គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ
ព្រីតថេន​ នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា​
គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក នឹងបន្តគាំទ្ររដ្ឋាភិបាលសហរដ្ឋអាម៉េរិក ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើន និងទូលំទូលាយបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិកនិងជប៉ុន ប្រកាសពីការពង្រឹងទំនាក់ទំនងសន្តិសុខជាប្រវត្តិសាស្ត្រដើម្បីទប់ទល់នឹងចិន

2024/04/11 05:52:27 pm        359
សហរដ្ឋអាមេរិក និងជប៉ុន បានប្រកាសពីការពង្រឹងទំនាក់ទំនងកាន់តែប្រសើរឡើងជាប្រវត្តិសាស្រ្តចំពោះសម្ព័ន្ធភាពសន្តិសុខរបស់ខ្លួនកាលពីថ្ងៃពុធ ខណៈលោកប្រធានាធិបតី Joe Biden ធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីជប៉ុន លោកFumio Kishida សម្រាប់ដំណើរទស្សនកិច្ចផ្លូវការដែលបង្ហាញពីតួនាទីរបស់ប្រទេសជប៉ុនក្នុងការទប់ទល់ឥតទ្ធិពលរបស់ប្រទេសចិននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ លោកBidenបាននិយាយនៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំរបស់លោកក្នុងអំឡុងសន្និសីទសារព័ត៌មានរួមគ្នានៅសួនច្បារផ្កាកូឡាប Rose Garden ក្នុងសេតវិមាន ថា តាមរយៈភាពជាដៃគូរបស់យើង យើងបានពង្រឹងសម្ព័ន្ធភាពនេះ។ យើងបានពង្រីកការងាររបស់យើងជាមួយគ្នា។យើងបានលើកឡើងពីមហិច្ឆតារួមគ្នារបស់យើង។ហើយពេលនេះសម្ព័ន្ធភាពអាមេរិក-ជប៉ុន គឺជាសញ្ញាបង្ហាញដល់ពិភពលោកទាំងមូល។ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងដោយមេដឹកនាំជប៉ុនក្នុងរយៈពេល៩ឆ្នាំមកនេះក៏កើតឡើងផងដែរស្របពេលមានការខ្វែងគំនិតគ្នារវាងប្រទេសទាំងពីរជុំវិញការស្នើទិញដែកថែបរបស់សហរដ្ឋអាមេរិកដោយក្រុមហ៊ុនជប៉ុន។លោក Kishida និយាយថា ការវិនិយោគពីជប៉ុនទៅកាន់សហរដ្ឋអាមេរិកអាចកើនឡើងតែនៅក្នុងរយៈពេលប៉ុន្មានខែ និងប៉ុន្មានឆ្នាំខាងមុខ។ ហើយយើងចង់ពង្រឹងទំនាក់ទំនងឈ្នះ-ឈ្នះនេះ។លោក Biden បាននិយាយថា លោកប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តរបស់លោកចំពោះកម្មករអាមេរិក ។ម៉ាត់ណាម៉ាត់នឹង។ខ្ញុំនឹងមិនលេបសម្ដីឡើយ។ នៅថ្ងៃព្រហស្បតិ៍នេះ លោក Kishida នឹងថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំរួមគ្នារបស់សភា ជាមេដឹកនាំជប៉ុនទីពីរ ដែលនឹងថ្លែងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី Shinzo Abe កាលពីឆ្នាំ ២០១៥ ។ ក្រោយមក លោកនឹងចូលរួមក្នុងកិច្ចពិភាក្សាត្រីភាគីជាមួយសហរដ្ឋអាមេរិក និងហ្វីលីពីន។កិច្ចពិភាក្សាត្រីភាគីនៅថ្ងៃព្រហស្បតិ៍នេះ កើតមានឡើងខណៈទំនាក់ទំនងរវាងចិន និងហ្វីលីពីន ធ្លាក់ដុនដាបខ្លាំងព្រោះការប៉ះទង្គិចគ្នារវាងនាវាឆ្មាំសមុទ្រប្រទេសទាំង២នៅសមុទ្រចិនខាងត្បូង។អាមេរិកនិយាយថាសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយហ្វីលីពីន នឹងអនុវត្តន៍ដើម្បីទប់ទល់សកម្មភាពបែបនេះ ដែលបង្កើនក្ដីបារម្ភពីការធ្វើអន្តរាគមន៍របស់អាមេរិក ក្នុងករណីមានជម្លោះរីកធំ៕

