កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ជនអន្តោប្រវេសន៍នៅម៉ិកស៊ិក ជំរុញឱ្យមានការយកចិត្តទុកដាក់ ខណៈគណបក្សសាធារណរដ្ឋ បន្តគោលនយោបាយព្រំដែនតឹងរ៉ឹង

2023/12/19 08:48:38 pm        474
ជនអន្តោប្រវេសន៍ដែលធ្វើដំណើរទៅភាគខាងជើង បានជាប់គាំងដំណើរនៅព្រំដែនចំនួន២នៅប្រទេស ម៉ិកស៊ិក កាលពីថ្ងៃច័ន្ទ កំពុងទាមទារការយកចិត្តទុកដាក់ និងការគាំទ្រពីរដ្ឋាភិបាលសហរដ្ឋអាមេរិក ខណៈរដ្ឋបាលរបស់លោក Biden ប្រឈមនឹងសម្ពាធពីគណបក្សសាធារណរដ្ឋ ដើម្បីរឹតបន្តឹងការធ្វើអន្តោប្រវេសន៍កាន់តែតឹងរ៉ឹងជាថ្នូរទៅនឹងការផ្តល់មូលនិធិសម្រាប់សង្គ្រាមនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា។ជនអន្តោប្រវេសន៍រាប់រយនាក់ បានតវ៉ានៅស្ថានីយអន្តោប្រវេសន៍ទីក្រុងព្រំដែន Tapachula ភាគខាងត្បូង ដោយទាមទារឱ្យរដ្ឋាភិបាលម៉ិកស៊ិក ពន្លឿនការអនុញ្ញាតរបស់ខ្លួន ដូច្នេះពួកគេអាចឆ្លងកាត់ប្រទេសនេះដោយសេរី។ នៅផ្នែកភាគខាងជើង ជនអន្តោប្រវេសន៍រាប់សិបនាក់ បានឆ្លងកាត់ទីក្រុង Rio Bravo ដើម្បីប្រគល់ខ្លួនឱ្យកងឆ្មាំជាតិសហរដ្ឋអាមេរិក និងស្វែងរកសិទ្ធិជ្រកកោន។សន្តិសុខព្រំដែន កំពុងក្លាយជាបញ្ហាសំខាន់ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ ដោយប្រធានាធិបតី លោក Joe Biden ស្វែងរកការបោះឆ្នោតថ្មី នៅខែវិច្ឆិកា ខាងមុខ។សមាជិកគណបក្សសាធារណរដ្ឋ បានទាមទារឲ្យមានគោលនយោបាយអន្តោប្រវេសន៍កាន់តែតឹងរ៉ឹង ដោយស្វែងរកសម្បទានពីប្រធានាធិបតី ដោយរារាំងសំណើរបស់លោកសម្រាប់ការផ្តល់មូលនិធិសង្រ្គាមទៅឲ្យប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែល។

មេដឹកនាំកូរ៉េខាងជើង ពិនិត្យមើល សមយុទ្ធបាញ់មីស៊ីល Hwasong-18

2023/12/19 08:35:04 pm        380
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃអង្គារទី ១៩ ខែធ្នូនេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក Kim Jong Un បានពិនិត្យមើលដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីលបាលីស្ទីកអន្តរទ្វីប(ICBM) ឥន្ធនៈរឹងដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសនៅសប្តាហ៍នេះ ដែលមានសមត្ថភាពអាចបាញ់ដល់សហរដ្ឋអាមេរិក។ យោធាប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីល ICBM ប្រើប្រាស់ឥន្ធនៈរឹង ដែលធ្វើឱ្យមីស៊ីលកាន់តែមានភាពងាយស្រួលក្នុងការបញ្ជូន និងកាន់តែលឿនជាងកំណែប្រើឥន្ធនៈរាវ។ ការបាញ់មីស៊ីលនេះ គឺជាលើកទីបីហើយដែលប្រទេសកូរ៉េខាងជើងបានសាកល្បងមីស៊ីល ICBM ឥន្ធនៈរឹង បន្ទាប់ពីបានបាញ់កាលពីខែមេសា និងខែកក្កដា ដែលអ្នកវិភាគបាននិយាយថា ជាការបង្ហាញសញ្ញានៃកិច្ចខិតខំប្រឹងប្រែងជាប្រចាំដើម្បីធ្វើឲ្យប្រសើរបច្ចេកវិទ្យា។ ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយពីការបាញ់មីស៊ីលកាលពីថ្ងៃចន្ទថា សមយុទ្ធនៃការបាញ់មីស៊ីល ICBM Hwasongpho-18 ត្រូវបានធ្វើឡើងជាសកម្មភាពយោធាដ៏សំខាន់មួយ ដើម្បីបង្ហាញយ៉ាងច្បាស់នូវឆន្ទៈប្រឆាំងដាច់ខាតរបស់កងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែរប្រទេសកូរ៉េខាងជើង និងកម្លាំងដែលមិនអាចប្រៀបផ្ទឹមបានចំពោះសត្រូវ។ ទីភ្នាក់ងារសារព័រមាននិយាយថា មីស៊ីល ដែលធំបំផុតនៅក្នុងឃ្លាំងអាវុធរបស់ប្រទេសកូរ៉េខាងជើង បានហោះក្នុងចម្ងាយជាង ១.០០០ គីឡូម៉ែត្រ ហើយបានបង្ហាញពី សមត្ថភាពប្រយុទ្ធរបស់អង្គភាពមីស៊ីល ICBM។ លោក Kim បាននិយាយថា ការបាញ់នេះបានបញ្ជូន សញ្ញាច្បាស់លាស់ដល់កងកម្លាំងអរិភាព និង កំណត់នូវកិច្ចការថ្មីសំខាន់ៗមួយចំនួនសម្រាប់ការអភិវឌ្ឍកងកម្លាំងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សេចក្តីរាយការណ៍ បានដកស្រង់សម្តីលោក Kim បាននិយាយថា សមយុទ្ធជោគជ័យគឺជាការបង្ហាញពីការអនុវត្តជាក់ស្តែងនៃស្ថានភាពពិត និងភាពជឿជាក់នៃសមត្ថភាពវាយប្រហារដ៏គួរឱ្យភ័យខ្លាច និងការរារាំងសង្គ្រាមនុយក្លេអ៊ែរទាំងស្រុង ធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងជើង។

សហភាពអឺរ៉ុប នឹងពិភាក្សាអំពីទឹកប្រាក់ចំនួន ៥៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន នៅថ្ងៃទី១ ខែកុម្ភៈ

2023/12/19 08:31:17 pm        389
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បាននិយាយកាលពីថ្ងៃទី ១៨ ខែធ្នូថា ក្រុមប្រឹក្សាអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកំពូលពិសេសមួយ នៅថ្ងៃទី១ ខែកុម្ភៈ ដែលមេដឹកនាំសហភាពអឺរ៉ុប នឹងពិភាក្សាអំពីកញ្ចប់ថវិកា ៥០ ពាន់លានអឺរ៉ូ (៥៥ ពាន់លានដុល្លារ) រយៈពេល៤ឆ្នាំសម្រាប់អ៊ុយក្រែន។ក្នុងអំឡុងកិច្ចប្រជុំកំពូលនាពេលថ្មីៗនេះ សហភាពអឺរ៉ុប បានបរាជ័យក្នុងការឈានដល់ការឯកភាពគ្នាលើថវិការយៈពេលវែងរបស់ប្លុកនេះ ដែលរួមមានមូលនិធិសម្រាប់អ៊ុយក្រែន ដោយសារតែការជំទាស់ពី នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័របាន (Viktor Orban)។លោកអ័របាន ត្រូវបានគេមើលឃើញជាទូទៅថា គឺស្និទ្ធនឹងទីក្រុងមូស្គូ ហើយបានរារាំងជំនួយសម្រាប់អ៊ុយក្រែនម្តងហើយម្តងទៀត និងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី។លោកMichel បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមXថា៖«ផ្តោតលើអនាគតនៃសហភាពរបស់យើងជាមួយនឹងប្រព័ន្ធដឹកនាំសហភាពអឺរ៉ុប( EUCO)ពិសេសរបស់យើង (កិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុប)អំពី MFF (ក្របខ័ណ្ឌហិរញ្ញវត្ថុពហុភាគី) ដែលធ្វើឡើងនៅថ្ងៃទី១ ខែកុម្ភៈ របៀបវារៈយុទ្ធសាស្រ្តអឺរ៉ុបរបស់យើង និង EUCO របស់យើង នៅក្នុងខែមីនា និងខែមេសា»។ នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលពីថ្ងៃទី ១៤-១៥ ខែធ្នូ ដែលបានបញ្ចប់ក្នុងកិច្ចព្រមព្រៀងស្តីពីការចរចាចូលជាសមាជិកជាមួយអ៊ុយក្រែន និងម៉ុលដាវី ក្រុមមេដឹកនាំសហភាពអឺរ៉ុប បាននិយាយថា កិច្ចប្រជុំថ្មី នឹងត្រូវធ្វើឡើង នៅដើមឆ្នាំ ២០២៤ ដើម្បីដោះស្រាយបញ្ហាថវិកាឡើងវិញ។

ការធ្លាក់ព្រិលដ៏កម្រនៅភាគខាងត្បូងប្រទេសចិន ខណៈអាកាសធាតុត្រជាក់ខ្លាំងគ្របដណ្តប់ភាគខាងជើង

2023/12/19 08:23:29 pm        528
អាកាសធាតុត្រជាក់ដែលគ្របដណ្ដប់លើប្រទេសចិន បាននាំមកនូវការធ្លាក់ព្រិលដ៏កម្រកាលពីថ្ងៃច័ន្ទ (១៩ ធ្នូ) ដល់ខេត្តភាគខាងត្បូង ក្វាងទុង (Guangdong) ខណៈដែលសីតុណ្ហភាពនៅភាគខាងជើងដ៏ត្រជាក់បានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រសម្រាប់ខែនេះ។ក្នុងរយៈពេលមួយសប្តាហ៍នៃអាកាសធាតុដ៏ត្រជាក់ដែលមិននឹកស្មានដល់ សីតុណ្ហភាពបានធ្លាក់ចុះដល់កម្រិតទាបក្រោមសូន្យនៅក្នុងតំបន់ភាគខាងជើង ដែលរំខានដល់ការដឹកជញ្ជូនតាមផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ហើយថែមទាំងបណ្តាលឱ្យមានឧបទ្ទវហេតុដាច់ហ្វ្រាំងរថភ្លើងដែលធ្វើដំណើរក្នុងរដ្ឋធានីប៉េកាំងផងដែរ។ក្រុមអ្នកព្យាករណ៍កាលពីដើមខែវិច្ឆិកា បានព្យាករណ៍ថានឹងមានរដូវរងាដែលមានអាកាសធាតុកាន់តែក្តៅនៅឆ្នាំនេះដោយសារតែបាតុភូត អ៊ែល នីញ៉ូ ខណៈព្រមានថាសីតុណ្ហភាពអាចមានការប្រែប្រួលបន្ទាប់ពីខែតុលា ជាខែដែលក្តៅបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។កាលពីថ្ងៃច័ន្ទ នៅខេត្តក្វាងទុង ដែលជាទូទៅមិនមានព្រិលធ្លាក់ដូចនៅតំបន់ចុងឧត្ដរ ការធ្លាក់ព្រិលបានគ្របដណ្តប់លើកំពូលភ្នំក្នុងទីក្រុងមួយចម្ងាយត្រឹមតែ ៨០គីឡូម៉ែត្រ ភាគខាងជើងនៃរដ្ឋធានីក្វាងចូវ តាមឆ្នេរសមុទ្ររបស់ខេត្តនេះ។នៅក្នុងខេត្តជិតខាង ក្វាងស៊ី ជាទីដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវកាលពីសប្តាហ៍មុនឲ្យមានការឆ្លើយតបគ្រាអាសន្នជាចាំបាច់ ភ្លៀងធ្លាក់លាយឡំជាមួយដុំទឹកកកត្រូវបានព្យាករណ៍សម្រាប់ទីក្រុងមួយចំនួនក្នុងខេត្តនេះ។ នៅទីក្រុងប៉េកាំង សីតុណ្ហភាពកាលពីព្រឹកថ្ងៃច័ន្ទបានធ្លាក់ចុះដល់ដក ១៥,៥អង្សារសេ ខិតជិតដល់កម្រិតទាបជាប្រវត្តិសាស្ត្រនៅឆ្នាំ១៩៥២ ដែលមានកម្រិតដក ១៥,២អង្សារសេ សម្រាប់ថ្ងៃទី១៩ ខែធ្នូ និងសីតុណ្ហភាពដក ១៧,៧អង្សារសេ សម្រាប់ថ្ងៃទី២០ ខែធ្នូ កាលពីឆ្នាំនោះ៕

អាមេរិកមើលមិនឃើញផលប៉ះពាល់ដល់ទំនាក់ទំនងជាមួយវៀតណាម ពីសម្ព័ន្ធភាពហាណូយ-ប៉េកាំង នោះទេ

