ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ មានសន្តិភាព និងស្ថិរភាព ទើបមានវិនិយោគិនមកវិនិយោគនៅកម្ពុជា

2024/03/12 12:58:57 pm        191
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់បន្ថែមអំពីគុណតម្លៃនៃសន្ដិភាព និងស្ថិរភាពរបស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានរួមគ្នាខិតខំថែរក្សាបានរហូតមកដល់បច្ចុប្បន្ននេះ គឺជាសមិទ្ធផលមួយដ៏សំខាន់ដែលអាចទាក់ទាញកំណើនវិនិយោគនានាពីបណ្ដាប្រទេសផ្សេងៗមកបណ្ដាក់ទុននៅកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលនានា រួមទាំងព្រលានយន្តហោះអន្តរជាតិនេះ កើតឡើងទៅបានដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព និងស្ថិរភាព ប្រជាពលរដ្ឋរួបរួមសាមគ្គីគ្នា និងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងនៅអាណត្តិទី៧នេះផងដែរ។ សម្តេចធិបតីបានបញ្ជាក់ថា ដោយសារកត្តាសន្តិភាព និងស្ថិរភាពនេះហើយទើបវិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានសង្កត់ធ្ងន់ថា កាលពីអតីតកាល ដោយសារសង្រ្គាមព្រលានយន្តហោះនៅកម្ពុជាត្រូវបានប្រើប្រាស់សម្រាប់តែដឹកមនុស្សចេញពីប្រទេសឬធ្វើចំណាកស្រុកទៅប្រទេសផ្សេងតែប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះនៅកម្ពុជាមានភ្ញៀវទេសចរ ចូលមកទស្សនា និងមានភ្ញៀវទេសចរក្នុងស្រុកចេញទៅលេងក្រៅប្រទេសប្រកបដយសន្ដិភាព និងនិរន្តរភាពយ៉ាងខ្លាំង៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

2024/03/12 12:52:27 pm        115
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាចលករដ៏មានតម្លៃសម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ ពុំមែនតែជានិមិត្តរូបនៃភាពល្អមើលប៉ុណ្ណោះទេ ប៉ុន្តែគឺបង្ហាញពីការរីកចម្រើនរបស់កម្ពុជា និងការទាក់ទាញភ្ញៀវទេសចរ ជាពិសេស គឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជន។សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ព្រលានយន្តហោះនេះក៏នឹងចូលរួមទាក់ទាញ និងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិផងដែរ។ សម្តេចធិបតីសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ បាននិងកំពុងចូលរួមចំណែកយ៉ាងធំធេងសម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ប៉ុន្តែទន្ទឹមនោះ កម្ពុជាត្រូវពង្រឹង និងពង្រីកសេវាកម្មទេសចរណ៍​ឱ្យកាន់​តែច្រើនថែមទៀត ជាពិសេសវិស័យទេសចរណ៍របស់កម្ពុជា ​ដែលមានគុណភាព ដើម្បីឱ្យ​ទេសចរបរទេសស្នាក់នៅយូរអង្វែងនៅក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

នាយករដ្ឋមន្ត្រីហៃទី បានលាលែងពីតំណែង ខណៈវិបត្តិកាន់តែធ្ងន់ធ្ងរបង្កឡើងដោយក្រុមជនអន្ធពាល

2024/03/12 12:26:26 pm        106
យោងតាមក្រុមមេដឹកនាំក្នុងតំបន់ នាយករដ្ឋមន្ត្រីដែលកំពុងរងសម្ពាធយ៉ាងខ្លាំង លោក អារៀល ហេនរី (Ariel Henry) បានលាលែងពីតំណែង ប៉ុន្មានសប្ដាហ៍ក្រោយភាពចលាចលកាន់តែខ្លាំង នៅក្នុងប្រទេសស្ថិតក្នុងតំបន់ការ៉ាអ៊ីប មួយនេះ ជាទីដែលក្រុមជនអន្ធពាលកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ហើយសណ្ដាប់ធ្នាប់សង្គមស្ទើរតែដួលរលំ។ ក្រុមមន្ត្រីរបស់ប្លុក CARICOM ក្នុងតំបន់ បានប្រកាសកាលពីយប់ថ្ងៃចន្ទថា លោកហេនរី បានដាក់លិខិតលាលែងពីតំណែងរបស់លោករួចរាល់ហើយ។ លោក អ៊ីហ្វានអាលី (Irfaan Ali )ប្រធានប្លុក CARICOM និងជាមេដឹកនាំប្រទេសកោះ ហ្គីយ៉ាណាបាននិយាយថា យើងទទួលស្គាល់ការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី អារៀល ហេនរី លើការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល និងការតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ នៅពេលអំពើហិង្សាដ៏ធ្ងន់ធ្ងរបានផ្ទុះឡើងកាលពីសប្ដាហ៍មុន លោក ហេនរី ស្ថិតក្នុងប្រទេសកេនយ៉ាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងការបញ្ជូនមន្ត្រីនគរបាលកេនយ៉ាទៅកាន់ប្រទេសហៃទីដើម្បីស្ដារស្ថានភាពសន្តិសុខឡើងវិញ ដែលរដ្ឋាភិបាលរបស់លោកបានបាត់បង់ការគ្រប់គ្រង។ លោក ហេនរី ដែលបានឡើងកាន់អំណាចដោយពុំបានបោះឆ្នោតកាលពីឆ្នាំ ២០២១ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី នៅពេលនោះរបស់ប្រទេសហៃទី បានពន្យារពេលការបោះឆ្នោតដែលបានគ្រោងធ្វើឡើងកាលពីខែមុន ដោយនិយាយថា មិនអាចមានការបោះឆ្នោតកើតឡើងទេ រហូតដល់ប្រទេសនេះមានសុវត្ថិភាព។ ប៉ុន្តែការសម្រេចចិត្តរបស់លោកបានធ្វើឱ្យក្រុមបាតុករខឹងសម្បារកាន់តែខ្លាំង ដែលទាមទារឱ្យលាលែងពីតំណែងជាច្រើនខែមកហើយ ខណៈប្រទេសហៃទីបានធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ថែមទៀត និងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាលកាន់តែធ្ងន់ធ្ងរ ៕

ប្រធាន IAEA នឹងពិនិត្យមើលប្រតិបត្តិការបង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi

2024/03/12 12:15:09 pm        110
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នឹងទៅពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមិនដំណើរការ នៅថ្ងៃពុធ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន។ អគ្គនាយក លោក Rafael Mariano Grossi នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសនេះ តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន។ លោក ត្រូវបានគេរំពឹងថានឹង ជួបជាមួយប្រធានគណៈរដ្ឋមន្ត្រីលោក Hayashi Yoshimasa នៅថ្ងៃអង្គារនេះ ជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ច។ នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីប្រតិបត្តិកររោងចក្រ Fukushima Daiichi បានចាប់ផ្តើមបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្ម និងពង្រាវរួចចូលទៅក្នុងមហាសមុទ្រ កាលពីខែសីហា ឆ្នាំមុន។ លោក Grossi នឹងពិនិត្យមើលពីរបៀបប្រតិបត្តិការបង្ហូរទឹកចេញ ដែលកំពុងត្រូវបានអនុវត្ត នៅពេលលោកទៅកាន់រោងចក្រនៅថ្ងៃពុធស្អែកនេះ។ មុននឹងបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងមហាសមុទ្រ ប្រតិបត្តិកររបស់រោងចក្របានពង្រាវទឹកដើម្បីកាត់បន្ថយកម្រិតសារធាតុទ្រីទីចូម(tritium) ដល់ប្រហែលមួយភាគប្រាំពីរនៃកម្រិតណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់ទឹកទទួលទាន។ ទីភ្នាក់ងារ IAEA បានបញ្ជាក់ជាថ្មីនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែមករា ថា ប្រតិបត្តិការនេះ គឺស្របទៅនឹងស្តង់ដារសុវត្ថិភាពអន្តរជាតិ។ ប៉ុន្តែប្រទេសចិន បានផ្អាកការនាំចូលផលិតផលសមុទ្ររបស់ប្រទេសជប៉ុន បន្ទាប់ពីប្រតិបត្តិករ បានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មនិងពង្រាវរួច។ កាលពីថ្ងៃច័ន្ទ ប្រទេសជប៉ុន បានប្រារព្ធខួប១៣ឆ្នាំ នៃឧបទ្ទវហេតុនៅរោងចក្រ Fukushima Daiichi ។ នៅថ្ងៃនោះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បាននិយាយថា ការរឹតត្បិត ដែលពុំមានមូលដ្ឋាននៅក្នុងវិទ្យាសាស្ត្រ មិនត្រូវបណ្តែតបណ្តោយឱ្យបាននោះទេ។ លោក បានប្ដេជ្ញាបន្តទាមទារឱ្យប្រទេសចិន ដកចេញវិធានការនេះជាបន្ទាន់។ រដ្ឋាភិបាលជប៉ុន សង្ឃឹមថានឹងបំបាត់ការព្រួយបារម្ភពីសុវត្ថិភាពទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមានការចូលរួមពីទីភ្នាក់ងារថាមពលអតាមិកអន្តរជាតិ(IAEA)។

លោក Biden ជួបការលំបាកក្នុងការទាញយកប្រជាប្រិយភាពពីអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅនៅរដ្ឋ Georgia

2024/03/12 12:02:31 pm        134
មានការផ្លាស់ប្តូរជាច្រើនចាប់តាំងពីក្រុមសង្គមស៊ីវិលសម្រាប់ជនជាតិស្បែកខ្មៅ វ័នដា ម៉ូស៍លី (Wanda Mosley) បានជំរុញអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅរាប់ពាន់នាក់នៅទូទាំងរដ្ឋ ចចា (Georgia) ដើម្បីជួយយកជ័យជម្នះការបោះឆ្នោតសកលកាលពីឆ្នាំ២០២០ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)។បច្ចុប្បន្ន អ្នកបោះឆ្នោតស្បែកខ្មៅមួយចំនួន មានអារម្មណ៍មិនសប្បាយចិត្តដោយសារកំណើននៃការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ និងអាទិភាពនៃយុត្តិធម៍ពូជសាសន៍ដែលពួកគេមានអារម្មណ៍ថាគណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន មិនទាន់បានបំពេញតាមការសន្យា នេះបើយោងតាមការស្ទង់មតិ និងការសម្ភាសន៍បានបង្ហាញ។ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ ភូ (Pew) នៅក្នុងខែមករា បានរកឃើញថាជនជាតិអាមេរិកស្បែកខ្មៅមានការខ្វែងគំនិតគ្នាលើការបំពេញមុខងាររបស់លោក បៃដិន ដែលប្រហែល ៤៩ ភាគរយនៃមនុស្សពេញវ័យស្បែកខ្មៅមិនយល់ស្រប ហើយមានមនុស្ស ៤៨ ភាគរយប៉ុណ្ណោះបានយល់ស្រប ខណៈធ្លាប់មានអ្នកបោះឆ្នោតស្បែកខ្មៅ ៩២ ភាគរយបានគាំទ្រលោក បៃដិន កាលពីឆ្នាំ២០២០។ទាំងលោក បៃដិន និងគូប្រជែងរបស់ខ្លួន គឺបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានទៅបំពេញទស្សនកិច្ចនៅរដ្ឋ Georgia កាលពីថ្ងៃសៅរ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអ្នកបោះឆ្នោតមុនការបោះឆ្នោតបឋមនៅថ្ងៃអង្គារ។ លទ្ធផលនៅទីនោះអាចដើរតួនាទីជាផ្លូវដ៏លំបាកមួយនៅខាងមុខសម្រាប់លោក បៃដិន មុនពេលការបោះឆ្នោតសកលនៅខែវិច្ឆិកា ក្នុងការទាញការគាំទ្រពីអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ ដែលតាមប្រវត្តិសាស្ត្រគឺជាប្លុកបោះឆ្នោតដ៏ស្មោះត្រង់បំផុតរបស់គណបក្សប្រជាធិបតេយ្យ៕

