កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីវៀតណាម គាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី លើកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីប្រទេសបី គោលដៅតែមួយ

2023/10/20 09:13:39 pm        153
ភ្នំពេញ៖ ឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រកាសគាំទ្រ គំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគីប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។ការប្រកាសគាំទ្របែបនេះ ក្នុងឱកាសជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាជាមួយឯកឧត្តម ផាម មីញជីញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី ​នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “កិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ” នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣, នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ផាម មីញជីញ បានអបអរសាទរសាជាថ្មីចំពោះ សម្តេចធិបតី ក្នុងឱកាសនៃការចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​នីតិកាលទី៧ នៃរដ្ឋសភា រួមជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខថ្វាយ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រមទាំងជូន​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផងដែរ ។ ឯកឧត្តម នាយករដ្ឋមន្ត្រីវៀតណាម ក៏បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងរយៈកាលកន្លងមកនេះ ប្រទេសកម្ពុជា​មាន​លំនឹងស្ថិរភាព និងវឌ្ឍនភាពរីកចម្រើនលើគ្រប់វិស័យ គួរឱ្យកត់សម្គាល់ ។ ឯកឧត្តម ផាម មីញជីញ បានបញ្ជាក់បន្ថែមទៀតថា ប្រទេសវៀតណាមកំពុងតែរៀបចំចាំទទួលដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រី ម្តងទៀតជាលើកទី៤ បន្ទាប់ពីជំនួបចុងក្រោយ ក្នុងឱកាសនៃការចូលរួម​ក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក ព្រមទាំងបានរំឭកផងដែរ​អំពីលទ្ធផលសំខាន់ៗ នៃជំនួបពិភាក្សាជាមួយ ឯកឧត្តមប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង កន្លងទៅថ្មីៗនេះ ​ជាពិសេសការពិភាក្សាអំពីការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ ​នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ។ជាលទ្ធផលនៃជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់​ចំពោះវឌ្ឍនភាពរីកចម្រើន​នៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត ​ជាពិសេស​ ឯកឧត្តម នាយករដ្ឋមន្ត្រី​វៀតណាម បានបញ្ជាក់អំពីការគាំទ្រលើគំនិតផ្តួចផ្តើមរបស់​ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ច​សហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក ។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា វិស័យ ការពារជាតិ, សន្តិសុខ, និងការអនុវត្តច្បាប់ ជាដើម ៕ 

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីកូឡុំប៊ី អំពីតំបន់ហ្គាហ្សា ធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងយោធាជិតស្និទ្ធជាមួយអ៊ីស្រាអែល

2023/10/20 07:38:16 pm        190
ក្រុមអ្នកវិភាគផ្នែកសន្តិសុខ បាននិយាយថា ការបង្កើនភាពតានតឹងរវាងប្រទេសកូឡុំប៊ី និងអ៊ីស្រាអែលជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា អាចកាត់ផ្តាច់ទំនាក់ទំនងយោធាជិតស្និទ្ធរវាងពួកគេជាច្រើនទសវត្សរ៍ និងរារាំងសមត្ថភាពរបស់ប្រទេសកូឡុំប៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន និងក្រុមឧទ្ទាម។អ៊ីស្រាអែល គឺជាអ្នកផ្គត់ផ្គង់យន្តហោះចម្បាំង ឧបករណ៍ឃ្លាំមើល និងកាំភ្លើងធំមួយរបស់កូឡុំប៊ី តាំងពីទសវត្សរ៍ឆ្នាំ ១៩៩០មក។ ប៉ុន្តែកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសរបស់ខ្លួន បានប្រកាសផ្អាកការនាំចេញផ្នែកការពារជាតិទៅកាន់ប្រទេសកូឡុំប៊ី បន្ទាប់ពីប្រធានាធិបតី Gustavo Petro បានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល និងបានប្រៀបធៀបសកម្មភាពរបស់អ៊ីស្រាអែលនៅហ្គាហ្សាទៅនឹងណាស៊ីអាល្លឺម៉ង់។ក្រុមអ្នកវិភាគនៅទីក្រុងបូហ្គោតា (Bogota) និយាយថា ការផ្អាកនេះ អាចប៉ះពាល់ដល់កិច្ចសន្យាជាច្រើន រួមទាំងកិច្ចព្រមព្រៀងចំនួន ៥លានដុល្លាររវាងក្រសួងការពារជាតិរបស់ប្រទេសកូឡុំប៊ី និងក្រុមហ៊ុនអ៊ីស្រាអែល IAI ដើម្បីថែទាំកងយន្តហោះចម្បាំង Kfir ដ៏ចាស់របស់ប្រទេសកូឡុំប៊ី។

FBI៖ កូរ៉េខាងជើងបានពង្រាយបុគ្គលិកITរាប់ពាន់នាក់ ដើម្បីទទួលបានការងារពីចម្ងាយនៅអាមេរិក ដោយប្រើអត្តសញ្ញាណក្លែងក្លាយ

2023/10/20 07:34:35 pm        148
មន្ត្រី FBI និងក្រសួងយុត្តិធម៌ បាននិយាយថា បុគ្គលិកផ្នែកបច្ចេកវិទ្យាព័ត៌មានរាប់ពាន់នាក់ ដែលជាប់កិច្ចសន្យាជាមួយក្រុមហ៊ុនអាមេរិក បានផ្ញើប្រាក់ឈ្នួលរាប់លានដុល្លារដោយសម្ងាត់ទៅឲ្យប្រទេសកូរ៉េខាងជើងសម្រាប់ប្រើប្រាស់ក្នុងកម្មវិធីមីស៊ីលបាលិស្ទិករបស់ខ្លួន។ក្រសួងយុត្តិធម៌ បានឲ្យដឹងកាលពីថ្ងៃពុធថា បុគ្គលិកផ្នែក IT ដែលត្រូវបានបញ្ជូន និងចុះកិច្ចសន្យាដោយប្រទេសកូរ៉េខាងជើង ដើម្បីធ្វើការពីចម្ងាយជាមួយក្រុមហ៊ុននៅទីក្រុង St. Louis និងកន្លែងផ្សេងទៀតក្នុងសហរដ្ឋអាមេរិក បាននិងកំពុងប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយ ដើម្បីទទួលបានការងារ។ ក្រុមមេដឹកនាំ FBI បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង St. Louisថា ប្រាក់ដែលពួកគេរកបាន ត្រូវបានបញ្ជូនទៅផ្គត់ផ្គង់កម្មវិធីអាវុធរបស់ប្រទេសកូរ៉េខាងជើង។ អាជ្ញាធរសហព័ន្ធ បានប្រកាសពីការរឹបអូសយកប្រាក់១.៥លានដុល្លារ និងឈ្មោះដែន (domain)ចំនួន១៧ ដែលជាផ្នែកមួយនៃការស៊ើបអង្កេត ដែលកំពុងបន្ត។លោក Jay Greenberg ភ្នាក់ងារពិសេសទទួលបន្ទុកការិយាល័យ FBI នៅទីក្រុង St. Louis បាននិយាយថា ក្រុមហ៊ុនណាមួយដែលបានជួលបុគ្គលិកITឯករាជ្យ «ច្រើនជាង»បានជួលនរណាម្នាក់ ដែលចូលរួមក្នុងគម្រោងនេះដោយផ្ទាល់។ អ្នកនាំពាក្យ FBI បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិកូរ៉េខាងជើង បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុននានា នៅទូទាំងសហរដ្ឋអាមេរិក និងនៅក្នុងប្រទេសមួយចំនួនទៀត។

លោក Biden និយាយថា អាមេរិក នឹងមិនបណ្ដោយឲ្យក្រុមភេរវករហាម៉ាស និងលោក Putin ឈ្នះជាដាច់ខាត

2023/10/20 07:28:13 pm        246
លោកប្រធានាធិបតី Joe Biden បានថ្លែងសុន្ទរកថាទៅកាន់ប្រជាជាតិ ដើម្បីបកស្រាយពីមូលហេតុ ដែលអ៊ីស្រាអែល និងអ៊ុយក្រែន ត្រូវការកញ្ចប់ជំនួយគាំទ្រផ្នែកសេដ្ឋកិច្ចដ៏ចាំបាច់ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិក។ លោកប្រធានាធិបតី បានស្នើ សភា អនុម័តកញ្ចប់ថវិកាប្រហែល ១៤ពាន់លានដុល្លារអាមេរិក សម្រាប់អ៊ីស្រាអែល និង ៦០ពាន់លានដុល្លារអាមេរិកផ្សេងទៀតសម្រាប់អ៊ុយក្រែន ដើម្បីជួយដល់ប្រទេសទាំង២ ទប់ទល់នឹងសង្គ្រាមដែលនៅតែបន្ត ។ សុន្ទរកថារបស់លោក Biden កើតឡើងបន្ទាប់ពីការវិលត្រឡប់មកពីដំណើរទស្សនកិច្ចទៅកាន់អ៊ីស្រាអែលដើម្បីបង្ហាញសាមគ្គីភាពជាមួយសម្ព័ន្ធមិត្ត។ក្នុងសុន្ទរកថារបស់លោក លោកប្រធានាធិបតីរូបនេះ បានភ្ជាប់ទៅនឹងជម្លោះក្នុងប្រទេសទាំង២ និងនិយាយថា ក្រុមហាម៉ាស និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin តំណាងឲ្យការគំរាមកំហែងតាមប្រភេទផ្សេងៗគ្នា ប៉ុន្តែពួកគេសុទ្ធតែជាប្រភពនៃការគំរាមដូចគ្នា។ លោកថា យើងមិនអាចបណ្ដោយឲ្យនយោបាយពោពេញដោយកំហឹង រារាំងដល់ការទទួលខុសត្រូវរបស់យើង ក្នុងនាមជាប្រទេសដ៏អស្ចារ្យនោះឡើយ ។ យើងមិនអាច ហើយក៏មិនបណ្ដោយឲ្យក្រុមភេរវករដូចជា ក្រុមហាម៉ាស និង របបព្រៃផ្សៃដូចជាលោក Putin ឈ្នះឡើយ ។ លោកនឹងមិនឲ្យមានរឿងបែបនោះកើតឡើងជាដាច់ខាត។ លោក Biden បានគូសបញ្ជាក់ថា ជំនួយទៅកាន់អ៊ីស្រាអែល នឹងជួយសម្រួចសមត្ថភាពយោធារបស់អ៊ីស្រាអែល កាន់តែខ្លាំង និងបំពេញថ្មសម្រាប់ប្រព័ន្ធការពារដែនអាកាស Iron Dome៕

