កម្ពុជា-រវ៉ាន់ដា ឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែទូលំទូលាយ​
សម្តេចធិបតី នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តមប្រធានាធិបតីរវ៉ាន់ដា
ប្រធានាធិបតី រវ៉ាន់ដា មើលឃើញថា ប្រទេសកម្ពុជាជាប្រទេសមួយដ៏អស្ចារ្យ មានការអភិវឌ្ឍយ៉ាងខ្លាំង
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងអប់រំមិនឱ្យមានការតវ៉ាចំពោះលទ្ធផលប្រឡងបាក់ឌុប ឆ្នាំនេះឡើយ

2023/11/08 11:06:56 pm        693
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសមិនឱ្យមានគោលការណ៍ចំពោះការ តវ៉ាលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះនោះទេ។ នេះបើតាមការបញ្ជាក់ជាថ្មីរបស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្រោយពេលដែលការប្រឡងត្រូវបានបិទបញ្ចប់។ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងប្រាប់ BTV នាថ្ងៃទី៨ ខែវិច្ឆិកានេះថា ការមិនមានគោលការណ៍ឱ្យតវ៉ានេះ ក៏ដោយសារតែ ការធ្វើកំណែក៏ដូចជាការបូកស្រង់ពិន្ទុ គឺរៀបចំដោយភាពត្រឹមត្រូវ និងប្រុងប្រយ័ត្នគ្រប់ជំហានទាំងអស់។លោកជំទាវ បានឱ្យដឹងថា នៅថ្ងៃទី ៨ខែវិច្ឆិកានេះ ក្រសួងអប់រំបានចាប់ផ្ដើមដឹកសន្លឹក កិច្ចការ​ប្រឡងបាក់ឌុប​ទូទាំងប្រទេស​មករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ សន្លឹកកិច្ចការ​ទាំងនោះ ក៏ត្រូវបែកចែកទៅតាមមណ្ឌលកំណែផ្សេងទៀត​ទៅតាមមុខវិជ្ជានីមួយៗ ដោយ​មណ្ឌល​កំណែសរុបមានចំនួន ១០មណ្ឌល។ ចំណែកលទ្ធផលប្រឡងនឹងប្រកាសជូនបេក្ខជននៅថ្ងៃទី ២៧ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញ ​និងខេត្តកណ្ដាល រីឯកបណ្ដាខេត្តផ្សេងទៀត ត្រូវប្រកាសថ្ងៃទី ២៨ ខែវិច្ឆិកា។លោកជំទាវបញ្ជាក់ថា ក្នុងដំណាក់កាលបូកស្រង់ពិន្ទុ ក៏ត្រូវបានរៀបចំដោយយកចិត្តទុកដាក់បំផុត និងរក្សាភាពសម្ងាត់ផងដែរ។ ​មន្រ្តីជំនាញបានពិនិត្យរួចរាល់​ នូវប្រព័ន្ធបញ្ចូលពិន្ទុ និងមានការ​បណ្ដុះបណ្ដាលត្រឹមត្រូវ ​ដល់មន្ត្រីជំនាញធ្វើការលើការងារនេះ។សូមជម្រាបថា ក្រោយបញ្ចប់ការប្រឡងកាលពីម្សិលម៉ិញ ក្រសួងអប់រំ​ បានវាយតម្លៃថា តាម​មណ្ឌលប្រឡងនីមួយៗ​មានដំណើរការល្អ មានសភាព​ស្ងប់ស្ងាត់​ និងរបៀបរៀបរយល្អ ព្រមទាំង​បានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួង។ ខណៈមានបេក្ខជន អវត្តមានចំនួន ២.៣២៨ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប។ ក្នុងនោះមានបេក្ខជនមានបញ្ហាសុខភាព ៨៥ករណី ​ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពមិនអាចបន្តការប្រឡងបានចំនួន៥ករណី៕អត្ថបទ៖ គឹមហុក  

កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន១,៥លាននាក់នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាតទៅ

2023/11/08 10:42:33 pm        2978
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការទទួលពាក្យចុះឈ្មោះរបស់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១,៥លាននាក់ ដើម្បីសិក្សាជំនាញនានា នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែវិច្ឆិកា គឺបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃកម្មវិធីនេះនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ BTV នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះថា កម្មវិធីបណ្តុះបណ្តាលជំនាញនេះ ក្រសួងការងារ បានកំណត់យកមុខជំនាញសម្រាប់ជហានដំបូងចំនួន ​៣៨ មុខជំនាញ នៅក្នុងវិស័យ​អាទិភាពចំនួន ១០ សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈក្នុងម្រិតសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជីវៈ១ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ឯកឧត្តមបន្តថា វិស័យអាទិភាពទាំង១០​ ដែលបានជ្រើសរើស រួមមាន៖ សំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា។ ដោយឡែកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ​ត្រូវបានរៀបចំ និង​អនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតា​ឲ្យបានគង់វង្ស និងអភិវឌ្ឍន៍​ឧស្សាហកម្មវប្បធម៌ ​និងច្នៃប្រឌិតថ្មី។ ពាក់ព័ន្ធកម្មវិធីបណ្តុះបណ្តាលនេះដែរ​ ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំឲ្យ​មានការចុះឈ្មោះចូលរៀនតាមរយៈថ្នាលឌីជីថល និងបើកផ្តល់ឲ្យដៃគូនានា​ដែលអាចប្រើថ្នាល​ឌីជីថលនេះ ដើម្បីជួយចុះឈ្មោះជូនអ្នកមានបំណងចង់ចូលរៀន ក្រៅពីការចុះឈ្មោះផ្ទាល់ជាមួយ​គ្រឹះស្ថាននានា​ដែលជាដៃគូសហការផងដែរ។ ពាក់ព័ន្ធ និងលក្ខខណ្ឌឯកឧត្តម បញ្ជាក់ថា ដើម្បីចូលរៀនក្នុងកម្មវិធីនេះបាន ​យុវជនគោលដៅ​ត្រូវតែជាយុវជនមកពីគ្រួសារក្រីក្រ ​និងគ្រួសាររងហានិភ័យ ​(ក្រុមគោលដៅអាទិភាពទី១) , ត្រូវមាន​អាយុចាប់ពី ១៥ឆ្នាំឡើង , ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត និង​មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕អត្ថបទ៖ ឈិត បូរ៉ាវី 

រុស្ស៊ីដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាកងកម្លាំងប្រដាប់អាវុធអឺរ៉ុប ក្រោយសង្គ្រាមត្រជាក់ដ៏សំខាន់

2023/11/08 08:45:07 pm        142
ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ (០៧ វិច្ឆិកា) បានដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាសន្តិសុខដ៏សំខាន់មួយដែលដាក់កម្រិតប្រភេទសំខាន់ៗនៃកងកម្លាំងប្រដាប់អាវុធធម្មតា ដោយបានបន្ទោសសហរដ្ឋអាមេរិក ចំពោះការធ្វើឱ្យខូចសន្តិសុខក្រោយសង្គ្រាមត្រជាក់ជាមួយនឹងការពង្រីកសម្ព័ន្ធភាពយោធារបស់អង្គការណាតូ។សន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធធម្មតានៅអឺរ៉ុប (CFE) ឆ្នាំ១៩៩០ មួយនេះ ត្រូវបានចុះហត្ថលេខារយៈពេលមួយឆ្នាំបន្ទាប់ពីព្រឹត្តិកាណ៍ដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំង និងបានដាក់ដែនកំណត់ដែលអាចផ្ទៀងផ្ទាត់បានលើប្រភេទគ្រឿងយុទ្ធោបករណ៍យោធាធម្មតាដែលអង្គការណាតូ និងសន្ធិសញ្ញាវ៉ាសូវី អាចដាក់ពង្រាយបាន។សន្ធិសញ្ញានេះត្រូវបានបង្កើតឡើងដើម្បីការពារភាគីណាមួយនៃសង្រ្គាមត្រជាក់ ពីការប្រមូលផ្តុំកងកម្លាំងសម្រាប់ការវាយលុកយ៉ាងឆាប់រហ័សប្រឆាំងនឹងភាគីម្ខាងទៀតនៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែមិនមានប្រជាប្រិយនៅក្នុងទីក្រុង មូស្គូ នោះទេ ព្រោះវាបានធ្វើឱ្យខូចប្រយោជន៍របស់សហភាពសូវៀត នៅក្នុងការប្រើប្រាស់សព្វាវុធធម្មតា។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រុស្ស៊ីបានដកខ្លួនជាផ្លូវការពីសន្ធិសញ្ញានេះនៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ហើយពេលនេះសន្ធិសញ្ញានេះបានក្លាយជា «ប្រវត្តិសាស្ត្រ» សម្រាប់រុស្ស៊ី ហើយ។ បន្ទាប់ពីរុស្ស៊ីបានប្រកាសពីចេតនារបស់ខ្លួនក្នុងការចាកចេញពីសន្ធិសញ្ញានៅឆ្នាំនេះ អង្គការណាតូ បានថ្កោលទោសការសម្រេចនេះដោយនិយាយថា វាបានធ្វើឱ្យខូចខាតដល់សន្តិសុខរបស់អឺរ៉ុប-អាត្លង់ទិក៕

យុវជនកម្ពុជា នឹងចូលរួមកម្មវិធីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុនលើកទី៤៧ខាងមុខ

2023/11/08 08:38:30 pm        381
ភ្នំពេញ៖ យុវជនកម្ពុជា ដែលត្រូវបានសម្រេចជ្រើសរើសកាលពីថ្មីៗនេះ នឹងចូលរួមកម្មវិធីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួប​សម្តែងការគួរសម ជាមួយប្រតិភូយុវជនកម្ពុជា​ដែលដឹកដោយសមាគមនាវាយុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ដើម្បីត្រៀមចូលរួមកម្មវិធីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន​ លើកទី៤៧ ក្នុងភាព​ជាតំណាងកម្ពុជា ​ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជាជាមួយយុវជន​ក្នុងតំបន់អាស៊ីអាគ្នេយ៍។បើតាមលោកស្រី ឡា សុភៈ អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ថ្លែងថា ក្នុង​ដំណើររបស់យុវជនកម្ពុជានាពេលខាងមុខ ​នឹងទទួលបានផ្លែផ្កាជាច្រើន ដូចជា កិច្ចសហប្រតិបត្តិការ​ក្នុងនាមយុវជនកម្ពុជាដ៏មានសមត្ថភាព ហើយថែមទាំងជាឱកាសផ្សព្វផ្សាយ​វប្បធម៌ និងទេសចរណ៍របស់កម្ពុជា។លោកស្រី ឡា សុភៈ បានឱ្យដឹងទៀតថា ​ក្នុងស្មារតីនេះដែរ ដើម្បីចូលរួមអភិវឌ្ឍន៍​មូលធនមនុស្ស តាមរយៈក្របខណ្ឌកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន យុវជនកម្ពុជានឹងបន្តចូលរួម​យ៉ាង​សកម្ម និងអស់ពីកម្លាំងកាយចិត្ត ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុននេះ ​សំដៅពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការបង្កើនការយល់ដឹងអន្តរវប្បធម៌ និងអភិវឌ្ឍន៍​បញ្ញាញាណ ដើម្បីត្រឡប់មកចូលរួមក្នុងការកសាងប្រទេសជាតិ។ក្នុងជំនួបខាងនេះ ឯកឧត្តម វង សូត បានសង្ឃឹមយ៉ាងមុតមាំថា អនុសាសន៍ រួមទាំងទស្សនៈ និងឧត្តមគតិក្នុងជំនួបនាពេលនេះជាយុទ្ធសាស្ត្រ ​ដើម្បីជាកម្លាំងចិត្ត និងជាទុនចំណេះដឹង​ដល់​សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ​ជាពិសេសសម្រាប់យុវជនចូលរួមឆ្នាំ២០២៣​នៅ​ប្រទេសជប៉ុន ក្នុងគោលដៅផ្សារភ្ជាប់អ្វីដែលព្រះរាជាណាចក្រកម្ពុជា​ និងយុវជនកម្ពុជាត្រូវធ្វើ ដើម្បីវឌ្ឍនភាពកម្ពុជា និងអ្វីដែលយុវជនកម្ពុជា​ធ្វើបានអាចទាញយកបានពីកម្មវិធីផ្លាស់ប្តូរ​យុវជនថ្នាក់តំបន់ដ៏សំខាន់នេះ ​ដើម្បីចូលរួមក្នុងវឌ្ឍនភាពជាវិជ្ជមានសម្រាប់កម្ពុជា៕អត្ថបទ សេក ឧត្តម 

អារ៉ាប៊ីសាអ៊ូឌីត៖​ ខ្លួននឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអារ៉ាប់ និងឥស្លាម ដើម្បីពិភាក្សាអំពីជម្លោះហ្កាហ្សា

2023/11/08 07:55:48 pm        144
រដ្ឋមន្ត្រីវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយនៅថ្ងៃពុធនេះថា អារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃប្រទេសអារ៉ាប់ និងឥស្លាម នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីពិភាក្សាអំពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោក Khalid Al-Falih រដ្ឋមន្ត្រីក្រសួងវិនិយោគអារ៉ាប៊ីសាអ៊ូឌីត លោក Khalid Al-Falih បានថ្លែងនៅឯវេទិកាសេដ្ឋកិច្ចថ្មីរបស់សារព័ត៌មាន Bloomberg ក្នុងប្រទេសសិង្ហបុរីថា៖«នៅសប្តាហ៍នេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ យើងនឹងឃើញអារ៉ាប៊ីសាអ៊ូឌីត នឹងរៀបចំកិច្ចប្រជុំកំពូលអារ៉ាប់ជាបន្ទាន់ នៅទីក្រុងរីយ៉ាដ»។លោកបាននិយាយថា៖«នៅប៉ុន្មានថ្ងៃទៀត អ្នកនឹងឃើញអារ៉ាប៊ីសាអ៊ូឌីត រៀបចំកិច្ចប្រជុំកំពូលឥស្លាមមួយ»។«ក្នុងរយៈពេលខ្លី គោលបំណងនៃការរៀបចំកិច្ចប្រជុំកំពូលទាំងបីនេះ និងកិច្ចប្រជុំផ្សេងទៀត ក្រោមការដឹកនាំរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងជំរុញឆ្ពោះទៅរកដំណោះស្រាយជម្លោះដោយសន្តិវិធី»។សារព័ត៌មាន Etemadonline បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោកអ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការឥស្លាម ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋអ៊ីរ៉ង់ ចាប់តាំងពីទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ បានបញ្ចប់ភាពអរិភាពជាច្រើនឆ្នាំ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន កាលពីខែមីនា។

លោក Biden ស្នើឱ្យលោក Netanyahu យល់ព្រមចំពោះការផ្អាកសង្គ្រាមរយៈពេល៣ថ្ងៃ

2023/11/08 07:45:41 pm        100
ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទូចឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ព្រមព្រៀងចំពោះការផ្អាកសង្គ្រាមរយៈពេលបីថ្ងៃនៅក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា។ គេហទំព័រព័ត៌មានអាមេរិក Axios បានចេញរបាយការណ៍មួយកាលពីថ្ងៃអង្គារ ដែលគេហទំព័រនេះ បានដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែល និយាយថា លោក Biden បានធ្វើសំណើនេះ នៅពេលមេដឹកនាំទាំងពីរសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃ ចន្ទ។ ការផ្អាកសង្គ្រាមត្រូវបានគេនិយាយថា ត្រូវការដើម្បីអនុញ្ញាតឱ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរ ដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។របាយការណ៍បាននិយាយថា សហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសកាតា បាននឹងកំពុងពិភាក្សាលើសំណើមួយទាក់ទងទៅនឹងការដោះលែងចំណាប់ថ្នូរ។ ប្រទេសកាតា កំពុងធ្វើការជាអ្នកសម្របសម្រួលរវាងក្រុមហាម៉ាស់ និងភាគីផ្សេងទៀត។ យោងតាមសំណើនេះបានឲ្យដឹងថា ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ថ្នូរពី ១០ ទៅ ១៥ នាក់ ហើយប្រើប្រាស់ការផ្អាកសង្គ្រាមរយៈពេល ៣ ថ្ងៃដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណនៃចំណាប់ថ្នូរទាំងអស់ដែលនៅសល់។ ក្រុមនេះក៏នឹងផ្តល់បញ្ជីឈ្មោះអ្នកដែលត្រូវបានឃុំខ្លួនផងដែរ។ គេហទំព័រ Axios បាននិយាយថា ខ្លួនបានទទួលព័ត៌មាននេះពីមន្ត្រីអាមេរិក។របាយការណ៍ បានដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែលថា លោក Netanyahu បានប្រាប់លោក Biden ថា លោកមិនជឿជាក់លើបំណងរបស់ក្រុមហាម៉ាសនោះទេ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បាននិយាយថា លោកមិនជឿថាក្រុមហាម៉ាសបានត្រៀមខ្លួនដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងនេះទេ។ លោក Netanyahu ត្រូវបានគេរាយការណ៍ថា បានប្រាប់លោក Biden ថា អ៊ីស្រាអែលអាចបាត់បង់ការគាំទ្រជាអន្តរជាតិដែលខ្លួនមាន សម្រាប់ប្រតិបត្តិការនាពេលបច្ចុប្បន្ន ប្រសិនបើការប្រយុទ្ធត្រូវផ្អាករយៈពេលបីថ្ងៃ។

អ្នកជំនាញ៖ កិច្ចប្រជុំរវាងលោកស៊ី និងលោកបៃដិន គឺជាចំណុចសំខាន់នៃកិច្ចប្រជុំកំពូល APEC នៅសាន់ហ្វ្រាន់ស៊ីស្កូ

2023/11/08 07:22:40 pm        91
បណ្ដាមេដឹកនាំមកពីវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលមានសមាជិក ២១ប្រទេស នឹងជួបប្រជុំគ្នានៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ របស់សហរដ្ឋអាមេរិក ក្នុងខែនេះសម្រាប់កិច្ចប្រជុំកំពូល APEC លើកទី៣០ ដែលសហរដ្ឋអាមេរិក ធ្វើជាម្ចាស់ផ្ទះលើកដំបូងចាប់តាំងពីឆ្នាំ២០១១ មក។ដូចការជួបជុំអន្តរជាតិភាគច្រើនដែរ កិច្ចប្រជុំកំពូល APEC បានក្លាយជាវេទិកាមួយសម្រាប់ការប្រកួតប្រជែងជាយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទាំងពីររបស់ពិភពលោក ហើយភ្នែកអន្តរជាតិទាំងអស់ នឹងផ្តោតលើកិច្ចប្រជុំកំពូលទ្វេភាគីដែលរំពឹងទុកនៅខាងក្រៅវេទិកានេះ រវាងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។លោកសាស្ត្រាចារ្យ វ៉ីននី អាហ្កាវ៉ាល (Vinnie Aggarwal) ផ្នែកវិទ្យាសាស្ត្រនយោបាយ និងជានាយកមជ្ឈមណ្ឌលសិក្សា ប៊ឺកខឺឡេ អេពិក (Berkeley APEC) នៅសាកលវិទ្យាល័យកាលីហ្វ័រនីញ៉ា ប៊ឺកខឺឡេ បាននិយាយថា វាមានសារៈសំខាន់ជាពិសេសនៅឆ្នាំនេះ ដោយសារតែភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ហើយឱកាសដើម្បីឲ្យលោកប្រធានាធិបតី ស៊ី ជួបជាមួយលោកប្រធានាធិបតី បៃដិន គឺជារឿងដ៏សំខាន់មួយ ហើយជំនួបនោះទំនងជាក្លាយជាចំណុចសំខាន់នៃកិច្ចប្រជុំកំពូលមួយនេះ។លោក ស៊ី មិនទាន់បានបញ្ជាក់ពីការចូលរួមក្នុងកិច្ចប្រជុំ APEC របស់ខ្លួននៅឡើយទេ ប៉ុន្តែជំនួបរវាងប្រធានាធិបតីទាំងពីរ នឹងក្លាយជាជំនួបលើកទីពីររបស់ពួកគេ ចាប់តាំងពីលោក បៃដិន ចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២១ មក។ មេដឹកនាំទាំងពីររូបនេះ បានជួបគ្នាជាលើកដំបូងនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ (G20) នៅកោះបាលី កាលពីមួយឆ្នាំមុន៕

កម្ពុជា-អាមេរិក នឹងបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន

2023/11/08 06:59:44 pm        228
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក បានសន្យាបង្កើនកិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត លើការងារទប់ស្កាត់បទល្មើសបច្ចេកវិទ្យា ​បទឧក្រិដ្ឋកម្មឆ្លងដែន និងបទល្មើសឧក្រិដ្ឋផ្សេងៗទៀត ដែលនាំឲ្យប៉ះពាល់សន្តិសុខដល់ប្រជាជន និងប្រទេសទាំងពីរ។នៅក្នុងកិច្ចជំនួបជាច្រើនម៉ោងរវាងឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ជាមួយលោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នាល្ងាចថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ នៅវិមានសន្តិភាព ភាគីទាំងពីរបានលើកឡើងអំពី ការប្តេជ្ញាចិត្តរួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការលើ​ការងារ​សន្ដិសុខ​ ផ្លាស់ប្ដូរព័ត៌មាន ​ដើម្បីទប់ស្កាត់អំពើភេរវកម្ម ​បទល្មើសបច្ចេកវិទ្យា និង​បទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបន្ដលើការងារបណ្ដុះបណ្ដាល ពិសេសជំនាញ​បទល្មើសបច្ចេកវិទ្យា បទល្មើសប្រឆាំងការសម្អាតប្រាក់ និងប្រឆាំងគ្រឿងញៀនជាដើម។បន្ថែមពីនេះទៀត ​ភាគីទាំងពីរក៏បានពិភាក្សាគ្នា អំពីកិច្ចសហប្រតិបត្តិការ «លើការងារប្រឆាំង​ការជួញដូរមនុស្ស លុបបំបាត់អំពើ​កេងប្រវ័ញ្ច​ផ្លូវភេទលើកុមារ ​ក៏ដូចជាចូលរួមចំណែក ក្នុងការដាក់ទោសឲ្យបានធ្ងន់ធ្ងរលើជនដែលប្រព្រឹត្តបទល្មើសនេះផងដែរ»។នៅក្នុងកិច្ចជំនួបនោះលោកឯកអគ្គរដ្ឋទូត W.Patrick Murphy បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ​លើការងារការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព​នាពេលកន្លងមក ក្រោមការដឹកនាំ​បញ្ជាផ្ទាល់​របស់​ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន កាលនៅជាអគ្គស្នងការនគរបាលជាតិ។ ពិសេសការពារព្រឹត្តិការណ៍សំខាន់នានា ក្នុងនោះ​មានទាំងដំណើរចូលរួមកិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិក​នៅកម្ពុជា ហើយក៏ទទួលបាន​នូវការកោតសរសើរ ពីស្ថាប័នការពារផ្ទាល់របស់ប្រធានាធិបតី។ជាមួយគ្នានោះដែរលោក ឯកអគ្គរដ្ឋទូតក៏បានសំណូមពរដល់ ​ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន​ បន្ដជួយគាំទ្រដល់ក្រុមការងារ Task Force ​ដែលបានបង្កើតឡើងរួមគ្នារវាង អគ្គស្នង ការដ្ឋាន​នគរបាលជាតិ និង FBI របស់សហរដ្ឋអាមេរិក។ ​ទាក់ទងនឹងកិច្ចការងារនេះ ឯកឯកអគ្គរដ្ឋទូត បានអះអាងថា ​កន្លងមកក្រុមការងារនេះ Task Force បានជួយធ្វើការងារជាច្រើន ក្នុងការបង្ការបទល្មើស​ដែលបង្កដោយពលរដ្ឋអាមេរិក ​ដើម្បីចាប់ជនបង្កទាំងនោះ បញ្ជូនទៅ​ផ្ដន្ទាទោស​នៅអាមេរិកវិញ ​ហើយបម្រើដល់ប្រយោជន៍រដ្ឋាភិបាលអាមេរិកជាច្រើនផងដែរ។ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ​ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានឯកភាពទាំងស្រុង​ចំពោះសំណូមពររបស់ឯកអគ្គរដ្ឋទូតអាមេរិក ​និងបានសំណូមពរទៅកាន់ភាគីអាមេរិកវិញ ឲ្យបន្ដជួយលើការងារបណ្ដុះបណ្ដាលមន្ដ្រីជំនាញ ​មន្ដ្រីបច្ចេកទេស ​ក៏ដូចជាសម្ភារៈនានា ដែលបម្រើ​ដល់ការងារប្រយុទ្ធប្រឆាំងបទល្មើស ​បទឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ ​បទល្មើសប្រឆាំងភេរវកម្ម និង​បទល្មើសគ្រឿងញៀនជាដើម៕អត្ថបទ៖ បាន ចក់

គណបក្សប្រជាធិបតេយ្យអាមេរិក ឈ្នះការបោះឆ្នោតស្ដីពីសិទ្ធិរម្លូតកូន នៅរដ្ឋឃិនថាក់គីនិងរដ្ឋ អូហៃយ៉ូ

2023/11/08 06:34:41 pm        97
គណបក្សរបស់លោក Joe Biden បានទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏ធំចំនួនពីរកាលពីថ្ងៃអង្គារ ខណៈអភិបាលរដ្ឋមកពីគណបក្សប្រជាធិបតេយ្យ លោក អែនឌី បេស៊ៀ (Andy Beshear)ត្រូវបានជាប់ឆ្នោតជាថ្មី នៅក្នុងរដ្ឋឃិនថាក់គី (Kentucky) ហើយក្រុមអ្នកបោះឆ្នោតរដ្ឋ អូហៃយ៉ូ (Ohio) បានគាំទ្រវិធានការបោះឆ្នោតដែលបញ្ជាក់ពីសិទ្ធិរម្លូតកូននៅក្នុងរដ្ឋធម្មនុញ្ញរបស់រដ្ឋនេះ ។ លោក Beshear ទទួលបានអាណត្តិទីពីរនៅក្នុងរដ្ឋធ្លាប់គ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋមួយជាទីដែលអតីតប្រធានាធិបតី លោក Donald Trump បានផ្តួល Biden ចំនួន២៦ ពិន្ទុកាលពីឆ្នាំ ២០២០ ។ សារព័ត៌មាន AP បានព្យាករណ៍ថា លោកBeshear បានយកឈ្នះគូប្រជែងខាងគណបក្សសាធារណរដ្ឋដែលទើបជាប់ថ្មីៗ គឺ លោកដានីញែលកាម៉េរ៉ុន (Daniel Cameron) ដែលត្រូវបានគាំទ្រដោយលោក Trump ពីរម៉ោងបន្ទាប់ពីការបោះឆ្នោតបានបិទនៅរដ្ឋ Kentucky។ក្រោយមកសេតវិមានបាននិយាយថា លោក Biden បានទូរស័ព្ទទៅលោក Beshear ដើម្បីអបអរសាទរលោកចំពោះជ័យជម្នះរបស់លោក។ក្រុមអ្នកបោះឆ្នោតក្នុងរដ្ឋ Ohio ជារដ្ឋគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ ដែល Trump បានឈ្នះចំនួន៨ពិន្ទុក្នុងឆ្នាំ កាលពីឆ្នាំ២០២០ ទំនងជាគាំទ្រយ៉ាងច្រើនលើសលប់ចំពោះវិធានការបោះឆ្នោតដែលបានកំណត់សិទ្ធិក្នុងការរំលូតកូននៅក្នុងរដ្ឋធម្មនុញ្ញរបស់រដ្ឋនេះ ។ វិធានការបោះឆ្នោតនេះបានធ្វើឡើងបន្ទាប់ពីអភិបាលរដ្ឋ Ohio លោកម៉ៃដេវ៉ាញ (Mike DeWine) បានចុះហត្ថលេខាលើច្បាប់មួយ ដែលគេហៅថា ពង្រាងច្បាប់ដ៏រន្ធត់ចិត្ត ដែលហាមឃាត់ការរម្លូតកូន បន្ទាប់ពីមានផ្ទៃពោះប្រាំមួយសប្តាហ៍ នៅពេលដែលស្ត្រីជាច្រើនមិនទាន់ដឹងថាពួកគេមានផ្ទៃពោះ។លទ្ធផលនៅក្នុងរដ្ឋ Ohio គឺជាឧទាហរណ៍ចុងក្រោយបំផុតនៃអ្នកបោះឆ្នោតដែលច្រានចោលគោលនយោបាយរំលូតកូនដោយកំហិត បន្ទាប់ពីតុលាការកំពូលកាលពីឆ្នាំមុនបានបដិសេធសេចក្ដីសម្រេចជាប្រវត្តិសាស្ត្រស្ដីពីសិទ្ធិរម្លូតកូន(Roe vs Wade) ដែលកំណត់សិទ្ធិស្របច្បាប់ចំពោះនីតិវិធីនៅកម្រិតសហព័ន្ធ៕

អាមេរិក និងចិន បើកកិច្ចចរចាគ្រប់គ្រងអាវុធក្នុងន័យ«ស្ថាបនា»

2023/11/08 06:30:35 pm        115
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារទី៧ ខែវិច្ឆិកាថា ខ្លួនបានបើកកិច្ចពិភាក្សាក្នុងន័យស្ថាបនាជាមួយប្រទេសចិនក្នុងសប្តាហ៍នេះ ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាទំនាក់ទំនងបើកចំហ មុនពេលលទ្ធភាពកិច្ចប្រជុំរបស់ប្រធានាធិបតីអាមេរិក និងចិននៅក្នុងខែនេះ។កិច្ចពិភាក្សាស្តីពីការគ្រប់គ្រងអាវុធ នៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទ ដែលមន្ត្រីអាមេរិក បានពិពណ៌នាថាជាលើកដំបូង ចាប់តាំងពីរដ្ឋបាលលោក អូបាម៉ា ត្រូវបានដឹកនាំដោយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រីMallory Stewart និងលោក Sun Xiaobo អគ្គនាយកនៃក្រសួងការបរទេសចិន។អាទិភាពមួយក្នុងចំណោមអាទិភាពចម្បងៗរបស់សហរដ្ឋអាមេរិក គឺដើម្បីធានាថា ការប្រកួតប្រជែងខ្លាំងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ ហើយការខ្វែងគំនិតគ្នារបស់ពួកគេជុំវិញបញ្ហាជាច្រើនពីពាណិជ្ជកម្មទៅកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង មិនក្លាយទៅជាជម្លោះ។ទីក្រុងវ៉ាស៊ីនតោន ក៏មានការព្រួយបារម្ភផងដែរអំពីការពង្រីកការផលិតអាវុធនុយក្លេអ៊ែររបស់ចិន ដែលតាមការប៉ាន់ប្រមាណ មាន៥០០ក្បាលគ្រាប់ យោងតាមមន្ទីរបញ្ចកោណ នៅតែតិចជាងអាវុធរបស់អាមេរិក និង រុស្ស៊ី ប៉ុន្តែអ្នកវិភាគខ្លះជឿថា អាចបង្កើនហានិភ័យនៃជម្លោះ។ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា៖ «ភាគីទាំងពីរ បានធ្វើការពិភាក្សាយ៉ាងច្បាស់លាស់ និងស៊ីជម្រៅលើបញ្ហាដែលទាក់ទងនឹងការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្ត ដើម្បីរក្សាទំនាក់ទំនងបើកចំហរ និងទទួលខុសត្រូវក្នុងការគ្រប់គ្រងទំនាក់ទំនងរវាងសហរដ្ឋអាមេ រិក-សាធារណរដ្ឋប្រជាមានិតចិន(PRC)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ពីសារៈសំខាន់នៃការរក្សា និងការពារសន្តិភាព ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៨
11/14/2026 01:11 PM
សេតវិមាន៖ លោក Trump នឹងលើក​ពីការកាត់បន្ថយអាវុធនុយក្លេអ៊ែរជាមួយសមភាគីរុស្ស៊ី និងចិន នៅថ្ងៃទី១៩ ខែវិច្ឆិកា
11/14/2026 01:11 PM
កងទ័ពអាកាសអាមេរិក ឆ្លើយតបចំពោះសកម្មភាពយានដ្រូនដែលសង្ស័យនៅលើមូលដ្ឋានទ័ពអាកាសព្រីតថេន
11/14/2026 01:11 PM
រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក ដាក់កំហុសលើបញ្ហាប្រព័ន្ធគ្រប់គ្រងចរាចរណ៍អាកាសមានអាយុកាលចាស់
11/14/2026 12:11 PM
អ្នកដំណើរជាង៣០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រោយនាវាដឹកប្រេងបុកទូកទេសចរណ៍នៅអាមេរិក
11/14/2026 12:11 PM
ក្រុមហ៊ុនStart Up ជាតិ អន្តរជាតិ ពេញចិត្តខ្លាំងពិព័រណ៍FrancoTech ថ្មីដំបូងមាន ភ្ញៀវជាតិ អន្តរជាតិទស្សនាច្រើន
11/14/2026 12:11 PM
លោក Eisenkot រិះគន់យុទ្ធនាការរើសអើងជាតិសាសន៍របស់លោក Netanyahu ប្រឆាំងពលរដ្ឋប៉ាឡេស្ទីននៅអ៊ីស្រាអែល
11/14/2026 12:11 PM
រូបថតផលប៉ះពាល់នៃសង្គ្រាមដោយសារថៃឈ្លានពានត្រូវបានដាក់បង្ហាញនៅកិច្ចប្រជុំរដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី
11/14/2026 12:11 PM
យុវជនស្ម័គ្រចិត្តក្ដាប់ឱកាសចូលរួមសម្របសម្រួលភាសាបារាំងជូនគណៈប្រតិភូចូលរួមកិច្ចប្រជុំ​កំពូលហ្រ្វង់កូហ្វូនី ដើម្បីលើកកម្ពស់​កិត្យានុភាពជាតិ
11/14/2026 12:11 PM
កិច្ចប្រជុំហ្វ្រង់កូហ្វូនីជាព្រឹត្តិការណ៍ភ្ជាប់ អតីត បច្ចុប្បន្ន និងអនាគតកម្ពុជាជាមួយចក្ខុវិស័យព្រះបរមរតនកោដ្ឋ
11/14/2026 11:11 AM