ឯកអគ្គរដ្ឋទូតតែងតាំងថ្មីអាល្លឺម៉ង់កម្ពុជាប្ដេជ្ញាខិតខំលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ឲ្យកាន់តែរឹងមាំបន្ថែមទៀត
កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រេសិតពិសេសសហរដ្ឋអាមេរិក សន្យាឆ្លើយតបចំពោះអំពើឃោឃៅនៅក្នុងប្រទេសស៊ូដង់

2023/09/08 08:16:53 pm        463
លោកស្រី Linda Thomas-Greenfield គឺជាប្រេសិតពិសេសសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ(UN)បាននិយាយថា សហរដ្ឋអាមេរិក នឹងធ្វើអ្វីៗគ្រប់បែបយ៉ាងនៅក្នុងអំណាចរបស់ពួកយើង ដើម្បីការពារ និងឆ្លើយតបចំពោះអំពើឃោឃៅទ្រង់ទ្រាយធំនៅក្នុងសង្រ្គាមស៊ូដង់ ។ លោកស្រី Lindaបានផ្តល់សេចក្តីអធិប្បាយបែបនេះ នៅទីក្រុងព្រំដែនប្រទេសឆាដ ស្របពេលដែលលោកស្រីជួបជាមួយជនភៀសខ្លួនស៊ីដង់ ដែលរត់ភៀសខ្លួនពីអំពើហិង្សាផ្លូវភេទ និងជនជាតិភាគតិច ។ លោកស្រីនិយាយថា លោកស្រីត្រូវតែប្រាប់អ្នករាល់គ្នាថា លោកស្រីពិតជារន្ធត់ចិត្តខ្លាំងណាស់ចំពោះអំពើឃោឃៅដែលប្រជាពលរដ្ឋស៊ូដង់ទទួលរង ។ លោកស្រីបន្តថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយ ១៦៣លានដុល្លារបន្ថែមទៀត និងជំរុញឲ្យប្រទេសដទៃ បង្កើនជំនួយរបស់ពួកគេដូចគ្នា ។ គួរឲ្យដឹងថា សង្រ្គាមស៊ូដង់ បានផ្ទុះឡើងកាលពីខែមេសាកន្លងទៅ រវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ក្រោយពីមានភាពចម្រូងចម្រាស់ពាក់ព័ន្ធនឹងការផ្លាស់ប្តូរទៅកាន់ការគ្រប់គ្រងស៊ីវិលវិញ ។ អង្គការសហប្រជាជាតិ(U.N) បានប៉ាន់ស្មានថា មនុស្សប្រហែល ៣០ម៉ឺននាក់ ត្រូវបានសម្លាប់នៅតំបន់ Darfurអំឡុងអំពើឃោឃៅកាលពីដើមទសវត្សរ៍ឆ្នាំ ២០០០ ពេលដែលក្រុមជីវពល Janjaweed ជួយកងទ័ពស៊ូដង់កម្ទេចក្រុមបះបោរដែលមែនជាជាអារ៉ាប់ ។ U.N និយាយថា ជនភៀសខ្លួនប្រហែល ៣៨ម៉ឺននាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសឆាដ ក្នុងនោះមនុស្សរាប់ម៉ឺននាក់ផ្សេងទៀត បានរត់ភៀសខ្លួនទៅកាន់សាធារណរដ្ឋអាហ្វ្រិកកណ្តាល អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងកាលពីខែមេសា ៕

អាមេរិក និងសហភាពអឺរ៉ុបរិះគន់ការអធិប្បាយបស់ប្រធានាធិបតីប៉ាឡេស្ទីនស្តីពីវិនាសកម្មនៃការសម្លាប់រង្គាល

2023/09/08 07:03:16 pm        475
អាមេរិក៖ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU )កាលពីថ្ងៃព្រហស្បតិ៍ បានរិះគន់ការអធិប្បាយអំពីការធ្វើទុក្ខបុកម្នេញនិងការរើសអើងចំពោះជនជាតិជ្វីហ្វនៃសង្រ្គាមលោកលើកទី២ដោយប្រធានាធិបតីប៉ាឡេស្ទីន លោក ម៉ាខ្មូដ អាបាស (Mahmoud Abbas)។នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេវាការទូតរបស់ EU បាននិយាយថា ការថ្លែងសន្ទរកថារបស់លោកអាបាស មានវ័យ៨៧ឆ្នាំ ដែលបានធ្វើឡើងនៅចុងខែសីហាទៅកាន់កិច្ចប្រជុំនៃក្រុមប្រឹក្សាបដិវត្តន៍របស់ចលនា Fatah របស់លោកគឺ «មិនពិត និងជាការយល់ច្រឡំដ៏ធ្ងន់ធ្ងរ» ។លោកស្រី Deborah Lipstadt បេសកជនពិសេសរបស់សហរដ្ឋអាមេរិក ដែលតាមដាន និងប្រយុទ្ធប្រឆាំងនឹងការរើសអើសចំពោះជនជាតិជ្វីហ្វ បានអំពាវនាវឲ្យមានការសូមអភ័យទោសជាបន្ទាន់ចំពោះអ្វីដែលលោកស្រីបានហៅការអធិប្បាយរបស់លោកអាបាសថា ដ៏គួរឲ្យស្អប់ខ្ពើម និងរើសអើងប្រកាន់ពូជាសាសន៍។ពុំមិនច្បាស់ទេថាតើហេតុអ្វីបានជាអ្នកការទូតចេញសេចក្តីថ្លែងការណ៍ស្តីពីការអធិប្បាយនេះ កាលពីថ្ងៃព្រហស្បតិ៍ រយៈពេលពីរសប្តាហ៍ បន្ទាប់ពីលោកអាបាស បានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហានោះទេ៕

ដំណាក់កាលទី១ នៃការបញ្ចេញទឹកសំណល់ពីរោងចក្រ Fukushima នឹងបញ្ចប់នៅថ្ងៃចន្ទ

2023/09/08 07:01:25 pm        474
ជប៉ុន៖ ប្រតិបត្តិកររោងចក្រនុយក្លេអ៊ែរជប៉ុន ដែលលែងដំណើរការនោះ បាននិយាយថា ដំណាក់កាលទី១ នៃការបញ្ចេញទឹកសំណល់ដែលបានធ្វើប្រព្រឹត្តិកម្មរួចពីរោងចក្រ Fukushima ដែលបានធ្វើឲ្យប្រទេសចិនផ្ទុះកំហឹងនឹងបញ្ចប់នៅថ្ងៃចន្ទទី១១ ខែកញ្ញា ខាងមុខនេះតាមផែនការ។ យោងតាមសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ក្រុមហ៊ុន TEPCO បាននិយាយថាកម្រិតសារធាតុទ្រីចូមនៃវិទ្យុសកម្ម ក្នុងគំរូទឹកសមុទ្រដែលត្រូវបានធ្វើតេស្តនៅជិតរោងចក្រនៅប្រទេសជប៉ុនភាគឦសាន ស្ថិតក្នុងការកំណត់សុវត្ថិភាព។ប្រទេសជប៉ុន បានចាប់ផ្តើមបញ្ចេញទឹកសំណល់កាលពីថ្ងៃទី២៤ខែសីហា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានចំនួនប្រមាណ ១.៣៤លានតោន ដែលបានប្រមូលចាប់តាំងពីរលកយក្សស៊ូណាមិធ្វើឲ្យរោងចក្រលែងដំណើរការនៅក្នុងឆ្នំា២០១១។ ប្រទេសជប៉ុន បានទទូចថាការបញ្ចេញទឹកសំណល់នេះ គឺមានសុវត្ថិភាព ជាការពិនិត្យត្រូវបានគាំទ្រដោយទីភ្នាក់ងារអាតូមិកអង្គការសហប្រជាជាតិ ប៉ុន្តែប្រទេសចិនបានដាក់បម្រាមលើការនាំចូលអាហារសមុទ្រទាំងអស់ពីប្រទេសជិតខាងខ្លួន ដោយចោទប្រកាន់ប្រទេសជប៉ុនថា កំពុងប្រព្រឹត្តទៅលើសមុទ្រដូចជាលូរបង្ហូរទឹកកខ្វក់។ ការប្រកាសពីការបញ្ចប់ដំណាក់កាលទី១នៃការបញ្ចេញទឹកសំណល់ចំនួន ៧.៨០០តោន នៅថ្ងៃទី១១ ខែកញ្ញា ក្រុមហ៊ុន TEPCO ពុំបានផ្តល់កាលបរិច្ឆេទសម្រាប់ការចាប់ផ្តើមការបញ្ចេញទឹកសំណល់ជាលើកទី២នោះទេ។បន្ទាប់ពីការបញ្ចប់ការបញ្ចេញទឹកសំណល់លើកទី១ យើងនឹងពិនិត្យការពង្រាវទឹក ទីតាំងបញ្ចេញទឹក និងពិនិត្យឡើងវិញកំណត់ត្រាប្រតិបត្តិការពីការបញ្ចេញទឹកសំណល់លើកទី១៕

