ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសម្រេចចិត្តពង្រីកការវិនិយោគរបស់ក្រុមហ៊ុន Minebea ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា

2023/10/26 01:13:46 pm        237
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minebea ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ក្នុងកិច្ចជំនួបនេះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏​មមាញឹក​អនុញ្ញាត​ឱ្យរូបលោក និ​ងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានចូលរួមអបអរសាទរចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូល​កាន់មុខ​តំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ។ ក្នុងឱកាសនោះផងដែរ លោកអគ្គនាយក ​បានជម្រាបជូន សម្តេចធិបតីនាយករដ្ឋមន្ត្រីអំពីការរីក​ចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minebea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំ ហើយបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជម្រុញនូវការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជា ផងដែរ ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបជាមួយលោក កៃនុម៉ា យ៉ូស៊ីហ៊ីសា និងថ្នាក់ដឹកនាំក្រុមហ៊ុន Minebea នាឱកាសនេះ និងបានរំឭកផងដែរអំពីជំនួបនៅទីក្រុងតូក្យូ កាលពីឆ្នាំ២០២២ កន្លងទៅ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការក្នុងនាមមេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ។ បន្ថែមពីលើនេះ សម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លារ រហូតបានកើនដល់ ៦០០ លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគនេះ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minebea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត ព្រមជាមួយនឹងការសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minebea ពីព្រោះជោគជ័យរបស់ Minebea ក៏ជាជោគជ័យរបស់កម្ពុជា ដូចគ្នា ៕

សហរដ្ឋអាមេរិកបន្តកិច្ចសហការគាំទ្រកម្ពុជា លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2023/10/26 01:04:29 pm        280
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ តុលា ឆ្នាំ២០២៣ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក​ប្រចាំ​នៅកម្ពុជា ដើម្បីពិភាក្សាការងារពាក់ព័ន្ធមួយចំនួននៅកម្ពុជា។ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្រោយចប់ជំនួបការងារនេះ បានឲ្យដឹងថា ក្នុងកិច្ចពិភាក្សានេះ ប្រព្រឹត្តទៅដោយភាពជិតស្និទ្ធ ​និងត្រង់ទៅត្រង់មក។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបអគ្គរដ្ឋទូតអាមេរិក ពីចក្ខុវិស័យរួមរបស់ក្រសួងការងារ ក្នុងអាណត្តិទី៧នេះ ដែលក្រសួងផ្ទាល់ ​ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់សម្រេចបាន​ គឺវិស័យការងារដែលមានបរិយាកាស និងលក្ខខណ្ឌការងារកាន់តែល្អប្រសើរ និងមានសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ ដែលភាគីនិយោជក និងកម្មករនិយោជិតអាចរក្សាបាននូវឧត្តមប្រយោជន៍​របស់ខ្លួនតាមរយៈការពង្រឹងសមត្ថភាព និងចំណេះដឹងពាក់ព័ន្ធនឹងច្បាប់ការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកម្មវិធីជាអាទិភាពសំខាន់ៗមួយចំនួនទៀត ដែលរាជរដ្ឋាភិបាល​ក្នុងអាណត្តិទី៧នេះ​ បានដាក់ចេញលើការបណ្តុះបណ្តាលបច្ចេកទេស​វិជ្ជាជីវៈជូនយុវជន​មកពីគ្រួសារក្រ១ ក្រ២ និងងាយរងគ្រោះចំនួន១,៥លាននាក់ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថម្ភបន្ថែម។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏គ្រោងនឹងផ្តល់របប​សន្តិសុខ​សង្គមផ្នែកថែទាំសុខភាពតាមគោលការណ៍ស្ម័គ្រចិត្តដល់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំពោះកម្មករនិយោជិតតាមរយៈភាគទានស្ម័គ្រចិត្តចំនួន១៥, ៦០០រៀល ដែលអាចទទួលបានការ​ថែទាំ​សុខភាពដោយឥតគិតថ្លៃ ដែលជាយុទ្ធសាស្ត្រកាត់បន្ថយចំណាយ និងបង្កើនការសន្សំដល់​កម្មករនិយោជិត។ប្រភពខាងលើ បានលើកឡើងទៀតថា ក្រោយបានយល់ពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧នេះ ​ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា បានវាយ​តម្លៃខ្ពស់​ចំពោះគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងក្នុងការពង្រឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ មុននឹងបញ្ចប់កិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ ភាគីទាំងពីរបានឯកភាពបន្ត​កិច្ចសហប្រតិបត្តិការ​ និងពង្រឹងភាពជាដៃគូលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងបរិយាកាស និងផលិតភាពការងារកាន់តែប្រសើរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍក៏ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ៕

នាយឧត្តមសេនីយ៍ ទៀ សីហា៖រាជរដ្ឋាភិបាលប្រកាន់ជំហរម៉ឺងម៉ាត់មិនឲ្យមានមូលដ្ឋានកងទ័ពបរទេសលើទឹកដីកម្ពុជាឡើយ

2023/10/26 12:54:26 pm        370
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាត​ឲ្យ​មានមូលដ្ឋានកងទ័ពបរទេសលើ ​ទឹកដីកម្ពុជានោះឡើយ ​ហើយមួយវិញទៀតរាជរដ្ឋាភិបាលកម្ពុជា ក៏ប្រឆាំងដាច់ខាតផងដែរចំពោះការប្រើប្រាស់ ឬការ​គម្រាម​ប្រើប្រាស់កម្លាំង​ក្នុងការ​ទំនាក់ទំនង​អន្តរជាតិនោះ។ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រារព្ធខួប១៥ឆ្នាំ ​នៃថ្ងៃបង្កើតអគ្គនាយកដ្ឋាននយោបាយ និង​កិច្ចការបរទេសរបស់ក្រសួងការពារជាតិ ​នាព្រឹកថ្ងៃទី២៦ ខែតុលា​ ឆ្នាំ២០២៣នេះ នាយឧត្តម សេនីយ៍ ទៀ សីហា បានបញ្ជាក់ថា« រាជរដ្ឋាភិបាលបានប្តេជ្ញា​បន្តអនុវត្តនយោបាយការបរទេស​ឯករាជ្យ ​ដោយផ្អែកលើច្បាប់អន្តរជាតិ ​និងគោរពដាច់ខាតនូវអធិបតេយ្យ បូរណភាពទឹកដី និង​ឯករាជ្យរបស់រដ្ឋជា សមាជិក អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍​ដែលទទួលស្គាល់ជាសកល និងប្រកាន់គោលការណ៍មិនគាំទ្រការប្រើប្រាស់ ឬការគម្រាមប្រើប្រាស់​កម្លាំងក្នុងទំនាក់ទំនងអន្តរជាតិ ការឈ្លានពាន​ប្រឆាំងរដ្ឋឯករាជ្យ ការបំបែករដ្ឋការកាត់យកទឹកដី​ពីរដ្ឋធិបតេយ្យ និងការ​ជ្រៀងជ្រែក​កិច្ចការផ្ទៃ ​ក្នុងនៃប្រទេសដទៃ ព្រមទាំងបន្តប្រកាន់ជំហរម៉ឺងម៉ាត់​មិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ព​បរទេសនៅលើ ​ទឹកដីកម្ពុជានោះឡើយ»។នាយឧត្តសេនីយ៍ បាន​បញ្ជាក់​បន្ថែមទៀតថា​ រាជរដ្ឋាភិបាលកម្ពុជា​ ប្រកាន់​គោលការណ៍​អព្យាក្រឹត្យ​អចិន្ត្រៃយ៍​មិនចូលបក្សសម្ព័ន្ធ ​និង​អនុវត្តការទូត​ទន់ភ្លន់ ​ប៉ុន្តែ​ម៉ឺងម៉ាត់ ​បត់បែន​ និង​ថ្លឹងថ្លែង​ ស្របតាម ​ការ​ផ្លាស់ប្តូរ​ផ្នែកយុទ្ធសាស្រ្តភូមិសាស្រ្ត​នយោបាយ ​ក្នុង​តំបន់ ​និង​សកលោក ដោយ​តម្កល់​ផលប្រយោជន៍ ​ស្នូល​របស់ជាតិជាចម្បង​ ក្នុងការ​អនុវត្តគោលនយោបាយ​ការបរទេស​រួមចំណែក​ការពារ​អធិបតេយ្យជាតិ​ និងបូរណភាពទឹកដី​ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់​លើកកម្ពស់ជីវភាពប្រជាជន ​និងលើកកម្ពស់ កិត្យានុភាព ​និងឧត្តមភាពជាតិទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។ ​លើកកម្ពស់ទំនាក់ទំនងល្អជា ​មួយប្រទេសជិតខាង ​ដើម្បីសម្រេចចក្ខុវិស័យ​ប្រែក្លាយព្រំដែនទៅជាតំបន់សសន្តិភាព ស្ថិរភាព ​និងរីកចម្រើន ​ទន្ទឹមនឹងការបន្តពង្រឹង និង​ពង្រីកទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្រ្តនានាទាំងក្នុង ​និងក្រៅតំបន់ជាដើម។នៅក្នុងកមុ្មវិធីនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានបញ្ជាក់ផងដែរថា ​រាជរដ្ឋាភិបាលនីតិ កាលទី៧ នៃរដ្ឋសភានេះ ​ក៏បានដាក់ចេញកម្មវិធីយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១ ក្នុងនោះវិស័យ ​ការបរទេសបានកំណត់ច្បាស់នូវគោលដៅយុទ្ធសាស្រ្ត គឺបន្តពង្រឹងអនុវត្ត​នយោបាយ​ការបរទេសឯករាជ្យ ​ផ្អែកលើច្បាប់ ​ក្នុងកិច្ចការពារ និងជំរុញបង្កើនផលប្រយោជន៍ស្នូល​របស់ជាតិ ការកសាងមិត្តភាព, កិច្ចស ហប្រតិបត្តិការប្រសើរជាមួយប្រទេសទាំងអស់នៅលើពិភព​លោក ​និងអង្គការអន្តរជាតិនានា ព្រមទាំងការ ​ចូលរួមយ៉ាងសកម្មចំពោះបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ​និងសកលលោក ស្របតាមអភិក្រម«រក្សាចាស់ បង្កើតថ្មី»៕អត្ថបទ៖ បាន ចក់

អគ្គនាយកក្រុមហ៊ុនមីនីបៀជម្រាបជូនសម្ដេចតេជោ ពីលទ្ធភាពវិនិយោគថាមពលកកើតឡើងថ្មីនៅកម្ពុជា

2023/10/26 12:41:19 pm        440
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមាន ៧មករា ព្រឹកថ្ងៃទី២៦តុលា បានអនុញ្ញាតឲ្យ លោក យ៉ូស៊ីហ៊ីសា កនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ ចូល ជួបសំដែងការគួរសម ដើម្បីរាយការណ៍ពីវឌ្ឍនភាពរបស់ករុមហ៊ុនមីនីបៀ នៅព្រះរាជាណាចក្រកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា ​មានការរីកចំរើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្ត នៅកម្ពុជា។ សម្តេចតេជោ បានស្នើឲ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងរយៈពេល១២ឆ្នាំកន្លងមក ដែលក្រុមហ៊ុនបានវិនិយោគនៅកម្ពុជា។ លោក យ៉ូស៊ីហ៊ីសា កនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ មានប្រសាសន៍ថ្លែង នូវការគោរពកោតសរសើរចំពោះភាព​ជា​អ្នកដឹកនាំ​របស់សម្តេចតេជោ ហ៊ុន សែន ពិសេសទៅទៀតនោះ សម្តេចផ្ទាល់ ​គឺជាឆ្មបបង្កើតក្រុមហ៊ុនមីនី​បៀនៅកម្ពុជា ​ដែលរហូតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ។ លោក យ៉ូ ស៊ីហ៊ីសា កនុម៉ា ​បានរាយការណ៍ជូនសម្តេចតេជោដែរថា ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានផលិតនូវ ផលិតផលថ្មីជាច្រើនដើម្បីបម្រើឲ្យសក្តានុពលវិនិយោគ​នៅកម្ពុជា ក្នុងនោះផលិតផលអេឡិចត្រូនិច គឺជាផលិតផលថ្មី របស់ក្រុមហ៊ុនដែលត្រូវ​បានផលិត​ជាលើកដំបូងនៅកម្ពុជា ដើមបីធ្វើការនាំចេញទៅកាន់ទីផ្សារអន្តជាតិ។ លោកអគ្គនាយក ក៏បានជម្រាបជូនសម្ដេចតេជោអំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់​ការវិនិយោគនៅកម្ពុជាក្នុងនោះរួមមានការវិនិយោគ​លើថាមពលកកើតឡើងថ្មី ដែលមិន​ធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។ លោកអគ្គនាយក ក្រុមហ៊ុនបានជំរាបជូនសម្ដេចតេជោដែរថា នៅក្នុងអាណត្តិទី៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្រុមហ៊ុនរបស់លោកនឹងកៀងគរដល់បណ្តាក្រុមហ៊ុនធំៗរបស់ជប៉ុន មកបណ្តាក់ទុន វិនិយោគនៅកម្ពុជាឲ្យកាន់តែមានសន្ទុះកើនឡើង ពិសេសការប្រមូលផ្ដុំប្រភពទុនលើការវិនិយោគអំពូ លភ្លើងឆ្លាតបំភ្លឺនៅតាមទីសាធារណៈ ដើម្បីធ្វើការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ៕

ទីក្រុងសេអ៊ូល សាកល្បងផែនការសុវត្ថិភាពហ្វូងមនុស្ស នៅមុនថ្ងៃគម្រប់ខួបឧបទ្ទវហេតុបុណ្យ Halloween

2023/10/26 11:55:00 am        375
រដ្ឋាភិបាលទីក្រុងសេអ៊ូល បានធ្វើការហ្វឹកហ្វឺនត្រួតពិនិត្យហ្វូងមនុស្ស កាលពីថ្ងៃពុធ (២៥ តុលា) នៅមុនខួបមួយឆ្នាំ នៃឧបទ្ទវហេតុប៉ះទង្គិចគ្នាកាលពីពិធីបុណ្យ Halloween ឆ្នាំមុន ដោយបង្ហាញកម្មវិធីដែលគាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិមិត្ត AI ដែលត្រូវបានរចនាឡើងដើម្បីស្វែងរក និងជូនដំណឹងអំពីលទ្ធភាពនៃចំនួនមនុស្សច្រើនលើសលប់នៅទីតាំងណាមួយ។ប្រព័ន្ធព្រមានជាមុនមួយនេះ នឹងចាប់ផ្តើមដំណើរការពីថ្ងៃទី៣១ ខែតុលា នៅថ្ងៃបុណ្យ Halloween ហើយនឹងមានកាមេរ៉ាសុវត្ថិភាព CCTV ចំនួន ៩០៩គ្រឿង នៅក្នុងទីតាំងសំខាន់ៗចំនួន ៧១កន្លែង ដែលនឹងវិភាគចលនាហ្វូងមនុស្ស និងដង់ស៊ីតេ ព្រមទាំងជូនដំណឹងដល់ក្រុមអាជ្ញាធរសម្រាប់សញ្ញាគ្រោះថ្នាក់ផ្សេងៗ។ការសាកល្បងប្រព័ន្ធការពារមួយនេះ ត្រូវបានធ្វើឡើងនៅផ្លូវតូចចង្អៀតនៃបារ និងភោជនីយដ្ឋានជាច្រើនក្នុងទីក្រុងសេអ៊ូល ដែលមានអ្នកស្ម័គ្រចិត្តចំនួន ១៥០នាក់ បានប្រមូលផ្តុំគ្នាចូលទៅក្នុងផ្ទៃដីទំហំ ៣០ម៉ែត្រក្រឡា ដែលត្រូវបានត្រួតពិនិត្យដោយបុគ្គលិកនៅក្នុងបន្ទប់បញ្ជាមួយ។កង្វះខាតទាំងស្រុងនៃការរៀបចំជាមុន វិធានការគ្រប់គ្រងហ្វូងមនុស្ស និងការអំពាវនាវជាដំបូងសម្រាប់ជំនួយដែលមិនមានការឆ្លើយតប ត្រូវបានស្តីបន្ទោសថាជាមូលហេតុចំពោះសោកនាដកម្មកាលពីមួយឆ្នាំមុន នៅក្នុងសង្កាត់កម្សាន្តពេលរាត្រី Itaewon របស់កូរ៉េខាងត្បូង ដែលកំណើននៃហ្វូងមនុស្ស នាំឱ្យមនុស្ស ១៥៩នាក់បានស្លាប់នៅក្នុងផ្លូវតូចចង្អៀតមួយនោះផងដែរ៕

រុស្ស៊ីប្តេជ្ញាជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែម ពិសេសផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ

2023/10/26 11:44:59 am        440
ភ្នំពេញ៖ រុស្ស៊ីប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ការបញ្ជាក់បែបនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្តេចធិបតី នៅក្នុងអាណត្តិទី៧ នេះ ដោយបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ។ មួយវិញទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-រុស្សី ដើម្បីលើកស្ទួយទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្សី បន្ថែមមួយកម្រិតទៀត ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលជាឱកាសសម្រាប់ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី និងបានរំឭកអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលដែលកាលនោះជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើការស្តារកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបប ប៉ុល ពត ព្រមជាមួយនឹងការបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ។ជារួម សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេស ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ហើយក៏គ្រោងនឹងមានការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច ក៏ដូចជាការផ្លាស់ប្តូរក្នុងវិស័យការពារជាតិ និងសន្តិសុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងនៃការចូលចតនាវារុស្ស៊ី នៅខេត្តព្រះសីហនុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ជាដើម ។ ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, រុស្ស៊ីក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ ចំពោះទិសដៅទៅមុខ ក្រៅពីកិច្ចសហប្រតិបត្តិលើវិស័យដែលមានស្រាប់, កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ ៕

សម្ដេចតេជោប្រកាសរៀបចំឱ្យ ឌី ពេជ្រ និង ហ៊ិន ចន្ធ័នីរ័ត្ន បានចូលរោងការតាមប្រពៃណី

2023/10/26 11:31:45 am        8921
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣នេះ បានសរសេរបញ្ជាក់នៅលើបណ្ដាញតេឡេក្រាមផ្លូវការថា ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យ ចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញ សម្ដេចតេជោ ប្រកាសរៀបចំឱ្យលោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ចន្ធ័នីរ័ត្ន បានចូលរោងការតាមប្រពៃណី។សម្ដេចតេជោបានសរសេរថា ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យ ចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញ កូនប្រុសឌី ពេជ្រនិងកូនស្រីហ៊ិន ចន្ធ័នីរ័ត្ន។ ក្នុងឋានៈជាឪពុកធំកូនពេជ្រខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី។សម្ដេចតេជោបញ្ជាក់ថា៖«ថ្ងៃស្អែក២៧តុលា២០២៣ ឪពុកម្តាយខាងប្រុស ចូលស្តីដណ្តឹងកូនស្រី ហើយនៅថ្ងៃ២២ ខែធ្នូ២០២៣ កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ»។សម្ដេចតេជោបញ្ជាក់ថា ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ៕

កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១,៥ លាននាក់ គ្រោងដាក់ឱ្យដំណើរការនាខែវិច្ឆិកាឆ្នាំ២០២៣នេះ

2023/10/26 11:26:18 am        575
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការ​ជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១,៥លាននាក់។នៅក្នុងពិធីបើកវគ្គវិក្រិតការគ្រូបច្ចេកទេស ​ស្តីពីវិធីសាស្រ្តបង្រៀននិងការប្រើប្រាស់ម៉ូឌុល​តាមជំនាញ​ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្រ​បច្ចេកទេសនិងវិជ្ជាជីវៈ ១ ​ដល់យុវជនមកពីគ្រួសារក្រីក្រ ​និងគ្រួសាររងហានិភ័យ ​នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ ឯកឧត្តមរដ្ឋមន្រ្តីការងារ បានមានប្រសាសន៍ឱ្យដឹងទៀតថា តាមរយៈកម្មវិធីនេះ យុវជនមកពីគ្រួសារក្រីក្រ ​និងគ្រួសារងាយរងហានិភ័យ ​អាចចូលរៀនដោយមិនបង់ប្រាក់ និងទទួលបានប្រាក់​ឧបត្ថម្ភ​បន្ថែមពីរាជរដ្ឋាភិបាលផងដែរ។មុខជំនាញដែលនឹងត្រូវផ្តល់ជូនក្នុងកម្មវិធីនេះមានចំនួនជាង៦០ ជំនាញ ​ក្នុងវិស័យដូចជា៖ សំណង់ , អគ្គីសនី អេឡិចត្រូនិច កម្មន្តសាល មេកានិច កសិកម្ម និងកសិ ឧស្សាហកម្ម ​ជួសជុល​រថយន្ត តំឡើងប្រព័ន្ធទឹកជាដើម។សូមបញ្ជាក់ថា ដើម្បីទទួលបានការសិក្សានេះ ​យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រង​ហានិភ័យ ត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំ​ និងអាចចុះ ឈ្មោះតាមឃុំ ​សង្កាត់ដែលខ្លួនរស់នៅ ឬនៅគ្រឹះស្ថានអប់រំ ​បណ្តុះបណ្តាលវិជ្ជាជីវៈ ​ឬតាមប្រព័ន្ធអេឡិចត្រូនិច៕

រុស្ស៊ីសាកល្បងមីស៊ីល ខណៈខ្លួនលុបចោលសច្ចាប័នសន្ធិសញ្ញានុយក្លេអ៊ែរ

2023/10/26 11:17:58 am        444
ប្រទេសរុស្ស៊ី និយាយថាការបាញ់មីស៊ីល គឺជាផ្នែកនៃការហាត់សមដ៏ជោគជ័យសម្រាប់ការវាយប្រហារនុយក្លេអ៊ែរសងសឹក។ នោះគឺជារបៀបដែលរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu បានបង្ហាញលក្ខណៈការបាញ់ដល់ប្រធានាធិបតីលោក Vladimir Putin នៅក្នុងវីដេអូ ចាក់ផ្សាយនៅលើទូរទស្សន៍រដ្ឋរុស្ស៊ី។ វាជាការបង្ហាញអំពីកម្លាំង ស្របគ្នាជាមួយទីក្រុងមូស្គូ ដែលកំពុងមានចំណាត់ការយ៉ាងឆាប់រហ័សដើម្បីលុបចោលការធ្វើសច្ចាប័ននៃសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន។ សេចក្តីស្នើច្បាប់លុបចោលសច្ចាប័ន បានអនុម័តជាឯកតោភាគីដោយសភាជាន់ខ្ពស់របស់រុស្ស៊ីកាលពីថ្ងៃពុធ។ លោក Putinនឹងចុះហត្ថលេខាចុងក្រោយ។ ប្រទេសរុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ហើយបច្ចុប្បន្នមើលឃើញខ្លួនឯងថា កំពុងស្ថិតក្នុងការប្រឈមមុខដែលកំពុងកើតមានជាមួយប្រទេសលោកខាងលិចជុំវិញបញ្ហានៅអ៊ុយក្រែន។ ទីក្រុងមូស្គូ និយាយថាការលុបចោល ការផ្តល់សច្ចាប័នសន្ធិសញ្ញានឹងសមស្របទៅតាមជំហររបស់ទីក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក បានចុះហត្ថលេខា ប៉ុន្តែ ពុំទាន់បានផ្តល់សច្ចាប័ននោះទេ ជាឯកសារដូចគ្នា។ ប្រធានសភាជាន់ខ្ពស់ លោក Valentina Matvienko បានប្រាប់សមាជិកសភាថា ប្រសិនបើសហរដ្ឋអាមេរិក បន្តមិនមានចំណាត់ការដើម្បីបំពេញកាតព្វកិច្ច នៅពេលនោះកិច្ចព្រមព្រៀងនេះ នឹងនៅតែជាភាពលាក់ពុត។ ខណៈសន្ធិសញ្ញាហាមប្រាមការសាកល្បងគ្រប់ជ្រុងជ្រោយ មិនទាន់បានចូលជាធរមានផ្លូវការ នោះវាបានធ្វើឲ្យមានការហាមប្រាមការសាកល្បងនុយក្លេអ៊ែរ។ ប្រទេសរុស្ស៊ី បានធ្វើសមយុទ្ធសាកល្បងនូវអ្វីដែលគេហៅថាកម្លាំងវាយប្រហារនុយក្លេអ៊ែរទាំងបីផ្នែក ម្តងហើយម្តងទៀត ខណៈសហរដ្ឋអាមេរិកអនុវត្តសមយុទ្ធជាទៀងទាត់។ អ្នកជំនាញគ្រប់គ្រងអាវុធ និយាយថាការសាកល្បងដោយភាគីណាមួយ អាចបង្កឲ្យមានការប្រជែងអាវុធថ្មីៗ និងបង្កឲ្យមានការសាកល្បងបន្ថែមទៀតពីប្រទេសផ្សេងៗ។ ទីក្រុងមូស្គូ និយាយថថាខ្លួនគ្មានផែនការចាប់ផ្តើមសាកល្បងនោះទេ លុះត្រាតែ ទីក្រុងវ៉ាស៊ីនតោន សាកល្បងជាមុន។

រាជរដ្ឋាភិបាលថៃ នឹងបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករខ្មែរពី១៩០០បាត មកត្រឹម ៥០០បាត

2023/10/25 02:39:19 pm        341
កំពង់ចាម៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលនៃប្រទេសថៃ បានសម្រេច​បញ្ចុះ​តម្លៃ នៃការធ្វើ​ទិដ្ឋាការ​(VISA) ការងារ ​ដល់កម្មករ និយោជិតខ្មែរ ​ដែលទៅធ្វើការនៅប្រទេសថៃ ពីតម្លៃ១៩០០ (ប្រមាណ​៥០ដុល្លា) មកត្រឹម ៥០០បាត (ជិត១៥ដុល្លារ) ។ក្នុង​ពិធីសំណេះសំណាលកម្មករនិយោជិតជាង ១ម៉ឺន ២ពាន់នាក់ ​នៅខេត្តកំពង់ចាម ក្រោម​អធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ ​មានប្រសាសន៍ថា ​កាលពីជំនួបទ្វេភាគីរបស់សម្ដេចធិបតី បានស្នើទៅកាន់​នាយករដ្ឋមន្ត្រីថៃ ​ជួយកាត់បន្ថយនូវបន្ទុកចំណាយផ្សេងៗ របស់ពលករខ្មែរ ដែលទៅធ្វើការងារ​នៅប្រទេសថៃ ​ជាការឆ្លើយតប ​ទើបរាជរដ្ឋាភិបាលថៃ ​បានសម្រេច​បញ្ចុះ​នូវតម្លៃធ្វើទិដ្ឋាការ ដែល​ត្រូវអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២៣តទៅ ។គួរបញ្ជាក់ថា ​ឯកឧត្តម សេដ្ឋា ថាវីស៊ីន ​នាយករដ្ឋមន្ត្រី​ នៃប្រទេសថៃ ​បានធ្វើដំណើរ​ទស្សនកិច្ច​នៅក្រៅប្រទេសលើកដំបូង ​ក្នុងតំណែងជានាយករដ្ឋមន្ត្រី ​មកកាន់ប្រទេសកម្ពុជា ​កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ​មានជំនួបទ្វេភាគី​ និងពិភាក្សាការងារជាមួយសម្ដេចធិបតី ​លើការងារមួយចំនួន ។ ក្នុងជំនួបនោះ ភាគីទាំងពីរ ​បានសន្យាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន​ ដូចជា ការផ្សារភ្ជាប់វិស័យសេដ្ឋកិច្ចឌីជីថល ​និងសេដ្ឋកិច្ចបៃតង​ វិស័យទេសចរណ៍​ វិស័យអប់រំ វិស័យ​ការងារ​ វិស័យការពារជាតិ​ រួមទាំងវិស័យសំខាន់ៗ​មួយចំនួនទៀត ដើម្បីបម្រើដល់ផល​ប្រយោជន៍​ប្រជាជន នៃប្រទេសទាំងពីរ ​ដែលជាប់ព្រំដែននឹងគ្នា ។ជាមួយគ្នានោះ ​តបតាមសំណើរបស់សម្ដេចធិបតី ​នាយករដ្ឋមន្ត្រីថៃ នឹង​ពិចារណា​ដោយយកចិត្តទុក​ដាក់បំផុត ចំពោះ​សំណើរ​ឲ្យមាន​នីតិវិធីអន្តោប្រវេសន៍ និង​ការ​សម្រួល​នៅតាមព្រំដែន​ប្រសើរ​ជាងមុន ព្រមទាំង​ពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជា ​នៅក្នុងខេត្តសុងក្លា ដើម្បី​ពង្រីក​សេវា​កុងស៊ុល​ជួយ​ប្រជាពលរដ្ឋកម្ពុជា ​ដែលធ្វើការ ​និងស្នាក់នៅក្នុងភាគខាងត្បូង នៃប្រទេសថៃផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទណ្ឌិតជាក្មេងទំនើង ៧៩០នាក់ កំពុងអនុវត្តយ៉ាងសកម្មក្នុងការដាំដុះបន្លែ ចិញ្ចឹមសត្វ និងចាក់គម្របលេណដ្ឋាន បន្ទាប់ពីបញ្ជូនទៅមណ្ឌលអប់រំប្រែទី៤ និងពន្ធនាគារខេត្តឧត្តរមានជ័យ
06/02/2026 01:06 PM
កម្ពុជាស្នើដល់បណ្តាប្រទេសមេគង្គគួរពិចារណាសិក្សាអំពីការបង្កើតបណ្តាញសុចរិតភាពព័ត៌មានមេគង្គ
06/02/2026 01:06 PM
សម្ដេចធិបតី៖ កម្ពុជាបានផ្ញើលិខិតជូនដំណឹងជាផ្លូវការទៅកាន់ភាគីថៃ និងអគ្គលេខាធិការ UN ដើម្បីចាប់ផ្ដើមដំណើរការនៃយន្តការការផ្សះផ្សារដោយចាប់បង្ខំ (Compulsory Conciliation)
06/02/2026 01:06 PM
អតីតយុទ្ធជនរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍មរតកតេជោធិបតីថ្លុកព្រីង ខេត្តកំពង់ធំ ចំនួន ២០៦ គ្រួសារ ទទួលបានអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្ដេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​
06/02/2026 12:06 PM
អាកាសយានដ្ឋានអន្តរជាតិតេជោជាប់ចំណាត់ថ្នាក់លេខ ៥ ជាស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក
06/02/2026 12:06 PM
ក្រសួងព័ត៌មាន បើកវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ ស្តីពីយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ
06/02/2026 12:06 PM
ចិន បង្កើនវិធានការទប់ស្កាត់គ្រោះមហន្តរាយ ខណៈរដូវទឹកជំនន់ចូលមកដល់
06/02/2026 12:06 PM
ភាគហ៊ុនសកល​​​គ្មានស្ថិរភាព​ ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ា បានធ្វើឱ្យសុទិដ្ឋិនិយម AI ធ្លាក់ចុះ
06/02/2026 12:06 PM
ក្រុមជ្វីហ្វជ្រុលនិយម ប៉ះទង្គិចជាមួយនគរបាលនៅទីក្រុងយេរូសាឡឹម ជុំវិញការកែណ្ឌកងទ័ព
06/02/2026 12:06 PM
រ៉ូម៉ានី ថ្កោលទោសការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីថាជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប
06/02/2026 12:06 PM