2023/12/19 08:09:40 pm        376
មន្ត្រីអាមេរិកមួយរូបបាននិយាយថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយវៀតណាម បន្ទាប់ពីទីក្រុងហាណូយ បានប្រកាសកាលពីសប្តាហ៍មុនថាបានពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន រួមទាំងលើវិស័យការពារជាតិ និងសន្តិសុខ ខណៈដែលមហាអំណាចទាំងពីរកំពុងប្រកួតប្រជែងដណ្តើមឥទ្ធិពល។បណ្ដាមេដឹកនាំវៀតណាម បានធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ទៅកាន់ទីក្រុងហាណូយ កាលពីសប្តាហ៍មុន រយៈពេលបីខែបន្ទាប់ពីពួកគេបានបង្កើនទំនាក់ទំនងជាមួយទីក្រុងវ៉ាស៊ីនតោន នៅពេលដែលលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានធ្វើដំណើរទៅកាន់ប្រទេសនេះនៅក្នុងអ្វីដែលត្រូវបានគេមើលឃើញថាជាជោគជ័យសម្រាប់វិធានការ «ការទូតដើមឫស្សី» របស់វៀតណាម។ទោះបីជាមានភាសានៅក្នុងសេចក្តីថ្លែងការណ៍ចិន-វៀតណាម ដែលអាចត្រូវបានគេមើលឃើញថាជាទិសដៅប្រឆាំងនឹងសហរដ្ឋអាមេរិកក៏ដោយ ក៏ក្តីបារម្ភដែលអាចរារាំងដល់ផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងហាណូយ រហូតមកដល់ពេលនេះនៅមានកម្រិតនៅឡើយ។លោក ខាល ថាយើ (Carl Thayer) អ្នកជំនាញជាន់ខ្ពស់ផ្នែកសន្តិសុខវៀតណាមនៅបណ្ឌិតសភាកងកម្លាំងការពារអូស្ត្រាលីនៅទីក្រុង កង់បេរ៉ា (Canberra) បាននិយាយថា «គោលដៅដែលចង់បាន» ទាំងនោះរបស់វៀតណាមជាមួយប្រទេសចិន ទំនងជាមិនប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការការពារជាតិជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ៕

សម្ដេចធិបតី ៖«ការអភិវឌ្ឍធនធានមនុស្សចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព»

2023/12/19 08:00:43 pm        569
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក កាត្សឹណារី ម៉ាត្សឹដា (Katsunari Matsuda) នាយក​ក្រុមហ៊ុន Meiji Co., Ltd ចូលជួបស​ម្តែង​ការ​គួរសម​ក្នុង​ឱកាស​នៃ​ការ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅ​ទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្នុងឱកាសនៃជំនួបនេះ លោក កាត្សឹណារី ម៉ាត្សឹដា បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ព្រម​ទាំង​បានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន និងអំពី​គម្រោង​នៃ​ការវិនិយោគរបស់ខ្លួនទាំងលើភាពសម្បូរបែបនៃផលិតផល និងទាំង​លើ​បច្ចេក​វិទ្យា​ទំនើប ​នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខ។ នៅក្នុងជំនួបនេះលោកអគ្គនាយក ក្រុមហ៊ុន Meiji ក៏បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​រាជរ​ដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បង្ក​លក្ខណៈ​គ្រប់​បែប​យ៉ាង​ចំពោះដំ​ណើរការអាជីវកម្មរបស់ក្រុមហ៊ុនឱ្យដំណើរការដោយរលូន ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក កាត្សឹណារី ម៉ាត្សឹដា  និង​សហការី ព្រមទាំងបានសម្តែងនូវការអរគុណ និងសេចក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន Meiji ដែល​បានបង្ហាញពីចំណាប់អារម្មណ៍ និងគ្រោងវិនិយោគនៅកម្ពុជានាពេលអនាគតខាងមុខ ដោយ សម្តេច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិង​កំពុង​យក​ចិត្ត​ទុកដាក់​លើការ​អភិវឌ្ឍ​ធនធានមនុស្ស ដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះ​ការ​ផ្គត់ផ្គង់​ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង។ សម្តេច​នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយ​ធ្វើ​ការផលិតផ្ទាល់ ដើម្បីលក់នៅទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសជិតខាង និង​ប្រទេស​ក្នុង​តំបន់ដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលទាំងអស់នេះ ព្រម​ទាំង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុន​ជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើជំនាញកសិកម្ម ដើម្បី​ចូល​រួម​លើក​កម្ពស់​ផលិត​ភាព​ក្នុងវិស័យនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លើសពីនេះ សម្តេចមហាបវរធិបតី ក៏ធ្វើការគូសបញ្ជាក់ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាន និង​កំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង​វិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និង​ក្រប​ខ័ណ្ឌ​គតិ​យុត្តថ្មី​ៗ ​ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និង​ភាព​ទាក់​ទាញ​ដល់​វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕

ប្រធានចារកម្មអាមេរិក CIA បានជួបមន្ត្រីអ៊ីស្រាអែល និងកាតា សម្រាប់ការពិភាក្សាកិច្ចព្រមព្រៀងចំណាប់ថ្នូរថ្មី

2023/12/19 07:58:48 pm        364
នាយកទីភ្នាក់ងារស៊ើបការណ៍ចារកម្មសម្ងាត់ CIA របស់អាមេរិកលោក ប៊ីល ប៊ឺនស៍ (Bill Burns) កាលពីថ្ងៃច័ន្ទ (១៨ ធ្នូ) បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា លោក ម៉ូហាម៉េដ ប៊ីនអាបឌូលរ៉ាហ្វម៉ាន អាល់ថានី (Mohammed bin Abdulrahman Al Thani) និងប្រធានទីភ្នាក់ងារចារកម្ម ម៉ូសាដ (Mossad) របស់អ៊ីស្រាអែលនៅរដ្ឋធានីវ៉ាសូវី (Warsaw) របស់ប្រទេសប៉ូឡូញ ដើម្បីពិភាក្សាអំពីលទ្ធភាពកិច្ចព្រមព្រៀងថ្មីក្នុងការធានាការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលបានចាប់ខ្លួនដោយក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា នេះបើយោងតាមមន្ត្រីអាមេរិក និងអ៊ីស្រាអែលពីររូបបានប្រាប់សារព័ត៌មាន អាស៊ីអូស (Axios)។លោក ប៊ឺនស៍ បានដើរតួយ៉ាងសំខាន់ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងលើកមុន ដែលនាំទៅដល់ការដោះលែងចំណាប់ថ្នូរជាង ១០០នាក់ កាលពីខែមុន ដែលក្នុងនោះមានជនជាតិអាមេរិកជាច្រើននាក់។ ក្រុមមន្ត្រីអ៊ីស្រាអែលនិយាយថា ការបន្តចូលរួមរបស់លោក ប៊ឺនស៍ នៅក្នុងការចរចាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្រេចបានកម្មកិច្ចព្រមព្រៀងថ្មីមួយ។កិច្ចប្រជុំនៅទីក្រុង វ៉ាសូវី បានធ្វើឡើងរយៈពេលបីថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីកាតា និងនាយកទីភ្នាក់ងារចារកម្ម ម៉ូសាដ លោក ដេវីដ ប៉ានៀ (David Barnea) បានជួបប្រជុំគ្នានៅរដ្ឋធានីអឺរ៉ុបមួយផ្សេងទៀត ដើម្បីព្យាយាមចាប់ផ្តើមការពិភាក្សាដោយប្រយោលឡើងវិញរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលកំពុងសម្របសម្រួលដោយប្រទេសកាតា។មន្ត្រីអ៊ីស្រាអែលបាននិយាយថា ពួកគេរំពឹងថាវានឹងកាន់តែលំបាកក្នុងការយល់ព្រមលើលក្ខខណ្ឌនៃលទ្ធភាពកិច្ចព្រមព្រៀងថ្មីនាពេលនេះ។ ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ឥឡូវនេះផ្តោតលើការដាក់សម្ពាធលើមេដឹកនាំក្រុមហាម៉ាសនៅហ្កាហ្សា លោកយ៉ាហា ស៊ីនវ៉ា (Yahya Sinwar) ហើយក្រុមសកម្មប្រយុទ្ធមួយនេះ កំពុងស្វះស្វែងរកបទឈប់បាញ់ ដោយទុកឱកាសតិចតួចប៉ុណ្ណោះសម្រាប់ការចរចាចំណាប់ថ្នូរ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្ត​តំណាង​សហព័ន្ធ​សេដ្ឋកិច្ច​តំបន់កាន់សៃ​ជួយផ្សព្វផ្សាយ​ពីសក្តានុពល​កម្ពុជាដល់វិនិយោគិនជប៉ុន

2023/12/19 07:55:19 pm        1042
នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរា​ជា​ណាចក្រកម្ពុជាបានអនុញ្ញាតឱ្យលោក អូបាយ៉ាស៊ី តាកេអុ (OBAYASHI TAKEO) ប្រធាន​ផ្នែ​កទំនាក់ទំនងអន្តរជាតិ តំណាងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ និងជាប្រធានក្រុមហ៊ុន OBAYASHI​ CORPORATION ចូលជួបសម្តែងការគួរសម ក្នុងឱកាស​នៃ​ការ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅ​ទីក្រុងតូក្យូ ប្រទេសជប៉ុន ។ក្នុងឱកាសនៃជំនួបនេះលោក អូបាយ៉ាស៊ី តាកេអុ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម ព្រម​ទាំងបាន​ជម្រាបអំពីសកម្មភាពអាជីវកម្មរបស់សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ជាពិសេស​សកម្មភាព​ការងារ​មួយចំនួនដែលបានអនុវត្តនៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជា ការជួលជុល​ស្ពាន​មិត្ត​ភាពកម្ពុជា-ជប៉ុនជ្រោយចង្វារ ជាដើម។ ទន្ទឹមនេះលោកប្រធានបានជម្រាបផងដែរ អំពី​បំណង​ពង្រីក​វិនិយោគ​របស់​ខ្លួន​ក៏​ដូច​ជា​ជំរុញ​ទឹក​ចិត្ត​ក្រុម​ហ៊ុន​ជប៉ុន​ដទៃ​ឱ្យ​ទៅ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា។ លោកប្រធានក៏ជម្រាបជូន សម្តេចធិបតី ផងដែរ   អំពីគម្រោង​ពិព័រណ៍​សាកល​នៅ​ក្នុង​សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ នាឆ្នាំ២០២៤ ខាងមុខនេះ ជាមួយក្តីសង្ឃឹម​ថា​កម្ពុជា​នឹង​ចូល​រួម​ក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ជាការឆ្លើយ​តបសម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក អូបាយ៉ាស៊ី តាកេអុ  និង​សហការី ព្រមទាំង​បាន​សម្តែង​នូវ​សេចក្តី​សោមនស្ស​រីករាយ​ចំពោះ​សហព័ន្ធ​សេដ្ឋកិច្ច​តំប​ន់​កាន់សៃ ដែលប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាសជាច្រើនក្នុងតំបន់កាន់សៃ មា​ន​បំណង​បោះទុន​វិនិយោគ​នៅ​កម្ពុជា ព្រមជាមួយនេះ សម្តេចបាន​លើក​ទឹក​ចិត្ត​ឱ្យ​បន្ត​ជួយ​ផ្សព្វផ្សាយ​អំពី​សក្តានុពល​របស់កម្ពុជាទៅដល់វិនិយោគិនជប៉ុន ដើម្បីទទួលបាននូវការចាប់អារម្មណ៍ និង​ឱកាស​ក្នុង​ការ​ពង្រីកវិនិយោគរបស់ខ្លួននៅកម្ពុជា។ ក្នុងឱកាសនោះសម្តេចធិបតីបានជ្រាបជូនផងដែរថា ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​នឹង​រៀបចំ​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍ពិព័រណ៍សាកលក្នុងសហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃនាពេលខាងមុខនេះ។ លើស​ពី​នេះសម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋា​ភិបាល​កម្ពុជា​បាន​និង​កំពុង​យក​ចិត្ត​ទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង​វិនិយោគ​តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ព្រម​ជាមួយនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងឡូជីស្ទីកសំខាន់ៗ ដូចជា ផ្លូវលឿន ផ្លូវដែក និងកំពង់ផែ ជាដើម។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាល ក៏កំពុង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​បង្កើត​សួន​ឧស្សាហកម្មកម្ពុជា-ជប៉ុន និងការកសាងផែនការមេក្នុងវិស័យឡូជីស្ទីក ដើម្បីប្រែ​ក្លាយ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ទៅ​ជាកំ​ពង់​ផែ​ស្នូល​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​។ បរិយាកាស​ទាំង​នេះ​ជាកា​រ​ជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាព​ទាក់​ទាញ​ដល់​វិនិយោគិន​ដែល​មកវិនិយោគនៅក្នុងប្រទេសកម្ពុជា។សូមបញ្ជាក់ថា សហព័ន្ធសេដ្ឋកិច្ចតំបន់កាន់សៃ ប្រមូលផ្តុំនូវក្រុមហ៊ុន ឬសហគ្រាស​ខ្នាត​យក្ស​ដែល​មា​នទីតាំងក្នុងតំបន់កាន់សៃ នៅភាគខាងលិចនៃប្រទេសជប៉ុន ក្នុងនោះរួមមានចំនួន ៧ ខេត្ត ដូចជា ខេត្តអូសាកា, ខេត្តក្យូតុ, ខេត្តហ្យូហ្កុ, ខេត្តណារ៉ា, ខេត្តស៊ីហ្កា, ខេត្តមិអិ និង​ខេត្ត​វ៉ាកាយ៉ាម៉ា ដោយក្រុមហ៊ុនយក្សទាំងអស់នោះ សុទ្ធសឹង​មាន​ឥទ្ធិពល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន៕

គណបក្សនយោបាយចំនួនបួនចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានាខែកុម្ភៈខាងមុខ

2023/12/19 07:43:09 pm        642
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណបក្ស​នយោបាយ​ចំនួនបួននឹងចូលរួមការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ។ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានប្រាប់ BTV នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ​២០២៣​ថា ក្នុងដំណើរ​ឆ្ពោះទៅ​រក​ការ​រៀបចំ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ដែល​នៅ​សល់​រយៈ​ពេល២ខែទៀតប៉ុណ្ណោះ គ.ជ.ប បានកំពុងរៀបចំជ្រើសរើស​មន្រ្តី​រៀបចំ​ការ​បោះឆ្នោត​សមាជិក​ព្រឹទ្ធសភាតាមបណ្តារាជធានី-ខេត្ត។ ឯកឧត្តមបន្តថា គិតមកដល់ពេលនេះ គ.ជ.ប សម្រេច​ទទួលយកគណបក្សនយោបាយចំនួនបួន ដើម្បី​ចូលរួមប្រកួត​ប្រជែង​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ ក្នុងនោះរួមមាន គណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទះខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ទៀតថា ចំពោះ​អង្គ​បោះឆ្នោត​នឹង​ចូលរួម​ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា ជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងមុខតំណែង និងតំណាង​រាស្រ្ត​ក្នុង​នីតិកាលទី៧​។ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីដំណាក់កាលចុះបញ្ជីគណបក្សនយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង គ.ជ.ប នឹងឆ្ពោះទៅដំណាក់កាលឃោសនាបោះឆ្នោត ដែលនឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ខណៈ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នឹង​ប្រព្រឹត្ត​ទៅ​នាថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤៕ អត្ថបទ៖ សេក ឧត្តម

សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តជួបពិភាក្សាការងារជាមួយម្ចាស់ក្រុមហ៊ុន និងវិនិយោគិនជប៉ុនជាច្រើននាក់ព្រឹកនេះ

