ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងការបរទេសកម្ពុជា បង្ហាញលទ្ធផលការងារចំនួន៥ សម្រេចបានក្នុងឆ្នាំ២០២៣

2024/03/29 11:33:45 am        93
នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជានឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសន្និបាតបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ខណៈនៅក្នុង សន្និបាតបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងការ​បរទេស​កម្ពុជា​បង្ហាញ​លទ្ធផល​ការងារសំខាន់ៗចំនួន៥ ដែលសម្រេចបាន។អង្គសន្និបាត បានធ្វើការកត់សម្គាល់ដោយការវាយតម្លៃខ្ពស់​ចំពោះ​សមិទ្ធផល​សំខាន់ៗ​គួរ​ជាទី​មោទនៈ​ដែល​ក្រសួងសម្រេចបានក្នុងឆ្នាំ២០២៣ លើសមរភូមិការទូត ដោយផ្ដោតជាចម្បង​លើកា​រងារធំៗទាំង៥។ ការងារទី១ គឺការការពារផលប្រយោជន៍ជាតិ ការពារឯករាជ្យ អធិបតេយ្យ បូរណ​ភាពទឹកដី ដោយក្រសួងបានចូលរួមសហការជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ទទួលបាន​ជោគ​ជ័យ​ក្នុងការនាំ កម្ពុជាចេញពីបញ្ជីប្រផេះរបស់ក្រុមការងារហិរញ្ញវត្ថុ (FATF) ដែលនេះជា​ការ​ចូលរួម​ចំណែក​ដ៏ធំធេងក្នុងការលើកកម្ពស់ទំនុកចិត្តវិនិយោគនៅកម្ពុជា។ ចំពោះការជួយសង្រ្គោះពលរដ្ឋខ្មែរនៅបរទេស ដោយមាន​ការសហការជិតស្និទ្ធជាមួយ​ក្រសួង​មហា​ផ្ទៃ ក្រសួងបានផ្ដល់ការគាំទ្រ ជួយសង្រ្គោះ និងសម្របសម្រួលមា​តុភូមិនិវត្តន៍​ដល់​ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះដោយការរំលោភសិទ្ធិសេរីភាពនៅបរទេស និងអំពើជួញ​ដូរ​មនុស្ស​ចំនួន​៧.៩៥៣​នាក់ ពីប្រទេសថៃ ឡាវ វៀតណាម ម៉ាឡេស៊ី ចិន ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា និងសិង្ហបុរី។ការងារទី២ គឺការអនុវត្តគោលនយោបាយការបរទេសប្រកបដោយភាពបត់បែនវាងវៃ តប​ទៅ​នឹង​សម្ពាធ​ភូមិ​សាស្ត្រនយោបាយ មានជាអាទិ៍ កម្ពុជាបានសម្រេច​ដាក់​បេក្ខភាព​ជា​អ្នក​សង្កេត​ការណ៍​ក្នុង​អង្គ​ការសហប្រតិបត្តិការឥស្លាម និងអង្គការសហប្រតិបត្តិការសៀងហៃ ព្រមទាំង​បាន​សម្រេច​ដាក់​បេក្ខភាព​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ផងដែរ។ ការងារទី៣ គឺការចូលរួមក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព និង​ដំណោះស្រា​យ​បញ្ហា​ប្រឈ​ម​នានា​នៅ​ក្នុង​ពិភពលោក មានជាអាទិ៍ កម្ពុជាបានវិវត្តពីប្រទេសដែលលិចលង់ក្នុងភ្នក់ភ្លើងសង្គ្រាម ទៅ​ជា​តួអ​ង្គសំខាន់ក្នុងបុព្វហេតុសន្តិភាពពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដោយចាប់​ពី​ឆ្នាំ​២០០៦ ដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៩.២៨១នាក់ ទៅ​បំពេញ​បេសកកម្មនៅប្រទេសចំនួន១០ ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់ទី២៨ នៅលើ​ពិភព​លោក ​និងទី៣ ក្នុងតំបន់អាស៊ាន ក្នុងការចូលរួមបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ។  ការងារទី៤ គឺការអនុវត្តការងារការទូតសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ ដើម្បីលើ​ក​ស្ទួយ​សេដ្ឋកិច្ច និងកិត្យានុភាពជាតិ។ ជាក់ស្ដែង សៀវភៅកេរដំណែលម្ហូបខ្មែរ - The Taste of Angkor ដែលបានបោះពុម្ព ផ្សាយដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បាន​ឈ្នះពានរង្វាន់ Best Television Awards in the World ដែលជាពានរង្វាន់ទី៤ បន្ទាប់​ពី​ការ​ឈ្នះពា​ន​រង្វាន់ Best Asian Cookbook  និង Best Heads of State/Food កាលពីឆ្នាំ២០២១ និង២០២២។ ការងារទី៥ គឺការបន្តការដ្ឋាន កំណែទម្រង់ស្ថាប័ននៅក្នុងក្រសួង។ ក្រសួង​បាន​ពង្រឹង​កិច្ចខិតខំ​ប្រឹង​ប្រែង​ជាបន្តបន្ទាប់ក្នុងការគ្រប់គ្រង ធនធានមនុស្ស ការសម្រួលការិយាធិបតេយ្យ និងនិតិ​វិធី​រដ្ឋបាល ក៏ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាពដែលការណ៍នេះដើរ       តួនាទី​ដ៏​ចាំបាច់ក្នុងការលើកកម្ពស់ផលប្រយោជន៍ជាតិ និងកិត្យានុភាពជាតិ។នៅក្នុង​សុន្ទរកថាបើក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោត​សរសើរ​ចំពោះ​ការ​ឆ្លើយ​តប​បាន​ទាន់​ពេលវេលា និងមានប្រសិទ្ធភាពរបស់អ្នកការទូត និងមន្រ្តីរាជការរបស់ក្រសួង ដែលមានមន​សិការ​ស្នេហា​ជាតិ​យ៉ាងស្មោះស្ម័គ្រ ខិតខំបំពេញការងារជូនជាតិមាតុភូមិ ហើយតែងតែយកចិត្ត​ទុក​ដាក់​តម្កល់​ផល​ប្រយោជន៍ជាតិជាធំ ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ធានាដល់សុខ​សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយមិនខ្លាចភាពនឿយហត់៕

ហ្វីលីពីន បង្កើនភាពតានតឹងក្នុងជម្លោះជាមួយចិន ដោយប្តេជ្ញាប្រឆាំងនឹងការវាយប្រហារឆ្មាំល្បាតឆ្នេរ

2024/03/29 10:34:26 am        92
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) ថា ហ្វីលីពីននឹងអនុវត្តវិធានការប្រឆាំងនឹង «ការវាយប្រហារខុសច្បាប់ បែបបង្ខិតបង្ខំ ឈ្លានពាន និងបង្កគ្រោះថ្នាក់» ពីឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន ដែលនោះបានបង្កើនភាពតានតឹងបន្ថែមទៀតក្នុងជម្លោះដែលកំពុងកើនឡើងនៅក្នុងសមុទ្រចិនខាងត្បូង។ប្រទេសហ្វីលីពីន មានការខឹងសម្បារចំពោះអ្វីដែលខ្លួនហៅថា អរិភាពម្តងហើយម្តងទៀតដោយនាវាចិនជុំវិញដែនទឹកពិសេសដែលមានជម្លោះ នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខចម្ងាយជាង ៣០០ គីឡូម៉ែត្ររបស់ទីក្រុងម៉ានីល។ សហរដ្ឋអាមេរិក បានបន្តជាមួយនឹងការគាំទ្រខាងសីលធម៌សម្រាប់អតីតអាណានិគម និងសម្ព័ន្ធមិត្តយោធារបស់ខ្លួនលើបញ្ហានេះ។លោក ម៉ាកូស មិនបានបញ្ជាក់ពីអ្វីដែលជាវិធានការតបតដែលនឹងត្រូវអនុវត្តនោះទេ ប៉ុន្តែបាននិយាយថា វិធានការទាំងនោះនឹងដាក់ក្នុងប៉ុន្មានសប្តាហ៍បន្ទាប់ ហើយមានលក្ខណៈសមាមាត្រ ចេតនា និងសមហេតុផល ក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកហៅថា ការវាយប្រហារដោយបើកចំហ និងខ្លាំងក្លា។ភាពយ៉ាប់យ៉ឺនក្នុងទំនាក់ទំនងជាមួយចិន កើតឡើងនៅពេលដែលលោក ម៉ាកូស ស្វះស្វែងរកការពង្រឹងទំនាក់ទំនងផ្នែកការពារជាតិ ដោយបើកដៃឱ្យសហរដ្ឋអាមេរិក បង្កើនការចូលទៅកាន់មូលដ្ឋានយោធាហ្វីលីពីន និងពង្រីកសមយុទ្ធរួម ដើម្បីរួមបញ្ចូលការល្បាតតាមសមុទ្រ និងផ្លូវអាកាសលើសមុទ្រចិនខាងត្បូង ដែលធ្វើឱ្យទីក្រុងប៉េកាំង មិនពេញចិត្តជាខ្លាំង៕