លោក Biden សន្យាគាំទ្ររឹងមាំដូចដែកថែបចំពោះអ៊ីស្រាអែល ប្រឆាំងនឹងការគំរាមកំហែងរបស់អ៊ីរ៉ង់

2024/04/11 05:43:27 pm        309
លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃពុធ ទី១០ មេសាសប្ដាហ៍នេះ បានសន្យាថានឹងគាំទ្រដល់អ៊ីស្រាអែល ខណៈអ៊ីរ៉ង់គំរាមសងសឹកចំពោះការវាយប្រហារតាមអាកាសលើអគារកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងរដ្ឋធានីដាម៉ាស(Damascus) ប្រទេសស៊ីរី និងបានសម្លាប់ឧត្តមសេនីយ៍ពីរនាក់។ការសន្យារបស់លោក Biden កើតមានឡើង ទោះបីជាមានការរិះគន់ជាសាធារណៈរបស់លោកលើលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ជុំវិញការស្លាប់ជនស៊ីវិលរាប់ម៉ឺននាក់នៅក្នុងយុទ្ធនាការរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅហ្កាហ្សា ជាពិសេសបន្ទាប់ពីការវាយប្រហារតាមអាកាសបានសម្លាប់បុគ្គលិកចែកចាយជំនួយរបស់អង្គការផ្ទះបាយកណ្ដាលពិភពលោកចំនួនប្រាំពីរនាក់។ លោក Biden បានប្រាប់សន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថា អ៊ីរ៉ង់កំពុងគំរាមបើកការវាយប្រហារដ៏ធំមួយលើអ៊ីស្រាអែល។ ដូចខ្ញុំបានប្រាប់នាយករដ្ឋមន្រ្តី Netanyahu ហើយថា ការប្តេជ្ញាចិត្តរបស់យើងចំពោះសន្តិសុខរបស់អ៊ីស្រាអែលប្រឆាំងនឹងការគំរាមកំហែងទាំងនេះពីប្រទេសអ៊ីរ៉ង់ និងកងកម្លាំងតំណាងរបស់អ៊ីរ៉ង់ គឺរឹងមាំដូចដែកថែប។ខ្ញុំសូមបញ្ជាក់ជាថ្មីទៀតថា យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារសន្តិសុខរបស់អ៊ីស្រាអែល។ ក្រុមមន្ត្រីអាមេរិកបានបង្ហាញក្ដីបារម្ភអំពីការរំពឹងទុកនៃការវាយប្រហារដែលនឹងកើតឡើងលើផលប្រយោជន៍របស់អ៊ីស្រាអែល បន្ទាប់ពីសម្ព័ន្ធមិត្តដ៏ស្អិតរមួតរបស់អាមេរិកនៅមជ្ឈិមបូព៌ាមួយនេះ បានបំផ្លាញអគារស្ថានកុងស៊ុលកាលពីថ្ងៃទី១ខែមេសា ដោយបានសម្លាប់សមាជិក៧នាក់នៃកងឆ្មាំបដិវត្តន៍របស់អ៊ីរ៉ង់ រួមទាំងឧត្តមសេនីយ៍ពីរនាក់ផងដែរ។ ស្របពេលមានហានិភ័យកើនឡើង ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa កាលពីថ្ងៃពុធបានប្រកាសថាខ្លួនបានផ្អាកជើងហោះហើរទាំងទៅ ទាំងមក ពីទីក្រុងតេអេរ៉ង់ ប្រហែលជារហូតដល់ថ្ងៃព្រហស្បតិ៍នេះ ដោយនិយាយថា ដោយសារតែស្ថានភាពបច្ចុប្បន្ននៅក្នុងតំបន់មជ្ឈិមបូព៌ា។ចំណែកមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាត់តូឡា អាលីខាមីណេ(Ayatollah Ali Khamenei )បានព្រមាននៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃពុធថា របបដ៏អាក្រក់ របស់អ៊ីស្រាអែល ត្រូវតែទទួលទណ្ឌកម្ម ហើយនឹងត្រូវដាក់ទោស៕

អ៊ីស្រាអែល ធ្វើសមយុទ្ធដឹកជញ្ជូនដើម្បីត្រៀមសម្រាប់ «សង្រ្គាមពហុសង្វៀន» ដែលអាចកើតមាន

2024/04/11 05:40:22 pm        236
ក្រសួងដឹកជញ្ជូនរបស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (១០ មេសា) បាននិយាយថា ខ្លួនបានធ្វើសមយុទ្ធមួយ ជាមួយនឹងសេណារីយ៉ូនិមិត្តនៃការដាច់ចរន្តអគ្គិសនីរយៈពេលយូរ ដើម្បីកែលម្អការត្រៀមខ្លួនសម្រាប់ «សង្រ្គាមពហុសង្វៀន» ដែលអាចកើតមាន។សមយុទ្ធដែលធ្វើឡើងកាលពីល្ងាចថ្ងៃអង្គារនោះ មានការចូលរួមពីអាជ្ញាធរ មន្ទីរ និងក្រុមហ៊ុនរបស់ក្រសួង ព្រមទាំងក្រុមមន្ត្រីជាន់ខ្ពស់មកពីទីស្តីការនាយករដ្ឋមន្ត្រី អាជ្ញាធរជាតិគ្រប់គ្រងគ្រោះអាសន្ន បញ្ជាការដ្ឋានកងទ័ពជើងគោក និងអង្គភាពផ្សេងៗទៀត។យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងបានឱ្យដឹងថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីកែលម្អការត្រៀមខ្លួននៃវិស័យដឹកជញ្ជូន ដើម្បីទប់ទល់នឹងសង្គ្រាមដែលមានកម្រិតខ្លាំង ជាពិសេសនៅក្នុងសេណារីយ៉ូងងឹត។សមយុទ្ធនេះបានសង្កត់ធ្ងន់លើការពង្រឹងសមាហរណកម្ម និងទំនាក់ទំនងទៅវិញទៅមករវាងអាជ្ញាធរ និងអង្គការនានា ដើម្បីឆ្លើយតបទៅនឹងព្រឹត្តិការណ៍សំខាន់ៗ ដូចជាវិបត្តិអគ្គិសនីដែលអាចកើតមាននៅក្នុងស្ថានការណ៍ពហុវិស័យ៕

មេដឹកនាំកូរ៉េខាងជើង៖ ឥឡូវនេះដល់ពេលដែលត្រូវត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាមហើយ

2024/04/11 05:31:09 pm        310
ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (១១ មេសា) នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (Kim Jong Un) បាននិយាយថា ស្ថានភាពភូមិសាស្ត្រនយោបាយមិនស្ថិតស្ថេរជុំវិញប្រទេសរបស់លោកមានន័យថា ឥឡូវនេះគឺជាពេលវេលាដើម្បីត្រៀមខ្លួនសម្រាប់ធ្វើសង្រ្គាមជាងពេលណាៗទាំងអស់ ខណៈដែលលោកបានចុះត្រួតពិនិត្យសាកលវិទ្យាល័យយោធាដ៏សំខាន់របស់ប្រទេស។លោក គីម បានផ្តល់ការណែនាំបែបនេះកាលពីថ្ងៃពុធ នៅសាកលវិទ្យាល័យយោធា និងនយោបាយ គីម ជុងអ៊ីល (Kim Jong Il University of Military and Politics) ដោយដាក់ឈ្មោះតាមឪពុករបស់លោកដែលបានស្លាប់នៅឆ្នាំ២០១១ ដែលប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថាសាលានេះជា «កៅអីខ្ពស់បំផុតនៃការអប់រំយោធា» នៅក្នុងប្រទេស។កូរ៉េខាងជើង បានបង្កើនការអភិវឌ្ឍន៍សព្វាអាវុធក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រោមការដឹកនាំរបស់លោក គីម ហើយបានពង្រឹងទំនាក់ទំនងយោធា និងនយោបាយកាន់តែជិតស្និទ្ធជាមួយរុស្ស៊ី ខណៈទីក្រុងព្យុងយ៉ាង ត្រូវបានចោទប្រកាន់ថាបានជួយទីក្រុងមូស្គូ ក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន ជាថ្នូរនឹងជំនួយសម្រាប់គម្រោងយោធាយុទ្ធសាស្ត្រ។កូរ៉េខាងជើង បានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពីបទបង្កភាពតានតឹងផ្នែកយោធា ដោយធ្វើនូវអ្វីដែលខ្លួនហៅថា «សមយុទ្ធសង្គ្រាម» ខណៈដែលសម្ព័ន្ធមិត្តទាំងពីរនេះបានធ្វើសមយុទ្ធយោធាជាមួយនឹងកម្រិតកាន់តែធំធេង និងខ្លាំងក្លានៅក្នុងប៉ុន្មានខែថ្មីៗនេះ៕

