សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា-ថៃ ចុះអនុស្សរណៈនៃការយោគយល់គ្នា បង្កើនកិច្ចសហប្រតិបត្តិការវិស័យសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

2024/02/08 10:52:16 pm        125
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា និងក្រសួង​ឧត្តម​សិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បី​បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសិក្សាធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងប្រទេសទាំងពីរ ។អនុស្សរណៈនៃការយោគយល់គ្នានេះ បង្ហាញពីការទទួលស្គាល់គ្នាទៅវិញទៅមកលើតួនាទី​យ៉ាងសំខាន់ នៃ​វិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ហើយ ក៏​បង្ហាញ​ពី​បំណងរួមគ្នារវាងប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើ​ផ្នែក​សិក្សា​ធិការ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយផ្អែកលើគោលការណ៍សមភាព សមធម៌ ផល​ប្រយោជន៍​រួម និងភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងថៃ ហើយអនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើឡើងរវាងឯកឧត្តម ហែម វណ្ឌឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍កម្ពុជា ជាមួយនិងលោកជំទាវ សុភាម៉ា អ៊ីសារ៉ាបហាឌី រដ្ឋមន្ត្រីក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ថៃ ក្រោមអធិបតីភាពរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជា​ណាចក្រថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញ ។កិច្ចសហប្រតិបត្តិការនេះ គ្របដណ្តប់លើវិស័យសំខាន់ៗ ដូចជាជីវវិទ្យាសាស្ត្រ និងជីវបច្ចេកវិទ្យា, វិស័យរ៉ូបូត អេឡិចត្រូនិច និងបច្ចេកវិទ្យានិងសេដ្ឋកិច្ចឌីជីថល, សន្តិសុខស្បៀង ទឹក និង​ថាមពល​, ព័ត៌មានវិទ្យាភូមិសាស្ត្រ និងបច្ចេកវិទ្យាអវកាស, វិទ្យាសាស្ត្រភាវៈរស់ និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ, វិទ្យា​សាស្ត្ររូបធាតុ និងបច្ចេកវិទ្យាណាណូ, គោលនយោបាយវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវា​នុវត្តន៍ (វ.ប.ន.) និងការចូលរួមជាសាធារណៈក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ធុរកិច្ច​បង្កើត​ថ្មី កម្មវិធីបណ្តុះធុរកិច្ចបង្កើតថ្មី និងសួន វ.ប.ន., មាត្រាសាស្ត្រ, ការគ្រប់គ្រងភស្តុភារ និង​ខ្សែច្រ​វាក់ផ​លិតកម្ម ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាព និងភាពប្រកួតប្រជែង នៃ​វិស័យ​ដឹក​ជញ្ជូន​ និង​ភស្តុភារ ក៏ដូចជាការបង្កើនប្រសិទ្ធភាពលើលំហូរទំនិញ និងសេវាកម្មផ្សេងៗ ដែល​ឆ្លង​កាត់​ព្រំដែន និងតំបន់, ការកែច្នៃចំណីអាហារ និងការវេចខ្ចប់ដែលមានភាតរបរិស្ថាន ក្នុង​គោល​ដៅ​កាត់​បន្ថយផលប៉ះពាល់បរិស្ថាន ដែលបណ្តាលមកពីផលិតកម្ម និងការប្រើប្រាស់ចំណីអាហារ ក៏​ដូចជាការបង្កើនតម្លៃបន្ថែម និងអាយុកាលនៃផលិតផលចំណីអាហារ ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា និងការអនុវត្តដែលមាននវានុវត្តន៍ ក្នុងការកែច្នៃ និងការវេចខ្ចប់ចំណីអាហារ ។អនុស្សរណៈនៃការយោគយល់គ្នានេះ ក៏បង្ហាញពីលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ដែលរួម​មាន​គម្រោង​ស្រាវជ្រាវ និងអភិវឌ្ឍន៍រួមគ្នា ការផ្លាស់ប្តូរអ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញ ការ​ផ្លាស់​ប្តូរព័ត៌មាន ការផ្ទេរបច្ចេកវិទ្យា និងសកម្មភាពអប់រំ វិទ្យាសាស្ត្រ និង​បច្ចេក​ទេស​ជាច្រើន​ផ្សេង​៕ អត្ថបទ បាន សុខរិទ្ធិ

ក្រសួងចំនួនបី ចុះអនុស្សរណយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការប្រើថ្នាលផ្ទៀងផ្ទាត់​ឯកសារ verify.gov.kh, រៀបចំរចនាសម្ព័ន្ធតភ្ជាប់អ៊ីនធឺណិត និងបណ្តុះបណ្តាលជំនាញឌីជីថល

2024/02/08 08:13:05 pm        292
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងចំនួនបី បានរៀបចំពិធីពិធីចុះហត្ថលេខា​លើ​អនុស្សរណៈ​ នៃការយោគយល់គ្នា ផ្តោតលើគោលបំណង ៣ សំខាន់គឺ កិច្ចសហប្រតិបត្តិការ​ដាក់​ឱ្យប្រើ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និង​ការតភ្ជាប់​អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនដល់មន្រ្តីរាជការ។ ពិធីនេះរៀបចំឡើងនៅទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ដែល​មាន​ហត្ថលេខីចំនួន៣រូបផងដែរគឺ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរ​គមនាគមន៍, លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញ​ចូលរួម​ពីឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​ថ្នាក់​ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទាំង ៣ សរុប​ចំនួនប្រមាណ ២០០ នាក់។ក.ប.ទ. ​នឹងជួយគាំទ្រដល់ក្រសួងកិច្ចការនារី និងក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថលផ្ទៃក្នុង ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និង​បញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស គឺការផ្តល់ភា​ពកា​ន់តែ​ងា​យស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​សាធារណៈ​ពី​ក្រសួង​សាធារណការ និ​ង​ដឹក​ជញ្ជូន ក៏ដូចជាការលើកកម្ពស់សមភាពយេនឌ័រ និងតួនាទី​ស្ត្រីនៅ​ក្នុង​វិស័យ​ឌីជីថល​របស់​ក្រសួង​កិច្ច​ការនារី។សូមជម្រាបជូនថា គិតត្រឹមពេលនេះ ក.ប.ទ. ចុះអនុស្សរណៈ និង​កិច្ច​ព្រម​ព្រៀងស្តីពីកិ​ច្ច​សហប្រតិបត្តិ​ការ​ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការធ្វើ​ឌីជីថលូបនីយកម្ម​លើ​ការងាររដ្ឋបាល និងការផ្តល់សេវាសាធារណៈរបស់ក្រសួង និងគ្រឹះស្ថាន​អប់រំ​ចំនួន ៣៤ ក្នុងជំហានឆ្ពោះទៅរកការកសាងរដ្ឋាភិបាលឌីជីថល (Digital Government) និង​ពលរដ្ឋឌីជីថល (Digital Citizen) ស្របតាម​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​។ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដា​លើ​សន្លឹក​ឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លង​ក្នុង​ទម្រង់​ជា​ក្រដាស​ឡើយ​។ ជាពិសេស ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh បានឈ្នះ មេដាយមាស (Gold Medal) ក្នុងការប្រកួតប្រជែងពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Award 2024) ដែលជោគជ័យនេះបានបង្ហាញអំពីសមិទ្ធផលប្រកបដោយផ្លែផ្កានៃការខិតខំរបស់ ក.ប.ទ. ក្នុងការបង្កើតដំណោះស្រាយឌីជីថល ហើយមាន​ទទួល​ស្គាល់ជាដំ​ណោះស្រា​យ​ឌី​ជីថល​ល្អ​បំផុត​ក្នុងកម្រិតអន្តរជាតិផងដែរ៕

គ.ជ.ប ក្រើនរំលឹកដល់បក្សនយោបាយធ្វើការឃោសនាបោះឆ្នោតត្រូវគោរពតាមច្បាប់ និងបទបញ្ជា

2024/02/08 07:10:47 pm        223
ឯកឧត្តម យិច សមិទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បាន​ក្រើន​រំលឹកដល់គណបក្សនយោបាយធ្វើយុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ខាង​មុខត្រូវគោរពតាមច្បាប់ និងបទបញ្ជា។ឯកឧត្តម យិច សមិទ្ធិ សមាជិក គ.ជ.ប នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពីការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងកំឡុងពេល​ឃោសនា​បោះឆ្នោត ដោយកិច្ចប្រជុំមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន តំណាង​គណបក្ស​នយោបាយ តំណាងទូតប្រចាំកម្ពុជា និងតំណាងអង្គការសង្គមស៊ីវិល។ ឯកឧត្តមមានប្រសាសន៍ថា អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺ​យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នឹងត្រូវ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងនោះ គណបក្ស​នយោបាយ​ដែល​មាន​បំណង​ហែ​ក្បួន​ឃោសនាបោះឆ្នោតត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី-ខេត្ត​រៀបចំ​ការ​បោះឆ្នោត យ៉ាងតិចឱ្យបាន៣ថ្ងៃមុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ ឯកឧត្តមបញ្ជាក់ថា គណបក្សនយោបាយចំនួនបួន ដែលត្រូវបានទទួលស្គាល់ជាផ្លូវការ មាន​សិទ្ធិ​ធ្វើ​ការ​ឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត ក៏​ដូចជាសេចក្តីណែនាំស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និង​ត្រូវ​មាន​ការ​យោគ​យល់​អធ្យាស្រ័យគ្នាទៅវិញទៅមក។ ឯកឧត្តម បញ្ជាក់ថា កំឡុងគណបក្សនយោបាយស្នើធ្វើយុទ្ធនាការឃោសនា គឺត្រូវបញ្ជាក់​ពី​ព័ត៌មាន​សាម៉ី​ខ្លួនជាតំណាងគណបក្សនយោបាយ ទីតាំង ពេលវេលា ចំនួនអ្នកចូលរួម និង​យាន​ជំនិះ។ ប៉ុន្តែ​ក្នុង​ករណី​ដែល​ការ​ហែក្បួន​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​ក្នុង​រាជ​ធានី-ខេត្តចំណុះភូមិភាគ ដែលខ្លួនមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ហើយ​តម្រាយ​ផ្លូវ​នៃ​ក្បួន​ឃោសនា​នោះត្រូវឆ្លងកាត់រាជធានី-ខេត្តដទៃដោយ​សារ​ស្ថានភាព​ទីតាំង​ភូមិ​សាស្ត្រ​ជាក់​ស្តែង​នៃ​រាជធានី-ខេត្តនោះមានព្រំប្រទល់ជាប់គ្នា ដែលមិនអាចវាងបាន គណបក្ស​នយោបាយ​សាម៉ី​ត្រូវ​ជូន​ដំណឹង​ជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី-ខេត្តរៀបចំ​ការ​បោះឆ្នោត​ពាក់​ព័ន្ធ​យ៉ាង​តិច​ឱ្យបាន​៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនា។ជាមួយគ្នាឯកឧត្តមបានណែនាំដល់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះ​ឆ្នោត​ពាក់​ព័ន្ធ​ត្រូវ​ស្នើ​សុំកិ​ច្ចសហការ និងការសម្របសម្រួលជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដើម្បី​ចាត់វិធានការការពារ សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងពេលឃោសនាបោះឆ្នោត។ក្នុង​ពេលយុទ្ធនាការឃោសនាបោះឆ្នោត ឯកឧត្តមបានស្នើដល់ភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវ​បាន​ចាត់​ចែង កម្លាំងការពារក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយថ្មើរជើង ឬយាន​ជំនិះ​គ្រប់​ប្រភេទ និងជុំវិញបរិវេណនៃការជួបជុំ ឬការឃោសនាជាសាធារណៈ ដោយរក្សាឱ្យ​បាន​នូវ​បរិយា​​កាស​សន្តិសុខ សុវត្ថិភាព គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ឬ​បង្ក​ការ​អុកឡុក ការរំខាន ឬចលាចលណាមួយ និងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀប​រយ​សម្រាប់​គ្រប់​គណបក្ស​នយោបាយឈរឈ្មោះបោះឆ្នោត និងបេក្ខជនគ្រប់ៗរូបដោយស្មើភាព និងគ្មាន​ការ​រើសអើង​។សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាខាងមុខ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានអង្គបោះឆ្នោតសរុបចំនួន ១១,៧៤៧ នាក់ ក្នុងនោះអ្នក​តំណាង​រាស្ត្រ​ក្នុង​តំណែងមានចំនួន ១២៥ នាក់ និងក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេសចំនួន ១១,៦២២​នាក់ ខណៈគណបក្សនយោបាយចំនួន៤ដែលចូលរួមប្រកួតប្រជែង រួមមាន គណបក្ស​ប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្ស​ឆន្ទះខ្មែរ​៕ អត្ថបទ៖ សេក ឧត្តម 

កម្ពុជា-ថៃ ឯកភាពបង្កើតក្រុមការងារចម្រុះ ដើម្បីបង្កើនតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមជាមួយគ្នា

2024/02/08 06:52:21 pm        258
រាជរដ្ឋាភិបាលកម្ពុជា និងថៃ តាមរយៈដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ម្សិលមិញនេះ បានឯកភាពគ្នាបង្កើតក្រុមការងារចម្រុះដើម្បីសិក្សា និងផ្ដើមអនុវត្តការបង្កើនឡើងនៅតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ អញ្ជើញត្រឡប់មកដល់មាតុភូមិវិញ នាយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបញ្ចប់ដំណើរទស្សកិច្ច នៅប្រទេសថៃ។ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ បានថ្លែងថា ការបង្កើតក្រុមការងារចម្រុះដើម្បីសិក្សា និងផ្ដើមអនុវត្តការបង្កើនឡើងនៅតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នានេះ គឺដើម្បីផ្សាភ្ជាប់នូវខ្សែច្រវាក់ផលិតកម្ម នៃប្រទេសទាំងពីរ ខណៈទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ កើនឡើងដល់ជាង ៣ ពាន់លានដុល្លារនៅឆ្នាំ២០២៣ កន្លងទៅ។ សូមជម្រាបថា ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ ដែលជាទស្សនកិច្ចក្រៅប្រទេសលើកទី១០ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺជាជោគជ័យថ្មីមួយទៀតក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតនិង ពាណិជ្ជកម្មរវាងប្រទេសជិតខាងទាំងពីរឱ្យកាន់តែស៊ីជម្រៅជាងមុន។ ជាក់ស្ដែងការដំឡើងកម្រិតនៃទំនាក់ទំនង ទ្វេភាគីទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ គឺជាលទ្ធផលផ្លែផ្កាដ៏ធំធេងក្នុងទំនាក់ទំនងការទូតរវាងកម្ពុជា-ថៃ ដែលនឹងផ្តល់ផលប្រយោជន៍ទៅវិញទៅមកកាន់តែច្រើនបន្ថែមទៀតដល់ប្រទេសទាំងពីរ៕ អត្ថបទ៖ វ៉នដារ៉ា

កម្ពុជា-ថៃឯកភាពសម្រួលទិដ្ឋាការដល់ពលករ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខាងមុខ

2024/02/08 04:38:21 pm        268
ភ្នំពេញ៖ កម្ពុជា-ថៃ ឯកភាពគ្នា ក្នុងការសម្រួលទិដ្ឋាការដល់ពលករឆ្លងដែន សម្រាប់ឱកាស​បុណ្យចូល​ឆ្នាំថ្មី ប្រពៃណីជាតិខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក តាន់ ហ្សង់ហ្វ្រង់​ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ។ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោកជំទាវ អញ្ជើញត្រឡប់មកដល់មាតុភូមិវិញ នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយបញ្ចប់ដំណើរទស្សកិច្ច នៅប្រទេសថៃ។លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជា-ថៃ ឯកភាពគ្នា ក្នុងការសម្រួលដំណើរទៅវិញទៅមករបស់ពលករ ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិ នៅខែមេសា ខាងមុខនេះ។ ឧទាហរណ៍៖ តាមរយៈការសម្រួលថ្លៃទិដ្ឋាការ ទៅវិញទៅមក»។លើសពីនោះទៀត លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានគូសបញ្ជាក់ថា កម្ពុជា-ថៃ ក៏បានបេ្ដជ្ញាចិត្ដខ្ពស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការ ក្នុងវិស័យទេសចរណ៍ ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រ២ គោលដៅទេសចរណ៍តែមួយ» ផងដែរ។សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក នឹងប្រព្រឹត្តិទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤៕

កម្ពុជា-ថៃ សន្យាបន្តតាមដានលើករណីផ្សែងពុលឆ្លងដែន

2024/02/08 03:52:35 pm        273
រាជរដ្ឋាភិបាល បានសន្យាបន្តតាមដានលើករណីផ្សែងពុលបន្តទៀត ដើម្បី​រកមូល​ហេតុ​ឱ្យ​បាន​ច្បាស់​លាស់។ ការសន្យានេះ បានធ្វើឡើងក្នុងជំនួបរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​កម្ពុជា ជាមួយ លោក សេដ្ឋា ថាវស៊ីន នាយករដ្ឋន្រ្តីថៃ អំឡុងទស្សន​កិច្ច​ផ្លូវការ​នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។ក្នុង​សន្និសីទសារព័ត៌មាន នៅព្រលានយន្តហោះ នៅយប់ថ្ងៃទី០៧ ខែកុម្ភៈនេះ លោក តាន់ សង់​ហ្វ្រង់​ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការការបរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិ បានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាខ្លីប៉ុណ្ណោះ អំពីករណីផ្សេងពុលនេះ។លោកបញ្ជាក់ដូច្នេះថា «មានការលើកឡើង យ៉ាងឆាប់រហ័សជាទីបំផុត ហើយ​ភាគី​ទាំង​សង្ខាង​បាន​សន្យា​ជាមួយគ្នា នឹងបន្តតាមដាន លទ្ធផលនៃផ្សែងពុលនេះ ព្រោះមូលហេតុ​ដើម​មិន​ទាន់​មាន​កំណត់​ជាក់ច្បាស់នៅឡើយទេ»។សូមបញ្ជាក់ថា នាថ្មីៗនេះ មានការផ្សព្វផ្សាយដោយសាធារណៈមតិ និងសារព័ត៌មានមួយចំនួន បាន​បង្ហាញការព្រួយបារម្ភពីបញ្ហាបំពុលខ្យល់ឆ្លងដែនកម្ពុជា-ថៃ ខណៈ​ភាគី​ប្រទេស​ថៃ​បាន​ស្នើ​មក​កម្ពុជា​ឱ្យធ្វើការដោះស្រាយរួមគ្នាទប់ស្កាត់លើបញ្ហាបំពុលខ្យល់ឆ្លងដែននេះផងដែរ៕

សហភាពអឺរ៉ុប មិនសូវគាំទ្រគំនិតនៃការប្រើប្រាស់ទ្រព្យសម្បត្តិបង្កករបស់រុស្ស៊ី ជាទ្រព្យបញ្ចាំឲ្យអ៊ុយក្រែន

2024/02/07 10:02:18 pm        130
ក្រុមមន្ត្រីអឺរ៉ុប បាននិយាយថាប្រទេសបែលហ្ស៊ិក បានស្នើទៅក្រុមប្រទេសទាំងប្រាំពីរ (G7) ដើម្បីប្រើប្រាស់ទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ី ដែលជាប់គាំង ជាទ្រព្យបញ្ចាំដើម្បីបង្កើនបំណុលសម្រាប់ការកសាងអ៊ុយក្រែនឡើងវិញ ប៉ុន្តែគំនិតនេះមិនមានការគាំទ្រពីអឺរ៉ុបច្រើនទេ។បែលហ្ស៊ិក មិនមែនជាផ្នែកនៃក្រុម G7 ដែលរួមមានសហរដ្ឋអាមេរិក ជប៉ុន កាណាដា អង់គ្លេស បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ទេ ប៉ុន្តែបានក្លាយជាផ្នែកមួយនៃការពិភាក្សាអំពីជំហានដែលត្រូវធ្វើ ជាមួយទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបង្កកដោយលោកខាងលិច បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ព្រោះប្រាក់ភាគច្រើនត្រូវបានជាប់គាំងនៅបែលហ្ស៊ិក។យោងតាមគណៈកម្មាការអឺរ៉ុបបានឲ្យដឹងថា ទ្រព្យសម្បត្តិរុស្ស៊ីជាង ២៦៩ ពាន់លានអឺរ៉ូ ដែលស្មើនឹង ២៨៨.៨៥ពាន់លានដុល្លារ នៃទ្រព្យសម្បត្តិរបស់រុស្ស៊ីសរុប ត្រូវបានរារាំងនៅក្នុងបណ្ដាប្រទេស G7 សហភាពអឺរ៉ុប និងអូស្ត្រាលី ដែលក្នុងនោះប្រាក់ ២០០ ពាន់លានអឺរ៉ូស្ថិតនៅក្នុងសហភាពអឺរ៉ុប ហើយភាគច្រើននៅក្នុងប្រទេសបែលហ្ស៊ិក។កាលពីខែធ្នូ សហរដ្ឋអាមេរិក ដែលមិនអាចយល់ព្រមលើជំនួយហិរញ្ញវត្ថុថ្មីដល់អ៊ុយក្រែនទេដោយសារតែជម្លោះនយោបាយក្នុងប្រទេស បានលើកឡើងគំនិតនៃការរឹបអូសប្រាក់រុស្ស៊ី ដែលជាប់គាំងនេះ ហើយប្រគល់ប្រាក់ទាំងនោះទៅឲ្យទីក្រុងគីវ ដើម្បីចាប់ផ្ដើមគម្រោងសាងសង់ឡើងវិញរបស់ខ្លួន៕

អ៊ីរ៉ាក់ និងហូឡង់ ពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសន្តិសុខ

2024/02/07 09:55:48 pm        123
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ាក់កាលពីថ្ងៃអង្គារ បានផ្លាស់ប្តូរទស្សនៈជាមួយរដ្ឋមន្ត្រីការបរទេសហូឡង់ លោកស្រី ហានកេ ប្រូនអ៊ីន ស្លូត (Hanke Bruins Slot) ស្តីពីទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការសន្តិ សុខ។សេចក្តីថ្លែងការណ៍មួយពីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក ម៉ូហាម៉េ សៀ អាល់-ស៊ុដានី ( Mohammed Shia al-Sudani) បានជួបជាមួយលោកស្រី ស្លូត និងគណៈប្រតិភូអមដំណើររបស់លោកស្រីនៅក្នុងការិយាល័យរបស់លោក ដែលជាកន្លែងដែលលោក បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងទ្វេភាគីនៅកម្រិត និងវិស័យផ្សេងៗ។លោកអាល់ ស៊ុដានី បាននិយាយថា រដ្ឋាភិបាលអ៊ីរ៉ាក់ ចង់បន្តកិច្ចសហប្រតិបត្តិការជាមួយបេសកកម្មរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៅក្នុងប្រទេសអ៊ីរ៉ាក់ ខណៈដែលប្រទេសហូឡង់ គ្រោងនឹងឡើងកាន់តំណែងជាប្រធានាធិបតី នៅពាក់កណ្តាលខែឧសភា។លោក បានសង្កត់ធ្ងន់លើតម្រូវការក្នុងការរក្សាទំនាក់ទំនងផ្ទាល់ជាមួយបេសកកម្មរបស់អង្គការណាតូ រួមជាមួយនឹងការចាប់ផ្តើមកិច្ចសន្ទនារវាងអ៊ីរ៉ាក់ និងក្រុមចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក ដែលមានគោលបំណងបញ្ចប់ភារកិច្ចរបស់ក្រុមចម្រុះ ក្នុងការជួយអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវកររដ្ឋអ៊ីស្លាម (IS)។ សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា លោកអាល់ស៊ុដានី បានបញ្ជាក់ថា អ៊ីរ៉ាក់ក៏មានបំណងចង់បន្តការពិភាក្សា និងការសម្របសម្រួលជាមួយអង្គការណាតូ ដើម្បីសម្រេចចិត្តលើការហ្វឹកហ្វឺន និងផ្តល់ប្រឹក្សាដល់កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ ជាពិសេសលើការកែលម្អយ៉ាងច្បាស់នូវសមត្ថភាពរបស់កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ាក់ ដើម្បីកម្ចាត់ក្រុម IS ដែលនៅសេសសល់ បង្កការគំរាមកំហែងដល់អ៊ីរ៉ាក់។សេចក្តីថ្លែងការណ៍ បានបន្ថែមថា សម្រាប់ផ្នែករបស់ខ្លួននោះ លោកស្រី រដ្ឋមន្ត្រីការបរទេសហូឡង់ បានសម្តែងការគាំទ្ររបស់លោកស្រីសម្រាប់ការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ាក់ និងក្រុមចម្រុះអន្តរជាតិ ដើម្បីបញ្ចប់បេសកកម្មរបស់ក្រុមចម្រុះ ហើយឈានទៅរកទំនាក់ទំនងទ្វេភាគីពេញលេញ។

ប្រទេសជប៉ុន នឹងបង្កើនវិធានការប្រឆាំងជំងឺប៉េសជ្រូកអាហ្វ្រិក

2024/02/07 09:50:08 pm        120
ក្រសួងកសិកម្មរបស់ប្រទេសជប៉ុន បានសម្រេចបង្កើនវិធានការ ក្នុងគោលបំណងទប់ស្កាត់វីរុសសត្វជ្រូកដែលកំពុងរាលដាលនៅក្នុងប្រទេសកូរ៉េខាងត្បូង។ មន្ត្រីក្រសួង និយាយថា អ្នកចូលមកប្រទេសជប៉ុន នឹងត្រូវឲ្យបាញ់ថ្នាំស្បែកជើងរបស់ពួកគេនៅអាកាសយានដ្ឋាន និងកំពង់ផែសមុទ្រ ដើម្បីប្រឆាំងជំងឺប៉េសជ្រូកអាហ្រ្វិក។ ពួកគេនិយាយថា យានយន្តដែលមកតាមសាឡាង ក៏នឹងត្រូវធ្វើអនាម័យ។មន្ត្រីក្រសួង បាននិយាយថា វីរុសនេះ បានរាលដាលនៅក្នុងទីក្រុងប៊ូសាន ភាគអាគ្នេយ៍របស់ប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីខែធ្នូ ឆ្នាំមុន។ សត្វជ្រូក និងសត្វជ្រូកព្រៃ ស្ទើរតែទាំងអស់ ដែលកើតជំងឺនេះបានងាប់ ទោះបីវាមិនបានឆ្លងមកមនុស្សក៏ដោយ។ ប្រទេសជប៉ុន មិនទាន់រាយការណ៍ពីករណីឆ្លងណាមួយនៅឡើយទេ។ ប៉ុន្តែការខ្វះខាតវ៉ាក់សាំងមានប្រសិទ្ធភាព បង្កើនឱ្យមានការព្រួយបារម្ភអំពីការបំផ្លាញដែលអាចកើតមាន ដែលការផ្ទុះឡើងវីរុសអាចនាំទៅដល់សត្វចិញ្ចឹម។មន្ត្រីក្រសួង និយាយថា ជ្រូកព្រៃដែលឆ្លងវីរុស ត្រូវបានរកឃើញនៅជិតចំណតសាឡាងរបស់ប្រទេសកូរ៉េខាងត្បូង ដែលតភ្ជាប់ទៅកាន់ទីក្រុង គីយូស្ស៊ុ(Kyushu) របស់ប្រទេសជប៉ុន និងគោលដៅផ្សេងៗទៀត។ ក្រសួង មានការព្រួយបារម្ភថា នៅថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំ នឹងឃើញមានភ្ញៀវទេសចរជាបន្តបន្ទាប់ ធ្វើដំណើរចូលទៅក្នុងប្រទេសជប៉ុន។ ក្រសួងនឹងធ្វើការជាមួយរដ្ឋាភិបាលខេត្ត ដើម្បីជំរុញអ្នកចិញ្ចឹមសត្វឱ្យមានការប្រុងប្រយ័ត្ន។រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក សាកូម៉ូតុ តេតស៊ុស្សី(Sakamoto Tetsushi) បាននិយាយថា ហានិភ័យនៃជំងឺ ដែលចូលមកក្នុងប្រទេសជប៉ុន បានកើនឡើងដល់កម្រិតដែលមិនធ្លាប់មានពីមុនមក។ លោកនិយាយថា លោកនឹងធ្វើការដើម្បីការពារប្រឆាំងវីរុស ដោយការជំរុញការយល់ដឹងពីវិបត្តិនេះ។

អ្នកជំនាញ៖ បម្រែបម្រួលអាកាសធាតុ និងបាតុភូតអែលនីញ៉ូ គឺជាគន្លឹះដើម្បីយល់ពីចំហេះព្រៃនៅឈីលីខណៈ១៣១នាក់ស្លាប់

2024/02/07 09:44:43 pm        109
យោងតាមអ្នកវិទ្យាសាស្ត្រ និងអ្នកវិភាគ បានឲ្យដឹងថា បម្រែបម្រួលអាកាសធាតុ និងបាតុភូតអែលនីញ៉ូ( El Nino) គឺជាគន្លឹះដើម្បីស្វែងយល់ពីចំហេះព្រៃដ៏ខ្លាំងក្លានៅប្រទេសឈីលី ដែលបានឆក់យកជីវិតមនុស្ស ១៣១នាក់ ជាគ្រោះមហន្តរាយធម្មជាតិអាក្រក់បំផុតរបស់ប្រទេសឈីលី ក្នុងរយៈពេលជាច្រើនឆ្នាំ មកនេះ។អ្នកវិទ្យាសាស្ត្រ និយាយថា កត្តាជំរុញចម្បងគឺសាមញ្ញ ព្រោះតែសីតុណ្ហភាពកាន់តែឡើងកម្តៅខ្លាំង។ អ្នកជំនាញនិយាយថា នេះជាផ្នែកនៃមូលហេតុដែលចំហេះព្រៃ បានរាលដាលរហូតមកដល់ពេលនេះ ហើយយ៉ាងលឿន មានខ្យល់បក់ខ្លាំង។លោក រ៉ូល ខ ឌឺរ៉ូ(Raul Cordero) អ្នកជំនាញអាកាសធាតុនៅសាកលវិទ្យាល័យ Santiago និយាយថា ខ្យល់រដូវក្តៅបក់ខ្លាំង គឺជារឿងធម្មតានៅភាគកណ្តាលប្រទេសឈីលី ប៉ុន្តែសីតុណ្ហភាពបច្ចុប្បន្ន កាន់តែឡើងខ្ពស់ ជាងច្រើនទសវត្សរ៍កន្លងទៅនេះ។លោកណាហ៊ូអ៊ែល អារេណាស់(Nahuel Arenas) ប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅទ្វីបអាមេរិក និងតំបន់សមុទ្រការ៉ាអ៊ីប បានកត់សម្គាល់ថា តំបន់នេះកំពុងឆ្លងកាត់ដោយបាតុភូតអែលនីញ៉ូ(El Nino) នៅពេលដែលសីតុណ្ហភាពទឹកក្តៅខុសប្រក្រតី នៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅអាមេរិកខាងត្បូង ធ្វើឱ្យប៉ះពាល់ដល់គំរូអាកាសធាតុសកល ដែលរួមចំណែកធ្វើឱ្យសីតុណ្ហភាពកាន់តែក្តៅឡើង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន៖ អាមេរិកកំពុងប្រើប្រាស់ការអះអាង​ចារកម្ម ពាក់ព័ន្ធនាយក​ប្រតិបត្តិ​ Nvidia ជាលេសស «បិទខ្ទប់» បច្ចេកវិទ្យា
11/12/2026 06:11 PM
បារាំង៖ សហភាពអឺរ៉ុប នឹងអនុម័តទណ្ឌកម្មបន្ថែមលើរុស្ស៊ី នៅថ្ងៃចន្ទ
11/12/2026 06:11 PM
អ្នកសម្របសម្រួល (L.O) គណៈប្រតិភូ ហ្វ្រង់កូហ្វូនី ពេញចិត្ត​ចំពោះការងារ ដោយនឹងព្យាយាមធ្វើឱ្យបានល្អដើម្បីមុខមាត់កម្ពុជា
11/12/2026 06:11 PM
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងធ្វើ​ទស្សនកិច្ចនៅហ្វីលីពីន និងចូលរួមកិច្ចប្រជុំកំពូល APEC នៅចិន
11/12/2026 06:11 PM
អ៊ីរ៉ង់៖ នាវាដឹកប្រេង ២គ្រឿងផ្ទុក​​ប្រេងជាង ៤លានបារ៉ែល មាន​​អគ្គិភ័យ នៅច្រកសមុទ្រ Hormuz
11/12/2026 06:11 PM
អ៊ីរ៉ង់ ធ្វើបច្ចុប្បន្នភាពបញ្ជីគោលដៅយោធាសម្រាប់សង្គ្រាមដែលអាចកើតមាននៅពេលអនាគត
11/12/2026 05:11 PM
ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅយេម៉ែន ខណៈក្រុមហ៊ូទី ច្រានចោលថាមិនបានកំណត់គោលដៅលើទីក្រុងមេកា
11/12/2026 05:11 PM
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
11/12/2026 05:11 PM
អ៊ីរ៉ង់ ព្រមានសងសឹកកាន់តែខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលត្រៀមវាយប្រហារ
11/12/2026 04:11 PM
ទីក្រុងឌែលី ទប់ទល់វិបត្តិបំពុលបរិស្ថានខណៈខ្យល់និងទឹកមានសារធាតុពុលបង្កហានិភ័យសុខភាព
11/12/2026 04:11 PM