គណៈកម្មាធិការសិទ្ធិមនុស្ស UN ជំរុញឱ្យចក្រភពអង់គ្លេស លុបចោលផែនការនិរទេសជនភៀសខ្លួនទៅរ៉្វាន់ដា

2024/03/29 10:31:27 am        75
គណៈកម្មាធិការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា) បានជំរុញចក្រភពអង់គ្លេស ឱ្យបោះបង់ចោលសេចក្ដីស្នើច្បាប់ដែលមានជម្លោះ ក្នុងការនិរទេសជនភៀសខ្លួនទៅកាន់ប្រទេសរ៉្វាន់ដា ដែលអាចក្លាយជាច្បាប់ពេញលេញនៅខែក្រោយ។នៅក្នុងការពិនិត្យឡើងវិញរបស់ខ្លួននៃចក្រភពអង់គ្លេស គណៈកម្មាធិការនេះបាននិយាយថា ខ្លួនមានការសោកស្តាយយ៉ាងខ្លាំងចំពោះការរៀបចំដែលបានធ្វើឡើងជាមួយប្រទេសទីបី ជាពិសេសប្រទេសរ្វ៉ាន់ដា ដើម្បីផ្ទេរអ្នកស្វែងរកសិទ្ធិជ្រកកោន ក៏ដូចជា «កិច្ចខិតខំប្រឹងប្រែងដើម្បីអនុម័តច្បាប់ស្តីពីសុវត្ថិភាពនៃប្រទេសរ្វ៉ាន់ដា លើសិទ្ធិជ្រកកោន និងអន្តោប្រវេសន៍ ទោះបីជាការសម្រេចរបស់តុលាការកំពូលចក្រភពអង់គ្លេស និយាយថា ការរៀបចំនេះនឹងមិនស្របតាមច្បាប់អន្តរជាតិក៏ដោយ»។គណៈកម្មាធិការនេះបាននិយាយថា ខ្លួនកំពុងអំពាវនាវឱ្យរដ្ឋាភិបាលអង់គ្លេសដកសេចក្ដីស្នើច្បាប់ ឬលុបចោលច្បាប់នោះ ប្រសិនបើត្រូវបានអនុម័ត។ រដ្ឋាភិបាលអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រី រីស៊ី ស៊ូណាក់ (Rishi Sunak) ចង់ផ្លាស់ប្តូរទីលំនៅអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ ដែលទៅដល់ចក្រភពអង់គ្លេសតាមទូកតូចៗជារៀងរាល់ឆ្នាំ ដើម្បីទៅរស់នៅក្នុងប្រទេសរ្វ៉ាន់ដាជំនួសវិញ ប៉ុន្តែបញ្ហាប្រឈមផ្នែកច្បាប់ជាច្រើនរហូតមកដល់ពេលនេះ បានរារាំងមិនឱ្យជនអន្តោប្រវេសន៍ណាម្នាក់ត្រូវបានបញ្ជូនទៅប្រទេសអាហ្វ្រិកខាងកើតមួយនេះឡើយ៕

វិមានក្រឹមឡាំង៖ រុស្ស៊ី បដិសេធតួនាទីក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន

2024/03/29 10:21:39 am        98
រុស្ស៊ីនឹងមិនពាក់ព័ន្ធក្នុងកិច្ចពិភាក្សាដែលកំពុងបន្តអំពីលទ្ធផលនៃគំនិតផ្តួចផ្តើមសន្តិភាពនៅក្នុងអ៊ុយក្រែនទេ ប៉ុន្តែកំពុងតាមដានព័ត៌មានលម្អិតបែបនេះយ៉ាងដិតដល់ នេះបើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៨ មីនា)។នៅព្រឹកថ្ងៃដដែលនោះ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូស (Olaf Scholz) បានលើកឡើងថា ប្រទេសជាច្រើនរួមទាំងអ៊ុយក្រែន បាននឹងកំពុងពិភាក្សាគ្នានៅកម្រិតនៃក្រុមទីប្រឹក្សាសន្តិសុខស្តីពីគំនិតផ្តួចផ្តើមដែលអាចនាំទៅរកដំណើរការសន្តិភាពក្នុងវិបត្តិអ៊ុយក្រែន។លោក ផេស្កូវ បាននិយាយថា វិធីសាស្រ្តនៃការញុះញង់ និងលើកទឹកចិត្តទីក្រុងគីវ ឱ្យ «បន្តប្រយុទ្ធរហូតដង្ហើមចុងក្រោយ» បានគ្រប់ដណ្ដប់ចិត្តមនុស្សនៅក្នុងទ្វីបអឺរ៉ុប ហើយពុំមានអ្វីបានផ្លាស់ប្តូរទេ ទោះបីជាមានទស្សនៈផ្សេងគ្នា ជាមួយនឹងភាពខុសប្លែកគ្នានៅក្នុងការបង្កើតនយោបាយអឺរ៉ុបក៏ដោយ។ អ្នកនាំពាក្យរូបនេះបាននិយាយថា បើទោះបីជាមានការចរចាពីផែនការសន្តិភាពក៏ដោយ ក៏អាល្លឺម៉ង់មានជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងវិបត្តិនេះ។ លោកបានបន្ថែមថា ទីក្រុងមូស្គូ មើលឃើញថា ប្រធានាធិបតីបារាំងលោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានប្រកាន់ជំហរជ្រុលនិយមបំផុតក្នុងវិបត្តិ ដោយបានរំលឹកឡើងវិញនូវសំណើរបស់លោក ម៉ាក្រុង ក្នុងការបញ្ជូនកងកម្លាំងយោធាបរទេសទៅកាន់អ៊ុយក្រែនកាលពីខែកុម្ភៈ៕

ចិនជំរុញឲ្យអាមេរិកដើរតួនាទីស្ថាបនាក្នុងស្ថិរភាពសមុទ្រចិនខាងត្បូង និងឈប់កកូរកកាយបញ្ហាតៃវ៉ាន់ និងហុងកុង

2024/03/29 10:09:33 am        138
ប្រទេសចិនបានជំរុញឱ្យសហរដ្ឋអាមេរិកដើរតួនាទីប្រកបដោយការស្ថាបនាក្នុងការការពារសន្តិភាព និងស្ថិរភាពនៅសមុទ្រចិនខាងត្បូង ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះរវាងអ្នកការទូតជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ អនុរដ្ឋមន្ត្រីការបរទេសចិន លោក ម៉ា ចាវស៊ូ (Ma Zhaoxu) បាននិយាយជាមួយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ខត ខេមបេល (Kurt Campbell) តាមទូរស័ព្ទ តបតាមសំណើរបស់ភាគីអាមេរិកកាលពីថ្ងៃពុធ។ អ្នករាយការណ៍ព័ត៌មានអំពីការសន្ទនាទូរសព្ទនេះ និងជាអ្នកនាំពាក្យក្រសួងការបរទេសចិនបានលោក លីន ជៀន (Lin Jian) និយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកស្តីពីទំនាក់ទំនងរវាងចិន-សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ន និងបញ្ហាអន្តរជាតិ និងតំបន់ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។ លោក Lin បាននិយាយថា ក្នុងអំឡុងកិច្ចពិភាក្សានេះ លោក Ma បានរៀបរាប់លម្អិតអំពីជំហររបស់ចិនចំពោះកោះតៃវ៉ាន់ ទីក្រុងហុងកុង សមុទ្រចិនខាងត្បូង និងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។យោងតាមអ្នកនាំពាក្យ ខាងលើ លោក Ma បានស្នើឱ្យភាគីអាមេរិក គោរពឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមបីចំណុច រវាងចិន-អាមេរិក និងគោរពផលប្រយោជន៍ស្នូលរបស់ចិន។លោកក៏បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបញ្ឈប់ការអូសទាញបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រឡូកប្រឡាក់ក្នុងបញ្ហានយោបាយ និងសន្តិសុខ ហើយបញ្ឈប់កកូរកកាយដោយគ្មានការទទួលខុសត្រូវចំពោះទីក្រុងហុងកុងទៀត ៕

ក្រុមសិទ្ធិមនុស្ស៖ នៅក្នុងប្រទេសម៉ាលី ទាហានស៊ីឈ្នួលWagnerរបស់រុស្ស៊ី កំពុងជួយកងទ័ពសម្លាប់ជនស៊ីវិល

2024/03/29 09:58:08 am        115
ក្រុមសិទ្ធិមនុស្ស បាននិយាយនៅក្នុងរបាយការណ៍ពីខែធ្នូដល់ខែមីនាដែលបានចេញផ្សាយ នៅសប្តាហ៍នេះថា ក្រុមស៊ីឈ្នួលរុស្ស៊ីដែលគេស្គាល់ថា ជាWagner កំពុងជួយកងកម្លាំងរដ្ឋាភិបាល នៅភាគ កណ្តាល និងភាគខាងជើងប្រទេសម៉ាលី ធ្វើការវាយឆ្មក់ និងវាយប្រហារដោយយានដ្រូន ដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់ រួមទាំងកុមារជាច្រើនផងដែរ។ ប្រទេសម៉ាលី រួមជាមួយនឹងប្រទេសជិតខាងប៊ួគីណាហ្វាសូ និងនីហ្សេអស់រយៈពេលជាងមួយទសវត្សរ៍បានប្រយុទ្ធនឹងការបះបោរដែលបង្កឡើងដោយក្រុមជីហាដ រួមទាំងសម្ព័ន្ធមិត្តមួយចំនួនជាមួយអាល់កៃដា និងក្រុមរដ្ឋឥស្លាម។ បន្ទាប់ពីរដ្ឋប្រហារយោធានៅក្នុងប្រទេសទាំងបី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ របបយោធាដែលកំពុងកាន់អំណាច បានបណ្តេញកងកម្លាំងបារាំង ហើយងាកទៅរកអង្គភាពទាហានស៊ីឈ្នួលរបស់រុស្ស៊ីសម្រាប់ជំនួយផ្នែកសន្តិសុខជំនួសវិញ។អំពើហិង្សា បានកើនឡើងនៅក្នុងប្រទេសម៉ាលី ចាប់តាំងពីទាហានស៊ីឈ្នួលរុស្ស៊ី បានទៅដល់ទីនោះបន្ទាប់ពីរដ្ឋប្រហារក្នុងឆ្នាំ២០២១។ របបយោធាដែលកំពុងកាន់អំណាចរបស់ខ្លួន បានបង្កើនប្រតិបត្តិការដោយបានធ្វើការវាយប្រហារដោយយានដ្រូនទៅលើការប្រមូលផ្តុំជនស៊ីវិល និងការវាយឆ្មក់អមដោយទាហានស៊ីឈ្នួលរុស្ស៊ីដែលបានសម្លាប់ជនស៊ីវិលយ៉ាងច្រើន។អ្នកស្រុកនៃតំបន់សាហែល ( Sahel) ដែលរាប់បញ្ចូលទាំងប្រទេសម៉ាលី បាននិយាយថា វត្តមានរបស់ រុស្ស៊ីហាក់ដូចជាមិនផ្លាស់ប្តូរ ចាប់តាំងពីមេដឹកនាំ Wagner លោក Yevgeny Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះគួរឲ្យសង្ស័យ កាលពីឆ្នាំមុន។ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ អ្នកស្រី Ilaria Allegrozzi អ្នកស្រាវជ្រាវជាន់ខ្ពស់តំបន់សាហែលនៅអង្គការឃ្លាំមើលសិទ្ធិមនុស្ស(HRW)ថា៖«រដ្ឋាភិបាលយោធាអន្តរកាលរបស់ម៉ាលីដែលគាំទ្រដោយប្រទេសរុស្ស៊ី មិនត្រឹមតែប្រព្រឹត្តការរំលោភបំពានដ៏គួរឲ្យរន្ធត់ប៉ុណ្ណោះទេ ថែមទាំងកំពុងធ្វើការដើម្បីលុបបំបាត់ការត្រួតពិនិត្យលើស្ថានភាពសិទ្ធិមនុស្សរបស់ខ្លួនទៀតផង។

សម្តេចតេជោ ហ៊ុន សែន ជជែកពិភាក្សាទ្វេភាគីជាមួយអនុប្រធានគណៈកម្មការយោធាមជ្ឈឹមបក្សចិន

2024/03/29 08:24:00 am        102
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណាចក្រកម្ពុជាបានអញ្ជើញជំនួបទ្វេភាគីជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិក​ការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃ​គណៈកម្មការ​យោធា​មជ្ឈឹម​បក្ស​ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ខេត្តហៃណាន ប្រទេសចិន។ នៅក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ អនុប្រ​ធាន​គណៈកម្មកា​រ​យោធាមជ្ឈឹមបក្ស​ចិន បានជជែកពិភាក្សា​ទៅ​លើកា​រ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​លើ​ការ​បណ្តុះ​បណ្តាល ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងការដោះមីន។ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយឧត្តមសេនីយ៍ អនុប្រធាន​គណៈកម្មការ​យោធា​មជ្ឈឹមបក្ស​ចិន បានបង្ហាញ​ការពេញ​ចិត្ត​ចំពោះ​ការ​រីក​ចំរើន​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និងចិន៕

កិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

2024/03/28 04:30:08 pm        179
រសៀលថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះ នៅសាលប្រជុំប្រាសាទព្រះវិហារ អគាររដ្ឋបាលសាលា ខេត្តជាន់ទី៣មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និង លើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ នឹងមានការ​អញ្ជើញ​ចូលរួមពីសំណាក់លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត មន្រ្ដីរនៃមន្ទីរអភិវឌ្ឍន៍ជនបទជាច្រើនរូបផងដែរ។ឯកឧត្តបណ្ឌិតរដ្ឋលេខាធិការ បានថ្លែងថា បច្ចុប្បន្ននេះ ស្ថានភាពសេដ្ឋកិច្ច និងនយោបាយ​សកលលោកស្ថិតក្នុងភាពផុសស្រួយ ដោយសារឥទ្ធិពល នៃកូវិបត្តិជំងឺកូវីដ-១៩ សង្គ្រាម​រុស្សី -អ៊ុយក្រែន អ៊ីស្រាអែល ហាម៉ាសប៉ាឡេស្ទីន និងការ​ប្រែប្រួល​អាកាស​ធាតុ​ជា​សាកល។ កត្តាទាំង នេះកំពុងជះឥទ្ធិពលយ៉ាងខ្លាំងមក លើព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឲ្យមានដំណោះ ស្រាយប្រកប​ដោយភាពប៉ិនប្រសព្វ។ ជា​ភ័ព្វសំណាង​ កម្ពុជារក្សាបានសន្តិភាព សម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសសម្រាប់ការ អភិវឌ្ឍន៍​ប្រទេសជាតិ​ស្របតាម​ ក្រមខណ្ឌយុទ្ធសាស្រ្ត​ចតុកោណដំណាក់កាលទី៤៖ ​កំណើនការ​ ងារ​សមធម៌ និង​ប្រសិទ្ធភាព។ឯកឧត្តម បានបន្តថា នៅ​ក្នុងបុព្វហេតុ ​នៃការអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើន​ រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងនីតិកាលទី៧ ​នៃរដ្ឋសភា ​ដឹកនាំដោយសម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ​បានបន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ​និងស្ថេរភាពនយោបាយនៅក្នុងផ្ទៃប្រ ទេសព្រមទាំងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីស្ថេរភាពនយោបាយ និង ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបាន ដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១៖ កំណើនការងារសមធម៌ ប្រសិទ្ធភាព ​និងចីរភាព​ព្រមទាំងបានកំណត់អាទិភាព គន្លឹះចំនួន៥ ​គឺមនុស្ស ផ្លូវ ទឹក ភ្លើង ​និងបច្ចេកវិទ្យា ​ដែលជា​មូលដ្ឋានសម្រាប់ ការរៀបចំគោល​នយោបាយ ​និងផែនការយុទ្ធសាស្រ្តតាមវិស័យ​ ក្នុងគោលដៅអភវឌ្ឍន៍​កម្ពុជាឲ្យ ទៅជា​ប្រទេស​មានប្រាក់ចំណូលមធ្យម ​កម្រិតខ្ពស់នៅឆ្នាំ២០៣០ ​និងជាប្រទេសមានចំណូល ខ្ពស់នៅឆ្នាំ២០៥០។ជាមួយនឹងចក្ខុវិស័យ និងយុទ្ធសាស្រ្តខាងលើនេះ ក្រសួងអភិវឌ្ឍន៍ជនបទ​ បានដាក់ចេញ នូវគោល​នយោបាយអភិវឌ្ឍន៍​ជនបទ ​ដែលមានគោលបំណងប្រែក្លាយ ជតំបន់អភិវឌ្ឍន៍រីក ចម្រើន​ប្រកប​ដោយបរិយាបន្ត ​និងមាននិរន្តភាព។ នៅក្នុងន័យនេះ ​ក្រសួងបានដាក់ចេញនូវ ​ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍​ជនបទរយៈពេល៥ឆ្នាំ ​ជាបន្តបន្ទាប់​ ជាអាទិ៍ផែនការ​យុទ្ធសាស្រ្ត​ អភិវឌ្ឍន៍​ជនបទ៥ឆ្នាំ (២០១៩-២០២៣) ​មានគោលបំណង ​“ លើក​កម្ពស់គុណភាព​ និង​ គុណតម្លៃនៃជីវិតរស់នៅ របស់​ប្រជាជន​នៅតំបន់ជនបទ ​ប្រកប​ដោយ​បរិយាបន្តទាំងផ្នែក​ សេដ្ឋកិច្ច​សង្គមកិច្ច ​និងវប្បធម៌” ដោយបានកំណត់យុទ្ធសាស្រ្តចំនួន៤ គឺ៖១. អភិវឌ្ឍន៍​ហេដ្ឋារចនា សម្ព័នរូបវ័ន ​និងគមនាគមន៍ ២. លើកកម្ពស់លក្ខខណ្ឌ ​នៃការរស់នៅរបស់សហគមន៍ជនបទ ៣. ធ្វើពិពិធកម្មសកម្មភាព​សេដ្ឋកិច្ច​ជនបទ និង៤. ពង្រឹងសេវាគាំទ្ររដ្ឋបាល ​និងកិច្ចការទូទៅ ​ក្នុងគោលដៅលើកកម្ពស់សមត្ថភាព ធនធានមនុស្ស និងស្ថាប័ន៕

អូស្រ្តាលី បង្កើតមូលនិធិ ៦៥៣លានដុល្លារ ដើម្បីពង្រីកការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ

2024/03/28 03:03:41 pm        86
នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Anthony Albanese និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសរបស់លោកនឹងបង្កើតមូលនិធិ ១ពាន់លានដុល្លារអូស្រ្តាលី(ស្មើនឹង ៦៥៣លានដុល្លារសហរដ្ឋអាមេរិក)ដើម្បីជួយពង្រីកការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ(បន្ទះសូឡា)នៅក្នុងស្រុក ស្របពេលដែលពួកគេបង្កើនការផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលធ្យូងថ្ម មកប្រើប្រាស់ថាមពលកកើតឡើងវិញ ។ រដ្ឋាភិបាលពលករនិយមកណ្តាល-ឆ្វេងរបស់លោក Albanese បានបង្កើនការចំណាយ ដើម្បីធានាដល់គម្រោងថាមពលខ្យល់ ពន្លឺព្រះអាទិត្យ និងអាគុយ ជាមួយនឹងការវិនិយោគទុនជាង ៤០ពាន់លានដុល្លារអូស្រ្តាលី ចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីឆ្នាំ ២០២២ ។ រដ្ឋាភិបាលរបស់លោក Albanese មានគោលដៅសម្រចឲ្យបានថាមពលកកើតឡើងវិញចំនួន ៨២ភាគរយនៅឆ្នាំ ២០៣០ ពោលគឺកើនឡើងពីចំនួនបច្ចុប្បន្ន ៤០ភាគរយ ។ លោក Albanese និយាយថា គំនិតផ្តួចផ្តើមនេះនឹងរួមបញ្ចូលការឧបត្ថម្ភធនផលិតកម្ម និងជំនួយឥតសំណង និងជួយដល់ការផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យនៅអតីតស្ថានីយ៍ថាមពល Liddell របស់ក្រុមហ៊ុន AGL Energy ដែលជាក្រុមហ៊ុនថាមពលកំពូលរបស់អូស្រ្តាលី ។ លោកបន្តថា ពួកយើងមានធនធានពន្លឺព្រះអាទិត្យល្អបំផុតនៅលើពិភពលោក ដែលជាថាមពលឥតគិតថ្លៃ ហើយពួកយើងមានធនធានថាមពលខ្យល់ល្អបំផុត ។ ពួកយើងមានផងដែរធនធានមនុស្សល្អបំផុត ដូច្នេះហើយអូស្រ្តាលី ឈានមុខគេក្នុងនវានុវត្តន៍ ៕

មេដឹកនាំរបបសឹក មីយ៉ាន់ម៉ា៖ លោកកាន់អំណាចបណ្ដោះអាសន្ន ក្នុងបំណងពង្រឹងលទ្ធិប្រជាធិបតេយ្យ

2024/03/28 02:07:04 pm        90
ប្រមុខរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ Min Aung Hlaing បាននិយាយកាលពីថ្ងៃពុធ ទី២៧ ខែមីនាថា របបយោធាកំពុងកាន់អំណាចបណ្តោះអាសន្នក្នុងគោលបំណង ពង្រឹងលទ្ធិប្រជាធិបតេយ្យ ហើយបានអំពាវនាវឱ្យមានឯកភាពជាតិក្នុងចំណោមប្រជាជន និងយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធ ដែលលោកបាននិយាយថាកំពុងព្យាយាមបំផ្លាញផែនការបោះឆ្នោត។ ថ្លែងទៅកាន់ក្បួនព្យុហយាត្រាទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំ ដែលបានផ្សាយតាមទូរទស្សន៍សហភាពមីយ៉ាន់ម៉ា ឧត្តមសេនីយកំពុងកាន់អំណាចដែលបានដឹកនាំរដ្ឋប្រហារនៅឆ្នាំ២០២១ 2021 បាននិយាយថា ក្រុមគូប្រជែងរបស់លោកកំពុងទទួលបានការគាំទ្រពីបរទេស និងព្យាយាមបំផ្លាញប្រទេស និងរារាំងផែនការវិលត្រឡប់របស់សហភាពមីយ៉ាន់ម៉ាទៅកាន់របបគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ។របបសឹកនេះកំពុងប្រឈម បញ្ហាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីការឡើងកាន់អំណាចលើកដំបូងនៅក្នុងអតីតអាណានិគមអង់គ្លេសកាលពីឆ្នាំ ១៩៦២ មក ដោយបានប្រយុទ្ធគ្នានៅតាមសមរភូមិមុខជាច្រើន ដើម្បីទប់ស្កាត់ការបះបោរនៅក្នុងផ្នែកជាច្រើននៃប្រទេសនេះ និងរក្សាស្ថិរភាពសេដ្ឋកិច្ចដែលដួលរលំចាប់តាំងពីរដ្ឋប្រហារមកនោះ ។លោក Min Aung Hlaing បានរំលឹកឡើងវិញថា យោធាបានដណ្តើមអំណាច ដោយសារតែការបោះឆ្នោតឆ្នាំ២០២០ ពោពេញដោយការក្លែងបន្លំ ដោយមានសន្លឹកឆ្នោតជិត ៣០% ខុសប្រក្រតី ។ គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែលបានឈ្នះការបោះឆ្នោតដ៏ច្រើនលើសលប់ បានទាត់ចោល ការចោទប្រកាន់នោះ។ បច្ចុប្បន្នលោកស្រី ស៊ូជី កំពុងជាប់ពន្ធនាគារ ដោយកាត់ទោសឲ្យជាប់ពន្ធនាគារ ២៧ ឆ្នាំពីបទល្មើសផ្សេងៗ។ មេដឹកនាំយោធារូបនេះបានលើកឡើងថា ការបោះឆ្នោតនៅពេលបន្ទាប់ ដែលលោកពុំបានកំណត់ពេលវេលា នឹងត្រូវធ្វើឡើងក្រោមប្រព័ន្ធតំណាងសមាមាត្រសមាជិកចម្រុះ ដែលនឹងរួមបញ្ចូលកាន់តែច្រើន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឃាត់ខ្លួនជនពាក់ព័ន្ធ Online Scams ជាង ៦៥០នាក់ នៅបាវិត ភាគច្រើនជាជនបរទេស
11/07/2025 10:11 PM
អ្នករស់រានពីការវាយប្រហាររបស់សត្វខ្លាឃ្មុំនៅប្រទេសជប៉ុន អំពាវនាវឲ្យមានការឆ្លើយតបគ្មានមេត្តា
11/07/2025 09:11 PM
មេដឹកនាំជីវពលលោក Khazali ព្យាយាមចង់កែប្រែខ្លួនជាអ្នកនយោបាយកំពូលមួយរូបរបស់អ៊ីរ៉ាក់
11/07/2025 09:11 PM
ប្រជាពលរដ្ឋស៊ូដង់បង្ហាញក្តីសង្ឃឹម និងក្តីបារម្ភ ក្រោយកងកម្លាំង RSF ទទួលយកសំណើឈប់បាញ់
11/07/2025 09:11 PM
កម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV លើកទី១៧ នៅ មីយ៉ាន់ម៉ា
11/07/2025 08:11 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ ទីក្រុងតេអេរ៉ង់ស្វែងរកសន្តិភាព តែនឹងមិនចុះញ៉មជាមួយការសម្លុតកំហែងឡើយ
11/07/2025 08:11 PM
លោក Zelenskyy នឹងទៅទស្សនកិច្ចអេស្ប៉ាញឆាប់ៗនេះ ក្រោយខកខានកាលពីខែមេសា
11/07/2025 08:11 PM
ក្រុមអ្នកវិទ្យាសាស្រ្តដាក់ការស្តីបន្ទោសសីតុណ្ហភាពកើនឡើង ស្របពេលព្យុះ Kalmaegi បង្កភាពវឹកវរនៅអាស៊ីអាគ្នេយ៍
11/07/2025 07:11 PM
រដ្ឋមន្ត្រីមហាផ្ទៃ៖ អង់គ្លេសសម្រេចដកទណ្ឌកម្មពីប្រធានាធិបតីស៊ីរី
11/07/2025 07:11 PM
តុលាការ ICCបញ្ជាក់ការចោទប្រកាន់ឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំងនឹងមេដឹកនាំឧទ្ទាមអ៊ូហ្គង់ដាលោក Joseph Kony
11/07/2025 07:11 PM