កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ីរ៉ង់ ព្រមានអ៊ីស្រាអែលឲ្យបញ្ឈប់សង្គ្រាមនៅតំបន់ហ្កាហ្សា បើពុំនោះសោតតំបន់នេះនឹងលែងគ្រប់គ្រងបាន

2023/10/23 03:17:30 pm        210
អ៊ីរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហូសេន អាម៊រ អាប់ដូឡាហាន(Hossein Amir-Abdollahian) បានព្រមានអ៊ីស្រាអែលថា តំបន់មជ្ឈិមបូព៌ា អាចគ្រប់គ្រងលែងបាន ប្រសិនបើខ្លួនមិនបញ្ឈប់ការវាយប្រហារលើតំបន់ហ្កាហ្សាទេនោះ។លោកបាននិយាយថា សហរដ្ឋអាមេរិកក៏ត្រូវតែស្តីបន្ទោសផងដែរ ចំពោះការផ្តល់ជំនួយផ្នែកយោធាដល់អ៊ីស្រាអែល។  ប៉ុន្មានម៉ោងក្រោយមក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេន ចាមីន ណេតានយ៉ាហ៊ូ (Benjamin Netanyahu) បានព្រមានថា កងទ័ពប្រជាជនរបស់លោកកំពុងស្ថិតក្នុងសមរភូមិប្រយុទ្ធដើម្បីជីវិតរបស់ពួកគេ ហើយបាននិយាយថា សង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាសគឺ ត្រូវតែធ្វើ បើពុំនោះសោតនឹងស្លាប់។  អ៊ីរ៉ង់ គាំទ្រទាំងក្រុមហាម៉ាស ដែលបានវាយប្រហារអ៊ីស្រាអែលកាលពីពីរសប្តាហ៍មុនបានសម្លាប់មនុស្ស ១.៤០០ នាក់ ទាំងក្រុមហេសបូឡារបស់លីបង់។  យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស ប្រជាជនប៉ាឡេស្ទីនជាង ៤.៦០០នាក់ បានស្លាប់ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយ នៅក្នុងតំបន់ហ្កាហ្សា ហើយអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងបង្កើនការវាយប្រហារតាមអាកាស។លោក អាម៊រ អាប់ដូឡាហាន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងតេហេរ៉ង់ ថាលោកព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាអ្នកធ្វើសង្រ្គាមតំណាងរបស់ខ្លួន ថា ប្រសិនបើពួកគេមិនបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ភ្លាមៗ និងអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់ហ្កាហ្សាទេ អ្វីៗអាចធ្វើកើតឡើងបានគ្រប់ពេលវេលា ហើយតំបន់នេះ នឹងគ្រប់គ្រងលែងបាន៕

សម្តេចធិបតី៖ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺមានមហារដ្ឋបុរសពីរអង្គ និងរូប បានធ្វើឲ្យការបែកបាក់ពហុភាគីមកជា«ខ្មែរតែមួយ»

2023/10/23 02:52:04 pm        217
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរសារអបអរសាទរ ខួបទី៣២ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១ - ២៣ តុលា ២០២៣) ដោយសម្តេច បានលើកឡើងថាមហាព្រឹត្តិការណ៍នេះ គឺមានមហារដ្ឋបុរសពីរអង្គ និងរូប គឺ១ អតីតព្រះមហាវិរៈក្សត្រព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងមហារដ្ឋបុរស១ទៀត គឺសម្តេចតេជោ ហ៊ុន សែន។ តាមរយៈផេកហ្វេសបុក និងឆាណែលតេលេក្រាមនាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា«មហារដ្ឋបុរសមួយអង្គ និងមួយរូប បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយក្នុងស្មារតី “ខ្មែរតែមួយ បុព្វហេតុតែមួយ” ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិឱ្យរីកចម្រើនគ្រប់វិស័យ»។ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានលើកឡើងទៀតថា «សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិសេរីភាពរបស់មនុស្សជាតិ និងសង្គម»។ សូមរំលឹកថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា៕អត្ថបទបាន ចក់

