គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សមាជិកសភាអាមេរិកខាងបក្សសាធារណរដ្ឋ នៅតែពិបាកបង្រួបបង្រួមគ្នា ទោះជារើសបានបេក្ខជនប្រធានសភាថ្មីក៏ដោយ

2023/10/25 11:22:31 am        124
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារ (២៤ តុលា) បានជ្រើសរើសលោក Tom Emmer ជាបេក្ខភាពរបស់ពួកគេសម្រាប់ជាប្រធានសភាថ្មី ប៉ុន្តែនៅតែមានការលំបាកក្នុងការបង្រួបបង្រួមគ្នា និងទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់ ដើម្បីធានាថាលោក Emmer អាចយកបានតំណែងនោះ និងបំពេញចន្លោះប្រហោងនៃភាពជាអ្នកដឹកនាំ ដែលបានធ្វើឱ្យសភាមិនមានមេដឹកនាំអស់រយៈពេល ៣សប្តាហ៍មក។សមាជិកសភាជាច្រើនរូបបាននិយាយថា លោក Emmer ដែលបច្ចុប្បន្នកាន់តំណែងជាតំណាងរាស្រ្តលេខ៣ ក្នុងសភា ទទួលបានការតែងតាំងដោយយកឈ្នះលើលោកតំណាងរាស្រ្ត Mike Johnson ដោយសំឡេងគាំទ្រ ១១៧សំឡេង ទល់នឹង ៩៧សំឡេង ក្នុងការបោះឆ្នោតជុំទីប្រាំ។នៅក្នុងការបោះឆ្នោតដែលខ្លួនមិនមានការជំទាស់ បណ្ដាសមាជិកសភាបាននិយាយថា លោក Emmer នៅតែបាត់បង់ការគាំទ្រចំនួន ២០សំឡេង សម្រាប់បង្រ្គប់ចំនួន ២១៧សំឡេងដែលត្រូវការ នៃសភាសាធារណៈរដ្ឋចំនួន ២២១រូប។ តួលេខនោះជាស្តង់ដារខ្ពស់បំផុតមួយ ដែលគណបក្សនេះបានកំណត់ ដើម្បីធានាថាខ្លួនអាចជ្រើសរើសប្រធានសភាថ្មី ប្រសិនបើសមាជិកសភាប្រជាធិបតេយ្យរួបរួមគ្នាទាំង ២១២សំឡេង ក្នុងការប្រឆាំង។គណបក្សសាធារណរដ្ឋ បានច្រានចោលការតែងតាំងបេក្ខជនប្រធានសភាពីររូបមុនរួចមកហើយ ដោយទុកឱ្យអង្គជំនុំជម្រះមួយនេះ មិនមានអ្នកដឹកនាំចាប់តាំងពីថ្ងៃទី៣ ខែតុលា មក។ បន្ទាប់ពីការបោះឆ្នោតចុងក្រោយ ពួកគេគ្រោងនឹងជួបប្រជុំបិទទ្វារ ដើម្បីស្តាប់ការជជែករបស់លោក Emmer ។ បេក្ខជនប្រធានសភាអាមេរិកថ្មី ដែលល្អបំផុតលើសបេក្ខជនគណបក្សសាធារណរដ្ឋចំនួនប្រាំបីរូបផ្សេងទៀតរូបនេះ អាចចង្អុលបង្ហាញពីភាពជាអ្នកដឹកនាំ និងបទពិសោធន៍នៃការរៃអង្គាសថវិកា ដែលជាធម្មតាអាចធ្វើឱ្យលោកក្លាយជាបេក្ខជនដ៏រឹងមាំសម្រាប់មុខតំណែងជាន់ខ្ពស់មួយនេះផងដែរ៕

គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ ផ្សេងទៀត ឯកភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នា

2023/10/25 11:01:55 am        307
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្ស​ប្រជាជន​កម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ។​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ​។ គណបក្សទាំង ២៨ រួមមាន ៖១- គណបក្សប្រជាជនកម្ពុជា ២- គណបក្សខ្មែររួបរួមជាតិ, ៣- គណបក្សពន្លឺថ្មី ៤- គណបក្សសញ្ជាតិកម្ពុជា ៥- គណបក្សខ្មែរក្រោក ៦- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧- គណបក្សរស្មីខេមរា ៨- គណបក្សខ្មែរសាធារណរដ្ឋ ៩- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច១០- គណបក្សយុវជនកម្ពុជា ១១- គណបក្សធម្មាធិបតេយ្យ ១២- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៣- គណបក្សខ្មែរតែមួយ ១៤- គណបក្សឯកភាពជាតិខ្មែរ ១៥- គណបក្សកម្លាំងប្រជាធិបតេយ្យ ១៦- គណបក្សកសិករ ១៧- គណបក្សស្ត្រីដើម្បីស្ត្រី ១៨- គណបក្សបំណងពលរដ្ឋ ១៩- គណបក្សខ្មែរអភិរក្ស ២០- គណបក្សមហាសាមគ្គីជាតិខ្មែរ ២១- គណបក្សនគរប្រជាធិបតេយ្យ ២២- គណបក្សអំណាចប្រជាពលរដ្ឋ ២៣- គណបក្សខ្មែរអង្គរ ២៤- គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ២៥- គណបក្សម៉ូលីណាកា ២៦- គណបក្សចលនាប្រជាធិបតេយ្យ ២៧- គណបក្សអភិវឌ្ឍន៍កម្ពុជា ២៨- គណបក្សមហានគរ។កិច្ចព្រមព្រៀងចងសម្ព័ន្ធភាពជាមួយគ្នានេះចំនួន ៨ចំណុចរួមមាន៖១- ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាដោយស្មើភាព ស្មើសិទ្ធិ គោរពនូវឯករាជ្យ និងស្វ័យភាពរបស់ គណបក្សនីមួយៗ ដើម្បីផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ។២- ប្តេជ្ញាគោរព ប្រតិបត្តិ ការពាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ការពាររបបរាជានិយមអាស្រ័យ ដោយរដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ធានាសិទ្ធិមនុស្ស ការគោរពច្បាប់ និងយុត្តិធម៌សង្គម ពង្រឹងធ្លុងសាមគ្គីជាតិ ដើម្បីកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ស្របតាមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។៣- ប្តេជ្ញាការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកបដោយភាពសុខដុមរមនាក្នុងសង្គម។៤- រួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុលនិយមចេញផុតពីព្រះរាជាណាចក កម្ពុជា ។ ប្រឆាំងដាច់ខាតចំពោះឧបាយកល និងសកម្មភាពរបស់មជ្ឈដ្ឋានណាក៏ដោយ ដែលព្យាយាមបំផ្លាញ ឯកភាពជាតិ បង្កអស្ថិរភាពក្នុងសង្គម បំផ្លាញលទ្ធិប្រជាធិបតេយ្យ ប៉ុនប៉ងធ្វើឲ្យមានការផ្លាស់ប្តូរណាមួយ ដែលផ្ទុយ ពីរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ។៥- សហប្រតិបត្តិការល្អជាមួយគ្នា ដើម្បីធ្វើឲ្យដំណើរការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាំងសកល និងអសកល បានប្រព្រឹត្តទៅត្រឹមត្រូវ ទៀងទាត់ តាមការកំណត់នៃរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានសុវត្ថិភាព ។៦- គោរពអនុវត្តដោយស្មោះត្រង់ និងយកផលប្រយោជន៍ជាតិជាធំ នូវគោលការណ៍សម្ព័ន្ធភាព និងកិច្ច សហប្រតិបត្តិការជួយគាំទ្រគ្នា មិនធ្វើការប្រឆាំងគ្នាដោយប្រការណាមួយ រួមទាំងការមិនធ្វើការឃោសនាប្រឆាំង គ្នាក្នុងពេលយុទ្ធនាការបោះឆ្នោត និងមិនធ្វើសម្ព័ន្ធភាពជាមួយគណបក្សនយោបាយ ឬក្រុមនយោបាយណា ដែល ប្រឆាំងចំពោះដៃគូក្នុងសម្ព័ន្ធភាពរបស់ខ្លួន ។៧- កសាងពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ ដើម្បីអនុវត្តឲ្យបានសម្រេចលទ្ធផលល្អតាមខ្លឹមសារន កិច្ចព្រមព្រៀងនេះ ។ ក្នុងករណីមានបញ្ហាចោទឡើង ត្រូវចាត់តាំងតំណាងឲ្យជួបពិភាក្សារួមគ្នាដោះស្រាយបញ្ហា ដោយសន្តិវិធី ។៨- បើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូល រួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា តាមស្មារតីនៃកិច្ចព្រមព្រៀងនេះ៕

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយ

2023/10/25 09:55:14 am        313
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្ស​ប្រជាជន​កម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ។​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ​។*ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា បុគ្គលមួយចំនួនតាំងខ្លួនជាអ្នកចេះដឹងក្នុងការបកស្រាយលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប៉ុន្ដែពួកគេបកស្រាយខុសពីការពិត ទាក់ទងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយចង់យកកិច្ចព្រមព្រៀងទីក្រុងប៉ារីសមកសង្កត់លើកម្ពុជា។ សម្ដេចតេជោ បញ្ជាក់ថា ប៉ុន្ដែពេលនេះអ្វីដែលកម្ពុជាត្រូវធ្វើគឺគោរពតាមច្បាប់រដ្ឋធម្មនុញ្ញប៉ុណ្ណោះ។-សម្ដេចតេជោ ហ៊ុន សែន បង្ហាញការសប្បាយរីករាយ ដោយបានឃើញ បណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ផ្សេងទៀត ដែលបានចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជនមួយក្រុមកំពុងនាំគ្នាចង់មកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសកម្ពុជា ដូច្នេះគណបក្សប្រជាជន និងបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ ផ្សេងទៀត ត្រូវរួមគ្នារក្សាសន្ដិភាព​របស់​ប្រទេសកម្ពុជាឱ្យបាន ​និងមិនអនុញ្ញាតឱ្យក្រុមណាមួយមកបំផ្លាញសន្ដិភាពរបស់កម្ពុជាបានឡើយ។-សម្ដេចតេជោ ហ៊ុន សែន៖ ចលនា ៩ វិច្ឆិកា របស់ក្រុមប្រឆាំងជាអំពើក្បត់ជាតិ ដែលមិនអាច អត់ឱនឱ្យបាន។-សម្ដេចតេជោ ហ៊ុន សែន៖ យើងមិនផ្ដល់ឱកាសឱ្យនរណាមួយ ធ្វើសកម្មភាពបំផ្លាញសន្តិភាព ដែលរកបានដោយលំបាកនៅកម្ពុជាបាននោះឡើយ។សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារទៅកាន់បរទេសមួយចំនួនដែលខ្វះការយល់ដឹងអំពីសេរីភាពនៃការបញ្ចេញមតិ និង​ចលនាក្នុងការផ្ដួល​រំលំរាជរដ្ឋាភិបាលក្រៅប្រព័ន្ធថា សព្វថ្ងៃនេះនៅកម្ពុជាមានសេសសល់​ក្រុមដែលធ្វើចលនា​បដិវត្តពណ៌​ដោយចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។សម្ដេច បញ្ជាក់ទៅកាន់ក្រុមនេះ​ត្រូវដកខ្លួនចេញជាបន្ទាន់ ពីព្រោះកម្ពុជាមិនអនុញ្ញាត​ឱ្យក្រុមណាមួយ​មកធ្វើចលនាបំផ្លាញ​សន្ដិភាពរបស់កម្ពុជាបានឡើយ។-សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមកម្លាំងគ្នាទប់ស្កាត់ចំពោះចលនាជ្រុលនិយម ដែលបង្ក គ្រោះថ្នាក់សម្រាប់ជាតិ ពលរដ្ឋ និងសង្គម។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាផ្សេងទៀតនាពេលនេះ គឺដើម្បីរួមគ្នាទប់ស្កាត់នូវចលនាជ្រុលនិយមផ្សេងដែលមានបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន៖ បារាំងមានការខ្លាចរអាចំពោះចលនាជ្រុលនិយម ហេតុនេះហើយ បានជា ពលរដ្ឋបារាំងបោះឆ្នោតឱ្យលោក អេម៉ានុយអែល ម៉ាក្រុង បន្តកាន់តំណែងជាប្រធានាធិបតី ដោយមិន បោះឆ្នោតឱ្យលោកស្រី ម៉ារី ឡឺប៉ែន ដែលមានការគាំទ្រពីក្រុមចលនាជ្រុលនិយមនោះឡើយ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្នើសុំឱ្យរៀបចំសេចក្ដីព្រាងនូវបទបញ្ជា ផ្ទៃក្នុង នៃបក្សនយោបាយទាំង ២៨ ដែលចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគ្នានៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ ជាផ្នែកមួយនៃការរួបរួមជាតិ សម្រាប់ប្រទេសរបស់យើង។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៣នេះ មិនមែនជាកិច្ចការកញ្ឆក់កណ្ដៀត ដើម្បីដោះស្រាយ បញ្ហាតូចតាចនោះទេ។ សម្ព័ន្ធភាពនៅថ្ងៃនេះ គឺមានគោលដៅរួម និងអង្វែងយូរ។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាត្រូវការកម្លាំងមួយ ដើម្បីការពារនូវព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពារអធិបតេយ្យភាព និងសន្ដិភាពរបស់កម្ពុជា ដូច្នេះតាមរយៈការចង់សម្ព័ន្ធជាមួយបណ្ដាគណបក្សនយោបាយនាពេលនេះ គឺអាចរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីកសាងជាតិរួមគ្នា និងជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងវប្បធម៌សន្ទនានៅកម្ពុជាផងដែរ។-សម្ដេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ គឺជាការកសាងនូវវប្បធម៌សន្ទនា និងពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឱ្យកាន់តែប្រសើរថែមទៀត។-សម្ដេចតេជោ ហ៊ុន សែន៖ ការចងសម្ព័ន្ធភាពនៃបក្សនយោបាយ ទាំង ២៨ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ មានចរិតមិនដូចគ្នានឹងសមាជិកនៃក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ សម្រាប់រាជរដ្ឋាភិបាលនោះទេ។-សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា ការចងសម្ព័ន្ធគ្នាជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជានាពេលនេះ បណ្ដាគណបក្សនយោបាយនានានឹងក្លាយជាដៃគូសហការជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើឱ្យដំណើរការល្អនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បង្ហាញក្ដីរីករាយដោយបណ្ដាគណបក្សនយោបាយចំនួន២៨ បាន​ចងសម្ព័ន្ធភាព​ជាមួយគ្នា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា

2023/10/25 09:43:37 am        100
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្ស​ប្រជាជន​កម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជា ចំនួន២៧ផ្សេងទៀត ដែល​ពិធី​នេះ​ធ្វើ​ឡើង​នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានី​ភ្នំពេញ​។ក្នុងឱកាសនេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសប្បាយរីករាយ ដោយ​បាន​ឃើញ​បណ្ដា​គណបក្ស​នយោបាយនៅកម្ពុជា ចំនួន២៧ ផ្សេងទៀត ដែលបាន​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បីរួមគ្នាការពាររដ្ឋធម្មនុញ្ញនៃកម្ពុជា។ សម្ដេចតេជោបន្តថា មាន​ជនមួយ​ក្រុម​កំពុង​នាំគ្នាចង់​មកបំផ្លាញសន្ដិភាពនៅក្នុងប្រទេសកម្ពុជា ដូច្នេះគណបក្សប្រជាជន និង​បណ្ដា​គណបក្ស​នយោបាយ​នៅកម្ពុជាចំនួន ២៧ ផ្សេងទៀត ត្រូវរួម​គ្នា​រក្សា​សន្ដិភាព​របស់​ប្រទេស​កម្ពុជា​ឱ្យបាន។ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារ​ទៅ​កាន់​បរទេស​មួយ​ចំនួនដែលខ្វះការយល់ដឹងអំពីសេរីភាពនៃការបញ្ចេញមតិ និងចលនា​ក្នុង​ការ​ផ្ដួល​រំលំ​រាជ​រដ្ឋាភិបាល​ក្រៅប្រព័ន្ធថា សព្វថ្ងៃនេះនៅ​កម្ពុជា​មាន​សេស​សល់​ក្រុម​ដែល​ធ្វើ​ចលនា​បដិវត្ត​ពណ៌​ដោយចង់ផ្ដួលរំលំរាជរដ្ឋាភិបាល។ សម្ដេចបញ្ជាក់​ទៅកាន់​ក្រុម​នេះ​ត្រូវ​ដក​ខ្លួន​ចេញ​ជា​បន្ទាន់​ ពីព្រោះ​កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ក្រុម​ណាមួ​យ​មក​ធ្វើចលនា​បំផ្លាញ​សន្ដិភាព​របស់​កម្ពុជា​បាន​ឡើយ​។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសជួបជាមួយកម្មករ និយោជិតជាង១ម៉ឺន២ពាន់នាក់ ក្នុងខេត្តកំពង់ចាម

2023/10/25 09:08:08 am        209
កំពង់ចាម៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃព្រឹកទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន១២,០៦០នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៤ ស្ថិតក្នុងស្រុកព្រៃឈរ និង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។*ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្ដេចតេជោ ចង់ដឹងណាស់ពីសុខទុក្ខរបស់ពលរដ្ឋ កម្មករ និយោជិត និងចង់ដឹងពីគោលនយោបាយរបស់សម្ដេចដាក់ចេញបានអនុវត្តដល់ណាហើយ ។-សម្ដេចធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ បងប្អូនកម្មករ និយោជិត ក្នុងខេត្តកំពង់ចាម ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គាំទ្រសម្ដេចធ្វើជានាយករដ្ឋមន្ត្រី ។-សម្ដេចធិបតី បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នឹងខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនជាងនេះ បន្ថែមទៀត ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យប្រជាពលរដ្ឋបន្តកុងត្រាជាមួយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើនជាក់លាក់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ។-សម្ដេចធិបតី បានប្រកាសថា រាជរដ្ឋាភិបាលបន្តខិតខំបង្កើនសមត្ថភាព និងការងាររបស់មន្ត្រីរាជការ ដើម្បីបម្រើដល់ប្រជាពលរដ្ឋ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍សរសើរក្រសួងការងារ ដែលបានធ្វើការងារលើការចរចាប្រាក់ឈ្នួលកម្មករកម្មារិនី បានលឿន តាមផែនការរបស់រាជរដ្ឋាភិបាល ។-សម្ដេចធិបតី បង្ហាញពីការយកចិត្តទុកដាក់គិតគូរបង្កើតទារកដ្ឋាន ខណៈដែលទៅពេល អនាគតឪពុកម្ដាយអាណាព្យាបាលកាន់តែរវល់ជាមួយនឹងកិច្ចការងារ ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសបន្តបង្កើតនូវគោលនយោបាយថ្មី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋ ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបញ្ជាក់ថា គោលនយោបាយរាជរដ្ឋាភិបាលថ្មី នឹងខិតខំធ្វើ យ៉ាងណាឱ្យមាននិរន្តរភាព និងសង្គតិភាព ដើម្បីផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ ។-សម្ដេចធិបតី បានថ្លែងថា កត្តាចម្បងដែលធ្វើឲ្យគោលដៅសម្រេចរបស់កម្ពុជា នៅឆ្នាំ២០៥០ គឺការថែរក្សានូវសុខសន្តិភាព។-សម្ដេចធិបតី បានថ្លែងថា ក្នុងនាមជាសមាជិកនៃអង្គការសហប្រជាជាតិ កម្ពុជានឹងខិតខំទប់ស្កាត់មិនឲ្យមានការឆ្លងរាលដាលនៃសង្គ្រាម កើតឡើងនៅក្នុងតំបន់ ទៅតាមលទ្ធភាពជាក់ស្ដែង ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងវាយបកទៅអ្នកនយោបាយចាស់វស្សា ដែលថារាជរដ្ឋាភិបាល មិនគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយភ្ជាប់បញ្ហាពលរដ្ឋនៅអ៊ីស្រាអែល ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែគិតគូរជានិច្ចចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋតាំងតែពីយូរមកហើយ ។-សម្ដេចធិបតី បានថ្លែងថា តាំងពីការផ្ទុះដំបូង នៃការបាញ់ប្រហារ របស់ពួកហាម៉ាស់ ទៅលើប្រទេសអ៊ីស្រាអែល និងធ្វើឲ្យនិស្សិតខ្មែរម្នាក់ស្លាប់ រាជរដ្ឋាភិបាលធ្វើការជាប់ប្រចាំជាមួយនិស្សិតផ្សេងៗ និងអាជ្ញាធរអ៊ីស្រាអែល ដើម្បីឲ្យពលរដ្ឋខ្មែរនៅទីនោះ មានសុវត្ថិភាព។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សពនិស្សិតខ្មែរ ដែលបានស្លាប់ដោយសារសង្គ្រាមរវាងកងកម្លាំងហា ម៉ាស់ និងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានមកដល់កម្ពុជា និងបានរៀបចំធ្វើបុណ្យ តាមទំនៀមប្រពៃណីផងដែរ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ យើងបានតាមដានជាប់ជាប្រចាំចំពោះស្ថានភាពនិស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងស្ថិតនៅប្រទេសអ៊ីស្រាអែល ព្រមទាំងបានទាក់ទងជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែល ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់និស្សិត និងពលរដ្ឋទាំងនោះ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ អំឡុងពេលមានសង្គ្រាមរវាងកងកម្លាំងហាម៉ាស់ និងអ៊ីស្រាអែល រាជ រដ្ឋាភិបាលបានជួលសណ្ឋាគារផ្កាយប្រាំ នៅតំបន់ព្រំដែនរវាងអេហ្ស៊ីប ហ្សកដង់ និងអ៊ីស្រាអែល ដើ ម្បីត្រៀមជាទីតាំងសុវត្ថិភាព សម្រាប់ឱ្យពលរដ្ឋ និងនិស្សិតខ្មែរស្នាក់នៅ។-សម្ដេចធិបតី បានចំអកឲ្យអ្នកនៅក្រៅប្រទេសមួយចំនួន ធ្វើខ្លួនឯងច្បាស់ជាងនិស្សិត កំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ពាក់ព័ន្ធនឹងសុខសុវត្ថិភាពរបស់និស្សិត និងពលរដ្ឋ ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ មានពលរដ្ឋ និងនិស្សិតរបស់ប្រទេសនានាជាច្រើន មិនបានចាកចេញពីប្រទេសអ៊ីស្រាអែល នៅអំឡុងពេលមានសង្គ្រាមរវាងកងកម្លាំងហាម៉ាស់ និងអ៊ីស្រាអែលនោះទេ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនៃប្រទេសមហាអំណាច ទៅកាន់ប្រទេសអ៊ីស្រាអែល បញ្ជាក់ពីស្ថានភាពសុខសុវត្ថិភាពនៅអ៊ីស្រាអែល។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ មកទល់នឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលនៅតែបន្ត តាមដានជាប់ជាប្រចាំចំពោះស្ថានភាពនិស្សិត និងពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅអ៊ីស្រាអែលជាប់ជានិច្ច។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យរួមគ្នាថែរក្សាសុខសន្តិភាព កុំចាំ ដល់បាត់បង់សន្តិភាពទើបស្ដាយក្រោយឱ្យសោះ ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ សូមចងចាំពីតម្លៃរបស់សន្តិភាព មានសន្តិភាព មានការអភិវឌ្ឍរីកច ម្រើនជាលំដាប់។-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងខិតខំធ្វើយ៉ាងណាឱ្យបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលចង់ឃើញសមិទ្ធផលអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀតបានសម្រេច ។