សម្តេចធិបតី៖ បញ្ហារវាងបងប្អូនប្រជាពលរដ្ឋជាមួយម្ចាស់បុរី សម្ដេចបានបញ្ជាឲ្យធ្វើការដោះស្រាយជារៀងរាល់ថ្ងៃ

2024/04/11 05:26:50 pm        394
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអះអាងថា រាជរដ្ឋាភិបាលមិនដេកអេះពោះដូចការលើកឡើងរបស់ជនអគតិមួយក្តាប់តូចនោះទេ គឺរាជរដ្ឋាភិបាលបានកំពុងខិតខំដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ចជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ។សម្តេចធិបតី បានបញ្ជាក់ថា សម្តេចបានបញ្ជាឲ្យឯកឧត្តម សាយ សំអាល រដ្ឋមន្រ្តីក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ធ្វើការដោះស្រាយជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមាន​បញ្ហាជាមួយ ម្ចាស់បុរីនានា​យ៉ាងយកចិត្តទុកដាក់បំផុត ប៉ុន្តែមិនបានធ្វើការផ្សព្វផ្សាយ​ជា​សាធារណៈនោះទេ។ ក្រៅពីឲ្យមានការដោះស្រាយចំពោះការវិវាទរបស់បងប្អូន​ និងម្ចាស់បុរី សម្តេច​ក៏បានធ្វើការជាមួយធនាគារជាតិ ​ដោយឲ្យតួអង្គនេះ​ត្រូវ​ចរចា​ជាមួយ​ធនាគារនានា​ដើម្បីសម្រួលដល់ពលរដ្ឋដែលជួបប្រទះភាពជាប់គាំង​ផ្នែកសេដ្ឋកិច្ចផងដែរ។ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីនេះ គឺបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីលឯ.ក ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃ១១ ខែមេសា ឆ្នាំ២០២៤នេះ៕អត្ថបទ៖ បាន ចក់

សម្ដេចនាយករដ្ឋមន្រ្តី ប្រាប់ពលរដ្ឋកុំព្រួយបារម្ភ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោថា ប៉ះពាល់ធនធានធម្មជាតិ និងបរិស្ថាន

2024/04/11 05:14:41 pm        333
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ​ខ្មែរទាំងអស់ កុំព្រួយបារម្ភចំពោះគម្រោងនៃការសាងសង់នូវ «ព្រែកជីកហ្វូណនតេជោ» ខណៈគម្រោងនេះ វាមិនប៉ះពាល់ដល់ប្រព័ន្ធទឹកទន្លេមេគង ធនធានធម្មជាតិ និងបរិស្ថាន រួមទាំងផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ផ្ទុយទៅវិញមានតែផ្តល់ផល​ប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ក្នុងឱកាសសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីលឯ.ក ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃ១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា គម្រោង«ព្រែកជីកហ្វូណនតេជោ» មិនប៉ះពាល់អ្វីទាំងអស់ ពីព្រោះរាជរដ្ឋាភិបាល​កម្ពុជាបានធ្វើ ការសិក្សាជាច្រើនខែ ឆ្នាំ ជាមួយអ្នកជំនាញគ្រប់ក្រសួង ស្ថាប័ន ជាពិសេសនោះ​រាជរដ្ឋាភិបាល​ក៏បានជូនដំណឹងដល់គណៈកម្មាធិការទន្លេមេគង្គ ដែលជាអ្នកជំនាញការផងដែរ។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានឆ្លើយតប និងពន្យល់ផងដែរថា នាវាចម្បាំងធំៗមិនអាចចូលចត់​នៅព្រែកជីកនេះ បានទេ ព្រោះតែនាវាចម្បាំងមានទំហំធំ លើសពីទំហំព្រែក​ដែលមាន​មុខកាត់​ប្រមាណមួយរយម៉ែត្រ និងជម្រៅទឹកប្រមាណ ៥ម៉ែត្រនោះ។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសអគុណចំពោះបងប្អូនប្រជាពលរដ្ឋ ខ្មែរដែលបានបង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ខណៈព្រែកនេះ នឹងផ្តល់នូវផល ប្រយោជន៍ជូនសង្គម-សេដ្ឋកិច្ចទាំងមូល មិនថាបងប្អូនដែលរស់នៅ​តាមដងព្រែក​នេះ ឬបងប្អូននៅទិស និរតីនោះទេ ពោលគឺបានផលរួមទូទាំងប្រទេសតែម្តង៕អត្ថបទបាន ចក់

សម្តេចធិបតី អះអាងជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីខ្លួនឡើយ

2024/04/11 04:58:15 pm        343
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា កម្ពុជាគ្នានហេតុផល ណាមួយអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីរបស់ខ្លួន ដូចការលើកឡើងរបស់បរទេស និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួននោះឡើយ ដូច្នេះសូមកុំព្រួយបារម្ភចំពោះបញ្ហានេះបន្តទៀត។ក្នុងឱកាសសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុនខ្មែរហ្វ្រេសមីលឯ.ក ស្ថិតនៅស្រុកបាទី ខេត្តតាកែវ នាថ្ងៃ១១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្រ្តីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមិនធ្វើអ្វីដែលវានាំឲ្យផ្ទុយជាមួយរដ្ឋធម្មនុញ្ញ​របស់ខ្លួន​នោះទេជាពិ សេសគឺបញ្ហាមូលដ្ឋានកងទ័ពបរទេសនេះតែម្តង ខណៈមានការចោទ​ប្រកាន់ម្តងហើយម្តងទៀតថា កម្ពុជា បានអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពជើងទឹកចិន។ ដោយករណីនេះគឺជារឿងមិនពិតនោះឡើយ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា កម្ពុជាពុំមានពេល​វេលា​ទៅឈ្លោះជាមួយប្រទេសណានោះទេព្រោះកម្ពុជាជាប់ដៃរក្សាសន្តិភាពប្រទេសរបស់ខ្លួន ហើយមួយវិញទៀត កម្ពុជាមិនយកប្រទេសណាធ្វើជាសត្រូវខ្លួននោះដែរ មានតែព្យាយាម​រាប់អាន​គ្រប់ប្រទេសទាំងអស់ដោយគ្មានការរើសអើងតាំងពីដើមរហូតដល់សព្វថ្ងៃ ​និងទៅអនាគត៕អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ ខេត្តតាកែវ