សម្តេចតេជោ ហ៊ុន សែន អបអរសាទរខួបទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា

2023/10/23 02:27:51 pm        183
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ ព្រមទាំងជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសផងនោះ បានផ្ញើសារអបអរសាទរ ខួបលើកទី៣២ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស(២៣ តុលា ១៩៩១-២៣ តុលា ២០២៣)។ តាមរយៈហ្វេសបុក និងឆាណែលតេលេក្រាមផ្ទាល់នាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បាន រំលឹកថា ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួប ៣២ឆ្នាំ (២៣ តុលា ១៩៩១-២៣ តុលា ២០២៣) នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស។ ៣២ឆ្នាំមុន ពោលគឺនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ភាគីទាំង៤ របស់កម្ពុជារួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច ដែលតំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយ លោក សឺន សាន និង ក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត) តំណាងដោយ លោក ខៀវ សំផន បានឈានទៅចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។ តាមរយៈផេកដដែលនេះសម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកកិច្ចព្រមព្រៀងសន្តិភាពទី ក្រុងប៉ារីសផ្ទាល់នោះក៏បានបញ្ជាក់បន្ថែមទៀតដែរថា មុននឹងឈានមកដល់កិច្ចព្រមព្រៀងនាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយ អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៨៧ នៅ FERE-EN-TARDENOIS នៅប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយ សម្តេចព្រះ នរោត្តម សីហនុ និង សម្តេចតេជោ ហ៊ុន សែន ដែលហៅថា (ជំនួបចរចា សីហនុ-ហ៊ុន សែន នៅ FERE-EN-TARDENOIS ថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧)។ បន្ទាប់មកក៏មានកិច្ចចរចាបន្តរវាង សីហនុ-ហ៊ុន សែន លើកទី ២ ប្រព្រឹត្តឡើងនៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨ នៅ SAINT-GERMAIN-EN-LAYE ប្រទេសបារាំង និងនៅទីកន្លែងផ្សេងៗមួយចំនួនទៀត។ យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅឆ្នាំ១៩៩៨ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕អត្ថបទបាន ចក់

ថ្ងៃទី២៥ ខែតុលា គណបក្សប្រជាជនកម្ពុជា នឹងគណបក្សនយោបាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធ​ភាព”

2023/10/22 04:44:11 am        1287
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា និងគណបក្ស​នយោ​​បាយចំនួន ២៧ នឹងធ្វើពិធីចុះ “កិច្ចព្រម​ព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។មេដឹកនាំគណបក្សនយោបាយដែលចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ គណបក្សនយោបាយចំនួន ២៧ នឹងចុះកិច្ចព្រម​ព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយ​គណបក្សប្រជាជនកម្ពុជា។ចំណែកលោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស​ប្រជា​ជនកម្ពុជាបានប្រាប់អ្នកសារព័ត៌មានថា ពិតជាមានពិធីចុះ “កិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធ​ភាព” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧ មករា នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។សូមជម្រាបថា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៣ គណបក្សនយោបាយជា​ច្រើនបាន​ធ្វើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន ស្នើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា៕

សម្តេចធិបតី ស្នើឲ្យភាគីកម្ពុជា និងអារ៉ាប៊ីសាអូឌីត ចរចាគ្នាស្តីពីការលើកលែង​ទិដ្ឋាការលិខិតឆ្លងដែនការទូត និងផ្លូវការ

2023/10/22 12:25:25 am        894
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យភាគីរបស់កម្ពុជា និង​ប្រទេសអារ៉ាប៊ីសាអូឌីត ពិចារណានិងចរចានូវកិច្ចព្រមព្រៀង ស្តីពីការលើក​លែង​ទិដ្ឋាការ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែនការទូត និងអ្នកកាន់លិខិតឆ្លងដែនផ្លូវការ ខណៈប្រទេស​អារ៉ាប៊ីសាអូឌីត​សម្រេច​បង្កើត​ស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅរាជធានីភ្នំពេញដែរនោះ។ការស្នើសុំរបស់សម្តេចធិបតី នាយករដ្ឋ​មន្រ្តី​កម្ពុជា​នេះគឺបាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ជំនួប​ទ្វេភាគី​ជាមួយ​ព្រះអង្គម្ចាស់ មហាម៉េដប៊ីនសាល់ម៉ាន់ ប៊ីន អាប់ឌុលឡាហ្ស៊ី អាល់សូដព្រះរាជទាយាទ និង​ជា​នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ ក្នុងឱកាស ដែលសម្តេចធិបតី អញ្ជើញដឹក​នាំគណៈ​ប្រតិភូ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​«កំពូល​អាស៊ាន​-ក្រុមប្រឹក្សាហសប្រតិ បត្តិការឈូងសមុទ្រ» ដែលប្រទេសអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យ ដឹង​ថា នៅក្នុងកិច្ចជំនួបខាងលើនេះ នាយករដ្ឋមន្រ្តីទាំងពីរបានពិភាក្សាគ្នាជាច្រើន ដោយ​ក្នុង​នោះ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត បានសម្តែង​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង អារ៉ាប៊ីសាអូឌីត ដូចដែលត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​សម្រេច​បង្កើត​ស្ថាន​ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត នៅរាជធានីភ្នំពេញ និងបានស្នើឲ្យភាគីទាំ​ង​ពីរ​ពិចារណា​រៀប​ចំ​ចរចា​កិច្ចព្រមព្រៀងនានា ជាពិសេស កិច្ច ព្រម​ព្រៀង​ស្តីពី​«ការ​លើក​លែង​ទិដ្ឋាការ​ សម្រាប់​អ្នក​កាន់​លិខិត​ឆ្លង​ដែនការទូត និងលិខិតឆ្លងដែនផ្លូវការ ជាដើម»។មានបន្ទូលនៅក្នុងកិច្ចជំនួបនោះដែរ ព្រះអង្គម្ចាស់ព្រះរាជទាយាទ បានលើកឡើងអំពីទិសដៅប្រ កប​ដោយសក្តានុពលក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ដោយ​សំដៅ​ឈាន​ទៅ​បង្កើត​ កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ដូចជា ពាណិជ្ជកម្ម, វិនិយោគ, ថាមពល,និងវិស័យ សក្តានុពលដទៃទៀត ដើម្បី​សម្រេច​បាន​នូវ​ផល​ប្រយោជន៍​រួម​សម្រាប់​ប្រទេស និងប្រជាជាតិទាំងពីរ។តាមរយៈសេចក្តីប្រកាសព័ត៌មានដដែលនេះ ក៏បានបង្ហាញផងដែរថា នៅក្នុងកិច្ចជំនួបនោះ នាយក​ទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយ​បាន ឯកភាព​លើ​ទិស​ដៅ​នៃ​ការ​បង្កើត​យន្ត​ការ​លើ​វិស័យ​សក្តានុពល​មួយ​ចំនួន​ដូចជា​វិស័យ​ពាណិជ្ជ​កម្ម វិនិយោគ និងវិស័យផ្សេងៗទៀត។នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីកម្ពុជា ក៏បានអញ្ជើញ ព្រះរាជ​ទាយាទ នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីតមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលវេលាសមស្របណាមួយផងដែរ ដោយ​ការអញ្ជើញនេះត្រូវបានព្រះរាជទាយាទទទួលយកដោយក្តីរីករាយផងដែរ៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការព្រួយបារម្ភ និងសោកស្តាយចំពោះជម្លោះនៅមជ្ឈឹមបូព៌ា​ដែលបានធ្វើឲ្យមនុស្សស្លាប់ជាច្រើននាក់

2023/10/21 11:39:31 pm        826
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​សម្តែង​ការ​ព្រួយ​បារម្ភ និងមានការសោកស្តាយចំពោះជម្លោះនៅមជ្ឈឹមបូព៌ា ដែលបា​ន​បណ្តាល​ឲ្យ​មនុស្ស​ស្លូត​ត្រង់​ជា​ច្រើននាក់បាត់បង់ជីវិត ហើយសម្តេចនាយករដ្ឋមន្រ្តីសង្ឃឹមថា ប្រទេស​ជា​សមាជិក នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការឈូងសមុទ្រមានតួនាទីសមស្របបំផុត ក្នុង​ការ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​រក្សាភាពអត់ធ្មត់ ឈានទៅរកកិច្ចព្រមព្រៀងឈប់បាញ់គ្នា។ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានេះ គឺបានធ្វើឡើងនៅក្នុង កិច្ច​ប្រជុំ​«កំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» ដែល​បាន​រៀបចំ​ឡើង​នៅ​ទីក្រុង​រីយ៉ាដ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២៣នេះ។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី «លទ្ធផ​ល នៃ​កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» ដែល​ទើប​ចេញ​នា​ថ្ងៃ​ទី២១ ខែតុលា នេះបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីកម្ពុជា «បានសម្តែងនូវការព្រួយបារម្ភ និងសោក​ស្តាយ​ចំពោះ​ការ​កើន​ឡើង​នៃ​ជម្លោះ និង​អំពើហិង្សានៅ ក្នុងតំបន់មជ្ឈឹមបូព៌ា ដែល​បណ្តាល​ឲ្យ​ជន​ស្លូត​ត្រង់​ជា​ច្រើន​បាត់​បង់​ជីវិត​ ដោយក្នុងនោះក៏មានពលរដ្ឋខ្មែរមួយរូប ដែលជានិស្សិតសិក្សានៅអ៊ីស្រាអែលផងដែរ»។តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសដដែលនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​បង្ហាញ​នូវជំនឿយ៉ាងមុតមាំផងដែរថា ប្រទេសជាសមាជិក​ នៃ​ក្រុម​ប្រឹក្សា​សហប្រតិបត្តិការ​ឈូង​សមុទ្រ​មានតួនាទីសមស្របបំផុត ក្នុងការ​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​មាន​ការ​អត់​ធ្មត់​ខ្ពស់​បំផុត និងចាប់ផ្តើមកិច្ចសន្ទនា ក្នុងការឈានទៅរកិច្ចព្រមព្រៀងកិច្ចឈប់បាញ់ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការស្វែង រកដំណោះស្រាយដោយសន្តិវិធី, យុត្តិធម៌ និងយូរអង្វែង។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ផងដែរទៅលើភាពចាំបាច់នៃការ ធានា​ដល់ការបញ្ជូនជំនួយមនុស្សធម៌ឲ្យបានពេញលេញ និងទាន់ពេលវេលា ទៅដល់ប្រ​ជាជន​នៅ​ក្នុងតំបន់​ហ្កាហ្សា និងការធានាសុវត្ថិភាព និងការដោះលែង​ចំណាប់​ខ្មាំង​ទាំង​អស់​ឲ្យ​បាន​ឆាប់​បំផុត​ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិផងដែរ៕ អត្ថបទ៖ បាន ចក់

លទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ

2023/10/21 11:12:11 pm        717
ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសអំពីលទ្ធផល នៃកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលរួម នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។

សម្ដេចធិបតី ហ៊ុន​ ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាត្រឡប់ដល់កម្ពុជា ប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ

2023/10/21 07:58:19 pm        763
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាល​ពីវេលា​ទៀប​​ភ្លឺថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់​មក​ដល់​ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ កាលពីយប់ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីបានអញ្ជើញចូលរួមក្នុងវេទិកា ខ្សែក្រវាត់ និងផ្លូវ លើកទី៣ សម្រាប់​កិច្ច​សហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន និង «កិច្ច​ប្រជុំ​កំពូល​អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ» នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រ​អារ៉ាប៊ីសា​អូឌីត។តបតាមការអញ្ជើញរបស់ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្សីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ចូល​រួមកិច្ចប្រជុំកំពូលអាស៊ាន- ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២៣នេះ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នាទីក្រុងរីយ៉ាដ នារសៀលថ្ងៃទី២០ តុលា ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានជួបជាមួយ ព្រះអង្គម្ចាស់ មហាម៉េដ ប៊ីន សាល់ម៉ាន់ ប៊ីន អាល់ឌុលឡាហ្ស៊ី អាល់សូដ (Mohammed bin Salman bin Abdulaziz Al Saud) រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​អារ៉ាប់​ប៊ី​សាអូឌីត និងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីក្រុងរីយ៉ាដ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណ​រដ្ឋ​សង្គម​និយម​វៀត​ណាម និង ជួបជាមួយ ឯកឧត្តម Sultan Abdulrahman Al-Marshad នាយក​ប្រតិបត្តិ​មូល​និធិ​សូឌី​ សម្រាប់ការអភិវឌ្ឍ (Saudi Foundation for Development) ក្នុងជំនួបសម្ដែងការគួរសម និង​ពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ” នៅទីក្រុងរីយ៉ាដ។ តាមរយៈជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។ ចំណែកជំនួបជាមួយនាយកប្រតិបត្តិមូលនិធិសូឌីសម្រាប់ការអភិវឌ្ឍ សម្តេចធិបតី និងថ្នាក់ដឹកនាំ​មូល​និធិសូឌី គាំទ្រគម្រោងនៃការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា សម្រាប់អភិវឌ្ឍវិស័យកសិកម្ម និងកសាង​ហេដ្ឋា​រចនាសម្ព័ន្ធរូបវ័ន្ត។សូមជម្រាបថា កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ដែល​ផ្ដល់ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្មនិងការវិនិយោគ ទីក្រុង​ឆ្លាត ថាមពល ការប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ ជាដើម។ កិច្ចប្រជុំកំពូលនេះនឹងអនុម័តលើឯកសារចំនួនពីរ គឺ (១) សេចក្តីថ្លែង​ការណ៍​រួម​សម្រាប់​កិច្ច​ប្រជុំ​កំពូល​ និង (២) ឯកសារក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ក្រុមប្រឹក្សា​សហ​ប្រតិបត្តិការ​ឈូង​សមុទ្រ (សម្រាប់ឆ្នាំ២០២៤-២០២៨)៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្រុមគ្រូពេទ្យខេត្តកណ្តាល ចុះអប់រំអំពីបញ្ហាជំងឺភ្នែកក្រហមនៅតាមសាលារៀន

2023/10/20 10:56:04 pm        265
កណ្តាល៖ ក្រុមពេទ្យនៅតាមមូលដ្ឋានសុខាភិបាលនានា នៅខេត្តកណ្តាល នៅថ្ងៃទី២០ ខែតុលានេះ បាននាំគ្នា បន្តចុះអប់រំផ្សព្វផ្សាយអំពីបញ្ហាជំងឺភ្នែកក្រហម នៅតាមសាលារៀនរដ្ឋ និងឯកជននានា តាមការណែនាំរបស់ក្រសួងសុខាភិបាល និងស្នើដល់អ្នកជំងឺសែ្វងរកការពិនិត្យ​ព្យាបាល​ឲ្យបានត្រឹមត្រូវ ខណៈជំងឺភ្នែកក្រហមនេះ បច្ចុប្បន្នកំពុងមានការឆ្លងតៗ ក្នុងចំណោមក្រុមគ្រួសារ កន្លែងប្រមូលផ្តុំគ្នា​ នៅតាមសាលារៀន និងទីប្រជុំជននានា។លោក ហាយ ឌី នាយកសាលាបឋមសិក្សាហ៊ុន សែនកំពង់សំណាញ់ ឋិតនៅក្នុងតាខ្មៅ​ខេត្តកណ្តាល និងក្រុមសិស្ស បានថ្លែងប្រាប់ BTV នៅថ្ងៃទី២០ ខែតុលានេះថា ក្រុមពេទ្យមកពី​មណ្ឌលសុខភាព​សង្កាត់តាខ្មៅ បានចុះមកអប់រំណែនាំតាមថ្នាក់រៀនឲ្យសិស្សយល់​ដឹង​អំពីវិធីការពារ និងការព្យាបាលជំងឺភ្នែកក្រហម ខណៈរៀងរាល់មុនពេលចូលរៀននាពេលព្រឹក និងល្ងាចពេលគោរពទង់ជាតិ សាលាក៏បានណែនាំសិស្ស ​និង​អនុញ្ញាត​ឲ្យសិស្សឈប់សម្រាក ប្រសិន​បើមានករណីសិស្សឆ្លងជំងឺភ្នែកក្រហម ​ដើម្បីសិស្សទៅជួបគ្រូពេទ្យនៅមូលដ្ឋានសុខាភិបាល​ព្យាបាលពិនិត្យព្យាបាលឱ្យបានត្រឹមត្រូវ។លោកវេជ្ជបណ្ឌិត លុន ម៉ារ៉ា ប្រធានចក្ខុរោគនៃមន្ទីរបង្អែកជ័យជំនះថ្លែងថា ​រយៈពេលប្រមាណ​មួយ​ខែនេះ ក្នុងចំណោមអ្នកជំងឺភ្នែកជាង ៤០ រូប​ ដែលមកទទួលសេវានៅក្នុងមន្ទីរពេទ្យជ័យជំនះ មានអ្នក​ជំងឺជាង ៦០% បានកើតជំងឺភ្នែកក្រហម។លោក បានណែនាំដល់អ្នកដែល​កើតជំងឺ​ភ្នែកក្រហមត្រូវមកពិគ្រោះ ​ពិនិត្យជាមួយ​គ្រូពេទ្យឲ្យ​បានត្រឹមត្រូវ ចៀសវាងការទៅទិញថ្នាំប្រើប្រាស់ដោយមិនមានវេជ្ជបញ្ជាច្បាស់លាស់។បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ​ជំងឺភ្នែកក្រហមភាគច្រើនជាជំងឺស្រាល តែវាងាយឆ្លងតៗគ្នា ​និងអាចជាសះស្បើយវិញ​ក្នុងរយៈពេល៧ថ្ងៃទៅ១៤ថ្ងៃ។  វិធីបង្ការការឆ្លងជំងឺ​ភ្នែកក្រហម នេះពលរដ្ឋទូទៅ ​ត្រូវរក្សាអនាម័យ ត្រូវឧស្សាហ៍លាងដៃ និងសាប៊ូឲ្យបានញឹកញាប់ ចៀសវាងការប៉ះ ​ឬញីភ្នែក ​កុំប្រើរបស់របររួមគ្នាជាមួយអ្នកកើតជំងឺនេះ និង កុំប្រើថ្នាំភ្នែករួមគ្នា​ដែលងាយនឹងការឆ្លងតៗគ្នា៕ អត្ថបទ ស៊ុម សុខជា

ទឹកជំនន់បង្កការខូចខាតស្រូវជាង ២ម៉ឺនហិកតា នៅទូទាំងប្រទេស

2023/10/20 10:36:00 pm        207
ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា នាអំឡុងពេលគ្រោះទឹកជំនន់រហូតមកដល់ពេលនេះបានបង្កការខូចខាតស្រូវជាង ២ ម៉ឺនហិកតានៅទូទាំងប្រទេស។ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម បានបញ្ជាក់បែបនេះ​ ក្នុងឱកាស អញ្ជើញជាអធិបតីភាពក្នុងទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ វិនិយោគពីថ្នាក់ជាតិនូវភាពធន់សហគមន៍នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ។ ទិវានេះមានការចូលរួមពីតំណាងក្រសួង ថ្នាក់ដឹកនាំរាជធានី-ខេត្ត នគរបាលជាតិ កងរាជអាវុធហត្ថ កងទ័ព និងស្ថាប័នអង្គការដៃគូជាច្រើនទៀត។ ឯកឧត្តមមានប្រសាសន៍ថា គ្រោះមហន្តរាយនៅកម្ពុជា ទោះបីមិនមានភាពធ្ងន់ធ្ងរដូចប្រទេសមួយ​ចំនួនក្នុងទ្វីបអាស៊ី និងពិភពលោក ដូចជាគ្រោះ រញ្ជួយដី រលកយក្សស៊ូណាមិ ព្យុះសង្ឃរា ភ្លើងឆេះព្រៃជាដើម។ប៉ុន្ដែជារៀងរាល់ឆ្នាំកម្ពុជាតែងតែកើតមានជំនន់ទឹកភ្លៀង ​ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជំងឺរាតត្បាត ​ការកើនឡើងកម្ដៅរាំងស្ងួតលើវិស័យកសិកម្ម ​បាក់ច្រាំងទន្លេ និងការផ្ទះឡើងនូវព្រឹត្តិការណ៍មិនធម្មតានៃជំងឺកូវីដ-១៩ អគ្គិភ័យគ្រោះថ្នាក់ ផ្លូវគោក ផ្លូវទឹក វិស័យសំណង់បានធ្វើឱ្យប៉ះពាល់ដល់​សុខុមាលភាព​ និងសុវត្ថិភាព របស់ប្រជាជន សហគមន៍ និងប្រទេសផងដែរ។ជាក់ស្តែង ​ទាក់ទងនឹងបញ្ហាទឹកជំនន់ឆ្នាំនេះ ​ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា គិតត្រឹម​រយៈពេលប៉ុន្មាន​ថ្ងៃក្នុងតុលា ឆ្នាំ២០២៣នេះ​ ទឹកជំនន់បានប៉ះពាល់តាមបណ្តាខេត្ត និងធ្វើឱ្យ​ខូចខាត​ដំណាំស្រូវជាង២ម៉ឺនហិកតាក្នុងនោះខេត្តបាត់ដំបង ត្រូវធ្វើការស្តារឡើងវិញច្រើនជាងគេ។នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតថា ដើម្បីកាត់​បន្ថយការ​បាត់បង់​អាយុជីវិត និងការខូចខាត ទ្រព្យសម្បត្តិ​ រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង​គ្រោះ​មហន្តរាយ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានខិតខំប្រឹងប្រែងប្រយុទ្ធទប់ទល់​នឹងគ្រោះមហន្តរាយ ​តាមរយៈសកម្មភាពត្រៀមបង្ការ ​ការកាត់បន្ថយគ្រោះថ្នាក់ ​ការត្រៀមរៀបចំ ការឆ្លើយតប ​សង្គ្រោះបន្ទាន់ ​និងការស្តារឡើងវិញ​ប្រកបដោយឆន្ទៈនយោបាយ និង​ការប្ដេជ្ញាចិត្តខ្ពស់ដោយពុំទុកប្រជាជនណាម្នាក់ចោលឡើយ៕អត្ថបទ សេក ឧត្តម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក XI ៖ ចិនកំពុងស្វែងរកការពង្រឹងសាមគ្គីភាព និងឯករាជ្យភាពរបស់ប្រទេសនៅតំបន់សកលខាងត្បូង
09/13/2026 04:09 PM
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តការលេងកីឡា ដល់កុមារ និងយុវជននៅភូមិរង់ចាំ
09/13/2026 04:09 PM
ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ នាំយកអំណោយពីសប្បុរសជន ជូនពលរដ្ឋ ភូមរង់ចាំ
09/13/2026 04:09 PM
មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក TRUMP ទៅកាន់ប្រទេសអៀរឡង់
09/13/2026 03:09 PM
កងកម្លាំងរដ្ឋាភិបាលយេម៉ែនអះអាងថា បានបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់ក្រុមហ៊ូទីនៅក្បែរទីក្រុង Mocha
09/13/2026 02:09 PM
ឥណ្ឌូនេស៊ីកំពុងស្វែងរកនាវាដែលដឹកមនុស្សយ៉ាងតិច ២៤០នាក់ បន្ទាប់ពីនាវានេះបានបាត់ទំនាក់ទំនង
09/13/2026 01:09 PM
ក្រុមហ៊ូទីអះអាងថា អារ៉ាប៊ីសាអ៊ូឌីតបានបើកការវាយប្រហារទូទាំងយេម៉ែន ១២៩លើក ក្នុងរយៈពេល ៤៨ម៉ោង
09/13/2026 01:09 PM
កងទ័ពយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីតបញ្ចេញវីដេអូបង្ហាញពីការវាយប្រហារលើកងកម្លាំងហ៊ូទី
09/13/2026 01:09 PM
រដ្ឋមន្ត្រីសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧
09/13/2026 12:09 PM
កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
09/13/2026 12:09 PM