ប្រមុខ NATO៖ ស៊ុយអែត ចូលជាសមាជិកអង្គការណាតូ បង្ហាញថាលោក ពូទីន បានបរាជ័យហើយ

2024/03/12 11:59:36 am        99
ប្រធានអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាការចូលជាសមាជិករបស់ប្រទេសស៊ុយអែត ទៅក្នុងសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះ បានបង្ហាញថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន «បរាជ័យ» នៅក្នុងយុទ្ធសាស្ត្រសង្គ្រាមអ៊ុយក្រែន ក្នុងការព្យាយាមធ្វើឱ្យប្រទេសនេះចុះខ្សោយ។លោក ស្តុលថិនប៊ឺក បាននិយាយថា ការឈ្លានពានរបស់វិមានក្រឹមឡាំង មិនត្រឹមតែបានជំរុញឱ្យបណ្ដាប្រទេសដែលពីមុនមិនចូលបក្សសម្ព័ន្ធ ដូចជាស៊ុយអែត និងហ្វាំងឡង់ ឱ្យស្ថិតនៅក្រោមឆ័ត្រការពារជាតិរបស់ណាតូប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ «អ៊ុយក្រែនផ្ទាល់ក៏កាន់តែខិតជិតសមាជិកភាពណាតូជាងពេលមុនៗដែរ»។ការអត្ថាធិប្បាយរបស់ប្រមុខណាតូ ដែលធ្វើឡើងនៅក្បែរនាយករដ្ឋមន្ត្រីស៊ុយអែត លោក អឺហ្វ គ្រីស្ទើសសុន (Ulf Kristersson) នេះ បានកើតឡើងមុនពេលទង់ជាតិរបស់ប្រទេសស៊ុយអែតត្រូវបានបង្ហូតឡើងលើបង្គោលទង់ជាតិនៅឯទីស្នាក់ការកណ្តាលទីក្រុងប្រ៊ុចសែល របស់អង្គការណាតូ ក្នុងពិធីមួយដែលប្រទេសស៊ុយអែតក្លាយជាប្រទេសសមាជិកទី៣២ របស់សម្ព័ន្ធយោធា។សម្រាប់រុស្សី លោក ពូទីន បានចាត់ទុកការលុកលុយទាំងអស់របស់ខ្លួននៅឆ្នាំ ២០២២ លើអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ការពារប្រឆាំងនឹងអង្គការណាតូ ដែលកំពុងពង្រីកខ្លួន ខណៈបណ្ដាប្រទេសសមាជិកនៃសម្ព័ន្ធយោធានេះបានផ្ដល់ប្រាក់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ពួកគេដល់ទីក្រុងគីវ ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងតបតនឹងរុស្ស៊ី៕

ឥណ្ឌា មានចំណាត់ការមុនការបោះឆ្នោតដើម្បីអនុវត្តច្បាប់ចូលសញ្ជាតិ ដែលប្រឆាំងដោយពលរដ្ឋមូស្លីម

2024/03/12 11:55:55 am        118
ប្រទេសឥណ្ឌា បានប្រកាសវិធានការកាលពីថ្ងៃចន្ទ ទី១១ ខែមីនា ដើម្បីអនុវត្តច្បាប់ចូលសញ្ជាតិឆ្នាំ ២០១៩ ដែលក្រុមអ្នករិះគន់ ចាត់ទុកថាប្រឆាំងពលរដ្ឋមូស្លីម ប៉ុន្មានសប្តាហ៍មុនពេលនាយករដ្ឋមន្ត្រី លោក Narendra Modi ស្វែងរកអាណត្តិទីបី សម្រាប់រដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់លោក។ ច្បាប់វិសោធនកម្មចូលសញ្ជាតិ ផ្តល់សញ្ជាតិឥណ្ឌាដល់សាសនាហិណ្ឌូ ប៉ារស៊ីស ស៊ីក ពុទ្ធសាសនិក ជេន និងគ្រិស្តសាសនិក ដែលបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ មកពីប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន នៅមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤។ ក្រុមអ្នកកាន់សាសនាឥស្លាមនិយាយថា ច្បាប់នេះ រួមជាមួយនឹងការចុះបញ្ជីជាតិដែលបានស្នើឡើងរបស់ពលរដ្ឋ អាចរើសអើងប្រឆាំងពលរដ្ឋមូស្លីម ២០០លាននាក់នៅប្រទេសឥណ្ឌា ជាចំនួនប្រជាជនមូស្លីមច្រើនបំផុតទីបីរបស់ពិភពលោក។ ពួកគេបារម្ភថា រដ្ឋាភិបាលអាចនឹងដកសញ្ជាតិពលរដ្ឋមូស្លីម ចេញដោយគ្មានឯកសារក្នុងរដ្ឋព្រំដែនមួយចំនួន។ រដ្ឋាភិបាលបដិសេធថា ខ្លួនមិនប្រឆាំងពលរដ្ឋមូស្លីមនោះទេ ហើយនិយាយថា ច្បាប់នេះចាំបាច់ត្រូវជួយជនជាតិភាគតិច ដែលប្រឈមមុខការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសដែលមានពលរដ្ឋមូស្លីមភាគច្រើន។ គណបក្សប្រឆាំង បាននិយាយថាការប្រកាសកាលពីថ្ងៃចន្ទ ត្រូវបានជំរុញដោយការបោះឆ្នោតខិតចូលជិតមកដល់។ លោក D. Raja អគ្គលេខាធិការបក្សកុម្មុយនិស្តប្រចាំតំបន់របស់ប្រទេសឥណ្ឌា បាននិយាយថា គ្មានអ្វីក្រៅពីការបែងចែកប្រជាជន បង្កើតភាពតានតឹងក្នុងចំណោមប្រជាជននៅពេលបោះឆ្នោតនោះទេ។