សាលារៀន រថភ្លើងក្រោមដី ត្រូវបានរំខានខណៈព្យុះបានវាយបោកបក់ភាគខាងត្បូងប្រទេសចិន

2023/09/08 06:59:14 pm        420
ចិន៖ សាលារៀនទាំងអស់ ស្ថានីយ៍រថភ្លើងក្រោមដីនិងការិយាល័យមួយចំនួន នៅទីក្រុង Shenzhen ប្រទេសចិនភាគខាងត្បូងត្រូវបានបិទនៅថ្ងៃសុក្រ ទី៨ ខែកញ្ញានេះ ខណៈពពកព្យុះចុងក្រោយពីព្យុះទីហ្វុង Haikui បានវាយបោកបក់នាំមកនូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រវត្តិសាស្ត្រសម្រាប់ថ្ងៃទី៤។ រដ្ឋបាលឧត្តុនិយមប្រទេសចិន បាននិយាយថាភ្លៀងធ្លាក់ខ្លាំង នឹងបន្តធ្លាក់រហូតដល់ព្រឹកថ្ងៃសៅរ៍នៅតំបន់ភាគកណ្តាល និងភាគនិរតីខេត្តក្ខាងទុង(Guangdong) ខេត្ត Shenzhen និងខេត្តមួយក្នុងចំណោមខេត្តដែលសំបូរធនធានបំផុតរបស់ប្រទេសចិន។វីដេអូពីសារព័ត៌មានរដ្ឋស៊ីនហួ បានបង្ហាញពលរដ្ឋបានទៅកាន់ទីសុវត្ថិភាពដើរកាត់ទឹកយ៉ាងប្រុងប្រយ័ត្នឆ្លងកាត់ទឹកជំនន់ជម្រៅត្រឹមជង្គង់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ក្នុងខេត្ត Shenzhen ជាទីប្រជុំជនមានពលរដ្ឋ១៧,៧ លាននាក់។ភ្លៀងធ្លាក់មានកម្រិត៤៦៥,៥ មីលីម៉ែត្រ បានធ្លាក់នៅក្នុងខេត្ត Shenzhen អំឡុងពេលជាង១២ម៉ោង ជាកម្រិតខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅក្នុងឆ្នាំ ១៩៥២។ ព្យុះទីហ្វុង Haikui បានបោកបក់ដល់ដីគោក នៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍កាលពីថ្ងៃអង្គារ បានបណ្តាលឲ្យខាតបង់សេដ្ឋកិច្ចប្រមាណ៦៩១លានដុល្លារ មុនពេលព្យុះនេះបក់ឆ្ពោះទៅកាន់ខេត្តក្វាងទុង(Guangdong) កាលពីថ្ងៃព្រហស្បតិ៍។ ការិយាល័យតាមដានរបស់ខេត្ត Shenzhen បានចេញការព្រមានបន្ទាន់ ដោយណែនាំដល់ពលរដ្ឋឲ្យស្នាក់នៅក្នុងផ្ទះ និងព្រមានពីភ្លៀងធ្លាក់ខ្លាំងភ្លាមៗ។ ស្រុកជាច្រើនក្នុងខេត្ត Shenzhen មួយចំនួន បានបិទការិយាល័យ ខណៈសាលារៀនទាំងអស់ត្រូវបានផ្អាក ហើយស្ថានីយ៍រថភ្លើងក្រោមដីជាច្រើនកន្លែង បានបញ្ឈប់ប្រតិបត្តិការ។

តើប្រទេសឥណ្ឌា ប្តូរឈ្មោះទៅជាបារ៉ាត់ (Bharat) មែនឬទេ?

2023/09/08 06:56:56 pm        447
ឥណ្ឌា៖ លិខិតអញ្ជើញដែលផ្ញើដោយប្រធានាធិបតីឥណ្ឌា លោកស្រី Droupadi Murmu ដោយហៅខ្លួនឯងថា «ប្រធានាធិបតីបារ៉ាត់ (Bharat)» សម្រាប់អាហារពេលល្ងាចនៅខាងក្រៅវេទិកាកិច្ចប្រជុំ G20 បានធ្វើឱ្យមានការរំពឹងទុកថា រដ្ឋាភិបាលឥណ្ឌាប្រហែលជានឹងផ្លាស់ប្តូរឈ្មោះរបស់ប្រទេសនេះ។តាមធម្មតា លិខិតអញ្ជើញដែលចេញដោយស្ថាប័នធម្មនុញ្ញរបស់ឥណ្ឌា តែងតែលើកឡើងពីឈ្មោះឥណ្ឌា នៅពេលដែលអត្ថបទជាភាសាអង់គ្លេស ហើយឈ្មោះថាបារ៉ាត់ (Bharat) នៅពេលអត្ថបទជាភាសាហិណ្ឌី។ ទោះយ៉ាងណាក៏ដោយ លិខិតអញ្ជើញ ដែលសរសេរជាភាសាអង់គ្លេស សម្រាប់អាហារពេលល្ងាចក្រៅវេទិកាកិច្ចប្រជុំ G20 នោះ បានហៅថាលោកស្រី Murmu ថាជាប្រធានរបស់បារ៉ាត់ (Bharat)។ដោយសារមនោគមវិជ្ជាជាតិនិយមហិណ្ឌូ នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi និងការជំរុញឱ្យមានការបង្កើនការប្រើប្រាស់ភាសាហិណ្ឌីនោះ ក្រុមអ្នករិះគន់បានឆ្លើយតបទៅនឹងការប្រើប្រាស់ឈ្មោះបារ៉ាត់ (Bharat) នៅក្នុងការអញ្ជើញនោះ ដោយបង្ហាញថារដ្ឋាភិបាលកំពុងជំរុញឱ្យប្តូរឈ្មោះប្រទេសនេះជាផ្លូវការហើយ។ជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋាភិបាលគណបក្សជាតិនិយម Bharatiya Janata Party (BJP) របស់លោកនាយករដ្ឋមន្ត្រី Modi បាននិងកំពុងផ្លាស់ប្តូរឈ្មោះអាណានិគមនៃតំបន់ និងទីក្រុងនានា ដែលអះអាងថាដើម្បីជួយប្រទេសឥណ្ឌា ឱ្យឆ្លងផុតអតីតកាលនៃអ្វីដែលខ្លួនហៅថា ជាផ្នត់គំនិតនៃរបបទាសភាពនោះ៕

ក្ដីបារម្ភកើនឡើងកាន់តែខ្លាំងខណៈមនុស្សរាប់សិបនាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នារបស់កងជីវពល SDF នៅស៊ីរី

2023/09/08 06:54:55 pm        102
ស៊ីរី៖ ការប្រយុទ្ធគ្នានៅតែបន្តដែលបានផ្ទុះឡើងរវាងកងជីវពលកុលសម្ព័ន្ធអារ៉ាប់ និងសមាជិកនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយក្រុមជនជាតិឃឺដនៅភាគឦសានប្រទេសស៊ីរីកាលពីសប្តាហ៍មុនបានសម្លាប់មនុស្សរាប់សិបនាក់ ខណៈមានក្ដីបារម្ភខ្លាំងពីការកើនឡើងបន្ថែមទៀត។ការប្រយុទ្ធគ្នាបានចាប់ផ្តើមនៅក្នុងផ្នែកខ្លះនៃខេត្ត ឌៀ អាហ្ស៊រ( Deir Az Zor) បន្ទាប់ពី ក្រុម SDF បានឃាត់ខ្លួនមេបញ្ជាការជាន់ខ្ពស់ អាម៉ាត់ អាល់ ខ្បេល (Ahmad al-Khbeil) ត្រូវបានគេស្គាល់ឈ្មោះថា អាប៊ូ ខាវឡា (Abu Khawla) ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ។  ការចាប់ខ្លួន អាប៊ូ ខាវឡា បានធ្វើឲ្យផ្ទុះកំហឹងដល់សមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាយោធា ឌៀ អាហ្ស៊រ ជាកងជីវពលដែលបានប្រយុទ្ធជាផ្នែកមួយនៃកងកម្លាំង SDF គាំទ្រដោយសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៦មក ក្នុងការប្រយុទ្ធអស់រយៈពេលជាច្រើនឆ្នាំរបស់ខ្លួនប្រឆាំងនឹងក្រុម ISIL (ISIS) នៅក្នុងប្រទេសស៊ីរី។ កងកម្លាំង SDF គ្រប់គ្រងតំបន់ពាក់កណ្តាលស្វយ័តមួយនៅភាគឦសានរបស់ប្រទេសស៊ីរី ដែលរួមមានផ្នែកធំនៃខេត្ត ឌៀអាហ្ស៊រ និងលាតសន្ធឹងទៅផ្នែកខ្លះនៃទីក្រុង អាឡេប៉ូ (Aleppo) នៅភាគពាយ័ព្យ។ទាំងកងកម្លាំង SDF ទាំងកងជីវពលកុលសម្ព័ន្ធ បានច្រានចោលដែល ថា ការឃុំខ្លួនលោក Abu Khawla គឺជាហេតុផលនៅពីក្រោយការកើនឡើងនៃអំពើហិង្សានេះ ។ អ្នកនាំពាក្យកងកម្លាំង SDF បានចោទប្រកាន់ទីក្រុង តេអេរ៉ង់(Tehran)និង ដាម៉ាស់ (Damascus)ថា បានបញ្ជូនកងជីវពលកុលសម្ព័ន្ធទៅបង្កការបំផ្លិចបំផ្លាញនៅភាគឦសានប្រទេសស៊ីរី ជាទីដែលភាគច្រើននៃទាហានអាមេរិកជិត ៩០០នាក់ នៅក្នុងប្រទេសនេះ កំពុងឈរជើង៕

របបសឹកហ្គាបុង បានតែងតាំងអតីតនាយករដ្ឋមន្ត្រីប្រទេសនេះជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន

2023/09/08 06:52:54 pm        74
ហ្គាបុង៖ រដ្ឋាភិបាលរបបសឹកនៃប្រទេសហ្គាបុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) ថា ខ្លួនបានតែងតាំងអតីតនាយករដ្ឋមន្ត្រី លោក Raymond Ndong Sima ជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នថ្មីរបស់ប្រទេសនេះ។ទន្ទឹមនឹងនេះ តំណាងអង្គការសហប្រជាជាតិម្នាក់បានប្រាប់មេដឹកនាំយោធានៃប្រទេសហ្គាបុងថា ស្ថាប័នអង្គការសហប្រជាជាតិបានត្រៀមខ្លួនរួចជាស្រេចដើម្បីគាំទ្រប្រទេសនេះ ខណៈដែលខ្លួនបានផ្លាស់ប្តូរទៅកាន់សណ្តាប់ធ្នាប់នៃរដ្ឋធម្មនុញ្ញ បន្ទាប់ពីរដ្ឋប្រហារដែលបានបញ្ចប់របបអត្ថាធិបតេយ្យរយៈពេល៥៦ឆ្នាំ របស់គ្រួសារលោកប្រធានាធិបតីហ្គាបុង អាលី បុងហ្គោ (Ali Bongo)។ក្រុមមន្ត្រីកងទ័ពបានដណ្តើមអំណាចកាលពីថ្ងៃទី៣០ ខែសីហា ដោយលុបចោលលទ្ធផលបោះឆ្នោត ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីការប្រកាសថាលោកប្រធានាធិបតី អាលី បុងហ្គោ បានឈ្នះឆ្នោត ដោយពួកគេនិយាយថា លទ្ធផលនោះមិនគួរឱ្យទុកចិត្តទេ។ លោក បុងហ្គោ ដែលកាន់អំណាចតាំងពីឆ្នាំ២០០៩មក បានស្នងតំណែងពីឪពុករបស់ខ្លួនឈ្មោះ អូម៉ា បុងហ្គោ (Omar Bongo) ដែលបានគ្រប់គ្រងប្រទេសនេះអស់រយៈពេល៤២ឆ្នាំ។រដ្ឋប្រហារនេះ ត្រូវបានស្វាគមន៍ជាមួយនឹងទិដ្ឋភាពនៃភាពសប្បាយរីករាយនៅក្នុងរដ្ឋធានី Libreville ហើយនៅថ្ងៃទី៤ ខែកញ្ញា ឧត្តមសេនីយ Brice Oligui Nguema (ប៊្រីស អូលីហ្គី ង្វែម៉ា) ត្រូវបានស្បថចូលកាន់តំណែងដោយចៅក្រម ជាប្រធានាធិបតីបណ្តោះអាសន្ន ដោយសន្យាថានឹងមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ប៉ុន្តែមិនបានកំណត់ពេលវេលាសម្រាប់រៀបចំការបោះឆ្នោតនេះនោះទេ៕

តុលាការកំពូលរបស់ម៉ិកស៊ិក បានផ្ដល់ភាពស្របច្បាប់ដល់ការរម្លូតកូន

2023/09/08 06:50:52 pm        71
ម៉ិកស៊ិក៖ តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក បានលុបចោលច្បាប់សហព័ន្ធដែលដាក់ទណ្ឌកម្មលើការរម្លូតកូន ដោយបង្កើនលទ្ធភាពរម្លូតកូន នៅទូទាំងប្រទេសដែលសម្បូរដោយសាសនារ៉ូម៉ាំងកាតូលិកមួយនេះ។ សេចក្តីសម្រេចកាលពីថ្ងៃពុធ (៦ កញ្ញា) បានបញ្ជាក់ឡើងវិញនូវចំណាត់ការឆ្នាំ២០២១ ដោយតុលាការកំពូលរបស់ប្រទេសម៉ិកស៊ិក ដែលបានប្រកាសទោសព្រហ្មទណ្ឌចំពោះការរម្លូតកូន ថាច្បាប់នោះគឺមិនស្របតាមរដ្ឋធម្មនុញ្ញ ប៉ុន្តែបានអនុវត្តចំពោះតែរដ្ឋភាគខាងជើង Coahuila ដែលជាប្រភពដើមនៃករណីបែបនេះប៉ុណ្ណោះ។ក្រុមអ្នកតស៊ូមតិសិទ្ធិរម្លូតកូននិយាយថា សេចក្តីសម្រេចនេះ បានបើកឳកាសសម្រាប់ប្រព័ន្ធថែទាំសុខភាពសហព័ន្ធដើម្បីចាប់ផ្តើមផ្តល់ការរម្លូតកូន ដែលអាចក្លាយជាមានសារៈសំខាន់កាន់តែខ្លាំងឡើង នៅពេលដែលម៉ិកស៊ិកកំពុងពិចារណាលើសេវាថែទាំសុខភាពជារឿងសំខាន់។ជាមួយគ្នានេះដែរ ក្រុមស្រ្តីជនជាតិម៉ិកស៊ិក បានអបអរសាទរ និងគាំទ្រចំពោះការសម្រចេនេះ ដោយសង្ឃឹមថាវាអាចនឹងជួយផ្លាស់ប្ដូរគំនិតប្រឆាំងនឹងស្រ្តីរបស់ប្រទេសនេះបាន។ចំណាត់ការរបស់តុលាការកំពូលរបស់ប្រទេសម៉ិកស៊ិកនេះ គឺផ្ទុយទៅនឹងប្រទេសជិតខាងភាគខាងជើងរបស់ខ្លួន ដែលកាលពីឆ្នាំមុនបានចាត់វិធានការក្នុងទិសដៅផ្ទុយគ្នា និងបានបំផ្លាញសិទ្ធិជាតិក្នុងការរម្លូតកូន ដែលនាំឱ្យរដ្ឋស្ទើរតែពាក់កណ្តាលនៃរដ្ឋចំនួន៥០ ក្នុងប្រទេសនោះ មានការរឹតត្បិតយ៉ាងខ្លាំងលើស្រ្តីក្នុងការទទួលបានសេវារម្លូតកូនផងដែរ៕

អ្នកជំនាញ៖ បើមិនបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីលទេ នោះកម្ដៅដ៏ខ្លាំងនឹងក្លាយជាបញ្ហាអាកាសធាតុធម្មតា

2023/09/08 06:48:44 pm        84
របាយការណ៍ចេញផ្សាយដោយមជ្ឈមណ្ឌលអាកាសធាតុ និងការសិក្សាពីចំណែកពាក់ព័ន្ធអាកាសធាតុពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ (៧ កញ្ញា) បាននិយាយថា កង្វក់បរិស្ថានដោយឧស្ម័នកាបូន បានជំរុញឲ្យកម្ដៅកើនឡើងយ៉ាងខ្លាំង ដល់មនុស្សរាប់ពាន់លាននាក់ក្នុងអំឡុងពេលរដូវក្តៅដ៏ក្តៅបំផុតរបស់ផែនដី។រយៈពេលមួយថ្ងៃបន្ទាប់ពីរដូវក្តៅឆ្នាំ២០២៣នេះ ត្រូវបានគេដាក់ឈ្មោះថា ជារដូវក្តៅបំផុតក្នុងកំណត់ត្រា អ្នកវិទ្យាសាស្ត្រអាកាសធាតុពិភពលោក លោកស្រីបណ្ឌិត Friederike Otto បាននិយាយថា របាយការណ៍បានបង្ហាញថា បញ្ហាអាកាសធាតុធ្ងន់ធ្ងរបំផុត ដែលបានឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ឥឡូវនេះបានក្លាយជា «ព្រឹត្តិការណ៍ធម្មតានៅក្នុងអាកាសធាតុបច្ចុប្បន្នរបស់យើងហើយ»។សេចក្តីព្រាងនៃគោលដៅចរចាអាកាសធាតុរបស់សហភាពអឺរ៉ុបបានបង្ហាញថា បណ្តាប្រទេសសហភាពអឺរ៉ុប កំពុងរៀបចំជំរុញឱ្យមានកិច្ចព្រមព្រៀងសកលស្តីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល នៅក្នុងកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP28 ដែលចាប់ផ្តើមនៅខែវិច្ឆិកាខាងមុខនេះ។ចំហេះព្រៃ ក៏រួមចំណែកដល់ការកើនឡើងនៃសីតុណ្ហភាពផងដែរ ហើយបើយោងតាមសេវាត្រួតពិនិត្យបរិយាកាស Copernicus របស់សហភាពអឺរ៉ុបបានឲ្យដឹងថា ចំហេះព្រៃនៅក្នុងប្រទេសកាណាដាក្នុងឆ្នាំនេះ បានបញ្ចេញឧស្ម័នកាបូនចំនួន២៩០លានតោន ដែលកើនឡើងទ្វេដងនៃកំណត់ត្រាប្រចាំឆ្នាំពីមុន ហើយការបំភាយឧស្ម័ន នឹងកើនឡើងបន្ថែមទៀត នៅពេលដែលចំហេះរាប់រយករណីនៅតែសកម្មនៅទូទាំងប្រទេសនេះ៕

មនុស្សយ៉ាងហោចណាស់៦៤នាក់ បានស្លាប់នៅក្នុងការវាយប្រហារនៅភាគឦសានប្រទេសម៉ាលី

2023/09/08 06:46:39 pm        116
ម៉ាលី៖ រដ្ឋាភិបាលបណ្តោះអាសន្នរបស់ម៉ាលីបាននិយាយថា ជនស៊ីវិលយ៉ាងហោចណាស់៤៩នាក់ និងទាហានចំនួន១៥នាក់ ត្រូវបានសម្លាប់ នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ីស្លាមបានវាយប្រហារជំរំយោធា និងទូកដឹកជនស៊ីវិលមួយគ្រឿងនៅភាគឦសានប្រទេសម៉ាលី កាលពីថ្ងៃព្រហស្បតិ៍ (៧កញ្ញា)។ រដ្ឋាភិបាលនេះបានបន្ថែមក្នុងសេចក្តីថ្លែងការណ៍មួយតាមទូរទស្សន៍ជាតិថា មនុស្សជាច្រើននាក់ទៀតបានរងរបួស ហើយចំនួនអ្នកស្លាប់នេះ គឺជាតួលេខបណ្ដោះអាសន្នប៉ុណ្ណោះ។ក្រុមបះបោរបានវាយប្រហារទូកដឹកជនស៊ីវិលឆ្លងកាត់តំបន់ទំនាបលិចទឹក ដែលខ័ណ្ឌចែកកទីក្រុង Gao និងទីក្រុង Mopti ក្នុងរដូវវស្សា ហើយក្រុមនោះក៏បានវាយប្រហារជំរំយោធានៅក្នុងតំបន់ Bourem Circle ដែលជាអនុតំបន់រងរបស់រដ្ឋបាលនៃតំបន់ Gao នៅភាគឦសាននៃប្រទេសម៉ាលី។ រដ្ឋាភិបាលបណ្តោះអាសន្នបាននិយាយថា អ្នកវាយប្រហារប្រហែល៥០នាក់ត្រូវបានសម្លាប់ នៅក្នុងប្រតិបត្តិការការឆ្លើយតប ហើយរយៈពេលបីថ្ងៃនៃការកាន់ទុក្ខថ្នាក់ជាតិត្រូវបានប្រកាស។ម៉ាលី គឺជាប្រទេសមួយក្នុងចំណោមប្រទេសអាហ្វ្រិកខាងលិចជាច្រើន ដែលកំពុងប្រយុទ្ធនឹងការបះបោរដោយហិង្សា ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម ដែលបានចាក់ឫសគល់នៅតំបន់ភាគខាងជើងដ៏ស្ងួតហួតហែងរបស់ខ្លួនក្នុងឆ្នាំ២០១២។ ការខកចិត្តពីសន្តិសុខដែលកើនឡើង បានជំរុញឱ្យមានការកាន់កាប់យោធាចំនួនពីរក្រុមនៅក្នុងប្រទេសម៉ាលី និងពីរក្រុមទៀតនៅក្នុងប្រទេសបួរគីណាហ្វាសូ ចាប់តាំងពីឆ្នាំ២០២មក ដោយនោះជារបបយោធាចំនួនបួននៃរដ្ឋប្រហារចំនួនប្រាំបី ដែលបានវាយប្រហារអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានEU នឹងបង្ហាញអាទិភាព និងចក្ខុវិស័យសម្រាប់ដោះស្រាយបញ្ហាប្រឈមនានា ក្នុងសុន្ទរកថាដ៏សំខាន់មួយ
09/16/2026 03:09 PM
កាតាព្រមានពីផលវិបាកមហន្តរាយ ប្រសិនបើច្រកសមុទ្រ Bab Al-Mandab ត្រូវបានបិទ
09/16/2026 03:09 PM
រដ្ឋបាលលោក TRUMP ដកជំនួយយោធារាប់លានដុល្លារពីពីអឺរ៉ុប និងមជ្ឈិមបូព៌ា ទៅគាំទ្រប្រទេសនៅទ្វីបអាមេរិក
09/16/2026 03:09 PM
មោទនភាពចំពោះគណៈប្រតិភូកម្ពុជា ក្នុងការ​ការពារ​ផល​ប្រយោជន៍​ជាតិ​ដោយ​សន្តិវិធី​ឈរ​លើ​គោលការណ៍​ច្បាប់​អន្តរជាតិ
09/16/2026 03:09 PM
សម្ដេច​ធិ​បតី ជំរុញឱ្យមន្ត្រីតាមបណ្ដាខណ្ឌយកគំរូតាមអភិបាលរងខណ្ឌពោធិ៍សែនជ័យ ចុះ​ប្រមូល​សំរាម​ និងរៀបហេដ្ឋារចនាសម្ព័ន្ធដែល​មិនត្រឹមត្រូវ និងអំពាវនាវ​ពលរដ្ឋ​ជួយ​ថែ​រក្សា​បរិស្ថាន
09/16/2026 03:09 PM
រយៈពេល ៨ខែ, ការដោះប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទឹកប្រាក់កើនដល់ជិត ៦ ពាន់​លាន​ដុល្លារ
09/16/2026 02:09 PM
រដ្ឋមន្ត្រីក្រសួងការងារ៖ ការវិនិយោគលើធនធានមនុស្សជំរុញឱ្យមានជំនាញ ជាកត្តាចាំបាច់សម្រាប់សេដ្ឋកិច្ច
09/16/2026 02:09 PM
កម្ពុជា​ អំពាវ​នាវ​ឱ្យសហគមន៍អន្តរជាតិ និង​ដៃគូ ផ្តល់ការគាំទ្រ​ដល់​ការ​បោសសម្អាត​គ្រាប់​បែក​ចង្កោម​ស៊េរី M​ ដែលត្រូវ​បានប្រើប្រាស់ដោយថៃ​នៅ​កម្ពុជា​
09/16/2026 02:09 PM
ក្រុមហ៊ុន Suosdey Works សហការជាមួយ ក្រុមហ៊ុន Gilbarco Veeder-Root និង ក្រុមហ៊ុន Invenco រៀបចំពិព័រណ៌បច្ចេកវិទ្យាប្រេងនិងឧស្ម័ន​លើកដំបូងនៅកម្ពុជា
09/16/2026 02:09 PM
កម្ពុជាអនុវត្តកាតព្វកិច្ចយ៉ាងខ្ជាប់ខ្ជួនតាមអនុសញ្ញាកិច្ចព្រមព្រៀងអន្តរជាតិ​ក្នុងកិច្ចការពារ​ស្រទាប់អូហ្សូន
09/16/2026 02:09 PM