កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្ដីសុខាភិបាល៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលបណ្តុះបណ្តាលនិស្សិត​ប្រកបដោយគុណភាព

2023/12/19 07:23:21 pm        347
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអះអាងថា សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សុខាភិបាល ទទួលបានការទុកចិត្តពីនិសិ្សត អាណាព្យាបាល និងសាធារណជន​លើ​ការ​បណ្តុះ​បណ្តាលស្រាវជ្រាវ និងការបម្រើសេវាផ្សេងៗប្រកបដោយគុណភាព។ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែង​បញ្ជាក់​បែប​នេះ​ក្នុង​ឱកាស​ពិធី​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​២០២៣-២០២៤ ទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ។ ឯកឧត្តមសាស្រ្តាចារ្យថ្លែងថា នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល ក្នុងនោះបញ្ចកោណទី១ គឺផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស​ឲ្យ​មាន​គុណភាព និងសុខភាពល្អ។ ជាពិសេស គឺផ្តោត​សំខាន់​ទៅ​លើ​ការ​អភិវឌ្ឍ​មូល​ធន​មនុស្ស​ឲ្យ​មាន​គុណភាព និងសុខភាពល្អ ដែលជាគន្លឹះសំខាន់បំផុតសម្រាប់ការជំរុញពិពិធកម្ម និង​កំណើត​សេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន និងភាពធន។ បើតាមឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និង​ជា​សាកល​វិទ្យា​ធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានឲ្យដឹងថា សាកលវិទ្យាល័យ​វិទ្យា​សាស្រ្ត​សុខាភិបាលនៅក្នុងឆ្នាំ២០២៣នេះ បាននិងកំពុងដំណើរការកម្មវិធីបណ្តុះបណ្តាលចំនួន ៤៧ កម្មវិធី ដោយមាន និស្សិតសរុបចំនួន ៧.៣៧០ នាក់ក្នុងនោះជានិស្សិតស្រីចំនួន ៤,៤០៩នាក់។ ឯកឧត្តមបញ្ជាក់ថា ក្នុងចំណោមនិស្សិតទាំងនោះ មាននិស្សិត ៦៨៦ នាក់​បាន​ទទួល​អាហា​រូបករណ៍​បង់ថ្លៃជំនួសដោយរាជរដ្ឋាភិបាលកម្ពុជា និងនិស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសចំនួន ៨៦ នាក់​ទទួលអាហារូបករណ៍ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ ឯកឧត្តមបញ្ជាក់ថា សាកលវិទ្យាល័យបានបន្តពង្រឹងគុណភាពបណ្តុះបណ្តាល ដោយ​ផ្តោត​លើ​សមត្ថភាព​ស្នូល ជាគោល និងលើការងារស្រាវជ្រាវ សាកលវិទ្យាល័យ បានសហការ​ជា​មួយ​ដៃ​គូរ​ជាតិ និងអន្តរជាតិ អនុវត្តនូវគម្រោងសិក្សាស្រាវជ្រាវ ចំនួន ២៧ គម្រោងថែមទៀត៕ អត្ថបទ ៖ រដ្ឋា

ចិនជំរុញឱ្យចក្រភពអង់គ្លេសបញ្ឈប់ការញុះញង់ប្រឆាំងប្រទេសចិន និងជួយអ្នកបង្កអស្ថិរភាពនៅទីក្រុងហុងកុង

2023/12/19 06:06:28 pm        414
ស្ថានទូតចិនប្រចាំនៅចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ បានច្រានចោលការលើកឡើងរបស់អ្នកនយោបាយចក្រភពអង់គ្លេស ដែលទាក់ទងនឹងតំបន់រដ្ឋបាលពិសេសហុងកុង។ លោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកកិច្ចការបរទេស និងអភិវឌ្ឍន៍ ថ្មីៗនេះបានចេញសេចក្តីថ្លែងការណ៍មួយ ដោយបន្តមួលបង្ខូចច្បាប់សន្តិសុខជាតិក្នុងទីក្រុងហុងកុង និងអំពាវនាវឱ្យអាជ្ញាធរហុងកុង បញ្ចប់ការកាត់ទោស និងដោះលែងមហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយលោក ជីមីឡៃ (Jimmy Lai)។ ឆ្លើយតបទៅនឹងសំណួរចំពោះទង្វើរបស់លោក Cameron អ្នកនាំពាក្យស្ថានទូតមួយរូប បាននិយាយថា យើងប្រឆាំងយ៉ាងដាច់ខាត និងជំទាល់យ៉ាងដាច់អហង្ការចំពោះទង្វើដ៏គួរឱ្យរន្ធត់របស់អ្នកនយោបាយចក្រភពអង់គ្លេសចំពោះការគាំទ្រលើលោក Jimmy Lai។យោងតាមសេចក្តីប្រកាសព័ត៌មានដែលដកស្រង់សម្តីអ្នកនាំពាក្យ លោក ឡៃ គឺជាអ្នកប្រឆាំងចិនដ៏ល្បីល្បាញបំផុតមួយរូប ដែលចង់ធ្វើឱ្យហុងកុងជួបអស្ថិរភាព និងជ្រៀតជ្រែកដល់នីតិរដ្ឋនៅក្នុងទីក្រុងហុងកុង ។ ការចេញផ្សាយនៅលើគេហទំព័ររបស់ស្ថានទូតបាននិយាយថា មេគំនិត និងជាអ្នកញុះញង់ឱ្យមានកុបកម្មប្រឆាំងចិនដែលបានកើតឡើងនៅហុងកុង លោក ឡៃ បានឃុបឃិតគ្នាយ៉ាងម៉ឺងម៉ាត់ជាមួយកងកម្លាំងខាងក្រៅ ដើម្បីបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ទាមទារការគាំទ្រពីបរទេស និងទទួលខុសត្រូវចំពោះអំពើដ៏អាក្រក់ផ្សេងៗ៕