យានចម្លងត្រូវបានធ្វើឱ្យប្រសើរឡើង សម្រាប់បេសកកម្មបាញ់បង្ហោះយានអវកាស Shenzhou-17

2023/10/20 07:12:11 pm        194
ក្រុមវិស្វករអវកាសចិនបាននិយាយថា យានចម្លងឈ្មោះ Long March-2F របស់ប្រទេសចិន បានឆ្លងកាត់ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកទេសជាច្រើន ដើម្បីបង្កើនសុវត្ថិភាព និងភាពជឿជាក់របស់ខ្លួន នៅក្នុងបេសកកម្មបាញ់បង្ហោះយានអវកាស ស៊ិនចូវ-១៧ (Shenzhou-17)។ ទីភ្នាក់ងារអវកាសចិន (CMSA) បាននិយាយថា ការរួមបញ្ចូលគ្នានៃយានអវកាស ស៊ិនចូវ-១៧ និងយានចម្លង Long March-2F ត្រូវបានដឹកជញ្ជូនទៅកាន់មជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវឈាន (Jiuquan) នៅភាគពាយ័ព្យប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ហើយយានអវកាសនេះ នឹងត្រូវបានបាញ់បង្ហោះក្នុងពេលដ៏សមស្របមួយនៅពេលខាងមុខ។លោក ស៊ី យ៉ាវឈីញ (Shi Yaoqxin) វិស្វករនៃក្រុមបាញ់បង្ហោះរ៉ូកែត បាននិយាយថា ដោយផ្អែកលើបទពិសោធន៍នៃការបាញ់បង្ហោះមុនៗ រ៉ូកែត Long March-2F នេះ ត្រូវបានធ្វើឱ្យប្រសើរឡើង និងពិនិត្យបច្ចេកទេសយ៉ាងទូលំទូលាយសម្រាប់បេសកកម្មនេះ។ គ្រឿងបរិក្ខារ និងឧបករណ៍ នៅទីតាំងបាញ់បង្ហោះគឺស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយការត្រួតពិនិត្យមុខងារមុនការបាញ់បង្ហោះផ្សេងៗ និងការធ្វើតេស្តរួមគ្នា នឹងត្រូវបានអនុវត្តតាមការគ្រោងទុកផងដែរ៕

អ្នកគាំទ្រប៉ាឡេស្ទីននៅប្រទេសបារាំង និងអាល្លឺម៉ង់ និយាយថា ខ្លួនពិបាកក្នុងការបញ្ចេញមតិ

2023/10/20 06:55:43 pm        184
ខណៈដែលមនុស្សរាប់ម៉ឺននាក់ បានចេញតវ៉ាជុំវិញពិភពលោក កាលពីថ្ងៃទី១៣ ខែតុលា ដើម្បីគាំទ្រប៉ាឡេស្ទីន ការតវ៉ាបែបនោះទាំងអស់នៅក្នុងប្រទេសអាល្លឺម៉ង់ និងបារាំង ត្រូវបានហាមឃាត់។ ប្រទេសទាំងពីរ ដែលមានសហគមន៍ជ្វីហ្វ និងមូស្លីមដ៏ធំបំផុតរបស់សហភាពអឺរ៉ុប បានបង្ក្រាបក្រុមគាំទ្រប៉ាឡេស្ទីន ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារនៅព្រំដែនពីតំបន់ហ្កាហ្សា និងបានសម្លាប់ជនជាតិអ៊ីស្រាអែលជាង ១.៤០០នាក់ កាលពីថ្ងៃទី៧ ខែតុលា មក។រដ្ឋាភិបាលប្រទេសទាំងពីរនិយាយថា ការទប់ស្កាត់នេះ គឺដើម្បីបញ្ឈប់បញ្ហាសណ្តាប់ធ្នាប់សាធារណៈ និងការពារការប្រឆាំងនឹងសាសនា ប៉ុន្តែក្រុមអ្នកគាំទ្រប៉ាឡេស្ទីននិយាយថា ពួកគេមានអារម្មណ៍ថាពិបាកក្នុងការបញ្ចេញមតិ ហើយត្រូវបានរារាំងពីការបង្ហាញជាសាធារណៈនូវការគាំទ្រ ឬការព្រួយបារម្ភ ចំពោះប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធ ហ្កាហ្សា ដែលក្រុមហាម៉ាស គ្រប់គ្រង ដោយមិនប្រថុយនឹងការចាប់ខ្លួន ការបណ្ដេញចេញពីការងារ ឬប៉ះពាល់ដល់ស្ថានភាពអន្តោប្រវេសន៍របស់ខ្លួននោះឡើយ។រដ្ឋាភិបាលបារាំង និងអាល្លឺម៉ង់ និយាយថា ពួកគេត្រូវការការពារសហគមន៍ជ្វីហ្វ ដោយសារមានកំណើនយ៉ាងខ្លាំងក្លានៃអំពើហឹង្សាប្រឆាំងសាសនា ចាប់តាំងពីការវាយប្រហារដោយក្រុមហាម៉ាស ដែលត្រូវបានចាត់ទុកថាជាក្រុមភេរវករ ដោយសហភាពអឺរ៉ុប និងប្រទេសមួយចំនួនមក។ ក្រុមសិទ្ធិមនុស្សនិយាយថា សហគមន៍ជ្វីហ្វ ត្រូវតែត្រូវបានការពារ ប៉ុន្តែពួកគេបារម្ភថា ការតវ៉ាស្របច្បាប់នានា ដែលពាក់ព័ន្ធនឹងបញ្ហាជម្លោះនេះ ត្រូវបានគេគាបសង្កត់៕

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល៖ ការវាយប្រហាររបស់ក្រុមហាម៉ាស មានគោលបំណងបង្អាក់សន្តិភាពក្នុងមជ្ឈិមបូព៌ា

2023/10/20 06:38:39 pm        148
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ថា ការវាយប្រហាររបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល គឺសំដៅលើការទប់ស្កាត់ការពង្រីកសន្តិភាពនៅមជ្ឈិមបូព៌ា ហើយបានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ូណាក់ (Rishi Sunak) បន្តគាំទ្រការវាយលុកតំបន់ហ្កាហ្សា របស់អ៊ីស្រាអែល។លោក ស៊ូណាក់ គឺជាមេដឹកនាំលោកខាងលិចចុងក្រោយបំផុត ដែលបានទៅទស្សនកិច្ចទីក្រុងហ្សេរុយសាឡឹម ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល និងព្យាយាមចរចាររកវិធីធានាការដោះលែងចំណាប់ថ្នូរ ដែលក្រុមហាម៉ាស បានចាប់ខ្លួន និងសម្រួលការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជននៅតំបន់ហ្កាហ្សា។លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា ការវាយប្រហារពីតំបន់ហ្កាហ្សា ដោយក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន ហាម៉ាស ដែលបានសម្លាប់មនុស្ស ១.៤០០នាក់ ក្នុងប្រទេសអ៊ីស្រាអែល គឺដើម្បីបង្អាក់ការប៉ុនប៉ងបង្កើតសន្តិភាពកាន់តែទូលំទូលាយនៅក្នុងតំបន់។ លោក ណេតាន់យ៉ាហ៊ូ បានប្រាប់លោក ស៊ូណាក់ នៅឯកិច្ចប្រជុំរបស់ពួកគេក្នុងទីក្រុងហ្សេរុយសាឡឹម ថា «យើងកំពុងស្ថិតនៅលើចំណុចកំពូលនៃការពង្រីកសន្តិភាព ហើយការបំផ្លាញចោលនូវកិច្ចខិតខំប្រឹងប្រែងនោះ គឺជាហេតុផលមួយ ដែលធ្វើឱ្យមានសោកនាដកម្មសង្រ្គាមនេះកើតឡើង»៕

WHO៖ ជំនួយផ្នែកវេជ្ជសាស្រ្ដបានផ្ទុក និងត្រៀមរួចរាល់ហើយសម្រាប់ចូលទៅក្នុងតំបន់ហ្កាហ្សា

2023/10/20 06:34:53 pm        101
អង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១៩ តុលា) ថា រថយន្តដឹកទំនិញចំនួន ៥គ្រឿង បានត្រៀមរួចរាល់នៅព្រំដែនរវាងតំបន់ហ្កាហ្សា និងប្រទេសអេហ្ស៊ីប ដោយស្របតាមការប្រកាសរបស់អ៊ីស្រាអែលថា ខ្លួននឹងមិនរារាំងជំនួយចូលទៅក្នុងទឹកដីប៉ាឡេស្ទីនឡើយ។អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា «រថយន្តដឹកទំនិញរបស់យើងត្រូវបានផ្ទុក និងត្រៀមរួចរាល់ហើយ» ដោយលោកសង្ឃឹមថា ការផ្គត់ផ្គង់នេះនឹងត្រូវបានបញ្ជូនឱ្យបានឆាប់ នៅពេលដែលការឆ្លងកាត់តាមច្រកព្រំដែនរ៉ាហ្វាហ្វ (Rafah) បានបើក ដែល «ច្រកនេះអាចនឹងបើកនៅថ្ងៃសុក្រ (២០ តុលា) នេះ ហើយរថយន្តជំនួយរាប់រយគ្រឿងទៀត នឹងទៅជាបន្តបន្ទាប់ទៀត»។ការដឹកជញ្ជូនជំនួយ ត្រូវបានកំណត់ថាជារឿងទីមួយដែលត្រូវធ្វើ បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងដាក់ «ការបិទផ្លូវទាំងស្រុង» លើតំបន់ហ្កាហ្សា ស្ទ្រីប ដ៏តូចចង្អៀត ដែលជាជម្រកសម្រាប់មនុស្ស ២,៣លាននាក់ ដោយកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី ព្រមទាំងបញ្ឈប់លំហូរនៃអាហារ និងឥន្ធនៈ ជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏បង្ហូរឈាមពីក្រុមហាម៉ាស លើទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់ WHO លោក Mike Ryan បាននិយាយថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ នឹងធ្វើគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន រួមជាមួយនឹងក្រុមសង្គមកិច្ចអេហ្ស៊ីប និងអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន ដើម្បីធានាថា ជំនួយបញ្ជូនទៅដល់អ្នកដែលត្រូវការនៅក្នុងតំបន់ហ្កាហ្សា ជាជាងការបង្វែរទិសដៅ។ ការផ្គត់ផ្គង់របស់អង្គការសុខភាពពិភពលោកនេះ គឺជាផ្នែកមួយនៃក្បួនរថយន្តដែលរំពឹងទុក សម្រាប់រថយន្តដឹកទំនិញចំនួន ២០គ្រឿងចូលទៅក្នុងតំបន់ហ្កាហ្សា៕

កាណាដាដកមន្ត្រីការទូត៤១នាក់ ចេញពីប្រទេសឥណ្ឌា ខណៈជម្លោះកើនឡើង ជុំវិញការសម្លាប់អ្នកផ្តាច់ខ្លួន

2023/10/20 06:28:29 pm        177
ប្រទេសកាណាដា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានដកមន្ត្រីការទូតចំនួន ៤១នាក់ ចេញពីប្រទេសឥណ្ឌា ជាលទ្ធផលបណ្តាលមកពីជម្លោះដ៏ជូរចត់ជុំវិញការសម្លាប់អ្នកផ្តាច់ខ្លួនសាសនាស៊ីក(Sikh) នៅលើទឹកដីប្រទេសកាណាដា។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បាននិយាយថា ទីក្រុងញូវដេលី មានផែនការដកអភ័យឯកសិទ្ធិការទូតសម្រាប់អ្នកការទូតទាំងអស់ លើកលែងតែអ្នកការទូតចំនួន ២១ នាក់ និងគ្រួសាររបស់ពួកគេនៅថ្ងៃសុក្រនេះ ដោយបង្ខំឱ្យទីក្រុង Ottawa ដកមន្ត្រីការទូតផ្សេងទៀតចេញ។ លោកស្រី Joly បាននិយាយបន្ថែមថា យើងបានសម្របសម្រួលការចាកចេញដោយសុវត្ថិភាពរបស់ពួកគេពីប្រទេសឥណ្ឌា។ នេះមានន័យថា មន្ត្រីការទូតរបស់យើង និងក្រុមគ្រួសាររបស់ពួកគេបានចាកចេញនៅពេលនេះ។ ទំនាក់ទំនងរវាងប្រទេសឥណ្ឌា និងកាណាដា បានធ្លាក់ចុះ ចាប់តាំងពីនាយករដ្ឋមន្ត្រីលោក Justin Trudeau កាលពីខែមុនបានដាក់ការជាប់ទាក់ទងជាសាធារណៈនូវចារកម្មរបស់ឥណ្ឌាចំពោះការសម្លាប់ពលរដ្ឋកាណាដា លោក Hardeep Singh Nijjar ដែលទីក្រុងញូវឌេលី បានបដិសេធ។ លោក Nijjar ជាអ្នកតស៊ូមតិសម្រាប់រដ្ឋកាន់សាសនាស៊ីក(Sikh) ដែលផ្តាច់ខ្លួន ចេញពីប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរប្រទេសឥណ្ឌាតាមចាប់ខ្លួន ដោយចោទប្រកាន់ពីបទភេរវកម្ម និងការសមគំនិតក្នុងអំពើឃាតកម្ម។លោកស្រី Joly បាននិយាយថា ការដកអភ័យឯកសិទ្ធិការទូតរបស់អ្នកការទូតចំនួន៤១ នាក់ មិនត្រឹមតែពុំធ្លាប់មានពីមុនមកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ទុយទៅនឹងច្បាប់អន្តរជាតិផងដែរ ហើយប្រទេសកាណាដា ពុំមានផែនការសងសឹកក្នុងករណីបែបនេះទេ ដើម្បីកុំឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត។ លោកស្រី បាននិយាយថា ប្រទេសកាណាដា នឹងបន្តការពារច្បាប់អន្តរជាតិ ដែលអនុវត្តចំពោះប្រទេសទាំងអស់ នឹងបន្តមានទំនាក់ទំនងជាមួយប្រទេសឥណ្ឌា។

រោងចក្រសហគ្រាសចំនួន១៧ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះ៤បានផ្អាកបណ្ដោះអាសន្ន

