​សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម
ទិវាសន្ដិភាពអន្ដរជាតិ| សម្ដេចធិបតី អំពាវនាវឱ្យថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលើបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យដោះស្រាយបញ្ហាដោយសន្ដិវិធី
សម្ដេចតេជោ បង្ហាញចំណាប់អារម្មណ៍ទៅលើអត្ថបទរបស់អ្នកវិភាគថៃ ក្រោមចំណងជើងថា «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
សម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

ទីភ្នាក់ងារអវកាស និយាយថា យានអវកាស Luna-25 របស់រុស្ស៊ី ចូលដល់គន្លងភពព្រះចន្ទហើយ

2023/08/17 06:48:44 pm        83
រុស្ស៊ី៖ យានអវកាស Luna-25 នឹងធ្វើដំណើរវិលជុំវិញព្រះចន្ទ ដែលជាផ្កាយរណបធម្មជាតិតែមួយគត់របស់ផែនដី ក្នុងរយៈពេលប្រហែល ៥ ថ្ងៃ បន្ទាប់មកផ្លាស់ប្តូរទិសដៅសម្រាប់ការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាល នៅលើប៉ូលខាងត្បូងភពព្រះចន្ទដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែសីហា សប្ដាហ៍ក្រោយនេះ។ក្រុមហ៊ុនអវកាសរុស្ស៊ី Roskosmos បាននិយាយថាយានអវកាស Luna-25 បានចូលទៅក្នុងគន្លងរបស់ភពព្រះចន្ទនៅម៉ោង ១១:៥៧ ព្រឹកម៉ោងក្នុងតំបន់។  យានអវកាស Luna-25 នឹងធ្វើដំណើរវិលជុំវិញព្រះចន្ទ ដែលជាផ្កាយរណបធម្មជាតិតែមួយគត់របស់ផែនដី ក្នុងរយៈពេលប្រហែល ៥ ថ្ងៃ បន្ទាប់មកផ្លាស់ប្តូរទិសដៅសម្រាប់ការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាល នៅលើប៉ូលខាងត្បូងភពព្រះចន្ទដែលគ្រោងធ្វើនៅថ្ងៃទី២១ ខែសីហា សប្ដាហ៍ក្រោយនេះ។  យានអវកាស ចន្ត្រាយាន -៣ (Chandrayaan-3) របស់ឥណ្ឌាបានចូលទៅក្នុងគន្លងភពព្រះចន្ទនៅដើមខែនេះ មុនពេលចុះចតដែលបានគ្រោងទុកនៅលើប៉ូលខាងត្បូងភពព្រះចន្ទនៅចុងខែនេះ។  យានអវកាស Luna-25 ដែលមានទំហំប៉ុនរថយន្តតូចមួយគ្រឿង នឹងមានបំណងដំណើរការរយៈពេលមួយឆ្នាំនៅលើប៉ូលខាងត្បូង ជាទីដែលក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA និងទីភ្នាក់ងារអវកាសផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះបានរកឃើញដាននៃទឹកកកនៅក្នុងរណ្ដៅមួយចំនួន។ វត្តមានទឹកនៅលើភពព្រះចន្ទ បានផ្ដល់ភាពស្មុគស្មាញដល់មហាអំណាចអវកាសធំៗ ដែលអនុញ្ញាតឲ្យមានការធ្វើដំណើររបស់មនុស្សបានយូរជាងមុននៅលើភពនេះ ដែលអាចឲ្យមានការជីកយករ៉ែធនធានតាមនៅភពព្រះចន្ទ។ យោងតាមលោកអាណាតូលីហ្សាក ( Anatoly Zak) ដែលជាអ្នកបង្កើតនិងផ្សព្វផ្សាយ ដែលបានតាមដានកម្មវិធីអវកាសរបស់រុស្ស៊ី គ្មានយានអវកាសរុស្ស៊ីណាមួយបានចូលក្នុងគន្លងភពព្រះចន្ទទេ ចាប់តាំងពី យានអវកាស Luna-24 ដែលជាបេសកកម្មទៅកាន់ភពព្រះចន្ទ កាលពីឆ្នាំ ១៩៧៦ របស់សហភាពសូវៀត មកនោះ ៕

បេសកជនUN៖ ការគំរាមកំហែងវិលទៅរកសង្រ្គាមនៅប្រទេសយ៉េម៉ែន រារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព

2023/08/17 06:26:00 pm        146
UN៖ មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ការគំរាមកំហែងវិលទៅរកសង្រ្គាមនៅក្នុងប្រទេសយ៉េម៉ែនជាថ្មី កំពុងរារាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីចាប់ផ្តើមកិច្ចចរចាសន្តិភាព ខណៈដែលប្រទេសក្រីក្របំផុតរបស់ពិភពអារ៉ាប់ ប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចកាន់តែអាក្រក់ទៅៗ។លោក Hans Grundberg តំណាងពិសេសរបស់UNប្រចាំប្រទេសយ៉េម៉ែន បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា អរិភាពរវាងពួកឧទ្ទាមហ៊ូធី (Houthi) និងកងកម្លាំងរដ្ឋាភិបាល មិនបានវិលមករកកម្រិត នៅមុនពេលបទឈប់បាញ់រយៈពេល៦ខែ ដែលបានបញ្ចប់ក្នុងខែតុលា ប៉ុន្តែលោកបាននិយាយថា ការប្រយុទ្ធគ្នាជាបន្តបន្ទាប់ និងការបាញ់តគ្នានៅវិញទៅមក បានបន្ត។ លោកបានលើកឡើងនូវតំបន់ជួរមុខចំនួន៦។ ពួកគេរាប់បញ្ចូលទាំងទីក្រុងធំបំផុតទី៣ របស់យ៉េម៉ែនគឺ ទីក្រុងតៃ (Taiz) ដែលស្ថិតនៅក្រោមការឡោមព័ទ្ធដោយពួកហ៊ូធី ចាប់តាំងពីឆ្នាំ ២០១៦។ ទីក្រុងហូដេដា ( Hodeida) ជាកន្លែងដែលកំពង់ផែសំខាន់របស់យ៉េម៉ែនស្ថិតនៅ និងខេត្តម៉ារីប ( Marib) ភាគខាងកើតសម្បូរប្រេង ដែលពួកហ៊ូឌី ប៉ុនប៉ងដណ្តើមយកក្នុងឆ្នាំ២០២១។សង្រ្គាមស៊ីវិលនៅប្រទេសយេម៉ែន បានផ្ទុះឡើងនៅក្នុងឆ្នាំ២០១៤ នៅពេលដែលពួកហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារចេញពីតំបន់ការពាររឹងមាំភាគខាងជើងរបស់ពួកគេ ហើយបានបណ្តេញរដ្ឋាភិបាលដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចេញពីរដ្ឋធានីសាណា។ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត បានធ្វើអន្តរាគមន៍នៅឆ្នាំ២០១៥ ក្នុងនាមរដ្ឋាភិបាល ហើយនៅពេលនោះជម្លោះ បានប្រែក្លាយទៅជាសង្រ្គាមមហាអំណាចរវាងអារ៉ាប៊ីសាអ៊ូឌីត និងអ៊ីរ៉ង់៕

WB៖ កំណែទម្រង់ដើម្បីបង្កើនគុណភាពអប់រំ ផ្តល់អត្ថប្រយោជន៍ដល់សិស្សកន្លះលាននាក់នៅកម្ពុជា

2023/08/17 06:18:50 pm        134
ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) នៅថ្ងៃទី១៦ ខែសីហានេះ បានចេញផ្សាយរបាយការណ៍​មួយបង្ហាញថា សិស្សកម្ពុជាជិតកន្លះលាននាក់ ក្នុងនោះមានក្មេងស្រី​ជាង ៥២ ភាគរយទទួលបានអត្ថប្រយោជន៍ពីការកែលម្អដំណើរការ​របស់សាលារៀន អគារសិក្សា និងគ្រឿងបរិក្ខារ និងការបង្កើនសមត្ថភាពរបស់គ្រូ និងគណៈគ្រប់គ្រងសាលាឱ្យកាន់តែប្រសើរឡើងតាមរយៈជំនួយរបស់គម្រោង កែលម្អគុណភាពអប់រំមធ្យមសិក្សា។ WB បានបង្ហាញថា គម្រោងកែលម្អគុណភាពអប់រំមធ្យមសិក្សា (Secondary Education Improvement Project/SEIP) បានខិតខំជួយការអប់រំកម្រិតមធ្យមសិក្សា ឱ្យសម្រេចបានស្តង់ដារអប្បបរមា តាមរយៈកិច្ច​អន្តរាគមន៍បែបនវានុវត្តន៍ជាច្រើន។ ក្នុងនោះ ទីមួយគម្រោងនេះបានបង្កើតឱ្យមានតម្រូវការខ្ពស់លើការអប់រំប្រកប​ដោយគុណភាព​ពីមាតាបិតា និងសហគមន៍ ដោយដាក់ចេញនូវរបៀបគ្រប់គ្រងតាមសាលារៀន ដើម្បី​បង្កើន​ស្វ័យភាព គណនេយ្យភាព និងការវាយតម្លៃរបស់ខ្លួន។ មាតាបិតា និងសហគមន៍ទទួលបាន​ព័ត៌មាន ពេញលេញអំពីដំណើរការរៀនសូត្ររបស់សិស្ស និងអំពីការបំពេញកិច្ចរបស់សាលារៀន ហើយពួកគាត់បានចូលរួមយ៉ាងសកម្មក្នុងការអប់រំរបស់កូនពួកគាត់ទៀតផង។ ទីពីរ លោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា និងអ្នកតំណាងសហគមន៍បានទទួលការបណ្តុះបណ្តាល និងការណែនាំគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តតួនាទីរបស់ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាព។ ទីបី ការទូទាត់ផ្តល់ថវិកាផ្អែកលើសមិទ្ធផលការងារ បានផ្តល់នូវភាពបត់បែន និងប្រសិទ្ធភាព​នៃការចំណាយ ដូចជាការផ្តល់ហិរញ្ញប្បទាននៃការចំណាយ លើវិធានការឆ្លើយតបនឹងជំងឺរាតត្បាត (ឧទាហរណ៍៖ ការផ្តល់កុំព្យូទ័រយួរដៃដល់លោកគ្រូអ្នកគ្រូដើម្ប់អនុវត្តការបង្រៀនពីចម្ងាយ ការផលិតវីដេអូបង្រៀន ការផ្តល់សាចប្រាក់សម្រាប់សេវា អ៊ិនធឺណិត, ការបណ្តុះបណ្តាល​លើជំនាញបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ [ICT] ជាដើម)។ជាលទ្ធផល គម្រោងនេះគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រអប់រំនៅកម្ពុជា ដើម្បីលើកកម្ពស់​គុណភាព និងការពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាប្រកប​ដោយសមធម៌។ សមិទ្ធផលដែលទទួលបានរួមមាន ដំណើការសាលារៀន ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពរបស់គ្រូ និងរបស់ថ្នាក់ដឹកនាំសាលារៀន ទទួលបានការកែលម្អកាន់តែប្រសើរ។ សិស្សចំនួន ៤៥៣,៨៣៨ នាក់ក្នុងនោះ ៥២ ភាគរយជាក្មេងស្រីទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។ សាលារៀនចំនួន ៩៤ ក្នុងចំណោម ១០០ សម្រេចបានស្តង់ដារអប្បបរមានៃស្តង់ដារសាលារៀនដែលមានប្រសិទ្ធភាព ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីសំណាក់មាតាបិតា និងសហគមន៍ក្នុងការរៀបចំផែន​ការ​កែលម្អសាលារៀន ​ក្នុងការត្រួតពិនិត្យការអនុវត្តការងាររបស់សាលា និងក្នុងការទាក់ទាញធនធាន​ហិរញ្ញវត្ថុពីខាងក្រៅ ។ឥទ្ធិពលរបស់គម្រោងនៅតែបន្ត បើទោះជាគម្រោងត្រូវបានបញ្ចប់។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់បញ្ចូលសកម្មភាពគម្រោងទៅក្នុងគោលនយោបាយអប់រំជាតិ ហើយបានបង្កើតគណៈកម្មាធិការជាតិដើម្បីអនុវត្តគោលនយោបាយទាំងនោះ។ សាលារៀនមិនមែនគោលដៅជាច្រើន (រួមមានអនុវិទ្យាល័យចំនួន ២១៣ និងសាលាបឋមសិក្សាចំនួន ៥៦០) បានអនុវត្តសកម្មភាពនេះ។ រដ្ឋាភិបាលកម្ពុជាបានស្នើសុំគម្រោងកែលម្អការអប់រំចំណេះដឹងទូទៅ (General Education Improvement Project/GEIP) ដោយមានឥណទាន ពីធនាគារពិភពលោក ចំនួន ៦០លានដុល្លារអាមេរិក (អនុម័តដោយក្រុមប្រឹក្សាភិបាលធនាគារពិភពលោកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២) និងសហហិរញ្ញប្បទានជំនួយឥតសំណងពីភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ចំនួន 9.25 លានដុល្លារអាមេរិក ដើម្បីបន្ត និងពង្រីកការអនុវត្តសកម្មភាពរបស់គម្រោងSEIP។ បច្ចុប្បន្នសំណើឥណទានបន្ថែមទៀត ចំនួន៦០លានដុល្លារពីធនាគារពិភពលោក កំពុងត្រូវបានរៀបចំ រួមជាមួយនឹងសហហិរញ្ញប្បទានជំនួយឥតសំណងចំនួន ២០លានដុល្លារអាមេរិក របស់ GPE ៕

មនុស្សរាប់ពាន់នាក់រត់គេចពីអំពើហិង្សារបស់ក្រុមជនអន្ធពាលរយៈពេល២៤ម៉ោងក្នុងរដ្ឋធានីប្រទេសហៃទី

