កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្ទីរបរិស្ថានរាជធានី-ខេត្ត បណ្ដុះកូនឈើបានជាង២៣ម៉ឺនដើម ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២៣

2024/01/05 07:41:14 pm        214
ភ្នំពេញ៖ តាមរយៈរបាយការណ៍របស់ក្រសួងបរិស្ថាន ចេញផ្សាយនៅថ្ងៃទី៥ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញថា រហូតដល់បំណាចខែធ្នូ ២០២៣ មន្ទីរបរិស្ថានរាជធានី-ខេត្ត បានបណ្ដុះកូនឈើ បានចំនួន ២៣៤ ៣៧១ដើម និងការចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន១៩១ ៨២០ដើម។ ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដចក្រាវិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការថ្ងៃ១០ តុលា២០២៣ ស្តីពីរៀបចំបណ្តុះកូនឈើ សម្រាប់ចែកជូន​ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១លានដើម ចាប់បីខែកក្កដា ២០២៤ នេះ។ ការដាំដើមឈើ គឺស្របទៅនឹងស្ថានភាពដី សំដៅឱ្យមានការដាំដើមឈើ ឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០។

លោកហ្សេឡិនស្គី បានពិភាក្សាជាមួយនាយករដ្ឋមន្រ្តីអ៊ីតាលី ដែលធ្វើជាប្រធាន G7 នៅឆ្នាំ ២០២៤

2024/01/05 07:32:27 pm        188
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី ( Volodymyr Zelenskyy) បានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giorgia Meloni កាលពីថ្ងៃទី៤ ខែមករា ដែលប្រទេសរបស់ខ្លួន កំពុងធ្វើជាប្រធានក្រុមប្រទេសG7 ក្នុងឆ្នាំ ២០២៤។លោលប្រធានាធិបតី បានថ្លែងអំណរគុណអ៊ីតាលីសម្រាប់ការគាំទ្រទីក្រុងគីវ ហើយបានរាយការណ៍អំពីស្ថានភាពនៅខ្សែត្រៀមជួរមុខ និងការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំចុង ក្រោយរបស់រុស្ស៊ីលើអ៊ុយក្រែន។លោកហ្សេឡិនស្គី បានថ្លែងថា លោកស្រី Meloni បានបញ្ជាក់សាជាថ្មីអំពីការត្រៀមខ្លួនរបស់លោកស្រី ក្នុងការបន្តជួយក្នុងការពង្រឹងការការពារដែនអាកាសរបស់អ៊ុយក្រែន។ ភាគីនានា ក៏បានពិភាក្សាអំពីលទ្ធភាពនៃការផលិតការពារជាតិរួមគ្នាផងដែរ។លើសពីនេះទៀត មេដឹកនាំទាំងពីរ បានលើកឡើងពីការរៀបចំសម្រាប់កិច្ចប្រជុំរបស់ទីប្រឹក្សាស្តីពីរូបមន្តសន្តិភាពដែលនឹងប្រព្រឹត្តទៅនៅទីក្រុងដាវ៉ូស (Davos) ក្នុងរយៈពេលពីរ-បីសប្តាហ៍ទៀតនេះ ហើយបានណែនាំក្រុមនេះ ឲ្យពង្រឹងការងារទ្វេភាគីលើកាតព្វកិច្ចសន្តិសុខសម្រាប់អ៊ុយក្រែន។លោកហ្សេឡិនស្គី ក៏បានលើកឡើងពីការគាំទ្ររបស់អ៊ីតាលីចំពោះអ៊ុយក្រែន នៅកម្រិតរបស់ក្រុមប្រទេស G7 និងសហភាពអឺរ៉ុប។លោកប្រធានាធិបតី ក៏បានបញ្ជាក់ថា លោកស្រី Meloni និងខ្ញុំ ក៏បានពិភាក្សាអំពីបញ្ហានៃការគាំទ្រផ្នែកហិរញ្ញវត្ថុ និងនយោបាយសម្រាប់អ៊ុយក្រែនដោយសហភាពអឺរ៉ុប។ អ៊ីតាលីនៅជាមួយយើងក្នុងរឿងនេះ ហើយវាផ្តល់ទំនុកចិត្តមិនត្រឹមតែចំពោះអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់អ្នកគ្រប់គ្នាដែលចង់ឲ្យអឺរ៉ុបរបស់យើងទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី។-

លោក Blinken ធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ាម្តងទៀត ខណៈដែលការភ័យខ្លាចនៃជម្លោះក្នុងតំបន់កើនឡើង

2024/01/05 06:57:39 pm        128
នៅពេលដែលរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ប្រឈមមុខនឹងស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើង និងអស្ថិរភាពនៅមជ្ឈិមបូព៌ា រដ្ឋមន្រ្តីក្រសួងការបរទេសលោក អាន់តូនី ប្លីងខិន (Antony Blinken) កំពុងធ្វើដំណើរទៅកាន់តំបន់មជ្ឈឹមបូព៌ាម្ដងទៀតនៅចុងសប្តាហ៍នេះជាលើកទីបួនក្នុងរយៈពេល ៣ខែក្នុងដំណើរទស្សនកិច្ចដែលរំពឹងថានឹងផ្តោតជាសំខាន់លើការបន្ធូរបន្ថយការភ័យខ្លាចឡើងវិញដែលថាសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស អាចផ្ទុះឡើងជាជម្លោះកាន់តែទូលំទូលាយ។លោក Blinken ចេញដំណើរកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (០៤ មករា) ក្នុងដំណើរទស្សនកិច្ចមជ្ឈឹមបូព៌ាចុងក្រោយបង្អស់របស់ខ្លួន ដែលនឹងនាំលោកទៅកាន់ប្រទេសទួរគី ក្រិក ហ្ស៊កដានី កាតា អារ៉ាប់រួម អារ៉ាប៊ីសាអូឌីត អ៊ីស្រាអែល ដែនដីវេសបែង និងអេហ្ស៊ីប។អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាធូ មីលលើ (Matthew Miller) បានប្រាប់អ្នកយកព័ត៌មានថា ក្រៅពីអាទិភាពជាក់លាក់នៃតំបន់ហ្កាហ្សា ដែលលោកប្លីងខិន នឹងនាំយកទៅកាន់អ៊ីស្រាអែល ដោយរួមទាំងការជំរុញឱ្យមានកំណើនជំនួយមនុស្សធម៌ដល់តំបន់ហ្កាហ្សា ការផ្លាស់ប្តូរឆ្ពោះទៅរកប្រតិបត្តិការយោធាមិនសូវខ្លាំងក្លា និងការខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងអំពើហឹង្សាប្រឆាំងនឹងជនជាតិប៉ាឡេស្ទីននៅតំបន់ វេស បែង ដែលកាន់កាប់ដោយអ្នកតាំងលំនៅជនជាតិជ្វីហ្វ រដ្ឋមន្រ្តីការបរទេសរូបនេះក៏នឹងស្វែងរកជំនួយក្នុងតំបន់ដើម្បីធ្វើឱ្យស្ថានការណ៍ស្ងប់ស្ងាត់ ហើយនិងទប់ស្កាត់ជម្លោះពីការរីករាលដាល។ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានផ្ទុះឡើងជាមួយនឹងការឆ្លើយតបរបស់អ៊ីស្រាអែល ចំពោះការវាយប្រហារដោយក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា មករដ្ឋបាលលោកបៃដិន មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីលទ្ធភាពនៃការរីករាលដាលនៅក្នុងជម្លោះដ៏តានតឹងនេះ៕

លោកពូទីន ចេញក្រឹត្យផ្តល់សញ្ជាតិដល់ជនបរទេសដែលប្រយុទ្ធ ដើម្បីរុស្ស៊ី ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន

2024/01/05 06:34:41 pm        191
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចេញក្រឹត្យមួយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) ដែលអនុញ្ញាតឱ្យជនបរទេសដែលប្រយុទ្ធដើម្បីរុស្ស៊ី នៅអ៊ុយក្រែន ទទួលបានសញ្ជាតិរុស្ស៊ីសម្រាប់ខ្លួនឯង និងក្រុមគ្រួសាររបស់ពួកគេ។ក្រឹត្យនេះបាននិយាយថា មនុស្សដែលបានចុះហត្ថលេខាលើកិច្ចសន្យាក្នុងអំឡុងពេលដែលទីក្រុងមូស្គូ ធ្វើ «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន អាចដាក់ពាក្យស្នើសុំដើម្បីទទួលបានលិខិតឆ្លងដែនរុស្ស៊ីសម្រាប់ខ្លួនឯង ប្តី ប្រពន្ធ កូន និងឪពុកម្តាយរបស់ពួកគេ។ អ្នកទាំងនោះត្រូវតែផ្តល់ឯកសារដែលបង្ហាញថាពួកគេបានចុះឈ្មោះយ៉ាងហោចណាស់មួយឆ្នាំ។អ្នកដែលមានសិទ្ធិស្នើសុំសញ្ជាតិ រួមមានអ្នកដែលបានចុះកិច្ចសន្យាជាមួយកងកម្លាំងប្រដាប់អាវុធធម្មតា ឬ «ទម្រង់យោធា» ផ្សេងទៀត ដោយនោះជាការពិពណ៌នាដែលអាចអនុវត្តចំពោះក្រុមផ្សេងៗដូចជាអង្គការទាហានស៊ីឈ្នួល វេកនើ (Wagner) ជាដើម។ វិធានការនេះទំនងជាមានគោលបំណងបង្កើតការលើកទឹកចិត្តបន្ថែមទៀតសម្រាប់ជនបរទេសដែលមានបទពិសោធយោធាដើម្បីដាក់ពាក្យចូលរួមក្នុងជួរទាហានរុស្ស៊ី។ទីក្រុងមូស្គូ មិនបានផ្សព្វផ្សាយទិន្នន័យអំពីចំនួនជនបរទេសដែលកំពុងប្រយុទ្ធឲ្យខ្លួននៅក្នុងប្រទេសអ៊ុយក្រែនទេ។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីមុនអំពីជនជាតិគុយបាដែលបានចុះឈ្មោះចូលបម្រើយោធាជាថ្នូរនឹងប្រាក់រង្វាន់ដែលច្រើនជាង ១០០ដងនៃប្រាក់បៀវត្សរ៍មធ្យមប្រចាំខែនៅគុយបា ហើយមានជនជាតិអាហ្រ្វិកចំនួនបីនាក់ ដែលត្រូវបានជ្រើសរើសដោយក្រុមទាហានស៊ីឈ្នួល វេកនើ៕

ភ្ញៀវទេសចរសម្រុកចូលទៅទស្សនាពិធីបុណ្យរដូវរងាដ៏អស្ចារ្យ របស់ចិន ខណៈសណ្ឋាគារនានាពេញណែនដោយមនុស្ស

2024/01/05 06:24:12 pm        165
ទីក្រុងទឹកកកហារប៊ីន (The "ice city" of Harbin) ដែលជាទីក្រុងគ្របដណ្ដប់ដោយព្រិលនៅភាគ ភាគឦសាន ខេត្តហេឡុងជាំង របស់ប្រទេសចិន កំពុងទាក់ទាញអ្នកទស្សនាដ៏ច្រើនបំផុតចូលទៅទស្សនាផ្ទាំងចម្លាក់ទឹកដ៏ធំនិងអស្ចារ្យ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថានៅឆ្នាំនេះ ឧទ្យាននេះបានលាតសន្ធឹងលើផ្ទៃដីប្រមាណ៨១០.០០០ ម៉ែត្រក្រឡា និងមានទឹកកកចំនួន២៥០.០០០ ម៉ែត្រត្រីគុណ។ អនុប្រធានផ្នែកទីផ្សារនៃ ព្រឹតិ្តការណ៍Harbin Ice and Snow World លោក សុនហ្សេមីម(Sun Zemim) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ថាចំនួនជាមធ្យមនៃអ្នកទស្សនាប្រចាំថ្ងៃទៅកាន់ឧទ្យានក្នុងឆ្នាំនេះបានកើនឡើងស្ទើរតែទ្វេដងបើធៀបនឹងឆ្នាំ២០២៨។ ភ្ញៀវទេសចរដែលសម្រុកចូលទីក្រុង នេះ បានកក់សណ្ឋាគារពេញទាំងអស់និង សំបុត្របានលក់អស់គ្មានសល់។ អ្នកទេសចរម្នាក់អាយុ ២៣ឆ្នាំ មកពីទីក្រុង អ៊ូហាន(Wuhan) បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ការកក់ទុក គឺពិតជាពិបាកណាស់។ បើនិយាយពីការកក់បន្ទប់សណ្ឋាគារវិញ យើងបានចំណាយពេលពីរទៅបីថ្ងៃ មុនពេលយើងរកឃើញសណ្ឋាគារល្អសមរម្យ។ សំបុត្រសម្រាប់ចូលរួមព្រឹត្តិការណ៍ Ice and Snow World ត្រូវបានលក់អស់តាមអ៊ីនធឺណិត ដូច្នេះខ្ញុំបានទិញតាមគេហទំព័រ ស៊ៀនអ៊ូ វ៉ាង អ៊ីហ្វី (Xianyu” Wang Yifei)។ សារព័ត៌មានរដ្ឋ ស៊ីនហួ (Xinhua)បានរាយការណ៍កាលពីថ្ងៃពុធ ៣ មករា សប្ដាហ៍នេះ ថា ក្នុងឱកាសថ្ងៃឈប់សម្រាកឆ្នាំថ្មី ពិធីបុណ្យទឹកកក និងព្រិលប្រចាំឆ្នាំរបស់ទីក្រុងនេះ បានជួយទាក់ទាញអ្នកទស្សនាជាង ៣លាននាក់ទៅកាន់ទីក្រុង ហារប៊ីន (Harbin) អំឡុងពេលវិស្សមកាលរយៈពេល ៣ ថ្ងៃដែលបានបញ្ចប់កាលពីថ្ងៃចន្ទ ដោយរកប្រាក់ចំណូលចំនួន ៥,៩១ ពាន់លានយ័ន ឬស្មើរ៨២៦ លានដុល្លារអាមេរិក នៅក្នុងវិស័យទេសចរណ៍៕

សម្តេច ម៉ែន សំអន លើកទឹកចិត្តដល់សមាជិក-សមាជិកាបន្តប្រពៃណីដ៏ល្អ ខិតខំបម្រើ ពលរដ្ឋនៅមូលដ្ឋានឲ្យអស់លទ្ធភាព

2024/01/05 06:02:44 pm        275
កំពង់ឆ្នាំង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី០៥ ខែមករា ឆ្នាំ២០២៤នេះបានមានប្រសាសន៍ក្នុងពិធីប្រកាសឯកឧត្តម វង្សី វិស្សុត ជា​ប្រធាន​ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងថា «សាមគ្គីភាព និង​ការ​សហការ​ល្អ​រវាង​ក្រុម​ការងារ​គណបក្ស និងសមាជិក សមាជិកាគណៈកម្មាធិការគណបក្សកំពង់ឆ្នាំងគ្រប់ជាន់ថ្នាក់ បម្រើ​ប្រជាពលរដ្ឋប្រកបដោយការទទួលខុសត្រូវស្របតាមគោលនយោបាយ និង​អំពើ​ល្អ​របស់​មន្ត្រី​បក្ស គឺជាកត្តាសំខាន់ទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋ និងជាកត្តាចម្បង នៃ​ជ័យ​ជម្នះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា»។សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​បន្ត​ថា​ ការ​លើកទឹកចិត្តដល់សមាជិក សមាជិកាទាំងអស់ ត្រូវបន្តប្រពៃណីដ៏ល្អប្រពៃនេះ និងរួមគ្នា​ខិតខំ​បម្រើ​ប្រជាពលរដ្ឋឱ្យអស់លទ្ធភាព។ ជ័យជម្នះដែល​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​នៅ​រៀង​រាល់​ការ​បោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែ​គឺ​ជា​ជោគជ័យ​របស់​ប្រជាជន​កម្ពុជា​នៅទូទាំងប្រទេស។ ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង ត្រូវ​អនុវត្ត​គោល​នយោបាយរបស់គណបក្សឱ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយ​ដោះស្រាយបញ្ហាប្រឈមនានា និងការអនុវត្តគោលនយោបាយឃុំ-សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​បាន​ជោគ​ជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និង​ឆ្លើយ​តបតាម​តម្រូវ​ការ​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​។ ការរៀបចំផែនការការងារច្បាស់លាស់ នឹងធ្វើឱ្យយើង​មាន​ភាព​ប្រាកដ​ប្រជា​ខ្ពស់​ក្នុង​ការ​អនុវត្ត​ការងារប្រកបដោយភាពជឿជាក់លើជ័យជម្នះនាពេលខាងមុខៗបន្តទៀត។ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកា​គណបក្ស​ប្រជាជានកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំង​កាយ​ចិត្ត ស្មារតីនឹងថវិកា ដើម្បីបុព្វហេតុប្រជាជន។ ក្រោយការប្រកាសជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពអ់ឆ្នាំង ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាន​ប្តេជ្ញា​ចិត្ត​គោរព​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត និងការពង្រឹង​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ឆ្នាំង ក៏ដូចជាការជួបជាមួយក្រុមការងារយុវជនបក្ស ក្រុមចលនាស្ត្រី ជន​បង្គោល​ឃុំ-សង្កាត់ ប្រធានកម្មករកម្មការនី និយោជិត ប្រធានយុវជនក្រុង-ស្រុក ដើម្បី​ភាព​ជោគ​ជ័យ​របស់​ប្រជាជនកម្ពុជានៅទូទាំងប្រទេស៕ កាំង ហុងវាស្នា

សហជីព និងកម្មករ បង្ហាញការដឹងគុណថ្ងៃ៧មករា និងចាត់ទុកជាថ្ងៃកំណើតទី២

2024/01/05 05:48:30 pm        456
មកដល់ថ្ងៃ៧ មករា ឆ្នាំ២០២៤នេះគឺជាខួបទី ៤៥ នៃថ្ងៃជ័យជម្នះ៧មករា ១៩៧៩ ជាថ្ងៃ​កំណើត​ទី២ របស់ប្រជាជនខ្មែរដែលត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត ដ៏​ឃោឃៅ​យ៉ុងខ្នង។ បើទោះបីជា៧មករា ១៩៧៩ បានកន្លង​ផុត​ជាយូរ​ឆ្នាំ​ក៏​ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​ចងចាំនូវអតីតកាលដ៏ជូរចត់គ្រប់រូបភាព សូម្បីតែអ្នក​ជំនាន់ក្រោ​យ​ក៏​បាន​ទទួល​ស្គាល់​ពី​សោកនាដកម្ម​នេះ​ដែរ។លោកស្រី ផង់ ប៊ុនធីម អគ្គលេខាធិការិនីសហព័ន្ធសហជីពកម្មករប្រជាធិបតេយ្យជឿនលឿន ក្នុង​បទ​សម្ភាសន៍​ជាមួយ ប៊ីធីវី នៅព្រឹកថ្ងៃទី៥ ខែមករានេះ បានលើកឡើងថា ជាការរំលឹក​ខួប​ថ្ងៃ​រំដោះ ៧មករានេះ ខាងសហព័ន្ធលោកស្រីតែងតែចូលរួមផ្សព្វផ្សាយទៅដល់កម្មករ កម្មការិនី​នៅ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​ឲ្យ​បាន​ដឹង​ពី​គុណ​បំណាច់​ថ្ងៃ​៧មករា​ជា​ថ្ងៃ​ជោគជ័យ​ដែល​ជំនាន់​មុន​បាន​រួបរួម​គ្នា​រំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត ជាពិសេសការ​ដឹកនាំ​ដ៏ឈ្លាសវៃ​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលនាំមកនូវសុខសន្តិភាព និង​បានអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនទើបធ្វើឲ្យបងប្អូនកម្មករមានការងារធ្វើ និង​អាច​រក​ប្រាក់​ចំណូល​ទៀតទាត់ដូចសព្វថ្ងៃនេះ។អ្នកស្រី ចាន់ សំណាង វ័យ ៥៤ឆ្នាំ ជាកម្មការិនីរោងចក្រកាត់សម្លៀកបំពាក់ ស្ថិតនៅខណ្ឌកំបូល រាជ​ធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ជាង៤០ឆ្នាំកន្លងមកនេះ នៅតែ​ចងចាំ​មិន​ភ្លេច​នូវ​រឿង​រ៉ាវ​ដ៏​អាក្រក់ៗ ជាពិសេសការរស់នៅដែលព្រាត់ប្រាស់ពីក្រុមគ្រួសារ និងសាច់ញាតិ​មក​ដល់​សព្វ​ថ្ងៃ​នេះ​។ អ្នកស្រី និយាយទៀតថា ថ្ងៃ៧មករា ជាថ្ងៃរស់រានមានជីវិតថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និង​ជា​ប្រភព​កំណើត​នៃ​សន្តិភាពផងដែរ។ ស្រដៀងគ្នានេះកម្មការិនី សេង ប៊ុនណេ បានបង្ហាញការយល់ឃើញថា ទោះបីជា​កើត​មិន​ទាន់​ថ្ងៃ​៧​មករា ១៩៧៩ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលអ្នកស្រីបានដឹង គឺតាម​រយៈ​ជីដូន​ជីតា និងឪពុកម្តាយ និងតាមឯកសារផ្សេងៗ ដែលចាត់ទុកថា ថ្ងៃរំដោះ ៧មករា ជាថ្ងៃ​ចង​ចាំ​​មិន​អាចបំភ្លេចបានសម្រាប់មនុស្សគ្រប់ជំនាន់ពីអំពើឃោរឃៅ និងសោកនាដកម្ម ដែល​បាន​កើត​ឡើង​ចំពោះប្រទេសជាតិ និងប្រជាជនទាំងមូលក្នុងរបបប្រល័យពូជសាសន៍នេះ។សហជីព និងកម្មការនីទាំងនេះ បានសម្តែងការអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែល​តែង​តែ​បាន​គិតគូរពីសុខទុក្ខរបស់កម្មករនិយោជិត តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និង​នយោបាយ​នានា សំដៅរក្សាឲ្យបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការទទួល​បាន​នូវ​សុខមាល​ភាព​សង្គម និងអត្ថប្រយោជន៍ផ្សេងៗ។សូមរម្លឹកថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា បានខិតខំជំរុញសកម្មភាពនានា ទទួលបាន​សម្រេច​នូវ​សមិទ្ធ​ផល​ធំ​ៗ​គួរឱ្យគត់សម្គាល់។ ដូច្នេះហើយ​បាន​ជា​ប្រជាជន​កម្ពុជា​បាន​ចងចាំ​ជា​និច្ច​ថា​ថ្ងៃ​ជ័យ​ជម្នះ​៧​ម​ករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២របស់ខ្លួន «បើគ្មានថ្ងៃ​នេះ​ទេ​គឺ​គ្មាន​អ្វីៗ​សព្វ​បែប​យ៉ាង​ដូច​ថ្ងៃ​នេះ​ដែរ​»៕ អត្ថបទ៖ ឈិត បូរ៉ាវី

យោធាហ្វីលីពីន៖ នាវាចិនពីរគ្រឿងបានឃ្លាំមើលការល្បាតរួមរវាងហ្វីលីពីន និងអាមេរិក

2024/01/05 04:38:47 pm        159
យោធាហ្វីលីពីនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មករា) ថានាវាកងទ័ពជើងទឹកចិន ចំនួនពីរគ្រឿងបានបង្ហាញស្រមោលដើម្បីឃ្លាំមើលនាវាហ្វីលីពីន និងសហរដ្ឋអាមេរិក ដែលធ្វើការល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង ខណៈដែលភាពតានតឹងកំពុងផ្ទុះឡើងនៅក្នុងតំបន់ជុំវិញការទាមទារទឹកដីដែលមានជម្លោះនេះ។លោក សើសេស ទ្រីនីដាដ (Xerxes Trinidad) ប្រធានការិយាល័យកិច្ចការសាធារណៈរបស់យោធាហ្វីលីពីនបាននិយាយថា «យើងបញ្ជាក់ពីវត្តមានរបស់នាវាកងទ័ពជើងទឹករំដោះប្រជាជន (PLA-N) ពីចម្ងាយដែលបង្ហាញស្រមោលដើម្បីឃ្លាំមើលអ្នកចូលរួមក្នុងសកម្មភាពសហការណ៍ដែនសមុទ្រ»។សមយុទ្ធដែនសមុទ្ររយៈពេលពីរថ្ងៃដែលពាក់ព័ន្ធនឹងទីក្រុងម៉ានីល និងវ៉ាស៊ីនតោន និងដែលបានបញ្ចប់តាមការគ្រោងទុកកាលពីថ្ងៃព្រហស្បតិ៍នេះ គឺជាសមយុទ្ធលើកទីពីរក្នុងរយៈពេលតិចជាងពីរខែនៅក្នុងសមុទ្រហ្វីលីពីនខាងលិច ជាឈ្មោះដែលទីក្រុងម៉ានីលបានដាក់នៅក្នុងសមុទ្រចិនខាងត្បូង ដែលស្ថិតក្នុងចម្ងាយ ២០០ម៉ាយល៍ណត់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ខ្លួន។សកម្មភាពទាំងនេះបានកើតឡើងបន្ទាប់ពីការព្រមានរបស់ទីក្រុងប៉េកាំង ទៅកាន់ហ្វីលីពីន ថាការគណនាខុសណាមួយនៅក្នុងជម្លោះដែលកំពុងកើនឡើងរបស់ពួកគេនៅសមុទ្រចិនខាងត្បូង នឹងនាំមកនូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់៕

មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន អំពាវនាវឱ្យជំរុញការផលិតយានបាញ់មីស៊ីល

2024/01/05 04:06:12 pm        145
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (០៥ មករា) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការជំរុញការផលិតយានបាញ់មីស៊ីលជាច្រើនគ្រឿង ដោយហៅរឿងនេះថាជាកិច្ចការសំខាន់មួយដើម្បីរៀបចំសម្រាប់ «ការប្រយុទ្ធយោធា» ជាមួយសត្រូវ។ទីភ្នាក់ងារសារព័ត៌មាន KCNA បានរាយការណ៍ថា លោក គីម បានទៅពិនិត្យរោងចក្រផលិតឧបករណ៍ដឹកជញ្ជូនជើងទម្រសម្រាប់បាញ់មីស៊ីល (TEL) និងបាននិយាយថា ការផលិតយានផ្សេងៗសម្រាប់អាវុធតាកទិច និងយុទ្ធសាស្ត្រ គឺជាកិច្ចការសំខាន់ក្នុងការជំរុញការរារាំងសង្គ្រាមនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនេះកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថាកូរ៉េខាងជើងថ្មីៗនេះបានផ្តល់ឲ្យរុស្ស៊ីនូវមីស៊ីលផ្លោង និងមីស៊ីលសម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូ ប្រឆាំងនឹងអ៊ុយក្រែន ដោយជាអាវុធខ្លះដែលរុស្ស៊ីបានបាញ់ចូលទៅក្នុងអ៊ុយក្រែន។ក្នុងអំឡុងពេលកិច្ចប្រជុំគណបក្សដ៏សំខាន់មួយកាលពីសប្តាហ៍មុន លោក គីម បានបញ្ជាឱ្យវិស័យយោធា ឧស្សាហកម្មគ្រាប់បែក និងវិស័យអាវុធនុយក្លេអ៊ែររបស់ប្រទេសខ្លួន ឱ្យពន្លឿនការរៀបធ្វើសង្រ្គាម ខណៈដែលលោកបាននិយាយថា គោលនយោបាយរបស់សហរដ្ឋអាមេរិក កំពុងធ្វើឱ្យកើតមានសង្រ្គាមដោយជៀសមិនរួច៕

ក្រុមការងារចំពោះកិច្ច ប្រជុំពិភាក្សាអំពីតម្លៃសេវាប្រើប្រាស់ផ្លូវចេញចូល​អាកាសយានដ្ឋាន​អន្តរជាតិសៀមរាប-អង្គរ

2024/01/05 04:01:57 pm        305
ក្រុមការងារចំពោះកិច្ច ដែល​អញ្ជើញមកពីគ្រប់ភាគី​បានបើកកិច្ចប្រជុំ​ពិភាក្សា​អំពី​តម្លៃសេ​វា​ប្រើប្រាស់​ផ្លូវ​ចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បន្ទាប់ពីមានសំណូមពរ​របស់​អ្នក​ប្រកប​របរដឹកភ្ញៀវទេសចរលើការយកថ្លៃសេវាចេញចូល។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាល​ពី​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចំពោះកិច្ច ដើម្បី​ពិភាក្សា​អំពី​តម្លៃ​សេវា​ប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលកិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​នៅ​ទីស្តីការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម​រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល តំណាងក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ និងឯកឧត្តមអភិបាលរង​ នៃគណៈអភិបាល​ខេត្តសៀមរាប ឯកឧត្តម លោកជំទាវ លោក លោក​ស្រី និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។មន្ត្រីបានឱ្យដឹងថា កិច្ចប្រជុំនេះ ត្រូវបាន​រៀប​ចំឡើង​បន្ទាប់​ពី​ទទួល​បាន​ការ​ចង្អុល​បង្ហាញ​ដោយ​ផ្ទាល់​ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើត​ឱ្យ​មាន​ក្រុម​ការងារ​ចំពោះ​កិច្ច​ដោះស្រាយលើ​តម្លៃសេវាប្រើប្រាស់ផ្លូវចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ។ អង្គប្រជុំក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជជែក​ពិភាក្សា​យ៉ាង​ផុលផុស​ និងបាន​សម្រេច​រៀបចំ​បេសកកម្ម​ចុះ​ពិនិត្យ​ស្ថាន​ភាព​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប-​អង្គរ នាពេលឆាប់ៗខាងមុខ។មន្ត្រីបន្ថែមថា បន្ទាប់ពីការចុះពិនិត្យស្ថានភាពអាកាសយានដ្ឋានរួចរាល់ ក្រុម​ការងារ​ចំពោះ​កិច្ច​គ្រោង​នឹង​ជួប​ជជែក​ពិភាក្សាជាមួយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. ដែលហៅកាត់ថា AIAI សំដៅរួមគ្នា​ស្វែងរក​ដំណោះស្រាយ​សមស្រប​ជូន​​ដល់បងប្អូនប្រជាពលរដ្ឋ។សូមជម្រាបថា ប៉ុន្មានថ្ងៃមកនេះ មានអ្នកប្រកបរបរដឹកភ្ញៀវទេសចរមួយចំនួន បាន​សម្តែង​អារម្មណ៍​មិន​ពេញចិត្ត ហើយក៏មានមួយចំនួនបានបង្ហោះរូបភាព និងខ្លឹមសារ​ក្នុង​បណ្តាញ​សង្គម​ចំពោះ​ការ​បង់ថ្លៃសេវាចេញចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ភ្លាមៗ​កាល​ពី​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ២០២៤ គណៈអភិបាលខេត្ដសៀមរាប បាន​ជួប​ពិភាក្សា​ជាមួយ​អ្នក​ដឹក​ភ្ញៀវ​ទេសចរ​ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ ក្រោយអ្នក​វិនិយោគ​អាកាស​យានដ្ឋាន​អន្ដរជាតិ​សៀមរាប-អង្គរ ប្រកាសយកថ្លៃការធ្វើដំណើរតាមផ្លូវហាយវេនោះ ដែលការ​ពិភាក្សា​នោះ​ធ្វើ​ឡើង​នៅ​សាលាខេត្ដសៀមរាប។លោក លី សំរិទ្ធ អភិបាលរងខេត្ដសៀមរាប បានឱ្យដឹងនាកិច្ចប្រជុំនោះថា ការជួបពិភាក្សាគ្នានោះ គឺ​បា​នឱ្យក្រុមតំណាងអ្នកដឹកភ្ញៀវទេសចរលើកឡើងពីបញ្ហាផ្សេងៗ ដើមី្ប​រដ្ឋបាល​ខេត្ត​ដាក់​ជូន​ទៅ​រាជ​រដ្ឋាភិបាលធ្វើការដោះស្រាយ ព្រោះខេត្តមិនមានសិទ្ធសម្រេចនោះឡើយ។ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា ផ្លូវ​នេះ​ហាយ​វេ​ចេញ​ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺក្រុមហ៊ុនជាអ្នកវិនិយោគ ហើយ​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅគឺបើកឱ្យប្រើប្រាស់ដោយមិនយកថវិកាទេ ប៉ុន្តែអ្នកដឹកភ្ញៀវ​ចូល​ទៅ​ក្នុង​អាកាស​យានដ្ឋាន​ទើបត្រូវបង់ថវិកា បើមិនចូលអាកាសយានដ្ឋានពុំបានយកថវិកាទេ ដោយសារ​បញ្ជរ​បង់​ប្រាក់​ស្ថិត​ក្នុងទិសដៅចូលអាកាសយានដ្ឋាន។សូមបញ្ជាក់ថា សម្រាប់ផ្លូវចូលអាកាសយានដ្ឋានសៀមរាប-អង្គរនេះ គឺជាផ្លូវហាយវេ តភ្ជាប់​ចាប់​ពី​ផ្លូវ​ជាតិ​លេខ៦ ដល់អាកាសយានដ្ឋាន គឺពុំមានបញ្ជរបង់ថវិកាទេ លុះត្រា​ចូល​ទៅ​ដល់​ចំណត​អាកាស​យានដ្ឋានទើបមានបញ្ជរបង់ថវិកា ហើយប្រជាពលរដ្ឋចូលមិនតម្រូវឱ្យបង់ថវិកាទេ លើក​លែង​តែ​អ្នកប្រកបរបរដឹកភ្ញៀវទើបយកថវិកា ទៅតាមប្រភេទយានយន្ត ក្នុងនោះ​មាន​ប្រភេទ​រថយន្ត​ត្រូវ​បង់ ៣ដុល្លារ ៤ដុល្លារ ៦ដុល្លារ ៨ដុល្លារ ៩ដុល្លារ ១២ដុល្លារ និង១៦ដុល្លារជាដើម៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM