សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា និងថៃ ឯកភាពដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”

2024/02/07 09:30:52 pm        267
នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ក្នុងជំនួបនេះ ឯកឧត្តម សេដ្ឋា ថាវីស៊ីន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងព្រះរាជាណាចក្រថៃ។ ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនរឹងមាំ។ សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារទ្វេភាគីនេះ និងបានថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ដែលបានទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់ សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី នៅព្រះរាជាណាចក្រថៃ នាឱកាសនេះ។ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ដែលរួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។ ក្នុងក្របខ័ណ្ឌ នៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត សមភាគីទាំងពីរ បានឯកភាពលើការតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានពិភាក្សាអំពីកិច្ចការក្នុងតំបន់ និងសកល ដោយបានបង្ហាញនូវការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមកនៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនប្រទេសទាំងពីរទៅជាព្រំដែនសន្ដិភាព និងវិបុលភាព។ដោយឡែក នៅក្នុងឱកាសនៃជំនួបនេះផងដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចុះ​ហត្ថលេខា​ និងផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន ៥ រួមមាន៖ ១-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតបគ្រោះអាសន្ន រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ; ២-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្រ្ត ស្រាវជ្រាវ និងនវានុវត្តន៍ថៃ; ៣-អនុស្សរណៈនៃការយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ; ៤-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ; ៥-អនុស្សរណៈនៃការយោគយល់គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ ៕

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន ៥

2024/02/07 08:34:33 pm        353
នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារ ចំនួន ៥ រួមមាន៖ ១- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតប គ្រោះអាសន្ន រវាង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកម្ពុជា និងក្រសួងមហាផ្ទៃថៃ២- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យ សិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាង ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ៣- អនុស្សរណៈនៃការយោគយល់គ្នាស្តីពី ទំនិញឆ្លងកាត់ រវាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានគយថៃ៤- អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងធនាគារនាំចេញ-នាំចូលថៃ៥- អនុស្សរណៈនៃការយោគយល់គ្នារវាង សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការពាណិជ្ជកម្មថៃ

យុវជនសង្គមស៊ីវិល អំពាវនាវឲ្យប្រុងប្រយ័ត្តខ្ពស់ចំពោះក្រុមទណ្ឌិតខុសច្បាប់ជ្រុលនិយមមួយចំនួន

2024/02/07 08:06:45 pm        345
ក្រុមយុវជនសង្គមស៊ីវិល និងក្រុមពលរដ្ឋនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ អំពាវនាវឲ្យប្រុងប្រយ័ត្តខ្ពស់ចំពោះក្រុមប្រឆាំងទណ្ឌិតខុសច្បាប់ និងក្រុមសង្គមស៊ីវិល (NGOs) ជ្រុលនិយមមួយចំនួនដែលកំពុងធ្វើសម្មភាពផ្ទុយនឹងច្បាប់ និងរួមគ្នាកម្ចាត់មនោគមវិជ្ជាខ្មៅកខ្វក់ចេញពីកម្ពុជា។ក្រុមយុវជនសង្គមស៊ីវិល និងតំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ក្រុមប្រឆាំងជ្រុលនិយម និងធ្វើការំពាវនាវដល់បណ្តាលគណបក្សនយោបាយនានា ប្រមូលកម្លាំងជាតិ ទាំងមូលដើម្បីចូលរួមកម្ចាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយម ដើម្បីបន្តរក្សាបាននូវស្ថិរភាពសុខសន្តិភាព និងការអភិវឌ្ឍពេញលេញរបស់កម្ពុជា។ លោក ហេង សំណាង ប្រធានបណ្ដុំអង្គការសង្គមស៊ីវិល និងតំណាងក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនៃសមាគមយុវជនខ្មែរមហានគរបានប្រកាសថ្កោលទោសលើទណ្ឌិតភៀសខ្លួនក្រៅប្រទេសខុសច្បាប់ តែងតែធ្វើសកម្មភាពនយោបាយ និយាយញុះញង់ឲ្យអ្នកគាំទ្រធ្វើសកម្មភាពខុសច្បាប់រាប់សិបឆាំមកនេះ។ លោក ពៅ សុជាតិ តំណាងយុវជនសង្គមស៊ីវិលប្រចាំខេត្តព្រៃវែង បានលើកឡើងថា ក្នុងរយៈពេលកន្លងមកក្រុមប្រឆាំងនៅក្រៅស្រុក និងបក្សពួកបានបណ្តុះនូវចិត្ត គំនិត ឲ្យខ្មែរនិងខ្មែរស្អប់គ្នា និយាយលាបពណ៌បង្កើតការរើសអើងជាតិសាសន៍ជាដើម។ ឥទ្ធិពលអាក្រក់ទាំងអស់នេះបានជ្រាបចូលដល់ប្រជាជនខ្មែរមួយចំនួនដែលបណ្តាលឲ្យពួកគេក្លាយជាជនរងគ្រោះ ឬអ្នកជាប់ទោសទណ្ឌដោយសារមនោគមវិជ្ជាខ្មៅកខ្វក់ជ្រុលនិយមរបស់ក្រុមប្រឆាំង។ក្រុមយុវជនសង្គមស៊ីវិលបានអំពាវនាវដល់បណ្តាលមហាជនទូទៅ សិស្ស និស្សិត បញ្ញវន្ត ចូលរួមយុទ្ធនាការ «រួមគ្នាកម្ចាត់នយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឲ្យចេញផុតពីកម្ពុជា»។ ក្រុមយុវជនអស់គ្នាដែលធ្លាប់ជាជនរងគ្រោះដោយសារតែអំពើញុះញង់របស់ក្រុមប្រឆាំង និងរងគ្រោះដោយសារនយោបាយទុច្ចរិតទាំងអស់គ្នា ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានចិត្តគំនិតបំបែកបំបាក់ និងធ្វើឲ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ៕អត្ថបទ៖វ៉ន ដារ៉ា

អ្នកនាំពាក្យរាជរដ្ឋាភិបាល ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀនមកលើរាជរដ្ឋាភិបាល

2024/02/07 07:24:23 pm        219
អ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលចំពោះការចោទប្រកាន់របស់ប្រធានគណបក្សភ្លើងទៀន តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។សេចក្តីថ្លែងការណ៍ឱ្យដឹងថា ការលើកឡើងរបស់ លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ជាមួយសារព័ត៌មាន Nikkei Asia របស់ជប៉ុន និងផ្សាយបន្តដោយវិទ្យុបារាំងអន្តរជាតិ RFI ជាខេមរភាសាដោយខ្លឹមសារនៃបទសម្ភាសន៍នោះមានលក្ខណៈជាការចោទប្រកាន់មកលើរាជរដ្ឋាភិបាលទាំងបំពាន និងដោយខុសពីការពិត។អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា តាមរយៈការដកស្រង់សម្ដីរបស់សារព័ត៌មានទាំងពីរប្រធានបក្សរូបនេះ បានអះអាងថា រាជរដ្ឋាភិបាលបាន ដាក់កាំមេរ៉ានៅមុខផ្ទះរបស់លោកដើម្បីឃ្លាំមើលសកម្មភាព ២៤ម៉ោង។ លោក ទាវ វណ្ណល ក៏បាននិយាយទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាន់តែអាក្រក់ទៅទាក់ទងនឹង ប្រជាធិបតេយ្យដោយបានបន្តចាប់ខ្លួនក្រុមប្រកួតប្រជែងនយោបាយ និងប្រជាពលរដ្ឋដែលរិះគន់រាជរដ្ឋាភិបាល។អ្នកនាំពាក្យរាជរដ្ឋាភិបាលប្រកាសបដិសេធទាំងស្រុងចំពោះការអះអាងរបស់ លោក ទាវ វណ្ណល និង បញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិថា ទី១៖គ្មានការដាក់កាមេរ៉ាដើម្បីឃ្លាំមើលសកម្មភាពរបស់ លោក ទាវ វណ្ណល ដូចការអះអាងមួលបង្កាច់ របស់គាត់ឡើយ។ កាមរ៉ានានាដែលត្រូវបានបំពាក់នៅតាមទីសាធារណៈទូទាំងប្រទេស ក៏ដូចជានៅក្នុងភូមិសាស្ត រាជធានីភ្នំពេញគឺ ក្រោមមូលហេតុសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងចរាចរណ៍ជូនប្រជាពលរដ្ឋ ហើយក៏គ្មានគោលការណ៍ដាក់កាមេរ៉ាដោយឡែកដើម្បីឃ្លាំមើលសកម្មភាពរបស់បុគ្គលណាមួយទូទៅតែប៉ុណ្ណោះ នោះឡើយ។ទី២៖ ការអនុវត្តច្បាប់ត្រូវបានធ្វើឡើងចំពោះជនទាំងឡាយណាដែលបានប្រព្រឹត្តល្មើសច្បាប់ដោយគ្មាន ការបែងចែកថា អ្នកនោះមានឋានៈ តួនាទីអ្វី ឬជាអ្នកនយោបាយនោះឡើយ។ នៅកម្ពុជាគ្មានទេ អ្នកទោសនយោបាយ គឺមានតែអ្នកនយោបាយដែលប្រព្រឹត្តខុសច្បាប់ហើយត្រូវបានច្បាប់ផ្តន្ទាទោស។ទី៣៖ ការអនុវត្តច្បាប់គឺជាការងារសំខាន់ចាំបាច់ដើម្បីពង្រឹងនីតិរដ្ឋ។ នៅគ្រប់ប្រទេសទាំងអស់ ជាពិសេស ក្នុងបណ្តាប្រទេសប្រជាធិបតេយ្យជឿនលឿន ការពង្រឹងនីតិរដ្ឋគឺជារឿងមិនអាចខ្វះបានដើម្បីឱ្យប្រជាធិបតេយ្យ ដំណើរការនិងរីកលូតលាស់ទៅមុខ។ គ្មានការគោរពច្បាប់ គ្មានប្រជាធិបតេយ្យ តែវាជាប្រភពនៃភាពអនាធិបតេយ្យ ទៅវិញទេ ពោលគឺប្រជាធិបតេនិងសិទ្ធិសេរីភាពរបស់បុគ្គលត្រូវតែស្ថិតនៅក្រោមច្បាប់។ទី៤៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការ បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ និងសេរីភាពខាងការជួបជុំ។ ជនណាក៏ដោយមិនអាចឆ្លៀតប្រើសិទ្ធិនេះ ដោយរំលោភបំពាននាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃ ដល់ទំនៀម ទម្លាប់ល្អរបស់សង្គមដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មានត្រូវរៀបចំឡើងដោយច្បាប់។ទី៥៖ នៅកម្ពុជា ការបញ្ចេញមតិដែលស្ថិតនៅក្នុងក្របខណ្ឌនៃរដ្ឋធម្មនុញ្ញដូចបានលើកឡើងខាងដើម និង ការរិះគន់ដោយស្ថាបនា ត្រូវបានគោរពនិងធានាយ៉ាងខ្ជាប់ខ្ជួន។ ប៉ុន្តែ ការបញ្ចេញមតិដោយរំលោភបំពានលើអ្នកដទ ដែលត្រូវបានហាមដោយរដ្ឋធម្មនុញ្ញ គឺជាអំពើខុសច្បាប់ ហើយការអនុវត្តច្បាប់មិនត្រូវបានបកស្រាយថា ជាការ បំបិទសិទ្ធិបញ្ចេញមតិ ឬការធ្វើទុក្ខបុកម្នេញឡើយ។អ្នកនាំពាក្យរាជរដ្ឋាភិបាល យល់ឃើញថា ការលើកឡើងរបស់ លោក ទាវ វណ្ណល ពិតជាមានចេតនាអាក្រក់ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ខណៈដែលការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខិតជិតចូលមកដល់ ហើយនេះគឺជាការសម្ដែងរបស់ លោក ទាវ វណ្ណល ដើម្បីទាក់ទាញការអាណិតអាសូរពីសាធារណមតិប៉ុណ្ណោះ។ នេះគឺជាភស្តុតាងមួយ ដែលបញ្ជាក់ពីការបញ្ចេញមតិដោយរំលោភបំពានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នកដទៃដែល ច្បាប់រដ្ឋធម្មនុញ្ញបានហាមឃាត់។ជាថ្មីម្ដងទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជូនសាធារណមតិជាតិ និងអន្តរជាតិជ្រាបថា រាជរដ្ឋ ភិបាលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តការងារពីរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក៏ដូចជាការដាក់ចេញគោល នយោបាយនិងយុទ្ធសាស្ត្រនានាដើម្បីពង្រឹងនីតិរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា ក៏ដូចជាដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ នេះគឺជាគោលជំហរដ៏ម៉ឺងម៉ាត់ និងឥតងាកររបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕ 

សភាអាមេរិក ច្រានចោលកិច្ចប្រឹងប្រែងដឹកនាំដោយគណបក្សសាធារណរដ្ឋ ដើម្បីអនុម័តសេចក្តីស្នើច្បាប់ផ្តល់ជំនួយដល់អ៊ីស្រាអែល

2024/02/07 07:16:49 pm        108
សភាសហរដ្ឋអាមេរិក បានច្រានចោលសេចក្តីស្នើច្បាប់ដឹកនាំដោយគណបក្សសាធារណរដ្ឋ កាលពីថ្ងៃអង្គារ ដែលនឹងផ្តល់ជំនួយចំនួន ១៧,៦ពាន់លានដុល្លារដល់ប្រទេសអ៊ីស្រាអែល ខណៈសមាជិកគណបក្សប្រជាធិបតេយ្យ បាននិយាយថាពួកគេចង់បានការបោះឆ្នោតជំនួសវិញលើវិធានការដ៏ទូលំទូលាយដែលនឹងផ្តល់ជំនួយដល់អ៊ុយក្រែន មូលនិធិមនុស្សធម៌អន្តរជាតិ និងថវិកាថ្មីសម្រាប់សន្តិសុខព្រំដែន។ជំនួយសម្រាប់អ៊ីស្រាអែល ជាអ្នកទទួលជំនួយធំបំផុតមួយនៃជំនួយបរទេសរបស់សហរដ្ឋអាមេរិក ដែលបានទទួលការគាំទ្រទ្វេបក្សយ៉ាងខ្លាំងក្លានៅក្នុងសភា។ ប៉ុន្តែអ្នកប្រឆាំងជាច្រើន បានចាត់ទុកការស្នើច្បាប់នៅសភាថាជាផែនការនយោបាយរបស់គណបក្សសាធារណរដ្ឋ ដើម្បីបង្វែរការប្រឆាំងរបស់ពួកគេចំពោះសេចក្តីស្នើច្បាប់ព្រឹទ្ធសភាចំនួន ១១៨ពាន់លានដុល្លារ ដែលរួមបញ្ចូលនូវការផ្លាស់ប្តូរគោលនយោបាយអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក និងការផ្តល់មូលនិធិថ្មី សម្រាប់សន្តិសុខព្រំដែន ជាមួយនឹងជំនួយបន្ទាន់រាប់ពាន់លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងដៃគូនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោក Rosa DeLauro សមាជិកជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យ នៃគណៈកម្មាធិការតម្លាភាពសភា ជំរុញឱ្យមានការប្រឆាំងចំពោះសេចក្តីស្នើច្បាប់ដែលផ្តល់ជំនួយតែមួយគត់ដល់អ៊ីស្រាអែល។ សម្ព័ន្ធមិត្តរបស់យើងកំពុងប្រឈមមុខទៅនឹងការគំរាមកំហែងអត្ថិភាព ហើយមិត្តភ័ក្តិ និងសត្រូវរបស់យើងនៅជុំវិញពិភពលោកកំពុងតាមដានមើល ដោយរង់ចាំមើលថាតើសហរដ្ឋអាមេរិក នឹងឆ្លើយតបបែបណា។ ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ដែលគាំទ្រសេចក្តីស្នើច្បាប់នៅព្រឹទ្ធសភា បានសន្យាប្រើសិទ្ធវេតូ នូវចំណាត់ការរបស់សភាដែលផ្តល់ជំនួយឲ្យសម្រាប់តែអ៊ីស្រាអែលប៉ុណ្ណោះ។

បណ្ដាប្រេសិតបរទេសផ្ញើសារជូនពរ និងស្វាគមន៍ដល់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសបុណ្យចូលឆ្នាំចិន

2024/02/07 07:12:49 pm        114
ស្របពេលពិធីបុណ្យចូលឆ្នាំចិន ឬពិធីបុណ្យនិទាឃរដូវខិតជិតមកដល់ បណ្ដាឯកអគ្គរដ្ឋទូត នៃប្រទេសអ៊ីស្លង់ ទួរគី កូឡុំប៊ី និងទុយនេស៊ី បានផ្ញើសារជូនពរឆ្នាំថ្មីតាមចន្ទគតិរបស់ខ្លួនចំពោះប្រទេសចិន ក៏ដូចជាប្រជាជនចិនផងដែរ។ពិធីបុណ្យនិទាឃរដូវឆ្នាំ ២០២៤នេះ ប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី១០សប្ដាហ៍នេះ ឈានចូលឆ្នាំរោគ ឬនាគ ដែលស្ថិតនៅជួរទីប្រាំ តាមរាសីចក្ររបស់ចិន។ លោក ថូរី អ៊ីសេន (Thorir Ibsen)ឯកអគ្គរដ្ឋទូតនៃប្រទេសអ៊ីស្លង់ប្រចាំប្រទេសចិន បាននិយាយថា លោកសូមជូនពរប្រជាជនចិនជួបតែសំណាងល្អ និងប្រាជ្ញាឈ្លាសវៃក្នុងឆ្នាំនាគខាងមុខនេះ។ លោកអ៊ីស្មេលហាគីមូសា (Ismail Hakkı Musa) ឯកអគ្គរដ្ឋទូតទួរគីប្រចាំប្រទេសចិន បាននិយាយ សួរស្ដីអ្នកទាំងអស់គ្នា។ ខ្ញុំឯកអគ្គរដ្ឋទូតទួរគីប្រចាំនៅសាធារណរដ្ឋប្រជាមានិតចិន។ ខ្ញុំសូមជូនពរដល់អ្នកទាំងអស់គ្នាឲ្យជួបប្រទះតែសុភមង្គលក្នុងឆ្នាំថ្មី ហើយខ្ញុំសង្ឃឹមថាឆ្នាំថ្មីនេះនឹងនាំមកនូវសន្តិភាព ភាពរីករាយ សុខភាព និងសុភមង្គលដល់យើងទាំងអស់គ្នា។ ចំណែកឯកអគ្គរដ្ឋទូតនៃប្រទេសកូឡុំប៊ីប្រចាំប្រទេសចិន វិញបាននិយាយថា ខ្ញុំ ហ្សឺជីអូ ចាប្រ៊ីរ៉ា ( Sergio Cabrera) នៅទីនេះខ្ញុំសូមផ្ញើការជូនពរនិងការបួងសួងរបស់ខ្ញុំទៅកាន់អ្នកទាំងអស់គ្នា។ សួស្តីឆ្នាំថ្មី! ពោរពេញដោយភាពស្វាហាប់។ ឯកអគ្គរដ្ឋទូតទុយនីស៊ីប្រចាំនៅប្រទេសចិន លោកអាឌេលអេឡាប៊ី(Adel Elarbi)បានសង្កត់ធ្ងន់លើភាពសម្បូរបែបនៃអរិយធម៌ចិន និងឥទ្ធិពលសកលរបស់ប្រទេសចិននៅក្នុងការស្វាគមន៍របស់លោក។លោកបាននិយាយថា ខ្ញុំបានទៅទស្សនាតំបន់ផ្សេងៗ និងកន្លែងប្រវត្តិសាស្ត្រជាច្រើន។ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះភាពសម្បូរបែបនៃអរិយធម៌ចិន ដែលបានបន្សល់ទុកក្នុងគន្លងនៃប្រវត្តិសាស្ត្រវប្បធម៌ពិភពលោក។ ឆ្នាំខាងមុខនេះ គឺជាឆ្នាំនាគ សម្រាប់ប្រទេសចិន ខ្ញុំសង្ឃឹមថានឹងក្លាយជាឆ្នាំដ៏រីករាយ ជា ឆ្នាំពោពេញដោយសុខសន្តិភាព និងប្រកបដោយផ្លែផ្កា ។ សូមជូនពរអ្នកប្រកបដោយភាពស្វាហាប់ រីករាយឆ្នាំថ្មី!៕

ប្រមុខការទូតរុស្ស៊ី សង្កត់ធ្ងន់លើការរក្សាទំនាក់ទំនង ប្រកបដោយស្ថិរភាពជាមួយកូរ៉េខាងត្បូង

2024/02/07 07:09:21 pm        83
ប្រមុខការទូតរបស់ខ្លួនប្រចាំទីក្រុងសេអ៊ូល បាននិយាយថា ប្រទេសរុស្ស៊ី មិនចង់ទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងត្បូង «ធ្លាក់ដល់ចំណុចសូន្យទេ» ហើយមើលឃើញថា វាចាំបាច់ណាស់ក្នុងការរក្សាស្ថានភាពដដែល ដើម្បីទប់ស្កាត់ការកើនឡើងបន្ថែមទៀត ខណៈប្រទេសទាំងពីរ មានការខ្វែងគំនិតគ្នាជុំវិញសង្គ្រាមនៅអ៊ុយក្រែន កូរ៉េខាងជើង និងបញ្ហាផ្សេងៗទៀត។ឯកអគ្គរដ្ឋទូត ជេអូហ្គី ហ្ស៊ីណូវីវ ( Georgy Zinoviev) បានធ្វើការអធិប្បាយ ខណៈដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរកាន់តែតានតឹង ចាប់តាំងពីសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន និងថ្មីៗនេះ ជាមួយនឹងកិច្ចសហប្រតិបត្តិការយោធា ដែលកំពុងកើនឡើងរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ។ប្រទេសរុស្សី បានចាត់ទុកប្រទេសកូរ៉េខាងត្បូងថា ជា «ប្រទេសមួយក្នុងចំណោមប្រទេសអមិត្ត»របស់ខ្លួនសម្រាប់ការចូលរួមក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចដែលដឹកនាំដោយសហរដ្ឋអាមេរិក ជាការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។សម្រាប់ទីក្រុងសេអ៊ូល ការពង្រីកទំនាក់ទំនងយោធារបស់រុស្ស៊ីជាមួយកូរ៉េខាងជើង បានបង្កក្តីបារម្ភអំពីសន្តិសុខថ្មីៗ។ កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតសង្ស័យថា កូរ៉េខាងជើង កំពុងផ្តល់អាវុធដល់រុស្ស៊ីសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន ជាថ្នូរនឹងជំនួយពីទីក្រុងមូស្គូក្នុងផ្នែកបច្ចេកវិទ្យាអាវុធ ដែលជាការអះអាងត្រូវបានបដិសេធដោយរុស្ស៊ី។លោកហ្ស៊ីណូវីវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap កាលពីថ្ងៃអង្គារថា៖«ទំនាក់ទំនងទ្វេភាគីរបស់យើង មិនល្អដូចដែលយើងសង្ឃឹមនោះទេ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ក៏មិនបានឈានដល់កម្រិតកំពូលដែរ»។លោកបាននិយាយតាមរយៈអ្នកបកប្រែថា៖«អាទិភាពចម្បងរបស់យើង គឺរក្សា និងធ្វើឲ្យស្ថិរភាពទំនាក់ទំនងទ្វេភាគី ដែលយើងមាន ការពារទំនាក់ទំនងកុំឲ្យកាន់តែធ្ងន់ធ្ងរដល់កម្រិតប្រឈមមុខគ្នា និងជៀសវាងពីសកម្មភាពដែលអាចបណ្តាលឲ្យធ្លាក់ចូលក្នុងស្ថានភាពយ៉ាប់យ៉ឺន។

ចិន និងន័រវែសជំរុញបទឈប់បាញ់ហ្កាហ្សាជាបន្ទាន់ និងគាំទ្រកាន់តែខ្លាំងសម្រាប់អាជ្ញាធរប៉ាឡេស្ទីន

2024/02/07 06:59:24 pm        113
ប្រមុខការទូតរបស់ចិន និងន័រវែស បានអំពាវនាវឲ្យមានកិច្ចខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្លោះក្នុងតំបន់ជុំវិញតំបន់ហ្កាហ្សា ខណៈពេលដែលសន្យាគាំទ្រកាន់តែខ្លាំងឡើងសម្រាប់អាជ្ញាធរប៉ាឡេស្ទីន (PA)។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បាននិយាយថា រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) និងសមភាគីន័រវែស លោក អ៊ីស្ពែន បាស អេដ (Espen Barth Eide) បានផ្លាស់ប្តូរ «ទស្សនៈស៊ីជម្រៅ»ស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងប៉េកាំង កាលពីថ្ងៃចន្ទ។ពួកគេ «បានយល់ព្រមលើតម្រូវការសម្រាប់បទឈប់បាញ់ជាបន្ទាន់ នៅតំបន់ហ្កាហ្សា» និង «បង្កើនជំនួយមនុស្សធម៌ឲ្យបានច្រើន»។សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា៖«ភាគីទាំងអស់ត្រូវធ្វើការរួមគ្នា ដើម្បីការពារជម្លោះកុំឲ្យរីករាលដាល ហើយ [យើង] អំពាវនាវឲ្យមានការដោះលែងជាបន្ទាន់នូវអ្នកជាប់ឃុំទាំងអស់»។ទាំងប្រទេសន័រវែស និងចិនគាំទ្រប៉ាឡេស្ទីនជារដ្ឋអធិបតេយ្យ និងបានបញ្ចេញសំឡេងអំពីស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ឈានចូលដល់ខែទី៤ ហើយនោះ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់៖ អ៊ីរ៉ាក់ និងអាមេរិក ត្រូវវិលត្រឡប់ទៅរកកិច្ចពិភាក្សាជុំវិញអនាគតនៃកម្លាំងចម្រុះ

2024/02/07 06:25:55 pm        81
ក្រសួងការបរទេសអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក ហ្វីអាដ ហ៊ូសេន (Fuad Hussein) បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីត្រឡប់ទៅរកតុចរចាអំពីអនាគតនៃសម្ព័ន្ធយោធាអន្តរជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ កិច្ចពិភាក្សារវាងប្រទេសទាំងពីរ បានចាប់ផ្តើមនៅក្នុងខែមករា ប៉ុន្តែតិចជាង ២៤ម៉ោងក្រោយមក សមាជិកសេវាកម្មអាមេរិកបីនាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ នៅក្នុងប្រទេសហ្ស៊កដានី ដែលសហរដ្ឋអាមេរិក បាននិយាយថា ធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរី និងអ៊ី រ៉ាក់។ កិច្ចពិភាក្សានោះ បានផ្អាក តាំងពីពេលនោះមក។យោធាអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសកាលពីថ្ងៃសុក្រទាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីប្រឆាំងនឹងគោលដៅ ៨៥ ដែលភ្ជាប់ទៅនឹងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) និងកងជីវពលដែលខ្លួនគាំទ្រ ជាការសងសឹកចំពោះការវាយប្រហារ នៅក្នុងប្រទេសហ្ស៊កដានី។លោកហ៊ូសេន បានសង្កត់ធ្ងន់ទៅកាន់លោកប្ល៊ីនខិនអំពីការបដិសេធរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ចំពោះការវាយប្រហារបែបនេះ ដោយនិយាយថា៖«អ៊ីរ៉ាក់មិនមែនជាទីលានសម្រាប់ការសងសឹករវាងប្រទេសគូប្រជែងនោះទេ»។សហរដ្ឋអាមេរិកមានកងទ័ពចំនួន ២.៥០០ នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដោយបានណែនាំ និងជួយដល់កងកម្លាំងក្នុងតំបន់ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម ដែលនៅក្នុងឆ្នាំ ២០១៤ បានដណ្តើមកាន់កាប់ផ្នែកជាច្រើននៃប្រទេសអ៊ីរ៉ាក់ និងស៊ីរី មុនពេលត្រូវបានបណ្តេញចេញ។ ទាហានរាប់រយនាក់មកពីបណ្តាប្រទេសអឺរ៉ុបភាគច្រើនក៏ជាផ្នែកនៃក្រុមចម្រុះផងដែរ។

រចនាសម្ព័ន្ធអំណាចពីររបស់ក្រុមហាម៉ា ធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្កាហ្សា

2024/02/07 06:21:27 pm        120
ក្រុមហាម៉ាស បានព្យាករថា នឹងមានរណសិរ្សរួបរួមមួយ ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលារបស់ខ្លួនបានបង្កឲ្យមានសង្គ្រាមជាមួយអ៊ីស្រាអែល ប៉ុន្តែអ្នកជំនាញនិយាយថា ក្រុមប្រឆាំងនៅក្នុងចលនាប៉ាឡេស្ទីន បានថ្លឹងថ្លែងលើកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកបទឈប់បាញ់។នៅក្នុងការនិរទេសខ្លួនដោយខ្លួនឯងនៅទីក្រុងដូហា ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស លោកអ៊ីស្មេល ហានីយេ (Ismail Haniyeh) កំពុងនិយាយដោយបើកចំហជាមួយអាជ្ញាធរកាតា និងអ្នកសម្របសម្រួល។ទន្ទឹមនឹងនេះដែរ មេដឹកនាំក្រុមនៅតំបន់ហ្កាហ្សាស្ទ្រីប លោក ហាយ៉ា ស៊ីនវ៉ា (Yahya Sinwar) កំពុងលាក់ខ្លួន បន្ទាប់ពីអ៊ីស្រាអែល បានប្តេជ្ញាថា នឹងតាមក្រុមដែលគេសន្មតថា នៅពីក្រោយការវាយប្រហារនៅខែតុលាដែលបានបណ្តាលឲ្យមនុស្សស្លាប់ដ៏ច្រើននោះ។មេដឹកនាំជាន់ខ្ពស់នៅតំបន់ហ្កាហ្សា អវត្តមានពីកិច្ចចរចាបទឈប់បាញ់ ប៉ុន្តែអ្នកសម្រុះសម្រួល ត្រូវតែគិតគូរទាំងជំហររបស់ខ្លួន និងលោកហានីយេ ក៏ដូចជាអ៊ីស្រាអែលផងដែរ។កងកម្លាំងថ្មើរជើងរបស់ក្រុមហាម៉ាស រួមទាំងទីបញ្ជាការយោធារបស់ក្រុម Ezzedine al-Qassam Brigades បានឆ្លើយតបទៅនឹងលោកស៊ីនវ៉ា។ប្រភពស្និទ្ធនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលដែលដឹកនាំដោយប្រទេសកាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មានAFP ថា រាល់សំណើដែលផ្ញើទៅកាន់ការិយាល័យនយោបាយរបស់ក្រុមហាម៉ាស ត្រូវតែទាក់ទងទៅមន្ត្រីនៅក្នុងតំបន់ហ្កាហ្សា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន៖ អាមេរិកកំពុងប្រើប្រាស់ការអះអាង​ចារកម្ម ពាក់ព័ន្ធនាយក​ប្រតិបត្តិ​ Nvidia ជាលេសស «បិទខ្ទប់» បច្ចេកវិទ្យា
11/12/2026 06:11 PM
បារាំង៖ សហភាពអឺរ៉ុប នឹងអនុម័តទណ្ឌកម្មបន្ថែមលើរុស្ស៊ី នៅថ្ងៃចន្ទ
11/12/2026 06:11 PM
អ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្ត​ចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
11/12/2026 06:11 PM
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងធ្វើ​ទស្សនកិច្ចនៅហ្វីលីពីន និងចូលរួមកិច្ចប្រជុំកំពូល APEC នៅចិន
11/12/2026 06:11 PM
អ៊ីរ៉ង់៖ នាវាដឹកប្រេង ២គ្រឿងផ្ទុក​​ប្រេងជាង ៤លានបារ៉ែល មាន​​អគ្គិភ័យ នៅច្រកសមុទ្រ Hormuz
11/12/2026 06:11 PM
អ៊ីរ៉ង់ ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅយោធាសម្រាប់សង្គ្រាមដែលអាចកើតមាននៅពេលអនាគត
11/12/2026 05:11 PM
ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅយេម៉ែន ខណៈក្រុមហ៊ូទី ច្រានចោលថាមិនបានកំណត់គោលដៅលើទីក្រុងមេកា
11/12/2026 05:11 PM
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
11/12/2026 05:11 PM
អ៊ីរ៉ង់ ព្រមានសងសឹកកាន់តែខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលត្រៀមវាយប្រហារ
11/12/2026 04:11 PM
ទីក្រុងឌែលី ទប់ទល់វិបត្តិបំពុលបរិស្ថានខណៈខ្យល់និងទឹកមានសារធាតុពុលបង្កហានិភ័យសុខភាព
11/12/2026 04:11 PM