សម្តេចធិបតី៖ គម្រោងសាងសង់អាកាសយានអន្តរជាតិតេជោ មិនមែនសង់ឡើងឲ្យល្អតែមើលទេ គឺធ្វើឡើងដើម្បីប្រយោជន៍កម្ពុជា

2024/03/12 11:38:50 am        223
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គម្រោងសាងសង់អាកាសយាន ដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះ មិនមែនសាងសង់ឡើងឲ្យគ្រាន់តែល្អមើលនោះទេ គឺគ្រប់យ៉ាងធ្វើឡើង ដើម្បីផលប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ខណៈសមិទ្ធផលនេះ មានឡើងក៏កើតចេញពីផលលាភនៃសន្តិភាពផងដែរ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4Fដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយផលប្រយោជន៍ជាច្រើនដែលកើតចេញ ពីអាកាសយានដ្ឋាននេះនឹងដល់ដៃបងប្អូនប្រជាពលរដ្ឋ និងដល់ប្រទេសជាតិទាំងមូល។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការសម្រេចកសាងអាកាស​យានដ្ឋានអន្តរជាតិថ្មីនេះឡើងគឺជាចក្ខុវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជា ខណៈព្រលាន​យន្តហោះនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ក៏បាននិងកំពុងកែលម្អ និងពង្រីកបន្ថែមដូចគ្នាផងដែរនោះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអះអាងផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ជាកន្លែងមួយ ដែលមានសក្ដានុពលសម្រាប់ទិសនិរតីផងដែរ ដូច្នេះហើយរាជរដ្ឋាភិបាលជ្រើស​យកកន្លែងនេះ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវគោក និងផ្លូវវអាកាសសម្រាប់​ប្រជាជន​រាប់លាននាក់ នៅខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងខេត្តផ្សេងៗទៀតផងដែរ។សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) បានចាប់ផ្តើមដំណើរ​ការ​សាងសង់នៅឆ្នាំ ២០២០ ដែលនៅលើផ្ទៃដីចំនួន ២.៦០០ ហិកតា ស្ថិតនៅភូមិសាស្ត្រស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សម្រេចបានការសាងសង់ចំនួន ជាង៦៦ភាគរយហើយក្នុងដំណាក់កាលទី១ នឹងដាក់ឲ្យប្រើប្រាស់នាឆមាសទី១ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕អត្ថបទបាន ចក់

បណ្ដាប្រទេសមូស្លីម ប្រកាសចាប់ផ្ដើមពិធីបុណ្យរ៉ាម៉ាដាន ក្រោមស្រមោលសង្រ្គាមនៅហ្កាហ្សា