បារាំងនឹងចាត់វិធានការប្រឆាំងនឹងអ្នកតាំងទីលំនៅអ៊ីស្រាអែលជ្រុលនិយម និងជំរុញឲ្យបន្ថយភាពតានតឹងនៅប្រទេសលីបង់

2023/12/19 06:00:23 pm        464
រដ្ឋមន្ត្រីការបរទេសរបស់ខ្លួន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសបារាំង នឹងចាត់វិធានការទៅលើអ្នកតាំងទីលំនៅអ៊ីស្រាអែល ដែលបានវាយប្រហារជនជាតិប៉ាឡេស្ទីននៅតំបន់វេសបែង ដែលគ្រប់គ្រង ដោយអ៊ីស្រាអែល មួយថ្ងៃបន្ទាប់ពីបានជួបកសិករប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា(Ramallah) ដែលត្រូវបានកំណត់គោលដៅ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។តួលេខរបស់អង្គការសហប្រជាជាតិ បង្ហាញថា ការវាយប្រហាររបស់អ្នកតាំងទីលំនៅប្រចាំថ្ងៃ បានកើនឡើងទ្វេដង ចាប់តាំងពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា និងការវាយលុកជាបន្តបន្ទាប់ទៅលើតំបន់ហ្កាហ្សារបស់ប៉ាឡេស្ទីន។ ជនជាតិប៉ាឡេស្ទីនជាង ២០០ នាក់ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សាក្នុងឆ្នាំនេះ រួមទាំងការវាយប្រហារពីអ្នកតាំងទីលំនៅផងដែរ។លោកស្រី Catherine Colonna បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងបេរូត ក្រោយពីដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅអ៊ីស្រាអែល ទីក្រុងរ៉ាម៉ាឡា និងប្រទេសលីបង់ថា៖«យើងនឹងមិនទទួលយកទង្វើទាំងនេះទេ។ ប្រទេសបារាំង នឹងមិនរង់ចាំទៀត។ យើងបានស្នើឲ្យអាជ្ញាធរអ៊ីស្រាអែល បញ្ចប់រឿងនេះ ហើយខ្លួននឹងចាត់វិធានការជាតិប្រឆាំងនឹងអ្នកតាំងទីលំនៅអ៊ីស្រាអែលជ្រុលនិយមមួយចំនួន។ សហភាពអឺរ៉ុប កំពុងសិក្សាពីលទ្ធភាពនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកតាំងទីលំនៅជ្វីហ្វ ដែលបង្កអំពើ ហិង្សា។លោកស្រី បាននិយាយថា៖ «ដីនេះ គឺដីរបស់ប្រជាជនជាតិប៉ាឡេស្ទីន ហើយនឹងក្លាយជាផ្នែកនៃរដ្ឋប៉ាឡេស្ទីន។

ចិននិងកូរ៉េខាងជើង បានបើកកិច្ចប្រជុំកម្រិតខ្ពស់ ស្របពេលមានការបាញ់មីស៊ីល

2023/12/19 05:48:58 pm        520
រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងនៅទីក្រុងប៉េកាំង កាលពីថ្ងៃច័ន្ទ (១៨ ធ្នូ) ស្របពេលដែលទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលដែលមានសមត្ថភាពទៅដល់គ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក។ប្រទេសចិនតែងតែចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយកូរ៉េខាងជើងតាមទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង នេះបើយោងតាមក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយដកស្រង់ប្រសាសន៍របស់លោក វ៉ាង ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក ផាក យ៉ុងហូ (Pak Myong Ho)។លោក វ៉ាង បានបន្ថែមថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងការសម្របសម្រួល ខណៈពេលដែលធ្វើឱ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ។ លោក វ៉ាង និងលោក ផាក បានផ្លាស់ប្តូរទស្សនៈលើបញ្ហានៃ «ក្តីបារម្ភរួម» ដែលក្រសួងមិនបានបកស្រាយលម្អិត។កូរ៉េខាងជើងជាសម្ព័ន្ធមិត្តផ្លូវការតែមួយគត់របស់ចិន។ ប្រទេសទាំងពីរត្រូវបានចងភ្ជាប់ដោយសន្ធិសញ្ញាដែលបានចុះហត្ថលេខានៅឆ្នាំ១៩៦១ ដើម្បីចាត់វិធានការចាំបាច់ទាំងអស់ រួមទាំងជំនួយផ្នែកយោធា ដើម្បីជួយគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារឬការប៉ុនប៉ងវាយប្រហារដោយប្រទេសទីបី៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត គាំទ្រគំនិតផ្តួចផ្តើមរបស់ជប៉ុន​នៅក្នុងកិច្ចប្រជុំកំពូលរំលឹក​ខួបអនុស្សាវរីយ៍​អាស៊ាន-ជប៉ុន

2023/12/19 04:47:04 pm        638
តបតាមការអញ្ជើញរបស់ ឯកឧត្តម គីស៊ីដា ហ៊្វីមីអូ (Kishida Fumio) នាយករដ្ឋមន្ត្រី​ជប៉ុន​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ​ចូលរួម​កិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍៥០ឆ្នាំនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នៅទីក្រុងតូក្យូ។ប្រមុខរដ្ឋ/រដ្ឋាភិបាលបានពិនិត្យឡើងវិញលើទំនាក់ទំនងអាស៊ាន-ជប៉ុនក្នុងរយៈពេល ៥០ ឆ្នាំ​កន្លង​មក​ជាពិសេសក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីប្រកាសចក្ខុវិស័យ និងផែន​ការ​អនុវត្តន៍​នៃទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រដែលបានអនុម័តកាលពីឆ្នាំ២០១៣។កិច្ចប្រជុំ​កំពូលរំលឹកខួបអាស៊ាន-ជប៉ុនបានអនុម័តនូវឯកសារដ៏សំខាន់ចំនួន ២ ដែលជាឯកសារ​គោល​តម្រង់​ទិសនៃការពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ និងទូលំទូលាយ​បន្ថែម​ទៀត​ក្នុង​ការ​បើកទំព័រថ្មីនៃទំនាក់ទំនងអាស៊ាន-ជប៉ុនសម្រាប់ការលើកតម្កើងសន្តិភាព ការរីក​ចម្រើន​រួមគ្នា និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់រយៈពេល ១០ ឆ្នាំ ទៅមុខទៀតរួមមាន៖ ១)សេចក្តីប្រកាសចក្ខុវិស័យរួមស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖​ដៃគូដែល​ជឿទុក​ចិត្តគ្នា និង ២) ផែនការ អនុវត្តន៍នៃសេចក្តីប្រកាសចក្ខុវិស័យរួមនេះ។នៅក្នុងកិច្ច​ប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុននេះសម្ដេចធិបតីបានវាយតម្លៃខ្ពស់ ចំពោះដំណើរ​ដ៏​វែង​ឆ្ងាយ​របស់អាស៊ាន និងជប៉ុនដែលជាសក្ខីភាពបង្ហាញពីភាពរឹងមាំផ្អែកលើ «សាមគ្គីភាព ក្នុង​ភាព​ចម្រុះ និងបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការរួមដៃគ្នាបង្ហាញនូវ «កម្លាំងនៃសន្តិភាព» ដែល​ប្រជាជាតិ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ត្រូវ​រួម​គ្នាធ្វើ​ដើម្បី​ធានា​ថា​តំបន់​នេះ​នឹង​មិន​ក្លាយ​ជា​វេទិកា​ថ្មី​មួយ​ទៀតនៃជម្លោះប្រដាប់អាវុធ ឬសង្គ្រាមដោយតួអង្គតំណាងនោះឡើយ។សម្ដេចធិបតីបានកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះការ​គាំទ្រ​របស់​ជប៉ុន​ក្នុង​ការ​អនុវត្ត​អាទិភាព​ទាំង​៤ នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) រួមមាន​កិច្ច​សហប្រតិបត្តិការ​លម្ហ​សមុទ្រ​ការតភ្ជាប់ គោលដៅអភិវឌ្ឍន៍ដោយចីរភាព កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកិច្ច​សហប្រតិបត្តិការ​នៅក្នុងវិស័យ ផ្សេងទៀត និងត្រៀមខ្លួនជាស្រេច​ដើម្បី​ចូល​រួម​ក្នុង​ការ​បង្កើន​សហ​ថាមពល និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) និងចក្ខុវិស័យថ្មីរបស់ជប៉ុនស្តីពីឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ (FOIP)។ឆ្លៀត​ក្នុងឱកាសនោះសម្ដេចធិបតីក៏បានសម្តែងនូវកង្វល់ពីការបន្តបាញ់សាកល្បងមីស៊ីល អន្តរទ្វីប​ដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងបានជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ចូលរួមក្នុងកិច្ចសន្ទនាដែលមានលក្ខណៈស្ថាបនា និងដោយ​សន្តិ​វិធី​ដើម្បី​ជំរុញ​ការរំសាយ​អាវុធ​នុយ​ក្លេអ៊ែរដោយពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចត្រឡប់ថយក្រោយសំដៅធានា សន្តិភាព និងស្ថិរភាពយូរអង្វែងនៅឧបទ្វីបកូរ៉េ។ សម្តេចធិបតីក៏បានអំពាវនាវឱ្យមានការដោះស្រាយឱ្យបានឆាប់រហ័សលើបញ្ហាចាប់ពង្រត់ជនជាតិជប៉ុន​ដើម្បីពួកគេអាចវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។សម្រាប់​ការ​ជំរុញភាពជាដៃគូចិត្ត និងចិត្តគ្រប់ជំនាន់ សម្តេចធិបតី​បាន​ស្នើ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀតលើការអភិវឌ្ឍធនធានមនុស្ស ជាពិសេសតាមរយៈកម្មវិធីអប់រំ និងការ​បង្កើន​នូវ​ការ​យល់​ដឹងទូលំទូលាយរួមទាំងការគាំទ្រដល់វិស័យវប្បធម៌ សិល្បៈ និងកម្មវិធី​ផ្លាស់ប្តូរ​ទំនាក់​ទំនង