គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា
សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្រឹទ្ធសភាបក្សសាធារណរដ្ឋរបស់អាមេរិក រារាំងសំណើច្បាប់ជំនួយអ៊ុយក្រែន និងអ៊ីស្រាអែល ជុំវិញបញ្ហាព្រំដែន

2023/12/07 09:44:14 pm        170
សេចក្ដីស្នើច្បាប់ចំណាយបន្ទាន់ដើម្បីផ្តល់ជំនួយសន្តិសុខថ្មីរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន និងអ៊ីស្រាអែលមួយ ត្រូវបានរារាំងនៅក្នុងព្រឹទ្ធសភាអាមេរិក កាលពីថ្ងៃពុធ (០៦ ធ្នូ) ខណៈសមាជិកបក្សសាធារណរដ្ឋបានជំរុញការទាមទាររបស់ពួកគេសម្រាប់វិធានការតឹងរ៉ឹងដើម្បីគ្រប់គ្រងបញ្ហាអន្តោប្រវេសន៍នៅព្រំដែនសហរដ្ឋអាមេរិក ជាមួយម៉ិកស៊ិក។ការបោះឆ្នោតនេះ គឺមានការគាំទ្រ ៤៩សំឡេងទល់នឹងការប្រឆាំង ៥១សំឡេង ដែលធ្វើឱ្យវិធានការចំណាយចំនួន ១១០,៥ពាន់លានដុល្លារ មិនអាចទទួលបានគ្រប់៦០សំឡេងដែលត្រូវការនៅក្នុងព្រឹទ្ធសភា ដែលមានសមាជិក១០០រូប ដើម្បីត្រួសត្រាយផ្លូវក្នុងការចាប់ផ្តើមការជជែកដេញដោលបាន ដែលនេះបានគំរាមកំហែងដល់ការជំរុញរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងការផ្តល់ជំនួយថ្មីមុនដំណាច់ឆ្នាំ២០២៣។ការបោះឆ្នោតនេះធ្វើឡើងតាមជួរគណបក្ស ដោយរាល់សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានបោះឆ្នោតប្រឆាំង រួមជាមួយលោកព្រឹទ្ធសមាជិក ប៊ឺនី សានដឺស៍ (Bernie Sanders) ជាអ្នកនយោបាយឯករាជ្យដែលជាទូទៅបោះឆ្នោតយល់ស្របជាមួយគណបក្សប្រជាធិបតេយ្យ ប៉ុន្តែបានសម្តែងការព្រួយបារម្ភអំពីការផ្តល់មូលនិធិដល់ «យុទ្ធសាស្ត្រយោធាអមនុស្សធម៌» របស់អ៊ីស្រាអែល នាពេលបច្ចុប្បន្នប្រឆាំងនឹងប៉ាឡេស្ទីន។សមាជិកគណបក្សសាធារណរដ្ឋបាននិយាយថា វាជាការចាំបាច់ក្នុងការចាត់វិធានការសម្រាប់គោលនយោបាយអន្តោប្រវេសន៍កាន់តែតឹងរ៉ឹងជាងមុននិងការគ្រប់គ្រងព្រំដែនភាគខាងត្បូង។ បើទោះជាសំណើច្បាប់នេះឆ្លងផុតព្រឹទ្ធសភាក៏ដោយ ក៏វានៅតែចាំបាច់ត្រូវអនុម័តនៅក្នុងសភាតំណាងរាស្រ្ត ដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ជាទីដែលអ្នកសាធារណរដ្ឋរាប់សិបនាក់បានបោះឆ្នោតប្រឆាំងនឹងជំនួយរបស់អ៊ុយក្រែន រួមទាំងប្រធានសភាអាមរិក លោក ម៉ៃ ចនសុន (Mike Johnson) ផងដែរ៕

រដ្ឋមន្រ្តីកសិកម្មជំរុញឲ្យសម្ព័ន្ធ កាស៊ីក ពង្រឹងប្រសិទ្ធិភាពសេដ្ឋកិច្ចដល់កសិករ

2023/12/07 09:07:00 pm        164
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិនិត្យវឌ្ឍភាពការងាររបស់សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក) នៅទីស្តីការក្រសួងកសិកម្ម។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងជំនួបនេះ ​ឯកឧត្តមរដ្ឋមន្ត្រី ​បានគូសបញ្ជាក់ថា ​ជាគោលនយោបាយ ក្រសួង​កំពុងជំរុញ​ដំណាំ​សរីរាង្គ​នៅខេត្តព្រះវិហារ ​ដោយត្រូវធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិត ​ចំណាយតិច ចំណេញច្រើន ​និងមានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។ ជាមួយគ្នានេះដែរ​ឯកឧត្តមរដ្ឋមន្ត្រី បាន​ណែនាំ​ដល់ក្រុមការងារ​ត្រូវធ្វើការសិក្សាឱ្យបានច្បាស់លាស់​អំពីផលិតភាពសេដ្ឋកិច្ច ​និងសុវត្ថិភាព ​ដែលមានលក្ខណៈវិទ្យាសាស្ត្រ ​បៃតងនិងនិរន្តរភាព ដែល​អាចអនុវត្តបាន ព្រមទាំងផ្តល់ផលចំណេញដល់កសិករ៕

ចក្រភពអង់គ្លេស ប្រកាសដាក់ទណ្ឌកម្មថ្មីសំដៅលើយន្តការសង្គ្រាមរបស់លោកពូទីន នៅអ៊ុយក្រែន

2023/12/07 08:58:44 pm        158
ចក្រភពអង់គ្លេសកាលពីថ្ងៃពុធ បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹង «យន្តការសង្គ្រាម» របស់រុស្ស៊ី នៅអ៊ុយក្រែន ខណៈលោក David Cameron បានធ្វើដំណើរទៅក្រុងវ៉ាស៊ីនតោនសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងនាមជារដ្ឋមន្ត្រីការបរទេស។ការដាក់ទណ្ឌកម្មថ្មីនេះ រារាំងក្រុមហ៊ុនរបស់ចក្រភពអង់គ្លេសពីការទំនាក់ទំនងជាមួយអាជីវកម្ម និងបុគ្គលនៅក្នុងប្រទេសមួយចំនួនដូចជា បេឡារុស ចិន ស៊ែរប៊ី ទួរគី អារ៉ាប់រួម និងអ៊ូសបេគីស្ថាន ក្នុងចំណោមប្រទេសដទៃទៀត។ការិយាល័យបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មថ្មីចំនួន៤៦ផ្តោតលើ «បុគ្គលនិងក្រុមនានាដែលផ្គត់ផ្គង់ និងផ្តល់មូលនិធិដល់យន្តការសង្គ្រាមរបស់ (លោក ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន)។ ក្នុងចំណោមអ្នកទាំងនោះរួមមាន «អ្នកដើរតួបីនាក់ ដែលគាំទ្របណ្តាញក្រុមទាហានស៊ីឈ្នួល Wagner Group និងប្រតិបត្តិករចំនួន៤នៃអ្វីដែលគេហៅនាវារបស់កងនាវាស្រមោល ដែលត្រូវបានប្រើប្រាស់ដោយប្រទេសរុស្ស៊ី ដើម្បីទប់ទល់នឹងទណ្ឌកម្មទាក់ទងនឹងប្រេង ដែលដាក់ដោយចក្រភពអង់គ្លេសជាមួយនឹងដៃគូ G7»។ក្រុមប្រដាប់អាវុធ ដែលមានទំនាក់ទំនងជាមួយកងទ័ពរុស្ស៊ី ដូចជាកម្លាំងទាហានស៊ីឈ្នួល Wagner បានធ្វើសកម្មភាព នៅក្នុងប្រទេសអ៊ុយក្រែន ហើយត្រូវបានចោទប្រកាន់ពីបទរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិច្រើនរាប់មិនអស់។

សម្ដេចធិបតី គាំទ្រគម្រោងក្រុមហ៊ុនយក្សចិន បង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់នៅកម្ពុជា

2023/12/07 08:54:55 pm        181
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក លី ដៅសុង (Li Daosong) ប្រធានក្រុមហ៊ុន Beijing Urban Construction Group Co., LTD (BUCG) និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នៅវិមានសន្តិភាព ។ក្នុងឱកាសនៃជំនួបនេះ លោក លី ដៅសុង បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបាន​ឆ្លៀតពេល​វេលាដ៏មមាញឹកអនុញ្ញាត​ឱ្យរូបលោក ​និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម ព្រមទាំងបានផ្តាំផ្ញើការសាកសួរសុខទុក្ខគោរពជូនចំពោះ ​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ ។ លោកប្រធានក្រុមហ៊ុន បានជម្រាបជូន សម្តេចធិបតី អំពីគម្រោងវិនិយោគមួយចំនួនរបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងផ្នែក​ប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ នៅតាមបណ្តាខេត្ត-ក្រុងមួយចំនួនក្នុងប្រទេស​កម្ពុជា រួមមានខេត្តបាត់ដំបង, សៀមរាប, កំពង់ចាម, កំពង់ស្ពឺ, ព្រះសីហនុ និងក្រុងសេរីសោភ័ណ្ឌ ។ លើសពីនេះ ក្រុមហ៊ុន ក៏កំពុងធ្វើការសិក្សាលទ្ធភាពក្នុងការសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាត​នៅ​តំបន់ខាងកើតទន្លេមេគង្គ​ និង​ខាងលិចប៉ែកខាងលើទន្លេមេគង្គ ​ព្រមជាមួយនឹងគម្រោងបង្កើត​វិទ្យាស្ថាន​បណ្តុះបណ្តាលធនធានមនុស្សលើវិស័យវិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ ព្រមទាំងវិស័យមួយចំនួនផ្សេងទៀត ។ មួយវិញទៀតលោកប្រធានក្រុមហ៊ុន BUCG ក៏បានជម្រាបបញ្ជាក់ជូន សម្តេចនាយករដ្ឋមន្ត្រី ផងដែរថា ក្រុមហ៊ុននឹងនាំមកនូវបច្ចេកវិទ្យាទំនើបថ្មីៗក្នុងការអនុវត្តគម្រោងនានារបស់ខ្លួន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល អាណត្តិទី ៧ នេះ ។ជាការឆ្លើយតប សម្តេចធិបតី ​បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះគណៈប្រតិភូក្រុមហ៊ុន BUCG ដែល​បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ​នាឱកាសនេះ ស្របពេលដែលឆ្នាំ២០២៣នេះ ជាខួប​លើកទី៦៥ នៃចំណងការទូតកម្ពុជា-ចិន ​និងត្រូវបានកំណត់ជាឆ្នាំមិត្តភាពរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួម​ចំណែក​របស់ក្រុមហ៊ុន ​BUCG នៅក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសផ្នែកហេដ្ឋារចនា​សម្ព័ន្ធសាធារណៈ ​និងការលើកកម្ពស់សុខភាពសាធារណៈ ​តាមរយៈ គម្រោងវិនិយោគជាច្រើន​ក្នុងផ្នែកប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់ ​និងទឹកស្អាត​ ក៏ដូចជាការចូលរួមសហការជាមួយវិទ្យា​ស្ថានតេជោសែន​សាធារណការ និងដឹកជញ្ជូន ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស លើវិស័យ​សំខាន់ៗ រួមមាន៖ ប្រព្រឹត្តកម្មទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹក, ការសាងសង់ផ្លូវរថភ្លើងលើដី និងក្រោមដីក្នុងទីក្រុង ផ្លូវ ថ្នល់ និងស្ពាន ។ជាចុងក្រោយ សម្តេចធិបតី បានគាំទ្រចំពោះគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលធនធាន​មនុស្ស​លើវិស័យ​វិស័យប្រព្រឹត្តកម្មទឹកស្អាត និងទឹកកខ្វក់ និងបានជំរុញឱ្យក្រុមហ៊ុនបន្តនាំយកនូវ​បច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីចូលរួមចំណែកនៅក្នុងវិស័យប្រព្រឹត្តកម្មទឹកកខ្វក់ ​និងការផ្គត់ផ្គង់​ទឹកស្អាត​ ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន ​និងការលើកកម្ពស់សុខភាពសាធារណៈ នៅកម្ពុជា ព្រមជាមួយនឹងការលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យមើលលទ្ធភាពក្នុងការពង្រីកការវិនិយោគ​នៅ​ក្នុងវិស័យ​សក្តានុពលផ្សេងទៀត ​ដូចជាវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តជាដើម ៕

លោកZelnekyy អំពាវនាវដល់មេដឹកនាំប្រទេសG7 ឲ្យបន្តជំនួយសម្រាប់អ៊ុយក្រែន

2023/12/07 07:39:09 pm        106
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានអំពាវនាវដល់បណ្តាមេដឹកនាំនៃក្រុមប្រទេស G7 ឲ្យបន្តការផ្តល់ជំនួយសម្រាប់ប្រទេសដែលញាំញីដោយសង្គ្រាមរបស់លោក។ លោក Zelenskyy ត្រូវបានគេអញ្ជើញឲ្យនិយាយនៅក្នុងកិច្ចប្រជុំកំពូលG7 តាមបណ្តាញអ៊ីនធឺណិត។ លោកបានអរគុណដល់ ប្រទេសជប៉ុន សម្រាប់តួនាទីរបស់ប្រទេសនេះ ជាប្រធានក្រុមប្រទេសមានឧស្សាហកម្មរីកលូតលាស់ទាំង៧ ឬ G7 នៅឆ្នាំនេះ ដោយនិយាយថាអំឡុងពេលនេះជាលទ្ធផលនៃផ្លែផ្កា។លោក Zelenskyy បានបញ្ជាក់ថាស្នាដៃរបស់អ៊ុយក្រែននៅឆ្នាំនេះ អាចធ្វើទៅបានដោយមានការគាំទ្ររបស់ក្រុមប្រទេសG7។ ពួកវារួមមាន ការស្តារឡើងវិញការដឹកជញ្ជូនផលដំណាំជាធម្មតាពីសមុទ្រខ្មៅ ការពង្រឹងការការពាររោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត និងការទប់ស្កាត់កងទ័ពរុស្ស៊ីនៅសមរភូមិ។ សហរដ្ឋអាមេរិក នៅតែជាអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែន ប៉ុន្តែកិច្ចពិភាក្សាជុំវិញជំនួយសម្រាប់ទីក្រុងគីវ បានជាប់គាំងនៅសភា។ ប្រធានាធិបតី លោក Joe Biden បានបង្ហាញការផ្តល់មូលនិធិ ដែលអាចអស់នៅចុងឆ្នាំនេះ លុះត្រាតែ សភាអនុម័ត កញ្ចប់ថវិកាថ្មី។ លោក Zelenskyy និយាយថារុស្ស៊ីសង្ឃឹមសម្រាប់តែរឿងមួយប៉ុណ្ណោះ ដែលថា នៅឆ្នាំក្រោយ សាមគ្គីភាពរបស់ពិភពលោកសេរី នឹងដួលរលំ។ លោកនិយាយបន្ថែមថា ពិភពលោកសេរី ត្រូវការជាសំខាន់ គឺត្រូវរក្សាសាមគ្គីភាពរបស់ខ្លួន រក្សាអន្តរកម្ម រក្សាការគាំទ្រសម្រាប់អ្នកទាំងឡាយណាដែលសេរីភាព ត្រូវបានរងការវាយប្រហារ។

ជប៉ុននឹងរក្សាទុកយន្តហោះ Ospreys ១៤គ្រឿងមិនឲ្យដំណើរការ បន្ទាប់ពីការធ្លាក់យន្តហោះ CV-22 របស់អាមេរិក

2023/12/07 07:31:12 pm        88
កងកម្លាំងស្វ័យការពារជើងគោករបស់ប្រទេសជប៉ុន នឹងបន្តផ្អាកការប្រើប្រាស់យន្តហោះ Ospreys ចំនួន១៤គ្រឿង បន្ទាប់ពីការធ្លាក់យន្តហោះCV-22 នៅប្រទេសជប៉ុន មកពីមូលដ្ឋានទ័ពអាកាសសហរដ្ឋអាមេរិក បណ្តាលឲ្យមានមនុស្សស្លាប់។យន្តហោះដឹកជញ្ជូន១៤គ្រឿង ត្រូវបានដាក់ពង្រាយយ៉ាងប្រុងប្រយ័ត្ន នៅជំរំ Kisarazu ក្នុងខេត្ត Chiba ភាគខាងកើតទីក្រុងតូក្យូ។ កងកម្លាំងស្វ័យការពារជើងគោករបស់ជប៉ុន បច្ចុប្បន្នកំពុងពិនិត្យមើលយន្តហោះ Ospreys ដើម្បីបញ្ជាក់ពីសុវត្ថិភាពរបស់វា។ក្រសួងការពារជាតិជប៉ុន បាននិយាយថា យោធាសហរដ្ឋអាមេរិក បានដាក់ពង្រាយយន្តហោះ Osprey សរុបចំនួន៣០គ្រឿងនៅក្នុងប្រទេសជប៉ុន គិតមកត្រឹមចុងខែវិច្ឆិកា។ ៦គ្រឿងក្នុងចំណោមយន្តហោះទាំងនេះជាប្រភេទ CV-22 ដែលធ្វើប្រតិបត្តិការដោយកងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក ហើយត្រូវបានដាក់ពង្រាយ នៅមូលដ្ឋានទ័ពអាកាស Yokota របស់អាមេរិក ក្នុងទីក្រុងតូក្យូ។ យន្តហោះទាំងនេះ បូករួមទាំងយន្តហោះមួយគ្រឿងដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនៅជិតកោះ Yakushima ក្នុងប្រទេសជប៉ុនភាគនិរតីកាលពីថ្ងៃទី២៩ ខែវិច្ចិកា។ រីឯ២៤គ្រឿងផ្សេងទៀត ជាប្រភេទយន្តហោះ MV-22 ដែលចតនៅ ស្ថានីយ៍ដែនអាកាស Futenma របស់កងម៉ារីនសហរដ្ឋអាមេរិក នៅខេត្ត Okinawa ប្រទេសជប៉ុនភាគនិរតី។

អ្នកចូលរួមកិច្ចប្រជុំអាកាសធាតុ COP28 ជជែកដេញដោលថាតើប្រទេសណាគួរតែធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំCOP29

2023/12/07 07:24:50 pm        124
នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 នៅទីក្រុងឌូបៃ ប្រទេសនានាកំពុងជជែកដេញដោល លើបញ្ហាដ៏ធំៗដោយមានផលវិបាកដែលអាចផ្លាស់ប្តូរជីវិតបាន ដូចជាថាតើត្រូវបង្កើតកិច្ចព្រមព្រៀងសាកលដំបូងដើម្បីបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដែរឬទេ។ទោះជាយ៉ាងណា អ្នកចូលរួមនៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ក៏កំពុងជជែកវែកញែកអំពីអ្វីផ្សេងទៀតដូចជា ទីកន្លែងដែលត្រូវរៀបចំកិច្ចប្រជុំកំពូលអាកាសធាតុ COP 29 ។ប្រធាននៃកិច្ចប្រជុំកំពូល COP បច្ចុប្បន្ន លោក Sultan Al-Jaber មកពីប្រទេសម្ចាស់ផ្ទះបច្ចុប្បន្នគឺប្រទេសអារ៉ាប់រួម កំពុងជំរុញឱ្យអ្នកចូលរួមធ្វើការជ្រើសរើស។ យោងទៅតាមគោលការណ៍នៃការវិលជុំក្នុងចំណោមក្រុមប្រទេសប្រចាំតំបន់ ប្រធានកិច្ចប្រជុំកំពូលអាកាសធាតុ COP29 នឹងត្រូវមកពីរដ្ឋអឺរ៉ុបខាងកើត ហើយសម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុ COP30 នឹងមកពីរដ្ឋអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប។រដ្ឋអាមេរិកឡាទីន និងតំបន់ការ៉ាអ៊ីប បានតែងតាំងប្រទេសប្រេស៊ីលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល COP30 ដោយលោកបានលើកទឹកចិត្តរដ្ឋនៅអឺរ៉ុបខាងកើតដើម្បីពន្លឿន និងសម្រេចចុងក្រោយការពិគ្រោះយោបល់របស់ពួកគេលើបញ្ហានេះ ដើម្បីធានាបានការសម្រេចចិត្តទាន់ពេលវេលា។

រដ្ឋមន្ត្រីការបរទេសចិន សង្កត់ធ្ងន់លើការលើកកម្ពស់ទំនាក់ទំនងដែលមានស្ថិរភាព និងរឹងមាំរវាងចិន-អាមេរិក

2023/12/07 06:40:59 pm        109
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃពុធ (០៦ ធ្នូ) ថា ការលើកកម្ពស់ទំនាក់ទំនងដែលមានភាពរឹងមាំ ស្ថិរភាព និងនិរន្តរភាពរវាងចិន-អាមេរិក គឺជាកិច្ចការសំខាន់មួយ។ លោក ប្លីងខិន ក៏បានពិភាក្សាអំពីការធ្វើដំណើរទស្សនៈកិច្ចនាពេលថ្មីៗនេះរបស់ខ្លួននៅមជ្ឈិមបូព៌ា និងកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ជាមួយលោក វ៉ាង ផងដែរនេះបើយោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសសហរដ្ឋអាមេរិក។នៅក្នុងការសន្ទនាតាមទូរស័ព្ទនោះ អ្នកការទូតជាន់ខ្ពស់ទាំងពីររូបបានផ្លាស់ប្តូរទស្សនៈស្តីពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយបានយល់ព្រមរក្សាការទំនាក់ទំនងស្តីពីស្ថានភាពនៅមជ្ឈិមបូព៌ា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។លោក វ៉ាង បាននិយាយក្នុងអំឡុងពេលសន្ទនាថា អាទិភាពចម្បងនៅពេលនេះគឺការបញ្ឈប់ការបាញ់ប្រហារ និងបញ្ឈប់ការប្រយុទ្ធគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ក្រសួងការបរទេសចិនបាននិយាយថា លោក ប្លីងខិន បានថ្លែងអំណរគុណចំពោះលោក វ៉ាង ដែលបានទៅស្ថានទូតសហរដ្ឋអាមេរិកក្នុងប្រទេសចិន ដើម្បីសម្តែងការរំលែកទុក្ខដល់មរណៈភាពអតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ហិនរី ឃីសស៊ីងជើ (Henry Kissinger)។យោងតាមសេចក្តីថ្លែងការណ៍ពីនាយកដ្ឋានរបស់ប្រទេសចិន និងសហរដ្ឋអាមេរិក បានឲ្យដឹងថា លោក វ៉ាង និងលោក ប្លីងខិន ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការកសាងលើវឌ្ឍនភាពដែលបានធ្វើឡើងលើបញ្ហាសំខាន់ៗនៅក្នុងកិច្ចប្រជុំកំពូលរវាងប្រធានាធិបតីប្រទេសទាំងពីនៅរដ្ឋកាលីហ្វ័រនីញ៉ា កាលពីខែវិច្ឆិកាផងដែរ៕

អាមេរិកស្ងាត់ៗ ជំរុញឲ្យអ៊ីស្រាអែល បើកច្រកឆ្លងកាត់ព្រំដែនហ្កាហ្សាទីពីរ

2023/12/07 06:34:35 pm        80
មន្ត្រីអាមេរិកបីនាក់ និងមេដឹកនាំក្រុមជំនួយបីនាក់ បាននិយាយថា រដ្ឋបាលលោកបៃដិន កំពុងជំរុញឲ្យ អ៊ីស្រាអែលបើកច្រកឆ្លងកាត់តំបន់ហ្កាហ្សាទីពីរ ដូច្នេះជំនួយមនុស្សធម៌បន្ថែមទៀត អាចទៅដល់ប៉ាឡេស្ទីន ប៉ុន្តែរហូតមកទល់ពេលនេះ អ៊ីស្រាអែល បានបដិសេធសំណើទាំងនោះ។មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយថា ឥស្សរជនសំខាន់ៗរបស់រដ្ឋបាលនេះ បានលើកឡើងពីការបើកច្រកឆ្លងកាត់ Kerem Shalom ជាផ្លូវដ៏សំខាន់ដែលអ៊ីស្រាអែល បានបិទជុំវិញការព្រួយបារម្ភផ្នែកយោធា និងនយោបាយ «នៅគ្រប់កិច្ចប្រជុំ» ។ ក្រុមអ្នករិះគន់ និយាយថា ការបិទនេះ បានរារាំងអាហារចាំបាច់ ទឹក ថ្នាំពេទ្យ សម្លៀកបំពាក់រដូវរងា និងជំនួយផ្សេងទៀត មិនឲ្យទៅដល់ប្រជាជន ២,៣ នាក់នៅតំបន់ហ្កាហ្សា។ ការផ្សព្វផ្សាយនេះ កើតឡើង នៅពេលដែលអង្គការជំនួយអន្តរជាតិ បានជំរុញរដ្ឋបាល នៅក្នុងកិច្ចប្រជុំឯកជន រួមទាំងជាមួយទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ដើម្បីប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនជាមួយអ៊ីស្រាអែល ដើម្បីបើកច្រកឆ្លងកាត់នេះ។មន្ត្រីអាមេរិកទី២ បានបញ្ជាក់ថា៖«យើងបានចូលរួមជាមួយប្រទេសអ៊ីស្រាអែល ដើម្បីឲ្យមានការកើនឡើងនៃជំនួយមនុស្សធម៌ តាមរយៈយន្តការ និងជម្រើសជាច្រើន រួមទាំងច្រកឆ្លងកាត់ Kerem Shalom ផងដែរ ដូចជាអ្នកផ្សេងទៀត បានសុំមិនបញ្ចេញឈ្មោះ ដើម្បីព័ត៌មានលម្អិតអំពីការពិភាក្សាការទូតដ៏សំខាន់នេះ។ មន្ត្រីរដ្ឋបាលទី៣ បាននិយាយថា ការជំរុញបែបនេះ ត្រូវបានផ្តល់ឲ្យ នៅក្នុងកិច្ចប្រជុំសម្ងាត់ «ជាច្រើនសប្តាហ៍»។អង្គការសហប្រជាជាតិ និងបណ្តាទីភ្នាក់ងារផ្តល់ជំនួយ បានជំរុញអ៊ីស្រាអែលជាយូរមកហើយឲ្យបើកច្រកឆ្លងកាត់ Kerem Shalom ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងពេលដំណាលគ្នា ដែលបានធ្វើឡើងជាសម្ងាត់ មិនត្រូវបានគេរាយការណ៍ទេ។

លោក Biden ស្នើសុំជំនួយពីសភាសម្រាប់អ៊ុយក្រែន ខណៈនិយាយថា មិនអាចឲ្យលោកពូទីន ឈ្នះឡើយ

2023/12/07 06:15:40 pm        108
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) បានទទូចសុំដល់គណបក្សសាធារណរដ្ឋសម្រាប់ការផ្តល់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន កាលពីថ្ងៃពុធ (០៦ ធ្នូ) ដោយព្រមានថាជ័យជំនះសម្រាប់រុស្ស៊ីលើអ៊ុយក្រែន នឹងធ្វើឲ្យទីក្រុងមូស្គូ មានឱកាសវាយប្រហារសម្ព័ន្ធមិត្តរបស់អង្គការណាតូ។ លោក បៃដិន បាននិយាយបែបនេះនៅពេលដែលសហរដ្ឋអាមេរិកគ្រោងនឹងប្រកាសជំនួយបន្ថែមចំនួន ១៧៥លានដុល្លាររបស់អ៊ុយក្រែន ពីការផ្គត់ផ្គង់ថវិកាដែលបានធ្លាក់ចុះរបស់ខ្លួនសម្រាប់ទីក្រុងគីវ។លោក បៃដិន និយាយថា «ប្រសិនបើពូទីនយកអ៊ុយក្រែនបាន គេនឹងមិនឈប់ត្រឹមនោះទេ។ លោក ពូទីន នឹងវាយប្រហារសម្ព័ន្ធមិត្តណាតូ ហើយបន្ទាប់មកយើងនឹងឃើញកងទ័ពអាមេរិក ប្រយុទ្ធជាមួយកងទ័ពរុស្ស៊ី។ យើងមិនអាចឲ្យលោក ពូទីន ឈ្នះបានទេ»។ សេតវិមានបានព្រមានក្នុងសប្តាហ៍នេះថា សហរដ្ឋអាមេរិកកំពុងអស់ពេលវេលា និងអស់ថវិកាដើម្បីជួយអ៊ុយក្រែន ទប់ទល់ការឈ្លានពានរបស់រុស្ស៊ីហើយ។មន្ត្រីអាមេរិកម្នាក់បាននិយាយថា សហរដ្ឋអាមេរិកមានតិចជាង ១ពាន់លានដុល្លារប៉ុណ្ណោះនៅក្នុង «សិទ្ធិអំណាចបំពេញបន្ថែម» របស់ខ្លួន។ នេះមានន័យថា ប្រសិនបើសភាមិនផ្តល់មូលនិធិថ្មីដើម្បីទិញឧបករណ៍ជំនួស ហើយមន្ទីរបញ្ចកោណអស់ថវិកានោះ គេអាចរៀបចំឡើងវិញដើម្បីរក្សាកិច្ចសន្យាសាជីវកម្មឱ្យដំណើរការបានទេ ហើយសហរដ្ឋអាមេរិក អ៊ុយក្រែន និងអ្នកផលិតអាវុធ អាចនឹងត្រូវបង្ខំឱ្យចាត់វិធានការផ្សេងទៀតដើម្បីបំពេញស្តុកសព្វាវុធវិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចូលរួមអបអរសាទរចំពោះសមិទ្ធផលថ្មីៗ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ
09/10/2026 09:09 PM
កម្ពុជានឹងជំរុញរបៀបវារៈពាណិជ្ជកម្មឌីជីថល ក្នុងវេទិកាពាណិជ្ជកម្មឌីជីថលលើកទី៣ និងពិព័រណ៍អនឡាញ
09/10/2026 08:09 PM
ពលរដ្ឋនៅស្រុកជីក្រែង ថ្លែងនូវការដឹងគុណដល់រាជរដ្ឋាភិបាល ចំពោះសមិទ្ធផលថ្មីកើត ក្នុងមូលដ្ឋានពួកគាត់
09/10/2026 07:09 PM
ទីក្រុងសេអ៊ូល៖ កូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ត្រូវបានគេជឿថា មានប្អូនបង្កើត​
09/10/2026 07:09 PM
ប៉ាគីស្ថាន​៖ គ្មាន​ការ​ឆ្លើយ​តប​យោធា ត្រូវ​បាន​ពិភាក្សាឡើយ ពាក់​ព័ន្ធ​​​ការវាយ​ប្រហារ​របស់ក្រុម​ហ៊ូទី លើ​អារ៉ាប៊ីសាអ៊ូឌីត
09/10/2026 07:09 PM
លោក Patrushev៖ អឺរ៉ុបមិនចាប់អារម្មណ៍លើសន្តិភាពនៅអ៊ុយក្រែនទាល់តែសោះ
09/10/2026 06:09 PM
អ្នកការទូតរុស្ស៊ី៖ អ៊ុយក្រែនកំពុងកំណត់គោលដៅដោយចេតនាលើបុគ្គលិករោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye
09/10/2026 06:09 PM
ការប្រយុទ្ធនៅយេម៉ែន កាន់តែខ្លាំងឡើង ខណៈកងកម្លាំងរដ្ឋាភិបាលបន្តវាយប្រហារតាមសមរភូមិជាច្រើន
09/10/2026 06:09 PM
ភាពវឹកវរ កើតមាន​ចំពោះ​អ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways ក្រោយ​​ប្រព័ន្ធជួប​បញ្ហា​
09/10/2026 06:09 PM
សំណើសុំសិទ្ធិជ្រកកោននៅសហភាពអឺរ៉ុបធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៥ឆ្នាំ
09/10/2026 06:09 PM