ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Trump រិះគន់ខ្លាំងៗចៅក្រមជំនុំជម្រះក្តីថា បានបង្កជម្លោះ

2024/04/17 11:30:56 am        94
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយរិះគន់ខ្លាំងៗកាលពីថ្ងៃអង្គារ ទៅលើចៅក្រមដែលពិនិត្យការជម្រះក្តីបទព្រហ្មទណ្ឌនៅទីក្រុងញូវយ៉ក ដោយហៅលោកម្តងហើយម្តងទៀតថា «បង្កជម្លោះ» និងបាននិយាយថា លោកមិនគួរនៅទីនោះទេ។ការអត្ថាធិប្បាយរបស់លោក Trump បានធ្វើឡើងខណៈលោកបានទៅធ្វើទស្សនកិច្ចនៅហាងទំនិញ Harlem ដើម្បីនិយាយទៅកាន់បុគ្គលិក និងមន្ត្រីសមាគមហាងទំនិញអំពីបទព្រហ្មទណ្ឌនេះ។ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ លោក Trump បានហៅការជំនុំជម្រះក្តីនេះថា «មិនសមហេតុផល» និងបាននិយាយថា សេចក្តីបង្គាប់ដ៏អស់សំណើចដែលដាក់មកលើលោកធ្វើឡើងដោយចៅក្រម លោក ជូអានមឺចាន(Juan Merchan) គឺ «មិនស្របតាមរដ្ឋធម្មនុញ្ញ»។លោក Trump បានបង្ហាញខ្លួននៅហាងទំនិញបន្ទាប់ពីថ្ងៃទីពីររបស់លោកនៅក្នុងតុលាការបានបញ្ចប់។ ចៅក្រមចំនួន៧រូបដំបូងត្រូវបានជ្រើសរើសកាលពីថ្ងៃអង្គារ ដើម្បីបម្រើការសម្រាប់ការជំនុំជម្រះក្តីបទព្រហ្មទណ្ឌជុំវិញប្រាក់បំបិតមាត់ដែលលោកបានផ្តល់ដល់តារាភាពយន្តស្ត្រីម្នាក់ដែលនាងនិយាយថាមានទំនាក់ទំនងជាមួយលោក។លោក Merchan បានព្រមានមេធាវីថា លោកនឹងមិនអត់ឱនចំពោះកិច្ចខិតខំប្រឹងប្រែងណាមួយដើម្បីបំភិតបំភ័យដល់ចៅក្រម បន្ទាប់ពីនិយាយថា លោក Trump ដែលជាបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតថ្ងៃទី ៥ ខែវិច្ឆិកា កំពុងនិយាយរអ៊ូរទាំ ខណៈសមាជិកម្នាក់ក្នុងចំណោមសមាជិកគណៈកម្មការត្រូវបានសាកសួរ។

នាយករដ្ឋមន្ត្រីថ្មីរបស់សិង្ហបុរី និយាយថាលោក Lee នឹងកាន់តំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់ក្នុងគណៈរដ្ឋមន្ត្រីបន្ទាប់

2024/04/17 11:20:56 am        96
នាយករដ្ឋមន្ត្រីសិង្ហបុរី ដែលត្រូវបានតែងតាំងថ្មី លោក ឡរិន វ៉ុង (Lawrence Wong) កាលពីថ្ងៃអង្គារ (១៦ មេសា) បាននិយាយថា មេដឹកនាំដែលកំពុងកាន់អំណាចនៃទីក្រុងរដ្ឋមួយនេះ លោក លី សៀនឡុង (Lee Hsien Loong) នឹងកាន់តំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់នៅក្នុងគណៈរដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោកឡើងកាន់អំណាចនៅថ្ងៃទី១៥ ខែឧសភា។សារព័ត៌មាន ដឹ ស្រ្តេតថែមស៍ (the Straits Times) បានរាយការណ៍ថា លោក វ៉ុង ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីហិរញ្ញវត្ថុបាននិយាយថា លោកនឹងប្រកាសសមាសភាពគណៈរដ្ឋមន្ត្រីថ្មី រយៈពេលពីរបីថ្ងៃមុនពេលលោកស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីទីបួនរបស់សិង្ហបុរី។ ប៉ុន្តែលោកបាននិយាយថា ការផ្លាស់ប្តូរសំខាន់ៗណាមួយទំនងជានឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតសកលប៉ុណ្ណោះ ដែលនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ ២០២៥ ខាងមុខ។សារព័ត៌មាននេះបានដកស្រង់សម្តីលោកប្រាប់អ្នកយកព័ត៌មានថា «សម្រាប់ពេលនេះ មិនគួរមានការផ្លាស់ប្តូរអ្វីធំដុំទេ ពីព្រោះប្រព័ន្ធរបស់យើងដំណើរការដោយឈរលើមូលដ្ឋាននៃការបន្ត និងការផ្លាស់ប្តូរជាលំដាប់»។ លោកបានបន្ថែមថា របៀបវារៈរបស់លោករួមមានការដោះស្រាយកង្វល់ជុំវិញតម្លៃចំណាយក្នុងការរស់នៅខ្ពស់ និងបញ្ហាការងារ។លោក វ៉ុង ដែលមានវ័យ ៥១ ឆ្នាំត្រូវបានគេសន្មតកាលពីឆ្នាំ២០២២ ថាជាមេដឹកនាំបន្ទាប់របស់មជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ បន្ទាប់ពីលោកបានធ្វើជាសហប្រធាននៃក្រុមការងារ កូវីដ១៩ (COVID-19) របស់រដ្ឋាភិបាល។ លោកបានទទួលការសរសើរចំពោះការរក្សាអត្រាមរណភាពឱ្យនៅទាបដោយការដាក់កម្រិតលើបម្លាស់ទី ការទប់ស្កាត់ព្រំដែន និងការតាមដានយ៉ាងដិតដល់លើទំនាក់ទំនងពាក់ព័ន្ធនឹងជំងឺរាតត្បាតនេះ៕

អតីតមេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានផ្លាស់ទៅឃុំខ្លួនក្នុងផ្ទះ

2024/04/17 11:17:37 am        78
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់យ៉ា ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា អតីតមេដឹកនាំ និងម្ចាស់ជ័យលាភីណូបែល លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ត្រូវបានគេផ្លាស់ប្តូរពីពន្ធនាគារទៅការឃុំខ្លួនក្នុងផ្ទះ។អ្នកនាំពាក្យរបបយោធា ឧត្តមសេនីយ៍ ស មីនទុន (Zaw Min Tun) បាននិយាយក្នុងការអត្ថាធិប្បាយដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយចំនួនបួនថា «មិនត្រឹមតែសម្រាប់លោកស្រី អ៊ុងសាន ស៊ូជី ប៉ុណ្ណោះទេ តែក៏សម្រាប់អ្នកទាំងអស់ដែលត្រូវការការប្រុងប្រយ័ត្នជាចាំបាច់ជាពិសេសអ្នកទោសវ័យចំណាស់ ត្រូវប្ដូរទៅឃុំខ្លួនក្នុងផ្ទះដោយសារអាកាសធាតុក្តៅខ្លាំង ហើយយើងកំពុងធ្វើការដើម្បីការពារពួកគេពីសុរិយរោគ ឬការថប់ដង្ហើមសន្លប់ដោយសារកម្ដៅខ្ពស់»។លោកស្រី ស៊ូជី វ័យ ៧៨ ឆ្នាំ ត្រូវបានយោធាមីយ៉ាន់ម៉ាចាប់ឃុំខ្លួន ចាប់តាំងពីបានផ្តួលរំលំរដ្ឋាភិបាលលោកស្រីក្នុងរដ្ឋប្រហារឆ្នាំ២០២១ មក។ លោកស្រី ស៊ូជី ប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំពីបទឧក្រិដ្ឋកម្មរាប់ចាប់ពីការក្បត់ជាតិ និងការស៊ីសំណូក រហូតដល់ការរំលោភច្បាប់ទូរគមនាគមន៍ ដែលនោះជាការចោទប្រកាន់ដែលលោកស្រីបានបដិសេធ។កាលពីខែកុម្ភៈ កូនប្រុសរបស់ខ្លួនគឺលោក គីម អារីស (Kim Aris) បាននិយាយថា លោកស្រីត្រូវបានគេឃុំខ្លួននៅក្នុងបន្ទប់តែម្នាក់ឯង ហើយនៅមានស្មារតីល្អ «បើទោះបីជាសុខភាពមិនល្អដូចកាលពីមុនក៏ដោយ»។ បណ្ដាមេដឹកនាំពិភពលោក និងសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យបានអំពាវនាវម្តងហើយម្តងទៀតឱ្យមានការដោះលែងអតីតមេដឹកនាំមីយ៉ាន់ម៉ារូបនេះ៕

