សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ បណ្ណសារដ្ឋានជាតិ មានតម្លៃជាងមាសដុំ ព្រោះជាអ្នកថែរក្សាការចងចាំ និងអត្តសញ្ញាណរបស់ជាតិ
សម្ដេចធិបតី បញ្ជាក់ថា បច្ចុប្បន្នមានសាលារៀនប្រមាណ ១៦១ សាលា អនុវត្តកម្មវិធីសិក្សារយៈពេល ៦ ម៉ោង

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

2024/05/24 04:56:09 pm        141
នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅវិមានសន្តិភាពទីស្តីការបំពេញការងាររបស់នាយករដ្ឋមន្ត្រី។នេះជាលើកទី២ដែលសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានជួបប្រជុំជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាយន្តការប្រមូលផ្តុំពហុគំនិតជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រជាធិបតេយ្យ និងប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ក្នុងឱកាសកិច្ចប្រជុំនេះបានចាប់ផ្តើមដោយសុន្ទរកថាបើកកិច្ចប្រជុំ និងសារៈប្រយោជន៍នៃការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ កិច្ចប្រជុំក៏បានផ្តល់ឱកាសឱ្យប្រធានប្រតិភូគណបក្សនីមួយៗ អំពីការរួមចំណែកផ្តល់ធាតុចូលក្នុងន័យស្ថាបនាអំពីបច្ចុប្បន្នភាពសង្គមរយៈពេល៦ខែកន្លងមក និងចក្ខុវិស័យនៃការរំពឹងទុកដោយប្រធានប្រតិភូគណបក្សនីមួយៗផងដែរ។សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងពេលសម្ដេចជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៨ នៅដើមនីតិកាលទី៦ ដែលជាយន្តការមួយក្នុងការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាជូនប្រជាជន និងការអភិវឌ្ឍសង្គមជាតិ ប្រកបដោយសក្តានុពល។ក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានភារកិច្ចចម្បងចំនួន៣រួមមាន៖ ទី១ ផ្តួចផ្តើមគំនិត ឬផ្តល់យោបល់លើការរៀបចំគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។ ទី២ ផ្តួចផ្តើមគំនិតតាក់តែង ឬផ្តល់យោបល់លើការរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃដំណើរការនីតិវិធីធ្វើច្បាប់ដែលកំពុងស្ថិតក្នុងក្របខណ្ឌអំណាចនីតិប្រតិបត្តិ និង ទី៣ តាមដានដំណើរការអនុវត្តច្បាប់ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលទាំងនៅថ្នាក់ជាតិ ក្រោមជាតិ និងផ្តល់អនុសាសន៍កែលម្អភាពអសកម្ម និងភាពមិនប្រក្រតី។ ជាមួយគ្នានេះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ មានសិទ្ធិផ្តើមរៀបចំគោលនយោបាយ ដើម្បីស្នើជូននាយករដ្ឋមន្ត្រីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសិទ្ធិផ្តួចផ្តើមគំនិតតាក់តែងរៀបចំធ្វើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតស្នើជូននាយករដ្ឋមន្ត្រី ដើម្បីពិនិត្យ និងចាត់ចែងប្រគល់ជូនរដ្ឋមន្ត្រីក្រសួង ឬរដ្ឋលេខាធិការដ្ឋានដែលមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ សិក្សា និងផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីសម្រេច។សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក៏អាចដាក់លទ្ធផលនៃការងាររបស់ខ្លួនទៅក្នុងរបៀបវារៈពិគ្រោះ និងផ្តល់យោបល់ក្នុងកិច្ចប្រជុំណាមួយរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ហើយក៏អាចដាក់ជូននាយករដ្ឋមន្ត្រីផ្ទាល់តែម្តង ដើម្បីពិនិត្យ និងសម្រេច។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ក៏អាចលើកយោបល់កែលម្អអំពីភាពអសកម្ម ឬភាពមិនប្រក្រតីជូនាយករដ្ឋមន្ត្រីផងដែរ។សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅក្នុងអាណត្តិថ្មីនេះ មានគណបក្សនយោបាយចូលរួមមានចំនួន ២៩ រួមមានដូចជា៖ ១ គណបក្ស ប្រជាជនកម្ពុជា, ២ គណបក្ស ខ្មែររួបរួមជាតិ, ៣ គណបក្ស ពន្លឺថ្មី, ៤ គណបក្ស សញ្ញាតិកម្ពុជា, ៥ គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ៦ គណបក្ស នគរប្រជាធិបតេយ្យ, ៧ គណបក្ស រស្មីខេមរា ៨ គណបក្ស ខ្មែរសាធរណរដ្ឋ, ៩ គណបក្ស ហ៊ុនស៊ិនប៉ិច, ១០ គណបក្ស ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ១១ គណបក្ស យុវជនកម្ពុជា, ១២ គណបក្ស ធម្មាធិបតេយ្យ, ១៣ គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា, ១៤ គណបក្ស ខ្មែរតែមួយ,១៥ គណបក្ស កម្លាំប្រជាធិបតេយ្យ, ១៦ គណបក្ស កសិករ, ១៧. គណបក្ស ស្ត្រីដើម្បីស្ត្រី, ១៨ គណបក្ស បំណងពលរដ្ឋ, ១៩គណបក្ស ឯកភាពជាតិខ្មែរ, ២០ គណបក្ស ខ្មែរអភិរក្ស, ២១ គណបក្ស អំណាចប្រជាពលរដ្ឋ, ២២ គណបក្ស មហាសាមគ្គីជាតិខ្មែរ, ២៣ គណបក្ស ខ្មែរអង្គរ, ២៤ គណបក្ស អភិវឌ្ឍន៍កម្ពុជា, ២៥ គណបក្ស មហានគរ, ២៦ គណបក្ស ខ្មែរឈ្នះ, ២៧ គណបក្ស កម្ពុជាសេរី ឯករាជ្យ ប្រជាធិបតេយ្យ, ២៨ គណបក្ស មូលីណាកា, ២៩ គណបក្ស ចលនាប្រជាធិបតេយ្យ៕អត្ថបទ៖វ៉ន ដារ៉ា

ទិដ្ឋភាពពិធីបិទក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានីត្រូវបានបញ្ចប់ប្រកបដោយភាពរលូន

2024/05/24 04:35:03 pm        147
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤នេះ គណប្រជាជនកម្ពុជា ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានរៀបចំពិធីបិទក្បួនដង្ហែរយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុក អាណត្តិទី៤ ដែលប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម ខូវ លី សមាជិកគណៈកម្មការ​អចិន្ត្រៃយ៍ គណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តចុះជួយក្រុងសំរោង រួមទាំងសមាជិកសមាជិការមកពីតាមណ្តាលសង្កាត់ចូលរួមយ៉ាងច្រើនកុះករ។បន្ទាប់ពីលោក ផុន ចាន់នឹល អភិបាលក្រុងសំរោង បានមានមតិចំណាប់​អារម្មណ៍​ស្វាគមន៍​រួចមក ឯកឧត្តម ខូវ លី បានលើកឡើងថា ក្នុងថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោត​ដើម្បីជ្រើសរើស​ក្រុមប្រឹក្សាខេត្ត រាជធានី ក្រុង ស្រុក នៅពេលនេះបងប្អូនដែលជាសមាជិកសមាជិការទាំងអស់​ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ក្នុងការសម្រេចចិត្ត និងត្រៀមលក្ខណៈសម្បត្តិ ឲ្យបានល្អ ប្រសើរសម្រាប់ធ្វើការបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខនេះ។ឯកឧត្តម ខូវ លី បានបន្តថា សមាជិកសមាជិកមកពីតាមបណ្តាល ឃុំសង្កាត់ទាំងអស់នៅពេល​បងប្អូន​ធ្វើដំណើរវិលត្រលប់ទៅតាមមូលដ្ឋានរៀងៗរបស់ខ្លួន​ត្រូវរក្សាសុខភាព​របស់បងប្អូន​ឲ្យបានល្អ មិនត្រូវ​ហូប​គ្រឿង​ស្រវឹង​នោះទេ​ គឺធ្វើយ៉ាងណាត្រូវ​រក្សាភាពស្ងៀមស្ងាត់ និងមានការ​ប្រុងប្រយ័ត្នខ្ពស់ពីបញ្ហាសុខភាពរបស់ខ្លួន ជៀសវាង​មានបញ្ហាប្រឈមណាមួយបានកើតឡើង​ធ្វើឲ្យមានការ​ខកខាន​មិនបានទៅបោះឆ្នោតនោះ។យ៉ាងណាម៉ិញលោកស្រី តាន់ សួគា ប្រធាន គណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សម្រាប់ការ​ឃោសនា​ថ្ងៃ​លើកដំបូង​រហូត​មក​ដល់​ថ្ងៃបិទ​យុទ្ធនាការ​ឃោសនា​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សាខេត្ត រាជធានី ​ក្រុងស្រុក ​របស់គណៈបក្សនានា​បាន​ប្រព្រឹត្តិ​ទៅ​ប្រកប​ដោយភាព​រលូន ​និង​ពុំមាន​បណ្តឹង​អ្វី​ណាមួយ​បាន​កើតឡើង​នោះទេ។ដោយឡែក​សម្រាប់​ខេត្តឧត្តរមានជ័យ ​មានការិយាល័យបោះឆ្នោតមានចំនួន៥ ​ការិយាល័យ នៅ​តាម​បណ្តាល​ក្រុងស្រុកនីមួយៗ ​និង​មាន​សមាជិក​សមាជិការ​សរុប​នៃ​អង្គ​បោះឆ្នោត​ចំនួន១៥២នាក់ ផងដែរ៕

ចិន ចាប់ផ្តើមហ្គេមសង្រ្គាមថ្ងៃទីពីរជុំវិញកោះតៃវ៉ាន់ ដើម្បីសាកល្បងសមត្ថភាពក្រសោបយកកោះ

2024/05/24 04:00:30 pm        240
យោធារបស់ប្រទេសចិន បានចាប់ផ្តើមថ្ងៃទីពីរនៃហ្គេមសង្រ្គាមនៅជុំវិញកោះតៃវ៉ាន់ នៅថ្ងៃសុក្រ (២៤ ឧសភា) នេះជាមួយនឹងសមយុទ្ធដើម្បីសាកល្បងសមត្ថភាពរបស់ពួកគេក្នុងការ «ក្រសោបយកកោះ» និងគ្រប់គ្រងតំបន់សំខាន់ៗ ដោយនោះជាសមយុទ្ធដែលខ្លួនបាននិយាយថា ត្រូវបានធ្វើឡើងដើម្បីដាក់ទណ្ឌកម្មលើមេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te)។ សមយុទ្ធរយៈពេលពីរថ្ងៃនៅច្រកសមុទ្រតៃវ៉ាន់ និងជុំវិញប្រជុំកោះដែលគ្រប់គ្រងដោយតៃវ៉ាន់នៅជិតឆ្នេរសមុទ្រចិននេះ បានចាប់ផ្តើមត្រឹមតែបីថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ឡៃ ចូលកាន់តំណែង។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ហើយបានរិះគន់លោក ឡៃ ថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» បានបដិសេធសុន្ទរកថាកាន់តំណែងរបស់លោកកាលពីថ្ងៃចន្ទ ដែលក្នុងនោះលោកបានជំរុញឱ្យទីក្រុងប៉េកាំង បញ្ឈប់ការគំរាមកំហែងរបស់ខ្លួន ហើយបាននិយាយថា ភាគីទាំងពីរនៃច្រកសមុទ្រនេះ «មិនមែនចៅហ្វាយនាយ និងកូនចៅនោះទេ»។បញ្ជាការភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា កងកម្លាំងរបស់ខ្លួននៅថ្ងៃសុក្រនេះ បានបន្តជាមួយនឹងសមយុទ្ធរបស់ពួកគេដែលមានឈ្មោះថា «ដាវរួម-២០២៤A» (Joint Sword - 2024A)។ សមយុទ្ធនេះគឺដើម្បី «សាកល្បងសមត្ថភាពរួមគ្នាក្នុងការក្រសោប ការបើកការវាយប្រហារ និងកាន់កាប់តំបន់សំខាន់ៗ»។ចិន មិនដែលច្រានចោលការប្រើកម្លាំងដើម្បីនាំកោះតៃវ៉ាន់ មកក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។ រដ្ឋាភិបាលតៃវ៉ាន់ បានរិះគន់សមយុទ្ធនេះ ហើយបានបញ្ជូនកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅឃ្លាំមើល៕

ប្រធានាធិបតីបារាំង នឹងពន្យារពេលបោះឆ្នោតធ្វើកំណែទម្រង់ ក្រោយពិភាក្សាភាពចលាចលនៅនូវ៉ែល កាលេដូនី

2024/05/24 03:53:25 pm        129
លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២៣ខែឧសភា បន្ទាប់ពីកិច្ចពិភាក្សារយៈពេលមួយថ្ងៃនៅដែនដីក្រោមការគ្រប់គ្រងរបស់បារាំង នូវ៉ែល កាលេដូនី (New Caledonia) ថាលោកនឹងពន្យារពេលបោះឆ្នោតធ្វើកំណែទម្រង់ ដែលបានបង្កឱ្យមានកុបកម្មដ៏ធ្ងន់ធ្ងរនៅលើកោះប៉ាស៊ីហ្វិក មួយនេះ ហើយព្យាយាមស្វែងរកកិច្ចព្រមព្រៀងនយោបាយថ្មីមួយ។ ថ្លែងនៅក្នុងរដ្ឋធានី នូម៉េអា (Noumea) បន្ទាប់ពីជួបក្រុមមេដឹកនាំនយោបាយក្នុងស្រុក លោក Macron បាននិយាយថា គោលបំណងចុងក្រោយរបស់លោក គឺនៅតែចុះហត្ថលេខាលើវិធានការនេះឲ្យទៅជាច្បាប់ ប៉ុន្តែលុះត្រាតែសន្តិភាពត្រលប់មកដូចដើមវិញ ហើយកិច្ចព្រមព្រៀងទូលំទូលាយលើអនាគតរបស់កោះនេះ អាចត្រូវបានបង្កើតឡើង។ លោកបាននិយាយនៅមុខអគារគណៈកម្មាធិការជាន់ខ្ពស់បារាំងថា ខ្ញុំប្តេជ្ញាធានាថាកំណែទម្រង់នេះនឹងមិនត្រូវបានអនុវត្តដោយកម្លាំងនោះឡើយ។ មនុស្សយ៉ាងហោចណាស់៦ នាក់បានស្លាប់នៅក្នុងអំពើកុបម្មជាងមួយសប្តាហ៍ ជុំវិញផែនការដែលនឹងអនុញ្ញាតឱ្យប្រជាជនបារាំងរាប់ពាន់នាក់បន្ថែមទៀតដែលរស់នៅក្នុងដែនដី នូវ៉ែល កាលេដូនី រយៈពេល១០ ឆ្នាំអាចបោះឆ្នោតបាន។ ទីក្រុងប៉ារីសនិយាយថា វិធានការនេះគឺចាំបាច់ដើម្បីកែលម្អលទ្ធិប្រជាធិបតេយ្យ ដែលស្ទើរតែ ១ភាគ៤នៃប្រជាជនចំនួន២៧១.០០០នាក់ កំណត់ថាជាជនជាតិអឺរ៉ុប ភាគច្រើនជាជនជាតិបារាំង។ ក្រុមមេដឹកនាំជនជាតិដើមភាគតិចកាណាក(Kanaks)ចង់ឱ្យលុបចោលកំណែទម្រង់នេះ ព្រោះបារម្ភថា នឹងធ្វើឱ្យសំឡេងឆ្នោតរបស់ពួកគេធ្លាក់ចុះ និងបង្កការលំបាកសម្រាប់ការបោះឆ្នោតប្រជាមតិនាពេលអនាគតស្តីពីឯករាជ្យភាពដើម្បីអនុម័ត៕

សម្ដេចធិបតី៖ ឆ្នាំ២០២៣ រដ្ឋចំណាយថវិកា៩២៩លានដុល្លារ ជួយពលរដ្ឋលើកម្មវិធីជំនួយសង្គម

2024/05/23 08:43:26 pm        232
ក្នុងឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកាសរុប ៣៧១៥ ប៊ីលលានរៀល ស្មើនឹងប្រមាណ ៩២៩ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេសប្រមាណ ៤លាន៧ សែននាក់ អនុវត្តទៅលើកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នៅថ្ងៃទី២៣ ខែឧសភានេះថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះនឹងបន្តអនុវត្តនូវគោល​នយោបាយលើកម្មវិធីជំនួយសង្គម​ និងរបបសន្តិសុខសង្គមនានា ​សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ ​និងងាយរងគ្រោះនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា ការផ្តល់បណ្ណក្រីក្រជូនដល់ប្រជាពលរដ្ឋ គឺត្រូវបានអនុវត្តដោយ​តម្លាភាព មិនមែនផ្តល់ឱ្យតែបក្ខពួកដូចការមួលបង្កាច់របស់អ្នក​នយោបាយប្រឆាំងមួយក្ដាប់តូច​នោះទេ។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដី បានគូសបញ្ជាក់ថា បច្ចុប្បន្ន មានអ្នកនយោបាយ​ប្រឆាំង​មួយ​ចំនួន​បានបន្តផ្សព្វផ្សាយវាយប្រហារមកលើគោលនយោបាយរបស់​រាជរដ្ឋាភិបាល​ទៅលើកិច្ចគាំពារសង្គម ដោយបានចោទប្រកាន់ថា បានផ្តល់បណ្ណសមធម៌ឱ្យតែបក្ខពួករបស់ខ្លួន។ ប្រការនេះត្រូវបានសម្តេចធិបតី ​បានចាត់ទុកជាការបង្កភាពចលាចល័ត និងប្រឌិតព័ត៌មាន​ក្លែងក្លាយ​ដើម្បីតែ​កេងចំណេញនយោបាយរបស់ពួកគេ។ សម្ដេចបានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលបានគ្របដណ្តប់ទៅលើ​ប្រជាពលរដ្ឋ​គោលដៅ​ទូទាំង​ប្រទេសប្រមាណ ៤,៧លាននាក់ ដោយបានអនុវត្តទៅលើកម្មវិធីជំនួយ​សង្គម​និងរបបសន្តិសុខ​សង្គមនានា នៅទូទាំងប្រទេស៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតីអំពាវនាវមិត្តបរទេសកុំជួយបុគ្គលល្មើសច្បាប់ ប៉ុន្ដែគួរណែនាំពួកគេកុំឱ្យដើរហួសព្រំដែនច្បាប់

2024/05/23 08:30:16 pm        234
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ នៅព្រឹកថ្ងៃទី២៣ ខែឧសភានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យសូមកុំជួយបុគ្គលល្មើសច្បាប់ ប៉ុន្ដែគួរណែនាំពួកគេកុំឱ្យដើរហួសព្រំដែនច្បាប់របស់កម្ពុជា។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យថា បើចង់ពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ជាពិសេសការគោរពច្បាប់នោះចំពោះជាសកម្មជនបក្សប្រឆាំង ដោយកុំគិតថា ក្រុមប្រឆាំងអាចមានសិទ្ធិធ្វើអ្វីល្មើសច្បាប់បានតាមចិត្តនោះទេ។ សម្តេចធិបតីបញ្ជាក់ថា មិត្តបរទេសមិនគួរជួយ ឬមួយលើកទឹកចិត្តអ្នកខុសនោះទេ ប៉ុន្ដែគួរតែជួយ​ណែនាំក្រុមប្រឆាំងដែលប្រព្រឹត្តល្មើសច្បាប់ទាំងនោះកុំឱ្យដើរហួសព្រំដែនច្បាប់របស់ប្រទេសកម្ពុជ ហើយកុំវាយតម្លៃលើបុគ្គលនោះជានរណា តែគួរវាយតម្លៃលើថា តើបុគ្គលនោះបានប្រព្រឹត្តទង្វើ​បែបណាវិញ។សូមជម្រាបថា រាជរដ្ឋាភិបាលម្ពុជា តាំងពីអាណត្តិមុនៗដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា តែងតែយក​ចិត្តទុក​ដាក់​ខ្ពស់​ក្នុងការគោរព និងការពារសិទ្ធិ លទ្ធិប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋ និងរក្សានូវស្ថិរភាព និងសន្ដិភាពរបស់ប្រទេសកម្ពុជា​ដើម្បីធ្វើយ៉ាណាឱ្យកម្ពុជា​បន្តរក្សាបាននូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត៕ អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានាធិបតីកូឡុំប៊ី បញ្ជាឲ្យបើកស្ថានទូត នៅក្នុងទឹកដីប៉ាឡេស្ទីន

2024/05/23 08:02:06 pm        133
រដ្ឋមន្ត្រីការបរទេស លោក ល្វីស ហ្គីលបែតូ មូរីលឡូ (Luis Gilberto Murillo) បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា ប្រធានាធិបតីកូឡុំប៊ី លោក ហ្គោស្តាវ៉ា ភីត្រូ (Gustavo Petro) បានបញ្ជាឲ្យបើកស្ថានទូតមួយ នៅក្នុងទីក្រុងរ៉ាម៉ាឡា ( Ramallah) របស់ប៉ាឡេស្ទីន។ លោក មូរីលឡូ បាននិយាយថា៖«លោកប្រធានាធិបតី ភីត្រូ បានចេញបទបញ្ជាឲ្យយើងបើកស្ថានទូតកូឡុំប៊ី នៅទីក្រុងរ៉ាម៉ាឡា ដែលជាតំណាងរបស់ប្រទេសកូឡុំប៊ីនៅទីក្រុងនេះ នោះគឺជាជំហានបន្ទាប់ដែលយើងនឹងអនុវត្ត»។លោកបានបន្ថែមថា លោកជឿជាក់ថា នៅពេលឆាប់ៗនេះ ប្រទេសជាច្រើនទៀត នឹងចាប់ផ្តើមគាំទ្រការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅចំពោះមុខអង្គការសហប្រជាជាតិ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់កូឡុំប៊ី បានគាំទ្ររួចហើយនោះ។នៅដើមខែនេះ លោក ភីត្រូ ដែលបានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតកូឡុំប៊ីរួចហើយពីទីក្រុង តែលអាវីវ (Tel Aviv) បាននិយាយថា លោកនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែលជុំវិញសកម្មភាពរបស់ខ្លួន នៅតំបន់ហ្កាហ្សា។ ស្ថានទូតនោះ ត្រូវបានបិទ នៅថ្ងៃទី៣ ខែឧសភា។លោក ភីត្រូ បានរិះគន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ ហើយបានស្នើសុំចូលរួមក្នុងសំណុំរឿងរបស់អាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានចោទប្រកាន់លោក ភីត្រូថា ជា «អ្នកប្រឆាំង និងពោរពេញដោយការស្អប់ខ្ពើម» បន្ទាប់ពីការសម្រេចចិត្តរបស់កូឡុំប៊ី ក្នុងការកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសមជ្ឈិមបូព៌ា ដោយនិយាយថា ការសម្រេចនេះ គឺជារង្វាន់សម្រាប់ក្រុមហាម៉ាស។

លោក ណេតាន់យ៉ាហ៊ូ បញ្ជាក់ថា លោកគ្មានផែនការសម្រាប់ការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅ ហ្កាហ្សាទេ

2024/05/23 07:59:19 pm        134
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា អ៊ីស្រាអែល មិនមានផែនការសាងសង់លំនៅឋាន នៅតំបន់ហ្កាហ្សាស្ទ្រីប នៅពេលដែលសង្រ្គាមនៅទីនោះ បានបញ្ចប់នោះទេ។លោក ណេតាន់យ៉ាហ៊ូ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN របស់សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារថា៖«ការតាំងទីលំនៅថ្មីនៅតំបន់ហ្កាហ្សា... គឺមិនអាចកើតឡើងទេ»។ «សមាជិកខ្លះរបស់ខ្ញុំមិនសប្បាយចិត្តចំពោះបញ្ហានេះទេ ប៉ុន្តែនោះហើយ គឺជាជំហររបស់ខ្ញុំ»។រដ្ឋមន្ត្រីជាតិនិយមស្តាំនិយមមួយចំនួន នៅក្នុងរដ្ឋាភិបាលចម្រុះរបស់លោកណេតាន់យ៉ាហ៊ូ បាននិយាយម្តងហើយម្តងទៀត ក្នុងការគាំទ្រដល់ការតាំងទីលំនៅថ្មី នៅតំបន់ហ្កាហ្សាស្ទ្រីបជាមួយនឹងអ្នកតាំងលំនៅជនជាតិជ្វីហ្វ។ រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben-Gvir ថែមទាំង បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួនចង់រស់នៅទីនោះដោយខ្លួនឯងដែរ។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ទូរទស្សន៍ CNNថា នៅពេលដែលអង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ត្រូវបានចាញ់នោះ ការដាក់ពង្រាយយោធាប្រកបដោយនិរន្តរភាពនៅតំបន់ហ្កាហ្សា ត្រូវតែសម្រេចបាន ដោយបន្ថែមថា៖«កម្លាំងតែមួយគត់ដែលអាចទប់ស្កាត់ការកើតឡើងវិញនៃអំពើភេរវកម្មសម្រាប់អនាគតដ៏ខ្លីខាងមុខ គឺអ៊ីស្រាអែល»។

កោះតៃវ៉ាន់ បញ្ជូនកងកម្លាំងទៅកាន់តំបន់ជុំវិញកោះ បន្ទាប់ពីចិនចាប់ផ្តើមសមយុទ្ធ

2024/05/23 07:48:00 pm        136
យោធាកោះតៃវ៉ាន់ បានដាក់ពង្រាយកងកម្លាំងរបស់ខ្លួន និងបាននិយាយថា កោះតៃវ៉ាន់ មានទំនុកចិត្តថា ខ្លួនអាចការពារកោះនេះបាន បន្ទាប់ពីប្រទេសចិនចាប់ផ្តើមសមយុទ្ធ «ដាក់ទណ្ឌកម្ម» រយៈពេលពីរថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភានេះ ជាអ្វីដែលខ្លួនបាននិយាយថា ជាការឆ្លើយតបទៅនឹង «សកម្មភាពផ្តាច់ខ្លួន»។ សមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ និងនៅជុំវិញប្រជុំកោះគ្រប់គ្រងដោយតៃវ៉ាន់ ស្ថិតនៅជាប់នឹងឆ្នេរសមុទ្រចិន កើតមានឡើងរយៈពេលត្រឹមតែបីថ្ងៃបន្ទាប់ពីលោក ឡៃ ឈីងទឺ(Lai Ching-te) ចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ជាមនុស្សម្នាក់ ដែលទីក្រុងប៉េកាំងស្អប់ខ្ពើមថាជា «ជនផ្តាច់ខ្លួន»។ ប្រទេសចិន ដែលបានចាត់ទុកកោះតៃវ៉ាន់ ជាដែនដីរបស់ខ្លួន បានរិះគន់ខ្លាំងៗចំពោះសុន្ទរកថាចូលកាន់តំណែងរបស់លោក កាលពីថ្ងៃចន្ទ ដោយលោកបានអំពាវនាវឱ្យប្រទេសចិន បញ្ឈប់ការគំរាមកំហែង ហើយកាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានហៅលោក Lai ថា «គួរឱ្យអាម៉ាស់»។ លោក Lai និយាយថា មានតែប្រជាជនកោះតៃវ៉ាន់ប៉ុណ្ណោះ ដែលអាចសម្រេចពីអនាគតរបស់ពួកគេ ហើយច្រានចោទការអះអាងសិទ្ធដែនអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង។ ទីបញ្ជាការប្រចាំតំបន់ភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន (PLA) និយាយថា ខ្លួនបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួម មានការចូលរួមពីកងទ័ពជើងគោក ជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែត នៅតំបន់ជុំវិញកោះតៃវ៉ាន់។អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បានថ្កោលទោសសមយុទ្ធនេះ ដោយនិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងទៅកាន់តំបន់ជុំវិញកោះ ហើយមានទំនុកចិត្តថា ខ្លួនអាចការពារទឹកដីរបស់ខ្លួនបាន។ ការចាប់ផ្តើមសមយុទ្ធយោធា ក្នុងពេលនេះ មិនត្រឹមតែមិនរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ប៉ុណ្ណោះទេ វាក៏បង្ហាញពីផ្នត់គំនិតយោធានិយមរបស់ប្រទេសចិនផងដែរ។មន្ត្រីកោះតៃវ៉ាន់ បាននិយាយថា ពួកគេកំពុងឃ្លាំមើលសកម្មភាពយោធារបស់ចិន។ យោធាចិន បាននិយាយថា សមយុទ្ធនេះ ផ្តោតលើការល្បាតត្រៀមប្រយុទ្ធតាមដែនសមុទ្រនិងអាកាស ការវាយប្រហារស៊ីបគោលដៅលើគោលដៅសំខាន់ៗ និងប្រតិបត្តិការរួមបញ្ចូលគ្នា ទាំងក្នុង និងក្រៅកោះ ដើម្បីសាកល្បងសមត្ថភាពប្រយុទ្ធពិតប្រាកដ របស់កងកម្លាំង។ នេះក៏ជាការដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាចំពោះសកម្មភាពផ្តាច់ខ្លួនរបស់កងកម្លាំងឯករាជ្យកោះតៃវ៉ាន់ និងការព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងការជ្រៀតជ្រែក និងការបង្កហេតុដោយកងកម្លាំងពីខាងក្រៅ។

សម្ដេចធិបតី៖ អាណត្តិទី៧នេះ រដ្ឋដាក់គោលដៅផ្ដល់សេវាសុខាភិបាលដល់ពលរដ្ឋ១ថ្ងៃ២៤ម៉ោង

2024/05/23 06:23:45 pm        249
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលក្នុងអណត្តិទី៧នេះគឺធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវា ២៤ ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុង១សប្ដាហ៍ពេញតែម្ដង។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា សម្រាប់អាណត្តិទី៧នេះ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើមូលធនមនុស្ស ហើយដើម្បីកម្ពុជាមានមូលធនមនុស្សល្អ គឺជាកត្តាអាទិភាពទី១ គឺសុខភាពហើយដើម្បីឱ្យមានសុខភាពល្អ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់មុនគេនៅលើការផ្ដល់សេវាសុខភាពល្អទៅដល់ប្រជាពលរដ្ឋនៅមូលដ្ឋានជាចំបង។ សម្ដេចធិបតីបញ្ជាក់ថា ដូច្នេះ គោលដៅរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺធ្វើយ៉ាងណាធ្វើឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវាសុខាភិបាលនេះទៅដល់ប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ និង៧ថ្ងៃក្នុង១សប្ដាហ៍។សូមជម្រាបថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ «ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា» ជាកម្មវិធីគោលនយោបាយអាទិភាពទី១ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាលដើម្បីធ្វើយ៉ាងណាផ្ដល់សេវាសុខាភិបាលល្អ មានប្រសិទ្ធភាព គុណភាព ទៅដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

[UPDATE] ជើងហោះហើរ នៅទូទាំងអឺរ៉ុប រងការគំរាមកំហែងដោយ​​គ្រាប់បែកជាលើកទី២ ក្នុងសប្តាហ៍នេះ
11/05/2026 06:11 PM
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានផែនការបណ្តុះកូនឈើបន្ថែម១៩ម៉ឺនដើម សម្រាប់ចែកជូនពលរដ្ឋដោ​​យ​​ឥ​​​ត​​ថ្លៃ​​
11/05/2026 06:11 PM
​AOT ចុះសង្កេតការណ៍ នៅតំបន់អូរភ្លុកដំរី ជាទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់របស់ថៃ
11/05/2026 06:11 PM
វៀតណាម៖ កិច្ចសហប្រតិបត្តិការយោធា រវាងចិន និងឡាវ គួរតែរួមចំណែកដល់ស្ថិរភាព ក្នុងតំបន់
11/05/2026 06:11 PM
កូរ៉េខាងត្បូងនឹងបញ្ជូនបេសកកម្មយោធា ដើម្បីជួយឱ្យ​ច្រកសមុទ្រ Hormuz នៅតែបើកចំហ
11/05/2026 06:11 PM
វិស័យស្វាយចន្ទីត្រូវការទុនបង្វិល ២០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក
11/05/2026 05:11 PM
ក្រុមគ្រូពេទ្យខែ្មរ-បារាំង នឹងផ្តល់ជូនការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
11/05/2026 05:11 PM
អភិបាលរាជធានីដឹកនាំមន្ត្រីជំនាញពិនិត្យប្រឡាយ និងស្ថានីយ៍បូមទឹកដើម្បីបន្តអនុវត្តការងាររំដោះជំនន់ទឹកភ្លៀងក្នុងតំបន់មួយចំនួននៅភ្នំពេញ
11/05/2026 05:11 PM
[BREAKING NEWS] ជើងហោះហើរ នៅទូទាំងអឺរ៉ុប រងការគំរាមកំហែងដោយ​​គ្រាប់បែកជាលើកទី២ ក្នុងសប្តាហ៍នេះ
11/05/2026 05:11 PM
អ៊ុយក្រែន៖ រោងចក្រថាមពលនុយក្លេអ៊ែរបានកាត់បន្ថយសមត្ថភាពផលិតថាមពល ក្រោយការវាយប្រហាររបស់រុស្ស៊ី
11/05/2026 05:11 PM