សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិកកំពុងពិចារណាអំពីការទម្លាក់ជំនួយតាមអាកាសចូលក្នុងតំបន់ហ្កាហ្សា ខណៈការដឹកជញ្ជូនតាមផ្លូវដីយឺត

2024/02/29 11:39:39 am        297
មន្ត្រីអាមេរិកមួយរូប បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ( Joe Biden) កំពុងពិចារណាអំពីការទម្លាក់ជំនួយពីយន្តហោះយោធារបស់សហរដ្ឋអាមេរិក ទៅកាន់តំបន់ហ្កា ហ្សា ខណៈដែលការដឹកជញ្ជូនតាមផ្លូវដី កាន់តែលំបាកឡើង។ការវាយលុករបស់យោធារបស់អ៊ីស្រាអែលនៅហ្កាហ្សា បានធ្វើឲ្យដែនដីដែលមានប្រជាជនរស់នៅច្រើនសន្ធឹកសន្ធាប់ ដោយបានសម្លាប់មនុស្សរាប់ម៉ឺននាក់ ហើយបានជម្លៀសប្រជាជនស្ទើរតែទាំងអស់ និងបានធ្វើឲ្យប្រជាជនហ្កាហ្សានស្ថិតក្នុងស្ថានភាពស្រេកឃ្លានយ៉ាងខ្លាំង។ទិន្នន័យរបស់អង្គការសហប្រជាជាតិ បង្ហាញថា បរិមាណជំនួយមនុស្សធម៌សរុបដែលចូលទៅដល់តំបន់ហ្កាហ្សា បានធ្លាក់ចុះពាក់កណ្តាល នៅក្នុងខែកុម្ភៈ ធៀបនឹងខែមករា។យ៉ាងហោចណាស់មនុស្ស ៥៧៦.000នាក់ នៅតំបន់ហ្កាហ្សាស្ទ្រីប មួយភាគបួននៃចំនួនប្រជាជននៅ ទីនោះ កំពុងប្រឈមនឹងភាពស្រេកឃ្លានខ្លាំង នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌។ ការិយាល័យនេះ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមផ្តល់ជំនួយ បានកំពុងជួប«ឧបសគ្គដ៏លើសលប់ ដើម្បីទទួលបានការផ្គត់ផ្គង់អប្បបរមា ចូលទៅក្នុងតំបន់ហ្កាហ្សា។កុមារម្នាក់ក្នុងចំណោម៦នាក់ ដែលមានអាយុក្រោម ២ឆ្នាំនៅតំបន់ហ្កាហ្សាភាគខាងជើង ទទួលរងនូវ កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ហើយជាក់ស្តែងប្រជាជន២,៣ លាននាក់នៅក្នុងដែនដីប៉ាឡេស្ទីនពឹងផ្អែកលើជំនួយអាហារ«មិនគ្រប់គ្រាន់» ដើម្បីរស់។ក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ នេះបើតាមចំនួនសរុបរបស់អ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែលបានវាយលុកផ្នែកយោធានៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៣០.000នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សា។

បណ្តាប្រទេសនៅអឺរ៉ុប មានបំណងបើកស្ថានទូតឡើងវិញនៅកូរ៉េខាងជើង បន្ទាប់ពីបិទដោយសារជំងឺកូវីដ

2024/02/29 10:59:23 am        232
គណៈប្រតិភូអាល្លឺម៉ង់ បានទៅទស្សនកិច្ចរដ្ឋធានីព្យុងយ៉ាង របស់កូរ៉េខាងជើង ជាលើកដំបូង ចាប់តាំងពីស្ថានទូតរបស់ខ្លួនត្រូវបានបិទក្នុងអំឡុងពេលជំងឺរាតត្បាត ខណៈបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀតត្រៀមរៀបចំសម្រាប់ការបើកស្ថានទូតឡើងវិញដែលបានរំពឹងទុក។អ្នកនាំពាក្យការិយាល័យការបរទេសបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមមួយមកពីការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង ក្នុងដំណើរត្រួតពិនិត្យបច្ចេកទេស។ ស្ថានទូតជាច្រើនបានបិទនៅទីក្រុងព្យុងយ៉ាង ដោយសារតែពួកគេមិនអាចរកបុគ្គលិកបាន ឬមិនមានការផ្គត់ផ្គង់ក្នុងអំឡុងពេលវិបត្តិកូវីដ១៩។ដោយស្ថិតក្រោមការគ្រប់គ្រងបែបផ្តាច់ការរួចទៅហើយ ប្រទេសកូរ៉េខាងជើង បានដាក់ចេញនូវវិធានការណ៍រាតត្បាតដ៏តឹងរ៉ឹងបំផុតមួយចំនួនរបស់ពិភពលោក រួមទាំងការហាមឃាត់ការធ្វើដំណើរស្ទើតែទាំងស្រុង និងបិទជញ្ជាំងព្រំដែនទ្រង់ទ្រាយធំ ហើយទើបតែថ្មីៗនេះបានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងអន្តរជាតិ។អង់គ្លេស និងប្រទេសមួយចំនួនទៀត ដែលបានបិទស្ថានទូតរបស់ខ្លួន និងដកបុគ្គលិកការទូតទាំងអស់ពីប្រទេសកូរ៉េខាងជើង កាលពីខែឧសភា ឆ្នាំ២០២០ ក៏កំពុងបញ្ជូនក្រុមការងារទៅត្រួតពិនិត្យនៅទីនោះផងដែរ៕

អនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយសាកលវិទ្យាល័យ ស៊ូគូបារ ជប៉ុន

2024/02/29 08:21:17 am        477
អនុស្សរណៈយោគយល់គ្នារវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយសាកលវិទ្យាល័យ ស៊ូគូបារ ប្រទេស ជប៉ុន កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីសី្តការក្រសួង។អនុស្សារៈយោគយល់គ្នានេះ តំណាងដោយលោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា និងលោកសាស្រា្តចារ្យ ichita SHIMODA ប្រធានមន្ទីរពិសោធន៍បេតិកភណ្ឌ ស្ថាបត្យកម្ម នៃសាកលវិទ្យាលយ័ Tsukuba (ស៊ូគូបារ) ប្រទេសជប៉ុន។អនុស្សរណៈនេះផ្តោតទៅលើការអនុវត្ត ការសិក្សាស្រាវជ្រាវលើវិស័យបុរាណវិទ្យា ភូមិសាស្ត្រ ស្ថាបត្យកម្ម ការអភិវឌ្ឍបច្ចេកទេសត្រួតពិនិត្យ និងកម្មវិធីកសាងសមត្ថភាពដើម្បីការការពារ ថែរក្សា ជួសជុលថែទាំ និងការគ្រប់គ្រងរមណីយដ្ឋានបុរាណនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។អនុស្សរណៈធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមសាធារណជន ក្នុងតំបន់​ទាក់ទងនឹងគម្រោង ទាំងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាកលវិទ្យាល័យ Tsukuba ត្រូវចាត់វិធានការសមស្រប ដើម្បីផ្សព្វផ្សាយគម្រោង និងលទ្ធផលស្រាវជ្រាវរបស់ខ្លួន​ដល់ប្រជាជនកម្ពុជា និងជប៉ុនផងដែរ៕ អត្ថបទ រដ្ឋា

បុគ្គលិកបោះឆ្នោតឥណ្ឌូនេស៊ីជាង ១០០ នាក់ស្លាប់ ខណៈអ្នកសង្កេតការណ៍អំពាវនាវឱ្យមានការផ្លាស់ប្តូរ

2024/02/28 02:18:31 pm        82
បុគ្គលិកបោះឆ្នោតឥណ្ឌូនេស៊ី សរុបចំនួន ១១៤ នាក់បានស្លាប់ និងមនុស្សជាង ១៥.០០០ នាក់បានធ្លាក់ខ្លួនឈឺចាប់តាំងពីថ្ងៃទី១៤ ខែកុម្ភៈ មក នៅពេលដែលប្រទេសឥណ្ឌូនេស៊ី បានរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងនីតិបញ្ញត្តិរបស់ខ្លួន ដែលត្រូវបានគេឱ្យឈ្មោះថាជាការបោះឆ្នោតធំបំផុតរបស់ពិភពលោកក្នុងរយៈពេលតែមួយថ្ងៃ។ខណៈពេលដែលចំនួនអ្នកស្លាប់នៅឆ្នាំនេះ គឺជាការធ្លាក់ចុះយ៉ាងខ្លាំងពីចំនួនជិត ៩០០ នាក់ក្នុងឆ្នាំ២០១៩ ដោយពេលនោះជាលើកទីមួយដែលឥណ្ឌូនេស៊ីរៀបចំការបោះឆ្នោតប្រធានាធិបតី និងនីតិបញ្ញត្តិតែមួយថ្ងៃ ក្រុមអ្នកសង្កេតការណ៍ក្នុងការបោះឆ្នោត និងអ្នកឃ្លាំមើលលទ្ធិប្រជាធិបតេយ្យបានអំពាវនាវឱ្យមានការផ្លាស់ប្តូរបន្ថែមទៀតក្នុងទម្រង់បោះឆ្នោតតែមួយថ្ងៃនេះ ដើម្បីកាត់បន្ថយចំនួនការស្លាប់របស់បុគ្គលិក។នៅឆ្នាំនេះ បុគ្គលិកបោះឆ្នោតជាង ៥,៧ លាននាក់បានបម្រើការនៅការិយាល័យបោះឆ្នោតជាង ៨២០.០០០ ទីតាំងនៅទូទាំងប្រទេសប្រជុំកោះ ដែលមានអ្នកបោះឆ្នោតចំនួន ២០៤,៨ លាននាក់នេះ។បន្ថែមពីលើការដឹកជញ្ជូនដ៏ស្មុគស្មាញ ផ្នែកខ្លះនៃប្រទេសបានឃើញអាកាសធាតុអាក្រក់នៅថ្ងៃបោះឆ្នោត។ ជាឧទាហរណ៍ ទឹកជំនន់បានវាយប្រហារផ្នែកខ្លះនៃកោះជ្វា ដែលបណ្តាលឱ្យការបោះឆ្នោតត្រូវបានផ្អាក ឬពន្យារពេល ខណៈក្រុមមន្ត្រីបោះឆ្នោតតស៊ូធ្វើការនៅក្នុងទឹក៕

ប្រទេសឥណ្ឌា និងជប៉ុន ធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំលើកទី៥ នៅទីក្រុងវាលខ្សាច់ភាគពាយព្យ

2024/02/28 02:08:41 pm        121
កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសឥណ្ឌា និងជប៉ុន កាលពីថ្ងៃអង្គារ បានធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំលើកទី៥ មានឈ្មោះថា ដាម៉ា ហ្គាឌៀន «Dharma Guardian» រវាងប្រទេសទាំងពីរ នៅរដ្ឋ រ៉ាចាឋាន(Rajasthan) ភាគខាងលិច។ សមយុទ្ធនេះ ត្រូវបានធ្វើឡើងប្រចាំឆ្នាំ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការយោធា និងធ្វើឲ្យប្រសើរឡើងសមត្ថភាពនៃការអនុវត្តន៍ប្រតិបត្តិការរួមគ្នា។កងទ័ពប្រទេសឥណ្ឌា និងជប៉ុន បានអនុវត្តការធ្វើសមយុទ្ធប្រយុទ្ធ និងសកម្មភាពផ្សេងៗ នៅក្នុងទីក្រុង ប៊ីកាន័រ (Bikaner) ប្រទេសឥណ្ឌា។ សមយុទ្ធយោធារយៈពេលពីរសប្តាហ៍នេះ ត្រូវបានកំណត់កាលបរិច្ឆេទបញ្ចប់នៅថ្ងៃសៅរ៍ ទី៩ ខែមីនា។ប្រភពព័ត៌មានពីក្រសួងការពារជាតិឥណ្ឌា បាននិយាយថា កងទ័ពប្រទេសឥណ្ឌា និងកងទ័ពស្វ័យការពារជប៉ុន បានចាប់ផ្តើមសមយុទ្ធយោធារួមលើកទី ៥ ដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី ៩ ខែមីនា។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា និយាយថា លំហាត់សមយុទ្ធ «Dharma Guardian» បានចាប់ផ្តើមនៅទីលានបាញ់ Mahajan ក្នុងរដ្ឋវាលខ្សាច់ Rajasthan ប្រទេសឥណ្ឌា។ ការធ្វើផែនការរួមគ្នា សមយុទ្ធតាកទិករួម និងមូលដ្ឋានគ្រឹះនៃជំនាញអាវុធពិសេស គឺជាចំណុចសំខាន់នៃសមយុទ្ធនេះ ហើយសមយុទ្ធតាកទិកនេះ ត្រូវបានអនុវត្តអំឡុងពេលធ្វើធ្វើសមយុទ្ធដែលនឹងរួមមានការបង្កើតទីតាំងប្រតិបត្តិការណ្ដោះអាសន្ន បង្កើតការស៊ើបអង្កេត ស៊ើបការសម្ងាត់ និងបណ្តាញឈ្លបយកការណ៍ ការបង្កើតប៉ុស្តិ៍ត្រួតពិនិត្យយានយន្តចល័ត ការរុករកនៅក្នុងភូមិអរិភាព ប្រតិបត្តិការតាមឧទ្ធម្ភាគចក្រ និងសមយុទ្ធអន្តរាគមន៍នៅតាមលំនៅឋាន។

នាយករដ្ឋមន្ត្រីអេស្តូនី៖ យើងមិនអាចខ្ជះខ្ជាយពេលវេលាទេ ដោយសារអ៊ុយក្រែន ត្រូវការជំនួយជាបន្ទាន់

2024/02/28 02:04:36 pm        231
នាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas ដែលបានចូលរួមកិច្ចប្រជុំក្រៅផ្លូវការនៃសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន នៅទីក្រុងប៉ារីស បានអំពាវនាវឲ្យមានការពន្លឿន ជាបន្ទាន់នូវការផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវ។លោកស្រី Kallas បានថ្លែងថា៖«យើងមិនអាចខ្ជះខ្ជាយពេលវេលាបានទេ ពីព្រោះអ៊ុយក្រែនជាដំបូង ត្រូវការជំនួយជាបន្ទាន់ជាមួយនឹងអាវុធ»។លោកស្រី បានសម្តែងក្តីសង្ឃឹមថា ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ប្រទេសដាណឺម៉ាក ក្នុងការបញ្ជូនគ្រាប់រំសេវទាំងអស់របស់ខ្លួនទៅកាន់អ៊ុយក្រែន នឹងជំរុញឲ្យប្រទេសផ្សេងទៀតបង្កើនល្បឿនការផ្គត់ផ្គង់យោធាដល់ទីក្រុងគីវ។លោកស្រីនាយករដ្ឋមន្ត្រី បានបន្ថែមថា៖«យើងក៏ត្រូវមើលថាតើជំនួយអ្វីខ្លះដែលអ្នកអាចទទួលបាននៅក្នុងទីផ្សារពិភពលោក ដូចដែលប្រទេសឆេក បានធ្វើរួចហើយនោះ»។លោកស្រី Kallas ក៏បាននិយាយផងដែរថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា សម្ព័ន្ធមិត្ត អាចជួយអ៊ុយក្រែន ឈ្នះសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។លោកស្រី បានបញ្ជាក់ថា៖«យើងមានធនធាន អំណាចសេដ្ឋកិច្ច និងចំណេះដឹង។ កងទ័ពរបស់យើងខ្លាំងជាងរុស្ស៊ី ហើយយើង មិនគួរព្រួយបារម្ភអំពីកម្លាំងរបស់យើងទេ»។លើសពីទៅទៀតនេះ លោកនាយករដ្ឋមន្ត្រី បានធានាថា ការគាំទ្រផ្នែកយោធារយៈពេលវែងរបស់ប្រទេសអេស្តូនី ដល់អ៊ុយក្រែន ក្នុងរយៈពេល ៤ឆ្នាំខាងមុខ នឹងមាន ០,២៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។

ដោយប្រឈមអត្រាកំណើតទាបបំផុតរបស់ពិភពលោក កូរ៉េខាងត្បូង បង្កើនកិច្ចខិតខំប្រឹងប្រែងរក្សាចំនួនមនុស្សចាស់

2024/02/28 02:01:29 pm        114
ខណៈប្រទេសកូរ៉េខាងត្បូង ប្រឈមមុខទៅនឹងវិបត្តិប្រជាសាស្រ្តជាមួយ នឹងអត្រាកំណើតទាបបំផុតរបស់ពិភពលោក ប្រទេសនេះកំពុងខិតខំប្រឹងប្រែងដើម្បីរៀបចំផែនការដ៏មានសក្តានុពលចំពោះចំនួនប្រជាជនវ័យចំណាស់របស់ខ្លួន។ ដំណោះស្រាយដោយភាពច្នៃប្រឌិតមួយចំនួន រួមមានការអនុញ្ញាតឱ្យមនុស្សចាស់មួយចំនួន ចុះឈ្មោះចូលរៀនក្នុងឆ្នាំវ័យចំណាស់របស់ពួកគេ ហើយថែមទាំងជួលពួកគេ ធ្វើជាតារាបង្ហាញម៉ូត ដើម្បីដើរលើវិថីម៉ូដ។ប្រទេសកូរ៉េខាងត្បូង ត្រូវបានកំណត់ថានឹងក្លាយជាប្រទេសមានមនុស្សវ័យចំណាស់ច្រើននៅឆ្នាំ ២០២៥ ដែលនៅពេលនោះមនុស្សមានអាយុលើសពី ៦៥ឆ្នាំ នឹងមានចំនួនដល់២០ភាគរយ នៃចំនួនប្រជាជនសរុប៥២លាននាក់។ យោងតាមស្ថិតិរបស់ប្រទេសកូរ៉េ បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០៥០ ចំនួននេះអាចកើនឡើងដល់ជិត ៤៤ ភាគរយនៃចំនួនប្រជាជន។ ទោះបីជាយ៉ាងណា ក្នុងចំណោមប្រជាជនកូរ៉េខាងត្បូង វ័យចំណាស់ ១០ នាក់ មាន ៦ នាក់ ឬច្រើនជាងនេះ នឹងប្រឈមប្រាក់ចំណូលមិនគ្រប់គ្រាន់ ហើយចំនួនមនុស្សចាស់ រស់នៅម្នាក់ឯង ក៏នឹងកើនឡើងផងដែរ។អ្នកជំនាញបាននិយាយថា វាជារឿងសំខាន់សម្រាប់រដ្ឋាភិបាលកូរ៉េខាងត្បូង ក្នុងការបង្កើតគោលនយោបាយ ដោះស្រាយការផ្លាស់ប្តូរប្រជាសាស្រ្តរបស់ប្រទេស និងបង្កើតមធ្យោបាយបន្ថែមទៀត សម្រាប់ប្រជាជនវ័យចំណាស់។ យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា សាលាបឋមសិក្សាចំនួនប្រមាណ ៣.៨០០កន្លែង នៅទូទាំងប្រទេស បានបិទក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ ដោយសារតែការធ្លាក់ចុះនៃការចុះឈ្មោះចូលរៀន ជាពិសេសនៅតាមតំបន់ជនបទ។

លោក Trump និងលោក Biden ឈ្នះការបោះឆ្នោតបឋមនៅរដ្ឋមីជីហ្គែន តែលោក Bidenជួបប្រទះការបោះឆ្នោតតវ៉ាជុំវិញសង្រ្គាមហ្កាហ្សា

2024/02/28 01:43:01 pm        188
លោកប្រធានាធិបតី Joe Biden ត្រូវបានកំណត់ថាបានឈ្នះការបោះឆ្នោតជ្រើសរើសបេក្ខភាពប្រធានាធិបតីបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋមីជីហ្គែន ទោះបីជាមនុស្សរាប់ម៉ឺននាក់តវ៉ាប្រឆាំងនឹងរូបលោកជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សាក៏ដោយ។ក្រុមសកម្មជនបានជំរុញម្ចាស់ឆ្នោតបោះឆ្នោតឲ្យតែគណបក្សប្រជាធិបតេយ្យប៉ុណ្ណោះ កុំបោះឆ្នោតសម្រាប់ប្រធានាធិបតីឲ្យសោះ ដោយសារជំហររបស់លោកចំពោះសង្រ្គាមរបស់អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា។យោងតាមសារព័ត៌មាន CBS News លោក Biden ទទួលបានសំឡេងគាំទ្រចំនួន៨០%។ ចំណែកលោក Donald Trump វិញបានយកឈ្នះអតីតអភិបាលរដ្ឋសោត ខារ៉ូឡាយណា(South Carolina) លោកស្រី នីគីហាលី (Nikki Haley)នៅក្នុងការបោះឆ្នោតបឋមមួយទៀតរបស់គណបក្សសាធារណរដ្ឋនៅក្នុងរដ្ឋ មីជីហ្គែន (Michigan) ជាជ័យជម្នះចុងក្រោយបំផុតក្នុងការបោះឆ្នោតបឋម ខណៈលោកកាន់តែខិតទៅការទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ។ សារព័ត៌មាន AP បានរាយការណ៍ពីជ័យជម្នះរបស់លោក Trump លើអតីតអភិបាលរដ្ឋសោត ខារ៉ូឡាយណា និងជាឯអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិក្រោមអាណត្តិរបស់លោក Trump នៅម៉ោង៩យប់ម៉ោងក្នុងសហរដ្ឋអាមេរិក ។ អតីតប្រធានាធិបតីវ័យ៧៧ឆ្នាំរូបនេះ បានទម្លាក់លោកស្រី Haley ម្តងហើយម្តងទៀតនៅក្នុងការបោះឆ្នោតបឋមជាច្រើនរដ្ឋរួចមកហើយ ប៉ុន្តែលោកស្រី បានបន្តយុទ្ធនាការដោយព្យាយាមបង្ហាញពីចំណុចខ្សោយរបស់ Trump និងធ្វើឱ្យគណបក្សសាធារណរដ្ឋមិនសប្បាយចិត្តចំពោះលោក Trump។លោកស្រី Haley បានសន្យាថានឹងបន្តយុទ្ធនាការរហូតដល់ថ្ងៃអង្គារ ទី៥ ខែមិនាខាងមុខ នៅពេលដែលរដ្ឋចំនួន ១៥ នឹងបោះឆ្នោត ហើយលោក Trump អាចឈ្នះក្នុងរដ្ឋទាំងអស់នោះ និងទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតី ពីគណបក្សសាធារណរដ្ឋ៕

រដ្ឋមន្ត្រីរតនាគារ៖ រដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត វាយតម្លៃពីជម្រើសលើទ្រព្យបង្កករបស់រុស្ស៊ី ដោយថ្លឹងថ្លែងពីហានិភ័យជម្លោះនៅហ្កាហ្សា

2024/02/28 01:14:38 pm        103
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃអង្គារ បានបញ្ជាក់អំពីភាពបន្ទាន់ នៃការឈានឆ្ពោះទៅមុខរួមគ្នាជាមួយសម្ព័ន្ធមិត្តប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬ G7 ដើម្បីដោះស្រាយការវាយតម្លៃនៃទ្រព្យអធិបតេយ្យភាពរបស់រុស្ស៊ីដែលត្រូវបានបង្កក ប៉ុន្តែបាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ពុំមានយុទ្ធសាស្ត្រជាទីពេញចិត្តសម្រាប់របៀបបន្តដំណើរការនេះទេ។ លោកស្រី Yellen បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន នៅមុនកិច្ចប្រជុំជាមួយសមភាគីប្រទេស G7 និង G20 ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត កំពុងវាយតម្លៃជម្រើសផ្សេងៗគ្នា និងហានិភ័យដែលពាក់ព័ន្ធ ដោយបានបញ្ជាក់ពីសារៈសំខាន់នៃការធានាបានថា វាស្របទៅតាមច្បាប់អន្តរជាតិ។ លោកស្រី និយាយថា មានហានិភ័យពាក់ព័ន្ធ ប៉ុន្តែបាននិយាយសម្រាលពីការព្រួយបារម្ភថា ទ្រព្យរបស់រុស្ស៊ីដែលត្រូវបានរឹបអូស នឹងធ្វើឱ្យអន្តរាយដល់មុខងារប្រាក់ដុល្លារ ប្រាក់អឺរ៉ូ ឬប្រាក់យ៉េនរបស់ជប៉ុន ដែលជារូបិយប័ណ្ណសកលដ៏សំខាន់។ លោកស្រី Yellen បាននិយាយអំពីផលប៉ះពាល់អវិជ្ជមាននូវជម្លោះនៅតំបន់ហ្កាហ្សា កំពុងកើតមានសម្រាប់សេដ្ឋកិច្ចរបស់អ៊ីស្រាអែល និងតំបន់ West Bank ។ នៅក្នុងសុន្ទរកថា លោកស្រី Yellen បាននិយាយថា លោកស្រី បានជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅក្នុងលិខិតមួយកាលពីពេលថ្មីៗនេះ សុំឱ្យអនុញ្ញាតការងារឡើងវិញសម្រាប់ប្រជាជនប៉ាឡេស្ទីន និងកាត់បន្ថយរបាំងពាណិជ្ជកម្មនៅក្នុងតំបន់ West Bank ។ លោកស្រី បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ពុំបានមើលឃើញផលប៉ះពាល់ខ្លាំងនៃជម្លោះលើសេដ្ឋកិច្ចសកលនោះទេ ប៉ុន្តែនឹងបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងរដ្ឋបាលរបស់លោក បានគាំទ្រការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ថាជាការចាំបាច់ដើម្បីកម្ចាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា។ មន្ត្រីសហរដ្ឋអាមេរិក បានប្រកាន់ជំហររិះគន់ខ្លាំងបន្ថែមទៀត លើការវាយលុករបស់អ៊ីស្រាអែលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈចំនួនអ្នកស្លាប់នៅតំបន់ហ្កាហ្សាកើនឡើងជិត ៣០.០០០នាក់។

កម្ពុជា-ម៉ាឡេស៊ី មានសុទិដ្ឋិនិយមខ្លាំង​លើការពង្រីកទំនាក់ទំនងទ្វេភាគីពិសេស​លើវិស័យពាណិជ្ជកម្ម និងវិនិយោគ

2024/02/28 12:43:01 pm        247
សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍ នាវេលាយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ាឡេស៊ីប្រកបដោយជោគជ័យនាថ្ងៃកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន ស៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។ ទស្សនកិច្ចនេះបានធ្វើឱ្យប្រទេសទាំងពីរមានសុទិដ្ឋិនិយមកាន់តែខ្ពស់ចំពោះការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែឈានឡើងបន្ថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រទេស និង​ប្រជាជន​ទាំងពីរ ក៏ដូចជាផលប្រយោជន៍សម្រាប់តំបន់ និងពិភពលោកទាំងមូល។ក្នុងក្រប​ខ័ណ្ឌនយោបាយ និងការទូតសម្តេចធិបតី ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាង អធិក​អធម ដោយឥស្សរជនជាន់ខ្ពស់ម៉ាឡេស៊ី អម​ដោយ​កង​កិត្តិយស​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ប្រទេស​ម៉ាឡេស៊ី មុននឹងទទួលការស្វាគមន៍ដោយ ឯកឧត្ដម ជាតុ ស៊េរី អាន់វ៉ា ប៊ីន ស៊ីប្រាហ៊ីម នៅ​ការិយាល័យនាយករដ្ឋមន្ត្រី ដើម្បីដឹកនាំកិច្ចប្រជុំទ្វេភាគី។ ក្នុងកិច្ចប្រជុំនោះនាយករដ្ឋមន្ត្រីទាំងពីរ បានបង្ហាញការស្វាគមន៍ និង​ពេញ​ចិត្ត​ចំពោះ​ការ​ផ្លាស់ប្តូរ​ទស្សន​កិច្ច​រវាងមេដឹកនាំប្រទេសទាំងពីរជាបន្តបន្ទាប់។ ក្នុងកិច្ច​ប្រជុំទ្វេភាគី​នោះដែរ នាយករដ្ឋមន្ត្រីទាំងពីរ បានវាយតម្លៃខ្ពស់​លើ​លទ្ធផល​នៃ​កិច្ច​សហ​ប្រតិបត្តិការ ទ្វេភាគីកន្លងមក និងបានផ្លាស់ប្តូរយោបល់អំពីការពង្រឹង និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​លើវិស័យជាច្រើន រួមមាន វិស័យនយោបាយ ការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ ឧស្សាហកម្មអាហារហាឡាល់ ការងារ ទូរគមនាគមន៍ និង​បច្ចេក​វិទ្យាព័ត៌មាន បច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល។ ភាគីទាំងពីរក៏បាន ពិភាក្សា​ក្នុង​ការ​ពិនិត្យ​លទ្ធភាពពង្រីកជើ​ង​ហោះហើរ​ផ្ទាល់​ពីម៉ាឡេស៊ីទៅ​កាន់​តំបន់​ទេសចរណ៍​សំខាន់ៗ​របស់​កម្ពុជា ដូចជាខេត្តសៀមរាបជាដើម។ ជាការកត់សម្គាល់នៅក្នុងវិស័យការពារជាតិភាគីទាំងពីរបានឯកភាពបន្តជំរុញនូវ កិច្ច​សហ​ប្រតិបត្តិការរួមមាន ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការ​ផ្លាស់​ប្តូរ​ព័ត៌មាន និង​ការ​ធ្វើ​លំហាត់​រួមគ្នា​ព្រម​ទាំង​បាន​ឯកភាព​គាំទ្រ​ការ​សម្រប​សម្រួល​ សម្រាប់​គម្រោង​ខ្សែ​ប​ញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ឆ្លងកាត់​បាត​សមុទ្រ​រប​ស់​ប្រទេស​ម៉ាឡេស៊ី និងបានឯកភាព​ពិនិត្យ​លទ្ធភាព​រៀបចំ​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កិច្ច​សហប្រ​តិបត្តិការ​ទ្វេភាគី (JCBC) ដឹកនាំដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។នាឱកាស​ដ៏វិសេសវិសាលនោះដែរ សម្តេចធិបតី បានអញ្ជើញ​ដឹក​នាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល ចូលក្រាបថ្វាយបង្គំគាល់ ព្រះចៅ ព្រះមហាក្សត្រទី១៧ នៃប្រទេសម៉ាឡេស៊ី ជាទី​គោរព​សក្ការៈដ៏ខ្ពង់ខ្ពស់ នៅព្រះបរមរាជវាំង និងបានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្ដម ប្រធាន​ព្រឹទ្ធសភា និង ឯកឧត្ដម ប្រធានរដ្ឋសភាម៉ាឡេស៊ី។ក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ នាយករដ្ឋមន្ត្រីទាំងពីរ បានអញ្ជើញជា អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងធនាគារជាតិនៃកម្ពុជា និងធនាគារ​កណ្ដាល​ម៉ាឡេស៊ី។ អនុស្សរណៈ​នេះ​មានវិសាល​ភាព​គ្រប​ដណ្តប់​លើ​ទម្រង់​ជា​ច្រើន​ក្នុង​ការ​តភ្ជាប់​ប្រព័ន្ធ​ទូទាត់​នៃ​ប្រទេសទាំងពីរ រាប់បញ្ចូលទាំងការទូទាត់ក្នុងស្រុករវាងប្រទេសទាំងពីរ ដើម្បីបើក​លទ្ធភាព​ដល់​ការទូទាត់ឆ្លងដែនតាម QR Code ក្នុងនោះរួមទាំង​ការ​ផ្តល់​ភាពងាយ​ស្រួលដ​ល់​ប្រជាពលរដ្ឋ​ម៉ាឡេស៊ីអាចទូទាត់ដោយស្ទែន QR Code នៅប្រទេសកម្ពុជា ហើយប្រជាពលរដ្ឋ​កម្ពុជា​ក៏​អាចទូទាត់ដោយស្ទែន QR Code នៅប្រទេសម៉ាឡេស៊ីបានដូចគ្នា ដោយប្រើប្រាស់ រូបិយ​វត្ថុ​ក្នុង​ស្រុកសម្រាប់ការទូទាត់។ អនុស្សរណៈនេះ ក៏នឹងជួយគាំទ្រដល់យន្តការ​នៃ​កិច្ច​សហការ​ត្រួត​ពិនិត្យការ ទូទាត់ឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាពផងដែរ។ជាមួយ​វិស័យឯកជនវិញ សម្តេចធិបតី បានអញ្ជើញជាអធិបតីក្នុង វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី ដែល រៀបចំឡើងដោយ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និង​សភា​ពាណិជ្ជកម្មនិងឧស្សាហកម្ម ជាតិម៉ាឡេស៊ី។ វេទិកា​នេះ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ក្រុម​ហ៊ុន​នៃ​ប្រទេស​ទាំងពីរ និងតំណាងគឺសាប័នពាក់ព័ន្ធសរុប ជាង៤០០នាក់។ សម្តេចធិបតី ក៏បានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាង សភា ពាណិជ្ជកម្មនិងឧស្សាហកម្មជាតិម៉ាឡេស៊ី និងសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា ដើម្បី​ចូលរួម​លើកកម្ពស់ទំនាក់ ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងជំរុញកាលានុវត្ត​ភាព​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​។ ក្រៅពីនេះ សម្តេចធិបតី បាន ទទួលជួបប្រធាននិងជានាយកប្រតិបត្តិធនាគារ MAYBANK ដែលជាធនាគារបានចាប់ផ្តើមសកម្មភាពធុរកិច្ចនៅ កម្ពុជាតាំងពីឆ្នាំ១៩៩៣។សូមបញ្ជាក់ជូនថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១១ របស់ សម្តេចធិបតី ក្នុង​នាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរ​ទស្សនកិច្ច​ពេញ​មួយ​ថ្ងៃ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីនាពេលនេះ បាន​បង្ហាញ​ពី​ការងារ​ការ​ទូតដ៏សកម្មក្លៀវក្លាមិនខ្លាចនឿយហត់របស់សម្តេចធិបតី ដើម្បីស្វែង​រក​ឧត្តម​ប្រយោជន៍​ជូន​ជាតិមាតុភូមិ និងប្រជាជន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ថាមពលកកើតឡើងវិញ កំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅតំបន់ម៉ុងហ្គោលីខាងក្នុងរបស់ចិន
06/15/2026 08:06 PM
អនុប្រធានាធិបតី លោក Vance៖ អាមេរិករំពឹងថា ច្រកសមុទ្រ Hormuz នឹងបើកឲ្យចរាចរដោយមិនបង់​ថ្លៃ​
06/15/2026 08:06 PM
តម្លៃឧស្ម័នអឺរ៉ុប ធ្លាក់ចុះជាង ៦% ខណៈកិច្ចព្រមព្រៀងរវាងអាមេរិក និងអ៊ីរ៉ង់ សម្រាលកង្វល់​ពី​ការផ្គត់ផ្គង់ LNG
06/15/2026 08:06 PM
លោក Lavrov ៖ ទីក្រុងមូស្គូប្តេជ្ញាចិត្តចំពោះតែសំណើសន្តិភាពរបស់អាមេរិក និងច្រានចោលឱសានវាទរបស់អឺរ៉ុប
06/15/2026 08:06 PM
ឥណ្ឌា និងស្លូវ៉ាគី ឯកភាពបង្កើនទំនាក់ទំនងដល់កម្រិតភាពជាដៃគូយុទ្ធសាស្រ្ត
06/15/2026 08:06 PM
ចិនជំរុញឲ្យ​មានការសន្ទនា ខណៈរុស្ស៊ី និងអ៊ុយក្រែន វាយប្រហារគ្នា​​ដោយមីស៊ីល និងយាន​ដ្រូន​ទ្រង់​ទ្រាយ​ធំ
06/15/2026 08:06 PM
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP
06/15/2026 07:06 PM
រយៈពេល៣ថ្ងៃ ក.ប.ប. រាជធានីភ្នំពេញនិងសមត្ថកិច្ចចម្រុះរកឃើញទំនិញមានប្រភពដើមពីប្រទេសថៃ ចំនួន ១១២មុខ មានទម្ងន់ជាង ២៦តោន
06/15/2026 07:06 PM
ប្រធានាធិបតីកូរ៉េខាងត្បូង អំពាវនាវឲ្យ​អត់ធ្មត់ អំឡុង​ការតវ៉ា ទាក់​ទងនឹង​ការខ្វះ​ខាត​សន្លឹក​ឆ្នោត​
06/15/2026 07:06 PM
ចិនបញ្ជាក់​ថា ការពង្រីកយោធារបស់ខ្លួន ជួយដល់សន្តិភាពពិភពលោក
06/15/2026 07:06 PM