នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី ធ្វើការរុះរើដ៏តូចតាចក្នុងគណៈរដ្ឋមន្ត្រី ខណៈប្ដេជ្ញាបន្តស្ថិរភាព

2024/05/14 06:15:40 pm        148
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសសិង្ហបុរី លោក ឡរិន វ៉ុង (Lawrence Wong) ដែលកំពុងចូលកាន់តំណែង បានតែងតាំងឧបនាយករដ្ឋមន្ត្រីថ្មីនៅក្នុងការរុះរើដ៏តូចតាចមួយនៃគណៈរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ (១៣ ឧសភា) ខណៈលោកបេ្ដជ្ញាបន្តស្ថិរភាព និងត្រៀមខ្លួនដើម្បីក្លាយជាមេដឹកនាំទីបួនរបស់ទីក្រុងរដ្ឋនេះ ចាប់តាំងពីទទួលបានឯករាជ្យកាលពីប្រាំមួយទសវត្សរ៍មុនមក។រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក កាន់ គីមយ៉ុង (Gan Kim Yong) ត្រូវបានផ្តល់តួនាទីបន្ថែមជាឧបនាយករដ្ឋមន្ត្រី ដែលជាម្នាក់ក្នុងចំណោមមន្រ្តីពីរនាក់នៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក វ៉ុង នេះបើយោងតាមការិយាល័យនាយករដ្ឋមន្ត្រី។ ធនាគារកណ្តាលបាននិយាយថា លោក កាន់ វ័យ ៦៥ ឆ្នាំរូបនេះក៏នឹងទទួលតំណែងរបស់លោក វ៉ុង ជាប្រធានក្រុមប្រឹក្សាភិបាលនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) ផងដែរ។លោក វ៉ុង បាននិយាយថា លោកនឹងធ្វើការផ្លាស់ប្តូរសំខាន់ក្នុងគណៈរដ្ឋមន្ត្រី បន្ទាប់ពីការបោះឆ្នោតសកលដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៥ ហើយលោកនឹងបន្តធ្វើជាមន្រ្តីនៅក្រសួងហិរញ្ញវត្ថុ ខណៈចូលកាន់តំណែងនៅថ្ងៃពុធ (១៥ ឧសភា) ស្អែកនេះពីលោកនាយករដ្ឋមន្ត្រីវ័យ ៧១ ឆ្នាំ លោក លី សៀនឡុង (Lee Hsien Loong)។ លោក លី ដែលជាកូនប្រុសរបស់បិតាស្ថាបនិកនៃសិង្ហបុរីសម័យទំនើប លោក លី គ័នយូ (Lee Kuan Yew) នឹងបន្តនៅក្នុងគណៈរដ្ឋមន្ត្រីជារដ្ឋមន្ត្រីជាន់ខ្ពស់ស្របតាមប្រពៃណី។ការរុះរើនេះមានលក្ខណៈតូចតាច ហើយរួមបញ្ចូលការដំឡើងឋានៈរដ្ឋមន្ត្រីវ័យក្មេងជាច្រើនរូប បូកនឹងការតែងតាំងអ្នកតំណាងរាស្រ្តពីររូបសម្រាប់តំណែងថ្នាក់រដ្ឋមន្ត្រី។ ការរុះរើគណៈរដ្ឋមន្ត្រីសំខាន់ៗគឺកម្រកើតមានណាស់ក្នុងប្រទេសសិង្ហបុរី។ ការរុះរើដ៏សំខាន់ចុងក្រោយបានកើតឡើងនៅក្នុងខែមេសា ឆ្នាំ២០២១ បន្ទាប់ពីអតីតអ្នកស្នងតំណែងដែលត្រូវបានជ្រើសរើសដោយលោក លី គឺលោក ហេង ស៊ីគៀត (Heng Swee Keat) បានដកខ្លួនចេញពីការងារលំដាប់កំពូលរបស់ប្រទេស៕

ចិន បដិសេធរបាយការណ៍ហ្វីលីពីន ដែលថាខ្លួនបង្កើត «កោះសិប្បនិម្មិត» នៅក្នុងដែនទឹកជម្លោះ

2024/05/14 04:10:56 pm        210
ប្រទេសចិន កាលពីថ្ងៃចន្ទ (១៣ ឧសភា) បានច្រានចោលការចោទប្រកាន់របស់ហ្វីលីពីន ដែលថាខ្លួនបានព្យាយាមសាងសង់កោះសិប្បនិម្មិតមួយនៅក្នុងដែនទឹកដែលមានជម្លោះ ខណៈហ្វីលីពីន បាននិយាយថា ខ្លួននឹងរក្សាការយាមកាមឱ្យកាន់តែជិតស្និទ្ធលើកោះផ្កាថ្មប៉ប្រះទឹក កោះថ្មប៉ប្រះទឹក និងកូនកោះនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួននៅសមុទ្រចិនខាងត្បូង។ឆ្មាំល្បាតឆ្នេរហ្វីលីពីន បាននិយាយកាលពីថ្ងៃសៅរ៍ សប្ដាហ៍មុនថា ខ្លួនបានដាក់ពង្រាយនាវាមួយគ្រឿងទៅកាន់ដែនទឹក សាប៊ីណា ស្ហូល (Sabina Shoal) នៅលើប្រជុំកោះ ស្រ្ពាតលី (Spratly) ជាទីដែលខ្លួនបានចោទប្រកាន់ចិន ថាបានសាងសង់កោះសិប្បនិម្មិតមួយ ដោយការចាក់គំនរថ្ម និងកំទេចផ្កាថ្មនៅលើនោះ។ក្រសួងការបរទេសចិន បានច្រានចោលការចោទប្រកាន់ចុងក្រោយរបស់ទីក្រុងម៉ានីល នេះថាជា «ពាក្យចចាមអារ៉ាមសុទ្ធសាធ និងគ្មានមូលដ្ឋានច្បាស់លាស់»។ អ្នកនាំពាក្យក្រសួង លោក វ៉ាង វិនពីន (Wang Wenbin) និយាយថា «ថ្មីៗនេះ ភាគីហ្វីលីពីនបានផ្សព្វផ្សាយពាក្យចចាមអារ៉ាមម្តងហើយម្តងទៀត ជេរប្រមាថចិនដោយចេតនា និងប៉ុនប៉ងបំភាន់សហគមន៍អន្តរជាតិ ដែលជារឿងឥតប្រយោជន៍»។លោកបានជំរុញក្រុងម៉ានីល ឱ្យ «វិលទៅរកផ្លូវត្រឹមត្រូវនៃការដោះស្រាយជម្លោះដែនសមុទ្រឱ្យបានត្រឹមត្រូវតាមរយៈការចរចានិងការពិគ្រោះយោបល់»។ ថ្មប៉ប្រះទឹក សាប៊ីណា ស្ហូល (Sabina Shoal) គឺជាចំណុចជួបប្រជុំគ្នាសម្រាប់នាវាផ្គត់ផ្គង់កងទ័ពហ្វីលីពីន ដែលឈរជើងលើនាវាចម្បាំងមានមូលដ្ឋាននៅដែនទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ជាទីដែលទីក្រុងម៉ានីល និងក្រុងប៉េកាំង មានការប៉ះទង្គិចជាញឹកញាប់៕

ប្រភព៖ កងទ័ពជើងទឹកអាមេរិក និងតៃវ៉ាន់ បានធ្វើសមយុទ្ធប៉ាស៊ីហ្វិកយ៉ាងស្ងាត់ៗក្នុងខែមេសា

2024/05/14 04:06:53 pm        158
ប្រភពចំនួនបួនបាននិយាយថា កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ បានធ្វើសមយុទ្ធរួមគ្នាយ៉ាងស្ងាត់ៗនៅសមុទ្រប៉ាស៊ីហ្វិក ក្នុងខែមេសា ដែលមិនបានបង្ហាញជាផ្លូវការនោះទេ ខណៈយោធាទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ ស្របពេលមានការគំរាមកំហែងខាងយោធារបស់ចិនកើនឡើង។សមយុទ្ធដែលមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនេះបានធ្វើឡើងកាលពីខែមុន នៅតំបន់ប៉ាស៊ីហ្វិកខាងលិច នេះបើយោងតាមប្រភពដែលបានស្នើសុំមិនបញ្ចេញឈ្មោះដោយសារភាពរសើបនៃបញ្ហានេះ។ ប្រភពនោះបាននិយាយថា សមយុទ្ធនេះមិនមានជាផ្លូវការទេ ហើយត្រូវបានគេដាក់ឈ្មោះថា «ការជួបប្រជុំគ្នានៅសមុទ្រដែលមិនបានគ្រោងទុក» ដោយចង្អុលទៅកិច្ចព្រមព្រៀងដ៏ស្ងប់ស្ងាត់មួយ ដែលភាគីទាំងសងខាងអះអាងថា សមយុទ្ធនេះគ្រាន់តែជាលទ្ធផលនៃការជួបគ្នាដោយចៃដន្យប៉ុណ្ណោះ។ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតៃប៉ិ បាននិងកំពុងពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលមានសកម្មភាពយោធារបស់ចិនស្ទើរតែរាល់ថ្ងៃ ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ និងសមយុទ្ធដោយកងកម្លាំងចិន នៅជិតកោះនេះ។ការចូលរួមផ្នែកយោធារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ រួមទាំងដំណើរទស្សនកិច្ច និងការហ្វឹកហ្វឺន ភាគច្រើនធ្វើឡើងដោយស្ងាត់ៗ ហើយមិនសូវត្រូវបានបង្ហាញជាផ្លូវការទេ ដោយសារតែការជំទាស់របស់ប្រទេសចិន ចំពោះទំនាក់ទំនងយោធាណាមួយរវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងតៃប៉ិ៕

សម្តេចប្រធានរដ្ឋសភា៖ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនក្នុងការបំពេញបេសកកម្មការទូតនាំប្រយោជន៍ជូនជាតិ និងប្រជាជន

2024/05/13 08:17:10 pm        160
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍មុនពេលលោកជំទាវ ត្រូវចេញទៅបំពេញបេសកកម្មការទូត។សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងមានមោទនភាពជាទីបំផុតដែលលោកជំទាវ ទួត បញ្ញា ទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការតែងតំាងជាឯកអគ្គរាជទូត ប្រចាំបណ្តាប្រទេសចំនួន៦នៅប៉ែកអឺរ៉ុប។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងទេពកោសល្យរបស់លោកជំទាវដែលបានបំពេញបេសកកម្មក្នុងវិស័យការទូតនិងព័ត៌មានតំាងពីទសវត្សរ៍ឆ្នាំ៨០មក។សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនពីធម្មជាតិក្នុងការបំពេញបេសកកម្មការទូត ដូចជាភាពទន់ភ្លន់ និងការបន់បែនតាមសភាពការណ៍ ជាដើម។ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់បន្តថា នាពេលបច្ចុប្បន្នបេសកកម្មការទូតមិនមែនសំដៅលើការទូតនយោបាយតែមួយនោះទេ។ ការទូតបានកំពុងផ្តោតការយកចិត្តទុកដាក់លើច្រើនវិស័យផ្សេងៗទៀត មានដូចជាការទូតសេដ្ឋកិច្ច និងការទូតប្រជាជនជាដើម។សម្តេចបានសង្កត់ធ្ងន់ថា ការទូតប្រជាជនគឺជាកត្តាសំខាន់ដែលធ្វើឱ្យប្រជាជននិងប្រជាជនស្គាល់គ្នា យោគយល់គ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា ដែលឈានដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅលោកជំទាវ គឺជាឥស្សរជនជាន់ខ្ពស់តំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅបរទេស ដែលមានតួនាទីដ៏សំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិ។ ក្នុងខណៈដែលពិភពលោក មានស្ថានភាពប្រែប្រួលក្នុងបរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក មានការងារសំខាន់ៗជាច្រើនទៀតដែលនឹងត្រូវបំពេញ ដូចជាការងារនយោបាយការបរទេសជាដើម។ ម្យ៉ាងវិញទៀត ក្នុងកាលៈទេសៈបច្ចុប្បន្ន ការស្តារសេដ្ឋកិច្ចសង្គមឱ្យងើបឡើងវិញបានឆាប់រហ័ស ជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានផ្តល់ជាអនុសាសន៍ មួយចំនួនដល់ លោកជំទាវ ឯកអគ្គរាជទូត ដោយត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ។ ត្រូវយកចិត្តទុកដាក់ជួយសម្របសម្រួល និង ដោះស្រាយបញ្ហានានារបស់ពលរដ្ឋយើងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការពង្រឹងទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយបងប្អូនពលរដ្ឋខ្មែរ ជាដើម។លោកជំទាវ ទួត បញ្ញា បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវបានចូលជួបជម្រាបលានិងទទួលបានអនុសាសន៍ល្អៗ នាឱកាសនេះ។ លោកជំទាវ បានបេ្តជ្ញាចិត្តថានឹងខិតខំបំពេញបេសកកម្មការទូត ជាពិសេសការអនុវត្តតាមអនុសាសន៍ល្អៗ របស់សម្តេចរដ្ឋសភាធិបតី ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មការទូតដោយនាំមកនូវផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ ស្របតាមការជឿទុកចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕

កម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ

2024/05/13 08:07:52 pm        158
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) ដែលជាកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាង អេមីរ៉ាតអារ៉ាប់រួម-កម្ពុជា ឱ្យកាន់តែរឹងមាំ។ បន្ថែមលើនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានបញ្ជាក់ថា ក្នុងបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ឯកឧត្តមនឹងខិតខំបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ ជាការឆ្លើយតបសម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri និងគណៈប្រតិភូ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន​នៃទំនាក់ទំនងការ​ទូត​រវាង​កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេសការចូលជាធរមាននៃកិច្ច​ព្រមព្រៀងភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងព្រះរាជាណាចក្រកម្ពុជា​ និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE Comprehensive Economic Partnership Agreement - CEPA) ហើយតាម​រយៈកិច្ច​ព្រមព្រៀងនេះ ប្រទេសទាំងពីរនឹងស្វែងរកឱកាសសម្រាប់កិច្ច​សហប្រតិបត្តិការបន្ថែមទៀត។ ជាមួយគ្នានេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត ​ទេសចរណ៍ កសិកម្ម បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ គឺជាអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវកំណើន​ ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីអភិវឌ្ឍកម្ពុជាប្រកបដោយភាពធន និងបរិយាប័ន្ន។ ជាក់ស្ដែង ក្នុង​វិស័យថាមពលស្អាត បច្ចុប្បន្ន ព្រះរាជាណាចក្រកម្ពុជា បានសម្រេចនូវការប្រើប្រាស់​ថាមពលស្អាត​ចំនួន ៦២% នៃការប្រើប្រាស់ថាមពលសរុប និងបានដាក់ចេញនូវទិសដៅជំរុញការ​ប្រើប្រាស់ថាមពលស្អាត​ឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០ ព្រមទាំងបានបញ្ឈប់ទាំងស្រុង​នូវការបង្កើតរោងចក្រដំណើរការដោយថាមពលធ្យូងថ្ម ដោយជំនួសមកវិញនូវគម្រោងអភិវឌ្ឍន៍​ថាមពលកកើតឡើងវិញ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដោយរាជរដ្ឋាភិបាល​បានដាក់ចេញនូវវិធានការជាកញ្ចប់ ​ដើម្បីលើកទឹកចិត្ត និងលើកកម្ពស់វិស័យទេសចរណ៍ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម​ សម្តេចធិបតី មានជំនឿជាក់ថា ចំនួនភ្ញៀវទេសចរនឹងកាន់តែកើនឡើងបន្ថែមទៀត។ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ននៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបន្តជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវិស័យសក្ដានុពលផ្សេងៗទៀតផងដែរ។ ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរ ឯកឧត្តមឯកអគ្គរាជទូត ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មការទូតនៅ​ព្រះរាជាណាចក្រកម្ពុជា៕

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជា ពេញចិត្តចំពោះទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការល្អរវាងកាណាដា-កម្ពុជា

2024/05/13 07:49:29 pm        222
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ពីង គិតនីកន (Ping M. Kitnikone) អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបលោកជំទាវអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែល​បានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្តែង​ការគួរសម និងពិភាក្សាការងារ ព្រមទាំងបាន​បញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនង​ការទូត​ជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ដែលជាទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការប្រកបដោយផ្លែផ្កា ​ហើយក្នុងអាណត្តិការទូតនៅកម្ពុជា ​លោកជំទាវឯកអគ្គរដ្ឋទូត ប្តេជ្ញាខិតខំបន្ត ពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរឱ្យកាន់​តែរីកចម្រើន។ បន្ថែមលើនេះលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតីអំពីការបន្តជំរុញ​កិច្ច​សហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកាណាដា-កម្ពុជា ក៏ដូចជាការពង្រឹងការ​វិនិយោគ​ប្រកប​ដោយគុណភាពរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជាផងដែរ។ជាការឆ្លើយតប សម្តេចធិបតី​ បានស្វាគមន៍ចំពោះ លោកជំទាវ ពីង គិតនីកន ​និងគណៈប្រតិភូ ដែល​បានអញ្ជើញមកបំពេញបេសកកម្មការងារនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយ​តម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដែលជាចំណងការទូតជាង៧០ឆ្នាំមកហើយ ​និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមចំណែកក្នុងការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក ការកសាងធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលដល់កងកម្លាំងរក្សាសន្តិភាពមួកខៀវរបស់កម្ពុជា និងការគាំទ្រដល់វិស័យបោសសម្អាតមីន។ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ សម្តេចធិបតី បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ​សភាពាណិជ្ជកម្មកម្ពុជាបានបង្កើតនូវតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា ដែលជាផ្នែក​មួយនៃការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគ​រវាងប្រទេស​ទាំងពីរ។ បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីគោលនយោបាយ​ទាក់ទាញ និងលើកទឹកចិត្តវិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគ​នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់​បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។ ទន្ទឹមនោះ សម្ដេចធិបតីក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការ​បន្ថែមទៀត​ក្នុងការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅកម្ពុជា តាមរយៈការរៀបចំ​នូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន និងការបង្កើតក្រុមការងារតាមដាន​លើការអនុវត្តគោលនយោបាយ វិធានការ និងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា របស់វិនិយោគិន។មុននឹងបញ្ចប់ សម្តេចធិបតី និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់​ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមស្តីពីយុទ្ធស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា និងកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដែលជាផលប្រយោជន៍រួម​សម្រាប់ប្រទេសទាំងពីរ ដើម្បី សន្ដិភាព ស្ថិរភាព វិបុលភាព និង ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ជាទីបញ្ចប់សម្តេចធិបតី ​បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូត ឱ្យទទួលបានជោគជ័យក្នុង​បេស​កកម្មការ​ទូត​របស់លោកជំទាវនៅព្រះរាជាណាចក្រកម្ពុជា ៕

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ ជួបជុំគ្នាប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ

2024/05/13 07:22:58 pm        180
ភ្នំពេញ៖ គណៈអភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានជួបជុំគ្នា ដើម្បីប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងជាប្រវត្តិសាស្ត្រ ព្រែកជីកហ្វូណនតេជោ ដែលផ្តល់អត្ថប្រយោជន៍ដ៏ធំធេងចំពោះជាតិ និងប្រជាពលរដ្ឋទាំងមូល។ការជួបជុំគ្នានេះដឹកនាំដោយឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ​ដែលមានមន្ត្រីចូលរួមប្រមាណ ៤០០នាក់។ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា គម្រោងព្រែកជីកហ្វូណនតេជោ មិនមែនជាទ្រព្យ សម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា។ ព្រែកជីកហ្វូណនតេជោ ជាទ្រសម្បត្តិមហាសាលសម្រាប់កម្ពុជា ហើយព្រែកជីកនេះក៏មិនប៉ះពាល់​ដល់ផលប្រយោជន៍អ្នកដ៏ទៃដែរ។ ឯកឧត្ដម ឃួង ស្រេង បន្ថែមថា ​មានព្រែកជីកហ្វូណនតេជោ ទំនិញរបស់កម្ពុជានឹងមានការប្រកួតប្រជែងជាអន្តរជាតិ។ ក្នុងនាមមន្ត្រីរាជការសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ដើម្បីឲ្យក្លាយជាចលនាឯកភាពជាតិតែមួយ។គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ហើយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃនិងជំរុញបន្ថែមក្នុងការអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វូណនតេជោឲ្សសម្រេចបាននាពេលអនាគត។គម្រោងព្រែកជីកហ្វូណនតេជោ នឹងតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មាន ប្រវែង១៨០ គីឡូម៉ែត្រ ។ ព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេស​វិស័យដឹកជញ្ជូន ហើយកាត់បន្ថយតម្លៃដឹកជញ្ជូន ​ពេលវេលា ខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញ​ពីកម្ពុជាទៅសមុទ្រ ​ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍​ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍកសិកម្ម ​ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍​ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោង​បម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ការបោះឆ្នោតនៅឥណ្ឌាឈានចូលដល់ដំណាក់កាលទី៤ ខណៈវោហាសាស្ត្រលើសាសនា និងវិសមភាពកាន់តែតានតឹង

2024/05/13 06:44:28 pm        204
នៅថ្ងៃចន្ទទី១៣ឧសភាសប្ដាហ៍នេះ ប្រទេសឥណ្ឌាបានបោះឆ្នោតដំណាក់កាលទី ៤នៃការបោះឆ្នោតសកលមានរយៈពេល ៧ សប្តាហ៍ ខណៈវោហាសាស្ត្រនៃយុទ្ធនាការបោះឆ្នោតកាន់តែតឹងតែងលើវិសមភាពសេដ្ឋកិច្ច និងការបែងចែកសាសនា។ ប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកមួយនេះ បានចាប់ផ្តើមបោះឆ្នោតកាលពីថ្ងៃទី១៩មេសា ក្នុងការបោះឆ្នោត៧ដំណាក់កាល ដែលមនុស្សជិតមួយពាន់លាននាក់មានសិទ្ធិបោះឆ្នោត ដោយសន្លឹកឆ្នោតនឹងត្រូវរាប់នៅថ្ងៃទី ៤ខែមិថុនា។ លោកនាយករដ្ឋមន្ត្រី Narendra Modi កំពុងស្វែងរកអាណត្តិដ៏កម្រ និងទីបីជាប់គ្នានៅក្នុងការបោះឆ្នោតដែលដាក់គណបក្សជាតិនិយមហិណ្ឌូ បារ៉ាទីយ៉ា ចាណាតា (Bharatiya Janata) (BJP) របស់លោក តតាំងជាមួយសម្ព័ន្ធភាពនៃគណបក្សប្រឆាំងជាងពីរដប់ រួមទាំងគូប្រជែងសំខាន់របស់សភាផងដែរ។លោក អាមីត សា (Amit Shah) ជំនួយការដ៏មានឥទ្ធិពលរបស់លោក Modi និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បាននិយាយ ខណៈការបោះឆ្នោតបានចាប់ផ្តើមថា ខ្ញុំសូមអំពាវនាវដល់ទាំងអស់គ្នាឱ្យបោះឆ្នោតឱ្យរដ្ឋាភិបាលរបស់លោកModi ។ ការបោះឆ្នោតត្រូវធ្វើឡើងសម្រាប់អាសនៈចំនួន ៩៦ ក្នុងរដ្ឋ និងដែនដីចំនួន ១០ នៅថ្ងៃចន្ទនេះ ដោយមានមនុស្ស ១៧៧ លាននាក់មានសិទ្ធិបោះឆ្នោត។ អាសនៈមួយចំនួនធំស្ថិតនៅក្នុងរដ្ឋភាគខាងត្បូង និងភាគខាងកើតរបស់ប្រទេសឥណ្ឌា ដូចជារដ្ឋ តេឡានហ្កាណា(Telangana)រដ្ឋអានដ្រា ប្រទេស ( Andhra Pradesh) និង រដ្ឋ អូឌីសា (Odisha) ដែល គណបក្ស BJP ពុំសូវមានប្រជាប្រិយភាពខ្លាំង ដូចជារដ្ឋផ្សេងទៀតនៃប្រទេសនេះឡើយ៕

ឯកឧត្តម ហេង សួរ ជួបជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ អាណត្តិទី៤ ឆ្នាំ២០២៤

2024/05/12 11:43:45 pm        148
ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ នៅរសៀលថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យអាណត្តិទី៤នៅឯទីស្នាក់ការគណបក្សរាជធានីភ្នំពេញ ដែលមានសមាសភាពចូលរួម១១៩រូប។មុនការសំណេះសំណាលរបស់ឯកឧត្តមប្រធានក្រុមការងារ លោក កៀង ល័ក្ខ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌចំការមន និងលោក សក់ ច័ន្ទកញារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ បានអានរបាយការណ៍​ស្តីពីសមាសភាពអង្គបោះឆ្នោត និងស្ថានការណ៍នៃខណ្ឌរៀងៗខ្លួន។ ក្រោយស្តាប់របាយការណ៍ ឯកឧត្តម ហេង សួរ បានអរគុណកោតសរសើរ និងវាយតម្លៃខ្ពស់​ចំពោះកិច្ច​ខិតខំប្រឹងប្រែងសាមគ្គីភាពទទួលខុសត្រូវរបស់ក្រុមការងារគ្រប់ថ្នាក់​ដែលបាន​រួមគ្នាអនុវត្តបាននូវរាល់ផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី២៦ ខែឧសភា ឱ្យជោគជ័យដើម្បីបន្តជំរុញ និងលើកកម្ពស់​ដំណើរការនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា និងចូលរួមទាំងអស់គ្នា​អនុវត្តនូវ​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១​ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព​ដើម្បី​បន្តពង្រឹងបាននូវសន្តិភាព ស្ថេរភាពនយោបាយ ​និងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ នាំ​មកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋ៕

ឡាវផ្ដល់ដំរីចំនួន២ក្បាលឈ្មោះ​រំដួល និងចំប៉ា ដល់កម្ពុជា ខណៈនៅកម្ពុជាមានដំរីជិត ៧០០ ក្បាល

2024/05/12 06:12:06 pm        233
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានប្រគល់ដំរីចំនួន ២ក្បាល ជាតង្វាយថ្វាយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រូវដាក់ឲ្យរស់នៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅ ខណៈនៅកម្ពុជាកំពុងមានវត្តមានដំរីព្រៃ និងដំរីស្រុកចំនួនជិត ៧០០ក្បាល។ក្នុងពិធីប្រគល់ និងទទួល ដំរីចំនួនមួយគូ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានសួនសត្វភ្នំតាម៉ៅ ឯកឧត្តម ឡីនខាំ ដួងសាវ៉ាន់ (Linkham DOUANGSAVANH) រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើឡាវ បានថ្លែងថា ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ កន្លងមកនេះ ឯកឧត្តម ថងលន់ ស៊ីសូលីត (Thongloun SISOULITH) ប្រធានរដ្ឋឡាវ បានថ្វាយនូវតង្វាយសត្វដំរីចំនួនមួយគូ ថ្វាយព្រះករុណា​ជាអម្ចាស់​ជីវិតលើត្បូង ព្រះមហាក្សត្រកម្ពុជា ដើម្បីជានិមិត្តរូបនៃចំណងសាមគ្គីភាពរវាងរដ្ឋាភិបាល និងប្រជាជាតិទាំងពីរ ហើយព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យ ដោយសេចក្តីសោមនស្សជាអនេក ទទួលតង្វាយសត្វដំរីមួយគូនេះ និងប្រោសព្រះរាជប្រទានជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹកនាំចាត់ចែងរៀបចំពិធីប្រគល់-ទទួល និងទទួលចិញ្ចឹមថែរក្សាជាបន្ត។ ឯកឧត្តម បានបន្តថា សម្រាប់ដំរីទាំង ២ក្បាល ជាតង្វាយនោះ មានសត្វដំរីញី-ឈ្មោលដែលមានប្រភពមកពីស្រុក Thongmixay ខេត្ត Xaigna-bouli ដោយដំរីញីឈ្មោះរំដួល មានអាយុ ៣ឆ្នាំ ៩ខែ និងដំរីឈ្មោលឈ្មោះ ចំប៉ា អាយុ ៣ឆ្នាំ ៧ខែ ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងបានរៀបចំសាងសង់តុបតែងទ្រុងសម្រា់ដំរីមួយគូនេះ នៅឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម “ភ្នំតាម៉ៅ” ខណៈឧទ្យាននេះ មានសត្វដំរីញី-ឈ្មោលចំនួន ៤ក្បាលស្រាប់ ក្នុងនោះញី២ក្បាល (ដំរីញី១ក្បាលឈ្មោះឡាក់គី មានអាយុ២៥ឆ្នាំ និង១ក្បាលទៀត ឈ្មោះចំរើនមានអាយុ ៣៥ឆ្នាំ) និងឈ្មោល២ក្បាល (ដំរីឈ្មោល១ក្បាលឈ្មោះឈូក អាយុ១៨ឆ្នាំ និង១ក្បាលទៀតឈ្មោះសាគរ មានអាយុ៣២ឆ្នាំ) ដែលកំពុងត្រូវបានថែទាំ និងផ្តល់ចំណីបានយ៉ាងល្អប្រសើរ ហើយដំរីទាំងពីរក្បាលដែលជាអំណោយរបស់ភាគីឡាវ នឹងត្រូវថែរក្សាជាមួយគ្នានឹងដំរីទាំង៤ក្បាល របស់ឧទ្យានសួនសត្វ ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា អំណោយដំរីមួយគូដ៏ថ្លៃថ្លានេះ នឹងចូលរួមរឹតបន្តឹងថែមទៀតនូវចំណងសាមគ្គីភាពជាប្រពៃណី និងជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងស្ថិតស្ថេររវាងប្រទេសទាំងពីរ ជាពិសេសក្នុងការថែរក្សាប្រភេទសត្វដំរី ដែលកំពុងរងគ្រោះ និងចូលរួមចំណែក ដល់ការអប់រំផ្សព្វផ្សាយអំពីបរិស្ថាន ដល់សាធារណជន នៃប្រទេសទាំងពីរ ការស្រាវជ្រាវវិទ្យាសាស្រ្ត ទេសចរណ៍ និងការអភិរក្សសត្វដំរីនៅក្រៅតំបន់ផងដែរ ។ឯកឧត្តម ឌិត ទីណា បានបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជា សត្វដំរីកំពុងមានវត្តមាននៅភាគខាងជើង តំបន់ខ្ពង់រាបភាគខាងកើត និងតំបន់ជួរភ្នំក្រវាញ ហើយតាមការប៉ាន់ស្មានចំនួនសត្វដំរីព្រៃមានប្រមាណពី៤០០¬-៦០០ក្បាល និងសត្វដំរីស្រុកចំនួន ៧៥ក្បាលនៅកម្ពុជា។ កម្ពុជាក៏បានរៀបចំផែនការ សកម្មភាពអភិរក្សសត្វដំរីរយៈពេល១០ឆ្នាំ (២០២០ ២០២៩) ដោយបានដាក់ចេញនូវសកម្មភាព ជាយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយការគំរាមកំហែងដល់ការរស់នៅរបស់សត្វដំរី ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិរក្សនានា ហើយការអភិរក្សសត្វដំរីនៅកម្ពុជាសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ។ អំណោយដំរីមួយគូរបស់ឡាវ នឹងរួមចំណែកដល់ការបង្កើនចំនួនដំរីស្រុក នៅពេលដំរីទាំងពីរនៅវ័យក្មេង ដែលមានលទ្ធភាពបន្តពូជនៅពេលខាងមុខ និងជំនួសសត្វដំរីស្រុកដែលមានអាយុកាន់តែចាស់ ដោយសារកម្ពុជាមិនអនុញ្ញាតឱ្យមានការចាប់ទាក់សត្វដំរីព្រៃមកផ្សាំងទេ ៕អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
11/05/2026 08:11 PM
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
11/05/2026 07:11 PM
កម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform
11/05/2026 07:11 PM
[UPDATE] ជើងហោះហើរ នៅទូទាំងអឺរ៉ុប រងការគំរាមកំហែងដោយ​​គ្រាប់បែកជាលើកទី២ ក្នុងសប្តាហ៍នេះ
11/05/2026 06:11 PM
មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីមានផែនការបណ្តុះកូនឈើបន្ថែម១៩ម៉ឺនដើម សម្រាប់ចែកជូនពលរដ្ឋដោ​​យ​​ឥ​​​ត​​គិតថ្លៃ​​
11/05/2026 06:11 PM
​AOT ចុះសង្កេតការណ៍ នៅតំបន់អូរភ្លុកដំរី ជាទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់របស់ថៃ
11/05/2026 06:11 PM
វៀតណាម៖ កិច្ចសហប្រតិបត្តិការយោធា រវាងចិន និងឡាវ គួរតែរួមចំណែកដល់ស្ថិរភាព ក្នុងតំបន់
11/05/2026 06:11 PM
កូរ៉េខាងត្បូងនឹងបញ្ជូនបេសកកម្មយោធា ដើម្បីជួយឱ្យ​ច្រកសមុទ្រ Hormuz នៅតែបើកចំហ
11/05/2026 06:11 PM
វិស័យស្វាយចន្ទីត្រូវការទុនបង្វិល ២០០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពកែច្នៃក្នុងស្រុក
11/05/2026 05:11 PM
ក្រុមគ្រូពេទ្យខែ្មរ-បារាំង នឹងផ្តល់ជូនការពិនិត្យ ពិគ្រោះ ព្យាបាល និងវះកាត់ជំងឺសួត នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
11/05/2026 05:11 PM