2024/03/12 10:26:04 am        189
ដោយពិធីបុណ្យរ៉ាម៉ាដាន(Ramadan) បានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា អារ៉ាប់រួម អេហ្ស៊ីប និងប្រទេសជាច្រើនទៀត បានប្រកាសជាខែតមអាហារដ៏វិសុទ្ធរបស់មូស្លីម ដែលនឹងប្រព្រឹត្តទៅក្រោមស្រមោលសង្រ្គាមបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា។អារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែងគោរពបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាម បាននិយាយតាមរយៈទីភ្នាក់ងារសារព័ត៌មាន SPA ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា តុលាការកំពូលបានប្រកាសថា ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ ២០២៤ ជាការចាប់ផ្តើមនៃខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដានសម្រាប់ឆ្នាំនេះ។ប្រទេសអារ៉ាប់រួម និងកាតា ក៏បានប្រកាសកាលបរិច្ឆេទចាប់ផ្តើមសម្រាប់បុណ្យរ៉ាម៉ាដាន តាមរយៈសារព័ត៌មានផ្លូវការរបស់ខ្លួនផងដែរ បន្ទាប់ពីការគយគន់ឃើញព្រះចន្ទមួយចំហៀង។មុននេះ ប្រទេសអ៊ីរ៉ង់ សម្រេចជ្រើសរើសយកថ្ងៃអង្គារទី១២មីនាសប្ដាហ៍នេះ ជាការចាប់ផ្តើមនៃបុណ្យ រ៉ាម៉ាដាន បន្ទាប់ពីការិយាល័យ អ៊ីស្តេឡាល "Estehlal" ឬការិយាល័យសង្កេតព្រះចន្ទបាននិយាយថា ខ្លួនមិនទាន់អាចសង្កេតឃើញព្រះចន្ទនៃរ៉ាម៉ាដាន បាននៅឡើយទេ៕

ឥណ្ឌាទទួលបានជោគជ័យក្នុងការបាញ់តេស្តមីស៊ីល ផលិតក្នុងស្រុកជាលើកដំបូង ដែលអាចផ្ទុកក្បាលគ្រាប់បានច្រើន

2024/03/12 10:20:37 am        187
លោកនាយករដ្ឋមន្ត្រី ណារិនដ្រូ ម៉ូឌី (Narendra Modi) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសឥណ្ឌា បានទទួលជោគជ័យក្នុងការបាញ់តេស្តលើកដំបូងនូវមីស៊ីលផលិតក្នុងស្រុក ដែលអាចបំពាក់ក្បាលគ្រាប់បានច្រើនគ្រាប់។លោកម៉ូឌី បានបញ្ជាក់នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitterថា មីស៊ីលនេះ ត្រូវបានបំពាក់ដោយឧបករណ៍ដែលអាចកំណត់គោលដៅបានច្រើនដោយឯករាជ្យ។ ប្រទេសឥណ្ឌា បាននិងកំពុងអភិវឌ្ឍប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម និងរយៈចម្ងាយឆ្ងាយរបស់ខ្លួន ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០ ខណៈដែលការប្រកួតប្រជែងជាយុទ្ធសាស្ត្ររបស់ខ្លួនជាមួយប្រទេសចិនកាន់តែរីកចម្រើន។នៅឆ្នាំ ២០២១ ឥណ្ឌា បានសាកល្បងដោយជោគជ័យនូវ Agni-5 ដែលជាមីស៊ីលបាលិស្ទិកអន្តរទ្វីប ដែលអាចបំពាក់ដោយនុយក្លេអ៊ែរដែលមានរយៈចម្ងាយ ៥.000គីឡូម៉ែត្រ (៣.១២៥ ម៉ាយ) ដែលត្រូវបានគេជឿថា មានសមត្ថភាពវាយប្រហារទៅលើប្រទេសចិនស្ទើរតែទាំងមូល។ មីស៊ីល Agni-5 គឺជាមីស៊ីលបាលិស្ទិករយៈចម្ងាយដែលបាញ់ពីដីទៅកាន់គោលដៅលើដី ឬក្នុងសមុទ្រ។ប្រទេសឥណ្ឌា ក៏អាចវាយលុកបានគ្រប់ទីកន្លែងក្នុងប្រទេសប៉ាគីស្ថានដែលនៅជិតខាង ជាសត្រូវដែលខ្លួនបានធ្វើសង្គ្រាមជាមួយចំនួនបីលើក ចាប់តាំងពីពួកគេទទួលបានឯករាជ្យពីអាណានិគមនិយមអង់គ្លេស ក្នុងឆ្នាំ ១៩៤៧។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM