កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិនជំរុញឲ្យមានការប្រុងប្រយ័ត្នក្នុងតំបន់ ខណៈយោធាអាមេរិក បង្កើនការដាក់ពង្រាយកម្លាំង

2023/12/29 06:16:05 pm        144
ក្រសួងការពារជាតិរបស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ) បានជំរុញឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិក មានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលសហរដ្ឋអាមេរិក បង្កើនការពង្រាយយោធានៅក្នុងតំបន់ បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីផែនការរបស់សហរដ្ឋអាមេរិក ដើម្បីស្តារឡើងវិញនូវអាកាសយានដ្ឋានប៉ាស៊ីហ្វិកមួយដែលបានបាញ់ទម្លាក់គ្រាប់បែកអាតូមិកទៅលើប្រទេសជប៉ុន។លោក វ៉ូ ឈាន (Wu Qian) អ្នកនាំពាក្យក្រសួងការពារជាតិចិន បានប្រាប់សន្និសីទសារព័ត៌មានជាទៀងទាត់ថា យោធាចិនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ហើយនឹងការពារយ៉ាងរឹងមាំនូវសិទ្ធិដែនសមុទ្រ សន្តិសុខ និងអធិបតេយ្យភាពរបស់ចិននៅក្នុងតំបន់។កាលពីដើមខែធ្នូ ឧត្តមសេនីយកងទ័ពអាកាសអាមេរិកបានប្រាប់សារព័ត៌មាន នីកគី (Nikkei) របស់ជប៉ុនថា យោធាអាមេរិកនឹងធ្វើឱ្យមាន «វឌ្ឍនភាពដ៏សំខាន់» ឆ្ពោះទៅរកការទាមទារយកមកវិញនូវអាកាសយានដ្ឋាន ធីននៀន ណស (Tinian North) ពីតំបន់ព្រៃក្រាស់នៅប៉ុន្មានខែខាងមុខនេះ ដែលជាផ្នែកនៃផែនការផ្ទុកយន្តហោះនៅទូទាំងឥណ្ឌូ-តំបន់ប៉ាស៊ីហ្វិក ខណៈការគំរាមកំហែងមីស៊ីលរបស់ចិនកាន់តែខ្លាំងក្លាឡើង។អាកាសយានដ្ឋាន ដែលត្រូវបានបោះបង់ចោលក្រោយសង្គ្រាមលោកលើកទី២នោះ ស្ថិតនៅលើកោះ ធីននៀន (Tinian) ដែលជាផ្នែកនៃប្រជុំកោះ ណសធើន ម៉ារីអាណា (Northern Mariana) ដែលជាទឹកដីរបស់សហរដ្ឋអាមេរិក និងចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគខាងជើងនៃដែនដីហ្គាំ៕

អ៊ុយក្រែន អាចនឹងពន្យារពេលការដំឡើងប្រាក់សោធននិវត្តន៍ដោយសារគ្មានជំនួយពីបរទេស

2023/12/29 05:59:47 pm        157
រដ្ឋមន្ត្រីគោលនយោបាយសង្គមរបស់អ៊ុយក្រែន និយាយថាខ្លួនជឿជាក់ថាប្រទេសនេះនឹងអាចផ្តល់ប្រាក់សោធននិវត្តន៍បាន ទោះបីជាជំនួយហិរញ្ញវត្ថុលោកខាងលិចដ៏សំខាន់មិនត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះក៏ដោយ ប៉ុន្តែការធ្វើសន្ទស្សន៍ប្រាក់សោធននិវត្តន៍ ពោលគឺការដំឡើងកញ្ចប់ថវិកា ដែលបានគ្រោងទុក ដើម្បីរក្សាវាឱ្យស្របទៅនឹងការកើនឡើងនៃតម្លៃទំនិញ អាចនឹងត្រូវពន្យារពេល។ទីក្រុងគីវ បានចាក់ប្រាក់ចំណូលទាំងអស់របស់ខ្លួនចូលទៅក្នុងវិស័យការពារជាតិចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ មកដោយពឹងផ្អែកលើជំនួយបរទេសដើម្បីរ៉ាប់រងគ្រប់យ៉ាងរាប់ចាប់ពីប្រាក់សោធននិវត្តន៍ដល់ការចំណាយសង្គម។ ប៉ុន្តែកញ្ចប់ថវិកាសំខាន់ៗ រួមទាំងថវិកា ៥០ពាន់លានអឺរ៉ូ (៥៥,៥៤ ពាន់លានដុល្លារ) ពីសហភាពអឺរ៉ុប ត្រូវបានរារាំងនៅទីក្រុងព្រុចសែល និងទីក្រុងវ៉ាស៊ីនតោន។រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនបានប្រាប់សារព័ត៌មាន FT កាលពីថ្ងៃពុធថា មន្ត្រីរាជការចំនួន ៥០ម៉ឺននាក់ គ្រូបង្រៀន ១,៤លាននាក់ និងបុគ្គលិកនិវត្តន៍ចំនួន ១០លាននាក់ អាចជួបប្រទះនឹងការពន្យារពេលការទូទាត់ប្រាក់ឈ្នួល ប្រសិនបើជំនួយហិរញ្ញវត្ថុរបស់លោកខាងលិចមិនត្រូវបានអនុម័តក្នុងពេលឆាប់ៗនេះទេ៕

ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យមានសាមគ្គីភាព និងក្ដីសង្ឃឹមក្នុងសារឆ្នាំថ្មី

2023/12/29 05:52:09 pm        128
នៅក្នុងសារវីដេអូដែលបានចេញផ្សាយនៅមុនថ្ងៃនៃឆ្នាំ ២០២៤ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងទៅកាន់ពិភពលោក ដោយឆ្លុះបញ្ចាំងពីទិដ្ឋភាពពិត និងទុក្ខលំបាកឆ្នាំចាស់ និងផ្តល់នូវចក្ខុវិស័យនៃការរួបរួម និងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មីខាងមុខ។លោក Guterres បាននិយាយថា ឆ្នាំ២០២៣ 2023 គឺជាឆ្នាំនៃការរងទុក្ខវេទនា អំពើហិង្សា និងភាពវឹកវរនៃអាកាសធាតុ មនុស្សជាតិស្ថិតក្នុងការឈឺចាប់ ហើយភពផែនដីរបស់យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់។ ឆ្នាំ ២០២៣ នេះ គឺជាឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រា។ ដោយលើកឡើងពីបញ្ហាជាសកល កំពុងមានភាពតានតឹង ដែលបានរួមបញ្ជូលបញ្ហាប្រឈមរបស់ពិភពលោក ប្រមុខអង្គការសហប្រជាជាតិរូបនេះ បានសង្កត់ធ្ងន់ថា ភាពក្រីក្រ និងភាពអត់ឃ្លាននៅតែបន្តកើតមានលើមនុស្សរាប់មិនអស់ ស្របពេលជម្លោះ និងសង្រ្គាមកំពុងកើនឡើងកាន់តែខ្លាំង។ ទំនុកចិត្ត ទាំងក្នុងចំណោមប្រជាជាតិ ទាំងក្នុងសហគមន៍គឺ ខ្វះខាតខ្លាំងណាស់។ លោក Guterres បានជំរុញឱ្យមានការអត់ធ្មត់ ចំពោះការចោទកំហុសដាក់គ្នា និងងាកចេញពីអំពើហិង្សាដោយនិយាយថា ពីការលើកដៃចង្អុលទៅកាន់នរណាម្នាក់ និងភ្ជង់កាំភ្លើងចង្អុលទៅលើកន្លែងណាមួយ។ មនុស្សជាតិ គឺខ្លាំងបំផុត នៅពេលដែលយើងឈរជាមួយគ្នា ។ដោយសម្លឹងមើលទៅអនាគត មន្ត្រីកំពូលរបស់អង្គការសហប្រជាជាតិរូបនេះ បានអំពាវនាវឱ្យឆ្នាំថ្មី ឆ្នាំ២០២៤ ជាឆ្នាំដែលឧទ្ទិសដល់ ការកសាងទំនុកចិត្តឡើងវិញ និងស្តារក្តីសង្ឃឹមឡើងវិញ ។លោកបានសង្កត់ធ្ងន់ថា យើងត្រូវតែរួមគ្នាឆ្លងកាត់ឲ្យបាននូវការខ្វែងគំនិតគ្នាសម្រាប់ដំណោះស្រាយរួមគ្នា រួមទាំងការចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការប្រែប្រួលអាកាសធាតុ ការបង្កើតឱកាសសេដ្ឋកិច្ច និងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុសកលប្រកបដោយសមធម៌ជាងមុន ដែលផ្តល់អត្ថប្រយោជន៍ដល់យើងទាំងអស់គ្នា៕

យោធាចិន រិះគន់សហរដ្ឋអាមេរិក ត្បិតមានការពិភាក្សាតាមវីដេអូ ប្រកបដោយការស្ថាបនា និងវិជ្ជមាន

2023/12/29 05:44:57 pm        174
ក្រសួងការពារជាតិចិន បានរិះគន់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ មួយសប្ដាហ៍ បន្ទាប់ពីក្រុមមន្ត្រីយោធាជាន់ខ្ពស់របស់ប្រទេសទាំង២ បានបន្តការពិភាក្សាកម្រិតខ្ពស់ ដោយរិះគន់សហរដ្ឋអាមេរិក ចំពោះសកម្មភាពជ្រៀតជ្រែកដែលនៅតែបន្តក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងនិយាយថា ប្រទេសចិន បានព្យាយាមទប់ស្កាត់ផ្នត់គំនិតសង្គ្រាមត្រជាក់។ ភាគីទាំងពីរបានសន្យានៅក្នុងកិច្ចពិភាក្សាថា នឹងធ្វើការឆ្ពោះទៅរកការស្តារទំនាក់ទំនងឡើងវិញ ដើម្បីជៀសវាងការគណនាខុស និងការយល់ច្រឡំ ដោយសហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានការធ្វើការការងាររួមគ្នាបន្ថែមទៀត ដើម្បីធានាថាទំនាក់ទំនងយោធានៅតែបើកចំហ និងអាចទុកចិត្តបាន។ ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិចិនបានបញ្ចេញប្រតិកម្មចំៗនៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំចុងក្រោយនោះ។អ្នកនាំពាក្យ លោក វ៉ូ ជៀន (Wu Qian) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកបន្តពង្រឹងការដាក់ពង្រាយផ្នែកយោធានៅអាស៊ីប៉ាស៊ីហ្វិករបស់ខ្លួន ដែលបញ្ហានេះ ពោរពេញទៅដោយផ្នត់គំនិតសង្គ្រាមត្រជាក់ ។គោលដៅនេះ គឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អាមេរិក និងដើម្បីរក្សាអនុត្តរភាពរបសអាមេរិក ដូចគ្នា។ ធម្មជាតិរបស់សហរដ្ឋអាមេរិក គឺដើម្បីជំរុញឱ្យមានការប្រឈមមុខដាក់គ្នា។ក្រុមមន្ត្រីសហរដ្ឋអាមេរិកបានសង្ឃឹមថា កិច្ចពិភាក្សាកាលពីសប្តាហ៍មុន នៅពេលដែលឧត្តមសេនីយជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ឆាលស៍ ប្រោន( Charles Brown)និងសមភាគីចិន របស់លោក គឺឧត្តមសេនីយ៍ លីវ ឈិនលី (Liu Zhenli) បានធ្វើសន្និសីទតាមវីដេអូនៅក្នុងព្រឹត្តិការណ៍បែបនេះជាលើកដំបូងក្នុងរយៈពេលជាងមួយឆ្នាំ អាចនាំមកនូវការស្តារឡើងវិញយ៉ាងទូលំទូលាយនៅក្នុងទំនាក់ទំនងយោធា។លោក Wu បាននិយាយថា ការជួបពិភាក្សាតាមវីដេអូ នេះ បានផ្តល់នូវ លទ្ធផលវិជ្ជមាន និងស្ថាបនា៕

អាមេរិក និងម៉ិកស៊ិក យល់ព្រមពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ដ៏លើសលប់

2023/12/29 05:36:47 pm        113
មន្ត្រីម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានយល់ព្រមធ្វើការជាមួយគ្នាកាន់តែជិតស្និទ្ធដើម្បីដោះស្រាយការធ្វើអន្តោប្រវេសន៍នៅឯព្រំដែនរួមគ្នារបស់ពួកគេ នេះបើយោងតាមរដ្ឋាភិបាលនៃប្រទេសទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ (២៨ ធ្នូ) រយៈពេលមួយថ្ងៃបន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់ស្តីពីការកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ដ៏លើសលប់ដែលមិនធ្លាប់មានពីមុនមក។បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសម៉ិកស៊ិក ដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខិន (Antony Blinken) ប្រទេសទាំងពីរបាននិយាយថាពួកគេនឹងស្វែងរកការពង្រឹងគំនិតផ្តួចផ្តើមឧបត្ថម្ភសម្រាប់ជនអន្តោប្រវេសន៍មកពីវ៉េណេស៊ុយអេឡា គុយបា នីការ៉ាហ្កា និងហៃទី ហើយនិងពិនិត្យមើលដើម្បីដោះស្រាយឫសគល់នៃការធ្វើអន្តោប្រវេសន៍ទាំងនេះ។កិច្ចពិភាក្សានេះបានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក បានបិទជាបណ្តោះអាសន្ននូវច្រកព្រំដែនមួយចំនួនដើម្បីដាក់ពង្រាយភ្នាក់ងារឡើងវិញឆ្ពោះទៅរកការអនុវត្តច្បាប់ ដែលបង្កឱ្យមានការធ្លាក់ចុះនៃពាណិជ្ជកម្ម និងការរិះគន់ដោយគណបក្សសាធារណរដ្ឋនៃគោលនយោបាយព្រំដែនរបស់រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន។កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីម៉ិកស៊ិក លោក អាន់ដ្រេស ម៉ាញ៉ូអ៊ែល ឡូប៉េស អូប្រាឌ័រ (Andres Manuel Lopez Obrador) បាននិយាយថា ភាគីទាំងពីរបានយល់ព្រមរក្សាការបើកច្រកព្រំដែនបន្ទាប់ពីការបិទបណ្តោះអាសន្ន។ ប្រធានាធិបតីម៉ិកស៊ិករូបនេះបានបន្ថែមថាកិច្ចប្រជុំកាលពីថ្ងៃពុធជាមួយគណៈប្រតិភូសហរដ្ឋអាមេរិក គឺមានលក្ខណៈ «ត្រង់ៗ» ហើយបានសរសើរទំនាក់ទំនងរបស់រដ្ឋបាលអាមេរិក ជាមួយម៉ិកស៊ិក៕

អង់គ្លេស អាមេរិក បារាំង និងអាល្លឺម៉ង់ ថ្កោលទោសអ៊ីរ៉ង់ ចំពោះការពន្លឿនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម

2023/12/29 05:32:26 pm        143
មហាអំណាចលោកខាងលិចកាលពីថ្ងៃព្រហស្បតិ៍បានថ្កោលទោសប្រទេសអ៊ីរ៉ង់ចំពោះការពន្លឿនការផលិតអ៊ុយរ៉ានីញ៉ូម ក្នុងកម្រិតខ្ពស់របស់ខ្លួន បន្ទាប់ពីអង្គការឃ្លាំមើលការមិនរីកសាយអាវុធនុយក្លេអ៊ែរ និយាយថា អ៊ីរ៉ង់បានបង្កើនទិន្នផលរបស់ខ្លួនបន្ទាប់ពីការធ្លាក់ចុះជាច្រើនខែ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិក បាននិយាយថា ពួកគេ ថ្កោលទោសវិធានការនេះដែលធ្វើឱ្យកាន់តែធ្ងន់ធ្ងរដល់ការបន្តកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដោយបន្ថែមថា ការផលិតសារធាតុអ៊ុយរ៉ានីញ៉ូ ក្នុងម្រិតខ្ពស់របស់អ៊ីរ៉ង់ មិនមានហេតុផលស៊ីវិលគួរឱ្យជឿជាក់នោះទេ។អ្នកនាំពាក្យរបស់ទាំងប្រទេសនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ថា យើងជំរុញឱ្យអ៊ីរ៉ង់ ទម្លាក់ចោលជំហានទាំងនេះជាបន្ទាន់ និងបន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ។ពួកគេបាននិយាយថា យើងនៅតែប្តេជ្ញាចិត្តចំពោះដំណោះស្រាយការទូត ហើយបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងថា អ៊ីរ៉ង់មិនត្រូវអភិវឌ្ឍអាវុធនុយក្លេអ៊ែរឡើយ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានចេញផ្សាយរបាយការណ៍មួយដោយនិយាយថាប្រទេសអ៊ីរ៉ង់ បានបង្កើនការផលិតអ៊ុយរ៉ានីញ៉ូម ក្នុងកម្រិតខ្ពស់ ផ្ទុយពីការថយចុះទិន្នផលកាលពីកន្លងទៅ ចាប់ពីពាក់កណ្តាលឆ្នាំ ២០២៣ នេះ។ អង្គការឃ្លាំមើលការមិនរីកសាយអាវុធនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រទេសអ៊ីរ៉ង់បានបង្កើនទិន្នផលរបស់ខ្លួន៦០% ដែលចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមដល់អត្រាប្រហែល៩ គីឡូក្រាម ក្នុងមួយខែ ចាប់តាំងពីចុងខែវិច្ឆិកាមក។ ចំនួននោះគឺកើនឡើងពីប្រហែល ៣គីឡូក្រាមក្នុងមួយខែចាប់តាំងពីខែមិថុនា មក និងការត្រលប់ទៅដល់ចំនួន ៩ គីឡូក្រាមក្នុងមួយខែ ដែលប្រទេសនេះកំពុងផលិតក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣នេះ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេកាលពីថ្ងៃព្រហស្បតិ៍ មហាអំណាចលោកខាងលិចបាននិយាយថា ការវិវឌ្ឍន៍ទាំងនេះបង្កើតបានជាជំហានមួយក្នុងទិសដៅអាក្រក់មួយរបស់អ៊ីរ៉ង់ ដោយព្រមានអំពី ហានិភ័យនៃការរីកសាយភាយដ៏គ្រោះថ្នាក់៕

រដ្ឋ ម៉េន(Maine) ក្លាយជារដ្ឋទីពីររបស់សហរដ្ឋអាមេរិក ដែលរារាំងលោក Trump មិនឲ្យដាក់ឈ្មោះលើសន្លឹកឆ្នោតប្រធានាធិបតី

2023/12/29 05:13:09 pm        162
រដ្ឋមន្ត្រីការបរទេសប្រចាំរដ្ឋមកពីគណបក្សប្រជាធិបតេយ្យ របស់រដ្ឋម៉េន(Maine) កាលពីថ្ងៃព្រហស្បតិ៍ ទី ២៨ ខែធ្នូ បានដកសិទ្ធិអតីតប្រធានាធិបតីលោកDonald Trump ចេញពីសន្លឹកឆ្នោតបឋម​របស់ប្រធានាធិបតី របស់រដ្ឋក្រោមមាត្រា នៃការបះបោររបស់រដ្ឋធម្មនុញ្ញ ដោយក្លាយជាមន្ត្រីបោះឆ្នោតដំបូងដែលចាត់វិធានការជាឯកតោភាគីក្នុងការសម្រេចចិត្តដ៏សំខាន់នៃអង្គបោះឆ្នោត។ ស្របពេលរដ្ឋ Maine មានអង្គបោះឆ្នោតចំនួនបួនប៉ុណ្ណោះ រដ្ឋនេះក្លាយជារដ្ឋមួយក្នុង​ចំណោមរដ្ឋចំនួនពីរដែល ត្រូវបំបែកអាសនៈទាំងនោះ។លោកTrump បានឈ្នះអង្គបោះឆ្នោតមួយនៅក្នុងរដ្ឋ Maine ក្នុងឆ្នាំ ២០២០ ដូច្នេះការដកសិទ្ធិ​លោកចេញ​ពីសន្លឹកឆ្នោតក្នុងរដ្ឋនេះ ខណៈលោកជាបេក្ខជននៃការបោះឆ្នោត​សកលរបស់​គណបក្សសាធារណរដ្ឋអាចបង្កភាពស្មុគស្មាញដល់ការប្រកួតប្រជែងដែលរំពឹងថានឹងមានការលំបាក់ក្នុងការសម្រេចចិត្ត។ ការសម្រេចចិត្តរបស់រដ្ឋមន្ត្រី​ការបរទេសប្រចាំ​លោកស្រីហ្សេណា បេឡាវស៍ (Shena Bellows) ធ្វើឡើងបន្ទាប់ពីសេចក្តីសម្រេចកាលពីខែធ្នូដោយតុលាការកំពូលរដ្ឋ Colorado ដែលបានដកសិទ្ធិលោក Trump ចេញពីសន្លឹកឆ្នោតនៅទីនោះ ក្រោមមាត្រា ៣ នៃវិសោធនកម្មលើកទី១៤ ។ Colorado គឺជារដ្ឋគាំទ្រគណបក្សប្រជាធិបតេយ្យ ដែលមិនត្រូវបានគេរំពឹងថា នឹងមានការប្រកួតប្រជែង​សម្រាប់គណបក្សសាធារណរដ្ឋនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៤នោះ។ លោកស្រីបេឡាវស៍ (Bellows)បានរកឃើញថា Trump មិនអាចឈរឈ្មោះសម្រាប់ការងារដំបូង​របស់លោកបានទៀតទេ ដោយសារតួនាទីរបស់លោកនៅក្នុងការវាយប្រហារកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ លើវិមាន Capitol របស់សហរដ្ឋអាមេរិក បានរំលោភលើមាត្រា៣ ដែលហាមប្រាមប្រកួតប្រជែងតំណែងចំពោះអ្នកទាំងឡាយដែលបានពាក់ព័ន្ធក្នុងការបះបោរ។ លោកស្រី បានធ្វើសេចក្តីសម្រេចនេះឡើយ បន្ទាប់ពីពលរដ្ឋក្នុងរដ្ឋមួយចំនួន រួមទាំងអតីត​តំណាងរាស្ត្រ​មកពីគណបក្សទាំង២ បានជំទាស់នឹងជំហររបស់លោក Trump នៅលើសន្លឹកឆ្នោត៕

សម្តេចធិបតី៖ សន្តិភាពបង្ករជម្រើសបង្កើតឱកាសដល់កូនខ្មែរគ្រប់រូប ហើយសន្តិភាពនេះ នឹងទទួលផលជារៀងរហូត

2023/12/29 05:00:26 pm        207
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សុខសន្តិភាពបង្ករជម្រើស និងបង្កើតឱកាសដល់កូនចៅខ្មែរគ្រប់រូប ហើយផលលាភនៃសុខសន្តិភាពនេះ មិនមែនបានត្រឹមតែបច្ចុប្បន្ននោះទេ គឺបានផលដល់កូនខ្មែរគ្រប់ជំនាន់ និងជារៀងរហូតតទៅ។ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងនៅក្នុងពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងការប្រារព្ធខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅក្នុងវិមាន ឈ្នះ ឈ្នះ។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា យើងទាំងអស់គ្នា មិនថាកងកម្លាំងប្រដាប់​អាវុធគ្រប់​ប្រភេទប្រជាពលរដ្ឋខ្មែរទាំងអស់ គឺត្រូវចូលរួមថែរក្សាសន្តិភាព ដែលរកបានដោយកម្រនេះ​ឲ្យខាងតែបាន ដោយសន្តិភាពនេះហើយបានផ្តល់ឱកាសឲ្យយើងទាំងអស់គ្នា​បានឈរនៅកន្លែង​នេះរួមគ្នាបាន ជាក់ស្តែង សន្តិភាពដែលកម្ពុជាយើងទទួលបានក្នុងរយៈពេល២៥ឆ្នាំមកនេះ គឺបានផ្តល់ឱកាសឲ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ វិស័យអប់រំ សុខាភិបាល ឱកាសការងារ និងផលលាភជា ច្រើនទៀត។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា ដរាបណាកម្ពុជា​បន្តមានសុខសន្តិភាពគឺកម្ពុជា នឹងកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ខណៈមហិច្ឆតារបស់​រាជរដ្ឋាភិបាលនឹងខិតខំលើកស្ទួយកិត្យានុភាពប្រទេសកម្ពុជាឲ្យកាន់តែខ្ពស់ត្រដែត​ឡើង​បន្ថែមទៀត នៅលើឆាកអន្តរជាតិ ដោយមហិច្ឆតាទាំងនេះ គឺដើម្បីផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិទាំងមូល៕អត្ថបទបាន ចក់

សម្តេចធិបតី៖ ភាពជោគជ័យរបស់នយោបាយឈ្នះ ឈ្នះ បានផលលាភទាំងក្រុមប្រឆាំង និងពលរដ្ឋគ្រប់រូប

2023/12/29 04:44:27 pm        155
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ភាពជោគជ័យនៃនយោបាយឈ្នះ ឈ្នះគឺទទួលបានផលលាភទាំងអស់គ្មា មិនថាក្រុមអ្នករិះគន់ មន្រ្តីរាជការ ឬប្រជាពលរដ្ឋនោះឡើយ ខណៈនយោបាយឈ្នះ ឈ្នះ នេះគឺជាការទុកចិត្តលើសម្តេចតេជោ ដែលជាស្ថាបនិកនៃនយោបាយមួយនេះ។ឱកាសអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់​សង្គ្រាមស៊ីវិល​នៅកម្ពុជា និងការអនុវត្តប្រកបដោយភាពជោគជ័យនូវនយោបាយឈ្នះ ឈ្នះ និងការប្រារព្ធខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយ ឈ្នះ ឈ្នះ បានជោគជ័យរហូតដល់ពេលនេះ គឺកើតចេញពីការដាក់ចេញនូវគោលនយោបាយច្បាស់លាស់របស់សម្តេចតេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្រ្តី ដោយមានការចូលរួមពីគ្រប់ប្រតិបត្តិករ រួមទាំងប្រជាពលរដ្ឋផងដែរ។សម្តេចធិបតី បានបន្ថែមថា គ្រប់ភាគីជម្លោះ ជាពិសេសភាគីខ្មែរក្រហម បានកាន់ទ័ពរាប់ពាន់នាក់ និងមានប្រជាជនរាប់ម៉ឺននាក់នៅក្នុងដៃ ដែលស្ថិតនៅក្នុងតំបន់ត្រួតត្រា រួមទាំងមានសព្វាវុធ​គ្រប់ប្រភេទ​នៅតាមបណ្ដោយព្រំដែន​ តើចាំបាច់អ្វីដែលត្រូវពួកគេបោះបង់ចោល ហើយមកចូលរួម​ជាមួយរាជរដ្ឋាភិបាលនាគ្រានោះ។ ចំពោះន័យនេះ សម្ដេចធិបតី បានរំលឹកថា បើមិនមានការជឿទុកចិត្តលើអ្នកធានា ពិសេស​តួអង្គសម្ដេចតេជោ ដែលជាអ្នកធានាផ្ទាល់នោះទេ ក៏ភាគីទាំងនោះមិនបញ្ចប់ជម្លោះខ្មែរនិងខ្មែរដែរ ដូច្នេះហើយ ភាពជឿទុកចិត្តជាកត្តាដ៏សំខាន់ណាស់ ដែលជាកត្តាគន្លឹះមួយធ្វើឱ្យ​នយោបាយ​ឈ្នះឈ្នះ ជោគជ័យ ហើយយើងទាំងអស់គ្នាបានទទួលផលមករហូតដល់សព្វថ្ងៃនេះ។សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា នយោបាយឈ្នះឈ្នះ ជោគជ័យគឺការបង្កើតការជឿទុកចិត្ត មិនមែននៅលើប្រដាសទេ វាបានកើតឡើងនៅលើដីតែម្ដង គឺការ​សមាហរណកម្ម និងការអភិវឌ្ឍ​ដោយរាជរដ្ឋាភិបាលមិនយកទោសពៃ ហើយការធានាគ្រប់បែបយ៉ាងសម្រាប់ភាគីទាំងនោះ ជាពិសេសគឺភាគីខ្មែរក្រហម។ មួយវិញទៀតនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែបញ្ចប់សង្គ្រាមនាំមក​នូវសន្តិភាព និងការឯកភាពជាតិពេញលេញប៉ុណ្ណោះទេ វាថែមទាំងរក្សាបាននូវស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពទៀតផង៕អត្ថបទបាន ចក់

នាវាទេសចរណ៍បរទេសមួយគ្រឿងទៀត ផ្ទុកទេសចរជិត ១.០០០នាក់ ចូលចតធ្វើទស្សនកិច្ចក្នុងខេត្ដព្រះសីហនុ នៅព្រឹកនេះ

2023/12/29 04:31:54 pm        260
នាវាទេសចរណ៍បរទេសមួយគ្រឿងទៀត ដែលមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ៩៥៩នាក់ បានចូលចតនៅកំពង់ ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ នៅថ្ងៃទី២៩ ខែធ្នូ នេះ ដើម្បីធ្វើ​ទស្សន​កិច្ច​នៅ​ខេត្ដព្រះសីហនុ រយៈពេល១ថ្ងៃ មុនចាក ចេញទៅវិញនៅយប់នេះ ។នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវា​​ដែល​ចូលចតថ្ងៃនេះ មានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បាន​ធ្វើ​ដំណើរ​មក​ពីប្រទេសថៃ ដែលមានផ្ទុកអ្នកដំណើរ ចម្រុះជាតិសាសន៍ ហើយជាតិ​សាសន៍​ដែល​ច្រើន​ជាង​គេ គឺសញ្ជាតិអាមេរិក និងអូស្រ្ដាលី ។មួយរយៈពេល​ចុងក្រោយនេះ បន្ទាប់ពីវិបត្ដិជំងឺកូវីដ-១៩បានបញ្ចប់ មាននាវាទេសចរណ៍បរទេស បាន​ចូលចតជាបន្ដ បន្ទាប់នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សន​កិច្ច​ក្នុង​ខេត្ដ​ព្រះសីហនុ និងព្រះរាជាណាចក្រកម្ពុជា។ការចូលចតនាវាទេសចណ៍ បានផ្ដល់​ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​បាន​ទស្សនា​ពី​វឌ្ឍនភាព​ខេត្ដព្រះសីហនុ្ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និង​ធន​ធាន​ធម្មជាតិ​ដ៏​សម្បូរបែបរបស់ខេត្ដព្រះសីហនុ ដែល អាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វផ្សាយ​ពី​ខេត្ដ​ព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់លើក កម្ពស់​វិស័យ​ទេសចរណ៍ឡើងវិញ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM