ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបើកជូនពលរដ្ឋឆ្លងកាត់ចាប់ពីថ្ងៃទី១មេសា ឆ្នាំ​២០២៦​តទៅ
សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បី​សម្រេច​លើ​របៀប​វារៈចំនួន៧
បេក្ខជន និងសកម្មជនគណបក្សភ្លើងទៀនចំនួន៤នាក់នៅស្រុកកណ្តាលស្ទឹង ចូលរួម​ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា
ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងកំពង់ឆ្នាំងតម្លៃជាង ១៩លានដុល្លារ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជាផ្លូ​វការ​នៅថ្ងៃនេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រជាជនថៃ ព្រួយបារម្ភអំពីសេដ្ឋកិច្ច បន្ទាប់ពីការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី

2024/08/15 12:24:38 pm        128
ប្រជាជនរស់នៅទីក្រុងបាងកក ប្រទេសថៃ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការបណ្តេញលោកសេដ្ឋា ថាវីស៊ីន ចេញពីតំណែង ជានាយករដ្ឋមន្ត្រីថៃ ពុំមែនជារឿងដែលនឹកស្មានមិនដល់នោះទេ ប៉ុន្តែបានបង្ហាញពីការព្រួយបារម្ភ អំពីបញ្ហាសេដ្ឋកិច្ច។អ្នកស្រី Wilai ម្ចាស់ហាងសៀវភៅមានអាយុ៦០ឆ្នាំ បាននិយាយថា អ្នកស្រីគិតថា ប្រសិនបើនយោបាយនៅតែបន្តបែបនេះ សេដ្ឋកិច្ចនឹងមិនអាចដើរទៅមុខរួចនោះទេ។ប្រទេសថៃ ត្រូវបានញាំញីជាថ្មីម្តងទៀតដោយរឿងនយោបាយ ដែលមានរយៈពេលមិនដល់មួយឆ្នាំនោះទេ បន្ទាប់ពីលោក សេដ្ឋា បានឡើងកាន់តំណែង បន្ទាប់ពីការជាប់គាំងសភា ជាច្រើនសប្តាហ៍ ដោយគណបក្សភឿថៃរបស់លោក កំពុងពុះពារដើម្បីរក្សាការគ្រប់គ្រង។ម្ចាស់ហាងលក់អាហារតាមផ្លូវអាយុ ៦៥ ឆ្នាំ ម្នាក់ បាននិយាយថា អ្នកស្រី មិនភ្ញាក់ផ្អើលពេកនោះទេ ព្រោះនេះជារបៀបដែលប្រទេសថៃធ្វើ។គណបក្សភឿថៃ នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជ្រើសរើសអ្នកបន្តតំណែងជំនួសលោកសេដ្ឋា ខណៈគណបក្សកំពុងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួន មុនការបោះឆ្នោតសភាដ៏សំខាន់ សម្រាប់នាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃសុក្រ ទី១៦ ខែសីហា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋបារម្ភរឿងកិច្ចសហប្រតិបត្តិការ CLV រក្សា​ក្រមសីលធម៌​ជជែកគ្នាដោយសន្ដិវិធី

2024/08/15 12:21:27 pm        237
ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនីចំនួន១ពាន់នាក់ នៅវិទ្យាស្ថាន​ជាតិ​អប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា អំពាវនាវជាថ្មីដល់ប្រជាពលរដ្ឋ ដែលព្រួយបារម្ភលើ កិច្ចសហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) សូមរក្សានូវក្រមសីលធម៌ ជជែក​គ្នា​ដោយ​សន្ដិវិធី ហើយកុំធ្វើសកម្មភាពនាំឱ្យប៉ះពាល់ដល់សន្ដិសុខជាតិ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលស្ដាប់រាល់​កង្វល់​ទាំង​អស់​របស់​ប្រជា​ពលរដ្ឋ ពាក់ព័ន្ធនឹង កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) និងដោះស្រាយបញ្ហានោះឱ្យបាន ដូច្នេះពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នា ហើយបង​ប្អូន​បញ្ចេញ​មតិ ប៉ុន្ដែកុំធ្វើសកម្មភាពហួសព្រំដែនកំណត់។សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាការបន្ថែមនូវអត្ថប្រយោជន៍ និងទាញនូវប្រសិទ្ធភាព នៃការតភ្ជាប់​គ្នា​លើ​ការ​អភិវឌ្ឍ​ខេត្ត​ជាប់​ព្រំដែនរបស់កម្ពុជាឱ្យមានការរីកចម្រើន ដោយអនុវត្តស្របទៅតាមច្បាប់ និង​អធិបតេយ្យ​ភាព​របស់ប្រទេសនីមួយៗ៕ អត្ថបទ៖ វន ដារ៉ា

ប្រមុខរបបសឹកមីយ៉ាន់ម៉ា ជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសចិន ពីសន្តិសុខព្រំដែន

2024/08/15 11:48:38 am        107
ប្រព័ន្ធផ្សព្វផ្សាយរបស់របបសឹកបាននិយាយថា ប្រមុខរបបយោធាមីយ៉ាន់ម៉ា និងរដ្ឋមន្ត្រីការបរទេសចិន កាលពីថ្ងៃពុធ (១៣ សីហា) បានជួបពិភាក្សាអំពីសន្តិសុខនៅតាមព្រំដែនរួមគ្នារបស់ពួកគេ ដែលក្រុមប្រដាប់អាវុធជនជាតិភាគតិចបានដណ្តើមយកពីយោធាមីយ៉ាន់ម៉ា ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ប្រទេសចិន គឺជាសម្ព័ន្ធមិត្តដ៏សំខាន់ និងជាអ្នកផ្គត់ផ្គង់អាវុធដល់របបសឹក ប៉ុន្តែក្រុមអ្នកវិភាគនិយាយថាចិនក៏រក្សាទំនាក់ទំនងជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលកំពុងប្រយុទ្ធនឹងយោធានៅក្នុងរដ្ឋសាន (Shan) ភាគខាងជើងសហភាពមីយ៉ាន់ម៉ាផងដែរ។ ជំនួបនៅរដ្ឋធានីណៃពិដោ (Naypyidaw) គឺជាជំនួបលើកដំបូងរវាងលោក វ៉ាង យី (Wang Yi) និងលោក មីន អ៊ុងល៉ាំង (Min Aung Hlaing) ប្រមុខរបបសឹក ដែលបានដណ្តើមអំណាចនៅឆ្នាំ២០២១ ក្នុងរដ្ឋប្រហារ។ភាគីទាំងពីរបានពិភាក្សាអំពី «ស្ថិរភាពនៃតំបន់ព្រំដែន» នេះបើយោងតាមការលើកឡើងរបស់របបសឹកចំពោះកិច្ចប្រជុំ។ លោក Min Aung Hlaing និងលោក Wang ក៏បាន «ពិភាក្សា និងផ្លាស់ប្តូរទស្សនៈដោយបើកចំហទាក់ទងនឹងការបោះឆ្នោតសកលពហុបក្សដោយសេរី និងយុត្តិធម៌ផងដែរ»។របបសឹកបានសន្យារៀបចំការបោះឆ្នោតថ្មី ប៉ុន្តែអ្នករិះគន់និយាយថា ការបោះឆ្នោតណាមួយនឹងត្រឹមតែជារឿងបោកប្រាស់ប៉ុណ្ណោះ។ របបសឹកបានរុញច្រានពេលវេលាសម្រាប់ការបោះឆ្នោតជាច្រើនដង ហើយកាលពីឆ្នាំមុនបានហាមឃាត់គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដែលមានប្រជាប្រិយភាពយ៉ាងទូលំទូលាយរបស់លោកស្រី អ៊ុងសាន ស៊ូជី៕

សម្តេចធិបតី៖ មូលហេតុដែលបាត់បង់ទឹកដី និងអធិបតេយ្យភាពដោយសារយើងចេះតែឈ្លោះគ្នា លាបពណ៌គ្នា

2024/08/15 11:14:03 am        183
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញការ​ខ្វល់ខ្វាយ​ចំពោះ​បង​ប្អូន​ប្រជា​ពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងប្រឈមមុខដាក់គ្នា រហូតដល់ជេរគ្នា លាប​ពណ៌គ្នា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃចុងក្រោយនេះ ជុំវិញកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម ដែលហៅកាត់ថាCLV-DTA នោះ។ តែយ៉ាងណាក្តីរាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរដដែលក្នុងកិច្ចសហប្រតិបត្តិការនេះ ដើម្បី​ភាព​រីក​ចម្រើន​ខេត្ត​ទាំង​នេះឲ្យកាន់តែល្អប្រើសើរបន្ថែមទៀតទៅខាងមុខ។ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី នៅថ្ងៃទី១៥ ខែ​សីហា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងថា សម្តេចពិតជា​មាន​កង្វល់​យ៉ាង​ខ្លាំង ដោយសារតែបងប្អូនប្រជាពលរដ្ឋខ្មែរយើងមួយចំនួនមិនយោគយល់គ្នា ជេរគ្នា ដែល​កត្តា​ទាំង​នេះហើយដែលនាំឲ្យខ្មែរយើងបែកបាក់គ្នា មូលហេតុ​នេះ​ហើយ​ដែល​នាំ​ឲ្យ​យើង​បាត់​ទឹក​ដី​ដោ​​យសារតែយើងឈ្លោះ គ្នាចែកតំបន់គ្នាជាដើមនោះ។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវយ៉ាងទទួចដល់ប្អូនប្រជា ពលរដ្ឋ​ខ្មែរទាំងអស់រួមគ្នាការពារនូវឯករាជ្យភាព សាមគ្គីភាពគ្នា ដើម្បីពង្រឹងនូវ​អត្ត​សញ្ញាណ​យើង​ទាំង​អស់​គ្នា ក្នុងគោលបំណងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃនេះ ធ្វើ​យ៉ាង​ណា​កុំ​ឲ្យខ្មែរបែកបាក់គ្នាបន្តទៀត ដែលជាការនាំ​ឲ្យ​ខ្មែរ​វិល​ត្រឡប់​ទៅ​រក​អតីត​កាល​(សង្រ្គាម)​ឡើងវិញនោះ ដោយ សារតែការញុះញង់ និងការអុចអាលពីជនបរទេស និងជនមួយ​ក្តាប់​តូច​នៅក្រៅសុកនោះ។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៀតថា ការឯកភាពជាតិ ការរួមគ្នា​ពង្រឹង​អត្ត​សញ្ញាណ​ជាតិ និងថែរក្សាអ្វីដែលជាផលប្រយោជន៍ជាតិខ្មែរយើង គឺជាការចាំបាច់ ដែលខ្មែរ​គ្រប់​ជំនាន់​ត្រូវ​តែធ្វើ ត្រូវរួមគ្នាថែរក្សា សន្តិភាព ស្ថិរភាព ឯកភាពជាតិ កុំឱ្យមានការបែកបាក់ ព្រោះ​ហ្នឹង​ហើយ​ជាមូលដ្ឋាននៃការបែកបាក់។ មិនមែនបាត់តែទឹកដីទេ បាត់ទាំងមនុស្ស ស្លាប់ និង​រត់ភៀសខ្លួនទៅក្រៅប្រទេស ដោយសារសង្គ្រាម ថែមទាំងបាត់ទាំងសម្បត្តិវប្បធម៌យើងផងដែរ៕ អត្ថបទ បាន ចក់

មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស៖ក្រុមនេះនឹងមិនចូលរួមកិច្ចចរចាបទឈប់បាញ់ហ្កាហ្សានៅថ្ងៃនេះទេ

2024/08/15 11:00:12 am        119
 មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាសបានប្រាប់ទូរទស្សន៍BBC ថា ខ្លួននឹងមិនចូលរួមក្នុងកិច្ចចរចាដោយប្រយោលស្តីពីបទឈប់បាញ់នៅដែនដីហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលបន្តនៅទីក្រុងដូហាប្រទេសកាតានៅថ្ងៃព្រហស្បតិ៍នេះទេ។ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយនេះ ចង់បានផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តកិច្ចព្រមព្រៀង ហើយនឹងមិនចូលរួមក្នុងការចរចាដើម្បីជាប្រយោជន៍ដល់ការចរចាដើម្បីផ្តល់ការគ្របដណ្តប់សម្រាប់អ៊ីស្រាអែលក្នុងការបន្តសង្រ្គាមរបស់ខ្លួនឡើយ។មន្ត្រីជាន់ខ្ពស់ខាងលើបានរំលឹកឡើងវិញថា ផែនទីបង្ហាញផ្លូវគួរតែផ្អែកលើកិច្ចព្រមព្រៀងដែលបានស្នើឡើងដោយលោកប្រធានាធិបតីអាមេរិក Joe Biden កាលពីចុងខែឧសភា ហើយបានចោទប្រកាន់អ៊ីស្រាអែលថាបានបន្ថែមលក្ខខណ្ឌថ្មី ដើម្បីអូសបន្លាយសង្គ្រាម។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានបដិសេធការចោទប្រកាន់ពីសំណាក់ក្រុមហាម៉ាស ហើយបាននិយាយថាក្រុមហាម៉ាស ជាអ្នកទាមទារឲ្យមានការផ្លាស់ប្តូរលក្ខខណ្ឌថ្មី ។កិច្ចចរចានៅតែត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅទោះបីជាគ្មានក្រុមហាម៉ាសក៏ដោយ ខណៈ ក្រុមអ្នកសម្របសម្រួលរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា និយាយថាពួកគេអាចប្រើប្រាស់ លក្ខខណ្ឌនានារួមគ្នាចេញជាផែនការមួយដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់៕

បេក្ខជនសំខាន់ៗដែលនឹងដណ្ដើមតំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ក្រោយលោក Fumio Kishidaប្រកាសចាកចេញពីតំណែង

2024/08/15 10:45:50 am        113
លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា លោកនឹងចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីនៅខែក្រោយ បន្ទាប់ពីកាន់តំណែងរយៈពេល ៣ ឆ្នាំ ដែលត្រូវបានរង្គោះរង្គើរដោយរឿងអាស្រូវ និងការធ្លាក់ចុះការគាំទ្រសាធារណៈ។  មានគូរប្រជែងសំខាន់ៗជាច្រើន ដែលអាចជំនួសតំណែងលោកបាននៅពេលគណបក្សកាន់អំណាចប្រជាធិបតេយ្យសេរី (LDP) របស់លោករៀបចំការបោះឆ្នោតថ្នាក់ដឹកនាំនៅខែក្រោយ។លោកហ្ស៊ីហ្គេរូ អ៊ីហ្ស៊ីបា (SHIGERU ISHIBA) វ័យ ៦៧ឆ្នាំ ជាបេក្ខភាពបួនសម័យកាលសម្រាប់ប្រធានបក្សនិងជាអតីតរដ្ឋមន្ត្រីការពារជាតិ។ លោកនៅមិនទាន់ប្រកាសជាផ្លូវការអំពីបំណងរបស់លោកក្នុងការប្រកួតប្រជែងនាពេលខាងមុខនៅឡើយទេ។  លោក តូស៊ីមីតស៊ូ ម៉ូតេជី (TOSHIMITSU MOTEGI ) វ័យ៦៨ ដែលបច្ចុប្បន្នជាអគ្គលេខាធិការគណបក្សកាន់អំណាច LDP បានបម្រើការក្នុងជួរគណៈរដ្ឋមន្ត្រីជាច្រើនតំណែង រួមទាំងជារដ្ឋមន្ត្រីការបរទេស ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។លោកស៊ីនជីរ៉ូកូអ៊ីស៊ូមី (SHINJIRO KOIZUMI)វ័យ៤៣ឆ្នាំ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីដែលមានប្រជាប្រិយភាពលោក ជូនីជីរ៉ូ កូអ៊ីស៊ូមី (Junichiro Koizumi) ។ លោកស្រី សាណេ តាកៃជី (SANAE TAKAICHI) មានតួនាទីជារដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ច ហើយត្រូវបានគេផ្តល់កិត្តិយសសម្រាប់ការអនុម័តច្បាប់ដើម្បីបង្កើតប្រព័ន្ធបោសសម្អាតសន្តិសុខសេដ្ឋកិច្ច។    រដ្ឋមន្ត្រីផ្នែកឌីជីថល លោក តារ៉ូ កូណូ (TARO KONO) វ័យ៦៣ឆ្នាំ ក៏បានប្រជែងនឹង លោក Kishida ក្នុងការប្រកួតប្រជែងថ្នាក់ដឹកនាំបក្សចុងក្រោយផងដែរ ហើយត្រូវបានគេមើលឃើញថាជា ឈរឈ្មោះជាបេក្ខជនម្ដងទៀត។ លោកស្រី យ៉ូកូ កាមីកាវ៉ា (YOKO KAMIKAWA )វ័យ ៧១ឆ្នាំ ជារដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន គឺជាឥស្សរជនដែលមានឋានៈទាប ប៉ុន្តែបានទាក់ទាញការចាប់អារម្មណ៍ក្នុងនាមជាបេក្ខជនដែលអាចក្លាយជានាយករដ្ឋមន្ត្រីដ៏មានសក្តានុពលនៅក្នុងការស្ទង់មតិថ្មីៗនេះ។ ចុងក្រោយ លោក តាកាយ៉ូគី កូបាយ៉ាហ្ស៊ី (TAKAYUKI KOBAYASHI) វ័យ៤៩ឆ្នាំ ដែលបានបម្រើការជារដ្ឋមន្ត្រីទីមួយ ទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ចត្រូវបានផ្តល់កិត្តិយសសម្រាប់ការអនុម័តច្បាប់ស្តីពីសន្តិសុខសេដ្ឋកិច្ចក្នុងគោលបំណងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់៕

ប្រជាជនជប៉ុន សម្តែងការភ្ញាក់ផ្អើល ចំពោះការលាចេញពីតំណែងរបស់នាយករដ្ឋមន្ត្រី

2024/08/14 02:31:28 pm        823
ប្រជាជនជប៉ុនមួយចំនួន បាននិយាយថា «វាគឺជាការសម្រេចចិត្តដ៏អស្ចារ្យមួយ» ខណៈអ្នកផ្សេងទៀតសម្តែងការភ្ញាក់ផ្អើលចំពោះការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី លោក Fumio Kishida នៅថ្ងៃពុធ នេះ ក្នុងការមិនឈរឈ្មោះសម្រាប់ការបោះឆ្នោតថ្មី ជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម (LDP) ដែលកំពុងកាន់អំណាចរបស់លោក និងការបន្តជាមេដឹកនាំនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតទីបួនរបស់ពិភពលោក។ប្រជាជនចូលនិវត្តន៍ម្នាក់ បាននិយាយថា លោកសង្ឃឹមថា សមាជិកវ័យក្មេង នឹងត្រូវបានជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំ នៅក្នុងប្រទេសជប៉ុន។ លោក ប្រហែលជាត្រូវធ្វើការសម្រេចចិត្ត ព្រោះលោកគិតថា លោកគ្មានឱកាសទទួលជ័យជម្នះក្នុងការប្រកួតប្រជែងតំណែងជាថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយមនោះទេ។ប្រជាជនដ៏ទៃទៀតចង់ឲ្យលោក Kishida នៅបន្ត។ លោក Naoya Okamoto បុគ្គលិកក្រុមហ៊ុនអាយុ ២២ ឆ្នាំ បាននិយាយថា ខ្លួនលោកផ្ទាល់ លោកសូមឱ្យលោក Kishida បន្តធ្វើជានាយករដ្ឋមន្ត្រី។ លោក Okamoto និយាយថា ប្រហែលជាលោក Kishida មានភាពតានតឹងអារម្មណ៍ដោយការវាយតម្លៃក្នុងអត្រាទាប។ការសម្រេចចិត្តលាលែងពីតំណែងរបស់លោក Kishida កើតឡើងក្នុងពេលមានភាពភ្ញាក់ផ្អើលអំពីទំនាក់ទំនងរបស់គណបក្ស ជាមួយព្រះវិហារបង្រួបបង្រួមដែលមានភាពចម្រូងចម្រាស និងបញ្ហាផ្សេងទៀតកាលពីពេលថ្មីៗនេះ និងការរៃអង្គាសថវិការបស់គណបក្សប្រជាធិបតេយ្យសេរីនិយម (LDP)ដែលពុំបានកត់ត្រា។

អាមេរិក ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅកូរ៉េខាងត្បូង ជាផ្នែកនៃការដាក់ពង្រាយឆាប់រហ័ស

2024/08/14 02:16:43 pm        657
យោធាសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្នុងប្រទេសកូរ៉េខាងត្បូង នៅថ្ងៃពុធ (14 សីហា) នេះដើម្បីសាកល្បងការត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយឆាប់រហ័សរបស់ពួកគេទៅកាន់ឧបទ្វីបកូរ៉េ។ យោធានិយាយថា សមយុទ្ធដោយក្រុមប្រយុទ្ធនៃកងពលតូចរថពាសដែកទី១ ដែលមានមូលដ្ឋាននៅទីក្រុង ហ្វដប្លីស (Fort Bliss) រដ្ឋតិចសាស់ (Texas) បានធ្វើឡើងនៅឯតំបន់បាញ់គ្រាប់ពិត រ៉ូទ្រីហ្គេស (Rodriguez Live Fire Complex) ក្នុងទីក្រុង ផូឆុន (Pocheon) ចម្ងាយប្រហែល ៣០គីឡូម៉ែត្រភាគខាងត្បូងពីព្រំដែនដ៏រឹងមាំជាមួយកូរ៉េខាងជើង។ការដាក់ពង្រាយបណ្ដោះអាសន្ននេះ ធ្វើឡើងបន្ថែមពីលើទាហានអាមេរិកប្រមាណ ២៨.៥០០នាក់ ដែលឈរជើងក្នុងកូរ៉េខាងត្បូងរួចទៅហើយ ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។ សមយុទ្ធបាញ់គ្រាប់ពិតនៅថ្ងៃពុធនេះ ធ្វើឡើងនៅពេលដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកគ្រោងនឹងធ្វើសមយុទ្ធយោធារដូវក្តៅប្រចាំឆ្នាំដ៏ធំរបស់ពួកគេនៅសប្តាហ៍ក្រោយ ដើម្បីបង្កើនសមត្ថភាពរបស់សម្ព័ន្ធមិត្តទាំងពីរក្នុងការទប់ទល់នឹងការគំរាមកំហែងអាវុធ និងអ៊ីនធឺណិតរបស់កូរ៉េខាងជើង៕

អាមេរិក អនុម័តការលក់កញ្ចប់សព្វាវុធតម្លៃ ២០ពាន់លានដុល្លារដល់អ៊ីស្រាអែល

2024/08/14 11:14:22 am        220
សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (១៣ សីហា) បានអនុម័តការលក់យន្តហោះចម្បាំង និងគ្រឿងយុទ្ធោបករណ៍យោធាផ្សេងទៀតក្នុងទំហំទឹកប្រាក់ចំនួន ២០ពាន់លានដុល្លារទៅឱ្យអ៊ីស្រាអែល ខណៈប្រទេសនេះកំពុងបន្តសង្រ្គាមរយៈពេល ១០ខែនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដោយមន្ទីរបញ្ចកោណនិយាយថា ការចែកចាយលើកញ្ចប់សព្វាវុធទាំងនោះនឹងត្រូវចំណាយពេលរាប់ឆ្នាំ។មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បានអនុម័តការលក់យន្តហោះចម្បាំង F-15 និងគ្រឿងយុទ្ធោបករណ៍ដែលមានតម្លៃជិត ១៩ពាន់លានដុល្លារ រួមជាមួយនឹងគ្រាប់កាំភ្លើងរថក្រោះដែលមានតម្លៃ ៧៧៤លានដុល្លារ គ្រាប់កាំភ្លើងត្បាល់មានតម្លៃជាង ៦០លានដុល្លារ និងយានជំនិះសម្រាប់កងទ័ពមានតម្លៃ ៥៨៣លានដុល្លារ។ យន្តហោះចម្បាំង ប៊ូអ៊ីង ខូ អេហ្វ-១៥ (Boeing Co F-15) ត្រូវបានគេរំពឹងថានឹងចំណាយពេលច្រើនឆ្នាំដើម្បីផលិត ហើយការចែកចាយត្រូវរំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ២០២៩។ គ្រឿងយុទ្ធោបករណ៍ផ្សេងទៀតនឹងចាប់ផ្តើមចែកចាយនៅឆ្នាំ២០២៦ នេះបើតាមមន្ទីរបញ្ចកោណ។ អ្នកជំនាញម្នាក់លើដំណើរការនេះនិយាយថា ការចែកចាយខ្លះអាចលឿនជាងឆ្នាំ២០២៦។រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ដោយបានថ្លែងអំណរគុណដល់ក្រុមមន្ត្រីអាមេរិកដែលបានជួយអ៊ីស្រាអែល រក្សា «សមត្ថភាពយោធាប្រកបដោយគុណភាពនៅក្នុងតំបន់» និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសន្តិសុខរបស់អ៊ីស្រាអែល៕

ការអំពាវនាវរបស់អឺរ៉ុបឲ្យបន្ធូរបន្ថយភាពតានតឹងក្នុងជម្លោះតំបន់ហ្កាហ្សារបស់អ៊ីស្រាអែលគ្មានអ្នកស្ដាប់

2024/08/14 10:00:54 am        220
អ៊ីរ៉ង់និយាយថា ខ្លួននឹងមានការតាំងចិត្តខ្ពស់ ក្នុងការការពារសន្តិសុខរបស់ខ្លួន បន្ទាប់ពីមានការប៉ុនប៉ងធ្វើអន្តរាគមន៍រួមគ្នាដោយចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ មុនពេលកិច្ចចរចាបទឈប់បាញ់ដែលបានគ្រោងទុកនៅក្នុងដែនដីហ្កាហ្សា។ ក្រសួងការបរទេសរបស់អ៊ីរ៉ង់ បានថ្កោលទោសក្រុមមេដឹកនាំអឺរ៉ុប បន្ទាប់ពីពួកគេបានជំរុញឱ្យក្រុងតេអេរ៉ង់ រក្សាភាពអត់ធ្មត់ កុំបើកការវាយប្រហារសងសឹកលើអ៊ីស្រាអែល ខណៈមានសញ្ញាជាច្រើនលេចឡើងថា ជម្លោះនៅតំបន់ហ្កាហ្សាអាចរាលដាលទៅជាសង្គ្រាមមជ្ឈិមបូព៌ាកាន់តែធំ។អ៊ីរ៉ង់លើកឡើងថា ការសងសឹកគឺជាមធ្យោបាយក្នុងការបញ្ឈប់ឧក្រិដ្ឋកម្ម និងជាសិទ្ធិស្របច្បាប់របស់ខ្លួន។ សហរដ្ឋអាមេរិកបានព្រមានថា ការវាយប្រហារលើអ៊ីស្រាអែលដោយអ៊ីរ៉ង់ ជាការសងសឹកចំពោះការធ្វើឃាតមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ក្នុងទីក្រុងតេអេរ៉ង់ និងមេបញ្ជាការក្រុម ហេសបូឡា លោក ហ្វ៊ូអាដ សុកឺ (Fuad Shukr) ក្នុងទីក្រុង បេរូត (Beirut) អាចកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា ពេលវេលានៃការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ អាចនៅក្នុងសប្តាហ៍នេះ។ ដោយចេញសេចក្តីថ្លែងការណ៍រួម នាយករដ្ឋមន្រ្តីអង់គ្លេស លោក គៀរស្ដាមើ (Keir Starmer) លោកប្រធានាធិបតីបារាំង Macron និងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល (Olaf Scholz) បានអំពាវនាវឱ្យអ៊ីរ៉ង់ កុំវាយប្រហារ ដែលនឹងធ្វើឱ្យភាពតានតឹងក្នុងតំបន់កាន់តែពុះកញ្ជ្រោលឡើងថែមទៀត ។មេដឹកនាំទាំងបីបានព្រមានថា រាល់ការវាយប្រហារមុនណាមួយលើអ៊ីស្រាអែលនឹង បង្កគ្រោះថ្នាក់ដល់ឱកាសក្នុងការយល់ព្រមបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង ដោយបន្ថែមថា គ្មានប្រទេសឬដែនដីណាមួយ ទទួលបានលផចំណេញពីការកើនឡើងជម្លោះបន្ថែមទៀតនៅមជ្ឈិមបូព៌ាឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងត្បូងស្វែងរកឥន្ធនៈអាមេរិក សម្រាប់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផលិតក្នុងស្រុក
11/07/2025 05:11 PM
ក្រសួងបរិស្ថាន ផ្ដល់ ធុងសំរាមជាង ៩០០ធុង ជូនមូលដ្ឋានសាធារណៈ នៅទូទាំងខេត្តកោះកុង
11/07/2025 05:11 PM
ក្រសួងអប់រំ ជ្រើសរើសកុមារី និងយុវតី ចូលរួមប្រកួតប្រជែងកម្រិតថ្នាក់ជាតិ កម្មវិធីអប់រំបង្កើតហ្គេម
11/07/2025 05:11 PM
សមាជិកសភា៖លោកខាងលិចព្យាយាមផ្លាស់ប្តូរស្ថានការណ៍នៅអ៊ុយក្រែន ដោយគំរាមវាយប្រហាររោងចក្រនុយក្លេអ៊ែរ
11/07/2025 05:11 PM
ក្រសួងការបរទេស៖ ប្រទេសចិនមិនទាន់បានត្រៀមខ្លួន ដើម្បីចូលរួមកិច្ចចរចាអាវុធនុយក្លេអ៊ែរទេ
11/07/2025 05:11 PM
UN និងដៃគូសជំនួយ បង្កើនការគាំទ្រសម្រាប់ប្រជាជនភៀសខ្លួន នៅស៊ូដង់
11/07/2025 04:11 PM
កងទ័ពស៊ុយអែត ហ្វឹកហាត់នៅមុនការដាក់ពង្រាយអង្គភាព NATO ទៅកាន់ប្រទេសឡាតវី
11/07/2025 04:11 PM
ជប៉ុនថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើង
11/07/2025 04:11 PM
មនុស្សជាច្រើននាក់ រងរបួសក្នុងហេតុការណ៍ផ្ទុះនៅព្រះវិហារក្នុងបរិវេនសាលារៀន នៅទីក្រុងហ្សាកាតា
11/07/2025 04:11 PM
ហានិភ័យ និងការពិត ពាក់ព័ន្ធនឹងការពិភាក្សាពីការសាកល្បងនុយក្លេអ៊ែរ ដែលត្រឡប់មកកាន់ឆាកអន្តរជាតិវិញ
11/07/2025 04:11 PM