2023/08/17 06:06:30 pm        127
ហៃទី៖ អ្នកតាមដានស្ថានការណ៍ម្នាក់មកពីសារព័ត៌មាន AFP បាននិយាយថា កាលពីថ្ងៃអង្គារប្រជាពលរដ្ឋរាប់ពាន់នាក់ បានរត់គេចចេញពីស្រុកមួយគ្រប់គ្រងដោយក្រុមជនអន្ធពាលក្នុងរដ្ឋធានីរបស់ប្រទេសហៃទី ។  ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្នុងស្រុក កាហ្វ័រ ហ្វឺយ (Carrefour-Feuilles) ស្ថិតនៅភាគខាងត្បូងរដ្ឋធានីព័រ អូប្រាំង( Port-au-Prince) បាននិយាយថា ពួកគេកំពុងរស់នៅក្នុងស្ថានភាពយ៉ាប់យ៉ឺនខ្លាំង បំផុត ។  លោក បានប្រាប់សារព័ត៌មាន AFP ថា លោកមិនដឹងថាត្រូវទៅទីណាទេ  តែលោកត្រូវតែគេចចេញពីផ្ទះសម្បែងរបស់លោក។   យោងតាមការប៉ាន់ប្រមាណពីក្រសួងការពារជនស៊ីវិលហៃទី និងក្រុមមន្ត្រី មនុស្សយ៉ាងហោចណាស់៣.១២០នាក់ បានរត់ភៀសខ្លួនចេញពីស្រុកនេះ ។ស្រុកមួយនេះ តែងរងការវាយប្រហារជាទៀងទាត់ដោយក្រុមជនអន្ធពាល ដឹកនាំដោយ លោក រីណេល ដេស្ទីណា( Renel Destina) ត្រូវគេស្គាល់ថា Ti Lapli ដែល ត្រូវបានក្រុមអាជ្ញាធរអាមេរិកតាមចាប់ខ្លួន ដោយសារការចាប់ជម្រិតពលរដ្ឋអាមេរិក។ ក្រុមអាជ្ញាធរហៃទី ក៏បាននិយាយផងដែរថា លំនៅឋានជាច្រើននៅក្នុងតំបន់នេះ ត្រូវបានដុតបំផ្លាញនិងមានមនុស្សបាត់បង់ជីវិតទៀតផង ប៉ុន្តែ ពួកគេពុំបានផ្ដល់ព័ត៌មានលម្អិតទេ។ គេបានមើលឃើញភាពរំជើបរំជួលបានកើតឡើងនៅតាមដងផ្លូវនានាក្នុងស្រុកនេះ កាលពីថ្ងៃអង្គារ ។ ប្រជាពលរដ្ឋខ្លះ ទូលវ៉ាស៊ីសម្លៀកបំពាក់នៅលើក្បាល ចំណែកអ្នកខ្លះទៀត ដឹកពូក និងគ្រឿងសង្ហារឹម តាមរថយន្តរបស់ពួកគេ៕

រុស្សីស្ទាក់ចាប់យានដ្រូនជាច្រើនគ្រឿងរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែនវាយប្រហារទៅលើប្រព័ន្ធការពារដែនអាកាសរុស្ស៊ី

2023/08/17 05:33:36 pm        190
រុស្សី៖ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងរបស់ខ្លួន បានវាយបកជាច្រើនលើកទៅលើអ៊ុយក្រែនក្នុងទិសដៅនៃតំបន់ហ្សាប៉ូរ៉ូហ្ស៊ី ( Zaporozhy) លូហានស្ក៍ ( Luhansk) និង ដូណិតស្ក៍ (Donetsk) ខណៈដែលកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រកាសពីវឌ្ឍនភាពក្នុងទិសដៅនៃ   តំបន់មេលីតូប៉ូល (Melitopol) និង ប៊ឺដ្យានស្ក៍ ( Berdiansk) នៅថ្ងៃតែមួយ។កងការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះចម្បាំង Su-25 របស់អ៊ុយក្រែន នៅទីក្រុងដូណិតស្ក៍ និងស្ទាក់ចាប់មីស៊ីល HIMARS ចំនួន ៤ គ្រាប់ មីស៊ីល BM-30 ចំនួន ២ គ្រាប់ និងយានអាកាសគ្មានមនុស្សបើក (UAVs) ចំនួន២៦គ្រឿង នេះបើយោងតាមក្រសួងការពារជាតិរុស្ស៊ី។ ទន្ទឹមនឹងនេះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានចេញរបាយការណ៍មួយនៅព្រឹកថ្ងៃពុធ ដោយនិយាយថា ប្រតិបត្តិការវាយលុក នៅតែកំពុងដំណើរការក្នុងទិសដៅនៃទីក្រុងមេលីតូប៉ូល និងប៊ឺដ្យានស្ក៍ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។របាយការណ៍នោះ បាននិយាយថា កងទ័ពអាកាសអ៊ុយក្រែន បានធ្វើការវាយប្រហារចំនួន៧លើកទៅលើទាហាននិងយុទ្ធោបករណ៍របស់រុស្ស៊ី។ យោងតាមរបាយការណ៍បានឲ្យដឹងថា គ្រាប់រ៉ុក្កែត និងកាំភ្លើងធំជាច្រើនរបស់អ៊ុយក្រែន ក៏បានវាយប្រហារកាំភ្លើងធំរុស្ស៊ី ប្រព័ន្ធការពារដែនអាកាស និងគោលដៅសំខាន់ៗផ្សេងទៀតផងដែរ៕

ក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់ ដុតព្រះវិហារ និងលំនៅឋាន ជុំវិញការជេរប្រមាថនៅប៉ាគីស្ថាន

2023/08/17 05:29:59 pm        188
ប៉ាគីស្ថាន៖ នគរបាលបាននិយាយថា ក្រុមជនមូស្លីមរាប់ពាន់នាក់នៅក្នុងទីក្រុងមួយក្នុងប្រទេសប៉ាគីស្ថានបានដុតព្រះវិហារ និងបំផ្លាញផ្ទះសម្បែងរបស់គ្រិស្តបរិស័ទជុំវិញការអះអាងដែលថាបុរសពីរនាក់បានប្រមាថគម្ពីរ គូរ៉ាន(Quran)។  នគរបាលបាននិយាយថា ព្រះវិហារយ៉ាងហោចណាស់៤កន្លែង ត្រូវបានដុតបំផ្លាញ ស្របពេលក្រុមអ្នកស្រុកបាននិយាយថា អគារជាច្រើនដែលនៅជាប់នឹងព្រះវិហាទាំងនោះ ក៏រត្រូវបានខូចខាត។ការវាយប្រហារនេះបានកើតឡើងនៅទីក្រុង ចារ៉ានវ៉ាឡា (Jaranwala) ក្នុងខេត្ត ពុនចាប (Punjab) ខាងកើត ។ការប្រមាថ ត្រូវបានផ្តន្ទាទោសទោសប្រហារជីវិតនៅប៉ាគីស្ថាន។គ្មាននរណាម្នាក់ត្រូវបានគេប្រហារជីវិតទេពាក់ព័ន្ធនឹងបញ្ហានេះ ប៉ុន្តែមនុស្សរាប់សិបនាក់ បានស្លាប់ដោយសារក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋនេះ។  សហគមន៍មូស្លីមត្រូវបានគេជឿថាមានជាង ៩៦% នៃចំនួនប្រជាជនរបស់ប៉ាគីស្ថាន។សារព័ត៌មាន Reuters បានរាយការណ៍ថា នគរបាលទទួលបន្ទុករឿងក្តីប្រឆាំងនឹងបុរសគ្រិស្តសាសនិកទាំងពីរនាក់បាននិយាយថា ពួកគេបានរកឃើញគម្ពីគូរ៉ានជាច្រើនទំព័រ ដែលជាសៀវភៅដ៏ពិសិដ្ឋរបស់សាសនាឥស្លាម អមដោយការនិយាយប្រមាថដែលសរសេរជាពណ៌ក្រហម។លោក អាមៀ មៀ (Amir Mir) រដ្ឋមន្ត្រីមន្ទីរព័ត៌មានប្រចាំខេត្ត Punjab បានថ្កោលទោសចំពោះការប្រមាថដែលត្រូវបានចោទប្រកាន់ ហើយបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នគរបាលរាប់ពាន់នាក់ត្រូវបានបញ្ជូនទៅកាន់តំបន់នោះ ហើយមនុស្សរាប់សិបនាក់ត្រូវបានឃុំខ្លួន៕

អភិបាលរដ្ឋហាវ៉ៃ៖ ចំនួនអ្នកស្លាប់ពីចំហេះព្រៃកោះម៉ូអ៊ី កើនដល់១១០នាក់ហើយ

2023/08/17 05:11:24 pm        230
អាមេរិក៖ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់នៅក្នុងចំហេះព្រៃកោះម៉ូអ៊ី ឥឡូវនេះមានចំនួន១១០នាក់ហើយ ខណៈដែលទីភ្នាក់ងារផ្គត់ផ្គង់អគ្គិសនីរដ្ឋហាវ៉ៃ ប្រឈមមុខនឹងសំណួរជាច្រើនពីការមិនបិទបណ្តាញអគ្គិសនី នៅពេលដែលខ្យល់ដ៏ខ្លាំងបានបង្កើតឲ្យមានលក្ខខណ្ឌចំហេះដ៏គ្រោះថ្នាក់នេះ។កាលពីព្រឹកថ្ងៃពុធ ក្រុមហ៊ុនដែលដំណើរការបណ្តាញឧបករណ៍ចាប់សញ្ញានៅលើកោះម៉ូអ៊ី នេះ បាននិយាយថា ខ្លួនបានរកឃើញកំហុសបណ្តាញឧបករណ៍ប្រើប្រាស់សំខាន់ៗជាច្រើនម៉ោង មុនពេលចំហេះចាប់ផ្តើម។ កំហុសមួយក្នុងចំណោមនោះគឺជា "សៀគ្វីខ្លី ឬសៀគ្វីខ្លីមួយផ្នែក" ដែលបណ្តាលឱ្យមានចរន្តលើសលប់ហូរតាមប្រព័ន្ធអគ្គិសនី នេះបើយោងតាមក្រសួងថាមពលសហរដ្ឋអាមេរិក។ក្រុមមន្ត្រីជំនាញកំពុងបន្តពន្លត់ភ្លើង ហើយមូលហេតុផ្លូវការនៃចំហេះនេះ នៅមិនទាន់កំណត់បាននៅឡើយទេ ។ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរដ្ឋហាវ៉ៃ បាននិយាយថា ការផ្តោតការយកចិត្តទុកជាបន្ទាន់របស់ខ្លួន គឺទៅលើការស្តារថាមពលឡើងវិញដល់អតិថិជន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងគ្រាអាសន្ន ព្រមទាំងការបង្កើតផែនការស្តារឡើងវិញរយៈពេលវែងផងដែរ។ចំហេះនៅទីក្រុងឡាហេណា នៅរដ្ឋហាវ៉ៃ ឥឡូវនេះ គឺជាគ្រោះធម្មជាតិដែលមានមនុស្សស្លាប់ច្រើនបំផុតក្នុងរយៈពេលជាង១០០ឆ្នាំ នេះបើយោងតាមការវិភាគរបស់រដ្ឋបាលអគ្គិភ័យរបស់សហរដ្ឋអាមេរិក និងអ្នកវិភាគរបស់សារព័ត៌មានCNN។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បាននិយាយថា សំណង់ប្រហែល២.២០០ទីតាំងត្រូវបានបំផ្លាញ ឬខូចខាតនៅលើកោះម៉ូអ៊ី ដែលចំនួន៨៦% នៃការខូចខាតទាំងនោះជាលំនៅឋានប្រជាជន៕

សមាជិកសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយ

2023/08/17 05:07:07 pm        213
ថៃ៖ ប្រធានសភាថៃបាននិយាយកាលពីថ្ងៃពុធថា សមាជិកសភាថៃ នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនៅសប្តាហ៍ក្រោយថ្ងៃទី២២ ខែសីហា ខាងមុខនេះ បន្ទាប់ពីតុលាការបានច្រានចោលសំណើររបស់គណបក្សបោះជំហានទៅមុខ ដែលបានឈ្នះការបោះឆ្នោតសកល ក្នុងការជំទាស់នឹងសមាជិកសភាពីការរារាំងបេក្ខជនរបស់ខ្លួនមិនឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តី។តុលាការធម្មនុញ្ញបានច្រានចោលញត្តិពីសម្ព័ន្ធមិត្តនៃគណបក្សនេះ លើលក្ខណៈបច្ចេកទេស ដោយលើកហេតុផលថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់ខ្លួន គឺលោក ភីថា លីមចារើនរ៉ាត់ ដែលត្រូវបានរដ្ឋសភារារាំងចំនួនពីរដងនោះ មិនស្ថិតក្នុងចំណោមអ្នកបណ្ដឹងជំទាស់ទាំងនោះទេ។ប្រទេសថៃ បានស្ថិតនៅក្រោមការគ្រប់គ្រងពីរដ្ឋបាលចាំផ្ទះចាប់តាំងពីខែមីនាមក ហើយសភាបានជាប់គាំងអស់ជាច្រើនសប្តាហ៍ ជុំវិញការបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីចលនាប្រឆាំងការបង្កើតរបស់គណបក្សបោះជំហានទៅមុខ បានជួបការជំទាស់យ៉ាងខ្លាំងក្លាពីសមាជិកសភាអភិរក្សនិយម ដែលចងសម្ព័ន្ធភាពជាមួយបក្សយោធារាជានិយម។គណបក្សភឿថៃ ដែលជាគណបក្សឈ្នះឆ្នោតលំដាប់ទីពីរ នៅក្នុងការបោះឆ្នោតសកល បានដកការគាំទ្ររបស់ខ្លួនសម្រាប់គណបក្សបោះជំហានទៅមុខ បន្ទាប់ពីការតែងតាំងលោក ភីថាជាថ្មី ត្រូវបានច្រានចោល។ ក្រុមមន្ត្រីជាន់ខ្ពស់គណបក្សភឿថៃបាននិយាយថា ពួកគេមានទំនុកចិត្តថា លោក សេដ្ឋា នឹងទទួលបានតំណែងបេក្ខជននាយករដ្ឋមន្រ្តី ទោះបីជាគ្មានការគាំទ្រពីបក្សបោះជំហានទៅមុខ ដែលជាគណបក្សដ៏ធំបំផុតនៅក្នុងសភាក៏ដោយ៕

រាជរដ្ឋាភិបាល សម្រេចយកកោះជាច្រើនស្ថិតនៅលើដែនសមុទ្រសីហនុ និងកោះកុង បង្កើតជាឧទ្យានជាតិសមុទ្រកោះរ៉ុង

2023/08/17 04:31:00 pm        1093
រាជរដ្ឋាភិបាលកម្ពុជា បានចេញ​អនុក្រឹត្យសម្រេច​យក​កោះ​ជា​ច្រើន​ស្ថិត​នៅ​លើ​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ និងខេត្តកោះកុង ដូចជាកោះរ៉ុង កោះរ៉ុងសន្លឹម កោះកូន កោះតូច កោះតាទៀម កោះ​ម្នាស់​ក្រៅ កោះម្នាស់ ក្នុង និងសមុទ្រជុំវិញ ដោយមានផ្ទៃសរុប៥២.៤៤៨ហិកតា បង្កើត​ជា​ឧទ្យាន​សមុទ្រ​កោះរ៉ុង ដើម្បីធានាការ ថែរក្សា និងការពារសោភ័ណភាពធម្មជាតិ និងជីវៈចម្រុះ។ យោងតាមអនុក្រឹត្យ ដែលទូរទស្សន៍ BTVទទួលបាននាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣​នេះ​បាន​ឲ្យ​ដឹងថា ការដែល​រាជ​រដ្ឋាភិបាល​សម្រេច​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ឧទ្យាជាតិ​សមុទ្រ​កោះរ៉ុង​នេះ​ឡើង​ គឺមាន គោលបំណងធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធ​អេកូ​ឡូស៊ី និងជីវៈចម្រុះ លើកោះ និងបរិវេណសមុទ្រជុំវិញ, ផ្តល់ផលិតផល និង​សេវា​កម្ម​ធម្ម​ជាតិ​ សម្រាប់​ការ​ប្រើប្រាស់ ប្រកបដោយនិរន្តរភាព, រក្សាលំនឹងបរិស្ថាន ការពារ និងការអភិរក្ស​ធនធាន​ធម្មជាតិ ​និងរួមចំណែកកាត់បន្ថយការ ប្រែប្រួលអាកាសធាតុ និងហានិភ័យ​គ្រោះ​មហន្ត​រាយ​ធម្មជាតិ​, និងលើកកម្ពស់គ្រប់គ្រង ការការពារ និង ការអភិរក្សជីវៈចម្រុះ និងធនធាន​ធម្មជាតិ​ក្នុង​តំបន់​ជា​ដើម។ តាមអនុក្រឹត្យរាជរដ្ឋាភិបាលបានប្រគល់ឲ្យក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់​គ្រង​ឧទ្យាន​ជាតិ​សមុទ្យកោះរ៉ុង ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាល​ខេត្ត​ព្រះសីហនុ និង ខេត្តកោះកុង ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការ​ប្រើប្រាស់​ធនធានធម្មជាតិ ប្រកប ដោយនិរន្តរភាព​។ ​ជាមួយ​គ្នា​នោះ​ក្រសួង​បរិស្ថា​ន​ត្រូវ​កំណត់​ និង​បែងចែក ដើម្បីការកាត់ឆ្វៀលផ្ទៃដីនិវិយោគ ដីលំនៅដ្ឋាន ដីស្រែ-ចំការ និងដីអាស្រ័យ​ផល​ជាក់​ស្តែង​របស់​ប្រជាពលរដ្ឋ នៅលើកោះនានានៃឧទ្យាន ជាតិសមុទ្រកោះរ៉ុង ដោយអនុ​លោម​តាម​ច្បាប់ ស្តីពីតំបន់ការពារធម្មជាតិផងដែរ។ ទាក់ទងនឹងការបង្កើតឧទ្យាជាតិសមុទ្រកោះរ៉ុងនេះ រាជរដ្ឋាភិបាលក៏បានណែនាំឲ្យរដ្ឋមន្រ្តីទទួល បន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និង​សំណង់ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្រ្តីក្រសួងបរិស្ថាន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ និងរដ្ឋមន្រ្តីគ្រប់ក្រសួង ប្រធានស្ថាប័នពាក់ព័ន្ធ ត្រូវ​អនុវត្ត​អនុ​ក្រឹត្យ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាពខ្ពស់ ចាប់ពីចុះហត្ថលេខានេះតទៅផងដែរ៕ អត្ថបទ៖ បាន ចក់

[BREAKING NEWS]ជនអន្តោប្រវេសន៍ជាង៦០នាក់ បានស្លាប់ បន្ទាប់ពីលិចទូកនៅក្បែរកោះ ខេប វើដ របស់អាហ្វ្រិកខាងលិច

2023/08/17 03:38:05 pm        236
UN៖ ជនអន្តោប្រវេសន៍ជាង៦០នាក់ បានស្លាប់ បន្ទាប់ពីលិចទូកនៅក្បែរកោះ ខេប វើដ របស់អាហ្វ្រិកខាងលិច  អង្គការទេសន្តរប្រវេសន៍អន្តរជាតិ បាននិយាយ កាលពីថ្ងៃពុធថា ជនអន្តោប្រវេសន៍៦៣នាក់ ត្រូវគេជឿថាបានស្លាប់ បន្ទាប់ពីទូកមួយគ្រឿងចេញពីប្រទេសសេណាហ្គាល់ ត្រូវបានគេប្រទះឃើញនៅក្បែរប្រជុំកោះខេបបវើដ(Cape Verde)របស់អាហ្វ្រិកខាងលិច។ អ្នកនាំពាក្យអង្គការទេសន្តរប្រវេសន៍អន្តរជាតិ លោកស្រីសាហ្វាសេលី( Safa Msehli ) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា មនុស្សប្រហែលមនុស្សប្រហែល៣៨នាក់ បានរួចជីវិត ពីសោកនាដកម្មនេះ រួមទាំងកុមារ៤នាក់ ដែលមានអាយុចន្លោះពី១២ និង១៦ឆ្នាំ។ នគរបាលនិយាយថា ទូកឈើនេសាទដ៏វែងមួយ ត្រូវបានគេប្រទះឃើញកាលពីថ្ងៃចន្ទនៅក្នុងសមុទ្រអាត្លង់ទិក (Atlantic Ocean) ចម្ងាយ២៧៧គីឡូម៉ែត្រពី តំបន់ទេសចរណ៍សាល(Sal) លើប្រជុំកោះខេបវើដ ។  ប្រជុំកោះខេប វើដ នេះ ស្ថិតនៅចម្ងាយប្រហែល៦០០គីឡូម៉ែត្រក្បែរឆ្នេរនៅលើផ្លូវទឹកសម្រាប់ការធ្វើអន្តោប្រវេសន៍ទៅកាន់ប្រជុំកោះខាណារី (Canary Islands) របស់ប្រទេសអេស្ប៉ាញ ដែលជាផ្លូវដ៏សំខាន់ទៅកាន់តំបន់អឺរ៉ុប។ លោកស្រី សេលី បានប្រាប់សារព័ត៌មាន AFP ថា អង្គភាពសេវាសង្រ្គោះបន្ទាន់បានរកឃើញសាកសពមនុស្សចំនួន៧នាក់ខណៈដែល៥៦នាក់ទៀត ត្រូវគេជឿថាកំពុងបាត់ខ្លួន។  យោងតាមទិន្នន័យពីអង្គការទេសន្តររប្រវេសន៍អន្តរជាតិ មនុស្សយ៉ាងហោចណាស់៥៥៩នាក់ បានស្លាប់ ពេលកំពុងព្យាយាមទៅឲ្យដល់ប្រជុំកោះកាណារី កាលពីឆ្នាំ២០២២ ខណៈដែលមនុស្ស១២៦នាក់ផ្សេងទៀត បានស្លាប់ ឬបាត់ខ្លួន នៅលើផ្លូវតែមួយក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំនេះ ដោយមានបំណែកទូកចំនួន១៥ ត្រូវបានកត់ត្រា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជម្រាបជូនទូតកាណាដាអំពីកិច្ចខិតខំប្រឹងប្រែងការប្តេជ្ញាចិត្ត និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្ម Online Scam
09/22/2026 09:09 AM
សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីផ្តល់ទីតាំងជួយឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅប៉ោយប៉ែត
09/22/2026 09:09 AM
សារព័ត៌មាន KCNA៖ កូរ៉េខាងជើងបញ្ជាក់​ថា ទណ្ឌកម្មថ្មីមិនអាចរារាំងការអភិវឌ្ឍរបស់ខ្លួនបានឡើយ
09/21/2026 07:09 PM
អ៊ីស្រាអែលបាន​វាយប្រហារតាមអាកាស និងបាញ់ផ្លោង លើ​តំបន់ជាច្រើន នៅភាគខាងត្បូង​លីបង់
09/21/2026 07:09 PM
ប្រធានាធិបតីអ៊ីរ៉ង់ធ្វើដំណើរទៅកាន់បុរីញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ
09/21/2026 06:09 PM
កម្ពុជា-អ៊ុយក្រែន ពង្រឹងកិច្ចសហការនិងគាំទ្រគ្នាលើឆាកអន្តរជាតិ
09/21/2026 06:09 PM
NPA បង្ហាញ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបន្តគាំទ្រកម្ពុជា និង​បេសកកម្ម​មនុស្សធម៌​របស់សម្តេចធិបតី ក្នុងការ​កសាង​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ
09/21/2026 06:09 PM
អាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
09/21/2026 06:09 PM
អគ្គិភ័យសម្លាប់មនុស្ស ៨នាក់ នៅរោងចក្រវាយនភណ្ឌ ស្ថិតនៅភាគខាងត្បូងប្រទេសចិន
09/21/2026 06:09 PM
រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំកិច្ចប្រជុំលើកទី៧ នៃគណៈកម្មការជាតិហ្វ្រង់កូហ្វូនី
09/21/2026 06:09 PM