ព្រឹកស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំណេះសំណាល​ជាមួយកម្មករនិយោជិតជាង ១ម៉ឺន២ពាន់នាក់នៅខេត្តកំពង់ចាម

2023/10/24 04:22:04 pm        169
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួប​សំណេះ​សំណាល​ជាមួយ​បង​ប្អូន​កម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសចំនួន ១៤ ដែលមាន​មូល​ដ្ឋាន​នៅ​ក្នុង​ស្រុក​ព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោង ចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៧ រោងចក្រ​ដេរស្បែកជើង ចំនួន ៥ រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន ១ និងរោង​ចក្រ​តម្បាញ​ ចំនួន ១ ។សូមជម្រាបថា នេះគឺជាលើកទី៦ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​អញ្ជើញ​ចុះ​ជួប​សំណេះ​សំណាល​ជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

​ សម្ដេចតេជោ ៖ កម្ពុជានៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀតជាមួយមិត្តជប៉ុន

2023/10/24 02:55:20 pm        74
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ថ្វីត្បិតតែសម្តេចលែងកាន់អំណាច តែសម្តេចនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត មិនមាននយោបាយប្រែប្រួលក្នុងនយោបាយការបរទេសរបស់ខ្លួន ចំពោះប្រទេសជប៉ុននោះទេ ហើយកម្ពុជានៅតែរក្សាទំនាក់ទំនង និងគោលនយោបាយល្អប្រសើរ និងពង្រឹងពង្រីកថែមទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់បែបនេះក្នុងឱកាស ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គូម៉ូរ៉ា ម៉ាសាហីកូ (KUMURA Masahiko) អតីតរដ្ឋមន្រ្តីការបរទេសជប៉ុន និងជាអតីតអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីជប៉ុន នៅវិមាន៧មករា ព្រឹកថ្ងៃទី ២៤ តុលា ឆ្នាំ២០២៣នេះ។ ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះឯកឧត្តម គូម៉ូរ៉ា ពិសេសនៅពេលដែលសម្តេចធ្លាប់បានជួប និងស្គាល់ឯកឧត្តមចាប់តាំងពីឆ្នាំ ១៩៩៨ ដែលជាទស្សនកិច្ចលើកដំបូងមកកាន់លំនៅដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងមានទំនាក់ទំនងរហូតមកដល់បច្ចុប្បន្ន។ សម្តេចតេជោមានប្រសាសន៍ថារាល់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីក្រុងតូក្យូ គឺតែងតែមានវត្តមានឯកឧត្តម គូម៉ូរ៉ា ទទួលស្វាគមន៍ចំពោះសម្តេចជារៀងរហូត ហើយពេលនេះបើទោះបីជារូបសម្តេចលែងជានាយករដ្ឋមន្រ្តីក៏ពិតមែនតែនៅជួបពិភាក្សាគ្នាក្នុងនាមសម្តេចជាឪពុករបស់នាយករដ្ឋមន្រ្តី។ សម្តេចតេជោបញ្ជាក់ថា រយៈពេលជាង២ខែកន្លងមកនេះ នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជា គឺសម្តេចមហាបវេធិបតី ហ៊ុន ម៉ាណែត បានចេញដំណើរប្រកបដោយស្ថេរភាព និងមានថាមពលយូរអង្វែងសម្រាប់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម គូម៉ូរ៉ា បានវាយតម្កៃខ្ពស់ជូនចំពោះសម្តេចតេជោដែលជាវិរៈជនតែម្នាក់គត់ដែលបានរួមជាមួយឥស្សរជនកម្ពុជាជាច្រើនរូបទៀតធ្វើការរំដោះប្រទេសកម្ពុជាពីរបបខ្មែរក្រហម ប៉ុលពត និងដឹកនាំប្រទេសឲ្យមានការរីកចម្រើន មានសុខសន្តិភាព និងសង្រ្គោះប្រជាជនកម្ពុជានៅទូទាំងប្រទេស។ ឯកឧត្តមក៏បានសម្ដែងនូវការភ្ញាក់ផ្អើលចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា បន្ទាប់ពីទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តមមកកាន់កម្ពុជា កាលពីជាង ២៥ ឆ្នាំកន្លងមក ដែលនោះបង្ហាញពីស្នាដៃរបស់សម្តេចតេជោ និងឥស្សរជនកម្ពុជាដទៃទៀត ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីប្រជាជន រហូតមានការអភិវឌ្ឍគួរឲ្យស្ងប់ស្ងែងនេះ។ ឯកឧត្តមអតីតរដ្ឋមន្រ្តីការបរទេសជប៉ុន ដែលអមដំណើរដោយលោក ភីឌីអូ អូគុប៊ុក ជាអគ្គនាយកក្រុមហ៊ុនសាជីវកម្មហ៊្វរវ៉ើល និងជាប្រធានមូលនិធិស៊ីសេស ដែលជាអ្នកជំនួញ និងជាអ្នកសេដ្ឋកិច្ចមួយរូបដែលបានមកកាន់ប្រទេសកម្ពុជារយៈពេលជាង ១០ ឆ្នាំកន្លងមក បានឧទ្ទេសនាមពីការងារដែលរូបលោក បានចូលមករួមចំណែកក្នុងការកសាងសេដ្ឋកិច្ច ជាទីប្រឹក្សាសេដ្ឋកិច្ច ជាទីប្រឹក្សាផ្តល់យោបល់នៅកម្ពុជា។ សម្តេចតេជោបានសំណូមពរឲ្យលោក អូគុប៊ុក បានបន្តការវិនិយោគ និងលើកទឹកចិត្តឲ្យអ្នកវិនិយោគជប៉ុន បង្កើនសកម្មភាពថែមទៀតនៅកម្ពុជា និងជួយរកទីផ្សារនាំទំនិញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន។ ដោយសាឆ្នាំ២០២៣នេះ គឺជាខួប៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។ឯកឧត្តម គូម៉ូរ៉ា បានកោតសរសើរចំពោះតួនាទីរបស់សម្តេចតេជោ ក្នុងការរក្សាបាននូវទំនាក់ទំនងទ្វេភាគីនេះឲ្យកាន់តែល្អប្រសើរ និងរីកចម្រើនរឹងមាំ។ សម្តេចតេជោបានកោតសរសើ ចំពោះឯកឧត្តម គូម៉ូរ៉ា ដែលជាឥស្សរជនជប៉ុនមួយរូប ដែលបានរួមចំណែកក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងធ្វើឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរមានការរីកចម្រើន ជាដៃគូដ៏ល្អ ពោលគឺចាប់តាំងពីឆ្នាំ១៩៩០មក។ សម្តេចតេជោមានប្រសាសន៍ពីតួនាទីរបស់ជប៉ុន ក្នុងការដើរតួនាទីសំខាន់ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ពិសេសជប៉ុនបានដើរតួនាទី និងផ្តល់មូលនិធិច្រើនជាងគេ នៅអង្គការសហប្រជាជាតិ ដែលសក្តិសមទទួលបាននូវតួនាទីកំពូលនោះ។ សម្តេចតេជោបន្តថា កម្ពុជាគាំទ្រគោលនយោបាយ ឥណ្ឌូ-ប៉ាស៊ីហ្វីក សេរី និងបើកចំហ ដែលគំនិតផ្តួចផ្តើមនោះឈរលើគោលដៅសំខាន់៣ គឺទី១ បម្រើឲ្យសន្តិភាព និងការអភិវឌ្ឍ ទី២ មិនប្រឆាំងនិងប្រទេសណាមួយ និងទី៣ គាំទ្រចំពោះមជ្ឈភាពរបស់ប្រទេសអាស៊ាន។​សម្តេចតេជោក៏បានវាយតម្លៃខ្ពស់ចំពោះទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ បើទោះបីជាឆ្លងកាត់នូវការរីករាលដាល នៃជំងឺកូវីដ១៩ ការវិនិយោគរបស់ជប៉ុនមានការកើនឡើង។ សម្តេចផ្តល់នូវសេចក្តីសង្ឃឹមថា ជប៉ុននិងបន្តជួយកម្ពុជាថែមទៀត ទៅលើវិស័យហេដ្ឋរចនាសម្ព័ន្ធចាំបាច់ ដែលត្រូវតែលើកតម្កើង ក្នុងនោះសម្តេចបានសំណូមពរឲ្យមានការជំរុញការអភិវឌ្ឍនៅកំពុងផែក្រុងព្រះសីហនុ ធ្វើយ៉ាងណាឲ្យជំរៅទឹកជ្រៅដើម្បីអាចឲ្យនាវាធំៗ ដឹកទំនិញចូលដល់កំពុងផែក្រុងព្រះសីហនុ ដើម្បីឲ្យកំពុងផែក្រុងព្រះសីហនុ អាចមានសមត្ថភាពប្រកួតប្រជែងខ្លាំង រួមទាំងការពន្លឿនការតភ្ជាប់ទាំងផ្លូវទឹក ផ្លូវគោគ និងផ្លូវអាកាស។ ឯកឧត្តម គូម៉ូរ៉ា មានប្រសាសន៍ថាឯកឧត្តមនិងរងចាំទទួលស្វាគមន៍សម្តេចតេជោ ដែលនឹងអញ្ជើញទៅពិនិត្យសុខភាពនៅប្រទេសជប៉ុន ក្នុងពេលវេលានាពេលខាងមុខ៕ ដោយ ៖ ដារា

សម្តេចធិបតី ផ្តល់អនុសាសន៍ ៦ចំណុចដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសុខាភិបាល

2023/10/24 02:48:57 pm        165
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ ៦ ចំណុច ជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិយកទៅអនុវត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសុខាភិបាលនៅកម្ពុជា។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុង​ពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។អនុសាសន៍ទាំង ៦ ចំណុចនោះរួមមាន ទី១ ក្រសួងសុខាភិបាល ត្រូវគិតគូរ និងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ ជាពិសេស ពង្រឹងមន្ទីរពេទ្យ​ខេត្តឱ្យក្លាយជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់ សមមូលនឹងមន្ទីរពេទ្យនៅ​រាជធានីភ្នំពេញ ក្នុងការពិនិត្យ, ការព្យាបាលជំងឺ​ និងការផ្តល់សេវាសុខាភិបាលនានា សំដៅបង្កើនប្រសិទ្ធភាព​នៃការផ្តល់សេវាសុខាភិបាលផង និងកាត់បន្ថយចំណាយក្នុងការធ្វើ​ដំណើរមកទទួលសេវារបស់ប្រជាជនផង។ទី២. សម្ដេចធិបតីលើកទឹកចិត្ត ឱ្យបន្តលើកកម្ពស់ និងពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេសត្រូវធានាឱ្យបានថា គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវាឡើយ។ទី៣. ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ក៏ដូចជាការពង្រឹងការបណ្តុះបណ្តាលជំនាញ ទាំងផ្នែកសុខាភិបាល និង ជំនាញទន់។ សម្ដេចបាន លើកទឹកចិត្តដល់មន្ត្រីសុខាភិបាល, វេជ្ជបណ្ឌិត, គ្រូពេទ្យ និងបុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ សូមបង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស ការធ្វើអាទិភាវូបនីយកម្មលើការសង្គ្រោះជីវិតមនុស្សលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព, ព្រោះថា អាជីពជាចម្បងរបស់អ្នកទាំងអស់គ្នា គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាល ប្រកបដោយទឹកចិត្តបរិសុទ្ធ, គោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល ដូចសមាជិកក្រុមគ្រួសាររបស់ខ្លួន។ទី៤. ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងពាណិជ្ជកម្ម, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ ឬរឹតបន្តឹងការផលិត, ការកែច្នៃ, ឬ ការនាំចូលម្ហូបអាហារ និងគ្រឿងបរិភោគ ដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពប្រជាជន។ យន្តការអន្តរក្រសួងនេះ ក៏ត្រូវជំរុញការងារផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ និងគ្រឿងបរិភោគដែលមានផលប៉ះពាល់អវិជ្ជមានទាំងនេះ ព្រោះយើងមិនចង់ឃើញ សុខភាពដ៏មានតម្លៃរបស់ប្រជាជនយើង ត្រូវបានបំផ្លាញ ដោយសារតែម្ហូបអាហារ និងគ្រឿងបរិភោគទាំងនេះនោះទេ។ទី៥. ក្រសួងសុខាភិបាល ត្រូវសហការជាមួយជាមួយក្រសួងប្រៃសណីយ៍ និងទូរគម-នាគមន៍ ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីពន្លឿនការប្រើប្រាស់ប្រព័ន្ធ ឌីជីថល ក្នុងវិស័យសុខាភិបាលទាំងមូល ជាពិសេស គ្រប់មន្ទីរពេទ្យ, ទាំងថ្នាក់ជាតិ និង ក្រោម-ជាតិ ព្រមទាំងជំរុញការបណ្តុះបណ្តាលឱ្យវេជ្ជបណ្ឌិត, គ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាផ្នែកសុខាភិបាលបានទូលំទូលាយ។ទី៦. ក្រៅពីចំណុចទាំង៥ ខាងលើ សម្ដេចធិបតី បានស្នើដល់ក្រសួងសុខាភិបាល ក្នុងនាមជាលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យសុខាភិបាលសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពន្លឿនការដាក់ចេញ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា»។ ផែនទីបង្ហាញផ្លូវនេះ ចាំបាច់បំផុត ត្រូវមានសង្គតិភាពជាមួយក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តដទៃទៀត, ជាពិសេស យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបបានដាក់ចេញ ហើយអាទិភាពចម្បងបំផុត ត្រូវផ្តល់ទៅលើការសម្រួលការលំបាករបស់ប្រជាជន ខណៈដែលពួកគាត់ទទួលបាននូវសេវាសុខាភិបាលមួយ ប្រកបដោយគុណភាព៕

កងទ័ពជើងទឹកមានបំណងពន្លឿនការងារសាងសងនាវាមុជទឹករបស់ទីក្រុងវ៉ាស៊ីនតោន ដែលនៅសេសសល់ ក្នុងករណីមានការពន្យាពេលការធ្វើតេស្ត

2023/10/24 02:14:06 pm        118
កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីពន្លឿនការងារសាងសង់ដែលនៅសេសសល់លើនាវាមុជទឹកមីស៊ីលបាលិស្ទិកដំបូងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នឹងការពន្យារពេល ដែលអាចកើតមាន ក្នុងអំឡុងពេលធ្វើតេស្តនាវាលើកដំបូង នៅចុងទសវត្សរ៍នេះ។កងទ័ពជើងទឹក និងក្រុមការងារម៉ៅការសំខាន់ Electric Boatsរបស់ក្រុនហ៊ុន General Dynamics' ពីដើមឡើយ បានសាងសង់របាំងការពារនាវារយៈពេល៦ខែទៅក្នុងកាលវិភាគសាងសង់សម្រាប់ទីក្រុងវ៉ាស៊ីននាពេលអនាគត នាវាមុជទឹកមីស៊ីលបាលិស្ទិកដំបូងគេនេះ ត្រូវបានសាងសង់ តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ក្រុមអ្នកដឹកនាំ បានបញ្ជាក់ថា របាំងការពារនាវានោះ ត្រូវបានរុះចេញទាំងស្រុង ដោយសារតែបញ្ហាប្រឈមទាក់ទងនឹងជំងឺរាតត្បាត និងការបំពេញការងាររបស់អ្នកម៉ៅការ ទោះបីជានាវានេះ នៅតែស្ថិតក្នុងកាលវិភាគកំណត់តាមកិច្ចសន្យាក្តី។ឧត្តមនាវីឯក Scott Pappano នាយកប្រតិបត្តិកម្មវិធីសម្រាប់នាវាមុជទឹកយុទ្ធសាស្ត្រ បានប្រាប់សារព័ត៌មាន Defence News ក្នុងកិច្ចប្រជុំកំពូលមួយនៅដើមខែនេះថា ខ្លួនកំពុងធ្វើការជាមួយអ្នកសាងសង់នាវា ដើម្បីទទួលបាននូវរបាំងការពារនាវានោះ «ដើម្បីផ្តល់ឲ្យយើងនូវឲ្យកាស ដើម្បីជៀសវាងបញ្ហានានាក្នុងការធ្វើតេស្តវា ដែលជានាវានាំមុខនោះ»។

អាមេរិកបដិសេធការអំពាវនាវបទឈប់បាញ់នៅមជ្ឈិមបូព៌ា ដោយនិយាយថា នឹងផ្តល់ប្រយោជន៍ដល់ក្រុមហាម៉ាស

2023/10/24 01:41:55 pm        87
សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ថា បទឈប់បាញ់ណាមួយនៅតំបន់ហ្គាហ្សា របស់អ៊ីស្រាអែល នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស ខណៈសហភាពអឺរ៉ុប ពិចារណាការអំពាវនាវឱ្យផ្អាកសង្គ្រាមសម្រាប់ផ្នែកមនុស្សធម៌។ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា បទឈប់បាញ់នឹងផ្តល់ឱ្យក្រុមហាម៉ាសនូវលទ្ធភាពសម្រាក ជួសជុលឡើងវិញ និងត្រៀមខ្លួនដើម្បីបន្តការវាយប្រហារភេរវកម្មប្រឆាំងមកលើអ៊ីស្រាអែល។ លោកបាននិយាយថា អ្នកអាចយល់បានយ៉ាងច្បាស់ថាហេតុអ្វីបានជានោះជាស្ថានភាពដែលមិនអាចអត់ឱនឲ្យបានសម្រាប់អ៊ីស្រាអែល ព្រោះវានឹងក្លាយជាស្ថានភាពដែលមិនអាចអត់ឱនឲ្យបានសម្រាប់ប្រទេសណាមួយដែលទទួលរងការវាយប្រហារភេរវកម្មដ៏ឃោរឃៅបែបនេះ ហើយបន្តមើលឃើញការគំរាមកំហែងភេរវករនៅព្រំដែនរបស់ខ្លួន។ លោក Miller បាននិយាយថា សហរដ្ឋអាមេរិក កំពុងធ្វើការដាច់ដោយឡែកដើម្បីធានាបានលំហូរនៃការផ្តល់ជំនួយសង្គ្រោះមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា ដោយមានបេសកជនពិសេសសហរដ្ឋអាមេរិកម្នាក់គឺលោក David Satterfield នៅលើមូលដ្ឋានការងារយ៉ាងយកចិត្តទុកដាក់លើការផ្តល់ជំនួយ។ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថាមេដឹកនាំរបស់ប្លុកនេះ នឹងគាំទ្រការអំពាវនាវឱ្យផ្អាកការប្រយុទ្ធដើម្បីអនុញ្ញាតការផ្តល់ជំនួយ។ លោក Borrell បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅប្រទេសលុចសំបួរថា លោកជឿថាគំនិតនៃការផ្អាកសង្គ្រាមសម្រាប់ផ្នែកមនុស្សធម៌គឺដើម្បីជួយសម្រួលដល់ការមកដល់នៃជំនួយសង្គ្រោះមនុស្សធម៌ ដែលនឹងអនុញ្ញាតឱ្យជនភៀសខ្លួនស្វែងរកទីជម្រក គឺជាអ្វីដែលមេដឹកនាំទាំងអស់នឹងគាំទ្រ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាបន្តអំពាវនាវឲ្យថៃដោះលែងទាហាន១៨នាក់ដែលថៃចាប់ទៅឲ្យបានឆាប់ ខណៈរហូតដល់ពេលនេះ គឺមានរយៈពេល៤៦ថ្ងៃហើយ
09/13/2025 10:09 AM
វគ្គបណ្ដុះបណ្ដាលស្ដីពី “ការប្រើប្រាស់ប្រព័ន្ធថ្នាលឌីជីថល របស់គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត” ទទួលបានលទ្ធផលផ្លែផ្កាជាទីមោទនៈ
09/13/2025 09:09 AM
ជនសង្ស័យបាញ់សម្លាប់លោក Charlie Kirk ត្រូវបានចាប់ខ្លួនក្រោយពីឪពុករបស់ជននេះជំរុញឲ្យប្រគល់ខ្លួន
09/13/2025 09:09 AM
ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម នឹងចាប់ផ្តើមហោះហេីរត្រង់ពីទីក្រុង Abu Dhabi មកកម្ពុជា នៅដើមខែក្រោយ
09/12/2025 09:09 PM
គម្រោងប្រេងឥន្ធនៈហ្វូស៊ីលដ៏ធំបំផុតមួយរបស់អូស្រ្តាលី នឹងបន្តពេលរហូតដល់ឆ្នាំ ២០៧០
09/12/2025 08:09 PM
ជនប៉ាឡេស្ទីននាំគ្នារត់ភៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូងដោយឆ្លងកាត់ភាគកណ្តាលតំបន់ហ្កាហ្សា
09/12/2025 08:09 PM
[UPDATE] លោក Trump និយាយថា ជនសង្ស័យ ក្នុងករណីឃាតកម្មលោក Charlie Kirk កំពុងជាប់ឃុំ
09/12/2025 08:09 PM
ប្រជានេសាទហ្វីលីពីនព្រួយបារម្ភដល់ការបៀតបៀនបន្ថែមទៀត ពេលចិនបង្កើតតំបន់អភិរក្សធម្មជាតិនៅថ្មប៉ប្រះទឹកជម្លោះ
09/12/2025 08:09 PM
អ្នកដំណើរតាមជើងហោះហើរនៃក្រុមហ៊ុនអាកាសចរណ៍ United Airlines ចេញតាមច្រកទ្វារគ្រាអាសន្ន នៅជប៉ុន
09/12/2025 08:09 PM
UN៖ កូរ៉េខាងជើងប្រហារជីវិតមនុស្សកាន់តែច្រើន សម្រាប់ករណីមើលខ្សែភាពយន្តបរទេស និងរឿងភាគលើកញ្ចក់ទូរទស្សន៍
09/12/2025 08:09 PM