2024/04/11 03:29:55 pm        526
តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “ សម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ គិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ” ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅខេត្ត តាកែវ ដែលបានផ្ដល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា តាមរយៈការទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាជិត ៩០ ភាគរយដើម្បីឱ្យបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេស។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំប្តេជ្ញាបម្រើដល់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ បន្ថែមទៀត ដើម្បីជាការតបស្នងសងគុណ ដែលបងប្អូនបានបន្តបោះឆ្នោតជូនដល់គណបក្សប្រជាជនកម្ពុជា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ កម្ពុជាមិនត្រឹមតែមានសមត្ថភាពកសាងនូវអ្វី ដែលកាន់តែធំ កាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជាបានផលិតនូវផលិតផលជាច្រើនដែលចេញពីទឹក ដៃរបស់កូនខ្មែរថែមទៀត។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបាននាំចូលទំនិញពាក់ព័ន្ធនឹងផលិតផល ទឹកដោះគោ ប្រមាណកៅសិបប្រាំបីពាន់តោន គិតជាទឹកប្រាក់ប្រមាណប្រាំពីររយសាមសិបបួនលាន ដុល្លារក្នុងមួយឆ្នាំ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឪពុកម្តាយមួយចំនួនបានទិញអាហារ ដែលមានជាតិស្ករខ្ពស់ឲ្យកូន ដែលជាកត្តាបណ្តាលឲ្យក្មេងៗជំនាន់ក្រោយ កើតជំងឺទឹកនោមផ្អែមនៅត្រឹមអាយុ៣០ឆ្នាំ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលតែងចាត់ទុកវិស័យឯកជនជាដៃ គូសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។-សម្ដេចធិបតី៖ រយៈពេល៣ខែថ្មីៗកន្លងមកនេះ CDC បាន អនុម័តសម្រេចឱ្យមានការបោះទុនវិនិយោគនៅកម្ពុជា បានជាង ១០៦ គម្រោង គិតជាទឹកប្រាក់មាន ចំនួនជាងពីរពាន់លានដុល្លារ និងផ្ដល់ឱកាសការងារជាងដប់ម៉ឺនកន្លែង។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការអភិវឌ្ឍសេដ្ឋកិច្ច ជាឃ្លាប្រយោគសាមញ្ញ គឺធ្វើឱ្យប្រជាជនមានបាន មានជីវភាពធូរធារ ភូមិឃុំកាន់តែរីកចម្រើនពីមួយថ្ងៃ ទៅមួយថ្ងៃ។-សម្តេចធិបតី បានថ្លែងថា ដោយសារកត្តារីកចម្រើននូវប្រព័ន្ធ ហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី ទើបមានឱកាសកសាងនូវកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុម ហ៊ុនខ្មែរ ហ្វ្រេសមីលឯ.ក ដែលស្ថិតនៅស្រុកបាទី ខេត្តតាកែវ នេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីទៀតថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែល្អប្រសើរបន្ថែមទៀត នៅពេលអនាគត ជាពិសេសគឺបងប្អូនដែលរស់នៅតាមព្រែកនេះតែម្តង រួមទាំងប្អូនខេត្តតាកែវផងដែរ។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោមានមុខកាត់(ទទឹង) ១០០ ម៉ែត្រ ជម្រៅប្រមាណ ៤ ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវា ឬ សាឡង់ដឹកទំនិញឆ្លងកាត់បានចំណុះប្រមាណ ៣០០០ តោននៅរដូវប្រាំង និងប្រមាណ ៥០០០ តោននៅរដូវវស្សា។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ មានការសិក្សាពីអ្នក ជំនាញលំដាប់ពិភពលោក និងគ្រប់ជំនាញពាក់ព័ន្ធជាង ៤០ នាក់ និងប្រើពេលសិក្សាប្រមាណ ២៦ ខែ មុននឹងសម្រេចឱ្យមានគម្រោងនេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ ដែលមានជម្រៅប្រមា ណ ៤ ម៉ែត្រកន្លះ មិនអាចអនុញ្ញាតឱ្យនាវាចម្បាំងផ្ទុកយន្តហោះបើកឆ្លងកាត់បាននោះទេ។ នាវា ចម្បាំងប្រភេទនោះ គឺត្រូវការជម្រៅទឹកជ្រៅជាងនេះ ទើបអាចបើកឆ្លងកាត់បាន។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាពុំមានពេលវេលាទៅឈ្លោះជាមួយប្រទេសណានោះទេ ព្រោះកម្ពុជាជាប់ដៃរក្សាសន្តិភាពប្រទេសរបស់ខ្លួន ហើយមួយវិញទៀតកម្ពុជា មិនយកប្រទេសណា​ធ្វើជាសត្រូវខ្លួននោះដែរ មានតែព្យាយាមរាប់អានគ្រប់ប្រទេសទាំងអស់ដោយគ្មាន​ការរើសអើងតាំងពីដើមរហូតដល់សព្វថ្ងៃនេះ និងទៅអនាគត។-សម្តេចធិបតី៖ រាជរដ្ឋាភិបាលមិនដេកអេសពោះទេ គឺបានកំពុងខិតខំ ដោះស្រាយរាល់បញ្ហាជូនបងប្អូនជានិច្ច ជាពិសេសបញ្ហារវាងពលរដ្ឋ និងម្ចាស់បុរីនានា ដែលបានកំពុងកើតឡើងនាពេលសព្វថ្ងៃនេះ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ នៅពេលខាងមុខវិស័យអចលនទ្រព្យ(ការទិញ-លក់ ដី ធ្លី ផ្ទះសម្បែង) នឹងងើបឡើងវិញ។

ហ្វីលីពីន៖ កិច្ចប្រជុំកំពូលត្រីភាគីជាមួយអាមេរិក និងជប៉ុន នឹងរួមបញ្ចូលកិច្ចសហប្រតិបត្តិការសមុទ្រចិនខាងត្បូង

2024/04/10 09:39:18 pm        171
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃពុធ (១០ មេសា) នេះថា កិច្ចប្រជុំកំពូលត្រីភាគីនាពេលខាងមុខរវាងសហរដ្ឋអាមេរិក ហ្វីលីពីន និងជប៉ុន នឹងរួមបញ្ចូលកិច្ចព្រមព្រៀងមួយដើម្បីរក្សាសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង។លោក ម៉ាកូស គ្រោងនឹងចាកចេញទៅទីក្រុងវ៉ាស៊ីនតោន នៅរសៀលថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុន ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida)។ លោក ម៉ាកូស ក៏គ្រោងនឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយលោក បៃដិន មុនពេលកិច្ចប្រជុំក្នុងចំណោមមេដឹកនាំទាំងបីផងដែរ។ប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់លោក ម៉ាកូស បានពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក និងជប៉ុនកាន់តែស៊ីជម្រៅ ខណៈដែលការប៉ះទង្កិចដែនសមុទ្រជាមួយចិន នៅសមុទ្រចិនខាងត្បូងមានការកើនឡើង។ លោក ម៉ាកូស បានអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពហ្វីលីពីនទំហំជិតពីរដងធៀបនឹងកាលពីមុន ដែលទាហានអាមេរិកអាចចូលបាន ហើយកិច្ចពិភាក្សាកំពុងដំណើរការជាមួយប្រទេសជប៉ុនសម្រាប់កិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមកដែលនឹងអនុញ្ញាតឱ្យមានវត្តមានរបស់កងកម្លាំងជប៉ុននៅលើទឹកដីហ្វីលីពីន។ទន្ទឹមនឹងនេះដែរ លោក ម៉ាកូស ក៏បានបដិសេធនូវអត្ថិភាព (វត្តមាន) នៃអ្វីដែលគេហៅថា «កិច្ចព្រមព្រៀងសុភាពបុរស» ដែលត្រូវបានរាយការណ៍ថា ស្ថិតនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ជាមួយទីក្រុងប៉េកាំង ដើម្បីរក្សាស្ថានភាពដដែលនៅក្នុងតំបន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនសមុទ្រមានជម្លោះនៅសមុទ្រចិនខាងត្បូង៕

ប្រមុខមន្ទីរបញ្ចកោណ៖ គ្មានភ័ស្តុតាងណាដែលបញ្ជាក់ថា អ៊ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទេ

2024/04/10 09:36:02 pm        143
រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin កាលពីថ្ងៃអង្គារ បាននិយាយថា ពុំមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា ចំពេលមានសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនោះទេ។លោក Austin បាននិយាយក្នុងអំឡុងពេលសវនាការនៃគណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភា នៅវិមាន Capitol Hill បានបដិសេធថា អ៊ីស្រាអែល មិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ បន្ទាប់ពីក្រុមអ្នកតវ៉ា បានរំខានដល់គណៈកម្មាធិការ ហើយបានអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់មូលនិធិដល់សង្រ្គាមដែលពួកគេហៅថា ជាអំពើប្រល័យពូជសាសន៍។លោក Austin បាននិយាយបន្ទាប់ពីមានសំណួររបស់សមាជិកព្រឹទ្ធសភាលោក Tom Cotton ដើម្បីឆ្លើយតបទៅក្រុមបាតុករថា៖«យើងមិនមានភ័ស្តុតាងនៃអំពើប្រល័យពូជសាសន៍ទេ»។លោកក៏បានជៀសវាងការនិយាយសំដៅទៅលើការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែលភាគខាងត្បូងថា ជាអំពើប្រល័យពូជសាសន៍ បន្ទាប់ពីការសាកសួរពីសមាជិកព្រឹទ្ធសភា លោកRoger Wicker ដែលជាសមាជិកក្នុងគណៈកម្មាធិការ។លោក Austin បានលើកឡើងអំពីការវាយប្រហារថ្ងៃទី៧ ខែតុលា បន្ទាប់ពីលោកWicker បានដាក់សម្ពាធលើខ្លួនម្តងហើយម្តងទៀត ដោយសំដៅលើការវាយប្រហារនោះថា ជាអំពើប្រល័យពូជសាសន៍។ក្រុមហាម៉ាស បានសម្លាប់មនុស្សជាង ១.១០០នាក់ នៅក្នុងការវាយប្រហារ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់។ ចំណាប់ថ្នូរប្រហែល ១០០នាក់ ត្រូវបានគេជឿថា នៅរស់រានមានជីវិត នៅក្នុងតំបន់ហ្កា ហ្សា និងត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សយ៉ាងតិច​ ២៧នាក់ស្លាប់ បន្ទាប់ពីមាន​ការវាយប្រហាររបស់រុស្ស៊ី លើឃ្លាំង ជិតក្រុងគីវ
08/29/2026 05:08 PM
លោក Trump ប្រកាសពីកិច្ចព្រមព្រៀងភាគហ៊ុនដ៏​ធំរបស់អាមេរិក ក្នុងធនធាន​ប្រេង​របស់វ៉េណេស៊ុយអេឡា
08/29/2026 04:08 PM
សង្គ្រាមបង្ក​ផល​ប៉ះពាល់​អវិជ្ជមានលើ​​សេដ្ឋកិច្ចអ៊ីរ៉ង់ ខណៈសហរដ្ឋអាមេរិកបង្កើនទណ្ឌកម្ម
08/29/2026 04:08 PM
អាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន
08/29/2026 03:08 PM
របាយការណ៍៖ សង្គ្រាម​អ៊ីរ៉ង់​ធ្វើ​ឱ្យ​​ស្តុក​យោធា​របស់​អាមេរិកថយ​ចុះ​ ដោយ​បន្ថយ​សមត្ថភាព​ការពារ​​សកល​
08/29/2026 02:08 PM
ពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
08/29/2026 11:08 AM
ប្រជាពលរដ្ឋ ១,៧២៦គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកទន្លេមេគង្គ នៅស្រុកត្បូងឃ្មុំ ទទួលបានអំណោយមនុស្សធម៌ ដើម្បីសម្រាលការលំបាក
08/29/2026 10:08 AM
មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ នឹងចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសកៀហ្ស៊ីស៊ីស្ថាន
08/29/2026 10:08 AM
UN បង្កើនជំនួយដល់ប្រទេសនេប៉ាល់ ខណៈជាង២ម៉ឺនគ្រួសារត្រូវការស្បៀងអាហារក្នុងពេលមហន្តរាយទឹកជំនន់
08/29/2026 10:08 AM
ភ្លៀង និងហានិភ័យផ្សេងៗនៃទឹកជំនន់បន្ថែមទៀតធ្វើស្មុគស្មាញដល់ការជួយសង្គ្រោះរបស់ចិន នៅតំបន់ទីបេ
08/29/2026 10:08 AM