កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ បើកកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលពលករខ្មែរ តាមបណ្ដាយព្រំដែនក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

2023/12/22 09:22:06 pm        151
ឯកឧត្ដម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី២១ ខែធ្នូ ម្សិលមិញនេះ បានបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ចឈរជើង​នៅតាមបណ្ដាយព្រំដែន។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំង ឯកឧត្តមជាប្រតិភូអមដំណើរក្រសួងការពារជាតិ អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង យោធភូមិភាគទី៤ ប្រចាំទិសទី២ និងទី៣ នឹងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ឯកឧត្តម គីម រិទ្ធី បានមានប្រសាសន៍ថា ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និង​ខេត្តឧប៊ុនរាជធានី នៃព្រះរាជាណាចក្រថៃ តែងតែមានជំនួបទ្វេរភាគីរវាងប្រទេសទាំងពីរជាបន្ត បន្ទាប់ មិនថាថ្នាក់ប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ខេត្តនោះទេ សូម្បីថ្នាក់ស្រុក ឃុំ ក៏តែងតែជួបគ្នាជា​ញឹកញាប់ និងផ្លាស់ប្តូរព័ត៌មានអោយគ្នានូវរាល់សភាពការណ៍ និងបាតុភាពនានា ដែលកើតមានតាមបណ្តោយព្រំដែនជាប្រចាំ។ជំនួបទាំងនោះ គឺបានធ្វើអោយទំនាក់ទំនងកាន់តែជិតស្និតបន្ថែមទៀត ដោយឈរលើមូលដ្ឋាន​ចំណងមិត្ត​ភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។ប៉ុន្តែទោះបីជា ទំនាក់ទំនងរវាងខេត្តទាំងពីរ​មានទំនាក់ទំនងល្អ ជិតស្និទ្ធិ និងសម្រេចបាននូវលទ្ធផលរួមគ្នាជាច្រើនក៏ដោយ ក៏នៅមានចំណុច​មួយចំនួន ដែលទាមទារអោយភាគីទាំងពីរត្រូវបន្តអនុវត្ត ​ពិសេសកិច្ចព្រមព្រៀងផ្សេងៗ ព្រមទាំង​កំណត់ហេតុកិច្ចសហប្រតិបត្តិការដែល ប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នា។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម សៀក សុជាតិ បានថ្លៃងថា ដោយមើលឃើញពីទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ និងដោយមានការសំណូមពរពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារ ​ព្រំដែន ឯកឧត្តម​បានដាក់ចេញនូវវិធានការពាក់ព័ន្ធនឹងការបើកដំណើរការឡើងវិញនូវច្រកព្រំដែនអានសេះ ដើម្បីជួយសម្រួលដល់ការឆ្លងដែនចេញចូលរបស់ប្រជាពលរដ្ឋ ​និងការដោះដូរទំនិញរវាងកម្ពុជា-ថៃ។ចំពោះច្រករបៀងទាំងអស់ក្នុងទឹកដីខេត្តព្រះវិហារ​ ត្រូវបិទមិនអោយ ដំណើរការទាំង​អស់​ជៀសវាង​កុំអោយមានការឆ្លងដែនខុសច្បាប់។ជាមួយនេះ ត្រូវកែសម្រួលការសាងសង់អគារដ្ឋបាលច្រកចេញចូលតែមួយនៅច្រកទ្វារអានសេះ ដើម្បីជួយសម្រួលដល់កងម្លាំងសមត្ថកិច្ចប្រចាំការនៅទីនោះ នឹងសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋ​ចំនួន៥៥គ្រួសារ ​ដែលរស់នៅច្រកទ្វារតំបន់ព្រំដែនអានសេះ ដើម្បីជួយសម្រួលដល់ពួកគាត់អាច​សាងសង់​លំនៅដ្ឋាននៅទីនោះបាន។បន្ថែមពីនេះ អាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមច្រកទ្វារព្រំដែន​ ត្រូវសហការ​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរថៃ ដើម្បីសម្រួលភាពងាយស្រួល​ដល់ដំណើរចេញចូលរបស់​ពលករខ្មែរ ហើយត្រូវផ្សព្វផ្សាយ ​និងលើកទឹកចិត្តអោយប្រជាពលរដ្ឋចូលរួមសហការ ​និងរាយការណ៍​នូវរាល់ភាពមិនប្រក្រតីនានានៅតាមតំបន់ព្រំដែន ​និងតាមបណ្តាច្រកទ្វារព្រំដែនរវាង ប្រទេសទាំងពីរ៕

សម្ដេចធិបតី ស្នើមិត្តជប៉ុនជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងពង្រីកផ្លូវជាតិលេខ១បន្ថែម

2023/12/22 08:05:38 pm        192
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានស្នើដល់មិត្តជប៉ុនជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ក្ដីតាកុយ-អរិយក្សត្រ) និងពង្រីកផ្លូវជាតិលេខ១ (ភ្នំពេញ-ស្ពានត្សឹបាសា) បន្ថែមទៀត។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានស្នើបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមពិធី «បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីខេត្តព្រះសីហនុ-ជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣នេះ។សម្ដេចធិបតី បានបញ្ជាក់ជាថ្មី នូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ការគាំទ្រ និងជំនួយដ៏ថ្លៃថ្លាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ខណៈដែលឆ្នាំ២០២៣នេះ ប្រទេសទាំងពីរប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត នឹងបានសន្យាធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈគម្រោងកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ។សូមជម្រាបថា ប្រទសជប៉ុន បានគាំទ្រដល់ការសាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានារបស់កម្ពូជា ចាប់តាំងពីទសវត្សរ៍១៩៩០ ដល់បច្ចុប្បន្ន។ ខណៈកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុនេះមិនត្រឹមតែជាជានិមិត្តរូបនៃចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជាប៉ុណ្ណោះ ទេ ប៉ុន្តែក៏បង្ហាញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងធុរជនជប៉ុន និងកម្ពុជាផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ឱ្យធ្វើការសិក្សាលម្អិតបន្ថែមទៀត លើការពង្រីកកំពង់ផែទឹកសាបរបស់កម្ពុជា

2023/12/22 07:54:33 pm        186
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំឱ្យក្រសួងពាក់ព័ន្ធ សហការជាមួយវិស័យឯកជនធ្វើការសិក្សាលម្អិតបន្ថែមទៀត លើការពង្រីកកំពង់ផែទឹកសាបរបស់កម្ពុជា ដើម្បីបំពេញតម្រូវការវិស័យពាណិជ្ជកម្មរបស់កម្ពុជា ខណៈសន្ទុះការនាំចេញទំនិញរបស់កម្ពុជារយៈពេល១១ខែ ឆ្នាំ២០២៣នេះ មានការកើនឡើង ៤% ទទួលបានទឹកប្រាក់ប្រមាណ ២១.៣ ពាន់លានដុល្លារ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមពិធី «បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីខេត្តព្រះសីហនុ-ជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣នេះ ដោយបានណែនាំឱ្យក្រសួងពាក់ព័ន្ធសហការជាមួយ ភាគីមិត្តជប៉ុន ត្រូវរៀបចំនូវយុទ្ធសាស្រ្ដឱ្យបានច្បាស់លាស់បន្ថែមទៀត លើការពង្រីកកំពង់ផែទឹកសាបរបស់កម្ពុជា ពីព្រោះនាពេលខាងមុខការនាំចេញ និងនាំចូលទំនិញនៅក្នុងប្រទេសនឹងមានការកើនឡើង ដូច្នេះត្រូវតែត្រៀមលក្ខណៈទុកជាមុនលើកិច្ចការងារនេះ។ សូមជម្រាបថា បច្ចុបប្បន្ន កំពង់ផែនៅទូទាំងប្រទេសកម្ពុជាមានចំនួនសរុប ១០៥ កំពង់ផែ ក្នុងនោះរួមមានកំពង់ផែទឹកសាបចំនួន ៧៨ ដែលស្ថិតនៅតាមដងទន្លេមេគង្គ ទន្លេសាប ទន្លេបាសាក់ និងបណ្ដាខេត្តនានា និងកំពង់ផែសមុទ្រចំនួន ២៧ ខណៈកំពង់ផែទាំង ១០៥ ត្រូវបានបែងចែកចេញជាកំពង់ផែពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងផែប្រេងជាដើម ហើយត្រូវបានគ្រប់គ្រងដោយរដ្ឋផង និងឯកជនផង។ កំពង់ផែទាំងនោះ មានតួនាទីសំខាន់ណាស់ នៅក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តំបន់ និងអន្តរជាតិ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ជប៉ុនបានដើរតួនាទីសំខាន់ជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡារបស់កម្ពុជា

2023/12/22 07:47:22 pm        244
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍ថា ប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡារបស់កម្ពុជា ខណៈត្រឹមរយៈពេលជាង ៣ ខែនេះ សម្តេចបានសម្ពោធសមិទ្ធផល និងបើកការដ្ឋានសាងសង់សមិទ្ធផលជាច្រើន ក្រោមការគាំទ្រ​ថវិកា​ពីមិត្តជប៉ុន ដែលនេះក៏ជាសមិទ្ធផលកើតចេញពីទំនាក់ទំនងល្អ​ប្រសើររវាងកម្ពុជា-ជប៉ុន ជាពិសេសអបអរសាទរខួប៧០ឆ្នាំ ទំនាក់ទំនងប្រទេសទាំងពីរផងដែរ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមពិធី «បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ និងសម្ពោធ​បើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ​ចំនួន២គ្រឿង ក្រោមឥណទាន​សម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣នេះ ដោយបានបានបង្ហាញក្តីសោមនស្សរីករាយបានអញ្ជើញមកបើកការដ្ឋានសាងសង់ផែទឹកជ្រៅជំហានទី១ និងដាក់ឱ្យប្រើប្រាស់គ្រឿងចក្រលើកដាក់ទំនិញពីរគ្រឿង។ ក្នុងឱកាសនេះសម្ដេចធិបតីបាននាំការផ្ញើសួរសុខទុក្ខរបស់​សម្តេចតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។ សម្តេចធិបតី បានអរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលបានជួយសាងសង់ផែ និងផ្តល់គ្រឿងចក្រលើកដាក់ទំនិញនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក៏ដូចជាបានគាំទ្រ​ដល់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ផ្លូវ ស្ពាន ជាច្រើននាពេលកន្លងមកនេះ។សូមជម្រាបថា កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រនៃកម្ពុជា តាមរយៈជំនួបកំពូលទ្វេភាគីជាមួយឯកឧត្តម គីស៊ីដា ហ៊ឺមីអូ (KISHIDA Fumio) នាយករដ្ឋមន្ត្រីជប៉ុន នៅការិយាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុន នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន ដើម្បីអបអរសាទរខួប ៥០ឆ្នាំ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងឱកាសនេះ «កម្ពុជា និងជប៉ុនប្ដេជ្ញាពង្រឹងភាព​ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ សម្ដេចធិបតី ក៏បានសម្តែងការគាំទ្រយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមថ្មីចំនួន ៣ របស់ជប៉ុន ដែលរួមមាន «ដៃគូចិត្ត និងចិត្តគ្រប់ជំនាន់» «ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម» និង «ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព»៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ ចក្ខុវិស័យរដ្ឋាភិបាលនឹងប្រែក្លាយកំពង់ផែស្វយ័តព្រះសីហនុ ជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់

2023/12/22 07:38:19 pm        242
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានស្នើឱ្យជប៉ុនជួយកម្ពុជា​រៀបចំ​ផែនការមេ ប្រែក្លាយតំបន់កំពង់ផែខេត្តព្រះសីហនុ ទៅជាមជ្ឈមណ្ឌលឡូជីស្ទិកតំបន់ ខណៈក្រោយ​បញ្ចប់គម្រោងសាងសង់កំពង់ផែ​ទឹកជ្រៅដំណាក់កាលទី១ កំណើនទំនិញនៅតាមផ្លូវទឹកនៅកំពង់ផែខេត្តព្រះសីហនុ នឹងមានកំណើនកាន់តែរីកចម្រើនបន្ថែមទៀត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ចូលរួមពិធី «បើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន» នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៣នេះថា គម្រោងចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ ម៉ែត្រនេះនឹងបង្កើនសមត្ថភាពផែដល់ ៤៥០ ០០០ TEUs ក្នុង១ឆ្នាំ និងនាំឱ្យសមត្ថភាពផែសរុបកើនដល់ ១ ២៥០ ០០០ TEUs ក្នុង១ឆ្នាំ ដោយអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមាណ ៩៣ ភាគរយ ចូលចតបាន ដើម្បីបង្កើនការប្រកួតប្រជែង។ ដូច្នេះកំណើននេះទាមទារឱ្យកម្ពុជាត្រូវរៀបចំផែនការមេឱ្យបានរួចរាល់ ជាមុនសម្រាប់ការទទួលកំណើនទំនិញចូលមកកម្ពុជា តាមរយៈកុងតឺន័រនាពេលខាងមុខ។សូមជម្រាបថា នាថ្ងៃអនាគតកម្ពុជា គ្រោងនឹងបន្តការពង្រីកនៃគម្រោងផែកុងតឺន័រថ្មី-ជំហានទី២ (ឆ្នាំ២០២៥-២០២៨) និងជំហានទី៣ (ឆ្នាំ២០២៦-២០២៩) ដើម្បីឱ្យកម្ពុជាអាចសម្រេចបាននូវគោលដៅ កម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឈានទៅក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០៕អត្ថបទ/ វ៉ន ដារ៉ា

មន្ត្រីខណ្ឌជលផល និងក្រុមអភិរក្សត្រីមេពូជដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ និងបន្តស្រាវជ្រាវរកជនសង្ស័យ

2023/12/22 07:19:30 pm        261
មងប្រវែង១២.៨៤០ម៉ែត្រ និងសន្ទូចរនង១២.០០០ផ្លែ ត្រូវបានមន្ត្រីខណ្ឌជលផល សហការ​ជា​មួយ​ក្រុម​អភិរក្សត្រីមេពូជ រួមនឹងប្រជាសហគមន៍នេសាទ ដក​ហូតបាន និង​ដុត​បំផ្លញ​ចោល​នៅនឹង​កន្លែង ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសនេសាទ។មន្ត្រីខណ្ឌជលផលបានចុះល្បាត​តាមដងទន្លេក្នុងភូមិសាស្ត្រ ស្រុកសៀមបូក ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ត្រីខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា ក្នុងសកម្មភាព​ចុះប្រ​តិបត្តិការ កម្លាំងធ្វើការប្រមូលបានពីអន្លុងអភិរក្សត្រីមេពូជ និងអន្លុង​អភិរក្ស​សត្វ​ផ្សោត​មេគង្គ ជាតំបន់ហាមឃាត់ការនេសាទ ដែលជនសង្ស័យបានលួចយកទៅដាក់នៅពេលយប់ បង្ក​ផល​ប៉ះពាល់ដល់ប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ ដូចជាត្រីរាជ-ត្រីកន្ត្រប់ខ្លា -ត្រី​គល់រាំង និងសត្វផ្សោតជាដើម ។ល។លោកបន្តថា កិច្ចសហប្រតិបត្តិការនេះមានកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុសិ៍ត្បូងខ្លា -ប៉ុស្តិ៍​កោះជ្រឹម ប៉ុស្តិ៍សៀមបូក- ប៉ុស្ត៍កោះសំពាយ- សហការជាមួយប្រជាសហគមន៍នេសាទ -កោះ​សំពាយ​ -ស្រែក្រសាំង- កោះព្រះ- កោះជ្រឹម- អូរម្រះ- អូរច្រឡង់-និង ភ្ជុល ធ្វើសកម្មភា​ព​ចុះ​ល្បាត​ចាប់​ពី​កន្ទុយ​កោះសន្ទុករហូតដល់ភូមិអូរច្រឡង់ព្រំប្រទល់ខេត្តក្រចេះ ដែលជា​តំបន់​ស្នូល​ហាម​ឃាត់​ធ្វើនេសាទ។លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានគាំទ្រចំណាត់ការនេះ ព្រោះនៅ​តាម​តំបន់​គ្រប់​គ្រង​ការពារត្រីមេពូជ និងសត្វផ្សោតទន្លេមេគង្គនិមួយៗ មន្ត្រីជំនាញនិងឆ្នាំទន្លេ បាន​បោះ​បង្គោល និងដាក់ពោង ស្លាកសញ្ញា ហាមឃាត់ ធ្វើនេសាទទាំងរដូវបិទនិងបើកធ្វើនេសាទ តែ​ប្រជា​អ្នក​នេសាទមួយចំនួន មិនទាន់ភ្ញាក់រឭកចូលរួមអភិរក្សធនធានរបស់ខ្លួននៅឡើយទេ។លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា សកម្មភាព​នេះ​បាន​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវក្នុងការថែរក្សាធានធានជលផលឱ្យសម្បូរបែបឡើងវិញ ព្រោះវាជា​ធន​ធាន​របស់យើងទាំងអស់គ្នា ហើយប្រសិនបើធនធានទាំងនេះបាត់បង់ គឺបងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​កំពុងអាស្រ័យផល ជាអ្នករងផលប៉ះពាល់មុនគេ។សូមបញ្ជាក់ថា បេសកកម្មដែលបានធ្វើឡើងរួមគ្នានេះដកហូតបានមងចំនួន ១៤៣ត្បូង ស្មើនិងប្រវែង ១១.៤៤០ម៉ែត្រ ចាប់ពីក្រឡា ៧សង់ទី ដល់ទៅ១៦សង់ទីម៉ែត្រ និងដកហូត​សន្ទូច​រនងបាន ចំនួន១០៧ខ្សែ ប្រវែង១២.៨៤០ម៉ែត្រ ស្មើនឹង ១២.០០០ផ្លែ និងបានបំផ្លាញ​ចោល​នៅនឹង​កន្លែងភ្លាមៗតែម្តង៕ អត្ថបទ៖ មាស ផល្លា 

ការបោះឆ្នោតនៅUN ស្តីពីតំបន់ហ្កាហ្សា បានផ្អាកម្តងទៀត ខណៈអាមេរិក បង្ហាញសញ្ញាគាំទ្រ

2023/12/22 07:15:52 pm        123
ប្រភពការទូត បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ២១ ខែធ្នូ ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានផ្អាកការបោះឆ្នោតជាថ្មី សម្រាប់សេចក្តីសម្រេចដែលបានពន្យារពេលជាច្រើនដង ស្តីពីសង្គ្រាមរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ ការពន្យារពេលរហូតដល់ថ្ងៃសុក្រនេះ បានកើតឡើង ខណៈសហរដ្ឋអាមេរិក ដែលបានជំទាស់ទៅនឹងសំណើមួយចំនួនក្នុងអំឡុងពេលនៃសេចក្តីព្រាងសេចក្តីសម្រេច បាននិយាយថា ខ្លួនត្រៀមដើម្បីគាំទ្រសេចក្តីសម្រេច នៅក្នុងទម្រង់បច្ចុប្បន្ន។ បន្ទាប់ពីការពន្យារពេលជាច្រើនថ្ងៃ សេចក្តីព្រាងចុងក្រោយ ដែលត្រូវបានឃើញដោយសារព័ត៌មាន AFP អំពាវនាវឱ្យមាន «ចំណាត់ការបន្ទាន់ដើម្បីអនុញ្ញាតឱ្យផ្នែកមនុស្សធម៌ចូលមកដោយសុវត្ថិភាព និងគ្មានការរារាំង ហើយថែមទាំងបង្កើតលក្ខខណ្ឌសម្រាប់ការបញ្ឈប់អរិភាពដោយនិរន្តរភាព។ ប៉ុន្តែសេចក្តីសម្រេច មិនបានអំពាវនាវឲ្យមានការបញ្ចប់ការប្រយុទ្ធគ្នាភ្លាមៗនោះទេ។ លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិរបស់ទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ្នកសារព័ត៌មានថា «ប្រសិនបើសេចក្តីសម្រេចនេះត្រូវបន្តទៅមុខ នោះយើងអាចគាំទ្រវាបាន»។ លោកស្រី បានបដិសេធថា សេចក្តីព្រាងសេចក្តីសម្រេចនេះមិនត្រូវបានដកចេញនោះទេ។ សេចក្តីព្រាងសេចក្តីសម្រេចនេះ គឺជាដំណោះស្រាយដ៏រឹងមាំ ដែលត្រូវបានគាំទ្រយ៉ាងពេញលេញដោយក្រុមប្រទេសអារ៉ាប់។ ជម្លោះការទូត នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុង Manhattan បានបណ្តាលឱ្យការបោះឆ្នោត ត្រូវពន្យារពេលជាច្រើនដងក្នុងសប្តាហ៍នេះ ដែលបានប្រឆាំងទៅនឹងរូបភាពនៅខាងក្រោយនៃស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងតំបន់ហ្កាហ្សា ហើយបណ្តាលឲ្យចំនួនអ្នកស្លាប់កើនឡើង។ លោក Richard Gowan អ្នកវិភាគមកពី អង្គការ ក្រុមវិបត្តិអន្តរជាតិ(International Crisis Group) បាននិយាយថា វាហាក់ដូចជា សហរដ្ឋអាមេរិកបានទាញយកផលប្រយោជន៍ពេញលេញពីបំណងប្រាថ្នារបស់សមាជិកក្រុមប្រឹក្សាផ្សេងទៀត ដើម្បីបញ្ចៀសការប្រើសិទ្ធិវ៉េតូ។

នាយករដ្ឋមន្ត្រីហុងគ្រី និយាយថា មូលនិធិទៅអ៊ុយក្រែន មិនត្រូវបានយកមកពីថវិកាអឺរ៉ុបនោះទេ

2023/12/22 07:07:55 pm        92
នាយករដ្ឋមន្ត្រីប្រទេសហុងគ្រី លោក Viktor Orban បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបែងចែកប្រាក់៥០ពាន់លានអឺរ៉ូ ទៅឲ្យប្រទេសអ៊ុយក្រែនពីក្នុងថវិកាសហភាពអឺរ៉ុប ក្នុងរយៈពេល ៥ ឆ្នាំ គឺជា «ការសម្រេចចិត្តដ៏លំបាក» ។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក Orban បានបញ្ជាក់ពីសំណើរបស់ប្រទេសហុងគ្រី ក្នុងការផ្តល់ជំនួយនៅខាងក្រៅថវិកាសហភាពអឺរ៉ុប តាមរយៈប្រាក់កម្ចីរួមគ្នា ប៉ុន្តែនឹងមិនព្រមព្រៀងលើការប្រើប្រាស់មូលនិធិដែលមានស្រាប់នោះទេ។មេដឹកនាំសហភាពអឺរ៉ុប មានផែនការពិនិត្យបញ្ហានេះឡើងវិញ នៅក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី ១ ខែកុម្ភៈ។ ប្រទេសសមាជិករបស់ប្លុកអឺរ៉ុបចំនួន ២៦ប្រទេសផ្សេងទៀត អាចសម្របសម្រួលដ៏មានសក្តានុពលនូវកិច្ចព្រមព្រៀងរវាងពួកគេផ្ទាល់ ជាមួយទីក្រុងគីវ ដោយរំលងការយល់ព្រមពីសំណាក់ប្រទេសហុងគ្រី និងបដិសេធដំណើរការរបស់ទីក្រុង Budapest ចំពោះមូលនិធិសហភាពអឺរ៉ុបដែលពាក់ព័ន្ធ។លោក Orban ក៏បានបដិសេធរាល់កិច្ចព្រមព្រៀងរវាងប្រទេស «ហុងគ្រី និងទួរគី» ស្តីពីសមាជិកភាពសម្ព័ន្ធយោធាណាតូ របស់ប្រទេសស៊ុយអែតផងដែរ។ លោកបាននិយាយថា ការសម្រេចនេះ ស្ថិតនៅលើសភារបស់ប្រទេសហុងគ្រី ដែល «ពុំមានឆន្ទៈទូលំទូលាយ ក្នុងការសម្រេចបែបនេះនោះទេ»។

ប្រទះឃើញហ្វូងផ្សោតពណ៌ផ្កាឈូក ប្រមាណ១៥ ទៅ ២០ក្បាលនៅខេត្តកំពត

2023/12/22 06:54:11 pm        1896
ក្រុមការងារល្បាតរបស់ខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានប្រទះឃើញវត្តមានហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាលនៅតំបន់ឆ្នេរ នៃក្រុងបូកគោ ខេត្តកំពត។លោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ​២០២៣​នេះ​ថា ក្រោមកិច្ចសហការរវាងក្រុមការងារល្បាតខណ្ឌរដ្ឋបាលជលផលកំពត និង​អង្គការ​អភិរក្សធនធានសមុទ្រកម្ពុជា (MCC) ដោយធ្វើ​ការ​តាម​ដាន​យ៉ាង​ដិត​ដល់​ចំពោះ​សត្វ​ផ្សោត​សមុទ្រ ដោយតាមដាននឹងពិនិត្យតាមហ្វូងផ្សោត រយៈពេលបីខែកន្លងមក សង្កេត​ឃើញ​ថា​ចំនួន​សត្វផ្សោតសមុទ្រមានការកើនឡើងគួឱ្យកត់សម្គាល់។ ដោយឡែកនៅថ្ងៃទី២២ ខែធ្នូ ក្រុម​ការងារ​បាន​រកឃើញហ្វូងផ្សោតពណ៍ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ ក្បាល នៅ​ខេត្ត​កំពត ដោយមេហ្វូងផ្សោតទាំងអស់នេះមានអាយុប្រមាណ២០ឆ្នាំ ។ លោកនាយខណ្ឌបានបន្ថែមថា ហ្វូងសត្វផ្សោតសមុទ្រដែលមានវត្តមានក្នុងខេត្តកំពត មិន​ត្រឹម​តែ​ហ្វូង​ផ្សោត​ពណ៌ផ្កាឈូក (Pink Dolphin) នោះទេ គឺមាន​ទាំង​ហ្វូង​ផ្សោត​ប្រភេទ​ផ្សេង​ទៀត​មាន​ប្រមាណ​ពី ២០ ទៅ ៣០ក្បាល ដែលបានរស់​នៅ​ជា​អចិន្ត្រៃយ៍នៅ​ក្នុង​តំបន់​សហគមន៍​នេសាទ​ត្រពាំងរ​ពៅ សហគមន៍នេសាទព្រែកត្នោត និងសហគមន៍នេសាទចង្ហោន។លោកនាយខណ្ឌបានឱ្យដឹងបន្ថែមថាថា ខេត្តកំពត មានផែនការយុទ្ធសាស្ត្រ ក្នុង​ការ​បង្កើត​ជា​តំបន់​គ្រប់គ្រង​ជលផលថ្មីមួយ ដែលមានទំហំ ៧០០០ហិកតា ស្ថិតនៅតំបន់ឆ្នេរ ក្នុង​ភូមិសាស្ត្រ​ក្រុង​បូកគោ ដើម្បីរក្សភិរក្សព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ សត្វកម្រ ពិសេស​អភិរក្ស​ផ្សោត​សមុទ្រ​ដែល​ជាប្រភេទសត្វកម្រជិតផុតពូជ។ជាមួយគ្នានេះដែរ ក្រោយរកឃើញចំពោះការកើនឡើងនៃចំនួនសត្វផ្សោតសមុទ្រនេះ លោក​នាយ​ខណ្ឌ​ក៏​បាន​ធ្វើការអំពាវនាវដល់ភាគីពាក់ព័ន្ធ ពិសេសបងប្អូន​ប្រជានេសាទ​ចូល​រួម​ថែ​រក្សា​ការពារ​សត្វ​ផ្សោត​សមុទ្រដ៏កម្រ និងជិតផុតពូជនេះទាំងអស់គ្នា។ យោងតាមអនុក្រឹត្តលេខ១២៣ បានកំណត់សត្វងាយរងគ្រោះ កំពុងរងគ្រោះ និង​ប្រភេទ​សត្វ​កម្រ ជិតផុតពូជ មានដូចជា ជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ឆ្លាមប្រភេទខ្លះ និង​សត្វ​ជា​ច្រើន​ទៀត សរុបចំនួន ២៥ប្រភេទ ដែលត្រូវអភិរក្ស ចំពោះសត្វផ្សោតសមុទ្រ ក៏ស្ថិតនៅ​ក្នុង​ចំណោម​សត្វទាំង ២៥ប្រភេទនោះដែរ៕

អ៊ីស្រាអែល ទទួលយកតួនាទីរបស់អាជ្ញាធរប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាក្រោយសង្រ្គាម ជាលើកដំបូងហើយ

2023/12/22 06:42:03 pm        125
រដ្ឋាភិបាលអ៊ីស្រាអែល បានបង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការអនុញ្ញាតឲ្យអាជ្ញាធរប៉ាឡេស្ទីនគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីប្រតិបត្តិការយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាសត្រូវបានបញ្ចប់។នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បានទទូចម្តងហើយម្តងទៀតថា អាជ្ញាធរប៉ាឡេស្ទីន (PA) មិនអាចត្រឡប់ទៅតំបនហ្កាហ្សាវិញបានទេ ដោយសារតែអ្វីដែលលោកនិយាយថា គឺជាអំពើពុករលួយរបស់អង្គការនេះ និងការបរាជ័យក្នុងការថ្កោលទោសការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធហាម៉ាសទៅលើអ៊ីស្រាអែលភាគខាងត្បូង។ ជំហររបស់លោកនេតាន់យ៉ាហ៊ូ បានធ្វើឲ្យលោកកាន់តែមានជម្លោះជាមួយរដ្ឋបាលរបស់ចូ បៃដិន ដែលបានចាប់ផ្តើមពិភាក្សារួចហើយជាមួយនឹងការដឹកនាំរបស់អាជ្ញាធរប៉ាឡេស្ទីន នៅក្នុងតំបន់វេសបែងអំពីតួនាទីក្រោយ សង្គ្រាមរបស់ខ្លួន។ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់អំពីការផ្លាស់ប្តូរជំហររបស់រដ្ឋាភិបាលអ៊ីស្រាអែល នៅក្នុងវិចារណកថាមួយ ដែលត្រូវបានបោះពុម្ពផ្សាយ នៅគេហទំព័រ Elaph ដែលជាគេហទំព័រព័ត៌មានភាសាអារ៉ាប់គ្រប់គ្រងដោយអារ៉ាប៊ីសាអ៊ូឌីត ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៍។ មន្ត្រីមជ្ឈិមបូព៌ា បានប្រាប់សារព័ត៌មាន Semafor ថា ការដាក់ចុះផ្សាយរបស់រដ្ឋាភិបាលអ៊ីស្រាអែល នៅក្នុងគេហទំព័រ Elaphនេះ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីទំនាក់ទំនងដោយផ្ទាល់ទៅ បណ្តារដ្ឋាភិបាលអារ៉ាប់ ដែលត្រូវបានគេរំពឹងថា នឹងដើរតួនាទីសំខាន់ ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ការកសាងឡើងវិញនូវតំបន់ហ្កាហ្សាបន្ទាប់ពីសង្គ្រាមត្រូវបញ្ចប់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM