កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតីនាយករដ្ឋមន្រ្តី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុន Shenzhen Power Solution ចូលជួបសម្តែងការគួរសម នៅប្រទេសស្វីស

2024/01/17 02:28:07 pm        499
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ក្នុងជំនួបនេះ លោកស្រី Xia Li បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម និងបានជម្រាបជូន សម្តេចធិបតី អំពីផលិតផលរបស់ក្រុមហ៊ុន ដែលអាចជួយដល់ការកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាពរបស់ប្រជាជននៅតាមតំបន់ជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនី​ច្រើនប្រភេទដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើនសម្រាប់ផាសុកភាព និងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោកស្រីស្ថាបនិក និង អគ្គនាយិកាក្រុមហ៊ុន និងបានបង្ហាញនូវការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន​ក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស ការផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលចាប់អារម្មណ៍លើគម្រូអាជីវកម្មប្រភេទថ្មីនេះ ។គួរបញ្ជាក់ថា ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍន៍និងផលិតឧបករណ៍អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅទីក្រុងស៊ិនជិន ប្រទេសចិន ៕

សមត្ថកិច្ចបញ្ជាក់ថា ការចាប់ខ្លួនឈ្មោះ ខឹម ចាន់វណ្ណៈ ដោយសារក្លែងបន្លំឯកសារ ពុំជាប់ពាក់ព័ន្ធនយោបាយនោះទេ

2024/01/16 10:03:56 pm        197
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ គឺដោយ​សារ​សមត្ថកិច្ច​រក​ឃើញថា បុគ្គលរូបនេះបានក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលឈ្មោះ ខឹម ចាន់វណ្ណៈ ដែល​ជា​ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជា​ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខ​ណ្ឌពោធិ៍សែនជ័យនោះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមាន​ហេតុ​ផល​អ្វី​ផ្សេងពាក់ព័ន្ធដល់ការគំរាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយ ដូច​ការ​ចោទ​ប្រកាន់របស់ក្រុមប្រឆាំង ឬពួកអគតិមួយក្តាប់តូចនោះឡើយ។ការឃាត់ខ្លួនចំពោះបុគ្គលខាងលើនេះ គឺធ្វើឡើងបន្ទាប់ពី លោក សេង ហៀង ព្រះរាជ​អាជ្ញារង​នៃ​អយ្យការ​អមសាលា​ដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​បុគ្គល​រូប​នេះ​មក​បង្ហាញ​ខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ដើម្បីសាកសួរពីដំណើររឿងក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។គួររំលឹកថា កាលពីនាថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះចំនួន៣នាក់ ប្តឹងឈ្មោះ ខឹម ចាន់វណ្ណៈ ពីបទ​ក្លែង​បន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយរបស់ពួកគាត់ ដើម្បីចុះ​ឈ្មោះចូ​ល​បញ្ជី​រាយ​នាម​បេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​សាមីខ្លួន ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣​កន្លងទៅ។ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យនេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការ​អម​សាលា​ដំបូ​ងរា​ជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ពាក់ព័ន្ធ​សំណុំ​រឿង​ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនឈ្មោះ ខឹម ចាន់វណ្ណៈ បញ្ជូនទៅតុលាការ ចាតការតាមនីតិវិធី នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤នេះ។បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ការឃាត់ខ្លួននេះ គឺ​សមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់ការគំរាមកំហែង ធ្វើ​ទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ ហើយបដិសេធ និងច្រាន​ចោល​ទាំង​ស្រុង​ការ​ចោទប្រកាន់ទាំងបំពានដោយគ្មានហេតុផល គ្មានមូលដ្ឋាន​ច្បាស់​លាស់​របស់​គណបក្ស​ភ្លើង​ទៀន ដែលបានផ្សាយ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤»៕ អត្ថបទ៖ បាន ចក់

ប្រធានាធិបតីកូរ៉េខាងត្បូង រិះគន់កូរ៉េខាងជើង ចំពោះការកំណត់ប្រទេសលោកថាជាប្រទេសអរិភាព

2024/01/16 08:48:29 pm        144
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) នៅថ្ងៃអង្គារ (១៦ មករា) នេះបានរិះគន់ចំណាត់ការរបស់កូរ៉េខាងជើង ក្នុងការកំណត់កូរ៉េខាងត្បូងថាជាប្រទេសអរិភាព ដោយនិយាយថា នេះបង្ហាញពីធម្មជាតិ «ប្រឆាំងជាតិ និងប្រវត្តិសាស្ត្រ» របស់ទីក្រុងព្យុងយ៉ាង។លោក យ៉ុន ក៏បាននិយាយផងដែរថា ការបាញ់មីស៊ីល និងកាំភ្លើងធំនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង គឺជា «ការបង្កហេតុផ្នែកនយោបាយ» ដើម្បីបង្កចលាចលដល់សាធារណៈជនកូរ៉េខាងត្បូង។នៅព្រឹកថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទ (១៥ មករា) បានអំពាវនាវឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីធានាថា កូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថាជា «សត្រូវចម្បង» ហើយបានព្រមានថាកូរ៉េខាងជើង មិនមានចេតនាជៀសវាងសង្រ្គាមដែលគួរតែកើតឡើងនោះទេ។ការអំពាវនាវរបស់លោកគីម សម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនេះបានកើតឡើងនៅពេលដែលភាពតានតឹងបានកាន់តែអាក្រក់នៅក្នុងឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ ស្របពេលមានការសាកល្បងមីស៊ីលជាបន្តបន្ទាប់ និងការជំរុញដោយទីក្រុងព្យុងយ៉ាង ដើម្បីបំបែកខ្លួនជាមួយនឹងគោលនយោបាយជាច្រើនទសវត្សរ៍ និងការផ្លាស់ប្តូរមធ្យោបាយដែលខ្លួនជាប់ទាក់ទងនឹងកូរ៉េខាងត្បូង៕

ប្រធានាធិបតី៖ អ៊ីរ៉ាក់មានគោលបំណងចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីជំរុញពាណិជ្ជកម្ម និងការអភិវឌ្ឍ

2024/01/16 08:45:15 pm        117
ប្រធានាធិបតីអ៊ីរ៉ាក់ លោក អាប់ឌុល ឡាទីហ្វ រ៉ាសហ៊ីដ ( Abdul Latif Rashid) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក ចង់ចូលរួមជាមួយអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីជំរុញប្រព័ន្ធពាណិជ្ជកម្មរបស់ខ្លួន និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។លោកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំមួយជាមួយលោក សាករ៉ាល់ មូកបែល (Saqr al-Muqbel) ដែលជាតំណាងអារ៉ាប៊ីសាអ៊ូឌីតប្រចាំអង្គការ WTO ដែលដឹកនាំក្រុមសម្រាប់មួយដោះស្រាយការចូលជាសមាជិករបស់អ៊ីរ៉ាក់ទៅក្នុងអង្គការនេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោករ៉ាសហ៊ីដ។លោករ៉ាសហ៊ីដ បានថ្លែងថា ប្រទេសអ៊ីរ៉ាក់ មានបំណងចង់បំពេញតាមស្តង់ដាពាណិជ្ជកម្ម និងសេដ្ឋកិច្ចដែលត្រូវការ ដើម្បីចូលរួម WTO ហើយបានថ្លែងអំណរគុណដល់ក្រុមអារ៉ាប៊ីសាអ៊ូឌីតសម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។រដ្ឋមន្ត្រីពាណិជ្ជកម្មអ៊ីរ៉ាក់ លោក អាតហៀ អាល់ហ្គុរ៉ៃរី (Atheer al-Ghurairi) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក អាល់មូកបែលថា អ៊ីរ៉ាក់មានបំណងក្លាយជា «អ្នកដើរតួដ៏សំខាន់ នៅក្នុងសេដ្ឋកិច្ចពិភពលោក តាមរយៈកំណែទម្រង់នានា។លោកអាល់មូកបែល បាននិយាយថា អារ៉ាប៊ីសាអ៊ូឌីត នឹងគាំទ្រអ៊ីរ៉ាក់ នៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនដើម្បីចូលរួមជាមួយ WTO។

ក្រុមហ៊ុន Apple បញ្ចុះតម្លៃដ៏កម្រលើទូរស័ព្ទម៉ាក iPhone 15 នៅចិន ខណៈការប្រកួតប្រជែងកាន់តែខ្លាំង

2024/01/16 08:42:56 pm        157
ក្រុមហ៊ុន អេបផល (Apple) កំពុងផ្តល់ការបញ្ចុះតម្លៃដ៏កម្រលើទូរស័ព្ទអាយហ្វូន (iPhone) របស់ខ្លួននៅក្នុងប្រទេសចិន ដោយកាត់បន្ថយតម្លៃលក់រាយរហូតដល់ ៥០០យ័ន ដែលប្រហែលនឹង ៧០ដុល្លារ ស្របពេលមានសម្ពាធប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក។គេហទំព័រចិនរបស់ក្រុមហ៊ុនអេបផល បានបង្ហាញកាលពីថ្ងៃចន្ទ (១៥ មករា) ថាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់អាមេរិកមួយនេះបានទម្លាក់តម្លៃ អាយហ្វូន មួយចំនួនរហូតដល់ ៥ភាគរយ។ ការផ្សព្វផ្សាយកំណត់ពេលវេលា ដែលដាក់ថាជាព្រឹត្តិការណ៍បុណ្យចូលឆ្នាំប្រពៃណីចិននេះ នឹងមានរយៈពេលចាប់ពីថ្ងៃទី១៨ ខែមករា រហូតដល់ថ្ងៃទី២១ ខែមករា ក្នុងការឈានទៅដល់ថ្ងៃឈប់សម្រាកនៅពាក់កណ្តាលខែកុម្ភៈ។ ការលក់ទូរស័ព្ទប្រភេទអាយហ្វូន១៥ (iPhone 15) ស៊េរីចុងក្រោយរបស់ក្រុមហ៊ុន អេបផល គឺមានចំនួនតិចជាងម៉ូដែលមុនៗក្នុងប្រទេសចិន។គូប្រជែងដែលផលិតទូរស័ព្ទក្នុងស្រុក ដូចជាក្រុមហ៊ុន ហ័រវ៉ី តិចណូឡូជីស៍ (Huawei Technologies) និងក្រុមហ៊ុនសាវមី (Xiaomi) ផ្តល់ជូននូវម៉ូដែលប្រកួតប្រជែងជាច្រើន ខណៈដែលប្រភពបាននិយាយថា ក្រុមហ៊ុន និងនាយកដ្ឋានរដ្ឋាភិបាលមួយចំនួនបាននិងកំពុងរឹតបន្តឹងការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន អេបផល របស់បុគ្គលិក ដោយឆ្លុះបញ្ចាំងពីការរឹតបន្តឹងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកចំពោះកម្មវិធីរបស់ចិន លើហេតុផលសុវត្ថិភាព។ក្រុមអ្នកវិភាគរបស់សម្ព័ន្ធហិរញ្ញវត្ថុ ជេហ្វឺរីស៍ (Jefferies) បាននិយាយនៅក្នុងកំណត់ត្រាអតិថិជនថា ការលក់ទូរស័ព្ទអាយហ្វូនរបស់ចិនបានធ្លាក់ចុះ ៣០% នៅក្នុងសប្តាហ៍ដំបូងនៃឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយបានធ្លាក់ចុះ ៣% សម្រាប់ពេញមួយឆ្នាំ២០២៣។ ក្រុមអ្នកវិភាគរំពឹងថា ទិដ្ឋភាពប្រកួតប្រជែងនឹងកាន់តែតានតឹងនៅឆ្នាំនេះ៕

យុវជនកាកបាទក្រហមកូរ៉េ ផ្លាស់ប្តូរបទពិសោធន៍ជាមួយយុវជនកាកបាទក្រហមកម្ពុជា លើកទី២

2024/01/16 08:08:01 pm        338
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទីកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ម្សិលមិញ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ ជាលើកទី២ របស់​គណៈប្រតិភូយុវជនកាកបាទក្រហម សាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ចំនួន ៤៥រូប ដឹកនាំ​ដោយ​លោកស្រី LEE MINSEON ជាប្រធានប្រតិភូ ដែលជំនួបនេះ​ប្រព្រឹត្ត​ទៅ​នៅ​ទីស្នាក់​ការ​កណ្តាល​កាក​បាទក្រហមកម្ពុជា។ ក្នុងឱកាសនោះលោកជំទាវ អគ្គលេខាធិការស្តីទី បានសម្តែងនូវក្តីសោមនស្សរីករាយ និង​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ចំពោះដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់​ថ្ងៃ​ទី២០ ខែមករា ឆ្នាំ២០២៤ របស់គណៈប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខា​អ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា។ លោកជំទាវ អគ្គលេខាធិការស្តីទី បានធ្វើ​បទ​បង្ហាញ​ស្តីពី​ប្រវត្តិ​របស់​កាកបាទក្រហមកម្ពុជា ដែលបានចាប់បដិសន្ធិនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និង​មាន​សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះ​ប្រធាន​កិត្តិយស ចាប់តាំងពីឆ្នាំ១៩៩៤ រៀងដរាបមក និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានជាប់ឆ្នោតជាប្រធាន កាកបាទក្រហមកម្ពុជា ដោយមហាសន្និបាត ចាប់តាំង​ពី​អាណត្តិទី២ ឆ្នាំ១៩៩៨ រហូតដល់អាណត្តិទី៧ នាពេលបច្ចុប្បន្ននេះ។សកម្មភាព​ការងារ​របស់​កាក​បាទ​ក្រហមកម្ពុជា តាមយុទ្ធសាស្ត្រ២០២១-២០៣០ ដែលធ្វើប្រតិបត្តិការ​ទៅ​តាម​វិស័យ​អាទិភាព​ចំនួន៤ រួមមាន៖ ១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួល​អាកាស​ធាតុ ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃ​មនុស្ស​ធម៌ និងវប្បធម៌អហិង្សា និង៤-ការអភិវឌ្ឍស្ថាប័ន។ លោកជំទាវ ក៏បាន​រំលេច​ដែរ​ពី​សកម្មភាព​សំខាន់ៗថ្មីៗនេះ ដែលកាកបាទក្រហមកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ (ជុំទី៣) នៃកិច្ច​ប្រជុំ​ថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ភូមិភាពអាស៊ីអាគ្នេយ៍ ក៏ដូចជាសកម្មភាពក្នុងការចូលរួមលើកកម្ពស់បរិស្ថាន ទប់​ស្កាត់​ការ​ប្រែប្រួលអាកាសធាតុ តាមរយៈ ការចូលរួមដាំដើមឈើ និងយុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិកជាដើម។ក្នុងឱកាសនោះដែរ តំណាងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ២រូប បាន​ធ្វើ​បទ​បង្ហាញ​ស្តីពីបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅតាមសាខា​ទាំង​២៥​រាជ​ធានី​ខេត្ត និងការចូលរួមរបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាព​កិច្ច​សហ​ប្រតិបត្តិការ​ថ្នាក់​ជាតិ តំបន់ និងភូមិភាគ ជាពិសេសបានគូសបញ្ជាក់ពីសេចក្តីសម្រេចចិត្ត និង​សំណូមពរ​របស់​យុវជន ក្នុងសេចក្តីថ្លែងការណ៍វេទិកាយុវជនលើកទី១ និងលើកទី២ នៃសមាគម​ជាតិ​កាក​បាទ​ក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ជូនដល់គណៈ​ប្រតិភូ​យុវជន​កាក​បាទ​ក្រហម​សាធារណ​រដ្ឋកូរ៉េ សាខាអ៊ូសាន ផងដែរ។លោកស្រី LEE MINSEON ប្រធានប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការធ្វើបទបង្ហាញរបស់កាកបាទក្រហមកម្ពុជា ដែល​ឆ្លុះ​បញ្ចាំង​ពីសកម្មភាពមនុស្សធម៌ មានលក្ខណៈស្រដៀងគ្នា ទៅនឹងការងារ​របស់​កាក​បាទ​ក្រហម​សាធារណរដ្ឋកូរ៉េផងដែរ។ លោកស្រីបាន​ថ្លែង​អំណរ​គុណ​ចំ​ពោះ​ក្រុម​ការងារ​កាក​បាទ​ក្រហម​កម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងកំឡុង​ពេល​ស្នាក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ក៏ដូចជាការសម្របសម្រួលនានា ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នេះ។ ជាមួយ​គ្នានេះ លោកស្រី បានគូសបញ្ជាក់ថា កាកបាទក្រហមសាធារណរដ្ឋកូរ៉េ និងកាក​បាទ​ក្រហមកម្ពុជា តែងតែមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នានាពេលកន្លងមក ហេតុ​ដូច្នេះ​ហើយ​ការផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២នេះ នឹងធ្វើឱ្យសមាគមជាតិទាំងពីរ កាន់តែ​មាន​ភាព​ជិត​ស្និទ្ធ សាមគ្គីភាព និងមិត្តភាពយូរអង្វែងតទៅ៕ អត្ថបទ៖ សំ ងីម

រដ្ឋាភិបាលជប៉ុន នឹងបង្កើនមូលនិធិទ្វេដងឆ្នាំសារពើពន្ធ២០២៤ សម្រាប់ការស្តារឡើងវិញការរញ្ជួយដី

2024/01/16 07:16:40 pm        106
រដ្ឋាភិបាលជប៉ុន មានផែនការបង្កើនមូនិធិបម្រុងទ្វេដង ក្នុងសេចក្តីព្រាងថវិកាសារពើពន្ធឆ្នាំ ២០២៤ របស់ខ្លួន សម្រាប់កិច្ចប្រឹងប្រែងស្តារឡើងវិញពីគ្រោះរញ្ជួយដី។ រដ្ឋាភិបាលនិយាយថា គោលដៅ គឺដើម្បីជួយជនរងគ្រោះពីការរញ្ជួយដីនៅឧបទ្វីប Noto កសាងឡើងវិញឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។រដ្ឋាភិបាល ត្រូវបានគេរំពឹងថានឹងអនុម័តការដំឡើងមូលនិធិដល់ ជិត ៧ ពាន់លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមនៅក្នុងខែមេសា។ សមាជិកសភា មានផែនការអនុម័តសេចក្តីស្នើច្បាប់នេះក្នុងអំឡុងពេលសម័យប្រជុំសាមញ្ញ ដែលនឹងចាប់ផ្តើមនៅចុងខែនេះ។រដ្ឋាភិបាលមានផែនការបរិច្ចាគប្រហែល ៧០០លានដុល្លារពីថវិកាសារពើពន្ធឆ្នាំ ២០២៣ ដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។ ការផ្តោតការយកចិត្តទុកដាក់នៅពេលនេះ គឺលើការកែធ្វើឲ្យប្រសើរឡើងលក្ខខណ្ឌនៅកន្លែងជម្លៀសខ្លួន ការទទួលបានលំនៅឋានបណ្តោះអាសន្ន និងការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលរងការបំផ្លាញ។រដ្ឋាភិបាល កំពុងជំរុញឱ្យអ្នកនៅរស់រានមានជីវិត ផ្លាស់ទីទៅកន្លែងស្នាក់នៅខាងក្រៅតំបន់រងគ្រោះ ដើម្បីសុខភាព និងសុវត្ថិភាពរបស់ពួកគេ។ រដ្ឋាភិបាល មានផែនការរៀបចំពេលវេលាសម្រាប់ការជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងការសាងសង់លំនៅឋានបណ្តោះអាសន្នឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

វេទិកាទីក្រុង Davos ចាប់ផ្តើម កិច្ចប្រជុំមានផែនការស្តីពីបញ្ហានៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា

2024/01/16 07:02:34 pm        154
វេទិកាសេដ្ឋកិច្ចពិភពលោក បានចាប់ផ្ដើមនៅទីក្រុង Davos ប្រទេសស្វីស ជាមួយនឹងកិច្ចប្រជុំដែលបានគ្រោងទុកអំពីជម្លោះនៅប្រទេសអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ក្នុងចំណោមបញ្ហាសំខាន់ៗផ្សេងទៀត។មេដឹកនាំរដ្ឋាភិបាល ធុរកិច្ច និងស៊ីវិល ស្ថិតក្នុងចំណោមមនុស្សជាង ២.៨០០នាក់ មកពីប្រទេស និងតំបន់ចំនួន ១២០ ដែលកំពុងមកចូលរួមនៅឆ្នាំនេះ។ ក្រុមមេដឹកនាំ កំពុងប្រជុំគ្នាក្រោមប្រធានបទ «ការកសាងទំនុកចិត្តឡើងវិញ» ក្នុងពេលមានភាពមិនប្រាកដប្រជាជាសកល។ការជួបប្រជុំគ្នា បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយនឹងដំណើរការរហូតដល់ថ្ងៃសុក្រ។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានគេរំពឹងថានឹងឡើងថ្លែងនៅថ្ងៃអង្គារនេះ ដើម្បីសុំឱ្យបន្តការគាំទ្រសម្រាប់ប្រទេសរបស់លោកនៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan និងនាយករដ្ឋមន្ត្រីចិនលោក លីឈាំង(Li Qiang) ក៏គ្រោងនឹងថ្លែងសុន្ទរកថានៅថ្ងៃអង្គារនេះផងដែរ។ សង្គ្រាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ស្ថិតនៅលើរបៀបវារៈកំពូលផងដែរ។រដ្ឋមន្ត្រីមកពីប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួលដ៏លេចធ្លោម្នាក់ក្នុងជម្លោះ និងមន្ត្រីមកពីមជ្ឈិមបូព៌ាផ្សេងទៀត នឹងជួបប្រជុំគ្នានៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីរបៀបបញ្ចប់ការប្រយុទ្ធគ្នា។កិច្ចប្រជុំចុងក្រោយនៅថ្ងៃសុក្រ ក៏នឹងងាកទៅរកសេដ្ឋកិច្ចពិភពលោកផងដែរ។ លោកស្រី Christine Lagarde មកពីធនាគារកណ្តាលអឺរ៉ុប និងមន្ត្រីផ្សេងទៀត នឹងពិភាក្សាតាមរយៈស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីជាច្រើនជុំនៃការដំឡើងអត្រាការប្រាក់កាលពីឆ្នាំមុន ដើម្បីទប់ស្កាត់អតិផរណា។

លោក Trump ទទួលជ័យជម្នះនៅរដ្ឋ Iowa ហើយលោក DeSantis និង លោកស្រី Haley ដណ្តើមតំណែងទីពីរ

2024/01/16 06:49:31 pm        135
លោក Donald Trump ទទួលបានជ័យជម្នះយ៉ាងច្រើននៅក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋឆ្នាំ ២០២៤ លើកដំបូងនៅក្នុងរដ្ឋ Iowa កាលពីថ្ងៃចន្ទ ដោយបានអះអាងពីភាពលេចធ្លោរបស់លោកលើគណបក្ស ខណៈលោកស្វែងរកការតែងតាំងជាលើកទីបីជាប់ៗគ្នា និងការប្រកួតប្រជែងឡើងវិញជាមួយប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Joe Biden ។អង្គការ Edison Research បានព្យាករណ៍ពីជ័យជម្នះនេះ ហើយបាននិយាយថា អភិបាលរដ្ឋ Florida លោក Ron DeSantis និងអតីតឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ លោកស្រី Nikki Haley កំពុងតែស្ថិតក្នុងការប្រជែងដណ្តើមយកលំដាប់ទីពីរ ខណៈពួកគេស្វែងរកការបង្ហាញឲ្យឃើញជាជម្រើសសំខាន់ជំនួសលោក Trump ដែលបានកាន់តំណែងជាប្រធានាធិបតីពីឆ្នាំ ២០១៧-២០២១។លោក Trump បានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលជ័យជម្នះដោយកម្រិតមិនធ្លាប់មានពីមុនមកសម្រាប់ការប្រកួតប្រជែងគណបក្សសាធារណៈរដ្ឋនៅរដ្ឋ Iowa ដោយធ្វើឲ្យរឹងមាំករណីរបស់លោកដែលថាការតែងតាំងរបស់លោកគឺជាការសន្និដ្ឋានមុន ដែលបានផ្តល់ឱ្យលោកនូវការនាំមុខដ៏ច្រើន នៅក្នុងការស្ទង់មតិជាតិ ទោះបីជាប្រឈមនឹងការចោទប្រកាន់ចំនួនបួនករណីក៏ដោយ។ជាមួយនឹងសំឡេង ៤០% នៃការបោះឆ្នោតដែលរំពឹងទុកបានកើនឡើង លោក Trump មានសំឡេង ៥២,៦ភាគរយខណៈលោក DeSantis មានសំឡេង ២០ភាគរយ និងលោកស្រី Haley មានសំឡេង១៨,៧ភាគរយ។

EU គ្រោងផ្តល់ហិរញ្ញប្បទានឥតសំណង ៨៦លានអឺរ៉ូ ដើម្បីគាំទ្រវិស័យអាទិភាពនៅកម្ពុជា

2024/01/16 06:19:16 pm        249
សហភាពអឺរ៉ុបគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៦លានអឺរ៉ូ ដល់កម្ពុជា សម្រាប់​វិស័យ​កសិកម្ម, អាហារ, ការអនុវត្ត ថាមពលប្រកបដោយចីរភាព ក្នុងឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ការបណ្តុះបណ្តាលអប់រំ បច្ចេកទេស, និង​កម្មវិ​ធី​ពាណិជ្ជកម្ម និងវិស័យឯកជន ។ឯកឧត្តម ឌ្រីសម៉ាន់ អីហ្គោរ៍ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា EU នៅ​ក្នុងជំនួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ​មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ នេះថា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​អនុវត្ត​កម្មវិធីកំណែទម្រង់គោលនយោបាយសំខាន់ៗ ដែលសម្រេចបាននូវការរក្សាស្ថិរភាពសង្គម និង​ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយផ្លែផ្កា បើទោះជាស្ថិតក្នុងគ្រាដ៏លំបាក នៃផល​ប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូដ-១៩, ជម្លោះភូមិសាស្ត្រនយោបាយ និងការបន្តធ្លាក់ចុះ នៃសេដ្ឋកិច្ចសកល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏ដោយ ។ឯកឧត្តម លើកឡើងបន្ថែមថា ជុំវិញបរិបថនេះ ជំហរគាំទ្ររបស់ EU ជាពិសេស​តាមរយៈ​យុទ្ធសាស្ត្រ Global Gateway ដែលជាយុទ្ធសាស្ត្រថ្មីរបស់ EU មានគោល​បំណង​កៀរគរ​ការ​វិនិយោគ​បន្ថែម សម្រាប់ប្រទេសជាដៃគូ ដើម្បីបង្កើនវិសាលភាព, ប្រសិទ្ធភាព និងប្រសិទ្ធផល នៃ​កិច្ចអន្តរាគមន៍របស់ខ្លួន ។ នៅក្នុងយុទ្ធសាស្ត្រនេះផងដែរ ប្រទេសនៅក្នុងតំបន់អឺរ៉ុប និង​ប្រទេស​ជាសមាជិក EU ហៅថា “Team Europe” បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives - TEIs) ចំនួនពីរ ដើម្បីគាំទ្រ ដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈ​ការ​លើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ ក្នុងនោះមាន៖ ការ​ផ្តោត​លើ​ចីរភាព​ខ្សែ​ច្រវាក់​តម្លៃកសិកម្ម, និងផ្តោតលើថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។ជាក់ស្ដែង នៅក្រោមក្របខណ្ឌ Global Gateway នេះផងដែរ, EU និង​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជា សម្រាប់កម្មវិធីថ្មីចំនួន៤រួមមាន៖ កម្មវិធីភាព​ជាដៃគូ​របស់​កម្ពុជា សម្រាប់​ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយ ចីរភាព, កម្មវិធីភាព​ជា​ដៃគូ​សហភាព​អឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាព ក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀក បំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ, កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់​ការ​បណ្តុះ​បណ្តាលការអប់រំបច្ចេក ទេស ២០២៤-២០២៧, និងកម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន ។ជាការឆ្លើយតប, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះ EU សម្រាប់ការចូលរួម យ៉ាងសកម្ម ក្នុងការជំរុញវឌ្ឍនភាព នៃវិស័យគាំពារសង្គមនៅកម្ពុជា ឆ្ពោះ​ទៅ​រក​និរន្តរភាព និងភាពធន់ ដែលអាចឆ្លើយតបនឹងបញ្ហា ប្រឈមនានា, ជាពិសេស​សហភាព​អឺរ៉ុប​ជួយ​ជាជំហរគាំទ្រកម្ពុជា ក្រោមក្របខណ្ឌ Global Gateway ដែលជាការចូលរួមគាំទ្រដល់ របៀប​វារៈ​គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាច​សម្រេច​បាន​ជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM