហកម្មយោធារបស់ខ្លួនក្នុងការបញ្ចុះតម្លៃប្រេង និងឧស្ម័នកាន់តែច្រើន ដំណើររបស់លោក ពូទីន នេះក៏ទំនងជានិមិត្តរូបយ៉ាងខ្លាំងនៃទស្សនៈពិភពលោករួមគ្នាដែលផ្តោតលើការប្រឆាំងនឹងសណ្ដាប់ធ្នាប់ដែលដឹកនាំដោយសហរដ្ឋអាមេរិក៕

លោក Putin ទៅដល់ចិន សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ក្នុងការបង្ហាញការរួបរួមរវាងសម្ព័ន្ធមិត្ត

2024/05/16 08:43:35 am        146
លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន(Vladimir Putin)បានទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ទី១៦ឧសភាសប្ដាហ៍នេះ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃទៅកាន់ប្រទេសចិន ដើម្បីបង្ហាញការរួបរួមរវាងសម្ព័ន្ធមិត្តទាំង២ ខណៈទីក្រុងមូស្គូ កំពុងជំរុញការវាយលុកថ្មីនៅអ៊ុយក្រែន។ ចិន និងរុស្ស៊ី បានប្រកាសពីមិត្តភាពគ្មានដែនកំណត់ កាលពីក្នុងខែកុម្ភៈឆ្នាំ២០២២ នៅពេលលោក Putin បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប៉ុន្មានថ្ងៃមុនពេលលោក បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលក្នុងប្រទេសអ៊ុយក្រែន ដែលបណ្ដាលឲ្យមានជាសង្រ្គាមលើដីដ៏ធ្ងន់ធ្ងរបំផុតនៅក្នុងតំបន់អឺរ៉ុប ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។ ដំណើរទស្សនកិច្ចរបស់លោក Putin បានកើតឡើង ស្របពេលប្រទេសរុស្ស៊ីបានពឹងផ្អែកផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងទៅលើប្រទេសចិន បន្ទាប់ពីការវាយលុករបស់ក្រុងមូស្គូពេញបន្ទុកលើអ៊ុយក្រែនកាលពីជាងពីរឆ្នាំមុន។នៅមុនថ្ងៃនៃដំណើរទស្សនកិច្ចនេះ លោក Putin បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយចិនថា វិមានក្រឹមឡាំង បានត្រៀមលក្ខណៈដើម្បីចរចាជុំវិញជម្លោះនៅអ៊ុយក្រែន។ លោក Putin ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួ ថា យើងបើកចំហចំពោះកិច្ចសន្ទនាស្តីពីអ៊ុយក្រែន ប៉ុន្តែការចរចាបែបនេះត្រូវតែគិតគូរពីផលប្រយោជន៍របស់ប្រទេសទាំងអស់ដែលពាក់ព័ន្ធក្នុងជម្លោះ រួមទាំងផលប្រយោជន៍របស់យើងផងដែរ។ ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់មេដឹកនាំរុស្ស៊ីពេលនេះ កើតឡើង ខណៈកងកម្លាំងរបស់លោកបានបើកការវាយលុកនៅក្នុងតំបន់ ខាគីវ (Kharkiv)ភាគឦសានក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុនក្នុងការលុកលុយឆ្លងព្រំដែនដ៏ធំបំផុតចាប់តាំងពីការវាយប្រហារពេញទំហឹង បានចាប់ផ្តើមដោយបង្ខំមនុស្សជិត ៨.០០០នាក់ ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕

កម្ពុជា-ចិនបើកសមយុទ្ធយោធាជាផ្លូវការនៅព្រឹកនេះ ដោយមានវត្តមានកងទ័ពប្រទេសទាំងពីរជាងពីរពាន់នាក់ចូលរួម

2024/05/16 07:35:28 am        483
ដូចតាមការគ្រោងទុក នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ កងទ័ពកម្ពុជា និងកងទ័ពរំដោះប្រជាជនចិន បានបើកសមយុទ្ធជាផ្លូវការរបស់ខ្លួន ខណៈកម្មវិធីបើកជាផ្លូវការនេះ គឺបានប្រព្រឹត្តទៅក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងលោកឧត្តមនាវីទោ កៅ សីវឈីង នាយរងសេនាធិការតំបន់ភូមិភាគខាងត្បូង នៃកងទ័ពរំដោះប្រជាជនចិន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធភាគីចិន។សមយុទ្ធយោធារវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»ឆ្នាំ២០២៤នេះ នឹងធ្វើឡើងក្រោមវិធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួម និងការសង្រ្គោះមនុស្សធម៌» រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ ខណៈសមយុទ្ធដែលនឹងមានបាញ់គ្រាប់ពិតផងដែរនោះ គឺធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការ ប្រចាំឆ្នាំទ្វេភាគីរវាងកម្ពុជា និងចិន ក្នុងគោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍គ្នាទៅវិញទៅមក នៃការទប់ស្កាត់ និងបង្រ្កាប់អំពើភេរវកម្ម ការប្រឆាំង​ដ្រូនស៊ើបការ​របស់សត្រូវ និងក៏ដើម្បីបង្កើនសមត្ថភាពកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់​តែល្អប្រសើរបន្ថែមទៀត ក្នុងកិច្ចការពារជាតិ ការពារសន្តិសុខក្នុងតំបន់ និងពិភពលោក ពុំមែន​ធ្វើឡើងដើម្បីជាការគំរាមកំហែង ​ឬធ្វើឲ្យប៉ះពាល់ដល់អ្នកណា ឬប្រទេសណានោះឡើយ។សូមបញ្ជាក់ថា សមយុទ្ធយោធាទេភាគីរវាងកម្ពុជា និងចិនដែលមានឈ្មោះថា«នាគមាស»នេះគឺ បានប្រព្រឹត្តទៅចំនួន៥ លើកមកហើយ ខណៈលើកទី៦នេះ មានលក្ខណៈទ្រង់ទ្រាយធំជាងមុនៗ​ទៅទៀត ដោយឆ្នាំនេះ ​គឺមានចំនួនកងទ័ពភាគីទាំងរហូតដល់ជាង២០០០នាក់ចូលរួម ក្នុងនោះ​កងទ័ពចិនចំនួនជាង៧រយនាក់ រួមទាំងសព្វាវុធទំនើបៗ ​ឧទ្ធម្ភាគចក្រ និង​ថែមទាំង​មាននាវា​ចម្បាំង​ទាំងខ្នាតធំ និងតូចចំនួន១៤គ្រឿងផងដែរ៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំង និងក្រសួងការបរទេសរុស្ស៊ី ច្រានចោលការព្យាករលើវិវាទរវាងលោក Lavrov និងលោក Putin
11/07/2025 06:11 PM
ប្រភពដែនសមុទ្រ៖ នាវាដឹក LNG គេចពីចោរសមុទ្រ នៅសូម៉ាលី ខណៈការវាយប្រហារកើនឡើងខ្លាំង
11/07/2025 06:11 PM
ថ្នាក់រៀននៅតំបន់ហ្កាហ្សា ចាប់ផ្តើមបើកឡើងវិញបណ្តើរៗ ក្រោយសង្រ្គាមរយៈពេល ២ឆ្នាំ
11/07/2025 06:11 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ ជនអន្តោរប្រវេសន៍ ៦នាក់ ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលនគរបាលដេញតាម នៅប៊ុលហ្គារី
11/07/2025 06:11 PM
មនុស្ស ៣នាក់ស្លាប់ ក្រោយបាក់អគារនៅរោងចក្រថាមពលលែងប្រើរបស់កូរ៉េខាងត្បូង
11/07/2025 06:11 PM
កសិករវៀតណាម ព្រួយបារម្ភថា ព្យុះទីហ្វុង Kalmaegi នឹងនាំមកទឺកជំនន់បន្ថែមទៀត
11/07/2025 06:11 PM
លោក Trump និយាយថា កងកម្លាំងស្ថិរភាពអន្តរជាតិសម្រាប់តំបន់ Gaza នឹងមកដល់ក្នុងពេលឆាប់ៗនេះ
11/07/2025 06:11 PM
អ៊ីស្រាអែលប្រកាសតំបន់ព្រំដែនអេហ្ស៊ីប ជាតំបន់យោធាដែលបិទ ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធដោយ ដ្រូន
11/07/2025 05:11 PM
មន្ត្រីជាន់ខ្ពស់រុស្ស៊ី និងឥណ្ឌូនេស៊ី ពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក
11/07/2025 05:11 PM
បេសកកម្ម UN៖ការវាយប្រហាររបស់អ៊ីស្រាអែល ធ្វើឲ្យប៉ះពាល់ដល់វឌ្ឍនភាពឆ្ពោះទៅរកដំណោះស្រាយនយោបាយ នៅលីបង់
11/07/2025 05:11 PM