អ៊ីរ៉ង់និយាយថា សកម្មភាពណាមួយប្រឆាំងនឹងផលប្រយោជន៍ខ្លួន នឹងទទួលបានការឆ្លើយតបយ៉ាងធ្ងន់ធ្ងរ

2024/04/17 11:13:09 am        172
ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) បាននិយាយកាលពីថ្ងៃអង្គារ (១៦ មេសា) ថា អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងចាស់ដៃចំពោះសកម្មភាពណាមួយដែលប្រឆាំង នឹងផលប្រយោជន៍របស់ខ្លួន នេះយោងតាមទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ ISNA រយៈពេលមួយថ្ងៃបន្ទាប់ពីអ៊ីស្រាអែលបានព្រមានថា ខ្លួននឹងឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ កាលពីចុងសប្តាហ៍មុន។លោក រ៉ៃស៊ី បានប្រាប់ព្រះប្រមុខរដ្ឋកាតា គឺព្រះអង្គ សេក ថាមីម ប៊ីនហាម៉ាដ អាល់ថានី (Sheikh Tamim bin Hamad al-Thani) ថា «យើងប្រកាសយ៉ាងជាក់លាក់ថា សកម្មភាពតិចតួចបំផុតប្រឆាំងនឹងផលប្រយោជន៍របស់អ៊ីរ៉ង់ នឹងត្រូវបានឆ្លើយតបយ៉ាងធ្ងន់ធ្ងរ មហាសាល និងចាស់ដៃប្រឆាំងនឹងជនល្មើស»។អគ្គសេនាធិការយោធាអ៊ីស្រាអែល លោក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយកាលពីថ្ងៃចន្ទថា ការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល ដែលជាការសងសឹកបន្ទាប់ពីការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី០១ ខែមេសា ទៅលើបរិវេណស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាសបានធានាឱ្យមានការឆ្លើយតប។អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាលី បាហ្កេរី ខានី (Ali Bagheri Kani) បានប្រាប់ទូរទស្សន៍រដ្ឋកាលពីយប់ថ្ងៃច័ន្ទថា ការវាយលុករបស់ទីក្រុងតេអេរ៉ង់ បន្ទាប់ពីការសងសឹករបស់អ៊ីស្រាអែលណាមួយ នឹងជា «ពេលវេលាតែមួយវិនាទីប៉ុណ្ណោះ ខណៈអ៊ីរ៉ង់នឹងមិនរង់ចាំរយៈពេលដល់ទៅ ១២ ថ្ងៃដើម្បីឆ្លើយតបដូចលើកនេះទៀតឡើយ»៕

កាតា ច្រានចោលការរិះគន់របស់សមាជិកសភាអាមេរិក ចំពោះកិច្ចប្រឹងប្រែងសម្រុះសម្រួលនៅហ្កាហ្សា

2024/04/17 11:05:57 am        165
ស្ថានទូតកាតា ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៦ មេសា) បានសម្តែងការភ្ញាក់ផ្អើល និងច្រានចោលចំពោះការអត្ថាធិប្បាយរបស់សមាជិកសភាបក្សប្រជាធិបតេយ្យអាមេរិក ទាក់ទងនឹងវិបត្តិចំណាប់ថ្នូរហ្កាហ្សា និងការគំរាមកំហែងរបស់ខ្លួនក្នុងការ «វាយតម្លៃឡើងវិញ» លើទំនាក់ទំនងសហរដ្ឋអាមេរិក ជាមួយកាតា។សមាជិកសភា លោក ស្តេនី ហូយើ (Steny Hoyer) បាននិយាយកាលពីថ្ងៃចន្ទថា កាតា ដែលរួមជាមួយនឹងអេហ្ស៊ីបកំពុងសម្រុះសម្រួលការចរចាសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា គួរតែប្រាប់ក្រុមហាម៉ាស ថាគេនឹងមាន «ផលវិបាក» ប្រសិនបើក្រុមនេះ «បន្តរារាំងវឌ្ឍនភាពឆ្ពោះទៅរកការដោះលែងចំណាប់ថ្នូរ និងបង្កើតបទឈប់បាញ់បណ្តោះអាសន្ន»។លោក ហូយើ បន្ថែមថា «ផលវិបាកនោះគួរតែរួមបញ្ចូលការកាត់ផ្តាច់ការផ្តល់មូលនិធិដល់ក្រុមហាម៉ាស ឬការបដិសេធមិនផ្តល់អោយមេដឹកនាំក្រុមហាម៉ាស នូវការស្នាក់នៅក្នុងទីក្រុងដូហា។ ប្រសិនបើកាតាមិនអនុវត្តសម្ពាធនេះ សហរដ្ឋអាមេរិកត្រូវតែវាយតម្លៃឡើងវិញនូវទំនាក់ទំនងរបស់ខ្លួនជាមួយកាតា»។ជាការឆ្លើយតប កាតាបាននិយាយថា ការអត្ថាធិប្បាយរបស់លោក ហូយើ មិនមានលក្ខណៈស្ថាបនាទេ។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតបាននិយាយថា «កាតាគ្រាន់តែជាអ្នកសម្រុះសម្រួលប៉ុណ្ណោះ ហើយអ៊ីស្រាអែល និងក្រុមហាម៉ាស គឺជាអ្នកទទួលខុសត្រូវទាំងស្រុងចំពោះការឈានដល់កិច្ចព្រមព្រៀងមួយ»។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតក៏បានច្រានចោលផងដែរនូវការលើកឡើងរបស់លោក ហូយើ ដែលថាក្រុមហាម៉ាស មិនគួរស្ថិតនៅក្នុងប្រទេសកាតា៕

លោក Putin ជំរុញឱ្យមានការអត់ធ្មត់ក្នុងពេលសុន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអ៊ីរ៉ង់ ខណៈភាពតានតឹងកើនឡើង

2024/04/17 11:01:15 am        246
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានអំពាវនាវឱ្យមានការអត់ធ្មត់ នៅពេលអ៊ីស្រាអែលថ្លឹងថ្លែងការឆ្លើយតបរបស់ខ្លួនចំពោះការវាយប្រហារដោយយានដ្រូន និងមីស៊ីលកាលពីចុងសប្តាហ៍មុនរបស់អ៊ីរ៉ង់។ ការថ្លែងបែបនេះរបស់លោក Putin បានធ្វើឡើងនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi កាលពីថ្ងៃអង្គារទី១៦មេសាសប្ដាហ៍នេះ។ មេដឹកនាំទាំង២បានពិភាក្សាអំពីអ្វីដែលវិមានក្រឹមឡាំងហៅថាជាវិធានការសងសឹករបស់អ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើស្ថានកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី កាលពីថ្ងៃទី១ ខែមេសា។ វិមានក្រឹមឡាំងបាននិយាយថា លោកPutin បានជំរុញឱ្យភាគីទាំងអស់ ទាត់ចោលរាល់សកម្មភាព បង្កឱ្យមានការប្រឈមដាក់គ្នាថ្មី ដែលនឹងផ្តល់មហន្តរាយដល់តំបន់មជ្ឈិមបូព៌ា។ អ៊ីរ៉ង់ បានបាញ់មីស៊ីល និងយានដ្រូន រាប់រយគ្រឿងនៅអ៊ីស្រាអែលកាលពីល្ងាចថ្ងៃសៅរ៍ ឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងដាម៉ាស ដែលបានសម្លាប់មន្រ្តីកងឆ្មាំបដិវត្តន៍អ៊ីស្លាមចំនួន៧នាក់ រួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។ នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោក ស្តីពីការវាយប្រហាររបស់អ៊ីរ៉ង់ លោកប្រធានាធិបតីរុស្ស៊ីរូបនេះ បាននិយាយថា ដើមចមនៃអស្ថិរភាពបច្ចុប្បន្ននៅមជ្ឈិមបូព៌ា គឺ ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលនៅតែបន្ត។ វិមានក្រឹមឡាំងបាននិយាយថា លោកVladimir Putin បានបង្ហាញក្តីសង្ឃឹមថា ភាគីទាំងអស់នឹងបង្ហាញការអត់ធ្មត់សមហេតុផល និងទប់ស្កាត់ការប្រឈមដាក់គ្នាថ្មី ដែលពោរពេញទៅដោយផលវិបាកដ៏មហន្តរាយសម្រាប់តំបន់ទាំងមូល៕

ប្រទេសចិន ជំរុញឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅមីយ៉ាន់ម៉ា

2024/04/17 10:54:24 am        206
កាលពីថ្ងៃអង្គារ១៦ មេសាសប្ដាហ៍នេះ ប្រទេសចិន បានអំពាវនាវឱ្យមានបទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធី តាមរយៈការសន្ទនាដើម្បីបញ្ចប់ជម្លោះក្នុងសហភាពមីយ៉ាន់ម៉ា ស្របពេលការប្រយុទ្ធកាន់តែខ្លាំងក្លារវាងរដ្ឋាភិបាលយោធា និងកងកម្លាំងប្រឆាំង នៅជិតព្រំដែនប្រទេសថៃ។ក្រុមយុទ្ធជនតស៊ូរបស់សហភាពមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទ ទី១៥ ខែមេសា បានលើកបដា និងបង្ហូតទង់របស់ពួកគេនៅឯមូលដ្ឋានទ័ព ដែលទើបដណ្ដើមបានថ្មីៗ ដោយនិយាយថា យុទ្ធជនរបស់ពួកគេបានបណ្ដេញការប៉ុនប៉ងរបស់កងទ័ពរបបយោធាឆ្ពោះទៅកាន់ទីប្រជុំជនសំខាន់នៃទីក្រុងមីយ៉ាវ៉ាឌី (Myawaddy)តាមបណ្តោយព្រំដែនថៃ ដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាមប្រឆាំងរបបសឹកកាលពីសប្តាហ៍មុន។ ទីក្រុងពាណិជ្ជកម្មដ៏សំខាន់មីយ៉ាវ៉ាឌី(Myawaddy) ត្រូវបានដណ្ដើមយកដោយក្រុមយុទ្ធជនមានទំនាក់ទំនងជាមួយសម្ព័ន្ធជនជាតិភាគតិចប្រដាប់អាវុធការ៉ែន(Karen)។ការដួលរលំរបស់ទីក្រុងនេះ បានបង្ហាញពីការបាត់បង់នៅក្នុងសមរភូមិមួយផ្សេងទៀតសម្រាប់របបយោធាដ៏មានឥទ្ធិពលដែលបានដណ្តើមគ្រប់គ្រងប្រទេសនៅអាស៊ី-អាគ្នេយ៍មួយនេះ កាលពីឆ្នាំ២០២១ តាមរយៈរដ្ឋប្រហារ ពីដៃរដ្ឋាភិបាលជាប់ឆ្នោត ដឹកនាំដោយលោកស្រី អ៊ុងសាន ស៊ូជី ដែលនៅតែស្ថិតក្នុងការឃុំខ្លួនរហូតមកដល់បច្ចុប្បន្ននេះ។ កំហឹងប្រឆាំងនឹងរបបយោធាបានវិវត្តទៅជាចលនាតស៊ូប្រដាប់អាវុធទូទាំងប្រទេស។ ចាប់តាំងពីខែតុលាឆ្នាំមុនមក កងទ័ពបានបាត់បង់ការគ្រប់គ្រងលើតំបន់សំខាន់ៗនៅជិតព្រំដែនរបស់ខ្លួនជាមួយទាំងឥណ្ឌា និងចិន ធ្លាក់ចូលក្នុងដៃក្រុមឧទ្ទាមប្រឆាំងរបបសឹក៕

អ៊ុយក្រែនព្រមានថា ខ្លួនខ្វះមីស៊ីល ដើម្បីការពាររោងចក្រថាមពលពីការវាយប្រហាររបស់រុស្ស៊ី

2024/04/17 09:13:37 am        211
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអះអាងថា រុស្ស៊ីអាចបំផ្លាញរោងចក្រថាមពលដ៏សំខាន់មួយ ដែLលផ្គត់ផ្គង់ដល់ទីក្រុង Kyiv ដោយសារតែប្រទេសនេះ អស់មីស៊ីលការពារហើយ។ ថ្លែងទៅកាន់សារព័ត៌មានអាមេរិក PBS កាលពីថ្ងៃអង្គារទី១៦មេសាសប្ដាហ៍នេះ លោក Zelenskyy បានព្រមានម្តងហើយម្តងទៀតដល់រដ្ឋាភិបាលនានារដែលជាសម្ព័ន្ធមិត្តរបស់ខ្លួនអំពីកង្វះខាតប្រព័ន្ធការពារដែនអាកាស។ អ៊ុយក្រែនកំពុងអំពាវនាវសុំគ្រាប់រំសេវ ខណៈរុស្ស៊ី បង្កើនការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ រោងចក្រថាមពលកម្ដៅ ទ្រីភីស្កា (Trypilska) (TTPP) មួយស្ថិតក្នុងចំណោមរោងចក្រផ្គត់ផ្គង់អគ្គិសនីដ៏ធំបំផុតមួយទៅកាន់តំបន់ Kyiv ត្រូវបានបំផ្លាញដោយមីស៊ីលរុស្ស៊ីកាលពីថ្ងៃទី ១១ ខែមេសា។លោកបាននិយាយថាមានមីស៊ីល ១១ គ្រាប់បានហោះហើរក្នុងប្រទេសរបស់លោក។ យើងបានកម្ទេចចោលអស់៧គ្រឿងលើកដំបូង ហើយមីស៊ីលនៅសល់៤គ្រឿងទៀត បានបំផ្លាញរោងចក្រទ្រីភីលីយ៉ា(Trypillia) យើងមិនអាចបំផ្លាញចោលទាំងអស់បាន ដោយសារតែយើងខ្វះមីស៊ីល។ អ៊ុយក្រែន បាននិងកំពុងតស៊ូសង្រ្គាមនេះ និងបន្តការបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តលោកខាងលិចឱ្យបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត។ ប្រទេសនេះ កំពុងស្វែងរកជំនួយបន្ទាន់ជាថ្មីទៀត ដោយរុស្ស៊ីបានបើកការវាយប្រហារទ្រង់ទ្រាយធំៗចំនួនបីលើក លើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់ប្រទេសនេះក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អំពាវនាវឲ្យមានទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់ ក្រោយការវាយប្រហារ

2024/04/15 02:01:41 pm        174
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បានអំពាវនាវឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងលើទីក្រុងតេអេរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់ បានបើកការវាយប្រហារដោយផ្ទាល់ និងមិនធ្លាប់មានពីមុនទៅលើអ៊ីស្រាអែល។លោកស្រី បានបន្តថា ទណ្ឌកម្ម ត្រូវបានដាក់រួចហើយទាក់ទងនឹងយានដ្រូនដែលប្រើក្នុងសង្គ្រាមរបស់ រុស្ស៊ីលើអ៊ុយក្រែន។ លោកស្រី បានប្រាប់ទូរទស្សន៍សាធារណៈ ARD ថា ៖«ខ្ញុំពេញចិត្តយ៉ាងខ្លាំងក្នុងការពង្រីកពួកគេទៅកាន់ប្រទេសអ៊ីរ៉ង់ ពីព្រោះយើងអាចមើលឃើញថាតើសកម្មភាពរបស់វាមានគ្រោះថ្នាក់ប៉ុនណា នៅពេលនេះ?ការអត្ថាធិប្បាយរបស់លើកស្រី បានកើតឡើង បន្ទាប់ពីប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា ទីក្រុងប្រ៊ុចសែល នឹងពិភាក្សាអំពីការដាក់ទណ្ឌកម្មបន្ថែមទៀតលើអ៊ីរ៉ង់ ជាពិសេសទាក់ទងនឹងកម្មវិធីយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់។សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មបន្ថែមលើទីក្រុងតេអេរ៉ង់ កាលពីខែធ្នូ ក្នុងគោលបំណងរារាំងអ៊ីរ៉ង់ពីការផលិតយានដ្រូនដែលប្រើប្រាស់ដោយទីក្រុងមូស្គូ ក្នុងការឈ្លានពានដែលកំពុងបន្តរបស់រុស្ស៊ីលើអ៊ុយក្រែន។

អ៊ីស្រាអែល រៀបចំផែនការវាយប្រហារអ៊ីរ៉ង់ ដើម្បីឆ្លើយតបនឹងការវាយប្រហារដោយយានដ្រូន

2024/04/15 01:53:36 pm        368
អ៊ីស្រាអែល បាននិយាយថា ខ្លួនបានរៀបចំផែនការវាយប្រហារអ៊ីរ៉ង់ ជាការឆ្លើយតបនឹងការវាយប្រហារដោយមីស៊ីល និងយានដ្រូន។កាលពីយប់ថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះ បានអនុម័តទាំង «សកម្មភាពវាយលុក និងការពារ» ទោះបីជាមានការព្រមានពីក្រុមមេដឹកនាំលោកខាងលិចក៏ដោយ។លោកបេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បានហៅការសងសឹកភ្លាមៗ បន្ទាប់ពីមានអន្តរាគមន៍ពីលោកចូ បៃដិន ( Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិកដែលបានស្នើឲ្យលោក «គិតដោយប្រុងប្រយ័ត្ន» អំពីសកម្មភាពបន្ទាប់របស់លោកនោះ។ប៉ុន្តែអ៊ីស្រាអែល បាននិយាយថា ខ្លួនរក្សាសិទ្ធិក្នុងការវាយប្រហារអ៊ីរ៉ង់តាម «របៀប និងពេលវេលា» នៃការជ្រើសរើសរបស់ខ្លួន។ ក្រោយមក ខ្លួនបានប្រាប់អង្គការសហប្រជាជាតិថា អ៊ីរ៉ង់បានឆ្លងកាត់រាល់បន្ទាត់ក្រហម ក្នុងការវាយប្រហាររបស់ខ្លួន។កាលពីយប់ថ្ងៃអាទិត្យ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីការវាយប្រហាររបស់អ៊ីរ៉ង់ បន្ទាប់ពីមានការស្នើសុំពីអ៊ីស្រាអែល។លោកអង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាថា៖«តំបន់ និងសន្តិភាព និងសន្តិសុខពិភពលោក ពិតជាត្រូវបានបំផ្លាញត្រឹមម៉ោងនេះ។ ទាំងតំបន់ និងពិភពលោក ក៏មិនអាចមានលទ្ធភាពធ្វើសង្គ្រាមបានទៀតដែរ»។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍នាំចូលអន្តរជាតិចិន សាងសង់តាមរចនាបទកម្ពុជាយុគសម័យទំនើប ចែកជា ៤តំបន់
11/05/2025 09:11 PM
បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា ទទួលបានពានរង្វាន់អង្គភាពឆ្នើមផ្នែកនវានុវត្តន៍ ពីអាស៊ាន
11/05/2025 07:11 PM
តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ នាំយកគ្រឿងឧបភោគបរិភោគ បរិក្ខារប្រើប្រាស់ ជូន កងកម្លាំងជួរមុខ នៅស្រុកថ្មពួក
11/05/2025 06:11 PM
សិស្សនិស្សិតកម្ពុជា ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ អាចបន្តការសិក្សា និងហាត់ការ នៅ អូស្ត្រាលី
11/05/2025 05:11 PM
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ហែរអង្គកឋិនទានមហាសាមគ្គីទៅវត្តទួលអង្គញ់ ទទួលបានបច្ច័យចំនួនជាង ១ម៉ឺនដុល្លារ
11/05/2025 04:11 PM
កុមាររងផលប៉ះពាល់ជម្លោះកម្ពុជា-ថៃ ជាង១ ៦០០នាក់ ទទួលស្បៀង និងសាច់ប្រាក់ ពីអង្កការកែប្រែសហគមន៍
11/05/2025 04:11 PM
បណ្តាញព័ត៌មានអន្តរជាតិ BBC នឹងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងម្ហូបអាហារកម្ពុជា ដល់ពិភពលោក
11/05/2025 04:11 PM
ក្រោយបញ្ចប់ការជួសជុល ទំនប់អាងទឹកសួង៧៨ នឹងជួយផ្គត់ផ្គង់ទឹក ដល់ប្រជាពលរដ្ឋជាង ១៧០០ គ្រួសារ នៅស្រុកជីក្រែង ខេត្តសៀមរាប
11/05/2025 03:11 PM
ថ្លែងក្នុងកិច្ចប្រជុំកំពូលពិភពលោក កម្ពុជាបង្ហាញបេសកកម្មគោលសំខាន់ចំនួន៤ ដើម្បីសម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍ប្រកបដោយចីរភាព
11/05/2025 03:11 PM
កម្ពុជា-តួកគីយ៉េ មានលទ្ធភាពខ្ពស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យរឹតតែខ្លាំងបន្ថែមទៀត
11/05/2025 03:11 PM