កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ឆ្មាំល្បាតឆ្នេរចិន ជំរុញឲ្យហ្វីលីពីនបញ្ឈប់ការរំលោភបំពានលើអធិបតេយ្យភាពរបស់ខ្លួន

2023/11/10 09:16:26 pm        145
ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន នៅថ្ងៃសុក្រ (១០ វិច្ឆិកា) នេះ បានជំរុញប្រទេសហ្វីលីពីន ឱ្យបញ្ឈប់ការរំលោភលើអធិបតេយ្យភាពរបស់ប្រទេសនេះ បន្ទាប់ពីនាវាផ្គត់ផ្គង់ហ្វីលីពីនជាច្រើនគ្រឿង បានចូលទៅក្នុងដែនទឹកនៅជិតកោះថ្មប៉ប្រះទឹក Thomas ក្នុងសមុទ្រចិនខាងត្បូង។ ក្រុមប្រឹក្សាសន្តិសុខជាតិហ្វីលីពីន បាននិយាយថា ខ្លួននឹងចេញសេចក្តីថ្លែងការណ៍មួយក្នុងពេលឆាប់ៗនេះ ស្តីពីបេសកកម្មផ្គត់ផ្គង់ឡើងវិញនោះ។ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា នាវាដឹកជញ្ជូនហ្វីលីពីនខ្នាតតូចចំនួនពីរគ្រឿង និងនាវាឆ្មាំល្បាតឆ្នេរចំនួនបីគ្រឿង បានចូលក្នុងដែនទឹករបស់ខ្លួននៅជាប់នឹងកោះថ្មប៉ប្រះទឹក Thomas ដែលជាផ្នែកមួយនៃប្រជុំកោះ ស្ប្រាតលី (Spratly) ដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាលចិន។ច្រកសមុទ្រដ៏តានតឹងមួយនោះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសហ្វីលីពីន ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ប៉ុន្តែចិនច្រានចោលការសម្រេចនោះ ហើយនិយាយថា ខ្លួនមានអធិបតេយ្យភាពលើប្រជុំកោះ ស្ប្រាតលី ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសចិនថា ជាប្រជុំកោះណានសា (Nansha) និងដែនទឹកដែលនៅជាប់នោះ។ប្រទេសចិន និងហ្វីលីពីន មានការប្រឈមមុខដាក់គ្នាជាច្រើនដងក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះនៅក្នុងតំបន់ ហើយប្រទេសចិន បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះបេសកកម្មផ្គត់ផ្គង់ហ្វីលីពីនឡើងវិញទៅកាន់តំបន់ច្រកសមុទ្រជម្លោះនោះ៕

ប្រទេសអាល្លឺម៉ង់ សន្យាថា នឹងធ្វើឲ្យយោធារបស់ខ្លួន ក្លាយជាឆ្អឹងខ្នងនៃផ្នែកការពារនៅអឺរ៉ុប

2023/11/10 09:05:16 pm        166
រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួន បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលទីក្រុងប៊ែរឡាំង បានចេញគោលការណ៍ណែនាំអំពីគោលនយោបាយការពារជាតិថ្មី ជាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្សរ៍។ឯកសារ១៩ទំព័ររៀបរាប់លម្អិតអំពីអ្វីដែល«ជាចំណុចរបត់»គឺការផ្លាស់ប្តូរដ៏សំខាន់នៃគោលនយោបាយដែលអធិការបតីអាល្លឺម៉ង់លោកអូឡាហ្វ សូល (Olaf Scholz) បានប្រកាស បន្ទាប់ពីការលុកលុយរបស់ រុស្ស៊ីលើអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ ២០២២ មានន័យថា សម្រាប់ការងាររបស់កងកម្លាំងប្រដាប់អាវុធរបស់អាល្លឺម៉ង់។ជាជំហានដំបូងក្នុងការពង្រឹងយោធាឡើងវិញ បន្ទាប់ពីមានការខាតបង់ជាច្រើនទសវត្សរ៍ ក្រោយសង្គ្រាមត្រជាក់ ប្រទេសអាល្លឺម៉ង់កាលពីឆ្នាំមុន បានបង្កើតមូលនិធិពិសេសចំនួន ១០០ពាន់លានអឺរ៉ូ ដើម្បីទិញសព្វាវុធទំនើបៗ ហើយបានសន្យាថា នឹងឈានដល់គោលដៅរបស់អង្គការណាតូ ក្នុងការចំណាយយ៉ាងហោចណាស់ ២ភាគរយនៃGDPរបស់ប្រទេសនេះលើវិស័យការពារជាតិ ចាប់ពីឆ្នាំ ២០២៤។រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បាននិយាយនៅពេលលោកបង្ហាញគោលការណ៍ណែនាំ ជាលើកដំបូង ចាប់តាំងពីការជ្រើសរើសទាហានរបស់ទីក្រុងប៊ែរឡំាងត្រូវបានផ្អាកថា៖ «ជាមួយនឹងការផ្លាស់ប្តូរដ៏សំខាន់នេះ ប្រទេសអាល្លឺម៉ង់ នឹងក្លាយជាប្រទេសធំមួយ នៅក្នុងលក្ខខណ្ឌនៃគោលនយោបាយសន្តិសុខ។

ខ្លឹមសារគន្លឹះសំខាន់ៗ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស

2023/11/10 07:41:08 pm        359
អរគុណសន្តិភាព! អរគុណនយោបាយ ឈ្នះ ឈ្នះ! ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ!សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងសារ​គន្លឹះសំខាន់ៗ ក្នុងពិធីអបអរសាទរ​ខួបអនុស្សាវរីយ៍ លើកទី២៨ ថ្ងៃបង្កើត​បញ្ជាការដ្ឋាន​ទ័ព​ពិសេស (៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣) នៅបញ្ជាការដ្ឋានទ័ពពិសេស។ សារគន្លឹះទាំងនោះរួមមាន៖« សូមឧទ្ទិសសមិទ្ធផលដែលយើងមានថ្ងៃនេះជូនដល់វីរជនគ្រប់ជំនាន់ ទាំងក្នុងបញ្ជាការដ្ឋានទ័ពពិសេស ក៏ដូចជាកងយោធពលខេមរភូមិន្ទទាំងមូល ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ក៏ដូចជាការស្វែងរកនូវសន្តិភាព និងការបង្រួបបង្រួមជាតិដូចសព្វថ្ងៃ ព្រោះសន្តិភាព និងការបង្រួមបង្រួមជាតិ ជាអ្វីដែលយើងរកបានដោយលំបាកបំផុត ដែលពួកយើងជាអ្នកជំនាន់ក្រោយ ត្រូវតែបន្តរែកពុន និងថែរក្សាឱ្យបាន ទោះក្នុងកាលៈទេសៈណាក៏ដោយ។“ការពារដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីការពារ” គឺយើងនឹងពង្រឹងការអភិវឌ្ឍនៅតាមខ្សែបន្ទាត់ព្រំដែន ដោយប្រើប្រាស់ការអភិវឌ្ឍនេះជាឧបករណ៍មួយនៃការការពារជាតិរបស់យើង ដែលនេះគឺជាគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាអាណត្តិមុនៗផងដែរ ដោយផ្តោតសំខាន់ដល់ការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ជាមួយគ្នា ការធ្វើទំនើបកម្មវិស័យកងទ័ព គឺត្រូវឈរលើការធ្វើទំនើបកម្មចំនួន ៣ គឺ ១. ទំនើបកម្មរចនាសម្ព័ន្ធ, ២. ទំនើបកម្មការហ្វឹកហ្វឺន និង ៣. ទំនើបកម្មគ្រឿងបំពាក់។ ការធ្វើទំនើបកម្មរចនាសម្ព័ន្ធ គឺរៀបចំកម្លាំងឱ្យបានរៀបរយ ដោយធ្វើការរៀបចំឡើងវិញនូវបទដ្ឋានគតិយុត្ត និងយុទ្ធសាស្ត្រ និងវិធានការដោះស្រាយឱ្យមានសង្គតិភាព និងប្រសិទ្ធភាព។ ទំនើបកម្មការហ្វឹកហ្វឺន៖ ការហ្វឹកហ្វឺន គឺជាគោលការណ៍សំខាន់ដែលត្រូវជំរុញ ដោយត្រូវផ្តោតលើការពង្រឹងសាលា តាមរយៈការយកចិត្តទុកដាក់លើគ្រូ និងកម្មវិធីសិក្សា និងការបង្កើតសាលាទ័ពជំនាញ ព្រមទាំងការពិនិត្យមើលការរៀបចំយន្តការមួយ ដែលធានាប្រសិទ្ធភាព និងគុណភាពនៃឯកសារបណ្តុះបណ្តាល ដើម្បីធានានូវភាពម្ចាស់ការ ហើយជាកិច្ចការដែលយើងបាន និងកំពុងបន្តធ្វើ។ ទំនើបកម្មគ្រឿងបំពាក់ គឺត្រូវយកចិត្តទុកដាក់លើទីលានហ្វឹកហ្វឺន ដែលត្រូវមានលក្ខណៈសមរម្យ ហើយបើចាំបាច់ត្រូវរៀបចំទីលានមួយរួមគ្នាសម្រាប់អង្គភាពច្រើន។ស្របតាមបេសកកម្មការពារជាតិដែលកំណត់ដោយរាជរដ្ឋាភិបាល នីតិកាលទី ៧ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញនូវអនុសាសន៍ ៥ ចំណុច ជូនបណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទទាំងអស់ ដូចខាងក្រោម៖ ទី១- កងទ័ពត្រូវតែជាកងទ័ពមានវិជ្ជាជីវៈខ្ពស់ (Professional Military) ដែលស្មោះត្រង់ដាច់ខាតចំពោះជាតិ មាតុភូមិ និងប្រជាជន និងយកអស់ស្មារតី គោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់បទប្បញ្ញត្តិ, សារាចរណែនាំ, លក្ខន្តិកៈកងយោធពលខេមរភូមិន្ទ, បទដ្ឋានគតិយុត្តនានា, ប្រកាន់ខ្ជាប់នូវប្រពៃណី, សេចក្តីថ្លៃថ្នូរ របស់កងយោធពលខេមរភូមិន្ទ ក្លាយជាកម្លាំងពិត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជន។ ទី២- គ្រប់អង្គភាពទាំងអស់ត្រូវយកចិត្តទុកដាក់បំផុត ទៅលើការប្រើប្រាស់កងកម្លាំង, ធនធាន, និងទ្រព្យសម្បត្តិរដ្ឋ ដែលបានប្រគល់ជូន ឱ្យបានស្ថិតស្ថេរ និងមានប្រសិទ្ធភាព, ពោលគឺ សូមប្រើប្រាស់កម្លាំងឱ្យសមស្របទៅនឹងតម្រូវការ និងសូមគ្រប់គ្រងថែរក្សាគ្រឿងសព្វាវុធ, បរិក្ខារយោធាគ្រប់បែបយ៉ាង ព្រមទាំងស្បៀងអាហារជាដើម ឱ្យបានត្រឹមត្រូវ និងបានគង់វង្ស។ទី៣- គ្រប់អង្គភាពទាំងអស់ត្រូវពង្រឹងការងារហ្វឹកហ្វឺនរៀនសូត្រ និងការកសាងប្រភពធនធានមនុស្ស ទាំងបរិមាណ និងគុណភាព ដើម្បីបម្រើការពារជាតិ ឱ្យមានប្រសិទ្ធភាព ។ ជាពិសេស អង្គភាពទាំងអស់ត្រូវពង្រឹងការបង្កើនជំនាញដល់កងទ័ព ទាំងជំនាញយោធា និងជំនាញដែលមានប្រយោជន៍ក្នុងវិស័យស៊ីវិល ដើម្បីធានាថា កងទ័ពយើងមានសមត្ថភាព ហើយក៏នឹងក្លាយជាធនធានដ៏មានតម្លៃជូនសង្គមជាតិផងដែរ ក្រោយពេលលាឈប់ពីជួរកងទ័ព ។ ទី៤- សូមអង្គភាពទាំងអស់យកចិត្តទុកដាក់ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានគ្រោះភ័យជាយថាហេតុណាមួយ ដោយត្រូវមានស្មារតីបុរេសកម្ម ព្រមទាំងសហការឱ្យបានស្អិតរមួតជាមួយអាជ្ញាធរដែនដី និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ។ ទី៥- សូមអង្គភាពទាំងអស់ជំរុញការកសាងសេដ្ឋកិច្ចនៅនឹងកន្លែង ដូចជា ការបង្កបង្កើនផល និងការចិញ្ចឹមសត្វជាដើម ដើម្បីកែប្រែជីវភាពរស់នៅរបស់កងទ័ព និងក្រុមគ្រួសារឱ្យមានជីវភាពរស់នៅសមស្រប, មានផាសុកភាព, សុខុមាលភាព និងផលិតភាព ក្នុងការបំពេញបេសកកម្មរបស់ខ្លួន ៕»ដ

រដ្ឋមន្ត្រីការបរទេសអាមេរិក ធ្វើទស្សនកិច្ចប្រទេសឥណ្ឌាផ្តោតលើបញ្ហាប្រឈមសន្តិសុខ

2023/11/10 07:09:48 pm        112
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានទៅដល់ទីក្រុងញ៉ូវដេលី នៅថ្ងៃសុក្រទី១០ ខែវិច្ឆិកានេះ មុនកិច្ចពិភាក្សានៅក្នុងប្រទេសឥណ្ឌា ដែលក្រុមមន្ត្រីនិយាយថានឹងផ្តោតសំខាន់លើបញ្ហាប្រឈមផ្នែកសន្តិសុខ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការព្រួយបារម្ភជុំវិញប្រទេសចិន ជាជាងបញ្ហាសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា និងប្រទេសអ៊ុយក្រែន។ ដោយហៅថា «កិច្ចសន្ទនា ២+២» នៅថ្ងៃសុក្រនេះនឹងចូលរួមដោយរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin ដែលបានទៅដល់កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក Subrahmanyam Jaishankar និងរដ្ឋមន្ត្រីការពារជាតិលោក Rajnath Singh ។មន្ត្រីនិយាយថា កិច្ចពិភាក្សានានា នឹងលើកឡើងពីការគំរាមកំហែង ចេញពីដំណើរទស្សនកិច្ចដោយជោគជ័យរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីខែមិថុនានិងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ទៅកាន់ទីក្រុងញ៉ូវដេលី សម្រាប់កិច្ចប្រជុំកំពុល G20 កាលពីខែកញ្ញា។ទំនាក់ទំនងឥណ្ឌាជាមួយសហរដ្ឋអាមេរិក បានរីកចម្រើនកាន់តែខ្លាំងឡើងយ៉ាងឆាប់រហ័សលើបញ្ហាឈានមុខជាច្រើន ហើយប្រទេសនេះមានទំនាក់ទំនងជាយុទ្ធសាស្ត្រស្និតស្នាលជាមួយប្រទេសអ៊ីស្រាអែល។ ប៉ុន្តែទីក្រុងញ៉ូវដេលី បានការពារយ៉ាងប្រុងប្រយ័ត្នផងដែរ នូវទំនាក់ទំនងយូរអង្វែងជាមួយប្រទេសរុស្ស៊ី និងបានធ្វើឲ្យប្រសើរឡើងទំនាក់ទំនងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសផលិតឧស្ម័ន និងប្រេង នៅមជ្ឈិមបូព៌ា។

រុស្ស៊ី បញ្ចប់កិច្ចព្រមព្រៀងជាមួយជប៉ុនលើការរុះរើអាវុធនុយក្លេអ៊ែរ

2023/11/10 07:07:08 pm        186
រុស្ស៊ី និយាយថា ខ្លួននឹងបញ្ចប់កិច្ចព្រមព្រៀងជាមួយប្រទេសជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការ ដើម្បីរុះរើនាវាមុជទឹកបំពាក់នុយក្លេអ៊ែររបស់រុស្ស៊ី ដែលពុំមានប្រតិបត្តិការ។ រដ្ឋាភិបាលរុស្ស៊ី បានចេញបទបញ្ជាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងស្តីពី «កិច្ចសហប្រតិបត្តិការដើម្បីជួយដល់ការបំផ្លាញអាវុធនុយក្លេអ៊ែរដែលត្រូវបានកាត់បន្ថយនៅសហព័ន្ធរុស្ស៊ី»។ រដ្ឋាភិបាលបានណែនាំឲ្យក្រសួងការបរទេស ជូនដំណឹងដល់ប្រទេសជប៉ុនអំពីការសម្រេចនេះ។កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ ១៩៩៣ បន្ទាប់ពីការដួលរលំសហភាពសូវៀត ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ សម្រាប់ការមិនរីកសាយអាវុធនុយក្លេអ៊ែរ និងការដោះស្រាយបញ្ហាបរិស្ថាន។ នៅក្រោមកិច្ចព្រមព្រៀងនេះ គម្រោងនានាបានចាប់ផ្តើមរុះរើនាវាមុជទឹកនុយក្លេអ៊ែររបស់រុស្ស៊ី ដែលបោះបង់ចោលនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។ ប្រទេសជប៉ុន បានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។ រុស្ស៊ី ពុំបានបញ្ជាក់ពីមូលហេតុនៃការបញ្ចប់កិច្ចព្រមព្រៀងនេះទេ។រុស្ស៊ី បានជំទាស់ទៅនឹងទណ្ឌកម្មដែលបានដាក់ដោយប្រទេសជប៉ុន និងប្រទេសលោកខាងលិចដោយសារការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន។ ប្រធានរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី លោក Matsuno Hirokazu បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសជប៉ុនពុំបានទទួលការជូនដំណឹងជាមុនអំពីការសម្រេចរបស់រុស្ស៊ីនោះទេ ហើយការប្រកាសជាឯកតោភាគីនេះ ពិតជាគួរឱ្យសោកស្តាយខ្លាំង។ លោកនិយាយថា ប្រទេសជប៉ុននឹងបញ្ជាក់ពីបញ្ហានេះតាមរយៈបណ្តាញការទូត។

លោកបៃដិន៖ ការផ្អាកប្រយុទ្ធរបស់អ៊ីស្រាអែល ជាជំហានក្នុងទិសដៅត្រឹមត្រូវ

2023/11/10 07:04:10 pm        168
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (0៩ វិច្ឆិកា) ថា អ៊ីស្រាអែលបានយល់ព្រមលើ «ការផ្អាកប្រយុទ្ធ» ដើម្បីបុព្វហេតុមនុស្សធម៌ ក្នុងការវាយលុករបស់ខ្លួនលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា បន្ទាប់ពីការដាក់សម្ពាធពីសហរដ្ឋអាមេរិក។ លោក បៃដិន បាននិយាយថា ការសម្រេចផ្អាកប្រយុទ្ធរបស់អ៊ីស្រាអែល គឺជា «ជំហានក្នុងទិសដៅត្រឹមត្រូវ» ដែលនឹងជួយជនស៊ីវិលរត់ចេញពីការប្រយុទ្ធ និងទទួលបានជំនួយបន្ថែមទៀតទៅកាន់តំបន់ដែលរងគ្រោះ។សេតវិមានបាននិយាយថា នឹងមានការផ្អាកប្រយុទ្ធជារៀងរាល់ថ្ងៃរយៈពេល ៤ម៉ោងនៅភាគខាងជើងតំបន់ហ្កាហ្សា ជាមួយនឹងការព្រមានដែលបានផ្តល់ឱ្យក្នុងរយៈពេលបីម៉ោងជាមុន។ លោក បៃដិន បាននឹងកំពុងជំរុញនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ឱ្យផ្អាកការប្រយុទ្ធយូរជាងនេះ បន្ទាប់ពីសង្រ្គាមជាងមួយខែ ដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស។ដោយបានប្តេជ្ញាកម្ទេចក្រុមហាម៉ាស ឲ្យបាត់ពីផែនដី អ៊ីស្រាអែលបានសងសឹកជាមួយនឹងការទម្លាក់គ្រាប់បែកពីលើអាកាស និងការវាយលុកថ្មើរជើង ដែលក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ស្ទ្រីប គ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា បានសម្លាប់មនុស្សជាង ១០.៨០០នាក់ ដែលភាគច្រើនជាកុមារ។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា ប្រជាជនប្រហែល ១,៥លាននាក់ កំពុងស្វែងរកជម្រកសុវត្ថិភាពគេចពីជម្លោះនៅភាគខាងត្បូងតំបន់ហ្កាហ្សា ផងដែរ៕

ឧត្តមនាវីឯក ទៀ សុខា៖ ក្រៅពីចូលរួមការពារបូរណភាពទឹកដីកងទ័ពជើងទឹក បានចូលរួមសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីប្រជាជន

2023/11/10 06:38:32 pm        242
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការ​ជាតិសន្តិសុខលម្ហសមុទ្រ ​បានថ្លែងថា ក្នុងរយៈពេលកន្លងមកក្រៅ​ពីកិច្ចការពារជាតិ បូរណភាព​ទឹកដី និងដែន ទឹកកម្ពុជា បញ្ជាការដ្ឋានកងទ័ពជើងទឹកបានចូលរួមសកម្មភាពមនុស្សធម៌​ជាច្រើន​សម្រាប់បងប្អូនប្រជាពលរដ្ឋដោយពុំមានការរុញរានោះឡើយ។ថ្លែងប្រាប់ទូរទស្សន៍ BTVតាមរយៈតេលេក្រាម ទាក់ទងនឹងខួប៧០ឆ្នាំនៃការបង្កើតកងយោធពល​ខេមរភូមិន្ទ​ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា កងទ័ពជើងទឹកបានចូលរួមកិច្ចការងារជាច្រើន​ជាមួយ​រាជរដ្ឋាភិបាល ​ដូចជាការចូលរួមជួយសង្រ្គោះគ្រោះមហន្តរាយ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ​គ្រោះអគ្គិភ័យ ​រួមទាំងកិច្ចការមនុស្សធម៌ផ្សេងទៀត ដូចជាការចូលរួមជាមួយក្រុម​គ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋ​រងគ្រោះថ្នាក់ជាយថាហេតុណាមួយ ការចូលរួមជួយមន្ទីរពេទ្យគន្ធបុប្ផា ​កាកបាទក្រហមជាដើម។ឯកឧត្តម បានបន្ថែមទៀតថា សម្រាប់ដែនទឹក កងទ័ពជើងទឹកដើរល្បាតគ្រប់ពេលវេលា តាម​បណ្តាព្រំដែនទឹក ទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតឡើងនូវលើលំហរសមុទ្រ ការពារ​ធនធានធម្មជាតិនៅបាតសមុទ្រ និងការពារអណ្តូងប្រេងកាតនៅប្លុកអេ រួមទាំងសហការ​ជាមួយប្រទេសជាមិត្តដើម្បីហ្វឹកហាត់ ​និងបណ្តុះបណ្តាលលើជំនាញផ្សេងទៀតផងដែរ។ជាមួយគ្នានោះដែរឧត្តមនាវីឯក ទៀ សុខា ក៏បានប្រកាសជាថ្មីម្តងទៀតផងដែរថា ​ក្នុងនាមបញ្ជា ការដ្ឋាន​កងទ័ពជើងទឹកសូមប្រកាសគាំទ្រ ​និងការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារ​អង្គព្រះមហាក្សត្រ,ការពាររដ្ឋធម្មនុញ្ញ, និងប្រកាសប្រឆាំង ​និង​ទប់ស្កាត់គ្រប់​កាលៈទេសៈទាំងអស់​ចំពោះក្រុមណា ឬបុគ្គលណា​ដែលមាន​ចេតនា​ធ្វើ​បដិវត្ត ពណ៌ ការប៉ុនប៉ងធ្វើបំផ្លាញនូវសុខសន្តិភាព និង​ភាពសុខសាន្តរបស់ ប្រជាពលរដ្ឋដែលកំពុងកើតមានសព្វថ្ងៃនេះផងដែរ៕អត្ថបទ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យរៀបចំស្ថាប័នស្រាវជ្រាវយុទ្ធសាស្រ្ដយោធា

2023/11/10 06:31:46 pm        132
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឱ្យក្រសួង​ការពារជាតិ បង្កើតស្ថាប័នមួយសម្រាប់យោធាក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដ​យោធានានា​ហើយ​ការធ្វើការស្រាវជ្រាវយុទ្ធសាស្រ្តនេះដោយធ្វើយ៉ាងណាឱ្យសមស្របទៅនឹងកងទ័ពរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សន្ដិភាព និងការបង្រួបបង្រួមជាតិ គឺរកបានដោយលំបាកបំផុត ដែលសមិទ្ធផលទាំងនេះ បានកើតចេញពីការ​លះបង់នូវសាច់ស្រស់ឈាមស្រស់របស់យោធិនជំនាន់មុនរបស់កម្ពុជា។ ដូច្នេះសម្ដេចនាយករដ្ឋមន្រ្ដីបានជំរុញឱ្យក្រសួងការពារជាតិ ត្រូវរៀបចំបង្កើតស្ថាប័នមួយសម្រាប់​យោធាក្នុងការស្រាវជ្រាវយុទ្ធសាស្រ្ដយោធានានា ដើម្បីធ្វើយ៉ាងណាឱ្យសមស្របទៅនឹង​គោលនយោបាយ​កងទ័ពរបស់កម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញយោធាត្រូវពង្រឹងដល់សាលានាយទាហាន តាមគោល​នយោបាយ ឯករាជ្យ និងប្រទាក់ក្រឡា ដើម្បីដំឡើងកម្រិតលើការបណ្ដុះបណ្ដាល​នាយទាហាន។ ចំណែកសាកលវិទ្យាល័យការពារជាតិត្រូវផ្តោតលើការពង្រឹងយុទ្ធសាស្រ្តស្រាវជ្រាវ និង​កិច្ចការងារការពារជាតិនេះបន្ថែមតៀត៕អត្ថបទ៖វ៉ន ដារ៉ា

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ចង់ឱ្យមានការពិភាក្សាលក្ខណៈបើកចំហ និងជាក់លាក់ ជាមួយឧបនាយករដ្ឋមន្ត្រីចិន

2023/11/10 06:23:52 pm        121
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) បានប្រាប់ឧបនាយករដ្ឋមន្ត្រីចិន លោក ហឺ លីហឹ្វង (He Lifeng) ថាលោកស្រីចង់ឱ្យមានការពិភាក្សាលក្ខណៈ «បើកចំហ និងជាក់លាក់» ស្តីពីទំនាក់ទំនងសេដ្ឋកិច្ចអាមេរិក និងចិន ការអនុវត្តឧបត្ថម្ភធនរបស់ទីក្រុងប៉េកាំង និងបញ្ហាប្រឈមជាសកល ដូចជាបម្រែបម្រួលអាកាសធាតុ និងការសម្រាលបន្ទុកបំណុលជាដើម។នៅក្នុងសុន្ទរកថា ដែលបានរៀបចំនៅពេលចាប់ផ្តើមនៃកិច្ចប្រជុំទ្វេភាគីរយៈពេលពីរថ្ងៃ នៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក មុនកិច្ចប្រជុំកំពូលនៃបណ្ដាមេដឹកនាំប្រទេស នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លោកស្រី Yellen បាននិយាយថា លោកស្រីបានប្រឹងប្រែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដើម្បីបង្កើតកិច្ចសន្ទនាសេដ្ឋកិច្ចជាមួយសមភាគីចិន។លោកស្រី Yellen បាននិយាយថា សហរដ្ឋអាមេរិក ចង់បានទំនាក់ទំនងសេដ្ឋកិច្ចល្អជាមួយប្រទេសចិន ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរក្នុងរយៈពេលវែង ហើយនឹងលើកឡើងពីការព្រួយបារម្ភអំពីគោលនយោបាយរបស់ចិន ដែលហាមឃាត់ការប្រកួតប្រជែងដោយយុត្តិធម៌។ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ហឺ បាននិយាយថា លោកនឹងលើកឡើងពីការព្រួយបារម្ភរបស់ប្រទេសចិន អំពីទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគជាមួយសហរដ្ឋអាមេរិក ក្នុងអំឡុងពេលពិភាក្សារបស់លោកជាមួយលោកស្រី Yellen ។ លោកបានបន្ថែមថា ប្រទេសចិនក៏កំពុងស្វែងរកវិធានការប្រកបដោយប្រសិទ្ធភាពផងដែរ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់ប្រទេសទាំងពីរឱ្យដំណើរការល្អឡើងវិញ៕

ទំនាក់ទំនងប្រេស៊ីល និងអ៊ីស្រាអែល មានភាពល្អក់កករ ជុំវិញបញ្ហាក្រុមឧទ្ទាមហេសបូឡា

2023/11/10 06:20:39 pm        152
សេចក្តីថ្លែងការណ៍មិនធម្មតាមួយរបស់ទីភ្នាក់ងារចារកម្មអ៊ីស្រាអែល ម៉ូសាដ (Mossad) ដែលនិយាយថា ខ្លួនបានជួយរារាំងការវាយប្រហាររបស់ក្រុមឧទ្ទាមហេសបូឡា នៅក្នុងប្រទេសប្រេស៊ីល គឺជាឧបទ្ទវហេតុចុងក្រោយបំផុតក្នុងការបង្កើតភាពតានតឹងនៅក្នុងទំនាក់ទំនងរវាងប្រទេសអ៊ីស្រាអែល និងប្រទេសដ៏ធំបំផុតរបស់អាមេរិកឡាទីនមួយនេះ ប្រឆាំងនឹងរឿងរ៉ាវពីក្រោយសង្រ្គាមហ្កាហ្សា។កាលពីថ្ងៃពុធ ប្រទេសប្រេស៊ីលបានចាប់ខ្លួនមនុស្សពីរនាក់ដោយបទចោទប្រកាន់ពីបទភេរវកម្ម ជាផ្នែកមួយនៃប្រតិបត្តិការដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធហេសបូឡា ដែលគេសង្ស័យថាមានគម្រោងវាយប្រហារលើទឹកដីប្រេស៊ីល។ ក្រោយមកនៅថ្ងៃដដែលនោះ ទីភ្នាក់ងារ ម៉ូសាដ បានថ្លែងអំណរគុណជាសាធារណៈដល់នគរបាលរបស់ប្រទេសប្រេស៊ីល ហើយបាននិយាយថា «ដោយសាររឿងរ៉ាវពីក្រោយនៃសង្គ្រាមនៅតំបន់ហ្កាហ្សា» ក្រុមហេសបូឡា កំពុងបន្តវាយប្រហាររបស់អ៊ីស្រាអែល ដាក់គោលដៅលើជនជាតិជ្វីហ្វ និងលោកខាងលិចជាដើម។ការអត្ថាធិប្បាយរបស់ទីភ្នាក់ងារ ម៉ូសាដ បានធ្វើឱ្យរដ្ឋមន្ត្រីយុត្តិធម៌ប្រេស៊ីល លោក ហ្វ្លាវីអូ ឌីណូ (Flavio Dino) ខឹងសម្បារយ៉ាងខ្លាំង ដែលកាលពីថ្ងៃព្រហស្បតិ៍ (០៩ វិច្ឆិកា) លោកបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ប្រេស៊ីលជាប្រទេសមានអធិបតេយ្យភាព» និង «មិនមានបទបញ្ជាពីកងកម្លាំងបរទេសនានាជុំវិញនគរបាលសហព័ន្ធប្រេស៊ីល នោះទេ»។លោកឌីណូ មិនបានបដិសេធយ៉ាងច្បាស់ពីព័ត៌មានលម្អិតណាមួយក្នុងសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល នោះទេ ប៉ុន្តែហាក់ដូចជាខឹងសម្បារកាន់តែខ្លាំងឡើងចំពោះការដែលខ្លួនត្រូវបានទាញចូលទៅពាក់ព័ន្ធក្នុងសង្រ្គាមបច្ចុប្បន្ននៅហ្កាហ្សា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សេតវិមាន៖ លោក Trump នឹងលើក​ពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយសមភាគីរុស្ស៊ី និងចិន នៅថ្ងៃទី១៩ ខែវិច្ឆិកា
11/14/2026 01:11 PM
កងទ័ពអាកាសអាមេរិក ឆ្លើយតបចំពោះសកម្មភាពយានដ្រូនដែលសង្ស័យនៅលើមូលដ្ឋានទ័ពអាកាសព្រីតថេន
11/14/2026 01:11 PM
រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក ដាក់កំហុសលើបញ្ហាប្រព័ន្ធគ្រប់គ្រងចរាចរណ៍អាកាសមានអាយុកាលចាស់
11/14/2026 12:11 PM
អ្នកដំណើរជាង៣០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយនាវាដឹកប្រេងបុកទូកទេសចរណ៍នៅអាមេរិក
11/14/2026 12:11 PM
ក្រុមហ៊ុនStart Up ជាតិ អន្តរជាតិ ពេញចិត្តខ្លាំងពិព័រណ៍FrancoTech ថ្មីដំបូងមាន ភ្ញៀវជាតិ អន្តរជាតិទស្សនាច្រើន
11/14/2026 12:11 PM
លោក Eisenkot រិះគន់យុទ្ធនាការរើសអើងជាតិសាសន៍របស់លោក Netanyahu ប្រឆាំងពលរដ្ឋប៉ាឡេស្ទីននៅអ៊ីស្រាអែល
11/14/2026 12:11 PM
រូបថតផលប៉ះពាល់នៃសង្គ្រាមដោយសារថៃឈ្លានពានត្រូវបានដាក់បង្ហាញនៅកិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី
11/14/2026 12:11 PM
យុវជនស្ម័គ្រចិត្តក្ដាប់ឱកាសចូលរួមសម្របសម្រួលភាសាបារាំងជូនគណៈប្រតិភូចូលរួមកិច្ចប្រជុំ​កំពូលហ្រ្វង់កូហ្វូនី ដើម្បីលើកកម្ពស់​កិត្យានុភាពជាតិ
11/14/2026 12:11 PM
កិច្ចប្រជុំហ្វ្រង់កូហ្វូនីជាព្រឹត្តិការណ៍ភ្ជាប់ អតីត បច្ចុប្បន្ន និងអនាគតកម្ពុជាជាមួយចក្ខុវិស័យព្រះបរមរតនកោដ្ឋ
11/14/2026 11:11 AM
អឺរ៉ុប ជ្រើសរើសក្រុមអ្នកតំណាងសម្រាប់ការចរចាបញ្ហាសង្គ្រាមនៅអ៊ុយក្រែន
11/14/2026 11:11 AM