យុវជនអាស៊ីបូព៌ា ដើម្បីពង្រឹងសមត្ថភាព និងភាពធន់របស់យុវជន។ សម្ដេចធិបតី ក៏បាន​លើក​ទឹក​ចិត្តភាគីជប៉ុនបន្តគាំទ្រគម្រោងបណ្ណសារដ្ឋានបេតិកភណ្ឌវប្បធម៌ឌីជីថលអាស៊ាន និង​ការ​អនុវត្តសេចក្ដីប្រកាសអាស៊ានស្ដីពីសមភាពយេនឌ័រ និងការអភិវឌ្ឍគ្រួសារ។ចំពោះ​ភាពជាដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ចនិងសង្គមនាពេលអនាគត សម្តេចធិបតី​បាន​សង្កត់​ធ្ងន់​លើការគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកចំហ មានតម្លាភាព សមភាព និង​ផ្អែក​លើវិធានច្បាប់ ព្រមទាំង​បញ្ជាក់​នូវ​ភាព​ចាំបាច់​ក្នុង​ការ​ពង្រឹង​ការ​ប្រើប្រាស់​ក្រប​ខ័ណ្ឌ​ពាណិជ្ជកម្ម ពហុភាគី​ដឹក​នាំ​ដោយ​អាស៊ាន​ដែល​មាន​ការ​ចូលរួម​យ៉ាង​សកម្មពី​ដៃគូ​ទាំង​ឡាយ​ឱ្យ​អស់​សក្តានុពល តួយ៉ាងដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន (AJCEP)។សម្ដេចធិបតី ក៏បានសម្តែងការគាំទ្រដល់គំនិតផ្តួចផ្តើមសហបង្កើត​ឧស្សាហក​ម្ម​យានយន្ត​ជំនាន់​ថ្មី​អាស៊ាន-ជប៉ុន (ASEAN-Japan Next Generation Automotive Industry Co-Creation Initiative) និងគម្រោងរបស់ ឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ក្នុងការកៀរគរមូលនិធិ ៣៥ ពាន់​លាន​ដុល្លារអាមេរិក សម្រាប់រយៈពេល៥ឆ្នាំ តាមរយៈភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុង​តំបន់​អាស៊ាន ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជាការតភ្ជាប់ អន្តរកាលបៃតង ការ​ប្រែប្រួល​អាកាស​ធាតុ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមជាដើម។ ការគាំទ្រគំនិត​ផ្តួច​ផ្តើម​ទាំងអស់​នេះ​នឹង​រួម​ចំណែកដល់ការអនុវត្តន៍កម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ជាពិសេសការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការនាំមកនូវកាលានុវត្តភាពថ្មីៗ និង​ការ​បង្កើត​ឱកាសការងារ។នៅក្នុងឱកា​ស​នោះនាយករដ្ឋមន្ត្រីជប៉ុនក៏បានប្រកាសផងដែរនូវសកម្មភាពថ្មីក្រោមកម្មវិធី «ភាព​ជា​ដៃ​គូ​ដើម្បីកសាងអនាគត» ដែលមានទឹកប្រាក់ចំនួន ៤០ ពាន់លានយ៉េន ស្នើនឹងប្រមាណ៧ ២៨១,៤៤ លានដុល្លារ សម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ និងគម្រោង​ដែល​មាន​ទឹក​ប្រាក់​មុន​ចំនួន​ ១៥ ពាន់លានយ៉េន (ប្រមាណ ១០៥,៥៤ លានដុល្លារ) សម្រាប់កិច្ចការស្រាវជ្រាវ អន្តរជាតិ និងការផ្លាស់ប្តូរការបណ្តុះបណ្តាលមូលធនមនុស្ស។ជាការឆ្លើយ​តបសម្តេចធិបតី បានគាំទ្រគំនិតផ្តួចផ្តើមទាំងពីរនេះ និងបានបង្ហាញ​ពី​ការ​ត្រៀម​ខ្លួន​ជា​ស្រេច​របស់កម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តឱ្យបានពេញលេញ និងប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។សម្រាប់វិស័យថាមពល កម្ពុជាបាន​បញ្ជាក់​ពីជំហរឹងមាំ​ជាមួយ​នឹង​សហគមន៍​បំភាយ​ឧស្ម័ន​សូន្យ​អាស៊ី (Asia Zero Emission Community) ក្នុងការជំរុញអន្តរកាលថាមពលស្អាត និងសមធម៌ ដើម្បី​ឆ្ពោះទៅ​រកសង្គមអព្យាក្រឹតកាបូន និងការបំភាយឧស្ម័នសូន្យនៅអាស៊ី។ មូលដ្ឋានគ្រឹះ​នៃ​អន្តរកាល​ថាមពលរបស់កម្ពុជា គឺស្របគ្នាជា​មួយ​នឹង​សកម្មភាព​រួម​ដែល​ជា​ចក្ខុវិ​ស័យ​នៃ​សហគមន៍​បំភាយឧស្ម័នសូន្យអាស៊ី កម្ពុជាជឿជាក់លើ​កិច្ច​សហការ​រួម​គ្នា​ដើម្បី​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និងយល់ស្របអំពីវិធី​សាស្ត្រ​ដែល​ផ្អែក​ទៅ​តាម​ស្ថានភា​ព​តំបន់​ និង​សង្គម​របស់​ប្រទេស​នីមួយៗ។ក្នុង​នោះយុទ្ធសាស្ត្រ អព្យាក្រឹតកាបូនរបស់កម្ពុជាឈរលើសសរស្ដម្ភចំនួន ៣ រួមមាន៖ ការបង្កើន សមាមាត្រនៃថាមពលកកើតឡើងវិញ ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងការ​ពង្រីក​អគ្គិសនី ភាវូបនីយកម្ម។ ស្របពេលកម្ពុជាកំពុងធ្វើការកែលម្អ កម្ពុជាមានការតាំងចិត្តខ្ពស់ មាន​ចក្ខុ​វិស័យ ច្បាស់លាស់ ដើម្បីសម្រេចឱ្យបានអនាគតថាមពលមួយប្រកបដោយចីរភាព វិបុលភាព និង​ស្អាត​​សម្រាប់ប្រទេសជាតិរបស់យើង និងតំបន់៕

នាយករដ្ឋមន្រ្តីជប៉ុន សន្យាបន្តធ្វើការងារជាមួយសម្តេចធិបតី ដើម្បីស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរឲ្យកាន់តែប្រសើរ

2023/12/18 10:38:13 pm        447
នៅចំពោះមុខសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឯកឧត្តម គីស៊ីដា ហ្វឹមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន បានសន្យាថា នឹងបន្តធ្វើកិច្ចការងារជាមួយសម្តេចធិបតីបន្ថែមទៀត ដើម្បី ធ្វើយ៉ាងណាស្វែងរកផលប្រយោជន៍រួមសម្រាប់ប្រជាជន និងប្រទេសទាំងពីរឲ្យកាន់តែរីកច្រើនបន្ថែមទៀត។នៅក្នុងកិច្ចជំនួបទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលសម្តេចអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងថា ឯកឧត្តមសូមថ្លែងអំណរគុណប្រទេសកម្ពុជាចំពោះចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងរយៈកាលកន្លងមក ព្រមទាំងបានបញ្ជាក់ថា ឯកឧត្តម «នឹងបន្តធ្វើការជាមួយ សម្តេចធិបតី បន្ថែមទៀត សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវជោគជ័យថ្មីៗ ជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ជប៉ុន» ។ឯកឧត្តម គីស៊ីដា ហ្វឹមីអូ ក៏បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះវត្តមានរបស់ ​សម្តេចធិបតី ហ៊ុន ម៉ាណែត ​និងគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ​នៅប្រទេសជប៉ុន ក្នុងឱកាស​នៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ និងកិច្ចប្រជុំប្រមុខថ្នាក់​ដឹកនាំ​​នៃប្រទេសសមាជិកសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី ​(The Asia Zero Emission Community Leaders Meeting-AZEC) ព្រមទាំងបានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជា ដែលបានផ្តល់នូវកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធិលើគ្រប់វិស័យ ហើយដែលចុងក្រោយនេះ គឺកិច្ចសហការរួមក្នុងការជួយបណ្ដុះបណ្ដាលដល់អ្នកជំនាញដោះមីនរបស់អ៊ុយក្រែនផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបទ្វេភាគីនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការអបអរសាទរ​ចំពោះជោគជ័យរបស់ប្រទេសជប៉ុន នៅក្នុងការធ្វើជាម្ចាស់​ផ្ទះរៀបចំ​កិច្ចប្រជុំកំពូលទាំងពីរ និងបានបង្ហាញនូវការគាំទ្រ​ចំពោះគំនិតផ្តួចផ្តើម​របស់ប្រទេសជប៉ុនពាក់ព័ន្ធនឹង AZEC ក៏ដូចជាគំនិតផ្តួចផ្តើមចំនួន ៣ ផ្សេងទៀត រួមមាន៖ (i) “ដៃគូចិត្ត នឹងចិត្តគ្រប់ជំនាន់/Heart-to-Heart Partners across Generations”; (ii) “ដៃគូសម្រាប់សហបង្កើតសេដ្ឋកិច្ច និងសង្គម/Partners for Co-creation of Economy and Society” និង (iii) “ដៃគូសម្រាប់សន្តិភាព និងស្ថិរភាព/Partners for Peace and Stability” ។បន្ថែមពីលើនេះ ដើម្បីចូលរួមអបអរសាទរខួប៧០ឆ្នាំ នៃចំណងការទូតកម្ពុជា-ជប៉ុន, និងជាឆ្នាំនៃការដំឡើងកម្រិតនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការមួយចំនួន សំដៅពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងវិស័យការពារជាតិ និងសន្តិសុខ,ពាណិជ្ជកម្ម និងវិនិយោគ, ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការបើកឡើងវិញនូវជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុន ជាដើម។សូមបញ្ជាក់ថា នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ សម្តេចធិបតី និងនាយករដ្ឋមន្រ្តីជប៉ុន ក៏បានចូលរួមជាអធិបតី ក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការចំនួន៧ផងដែរ​ដោយក្នុងនោះ១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការលើកកម្ពស់​រដ្ឋាភិបាលអេឡិចត្រូនិក; ២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន; ៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់ផលិតផែនទីនាវាចរណ៍អេឡិចត្រូនិក; ៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា; ៥-អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code; ៦-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា) និង ៧-អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល ជាមួយនឹង ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវមាសជាដើម៕អត្ថបទ៖ បាន ចក់

ឯកឧត្តម ចាយ បូរិន អញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា

2023/12/18 09:11:57 pm        544
ភ្នំពេញ៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា និងក្រុមគ្រួសារ ។លោកជំទាវបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារ ពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីសម្តេចតេជោហ៊ុន សែន ហើយតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ពីការគាំទ្រ និងមានសង្ឃឹមយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញ និងកំណត់នូវចក្ខុវិស័យ ផែនការយុទ្ធសាស្រ្តច្បាស់លាស់ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ក៏បានផ្តល់ទស្សនទានជូនយុវជនគណបក្សដូចខាងក្រោម ៖១-ត្រូវផ្តោតសំខាន់លើការថែរក្សាសុខភាព ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ២-សេពគប់មនុស្សឱ្យច្រើន ប៉ុន្តែត្រូវជ្រើសរើសយកតែមិត្តល្អ៣-ត្រូវយកចិត្តទុកដាក់ចំពោះសាសនាទាំងអស់ និងត្រូវសិក្សាពីគុណតម្លៃរបស់សាសនានីមួយៗ លោកជំទាវក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលលោកជំទាវធ្លាប់បានចូលរួម និងឆ្លងកាត់ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។ លោកជំទាវ ជាអ្នកសិក្សាស្រាវជ្រាវ និងបង្រៀនជំនាញទស្សនវិជ្ជាព្រះពុទ្ធសាសនា ព្រមទាំងបទពិសោធន៍ការងារយ៉ាងច្រើនដូចជា៖ ធ្លាប់បានបម្រើការងារជាសាស្ត្រាចារ្យបង្រៀនប្រវត្ដិវិទ្យា ភូមិវិទ្យា នៅសាលាគរុវិជ្ជាជាន់ខ្ពស់ សិក្សាថ្នាក់បណ្ឌិត ផ្នែកទស្សនវិជ្ជាប្រៀបធៀបសាសនាតួនាទីព្រះពុទ្ធសាសនានៅកម្ពុជា ឆ្លុះបញ្ចាំងតាមរយៈពាហិរសាសនា ជាព្រឹទ្ធនារីរង និងជាសាស្ត្រាចារ្យទស្សនវិជ្ជានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌលទី១, ទី២ ពុទ្ធិកមហាសាកលវិទ្យាល័យព្រះសីហនុរាជ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យភូមិន្ទកសិកម្ម អង្គការក្រៅរដ្ឋាភិបាលចម្រើនស្ត្រី ជាអនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ជាប្រធានក្រុមបណ្ឌិតសភាចារ្យ ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាឧត្តមទីប្រឹក្សា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ឯកឧត្តម ចាយ បូរិន និងក្រុមការងារក៏បានសម្តែងនូវការកោតសសើរ និងដឹងគុណ​ចំពោះវីរភាព​លះបង់គ្រប់បែបយ៉ាងចូលរួមបម្រើ និងកសាងជាតិ មាតុភូមិរបស់លោកជំទាវ ជាមួយគ្នានោះ​ឯកឧត្តម ក៏បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកា​ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកជំទាវបណ្ឌិត​សភាចារ្យ ខ្លូត ធីតា និងសូមបួងសួង​ដល់គុណបុណ្យ​ព្រះរតនត្រ័យ វត្ថុ​សិទ្ធិស័ក្ដិ​ក្នុងលោកសូមតាម​ជួយបីបាច់ថែរក្សា​លោកជំទាវបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕អត្ថបទ រដ្ឋា

នាវាពិព័រណ៍សៀវភៅអន្តរជាតិ Doulos Hope បានចូលមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

2023/12/18 09:00:43 pm        663
អ្នកចូលទស្សនានាវា Doulos Hope បានជ្រើសរើសសៀវភៅដែលមានចំណងជើងជាច្រើនជា ២០០០ ប្រភេទផ្សេងៗគ្នា ក្នុងតម្លៃសមរម្យមានទាំងផ្នែកវិទ្យាសាស្ត្រ ឱសថសាស្ត្រ សិល្បៈ ភាសា ជំនឿ ចំណង់ចំណូលចិត្ត ការចម្អិនអាហារ និងកីទ្បា ព្រមទាំងសៀវភៅកុមារ អត្ថបទសិក្សា វចនានុក្រម និងសៀភៅផ្សេងៗជាច្រើនទៀត។ នាវា Doulos Hope បើកដំណើរការឱ្យចូលទស្សនាដោយសេរីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ពីម៉ោង ២:០០ នាទីរសៀល ដល់ម៉ោង ៩:០០ នាទីយប់ (សម្រាប់កុមារ ត្រូវមានមនុស្សពេញចាស់នៅជាមួយ)។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លោក Oliver Dawson តាមរយៈទូរស័ព្ទលេខ ០៩៦ ៣១៩ ៩៣៥៧ ឬអ៊ីម៊ែល [email protected] ។ ដើម្បីធ្វើការកក់សំបុត្រ និងទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រដូចខាងក្រោម • Instagram DoulosHopeCambodia • Facebook DoulosHope_Cambodia ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គីស៊ីដា ហ្វូមីអូ អញ្ជើញជាអធិបតីភាព​ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៧

2023/12/18 09:00:06 pm        529
នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន ក្នុងពិធីចុះអនុស្សរណៈ នៃ​ការ​យោគយល់គ្នា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន ក្នុងនោះរួមមាន៖១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការ​លើកកម្ពស់​រដ្ឋាភិបាល​អេឡិច​ត្រូនិក២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់​ផលិតផែនទី​នាវាចរណ៍​អេឡិចត្រូនិក៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និង​គមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា៥-អនុស្សរណៈរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code៦-អនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា)៧-អនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយ ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស ។

គណបក្សកាន់អំណាចរបស់រុស្ស៊ី អនុម័តបំណងបោះឆ្នោតថ្មីរបស់លោក Putin

2023/12/18 08:32:13 pm        437
គណបក្សរុស្ស៊ីរួបរួម(United Russia) ជាគណបក្សកំពុងកាន់អំណាច បានផ្តល់ការគាំទ្រជាឯកច្ឆ័ន្ទ សម្រាប់ លោក Vladimir Putin នៅមុនការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើឡើងនៅខែមីនាខាងមុខនេះ។ គណបក្សនេះ បានអនុម័តបំណងរបស់លោកPutin ដើម្បីស្វែងរកការបោះឆ្នោតថ្មី នៅឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំនៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ។ លោកPutin បានប្រកាសបេក្ខភាពរបស់លោកកាលពីដើមខែនេះ ដោយលោកមានផែនការឈរឈ្មោះជាបេក្ខជនឯករាជ្យ។មេដឹកនាំគណបក្ស United Russia អតីតប្រធានាធិបតី លោក Dmitry Medvedev បាននិយាយថា គណបក្សរបស់លោក នឹងខិតជិតយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ខណៈបានត្រៀមរៀបចំ និងរួបរួមគ្នា។ លោកបាននិយាយបន្ថែមថា ជ័យជម្នះរបស់លោក Putin នៅក្នុងការបោះឆ្នោតនៅពេលខាងមុខ នឹងមានលក្ខណៈសមហេតុផល ស្របច្បាប់ និងមិនអាចជជែកតវ៉ាបាន។ នៅក្នុងសុន្ទរកថា ក្នុងកិច្ចប្រជុំ លោកPutin បានសរសើរទាហានរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន និងបានរិះគន់ដដែលៗចំពោះប្រទេសលោកខាងលិច។ លោកនិយាយថា ប្រជាជនរុស្ស៊ី គួរតែមានភាពម៉ឺងម៉ាត់ក្នុងការឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមលំបាកបំផុត។ រដ្ឋបាលរបស់លោកPutin នឹងត្រូវរៀបចំនូវអ្វីដែលទីក្រុងមូស្គូ និយាយថាជាការបោះឆ្នោតនៅផ្នែកខ្លះរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានដាក់បញ្ចូលឧបសម្ព័ន្ធជាឯកតោភាគី។ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានព្រមានកាលពីថ្ងៃអាទិត្យថា ការបោះឆ្នោតប្រធានាធិបតីនឹងបោះនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន នឹងពុំមែនជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នោះទេ។ ក្រសួងនិយាយថា អាជ្ញាធររុស្ស៊ី បានមើលឃើញយ៉ាងពិតប្រាកដថា ការទទួលបានលទ្ធផលត្រឹមត្រូវ គឺជាអាទិភាព។ នេះគឺដោយសារតែ ពួកគេចង់ផ្តល់នូវការយល់ឃើញពីភាពស្របច្បាប់ចំពោះការឈ្លានពានរបស់រុស្ស៊ី។ ក្រសួងបាននិយាយបន្ថែមថា រដ្ឋបាលរុស្ស៊ី នឹងប្រើប្រាស់វិធីសាស្រ្តពិតប្រាកដ ដែលរួមមានការក្លែងបន្លំការបោះឆ្នោតដ៏សំខាន់ និងការបំភិតបំភ័យអ្នកបោះឆ្នោត ដើម្បីធានាបានថា លោក Putin ទទួលជ័យជម្នះក្នុងការបោះឆ្នោតក្នុងចំនួនច្រើនលើសលប់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
11/13/2026 10:11 PM
សម្ដេចតេជោ អបអរសាទរ និងកោតសរសើរចំពោះ ចៅស្រី ល្អហួស ដែលបានខិតខំព្យាហាម រហូតសម្រេចក្តីស្រមៃ និងក្លាយជាម្ចាស់មកុដ Miss Teen Icon International 2026
11/13/2026 10:11 PM
ការវិនិយោគផ្លូវនៅជនបទ ជាការឆ្លើយតបទៅនិងការស់នៅដ៏ចាំបាច់របស់ប្រជាជន
11/13/2026 07:11 PM
រាជធានីភ្នំពេញរៀបចំកិច្ចពិភាក្សាថ្នាក់ដឹកនាំរាជធានី រដ្ឋធានី ទីក្រុង ខេត្ត និងអង្គភាពជាសមាជិកសមាគម AIMF តាមរយៈសន្និសីទកម្រិតអភិបាល និងតំណាងអាជ្ញាធរមូលដ្ឋានស្តីពី ទំនាក់ទំនងការទូតរវាងទីក្រុង ដើម្បីសន្តិភាព និងការអភិវឌ្ឍមូលដ្ឋាន
11/13/2026 06:11 PM
ទីក្រុងឌែលី វ៉ាដាច់ទីក្រុងឡាហ័រ ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងបំផុតក្នុងពិភពលោក
11/13/2026 06:11 PM
របាយការណ៍៖ ក្រុងវ៉ាស៊ីនតោនទាមទារឱ្យជប៉ុនបង្កើនការចំណាយ ៣ដង ដល់ ១៩ពាន់លានដុល្លារ លើ​កងទ័ពអាមេរិក
11/13/2026 06:11 PM
ការកាត់មូលនិធិទីភ្នាក់ងារ UNRWA ធ្វើឱ្យជនភៀសខ្លួនប៉ាឡេស្ទីននៅលីបង់កាន់តែលំបាកខ្លាំង
11/13/2026 06:11 PM
របាយការណ៍៖ រុស្ស៊ីទាមទារឱ្យហ្វាំងឡង់ចាកចេញពីអង្គការណាតូ អំឡុង​កិច្ចចរចា នៅអារ៉ាប់រួម
11/13/2026 06:11 PM
សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
11/13/2026 05:11 PM
ប្រទេសអ៊ីរ៉ង់ បង្ហាញមីស៊ីលនិងយានដ្រូនផលិតក្នុងស្រុក នៅទីក្រុងតេអេរ៉ង់
11/13/2026 05:11 PM