2023/10/20 06:14:19 pm        580
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដោយសារប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងធ្វើឲ្យតំបន់មួយចំនួន ​ជាពិសេសនៅរាជធានីភ្នំពេញ ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ បានរងការជន់លិចដោយជំនន់ទឹកភ្លៀង ធ្វើឲ្យប៉ះពាល់ដល់រោងចក្រ សហគ្រាសចំនួន ១៧ បណ្តាលប៉ះពាល់កម្មករនិយជិតចំនួន ៧ ៧២០នាក់។យោងតាមរបាយការណ៍រោងចក្រ សហគ្រាសដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​នៅ​តាមរាជធានី-ខេត្ត បានបង្ហាញឲ្យដឹងថា ​ជំនន់ទឹកភ្លៀង​បានបណ្តាលឲ្យរោងចក្រសហគ្រាស​ចំនួន១៧ រងការជន់លិច ក្នុងនរួមមាននៅរាជធានីភ្នំពេញ ​ប៉ះពាល់កម្មករចំនួន ​២ ២១២នាក់, ខេត្តកំពង់ស្ពឺ ប៉ះពាល់កម្មករចំនួន ៤ ៧៤៧នាក់, និងខេត្តតាកែវ ប៉ះពាល់កម្មករចំនួន ៧៦១នាក់។ឯកឧត្តម កត្តា អ៊ន ​រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មាន​ប្រសាសន៍ប្រាប់ទូរទស្សន៍ប៊ីធីវីថា ក្នុងចំណោមរោងចក្រដែលរងផលប៉ះពាល់ទាំង ១៧ ខាងលើក្នុងនោះចំនួន ១៣ ជំនន់ទឹកភ្លៀងបានលិចផ្លូវបរិវេណជុំវិញរោងចក្រ ប៉ុន្តែមិន​ប៉ះពាល់ដល់អគារផលិតផ្សេងៗនោះទេដោយរោងចក្រទាំងនោះបើកដំណើរការជាធម្មតា។ ឯកឧត្តម បានបន្តថា ​ចំពោះរោងចក្រចំនួន ៤ផ្សេងទៀត គឺជំនន់ទឹកភ្លៀងបានហូរចូលទៅដល់​អគារផលិត ​ដែលធ្វើឲ្យម្ចាស់រោងចក្រ​ ធ្វើការផ្អាកដំណើរការការងារសិន ហើយប្រសិនបើប៉ុន្មាន​ថ្ងៃទៀតនេះ ភ្លៀងមិនបន្តទេ រោងចក្រទាំង៤នេះ​ នឹងត្រឡប់ចូលធ្វើការធម្មតាវិញ រវាងថ្ងៃទី២០ និង២៣ ខែតុលានេះ។ពាក់ព័ន្ធករណីខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការ ​បានបញ្ជាក់បន្ថែមថា ទាំងនិយោជក និងកម្មករនិយោជិតទាំងអស់ ក្នុងករណីមានការចាំបាច់​ ឬករណីមានអាសន្ន ត្រូវមានការទាក់ទង​តាមប្រព័ន្ធ Hotline លេខ ១២៩៧ ឬតាមរយៈតេឡេក្រាមសម្រាប់និយោជក និងតាមរយៈកម្មករ​និយោជិត ដើម្បីឲ្យអាជ្ញាពាក់ព័ន្ធ ​ក៏ដូចជាក្រសួង ​មានអន្តរាគមន៍ទាន់ពេលវេលា ដើម្បីធានា​សុវត្ថិភាព​ជូនកម្មករនិយោជិត ​និងនិយោជក ​ក្នុងអំឡុងពេលមានទឹកជំនន់ភ្លៀងនេះ៕អត្ថបទ៖​ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក XI ៖ ចិនកំពុងស្វែងរកការពង្រឹងសាមគ្គីភាព និងឯករាជ្យភាពរបស់ប្រទេសនៅតំបន់សកលខាងត្បូង
09/13/2026 04:09 PM
ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តការលេងកីឡា ដល់កុមារ និងយុវជននៅភូមិរង់ចាំ
09/13/2026 04:09 PM
ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារ នាំយកអំណោយពីសប្បុរសជន ជូនពលរដ្ឋ ភូមរង់ចាំ
09/13/2026 04:09 PM
មនុស្សរាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងនឹងដំណើរទស្សនកិច្ចរបស់លោក TRUMP ទៅកាន់ប្រទេសអៀរឡង់
09/13/2026 03:09 PM
កងកម្លាំងរដ្ឋាភិបាលយេម៉ែនអះអាងថា បានបំផ្លាញគ្រឿងយុទ្ធោបករណ៍របស់ក្រុមហ៊ូទីនៅក្បែរទីក្រុង Mocha
09/13/2026 02:09 PM
ឥណ្ឌូនេស៊ីកំពុងស្វែងរកនាវាដែលដឹកមនុស្សយ៉ាងតិច ២៤០នាក់ បន្ទាប់ពីនាវានេះបានបាត់ទំនាក់ទំនង
09/13/2026 01:09 PM
ក្រុមហ៊ូទីអះអាងថា អារ៉ាប៊ីសាអ៊ូឌីតបានបើកការវាយប្រហារទូទាំងយេម៉ែន ១២៩លើក ក្នុងរយៈពេល ៤៨ម៉ោង
09/13/2026 01:09 PM
កងទ័ពយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីតបញ្ចេញវីដេអូបង្ហាញពីការវាយប្រហារលើកងកម្លាំងហ៊ូទី
09/13/2026 01:09 PM
រដ្ឋមន្ត្រីសុខាភិបាល ធ្វើមាតុភូមិនិវត្តន៍បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៧
09/13/2026 12:09 PM
កម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
09/13/2026 12:09 PM