2023/12/19 07:31:27 pm        510
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ នៅទីក្រុង តូក្យូ ប្រទេសជប៉ុន បាន​អញ្ជើញ​ចូលរួ​មសិក្ខា​សាលា​វិនិយោគ​កម្ពុជា​ឆ្នាំ​២០២៣ ស្តីពីបរិយាកាសវិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា និង​បន្ត​ជួប​ជាមួយ​បណ្ដាម្ចាស់ក្រុមហ៊ុន និងវិនិយោគិនជប៉ុនជាច្រើនរូប ដើម្បីពិភាក្សាការងារ និ​ង​ផ្សព្វ​ផ្សាយ​ពី​សក្តានុពលវិនិយោគនៅកម្ពុជាដល់បណ្តាវិនិយោគិនជប៉ុន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានអញ្ជើញ​ចូលរួម​សិក្ខាសាលា​វិនិយោគកម្ពុជាឆ្នាំ ២០២៣ ស្តីពី​បរិយាកាស​វិនិយោគ និងសក្តានុពលនៃការធើ្វធុរកិច្ចនៅកម្ពុជា។ សិក្ខាសាលានេះ បានដើរ តួ​សំខាន់​ក្នុង​ការជំរុញលំហូរពាណិជ្ជកម្ម និងវិនិយោគ, កិច្ចសហប្រតិបត្តិការធុរកិច្ច និងនវានុវត្តន៍, ការ​យោគយល់គ្នាទៅវិញទៅមក និងមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន។ សិក្ខា​សាលានេះមានវិនិយោគិនចូលរួមសរុបចំនួនប្រមាណជិត ៧០០ នាក់ ក្នុងនេះវិនិយោគិន​ជប៉ុន​ចូល​រួមដោយផ្ទាល់ និងតាមអនទ្បាញមានចំនួនប្រមាណជាង ៦០០ នាក់ និងវិនិយោគិន​កម្ពុជា​ចំនួន​ប្រមាណជាង៨០នាក់។ សិក្ខាសាលាវិនិយោគកម្ពុជាឆ្នាំ២០២៣ មានការ​សហការ​រៀបចំ​ដោយសភាពាណិជ្ជកម្មកម្ពុជា អង្គការពាណិជ្ជកម្មក្រៅ ប្រទេសជប៉ុន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និងធនាគារមិស៊ូហ៊ុ (Mizuho) ដោយមាន ការចូលរួមដោយលោក អ៊ីស៊ីហ្គូរ៉ូ ណូរីហ៊ីគូ (ISHIGURO Norihiko) ប្រធាន និងជានាយកប្រតិបត្តិអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ព្រម​ទាំង​សមាជិកសភាពាណិជ្ជកម្មកម្ពុជា និងពាណិជ្ជករនៃប្រទេសជប៉ុនផងដែរ។ក្នុងឱកាស​នេះ​ដែរ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ដល់វិនិយោគិនជប៉ុនថា កម្ពុជា​មាន​សក្តានុពល​ច្រើន រាជរដ្ឋាភិបាលបានរៀបចំ ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន ព្រលានយន្តហោះ កំពង់ផែ តំបន់សេដ្ឋកិច្ចពិសេស និងបាន​បង្ក​លក្ខណៈងាយ​ស្រួល​សម្រាប់​អ្នក​វិនិយោគ​នៅ​កម្ពុជា​។សម្តេចធិបតី​បានលើកឡើងពីការយកចិត្តទុកដាក់ដល់វិស័យឯកជន ដែលរាជរដ្ឋាភិបាល​បាន​ចាត់​ទុក​វិស័យឯកជនជាដៃគូរជាមួយនឹងរាជរដ្ឋាភិបាល។ សម្តេចធិបតីបានថ្លែងថា រាជរដ្ឋាភិ​បាល​ក៏​នឹង​ពង្រឹងកិច្ច សន្ទនាជាមួយវិស័យឯកជនឱ្យកាន់តែខ្លាំងឡើងតាមរយៈការរៀបចំ វេទិកា​រាជ​រដ្ឋាភិបាល និងវិស័យឯកជនឱ្យបានទៀងទាត់ ដោយ​សម្តេច​អញ្ជើញ​ធ្វើ​ជា​អធិបតី​ដោយ​ផ្ទាល់​ផង​ដែរ​។សម្តេចនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យអ្នកវិនិយោគ និងអ្នកធ្វើធុរកិច្ចជប៉ុនចូលមកសិក្សា និង​វិនិយោគ​នៅ​កម្ពុជា។ សម្តេចធិបតី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់ការគាំទ្រ និង​កិច្ច​សម្រប​សម្រួល​គ្រប់រូបភាព ដើម្បីឱ្យធុរជន និងអ្នកវិនិយោគបរទេស អាចធ្វើធុរកិច្ច និងវិនិយោគ​នៅ​កម្ពុជា​ប្រកប​ដោយ​ផ្លែផ្កា និងរីកចម្រើន។បន្ទាប់ពីបានចូលរួម​សិក្ខាសាលាវិនិយោគកម្ពុជា ឆ្នាំ២០២៣ ស្តីពីបរិយាកាសវិនិយោគ និង​សក្តានុពល​នៃការធើ្វធុរកិច្ចនៅកម្ពុជា សម្ដេចធិបតី​នាយករដ្ឋ​មន្ដ្រី​បាន​បន្ត​អនុញ្ញាត​ឲ្យ​បណ្ដា​ម្ចាស់​ក្រុម​ហ៊ុន និងវិនិយោគិនជប៉ុនជាច្រើនរូបចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ សូម​ជម្រាបថា ឆ្នាំ២០២៣ គឺជាខួបលើកទី ៧០ឆ្នាំ នៃទំនាក់ទំនង ការទូត រវាងកម្ពុជា និង​ជប៉ុន​។ ប្រទេស​ទាំងពីរ​បាន​លើក​កម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ទៅ​ជាភាព​ជាដៃគូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ដែលឆ្លុះបញ្ចាំងពីជម្រៅ និងវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និ​ង​ជំនឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មកដែលត្រូវបានកសាង អស់រយៈពេលជាច្រើនឆ្នាំមកនេះ។ ជប៉ុនគឺដៃគូពាណិជ្ជកម្ម និង​វិនិយោគដ៏ធំជាងគេបង្អស់មួយរបស់កម្ពុជាហើយក៏ជាប្រទេសផ្តល់ជំនួយដ៏ធំជាងគេមួយផងដែរ ដែល​បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម កម្ពុជា ចាប់តាំង​ពី​ការ​កសាង​ប្រទេសឡើងវិញដំបូង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM